ក្រោយពេលស្គាល់បង

កម្រងកំណាព្យ ក្រោយពេលស្គាល់បង កំពុងចងក្រងនៅឡើយ។

ក្រោយពេល copy

ខ្ញុំចាំព្រះចន្ទ

១.      យប់ដប់ប្រាំកើត       ខ្ញុំឈរប្រឹងអើត        ជំទើតមើលខែ

ថ្មើនេះទៅហើយ       ម្តេចឡើយវាលស្រែ  បាត់ពន្លឺស្នេហ៍

ដូងខែទៅណា?។

២.      ​ឱ! ពន្លឺចន្ទ               បើមិនស្រឡាញ់       គួរតែមេត្តា

យប់ពេញបូរមី          ប្រណីផងណា          ប្រោសទ្វីបលោកា

ឱ្យភ្លឺថ្លាស្រស់។

៣.      ពពកមេត្តា              យាងចរយាត្រា        កុំបាំងសម្រស់

ព្រោះខ្ញុំរង់ចាំ            ទឹកចិត្តស្រស់បស់     សូមអ្នកស្រណោះ

រសាត់ចាកទៅ។

៤.      ខ្ញុំនៅរង់ចាំ              ទោះមូសរោមខាំ       ចាំលុះយប់ជ្រៅ

ចាំទាល់តែចន្ទ          បាត់ភាពសោកសៅ  ព្រមយាងជួបពៅ

នៅក្រោមសន្សើម។

២៨ ១១ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ផ្តើមស្នេហ៍ក្រោមពន្លឺព្រះចន្ទ

១.      ពន្លឺស្រពន់នៃដួងព្រះខែ                ប្រទាក់ចិត្តស្នេហ៍ប្រែភ្លេចមិនបាន

ស្នាមញញឹមស្រស់សម្រស់កល្យាណ ឆក់យកវិញាណបេះដូងបងហើយ។

២.      គន់ដួងព្រះខែនឹកតែព្រលឹង            ចង់តែហោះវឹងទៅរកត្រាណត្រើយ

ឱដួងព្រះចន្ទបាត់ចិត្តខ្ញុំហើយ         ពន្លឺស្នេហ៍អើយឱ្យខ្ញុំនឹកណាស់។

៣.      យប់ដប់ប្រាំកើតបងអើតឃើញស្រី  បងក្រសោបដៃស្រីឥតបម្រាស

ស្ងួនបែរញញឹមទន់ភ្លន់ខ្លាំងណាស់  ឱ្យបងយល់ច្បាស់ពីទឹកចិត្តស្រី។

៤.      ឱ! ពន្លឺខែផ្តើមស្នេហាខ្ញុំ                 លើកដៃប្រណម្យអ្នកជាសាក្សី

ឱក្តីស្នេហាចន្ទពេញបូរមី                ស្នេហ៍ជះរស្មីគ្មានថ្ងៃក្ស័យសូន្យ។

២៨ ១១ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

 

 

សំឡេងប៉ា

១.      ពីតូចដល់ធំខ្ញុំដឹងថា                      ឮសំឡេងប៉ាខ្ញុំភ័យណាស់

សំឡេងប៉ាខឹងប្រឹងចេញច្បាស់       ភ័យណាស់ទ្រូងស្ទះស្តីមិនរួច។

២.      មិនហ៊ានចេញពីក្នុងបន្ទប់              សម្ងំស្ងៀមស្ងប់ចិត្តព្រឺព្រួច

មួយយប់ទាល់ភ្លឺឮគ្រលួច              បេះដូងជ្រុះខូចប្រឡាក់ស្នាម។

៣.      សំឡេងប៉ាធំខ្ញុំរន្ធត់                       មិនចង់តក់ស្លុតកូនព្យាយាម

មិនចង់ឱ្យខុសរាល់បម្រាម             អ្វីដែលប៉ាហាមកូនចាំទុក។

៤.      តែកើតជាមនុស្សធ្វើយ៉ាងណា        ជៀសផុតទោសាជួបតែសុខ

ពេលមួយកូនធ្លោយបង្កទុក្ខ            ប៉ាខឹងសម្លុតស្លុតឱរា។

៥.      យូរទៅកូននៅឆ្ងាយសន្លឹម             មិនហ៊ានសម្លឹងមើលមុខប៉ា

ទោះចង់បង្ហាញក្តីស្នេហា               ក៏មាត់មិនហាវាចាដែរ។

៦.      ប៉ាគិតថាកូនមិនស្រឡាញ់             ឃើញមុខគេចចេញព្រោះមិនស្នេហ៍

ទោះប៉ាមិនយល់ចិត្តមាសមេ          ប៉ុន្តែកូនស្នេហ៍មិនដែលស្អប់។

៧.      ព្រោះតែខ្លាចខុសមិនហ៊ានស្តី         ព្រោះខ្លាចប៉ាវ៉ៃកូនវេចខ្ចប់

យូរទៅកូនក្លាយជាស្ងៀមស្ងប់        ដូចលោកត្រៀមចប់រលាយសូន្យ។

៨.      តែទោះយ៉ាងណាកូនមិនខឹង          កូននៅសញ្ជឹងនឹកដល់ក្បូន

នឹកដល់កំណើតប៉ាឱ្យកូន              ចាំលុះថ្ងៃសូន្យចាកលោកា។

៩.      ប៉ុន្តែរូបកូននឹងព្យាយាម                 ផែនការកូនត្រៀមមិនដូចប៉ា

បង្រៀនកូន កូនឱ្យហានក្លា            ហ៊ានស្តីតបប៉ា ចិន្តាស្និទ្ធ។

១០.    មិនឱ្យចៅប៉ារស់ភ័យខ្លាច              សម្តីគ្រោតគ្រាតរស់ភ័យភិត

ចៅប៉ាត្រូវតែស្គាល់ជីវិត                 មនុស្សឯករាជ្យពិតគិតហើយស្តី។

១១.    មិនដូចកូនប៉ារស់ក្រំក្រៀម             គិតហើយលាក់លៀមមិននិយាយ

ភ័យណាស់ខ្លាចខុសមិនហ៊ានស្តី     ស៊ូកប់សម្តីមិនស្តីសោះ។

១២.    ពេលនេះកូនប៉ាលែងទុក្ខហើយ       ព្រោះចៅប៉ាឱ្យលែងអាឡោះ

ចៅប៉ាហានក្លាស្តីទាំងអស់             ស្គាល់ត្រូវស្គាល់ខុសខ្ពស់និងទាប។

១៣.   ឃើញទេកូនប៉ាមានកំណើត           អប់រំកូនកើតឆ្លាតសុភាព

មិនអន់ជាងប៉ាដាក់គំនាប              ឱ្យកូនរាបទាបរស់ថ្លៃថ្លា។

១៤.    កូនប៉ាចៅប៉ាសុទ្ធតែល្អ                  វាជាអំណររបស់ប៉ា

តែចៅប៉ាពិតមានវាសនា                ចៅប៉ាហានក្លាជាកូនប៉ា។

១៥.    កូនប៉ាមិនបានប្រើវិធី                    សម្លុតញាំញីឬហិង្សា

ក៏អាចអប់រំចៅៗប៉ា                       ដើរត្រូវមាគ៌ានៃជីវិត។

១៦.    នេះមោទនភាព នៃកូនប៉ា              ដែលកូនគិតថាក្នុងជីវិត

ប៉ាធ្វើមិនបានដូចកូនពិត                ចៅប៉ាមានចិត្តជីវិតស្រស់។

១៩ ១២ ២០១២

 

ចិត្តស្មោះ
១.      ពេលមេឃស្រទុំ       ទោះខ្ញុំមិនយំ            បេះដូងខ្ញុំលោត

ទឹកភ្នែកខ្ញុំស្រក់        ទឹកមុខខ្ញុំសើច          រឿងមិនគួរសើច

ខ្ញុំសើចម្នាក់ឯង។

២.      ស្រទុំដួងចិត្ត            អាប់អស់ជិវិត                    រស់ក្នុងភពផ្សែង

ស្មានថាសប្បាយ      កាយស្គមចំបែង       រស់នៅវង្វេង

ក្នុងភពផែនដី។

៣.      ឱ! ក្តីស្នេហា             នេះឬឯកា               ក្នុងភពហឫទ័យ

វិបត្តិដួងចិត្ត             ក្នុងបេះដូងស្រី         រស់នៅដូចក្ស័យ

អាល័យចិត្តស្មោះ។

៤.      តែក្តីស្នេហា             រស់មិនត្រូវការ          ប្រើពាក្យសូមទោស

រឿងរ៉ាវទុក្ខសោក      ខ្ញុំយកទាំងអស់        បេះដូងរងគ្រោះ

ស្មោះមិនស្តាយក្រោយ។

៥.      នេះហើយគឺចិត្ត        ក្នុងឋានស្នេហ៍ពិត     ជីវិតមិនថយ

ស្រលាញ់មនុស្សម្នាក់ មិនដែលស្តាយក្រោយ ទោះវេលាថយ

ខ្ញុំឆ្លើយដដែល។

៦.      ស្រឡាញ់អ្នកណាស់           ក្នុងចិត្តខ្ញុំច្បាស់        មិនដែលប្រហែល

ឃើញអ្នកញញឹម      សង្ឃឹមក្រាស់ក្រែល ចិត្តស្មោះដដែល

ហែលឆ្លងទុក្ខសោក។

០៧ ០១ ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

រស់របៀបណា?

១.      មេឃស្រទុំហើយបងអើយឮទេ       សំឡេងមាសមេស្រែកហៅរកបង
ពេលមេឃស្រទុំអូនយំបែកទ្រូង      ឱម្ចាស់បេះដូងវិលមកណាថ្លៃ។

២.      ដងស្ទឹងសៀមរាបជ្រាបទឹកស្ងួតអស់ តែបេះដូងស្មោះមិនដែលរីងរៃ

រំដួលដងស្ទឹងទន្ទឹងរាល់ថ្ងៃ             ចាំម្ចាស់ថ្លើមស្រីប្តីសម្លាញ់អូន។

៣.      ពន្លឺភ្លើងពណ៌លម្អរាត្រី                  បាត់សំឡេងប្តីផ្កាស្រីស្រពោន

ទោះភ្លើងរាត្រីប្រឹងប្រែងត្អែរត្អូញ      លួងផ្កាស្រពោនក៏មិនរីកស្រស់។

៤.      ឱខេត្តសៀមរាបជ្រាបដឹងរឿងខ្ញុំ      តើឱ្យខ្ញុំយំឬភ្លេចឱ្យអស់

បើខ្ញុំទ្រាំចាំចាំប្រុសមិនស្មោះ          តើឱ្យខ្ញុំរស់ រស់របៀបណា?។

០៧ ០១ ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

អត្ថន័យស្នេហ៍

១.      ឱ! ឆាកជីវិតគិតមិនត្រូវ                 ស្មានថាសោកសៅរស់នៅសោក

ជីវិតស្នេហាដូចព្យុះបោក               ក្រោយពេលរលកសោករសាត់។

២.      ឱ! ស្នាមមញញឹមនៃស្នេហា           កប់ក្នុងឱរាឥតខ្ចាយខ្ចាត់

ឃើញអូនញញឹមទុក្ខភ័យបាត់        ជីវិតរសាត់បាត់សំណោក។

៣.      ជីវិតមានន័យព្រោះក្តីស្នេហ៍            តើអ្នកជឿទេ ស្រស់ពន្លក

បើគ្មានស្នេហ៍ទេរស់យោលយោគ    សំណោកជីវិតស្វិតក្រៀមហើយ។

៤.      អត្ថន័យជីវិតពិតលើស្នេហ៍             បើស្រឡាញ់គេកុំស្តាយក្រោយ

ស្ម័គ្រចិត្តរៀបការរស់កៀកកើយ      រស់នៅរួមខ្នើយលុះថ្ងៃសូន្យ។

០៤ ០២ ២០១៣

 

ក្រោយពេលស្គាល់បង

១.      ក្រោយពេលស្គាល់បងទឹកភ្នែកហូរ  អូនចេះទ្រឹងឈរសួរសោកសៅ

ក្រោយពេលស្គាល់បងអូនកក់ក្តៅ    ភ្លេចមនុស្សដំបៅក្នុងឱរា។

២.      ក្រោយពេលស្គាល់បងអូនញញឹម    ក្នុងចិត្តសង្ឃឹមផ្តើមស្រស់ថ្លា

ក្រោយពេលស្គាល់បងទើបដឹងថា    រសជាតិស្នេហាអស្ចារ្យណាស់។

៣.      ក្រោយពេលស្គាល់បងអូនលាហើយ ទុក្ខសោកទាំងឡាយធ្លាប់ក្រាមក្រាស់

បងបង្រៀនអូនឱ្យយល់ច្បាស់        ចេះរើបម្រាសពីទុក្ខស្នេហ៍។

៤.      ក្រោយពេលស្គាល់បងអូនសើចស្រស់ បេះដូងចង់រស់ព្រោះចង់ក្បែរ

រួមឆាកជីវិតជិតមាសមេ                 នេះហើយក្តីស្នេហ៍ក្រោយស្គាល់បង។

០៤ ០២ ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ឥទ្ធិពលស្នេហ៍

១.      មុនចូលរោងការស្រក់ទឹកភ្នែក        ព្រោះបេះដូងបែកហែកជាពីរ

ចិត្តស្នេហ៍មិនដាច់ទុក្ខញាំញី           ប្រេះបែកធរណីស្លាប់ហើយខ្ញុំ។

២.      សេចក្តីស្នេហាថ្លាអនេក                 ទោះបីទឹកភ្នែកខ្ញុំក្រៀមក្រំ

មនុស្សបេះដូងស្មោះកំដរយំ           ចិត្តស្នេហ៍រងំផ្លុំចិត្តនឹក។

៣.      ទឹកចិត្តស្នេហាខ្លាំងក្លាណាស់          ឱ្យខ្ញុំបម្រាសលែងឈឺស្ពឹក

បំភ្លេចមនុស្សម្នាក់ដែលធ្លាប់នឹក      ឱ្យរស់រលឹកតែមនុស្សថ្មី។

៤.      អ្នកណាដែលថាមិនអាចភ្លេច          មនុស្សក្នុងជីវិតធ្លាប់ភក្តី

អ្នកត្រូវស្រឡាញ់គឺស្វាមី                មនុស្សរួមវិថីលុះថ្ងៃសូន្យ។

០៤ ០២ ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ពេលមួយនៃជីវិតខ្ញុំ

១.      ពេលមួយវិថីនៃជីវិត                      ពេលមួយអតីតជិតអស់ផ្លូវ

ពេលមួយជីវិតគ្មានផ្លូវទៅ              ពេលមួយសោកសៅជ្រៅក្នុងចិត្ត។

២.      ពេលមួយទុក្ខព្រួយនៃទឹកភ្នែក        ពេលមួយយំយែកទុក្ខរួមរឹត

ពេលនោះខ្ញុំរស់ដូចស្លាប់ពិត          នោះហើយជីវិតក្នុងភពខ្មៅ។

៣.      ពេលមួយពេលនោះលង់ស្នេហា      រូបប្រុសរៀមរ៉ាក្នុងក្រអៅ

ទឹកមុខស្រស់បស់ប្តូរជាខ្មៅ            មនុស្សមានដំបៅព្រោះស្នេហា។

៤.      ពេលមួយពេលនោះអូនសុខចិត្ត      បំភ្លេចវរមិត្រពីឱរា

ពេលនោះជីវិតរីកស្រស់ថ្លា             ពេលនោះសង្ខារអូនរស់សុខ។

សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ស្នេហាមួយ!

១.      ទើបយល់ន័យថា ស្នេហាមួយ         រស់គ្មានទុក្ខព្រួយក្នុងជីវិត

ស្នាមស្នេហ៍កក់ក្តៅនៅក្នុងចិត្ត        ស្គាល់រសជីវិតនៃស្នេហា។

២.      ធ្លាប់ស្រឡាញ់គេរិះរេណាស់          ភ័យខ្លាចគេផ្លាស់ដួងចិន្តា

រស់នៅវេទនាសែនឯកា                 ឃើញឋានស្នេហាសោកាក្រៃ។

សៀមរាប ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

គ្រូល្អ

១.      គ្រូល្អតស៊ូប្តូរសង្ខារ                       ទឹកចិត្តស្នេហាថ្លាមោះមុត

បេះដូងនេះខ្លាំងច្បាំងសម្លុត           មនសិការមោះមុតពុំស្លុតឡើយ។

២.      ជុំវិញយ៉ាងណាថាមិនអស់             ទឹកចិត្តស្រស់បស់មិនថមថយ

បេះដូងគ្រូខ្ញុំដើរលឿនលយ            មិនដែលស្តាយក្រោយក្នុងនាមគ្រូ។

៣.      គ្រូល្អតស៊ូប្តូរទៅទៀត                   ទោះរស់គ្រោតគ្រាតក្រមិនយូរ

មនសិការក្តោបជាប់ខ្ញុំមិនប្តូរ           ក្នុងនាមជាគ្រូតស៊ូឡើង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

 

នឹកប្តី

១.      នឹកប្តីស្រមៃមិនឈរឈប់              តាំងពីព្រលប់ដល់យប់ជ្រៅ

ព្រលឹមក្រោកឡើងក៏ចិត្តនៅ           នឹកណាស់នឹកជ្រៅក្រអៅទ្រូង។

២.      នឹកពេកបិទភ្នែកឃើញវង់ភ័ក្រ្ត        បើកភ្នែកក៏ភ្ញាក់ឃើញបេះដូង

នឹកប្តីខ្លាំងពេកស្រែកហៅបង          ឆាប់មកនួនល្អងមករកអូន។

៣.      ដឹងទេអូនចាំបាយឯផ្ទះ                  ម្ហូបមានច្រើនណាស់ណាប្រុសស្ងួន

ទឹកមុខញញឹមទទួលបង                បង្ហាញបេះដូងថាស្រីស្នេហ៍។

៤.      ស្រឡាញ់ខ្លាំងណាស់ម្ចាស់ចិត្តអូន  សូមប្រុសនឹមនួនកុំកែប្រែ

កុំបោះបង់អូនណាស់មាសមេ         ចិត្តអូនឋិតឋេរមានតែថ្លៃ។

សៀមរាប ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: