បេះដូងនៃការរង់ចាំ

បេះដូងនៃការរង់ចាំ គឺជាកម្រងកំណាព្យ ដែលខ្ញុំចងក្រងក្នុងរយៈពេលដប់ឆ្នាំ

គឺចាប់ពីឆ្នាំ២០០២ ដល់២០១២។

បេះដូងនៃការរង់ចាំ copy

អារម្ភកថា

        នេះគឺបេះដូងនៃការចាំ                  ចងជាបណ្តាំចំណាំទុក

មេរៀនជីវិតគិតទៅមុខ                  បំណងប៉ងសុខកុំទុក្ខទៀត។

បេះដូងខ្ញុំមានទាំងប៉ុន្មាន               ខ្ញុំរៀបរៀងដានបានជាស្នៀត

អានហើយស្បើយទុក្ខសុខរកបៀត  ក្រសោបឱបទៀតឃ្លាតទុក្ខភ័យ។

បេះដូងរង់ចាំប្រេះស្រាំណាស់         តែខ្ញុំបម្រាសចាកផុតក្ស័យ

ខ្ញុំអាចរស់នៅដោយស្មារតី             ក្លាយជាកវីបេះដូងគ្រាំ។

តែវាក្លាយជាអតីតហើយ                ទើបមិនចង់ឱ្យស្នាមដានជាំ

មានឥទ្ធិពលរស់រឹងមាំ                   សោកសៅដឹកនាំជីវិតឡើយ។

កំណាព្យសាបព្រោះពីចិត្តខ្ញុំ            ដែលមិនបានយំទួញសោកសោយ

តែពិបាករស់រកកោះត្រើយ             តែកាព្យនេះហើយកំដរខ្ញុំ។

ពេលនេះខ្ញុំចង់ឱ្យទៅអ្នក               យកវាជាធ្នាក់កំដរយំ

វាអាចជួយអ្នកធ្លាក់ក្រៀមក្រំ           ហើយប្រឹងប្រែងខំតស៊ូរស់។

សៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២

លាក់ ម៉ាឡែន             


 

កោះពេជ្រ ២២ វិច្ឆិកា (បទព្រហ្មគីតិ)

១.      ម្ភៃពីរថ្ងៃខ្លោចផ្សា                         ខែវិច្ឆិកាពីរពាន់ដប់

ទុក្ខសោកសែនឧបទ្រព                 ស្លាប់សន្លប់លើស្ពានពេជ្រ។

២.      មនុស្សជាងបីរយនាក់                   ពិតបង់ជាក់ស្លាប់ជីវិត

ជិតបួនរយខ្លោចចិត្ត                      រួចជីវិតពីក្តីស្លាប់។

៣.      រាត្រីថ្ងៃម្ភៃពីរ                               មេឃមូលមីសែនអួអាប់

សម្រែកជាសូរស័ព្ទ                       សែនឈឺចាប់ស្លាប់គរគ្នា។

៤.      ចុងក្រោយថ្ងៃអុំទូក                       ក្លាយជាទុក្ខសោកគ្រាំគ្រា

អាសូរជនប្រជា                            សុខវេលាប្រែជាសោក។

៥.      សម្រែកទឹកភ្នែកហូរ                      ទំនួញសូរដូចរលក

បេះដូងស្ទើរឆេះខ្លោច                    បាត់ពន្លកញាតិសម្លាញ់។

៦.      សោយសោកយំបោកខ្លួន              ស្រែកផ្ទួនៗព្រោះទោម្នេញ

សម្តេចតេជោវិញ                         ក៏ទោម្នេញពុំស្រាកស្រាន្ត

៧.      ភ្នំពេញក្រុងកោះពេជ្រ                   ចាំក្នុងចិត្តឥតភ្លេចបាន

ប្រជាជនគ្រប់ប្រាណ                    ចងចាំបានសោកនាដកម្ម។

៨.      ថ្លែងពិតសម្តេចតេជោ                   កំណត់យកថ្ងៃម្ភៃប្រាំ

គោរពវិញ្ញាក្ខន្ធ                             រៀងរាល់ឆ្នាំខែវិច្ឆិកា។

៩.      សូមលើកហត្ថប្រណម                  ក្នុងអារម្មណ៍សោយសោកា

ឧទ្ទិសដល់ខេមរា                         ជនប្រជាបានស្ងប់សុខ។

១០.    សូមបានចាប់ជាតិថ្មី                      មានសិរីផុតក្តីទុក្ខ

សូមឲ្យបានក្តីសុខ                        កុំជួបទុក្ខដូចជាតិនេះ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ខ្ញុំជូនអ្នក

១.      សូមជូនផ្កាអ្នក ជំពាក់ចិត្តស្នេហ៍      បំណងថ្នមថែ ចង់ក្បែរស្នេហ៍ស្និទ្ធ

ព្រមទទួលទេ មាសមេជីវិត            ផ្កាស្នេហ៍ថែស្និទ្ធ ដិតជាប់អារម្មណ៍។

២.      សម្លឹងខ្ញុំមក យកបេះដូងទៅ           ម្តេចប្រុសពាលពៅ សោកសៅទួញយំ

រំភើបណាស់ឬ ពេលឮរូបខ្ញុំ             ចោលភាពក្រៀមក្រំ ក្រសោបយកអ្នក។

៣.      ជូតទឹកភ្នែកទៅ ប្រុសពៅម្ចាស់ចិត្ត   ខ្ញុំជូនស្នេហ៍ពិត ចិត្តឥតជំពាក់

លះបង់ឲ្យអស់ ទុក្ខខ្សោះវ័ណ្តវាក់    ស្រីលែងជំពាក់ ទាក់អតីតហើយ។

៤.      ហុចហត្ថភ្លាមមក ស្រីក្រសោបបង   យើងរស់ត្រសង ត្រកងដល់ត្រើយ

លុះដល់ថ្ងៃសូន្យ អូននិងឆោមឆើយ សុខសើចសប្បាយ ខ្នើយស្នេហ៍នៃយើង។

សៀមរាប ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

ខុសព្រោះអ្វី?(បទកាកគតិ)

១.      ខុសព្រោះតែចិត្ត       ខុសព្រោះងងឹត        ជីវិតគ្មានទ្រព្យ

វិជ្ជាខ្លីតូច                 ដូចសត្វអភ័ព្វ           ភ័យណាស់ខ្លាចស្លាប់

អាប់អស់ជីវិត។

២.      គិតមិនបានឆ្ងាយ      ចង់តែកម្ចាយ           ឱ្យខ្ចាយសមចិត្ត

ជួបអ្វីក៏ដោយ           ឱ្យតែទាស់ចិត្ត          គ្មានទេគំនិត

គិតរកវិធី។

៣.      យំសើចលាយគ្នា      ព្រោះខ្វះវិជ្ជា            វេទនាញាំញី

ក្រអ្វីយ៉ាងនេះ          គឺក្រទាំងពីរ             ធ្ងន់ដូចគីរី

សង្កត់លើទ្រូង។

៤.      ក្មេងស្រីស្រស់ស្អាត  ម្តេចឡើយមាយាទ    ឃ្លាតបាត់បេះដូង

ប្រៀបដូចរនាត        ឃ្លាតបាត់អន្លូង        ទោះផ្តោតបេះដូង

ពុំឮសូរស័ព្ទ។

៥.      ស្លាប់ចិត្តបាត់កាយ    រស់នៅអន្តរាយ        សង្គមអួអាប់

ភ្ញាក់ដឹងខ្លួនឡើយ     តម្កើងឱ្យឆាប់           កុំឱ្យចិត្តស្លាប់

ធ្លាក់នរកអវចី។

៦.      រៀនខ្ពស់ហួសមេឃ  ឋានៈស្មើក្អែក           រៀនដើម្បីអ្វី?

រៀនចង់បានខ្ពស់      តែរស់ស្មើដី             នរកអវចី

ចាំស្រីជានិច្ច។

សៀមរាបថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

ខ្ញុំផ្ញើជូនអ្នក(បទកាកគតិ)

១.      ក្នុងនាមបងស្រី                  ដោយចិត្តភក្តី           ថាស្រលាញ់ណាស់

ក្តីស្រលាញ់នេះ                  ភ្លឺរស្មីច្បាស់             ស្រលាញ់អ្នកណាស់

ស្មើនឹងជីវិត។

២.      ម្នាក់ដូចនេត្រា                   ម្នាក់ដូចហត្ថា           ម្នាក់បេះដូងពិត

ម្នាក់ទៀតជាគូ                   ម្នាក់ស៊ូជីវិត             ម្នាក់ទៀតខ្ញុំគិត

ថាជាច្រមុះ។

៣.      បេះដូងខ្ញុំមាន                    បេះដូងខ្ញុំបាន          ច្រកអ្នកចូលចុះ

ទោះខ្យល់ទោះភ្លៀង           ទោះមានខ្យល់ព្យុះ    មិនងាយធ្លាយធ្លុះ

បេះដូងនេះឡើយ។

៤.      កែវភ្នែកហត្ថា                    បេះដូងនេះណា        ស្រូបស្គាល់ក្លិនហើយ

បេះដូងរឹងមាំ                     មិនខ្ទាំខ្ទេចឡើយ      វាដូចខ្នល់ខ្នើយ

ខ្ញុំកើយរាល់យប់។

៥.      ខ្នល់ខ្នើយមួយនេះ              មិនព្រួយរលេះ         គឺមិនបញ្ឈប់

ខ្ញុំនឹងប្រើវា                        លុះថ្ងៃរលត់             ជីវិតខ្ញុំឈប់

រស់លើលោកនេះ។

សៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

គ្រួសារខ្ញុំ (បទពាក្យប្រាំពីរ)

១.      ហិង្សានៅក្នុងគ្រួសារខ្ញុំ                            យប់ព្រឹកវាយដំឥតជិនណាយ

ឳខ្ញុំទាញផ្គាក់គប់ចានបាយ                      ម៉ែខ្ញុំរត់ឆ្ងាយទាញពូថៅ។

២.      ឯខ្ញុំត្រូវក្រាបទាំងភិតភ័យ                        តក់ស្លុតស្ទើរក្ស័យព្រោះម៉ែឳ

សង្គ្រាមគ្រួសារសែនសាហាវ                   តើថ្ងៃតទៅរស់យ៉ាងណា?។

៣.      រវល់តែគិតភ្លេចមើលផ្លូវ                          ឳរត់ឆ្ពោះទៅរកមាតា

ផ្គាក់ញ័រទទ្រើតក្នុងហត្ថា                         រត់រកមាតាឥតប្រណី។

៤.      តែម៉ែជាក់ណាស់ច្បាស់ដឹងមុន                 ពូថៅក្បាច់គុនតបស្វាមី

សាហាវអស្ចារ្យជាងយុវវ័យ                      កុនភាគចិនថ្មីលើដីខ្មែរ។

៥.      ខ្ញុំចង់រត់រកគេឲ្យជួយ                              មតិជំនួយជួយពុកម៉ែ

តែមិនទាន់បានរត់ផុតស្រែ                       ខ្ញុំត្រូវរិះរេរត់ត្រឡប់។

៦.      ខ្ញុំដឹងខ្លួនឯងលែងឈរហើយ                   ផ្គាក់ឳខ្ញុំអើយចូលជ្រៅកប់

ពូថៅម៉ែខ្ញុំឥតត្រឡប់                              វាត្រូវស្ងៀមស្ងប់លើសាច់ខ្ញុំ។

៧.      លោហិតដិតដាមលើភ័ក្រ្តា                       ខ្ញុំឃើញមាតាទ្រហោយំ

ពួកគាត់ទាំងទ្វេថ្នមឱបខ្ញុំ                         បាត់អស់គំនុំទុក្ខទោសា។

៨.      គង្គានេត្រាថ្លាឥតល្អក់                             រាប់ពាន់តំណក់ស្រក់ខ្លោចផ្សា

ម៉ែពុកឱបខ្ញុំដោយស្នេហា                        ឱ! ម្ចាស់សង្ខារកូនសម្លាញ់។

៩.      ម៉ែបន្ទោសពុកថាឫស្យា                          នេះហើយហិង្សាគ្មានអ្នកចាញ់

ពុកថានេះព្រោះម្ហូបមិនឆ្ងាញ់                    ម្ល៉េះសមនឹងអញមានទោសា។

១០.    ឱ! កូនសម្លាញ់ឳខុសហើយ                     ដង្ហើមកូនអើយចាំបិតា

ឳនាំទៅពេទ្យប្រោសសង្ខារ                      កូនតាំងចិន្តាតស៊ូរស់។

១១.    ខ្ញុំស្តាប់ឮឳវាចាច្បាស់                             ខ្ញុំរំភើបណាស់ហើយចង់រស់

ប៉ុន្តែពេលនេះកាយខ្ញុំខ្សោះ                      ផលបុណ្យខ្ញុំអស់ត្រឹមនេះហើយ។

១២.    សូរស័ព្ទខ្សឹកខ្សួលអួលដើមក                   ស្រែកយំអង្វរទេវតាអឺយ

ពុកម៉ែយំស្រែកហៅដង្ហោយ                    វិញាណខ្ញុំអើយលារហូត។

១៣.   នេះហើយហិង្សាគ្មានការគិត                    ធ្វើឲ្យជីវិតស្វិតក្រៀមស្ពោត

សង្ខារបាត់បង់របស់ខូច                          មួយជាតិរបូតស្ពោតអស់សុខ។

១៤.    ដើរគិតដេកគិត ឈរក៏គិត                       ផ្ចង់ណាស់ជីវិតក្រែងផុតទុក្ខ

កុំយកហិង្សាជាត្រីមុខ                             អារម្មណ៍ស្ងប់សុខទើបផុតភ័យ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ងុយដេក (បទពាក្យ៧)

១.      ស្ដាប់គ្រូរអ៊ូមិនឈប់ឈរ                ស្ដាប់ទាល់តែហូរស្រក់ទីកមាត់

អណ្ដាតគ្រវាសលិតផ្លាប់ៗ             ព្រោះស្ដាយទឹកមាត់ដែលហៀរចេញ។

២.      ទឹកមាត់លែងហូរអាសូរភ្នែក           តឹងណាស់ចម្លែកទុក្ខទោម្នេញ

ស្រូតៗស្រិបៗបើកលែងចេញ        កើតទុក្ខទោម្នេញចង់និន្ទ្រា។

៣.      មាត់វៀចធ្មេញខើចច្រមុះប្រឹង         ទប់ពេញទំហឹងប្រឹងហត្ថា

ឱអញកុំលក់កុំនិន្ទ្រា                      គួរណាស់វេទនាខ្មាស់ជីងចក់។

៤.      ចិបៗ ចុបៗ នោះតក់កែ                 អញមិនបានទ កុំងងក់

មនុស្សលោកមិនថ្វី ខ្មាស សត្វនោះ ណ្ហើយទ្រាំដង្ហក់ ស្ដាប់គ្រូចុះ។

ចរាចរណ៍(បទពាក្យ៩)​

១.      ប្លែកអស្ចារ្យឋានទេវតាប្រែរញ្ជួយ

យក្សទុក្ខព្រួយស្ទើររលួយអស់ចិន្ដា

ចំណែកសត្វធ្លាប់ហោះហើរឆ្លងវេហាស៍

លែងហានក្លាគេចអាត្មាលាក់ខ្លួនបាត់។

២.      ឋាននរកវង្វេងវក់គ្មានទំនេរ

ខ្វល់ម្ល៉េះទេក្នុងទីឋានពុំដែលស្ងាត់

ព្រលឹងខ្មោចខ្លះឈាមដាបខ្លះប្រកាច់

ខ្លះស្ងៀមស្ងាត់លាក់វិបត្តិមិនចេញស្ដី។

៣.      យមរាជស្ដេចប្រឹងបូរបាច់ចោទសំនួរ

ប្រឹងស្រែកសួរទៅព្រលឹងខ្មោចប្រុសស្រី

ឱ! មនុស្សាស្លាប់សង្ខារព្រោះហេតុអ្វី

សូមស្រដីស្ដីឲ្យឆាប់ប្រាប់ព្រមគ្នា។

៤.      ព្រលឹងខ្មោចទួញសោយសោកទាំងឈឺចាប់

ខំរ៉ាយរ៉ាប់ប្រាប់ថាស្លាប់ទាំងវេទនា

ចម្លើយមួយខ្មោចទុក្ខព្រួយឆ្លើយព្រមគ្នា

ស្លាប់វេទនាព្រោះគ្រោះថ្នាក់ចរាចរណ៍។

៥.      យមរាជភាំងស្ទើរតែគាំងស្លាប់បេះដូង

ទះដើមទ្រូងឮសូរផូងមាត់ច្រហ

វីវរហើយឋានកណ្ដាលម្ដេចឡើយក៏

ចរាចរណ៍គ្រោះដល់ស្លាប់ច្រើនយ៉ាងហ្នឹង។

៦.      យមរាជស្ដេចចិត្តសម្រេចហោះចាកឋាន

ទ្រាំមិនបានចាកវិមានស៊ើបឲ្យដឹង

បើរាល់ថ្ងៃព្រលឹងខ្មោចច្រើនម្ល៉ឹងៗ

ស្លាប់មុនប្រឹងលោះព្រលឹងជាមិនខាន។

៧.      យមរាជទតបេះដូងលោតញ័រឱរា

ឱ!មនុស្សាគេហ៊ឺហាហួសការស្មាន

បានផ្លូវស្រួលលែងក្ដុកក្ដួលភ្លេចគិតប្រាណ

ឱ!សុខសាន្តឋានមនុស្សាវីវរហើយ។

៨.      ប្រុងបកក្រោយផ្លូវដង្ហោយឲ្យវិលវិញ

កុំទោម្នេញជួយបំពេញយមរាជអើយ

ជួយខ្ញុំផងទ្រូងសៅហ្មងពុំដែលស្បើយ

គេជាន់ហើយស្លាប់គរគ្នាលើខ្ញុំទៀត។

៩.      ទឹកនេត្រាជោកកាយាវាចាផ្លូវ

រស់ហ្មងសៅទ្រូងដំបៅក្រៃចង្អៀត

ឱ!ខ្លួនអើយប្រែស្អាតហើយតែចោលម្សៀត

អភ័ព្វជាតិឃ្លាតក្តីសុខចុកឱរា។

១០.    ឱ!ផ្លូវអើយសូមអ្នកស្បើយចាកទុក្ខភ័យ

តាំងស្មារតីកុំភិតភ័យឲ្យហានក្លា

យមរាជខ្ញុំនឹងខិតខំអស់ចិន្ដា

អង្វរមនុស្សាឲ្យមេត្តាដល់រូបអ្នក។

១១.    ហត្ថប្រណមអង្គនាមខ្ញុំស្ដេចយមរាជ

ជនរួមជាតិសូមយល់ជ្រាបខ្ញុំពឹងពាក់

អាសួរផងផ្លូវមួហ្មងភ័យញ័រញាក់

ខ្ញុំវិញជាក់ស្ទើរជ្រុះធ្លាក់ប្រម៉ាត់ថ្លើម។

១២.    មិនថាវ័យក្មេងចាស់ក្ដីគួរតែគិត

នឹកអាណិតស្តាយជីវិតចិត្តដង្ហើម

ម៉ូតូហោះល្អឥតខ្ចោះឡូយសម្បើម

កុំជ្រួលជ្រើមបេះដូងថ្លើមឥតពិចារ។

១៣.   កាលផ្លូវយ៉ាប់មិនសូវស្លាប់បង់ជីវិត

បើកចេះគិតមានគំនិតពិចារណា

ចុះហេតុអ្វីផ្លូវស្រួលហើយធ្លោយអាត្មា

ខុសអ្នកណាពីទេវតាឬយមរាជ។

១៤.    ណ្ហើយ!បើជ្រុលសាងកំហុសហួសទៅហើយ

ឱ!ខ្មែរអើយកុំព្រងើយត្រូវខ្មីឃ្មាត

លកលៃគិតបើកតិចៗកុំសកសៀត

ផ្លូវចង្អៀតមិនប្រជ្រៀតចេះយោគយល់។

១៥.    ដើម្បីសុខរួចផុតទុក្ខទាំងអស់គ្នា

ក៏ដូចជាចិត្តនឹកនាស្រណោះថ្នល់

យើងជាតិខ្មែរយើងត្រូវតែដេញកង្វល់

ទុក្ខអំពល់ព្រោះគ្រោះថ្នាក់ចរាចរណ៍។

១៦.    នេះបណ្ដាំយមរាជផ្តាំអស់ពីចិត្ត

សូមអាណិតថែជីវិតឲ្យបានល្អ

បើអាចកាត់ការស្លាប់ព្រោះចរាចរណ៍

ជាការល្អជាតិបវររស់ថ្លៃថ្នូរ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ចាំ! (បទពាក្យប្រាំពីរ)

១.      សារជាតិកូនប្រុសមិនខុសពី           ដើរយប់ផឹកស៊ីរឿងធម្មតា

គេគិតថាវាគ្មានបញ្ហា                    ធំណាស់ចិន្តាឥតគិតក្រែង។

២.      ម៉ោងមួយម៉ោងពីរឬម៉ោងបី            ដើរឥតសំចៃឥតរអែង

ដើមទ្រូងអ្នកចាំស្ទើរដុះស្នែង          មូសព័ទ្ធឥតក្រែងបានចិត្តក្រៃ។

៣.      អង្គុយសំកុកក្បែរជណ្តើរ                ចាំមើលដំណើរអ្នកវិលវៃ

នេត្រាទាំងគូស៊ូផ្សាក្រៃ                  ដំណើរអ្នកថ្លៃយ៉ាងណាហើយ។

៤.      ទីមួយទុក្ខព្រួយខ្លាចគ្រោះថ្នាក់        បាត់ដៃជើងបាក់ឱ! ព្រះអើយ

ទីពីរខ្លាចចោរវាបង្ហើយ                  ឆក់ប្លន់រួចហើយសម្លាប់ទៀត។

៥.      គិតហើយទ្រូងអើយអន្ទះសា          ឱ! ប្រុសជីវាម្តេចមិនឆ្លៀត

វិលរកទ្រនំឲ្យខ្មីឃ្មាត                    ហោចណាស់គួរឆ្លៀតនឹកដល់ផ្ទះ។

៦.      ឥតសោះចិត្តឥតស្រណោះឡើយ    គេដើរព្រងើយដោយជំនះ

សប្បាយខ្លាំងណាស់ភ្លេចហើយផ្ទះ  ស្រែកហ៊ោរដៃទះអ្នកផ្ទះខក។

៧.      សារជាតិកូនប្រុសមិនខុសពី           ដើរយប់ផឹកស៊ីព្រឹកឡើងក្អក

អ្នកចាំរកថ្នាំជួយបង្អក                   ពេលយប់ក៏ខកថ្ងៃខកទៀត។

៨.      សារជាតិកូនប្រុសមិនខុសពី           មាសប៉ុនគីរីឥតចោលម្សៀត

ថ្លៃហើយបរិសុទ្ធថែមខ្ពស់ទៀត       មិនតូចចង្អៀតដូចមនុស្សស្រី។

៩.      ថ្លៃណាស់ខ្ពស់ណាស់មាសទឹកដប់  ទោះបីដើរយប់ក៏រស្មី

ភ្លឺច្រាលថ្លាច្បាស់លើផែនដី            ​ឱ! ប្រុសថ្លើមថ្លៃសំណាងម្ល៉េះ។

១០.    សារជាតិកូនស្រីលាក់ក្តីទុក្ខ            ចាំឡើងវិលមុខទុក្ខឥតប្រេះ

ទុក្ខទំរលួយឥតរបេះ                     ភ័ក្រ្តាមួយនេះនៅញញឹម។

១១.    សារជាតិកូនប្រុសសែនល្អណាស់    ប៉ុន្តែនៅខ្វះភាពត្រូវត្រឹម

ខ្វះមួយធ្វើឲ្យស្រីញញឹម                រស់អស់សង្ឃឹមក្នុងជីវិត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ចាំស្នេហ៍(បទពាក្យ៧)

១.      យាមផ្លូវចាំស្នេហ៍ ក្បែរសាលា         ព្រោះធ្លាប់សច្ចា ថាជួបគ្នា

អូនរង់ចាំបង ហ្មងវេលា                 ពុំឃើញពុំងា មករកអូន។

២.      បេះដូងឯកា ខ្លោចផ្សាណាស់         ចិត្តស្នេហ៍យល់ច្បាស់ពាក្យថាសូន្យ

ទឹកភ្នែកមិនស្រក់ លាក់ត្អែរត្អូញ      ចង់ប្រាប់ថាសូន្យ ដូចក្បូនលិច។

៣.      ឥឡូវអូនរស់ ព្រោះអ្នកថ្មី               ជួយលួងលោមស្រី ឲ្យបំភ្លេច

តែអូននៅចាំ មិនអស់ចិត្ត               ចង់យល់វរមិត្រ គិតយ៉ាងណា?។

៤.      ម្តេចគ្មានចម្លើយ ឲ្យមកស្រី            ម្តេចចិត្តព្រៃផ្សៃ ម្ល៉េះជីវា

ឬបេះដូងពិត អស់ស្នេហា              រៀមភ្លេចគិតថា មានអ្នកចាំ?។

សៀមរាប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១០

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ចង់អ្វីយ៉ាងនេះ!

១.      ឌឹបៗឌុកៗឌឹបឌុកឌឹបដាក់             បេះដូងកន្ត្រាក់ខុសចង្វាក់ដើម

លោតញាប់គំហោកស្ទើរថប់ដង្ហើម  សួតប្រមាត់ថ្លើមផ្តើមភ័យរង្គើ។

២.      មាត់ញ័ររន្ធត់ចង់ស្លុតស្មារតី            ត្រជាក់ជើងដៃស្មារតីលីលើ

និយាយមិនគ្រប់កង្វះទង្វើ              ច្របល់លីលើធ្វើអ្វីមិនកើត។

៣.      ចេះតែញញឹមសម្លឹងកែវភ្នែក           ស្រទន់ពន់ពេកល្អប្លែកដូចខ្នើត

បាទារសល់ខ្វល់ចង់ជំទើត             ធ្វើអ្វីមិនកើតប្លែកម្ល៉េះលោកអើយ។

៤.      ចង់ចាប់ហត្ថាស្រវាឱបកាយ           ឱបចាប់ឥតស្តាយឱបកាយឲ្យស្បើយ

ចង់ផ្តិតនាសាលើថ្ពាល់ត្រាណត្រើយ ចង់ផ្តេកផ្តួលកាយឲ្យស្បើយទុក្ខា។

៥.      ចង់ជជែកលែងឲ្យវែងវេលា            ចង់តែសន្ទនាលាលែងលោកា

ចង់ឈរញញឹមផ្ទឹមលុះមរណា        ចង់ហៅជីវាថាម្ចាស់ជីវិត។

៦.      ចង់អ្វីគ្រប់យ៉ាងសម្អាងលើអ្វី           ម្តេចក៏ហឫទ័យចង់តែនែបនិត្យ

ចង់អន្ទះសាចង់ហួសការពិត          ចង់ម្ល៉េះជីវិតម្តេចចង់បែបនេះ។

៧.      មិនបាត់ចំណង់ចង់ហួសទ្វេដង       ចង់មិនរំលងទ្រូងដូចភ្លើងឆេះ

ចង់ខ្លាំងឆេះខ្លោចល្អោចចិត្តរលេះ    ចង់អ្វីយ៉ាងនេះឆេះទ្រូងស្លាប់ហើយ។

៨.      ចង់ស្តាប់វាចាចង់អារបេះដូង          បាត់យូរចង់សូន្យចង់ត្អូញឥតស្បើយ

ចង់ក្អួតឆ្កួតស្លាប់ចង់ប្រាប់ឲ្យហើយ  ចង់ឥតព្រងើយចង់ឈ្លើយខ្លាំងណាស់។

៩.      ចង់ស្រក់ទឹកភ្នែកចង់ស្រែកចង់យំ    ចង់ណាស់ក្រៀមក្រំងំមិនដែលខ្វះ

ចង់អ្វីយ៉ាងនេះចង់រឹងមានះ             ចង់តែយកឈ្នះជំនះចិន្តា។

១០.    នេះហើយចំណង់ចង់មិនចេះចប់     ចង់នេះមិនស្ងប់ហៅចង់ស្នេហា

ចំណង់ខុសប្លែកចម្លែកចិន្តា            គឺចង់ស្នេហាវាបែបនេះឯង។

សៀមរាបថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

ចាំដល់ពេលណា?(បទពាក្យ៧)

១.      មេឃខ្មៅងងឹតជិតផែនដី                បាំងអស់អ្វីៗពីលោកា

តែបាំងមិនជិតចិត្តស្រស់ថ្លា            គឺភ្លឺអស្ចារ្យថ្លៃថ្លាណាស់។

២.      មេឃយំផ្គរស្រែកប្លែកតែស្រី           តើឈរធ្វើអ្វីថ្លៃថ្លើមម្ចាស់

រង់ចាំអ្នកណាឈឺផ្សាណាស់           ម្តេចមិនបម្រាសផ្លាស់ទីដៅ។

៣.      ឬមួយចាំបងត្រកងអូន                  ទើបស្រស់ស្រីស្ងួនអូនសោកសៅ

ដឹងទេផែនមេឃជ្រែកចូលជ្រៅ       យប់ហើយស្រីពៅចាំដល់ណា?។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ចាស់ហួសទៅហើយ

១.      ថ្ងៃខែកន្លងមួហ្មងជាំខ្មៅ                 សេសសល់សក់ស្កូវនៅជាមួយខ្លួន

ធ្មេញក៏តិចហោចពុកផុយផ្ទួនៗ       កម្លាំងមាំមួនក៏រួញនៅតិច។

២.      ដៃជើងជ្រាយទន់មិនល្វន់ដូចក្មេង    ទន់នេះមិនលេងទន់ទាំងជីវិត

ងើបឈរចាប់ដើរក៏សែនយ៉ាប់ពិត    នេះហើយជីវិតវាលវដ្តសង្សារ។

៣.      កាលនៅពីក្មេងលេងសើចតាមចិត្ត  លេងទាល់តែភ្លេចចិត្តស្មោះស្នេហា

ឥឡូវចាស់ហើយឱ្យរកអ្នកណា       បើក្មេងសោយក្រា គេមិនបេតី។

៤.      ឱ! ខ្លួនអញអើយនេះហើយជីវិត      លេងសើចភ្លេចគិតចងចិត្តមេត្រី

ឥឡូវកូនគ្មានញាតិក៏លែងស្តី          ខឹងចិត្តអប្រិយដែលធ្លាប់បានសាង។

៥.      ឱ! ក្មេងសារក្រោយឱ្យគិតឱ្យវែង     គិតឱ្យមែនទែនកុំដូចអញកាង

គ្មានបានផលទេកម្មវេរអញបាន      កម្មអញបានសាងទទួលទាំងអស់។

៦.      ឯកោឯកាខ្លោចផ្សាម្នាក់ឯង            ស្លាប់ហើយគេក្រែងគេលែងស្ម័គ្រស្មោះ

ខ្មោចអនាថាប៉ាឆាសង្រ្គោះ             នេះហើយផលរស់មនុស្សបាតសង្គម។

សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

ឆ្កួតស្នេហ៍(បទពាក្យ៧)

១.      ស្នេហ៍ភ្លីសេ្នហ៍ភ្លើល្ងីល្ងើចិត្ត                      ស្នេហ៍ឲ្យឆ្កួតពិតចិត្តវង្វេង

ឡប់ឆ្កួតឆ្កួតឡប់ចិត្តចំបែង                       ឆ្កួតស្នេហ៍នេះឯងរើមិនរួច។

២.      ធ្លាប់តែស្គាល់ស្តាំចំណាំគិត                      ដល់ពេលឆ្កួតចិត្តភ្លេចគ្រលួច

ទោះស្រាយយ៉ាងណាស្រាយមិនរួច          ព្រោះតែអំនួតស្នេហ៍ឆ្កួតឡប់។

៣.      ភ្លេចអស់បងប្អូនញាតិសន្ដាន                   អតីតប៉ុន្មានត្រូវវេចខ្ចប់

មិនស្មើប្រុសស្នេហ៍ក្បែរពីរយប់                 នាងជ្រើសបញ្ឈប់ផ្ដាច់គ្រួសារ។

៤.      ឆ្កួតស្នេហ៍ភ្លីភ្លើល្ងីល្ងើចិត្ត                         ភ្លើងស្នេហ៍ឱបរឹតពេញតណ្ហា

បំភ្លេចមិនបានបន្ទោសវាសនា                  មិនអាចតវ៉ាព្រហ្មលិខិត។

៥.      វាសនាមិនអាចតវ៉ាបាន                          ឈាមខ្សោះពីបា្រណឥតបានគិត

ចេះតែខំជឿព្រហ្មលិខិត                          វាសនាមានពិតគឺមិនស្លាប់។

៦.      កើតមកមួយជាតិរស់មួយថ្ងៃ                    ប្រសើរថ្លាថ្លៃឥតឈឺចាប់

ហេតុអ្វីបណ្តោយឲ្យចិត្តស្លាប់                   រស់នៅអួអាប់ព្រោះស្នេហា។

៧.      ពីតូចដល់ធំរស់សែនសុខ                        មិនដែលស្គាល់ទុក្ខឈឺឱរា

ឥឡូវចុកឈាមក្រៀមចិន្តា                       ព្រោះក្តីស្នេហាស្នេហ៍ល្ងង់ខ្លៅ។

៨.      វិបត្តិស្នេហាផ្សាបេះដូង                           ដៃខ្វេះខ្វាយទ្រូងដាមឈាមខ្មៅ

អណ្តូងទឹករាក់ក្លាយជាជ្រៅ                 ឈាមស្រោចពេញផ្លូវសូវដើរឈាន។

៩.      កិត្តិយសគ្រួសារថ្លៃថ្លាណាស់                    ធ្វើឱ្យប្រែចាស់គេជិះជាន់

ពុំស្មើក្តីស្នេហ៍ដែលជាស្ពាន់                      ចិត្តក្លែងបំភាន់ថាជាមាស។

១០.    កម្មអ្វីពៀរអ្វីមកពីណា                             មាតាបិតាស្នេហ៍ពោរពាស

នាងថាកាឡៃមិនសុទ្ធមាស                      ប្រែយកប្រុសម្នាក់ជាមាសសុទ្ធ។

១១.    ផ្កាក្ងោកមួយដើមធ្លាប់តែរីក                      មិនដែលស្គាល់ស្វិតពណ៌ល្អស្រស់

ឥឡូវស្ទើរតែបង់សម្រស់                         ព្រោះមួយមែកសោះល្អក់កករ។

១២.    ក្ងោកប្រាំបួនមែកសង្វេគចិត្ត                    ព្រោះតែស្នេហ៍ពិតចិត្តស្មោះស

មួយមែកហ៊ានបង់ចិត្តធ្លាប់ល្អ                   ឱ្យល្អក់កករព្រោះកន្លង់។

១៣.   ផ្កាក្ងោកមួយមែកត្រូវរោយរុះ                    ចាកមែកធ្លាក់ជ្រុះកម្សត់បង់

ក្តីស្នេហ៍ស្នេហាស្នេហ៍ឆោតល្ងង់                ក្ងោកមែកបងលង់ងើបមិនរួច។

១៤.    ឥតគិតអាណិតចិត្តមែកប្អូន                      ខ្សឹកខ្សួលត្អែរត្អូញស្ទើរតែឆ្កួត

ស្នេហាស្នេហ៍ភ្លើស្នេហ៍លាក់លួច              ស្រាប់ដល់ពេលឆ្កួតកែលែងឡើង។

១៥.    ព្រោះតែក្តីស្នេហ៍ហ៊ានបំភ្លេច                    ឧត្តមគតិខ្ពស់ថ្កើនថ្កើង

អ្នកផងស្រលាញ់ឥតរើសអើង                  ឥឡូវបំប៉ើងក្លាយជាផេះ។

១៦.    មួយមែកបង់ពណ៌ព្រោះក្តីស្នេហ៍               ប្រាំបួនត្រូវប្រែដើមរលេះ

ផ្កាស្រស់អ្នកផងធ្លាប់ចង់បេះ                    គេដើរគេចវេះលែងចង់ក្បែរ។

១៧.   អស់កូនស្រីៗចូរចាំទុក                            កុំយកជង្រុកដាក់ទុក្ខស្នេហ៍

ខូចប្រាណកិត្តិយសក៏ខូចដែរ                   ឱ!កូនមាសស្នេហ៍ត្រូវចាំគិត។

១៨.    កូនត្រូវចងចាំចំណាំទុក                          គុណម្តាយឪពុកគិតជានិច្ច

ទោះគាត់ថែកូនច្រើនឬតិច                      នេះជាស្នេហ៍ពិតឥតភ្លេចបាន។

១៩.    ត្រូវសងដោយការទុកបេះដូង                   គ្មានចំណងចងទំនេរបា្រណ

រឿងគូជីវិតលើកល្យាណ                         ពុកម៉ែលោកបានគិតរួចស្រេច។

២០.    បើកូនធ្វើបានកូននឹងស្រួល                      កូនចាកទុក្ខព្រួយឥតឈឺចិត្ត

ព្រោះបេះដូងកូនទំនេរពិត                       កូនឥតឈឺចិត្តនឹងមានគូ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

អាហារជីវជាតិអា(បទពាក្យ៧)

១.      អាហារសម្បូរជីវជាតិអា                 មានក្នុងខាត់ណាកន្ធុំថេត

ស្ពៃខ្មៅត្រកួនផ្ទីកញ្ឆែត                  ឥតមានអ្វីប្លែកជីសាំងហ៊ុំ។

២.      អង្គាដី ងប់ ល្ពៅ ស្លឹកបាស             គឺមានច្រើនណាស់ព្រមទាំងម្រំ

មិនពិបាករកស្វាយល្ហុងទុំ              ទឹកដោះម្តាយម៉ុមក៏មានដែរ។

៣.      ខ្នុរ ដំឡូងជ្វា ល្ពៅការ៉ុត                 មានទាំងក្នុងស៊ុតច្រើនហូរហែរ

ថ្លើមជ្រូក ថ្លើមត្រី ត្រីល្អិតដែរ          មិនត្រូវភ្លេចទេក្នុងថ្លើមមាន់​។

៤.      ពួកយើងកុមារមិនត្រូវភ្លេច             ត្រូវញ៉ាំជានិច្ចឱ្យរួសរាន់

បើជីវជាតិអាមានគ្រប់គ្រាន់            ភ្នែកយើងមិនភាន់មើលឃើញច្បាស់។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ត្រជាក់បេះដូង (បទពាក្យ៧)

១.      បើសិនមានបងនៅក្បែរកាយ                   ម្ល៉េះសមឆោមឆាយមិនត្រជាក់

ប្រឹងប្រែងខំរៀនទាំងញ័រញាក់                  ទោះបីត្រជាក់នៅតែទ្រាំ។

២.      ដៃជើងត្រជាក់ញាក់រញ្ជួយ                       បេះដូងរលួយនៅតែមាំ

ឱ! ភាពត្រេជាក់ពិបាកទ្រាំ                       ត្រជាក់ញាក់គ្រុនខ្ទាំបេះដូង។

៣.      ថ្លើមកកសួតរឹងប្រឹងជំនះ                         ប្រឹងទាល់តែឈ្នះជំនះទ្រូង

ឈ្នះភាពត្រជាក់ពីខាងក្នុង                      ឈ្នះស្នហ៍កប់រូងពីក្នុងចិត្ត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ថ្ងៃមួយ (បទពាក្យ៧)

១.      ថ្ងៃមួយនៃឆាកជីវិតខ្ញុំ           ថ្ងៃមួយខ្ញុំយំក្រំព្រោះស្នេហ៍

ថ្ងៃមួយធ្វើឲ្យបេះដូងម៉ែ        ទុក្ខសោកឥតល្ហែព្រោះតែកូន។

២.      ថ្ងៃមួយខ្ញុំបានដឹងទុក្ខទោស  ថ្ងៃមួយដឹងខុសខ្ញុំត្អែរត្អូញ

ថ្ងៃមួយជង្គង់ខ្ញុំក្រាបលូន      បង្អោនកាយផងសូមទោសម៉ែ។

៣.      ថ្ងៃមួយមុខម៉ែប្រែញញឹម      ម៉ែមានសង្ឃឹមឥតត្អូញត្អែរ

ថ្ងៃមួយឃើញកូនរបស់ម៉ែ     ដឹងខ្លួនចេះកែស្គាល់កំហុស។

៤.      ថ្ងៃនោះថ្ងៃដែលម៉ែញញឹម    ម៉ែស្រស់ប៉ប្រឹមឥតយកទោស

ក្រសោបឱបកូនស្ងួនដឹងខុស តទៅកំហុសលែងមានទៀត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ទុក្ខស្នេហ៍ប្រែសុខ(បទកាកគតិ)

១.      ស្នេហ៍ស្ម័គ្រស្នេហ៍ស្មោះ       អស់ស្នេហ៍ចិត្តគ្រោះ បូសស្មោះខ្ទុះចេញ

ទោម្នេញកកស្ទះ                ឈ្នះគឺទុក្ខពេញ        សើចលែងចេញធ្មេញ

ចំណេញទឹកភ្នែក។

២.      ស្នេហ៍អ្វីខ្លាំងម្ល៉េះ                បេះដូងមួយនេះ        ប្រេះស្នាមបែកខ្ញែក

ចែកផែនភពផ្សេង              គេងលង់ទឹកភ្នែក      ស្រែកទួញយំយែក

លែងចង់រស់នៅ។

៣.      មនុស្សប្រុសឬស្រី              ក្តីស្មោះភក្តី              ដួងចៃសោកសៅ

ដំបៅដូចគ្នា                       នាស្នេហ៍ព្រាត់ទៅ     វាងឬត្រង់ផ្លូវ

រើសទៅជីវា។

៤.      ចេះស្រលាញ់បាន              ហេតុអ្វីកល្យាណ      មិនហ៊ានប្រេះឆា

ខ្លាចអ្វីញញឹម                              លះបង់ស្នេហា         ឲ្យតែដឹងថា

ជីវាបានសុខ។

៥.      កុំយកស្លាប់ចង                  ក្រងជាចំណង          គ្រោងចេញជាគុក

គុកកម្មស្នេហា                   ផ្ងារមកជាសុខ          ភាគីផុតទុក្ខ

រស់សុខដូចគ្នា។

សៀមរាប ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

ទុក្ខស្នេហ៍

១.      ស្នេហាដំបូងជ្រៅជ្រោងយ៉ាងណា             ទើបឲ្យចិន្តាឯកាផ្សាខ្លោច

ចង់កប់លុបដាមស្លាកស្នាមឲ្យហោច          តែចិត្តល្អិតតូចគ្រលួចគួចនឹក។

២.      យំឥតទឹកភ្នែកស្រែកក៏លែងឮ                  បេះដូងព្រួចព្រឺឈឺព្រោះរលឹក

កាត់ចិត្តថាភ្លេចអតីតនាំស្ពឹក                    យកថ្មីរលឹកនឹកជំនួសវិញ។

៣.      មិនស្រួលឯណាទេវតាលោកអើយ            ចម្លើយទ្វេហើយឆ្លើយគឺទោម្នេញ

អ្នកមុនអ្នកក្រោយធ្លាយទុក្ខខ្ទាតចេញ​ទុក្ខម្នោទោម្នេញណែនពេញលើសមុន។

៤.      ឲ្យធ្វើយ៉ាងណាលោកាផែនភព                 សូមជួយសន្មតជួយកត់កែកុន

ទៅមុខឬថយកុំឲ្យឈឺគ្រុន                    ចាកទុក្ខទារុណទោសធ្ងន់នេះបាន។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ទាប និងខ្ពស់(បទពាក្យ៩)

១.          ខ្ពស់អើយខ្ពស់ គឺសែនខ្ពស់ហួសកម្រិត

តែការពិតទាបអើយទាបកប់ក្នុងដី

ថ្លៃអើយថ្លៃហួសវិស័យនឹងនិយាយ

ថោកហួសថ្លៃទ្រូងចុកក្ស័យស្ដីមិនចេញ។

២.          ឈ្មោះថ្លៃថ្នូរតែអាសូរគេមើលងាយ

គ្មានសម្ពាយរាយជាថ្នូរនឹងដូរទិញ

ចិត្តកម្សត់ខ្សត់អើយខ្សត់សែនទោម្នេញ

យំមិនចេញសើចមិនចេញជ្រេញខ្លួនឯង។

៣.         រាបអើយរាបប្រៀបមិនស្មើមគ្គុទ្ទេសក៍

អន់ខ្លាំងម្ល៉េះគេដៀលត្មេះឥតកោតក្រែង

លុយមិនស្មើចេះមិនដល់ឆ្ងល់ខ្លួនឯង

សោកសង្រេងវល់វង្វេងនឹងមនុស្សា។

៤.          ដឹងថាក្រខំត្រដរឈ្មុលទៅរក

ពេលបានមកទុក្ខសោយសោកសែនខ្លោចផ្សា

ទ្រូងចុកឈឺព្រោះតែឮពាក្យឬស្យា

ខ្វះដុល្លារដូចអន្ធិកាងងឹតឈឹង។

៥.          ក្រអើយក្រខំត្រដរមិនរអ៊ូ

ស្ដាយមិនស៊ូរៀនឲ្យយូរស៊ូមិនប្រឹង

ឃើញគេឯងសោកសង្រេងងើយសម្លឹង

ប្រឹងសញ្ជឹងឱអញហ្នឹងទាបអើយទាប។

៦.          ស្រណោះខ្លួនចិត្តឥតថួនឈឺបេះដូង

គេរំលងមើលបង្ហួសព្រោះមិនប្រៀប

ស្ដីមិនស្ដីបើនិយាយមិនរបៀប

ឱ!អញទាបប្រៀបមិនស្មើមគ្គុទ្ទេសក៍។

៧.         ខំទប់ចិត្តបំភ្លៃគិតលោមខ្លួនឯង

ទុក្ខចំបែងឥតបែកខ្នែងរឹតតែទ្វេ

ឈឺខ្លាំងណាស់ព្រោះតែពាក្យឥតរិះរេ

អន់ម្លេះទេម្ដេចក៏គេគិតមិនដល់។

៨.          ចិត្តមេត្តាក្ដៅយ៉ាងណាមិនធំធេង

ទោះបីគេងក៏គេងលក់ទាំងកង្វល់

ធ្វើយ៉ាងណាឲ្យសិស្សចេះផុតអំពល់

ទើបកង្វល់ភាពខ្វាយខ្វល់គេងស្ងប់បាន។

៩.          ក្ដីបារម្ភប្រៀបស្មើភ្នំមួយចំហៀង

ភាពលម្អៀងនៅតែផ្អៀងឥតយល់ប្រាណ

ចិត្តអើយចិត្តគេពុំគិតឥតនឹកស្មាន

គិតតែបានឥតស្រាកស្រាន្តឥតពិចារ។

១០.       ឱ!ជីវិតនេះឬចិត្តនៃសង្គម

គិតតែធំគ្មានទេមនោសញ្ចេតនា

ពេលនេះគិតចិត្តនេះសែនឈឺខ្លោចផ្សា

ខ្មាសចិន្ដាព្រោះអាត្មាទាបឥតយស។

១១.       ណ្ហើយឈប់គិតនាំឈឺចិត្តស្គមកាយា

គ្មានដុល្លារអញនេះណាត្រូវតែរស់

ចាយលុយខ្មែរទោះបីគេប្រៀបពុំខ្ពស់

គ្មានស័ក្ដិយសគឺត្រូវរស់ដោយមនសិការ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 ទឹកភ្នែកខ្មោច (បទកាកគតិ)

១.      អន្ធការរាត្រី             ពពករីងរៃ                         កប់បាត់ដួងខែ

បាំងបិទរស្មី             នៃពន្លឺស្នេហ៍                      វាលស្រូវវាលស្រែ

ប្រែងងឹតឈឹង។

២.      ស្រមោលអន្ធការ      ហោះលើវេហាស៍               ស្ទើរលោះព្រលឹង

រុក្ខទេវតា                 សញ្ជប់សញ្ជឹង                   ខ្មោចទារព្រលឹង

ចេះសញ្ជឹងគិត។

៣.      បិទភ្នែកស្រមៃ          ចេះតែមមៃ                        អាប់ក្រៃដួងចិត្ត

ដល់ណាខែភ្លឺ           មេឃឈប់ងងឹត                 ឱ! កម្មជីវិត

ចិត្តអើយលិចលង់។

៤.      ធ្លាប់តែហ៊ឺហារ          ដើរយប់ហិង្សា                   ថាឆ្លាតមិនល្ងង់

មិនស៊ូអត់ធ្មត់           ខឹងខុសទោសធ្ងន់              ភ្លាត់ធ្លាក់អន្លង់

ទើបដឹងថាខុស។

៥.      ស្លាប់ទៅជាខ្មោច      កេរ្តិ៍ឈ្មោះអសោច              មួយជាតិជាប្រុស

រស់នៅភ្លេចខ្លួន        សូន្យព្រោះកំហុស              ភ្ញាក់ដឹងថាទោស

នរកជ្រុលទៅហើយ។

៦.      ចង់ងើបមិនបាន       បាបទាំងប៉ុន្មាន                  លង់លិចឥតត្រើយ

កាលខ្លួនជាមនុស្ស    បុណ្យគេចកន្តើយ              ឃើញហើយងាកងើយ

ឈ្លើយមិនខ្ចីធ្វើ។

៧.      បើបាបទៅជិត          សប្បាយកៀកកិត              ពេញគ្រប់ទង្វើ

ក្អាកក្អាយកក្អឹក        ពួតដៃគ្នាធ្វើ                       ឃើញបុណ្យធ្វើភ្លើ

ពុំស្មើធ្វើបាប។

៨.      កាច់កុងកាប់ចាក់      ប្រមាថទាត់ធាក់                 អួតអាងសម្លាប់

កាំបិតដាវផ្គាក់          ញាក់ឥតខ្លាចស្លាប់             ដេញគ្នាយារកាប់

ទើបស្កប់ចិត្តស្ទាវ។

៩.      កណ្តាលអធ្រាត្រ      ផ្កាយរះព្រោងព្រាត             ដល់មាន់រងាវ

ឮតែសំឡេង            ស្រែកហ៊ោរកញ្ជ្រៀវ            យុវជនឈាមរាវ

រងាវឥតទ្រាន់។

១០.    ឥឡូវហួសហើយ      ចង់ត្រឡប់ក្រោយ              ក៏វិលមិនទាន់

បាបឥតលើកលែង    វិលបកជិះជាន់                   សងវិញគ្រប់គ្រាន់

ឥតខ្វះចន្លោះ។

១១.    ខ្មោចស្រក់ទឹកភ្នែក    ទួញសោកយំយែក             ដោយភាពក្រៀមក្រោះ

នឹកឡើងសែនស្តាយ មិនគួរឡើយសោះ              សាងរឿងមិនស្មោះ

អាប់យសគ្រួសារ។

១២.    ដោយក្តីស្រលាញ់     មុនចូលខ្ទះខ្លាញ់                ខ្មោចស្រែកផ្តាំថា

ធ្វើអ្វីក៏ដោយ            ឲ្យមានមនសិការ                ទើបជាតិថ្លៃថ្លា

សង្ខារជួបសុខ។

សៀមរាប ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

ទឹកភ្នែកខ្ញុំ (បទពាក្យ៧)

១.      ទឹកភ្នែកខ្ញុំស្រក់ស្រោចដីខ្មែរ           ស្រណោះពុកម៉ែថែខ្ញុំទុក

ខ្ញុំធ្លាប់រស់នៅកក់ក្តៅសុខ              ខ្ញុំគឺជង្រុកផ្ទុកមាសប្រាក់។

២.      ក្តីសុខស្រណុកមិនបានយូរ            ត្រូវទួញថ្ងួចថ្ងូរឈឺអួលអាក់

ខ្ញុំត្រូវគេកាប់ឲ្យដួលបាក់                ទឹកភ្នែកសស្រាក់ជោកពសុធា។

៣.      មិនអាចនិយាយស្តីតវ៉ា                  ព្រោះខ្ញុំនេះណាត្រឹមនាមជា

រុក្ខជាតិដុះក្នុងដីកម្ពុជា                   ឃើញហើយគ្រប់គ្នាស្គាល់ថាខ្មែរ។

៤.      ទឹកភ្នែកខ្ញុំហូរជួសលោហិត            ទោះអស់ជីវិតក៏នៅស្នេហ៍

នៅតែស្រលាញ់ចង់រស់ក្បែរ           ទោះប្រជាខ្មែរឥតថែខ្ញុំ។

៥.      ពេលនេះខ្ញុំដឹងថារាងកាយ             គេចញ្រ្ចាំខ្ចាយលែងសុខដុម

ពួកគេពុំដឹងថាខ្ញុំយំ                       បៀមទុក្ខក្រៀមក្រំប៉ុនណាទេ។

៦.      ទោះកាយធ្លុះធ្លាយចិត្តចុកចាប់        រូបខ្ញុំត្រូវស្លាប់ក្រោមដៃខ្មែរ

ពូជត្នោតខ្ញុំនេះនៅតែស្នេហ៍            នៅស្រលាញ់ខ្មែរពេញដួងចិត្ត។

៧.      សូមផលបុណ្យជួយស្ទួយចិត្តខ្មែរ     មានចិត្តថ្នមថែនឹកអាណិត

អាសូរពូជខ្ញុំដែលរស់និត្យ              សូមពូជខ្មែរគិតអាណិតផង។

៨.      ពូជត្នោតបាត់បង់លិចលង់ជាតិ       ត្នោតគឺជាញាតិជារបង

ខ្មែរអើយត្រូវថែកុំឲ្យហ្មង                បើបាត់របងបាត់ទឹកដី។

៩.      កុំភ្លើនកាប់លក់ឲ្យទុច្ចរិត                ត្រូវមានគំនិតមានស្មារតី

ត្នោតជារុក្ខជាតិមានតម្លៃ                វប្បធម៌តំណាងទឹកដីខ្មែរ។

១០.    បើត្នោតរលំយំរហូត                      អាសូរពង្សពូជលែងឋិតថេរ

វប្បធម៌ល្អស្រស់គ្មានគេថែ             សត្រូវដៀលជេរយ៉ាងណាទៅ?។

១១.    ឱសឱ!កូនខ្មែរបណ្តូលចិត្ត              ប្រទេសកៀកកិតមើលតែផ្លូវ

បើគេឃើញយើងរលំទៅ                គេអស់ហ្មងសៅរស់នៅសុខ។

១២.    ទោះខំនិយាយស្តីបរិយាយ             រាងកាយអន្តរាយបេះដូងចុក

បានត្រឹមដង្ហោយឲ្យខ្មែរសុខ           ទោះខ្ញុំទូលទុក្ខសុខចិត្តទ្រាំ។

១៣.   ទឹកភ្នែកខ្ញុំស្រក់ស្រពប្រឹថពី            ដាស់ដួងជីវីខ្មែរឲ្យមាំ

ស្មារតីឲ្យក្លា ស្មាឲ្យទ្រាំ                  ទន់ភ្លន់មាំទាំសមជាខ្មែរ។

១៤.    លាហើយទឹកដីផ្តល់ជីវិត                ទឹកដីល្អពិតដិតមន្តស្នេហ៍

ឱ!បងប្អូនអើយសូមជួយថែ            ក្នុងនាមរាស្រ្តខ្មែរថែត្នោតទុក។

១៥.    ទឹកភ្នែកខ្ញុំស្រក់គ្រាចុងក្រោយ        ជូនពរសូមឲ្យខ្មែរជួបសុខ

ចាប់ពីថ្ងៃនេះតទៅមុខ                   ខ្មែរអើយថែទុកពូជខ្ញុំផង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ទុក្ខទំ (បទពាក្យ៧)

១.      ទុក្ខទំរងំឈឺរមួល                         ក្តៅឈឺចុកអួលឆួលពេញប្រាណ

ទុក្ខស្នេហ៍ទំលើល្ងើឥតស្រាន្ត          បេះដូងនិងប្រាណលែងបានសុខ។

២.      ទុក្ខទំរងំមិនព្រមជ្រុះ                     ទុក្ខឥតធ្លាយធ្លុះរលុះឆ្នុក

វានៅតែកប់ក្នុងទ្រូងចុក                 មិនរបេះឆ្នុកធ្លាក់សោះឡើយ។

៣.      ទុក្ខទំរងំគឺទុក្ខស្នេហ៍                      ទុក្ខនេះរឹតទ្វេពុំអាចស្បើយ

បើចិត្តសំងំធ្វើព្រងើយ                   ទុក្ខនេះនឹងឈ្លើយរឹតតែធ្ងន់។

៤.      ទុក្ខទំរងំយំបោកខ្លួន                      ដល់ឈឺផ្ទួនៗលែងអត់ធន់

ទុក្ខស្នេហ៍គំរាមឈាមជោរជន់        ភ័យខ្លាចខ្លួនធ្ងន់ដល់ផែនដី។

៥.      ទុក្ខទំរងំយំសម្រេច                       តាំងចិត្តប្តូរផ្តាច់នឹងក្សិណក្ស័យ

លះបង់សង្ខារផ្ងារអត្ថន័យ              ឱ្យញាតិប្រុសស្រីយល់ន័យស្នេហ៍។

៦.      ទុក្ខទំរងំមិនរបេះ                          ព្រោះគ្មានអ្នកចេះអាចបកប្រែ

ន័យជ្រៅប្រែជារាក់កំផែល             ញាតិមិត្តដៀលជេរថាល្ងង់ខ្លៅ។

៧.      ទុក្ខទំរងំយំលែងឮ                        ទុក្ខរឹតតែព្រឺឈឺផ្សាក្តៅ

មិនព្រមធ្លាក់ជ្រុះបែរទំនៅ              ដូចភ្លើងកម្លៅដៅជាប់ទ្រូង។

៨.      ទុក្ខទំវាយដំចុកឱរា                       ស្មានតែមរណាលែងផ្សាទ្រូង

រឹតតែចុកចាប់ឈឺបេះដូង               ទុក្ខដំផូងៗរឹតតែទ្វេ។

៩.      ទុក្ខទំរងំទុក្ខស្នេហា                       គេចដោយមរណាក៏នៅថេរ

ស្នាមល្ងង់ស្នាមឆោតគេដៀលជេរ    លុះកាលចំណេរនៅតែស្នាម។

១០.    ទុក្ខទំរងំមិនរបេះ                          បើជ្រុលកុំបេះទុកឱ្យក្រាម

ទុកឱ្យវេលាព្យាបាលស្នាម             អត់ធ្មត់ឱ្យបានបម្រាមខ្លួន។

១១.    ទុក្ខទំរងំនឹងរបេះ                          ទោះមានស្នាមប្រេះនៅគុំគួន

ស្នាមស្នេហ៍នឹងប្រែជាមាំមួន           រស់មិនបាច់ពួនពីការពិត។

១២.    ទុក្ខទំរងំគឺទុក្ខស្នេហ៍                      បើយើងចេះប្រែល្អជីវិត

កុំយកការស្លាប់មករួមគិត              ប្រឈមការពិតទើបជោគជ័យ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

នឹកដើមត្របែក (បទពាក្យប្រាំពីរ)

១.      នឹកដើមត្របែកស្រែកព្រមគ្នា                   ក្រោមផ្ទៃមេឃាលាសុរិយា

ភិរុណខឹងចិត្តឥតមេត្តា                            ក្រោមផ្ទៃវេហាស៍ងងឹតសូន្យ។

២.      រងាខ្លាំងពេកស្រែកបន្លប់                         ឥតភ័យរន្ធត់បងនិង​អូន

ត្របែកសាក្សីស្រីនិង​បង                         ស្មោះលុះថ្ងៃសូន្យផុតសង្ខារ។

៣.      មួយឆ្នាំកន្លងបងនិងស្រី                          ត្របែកលាស់ថ្មីមានទាំងផ្កា

រហូតចេញផ្លែបង់អសារ                          មិនឃើញកន្និដ្ឋាត្រឡប់វៃ។

៤.      ស្រែកសួរត្របែកប្លែកចិត្តទេ?                   នៅសល់តែស្នេហ៍បាត់រូបស្រី

ឱ ! ត្របែកអើយម្តេចឡើយថ្លៃ                  ភ្លេចពាក្យសំដីថ្ងៃផ្តើមស្នេហ៍។

៥.      រសជាតិត្របែកឥតប្លែកឡើយ                  ឬស្រីព្រងើយក្រឡាស់ប្រែ

ប្តូររសជាតិថ្មីស្រីមានគេ                          ត្របែកលែងស្នេហ៍ប្តូររសជាតិ។

៦.      ឱ ! ត្របែកអើយឆ្លើយប្រាប់មក                ម្តេចស្រីមិនជ្រកក្រោមអ្នកទៀត

ឬមួយសូម្បីតែធម្មជាតិ                            ក៏ចិត្តចង្អៀតដាក់ខ្ញុំដែរ។

៧.      ត្របែកទុំជ្រុះគ្មានអ្នកបេះ                        ទុក្ខខ្ញុំធំច្រែះគ្មានអ្នកថែ

ឱ ! ត្របែកអើយនេះឬស្នេហ៍                    ពេលគេបែកបែរចិត្តឈឺម្ល៉េះ។

៨.      មានតែត្របែកឥតប្លែកចិត្ត                       ស្ម័គ្រស្មោះថេរឋិតឥតគេចវេះ

ចិត្តអ្នកគង់វង្សឥតបែកប្រេះ                     រលួយរលេះប្រេះគឺស្រី។

៩.      ឯកាស្នេហាសល់តែមួយ                         ស្រីចាកទុក្ខព្រួយព្រោះមានថ្មី

នៅសល់តែរៀមរស់រីងរៃ                         ក្បែរពាក្យស្បថស្រីនាថ្ងៃមុន។

១០.    ដូចដើមត្របែកឥតប្លែកទេ                       ចិត្តរៀមស្មោះស្នេហ៍ទោះទុក្ខធ្ងន់

ឲ្យតែស្រីវិលបងរែកពន់                          ដោយចិត្តអត់ធន់ទទួលអូន។

និពន្ធដោយ៖ លាក់ ម៉ាឡែន

សៀមរាបថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧

នឹក!!!!!! (បទពាក្យ៧)

១.      ខ្ញុំនឹកបៀលប្រាយស្តាយអតីត        ខ្ញុំនឹករូបមិត្តគិតរួមគ្នា

បេះដូងត្រជាក់ចិត្តរងា                   គ្រោតគ្រាតគ្រាំគ្រាវេទនាណាស់។

២.      លេបបាយអួលទឹកផឹកមិនចូល       ព្រោះតែកម្សួលរឿងរ៉ាវចាស់

តែបើគុយទាវគឺឆ្ងាញ់ណាស់           រឿងរ៉ាវថ្មីចាស់ទុកមួយដុប។

៣.      អូហូ!កម្សត់ណាស់មិត្តអើយ           យប់យន់ជ្រៅហើយគេងមិនសុខ

តែពេលថ្ងៃវិញគេងស្រម៉ុក             លាន់ឮបីស្រុកមិនសុខទេ។

៤.      នឹកណាស់មិត្តអើយធ្វើយ៉ាងណា     មានតែហត្ថាវាសសរសេរ

ចុងប៊ិចផ្តិចដាមជាសំណេរ             face book ជួយវេរជូនទៅមិត្ត។

៥.      អានហើយមែនទេមិត្តសម្លាញ់?       តើចិត្តអ្នកមិត្តគិតដូចម្តេច?

ឬភ្លេចលេខខ្ញុំទៅហើយមិត្ត?          ឬក៏គ្រាំចិត្តស្អិតទ្រូងដែរ?។

៦.      បើតាមខ្ញុំគិតមិនខុសនោះ              ប្រហែលសើចស្រស់គ្មានទុក្ខទេ

ខ្វល់ចិត្តតែខ្ញុំខំសរសេរ                  ព្រោះអីនឹកគេតែម្នាក់ឯង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

នរកបេះដូង (បទកាកគតិ)

១.      ហៃកូនមាសស្ងួន      កូនលោកទាំងពួង              ពេញក្នុងលោកិយ

មិនថាយុវជន           ឬយុវតី                             ពេញយុវវ័យ

ឈាមរាវដូចទឹក។

២.      ហៃកូនមានស្ងួន       កូនគួរភ្ញាក់ខ្លួន                   ដើរគិតគេងគិត

គុណឪពុកម្តាយ       ធ្ងន់ជាពន្លឹក                       គួរកូនរលឹក

នឹកគុណគាត់ផង។

៣.      ហៃកូនមាសស្ងួន      កូនកុំភ្លេចខ្លួន                    ឱ្យជាប់ចំណង

ទុក្ខកម្មជីវិត             ដែលកូនបានចង                រាប់លានចំណង

ពុកម៉ែទទួល។

៤.      ហៃកូនមាសស្ងួន      ទឹកភ្នែកម្តាយខ្លួន                នរកគ្មានទួលឆ្លង

ទោះមួយតំណក់       ឬច្រើនកន្លង                      កូននឹងហែលឆ្លង

នរកអវចី។

៥.      ហៃកូនមាសស្ងួន​      កូនគួរដឹងខ្លួន                    ទឹកចិត្តភក្តី

ទោះកូនមិនចាំ         កាលកូនក្នុងផ្ទៃ                  ម្តាយឥតរីងរៃ

ឥតថ្ងួចថ្ងូរឡើយ។

៦.      កាលកូនក្នុងផ្ទៃ        កូនឃ្លានចំណី                   ជាយកន្ទេលខ្នើយ

ម្តាយស៊ូជញ្ជក់          ភ្លក្សជូនកូនអើយ                កូនស្កប់ចិត្តហើយ

ទើបម្តាយស្កប់ដែរ។

៧.      ហៃកូនមាសស្ងួន      កូនដឹងទេកូន                    កាលកូនគ្រប់ខែ

ម្តាយឆ្លងទន្លេ           ឥតមានត្អូញត្អែរ                 ព្រោះទឹកចិត្តម៉ែ

ម៉ែពុកស្នេហ៍កូន។

៨.      ហៃកូនមាសស្ងួន​      កូនធំមាំមួន                       ខ្លួនពេញជាកូន

ដឹងក្តីសព្វគ្រប់          ចិត្តម៉ែឥតសូន្យ                  ញញឹមព្រោះកូន

កូនម៉ែដល់ត្រើយ។

៩.      ហៃកូនមាសស្ងួន      កូនក៏ភ្លេចខ្លួន                    ភ្លេចពុកម៉ែហើយ

កូនបញ្ឈឺចិត្ត            ព្រោះតែស្នេហ៍អើយ            ទ្រូងម្តាយប្រេះហើយ

ស្នេហ៍ហួសព្រំដែន។

១០.    ម្តាយធ្លាប់ប្រាប់កូន    ថែរក្សាខ្លួន                        ស្នេហ៍កុំហួសហេតុ

ខ្លួនកូនជាស្រី           គិតខ្លីទឹកភ្នែក                    ឥឡូវយំស្រែក

ហេតុក្បត់ប្រពៃណី។

១១.    កូនធ្វើបាបខ្លួន          បំផ្លាញឈាមកូន                ដែលនៅក្នុងផ្ទៃ

សប្បាយមួយយប់     ឬពីររាត្រី                           ដួងចិត្តរីងរៃ

អស់មួយជីវិត។

១២.    ហៃកូនមាសស្ងួន      សប្បាយភ្លេចខ្លួន                កូនឥតគិតចិត្ត

ពុកម៉ែមាសស្ងួន       ធ្លាប់ថ្នមលោមស្និទ្ធ             ថើបថែអាណិត

លើសស្នេហ៍បុរស។

១៣.   ហៃកូនមាសស្ងួន      ហេតុម្តេចរូបកូន                 មិននឹកស្រណោះ

ខ្មាសកេរជាស្រី        អាល័យកិត្តិយស                គ្រួសារធ្លាប់ខ្ពស់

អាប់យសព្រោះកូន។

១៤.    នេះឬកម្មពៀរ          ឱ! កូនពុំងា                       សងគុណម្តាយស្ងួន

អស់កូនស្រីៗ           កម្ពុជាទាំងពួង                   គួររក្សាខ្លួន

មាសស្ងួនឱ្យល្អ។

១៥.    មិនបានធ្វើអ្វី            គួរកូនស្រីៗ                       ចិត្តកាយឱ្យស

ជាការតបស្នង          ថ្លៃថ្លាបវរ                          គុណនេះសែនល្អ

ហួសពេកកន្លង។

១៦.    ហៃកូនមាសស្ងួន      កូនចាំទេកូន                      ពាក្យម៉ែចងក្រង

ក្តីស្នេហ៍កូនពិត        កូនកុំកន្លង                        នោះក្តីបំណង

កូននឹងជោគជ័យ។

១៧.   កូនត្រូវចងចាំ           នូវពាក្យបណ្តាំ                   ម៉ែផ្តល់ឱ្យថ្លៃ

យប់ទីប្រាំមួយ          ឆ្នាំពីរពាន់បី                       មិថុនាយល់ន័យ

យុវតីរិះគិត។

សៀមរាប ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

នឹកស្នេហា​(បទកាកគតិ)

១.      ខ្ញុំនឹកស្នេហា            នឹកអនុស្សា             ឃ្លាតឃ្លាចាកឆ្ងាយ

អតីតកាល              ពេលវែងអន្លាយ       ប្រហែលឃ្លាតឆ្ងាយ

ប្រៀបដូចទឹកហូរ។

២.      ថ្ងួចថ្ងូរធ្ងរធ្ងន់            ទុក្ខទោសលើសលន់ ឈឺធ្ងន់ពេលយូរ

ឱ! បេះដូងអើយ       គួរឱ្យអាសូរ             ស្វិតក្រៀមឈាមហូរ

ថ្ងូរឡើងខ្សោះខ្លួន។

សៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

បានមែន? (បទពាក្យ៧)

១.      ខ្លួនឯងមានទ្រព្យគាប់ចិត្តដែរ          ប៉ុន្តែមិនបែរនេត្រាមើល

សុខចិត្តរំលងគាស់សើរើ                យកភ្នែកទៅមើលរបស់គេ។

២.      គួរណាស់តែបែរប្រែចិត្តមក            ព្រមទទួលយករបស់ខ្មែរ

ផ្តើមដោយសន្សឹមកុំផ្ទឹមគេ             ខ្វះអ្វីដៃខ្មែរមន្តស្នេហ៍ខ្ពស់។

៣.      បទភ្លេងពីរោះរបស់ខ្មែរ                  ស្តាប់មានមន្តស្នេហ៍ទ្វេកិត្តិយស

មិនសាបតម្លៃរូបថ្លៃខ្ពស់                 សាកសមកត្តិយសរស់ជាខ្មែរ។

៤.      ប៉ុន្តែបែរត្រឹមត្អែរត្អូញយំ                 លួចពួនសំងំក្រំម្ល៉េះទេ

គ្មានអ្នកយល់ចិត្តត្បិតចិត្តគេ           មិនដូចឯងទេគិតទ្វេឡើង។

៥.      មិនដឹងបេះដូងគេយ៉ាងណា            ឬគេយល់ថា ថ្លាថ្កុំថ្កើង

ចម្លងបទគេរស់ទ្វេឡើង                 អនាគតរុងរឿងថ្កើងខ្ពស់ផុត។

៦.      បើគិតថាក្រមិនល្អសោះ                បើគិតថាអស់អ្នកមោះមុត

បើសិនអស់មែនសែនតក់ស្លុត        តែមិនរន្ធត់ដូចគិតឡើយ។

៧.      ខ្វះអ្វីកវី អ្នកនិពន្ធ                         រោគក្តៅខ្លួនគ្រុនគួរស្តាយក្រោយ

គឺខ្វះគំនិតចិត្តដង្ហោយ                   តស៊ូបាត់ហើយ ត្រាណត្រើយដឹង។

៨.      ថាចេះតែថា ផ្ងារមិនបាន               បេះដូងចិត្តប្រាណបានសម្លឹង

ខំគិតធ្វើអ្វីខ្លីព្រលឹង                       រស់នៅដឹងៗ ប៉ុណ្ណឹងបាន។

៩.      បានមែនបើគិតថាសាកសម           បើមិនបានខំ បានសុខសាន្ត

រស់ចុះព្រលឹងប៉ុណ្ណឹងប្រាណ          បើគិតថាក្សាន្ត បានក្តីសុខ។

សៀមរាប ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

បើបាត់ខ្ញុំទៅ

១.      បើបាត់ខ្ញុំទៅ កុំនៅសង្កា​                ខ្ញុំមិនទៅណា មេត្តាកុំភ័យ

ខ្ញុំពួនសំងំ មិនក្រំដួងចៃ                 សរសេររឿងថ្មី បម្រើទ័យា។

២.      បើបាត់ខ្ញុំទៅ ខ្ញុំទៅតែកាយ            ខ្ញុំឃ្លាតចាកឆ្ងាយ ចិត្តអាយគ្រប់គ្រា

វេលាឃើញខ្ញុំ ខំឥតរួញរា               បម្រើទ័យា មិត្រភ្ងានិងខ្ញុំ។

៣.      បើបាត់ខ្ញុំទៅ នៅយូរប៉ុណ្ណា            សូមកុំសោកា នេត្រាកុំយំ

បើសិនចិត្តនឹក រលឹកដល់ខ្ញុំ            បើកអានអារម្មណ៍ ដែលខ្ញុំចងទៅ។

៤.      បើបាត់ខ្ញុំទៅ សោកសៅពន់ពេក     មិនអាចទប់ភ្នែក រំលែកសោកសៅ

យំចុះអ៊ីចឹង ប្រឹងឲ្យធូរទៅ              ស្រែកឲ្យខ្លាំងពៅសោកសៅលែងស្នេហ៍។

សៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងនៅទីណា? (បទព្រហ្មគិតិ)

១.      ទ្វីបលោកនេះងងឹត             ឱ្យដួងចិត្តស្រីខ្លោចផ្សា

បេះដូងនៅទីណា               លើវេហាស៍ឬក្រោមដី។

២.      ក្តីស្មោះមានតែមួយ             ស្ទើររលួយអស់ហឫទ័យ

ព្រោះតែប្រពៃណី               បាំងចិត្តស្រីស្តីមិនចេញ។

៣.      ខំតាមរកបេះដូង                ជួបនួនល្អងទុក្ខទោម្នេញ

ស្នេហ៍ស្រីស្តីមិនចេញ          ទុក្ខទោម្នេញពេញឱរា។

៤.      ប្រពៃណីជាស្រី                  ស្មោះភក្តីនឹងស្នេហា

មិនហ៊ានសារភាពថា           ខ្លួនត្រូវការស្នេហាស្មោះ។

៥.      ខ្លាចប្រុសមិនបេតី              ខ្លួនជាស្រីត្រូវអាប់យស

រលាយបង់កេរ្តិ៍ឈ្មោះ          បងកិត្តិយសឈ្មោះជាស្រី។

៦.      ស៊ូទ្រាំតាមវាសនា              តាមលោកាត្រាប្រណី

បើភ័ព្វភ្ជាប់និស្ស័យ             សូមឲ្យថ្លៃយល់ចិន្តា។

៧.      ខ្ញុំទុកចោលបេះដូង             ឲ្យសៅហ្មងលើវេហាស៍

រសាត់តាមវាសនា              ដល់ទីណាតាមសេរី។

៨.      សូមឲ្យព្រះធរណី               បែកជាពីរឆក់យកស្រី

កប់បាត់ឱ្យក្សិណក្ស័យ        កុំរីងរៃព្រោះស្នេហា។

៩.      វិលវល់ព្រោះបេះដូង           ឃ្លាតឆ្ងាយទ្រូងឆ្ងាយហត្ថា

រសាត់លើវេហាស៍              គ្មានមេត្តាសង្ខារស្រី។

១០.    លាហើយលាជីវិត              លាការពិតដែលគ្មានន័យ

ខ្ញុំលាក្តីស្រមៃ                    ដែលស្នេហ៍ថ្លៃតែម្នាក់ឯង។

សៀមរាប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

បងប្អូនបង្កើត (បទពាក្យ៧)

១.      ម្ភៃឆ្នាំកន្លងចងចាំស្នេហ៍                 រស់នៅយល់តែទឹកនេត្រា

នឹករឿងអតីតចិត្តឈឺផ្សា                ភ្លេងការប្រែជាសំនៀងកម្ម។

២.      ថ្ងៃចូលរោងហើយឲ្យទឹកភ្នែក          ត្រូវគេបំបែកឲ្យប្រេះស្រាំ

បើកសាវនាការមើលបណ្តាំ            រឿងពីម្ភៃឆ្នាំត្រូវចាំទុក។

៣.      ព្រះថោងតោងស្បៃត្រូវរបេះ           ដៃទាញប្រឡេះចិត្តចាប់ចុក

នាងនាគតក់ស្លុតដួលផ្កាប់មុខ        ថ្ងៃត្រូវជួបសុខទុក្ខប្រេះស្រាំ។

៤.      ខ្មាសអស់ញាតិមិត្តទាំងប្រុសស្រី     ព្រោះរឿងអប្រិយត្រូវចងចាំ

បេះដូងប្រៀបដូចគេចិញ្រ្ចាំ             ព្រោះតែបណ្តាំកេរមរតក។

៥.      ស្នេហាប្រុសស្រីប្តីប្រពន្ធ                ប្រែក្លាយពាក់វ័ណ្តកករល្អក់

ក្តីស្នេហ៍ស្មោះត្រង់ត្រូវខ្លែងឆក់        រលាយបាត់អស់គ្មានត្រឡប់។

៦​.      ប្រុសស្នេហ៍ទុកក្បែរស្មើជីវិត           ឥឡូវការពិតត្រូវបញ្ចប់

ស្នេហ៍បងបង្កើតគួររន្ធត់                 រឿងតែមួយគត់អ្នកណាខុស?។

៧.      ដង្ហើមស្ទើរផុតពីលោកា                 ព្រោះតែសង្សារជាបងប្រុស

ទឹកភ្នែកជោកខ្នើយមិនស្បើយសោះ បំភ្លេចមិនអស់អនុស្សា។

៨.      បិទភ្នែកស្រមៃអាល័យនឹក             បេះដូចចាំគិតរឹតខ្លោចផ្សា

ឱ! ស្នេហ៍ខ្ញុំអើយឆ្ងាយហើយណា    យើងមានវាសនាត្រឹមបងប្អូន។

៩.      សម្លឹងវេហាស៍សច្ចាចិត្ត                 ទោះបីជីវិតស្រីបាត់សូន្យ

ច្រាំងស្នេហ៍ស៊ូតែរង់ចាំក្បូន            បើជាតិនេះសូន្យចាំជាតិក្រោយ។

សៀមរាប ថ្ងៃទី០៦ ខែមករា ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេ ៣០៥(បទពាក្យ៧)

១.      បេ ៣០៥ខ្ញុំចាំជាប់                                 បេះដូងខ្ញុំផ្អាប់ទុកជាផ្អក

ក្រែងក្រោយពេលហូបបានឈ្ងោកក្អក       នឹកឃើញដល់ផ្អកល្អជីវិត។

២.      ផ្អកផ្អាប់យូរទៅនៅមិនសុខ                      ផ្អាប់យូរជូរទុក្ខ លែងឈ្ងុយឈ្ងិត

ឱ! ផ្អកបេះដូង ផ្អែមថែមស្អិត                    ស៊ីផ្អកប៉ោងចិត្ត ជិវិតស្អាត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ប្រាំឆ្នាំ (បទពាក្យ៧)

១​​​​​​​​​​​​​​​​​​​.      ខ្ញុំរស់រងកម្មប្រាំហើយ                             រស់ពុំដែលស្បើយពីទុក្ខា

ខ្ញុំរស់រងកម្មចាំវាសនា                             ខ្ញុំចាំវេហាស៍ត្រាប្រណី​។

២.      សូរសៀងខ្ញុំច្រៀងតាមវាតា                      ពាក្យពេចន៍ស្នេហាខ្ញុំស្រដី

ខ្ញុំបានត្រឹមតែផ្តាំមេឃដី                          នាំពាក្យភក្តីប្រាប់ថ្លៃផង​។

៣.      ខ្ញុំរស់ទូលទុក្ខដូចទូលភ្នំ                          ក៏ឥតហ៊ានយំប្រាប់បេះដូង

សុខចិត្តគ្រាំឈាមបៀមសៅហ្មង              បានត្រឹមសាសងប្រាប់ធម្មជាតិ។

៤.      ប្រាំឆ្នាំទ្រាំចាំស្ទើរស្ទះទ្រូង                        ជីវិតឈឺរូងឥតឃ្លៀងឃ្លាត

ថ្ងៃនេះមិនឃើញស្អែកចាំទៀត              ស្បែកមុខគ្រោតគ្រាតឃើញតែឆ្អឹង។

៥.      ភ្នែករូងឯទ្រូងក៏ឈឺចុក                            បេះដូងរំអុកឲ្យខំប្រឹង

មនសិការគំរាមឲ្យសញ្ជឹង                        ត្រូវតែសម្លឹងរូបថតជួស។

៦.      ខ្ញុំរស់រងកម្មប្រាំឆ្នាំហើយ                         មិនស្កប់ចិត្តឡើយនឹងរបួស

ទោះបីវេលាចេះតែហួស                          ជីវិតរបួសមិនហួសសោះ។

៧.      ថប់ស្ទើរសន្លប់បាត់ស្មារតី                        លែងដឹងសាបប្រៃអ្វីទាំងអស់

ពេលខ្លះខ្ញុំដើរមិនដឹងសោះ                      ស្មានតែខ្លួនហោះឆ្ពោះរកស្នេហ៍។

៨.      ថ្លើមក្រិន សួតហើមដង្ហើមមាន                 ញ័រដូចមនុស្សញៀនគ្មានអ្នកថែ

កោតចិត្តខ្លួនឯងចេះរស់ដែរ                     តស៊ូព្រោះតែស្នេហ៍ម្នាក់ឯង។

៩.      ប្រាំឆ្នាំបានត្រឹមផ្តាំសូរសៀង                    ពេលខ្លះផ្តាំភ្លៀងឲ្យជួយសែង

ជួយនាំវិបត្តិទុក្ខវង្វេង                              ថាខ្ញុំនេះឯងគឺឆ្កួតហើយ។

១០.    ប្រាំឆ្នាំទ្រាំបានប្រាណអាចរស់                  ទ្រាំទាល់តែខ្សោះអស់ទៅហើយ

ស្នេហាចារជ្រៅដៅឥតស្បើយ                  ឱ​ ! ធម្មជាតិអើយជួយថ្លែងផង។

សៀមរាបថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងទាសករ (បទកាកគតិ)

១.      បេះដូងទាសករ                  ប្រឹងស្រែកអង្វរ        លន់តួលោកា

បេះដូងថោកទាប               រាបស្មើពសុធា          បេះដូងវេទនា

លាម្ចាស់សង្ខារ។

២.      បេះដូងទាសករ                  ទោះប្រឹងអង្វរ                    ក៏ឥតខ្លឹមសារ

បេះដូងឥតន័យ                  ស្រីលែងត្រូវការ                 ទាសករស្នេហា

គឺជារូបបង។

៣.      បេះដូងទាសករ                  បានត្រឹមកំដរ                    ទុក្ខសោកសៅហ្មង

ឆ្លងដល់គោលដៅ              ល្ងង់ខ្លៅគឺបង                    ទាសករបេះដូង

ឆ្លងផុតដើរហួស។

៤.      បេះដូងទាសករ                  ឆ្អែតឆ្អន់លែងអរ                 បង្ករបួស

បងរងទុក្ខធ្ងន់                    ជោរជន់របួស                    បេះដូងរងគ្រោះ

ហួសលែងស្រង់បាន។

៥.      បេះដូងទាសករ                  នៅតែត្រេកអរ                   អន្ទោលតាមប្រាណ

បេះដូងចង្រៃ                     តាមស្រីកល្យាណ              បេះដួងតិរច្ឆាន

ហ៊ានធ្លាក់នរក។

៦.      បេះដូងទាសករ                  បេះដូងកំដរ                      ព្រោះតែងប់ឈ្លក់

ឈរមើលអូនក្បត់              បេះដូងគំរក់                      សុខចិត្តឈរស្រក់

សម្រក់ទឹកភ្នែក។

៧.      បេះដូងទាសករ                  បេះដូងស្មោះស                 ក៏ឥតសង្វេគ

ចិត្តដាច់ម្ល៉េះទេ                   ម្តេចមិនរំលែក                   ខំស្រក់ទឹកភ្នែក

ក៏ឥតមេត្តា។

៨.      បេះដូងទាសករ                  បេះដូងអង្វរ                      លន់តួស្នេហា

តើនេះហើយឬ                   បេះដូងយក្សា                    គ្មានក្តីមេត្តា

ទាសាដូចបង។

៩.      បេះដូងទាសករ                  គួររស់ត្រដរ                       រង់ចាំបំណង

ឬមួយដាច់ចិត្ត                   ស្មាលានួនល្អង                  លុបពាក្យសៅហ្មង

បេះដូងទាសករ។

១០.    បេះដូងលែងទ្រាំ                ឈឺណាស់ស្នាមជាំ             លែងទ្រាំលន់តួ

លាហើយលែងឆ្ងល់            បេះដូងទាសករ                  លែងរស់លន់តួ

ព្រោះអូនទៀតហើយ។

សៀមរាបថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៧ 

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងខ្យល់

១.      អក្ខរាដាមដិតលោហិតចងពៀរ                 រស់សែនវេទនាកំព្រាខ្លោចផ្សា

សើចលាយទឹកភ្នែកសង្វេគឱរា                 បេះដូងឈឺផ្សា សង្ខារឆ្កួតឡប់។

២.      ឈឺជា ជាឈឺព្រឺរងាក្តៅ                           រស់នៅហ្មងសៅជីវិតអភ័ព្វ

ថ្ងៃនេះថ្ងៃស្អែកត្រូវតែបញ្ចប់                      ស្នេហ៍ស្មោះបង្កប់កប់ក្តីឈឺផ្សា។

៣.      នាងលួចញញឹមសង្ឃឹមចាំទុក                  ដៃនាងឱបសុខ ស្រមោលអន្ធការ

សុខនេះដូចស្បៃដណ្តប់កាយា                ពុំស្បើយឡើយណា ពីភាពត្រជាក់។

៤.      សង្រ្គាមស្នេហាត្រូវខ្លោចផ្សាចិត្ត                បេះដូងក្រៀមស្វិត ឥតទីពំនាក់

ខំស្រែកឱ្យខ្លាំង ដាស់ដីឱ្យភ្ញាក់       មេឃខ្យល់ភ្លៀងធ្លាក់មេឃភ្ញាក់ឱ្យឆាប់។

៥.      ផែនដីចំអកឡកឡឺយបញ្ឈឺ            ប្រាប់នាងឱ្យឮនាងត្រូវតែស្លាប់

ពាក្យពិតមិនស្តីសមនឹងឈឺចាប់      គួរណាស់នឹងស្លាប់ស្លាប់ស្ពាយក្តីទុក្ខ។

៦.      ស្នេហាឈឺផ្សាពេញក្នុងបេះដូង       រឿងរ៉ាវកន្លងប៉ងយល់ថាសុខ

រស់នៅស្ថិតជ្រកពួនក្រោមម្លប់ទុក្ខ    ដៃឱបក្តីទុក្ខយល់ថាសប្បាយ។

៧.      ចិត្តទ្រាំលែងបានប្រាណឈឺរីងរៃ     ឱបសុខកាឡៃដាច់ទឹកដាច់បាយ

នឹករឿងអតីត ឈឺចិត្តសែនស្តាយ    បានបៀតតែកាយតែឆ្ងាយដួងចិត្ត។

៨.      ពេលនេះបាត់កាយបាត់ទាំងវិញ្ញាណ បេះដូងលែងមានវិញ្ញាណឆ្ងាយចិត្ត

ពាក្យស្នេហ៍មួយម៉ាត់កប់បាត់ជីវិត    ក្អួតឈាមគ្រាំចិត្តកណ្តោចកណ្តែង។

៩.      ជាតិមនុស្សរលាយភ្លាត់ក្លាយជាខ្យល់ បក់បោកវិលវល់ កលដូចជាផ្សែង

សម្លឹងម្ចាស់ស្នេហ៍គេមានអ្នកផ្សេង  ខ្យល់សោកសង្រេងវង្វេងផែនដី។

១០.    ខ្យល់ទួញយំយែកទឹកភ្នែកហូរធ្លាក់  អស់ហើយពំនាក់ពឹងពាក់អាស្រ័យ

បេះដូងខ្យល់ឆ្លើយលាហើយប្រុសថ្លៃ បើមាននិស្ស័យស្រីផ្សងជួបទៀត។

សៀមរាប ខែកុម្ភៈ ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងកូនប្រុស (បទពាក្យ៧)

១.      ពេលម៉ោងប្រាំមួយព្រួយព្រោះភ្លៀង          បង្កើតសូរសៀងភ្លៀងជោកដី

ហាក់ខឹងពីណាឥតខន្តី                            ស្រោចស្រពជោកដីទាំងមនុស្សា។

២.      ភ្លៀងធ្លាក់ឃាត់ខ្ញុំចេញមិនរួច                   ចិត្តសែនព្រឺព្រួចសព្វកាយា

ព្រោះអីមិនដឹងជាពេលណា                     ទើបមេឃមេត្តាឈប់បង្អុរ។

៣.      សូរសៀងភ្លៀងធ្លាក់លើដំបូល                  លាន់ឮកំរោលឱ្យវិលវល់

អតីតលេចស្នាមធ្វើឱ្យខ្វល់                       ចិត្តផ្តើមច្របល់ខ្វល់នឹកស្នេហ៍។

៤.      ភ្លៀងស្រក់តក់ៗលើហត្ថា                        ដៃខ្ញុំផ្កាប់ផ្ងារប្តូរប្រួលប្រែ

សម្រេចយ៉ាងណាលើរឿងស្នេហ៍              ឬត្រូវប្រួលប្រែធ្វើដូចភ្លៀង។

៥.      បើចិត្តខ្ញុំធ្ងន់ដូចភ្លៀងធ្លាក់                        ឬក៏ត្រជាក់ដូចទឹកភ្លៀង

ទុក្ខស្នេហ៍នឹងប្រែបង្វែរសៀង                   សំនៀងក្តីទុក្ខរលត់បាន។

៦.      បេះដូងបុរសដូចរូបខ្ញុំ                              មិនធ្លាប់យំព្រោះស្នេហ៍សាមាន្យ

តើកម្មពៀរអ្វីក៏តិរច្ឆាន                             ភ្លៀងគំរាមប្រាណច្រានទឹកភ្នែក។

៧.      កម្តៅទឹកភ្នែកជ្រែកផែនថ្ពាល់                   គឺជាសំណល់ស្នេហ៍បាក់បែក

ខ្ញុំយំថ្ងៃនេះប្រាប់ថ្ងៃស្អែក                         យំផ្តាំទៅមេឃគ្មានលើកក្រោយ។

៨.      ទោះបីមានភ្លៀងសូរសៀងខ្លាំង                ខ្ញុំលែងប្រឆាំងលែងដង្ហោយ

បេះដូងកូនប្រុសមិនស្តាយក្រោយ        រឿងស្នេហ៍ថ្លោះធ្លោយទុកមួយឡែក។

សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងមួយចំហៀង (បទពាក្យ៧)

១.      យប់ព្រឹករលឹកនឹកអាល័យ             ដេកដើរស្រមៃឃើញវង់ភ័ក្រ្ត

កើតរោគបេះដូងព្រោះជំពាក់          ដើរជាប់អន្ទាក់ធ្លាក់អន្លង់។

២.      ដួងកាយស្ទើរឆ្ងាយពីព្រលឹង           បានត្រឹមសម្លឹងគិតបម្រុង

ដូចភ្លើងចង្កៀងភ្លឺផ្លុងៗ                  ចិត្តត្រៀមបម្រុងស្តីមិនរួច។

៣.      ឱ!ព្រះអាទិត្យជម្រិតចិត្ត                 ថ្ងៃបើកយប់បិទចិត្តគ្រលួច

ស្នេហ៍ចិត្តសោកសៅកាយព្រឺព្រួច    វាលស្នេហ៍គំនួចឆ្កួតអស់ចិត្ត។

៤.      យល់ឃើញបន្លាថាជាស្បៃ             សុបិនអាល័យក្ស័យការពិត

ស្នេហ៍ខ្ញុំម្នាក់ឯងចំបែងចិត្ត             ឯប្រុសវរមិត្រឥតដឹងខ្លួន។

៥.      ចិត្តកាយជាស្រីប្រពៃគិត                ខ្លាចខុសជីវិតចិត្តឥតថួន

យកចិត្តស្រមៃអាល័យស្ងួន            ត្រឹមនឹកនឹមនួនអូនអស់ចិត្ត។

៦.      បើអូនជាស្រីខ្លីវិជ្ជា                        អូនឥតរួញរាទេវរមិត្រ

អូននឹងសារភាពពីដួងចិត្ត              បេះដូងស្រីពិតឱ្យប្រុសដឹង។

៧.      តែស្តាយចិត្តកាយស្រីមិនក្លា           មាត់ឥតហ៊ានហាទេព្រលឹង

ចិត្តស្នេហ៍ឯកាជាក់សង្ឃឹម             នឹកឃើញញញឹមសង្ឃឹមចិត្ត។

៨.      ឃើញបងរាល់ថ្ងៃអាល័យទៀត       កណ្តាលអធ្រាត្រជ្រៀតសណ្ឋិត

ចូលក្នុងសុបិនបញ្ចេញចិត្ត             រូបប្រុសវរមិត្រដូចវិញាណ។

៩.      ឱសឱ! ទ្វីបលោកសូមប្រណី          ឱ! ភពផែនដីដ៏ចង្អៀត

កុំឱ្យចិត្តស្នេហ៍ខ្ញុំបង់ម្សៀត             តែមួយឆ្នាំទៀតខ្ញុំឃ្លាតហើយ។

១០.    ខ្ញុំសូមបួងសួងដល់ទេវតា              លំហវេហាស៍វាសនាអើយ

សូមអ្នកសន្តោសកុំកន្តើយ             ព្រហ្មលិខិតអើយជួយខ្ញុំផង។

១១.    បើពេលសិក្សាត្រូវបញ្ចប់                ស្នេហ៍ខ្ញុំត្រូវកប់ជាប់ចំណង

កណ្តោចកណ្តែងឯកសៅហ្មង        ព្រោះតែចំណងស្រាយមិនចេញ។

១២.    ឬមួយវាសនាប្រហារចិត្ត                ឬព្រហ្មលិខិតឥតបំពេញ

ខ្ញុំសូមអង្វរកុំបណ្តេញ                   ឱ្យខ្ញុំទោម្នេញព្រោះនួនល្អង។

១៣.   វាយោមេត្តានាំពាក្យស្នេហ៍             ឱ្យបានទៅក្បែរចិត្តប្រុសបង

ថាមានស្រីម្នាក់គួចប៉ុនប៉ង             គួចចិត្តចាំចងប៉ងមេត្រី។

១៤.    រាល់ថ្ងៃស្រីត្រឹមលួចសម្លឹង             តែប្រុសព្រលឹងឥតដឹងអី

អូនលួចញញឹមគិតស្រមៃ              អាលោះអាល័យតែម្នាក់ឯង។

១៥.    ពេលខ្លះគិតដល់អនាគត               ចប់ដោយសន្មតឥតចំបែង

នឹងបានជាគូរួមប្រឡែង                 ឥតអ្នកច្រណែនសែនបានសុខ។

១៦.    ភ្ញាក់ពីស្រមៃទើបដឹងថា                 ឱ! អញនេះណាកំពុងទុក្ខ

យកបេះដូងខ្លួនជាជង្រុក               ប្រមូលដាក់ទុក្ខស្នេហ៍ទេតើ។

១៧.   នេះជាសម័យវិទ្យាសាស្រ្ត              ប្រុសមានច្រើនណាស់ល្អប្រសើរ

រឿងអ្វីដែលត្រូវមកមមើ                 មកគិតភ្លីភ្លើឱ្យល្ងើចិត្ត។

១៨.    ខំគិតបន្លំខំបំភ្លៃ                            ខំដាស់ស្មារតីកុំខ្លីគិត

កើតមកជាស្រីមួយជីវិត                 ត្រូវប្រើគំនិតគិតឱ្យវែង។

១៩.    ព្រមយកក្តីស្នេហ៍ដាក់ក្បែរចិត្ត        តែរឿងជីវិតកុំវង្វេង

ទុកចិត្តដូចទឹកឱ្យថ្លាឈ្វេង             កុំវល់វង្វេងព្រោះក្តីស្នេហ៍។

២០.    ថ្វីបើក្តីស្នេហ៍ក្បែរមហិមា                តែស៊ូវេទនាទុក្ខឥតល្ហែ

ថ្នមចិត្តថ្នមកាយកុំទៅក្បែរ             មាននិស្ស័យស្នេហ៍គង់តែបាន។

២១.    សៀមរាបជ្រួតជ្រាបបេះដូងខ្ញុំ         តែរឿងដែលធំគឺកល្យាណ

ខ្ញុំមានក្តីស្នេហ៍ទាំងប៉ុន្មាន              ខ្ញុំឥតទាំងបានប្រាប់គេផង។

២២.    បុប្ផាសៀមរាបក្រៀមបេះដូង          ស្នេហ៍នៅស្ទះទ្រូងខំបន់ផ្សង

ប្រពៃណីខ្មែរខំចាំចង                    ស៊ូជាប់ចំណងចងក្នុងចិត្ត។

២៣.   មានតែសម្រែកស្រែកប្រាប់ស្ទឹង      សូមជួយសញ្ជឹងគិតអាណិត

សៀមរាបសូមអ្នកប្រាប់ការពិត       ថារូបវរមិត្រមានចិត្តទេ?។

២៤.    បេះដូងមិនឆ្លើយចម្លើយNO            ស្រីត្រឹមបានឈរគិតរិះរេ

គយគន់សម្លឹងព្រះសូរិយេ              ព្រះទន់ទាបទេរលិចបាត់សូន្យ។

២៥.    សល់តែស្រមោលប្រុសព្រលឹង       អណ្តែតលើស្ទឹងឆ្ងាយដូចក្បូន

សល់ភាពឯកាគឺរូបអូន                  បងនៅលើក្បូនអូនឆ្ងាយក្រៃ។

២៦.    ណ្ហើយអូនកាត់ចិត្តឥតសង្រេង       ស៊ូនៅម្នាក់ឯងណាប្រុសថ្លៃ

ថ្វីស្នេហ៍អូនបងឥតយល់ន័យ          តែអូនអាល័យថ្ងៃជួបគ្នា។

២៧.   ផ្ទៃមេឃពណ៌ត្រាវអាវប្រុសថ្លៃ        អូននឹកស្រមៃរាល់វេលា

ចងចិត្តចងចាំគ្រប់ៗគ្រា                 ឥតភ្លេចពុំងាមួយគ្រាឡើយ។

២៨.    តែបើសិនបងចូលរោងការ             អូនឥតសោកាទេត្រាណត្រើយ

អូនចោលបេះដូងដែលហួសហើយ  ឈប់គិតត្រាណត្រើយរក្សាចិត្ត។

២៩.    សៀមរាបជូនពរពីចម្ងាយ              ឱ្យប្រុសឆោមឆាយនឹងគូពិត

បានសុខស្រួលកាយមួយជីវិត        ជួបក្តីស្នេហ៍ពិតឥតសូន្យសាប។

៣០.   តែបើបងមិនទាន់មានគូ                 អូននឹងតស៊ូចាំដល់ស្លាប់

គ្មានការសោកស្តាយឬឈឺចាប់       អូនរង់ចាំស្តាប់ក្រែងបងស្នេហ៍។

៣១.   ស្នេហាបណ្តាសាបញ្ហាចិត្ត             វិលវល់គំនិតគិតឥតល្ហែ

តែមួយចំហៀងបេះដូងស្នេហ៍         បញ្ចប់សល់តែភាពអាល័យ។

៣២.   អាលោះស្រណោះក្រៀមក្រោះចិត្ត  អាណិតអាណិតចិត្តចុកក្ស័យ

អាលោះអាលោះនៅអាល័យ          ស្រមៃស្រមៃអាល័យស្នេហ៍។

៣៣.   ចំហៀងបេះដូងរលោងភ្នែក            ឥតមានបែងចែកឥតគេចកែ

វេទនាយ៉ាងណាត្រូវគិតម៉ែ             កុំដាក់ក្តីស្នេហ៍ឱ្យបាំងមុខ។

៣៤.   នេះគឺបណ្តាំផ្តាំចងចិត្ត                   កុំយកស្នេហ៍ពិតដាក់ក្នុងគុក

ស្នេហ៍ដែលធំធេងស្នេហ៍ម៉ែពុក       រឿងជាត្រីមុខគុណពុកម៉ែ។

សៀមរាប ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៣

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងឆ្កែ (បទកាកគតិ)

១.      ភ្នែកងោកទៅហើយ            ឱ! បេះដូងអើយ       ម្តេចឡើយមិនគេង

អធ្រាត្រយប់ស្ងាត់              សល់តែសំឡេង       ឆ្កែសោកសង្រេង

វង្វេងបាត់ស្នេហ៍។

២.      ផ្កាយវង្វេងមេឃ                 អាសូរខ្លួនពេក          ប្រៀបដូចសត្វឆ្កែ
តែនៅតែអន់                      អន់ពុំស្មើឆ្កែ             ចិត្តមិនពូកែ

ដូចសត្វឆ្កែឡើយ។

៣.      មានស្នេហ៍ឆ្កែស្រែក            ប្រឹងអស់សម្រែក      ស្រែកធ្វើព្រងើយ

មិនខ្លាចគេដឹង                   ឬតិះដៀលឡើយ      ប្រឹងកូកឆ្លងឆ្លើយ

យកជ័យជំនះ។

៤.      ប្រែជាមនុស្សវិញ                ទុក្ខម្នោទោម្នេញ       កកពេញណែនស្ទះ

តឹងថប់យ៉ាងណា                មិនហ៊ានជំនះ          ទោះចិត្តចង់ឈ្នះ

ស្ទះនៅដើមទ្រូង។

៥.      មិនហ៊ានឱ្យផ្ទុះ                   ព្រោះចិត្តជាមនុស្ស   ខ្លាចផ្ទុះសូងផូង

លាន់ឮដល់គេ                   នាំតែបែកហ្វូង          អាសូរបេះដូង

ពីហ្វូងមនុស្សា។

៦.      មិនមែនដូចឆ្កែ                   ងប់ងល់នឹងស្នេហ៍     សមចិត្តប្រាថ្នា

មិនថាខែប្រាំង                   ឬខែវស្សា                ឆ្កែពុះឱរា

ចិន្តាខ្លួនឯង។

៧.      ឱ! មនុស្សអើយមនុស្ស        កើតហើយគឺខុស      ព្រោះចិត្តខ្លួនឯង

គ្រប់គ្រងមិនបាន                ប្រាណសោកសង្រេង ឆ្កួតចិត្តវង្វេង

ព្រោះតែស្នេហា។

៨.      មានភ័ព្វជាឆ្កែ                    ទោះបីមានស្នេហ៍      ប្រែអនាថា

គ្មានគេជេរស្តី                    គ្មានអ្នកណាថា        រស់នៅសុខា

វាសនាជាឆ្កែ។

៩.      តែមិនបានន័យ                  ឱ្យចិត្តកាឡៃ            ខំច្នៃកែប្រែ

ប្តូរកាយប្តូរចិត្ត                   ឱ្យដូចសត្វឆ្កែ           អួតខ្លួនពូកែ

ថាខ្ពស់នោះឡើយ។

១០.    ស្នេហ៍ចៀសមិនបាន           ដែលមនុស្សគ្រប់បា្រណ មិនអាចព្រងើយ

មេរៀនចេះស្រាប់               គ្មានគ្រូណាឱ្យ          តែកុំបណ្តោយ

ឱ្យជ្រុលតម្រា។

១១.    មនុស្សមានច្បាប់មនុស្ស      គិតត្រូវកុំខុស           ឱ្យហួសមាត្រា

ខ្មាសញាតិប្រុសស្រី            រស់រួមសង្ខារ            ជាជាតិខេមរា

ពូជខ្មែរដូចគ្នា។

១២.    ស្នេហាចំហ                       មិនស្មោះថា ស        ល្អចិត្តថេរជា

ស្នេហ៍ទាស់ភ្នែកញាតិ          សារជាតិមាយា        បង្ហាញឫកពារ

ជាជនបរទេស។

១៣.   មិនខុសពីឆ្កែ                      ដែលបង្ហាញស្នេហ៍    មិនដឹង ឱកាស

តែវាជាសត្វ                       ជាក់ឥតដឹងច្បាស់     ម្តេចឡើយប្រឹងណាស់

ឱ្យដូចជាឆ្កែ។

១៤.    គេដៀលចេះខឹង                ប្រៀបដូចឆ្កែហ្នឹង      គឺខឹងរឹតតែ

ក្តៅដូចភ្នំភ្លើង                    ប៉ើងហួសដីស្រែ       បង្កើនឫកទ្វេ

ប្រៀបដូចឆ្កែស្រែក។

១៥.    បើខ្លាចគេដៀល                 កុំឡើយននៀល       ត្រអាលតម្រេក

តណ្ហាបាំងមុខ                   ភ្លេចការវែកញែក      ប្រៀបដូចដងវែក

ងប់ងល់នឹងផ្លែ។

១៦.    ស្នេហ៍ខុសគឺខាត                ស្នេហ៍បងមាយាទ     មិនខុសពីឆ្កែ

ឆ្កែគ្មានគេស្តី                      គឺមិនអីទេ                តែមនុស្សនេះនែ៎!

ស្នេហ៍ហួសគ្រោះចិត្ត។

១៧.   តាំងខ្លួនជាខ្មែរ                   ប្រពៃណីគេ             កុំយកបៀតជិត

ខ្មែរមានរបៀប                   រៀបរយជីវិត            ប្រពៃណីពិត

គឺចិត្តអៀនខ្មាស។

១៨.    មានស្នេហ៍ចេះស្នេហ៍          តទៅទើបថេរ           មិនខ្លាចអាម៉ាស់

អ្នកផងស្រលាញ់                បាញ់រស្មីច្បាស់        ភ្លឺហួសខ្ពស់ណាស់

ស្រឡះច្បាស់ល្អ។

១៩.    ព្រោះប្រពៃណី                   ទើបទុក្ខញាំញី          ស្ទះទ្រូងស្អិតក

បេះដូងធ្លាយធ្លុះ                 រស់ទាំងត្រដរ           ឱបក្តីស្មោះស

ល្អតែម្នាក់ឯង។

២០.    រាងកាយហ៊ឺហារ                 តែចិត្តឱរា                ប្រៀបដូចឆ្កែស្រែង

អួតឯងកម្លាំង                    បានតែម្នាក់ឯង        ការពិតច្រណែន

ហ្វូងឆ្កែមនុស្សា។

២១.    ឱ! អញអើយអញ               តើគួរចុះចាញ់          ឬប្រែកាឡា

ឱ្យក្លាយជាឆ្កែ                    កែប្រែវាសនា           កុំស្ទះឱរា

ដូចគ្រាកន្លង។

២២.    គ្រាន់តែផ្តើមគិត                 មនសិការឈឺចិត្ត      ក្អួតលាយឈាមផង

ឱ! អញអើយអញ               មិនអាចខុសឆ្គង       ព្រោះតែបេះដូង

ធ្វើដូចឆ្កែឡើយ។

២៣.   មានតែទ្រាំទៀត                 ទោះទុក្ខដោតសៀត  ឈឺស៊ាំទៅហើយ

ត្រូវធ្វើជាមនុស្ស                 មិនអាចបណ្តោយ     ធ្វើខ្លួនថ្លោះធ្លោយ

គេឱ្យនាមឆ្កែ។

២៤.    ក្នុងនាមជាមនុស្ស              មិនផុតពីខុស           ពិសេសព្រោះស្នេហ៍

បើចង់ស្រាលទុក្ខ                កុំធ្វើដូចឆ្កែ              យូរទៅទុក្ខស្នេហ៍

ប្រែជាឱសថ។

សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦

និពន្ធដោយ៖ លាក់ ម៉ាឡែន

បេះដូងប្រឡាក់ដី(បទពាក្យ៧)

១.      ឆ្នាំមួយឆ្នាំពីរមានពីរបី                   ស្រីបីប្រុសបីតោងដៃចាប់

ចូលឆ្នាំទីបីហឫទ័យស្ងាត់              ប្រុសស្រីព្រមបាត់ជាមួយគ្នា។

២.      ឯកាដួងចិត្តស្វិតដួងកាយ              ស្តាយអើយសែនស្តាយពេលវេលា

កក្អឹកកក្អាយលាយឡំគ្នា                ឥឡូវរងាបេះដូងហើយ។

៣.      management account bankបែងចែក រំលែកទឹកចិត្តឆ្ងាយទៅហើយ

ស្និទ្ធស្នាលប្រែស្រាលមិនធ្ងន់ឡើយ ប្រែជាព្រងើយឬយ៉ាងណា?។

៤.      បេះដូងសួតថ្លើមហើមឈឺប្លែក        ដូចមនុស្សឃ្លាតបែកចាកស្នេហា

ការពិតដួងចិត្តគិតហើយផ្សា           ស្តាយមន្តស្នេហាមិត្តភ្ងាខ្ញុំ។

៥.      បង្ខំយ៉ាងណាថាឈប់នឹក              តែចិត្តឈឺស្ពឹកស្រោបក្រៀមក្រំ

អក្ខរាចារពីបេះដូងខ្ញុំ                     បេះដូងចាស់ទុំធ្លាក់ដល់ដី។

៦.      ប្រឡាក់រើសបោសមិនជ្រះស្នាម      នៅសល់ដិតដាមភាពអាល័យ

យប់ព្រឹកនឹកគិតចិត្តស្រមៃ             ប្រអប់ដួងចៃអាល័យណាស់។

៧.      រាប់មួយពីរបីបួនដល់ប្រាំ                លាហើយស្រែកផ្តាំប្រាប់ដល់ម្ចាស់

ប្រាប់អ្នកកាន់អានឱ្យបានច្បាស់      ថាខ្ញុំនឹកណាស់ម្ចាស់ចិត្តអើយ។

៨.      បុប្ផាផ្កាស្រីលែងដៃកាន់                 ដូចដីនិងចន្ទខ្ពស់សែនឆ្ងាយ

តារាហែរហមលោមចិត្តឆ្ងាយ          ឱ! ខ្លួនខ្ញុំអើយម្តេចឯកា។

៩.      អក្ខរាខ្ញុំចារពីចម្ងាយ                      ប្រាប់ថាខ្ញុំស្តាយដួងនេត្រា

ធ្លាប់តែសម្លឹងប្រឹងតបថា                ឥឡូវអន្ធការស្ងាត់សូន្យឈឹង។

១០.    សូមប្អូនបានសុខស្រណុកកាយ      សូមឱ្យសប្បាយដូចសត្វជ្រឹង

អ្វីដែលប្អូនប្រែងរែងខំប្រឹង             សូមឱ្យប្អូនហ្នឹងសមបំណង។

១១.    សុំពេលត្រឹមមួយវិនាទី                  សូមឱ្យជីវីនឹកដល់បង

កុំមានផ្សេងហើយបំភ្លេចសូន្យ        ធ្វើឱ្យបេះដូងបងខ្ទាំខ្ទេច។

១២.    បេះដូងជាប់ស្នាមដាមទៅចុះ          លាហើយស្រីប្រុសព្រលឹងចិត្ត

ទោះបងសរសេរដោយចិត្តខ្ទេច       នេះគឺរំលេចពីចិត្តស្មោះ។

សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

៧ ធ្នូ ២០០៨(បទពាក្យ៧)

១.      ប្រាំពីរធ្នូ ពីរពាន់ប្រាំបី                             ពួកយើងប្រុសស្រីរួមដំណើរ

ឃ្យូបប្រូមូសិននាំយើងដើរ             កម្សាន្តដំណើរសប្បាយណាស់។

២.      ខ្ញុំត្រៀមអារម្មណ៍ផ្ចង់ស្មារតី            ឃើញឡានអរភ័យខំបម្រាស

មិនឱ្យពុលក្អួតខ្លាចព្រាត់ប្រាស       ព្រោះខ្ញុំចង់ណាស់ដើរសប្បាយ។

៣.      អាហារពេលព្រឹកនៅមនោរាជ        ខ្ញុំមានអំណាចលើរូបកាយ

ការពិតខ្ញុំអាចលេងសប្បាយ           សើចយ៉ាងក្អាកក្អាយអស់ពីចិត្ត។

៤.      យើងប្រាំពីរនាក់ពាក់ព័ន្ធគ្នា            តុរួមអាហារសប្បាយពិត

ប្រុសពីរស្រីប្រាំផ្តាំចងចិត្ត              អាចជានិស្សិតបណ្ឌិតថ្មី។

៥.      ចេញពីមនោរាជគ្មានសេសសល់     ក្រៅពីសំណល់ចំណងដៃ

រូបឥតវិញាណមានហឫទ័យ           មើលហើយដួងចៃក្រៃជាប់ស្អិត។

៦.      យើងផ្តុំគ្នាក្នុងឡាក់គីម៉ល              រួចហើយយើងមករួមកៀកកិត

ចូលទន្លេសាបលាភជីវិត                ផ្អែមណាស់ជាប់ចិត្តខ្ញុំនិងអ្នក។

៧.      ប្រាំពីរបែកមួយប្រាំមួយនៅ            តែចិត្តជ្រាលជ្រៅនៅត្រជាក់

ដល់ដែនអង្គរថ្ងូរបែកម្នាក់              ពុលឡានក្អួតខ្ជាក់ត្រជាក់ខ្លួន។

៨.      បេះដូងយើងប្លែកបែកអារម្មណ៍       ខំប្រមូលផ្តុំឱ្យមាំមួន

យើងទាំងប្រាំនាក់មិនភ្លេចខ្លួន        ប្រៀបដូចបងប្អូនរួមឧទរ។

៩.      ខ្ញុំមានប្អូនប្រុសនិងប្អូនស្រី             នៅសងខាងដៃស្រស់បវរ

ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ                 ទោះញ៉ាំបាយសក៏សែនឆ្ងាញ់។

១០.    ឱ! បាយកញ្ចប់ម្លប់អង្គរ                 រាត្រីវាយោបក់ត្របាញ់

ខ្យល់ត្រជាក់ទាក់យកទោម្នេញ       សល់ក្តីស្រលាញ់ភាពកក់ក្តៅ។

សៀមរាប ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

ផ្ទៃមេឃស្នេហ៍(បទពាក្យ៧)

១.      ស្នេហាស្នេហ៍សុខស្រស់បេះដូង               សុខក្រៃកន្លងព្រោះស្នេហា

ស្នេហ៍ស្ម័គ្រស្នេហ៍ស្មោះអស់ចិន្តា              ឱ!ក្តីស្នេហាស្នេហ៍ស្នេហា។

២.      ស្នេហាស្នេហាស្នេហ៍នៃអូន                      អណ្តែតដូចក្បូនលើជលសា

វង្វេងកោះត្រើយឆ្ងាយមនុស្សា                  ដួងចិត្តឯកាផ្សាជីវិត។

៣.      ឱ! ក្តីស្នេហាស្នេហ៍ល្ងង់ខ្លៅ                      ជាស្នាមដំបៅដៅជីវិត

ស្នេហ៍អូនស្រលាញ់អូនចាញ់ចិត្ត              អូនចាញ់ជីវិតចិត្តស្នេហា។

៤.      ក្អួតឈាមទាំងដុំខំប្រឹងខ្ទប់                       យកឈាមលុបមុខទុក្ខស្នេហា

បេះដូងកម្សត់ស្លុតនេត្រា                         សម្លឹងវេហាស៍សោកាក្រៃ។

៥.      ស្នេហាមិនត្រូវការចុះចាញ់                      ស្នេហ៍អូនស្រលាញ់ចាញ់ផែនដី

ស្នេហ៍អូនស្នេហ៍ស្មោះពីហឫទ័យ              ស្នេហ៍អូនភក្តីមានតែមួយ។

៦.      ស្នេហាស្នេហាចិន្តាស្រាំ                          ស្នេហាអូនចាំគ្រាំរលួយ

ថ្ងៃនេះថ្ងៃស្អែកមិនចែកព្រួយ                    ស្នេហ៍អូនតែមួយព្រួយព្រោះបង។

៧.      អូនចង់ទម្លាយឱ្យធ្លាយចិត្ត                       បញ្ជាក់ស្នេហ៍ពិតអូនស្ម័គ្របង

ពិភពលោកនេះរឹតរួតចង                       វេញបេះដូងអូនសូន្យព្រោះស្នេហ៍។

៨.      ថ្ងៃនេះជីវិតចិត្តត្រូវយំ                              សើចទាំងបង្ខំយំព្រោះតែ

បេះដូងរហែកបែកព្រោះស្នេហ៍                 ទំនួញត្អូញក្បែរស្ទឹងសៀមរាប។

៩.      មេឃអើយជួយផងចំណងស្នេហ៍              សូមជួយកែប្រែផ្កាសៀមរាប

ស្រពោនរីងរៃដីមិនជ្រាប                        ឱ! ខ្យល់សៀមរាបជ្រាបជួយយល់។

១០.    ភ្លៀងអើយអាណិតចិត្តស្រីផង                  ភ័ក្រ្តាស្រពោនទ្រូងកង្វល់

ស្នេហាស្នេហាផ្សាអំពល់                         ពេលនេះនៅសល់តែអតីត។

១១.    នៅសល់តែចន្ទនិងដួងផ្កាយ                    ដែលរះសែនឆ្ងាយពីជីវិត

អូនឈរសម្លឹងប្រឹងទប់ចិត្ត                       ចង់រួមនែបនិត្យនឹងចន្ទថ្លៃ។

១២.    តែគួរឲ្យស្តាយឆ្ងាយពីគ្នា                         សល់តែវេលាគ្រារីងរៃ

លួចស្នេហ៍ដួងចន្ទឥតយល់ន័យ                ធ្វើឱ្យផ្កាស្រីក្ស័យព្រោះបង។

១៣.   ស្រលាញ់ចង់បានស្មានមិនដល់                ចុងក្រោយសំណល់ភាពសៅហ្មង

លួចស្នេហ៍លាក់ទុក្ខចុកបេះដូង                អាសូរទ្រូងអូនសូន្យព្រោះស្នេហ៍។

១៤.    អូនគេងអូនគិតចិត្តស្រពោន                     រាត្រីស្ងាត់សូន្យអូនឥតល្ហែ

ងើយមើលដួងចន្ទជំនួសស្នេហ៍                 លួងលោមបំពេរបំភាន់ចិត្ត។

១៥.    ស្រីម្នាក់ពឹងពាក់លើវាសនា                      រង់ចាំស្នេហាផ្កាក្រៀមស្វិត

អូនរស់ក្រោមមេឃផ្សែងងងឹត                  ផ្សែងស្នេហ៍បាំងចិត្តងងឹតឈឹង។

១៦.    ឈឺណាស់ព្រះអើយគួរស្រណោះ          ស្នេហ៍ស្ម័គ្រស្នេហ៍ស្មោះប្រុសមិនដឹង

តាំងពីមានស្នេហ៍គ្មានព្រលឹង                   រៀងរាល់ទន្ទឹងចាំចម្លើយ។

១៧.   អូនអាចជាស្រីគិតខ្លីខ្លៅ                          ស្នេហ៍គ្មានជម្រៅជ្រៅគ្មានត្រើយ

បងមិនដឹងសោះឲ្យប្រុសឆ្លើយ                  តើបានចម្លើយស្នេហ៍ពីណា?។

១៨.    ស្នេហាសើចចេញទាំងទឹកភ្នែក                 នៅសល់តែមេឃជួសស្នេហា

សញ្ចឹងបន្លប់កប់ទុក្ខា                              អូនយកវេហាស៍ជាស្នេហ៍ពិត។

១៩.    រឿងរ៉ាវអតីតពិតទាំងអស់                        អូនសែនអាលោះស្រណោះចិត្ត

ឱក្តីសុបិនក្នុងជីវិត                                  ឆាកល្ខោនប្រឌិតរឿងពិតចប់។

សៀមរាបថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

ពេលវេលា(បទព្រហ្មគីតិ)

១.      វេលាកន្លងទៅ                             បន្សល់នូវអនុស្សា

ដិតដាមក្នុងសាលា                       និងចិន្តារបស់ខ្ញុំ។

២.      មិនចង់សោយសោកទេ                 តែជលនេត្រទ្រហោយំ

បេះដូងនេះក្រៀមក្រំ                     ទោះមិនយំទឹកភ្នែកស្រក់។

៣.      សម្លឹងមុខអ្នកគ្រូ                          កូននឹងស៊ូមិនឲ្យល្អក់

តែទឹកភ្នែកដែលស្រក់                   ដិតដាមដក់ព្រោះកូននឹក។

៤.      រក្សាសុខភាពណា                        កូនសន្យារស់រលឹក

ខំរៀនទោះយប់ព្រឹក                     កូនមិននឹកល្បែងឫស្យា។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ពេលបែក (បទពាក្យ៧)

១.      ការពិតនែបនិត្យមិនដឹងថា             រស់នៅជិតគ្នាមានតម្លៃ

ដល់ពេលត្រូវបែកប្លែកដួងចៃ          រសើបហឫទ័យស្រមៃនឹក។

២.      រសាប់រសល់ខ្វល់ក្នុងចិត្ត                ព្រោះមិនធ្លាប់គិតថារលឹក

ហេតុអ្វីក៏ប្លែកញែកចិត្តនឹក             បែកធ្វើឱ្យស្ពឹកនឹកយ៉ាងនេះ។

៣.      ធ្លាប់មានដៃគូផ្តោះប្តូរស័ព្ទ              ឥឡូវអភ័ព្វបេះដូងប្រេះ

ខានស្តាប់សំឡេងពីរោះនេះ           បងស្តាយអ្វីម្ល៉េះទេពុំងា។

៤.      ពេលជួបដល់ខួបក៏ត្រូវព្រាត់           មនុស្សច្រើនកម្សត់ព្រោះវេលា

ព្រាត់ហើយមិនស្បើយព្រោះនឹកនា  ស្តាយពេលវេលាគ្រាកន្លង។

៥​.      ប្អូនប្រុសសំណព្វគាប់ហឫទ័យ       ប្អូនស្រីថ្លាថ្លៃក្នុងចិត្តបង

ត្រូវព្រាត់បែកទៅទាំងត្រសង          ឱ្យបងរស់រងទុក្ខខ្លោចផ្សា។

៦.      បែកព្រាត់កម្សត់ណាស់ទៅហើយ    តែមិនដឹងឡើយដល់ពេលណា

ខ្លាចតែប្អូនភ្លេចអនុស្សា                 ភ្លេចពេលសិក្សាសែនរីករាយ។

៧.      ឥឡូវរូបបងអផ្សុកណាស់              មិនបានឃើញច្បាស់ភ័ក្រ្តឆោមឆាយ

ពេលផ្លូវយូរទៅរឹតតែឆ្ងាយ             ខ្លាចណាស់ឆោមឆាយភ្លេចរូបបង។

៨.      ឱ! ប្អូនត្រសងនឹកបងទេ?              ឬមួយឃើញគេវេរភ្លេចបង

message call​មកទោះតិចដង         បានត្រឹមតែម្តងក៏អស់ចិត្ត។

៩.      បេះដូងសួតហើមថ្លើមបងមាន        ក្រពះបងឃ្លានរសជីវិត

នឹកសំឡេងសើចប្រុសវរមិត្រ          ផ្លូវកាយនិងចិត្តស្វិតអស់ហើយ។

១០.    ដឹងថាគ្មានទេឱកាសវិល                ប៉ុន្តែមន្ទិលវិលនៅឡើយ

សង្ឃឹមថ្ងៃមួយជួបត្រាណត្រើយ      ផ្តោះផ្តងចម្លើយឆ្លើយសម្តី។

១១.    ភ្លៀងខ្យល់ដីមេឃជួយស្រែកផង     យកពាក្យសៅហ្មងក្នុងដួងចៃ

ប្រាប់ដល់ប្អូនប្រុសនិងប្អូនស្រី        កុំភ្លេចបងស្រីម្ភៃបូកបួន។

១២.    សំឡេងបងស្រែកបែកហើយដី       តាំងចិត្តភក្តីស្មោះផ្ទួនៗ

ប្រាប់ថាៗស្រលាញ់ប្អូន                 ចន្លោះបេះដូងមានតែថ្លៃ។

១៣.   I can forget everything                ប៉ុន្តែទោម្នេញណាស់ចរណៃ

ព្រោះបងមិនអាចបំភ្លេចថ្លៃ             lonely​ ណាស់ថ្លៃសម្រាប់បង។

១៤.    បំភ្លេចគ្រប់យ៉ាង In the world         ប៉ុន្តែស្រមោលរឿងកន្លង

I remember មួយម៉ឺនដង               សែនលានកោដដងនៅតែចាំ។

១៥.    Remember you forever               មិនបាច់សើរើទោះច្រើនឆ្នាំ

លេខរៀងទីមួយគឺពាក្យចាំ             មិត្តភាពយូរឆ្នាំចាំរហូត។

សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

មនោសញ្ចេតនា(បទកាកគតិ)

១.      ព្រោះមនោសញ្ចេតនា         មិនហ៊ានវាចា           ស្តីថាអាក្រក់

មនោសញ្ចេតនា                 មិនហ៊ានថាល្អក់       ស៊ូទ្រាំអាក្រក់

ឱ្យល្អក់ខ្លួនឯង។

២.      មនោសញ្ចេតនា                 ធ្វើឲ្យស្នេហា            ខ្លាចក្រែងរអែង

ចេះតែស៊ូទ្រាំ                     លំបាកខ្លួនឯង          ទ្រាំរស់វង្វេង

ព្រោះមនោសញ្ចេតនា។

៣.      មិនបានពត់ហាត់                ទើបចិត្តមិនដាច់       អារកាត់វាសនា

មេរៀនជីវិត                       ច្រើនមនោសញ្ចេតនា តើអាចធ្វើការ

មហាធំបានទេ?។

៤.      មនោសញ្ចេតនា                 តើធ្វើយ៉ាងណា        ចិត្តដាច់កាច់វេរ

ដឹងថាមិនកើត                   មិនអាចធ្វើទេ           ព្រោះតែមន្តស្នេហ៍

មនោសញ្ចេតនា។

៥.      ហាត់ពត់លត់ដំ                  កុំទុកដល់ធំ             ទុំតាមវាសនា

ហាត់ចិត្តឱ្យដាច់                 ផ្តាច់មនោសញ្ចេតនា នោះទើបវាសនា

ថ្លៃថ្លាខ្ពស់បាន។

សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

មនុស្សសមនឹងឈឺចាប់(បទកាកគតិ)

១.      ខ្ញុំស្នេហ៍គេខ្លាំង​                  តែចិត្តដូចផ្ទាំង         រនាំងបាំងមុខ

ខ្ញុំពួនសំងំ                         ផ្សំស្នេហ៍នេះទុក       ដូចរស់ក្នុងគុក

ស្លុបសូន្យពន្លឺ។

២.      បេះដូងលោតញាប់             ខ្ញុំខំរន្ធាប់                 ផ្ទប់មិនឲ្យឮ

ទ្រូងញ័រចប់ប្រប់                 ថប់ព្រោះតែឈឺ        តែធ្វើមិនឮ

ព្រឺអ្វីប៉ុណ្ណឹង។

៣.      ជួបមុខរាល់ថ្ងៃ                   តែចិត្តព្រៃផ្សៃ           មិនខ្ចីសម្លឹង

វេលាហួសទៅ                   សោកសៅលែងប្រឹង ដួលពេញទំហឹង

ប្រឹងងើបលែងរួច។

៤.      មនុស្សគ្មានវិញ្ញាណ            យកស្នេហ៍វេញបាន  ជាដុំគំនួច

គួចរកមុខស្រាយ                វាយចេញមិនរួច       ឱ!ចោរស្នេហ៍លួច

បេះដូងបាត់ហើយ។

៦.      ទឹកភ្នែកមិនស្រក់                ទោះមួយតំណក់       ស្រក់មិនចេញឡើយ

ខំប្រឹងងើបឡើង                 រៀនចេះដើរហើយ    សូមទោសស្នេហ៍អើយ

ឲ្យអ្នកឯកា។

៧.      ជួបមនុស្សម្នាក់ថ្មី                គិតថាអ្វីៗ                រស្មីនឹងថ្លា

ខ្ញុំលែងដូចមុន                   សួរដោយហានក្លា     នេះជាស្នេហា

ឬការរាប់អាន។

៨.      គិតស្មានថាត្រូវ                  ពេលកន្លងទៅ          នៅតែគិតស្មាន

មនុស្សម្នាក់ស្មោះស្នេហ៍       តែយកមិនបាន        ព្រោះចិត្តគិតស្មាន

ថាបានបំភ្លេច។

៩.      ឈឺចិត្តម្នាក់ឯង                  មិនគួរវង្វេង             ថែមម្នាក់ឈឺចិត្ត

ទឹកចិត្តក៏ប្រែ                      ស្នេហ៍ជាអាណិត      មិនអាចរត់គេច

លាដៃទទួល។

១០.    សមហើយស្រីខ្លៅ              ស្មោះមិនលង់ទៅ      បែរនៅកម្សួល

ស្រណោះអតីត                  ការពិតស្រមោល      សល់ភាពតែលតោល

ថ្កោលទោសជីវិត។

១១.    នេះហើយចិត្តខ្ញុំ                  មនុស្សស្រីមិនយំ      សំងំឈឺចិត្ត

ព្រោះគិតស្នេហ៍មួយ            គឺត្រួយស្នេហ៍ពិត      ខ្ញុំស្រណោះចិត្ត

គិតគ្រួសារខ្ញុំ

សៀមរាប ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

មនសិការ (បទពាក្យ៧)

១.      អង្គុយរលឹក នឹកស្រមៃ                  បេះដូងស្ទើរក្ស័យ ស្រមៃភ្នក

ឱ! ខ្សែជីវិត ម្តេចរលក                   ព្យុះខ្យល់បក់បោក មិនព្រមស្ងប់។

២.      កើតមកជាមនុស្ស ស្ងប់មិនបាន      បេះដូងក្នុងប្រាណ លោតមិនឈប់

ចង់ស្ងប់មានតែ សុខចិត្តស្លាប់         បញ្ឈប់ឈឺចាប់ ស្លាប់ទើបផុត។

៣.      មនសិការប្រាប់ថា ស្លាប់មិនបាន     ទោះរលាយប្រាណ មិនរលត់

មានតែទ្រាំរស់ ទាំងរន្ធត់                តស៊ូឲ្យមុត ផុតវេលា។

សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០

និពន្ធដោយ៖ លាក់ ម៉ាឡែន

២៥ (បទពាក្យប្រាំពីរ)

១.      ម្ភៃប្រាំខ្ញុំចាំខែសីហា                      ម្ភៃប្រាំសោកាឈឺផ្សាហួស

ម្ភៃប្រាំព្រាត់ប្រាសប្រាណរបួស       ម្ភៃប្រាំគឺហួសរបួសគុំ។

២.      ម្ភៃប្រាំចាស់ប្រាស់ដើរហួសទៅ       ម្ភៃប្រាំថ្មីនៅចងគំនុំ

ម្ភៃប្រាំសីហាស្នេហាខ្ញុំ                   សោយសោកក្រៀមក្រំយំឥតស្បើយ។

៣.      បើសិនម្ភៃប្រាំចាំផ្លូវវិល                  ម្ភៃប្រាំមន្ទិលអាចវិលក្រោយ

បេះដូងត្បូងពេជ្យប្រគល់ឲ្យ            ឱ ! ម្ភៃប្រាំអើយមេត្តាផង។

៤.      ទឹកភ្នែកហៀរហូរជោរលង់កាយ      ម្ភៃប្រាំដើរឆ្ងាយជាច្រើនដង

បានត្រឹមតែហួសដើររំលង             មិនឃើញបេះដូងខ្ទេចខ្ទាំឡើយ។

៥.      ម្ភៃប្រាំទឹកភ្នែកស្រែករកស្នេហ៍        បេះដូងទទេចាំចម្លើយ

ទឹកភ្នែកឥតន័យគ្មានអ្នកឆ្លើយ        ម្ភៃប្រាំព្រងើយឥតធ្វើដឹង។

៦.      ម្ភៃប្រាំច្រើនដងហ្មងជីវិត                ម្ភៃប្រាំខាបចិត្តយកព្រលឹង

ម្ភៃប្រាំគំរាមស្ងៀមកំប្រឹង                បានត្រឹមសញ្ជឹងនឹកស្នេហា។

៧.      ម្ភៃប្រាំចំអកឡកឡឺយឲ្យ                មិនបាច់ស្តាយក្រោយនាំខ្លោចផ្សា

មិនបាច់លន់តួសួរទេវតា                កុំសោយសោកាព្រោះម្ភៃប្រាំ។

៨.      ម្ភៃប្រាំសីហាស្នេហាខ្ញុំ                   ខ្ញុំរងទុក្ខធំរស់រងកម្ម

វេលាកន្លងហួសប្រាំឆ្នាំ                  ក៏នៅតែចាំម្ភៃប្រាំដែរ។

៩.      ម្ភៃប្រាំស្នាមជាំគ្រាំមិនសូន្យ            ខ្ញុំបានត្រឹមត្អូញប្រាប់ដូងខែ

ទោះបីម្ភៃប្រាំមិនចាំស្នេហ៍              តែខ្ញុំចាំគេមេត្តាខ្ញុំ។

១០.    ម្ភៃប្រាំចងចាំត្រូវញញឹម                 ម្ភៃប្រាំសង្ឃឹមទោះក្រៀមក្រំ

ទោះបីម្ភៃប្រាំគំរាមខ្ញុំ                     បេះដូងពូនផ្តុំខ្ញុំនៅនឹក។

សៀមរាបថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

រង់ចាំ (បទពាក្យ៧)

១.      រុក្ខាខ្វះភ្លៀងក្រៀមរញោម              រស់នៅទ្រុឌទ្រោមចាំភ្លៀងធ្លាក់

ត្រដររស់ដោយចិត្តត្រជាក់             ចាំដល់ភ្លៀងធ្លាក់លូតលាស់ថ្មី។

២.      ដូចក្តីបំណងប៉ងប្រាថ្នា                  រុក្ខាផុតគ្រោះរស់ផុតភ័យ

ភ្លៀងធ្លាក់ស្រោចស្រពរស់ជាថ្មី       ជីវិតប្រិមប្រិយសែនសុខា។

៣.      ប្រាំងហួសជំនួសរដូវថ្មី                  ជោកជាំសើមដីគឺវស្សា

មេឃយប់ងងឹតគង់ភ្លឺថ្លា                 តែចិត្តសោកាមិនភ្លឺសោះ។

៤.      រុក្ខាចាំភ្លៀងទៀងសង្ឃឹម                ចាំស្នាមញញឹមគួរស្រណោះ

គ្មានប្រាំងវស្សាគឺក្រៀមក្រោះ         ទុក្ខឥតរលោះមួយគ្រាឡើយ។

៥.      រង់ចាំរហូតស្ពោតបេះដូង               សសរកន្លោងជាខ្នើយកើយ

សសរគគ្រើមរលោងហើយ            ហេតុអ្វីនៅកើយមិនព្រមឈប់។

៦.      ដឹងដែរមិនដូចជារុក្ខា                    តែចិត្តស្នេហាវាងុលងប់

លះបង់កេសាសច្ចាឈប់               ចិត្តមិនព្រមស្ងប់ជំនះចាំ។

៧.      រង់ចាំខែឆ្នាំរំលងហួស                   ឱ! ស្នាមរបួសឈឺហួសទ្រាំ

សសរកន្លោងក៏លែងមាំ                 ដួលបាក់ខ្ទេចខ្ទាំដោតចំទ្រូង។

៨.      នឹកឃើញរុក្ខារង់ចាំភ្លៀង                ទឹកភ្នែកលួចច្រៀងក្នុងបេះដូង

ទឹកភ្នែកចំអកអាសូរទ្រូង                ស្រណោះបេះដូងរង់ចាំស្នេហ៍។

៩.      ពាក្យថារង់ចាំរងកម្មណាស់            យល់ច្បាស់តែចិត្តចាំដដែល

រង់ចាំរហូតឥតប្រួលប្រែ                 ចិត្តចាំនៅថេរឥតប្រែឡើយ។

១០.    មហិច្ចតាស្នេហាការរង់ចាំ              បេះដូងខ្ទេចខ្ទាំគ្រាំអស់ហើយ

សូមទោសសសរកន្លោងអើយ        ឲ្យអ្នកក្ស័យកាយជាមួយខ្ញុំ។

សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៦

និពន្ធដោយ៖ លាក់ ម៉ាឡែន

រូបថតអ្នក (បទកាកគតិ)

១.      ក្រោយដើរកម្សាន្ត              ខ្ញុំទទួលបាន            នូ​វភាពរីករាយ

គ្មានអ្វីចូលផ្ទះ                    ក្រៅពីសម្ពាយ          នាំភាពរីករាយ

ត្រឡប់មកវិញ។

២.      ខ្ញុំមិនដឹងថា                       តើរូបមិត្តភ្ងា             សុខឬទោម្នេញ

តែសម្រាប់ខ្ញុំ                      មកដល់ផ្ទះវិញ         ផុតទុក្ខទោម្នេញ

លង់លក់ស្កប់ស្កល់។

៣.      ទឹកមិនបានងូត                  ព្រោះកម្លាំងស្លូត       ប្រាសខ្លួននឹងថ្កល់

លង់លក់ទៅហើយ             នៅឡើយសេសសល់ នោះគឺសំណល់

អនុស្សាវរីយ៍។

៤.      នឹកសារឡើងវិញ                ឱ! មិត្តសម្លាញ់         ស្មើដួងជីវី

អរគុណដល់ឃ្យូប              សាងអនុស្សាវរីយ៍     ធ្វើឱ្យជីវី

រសជាតិឈ្ងុយឆ្ងាញ់។

៥.      ឱ! រូបថតអើយ                   ត្បិតអ្នកព្រងើយ       តែខ្ញុំស្រលាញ់

អស់ពីបេះដូង                    ក្នុងចិត្តពោរពេញ      ដោយក្តីស្រលាញ់

សម្លាញ់និងខ្ញុំ។

៦.      ខ្ញុំស្រលាញ់វា                    ទោះបីត្រឹមជា          ស្រមោលទឹកឃ្មុំ

វាគ្មានវិញាណ                   មិនចេះសើចយំ        តែធ្វើឱ្យខ្ញុំ

រលឹកដល់មិត្ត។

៧.       ឱ! ស្នាមញញឹម                ឱ្យខ្ញុំសង្ឃឹម             នៅក្នុងជីវិត

អមតៈស្នេហា                    រូបខ្ញុំនិងមិត្ត             សូមឱ្យថេរឋិត

នៅជាអមតៈ។

៨.      បើបំភ្លេចខ្ញុំ                        បេះដូងនឹងយំ          ទ្រូងដូចគេចាក់

មិនចង់បានអ្វី                    ក្រៅពីស្មោះស្ម័គ្រ      ត្រឹមមិត្តអមតៈ

លុះដល់ថ្ងៃសូន្យ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

រឿងចាំស្នេហ៍(បទពាក្យ៧)

១.      សេរីខូចចិត្តត្បិតម៉ូលីន                  បេះដូងខ្លោចឆ្អិនហួសកម្រិត

ម៉ូលីគ្មានទេរូបភាពពិត                  ម្ដេចបាំងឆ្ពិនបិទប្រឌិតកែ។

២.      ក្នុងចិត្តគំនិតផ្ដិតអារម្មណ៍              គឺប្រមូលផ្ដុំអស់មន្តស្នហ៍

គេតបតស្ដី ស្រីគ្មានទេ                  អស់ហើយក្ដីស្នេហ៍ពីលោកនេះ។

៣.      ស្រែកហៅក្មេងស្រីថាជាបង           ខឹងផងខ្មាសផង ឆ្គងអ្វីម្ល៉េះ

ម្យ៉ាងទៀតឈឺចាប់បេះដូងនេះ        ត្រូវគេប្រឡេះបាត់ទៅហើយ។

៤.      ម៉ូលីន ម៉ូលីពីរនាក់ផ្សេង                ម៉ូលីវង្វេង ហួសទៅហើយ

សល់តែម៉ូលីនជំនួសឆ្លើយ             ម៉ូលីថ្លៃអើយនៅទីណា?។

៥.      គិតហើយឈឺចិត្តឥតថ្លាថ្លែង           ម៉ូលីវង្វេង ឋានលោកា

រលាយរូបបាត់ខ្ចាត់សង្ខារ              គ្មានភ័ព្វវាសនា នឹងជួបគ្នា។

៦.      រងាខ្លាំងណាស់ ម្ចាស់បេះដូង         ឈឺណាស់ក្នុងទ្រូងគ្រាំវេទនា

ឈឺស្ពឹកទាំងអស់ ព្រោះពុំងា           ទៅមិនបានលាគ្នាមួយម៉ាត់។

និពន្ធដោយ៖ លាក់ ម៉ាឡែន

រៀនមិនចូលទេ​ ! (បទពាក្យប្រាំពីរ)

១.      ទោះគ្រូពន្យល់ខ្វល់លែងស្តាប់                  ទោះគ្រូរ៉ាយរ៉ាប់ស្តាប់លែងចូល

ទោះដាក់អារម្មណ៍ខំប្រមូល                     ខួរដាក់លែងចូលលែងមូលជាប់​។

២.      ឈឺពោះក្តុកក្តួលអួលដល់ទ្រូង                  ឈឺដល់បេះដូងទ្រូងញ័រញាប់

សំឡេងកង្កែបលាន់រន្ធាប់                        បេះដូងលោតញាប់ខុសចង្វាក់។

៣.      ភ្នែកចាប់ផ្តើមព្រិលវិលស្រវាំង                  ថ្ពាល់រឹងថ្គាមគាំងលែងកន្រ្តាក់

ស្រមោលស្នេហាប្រហារចាក់                   បេះដូងព្រិលខ្វាក់បាក់អារម្មណ៍។

៤.      វិញាណស្រេកឃ្លានរឿងអតីត                  ស្រមោលសណ្ឋិតឱ​! ចិត្តខ្ញុំ

រៀនមិនចូលឡើយបួសអើយគុំ                 ស្នេហ៍ចងគំនុំគុំមិនឆ្ងាយ។

៥.      ស្រមៃមមៃមមើលនឹក                             កាយស្រពន់ស្ពឹកយប់ព្រឹកស្តាយ

ក្តារខៀនកៅអីតុប្រែក្លាយ                        ជាទីនឿយណាយសម្រាប់ខ្ញុំ។

៦.      ឱ ! សិស្សអញអើយបាត់ទៅណា?            ពាក្យគ្រូវាចាដាស់អារម្មណ៍

សរសៃកន្រ្តាក់ដាស់ឲ្យខ្ញុំ                         ភ្ញាក់ដឹងអារម្មណ៍ខំញញឹម។

៧.      សំណើចផ្ទុះចេញលាន់ពេញថ្នាក់              សំណើចប្រទាក់ស្រស់ប៉ប្រឹម

ចម្លែកតែខ្ញុំខំញញឹម                               ទាំងអស់សង្ឃឹមក្នុងជីវិត។

៨​.      គេងគិតគុំគួនផ្ទួនក្តីទុក្ខ                            អង្គុយសំកុកទុក្ខកៀកកិត

ផ្តោះផ្តងឆ្លើយឆ្លងបង្អួចជិត                      ប្រាប់ថាជីវិតសិ្វតស្អុយហើយ។

សៀមរាបថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

រំដួលសៀមរាប

១.      ខ្យល់ត្រជាក់ ធ្លាក់ពីជើង ហួតដល់ថ្លើម សួតប្រម៉ាត់

ខ្យល់ផាយផាត់ បក់រសាត់ ឥតមេត្តា ត្រាប្រណី

ខ្យលរងា អាវការពារ មិនអាចជួយ ស្ទួយចិត្តស្រី

ស្ងួតហឫទ័យ ចិត្តចង្រៃ ស្រណោះថ្ងៃ ណាត់ជួបគ្នា។

២​.      រងាពេក ភ្នែកក្រហម រោមចិញ្ចើម បះក្រញ៉ង់

ក្នុងរង្វង់ ហត្ថតូចតន់ ថ្នមផ្ចិតផ្ចង់ ឥតរួញរា

ហត្ថាបង ផ្ចង់ត្រកង អង្អែលខ្នង ពៅពុំងា

ឱ! ថ្លៃភ្ងា ភាពរងា លារសាត់ ខ្ចាត់ពីអូន។

៣.      តែពេលនេះ ថ្លើមរលះ បេះដូងនេះ រលួយហើយ

បាត់ត្រាណត្រើយ សល់តែខ្នើយ មកកល់កើយ លោមបេះដូង

អាណិតម្ចាស់ ឈឺខ្លាំងណាស់ ច្បាស់ជាត្រូវ រលាយសូន្យ

បាត់បេះដូង ដើមទ្រូងអូន សូន្យហើយថ្លៃ ម្ចាស់ចិន្តា។

៤.      ចង់យំសោក យកខ្លួនបោក ផុតវិប្បយោគ អស់ពីចិត្ត

តែការពិត បេះដូងចិត្ត រឹតងងឹត ពិតខ្លោចផ្សា

បំភ្លេចបង ទ្រូងបេះដូង ប្រាប់ថាហ្មង មិនទៅណា

ឱ! ស្នេហា ផ្សាបេះដូង អូនឈឺចាប់ ទុក្ខចំបែង។

៥.      សូមបន់ផ្សង ខ្យល់ជួយផង នាំបំណង ក្តីស្នេហា

ខ្ញុំនេះណា មិនទៅណា នៅស្នេហា ព្រមវង្វេង

ចាំរូបអ្នក ចិត្តជំពាក់ ឥតស្ទើរស្ទាក់ ព្រមចំបែង

រំដួលក្មេង ខ្ចីបំប្លែង ចាស់ខ្លួនឯង រស់អួអាប់។

៦.      ស្នេហាអើយ មិនដូចខ្នើយ តែដូចត្រើយ នៅសែនឆ្ងាយ

ផ្លូវអន្លាយ ឆ្ងាយសែនឆ្ងាយ រស់មិនស្តាយ ឱបឈឺចាប់

សៀមរាបស្នេហ៍ រំដួលផ្កា ខ្វះស្នេហា ត្រូវតែស្លាប់

មនុស្សឈឺចាប់ ស្លាប់ព្រោះស្នេហ៍ សេសសល់តែ ភាពអាម៉ាស់។

សៀមរាប ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

លាស្រីសក់វែង (បទពាក្យប្រាំពីរ)

១.      ស្ងាត់ៗលួចស្ងាបក្រាបលាក់មុខ      សុខៗលួចទុក្ខលាក់លៀមចិត្ត

ឈ្ងុយឆ្ងាញ់ប្រែឈ្ងៀមទុក្ខឈ្ងៀមឆ្ងិត   ស្អុយលែងស្អាតស្អិតដិតជាប់កាយ។

២.      កាលដើមក្តីស្នេហ៍ឥតប្រែផ្លាស់       ផ្លោះផ្លោតក្រឡាស់ផ្លាស់ឥតស្តាយ

លោតហក់ហ៊ឺហាហោះហើរឆ្ងាយ    សោកសៅសែនស្តាយកាយអូនស្រី។

៣.      ធ្លាប់ដើរទន្ទឹមផ្ទឹមស្មាគ្នា                 កំពឹសបង្គាចែកគ្នាឆី

ស្រលាញ់រូបបងលុះសូន្យដី            ម្តេចជួបអ្នកថ្មីស្រីភ្លេចចាស់។

៤.      សក់វែងអន្លាយឆ្ងាយចិត្តក្បត់          រលាយរលត់ជូរចត់ណាស់

សក់វែងស្លូតបូតស្លូតរហ័ស            បេះដូងឈឺណាស់ចាក់សព្វសាច់។

៥.      កាលដើមធ្លាប់គិតឥតសាកសម      តែចិត្តស្រីមុំធំឥតដាច់

ចំណងស្នេហាដូចគ្រាប់ខ្សាច់          រាប់ឥតដាច់ស្រេចឥតព្រំដែន។

៦.      ទឹកភ្នែកថ្ងួចថ្ងូរហូរបញ្ច្រាស            ធ្លាយធ្លាក់ច្រាល់ច្រាសកម្មក្រាស់មែន

បេះដូងរអាល័យស្រីសក់វែង          លាហួសចិត្តលែងវង្វេងហើយ។

៧.      ផ្តាំដល់ប្អូនៗវ័យកំលោះ                កុំឆាប់ងប់ស្មោះពេកប្អូនអើយ

មើលមុខមើលក្រោយមើលឲ្យហើយ សក់វែងចិត្តឆ្ងាយឬយ៉ាងណា?

៨.      កុំឆាប់បាក់ចិត្តស្អិតជាប់ស្នេហ៍        កុំមើលដួងខែស្នេហ៍តារា

កុំមើលសត្វលាក្លាយជាខ្លា             ត្រូវតាំងចិន្តាស្នេហាមួយ។

៩.      មានមួយទុក្ខព្រួយមិនមានពីរ          បន្ថយជីវីស្អុយរលួយ

យកល្អកំលោះស្មោះតែមួយ           បើស្រីឲ្យព្រួយរកមួយទៀត។

១០.    កុំឈ្លើយស្នេហ៍ពីរទន្ទឹមគ្នា             ស្នេហ៍មួយវេទនាលាហើយឆ្លៀត

រកថ្មីជំនួសរបួសសៀត                  រស់ឲ្យខ្មីឃ្មាតឃ្លាតទុក្ខា។

សៀមរាបថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

លុយ និងចិត្ត(បទពាក្យ៧)

១.      លុយជាមហិច្ឆតារបស់មនុស្ស        លុយធ្វើឲ្យខុសក្លាយជាត្រូវ

លុយបំប្លែងសឲ្យជាខ្មៅ                 លុយធ្វើឲ្យជ្រៅក្លាយជារាក់។

២.      លុយជាឱសថនៃជីវិត                   លុយជាអម្រឹតដ៏ត្រជាក់

លុយទាញចិត្តមនុស្សឲ្យកន្ត្រាក់      លុយឲ្យមនុស្សខ្វាក់មើលមិនឃើញ។

៣.      លុយធ្វើឲ្យភ្លេចអតីតបាន              លុយកែប្រែប្រាណឲ្យរើសអើង

លុយសាហាវណាស់អាចបំប៉ើង      លុយធ្វើឲ្យថ្កើងធ្លាក់ចុះទាប។

៤.      លុយធ្វើឲ្យមនុស្សមានមុខស្រស់     លុយឡូយឥតខ្ចោះគ្មានអ្វីប្រៀប

លុយធ្វើឲ្យមនុស្សមានមុខក្រៀម     លុយជាគំនាបគាបមនសិការ។

៥.      លុយធ្វើឲ្យជាប្រែជាឆ្កួត                 លុយធ្វើឲ្យខូចប្រាសសង្ខារ

លុយបង្ករជាភ្លើងតណ្ហា                 លុយប្រែសង្ខារផ្ងារជាទុក្ខ។

៦.      លុយគឺជាភ្លើងដ៏កម្លៅ                   បើគិតៗទៅសុទ្ធតែទុក្ខ

តែបើគ្មានលុយវង្វេងសុខ              ខ្វះការស៊ីចុករស់ម្ដេចបាន។

៧.      លុយមិនអាក្រក់មិនឬស្យា             លុយមិនសាវាមិនសាមាន្យ

បណ្ដាលមកពីចិត្តតិរច្ឆាន              ធ្វើលុយឲ្យបានក្លាយជាទោស។

៨.      ទឹកចិត្តនិងលុយឈ្ងុយដូចគ្នា          សាងឲ្យវេទនារងទុក្ខទោស

បើសាងឲ្យសុខគ្មានកំហុស            រស់ចាកផុតគ្រោះនរកចិត្ត។

៩.      នេះហើយហៅថាចិត្តនិងលុយ        ក្រអូបឬស្អុយរលួយស្វិត

វាអាចស្លាប់បានឬថេរឋិត              ពឹងលើគំនិតមនុស្សបញ្ជា។

លួចស្នេហ៍ចន្ទ (បទកាកគតិ)

១.      នៅថ្ងៃដំបូង             បងបានជួបអូន        មិនធ្លាប់ស្នេហ៍ស្រី

បងតែងគិតថា          រូបបងក្រក្រី             កុំចង់បេតី

លើស្រីសួគ៌ា។

២.      អូនមានទាំងព្រម      ប្រុសៗចោមរោម      សុំស្នេហ៍ពុំងា

បងមិនធ្លាប់គិត        ថាពេលវេលា           ឱ្យបងគ្រាំគ្រា

ព្រោះលួចស្នេហ៍ស្រី។

៣.      បងប្រៀបដូចឆ្កែ       ដែលបានត្រឹមតែ      លួចស្នេហ៍ចន្ទថ្លៃ

គ្មានភ័ព្វវាសនា        ថានឹងបានស្រី          មកថ្នមបមបី

ជាគូជីវិត។

សៀមរាប ថ្ងៃទី១២ ខែ​មីនា​ ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

វ៉ាក់សាំងស្នេហា (បទពាក្យ៧)

១.      ស្នេហាគឺជាការឈឺចាប់                 ស្នេហ៍ធ្វើឱ្យស្លាប់ទាំងរស់នៅ

ស្នេហាពិបាកចាកសោកសៅ          ស្នេហ៍ធ្វើឱ្យខ្លៅអវិជ្ជា។

២.      ស្នេហាពិតជាវេទនាណាស់            មិនចង់បំលាស់ពេលវេលា

ស្នេហាធ្វើឱ្យធ្លោយនិន្រ្ទា                រងារាល់យប់ស្លុបអារម្មណ៍។

៣.      ស្នេហាអាហារលេបលែងចូល        រាល់ថ្ងៃចំណូលទុក្ខពូនផ្តុំ

ស្នេហាប្រហារ ទុក្ខាធំ                             គឺប្រៀបដូចភ្នំសង្កត់ទ្រូង។

៤.      ស្នេហាមិនខុសពីរបាំ                    ផ្ចិតផ្ចង់ប្រឹងរាំគ្មានបេះដូង

ស្នេហាសោកាធ្វើឱ្យហ្មង                ប្រឹងរាំទ្វេដងគ្មានអ្នកមើល។

៥.      ស្នេហាដូចជាទូកក្រដាស              អណ្តែតពោរពាសគួរភ្ញាក់ផ្អើល

ស្នេហានេះបានត្រឹមល្អមើល           រួចហើយលីលើលិចលង់បាត់។

៦.      ស្នេហាដូចជាពពកខ្មៅ                  សោកសៅដាមនៅមិនរសាត់

ស្នេហាត្រូវខ្យល់វល់ខ្ចាយខ្ចាត់        ស្នេហាទៅបាត់ងងឹតភ្នែក។

៧.      ស្នេហាឈឺផ្សាស្រវារក                  ប្រឹងប្រែងយកមកទាំងយំយែក

ស្នេហាត្រូវការយកទឹកភ្នែក            គ្មានអ្វីចម្លែកប្លែកអារម្មណ៍។

៨.      ស្នេហាដូចជាពេលរាត្រី                 ទប់ផងចាប់ដីដោយខិតខំ

ស្នេហាប្រល័យវ៉ៃឱ្យយំ                  ពេលថ្ងៃវាយដំយំមិនឈប់។

៩.      ស្នេហាដូចជាតំណក់ភ្លៀង             គឺស្រក់មិនទៀងល្អៀងដូចយប់

ស្នេហាឈឺជារងាខ្សត់                   គ្រាប់ភ្លៀងល្អិតម៉ត់នៅតែឈឺ។

១០.    ស្នេហាដូចជាផ្កាត្រូវថ្ងៃ                  កាត់ដាក់លើដីថ្ងៃបញ្ឈឺ

ស្នេហានេះទ្រាំស៊ូព្រួចព្រឺ               ទ្រាំទាល់តែឈឺគឺស្លាប់បង់។

១១.    ស្នេហាដូចជាការយល់សប្តិ            ភ្ញាក់ហើយត្រូវចប់មិនអាចស្រង់

ស្នេហាសល់ត្រឹមស្រមោលល្ងង់      រស់នៅលិចលង់ក្នុងទឹកភ្នែក។

១២.    នេះហើយស្នេហាប្រុសនិងស្រី        ស្នេហាព្រៃផ្សៃក្រៃពន់ពេក

នៅភាគបញ្ចប់គឺទឹកភ្នែក                យំស្រែកសង្វេគតែម្នាក់ឯង។

១៣.   ស្នេហាឫស្យាសាហាវណាស់          ថ្នាំអ្វីអាចប៉ះផុតចំបែង

បើមានវ៉ាក់សាំងចាក់ខ្លួនឯង           ចាក់ពាំងចំបែងពីស្នេហា។

១៤.    បើស្នេហ៍ឃោរឃៅខ្លៅយ៉ាងនេះ      បណ្តោយឱ្យឆេះដល់ពេលណា

វ៉ាក់សាំងការពាររោគស្នេហា           ពេលណាលោកាបង្កើតមក?។

១៥.    មិនបាច់លោកាបង្កើតឡើយ           វ៉ាក់សាំងមានហើយច្រើនជាំជោក

វ៉ាក់សាំងស្នេហាគឺបានមក             ខ្វេះពីជម្រកនៃបេះដូង។

១៦.    វ៉ាក់សាំងស្នេហាគឺស្មារតី                ជម្រៅជ្រៅក្រៃជាងអណ្តូង

ស្មារតីនេះខ្លាំងទោះអន្លូង               គោះដំសូរផូងមិនព្រមស្លុត។

១៧.   ស្នេហ៍ផ្តើមគំរាមត្រៀមស្មារតី          ត្រូវវិនិច្ឆ័យឱ្យម៉ត់ចត់

គួរលា ឬក្តាប់ត្រូវសន្មត                 គិតទីបញ្ចប់នៃស្នេហា។

១៨.    វ៉ាក់សាំងស្នេហាថាឱ្យគិត              ថាត្រូវគិតម្តេចពេលប្រេះឆា

ត្រូវយំត្រូវសើចឬយ៉ាងណា?          វ៉ាក់សាំងស្នេហាការពារបាន។

១៩.    ចាប់ផ្តើម បញ្ចប់ក៏ត្រូវកើត             ដូចរនោចខ្នើតត្រូវតែមាន

លះបង់ឬយកគិតឱ្យហ៊ាន              ដោយភាពក្លាហានទើបបានជ័យ។

២០.    វ៉ាក់សាំងស្នេហាថាអ៊ីចឹង                ចាក់ហើយកម្លាំងពេញស្មារតី

មិនថាពេលចាញ់ឬជោគជ័យ          ញញឹមប្រិមប្រិយទទួលយក។

សៀមរាបថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

វិក័យប័ត្រស្នេហ៍(បទពាក្យប្រាំ)

១.      វិក័យប័ត្រស្នេហ៍ប្រាប់ថាចប់           វិក័យប័ត្រចេញគ្រប់គ្មានខ្វះខាត

លេខរៀងទីមួយព្រួយត្រូវឃ្លាត       ទីពីរខាតបៀតសងត្រឡប់។

២.      អនុស្សាទាំងឡាយក្លាយជាផេះ       ទីបីក្លិនឆ្អេះស្នេហ៍ត្រូវចប់

ទីបួនសងវិញទាំងចិត្តស្ងប់             ទីប្រាំលែងងប់ចប់ហើយស្នេហ៍។

៣.      សរុបបញ្ជីគិតតម្លៃ                        អស់ហើយភក្តីសល់ទទេ

បង់លើវិក័យប័ត្រទំនិញស្នេហ៍        ស្រាលខ្លួនម្ល៉េះទេស្នេហ៍ខ្ញុំអើយ។

៤.      ណ្ហើយចុះទ្រាំចុះហត្ថលេខា           បញ្ចប់ស្នេហាគ្មានកោះត្រើយ

ទទួលទិញដូរសមល្មមហើយ          វិក័យប័ត្រអើយជាសាក្សី។

៥.      អ្នកទិញអ្នកលក់គ្មានកក់មុន           តទៅលែងគ្រុនព្រោះរូបស្រី

វិក័យប័ត្រស្នេហ៍ថាអស់ន័យ           អស់ហើយភក្តីស្រីនិងបង។

សៀមរាប ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

វិជ្ជាគ្រប់គ្រង

១.      ដើរមួយជំហាន ឈានមួយចំអាម    ប្រឹងប្រែងព្យាយាម ដើម្បីជីវិត

វិជ្ជាគ្រប់គ្រង គឺជាត្រើយពិត           មកស្រង់ជីវិត ពីភាពកម្លៅ។

២.      ខំរៀនគ្រប់គ្រង គម្រោងផ្លូវដើរ       ប៉ុន្តែសំណើ ហាក់ខុសទិសដៅ

តើរៀនគ្រប់គ្រង ទៅគ្រងអ្វីទៅ       បើចិត្តសោកសៅ ដៅមិនបានផង។

៣.      គ្រប់គ្រងជីវិត គ្រងចិត្តយ៉ាងណា     គ្រងភាពសោកា ឬភាពមួរហ្មង

គ្រងចិត្តខ្លួនឯង មិនទាំងបានផង     តើរៀនគ្រប់គ្រង បានប្រយោជន៍អី?។

សៀមរាប​ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

វិបត្តិ(បទពាក្យ៧)

១.      សត្វឃ្មុំស្រែកយំ  យំបោកខ្លួន         ស្រែកយំផ្ទួនៗអស់ដួងចៃ

ចិន្ដាខឹងណាស់នឹងសត្វរៃ              តើវាធ្វើអ្វីឲ្យប្រាកដ។

២.      បើកភ្នែកមិនទាន់ស្រែកជំទាល       លាន់ឮរាចវាលមិនចេះចប់

ព្រលឹមដល់ថ្ងៃ  ថ្ងៃដល់យប់          ច្រៀងមិនខ្ចីចប់ពួតអស់ដៃ។

៣.      ប៉ុណ្ណឹងនៅមិនទាន់អស់ចិត្ត            រៃនាំចង្រិតច្រៀងបំភ្លៃ

បច្ចុប្បន្នអស់ចិត្តគំនិតថ្មី                 កើតចិត្តចង្រៃបំភ្លៃចាស់។

៤.      ឃ្មុំជ្រេញខំអើតជំទើតមើល            រៃចាស់ចិត្តព្រើលខំប្ដូរផ្លាស់

កែច្នៃបទភ្លេងទំនុកចាស់                យឺតឲ្យរហ័សជាងកាលមុន។

៥.      បទស្លូតរៃប្ដូរឲ្យជាញាក់                 នាំគ្នាកន្រ្តាក់ដូចមនុស្សគ្រុន

ឃ្មុំរឹតខ្លោចផ្សាម្ចាស់បទមុន            ឃ្មុំរែកទុក្ខធ្ងន់ព្រោះសោកស្ដាយ។

៦.      ឃ្មុំស្រែកជេរថាពួកអាឆ្កួត              ពួកឯងនេះខូចកែមិនងាយ

បើខួរវាជ្រុលជាធ្លុះធ្លាយ                យកល្អចេញឆ្ងាយពីដីខ្មែរ។

៧.      រៃឮធ្វើល្ងើហាក់មិនដឹង                  ចេះតែសញ្ជឹងខំខៃកែ

ចង្រិតអួតថាពួកគេថែ                   ធ្វើឲ្យបទខ្មែររឹតតែខ្មែរ។

៨.      ឃ្មុំខឹងប្រឹងស្ដីទៅសត្វរៃ                 មិនបាច់កែច្នៃដល់ម្ល៉ឹងទេ

របស់គេយ៉ាងណាទុកឲ្យថេរ           បើអួតពូកែតែងថ្មីទៅ។

៩.      ពូជខ្មែរធ្លាប់តែរស់ថ្លៃថ្នូរ                 ចេះនឹកអាសូរដល់ញាតិផៅ

ពិសេសអ្នកស្លាប់អតីតនៅ             ស្រមោលកប់ជ្រៅក្នុងបេះដូង។

១០.    ឃ្មុំយំអង្វរថាល្មមហើយ                 រៃចង្រិតអើយអាសូរផង

ឲ្យក្មេងខ្មែរក្រោយស្គាល់គន្លង        អតីតរៀមច្បងអធិរាជ។

១១.    ពាក្យពេចន៍តវ៉ាវាចាឃ្មុំ                  ពីរោះរងំតែគ្រោតគ្រាត

វាបានត្រឹមតែប៉ះត្រចៀក               រៃចិត្តចោលម្សៀតធ្វើមិនដឹង។

១២.    រៃទមិឡបង្វិលពាក្យមុសា              ល្អក់យល់ថាថ្លាអួតឯងហ្នឹង

ពិតជាអស្ចារ្យដូចការប្រឹង              ចំរៀងបែបហ្នឹងនឹងច្នៃថែម។

១៣.   គេជេរថាគេចាប់អារម្មណ៍              ឃ្មុំហួសចិត្តយំទឹកលែងផ្អែម

ពួកទមិឡស្បែកក្រាស់ស្ពឹកហើយថែម  មាយាទដូចឆ្កែស្រែងកែលែងឡើង។

១៤.    ឱ​! បទពីរោះរបស់ចាប                  ពេលនេះប្រែសាបលែងថ្កុំថ្កើង

រៃចង្រិតច្រៀងល្អៀងខុសដើម        បាត់អស់ដង្ហើមសញ្ចេតនា។

១៥.    ឃ្មុំយំបោកខ្លួនផ្ទួនឥតឈប់            យំថ្ងៃយំយប់ខ្ទប់ឱរា

មិនគួរមរតកត្រូវមរណា                 ព្រោះរៃឫស្យាចិន្ដាទមិឡ។

១៦.    ទឹកភ្នែកស្រក់វែកក្លាយជាស្ទឹង        យូរទៅកករឹងប្រៀបដូចព្រិល

ឃ្មុំនៅតែយំដោយមន្ទិល                ពេលណាពួកទមិឡភ្ញាក់ដឹងទោស។

១៧.   ឃ្មុំយំបិទភ្នែកលែងធ្វើដឹង              ស្លាប់ទាំងឈរទ្រឹងសញ្ចឹងប្រោស

សូមឃ្មុំសាក្រោយយល់ត្រូវខុស      កុំធ្វើកំហុសដូចសត្វរៃ។

១៨.    ឃ្មុំស្លាប់ព្រោះលង់ទឹកភ្នែកខ្លួន        តែចិត្តមាំមួនដោយស្មារតី

ឃ្មុំជាបណ្ឌិតប្រាជ្ញាវៃ                    មិនមែនចិត្តព្រៃដូចរៃឡើយ។

១៩.    រៃអួតថាខ្លួនជាបណ្ឌិត                   តែតាមការពិតគឺជាឈ្លើយ

រស់ដង្ហើមគេយល់ថាស្បើយ           ខ្លួនធ្វើខុសហើយឥតពិចារ។

២០.    ចង់រស់កុំរស់ដូចសត្វរៃ                  ត្រូវចេះកែច្នៃដោយហត្ថា

សមត្ថភាពខ្លួនទើបហ៊ឺហា              ឥតមានគេថារឹតកោតខ្លាច។

២១.    បើឆ្កួតគឺឆ្កួត ឆ្កួតតែឯង                  កង្អួតវង្វេងឥតបាចសាច

ឥតមានប៉ះពាល់គេភ័យខ្លាច          ទុក្ខទោសបន្លាចឥតសាចដល់។

២២.    ទោះបីចាបស្លាប់ចាបនៅដឹង          វិញ្ញាណព្រលឹងទុក្ខកង្វល់

ពិសេសកូនចៅដែលសេសសល់     ឈឺធ្ងន់រោគសល់ឥតស្រាកស្រាន្ត។

២៣.   ចាបស្រក់ទឹកភ្នែកសង្វេគឪ            ពុកម៉ែស្លាប់ទៅនៅពុំបាន

មរតកសំនៀងល្អៀងសុខសាន្ត       ធ្វើអ្វីក៏បានតាមចិត្តគេ។

២៤.    ចាបរស់មានឈ្មោះធ្វើមិនដឹង         តាមពួកអាហ្នឹងវារិះរេ

ខ្លួនគ្មានសមត្ថភាពប្រឆាំងទេ          ទ្រាំរស់ទុក្ខទ្វេតាមធម្មជាតិ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

                 

សូរភ្លៀង (បទពាក្យ៧)

១.      ទឹកភ្នែកស្រក់ហូរអាសូរភ្លៀង          ស្រណោះសូរសៀងភ្លៀងកម្សត់

ភ្លៀងយំបោកខ្លួនព្រោះគូព្រាត់        ដូចខ្ញុំកម្សត់ព្រាត់គូស្នេហ៍។

២.      រន្ទះបន្ទោរផ្គរលាន់គ្រាំង                ទឹកភ្លៀងឥតភាំងខ្លាំងឡើងទ្វេ

ខ្ពោកៗជោកដីអាល័យស្នេហ៍          ឯខ្ញុំនឹកគេគ្មានថ្ងៃភ្លេច។

៣.      សន្ធឹកទឹកភ្លៀងខ្ញុំផ្ទៀងស្តាប់           បៀមការឈឺចាប់ស្លាប់ក្នុងចិត្ត

ភ្លៀងរឹតតែខ្លាំងរឹតតែគិត                ឬភ្លៀងផុងចិត្តដូចខ្ញុំដែរ។

៤.      ភ្លៀងផ្តើមហៀរហូរតាមទ  ទឹក        បេះដូងដែលស្ពឹកផ្តើមប្រួលប្រែ

តំណក់ភ្លៀងអើយគួរឲ្យស្នេហ៍        គន់យូររឹតតែចង់ប្រលោម។

៥.      ភ្លៀងស្រក់ហៀរហូរតាមទ ទឹក       ឱ្យអារម្មណ៍ភ្លឹកភ្លេចប្រឈម

ការពិតឃ្លាតឆ្ងាយប្រឌិតលោម       ភ្លៀងស្រក់ប្រលោមលើហត្ថា។

៦.      ភ្លៀងជ្រាបតាមទ ហូរតក់ៗ            រាប់រយតំណក់ស្រក់ស្រស់ថ្លា

តំណក់ភ្លៀងភ្លឺដូចភ័ក្រ្តា                 ជួសចិត្តខ្លោចផ្សាឱ្យល្ហែល្ហើយ។

៧.      ភ្លៀងធ្លាក់តាមទ សូរពីរោះ             ស្តាប់ទៅស្រណោះគ្មានកោះត្រើយ

​          តាំងពីទុក្ខធ្ងន់ប្រែជាស្បើយ            ភ្លៀងឥតព្រងើយប្រស់ស្នេហា។

សៀមរាប ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

សើចបំបាត់ទុក្ខ (បទពាក្យ៧)

១.      សើចខ្លាំងសុខកើតទុក្ខថមថយ                 សើចទាល់តែធ្លាយខ្ចាយប្រមាត់

សើចទាល់តែជ្រុះបេះដូងបាត់                  ហៅសើចប្ដូរផ្ដាច់បាត់ទុក្ខា។

២.      សើចហួសរបួសដល់កែវភ្នែក                   សើចមហាចម្លែក ហូរគង្គា

សើចទាល់ទឹកភ្នែក ស្រក់ហូរហៀរ            សើចទាល់តែជា រោគបេះដូង។

៣.      នេះហៅថាសើចកំញើញទុក្ខ                    សើចជំនះគុករនាំងទ្រូង

សើចសម្លាប់ទុក្ខកប់ជ្រៅរូង                      សើចឲ្យធូរទ្រូងបេះដូងស្រួល។

៤.      សើចទៅកុំនៅលួចលៀមលាក់                 សើចឲ្យស្ដែងជាក់ អស់កម្សួល

សើចទៅកុំក្រែងខ្លាចដេកដួល                  សើចរស់នៅស្រួលកើនអាយុ។

និពន្ធដោយ៖ លាក់ ម៉ាឡែន


ស្តាយក្រោយ (បទពាក្យ៦)

១.      វិបត្តិស្នេហ៍ប្រែព្រោះភ្លៀង              ស្តាយសូរសៀងល្អៀងព្រោះចិត្ត

ស្នេហ៍ដំបូងល្អជីវិត                       យូរបន្តិចស្អិតដើមក។

២.      ស្រលាញ់ណាស់ប្រាស់មិនបាន      អ្វីគ្រប់យ៉ាងសុទ្ធតែល្អ

ចិត្តខុសកាយក្លាយជាស                សុទ្ធតែល្អមិនក្រសោះ។

៣.      ញាតិមិត្តប្រាប់រ៉ាយរ៉ាប់តឿន           កុំគិតលឿនមើលឲ្យអស់

ទ្រព្យមិនមានរៀនឲ្យស្មោះ             ទើបអាចរស់ផុតទុក្ខា។

៤.      មិនយកចិត្តគិតវិភាគ                    ហង្សនិង​នាគសមអស្ចារ្យ

ខួរក្បាលគិតបាត់ទៅណា?             ពេលខ្លោចផ្សាទើបដឹងខ្លួន។

៥.      ភ្លៀងជោកដីស្រីរឭក                    ព្រោះកម្មស្ពឹកនឹកមាំមួន

ភ្លៀងជោគកាយស្តាយរូបខ្លូន          ជ្រុលដូចក្បូនគ្មានគោលដៅ។

៦.      ស្នេហាអើយព្រងើយភ្លេច              ដូចថ្ងៃលិចគ្មានសល់នៅ

សល់តែស្នាមស្រមោលខ្លៅ            កប់យ៉ាងជ្រៅនៅក្នុងចិត្ត។

៧.      ភ្លៀងអើយធ្លាក់ទាក់ចិត្តសោក        នាំវិប្បយោគក្នុងជីវិត

ភ្លៀងនាំស្នេហ៍កែប្រែចិត្ត                សូមជីវិតឋិតក្នុងសុខ។

៨.      ខុសអស់ហើយខ្នើយមង្គល            ប្រែជាកល់តំកល់ទុក្ខ

ភ្លៀងជោកជាំគ្រាំឈឺចុក                ដូចជាប់គុកដោះមិនចេញ។

៩.      ស្រមោលស្នេហ៍កែមិនអស់            ស្រមោលគ្រោះទុក្ខទោម្នេញ

ចង់រត់គេចរឹតតាមដេញ                 ផលចំណេញគឺទឹកភ្នែក។

១០.    សូមស្រីខ្មែរថែជីវិត                       ចងស្នេហ៍ពិតគិតវែកញែក

ពិចារណាមុនថាចែក                    ទើបទឹកភ្នែកមានតម្លៃ។

សៀមរាបថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៧ 

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្នេហ៍ហៃ (បទពាក្យ៧)

១.      ស្នេហាស្នេហ៍ហឺតនិងស្នេហ៍ហៃ      ស្នេហាចង្រៃអ្វីក៏អស់

ទុក្ខស្នេហ៍រឹតខ្លាំងបើរឹតស្មោះ          ស្នេហ៍នេះបាត់អស់ខ្សោះពីខ្លួន។

២.      ស្នេហ៍ស្មោះស៊ីអស់បោកចានបែក   ស្នេហ៍នេះយំស្រែកលែងមាំមួន

អស់ខោអស់អាវយំផ្ទួនៗ                ទឹកភ្នែកលិចខ្លួនសួតប្រម៉ាត់។

៣.      ស្នេហ៍ហឺតស្នេហ៍ហៃចង្រៃណាស់    ស្នេហ៍នេះកម្មក្រាស់ជ្រុះថ្លើមបាត់

សូម្បីពោះវៀនទឹកប្រម៉ាត់              បែកធ្លាយស្រក់ខ្ចាត់គ្មានសល់អ្វី។

៤.      កុំលេងកុំល កុំសាកល្បង               ប្រយ័ត្នមួរហ្មងខ្ពើមផែនដី

កុំល កុំលង់កុំគិតខ្លី                       នោះទើបអ្វីៗប្រសើរឡើង។

៥.      ចាំណាប្អូនប្រុសនិងប្អូនស្រី            បេះដូងខន្តីធ្វើឱ្យថ្កើង

កុំទន់តាមចិត្តមិនរុងរឿង                ប្រឹងឡើងជំនះនឹងជីវិត។

សៀមរាប ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្នេហានិងការអាណិត

១.      សេចក្តីស្នេហា និងការអាណិត       និយាយឲ្យពិត ចិត្តនេះខុសគ្នា

ស្នេហាកក់ក្តៅ អាណិតរងា            កក់ក្តៅ កំព្រា នឹកនាមួយណា?។

២.      អ្នកច្បាស់ប្រាប់ថា ជ្រើសស្នេហាហើយ តែពេលចុងក្រោយ ឲ្យសម្រេចថា

ខ្ញុំជ្រើសអាណិត ក្តិចទងស្នេហា      ទោះបីសោកា ហត្ថាទទួល។

៣.      ស្នេហាកក់ក្តៅ ន័យជ្រៅពិតមែន     តែខ្ញុំវង្វេង គេងក្នុងស្រមោល

ឲ្យធ្វើដូចម្តេច ធ្មេចភ្នែកក្តិចចោល    នឹកថាស្រមោល លែងយោលតាមលង។

៤.      អាណិតពិតធ្ងន់ លើសលន់ស្រលាញ់ បំផុតខ្ញុំចាញ់ ទោម្នេញបេះដូង

បាត់បង់ទាំងពីរ ជីវីស្រពោន           រស់នៅដូចក្បូន សូន្យចិត្តស្លាប់បាត់។

សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្នេហា និងមិត្តភាព(បទពាក្យ៧)

១.      កាលក្មេងលេងស្គាល់តែមិត្តស្រី      មិត្តប្រុសថ្លើមថ្លៃមិនខ្ចីជិត

កុំថាឡើយស្តីឬកៀកកិត                សូម្បីតែជិតមិនស្និទ្ធផង។

២.      នឹកថាខ្លួនស្រីប្រពៃគិត                  ទោះបើស្គាល់មិត្តមិនឱ្យឆ្គង

កុំថាឡើយមុខឬក្រោយខ្នង            មិនខ្ចីឆ្លើយឆ្លងឱ្យតែប្រុស។

៣.      ហឫទ័យនេះក្រៃសែនចង្អៀត         គិតមើលម្តងទៀតត្រូវឬខុស

នៅតែថាត្រូវផ្លូវគ្មានទោស             គឺគ្មានកំហុសខុសនោះឡើយ។

៤.      ផុតពីក្មេងខ្ចីវ័យកណ្តាល                លែងភ័យលែងផ្អើលលែងព្រងើយ

បានស្គាល់ក្មេងប្រុសជំនាន់ក្រោយ  ធ្វើចិត្តទូលាយស្បើយផុតភ័យ។

៥.      លេងស្និទ្ធស្អិតផ្អែមជាងទឹកឃ្មុំ        លេងមិនខ្លាចយំខំលេងក្រៃ

ព្រោះនឹកថាខ្លួនចាស់ហួសវ័យ        ក្មេងប្រុសវ័យខ្ចីមិនប្រកាន់។

៦.      ការពិតមិនស្តាយតែគួរគិត             តើរឿងជីវិតពិតឬភាន់

រស់នៅច្រឡំព្រោះប្រកាន់              ឬច្រឡំភាន់កន្លងមក។

៧.      ឬមកពីវ័យខ្ចីជាងខ្លួន                    ទើបចិត្តមាំមួនហ៊ានព្រលក

លេងដូចជាប្អូនប្រុសបង្កើត            មិនភ័យនឹកភ្នកដូចពេលមុន។

៨.      វេលានេះហើយខ្ញុំដឹងថា                ការពិតស្នេហាមិនលើសលន់

មិនអាចជួយខ្ញុំផុតទារុណ              ទារុណកម្មធ្ងន់ពីស្នេហា។

៩.      មិត្តប្រុសមិត្តស្រីវ័យក្មេងណាស់      ត្បិតអីខ្ញុំចាស់ចិត្តកាយា

ទោះបីពេលខ្លះខ្ញុំដឹងថា                 ធ្វើឱ្យអាត្មាជ្រុលលើសលោះ។

១០.    អារម្មណ៍ខ្ញុំផ្តុំជាបងស្រី                  បេះដូងភក្តីហឫទ័យស្មោះ

ខ្ញុំទុកពួកគេទាំងស្រីប្រុស              វាសនារំដោះទុក្ខជីវិត។

១១.    អរគុណទេវតាមេត្តាខ្ញុំ                   ឱ្យស្គាល់សុខុមរសជាតិពិត

ផ្អែមជាងស្នេហាក្រអូបស្អិត            នោះហើយគឺមិត្តដែលខ្ញុំស្គាល់។

សៀមរាប ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្នេហាពិត!​ (បទពាក្យ៧)

១.      ស្នេហាជាកាផ្តល់ឲ្យមួយ                មិនមែនទុក្ខព្រួយក្នុងជីវិត

ស្នេហាមានន័យតម្លៃពិត                ស្រលាញ់អាណិតចិត្តបរិសុទ្ធ។

២.      ផ្តល់ឱ្យគ្រប់យ៉ាងទាំងឱកាស          វេលាប្តូរផ្លាស់ឥតតក់ស្លុត

គេសុំបែកផ្លូវលែងមោះមុត             ស្នេហាបរិសុទ្ធហ៊ានផ្តល់ឱ្យ។

៣.      មិនចងគំនុំព្យាបាទ                       បេះដូងស្រស់ស្អាតមិនស្តាយក្រោយ

ព្រោះតែស្រលាញ់ទើបផ្តល់ឱ្យ        ឱកាសចុងក្រោយឱ្យជ្រើសរើស។

៤.      តាំងចិត្តហានក្លាវាចាស្តី                 តាំងចិត្តខន្តីឥតទាល់ទើស

គេអស់មេត្រីមិនខ្ចីជ្រើស                គោរពជម្រើសតាមគេចុះ។

៥.      ស្នេហាជាការផ្តល់ឱ្យមួយ              គេរស់ផុតព្រួយជួបក្តីសុខ

ទើបយើងអាចរស់គ្មានកំហុស        ទុក្ខស្នេហ៍ឥតឆ្លុះតបខ្លួនយើង។

៦.      ស្នេហាជាការទទួលយក                ហើយផ្តល់ជម្រកឥតរើសអើង

ទទួលគ្រប់យ៉ាងឥតឆ្នៃឆ្នើង            ជួយលើកតម្កើងដោយចិត្តស្មោះ។

៧.      ពូជឆ្មាឬឆ្កែស្រែឬផ្សារ                   អត្ថន័យស្នេហាត្រូវស្រណោះ

ទទួលគ្រប់យ៉ាងដោយចិត្តស្មោះ      ស្រលាញ់រួមរស់ដោយស្មោះស។

៨.      ទទួលយកហើយចិត្តឲ្យធ្ងន់            បើគេចំអន់កុំភ័យអរ

ស្រលាញ់ទទួលដោយអំណរ          មិនថាខ្មៅសល្អអាក្រក់។

៩.      យល់ព្រមទទួលឬផ្តល់ឱ្យ              រស់នៅថ្ងៃក្រោយមិនកខ្វក់

ស្នេហ៍មិនដូចទឹកកករល្អក់             ទោះគេពង្វក់រស់ឥតបែក។

១០.    នេះហើយហៅថាស្នេហាពិត          ចេះមានគំនិតគិតវែកញែក

ទទួលគ្រប់យ៉ាងទោះត្រូវបែក         មិនខ្ចីយំយែកហ៊ានលះបង់។

សៀមរាប ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៦

និពន្ធដោយ៖ លាក់ ម៉ាឡែន


 

ស្រកទឹក ស្រកចិត្ត(បទពាក្យ៧)

១.      ទឹកស្រកបន្សល់ថ្នល់បាក់បែក        ចិត្តស្មោះរហែកបែកតាមថ្នល់

ទឹកស្រកឆក់យកស្រស់និមល        បងប្រៀបដូចថ្នល់សល់ស្លាកស្នាម។

២.      ដិតដាមដាច់ដោចហោចចិត្តអស់     គ្រាំគ្រាក្រៀមក្រោះទុក្ខក្រិនក្រាម

ធ្លាប់តែហ៊ឺហាប្រែរហាម                 ឈឺឆេះសព្វប្រាណព្រោះប្រាស់ព្រាត់។

៣.      បងស្មានមិនបានជួបអូនទៀត        ស្មានថាឃ្លៀងឃ្លាតលែងកម្សត់

ឃើញអូនម្តងទៀតរឹតជូរចត់           បងរឹតកម្សត់ព្រោះជីវា។

៤.      រូបថតនឹមនួនក្នុងFacc Book                   សើចឡើងស្រស់មុខនិងសង្សារ

ថែមទាំងសរសេរបញ្ជាក់ថា            នេះគឺស្នេហាលើកទីមួយ។

៥.      ពុទ្ធោ!នឹមនួនស្រស់ព្រលឹង             បងដាច់ខ្យល់ភឹងព្រោះទុក្ខព្រួយ

បើអូនថាគេអ្នកទីមួយ                   ចុះបងទុក្ខព្រួយទីប៉ុន្មាន?។

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្រមោលបេះដូង (បទពាក្យ៧)

១.      សុបិនជីវិតប្រឌិតចិត្ត                    បំភ្លៃការពិតឱ្យឃ្លៀងឃ្លាត

សុបិនជីវិតចិត្តចង្អៀត                   សុបិនចោលម្សៀតមិនឃ្លាតប្រាណ។

២.      បេះដូងសង្ឃឹមទន្ទឹងស្អែក              សង្ឃឹមថាបែកអាចវិលបាន

ប៉ុន្តែការពិតខុសការស្មាន              ព្រោះស្អែកមិនបានដូចបំណង។

៣.      ស្អែកមួយស្អែកពីរស្អែកបីបួន          ស្អែកឡើងផ្ទួនៗមិនដូចប៉ង

នៅតែសង្ឃឹមខំបន់ផ្សង                 ថាស្អែកច្រើនដងព្រមប្រណី។

៤.      ជីវិតលង់លក់ក្នុងសុបិន                 ស្រវាំងភាំងភិនដួងហឫទ័យ

បេះដូងងងឹតចិត្តស្រមៃ                  ថាគ្រប់អ្វីៗពិតពុំឃ្លាត។

៥.      បណ្តោយជីវិតលិចលង់ជ្រៅ           ធ្លាក់ជ្រៅរណ្តៅក្តៅគ្រោតគ្រាត

ប្រឌិតការពិតពិតពុំឃ្លាត                ចិត្តរស់ចោលម្សៀតឃ្លាតការពិត។

៦.      មិនដឹងទន្ទឹងដល់ថ្ងៃណា                បេះដូងខ្លោចផ្សាស្រពោនស្វិត

ឱ! ស្អែកអើយស្អែកស្អែកមិនពិត     ឱ! ស្អែកជីវិតចិត្តរង់ចាំ។

៧.      នៅតែស្រមោលដែលគ្មានរូប          រស់នៅរងទុក្ខទ្រូងប្រេះស្រាំ

បេះដូងចំហទន្ទឹងចាំ                     រាងកាយលែងមាំចិត្តខ្ទាំខ្ទេច។

៨.      សូរិយារះហើយចិត្តអើយនឹក          បេះដូងរលឹកនឹកមិនភ្លេច

រសៀលជ្រាលជ្រេរថ្ងៃទេរលិច        ក៏ចិត្តឥតភ្លេចរលឹកបាន។

៩.      អនុស្សាវរីយ៍ញាំញីចិត្ត                  ឆាកល្ខោនជីវិតអតីតដាន

ប្រឡាក់ជាប់ស្អិតដិតជាប់ប្រាណ     លុបលាងមិនបានដានស្នាមគ្រាំ។

១០.    រស់ឃ្លាតអតីតទាំងចិត្តឈឺ             ក្តៅរងាព្រឺឈឺដក់ជាំ

ឃ្លាតទាំងសោកស្តាយកាយលែងមាំ រស់ពិបាកទ្រាំសែនវេទនា។

១១.    ស្នាមជាំដឹកនាំមិនរលុប                 ទ្រូងក្តៅគគុកព្រោះវេលា

បច្ចុប្បន្នឈឺចាប់ព្រោះនឹកនា          អាល័យវេលាគ្រាអតីត។

១២.    អនាគតទៅមុខខ្ញុំឥតនឹក                ស្មារតីភ្លេចភ្លឹកនឹកជីវិត

ឃើញតែស្រមោលលងជម្រិត        គំរាមដួងចិត្តជីវិតខ្ញុំ។

១៣.   អន្ធការរាត្រីកន្លងហួស                  ដំបៅរបួសរឹតតែធំ

ឱ! ក្បូនជីវិតនៃចិត្តខ្ញុំ                     ទុក្ខស្នេហ៍ទ្វេធំពេញខួរក្បាល។

១៤.    វាយោថ្ងួចថ្ងូរអាសូរចិត្ត                  លួងលោមជីវិតឱ្យធូរស្រាល

ទុក្ខតូចទុក្ខធំក្នុងខួរក្បាល              អតីតកាលលាងមិនអស់។

១៥.    បើលាងអតីតស្តាយចិត្តហួស          បើទ្រាំរបួសបេះដូងខ្សោះ

តែចិត្តមិនស្តាយរឿងទាំងអស់        ឱ! ភាពអាលោះមានន័យទេ?។

១៦.    វាយោថ្ងួចថ្ងូរអាសូរចិត្ត                  ភ្លៀងឥតអាណិតចិត្តខ្ញុំទេ

ភ្លៀងបង្ខំខ្ញុំឱ្យនឹកគេ                      បន្ទោសប្រឹងជេរថាខ្ញុំខុស។

១៧.   ខ្យល់អើយជួយឆ្លើយប្រាប់ខ្ញុំផង      ម្តេចក៏មួរហ្មងដាក់កំហុស

ភ្លៀងឥតមេត្តាថាខ្ញុំខុស                 នេះជាកំហុសដ៏សែនធ្ងន់។

១៨.    ទឹកភ្លៀងលិចលង់ដែនពសុធា        ឱ្យខ្ញុំរងាសែនទារុណ

ភ្លៀងឥតអាសូរហូរជោរជន់            បើខ្ញុំទោសធ្ងន់អ្នកណាស្រាល?។

១៩.    ទឹកភ្លៀងកាត់ក្តីឱ្យខ្ញុំចាញ់              រូបខ្ញុំទោម្នេញពេញខួរក្បាល

អ្នកដែលទោសធ្ងន់ប៉ុនមហាសាល  ធ្ងន់មិនមែនស្រាលនោះគឺភ្លៀង។

២០.    ចង់បំភ្លេចស្នេហ៍ដែលជាទោស       តែនៅមិនសុខព្រោះសូរសៀង

ទោះចង់បំភ្លេចចង់លុបលាង          សូរតំណក់ភ្លៀងឥតមេត្តា។

២១.    មិនព្រមលើកទោសដល់រូបខ្ញុំ          ដល់ខែទួញយំលងចិន្តា

បំភ្លេចម្តេចបានបើវេហាស៍             មិនព្រមមេត្តាសន្តោសចិត្ត។

២២.    ណ្ហើយ! ទ្រាំឲ្យភ្លៀងច្រៀងដាក់ទោស នេះជាកំហុសក្នុងជីវិត

ស្លាប់ក្នុងស្រមោលរឿងអតីត          បណ្តោយជីវិតតាមវាសនា។

២៣.   ទោះភ្លៀងស្រែកច្រៀងទម្លាក់ទោស ឥតស្តាយកំហុសលុះមរណា

រឿងរ៉ាវនៃខ្ញុំជាវាសនា                   គឺបណ្តាសាព្រហ្មលិខិត។

២៤.    បើតំណក់ភ្លៀងនៅតែធ្លាក់             នោះសបញ្ជាក់ថាអតីត

នៅតែមានន័យក្នុងជីវិត                 ទទួលការពិតដែលឈឺចាប់។

២៥.    ថ្ងួចថ្ងូរអាសូរសង្វេគចិត្ត                 ពន្លឺជីវិតសែនអួអាប់

រាងកាយរស់នៅបេះដូងស្លាប់         រស់សែនឈឺចាប់អ្វីម្ល៉េះទេ។

២៦.    វិបត្តិបេះដូងយោគវិលវល់              សូរសំឡេងខ្យល់ក្បែរទន្លេ

ប្រលោមលោមចិត្តយំបំពេរ            ឯទឹកទន្លេជួយអាណិត។

២៧.   រាងកាយនឿយណាយរស់ក្រៀមក្រំ ចុះម្តេចប្រឹងខំនឹកអតីត

គួរតែលះបង់ផ្ចង់ជីវិត                    ប្រឡូកការពិតពេលបច្ចុប្បន្ន។

២៨.    ថ្វីកាយមិនជ្រុលតែចិត្តហួស           គឺស្នាមរបួសគ្រោះអាសន្ន

សង្ឃឹមជើងភ្នំជួយបែរបន់              បំប្លែងបច្ចុប្បន្នជាអតីត។

២៩.    ភ្នំក្រោមមនុស្សចោមច្រើនអស្ចារ្យ    គួរអីមេត្តាសម្តែងរិទ្ធិ

ឱ្យខ្ញុំជួបទ្រព្យក្នុងជីវិត                   នោះគឺអតីតកន្លងហួស។

៣០.   ទឹកជ្រោះធ្លាក់ចាកដែនបព្វតា         ប្រៀបដូងសង្ខារដែលដើរហួស

គ្មានថ្នាំបន្សាបលាងរបួស              ឱ្យចាកផុតគ្រោះនេះបានឡើយ។

៣១.   ទុក្ខស្នេហ៍កែប្រែដួងជីវិត                យុវតីដួងចិត្តកុំព្រងើយ

បើប្អូនបានឮបានស្តាប់ហើយ          ប្អូនកុំព្រងើយត្រូវចងចាំ។

៣២.   ខ្លួនក្មេងចិត្តក្មេងកុំប្រឡូក              ក្រែងទុក្ខសោយសោកទ្រូងប្រេះស្រាំ

ដូចរូបបងនេះរស់រងកម្ម                បេះដូងប្រេះស្រាំគ្រាំឥតស្បើយ។

៣៣.   ប្អូនត្រូវវាងវៃពិចារណា                  កុំយកស្នេហាជាខ្នល់ខ្នើយ

អ្វីដែលត្រូវគិតប្អូនត្រូវកើយ            ត្រូវយកជាត្រើយគឺវិជ្ជា។

សៀមរាប ថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤

និពន្ធដោយ៖ លាក់ ម៉ាឡែន

ហេតុអ្វីពិបាក?(បទពាក្យ៧)

១.      ធុញថប់សន្ធប់ ថប់អារម្មណ៍           បេះដូងក្ដៅងំដូចភ្នំភ្លើង

កំពុងឆេះខ្លោច ធ្លោខ្ពស់ឡើង         អារម្មណ៍ដូចភ្លើង ប៉ើងអស់ចិត្ត។

២.      នេះឬអារម្មណ៍ក្នុងចិត្តមនុស្ស         មើលឃើញធ្លាយធ្លុះសោះគំនិត

ស្រកស្រុតកម្លាំង បាំងជីវិត            ធូរឬតឹងចិត្តគិតមិនយល់។

៣.      ស្ដាប់ស្ដីលែងស្ដោះ ព្រោះខ្សោះចិត្ត ដូចមេឃងងឹត ក្រិតកង្វល់

ថាត្រូវតែទុក្ខ មិនផុតខ្វល់               សុខ និងកង្វល់មិនស្កល់នឹង។

៤.      ធុញប្លែកចង់ស្រែកឲ្យបែកមេឃ      ឲ្យជួយរំលែកយកព្រលឹង

នៃភាពសោកសៅកុំនៅទ្រឹង           កុំឲ្យខ្ញុំហ្នឹងប្រឹងរស់យ៉ាប់។

៥.      ទើបដឹងថាមនុស្សរស់ពិបាក           ទឹកចិត្តតោកយ៉ាកជាងការស្លាប់

តែនៅចង់រស់ព្រោះចង់ស្តាប់          ស្តាយការឈឺចាប់ប្រាប់មិនអស់។

៦.      អំពល់វិលវល់វង្វេងហើយ              ចង់កាត់ចិត្តណាយឲ្យរំលស់

តែធ្វើយ៉ាងណាចិន្តានោះ                នៅតែស្ម័គ្រស្មោះចង់រស់ទៀត។

៧.      តើចិត្តបេះដូងគឺជាអ្វី?                   ម្តេចក៏ចង្រៃព្រៃចោលម្សៀត

វាធ្វើឲ្យខ្ញុំទុក្ខចង្អៀត                      ដូចកាំបិតសៀតបៀតមិនឈប់។

៨.      អ្នកណាអាចស្រាយសម្រាយទុក្ខ     ឲ្យខ្ញុំជួបសុខលែងងុលងប់

ជួបភាពសប្បាយឆ្ងាយឈឺចុក        ខ្ញុំព្រមប្តូរសុខដោយបេះដូង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ឡើយហ៊ា ! (បទពាក្យប្រាំពីរ)

១.      ខ្ញុំមានអារម្មណ៍តឹងថប់ណាស់        ខ្ញុំ ”អន្តាស៊ះ” ចង់ឈ្នះចិត្ត

ចង់រស់ចេញឆ្ងាយស្តាយជីវិត          “សន្ធឹងព្រឡិត”ស្វិតរាងកាយ។

២.      ចង់ ”ឡើយសិនហ៊ា” លាចេញទៅ   បេះដូងកក់ក្តៅនៅតែស្តាយ

ស្រណោះដៃស្តាំផ្តាំលើកាយ          នឹកហើយឥតណាយស្តាយស្រណោះ។

៣.      “ឡើយហ៊ា”មិនបានប្រាណ”ណងបឹក”“ពេលព្រប់ប្រែយឹក”នឹកអាឡោះ

បេះដូងក្រៀមស្ពោតហូបមិនអស់    “អំបើយនេះហោះ”គឺខ្នោះស្នេហ៍។

៤.      ក្រៀមស្ពោត”គ្រោតស្ពៀម”ក្រៀមជីវិត មេរោគសណ្ឋិតស្អិតម្ល៉េះទេ

ក្រាមជាប់បេះដូងដូចតាំងម៉ែ          រោគ”ស្នើយនេះហែ”កែប្រែខ្ញុំ។

៥.      ភ័ក្រ្តស្រស់ញញឹម”ភ្នឹមរលែក”         រស់នៅចម្លែកប្លែកម្ល៉េះខ្ញុំ

មាត់ខំលេបបាយ”កាយចំណុំ”         ក្រពះថាកុំខ្ញុំហត់ណាស់។

៦.      ចង់ដើរចេញក្រៅ”ឌៅហួសតើ”        ជើងលើកសើៗដើរបញ្ច្រាស

“ចូញសែ្រកត្អែរទ្អើង”យើងខ្សោយណាស់    លែងចង់បម្រាសផ្លាស់រំលង។

៧.      មាត់ហាហត្ថា”ខ្ចាណាស់និល”         ភ្នែកចាប់ផ្តើមព្រិលវិលសៅហ្មង

ក្រពះចេញក្អួតលាយឈាមផង       ជើងដៃត្រសងដេកដួលសូន្យ។

៨.      ទោះ”អន្តាស៊ះ”មិនឈ្នះចិត្ត            ដួលហើយជីវិតស្វិតបេះដូង

នៅតែញញឹមចាំរូបបង                  ស្នេហ៍ស្មោះកន្លងប៉ងជានិច្ច។

៩.      “ឡើយហ៊ា”គឺលាទៅរហូត              នាំបេះដូងស្ពោតចងនឹងចិត្ត

បណ្តើរទុក្ខាក្នុងជីវិត                      ទុក្ខនែបនិត្យចិត្តឥតឃ្លៀងឃ្លាត។

១០.    លាហើយលាដីព្រៃព្រឹក្សា              លាហើយគង្គាលាធម្មជាតិ

លាអាថ៌កំបាំងលែងមានទៀត        ទុក្ខស្នេហ៍ចោលម្សៀតឃ្លាតរហូត​។

-អន្តាស៊ះ= អន្ទះសា                      -សន្ធឹងព្រលិត= សណ្ធិតព្រលឹង

-ឡើយសិនហ៊ា= លាសិនហើយ      -ឡើយហ៊ា= លាហើយ

-ណងបឹក= នឹកបង                       -ពេលព្រប់ប្រែយឹក= ពេលព្រឹកប្រែយប់

-អំបើយនេះហោះ= អំបោះនេះហើយ         -ស្នើយនេះហែ= ស្នេហ៍នេះហើយ

-ភ្នឹមរលែក= ភ្នែករលឹម                  -កាយចំណុំ= កុំចំណាយ

-ឌៅហួសតើ= ដើរហួសទៅ            -ចូញស្រែកត្អួយទ្អើង=ជើងស្រែកត្អែរត្អូញ

-ខ្ចាណាស់និល= ខ្ជិលណាស់ណា   -គ្រោតស្ពៀម= ក្រៀមស្ពោត

សៀមរាបថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៧

និពន្ធដោយ៖ លាក់ ម៉ាឡែន

អតីតកាល(បទពាក្យ៧)

១.      អក្ខរាថ្ងៃនេះរលេះចិត្ត                    បង្ហាញជីវិតអតីតខ្ញុំ

អតីតកាលក្រាលសែនធំ                ទោះបីខ្ញុំយំក៏មិនអស់។

២.      ស្នេហ៍ខ្ញុំធំណាស់លើវេហាស៍          ធំជាងពសុធាលាហើយហួស

មិនទាបមិនតូចដូចភ្នំខ្ពស់              ស្នេហ៍នេះស្នេហ៍ហួសអស់ពីចិត្ត។

៣.      តែប្រែល្អិតតូចដូចអំបោះ               ព្រោះស្នេហ៍ទាំងអស់មិនបានស្និទ្ធ

បេះដូងម្នាក់ឯងវង្វេងពិត               នេះហើយជីវិតគិតតែម្ខាង។

៤.      ស្មានតែស្នេហ៍ធំដូចភ្នំខ្ពស់             តែវាទាបហួសពីការស្មាន

កម្ទេចស្នេហ៍ខ្ញុំផ្តុំជាដាន                 ការពិតសល់បានភាពអន្ធការ។

៥.      ស្នេហាខ្ញុំអើយបែបនេះឯង             គឺឆ្កួតវង្វេងម្ខាងចិន្តា

ការពិតវរមិត្រស្នេហ៍អ្នកណា           ក៏ខ្ញុំនេះណាមិនដឹងផង។

៦.      ស្តាយណាស់កើតមកមិនក្លាហាន    ទើបស្នេហ៍មិនបានដូចបំណង

តែបើក្លាហានខ្លាចខុសប៉ង             បំណងក្លាយជាភាពអាម៉ាស់។

៧.      បន្ទោសមានតែទោសផែនដី           ឱ្យកើតជាស្រីយល់ន័យច្បាស់

ខ្លាចក្រែងរអែងភាពអាម៉ាស់           ខ្លាចស្នេហ៍ទុក្ខប៉ះប្រាស់គ្រួសារ។

៨.      នេះឬស្រ្តីវ័យដូចខ្ញុំ                        គេចពួនសំងំភ្នំស្នេហា

រត់គេចរបួសហួសខ្លោចផ្សា            បញ្ចប់ឯកានៅម្នាក់ឯង។

៩.      ឥឡូវចាស់ហួសហួសពីឈឺ            បានស្គាល់បានឮភាពវ័យក្មេង

ខ្ញុំអាចញញឹមលែងវង្វេង                រស់ផុតចំបែងដោយរីករាយ។

១០.    ទោះរស់មានឈ្មោះជាមនុស្សព្រៅ   តែខ្ញុំរស់នៅដោយសប្បាយ

មិត្តថ្មីវ័យក្មេងលេងលេបខាយ        ខ្ញុំរស់សប្បាយផុតទុក្ខហើយ។

សៀមរាប ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន


 

អស់ពីចិត្ត(បទកាកគតិ)

១.      ដកបួនប្អូនស្រី                   ដោយចិត្តភក្តី           ស្តីពីចម្ងាយ

ដោយបេះដូងមូល              មិនមានបែកខ្ចាយ     សួស្តីពីឆ្ងាយ

សុខសប្បាយទេ។

២.      ស្គាល់គ្នាកន្លង                   មិនដែលមានហ្មង     មិនដែលវៀចវេរ

ត្បិតអ្នកជាស្រី                   តែប្រៀបដូចស្នេហ៍    ក្រអូបម៉្លេះទេ

ស្នេហ៍មិត្តភាពយើង។

អស់ពីបេះដូង (បទកាកគតិ)

១.      ស្នេហាងងឹត                      ពពកបាំងជិត           ងងឹតសូន្យឈឹង

ស្រមោលអន្ធការ                ខាបយកព្រលឹង       ឱ្យរស់នៅទ្រឹង

មនុស្សគ្មានវិញាណ។

២.      ស្មានថាងងឹត                    មិនអាចភ្លឺចិត្ត           ថ្នាំព្យាបាលគ្មាន

អភិនីហារ                         ឱ្យរូបខ្ញុំបាន             ជួបមិត្តកល្បាណ

រស់រានជាថ្មី។
៣.      ខ្ញុំអាចញញឹម                    មានក្តីសង្ឃឹម           សម្លឹងផែនដី

កែប្រែវាសនា                    ជីវិតជាថ្មី                 នឹងមិត្តក្មេងខ្ចី

ប្រុសបីមួយចិត្ត។

៤.      ឱ! ពៅពន្លក                      ទាញចិត្តខ្ញុំមក          ឱ្យធូរលែងស្អិត

ឱ! ភ្លៀងរលឹម                    លែងសង្កត់ចិត្ត        ព្រោះរូបវរមិត្រ

ទាំងបីអង្គា។

៥.      BaByសម្លាញ់                    ប្រៀបដូចសំណាញ់  បង់យកទុក្ខា

ឱ្យបងរស់នៅ                    ដោយគ្មានបញ្ហា       ចេះប្រើសង្ខារ

បត់បែនរកផ្លូវ។

៦.      ដកបួនខ្លួនចិត្ត                   នេះហើយជីវិត         រូបបងនិងពៅ

បងរីករាយណាស់              ទេវតាតម្រូវ             ឱ្យបានជួបពៅ

ក្នុងBBU។

៧.      ចិត្តលែងកំសាក                 បងលែងសម្រាក      ប្រឹងប្រែងតស៊ូ

មិនអស់សង្ឃឹម                  ធ្លាប់មានជាយូរ        ប្រឹងប្រែងតស៊ូ

ប្តូរយកក្តីសុខ។

៨.      ប្រអប់បេះដូង                    ដែលមានទាំងបួន     ប្រអប់កប់ទុក

ដាក់អូនទាំងបី                   សល់មួយគឺទុក        ដើម្បីប្តូរសុខ

ពីទុក្ខស្នេហា។

៩.      បណ្តាំចុងក្រោយ                បងមិនចង់ឱ្យ           ភ័ព្វព្រេងវាសនា

ក្លាយជាអាវុធ                    កាប់ចាក់ប្រហារ       ឱ្យរូបជីវា

បំភ្លេចបងឡើយ។

១០.    ដកបួនប្អូនប្រុស                 បើមានទុក្ខទោស      សូមប្អូនបានស្បើយ

contactសូន្យដប់                ប្រាំពីរឆ្លងឆ្លើយ        ៨៩៩ហើយ

សូន្យហាប្រាំបី។

សៀមរាប ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨

និពន្ធដោយ៖ លាក់ ម៉ាឡែន

L O V E (បទពាក្យ៧)

១.      loveមានន័យថាស្នេហាមួយ           ពាក្យនេះនាំព្រួយព្រោះន័យថា

“L” lake of tears ទ្វារនេត្រា           ទឹកភ្នែកសោកាក្លាយជាស្ទឹង។

២.      ​ឯ “O” ocean of sorrow                គឺទុក្ខធ្ងន់ធ្ងរហួសការប្រឹង

ស្នេហ៍សមុទ្រទុក្ខចុកសញ្ជឹង           ភ្នែកបញ្ឈរទ្រឹងសម្លឹងស្នេហ៍។

៣.      ចំណែក “V” valley of death          បើសិនជាធ្វេសអស់ផ្លូវកែ

ផ្លូវជ្រោះមរណៈចាំថ្នមថែ               End of life ប្រែងងឹតសូន្យ។

៤.      នេះហើយគឺ L O V E                             កើតទុក្ខញាំញីក្នុងបេះដូង

ខ្មែរឬអង់គ្លេសត្រូវតែសូន្យ             ដើរជាន់ខុសក្បូនគឺធ្លាក់ទឹក។

សៀមរាប ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៦

និពន្ធដោយ៖ លាក់ ម៉ាឡែន

 


 

 ឱសឱ! Facebook (បទពាក្យ៧)

១.      Facebookវាយលុកពេញទីផ្សារ      អូហូ! សុខាក្រៃកន្លង

ជួយចិត្តឱ្យស្រស់ស្រាយចំណង      មិត្តថ្មីសាសងសប្បាយណាស់។

២.      អង្គុយនៅតែមុខFacebook            ម្ង៉ៃៗសំកុកដៃរហ័ស

យ៉ោះ! សែនអស្ចារ្យមុខថ្លាណាស់    ញញឹមត្រចះមានរស្មី។

៣.      សាសងឌឺដងចេញផ្លែផ្កា                ដុះត្រួយស្នេហាវែងមិនខ្លី

យូរទៅរឹងមាំចាក់ជាប់ដី                 ដួងចិត្តអាល័យក្រៃដង្ហក់។

៤.      អីយ៉ា! ឮហើយបទចម្រៀង             សូរស័ព្ទដូចសៀងភ្លៀងធ្លាក់ស្រក់

ទឹកភ្នែកស្រក់ម៉ាត់ហូរតក់ៗ            ព្រាបសុវត្ថិដង្ហក់ស្ទើរធ្លាយទ្រូង។

៥.      ដៃលឿនរហ័សប្រែជាស្ពឹក             លែងឃ្លានស្រេកទឹកស្ពឹកបេះដូង

ធ្លាប់ស្រស់ប៉ប្រឹមប្រែស្រពោន        Facebook ឆក់អូនពីបងហើយ។

៦.      ឱសឱ! Facebook ខ្ញុំទុក្ខធំ             ក្តៅដូចភ្លើងភ្នំងំឥតខ្ចាយ

ណែនទ្រូងស្ទះឈាមលែងឃ្លានបាយ Facebook ស្នេហ៍អើយរស់យ៉ាងណា?

៧.      ថាហើយមិនជឿជឿFacebook       ឥឡូវសមមុខហើយអាវ៉ា

មុខស្រស់ប្រែស្ញេញដូចសត្វស្វា      ថាអឺយ អឺយថា អត់ជឿអញ។

៨.      ឈប់យំទះទ្រូងងើបក្បាលឡើង      បើគេរើសអើងឈប់ស្រលាញ់

ឯងនៅមានមិត្តដូចរូបអញ             កំដរសម្លាញ់លេងតទៀត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: