ប្រលោមលោក “បេះដូងកវី”
អារម្ភកថា
តន្រ្តីអាចធ្វើឲ្យចិត្តមនុស្សលន្លង់លន្លោចខ្លោចចិត្ត ស្រក់ទឹកភ្នែក ពុះកញ្ជ្រោល និងសោកសៅ តែផ្ទុយទៅវិញ វាក៏អាចធ្វើឲ្យមនុស្ស ញញឹមនិងមានសេចក្តីសង្ឃឹមក្នុងជីវិតផងដែរ។ តើអ្វីទៅទើបធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍បែបនេះ?
អ្នកស្តាប់ឈឺចាប់ អ្នកស្តាប់រីករាយ តែពេលខ្លះអ្នកស្តាប់គឺធុញទ្រាន់។ ជាការពិតណាស់ បទភ្លេងដែលបង្ហាញពីអារម្មណ៍ទាំងនេះ ឆ្លុះបញ្ចាំងពីកវីនិពន្ធ ដែលសម្រិតសម្រាំងធ្វើវាឡើងពីអារម្មណ៍ពិត បេះដូងពិត ពុំមែនគិតតែពីផលប្រយោជន៍ ផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ តើមានកវីនិពន្ធប៉ុន្មាននាក់ ដែលស្គាល់ពី អារម្មណ៍ពិត បេះដូងពិត? តើអារម្មណ៍ពិត បេះដូងពិតនេះ អាចប្តូរនឹងបញ្ហាក្រពះបានដែរឬទេ? និយាយដល់ត្រង់នេះ វាជាបញ្ហាឈឺចាប់ខ្លាំងណាស់ ពីព្រោះសិល្បៈចម្រៀងយើងសព្វថ្ងៃ កុំថាឡើយបទភ្លេង សូម្បីតែទំនុកច្រៀងមួយចំនួន ក៏យើងប្រែចេញពីគេមកដែរ។ ខ្ញុំតែងសួរខ្លួនឯងថា យើងពិតជាមិនអាចធ្វើបានមែនអ្ហេ? ឬមួយមកពីយើងមិននាំគ្នាធ្វើ? ខ្ញុំជឿថាអ្នកស្តាប់នឹងព្រមស្តាប់នូវអ្វីដែលយើងមាន ហេតុអ្វីក៏យើងមិននាំគ្នាដើរមួយជំហានទាំងអស់គ្នាទៅ ឲ្យសមនឹងពាក្យមួយឃ្លាដែលនិយាយថា កម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយ។
គ្រាន់តែនិយាយហាក់ដូចជាស្រួលណាស់ តែក៏ដឹងច្បាស់ថាធ្វើ គឺពិតជាពិបាក។ ការនិពន្ធបទភ្លេង មិនងាយស្រួលដូចជាតែងកំណាព្យនោះទេ វាត្រូវពឹងផ្អែកយ៉ាងខ្លាំងក្លាទៅលើឧបនិស្ស័យដែលមានពីធម្មជាតិមករបស់កវីនោះ តែបើយើងក្រឡេកទៅមើលពិភពលោកជុំវិញខ្លួនយើងនោះ ហេតុអ្វីក៏គេអាចធ្វើបាន? ចម្រៀងកូរ៉េ និងចិនត្រូវបានពេញនិយមនិងចម្លងតាមយ៉ាងខ្លាំងក្លានៅកម្ពុជា នេះមិននិយាយដល់ក្បាច់រាំផង។ តើមានអ្នកស្តាប់ប៉ុន្មាននាក់ ដែលចាប់អារម្មណ៍ពីបញ្ហានេះ? ខ្ញុំជឿថា មិនច្រើន ប៉ុន្តែក៏មិនតិចដែរ។
រឿងបេះដូងកវី បង្ហាញពីជីវិតក្មេងស្រីម្នាក់ ដែលជាកម្មករសម្អាតផ្លូវសាធារណៈ នាងមិនចេះអក្សរភ្លេង ហើយក៏ពុំធ្លាប់ចូលសាលាសិល្បៈអ្វីដែរ តែនាងមានឧបនិស្ស័យជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងដែលមិនគួរឲ្យជឿ។ ពិសេសលើសនេះទៅទៀត នាងមានសមត្ថភាពជំនាញពីកំណើតមក នោះគឺនាង អាចធ្វើសំឡេងរបស់នាង ជាមនុស្សស្រីក៏បាន ជាមនុស្សប្រុសក៏បាន។
ខ្ញុំជឿថា រឿងនេះ នឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងមានភាពកក់ក្តៅព្រមទទួលយកអ្វីដែលយើងមាន ហើយជឿជាក់លើអ្វី ដែលយើងអាចធ្វើបាន ដោយមិនចាំបាច់លួចចម្លងរបស់គេនោះទេ។ យើងគួរតែចាប់ផ្តើមធ្វើទាំងអស់គ្នាចាប់ពីពេលនេះទៅ ដើម្បីឈានជើងចូលក្នុងទីផ្សារអន្តរជាតិ និងឲ្យពិភពលោកទទួលស្គាល់យើង។ លាក់ ម៉ាឡែន
ផ្តើមរឿង
រសៀលជ្រាលជ្រេថ្ងៃទេរលិចបាត់ តែផែនដីពុំទាន់ងងឹតស្លុបនៅឡើយទេ នៅតាមបណ្តោយផ្លូវផ្សារចាស់នាក្រុងសៀមរាបពោរពេញទៅដោយមនុស្សពោរពាស។ បើយើងក្រឡេកមើលទៅតាមបណ្តោយស្ទឹងវិញ គឺរឹតតែប្លែកភ្នែកថែមទៀត ព្រោះនៅទីនោះហាក់ដូចជាសួនកម្សាន្តប្រកបដោយក្លិនក្រអូបសាយនៃផ្ការំដួល។ ទន្ទឹមនឹងនោះគេក្រឡេកឃើញមានយុវវ័យមួយគូ ដែលម្នាក់ គឺដឹងច្បាស់ថាជាយុវតី តែម្នាក់ទៀត ហាក់ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ព្រោះតែមិនអាចនិយាយបានថា គេជាប្រុសឬស្រី? យុវវ័យទាំងពីរជជែកគ្នាយ៉ាងសប្បាយរីករាយ ហើយក៏ពុំបានគិតខ្វល់ពីអ្នកដែលនៅជុំវិញខ្លួនឡើយ។ ជាមួយគ្នានោះ គឺមានយុវជនម្នាក់កំពុងអង្គុយនៅលើបង់កៅអី ពីក្រោយពួកនាងដែលអង្គុយនៅច្រាំងស្ទឹង។
-នេះឯងច្រៀងចម្រៀងរបស់សំនៀង ពិចិត្រទៀតហើយអ្ហេ?
-យ៉ាងម៉េចច្រៀងមិនបានទេអ្ហ៊ៃ? គាត់ជានិមិត្តរូបរបស់ខ្ញុំណា
-គាំទ្រណាស់ហ្ន៎
-ត្រូវហើយ! មិនដូចជាឯងទេ តារាចម្រៀងដូចជាបងពិចិត្រ ទាំងរូបសម្ផស្ស ទាំងសំឡេង ថែមទាំងវ័យក្មេងទៀត ឯងគិតថា នៅមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ទស្សនិកជនទៀតអ្ហេ ឯងមិនគិតថា ឯងតម្រូវការខ្ពស់ពេកទេអ្ហេ?
-ត្រូវហើយ! បងពិចិត្រឯង គឺមានគុណសម្បត្តិគ្រប់គ្រាន់ទាំងអស់ តែគេខ្វះ ម្យ៉ាង គឺខ្វះរបស់ដែលជាកម្មសិទ្ធិខ្លួន
-ស្អីគេ?
-ឯងគិតទៅមើល គេជាអ្នកចម្រៀងល្បី និងមានប្រជាប្រិយភាពបំផុតនៅប្រទេសយើង ប៉ុន្តែសូម្បីតែបទចម្រៀងមួយបទ ដែលជាកម្មសិទ្ធិរបស់ខ្លួន ក៏គេគ្មានដែរ ខ្ញុំគិតថា គេដូចជាអន់ពេកហើយ អន់ជាងខ្ញុំទៅទៀត
-ហាស់ៗ!ឯងយកអ្នកចម្រៀងល្បីមកប្រៀបធៀបនឹងកម្មករសម្អាតផ្លូវសាធារណៈដូចជាឯងអ៊ីចឹង មិនហួសហេតុពេកទេអ្ហេ?
-មានអីហួសហេតុ ឯងគិតថាខ្ញុំ និយាយខុសអ្ហេ ឯងគិតទៅមើល ជាក់ស្តែងដូចជាបទដែលឯងច្រៀងអម្បាញ់មិញ ឯងដឹងចម្លងចេញមកពីណាទេ បទភ្លេងចម្លងទាំងស្រុងពីប្រទេសកូរ៉េ គឺបទ I will promise you ចំណែកបទ មួយទៀតដែលឯងច្រៀងពីពីរថ្ងៃមុនគឺបទ To night ជាចម្រៀងរបស់ចិន និងបទមួយទៀត ឆាន់យ៉ាកហួចៃធើ គឺចម្លងពីប្រទេសថៃ ហើយនៅមានជាច្រើនទៀត គឺសុទ្ធតែចម្លងទាំងអស់ ឯងគិតទៅមើលអ្នកចម្រៀងល្បីនៅប្រទេស
យើងគឺអ៊ីចឹងអ្ហេ ដូចជាធ្វើឲ្យខ្ញុំអស់សង្ឃឹមពេកហើយ
-ជ្រិញណាស់! អ៊ីចឹង ឯងមិនទៅតែងបទភ្លេងថ្មីឲ្យគេច្រៀងទៅ
-ទៅតើ បើសិនជាគេទទួលយកខ្ញុំ
-និយាយអ៊ីចឹង ឯងនៅតែជាអ្នកនិពន្ធស្រមើស្រមៃនៅតាមចិញ្ចើមផ្លូវដដែលហ្នឹង
-មិនដឹងធ្វើម៉េចទេ! ប៉ុន្តែខ្ញុំសួរឯងន្តិចចុះ ឯងគ្រាន់តែឆ្លើយថា គួរឬមិនគួរបានហើយ
-និយាយមក!
-អ្នកចម្រៀងឯទៀតមិននិយាយ សំដៅតែទៅលើលោកសំនៀង ពិចិត្រ ខ្ញុំគិតថា កិត្តិស័ព្ទរបស់គាត់ គឺល្បីទូទាំងប្រទេសហើយ ហើយក៏គិតថា គាត់ក៏ប្រហែលជារកលុយបានច្រើនដែរ ម្យ៉ាងទៀតអក្សរភ្លេងគាត់ក៏ចេះ គាត់គួរតែលះបង់ពេលវេលា និងឱកាសលុយទាំងអស់នោះខ្លះ ប្រមូលតន្រ្តីករ និងអ្នកនិពន្ធមកសរសេរបទភ្លេងដោយខ្លួនឯង ធ្វើជារបស់ខ្លួនឯង ដើម្បី ឈានជើងចូលក្នុងទីផ្សារអន្តរជាតិ ដូចជាប្រទេសកូរ៉េ ចិន ថៃជាដើម ហើយពិសេសនោះ នៅពេលដែលគាត់ស្លាប់ទៅ គេនឹងនៅចងចាំគាត់ ដូចជាលោកតាស៊ិន ស៊ីសាមុត អ៊ីចឹង តើឯងគិតថា គាត់គួរតែធ្វើទេ?
-និយាយដូចជាឯងក៏ត្រូវដែរ ប៉ុន្តែតើមានប៉ុន្មាននាក់ដែលគិតដូចជាឯងនោះ? ឥឡូវខ្ញុំសួរឯង បើសិនជាពេលនេះ ឯងបានជួបនឹងគាត់ តើឯងហ៊ាននិយាយជាមួយគាត់ពីបញ្ហានេះទេ?
-មុខខ្ញុំគេមិនមើលផង កុំថាឡើយដល់និយាយនោះ
-អ៊ីចឹងអត់បានការដដែល
-តោះពួកយើងទៅផ្ទះទៅ
វគ្គ១ ស្វែងរកកវីវ័យក្មេង
រាជធានីភ្នំពេញ
ក្រោយពីការប្រគុំតន្រ្តីមួយយ៉ាងធំនៅកោះពេជ្រ តារាចម្រៀងល្បីវ័យក្មេង សំនៀង ពិចិត្រ កំពុងតែដើរប្រដេញជជែកគ្នាជាមួយនឹងជំនួយការរបស់ខ្លួន ហាក់ពុំចុះសម្រុងគ្នាទាល់តែសោះ។ ចូលទៅដល់បន្ទប់ថតសំឡេងលោក សុវណ្ណ ជាជំនួយការផ្ទាល់របស់យុវជនបន្លឺ៖
-ឈប់សិន! ……..តើឯងស្តាប់បងនិយាយសិនបានទេ? ឯងដឹងថា ឯងកំពុងតែធ្វើអីទេ? សំដីក្មេងតាមចិញ្ចើមថ្នល់ម្នាក់ ក៏ឯងយកមកគិតដែរអ្ហេ?
-តែខ្ញុំគិតថា ខ្ញុំដូចជាក្មេងប្រុសម្នាក់នោះនិយាយអ៊ីចឹង ហើយក៏ប្រហែលជាចំណុចនេះហើយ ដែលប៉ាខ្ញុំមិនពេញចិត្តឲ្យខ្ញុំធ្វើជាអ្នកចម្រៀង
-ឯងកុំគិតផ្តេសផ្តាសបានទេ ប្រទេសយើងគឺអ៊ីចឹង បើឯងមិនធ្វើអ៊ីចឹង ឯងរត់មិនទាន់គេទេ
-តែដល់ពេលហើយដែលខ្ញុំមិនចង់ធ្វើអ៊ីចឹងតទៅទៀត ខ្ញុំមិនចង់ធ្វើឲ្យ សូម្បីតែក្មេងកម្មករសម្អាតផ្លូវក៏អស់សង្ឃឹម និងគ្មានជំនឿចិត្តមកលើខ្ញុំដែរ
-តែឯងមានជំនឿចិត្តទេ ថាឯងអាចធ្វើបានជោគជ័យ
-ទោះបរាជ័យ ក៏ខ្ញុំត្រូវតែធ្វើដែរ
-ឯងឆ្កួតហើយ!
-ពួកឯងជជែកគ្នារឿងអី?
លោកប្រាក់ នាគ ជាចាងហ្វាងផលិតកម្មនាគ ទេព ហើយក៏ជាផលិតករផងដែរ។ បន្ទាប់ពីឃើញសំនៀង ពិចិត្រ និងជំនួយការជជែកគ្នា លោកក៏ហៅអ្នកទាំងពីរចូលទៅបន្ទប់ធ្វើការរបស់ខ្លួន៖
-ពួកឯងមានរឿងអី ទើបជជែកគ្នាខ្លាំងៗយ៉ាងនេះ?
-ពួកខ្ញុំគ្មានរឿងអីធំដុំទេ លោកចាងហ្វាង
-ខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោក
-តើឯងចង់ធ្វើស្អី?
-និយាយទៅ!
-ខ្ញុំមិនចង់ច្រៀងបទដែលចម្លងពីបរទេសទៀតទេ ដូចនេះ ខ្ញុំសុំច្បាប់លោកសម្រាកមួយរយៈដើម្បីសរសេរបទភ្លេងថ្មីដោយខ្លួនឯង
-លោកចាងហ្វាងកុំស្តាប់គេអី គេគ្រាន់តែ……….
-និយាយតទៅទៀត
-ខ្ញុំបានរើសកន្លែងរួចហើយ ខ្ញុំនឹងទៅខេត្តសៀមរាបរកក្មេងប្រុសម្នាក់ដែលមានឧបនិស្ស័យក្នុងការធ្វើបទភ្លេង និងនិពន្ធទំនុកច្រៀងឲ្យមកធ្វើការជាមួយ
-មានជំនឿចិត្តទេ?
-មាន!
-អ៊ីចឹង តើឯងមានត្រូវការអ្វីខ្លះទេពីក្រុមហ៊ុន?
-មិនត្រូវការទេ? ឲ្យតែលោកយល់ព្រមឲ្យខ្ញុំទៅ
-បេះដូងខ្មែរមានពិតប្រាកដហើយ ឯងទៅចុះ
-អរគុណលោកចាងហ្វាង
-ប៉ុន្តែខ្ញុំឲ្យពេលឯងបីខែ ជោគជ័យក៏ដោយ បរាជ័យក៏ដោយ បីខែក្រោយ ឯងត្រូវត្រឡប់មកផលិតកម្មខ្ញុំវិញ
-បាទទាន!
-សុវណ្ណ! ឯងចង់នៅទីនេះក៏បាន ចង់ទៅជាមួយពិចិត្រក៏បាន ខ្ញុំមិនថាអីទេ
-អរគុណលោកចាងហ្វាង…….គេធ្វើម៉េចនឹងអាចអត់ខ្ញុំបាន ខ្ញុំទៅជាមួយគេចុះ
-អរគុណបង!
-ឯងគិតទៅអង្កាល់?
-បាទគឺស្អែកនេះ
ខេត្តសៀមរាប
គ្រាន់តែឃើញផ្ទះដ៏តូច ហើយហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ សុវណ្ណបន្លឺ៖
-នេះជាផ្ទះ ឬក៏ជាខ្ទម ហេតុអីក៏យើងត្រូវមកនៅកន្លែងនេះទៅវិញ?
-ផ្ទះឬខ្ទមគឺវាដូចគ្នាទេ ក្រែងយើងមកសម្រាក មកលាក់ខ្លួនតើ ត្រូវតែនៅផ្ទះបែបនេះឯង
-ឱ! អ្នកចម្រៀងដ៏សែនល្បីអើយ លោកមិនគិតថា កម្សត់ខ្លួនពេកទេអ្ហ៊ៃ?
-បងឈប់និយាយទៅ យ៉ាងណាក៏ពួកយើងត្រូវនៅទីនេះដែរ ឆាប់ចូលទៅ
ជាការពិតណាស់ ផ្ទះគឺតូចមែន ប៉ុន្តែចូលដល់ក្នុង គឺមានរបៀបរៀបរយខ្លាំងណាស់ មានឧបករណ៍ភ្លេង មានបន្ទប់ថតសំឡេងដ៏តូចមួយ និងមានគ្រែសម្រាប់គេងពីរ ព្រមទាំងបន្ទប់ទឹកផងដែរ។ សុវណ្ណលាន់មាន់សារជាថ្មី៖
-អូហូ! មិនអន់ឯណា ម៉ាស៊ីនត្រជាក់ទៀត
-យ៉ាងម៉េច បងថាជាខ្ទមឬផ្ទះ?
-ប្រាកដជាផ្ទះហើយ ចាត់ទុកថាឯងគ្រាន់បើ…….អ្ហើយ! ទៅគេងសិន!
សុវណ្ណរត់ទៅគេងលើគ្រែ ហើយនិយាយ៖
-នេះពិតជាចង់ទៅរកក្មេងប្រុសនោះមែនអ្ហេ?
-ត្រូវហើយ!
-ទៅរកគេនៅឯណា?
-តាមផ្លូវដែលជួបគេពីថ្ងៃមុន
-ឯងគិតទៅចាំគេរៀងរាល់ថ្ងៃអ្ហេ?
-គេជាកម្មករសម្អាតថ្នល់ គេប្រាកដជានៅទីនោះ
-ព្រះជាម្ចាស់អើយ ឯងមានការព្យាយាមបែបនេះតាំងពីពេលណាមក?
-ប្រហែលទើបតែមានទេ បន្ទាប់ពីឮក្មេងប្រុសនោះជេរខ្ញុំហើយ
-អ្ហើយ! ខ្ញុំប្រហែលជាឆ្កួតដោយសារឯងហើយ
-ល្ងាចនេះ ខ្ញុំទៅរកគេ តើបងទៅទេ?
-ខ្ញុំជាជំនួយការឯង បើមិនទៅតាមឯង ឲ្យទៅណា
កំពុងជជែកសំឡេងគោះទ្វារបន្លឺឡើង សុវណ្ណឧទានទៅរកពិចិត្រ៖
-ក្រែងយើងទើបតែមកដល់ទេអ្ហេ តើនរណាដឹងពីអាសយដ្ឋានរបស់យើង
-មិនដឹងទេ! ចាំខ្ញុំទៅបើក
-មិនបានទេ! ឯងទៅរកកន្លែងលាក់ខ្លួនទៅ បើអ្នកកាសែតដឹងថាឯង នៅទីនេះ គឺវីវរហើយ………ឆាប់ទៅៗ
ពិចិត្រស្តាប់តាមសុវណ្ណក៏រត់ចូលទៅក្នុងបន្ទប់ទឹកលាក់ខ្លួន គ្រាន់តែបើកទ្វារខ្វាក សុវណ្ណលាន់មាត់ឡើងដោយសេចក្តីត្រេកអរ៖
-គឺពួកឯងទេអ្ហេ! ហេតុអីក៏មកដល់ទីនេះបាន?
-លោកចាងហ្វាងឲ្យពួកខ្ញុំបីនាក់នេះ មកជួយបងពិចិត្រ
-ពុទ្ធោលោកចាងហ្វាង! លោកមានចិត្តល្អពេកហើយ ពិចិត្រ! តើឯងលាក់ខ្លួនដល់ណាទៀត ឆាប់ចេញមក ពួកឯងចូលមក
-នេះគាត់ប្រហែលជាគិតថា ពួកខ្ញុំជាអ្នកកាសែតហើយមែនទេ?
-ពួកឯងបីនាក់ទេអ្ហេ! (ពិចិត្របន្លឺ)
-លោកចាងហ្វាងឲ្យពួកខ្ញុំមកជួយបងបង្កើតបទភ្លេងថ្មី
-ពិតមែនអ្ហេ!
-លោកចាងហ្វាងសង្ឃឹមថា បងអាចធ្វើបាន
-អរគុណពួកឯង! ប៉ុន្តែទីនេះ………
-ពួកខ្ញុំដេកត្រង់ណាក៏បានដែរបង ត្រូវហើយ! ចុះរឿងអ្នកនិពន្ធទំនុកច្រៀងនោះបង
-លោកចាងហ្វាងមានប្រសាសន៍ថា បើបងត្រូវការអ្នកនិពន្ធ គាត់នឹងបញ្ជូនមក ឲ្យតែបងតេទៅប្រាប់គាត់ទៅបានហើយ
-មិនចាំបាច់ទេ! ខ្ញុំនឹងទៅស្វែងរកគេដោយខ្លួនឯង ពួកឯងប្រហែលជាហត់នឿយហើយ សម្រាកសិនចុះ ខ្ញុំទៅក្រៅមួយភ្លែត
-ពួកឯងសម្រាកចុះ ខ្ញុំទៅតាមគេ
ពិចិត្រ និងសុវណ្ណកំពុងនៅតាមដងផ្លូវ ដែលបានជួបយុវវ័យពីរនាក់កាលពីថ្ងៃ
មុន ប៉ុន្តែមេឃចាប់ផ្តើមងងឹតទៅហើយ យុវជននៅតែមិនឃើញមនុស្ស ដែលខ្លួនរកទាល់តែសោះ។ សុវណ្ណនិយាយ៖
-ពួកយើងត្រឡប់ទៅវិញទៅ ថ្ងៃនេះគេប្រហែលជាមិនបានមកធ្វើការទេ
-ពិតមែនហើយ! ចាំស្អែកពួកយើងមកពីថ្ងៃបន្តិច
-ឯងកុំថាខ្ញុំនិយាយច្រើនណា ចុះបើឯងរកមិនឃើញក្មេងប្រុសម្នាក់នោះ ឯងគិតយ៉ាងម៉េច?
-តែខ្ញុំមានជំនឿចិត្ត ថាខ្ញុំអាចរកគេឃើញ
-ការពិតអ្នកនិពន្ធយើងក៏មានដែរ ហេតុអីក៏ចាំបាច់តែក្មេងប្រុសម្នាក់នោះ
-ខ្ញុំត្រូវការអារម្មណ៍ពិត និងបេះដូងពិតរបស់គេ ឈប់និយាយទៅ ពួកយើងទៅវិញ
-អារម្មណ៍ពិត បេះដូងពិតស្អី ខ្ញុំមិនយល់ពីឯងទេ
សំនៀងពិចិត្រ ពិតជាស្វែងរកអារម្មណ៍ពិត បេះដូងពិតមែន។ ដប់ថ្ងៃហើយ ដែលនាយមកអង្គុយចាំក្បែរមាត់ស្ទឹង តាមបណ្តោយផ្លូវផ្សារចាស់ តែហាក់ពុំឃើញស្រមោលយុវជនវ័យក្មេងទាល់តែសោះ។ ចំណែកតន្រ្តីករបីនាក់ ដែលរួមសុខរួមទុក្ខជាមួយគេ ក៏មិនយល់ពីចិត្តរបស់គេដែរ ព្រោះថាបទភ្លេង បានបង្កើតរួចហើយជាបណ្តើរៗ ប៉ុន្តែបែរជាគ្មានទំនុកច្រៀងទៅវិញ។
នៅលើកៅអីក្បែរមាត់ស្ទឹង សុវណ្ណនិយាយទៅកាន់យុវជន៖
-តើពួកយើងត្រូវចាំបែបនេះដល់ណាទៀត?
-ខ្ញុំកំពុងតែសម្លឹងរកគេ បងកុំឈរពីមុខខ្ញុំ បានទេ?
-លោកម្ចាស់អើយលោកម្ចាស់ ដប់ថ្ងៃហើយណា! នេះជាលើកទីមួយហើយ ដែលខ្ញុំឃើញឯងមានចិត្តអំណត់បែបនេះនោះ?
-ដើម្បី……..
-ខ្ញុំដឹង! ដើម្បីអារម្មណ៍ពិត បេះដូងពិត ប៉ុន្តែបើនៅតែយ៉ាងនេះទៀត ឯងគិតដោះស្រាយយ៉ាងណាចំពោះបីនាក់នោះ ខ្ញុំគិតថា ហៅអ្នកនិពន្ធពីភ្នំពេញមក
-មិនចាំបាច់ទេ!
-លោកចាងហ្វាងឲ្យពេលពួកយើងតែបីខែប៉ុណ្ណោះ បើឯងនៅមិនទាន់ចេញអាល់ប៊ុមថ្មីទៀត ខ្ញុំថាឯង ចៀសមិនផុតពីច្រៀងចម្រៀងបរទេសទេ
-ខ្ញុំមិនច្រៀងទេ! ខ្ញុំឃើញគេហើយ
ពិចិត្ររត់ចេញទៅឈរលើចិញ្ចើមផ្លូវ សម្លឹងទៅយុវជនកំលោះដែលកំពុងបោសសម្អាតផ្លូវ និងរើសសំរាមដាក់ក្នុងធុង។ យុវជនវ័យក្មេង សំឡេងគ្រលរកំពុងតែនិយាយ ដោយស្នាមញញឹមទៅរកស្រ្តីវ័យកណ្តាលម្នាក់ហាក់ដូចជាមានភាពស្និទ្ធស្នាលណាស់៖
-ម៉ែ! ទុកឲ្យខ្ញុំកើបបានហើយ ម៉ែសម្រាកមួយភ្លែតទៅ
-ចុះកូនមិនទៅរៀនទេអ្ហេយប់នេះ?
-អូ! ទើបតែប្រឡងរួច សាលាឲ្យសម្រាកបីថ្ងៃម៉ែ
កាយវិការពីរនាក់ម្តាយកូន ស្ថិតនៅក្នុងកែវភ្នែករបស់យុវជន ដែលឈរ សម្លឹងដោយស្នាមញញឹមឥតដាក់ភ្នែក។ សុវណ្ណបន្លឺឡើង៖
-នេះជាក្មេងប្រុស ដែលមានអារម្មណ៍ពិត បេះដូងពិតរបស់ឯងហ្នឹងអ្ហេ?
-ត្រូវហើយ!
-តែខ្ញុំមើលទៅគេ ដូចជាប្រុសមិនមែន ស្រីមិនមែន ឯងមិនច្រឡំទេអ្ហេ?
-ខ្ញុំម៉េចនឹងអាចច្រឡំនោះ
-មនុស្សរូបរាងអ៊ីចឹង អាចមានខួរក្បាលជាអ្នកនិពន្ធដែរអ្ហេ?
-ពួកគេទៅហើយ បងនៅចាំអីទៀត
យុវជនទាំងពីរបើកឡានតាមពីក្រោយអ្នកកំលោះតូចរហូតទៅដល់ផ្ទះ។ នៅពេលទៅដល់ផ្ទះភ្លាម ស្រាប់តែឃើញអ្នកកំលោះម្នាក់ទៀតដើរចេញពីផ្ទះក្បែរនោះដែរ មករាក់ទាក់ជាមួយអ្នកកំលោះតូចយ៉ាងរួសរាយ តែសុវណ្ណបែរជាលាន់មាត់ឡើង៖
–តារា!
–បងស្គាល់ក្មេងប្រុសម្នាក់នោះអ្ហេ?
–គេជាប្អូនប្រុសរបស់មិត្តភក្តិបង ផ្ទះគេនៅទីនេះទេអ្ហេ?
–បងស្គាល់គេយូរហើយអ្ហេ?
–មិនយូរប៉ុន្មានទេ ហើយក៏មិនសូវជាជិតដិតដែរ
–អ៊ីចឹងចាប់ផ្តើមពីគេទៅ ការងារនេះ ខ្ញុំប្រគល់ឲ្យបង ធ្វើយ៉ាងណាស៊ើបពី អារម្មណ៍ពិតឲ្យខ្ញុំ ខ្ញុំឲ្យពេលបងពីរថ្ងៃ
–បាន!
តារាគឺជាអ្នកជិតខាងរបស់គ្រួសារអ្នកកំលោះតូច។ ពួកគេស្គាល់គ្នាតាំងពីតូចមក ហើយរហូតមកដល់បច្ចុប្បន្នក៏ចំណងមិត្តភាពនេះនៅតែស្អិតរមួតដដែល។ពួកគេទាំងពីរ រួមទាំងយុវតីម្នាក់ទៀតឈ្មោះ វីនី គឺកំពុងរៀននៅមហាវិទ្យាល័យជាមួយគ្នា។
ពីរថ្ងៃកន្លងផុតទៅ សុវណ្ណហុចឯកសារមួយច្បាប់ទៅពិចិត្រ៖
–អ្វីដែលឯងចង់ដឹងគឺនៅក្នុងនេះទាំងអស់
–តើពួកបងកំពុងតែធ្វើអីហ្នឹង? (តន្រ្តីករម្នាក់បន្លឺ)
–ពួកយើងជិតបានអ្នកនិពន្ធហើយ ….ឈ្មោះវិនីត…ខ្ញុំចង់ជួបគេល្ងាចនេះ
–បាន!
តារាបានទៅបបួលវិនីតចេញមកក្រៅជាមួយខ្លួន។ វិនីតនិយាយ៖
–តើឯងគិតនាំខ្ញុំទៅណា?
–ខ្ញុំរកការងារឲ្យនាងធ្វើ មកជិតដល់ហើយ
–ការងារស្អី?
–ក្រែងនាងចង់ធ្វើជាអ្នកនិពន្ធអ្ហេ?
–អ្នកនិពន្ធ តែហេតុអីក៏មកកន្លែងឆ្ងាយយ៉ាងនេះ? ឯងមិនមែនមានបំណងអាក្រក់លើខ្ញុំទេអ្ហេ?
–អ្នកនាងអើយអ្នកនាង បើខ្ញុំមានបំណងអាក្រក់ក៏ពុំចាំបាច់នាំនាងមកដល់ ទីនេះដែរ នាំឲ្យខាតពេលទទេៗ
–ឯងនិយាយស្អីហ្នឹង………(វិនីតយកដៃទៅវាយក្បាលតារា)
–បានហើយៗ! ខ្ញុំសុំខ្លាចនាងហើយ ជិតដល់ហើយ មិនឲ្យនាងនិយាយសំឡេងស្រីទេណា នាងត្រូវបន្លំខ្លួនធ្វើជាមនុស្សប្រុស
–បើការងារជាអ្នកនិពន្ធ ហេតុអីក៏ចាំបាច់បន្លំខ្លួនជាមនុស្សប្រុស?
–ព្រោះតែពួកគេយល់ថានាងជាប្រុស ទើបឲ្យនាងធ្វើការ
–តែយើងមិនកុហកគេទៅហើយទេអ្ហេ?
–ក្រែងនាងចង់បានការងារធ្វើអ្ហេ បើចង់ជួយម៉ែ និងប្អូនៗនាង នាងត្រូវតែកុហកគេសិនហើយ ឥឡូវខ្ញុំសួរនាង តើនាងចង់ធ្វើឬអត់? បើមិនចង់ទេ ពួកយើងទៅវិញ
–ឯងចង់គំរាមខ្ញុំផងអ្ហេ បោកខ្ញុំមកដល់ទីនេះហើយ ឯងស្មានថាខ្ញុំទៅវិញ ងាយៗអ្ហ៊ៃ?
–ដល់ហើយ!
–ការងារជាអ្នកនិពន្ធ ហេតុអីក៏នៅក្នុងផ្ទះខ្ទមទៅវិញ?
–ពួកឯងមកហើយអ្ហេ! តារាឯងនៅចាំខាងក្រៅហើយ ឲ្យវិនីតចូលមក
–គាត់ស្គាល់ឈ្មោះខ្ញុំ!
–ឆាប់ចូលទៅ
–ចុះឯងនោះ
–ខ្ញុំនៅចាំនាងត្រង់នេះ កុំខ្លាចអី ចាំណា ពួកគេទាំងអស់គឺសុទ្ធតែយល់ថា នាងជាប្រុស បើនាងធ្វើឲ្យបែកការគឺចប់ហើយ
–ឆាប់ចូលមក!
គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាម វិនីតបើកភ្នែកធំៗសម្លឹងមើលសម្ភារតន្រ្តីទាំងអស់ តែក៏ភ្ញាក់ព្រើត នៅពេលប្រទះភ្នែកនឹងយុវជនទាំងអស់ ដែលកំពុងឈរសម្លឹងមកនាងដោយទឹកមុខមាំ និងគួរឲ្យខ្លាច។ នាងបម្រុងស្ទុះចេញទៅក្រៅវិញ តែសុវណ្ណ
ស្រដីឡើង៖
–ឯងចង់ទៅណាវិញ?
–ពួកលោកជា………
–អូ! ពួកគេជាតន្រ្តីករតើ កុំខ្លាចអី ឯងស្គាល់ម្នាក់ដែលអង្គុយពីមុខឯងទេ?
–គាត់អ្ហេ!
ពិចិត្រញញឹមទៅរកវិនីត យុវជនម្នាក់បន្លឺដោយសំឡេងខ្លាំងៗ៖
–តើឯងស្គាល់គាត់ទេ?
–កុំប្រាប់ថា………………
–ស្គាល់ៗៗៗ……….លោក……សំនៀង ពិចិត្រ
–អរគុណដែលឯងស្គាល់ខ្ញុំ ចាប់ពីថ្ងៃស្អែកទៅ ឯងគឺជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់ខ្ញុំ ទីនេះហើយជាកន្លែងធ្វើការរបស់យើង
–មិនពិតទេ! ខ្ញុំប្រហែលជាយល់សប្តិ នៅសុខៗម៉េចនឹងអាច…….
–វាជាការពិត
–តែហេតុអីក៏លោកស្គាល់ខ្ញុំ
–រឿងនេះឯងមិនចាំបាច់សួរទេ ខ្ញុំស្រលាញ់អារម្មណ៍ពិត បេះដូងពិតរបស់ឯង ហើយក៏ដឹងថា ឯងកំពុងតែស្វែងរកការងារធ្វើ ម្យ៉ាងទៀត ក្រែងឯងក៏ចង់ធ្វើជាអ្នកនិពន្ធរបស់ខ្ញុំដែរអ្ហេ?
-ពួកលោកចង់ឲ្យខ្ញុំនិពន្ធអ្វី?
-បទភ្លេងនិងទំនុកច្រៀង
-តែខ្ញុំអត់ចេះអក្សរភ្លេងទេ
-អក្សរភ្លេងចាំខ្ញុំបង្រៀនឯងតាមក្រោយក៏បាន តែពេលនេះយើងមានបទភ្លេងខ្លះៗហើយ នៅសល់តែទំនុកច្រៀប៉ុណ្ណោះ ឯងមើលកិច្ចសន្យាការងារសិនទៅ ទៅអង្គុយមើលឲ្យស្រួលទៅ
វិនីតទៅអង្គុយមើលកិច្ចសន្យាការងារ តែដល់ចំណុចមួយនាងក៏បន្លឺឡើង៖
-ខ្ញុំត្រូវមកធ្វើការព្រឹកល្ងាចអ្ហេ?
-យ៉ាងម៉េចមានបញ្ហាអីអ្ហេ?
-ខ្ញុំមិនអាចមកពេលព្រឹកបានទេ
-ក្រែងឯងរៀននៅពេលយប់ទេអ្ហេ ហេតុអីក៏មកមិនបាន?
-ដឹងច្បាស់ម្ល៉េះ! ខ្ញុំរៀនពេលយប់មែន តែពេលព្រឹកខ្ញុំត្រូវជួយធ្វើការម៉ែខ្លះ ហើយម្យ៉ាងទៀត ខ្ញុំក៏ត្រូវមានពេលធ្វើកិច្ចការសាលាខ្លះដែរ
-អ៊ីចេះទៅ ឯងអាចមកធ្វើការតែពេលថ្ងៃក៏បាន តែកន្លះខែដំបូង ឯងត្រូវមកជួយតែងទំនុកច្រៀងឲ្យពួកយើងសិន តើបានទេ?
-អ៊ីចឹងក៏បាន!
-នៅមានចំណុចណាមិនពេញចិត្តទៀតទេ?
-តើក្នុងមួយខែ ខ្ញុំត្រូវតែងចម្រៀងឲ្យលោកប៉ុន្មានបទ?
-រឿងនេះក៏ត្រូវពឹងលើអារម្មណ៍ដែរ ខ្ញុំមិនបង្ខំឯងទេ
-អ៊ីចឹងពួកគាត់ទាំងអស់គ្នានេះ
-ត្រូវហើយខ្ញុំភ្លេចណែនាំឲ្យឯងស្គាល់ នេះគឺរ៉ាណេ ជាអ្នកលេងហ្គីតា
-សួស្តីបង!
-ចំណែកនេះរ៉ាឌី ជាអ្នកវាយស្គរ
-សួស្តីបង!
-និងវណ្ណា ជាអ្នកលេងព្យាណូ
-សួស្តីបង
-សួស្តី!
-ពួកគេទាំងបីនាក់ មិនត្រឹមតែជាអ្នកភ្លេងរបស់ខ្ញុំទេ ថែមទាំងជាមិត្តសម្លាញ់ និងយល់ចិត្តខ្ញុំថែមទៀតផង
-ចុះឯងមិនណែនាំខ្ញុំប្រាប់គេទេអ្ហេ?
-ត្រូវហើយ! នេះគឺបងសុវណ្ណ គាត់ជាជំនួយការផ្ទាល់របស់ខ្ញុំ
-សួស្តីបង!
-មិនចាំបាច់គួរសមទេ! ខ្ញុំប្រាប់ឯងណា រឿងដែលពិចិត្រមកលាក់ខ្លួននៅទីនេះ មិនត្រូវធ្វើឲ្យបែកខ្ចរខ្ចាយឡើយ សូម្បីតែតារា
-នេះតារាក៏មិនដឹងថា លោកពិចិត្រនៅទីនេះដែរអ្ហេ?
-ត្រូវហើយ!
-អ៊ីចឹង ហេតុអីក៏ចាំបាច់លាក់ខ្លួននៅទីនេះ?
-ឯងមិនចាំបាច់ឆ្ងល់ទេ ធ្វើតាមអ្វីដែលយើងប្រាប់ទៅបានហើយ
-បាទ! ……….ខ្ញុំអាចត្រឡប់ទៅវិញបានទេ?
-បាន! តែស្អែកនេះ ឯងត្រូវមកធ្វើការ
-អ៊ីចឹងខ្ញុំលាទាំងអស់គ្នាហើយ!
-ឈប់សិន!
-បាទ!
-ឯងមិនសួរទេថា ខ្ញុំឲ្យប្រាក់ខែឯងប៉ុន្មាន?
-រឿងនេះ អាស្រ័យលើលោកចុះ ព្រោះខ្ញុំក៏មិនដឹងថា ខ្ញុំអាចធ្វើបានប៉ុនណា
ដែរ ខ្ញុំទៅសិនហើយ។
គ្រាន់តែវិនីតចេញផុត រ៉ាណេបន្លឺឡើង៖
-តើបងយកគេមកពីណា? ខ្ញុំមើលគេ ដូចជាល្ងើៗម៉េចមិនដឹងទេ
-ត្រូវហើយបង! ខ្ញុំមើលគេយូរទៅ ប្រុសមិនដូចប្រុស ស្រីមិនដូចស្រីម៉េចមិនដឹងទេ (រ៉ាឌីបន្ទរ)
-ពួកឯងមើលរូបរាងសំខាន់ ឬក៏ខួរក្បាលសំខាន់? ……ខ្ញុំទៅងូតទឹកហើយ
វិនីតដើរបណ្តើរគ្នាជាមួយតារា។ តារានិយាយ៖
-នាងយ៉ាងម៉េចហើយ ក្រែងបានការងារធ្វើហើយតើ ម៉េចមិនសប្បាយចិត្តទៀត?
-ត្រូវហើយ! តែឯងដឹងទេ មិត្តរួមការងាររបស់ខ្ញុំទាំងអស់នោះ គឺសុទ្ធតែប្រុសទាំងអស់ ហើយទឹកមុខសុទ្ធតែគួរឲ្យខ្លាច
-អ្នកភ្លេងគឺអ៊ីចឹងឯង យូរទៅនាងប្រាកដជាស៊ាំហើយ
-អរគុណឯងហើយ! ហេតុអីក៏ឯងស្គាល់ពួកគេ?
-អូ! បងសុវណ្ណជាមិត្តភក្តិរបស់បងប្រុសខ្ញុំកាលនៅរៀន គឺគាត់មករកខ្ញុំ ថាខ្វះអ្នកនិពន្ធ ឲ្យខ្ញុំជួយរកឲ្យ ទើបខ្ញុំនឹកឃើញដល់នាង
-អរគុណណាស់!
-អរគុណស្អី ក្រែងពួកយើងជាមិត្តភក្តិអ្ហេ
វគ្គ២ ការរួមសុខទុក្ខជាមួយគ្នា
វិនីតចាប់ផ្តើមទៅធ្វើការជាលើកដំបូង ហើយក៏ជាថ្ងៃទីមួយដែរសម្រាប់នាង។ ជាការពិតណាស់ នាងជួបការលំបាកជាច្រើន ព្រោះនាងត្រូវរៀនអក្សរភ្លេងផង ត្រូវសរសេរទំនុកច្រៀងផង ហើយពិសេសនោះ តន្រ្តីករទាំងបីនាក់ហាក់ពុំសូវចូលចិត្តនាងទាល់តែសោះ។ តែទោះជាយ៉ាងណា យុវតីឆ្នើមម្នាក់នេះនៅតែប្រឹងប្រែង បង្កើតទំនាក់ទំនងល្អដើម្បីរស់នៅជាមួយពួកគេ រហូតធ្វើឲ្យអ្នកលេងហ្គីតា និងអ្នកវាយស្គរកាន់តែចូលចិត្តនាងបន្តិចម្តងៗ។ ថ្ងៃនេះ ពួកគេបានបង្កើតចេញចម្រៀងមួយបទថ្មីស្រឡាង ដែលចេញពីបេះដូងរបស់ពួកគេពិតៗ ពួកគេទាំងអស់គ្នាហ៊ោកញ្ជ្រៀវឡើង សុវណ្ណបន្លឺ៖
-បទថ្មីចេញហើយ ពួកយើងសមទៅ ចាំខ្ញុំទៅយកម៉ៃក្រូហ្វូន
ពួកគេចាំផ្តើមលេងបទថ្មី ឲ្យពិចិត្រច្រៀង ចំណែកវិនីត នៅអង្គុយនៅលើគ្រែសម្លឹងទៅមើលពួកគេដោយស្នាមញញឹម ហើយក៏គិតតែម្នាក់ឯង៖ “ការពិតពួកគាត់ទាំងអស់គ្នាសុទ្ធតែមានឆន្ទៈ និងគួរឲ្យរាប់អានណាស់”។
ចម្រៀងត្រូវបានបញ្ចប់ សុវណ្ណក៏ដើរទៅគោះស្មាវិនីត ដែលកំពុងអង្គុយ ញញឹមលាយនឹងតំណក់ទឹកភ្នែក៖
-ឯងមិនអីទេអ្ហេ?
-ខ្ញុំមិនកើតអីឯណា?
-យំហើយនៅថាមិនកើតអីទៀត
-គេប្រហែលជារំភើបហើយមើលទៅនោះ (រ៉ាណេបន្លឺ)
-អរគុណពួកបងណាស់ អរគុណលោកសំនៀង ពិចិត្រ
-ឯងនិយាយស្អីហ្នឹង អង្គុយទៅ
ពិចិត្រកៀកស្មាវិនីត ឲ្យទៅអង្គុយលើគ្រែ ហើយយកដៃគោះក្បាលនាងតិចៗ ទើបនិយាយ៖
-អាល្អិតឯងនេះ មិនចាំបាច់អរគុណទេ ត្រូវហើយ! ឯងហៅពួកគេថា បងគ្រប់គ្នា ចុះហេតុអីឯងមិនហៅខ្ញុំថា បងដែរទៅ
-បាទបង!
-មហិច្ឆតា ពួកឯងថាទៅមើល នេះជាបទទីមួយរបស់ខ្ញុំមែនទេ?
-ពិតមែនហើយ!
-ខ្ញុំច្រៀងចម្រៀងរាប់រយបទ តែមិនដែលសប្បាយចិត្តដូចជាច្រៀបទនេះទេ …..……មហិច្ឆតា
-អ៊ីចឹងតើពួកយើងគិតធ្វើអ្វីទៀតបង?
-វិនីតឯងចូលទៅបន្ទប់ថតសំឡេង រៀនព្យាណូជាមួយវណ្ណាទៅ
-រៀនជាមួយគាត់អ្ហេ!
-ឆាប់ចូលមក!
គ្រាន់តែឮថា រៀនព្យាណូជាមួយវណ្ណា វិនីតហាក់ដូចជាភ័យណាស់ ព្រោះក្នុងចំណោមគ្នាគេបីនាក់ មានតែវណ្ណានេះឯង ដែលស្ងប់ស្ងាត់ជាងគេ និងពុំសូវនិយាយស្តីរកនាងឡើយ៖
-អង្គុយទៅ!
-បាទ!
-នេះជាឯកសារដែលទាក់ទងនឹងការរៀនព្យាណូ អ្នកដែលមានឧបនិស្ស័យបង្កើតបទភ្លេងដូចជាឯងអ៊ីចឹង គួរតែចេះលេងព្យាណូទើបប្រសើរ
-បាទ!
នៅពេលវណ្ណាកំពុងនិយាយ វិនីតបែរជាគិតតែម្នាក់ឯង៖”ការពិតគាត់ក៏គួរឲ្យស្រលាញ់ដែរតើ រាល់ថ្ងៃហាក់ដូចជាកាចណាស់អ៊ីចឹង ប៉ុន្តែហេតុអីក៏គាត់មិនដែលញញឹមអ៊ីចឹង? បើសិនជាគាត់ញញឹមប្រហែលរឹតតែសង្ហារណាស់ហើយមើលទៅ”។ វិនីតគិតរហូតមិនដឹងថា វណ្ណាកំពុងនិយាយជាមួយខ្លួន៖
-សាកល្បងដាក់ដៃលើព្យាណូទៅ………..ឯងមានឮខ្ញុំនិយាយទេ?
-បាទ! បងថាម៉េច?
-ពេលកំពុងរៀន តើឯងកំពុងគិតអី?
-អត់………អត់ទេ ……….សូមទោសបង!
-ខ្ញុំមិនបង្រៀនមនុស្សដែលមិនយកចិត្តទុកដាក់រៀនទេ ហ៊ីស!
ថាហើយ វណ្ណាក៏ដើរចេញមកក្រៅវិញ រ៉ាណេសួរ៖
-មានរឿងអីអ្ហេបង?
-មើលទៅមុខអាល្អិតនោះ មិនល្អមើលសោះ ប្រហែលជាធ្វើឲ្យបងវណ្ណាខឹងហើយ មែនទេបង? (រ៉ាឌីបន្លឺ)
ពិចិត្រក៏ចូលទៅក្នុងបន្ទប់ថតសំឡេង៖
-ឯងធ្វើឲ្យវណ្ណាខឹងអ្ហេ?
-ខ្ញុំ………..
-ឯងនេះ!
-សាកល្បងដាក់ដៃលើព្យាណូមើល
វនីតដាក់ដៃលើព្យាណូ យុវជនឃើញដៃទាំងពីររបស់នាងញ័រទទ្រើត ក៏លូកដៃទៅចាប់ ធ្វើឲ្យនាងភ្ញាក់ព្រើត៖
-បងធ្វើអីហ្នឹង?
-នៅឲ្យស្ងៀមទៅ ហេតុអីក៏ដៃឯងត្រជាក់យ៉ាងនេះ? វណ្ណាធ្វើឲ្យឯងភ័យយ៉ាងនេះអ្ហេ?
-អត់ទេ! មិនដឹងយ៉ាងម៉េចទេ នៅពេលដែលអង្គុយពីមុខព្យាណូនេះ វាធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់
-មិនអីទេ ធ្វើអារម្មណ៍ឲ្យស្រួលទៅ ឥឡូវខ្ញុំលេងបទមហិច្ឆតាឲ្យឯងស្តាប់
-បាទ!
……………………………………………………………………………………………….
ពីមួយថ្ងៃទៅមួយថ្ងៃ វិនីតបានប្រើពេលវេលាដែលចេញពីបេះដូងពិតរបស់នាងយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការសរសេរទំនុកច្រៀង។ នាងបានសរសរទំនុកច្រៀងតាមតម្រូវការរបស់ពិចិត្រហើយ ដូចនេះនាងមានពេលវេលាបន្តិចសម្រាប់ធ្វើបទភ្លេង។ នាងបានចាក់ស្តាប់បទភ្លេង ដែលនាងបានធ្វើទុកជាយូរមកហើយ ហើយយកមកកែបន្តិចបន្តួច បន្ទាប់មកនឹងយកទៅឲ្យពិចិត្រ។ ប៉ុន្តែថ្ងៃនេះ កន្លែងធ្វើការហាក់ដូចជាស្ងាត់ម្ល៉េះ នាងបើកទ្វារចូលទៅ៖
-សួស្តី!………..ទៅណាអស់ហើយ? ……..
មិនឃើញមាននរណា យុវតីក៏ចូលទៅបន្ទប់ថតសំឡេងដេញព្យាណូ តែម្នាក់ឯង តែសំឡេងព្យាណូរបស់នាង ធ្វើឲ្យយុវជនទាំងប្រាំរូបឈរញញឹមហួសចិត្ត។ រ៉ាណេបន្លឺឡើង៖
-តើអាល្អិតនេះ កំពុងតែលេងបទអី?
-ហេតុអីមិនបិទសំឡេង ទុកឲ្យឮចេញមកក្រៅទៅកើត(រ៉ាឌីឧទាន)
-ពួកយើងឆាប់ចូលទៅ
-ឬជាបទថ្មីរបស់វាទេដឹង? (សុវណ្ណបន្លឺ)
-ពួកបងមកពីណាហ្នឹង?
-ពួកយើងទើបតែមកពីញ៉ាំអី នេះ ខ្ញុំទិញទឹកសណ្តែកផ្ញើឯង
-អរគុណបងរ៉ាណេ
-ថ្ងៃនេះ ឯងបង្រៀនព្យាណូគេទៅ (ពិចិត្រនិយាយទៅកាន់វណ្ណា)
-ទៀតហើយអ្ហេ! (រ៉ាណេបន្លឺ)
វណ្ណាដើរចូលទៅបន្ទប់ថតសំឡេង ដោយនិយាយទាំងកំបុតកំបុយ៖
-ញ៉ាំឲ្យលឿនឡើង
-បាទ!
-ថ្ងៃនេះ យកចិត្តទុកដាក់រៀន ស្តាប់បានទេ? កុំធ្វើឲ្យគេខឹងទៀតណ៎ា?
-បាទបង!
-តោះ! ពួកយើងសមចម្រៀងទៅ
អ្នកភ្លេងចាប់ផ្តើមលេង អ្នកច្រៀងចាប់ផ្តើមច្រៀង តែសូរសៀងទាំងអស់ត្រូវបញ្ឈប់ នៅពេលឮសំឡេងវណ្ណាបន្លឺឡើង៖
-ហេតុអីក៏ឯងល្ងង់យ៉ាងនេះ? ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយ ថាសំឡេងធំនៅ
ខាងណា សំឡេងតូចនៅខាងណា
-សូមទោស!
-ឯងកុំចេះតែសូមទោសបានទេ
-ចាំខ្ញុំទៅប្រាប់គេ ឲ្យបិទសំឡេងកុំឲ្យឮចេញមកក្រៅ
-មិនបាច់ទេរ៉ាណេ ពួកយើងចាំស្តាប់ពួកគេទៅមើល
-បងវណ្ណាដើរចេញមកហើយ
គ្រាន់តែវណ្ណាដើរចេញមកភ្លាម វិនីតអង្គុយរអ៊ូតែម្នាក់ឯង ចំណែកយុវជនទាំងអស់បើកភ្នែកធំៗ ញញឹមតិចៗសម្លឹងទៅវណ្ណា នៅពេលដែលឮសំឡេង៖
-បើបងដឹងថាខ្ញុំល្ងង់ហើយ ហេតុអីក៏ចាំបាច់ខឹង មួយថ្ងៃៗមិនដែលចេះញញឹមទេ ពាក់តែមុខយក្ស ហេតុអីក៏លេងឯងពិបាកយ៉ាងនេះ? មនុស្សមុខយក្ស មនុស្សមុខយក្ស ចាំខ្ញុំច្រៀងឲ្យឯងស្តាប់វិញ……..ញញឹម ញញឹម ញញឹមដើម្បីអ្នកណា? ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីមនុស្សក្នុងលោកាយើងនេះ។ ទួញយំ ក្រៀមក្រំ ក្រៀមក្រំដើម្បីអ្នកណា ឬព្រោះខ្លួនឯងធ្វើឲ្យគ្រួសារ ធ្វើឲ្យមនុស្សក្នុងលោកាសោកសៅ។ សូមទោសផង រឿងកន្លង កំហុសឆ្គង ដែលរូបខ្ញុំផ្តល់ទៅ ខ្ញុំនឹងខំតស៊ូរស់នៅ ញញឹមទៅរកអ្នកទាំងអស់គ្នា។ ញញឹមទៅៗៗ កុំនៅរួញរា ស្នាមញញឹមជួយយើងគ្រប់គ្រា ឲ្យពុះពារឈ្នះឧបសគ្គ។
-អូហូ! ពិតជាកវីនិពន្ធ ដ៏មានសមត្ថភាពមែន ឯងធ្វើឲ្យនាងភ័យរហូតចេញបទភ្លេងហើយ (សុវណ្ណបន្លឺ)
-អាល្អិតម្នាក់នេះ ខ្ញុំមើលគេមិនខុសទេ
-ឯងឆាប់ចេញមក
-មានការអីអ្ហេបង?
-បទដែលឯងច្រៀងអម្បាញ់មិញគឺពីរោះណាស់ តើមានចំណងជើងថាម៉េចដែរ?
-បងឮខ្ញុំច្រៀងអ្ហេ?
-ឯងឆាប់និយាយមក តើមានចំណងជើងថាម៉េច?
-ខ្ញុំចេះតែច្រៀងៗទៅ …….សំណាងហើយ ដែលខ្ញុំមិនបានប្រើសំឡេងស្រី ពិតជាគ្រោះថ្នាក់មែន…..
-ឯងឆាប់រកនឹកបទអម្បាញ់មិញភ្លាម
-ខ្ញុំrecordតើ ចាំខ្ញុំទៅយកសិន……………វីវរហើយ ថតអត់ជាប់ទេ
-អ្ហើយឯងនេះ!
-ស្តាប់របស់ខ្ញុំទៅ (ពិចិត្រនិយាយ)
-ពិតមែនអ្ហេ! បងចាក់ស្តាប់ទៅ
នៅពេលចាក់ស្តាប់ វិនីតសម្លឹងទៅរកវណ្ណា នាងញញឹមតិចៗ ហើយដូចជាក្រែងចិត្តយុវជនយ៉ាងខ្លាំង។ ពួកគេក៏សហការគ្នាធ្វើបទថ្មីនេះឡើងហើយដាក់ចំណងជើងថា ស្នាមញញឹម។ កន្លះថ្ងៃពេញ វានឿយហត់ពេកហើយ រ៉ាណេ សុវណ្ណ និងរ៉ាឌី ក៏លង់លក់អស់។ ពិចិត្រក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់។ វណ្ណាបន្លឺ៖
-ឯងខឹងនឹងខ្ញុំអ្ហេ?
-បាទ……….អត់………ទេ!
-ខ្ញុំកាចណាស់ទៅអ្ហេ?
-បងអត់កាចទេ គ្រាន់តែ…………….
-គ្រាន់តែយ៉ាងម៉េច?
-គ្រាន់តែបងអត់ដែលញញឹម
-ឯងច្រៀងបទនេះបញ្ឈឺខ្ញុំអ្ហេ?
-គ្មានទេ! ខ្ញុំគ្រាន់តែច្រៀងលេងប៉ុណ្ណោះ មិននឹកស្មានថា វាឮចេញក្រៅទេ ប៉ុន្តែបើបងញញឹមខ្លះ ខ្ញុំយល់ថាប្រសើរណាស់
-អាល្អិតឯងនេះ!
-បងញញឹមហើយអ្ហេ?
-មានរឿងអីជជែកសប្បាយចិត្តយ៉ាងនេះ?
-បងពិចិត្រ! បងវណ្ណាសើចហើយឃើញទេ? ជយោ!………….
វិនីតស្រែកខ្លាំងៗឡើង យុវជនទាំងបីស្ទុះងើបឡើង៖
-តើមានរឿងអីកើតឡើងហ្នឹង?
-បងរ៉ាណេ បងរ៉ាឌី បងសុវណ្ណ បងឃើញទេ បងវណ្ណាសើចហើយ
-ឯងនេះ! បងវណ្ណាសើចមានទាក់ទងស្អីនឹងពួកយើង ចេះរំខានទៅកើត
-សូមទោស!
-ពួកឯងចង់គេងដល់ណាទៀត ឆាប់ងើបឡើងរៀបចំកន្លែងទៅ
-ដល់ម៉ោងខ្ញុំត្រឡប់ទៅផ្ទះហើយ ជម្រាបលាបងៗ
វិនីតចេញមកក្រៅទ្វារ ទើបដឹងថាមេឃភ្លៀង នាងឈរមួយសន្ទុះ៖
-ហេតុអីក៏មេឃភ្លៀងខ្លាំងយ៉ាងនេះ? អាវ……………..
-បើដឹងថា មេឃភ្លៀងហើយ ម៉េចមិនឆាប់ចូលក្នុងមក
ពិចិត្រទាញយុវតីចូលទៅក្នុងផ្ទះវិញ រ៉ាណេបន្លឺ៖
-ភ្លៀងផងរន្ទះផង ឯងចង់ទៅទាំងអ៊ីចឹងអ្ហេ?
-ចាំមេឃរាំងសិនទៅ ចាំទៅវិញ
-តែថ្ងៃនេះ ខ្ញុំប៉ះប្រឡងផង
-គ្មានគ្រូណាប្រឡងទាំងភ្លៀងបែបនេះទេ
-អត់ទេ! ខ្ញុំទៅហើយ ខ្ញុំមិនចង់ប្រឡងសងទេ
-ឯងនៅចាំត្រង់នេះសិនហើយ ខ្ញុំទៅយកឡានជូនឯងទៅ
-មិនបាច់……………..
-បងពិចិត្រយល់ព្រមជូនឯងទៅហើយ កុំរឹងរូសពេក កុំឲ្យពួកយើងបារម្ភពីឯងនោះ
-ពិតមែនហើយ!
សំដីនេះ ធ្វើឲ្យកំលោះតូចរំភើបពេកហើយ នាងញញឹមទៅរកពួកគេ សុវណ្ណក៏បន្លឺ៖
-ឯងកុំញញឹមធ្វើដូចជាមនុស្សស្រីពេក ព្រឺឆ្អឹងខ្នងណាស់
-នៅចាំអីទៀត ឆាប់ចូលឡានមក
-ខ្ញុំទៅហើយបងៗ
-ជួបគ្នាថ្ងៃស្អែក
វិនីតឡើងឡានទៅជាមួយពិចិត្រ ពិចិត្រហុចប្រដាប់recordសំឡេងទៅនាង៖
-ស្អីគេបង?
-បងឲ្យឯង ក្រែងរបស់ឯងខូចហើយអ្ហេ
-មិនអីទេ ស្អែកនេះខ្ញុំនឹងយកវាទៅធ្វើ
-យកទៅ! អ្នកនិពន្ធបទភ្លេង បើគ្មានវាគឺពិបាកហើយ
-អរគុណបង!
-ឯងចេញមកប៉ុន្មាន?
-ម៉ោងប្រាំបួនបង
-ចាំបងទៅទទួលឯង
-មិនចាំបាច់ទេបង
-យ៉ាងម៉េច?
-ខ្ញុំចង់និយាយថា នៅពេលទៅផ្ទះ គឺខ្ញុំទៅជាមួយតារា និងវិនី បើពួកគេ ឃើញបងនោះ បងមិនវីវរទៅហើយទេ យកល្អកុំអីបង
-ត្រូវហើយ! អ៊ីចឹងក៏បាន
-ដល់ហើយ! បងដាក់ខ្ញុំត្រង់នេះហើយ អរគុណបង!
-មិនអីទេ
វិនីតចុះពីលើឡានដើរចេញមក ក៏ឃើញវិនី និងតារាកំពុងសម្លឹងមើលមក។ វិនី
បន្លឺ៖
-អ្នកណាគេហ្នឹង?
-គឺ……….គឺអ្នកធ្វើការជាមួយ មេឃភ្លៀង ទើបគាត់ជូនខ្ញុំមក
-ប្រាកដហើយអ្ហេ!
-មិនជឿសួរតារាទៅ ពួកគេទាំងអស់សុទ្ធតែយល់ថា ខ្ញុំជាប្រុសទេ កុំយល់ច្រឡំ មកឆាប់ទៅៗ ប្រយ័ត្នគ្រូប្រឡងចោល
……………………………………………………………………………………………………..
ចេញពីសាលាមកដល់ផ្ទះ វិនីតដើរលបៗដើម្បីកុំឲ្យភ្ញាក់ប្អូនៗទាំងពី និងម្តាយរបស់នាង តែមីងវិណាបន្លឺឡើង៖
-កូនមកវិញហើយអ្ហេ?
-ម៉ែមិនទាន់សម្រាន្តទេអ្ហេ?
-នៅទេ! កូនឆាប់ទៅញ៉ាំបាយទៅ
វិនីតចូលទៅផ្ទះបាយ មួយសន្ទុះមីងណាក៏ចូលទៅដែរ៖
-ម៉ែសម្រាន្តមិនលក់អ្ហេ?
-អត់ទេ! ម៉ែគ្រាន់តែចង់ជជែកលេងជាមួយកូនតើ យ៉ាងម៉េចហើយការងារ?
-មិនអីទេម៉ែ ពួកគាត់ម្នាក់ៗសុទ្ធតែប្រឹងប្រែងណាស់ ហើយយកចិត្តទុកដាក់ចំពោះខ្ញុំទៀតផង
-ពួកគេនៅមិនទាន់ដឹងទេអ្ហេ ថាកូនជាស្រី?
-ម៉ែបារម្ភអ្ហេ! ម៉ែកុំបារម្ភអី កាលទៅដំបូង ខ្ញុំក៏បារម្ភពីខ្លួនឯងដែរ ប៉ុន្តែពេលដែលខ្ញុំបានស្គាល់ពួកគាត់ ទើបខ្ញុំដឹងថា ពួកគាត់ជាមនុស្សល្អណាស់ ហើយចាត់ទុកខ្ញុំដូចជាបងប្អូនអ៊ីចឹង ម៉ែដឹងទេ? បើសិនជាអាល់ប៊ុមដំបូង របស់បងពិចិត្រទទួលបានជោគជ័យ ខ្ញុំនឹងមានឱកាសក្លាយជាអ្នកនិពន្ធពិតប្រាកដហើយ
-អ៊ីចឹង តើពេលណាទើបចេញអាល់ប៊ុមថ្មីនោះ?
-ប្រហែលមិនយូរទេម៉ែ
-ម៉ែឮឯងនិយាយអ៊ីចឹង ម៉ែអស់បារម្ភហើយ ម៉ែទៅគេងហើយ
-ចាស!
…………………………………………………………………………………………………..
ព្រលឹមស្រាងៗ វណ្ណារត់ហាត់ប្រាណតាមបណ្តោយផ្លូវ ក៏ប្រទះនឹងវិនីត ដែលកំពុងបោសសម្អាតផ្លូវសាធារណៈជាមួយម្តាយ។ យុវជនឈរសម្លឹងទៅអ្នកកំលោះតូច ដែលធ្វើការបណ្តើរញញឹមទៅរកម្តាយបណ្តើរ ហាក់ពុំមានការនឿយហត់ទាល់តែ
សោះ។ មួយសន្ទុះធំ ទើបនាយបន្តដំណើរទៅទៀត។
ម៉ោងមួយកន្លះទៅហើយ នៅពុំទាន់ឃើញវិនីតមកដល់កន្លែងធ្វើការទៀត
ពិចិត្រតេទៅក៏មិនចូល សុវណ្ណបន្លឺ៖
-តើវាកំពុងតែធ្វើស្អីហ្នឹង?
-វាថាយកបទភ្លេងថ្មីមកឲ្យពួកយើង តែបែរជាបាត់ឈឹងទៅកើត
-ពួកយើងរៀបថតបទស្នាមញញឹមសិនទៅ
-សួស្តីបងៗ!………..សូមទោស ដែលខ្ញុំមកយឺត
-ឯងមិនប្រាប់មូលហេតុពួកយើងទេអ្ហេ? (សុវណ្ណនិយាយ)
-ខ្ញុំ……………..
-ណ្ហើយ! ឯងមិនចង់និយាយទេក៏ហីទៅ ឯណាបទភ្លេង
វិនីតហុចrecordទៅឲ្យពិចិត្រ ចំណែកនាងក៏ដើរទៅអង្គុយលើគ្រែ ទាំងទឹកមុខស្លេកស្លាំង។ វណ្ណានិយាយតិចៗទៅកាន់នាង៖
-ឯងមិនស្រួលខ្លួនអ្ហេ?
-មិនអីទេបង តែខ្ញុំចង់សម្រាកបន្តិច
-អ៊ីចឹងគេងសិនទៅ
-គេយ៉ាងម៉េចហើយ? (ពិចិត្រសួរ)
-ប្រហែលជាអស់កម្លាំងហើយ ឲ្យគេសម្រាកបន្តិចទៅ
-តើបទស្អីគេហ្នឹង ដូចជាពិបាកស្តាប់ដល់ហើយ! ពេលគេធ្វើបទនេះ តើគេកំពុងខឹងនឹងអ្នកណាទេដឹង
-បានហើយ! ឈប់និយាយទៅ
ពីរម៉ោងកន្លងទៅ យុវតីលង់លក់មិនទាន់ភ្ញាក់នៅឡើយ។ អ្នកកំលោះទាំងអស់ក៏នាំគ្នាចេញមកក្រៅផ្ទះដើម្បីបន្ធូរអារម្មណ៍ និងដកដង្ហើមឲ្យស្រួលបន្តិច។ ពិចិត្រចេញពីបន្ទប់ទឹក ក៏ឈរច្រត់ចង្កេះសម្លឹងអ្នកកំលោះតូច៖
-មើលទៅឯងដូចជាគេងលក់ស្រួលណាស់ហ្ន៎ ប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយមើលទៅ អ្ហើយ! ខ្ញុំក៏អស់កម្លាំងដែរ គេងនៅត្រង់នេះហើយយុវជនក៏ប្រាសខ្លួនទៅគេងលើគ្រែជាមួយយុវតី។ នាយគេងសញ្ជឹងគិតពី ស៊ីឌីអាល់ប៊ុមដំបូងរបស់ខ្លួន រួចហើយក៏ងាកទៅសម្លឹងកំលោះតូចដែលកំពុងលង់លក់៖
-អូហូ! ការពិតមុខរបស់ឯងស្អាតណាស់តើ………..តែសក់ឯងដូចជាវែងពេកហើយ ចូលភ្នែកហើយឃើញទេ
ពិចិត្រយកដៃទៅវៀចសក់ចេញពីភ្នែកយុវតី ក៏ទៅប៉ះថ្ពាល់នាង នាយទាញដៃចេញយ៉ាងលឿនមកស្ទាបថ្ពាល់ខ្លួនឯង រួចហើយក៏ទៅស្ទាបថ្ពាល់នាងម្តងទៀត ព្រម
ទាំងរអ៊ូតិចៗ៖
-ហេតុអីក៏ថ្ពាល់ឯងរលោងយ៉ាងនេះ? ដូចជាមនុស្សស្រីអ៊ីចឹង មើលទៅឯងដូចជាថែខ្លួនណាស់តើ
វិនីតមិនដឹងថា ពិចិត្រធ្វើអ្វីចំពោះខ្លួនទេ នាងភ្ញាក់ឡើង ក៏ឃើញពួកគេនៅតែជុំគ្នាដដែល។ រ៉ាណេបន្លឺឡើង៖
-ឯងដេកឆ្អែតហើយអ្ហេ?
-ម៉ោងប៉ុន្មានហើយបង?
-ម៉ោងប្រាំហើយទាន
-ថាម៉េចហ្នឹង ខ្ញុំដេកយូរយ៉ាងនេះអ្ហេ? ម៉េចក៏ពួកបងមិនដាស់ខ្ញុំ?
-នែ! ឯងដេកយើងមិនថាទេ ឯងចង់បន្ទោសពួកយើងថា មិនដាស់ឯងទៀត អ្ហេ អាល្អិតឯងនេះ
-ឈឺណាបង
-បើមិនឈឺ យើងខោកឯងធ្វើអី
-ឲ្យខ្ញុំសូមទោសពួកបងផង
-មិនអីទេ!
-ឈប់ធ្វើហើយអ្ហេ!
-សម្រាកហើយ! ឯងអាចចេញមុនម៉ោងបានថ្ងៃនេះ ឆាប់ទៅផ្ទះសម្រាកទៅ ហ៏! នេះ ប្រាក់ខែរបស់ឯង រាប់មើលសិនទៅ តើសមរម្យទេ?
-ពីររយដុល្លារអ្ហេ! ច្រើនពេកទេដឹងអ្ហេបង ខ្ញុំតែងបទភ្លេងឲ្យបងបានតែប្រាំបទប៉ុណ្ណោះ
-មិនច្រើនទេ! នេះគ្រាន់តែជាប្រាក់ខែសាកល្បងឯងប៉ុណ្ណោះ
-ឯងទទួលឲ្យសប្បាយចិត្តទៅ
-អរគុណបង ខ្ញុំទៅសិនហើយ
វិនីតចេញដល់ខាងក្រៅ ក៏ឮសំឡេងវណ្ណាបន្លឺឡើង៖
-ឯងមិនអីទេអ្ហេ?
-បងវណ្ណា!
-ខ្ញុំសួរថា សុខភាពឯងមិនអីទេអ្ហេ?
-អត់……..អីទេបង ខ្ញុំជាហើយ ហើយមានកម្លាំងខ្លាំងទៀតផង បងឃើញទេ
-នៅគ្រាន់បើទៀត មើលញ៉ាំបាយឲ្យច្រើនទៅ មើលទៅឯងដូចជាស្គមណាស់
-បាទបង ខ្ញុំទៅហើយបង
វិនីតដើរទៅទាំងញញឹមខ្ជឹប។ ពេលទៅដល់ផ្ទះទើបនាងដឹងថា ទូរស័ព្ទអស់ថ្ម ក៏លាន់មាត់ឡើង៖”អ៊ីចឹងតើ បានជាមិនឮមាននរណាតេមក”។ យកទូរស័ព្ទទៅសាកថ្ម
ហើយ នាងក៏ចូលទៅបន្ទប់ទឹកបាត់។
ក្រោមពន្លឺផ្កាយព្រាលៗ វាយោត្រសៀកៗ បែរជាធ្វើឲ្យតារាចម្រៀងវ័យក្មេងម្នាក់នេះនឹកដល់ថ្ពាល់ដ៏រលោងរបស់អ្នកនិពន្ធវ័យក្មេងទៅវិញ។ នាយលើកទូរស័ព្ទសម្លឹងមើល ហើយក៏សាកល្បងតេទៅម្តងទៀត៖
-តើឯងយ៉ាងម៉េចទៅហើយ ម៉េចក៏មិនលើកទូរស័ព្ទ?
-អាឡូ!
យុវជនភ្ញាក់ព្រើត ព្រោះតែឮសំឡេងមនុស្សស្រីជាអ្នកទទួលទូរស័ព្ទ ចំណែកវិនីតយកដៃខ្ទប់មាត់៖”វីវរហើយ”។
-អាឡូ! នេះជាទូរស័ព្ទរបស់វិនីតមែនទេ?
-ចាសត្រូវហើយ! គាត់ជាបងខ្ញុំ
-អ៊ីចឹងទេអ្ហេ! ចុះបងឯងទៅណាហើយ បងអាចជួបនឹងគេបានទេ
-បងចាំមួយភ្លែតណា……………បងវិនីត មានគេចង់ជួប……………អាឡូ!
-ឯងកំពុងធ្វើអីហ្នឹង ខ្ញុំតេទៅឯងស្ទើរបែកមេដៃហើយណា
-សូមទោស! បងមានការអីអ្ហេ?
-គ្មានទេ! គ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ សុខភាពឯងយ៉ាងម៉េចហើយ?
-ខ្ញុំអស់អីហើយបង បងកុំបារម្ភអី
-ឯងដូចជាស្គមខ្លាំងណាស់ មើលញ៉ាំបាយឲ្យច្រើនៗទៅស្តាប់បានទេ
-បាទបង!
-អូត្រូវហើយ! តើយប់ឡើង ឯងមានលាបគ្រឿងសម្អាងអីទេ?
-គ្មានទេ!
-ឯងមិនចាំបាច់កុហកបងទេ ថ្ងៃមិញនេះ នៅពេលដែលឯងដេកលក់ បងបានស្ទាបថ្ពាល់ឯង រលោងខ្លាំងណាស់ដឹងទេ មានគ្រឿងសម្អាងអី ឯងគួរតែប្រាប់បងឲ្យបានដឹងផង
-បង………….
-បងនិយាយលេងទេ បានហើយ! ឯងឆាប់ចូលគេងទៅ រាត្រីសួស្តី!
វិនីតដាក់ទូរស័ព្ទចុះ ក៏រអ៊ូម្នាក់ឯង៖
-ថ្ងៃមិញគាត់បានធ្វើអី ម៉េចក៏ខ្ញុំមិនដឹងសោះអ៊ីចឹង …………តែពួកគាត់ដូចជាបារម្ភពីខ្ញុំដល់ហើយ តិចលោពួកគាត់ដឹងថា ខ្ញុំជាស្រីទេដឹង? មិនអាចទេ! គាត់ធ្វើម៉េចនឹងអាចដឹងបាន។
ពីរខែកន្លងផុតទៅ
ពីរខែទៅនេះ សំនៀង ពិចិត្របានបាត់ខ្លួនពីគ្រប់ឆាកតន្រ្តី ដោយគ្មាននរណាដឹងថា គេទៅណាឡើយ។ អ្នកសារព័ត៌មានតែងតែតេសួរម្ចាស់ផលិតកម្មនាគ ទេព ពីការបាត់ខ្លួនរបស់តារាចម្រៀងរូបនេះ។ ព័ត៌មានមិនច្បាស់លាស់ជាច្រើនបានលេចឡើង អ្នកខ្លះថា តារាចម្រៀងវ័យក្មេងនេះ លាឈប់ពីវិស័យសិល្បៈ អ្នកខ្លះទៀតថា នាយបានរៀបការហើយ ហើយចេញទៅរស់នៅប្រទេសក្រៅ មិនតែប៉ុណ្ណោះមានអ្នកខ្លះទៀតយល់ថា តារាចម្រៀងរូបនេះត្រូវគេគំរាមពីបទចោទប្រកាន់ស្នេហាត្រីកោណ។ តែសម្រាប់ម្ចាស់ផលិតកម្មនាគ ទេព លោកបានផ្តល់ព័ត៌មានថា តារាចម្រៀងវ័យក្មេងរូបនេះ ទៅវិស្សមកាលមួយរយៈ តែនៅកន្លែងណានោះ លោកពុំអាចប្រាប់បានឡើយ។ ព័ត៌មានខ្សឹបខ្សៀវនេះ ពិតជាហួសចិត្តពេកហើយ សម្រាប់សំនៀង ពិចិត្រ។ វិនីត អង្គុយអានព័ត៌មាននៅលើគ្រែទៅកាន់យុវជនទាំងអស់៖
-សំនៀងពិចិត្របាត់ខ្លួនគ្មាននរណាដឹង តាមពាក្យចចាមអារាមជាច្រើន បានឲ្យដឹងថា តារាចម្រៀងវ័យក្មេងរូបនេះលួចមានស្នេហាលួចលាក់ជាមួយស្រ្តីមានមុខមាត់ម្នាក់នៅក្នុងសង្គម ដែលជាហេតុធ្វើឲ្យប្តីដើមរបស់ស្រ្តីនោះមានកំហឹងយ៉ាងខ្លាំង រហូតដេញគំរាមធ្វើឲ្យតារាចម្រៀងយុវវ័យរូបនេះបង្ខំចិត្តចាកចេញពីពិភពសិល្បៈទាំងទាន់ហន់គ្មាននរណាដឹង។ ប៉ុន្តែតាមរយៈអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានឲ្យដឹងថា ពិចិត្រមិនបានទៅណាឆ្ងាយនោះទេ គេគ្រាន់តែចង់សម្រាកមួយរយៈប៉ុណ្ណោះ ចំណែកព័ត៌មានដែលថា គេមានស្នេហាលួចលាក់នោះ វាមិនមែនជាការពិតឡើយ។ តារាវ័យក្មេងនេះ មិនអាចនឹងប្រព្រឹត្តអំពើអសីលធម៌បែបនេះឡើយ។
-បានហើយ! ឈប់អានទៅ (ពិចិត្របន្លឺ)
-ព័ត៌មានទាំងនេះគួរឲ្យចង់ស្តាប់តើបង
-មានអីគួរឲ្យចង់ស្តាប់ បើត្រូវគេមួលបង្កាច់យ៉ាងនេះហើយនោះ(រ៉ាឌីតប)
-ថ្ងៃនេះដូចជាមិនឃើញបងវណ្ណា?
-គេសុំច្បាប់ទៅលេងមីងរបស់គេនៅពួកឯនោះ (ពិចិត្រឆ្លើយ)
-អ៊ីចឹងទេអ្ហេ!
-យ៉ាងម៉េច! អត់មាននរណាជេរឯង ឯងអផ្សុកអ្ហេ?(រ៉ាណេឧទាន)
-មានឯណា…….ខ្ញុំទៅបន្ទប់ទឹកសិន
វិនីតដើរចូលទៅបន្ទប់ទឹក ក៏ស្រាប់តែឮសំឡេងធ្លាក់របស់ប្រាវ ពិចិត្រ ស្ទុះរត់ចូលទៅរអិលជើងនឹងសាប៊ូដែលនាងធ្វើធ្លាក់ ក៏ដួលទាំងជំហរទៅសង្រ្គប់លើនាង។ ដៃទាំងពីររបស់យុវជនឱបនាងជាប់ ច្រមុះរបស់នាយទៅផ្អឹបនឹងថ្ពាល់របស់នាង កាយវិការនេះស្ថិតនៅក្នុងកែវភ្នែករបស់យុវជនទាំងបី ដែលស្ទុះបម្រុងចូលទៅ
តែបែរជាឈរទ្រឹងស្ងៀមទាំងអស់គ្នា ហាមាត់ធំៗ លាន់មាត់តិចៗ៖
-អ្ហូ!
-ដូចជាខ្សែភាពយន្តអ៊ីចឹង
វិនីតបើកភ្នែកធំៗ នាងហាក់ដូចជាកម្រើកមិនរួចទាល់តែសោះ រ៉ាណេក៏ស្ទុះរត់ចូលទៅ ដើម្បីទាញយុវជនចេញពីវិនីត៖
-បងយ៉ាងម៉េចហើយហ្នឹង?
-មិនអីទេ! ……..សំណាងហើយ ដែលមិនដួល……..ឯងមានត្រូវត្រង់ណាទេ?
-បងនៅសួរវាទៀតអ្ហេ ខ្ញុំឃើញបងឱបវាជាប់ វាប្រាកដជាមិនអីហើយ តែបងទេ បងពិតជាមិនអីមែនអ្ហេ?
-មិនអីទេ!
-ម៉េចក៏ឯងមិនចេះប្រយ័ត្នអ៊ីចឹង?
-សូម…….ទោស………
-ឯងកុំសំឡុតវាអី បានហើយ! ឯងធ្វើអីធ្វើទៅ ពួកយើងចេញទៅក្រៅទៅ
យុវជនទាំងអស់នាំគ្នាចេញមកក្រៅវិញ ចំណែកវិនីត នាងមិនទាន់បាត់ភ័យនៅឡើយទេ។ នាងឈរឆ្លុះកញ្ចក់ យកដៃម្ខាងមកប៉ះថ្ពាល់ ឯដៃម្ខាងទៀត ដាក់លើទ្រូងខាងឆ្វេង រួចក៏គិតតែម្នាក់ឯង៖”ហេតុអីក៏បេះដូងលោតញាប់យ៉ាងនេះ?”។ចំណែករ៉ាណេសួរទៅកាន់ពិចិត្រ៖
-បងមានអារម្មណ៍យ៉ាងម៉េចដែរ?
-អារម្មណ៍ស្អី?
-អម្បាញ់មិញក្រែងបងថើបអាល្អិតនោះអ្ហេ?
-ត្រូវហើយ! ឯងមិនត្រឹមតែថើបទេ សូម្បីតែដៃទាំងពីររបស់ឯង ក៏ក្រសោបឱបវាជាប់ដែរ ឯងពិតជាមិនមានអារម្មណ៍មែនអ្ហេ?
-សូម្បីតែបងក៏គិតផ្តេសផ្តាសដែរអ្ហេ! វាតូចយ៉ាងហ្នឹង បើដួលទៅមិនបាក់ឆ្អឹងស្លាប់ទេអ្ហេ ខ្ញុំគ្រាន់តែការពារវាមិនឲ្យដួលតើ
-តែបងដឹងទេ? ខ្ញុំឃើញមុខវាឡើងក្រហមដូចជាមនុស្សស្រីត្រូវមនុស្សប្រុសថើបអ៊ីចឹង
-ខ្ញុំក៏ឃើញដែរបង
-ត្រូវហើយ! ………តិចលោ វាលួចស្រលាញ់ឯងទេដឹង?
-ពួកបងនិយាយស្អីហ្នឹង! រឿងអ៊ីចឹង ក៏បងនិយាយចេញមកកើតដែរ ឯងទៅយកបង់ មកបិទកែងដៃឲ្យបងមក
-បាទៗ!
-បង! វាចេញមកហើយ
វិនីតញឹមៗ តែសុវណ្ណ រ៉ាណេ និងរ៉ាឌីសុទ្ធតែតាមសម្លឹងនាង។ ពិចិត្របន្លឺ៖
-ពួកឯងឈប់លេងទៅ! ឯងមិនអីទេអ្ហេ?
-បាទ មិនអីទេ
-ឯងមានអារម្មណ៍យ៉ាងម៉េចដែរ?
រ៉ាណេសួរហើយ ក៏ដើរទៅជិតវិនីត ហើយក៏ចេះតែឱនទៅរកមុខនាង ចំណែកវិនីតចេះតែខំគេចរហូតទាល់នឹងជញ្ជាំង រ៉ាណេបន្លឺឡើង៖
-ខ្ញុំគ្រាន់តែលេងសើចនឹងឯងតើ ហេតុអីក៏ឯងភ័យយ៉ាងនេះ?
-ខ្ញុំមិនបានភ័យឯណា! ខ្ញុំទៅផ្ទះហើយ
-បងឃើញទេ គេអៀនហើយ
-ពួកឯងនេះ!
វិនីតដកដង្ហើមធំដើរនៅលើដងផ្លូវ។ ថ្ងៃនេះមានអារម្មណ៍ដូចជាមិនស្រួលសោះ។ ចេញពីសាលាទើបតែទៅដល់ផ្ទះ សំឡេងទូរស័ព្ទបន្លឺឡើង គ្រាន់តែទទួលទូរស័ព្ទហើយ នាងរត់វឹង តម្រង់ទៅក្លឹបបាខែង។ ចូលទៅដល់ខាងក្នុង នាងឃើញវណ្ណាបានស្រវឹងទ្រេតទៅហើយ៖
-បងយ៉ាងម៉េចហើយ?
-ឯងមកហើយអ្ហេ? ជួយចេញលុយឲ្យយើងផង ចាំស្អែកយើងសងឯងវិញ
-អស់ប៉ុន្មានដែរបង
-បួនម៉ឺនរៀល……………..អរគុណ
-តោះ! ពួកយើងត្រឡប់ទៅវិញ
-មិនទាន់ចង់ទៅទេ យើងចង់ផឹកបន្តិចទៀត
-មិនបានទេបងស្រវឹងហើយ!
-ឯងកុំចេះ!
-អូយ!
វណ្ណាគ្រវាសដបទៅត្រូវក្បាលវិនីតធ្វើឲ្យរបួសចេញឈាមតិចៗ តែវិនីតមិនបានខ្វល់ពីក្បាលរបស់ខ្លួនទេ នាងលើកគ្រាយុវជនឡើង៖
-ពួកយើងទៅ
-យើងប្រាប់ឯងណា រឿងយប់នេះ កុំប្រាប់មិត្តភក្តិយើងឲ្យដឹងឲ្យសោះ បើមិនអ៊ីចឹងយើងមិនលើកលែងឲ្យឯងទេ
-បើខ្លាចគេដឹងទាល់តែកុំធ្វើ ឆាប់ទៅៗ………….ធ្ងន់ណាស់!
វិនីតគ្រាវណ្ណាចេញមកដល់មាត់ផ្លូវ៖
-បងនៅចាំត្រង់នេះសិនហើយ
-ឯងចង់ទៅណា? មិនឲ្យតេហៅអ្នកណាមកទេណា
-ដឹងហើយ! ខ្ញុំទៅហៅម៉ូតូឌុបតើ…….យ៉ាប់មែន!…………អាឡូបង!
-ឯងមានការអីអ្ហេ?
-បងមកយកខ្ញុំបន្តិចមក ខ្ញុំនៅចាំបង នៅមុខបាបាក់ខែង
-តើឯងទៅធ្វើអីទីនោះ
-បងឆាប់មកឲ្យលឿនឡើង
-អាឡូ អាឡូ………….តើវាកំពុងតែធ្វើអីអាល្អិតនេះ?
វិនីតឃើញច្បាស់ ថាក្រុមក្មេងស្ទាវមួយក្រុម កំពុងរករឿងវណ្ណា។ នាងស្ទុះរត់ចូលទៅ៖
-សូមទោស តើមានរឿងអីហ្នឹង?
-ឯងស្គាល់គេអ្ហេ?
-គាត់ជាបងប្រុសខ្ញុំ
-ឯងមើលមើល ពួកយើងមិនបានរករឿងគេមុនទេណា តែគេមកក្អួតដាក់យើងមុន
-សូមទោស! ចាប់ខ្ញុំជូតឲ្យពួកបង
-ឯងធ្វើស្អី! យើងក្អួតដាក់ឯងវាយ៉ាងម៉េច
-ស្រវឹងហើយ នៅខ្លាំងទៀតហើយ
-បានហើយ!
ក្រុមក្មេងៗទាំងនោះ ខឹងណាស់ក៏នាំគ្នាគ្រវាសវណ្ណាឲ្យដួលទៅលើដី វិនីតស្ទុះ
រត់ចូលទៅ នាងក្រសោបវណ្ណាជាប់ ហើយនិយាយពាក្យសូមទោសទៅរកពួកគេ តែមិនបានធ្វើឲ្យកំហឹងក្មេងទាំងនោះសាបឡើយ ពួកគេទាត់ធាក់វិនីត និងវណ្ណាជាមួយគ្នា។ តែអ្នកត្រូវរបួសធ្ងន់គឺកំលោះតូចហ្នឹងឯង៖
-ពួកឯងកំពុងធ្វើអី?
ពិចិត្រស្ទុះចូលមក ក្មេងស្ទាវទាំងអស់ក៏ស្ទុះរត់អស់ អ្វីដែលនាយឃើញមុនគេ គឺរូបកាយដ៏តូចល្អិតរបស់វិនីត ដែលជារបាំងការពារវណ្ណាពីក្មេងអន្ធពាលទាំងនោះ។ នាយដាក់ដៃលើស្មានាង ហើយសួរ៖
-ឯងយ៉ាងម៉េចហើយ?
-អូយ!……….
-តើមានរឿងអីហ្នឹង ម៉េចក៏ពួកឯងទាំងពីរនៅទីនេះទៅវិញ?
-បងវណ្ណាស្រវឹងហើយ បងឆាប់ជួយលើកគាត់ទៅ
ពិចិត្រនាំវណ្ណា និងវនីតមកដល់ផ្ទះតន្រ្តីវិញ យុវជនទាំងអស់នាំគ្នាចេញមកជួយលើកវណ្ណាដែលលង់លក់ទៅហើយនោះ។ រ៉ាឌីសួរ៖
-តើមានរឿងអីកើតឡើង?
-ខ្ញុំក៏អត់ដឹងដែរ ពេលដែលខ្ញុំទៅដល់ គឺគាត់ស្រវឹងបាត់ហើយ
-ចុះហេតុអីក៏ឯងរបួសយ៉ាងនេះ?
-គឺ………
-បង! បងដឹងទេ ហេតុអីក៏អាល្អិតនេះត្រូវរបួស
-គេយកខ្លួនទៅពាំងវណ្ណាជាប់ បើនៅតែបន្តិចទៀត ពួកក្មេងៗទាំងនោះប្រហែលជាទាត់គេស្លាប់ក៏មិនដឹងផង
-ឈឺណាបង!
-លាបថ្នាំឲ្យឯង ឯងរអ៊ូថាឈឺ កាលត្រូវគេទាត់ម៉េចមិនឮឯងរអ៊ូផងទៅ
-ជាធម្មតា បងវណ្ណាដូចជាមិនសូវចូលចិត្តឯងទេ ហេតុអីក៏ឯងជួយគាត់យ៉ាងនេះ? (រ៉ាណេបន្លឺ)
-ខ្ញុំគ្រាន់តែមិនចង់ឲ្យគាត់របួសប៉ុណ្ណោះ
-មុខឯងជាំហើយមានរបួសទៀត បើម៉ែឯងឃើញ វីវរហើយ ស្រួលមិនស្រួលគាត់ថា ពួកយើងជាអ្នកធ្វើបាបឯងក៏មិនដឹង
-យប់នេះគេងនៅទីនេះហើយ!
-អត់ទេ! ខ្ញុំត្រឡប់ទៅផ្ទះវិញ
-តែយប់ជ្រៅហើយ!
-ត្រូវហើយ! ឯងតេប្រាប់ម៉ែឯងទៅ
-មិនគេងទេ!
-ឯងយ៉ាងម៉េចហ្នឹង?
-ខ្ញុំចង់បានន័យថា ទីនេះចង្អៀតណាស់ ម៉េចនឹងអាចដាក់ខ្ញុំម្នាក់ទៀតបានទៅ យកល្អខ្ញុំទៅផ្ទះវិញ
-មិនអីទេ! ឯងគេងជាមួយខ្ញុំនៅបន្ទប់ថតសំឡេងចុះ
-តែម៉ែខ្ញុំ!
-គ្រាន់តែតេប្រាប់គាត់បន្តិចទៅបានហើយ អណ្តក់អណ្តឺតមើលតែកូនស្រីឯងនេះ
-មកយប់ជ្រៅហើយ ពួកយើងទៅគេងទៅ
ពិចិត្រទាញដៃវិនីតចូលទៅក្នុងបន្ទប់៖
-មុជទឹកទៅ ហើយស្លៀកខោអាវបងសិនក៏បានដែរ
-អត់ទេ! ខ្ញុំអត់មុជទេ…………ខ្ញុំមុជរួចហើយ
-គ្រែតូចបន្តិចហើយ
-ហេតុអីក៏បងមើលមុខខ្ញុំ?
-មុខស្អាតយ៉ាងនេះ តែបែរជាជាំអស់ ម្យ៉ាងដែរ បានហើយគេងទៅ!
វិនីតដេកយ៉ាងត្រង់ភ្លឹងមិនហ៊ានកម្រើកទាល់តែសោះ ព្រោះតែខ្លាចប៉ះយុវជន តែបន្ទាប់ពីលង់លក់ទៅ នាងក៏ស្រវាឱបយុវជនយ៉ាងស្រួល។ ព្រហាមស្រាងៗឡើង នាងក៏ងើបទៅជួយសម្អាតថ្នល់ម្តាយនាងដូចធម្មតា៖
-ម៉ែ!
-មុខឯងកើតអីហ្នឹង?
-សូមទោសម៉ែ! ឈប់មិញមានរឿងបន្តិចបន្តួច
-ពួកគេវាយឯងអ្ហេ?
-អត់ទេម៉ែ!
វិនីតនិយាយរឿងរ៉ាវប្រាប់ម្តាយ។ មីងណាបន្លឺ៖
-សំណាងហើយ ដែលពិចិត្រទៅទាន់ ហេតុអីក៏កូនមិនចេះប្រយ័ត្នប្រយែងយ៉ាងនេះ?
ថ្លែងពីវណ្ណា។ នាយភ្ញាក់ពីដំណេកឡើង ហាក់ពុំចាំរឿងរ៉ាវ ដែលកើតឡើងពីយប់មិញឡើយ។ ពិចិត្រអង្គុយនៅលើគ្រែចាំយុវជនចេញពីបន្ទប់ទឹក ទើបសួរ៖
-យប់មិញមានរឿងអី?
-យប់មិញ! ……យប់មិញ ខ្ញុំស្រវឹងមែនទេ?
-នេះឯងស្រវឹងរហូត មិនចងចាំអ្វីទាំងអស់អ្ហេ? បើវិនីតស្លាប់ពីយប់មិញទៅក៏ឯងមិនដឹងដែរអ្ហេ?
-តើមានរឿងអីកើតឡើងចំពោះគេ?
-ថ្ងៃក្រោយមានរឿងអ្វី ឯងតេមករកពួកយើងមក កុំទៅរំខានវិនីតទៀត
-ខ្ញុំសួរថា មានរឿងអីកើតឡើងចំពោះគេ?
-មានរឿងអី? (រ៉ាណេ រ៉ាឌី និងសុវណ្ណរត់ចូលមក)
-វិនីតកើតអី?
-វិ…នីត…វាការពារបង រហូតត្រូវពួកអាក្មេងស្ទាវវ៉ៃបែកមុខបែកមាត់អស់ហើយ
-ចុះពេលនេះ វានៅឯណា?
-វាទៅផ្ទះតាំងពីព្រលឹមម៉្លេះ…………បងគិតទៅណា?
វណ្ណាស្ទុះរត់ចេញទៅ។ នាយឃើញវិនីតកំពុងបោសសម្អាតថ្នល់ទាំងមុខជាំខ្មៅ។ វិនីតឃើញច្បាស់ថា វណ្ណាកំពុងឈរនៅចំពោះមុខខ្លួន នាងបន្លឺតិចៗ៖
-បង!…………បងមកទីនេះធ្វើអី?
-សូមទោស!
វណ្ណាស្រវាឱបវិនីតជាប់ តែនាងឆាប់បម្រាស់ចេញភ្លាម៖
-បងធ្វើអីហ្នឹង បើពួកគេឃើញយើង តើគេគិតយ៉ាងម៉េច?
-កូនស្គាល់គេអ្ហេ?
-បាទម៉ែ! គាត់គឺបងវណ្ណា
-ជម្រាបសួរអ្នកមីង!
-ចាស!
-ខ្ញុំសូមទោស ដែលបង្ករឿង ធ្វើឲ្យកូនអ្នកមីងរបួសពេញខ្លួនបែបនេះ
-បានហើយ! រឿងវាកន្លងហួសទៅហើយ
-ខ្ញុំជួយឯង
-មិនអីទេ! បងកុំធ្វើអ៊ីចឹងអី…………បងមិនទៅធ្វើការទេអ្ហេ?
-មិនអីទេ បន្តិចទៀតបងទៅក៏បាន
វណ្ណាជួយសម្អាតផ្លូវវិនីតមួយសន្ទុះធំ ទើបលាមីងណាត្រឡប់ទៅវិញជាមួយនឹងវិនីត។ នៅតាមដងផ្លូវ វិនីតបន្លឺ៖
-បងមានរឿងអីអ្ហេ?………….ខ្ញុំ….ខ្ញុំដឹងថាមិនគួរសួរបងទេ តែហេតុអីក៏បងផឹកស្រាច្រើនយ៉ាងហ្នឹង?
-សូមទោសផង ដែលនាំទុក្ខដល់ឯងយ៉ាងនេះ
-មិនអីទេ! ការពិតខ្ញុំសប្បាយចិត្តវិញទេ ដែលបងនឹកឃើញដល់ខ្ញុំ បានន័យថាបងមិនបានស្អប់ខ្ញុំទេ
-បងមិនដែលស្អប់ឯងឯណា បងនិយាយប្រាប់ឯងចុះ បងផឹកស្រាព្រោះតែបងខូចចិត្ត
-ខូចចិត្ត! ខូចចិត្តរឿងអីគេ?
-រឿងស្នេហាហ្នឹងណា!
-ស្នេហាអ្ហេ!
-ត្រូវហើយ!
-អូ! បងប្រហែលជាត្រូវគេបោះបង់ចោលហើយមែនទេ? ហើយបងប្រហែលជាស្រលាញ់គេខ្លាំងហើយមើលទៅ
-ត្រូវហើយ! ម្សិលមិញ គឺជាថ្ងៃដែលនាងរៀបការ បងមិនបានទៅចូលរួមទេ ទើបទៅផឹកស្រាយ៉ាងនេះទៅ
-បងពិបាកចិត្តណាស់មែនទេ?
-ពិបាកណាស់ ប៉ុន្តែនៅពេលដែលងើបឡើង ឮថាឯងមានគ្រោះថ្នាក់ដោយសារតែបង បងស្តាយក្រោយណាស់ ពិចិត្រខឹងនឹងបងមិនខុសទេ មិនគួរនាំទុក្ខដល់ឯងឡើយ
-តែខ្ញុំអស់អីហើយតើ ត្រូវហើយ! ហេតុអីក៏បងរកខ្ញុំឃើញ?
-បងដឹងថា ឯងធ្វើការនៅទីនោះយូរហើយ
-អ៊ីចឹងទេអ្ហេ!
ពួកគេទាំងពីរជជែកគ្នារហូតដល់ផ្ទះតន្រ្តី។ រ៉ាណេបន្លឺ៖
-បងមកវិញហើយអ្ហេ! អាល្អិតម៉េចក៏ឯងមកដែរ?
-អីយ៉ា! មុខឯងមើលពីយប់ ដូចជាមិនអី តែពេលថ្ងៃដូចជាជាំខ្លាំងដល់ហើយ ឯងទៅរៀនកើតដែរអ្ហេ?
-ខ្ញុំសុំច្បាប់រួចហើយ
-ល្អ! អ៊ីចឹងយប់នេះ ឯងមានពេលធ្វើបទភ្លេងជាមួយយើងហើយ
-នៅសល់ដប់ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ហើយ យើងនៅសល់មួយបទទៀត ទើបបានដប់បទ
-តើថ្ងៃនេះ យើងអាចធ្វើរួចទេ?
-ត្រូវតែធ្វើឲ្យរួច……….ខ្ញុំទៅសរសេរទំនុកច្រៀងសិន
ពេញមួយថ្ងៃ បទភ្លេងថ្មីមួយទៀតបានលេចចេញឡើង នោះគឺបទឈាមតែមួយ។ សំឡេងហ៊ោកញ្ជ្រៀវលាន់ឡើង ជាសញ្ញានៃភាពជោគជ័យនៃអាល់ប៊ុមថ្មី ដែលចេញពីអារម្មណ៍ពិត បេះដូងពិតរបស់យុវជនខ្មែរ។ រ៉ាឌីបន្លឺ៖
-យប់នេះ យើងដើរលេងទៅបង
-ត្រូវហើយ! ខ្ញុំខានដើរលេងយប់យូរហើយបង ហើយក៏ចង់មើលក្រុងសៀមរាបទាំងមូល តើស្រស់ស្អាតយ៉ាងណាដែរ
-អ៊ីចឹង! ពួកយើងទៅដើរលេងទៅ
អូហូ! សៀមរាបពិតជាស្រស់ស្អាតមែន ពន្លឺភ្លើងពណ៌មិនចាញ់រាជធានីភ្នំពេញឡើយ។ យុវជនមួយក្រុមនេះពិតជាសប្បាយខ្លាំងណាស់ ចំណែកវិនីតក៏ស្ទើរតែភ្លេចខ្លួនថាជាស្រីដែរ នាងត្រូវយុវជនទាំងអស់ចាប់កៀកកដូចជាកូនក្មេង ប្រឡែងលេង ឥតឈប់សោះ។ ឥឡូវពួកគេកំពុងអង្គុយនៅក្រោមពន្លឺព្រះចន្ទនៃ ផ្លូវហុកសិបម៉ែត ទីលានឃ្យូង យូ។ ម្នាក់ៗមានទឹកមុខញញឹម វិនីតលួចសម្លឹងមុខយុវជនម្នាក់ម្តងៗ ហើយគិតតែម្នាក់ឯង៖”បងសុវណ្ណ! បងអាយុច្រើនជាងគេ តែបងរួសរាយណាស់ បងតែងតែមើលការខុសត្រូវពួកយើងទាំងអស់គ្នា។ បងរ៉ាណេ! បងចូលចិត្តនិយាយច្រើន តែបងមានចិត្តល្អ មិនចេះខឹង។ បងរ៉ាឌី! បងពុំសូវចេះនិយាយ តែបងចូលចិត្តញញឹម ហើយតែងតែបារម្ភពីអ្នកទាំងអស់គ្នា។ បងវណ្ណា! បងមិនដែលញញឹមទេ តែពេលនេះបងញញឹមហើយ រាល់ថ្ងៃបង ហាក់ដូចជាកាចណាស់ តែបងក៏មានចិត្តល្អ បងយកចិត្តទុកដាក់ចំពោះខ្ញុំដូចជាបងប្អូនអ៊ីចឹង។ បងពិចិត្រ! បងជាអ្នកចម្រៀងល្បី ខ្ញុំមិននឹកស្មានថាបងមានអធ្យាស្រ័យល្អយ៉ាងនេះទេ បងតែងតែបារម្ភពីខ្ញុំ ការពារខ្ញុំ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំក្នុងការតែងនិពន្ធ។ ពួកបងម្នាក់ៗសុទ្ធតែល្អនឹងខ្ញុំ ខ្ញុំមិនដឹងថា នៅពេលស៊ីឌីចម្រៀងចេញហើយ តើពួកបងនៅត្រូវការខ្ញុំទៀតទេ? ពួកបងដឹងទេ មួយរយៈនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ តែខ្ញុំក៏បារម្ភណាស់ដែរ បើសិនជាបង
ដឹងថាខ្ញុំជាមនុស្សស្រី តើពួកបងគិតយ៉ាងម៉េច? ខ្ញុំគួរតែប្រាប់ពួកគាត់នៅពេលនេះ”។
-នែ! ឯងកំពុងគិតអីហ្នឹង? (ពិចិត្រសួរ)
-បាទ!
-បងសួរថា កំពុងគិតអី?
-អត់ទេ! ……..ខ្ញុំ មានរឿងចង់ប្រាប់ពួកបង
-ខ្ញុំក៏មានរឿងមួយដែរ (រ៉ាណេបន្លឺ)
-ឯងមានរឿងអីអ្ហេ?
-បងរ៉ាណេនិយាយមុនទៅ!
-ខ្ញុំនិយាយរឿងមួយឲ្យពួកបងស្តាប់ រឿងនោះដូចជាពួកយើងអ៊ីចឹង មានតារាចម្រៀងមួយក្រុមនោះ ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែមានថ្ងៃមួយ នៅក្នុងចំណោមពួកគេទាំងអស់ មានម្នាក់គឺជាស្រីដែលបន្លំខ្លួនធ្វើជាប្រុសពួកបងដឹងទេថា នៅពេលដែលរឿងនោះបែកការ តើតារាចម្រៀងរូបនោះទៅជាយ៉ាងណា?
-ទៅជាយ៉ាងណា បើឯងមិននិយាយមាននរណាដឹង
-មិត្តរួមក្រុមរបស់គេគឺខឹងនឹងគេខ្លាំងណាស់ ថាហេតុអីក៏កុហកពួកគេ ពួកគេក៏នាំគ្នាយកកាំបិតប៉ាន់តោ ដេញកាប់នារីម្នាក់នោះ កាប់ៗៗៗរហូតទាល់តែនាងស្លាប់ផុតពីលោកានេះ
-មិនហួសហេតុពេកទេអ្ហ៊ៃ? (រ៉ាឌីបន្លឺ)
-ត្រូវហើយ! គ្រាន់តែដឹងថានាងជាស្រី ហេតុអីក៏ចាំបាច់ធ្វើបែបហ្នឹង ឯងនិយាយអ៊ីចឹង មើលអាល្អិតនេះ ដូចជាភ័យដល់ហើយ
-មានឯណា! ចុះក្រោយមកយ៉ាងម៉េចទៀតបង?
-មានយ៉ាងម៉េច បើនាងស្លាប់ហើយគឺចប់ហើយ ដល់វេនឯងនិយាយម្តងហើយ
-យ៉ាងម៉េច ឯងមិននិយាយទៅ!
-ខ្ញុំភ្លេចហើយថា ត្រូវនិយាយពីអ្វី
-អាល្អិតឯងនេះ
-ពួកបងត្រឡប់ទៅភ្នំពេញពេលណា?
-ពួកយើងធ្វើបទចម្រៀងរួចហើយ យើងគិតថា ទៅស្អែកនេះ តើល្អទេ?
-ទៅស្អែកក៏ល្អដែរ
-ឯងទៅជាមួយពួកយើងទេ
-ខ្ញុំមិនទៅទេ
-ពេលនេះឯងមិនទៅក៏បាន តែបើក្រោយការចេញស៊ីឌីចម្រៀងទទួលបាន
ជោគជ័យ ឯងត្រូវតែទៅ មួយរយៈនេះ អរគុណឯងខ្លាំងណាស់ ដែលព្រមរួមសុខទុក្ខជាមួយពួកយើង ពេលពួកយើងមិននៅ ឧស្សាហ៍ទៅលេងផ្ទះតន្រ្តីផង កុំទុកវាចោលឲ្យសោះណា ព្រោះពួកយើងនឹងត្រឡប់មកវិញ
-បាទ!
-អាល្អិតអ្ហា៎! ឯងត្រូវថែរក្សាខ្លួនណា (រ៉ាណេនិយាយ)
-ត្រូវចេះប្រយ័ត្ន ពិសេសនៅពេលចូលបន្ទប់ទឹក (រ៉ាឌីឧទាន)
-ទោះបងមិនសូវនិយាយជាមួយឯង តែបងពេញចិត្តសមត្ថភាពឯង ព្យាយាមនិពន្ធបទភ្លេងតទៅទៀតណា កុំបោះបង់ចោលឲ្យសោះ
-បាទ!
-ឈប់និយាយទៅ គេយំហើយ!
-ឯងកុំយំដូចជាស្រី បានទេ! (រ៉ាណេបន្លឺ)
-តែខ្ញុំចង់យំ!
វិនីតយំហ៊ូ។ យប់នោះ យុវជនទាំងអស់ជូននាងមកដល់ផ្ទះ។ ក្រោយការចាកចេញរបស់ពួកគេ វិនីតហាក់ដូចជាមានអារម្មណ៍ស្ងប់ស្ងាត់ និងនឹករលឹកដល់ពួកគេយ៉ាងខ្លាំង។ ជិតមួយសប្តាហ៍ហើយ តែនាងពុំបានទទួលដំណឹងពីពួកគេឡើយ។ រាល់ពេលទំនេរ នាងតែងតែទៅបើកទូរទស្សន៍ ចាំមើលបទចម្រៀងថ្មីរបស់នាង តែមិនឃើញទាល់តែសោះ។ នាងដឹងថា ពួកគេប្រាកដជារវល់ខ្លាំងណាស់ ទើបមិនហ៊ានតេទៅ។ ពេលនេះ នាងកំពុងនៅក្នុងផ្ទះតន្រ្តីសរសេរបទភ្លេងថ្មី ក្នុងអារម្មណ៍កណ្តោចកណ្តែង ស្រាប់តែឮសំឡេងបន្លឺឡើង៖
-អាល្អិត!
វិនីតងាកក្រោយ ឃើញច្បាស់ជាពិចិត្រ នាងអរខ្លាំងណាស់ ក៏ស្ទុះរត់វឹងទៅសង្រ្គប់ឱបយុវជន។ ពិចិត្រហាក់ដូចជាភាំងមួយសន្ទុះ នាយរកនិយាយអ្វីមិនចេញ ដៃទាំងពីរបានត្រឹមតែលើកឡើង តែមិនហ៊ានឱបតបទៅវិញ ក៏ចាប់ស្មានាងឲ្យងាកចេញពីខ្លួន៖
-ឯងធ្វើស្អីហ្នឹង?
-សូមទោស!…………ខ្ញុំនឹកបងខ្លាំងពេក ទើបសប្បាយចិត្តយ៉ាងនេះ ចុះបងទៅណាហ្នឹង?
-បងមកយកអត្ថបទចម្រៀង គិតថាឆៀងទៅលេងឯងដែរ ប៉ុន្តែបានជួបឯងនៅទីនេះគឺល្អណាស់
-ចុះស៊ីឌីចម្រៀង យ៉ាងម៉េចហើយបង?
-ពួកយើងកំពុងតែថតឡើងវិញ មួយសប្តាហ៍ទៀត ប្រហែលចេញលក់ហើយ ឯង ចាំមើលតាមទូរទស្សន៍ទៅ បងទៅវិញហើយណា
វគ្គ៣ ការលេចមុខជាថ្មី
បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលបីខែ តារាចម្រៀងវ័យម្ភៃប្រាំមួយឆ្នាំ បានត្រឡប់មកវិញ ជាមួយនូវអាល់ប៊ុមចម្រៀង ដែលផលិតចេញពីអារម្មណ៍ពិត បេះដូងពិត របស់យុវជនខ្មែរមួយក្រុមរួមជាមួយកវីវ័យក្មេង សា វិនីត ដែលប្រសូតចេញពីទឹកដីខេត្តសៀមរាប។ សូមធានាថា ទាំងបទភ្លេង និងទំនុកច្រៀងគឺថ្មីស្រឡាង គ្មានការលួចចម្លងឡើយ។ ផលិតកម្មនាគ ទេពស៊ីឌីចម្រៀងបេះដូងពិត វ៉ុលមួយ ចេញលក់ថ្ងៃនេះហើយ។
-ម៉ែ! ចេញលក់ហើយ
វិនីតមើលទូរទស្សន៍ហើយ ត្រេកអរណាស់ ស្ទុះរត់ទៅប្រាប់ម៉ែដែលកំពុងដាំបាយ នាងចេះតែស្រែកថា៖
-ម៉ែ! ចេញលក់ហើយ ចេញហើយ………..
-ចេញស្អីកូន?
-ចម្រៀងដែលកូននិពន្ធចេញលក់ហើយ
-ពិតមែនអ្ហេកូន! ឯណានាំម៉ែទៅមើលមើល
-តើមានរឿងអីហ្នឹង? (វិណាតនិងវិនាតដែលទើបមកពីសាលាឧទាន)
-វិនាត វិនាត! ចម្រៀងដែលបងតែងចេញលក់ហើយ
-ពិតមែនអ្ហេបង!
-បងទើបតែមើលគេផ្សាយពាណិជ្ជកម្មអម្បាញ់មិញ
-ខ្ញុំទៅបើកទូរទស្សន៍មើលសិន
-វិនីត!……….. វិនីត!
-តារាទេអ្ហេ! មានការអី?
-ចម្រៀងដែលនាងនិពន្ធចេញហើយមែនទេ?
-ត្រូវហើយ! ឯងក៏ដឹងដែរមែនទេ?
-នេះអាល់ប៊ុមចម្រៀង បងសុវណ្ណផ្ញើមកឲ្យនាង
-អរគុណ! ខ្ញុំយកទៅចាក់ស្តាប់សិន
ចម្រៀងថ្មីត្រូវបានចាក់ផ្សាយទូទាំងប្រទេស ហើយបទដែលទទួលបានការគាំទ្រច្រើនជាគេគឺបទ មហិច្ឆតា ស្នាមញញឹម និងបេះដូងពិត។ បន្ទាប់ពីចេញស៊ីឌីចម្រៀងហើយ នេះជាលើកទីមួយហើយ សំនៀង ពិចិត្រឡើងទូរទស្សន៍ជាមួយមិត្តរួមក្រុម និងបងសុវណ្ណផងដែរ។ វិនីត និងក្រុមគ្រួសារ តាមដានការសម្ភាសន៍ទាំងអស់គ្នា។ ពិធីការិនីបន្លឺ៖
-ជម្រាបសួរ!
-បាទ! ជម្រាបសួរបង
-បើបងចាំមិនខុសទេ នេះជាលើកទីបីហើយ ដែលបងបានជួបប្អូន នៅក្នុងកម្មវិធីនេះ ប៉ុន្តែពេលនោះ គឺប្អូនអញ្ជើញមកតែម្នាក់ឯងទេ មែនទេ?
-បាទបង! ពួកគេគឺជាមិត្តចិត្តមួយថ្លើមមួយរបស់ខ្ញុំ
-តែឮថា ដូចជានៅមានម្នាក់ទៀតអ្ហេ?
-បាទ! ប៉ុន្តែពេលនេះគេនៅឯសៀមរាបឯនោះ ហើយក៏ប្រហែលជាកំពុងមើលទូរទស្សន៍ដែរ
-សួស្តីអាល្អិត! តើឯងសុខសប្បាយទេ (យុវជនទាំងអស់បន្លឺព្រមគ្នា)
-ខ្ញុំសុខសប្បាយទេ (វិនីតតបនឹងទូរទស្សន៍)
-មើលទៅពួកប្អូន ដូចជានឹកដល់អាល្អិតម្នាក់នោះដល់ហើយ
-ត្រូវហើយបង!
-បងសូមសួរទៅពិចិត្រថា តើរយៈពេលបីខែនេះប្អូនបានធ្វើអ្វីខ្លះ?
ពិចិត្រឆ្លើយរឿងរ៉ាវដែលខ្លួនបានរស់នៅជុំគ្នាបង្កើតបទភ្លេងថ្មី។ ពួកគេជួយនិយាយគ្នា បង្ហាញពីភាពសប្បាយរីករាយខ្លាំងណាស់។ តែមកដល់សំនួរមួយ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង៖
-ពីមុនមក ប្អូនច្រៀងបទដែលចម្លងពីបរទេសមក តើមានហេតុផលអ្វី ដែលធ្វើឲ្យពិចិត្រ ងាកទៅច្រៀងចម្រៀងដែលនិពន្ធដោយខ្លួនឯង?
-ការពិត ខ្ញុំធ្លាប់គិតម្តងដែរ តែក៏បំភ្លេចទៅវិញ ចៃដន្យ កាលពីបីខែមុន ខ្ញុំបានទៅច្រៀងនៅខេត្តសៀមរាប សល់ពេលពីច្រៀង ខ្ញុំបានទៅដើរកម្សាន្ត នៅតាមដងស្ទឹង ខ្ញុំបានឮក្មេងប្រុសស្រីពីរនាក់ ដែលជាកម្មករសម្អាតផ្លូវសាធារណៈជជែកគ្នា។ ក្មេងប្រុសម្នាក់នោះនិយាយថា អ្នកចម្រៀងល្បីដូចជាខ្ញុំ ពុំបានស្មើនឹងគេផង គេអាចសរសេរបទភ្លេង និងច្រៀងចម្រៀងដែលគេនិពន្ធដោយខ្លួនគេ គេមានរបស់ដែលជាកម្មសិទ្ធិគេ តែខ្ញុំគ្មានទេ នៅពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំនឹងគ្មានសល់អ្វីទាំងអស់។
-ពាក្យទាំងនេះអ្ហេ ដែលធ្វើឲ្យប្អូនឈឺចាប់ងាកទៅច្រៀងបទដែលនិពន្ធដោយខ្លួនឯង?
-ខ្ញុំអត់បានឈឺចាប់ទេ តែខ្ញុំយល់ថាគេនិយាយត្រូវ ខ្ញុំយល់ថា គេគ្រាន់តែជាកម្មករម្នាក់ តែមានគំនិតគិតវែងឆ្ងាយ ជាមនុស្សមានឆន្ទៈ ខ្ញុំត្រូវតែគិតសារឡើងវិញ
-អ៊ីចឹងហេតុអីក៏ប្អូន ជ្រើសរើសយកខេត្តសៀមរាបជាកន្លែងបង្កើតអាល់ប៊ុមថ្មី?
-ខ្ញុំយល់ថា វាជាកន្លែង ដែលផ្តល់បេះដូងពិតឲ្យខ្ញុំ
-ប្អូនមានដែលជួបកម្មករនោះទៀតទេ?
-ខ្ញុំបានជួបគេ ហើយបានជជែកលេងជាមួយគេទៀតផង
-អ៊ីចឹង បងសូមសួរទៅប្អូនទាំងបី រួមទាំងបងប្រុស ហេតុអីក៏ពួកប្អូនសម្រចចិត្តទៅតាមពិចិត្រ
-បងវណ្ណាឆ្លើយទៅ
-ការពិតខ្ញុំកោតសរសើរនឹងឆន្ទៈពិចិត្រ លោកចាង ហ្វាងបានសួរពួកយើងថានរណាស្ម័គ្រចិត្តទៅ លោកឲ្យទៅ ដូចនេះពួកយើងក៏សម្រេចថាទៅ
-ចុះបងប្រុស?
-ខ្ញុំជាជំនួយការពិចិត្រទេ កាលដែលគេសម្រេចចិត្តដំបូង ខ្ញុំខឹងនឹងគេខ្លាំង
ណាស់ តែនៅពេលនោះគេនៅតែមានះ ម្យ៉ាងទៀត លោកចាង ហ្វាងក៏គាំទ្រគេ ដូចនេះ ខ្ញុំមានតែសម្រេចចិត្តទៅតាមគេទៅ
-ចុះនៅពេលទៅតាមពិចិត្រហើយ តើបងយល់ថា ការសម្រេចចិត្តរបស់ពិចិត្រត្រឹមត្រូវទេ?
-ពិតជាមិនគួរឲ្យជឿទេ ថាយុវជនទាំងអស់នេះ មានឆន្ទៈយ៉ាងនេះ ខ្ញុំយល់ថា ខ្លួនឯងខុសធ្ងន់ណាស់ ដែលពីដំបូងមិនបានគាំទ្រពិចិត្រ តែពេលនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយក៏នឹកដល់សា វិនីតផងដែរ។
-សា វិនីតដែលបងនិយាយនោះ គឺជាកវីវ័យក្មេង ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងនោះមែនទេ?
-បាទ! ត្រូវហើយ
-សំនួរចុងក្រោយ តើពួកប្អូនមានគំរោងចេញវ៉ុលថ្មីនៅពេលណាទៀត?
-នៅទេបង! ពួកយើងត្រៀមថតជាវីស៊ីឌីសិន
-អូ! អ៊ីចឹង ចាំដល់ពេលចេញវីស៊ីឌី បងនឹងទៅទិញយកមកមើល
-បាទអរគុណបង
-តើប្អូនមានពាក្យអ្វីជាចុងក្រោយទៅកាន់ទស្សនិកជនទេ?
-បាទ! ជាដំបូង ខ្ញុំសូមអរគុណដល់លោកចាង ហ្វាងម្ចាស់ផលិតកម្មនាគទេព ដែលគាំទ្រពួកយើង ទាំងស្មារតី និងសម្ភារឲ្យពួកយើងមានកម្លាំងចិត្តប្រឹងប្រែងឡើង។ សូមអរគុណដល់ប្រិយមិត្តទាំងអស់ ដែលគាំទ្របទចម្រៀងយើងខ្ញុំ និងសូមអរគុណដល់ស្ថាននីយ៍ដែលអញ្ជើញពួកយើងមកសម្ភាសន៍ក្នុងថ្ងៃនេះ។
-ទស្សនិកជនជាទីមេត្រី ជាចុងក្រោយសូមសណ្តាប់នូវបទចម្រៀងមួយបទក្រោមចំណងជើងថា បេះដូងពិត បកស្រាយ និងលេងភ្លេងដោយ ក្រុមយុវជនបេះដូងពិតនៃផលិតកម្មនាគទេព។ កម្មវិធីសម្ភាសន៍តារា សូមជម្រាបលា។
ក្រោយពីបានស្តាប់បទសម្ភាសន៍ហើយ ទើបវិនីតដឹងថា សំដីនាងនៅថ្ងៃនោះ
ពិចិត្របានស្តាប់ឮទាំងអស់។ ចំណែកវិនីក៏ស្រាប់តែមកដល់ផ្ទះវិនីតភ្លាម៖
-វិនីត!
-ឯងមកលើផ្ទះមក!
-ការពិតឯងនិយាយថា ឯងទៅធ្វើជាអ្នកនិពន្ធ គឺនិពន្ធចម្រៀងឲ្យបងពិចិត្រទេអ្ហេ? ហេតុអីក៏ឯងមិនប្រាប់ខ្ញុំផងអ៊ីចឹង តើឯងសមជាមិត្តភក្តិខ្ញុំទេ?
-សូមទោស! មកពីបងពិចិត្រមិនចង់ឲ្យនរណាដឹង ថាគាត់នៅទីនេះ កុំខឹងអីណា៎!
-មិនខឹងក៏បាន! តែនៅរឿងមួយទៀត ពួកគាត់មិនដឹងថា ឯងជាស្រីទេអ្ហេ?
-មិនដឹងទេ!
-ម៉េចអ៊ីចឹង! ឯងមានបំណងកុហកពួកគាត់អ្ហេ?
-សួស្តី! …………អ្ហាក នៅជុំគ្នាល្អម្ល៉េះ
-ឯងសួរគេទៅ គេជាអ្នកនាំខ្ញុំទៅ
-ម៉េចក៏មានទាក់ទងនឹងតារា?
-មានរឿងអីអ្ហេ?
-ឯងនិយាយទៅ ហេតុអីក៏ឯងអាចទាក់ទងបងពិចិត្រ ឲ្យវិនីតទៅនិពន្ធបាន
-រឿងទាក់ទងនឹងបងពិចិត្រ ខ្ញុំអត់ដឹងទេ ខ្ញុំគ្រាន់តែនាំវិនីតទៅប៉ុណ្ណោះ
-ចុះរឿងវិនីតបន្លំខ្លួនជាប្រុសនោះ?
-រឿងនេះ!
-រឿងនេះយ៉ាងម៉េច? ខ្ញុំថារឿងនេះមិនតូចទេណ៎ះ ឯងកំពុងតែបង្ករឿងហើយ បើពួកគាត់ដឹង តើវិនីតនឹងទៅជាយ៉ាងណា?
-ប្រហែលជាមិនធ្ងន់ធ្ងរដូចដែលឯងគិតទេដឹង វិនី?
-ឯងថាមិនធ្ងន់ធ្ងរអ្ហេ បើខ្ញុំត្រូវគេកុហកបែបនេះណា ខ្ញុំមិនសុខចិត្តទេ ខ្ញុំនឹងកាប់ចញ្ច្រាំឯងឲ្យដូចជាដើមស្ពៃអ៊ីចឹង
-នាងកុំបន្លាចវិនីតបានទេ!
-មកពីឯងហ្នឹង ធ្វើបាបវិនីតនោះ
-នរណាឲ្យពួកគាត់យល់ច្រឡំថា នាងជាប្រុសធ្វើអី? ពេលនោះ បើគាត់ដឹងថាវិនីតជាស្រី ខ្ញុំក៏មិនណែនាំឲ្យដែរ ព្រោះខ្ញុំដឹងថា តន្រ្តីករទាំងនោះគឺសុទ្ធតែជាមនុស្សប្រុស វិនីតមិនអាចសម្របខ្លួនជាមួយពួកគេបានទេ
-អ៊ីចឹងឯងគិតថា កាលដែលវិនីតជាប្រុស អាចសម្របខ្លួនជាមួយពួកគាត់បានអ្ហេ? អ៊ីចឹងវិនីតជាប្រុសឬស្រី?
-ពួកឯងឈប់ជជែកគ្នាទៅ គឺខុសមកពីខ្ញុំ មកពីខ្ញុំចូលចិត្តតែងខ្លួនជាមនុស្សប្រុស ហើយនិយាយសំឡេងប្រុសទៀត ពួកឯងឈប់បារម្ភទៅ ទុកខ្ញុំជាអ្នក
ដោះស្រាយ។
ឲ្យតែគិតដល់រឿងនេះ វិនីតគឺពិបាកចិត្តហើយ នាងពុំដឹងគួរចាប់ផ្តើមពីត្រង់ណាទៅទេ។ នាងរំលឹកនឹកគ្រប់រឿងរ៉ាវទាំងអស់ កាលដែលនាងរស់នៅជួបជុំនឹងយុវជនវ័យក្មេងទាំងអស់នោះ។ នាងខ្លាចបាត់បង់ក្តីស្រលាញ់ដែលពួកគេបានផ្តល់ឲ្យនាង ខ្លាចពេលវេលាមិនដូចមុន ខ្លាចត្រូវឃ្លាតចាកឆ្ងាយពីពួកគេ។ វិនីតកាន់អំបោសជាប់នឹងដៃ តែអារម្មណ៍វិលវល់ហាក់មិននៅជាប់នឹងខ្លួនទាល់តែសោះ មួយសន្ទុះស្រាប់តែឮសំឡេងហ្គីតាបន្លឺឡើង។ នាងដឹងច្បាស់ ថាជាសំឡេងហ្គីតារបស់រ៉ាណេ ក៏ស្ទុះរត់វឹងទៅដងស្ទឹង ក្បែរដើមពោធិ៍ ដោយនាំទាំងម្តាយទៅផង ក៏ឃើញច្បាស់ថាជាយុវជនមួយក្រុម កំពុងប្រគុំតន្រ្តីខ្នាតតូចមួយ ដែលមានមនុស្សរោមមើលជុំជិត។ នាងសសៀរដើរចូលទៅ។ ស្នាមញញឹមគឺជាបទដែលពួកគេកំពុងប្រគុំឡើង ជាមួយទឹកមុខ ដែលពោរពេញទៅដោយភាពជឿជាក់ លាយនឹងស្នាមញញឹមតិចៗ ធ្វើឲ្យកំលោះតូចទប់ទឹកភ្នែកមិនជាប់។ ក្រុមយុវជនឱនក្បាលគោរពទៅកាន់ម្តាយវិនីត ឯពិចិត្រច្រៀងបណ្តើរ ដើរទៅកៀកស្មាវិនីតបណ្តើរ។ សំឡេងតន្រ្តីត្រូវបានបញ្ចប់ សំឡេងទះដៃបានបន្លឺឡើង។
ពួកគេបានត្រឡប់មកដល់ផ្ទះតន្រ្តីទាំងអស់គ្នា។ វិនីតនិយាយ៖
-ពួកបងមកម្តងនេះ ធ្វើអីដែរ?
-ពួកយើងមកថតវីស៊ីឌី ហើយក៏មកនាំឯងទៅភ្នំពេញដែរ
-ទៅភ្នំពេញអ្ហេ!
-ត្រូវហើយ! នៅពេលដែលពួកយើងថតនៅទីនេះចប់ ពួកយើងត្រូវទៅថតនៅភ្នំពេញវិញ ចំណែកឯងគឺជាអ្នកនិពន្ធ ឯងត្រូវទៅជួយមើលការសំដែងរបស់ពួកយើង តើវាត្រូវនឹងអ្វីដែលឯងសរសេរចេញមកទេ ព្រោះបើឯងសរសេរបែបនេះ ពួកយើងសំដែងបែបនោះ ក៏លទ្ធផលចេញមកមិនល្អដែរ
-ប៉ុន្តែ!
-ឯងផ្ទេរឈ្មោះទៅរៀននៅទីនោះមួយរយៈទៅ ហើយចាប់ពីថ្ងៃនេះទៅ ឯងត្រូវតែបន្តការនិពន្ធបទភ្លេងតទៅទៀត ដើម្បីចេញនៅវ៉ុលក្រោយ ស្អែកនេះ លោកចាងហ្វាងអញ្ជើញមក គាត់ចង់ជួបចុះកុងត្រាជាមួយឯង ដើម្បីឲ្យឯងក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មពួកយើង
-ពិតមែនអ្ហេបង!
-សប្បាយចិត្តណាស់អ្ហេ?
-បាទ!
-អ៊ីចឹង ឯងទៅភ្នំពេញជាមួយពួងយើងទេ?
-បាទទៅ!
-រឿងមួយទៀត តើឯងចង់ចូលរួមសំដែងជាមួយពួកយើងទេ?
-បាទ អត់ទេ ខ្ញុំអត់សំដែងទេ
-ឯងខ្លាចកាំមេរ៉ាអ្ហេ?(រ៉ាណេសួរ)
-ទោះជាយ៉ាងណា ក៏ខ្ញុំមិនសំដែងដែរ ខ្ញុំធ្វើត្រឹមជាអ្នកនិពន្ធបានហើយ
-ណ្ហើយៗ! មិនសំដែងក៏ហីទៅ
-បងសួរឯងមួយសំនួរទៀត ឯងត្រូវឆ្លើយតាមត្រង់ណា
-បងសួរមក!
-ឯងមានសង្សារហើយនៅ?
-រឿងនេះ……………….
-យ៉ាងម៉េច! កុំប្រាប់ថា ឯងមិនដែលស្រលាញ់ស្រីណា (រ៉ាណេនិយាយ)
-និយាយមកថាមានសង្សារហើយនៅ? (រ៉ាឌីបញ្ជាក់)
-ម៉េចក៏ពួកបងសួរសំនួរនេះ?
-លោកចាងហ្វាងនិយាយថា ឯងនិពន្ធបានល្អណាស់ ទាំងបទភ្លេងនិងទំនុកច្រៀង ប៉ុន្តែចម្រៀងរបស់ឯង ដូចជាបាត់រសជាតិម្យ៉ាង
-បាត់រសជាតិម្យ៉ាងអ្ហេ!
-ត្រូវហើយ! គឺរសជាតិស្នេហា (រ៉ាណេឧទាន)
-វាជាការពិតណា បទដែលឯងសរសេរទាក់ទងតែពីការរស់នៅ បង្រៀនមនុស្សឲ្យតាំងស្មារតី ចំណែកស្នេហាជួបជុំ ឬក៏ព្រាត់ប្រាស់គឺគ្មានទាល់តែសោះ តើឯងធ្លាប់មានបញ្ហាអីនៅក្នុងចិត្តមែនទេ? (ពិចិត្រសួរ)
-មានឯណា! ប្រហែលមកពីខ្ញុំ មិនបានគិតដល់រឿងនេះ
-ចុះស្រីម្នាក់ដែលដើរជាមួយឯងនោះ មិនមែនជាសង្សារឯងទេអ្ហេ?
-វិនីអ្ហេ! មិនមែនទេ នាងជាមិត្តខ្ញុំតើ
-មិត្តអ្ហេ!
-មិត្តធម្មតាទេ! ការពិតខ្ញុំមិនដែលមានស្នេហាផង
-ស្លាប់ហើយ! ឯងមិនទាន់ចេះស្រលាញ់ស្រីទេអ្ហេ! My god (រ៉ាណេលាន់មាត់)
-អ៊ីចឹងវិនីនោះ?តើឯងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលនៅចំពោះមុខនាង?
-អារម្មណ៍!
-ដូចជាសប្បាយចិត្ត រំភើបពេលដែលនៅជាមួយនាងហើយ មិនចង់ទៅណាទេ
-ហើយបើមិនបានជួបនាងវិញមានអារម្មណ៍ថា ដូចជារសេះរសោះយ៉ាងម៉េចមិនដឹងទេ គឺចង់តែជួប ចង់តែនិយាយជាមួយនាង តើអារម្មណ៍ឯងយ៉ាងម៉េចដែរ?
-ត្រូវហើយ! ពេលដែលនៅជាមួយនាង បានជជែកជាមួយនាង ពិសេសពេល
ដែលលេងជាមួយនាង គឺខ្ញុំសប្បាយចិត្តណាស់
-ចំហើយ! ឯងប្រាកដជាស្រលាញ់នាងហើយ ចុះពេលនេះឯងនឹកនាងទេ?
-នឹកតើ!
-ឯងពិតជាស្រលាញ់នាងហើយ!
-អ៊ីចឹងហៅថា ខ្ញុំស្រលាញ់នាងអ្ហេ?
-ប្រាកដមួយរយភាគរយ ចុះឯងដែលថើបនាងទេ?
-ថើប!
-ខ្ញុំថា ឯងកំពុងតែនាំក្មេងខូចហើយ (វណ្ណាស្តីហើយក៏ចូលទៅបន្ទប់ថតសំឡេងបាត់)
-បងនិយាយអីហ្នឹង!……ឯងឆាប់និយាយទៅ តើឯងធ្លាប់ថើបនាងទេ?
-មិនធ្លាប់ទេ! ខ្ញុំឈប់និយាយជាមួយបងហើយ
-នែ! ឯងទៅណា?
-ខ្ញុំចូលទៅរៀនភ្លេងជាមួយបងវណ្ណាហើយ
-នែ! ល្ងាចនេះសាកល្បងថើបនាងមើលទៅ
-ឯងចង់ធ្វើអី? គេនៅក្មេងណាស់ណា (ពិចិត្រនិយាយ)
……………………………………………………………………………………………….
បន្ទាប់ពីឆ្លើយសំនួរពិចិត្រ និងរ៉ាណេ វិនីតក៏ចាប់ផ្តើមគិតសារឡើងវិញ ថា តើនាងពិតជាមិនដែលមានស្នេហាមែនអ្ហេ? ជាការពិតណាស់ ជីវិតក្រលំបាកដូចជានាង បានធ្វើឲ្យនាង ពុំមានខួរក្បាលគិតរឿងបែបនេះឡើយ មួយថ្ងៃៗឲ្យតែអាចជួយម្តាយរកប្រាក់សម្រាប់ចិញ្ចឹមគ្រួសារ នោះវាគ្រប់គ្រាន់ហើយ។ នាងអង្គុយដកដង្ហើមធំនៅក្នុងថ្នាក់រៀនតែម្នាក់ឯង។ បន្ទាប់ពីឃើញវិនីតមានអាការបែបនេះ វិនីក៏សួរ៖
-មានរឿងអី?
-គ្មានទេ?
-កុហក! ឆាប់និយាយភ្លាម
-គ្មានទេ!
-បើគ្មាន ម៉េចក៏ដកដង្ហើមធំ?………ឬមួយពួកគាត់ដឹងថា ឯងជា…….
-គ្មានទេ!
-អ៊ីចឹងមានរឿងអី ឆាប់និយាយមក
-ពួកគាត់សួរថា ឯងជាសង្សារខ្ញុំមែនទេ?
-អ្ហ៊ះ!………..
-បទចម្រៀងខ្ញុំ គ្មានរសជាតិស្នេហាទេ ឯងដឹងទេ?
វិនីតនិយាយរឿងរ៉ាវប្រាប់វិនី។ លុះជូននាងមកដល់ផ្ទះ វិនីនិយាយ៖
-បើពួកគាត់សួរឯងទៀត ឯងប្រាប់ពួកគាត់ទៅ ថាពួកយើងជាសង្សារ
-ឯងនិយាយអីហ្នឹង! ពួកយើងម៉េចនឹងអាច……….
-បើឯងមិននិយាយទេ ឯងកាន់តែរឿងធំហើយ ស្រួលមិនស្រួល ពួកគាត់ទៅរកស្រីណាម្នាក់មកឲ្យឯងក៏ថាបាន ជាងជាកុហកគាត់ហើយ កុហកពួកគាត់ឲ្យណាណីទៅ
-ឯងកុំនិយាយផ្តាសមើល! ខ្ញុំមិនចង់លាក់ពួកគាត់ទៀតទេ ស្អែកនេះ មុននឹងចុះកុងត្រា ខ្ញុំនឹងនិយាយការពិត ពេលនោះ ទោះគាត់ទទួលឬមិនទទួលក៏ដោយពឹងលើវាសនារបស់ខ្ញុំចុះ
-ឯងប្រាកដហើយអ្ហេ?………..តែពេលនេះ ខ្ញុំថើបឯងមួយចុះ
-ឯងធ្វើអីហ្នឹង?
-ពួកគាត់កំពុងតែមើលមកយើង កុំមើលអី ពួកយើងធ្វើឲ្យដូចជាសង្សារទៅ
-តែ……….
-មិនអីទេ! គាត់តាមដានឯង ដូច្នេះពួកយើងលេងជាមួយគាត់បន្តិចក៏មិនអីដែរ……..ខ្ញុំទៅហើយ
-អរគុណ!
កាយវិការរបស់វិនីត និងវិនី ព្រមទាំងស្នាមថើប ធ្វើឲ្យក្រុមយុវជន អស់មន្ទិលសង្ស័យ ហើយថែមទាំងយល់ថា អាល្អិតម្នាក់នេះកុហកខ្លួនទៀតផង។ ពួកគេចាកចេញទាំងស្នាមញញឹម។
លុះស្អែកឡើង លោកចាង ហ្វាងក៏មកដល់ផ្ទះតន្រ្តីរបស់ពួកគេ តែវិនីតមិនទាន់មកដល់នៅឡើយទេ។ ពួកគេកំពុងជជែកគ្នាយ៉ាងសប្បាយរីករាយ លោកចាងហ្វាងឧទាន៖
-ផ្ទះតន្រ្តីនេះ ពិតជាគួរឲ្យចង់រស់នៅមែន! អ៊ីចឹងតើ បានជាពួកឯងធ្វើបទភ្លេងបានល្អយ៉ាងនេះ ចុះអ្នកនិពន្ធវ័យក្មេងរបស់ពួកឯងនោះមិននៅទីនេះជាមួយពួកឯងទេអ្ហេ?
-អត់ទេបង! គេរស់នៅជាមួយគ្រួសារគេ (ពិចិត្រឆ្លើយ)
-ចុះពេលណាទើបគេមកដល់?
-ប្រហែលបន្តិចទៀតបង!
-ខ្ញុំដើររកអ្នកនិពន្ធវ័យក្មេងមានសមត្ថភាពបែបនេះយូរហើយ នៅទីបំផុតគេរស់នៅក្នុងខេត្តសៀមរាបនេះសោះ
-បងថា បងដើររកអ្នកនិពន្ធវ័យក្មេង តែបើខ្ញុំចាំមិនខុសទេ មុនខ្ញុំមកដល់ទីនេះ
គឺមាននារីជាច្រើននាក់អាយុប្រហាក់ប្រហែលនឹងវិនីតដែរ ទៅរកបង ចង់ធ្វើជា
អ្នកនិពន្ធ ចុះពេលនោះ ហេតុអីក៏បងមិនទទួល?
-ឯងនៅចាំដែរអ្ហេ? ខ្ញុំក៏ចាំថា ឯងធ្លាប់សួរខ្ញុំម្តងដែរ ខ្ញុំប្រាប់ឯងក៏បាន បើសិនជាពេលនេះ អ្នកនិពន្ធរបស់ឯង ជាមនុស្សស្រី ខ្ញុំក៏មិនចុះកុងត្រាជាមួយនឹងគេដែរ
-ហេតុអី………
-ពួកឯងមិនចាំបាច់ឆ្ងល់ទេ
វិនីតបានឮទាំងអស់នូវសំដីរបស់លោកចាងហ្វាង នាងហាក់ដូចជាស្រឡាំងកាំង ឈរធ្មឹងនៅមួយកន្លែង ស្រាប់តែរ៉ាឌីមកពីក្រោយ៖
-ឯងមកដល់ហើយ ហេតុអីមិនចូលទៅ? មក…………….។
រ៉ាឌីកៀកស្មាវិនីតចូលទៅ៖
-អ្នកនិពន្ធវ័យក្មេងរបស់ពួកយើងមកដល់ហើយ……….ម៉េចឯងមិនឆាប់ជម្រាបសួរលោកចាហ្វាងទៅ
-បាទ! ………..ជម្រាបសួរលោកចាងហ្វាង
លោកចាងហ្វាងសម្លឹងមើលវិនីតយ៉ាងយូរ ហើយញញឹមតិចៗ ព្រមទាំងងក់ក្បាលផង រួចមានប្រសាសន៍ថា៖
-សង្ហារណាស់តើ! តើឯងយល់ព្រមធ្វើជាអ្នកនិពន្ធនៅផលិតកម្មយើងទេ?
វិនីតមិនឆ្លើយ នាងហាក់ដូចជាទីទើខ្លាំងណាស់ ក៏គិតក្នុងចិត្តថា៖”តើគួរធ្វើឬមិនគួរ? បើគាត់ដឹងថា ខ្ញុំជាមនុស្សស្រី អ្វីៗគឺត្រូវបញ្ចប់ហើយ ចុះម៉ែខ្ញុំ? ប្អូនខ្ញុំ?”។ វិនីតចង់ស្តីការពិត ប៉ុន្តែនាងនឹកដល់សកម្មភាពរបស់ម្តាយ ដែលប្រឹងប្រែងទាំងថ្ងៃយប់រកប្រាក់មកចិញ្ចឹមនាងនិងប្អូនៗទាំងវេទនា ចុះចំណែកនាង តើអាច ជួយអ្វីបានខ្លះ? នេះជាឱកាសល្អបំផុតហើយសម្រាប់នាង។ នៅតែគ្មានចម្លើយ យុវជនទាំងអស់ប្រឹងចាំស្តាប់ចម្លើយរបស់នាង តែហេតុអីក៏នាងមិនឆ្លើយ? ពិចិត្រដើរទៅក្បែរនាង៖
-ឯងកើតអី លោកចាងហ្វាងកំពុងតែសួរឯង?
-តើឯងព្រមចុះកុងត្រាជាមួយផលិតកម្មយើងទេ?
-ខ្ញុំ………………
-ក្រែងពួកយើងនិយាយគ្នាហើយអ្ហេ ឯងថែមទាំងសប្បាយចិត្តទៀតផង ម៉េច
ពេលនេះ ឯងមិននិយាយអីអ៊ីចឹង?
-ខ្ញុំ………….ខ្ញុំយល់ព្រមចុះកុងត្រា
-អ្ហើយ! (យុវជននាំគ្នាដកដង្ហើមបន្ធូរអារម្មណ៍)
-អ៊ីចឹងឯងពិនិត្យមើលកិច្ចសន្យានេះទៅ
-បាទ!
-ត្រូវហើយ! ពិចិត្រប្រហែលជាប្រាប់ឯងរួចហើយមែនទេ ថាបទចម្រៀងឯង
នៅខ្វះអី?
-បាទ!
-តើឯងអាចទៅរួចទេ
-ខ្ញុំនឹងព្យាយាម!
វិនីតពិនិត្យកិច្ចសន្យាហើយ ក៏ចុះហត្ថលេខា ប៉ុន្តែរយៈពេលនៃការចុះកុងត្រា ដែលលោកចាងហ្វាងទុកចន្លោះឲ្យអាទិភាពទៅនាងក្នុងការបំពេញ គឺនាងកុងត្រាតែក្នុងរយៈប្រាំមួយខែប៉ុណ្ណោះ។ លោកចាងហ្វាងទទួលឯកសារពីវិនីតហើយ ក៏មានប្រសាសន៍ទៅកាន់នាង៖
-ប្រាំមួយខែ!
-ឯងចុះតែប្រាំមួយខែទេអ្ហេ? (រ៉ាណេឧទាន)
យុវជនទាំងបួននាក់នាំគ្នាសម្លឹងវិនីត នាងក៏ឆ្លើយទាំងរដិបរដុបថា៖
-ខ្ញុំចង់សាកល្បងមើលសិន បើសិនជាចប់កុងត្រាហើយ លោកចាងហ្វាងនៅតែពេញចិត្តខ្ញុំនោះ ខ្ញុំនឹងចុះបន្តទៀត
-បាន! ឯងសម្រេចថាអ៊ីចឹង ក៏អ៊ីចឹងចុះ រួចរាល់ហើយ ខ្ញុំទៅសណ្ឋាគារវិញហើយ កុំភ្លេចណា ស្អែកត្រូវថតនៅអង្គរ
-បាទអញ្ជើញលោកចាងហ្វាង
ស្អែកឡើង ផលិតកម្មនាគ ទេពបានចាប់ផ្តើមថតនៅប្រាសាទអង្គរ។ បន្ទាប់ពីថតហើយ ពួកគេក៏សម្រាកមួយសន្ទុះ។ ឃើញវិនីតអង្គុយតែម្នាក់ឯង វណ្ណាក៏ទៅអង្គុយក្បែរ ហើយនិយាយ៖
-ម៉េចក៏មកអង្គុយតែម្នាក់ឯងអ៊ីចឹង?
-គឺបងទេអ្ហេ?
-មានរឿងអី ខ្ញុំឃើញឯងមិនសូវសប្បាយចិត្តតាំងពីម្សិលមិញមកម៉្លេះ?គ្រួសារឯងមានបញ្ហាអីមែនទេ?
-អត់ទេបង! ខ្ញុំគ្រាន់តែគិតថា ពេលទៅដល់ភ្នំពេញ តើខ្ញុំត្រូវទៅនៅឯណាទៅ?
-គ្រាន់តែរឿងប៉ុណ្ណឹង ធ្វើឲ្យឯងមិនសប្បាយចិត្តអ្ហេ? ពួកយើងជាបងប្អូន គឺប្រាកដជាទៅនៅជាមួយគ្នាហើយ
-តែខ្ញុំមិនដែលស្គាល់ភ្នំពេញទាល់តែសោះ
-ចាំពេលទៅដល់ ពួកបងនាំឯងដើរលេង តើបានទេ? កុំបារម្ភអី
វណ្ណាយកដៃគោះក្បាលវិនីតតិចៗ ហើយញញឹម ចំណែកពិចិត្រមិនឃើញ វិនីតក៏ដើររក ស្រាប់តែឃើញពួកគេទាំងពីរនៅជាមួយគ្នា នាយឈរសម្លឹងពីចម្ងាយ។ វិនីតសួរទៅកាន់វណ្ណា៖
-បង! ខ្ញុំឮថា លោកចាងហ្វាងមិនចូលចិត្តមនុស្សស្រីទេមែនទេ?
-ត្រូវហើយ! ឯងបានឮដែរអ្ហេ?
-បាទ! តើហេតុអីបានជាគាត់មិនចូលចិត្តមនុស្សស្រីអ៊ីចឹងបង?
-បងក៏មិនដឹងដែរ! ហេតុអីក៏សួរបង?
-អត់ទេ! ខ្ញុំគ្រាន់តែចង់ដឹង ព្រោះខ្ញុំមានមិត្តម្នាក់គេមានឧបនិស្ស័យដូចខ្ញុំអ៊ីចឹង បើសិនជាអាច ខ្ញុំក៏ចង់ឲ្យនាងមកធ្វើការជាមួយពួកយើងដែរ តែមើលទៅប្រហែលជាគ្មានសង្ឃឹមទេ
-ឯងនេះ! ចូលចិត្តជួយគេណាស់ ត្រូវហើយ! បងសួរឯងបន្តិច ឯងនិងវិនីយ៉ាងម៉េចហើយ?
-……គ្មានអីទេ! …….គឺធម្មតា
-នាងថើបឯងហើយមែនទេ?
-បងវណ្ណា! ដល់ម៉ោងថតហើយ
-ដឹងហើយ! បងទៅហើយ
…………………………………………………………………………………………………..
រាជធានីភ្នំពេញ
វិនីតបានមកដល់ភ្នំពេញហើយ តែសុខភាពរបស់នាងមិនស្រួលសោះ។ ទឹកមុខនាងស្លេកស្លាំង ដូចគ្មានកម្លាំងកំហែងទាល់តែសោះ។ ចំណែកឯយុវកំលោះ មកដល់ផ្ទះហើយដូចជាសប្បាយចិត្តណាស់ ក៏ចូលទៅក្នុងបន្ទប់រៀងខ្លួន នៅសល់តែវណ្ណា និងពិចិត្រដែលកំពុងឈរទល់មុខគ្នា ពិចិត្រក៏បន្លឺមុន៖
-មិនអីទេ! ឲ្យគេគេងជាមួយខ្ញុំចុះ ព្រោះកាលនៅសៀមរាប គេក៏ធ្លាប់គេងជាមួយខ្ញុំដែរ
-អ៊ីចឹងក៏បាន! វិនីត ឯងកើតអីមែនទេ?
-ត្រូវហើយ! ទឹកមុខឯងស្លេកស្លាំងណាស់
-ខ្ញុំមិនអីទេ! ខ្ញុំគ្រាន់តែឈឺពោះប៉ុណ្ណោះ ខ្ញុំចង់សម្រាក
-អ៊ីចឹង ទៅក្នុងបន្ទប់ទៅ បងជួយគ្រាឯង
-ឲ្យកាបូបមកនេះមក
ពិចិត្រគ្រាវិនីត ឯវណ្ណាយួរកាបូបតាមពីក្រោយ។ ពិចិត្រដាក់ឲ្យនាងគេងនៅលើពូកហើយក៏ដណ្តប់ភួយឲ្យនាង។ វណ្ណាបន្លឺ៖
-ខ្ញុំចេញទៅវិញហើយ ឯងមើលគេផង
-កុំបារម្ភអី
វណ្ណាចេញទៅបាត់ ពិចិត្រក៏ចូលទៅងូតទឹកប្តូរសម្លៀកបំពាក់ ហើយក៏មកអង្គុយរៀបនឹងចាប់ប៊ិចសរសេរបទភ្លេង ក៏ស្រាប់តែស្លុងអារម្មណ៍សម្លឹងទៅរកវិនីតដែលកំពុងគេងស្ងៀម។ ភក្រ្តាស្រទន់ រោមចិញ្ចើមខ្មៅក្រឹប សមនឹងនឹងទម្រង់មុខដ៏ស្រស់ស្អាត មិនដូចជាមនុស្សប្រុសទាល់តែសោះ អ្នកកំលោះគ្រវីក្បាលត្រិល បន្លឺតែម្នាក់ឯង៖
-ឯងឆ្កួតទេអ្ហេ? គេជាមនុស្សប្រុងតើ
នាយបម្រុងងាកចេញ ស្រាប់តែវិនីតបម្រាសខ្លួនឡើង។ នាងហាក់ដូចជាឈឺចាប់ខ្លាំងណាស់ ចង់យំចង់ស្រែក បម្រាសពេញគ្រែ ដោយមិនដឹងទេថា កាយវិការនេះ ធ្វើឲ្យយុវជនភ័យស្ទើរលោះព្រលឹង ក៏ស្ទុះទៅក្បែរនាង ហើយចាប់ដៃ នាងជាប់៖
-តើឯងកើតអី? ឯងឈឺខ្លាំងណាស់មែនទេ? ឈឺពោះមែនទេ បងនាំឯងទៅពេទ្យ
-កុំអី! ខ្ញុំមិនទៅពេទ្យទេ
-តែបងឃើញឯងពិបាកខ្លាំងណាស់ តើពោះឯងឈឺត្រង់ណា ឯងប្រាប់បងមក
-បន្តិចទៀត ខ្ញុំអស់អីហើយ ឲ្យតែខ្ញុំគេងលក់ គឺអស់អីហើយ បងកុំបារម្ភអី
-អ៊ីចឹង ឯងសម្ងំគេងទៅ
វិនីតគេងលក់ទាំងចាប់ដៃយុវជនជាប់។ លុះភ្ញាក់ឡើង អ្វីដែលនាងឃើញមុនគេនោះ គឺស្នាមញញឹមរបស់យុវជន ទន្ទឹមនឹងពាក្យ៖
-បាត់ឈឺហើយនៅ?
-បងអង្គុយនៅទីនេះរហូតអ្ហេ?
-ត្រូវហើយ! ឯងចាប់ដៃបងជាប់ តើឲ្យបងទៅណា?
-សូមទោស!
-មិនអីទេ! បងនិយាយលេងតើ តើនៅឈឺទៀតទេ?
-បាត់ហើយ!
-បើបងចាំមិនខុសទេ ឯងតែងតែឈឺបែបនេះ ជារៀងរាល់ខែមែនទេ? តើឯងមានជម្ងឺអី?
-គ្មានទេ! មកពីប៉ុន្មានថ្ងៃនេះ ខ្ញុំញ៉ាំអីមិនបាន ហើយគេងក៏ពុំបានឆ្អែតទៀត ទើបវាធ្វើទុកអ៊ីចឹង
-មានដែលឲ្យពេទ្យពិនិត្យទេ?
-មានតើ! ពេទ្យថា មិនអីទេ មកពីខ្ញុំញ៉ាំអាហារមិនទៀងពេលហ្នឹងឯង
ទោះបីវិនីត ឆ្លើយថាមិនមានបញ្ហាអ្វីក៏ដោយ តែពិចិត្រនៅតែមានការព្រួយបារម្ភចំពោះនាង។ បន្ទាប់ពីជាសះស្បើយហើយ វិនីតតែងតែព្យាយាម មិនចង់នៅបន្ទប់ជាមួយពិចិត្រឡើយ ទើបនិយាយទៅកាន់យុវជន៖
-ខ្ញុំគិតថា ខ្ញុំគួរតែទៅគេងនៅបន្ទប់ដាក់អីវ៉ាន់វិញ
-ហេតុអី?
-……ព្រោះ……ខ្ញុំគិតថា ……ខ្ញុំរំខានបង
-រំខាន!
-ខ្ញុំដឹងថា ខ្ញុំគេងអាក្រក់ណាស់
-មិនអីទេ! បងធ្លាប់ទៅហើយ
-ប៉ុន្តែ………………
-ឬមួយឯងមិនចូលចិត្តនៅបន្ទប់ជាមួយបង?
-អត់ទេ! ខ្ញុំមិនបានន័យអ៊ីចឹងទេ………….
-អរុណសួស្តី! មានរឿងអីជជែកគ្នាទាំងព្រលឹមហ្នឹង? (រ៉ាណេបន្លឺ)
-គេចង់រើបន្ទប់
-រើបន្ទប់! ឯងចង់រើទៅនៅឯណា?
-បន្ទប់ដាក់អីវ៉ាន់នោះ
-បងធ្វើអីឲ្យវាមិនពេញចិត្តអ្ហេ?
-អត់ទេ! បងពិចិត្រមិនបានធ្វើអីទេ ខ្ញុំគ្រាន់តែមិនចង់រំខានគាត់
-អាល្អិតនេះ វារំខានអីដល់បងមែនទេ? បើអ៊ីចឹង ឯងទៅគេងជាមួយខ្ញុំទៅ
-អត់ទេ!
-យ៉ាងម៉េច?……….ឯងជាអ្នកនិពន្ធរបស់ពួកយើង ម្យ៉ាងទៀត ឯងដូចជាបងប្អូនយើងអ៊ីចឹង ឯងចង់ទៅគេងបន្ទប់ដាក់អីវ៉ាន់ តើអ្នកទាំងអស់គ្នាមើលមក គេយល់យ៉ាងម៉េច? អាល្អិតឯងនេះ ចង់ឲ្យគេយល់ថា ពួកយើងធ្វើបាបឯងអ៊ីចឹង?
-អត់ទេ!
-បានហើយ! ឈប់ជជែកទៅ ដល់ម៉ោងទៅថតហើយ
ថ្ងៃនេះ វិនីតមិនបានទៅកន្លែងថតទេ នាងនៅផ្ទះ ហើយចាប់ផ្តើមសរសេរបទភ្លេងថ្មី។ នាងចង់សរសេរអំពីសេចក្តីស្នេហា ប៉ុន្តែតើអ្វីជាស្នេហា? ម្តងហើយម្តងទៀត បទភ្លេងថ្មីពុំចេញជារូបរាងឡើយ នាងរអ៊ូតែម្នាក់ឯង៖”នៅពេលដែលស្រលាញ់នរណាម្នាក់ តើមានអារម្មណ៍បែបណាហ្ន៎? ដូចជាខ្ញុំស្រលាញ់ម៉ែ និងប្អូនទេ? អ្ហឺ!…….....ហេតុអីក៏ពិបាកម្ល៉េះហ្ន៎! នឹកឃើញហើយ តេទៅម៉ែសិន”។ វិនីតទាញទូរស័ព្ទតេទៅម៉ែភ្លាម៖
-ជម្រាបសួរម៉ែ!
-វិនីត! កូនសុខសប្បាយទេ?
-ចាសម៉ែ! កូនមិនអីទេ ចុះម៉ែ និងប្អូនៗសុខសប្បាយទេ?
-ម៉ែមិនអីទេ ចំណែកប្អូនៗឯងក៏មិនអីដែរ ពួកវានឹកឯងខ្លាំងណាស់ ឯងដឹងទេ? ចុះការងារឯងយ៉ាងម៉េចហើយ?
-ជួបការលំបាកបន្តិចម៉ែ ខ្ញុំចង់សួរម៉ែបន្តិចបានទេ?
-កូនចង់សួរអីសួរមក!
-មុនម៉ែរៀបការជាមួយពុក តើម៉ែស្រលាញ់ពុកទេ?……..សូមទោសម៉ែ!
-មិនអីទេ! កូនកំពុងសរសេរបទភ្លេងថ្មីអ្ហេ?
-ចាស! តែខ្ញុំសរសេរមិនចេញទាល់តែសោះ តើអារម្មណ៍ស្នេហាចំពោះនរណាម្នាក់ ដូចជាអារម្មណ៍ស្នេហារវាងបងប្អូន ឬក៏កូនចំពោះម្តាយទេម៉ែ?
-ចុះកូនយល់ថា ដូចទេ?
-កូនគិតថា ដូចដែរ តែនៅពេលកូនសរសេរចេញមក ដូចជាមិនពីរោះសោះ យ៉ាងម៉េចមិនដឹងទេម៉ែ?………..ម៉ែសើចមែនទេ?
-ម៉ែសើចឯងហ្នឹង? ការពិតដូចឬមិនដូចម៉ែក៏មិនដឹងដែរ ម៉ែដឹងត្រឹមថា ស្នេហាដូចជាដុំពេជ្រមួយគ្រាប់អ៊ីចឹង ដូចជាឪពុករបស់ឯង គាត់មិនដែលស្តាយក្រោយឡើយ គាត់សុខចិត្តចាកចេញពីក្រុមគ្រួសារ មករស់នៅជាមួយម៉ែ ដែលជាកូនកសិករក្រីក្រម្នាក់
-អ៊ីចឹងបានន័យថា គ្រួសារពុកមិនពេញចិត្តម៉ែទេមែនទេ?
-ត្រូវហើយ! ការពិតម៉ែក៏មិនចង់ទទួលពុកឯងដែរ ព្រោះម៉ែមិនចង់ឲ្យគាត់កាត់ផ្តាច់ពីគ្រួសារឡើយ តែពុកឯងនិយាយថា រើសបានមនុស្សដែលខ្លួនស្រលាញ់ គឺប្រៀបបាននឹងរើសបានពេជ្រមួយគ្រាប់អ៊ីចឹង ហើយពេជ្រនេះ គឺជាពេជ្រដ៏មានតម្លៃបំផុតនៅក្នុងជីវិត មិនអាចធ្វើឲ្យវាបាត់បង់ឡើយ។ គាត់និយាយត្រូវ កាលនោះ ម៉ែក៏ស្រលាញ់គាត់ខ្លាំងណាស់ដែរ ទើបម៉ែមិនអាចឲ្យបាត់បង់ពេជ្រមួយគ្រាប់នេះបាន។ ម៉ែនិងពុកឯងបានរៀបការជាមួយគ្នា ប៉ុន្តែ សាច់ញាតិខាងកូនកំលោះ គឺគ្មាននរណាម្នាក់មកចូលរួមឡើយ ម៉ែអាណិតពុកឯងណាស់ ប៉ុន្តែនៅថ្ងៃការនោះ ទឹកមុខរបស់គាត់ញញឹមរហូត ធ្វើឲ្យម៉ែយល់ពីអារម្មណ៍គាត់ ថាគាត់ស្រលាញ់ម៉ែប៉ុណ្ណា។ ចាប់តាំងពីថ្ងៃនោះមក ម៉ែនិងពុកឯងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយ តែម៉ែពុំដែលដឹងថា ពុកឯងមានជម្ងឺមហារីកក្រពះឡើយ គាត់លាក់ម៉ែរហូត ទាល់តែជម្ងឺរបស់គាត់ដល់ដំណាក់កាលធ្ងន់ធ្ងរទើបម៉ែដឹង តែហួសពេលទៅហើយ មុនពេលដែលគាត់ស្លាប់ គាត់នៅតែញញឹមមករកម៉ែ ហើយនិយាយថា សូមទោស ដែលគាត់រហ័សចាកចេញពីម៉ែ
វិនីតស្តាប់ម្តាយបណ្តើរយំបណ្តើរ នាងលែងនិយាយអ្វីចេញទាំងអស់ ក៏ស្រាប់តែឮសំឡេងយុវជនត្រឡប់មកវិញ។ នាងលាម្តាយហើយដាក់ទូរស័ព្ទចុះ ក៏ប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកលុបលាងមុខ។ គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាម យុវជនទាំងអស់បើកភ្នែកធំៗ ព្រោះតែឃើញក្រដាសសពេញផ្ទះទាំងអស់។ ពួកគេនាំគ្នា រើសម្នាក់មួយសន្លឹកយកមកមើល ចំណែកពិចិត្រស្ទុះចូល ទៅក្នុងបន្ទប់៖
-វិនីត! ………………ឯងនៅក្នុងបន្ទប់ទឹកមែនទេ?
-បាទ! ………
-ឯងកើតអីមែនទេ?
-បាទ! អត់ទេ…………(វិនីតដើរចេញមក)
-ភ្នែកឯងក្រហមម្ល៉េះ? ឈឺពោះទៀតហើយមែនទេ?
-អត់ទេ! មានសត្វហើរចូលភ្នែកខ្ញុំ ទើបខ្ញុំប្រញាប់រត់មកលាងទឹក………ខ្ញុំថាអត់អី គឺអត់អីហើយ បងកុំបារម្ភអី ខ្ញុំទៅបោសផ្ទះសិន
-អាល្អិត! នេះឯងកំពុងតែសរសេរបទស្នេហាមែនទេ? (រ៉ាណេសួរ)
-មានអីគួរឲ្យបងសើច?
-បើខ្ញុំថា មិនខុសទេ ឯងប្រហែលជាសរសេរមិនចេញទេមែនទេ?
-បាទ!
-ឯងឆ្លាតយ៉ាងនេះ ហេតុអីគ្រាន់តែបទស្នេហាមួយបទ ធ្វើឲ្យឯងលំបាកយ៉ាងនេះហ្ន៎? ថ្ងៃនោះ ខ្ញុំឃើញវិនីថើបឯងច្បាស់ណាស់ ឬឯងពិតជាគ្មានអារម្មណ៍ជាមួយក្មេងស្រីនោះមែន?
-ខ្ញុំប្រាប់ពួកបងរួចហើយ ថាខ្ញុំមិនបានស្រលាញ់នាងទេ បងជាងជារើស ហើយ បងសម្អាតផងទៅ ខ្ញុំទៅគេងហើយ
-នែ! សំរាមរបស់ឯង ម៉េចក៏ឲ្យយើងជាអ្នកសម្អាតទៅវិញ
-ខ្ញុំគិតថា គួរតែឯងហើយ (វណ្ណានិយាយហើយក៏ដើរចូលបន្ទប់)
-គ្មានទាក់ទងនឹងខ្ញុំទេ ខ្ញុំទៅងូតទឹកហើយ (រ៉ាឌីឧទាន)
-កុំមើលមកបង បងក៏ត្រូវទៅងូតទឹកដែរ (សុវណ្ណបន្លឺ)
-ធ្វើក៏បាន!
បន្ទាប់ពីស្រស់ស្រូបអាហារពេលយប់ហើយ ពួកគេក៏ចូលបន្ទប់និន្រ្ទាលង់លក់អស់ទៅ។ លុះយប់ជ្រៅបន្តិច វិនីតក៏សសៀរដើរចេញពីបន្ទប់ លួចទៅសរសេរបទភ្លេងថ្មីតែម្នាក់ឯងនៅក្នុងបន្ទប់ឧបករណ៍ភ្លេង។ ពិចិត្រភ្ញាក់ឡើង ក៏ដើរចុះមកក្រោម ឃើញវិនីតកំពុងសរសេរបម្រុងចូលទៅ តែបែរជាទុចង៉ក់ ត្រឡប់ទៅបន្ទប់គេងវិញ។ លុះព្រឹកឡើង ក៏មិនទាន់ឃើញវិនីតមកដល់បន្ទប់ ក៏ចុះទៅបន្ទប់ឧបករណ៍ភ្លេងម្តងទៀត តែវិនីតបានលង់លក់ទៅហើយ។ នាយបម្រុងយកបទចម្រៀងដែលនៅនឹងដៃនាងមកមើល ស្រាប់តែនាងភ្ញាក់ឡើង ក៏ដាក់ឲ្យនាងវិញ៖
-ភ្ញាក់ហើយអ្ហេ!
-បងទេអ្ហេ!
-ឯងកំពុងសរសេរបទអី?
-មិនទាន់ប្រាប់ទេ! ចាំខ្ញុំសរសេរចប់ ខ្ញុំប្រាប់បង
ពិចិត្រគិតថា ហេតុអីក៏អាថ៌កំបាំងយ៉ាងនេះ? តែនាយក៏ពុំបានរំខានដល់វិនីត
ក្នុងការសរសេរដែរ។ បីយប់ហើយ ដែលវិនីតគេងនៅក្នុងបន្ទប់ឧបករណ៍ភ្លេង ព្រោះតែសរសេរបទថ្មីមួយបទនេះ ហើយនេះក៏ជាយប់ទីបួនដែរ ដែលនាងអង្គុយញញឹមម្នាក់ឯងនៅក្នុងបន្ទប់នេះ។ ឃើញសភាពបែបនេះ យុវជនខ្លាចសុខភាពវិនីតទ្រមិនរួច ក៏ចុះមកតាមទាំងកណ្តាលអធ្រាត្រ ធ្វើឲ្យយុវតីភ្ញាក់ព្រើត៖
-បងចុះមកធ្វើអី?
-បងមកតាមឯងទៅគេង
-ខ្ញុំមិនទាន់ងុយទេ
-ម៉ោងមួយហើយ!
-បងទៅមុនទៅ
-រៀបចំទុកដាក់ភ្លាម………បងថាឲ្យទៅគេង……បើមិនទៅ បងវ៉ៃឯងហើយណា
-……………….ទៅក៏បាន!
វិនីតដើរទៅទាំងកំបុតកំបុយ។ ចំណែកវណ្ណា ឃើញអាកប្បកិរិយាពួកគេទាំងពីរឈរញញឹមតែម្នាក់ឯង ហើយក៏ត្រឡប់ចូលទៅក្នុងបន្ទប់វិញ។ ការពិតយប់មិញវិនីតបានបញ្ចប់បទភ្លេងរួចទៅហើយ តែនាងគ្រាន់តែមិនចង់ទៅគេងប៉ុណ្ណោះ។ ពេលនេះ នាងកំពុងតែនៅកន្លែងថតជាមួយពួកគេ។ កំពុងតែអង្គុយយ៉ាងស្រួល ស្រាប់តែតួឯកស្រី ទៅអង្គុយក្បែរនាង ធ្វើឲ្យនាងមានអារម្មណ៍មិនស្រួលសោះ៖
-សួស្តី!
-បាទសួស្តី! អ្នកនាងគឺ…….
-ខ្ញុំឈ្មោះសារ៉ាឌី សំដែងបទមហិច្ឆតាដែលលោកនិពន្ធហ្នឹងណា
-អូ!
-មើលទៅលោកដូចជាស្ងប់ស្ងាត់ ពុំសូវចេះនិយាយស្តីទាល់តែសោះ មិន
ដូចជាបទភ្លេងដែលលោកនិពន្ធទេ
-នាងយល់ថា បទភ្លេងរបស់ខ្ញុំយ៉ាងម៉េចដែរ?
-លោកសមតែជាមនុស្សរីករាយ ចិត្តទូលាយ ហើយស្រលាញ់ពិភពលោកនេះ តើមែនទេ?
-មែនហើយ! អរគុណ
-ហេតុអីក៏លោកមិនចូលរួមសំដែងជាមួយពួកគាត់?
-ប្រហែលមកពីខ្ញុំមិនចាប់អារម្មណ៍ការសំដែងហើយ
-សារ៉ាឌីដល់ម៉ោងថតហើយ
-ចាស! លោកមិនទៅមើលគេថតទេអ្ហេ?
-បាទទៅតើ!
គ្រាន់តែចាប់ផ្តើមថតមេឃបង្អុរភ្លៀងឈូ តួសំដែងបន្លឺឡើង៖
-លោកដឹកនាំរឿងគិតយ៉ាងម៉េច?
-ស្រួលហើយ មិនចាំបាច់បាញ់ទឹក ក្រែងពួកយើងកំពុងតែថត វគ្គក្រោមតំណក់ភ្លៀងអ្ហេ! តើអ្នកទាំងអស់គ្នាស្ម័គ្រចិត្តថតទេ?
-ថតក៏បាន!
តួសំដែង និងតារាចម្រៀងស្រុះស្រួលគ្នា គឺថតនៅក្រោមតំណក់ភ្លៀងផ្ទាល់តែម្តង។ ថ្វីត្បិតតែមានការលំបាកបន្តិច តែពួកគេរីករាយខ្លាំងណាស់។ វិនីតឈរក្បែរសុវណ្ណសម្លឹងទៅកាន់ពួកគេ តែស្រាប់តែរន្ទះឆ្វាច ធ្វើឲ្យនាងស្រែកឡើង។ យុវជនទាំងបួនស្ទុះចេញពីកន្លែងថត មករកនាងដែលកំពុងក្រាបចុះ យុវតីងើបមុខឡើង ឃើញពួកគេនៅជុំវិញ បន្លឺពាក្យព្រមគ្នា៖
-ឯងយ៉ាងម៉េចហើយ?
វិនីតងើបមុខឡើង ក៏និយាយ៖
-មិនអីទេ! សូមទោសដែលធ្វើឲ្យពួកបងបារម្ភ
-ចាំពួកបងបន្តិចទៀតទៅនៅតែមួយប្លង់ទៀតប៉ុណ្ណោះ
-បងមើលគេផង
-ពួកយើងឆាប់ទៅ!
-អាល្អិតអ្ហាក! ឯងមិនអីទេអ្ហេ?(សុវណ្ណសួរ)
-បាទ! អត់អីទេបង……………….
-អីយ៉ា! កណ្តាសហើយតើ មកខិតចូលមកក្នុងបន្តិចមក កុំឲ្យត្រូវភ្លៀង….ម៉េចក៏ឯងសុខភាពអន់យ៉ាងនេះ ត្រូវភ្លៀងបន្តិចសោះ…..ហ៏!អាវពិចិត្រ ឯងពាក់សិនទៅ
-អរគុណបង!
-អូ! បងនឹកឃើញហើយ ប៉ុន្មានយប់នេះ ឯងមិនបានគេង ឃើញទេ! គេងមិនឆ្អែត វាធ្វើឲ្យយើងឆាប់ទទួលជម្ងឺអ៊ីចឹង អ្ហើយ!យ៉ាប់ណាស់ តើថ្នាំនៅឯណា
អ៊ីចេះ?
-មិនអីទេបង! ខ្ញុំមែនកើតអីឯណា
-ខ្ញុំថា ឯងប្រាកដជាគ្រុនហើយ មិនដឹងថា យកថ្នាំទៅដាក់ឯណាទៀតហ្នឹងណា ខ្ញុំនេះ………….ឯងអង្គុយឲ្យស្រួលទៅ………រកមិនឃើញទេ កុំភ្លេចណា ទៅដល់ផ្ទះត្រូវលេបថ្នាំភ្លាម
-បាទ!
ក្រោយពីបញ្ចប់ការថត យុវជននាំគ្នាត្រឡប់មកផ្ទះវិញ ទាំងភ្លៀងស្រិចៗ។ វិនីតពាក់អាវយុវជនជាប់ មកដល់ផ្ទះហើយ មិនបាននិយាយនឹងនរណាទាំងអស់ ក៏ដើរទៅលើបន្ទប់ ឡើងលើគ្រែគេងដណ្តប់ភួយធ្វើហី។ ចំណែកពិចិត្រ នឹកគិតថាវិនីត ចូលទៅងូតទឹកមុន ក៏នៅបន្ទប់ទទួលភ្ញៀវសិន។ សុវណ្ណ ងូតទឹកផ្លាស់សម្លៀកបំពាក់ហើយ ក៏នឹកឃើញវិនីតទើបចេញមកក្រៅ៖
-ឯងមិនទាន់ផ្លាស់ខោអាវទេអ្ហេ?
-ចាំឲ្យវិនីតគេងូតទឹកមុនសិន
-ត្រូវហើយ! បងឃើញវិនីតមិនស្រួលខ្លួនទេ ប្រហែលជាផ្តាសាយហើយ ឯងកុំភ្លេចឲ្យគេលេបថ្នាំផង
-ម៉េចក៏បងទើបតែប្រាប់ខ្ញុំ!
-បងភ្លេច!
-យ៉ាប់មែន
ពិចិត្រនិយាយហើយក៏ប្រញាប់ឡើងទៅ។ វិនីតមិនបានងូតទឹកឯណា នាងគេងបង្ហប់ភួយទាំងសម្លៀកបំពាក់សើមតិចៗព្រោះត្រូវតំណក់ភ្លៀង។ យុវជនទៅដល់ ក៏ទៅអើតមើលមុខនាង រួចក៏យកដៃទៅស្ទាបថ្ងាស៖
-មើលទៅដូចជាគេងស្រួលដល់ហើយ!……….ក្តៅ…..អាល្អិតនេះ គេងទាំងមិនបានងូតទឹកអ្ហេ?
ពិចិត្រទាញភួយចេញ ហើយដាសនាងតិចៗ៖
-វិនីត! វិនីត! ឆាប់ងើបផ្លាស់សម្លៀកបំពាក់សិនទៅ ………….វិនីត………..ហេតុអីក៏ឯងខ្ជីខ្ជាយ៉ាងនេះ?
ពិចិត្ររអ៊ូបណ្តើរ ដោះអាវឲ្យវិនីតបណ្តើរ។ ពុទ្ធោអើយ! យុវជនលោះព្រលឹងអស់ហើយ នាយស្ទុះងាកចេញទៅម្ខាងគ្រែ បេះដូងចាប់ផ្តើមលោតញាប់សន្ធាប់អារម្មណ៍ឲ្យពុះកញ្រ្ជោល ស្ទើរតែធ្វើអ្វីលែងកើត។ មិនជឿទេ! ម៉េចនឹងអាច………….! ពិចិត្រតាំងស្មារតី ប្រមូលផ្តុំអារម្មណ៍ ហើយក៏សសៀរមកជិតនាងវិញ។ យុវជនសម្លឹងមើលយុវតី ក៏ស្រាប់តែឮនាងស្រដីទាំងរវើរវាយឡើង ក្នុងសំឡេងជាមនុស្សស្រី៖
-ម៉ែ!…………………
-មិនពិតទេ! ………….ម៉េចនឹងអាច!
-រងាណាស់!
-ហេតុអីក៏ទៅជាអ៊ីចឹង?
វាមិនគួរឲ្យជឿទេសម្រាប់ពិចិត្រ ក៏ដូចជាយុវជនទាំងអស់។ ពិចិត្រផ្លាស់សម្លៀកបំពាក់ឲ្យវិនីតហើយ ក៏អង្គុយបែរខ្នងទៅមាត់បង្អួត សញ្ជឹងគិតតែម្នាក់ឯង៖”ហេតុអីក៏ឲ្យក្មេងស្រីម្នាក់នេះ កុហកយូរយ៉ាងនេះ? ហេតុអីក៏ខ្ញុំល្ងង់យ៉ាងនេះ គ្រាន់តែប៉ុណ្ណឹងក៏មើលមិនដឹងដែរ? ក្នុងរូបភាពជាមនុស្សប្រុស ខ្ញុំស្ទើរតែស្រលាញ់គេទៅហើយ តើខ្ញុំគួរតែសប្បាយចិត្តមែនទេ? ការពិតខ្ញុំនៅតែជាមនុស្សប្រុសម្នាក់ មនុស្សប្រុសដែលស្រលាញ់មនុស្សស្រី មិនមែនមនុស្សប្រុសដូចគ្នាទេ ប៉ុន្តែហេតុអីក៏នាងធ្វើយ៉ាងនេះ? ព្រោះតែចង់ធ្វើជាអ្នកនិពន្ធអ្ហេ?”។ ពិចិត្រគិតគ្រប់បែបយ៉ាង រហូតដល់ឃើញរឿងរ៉ាងសារឡើងវិញ ដែលរស់នៅជាមួយគ្នា ពិសេសគឺជម្ងឺរបស់វិនីត។ នាយលើកទូរស័ព្ទឡើងភ្លាម សំឡេងឆ្លើយតបបន្លឺឡើង៖
-អាឡូ! ពិចិត្រ…………កូនមែនទេ?
-បាទម៉ាក់!
-តើកូនសុខសប្បាយទេ? ហេតុអីក៏មិនដែលមកលេងម៉ាក់អ៊ីចឹង? កូនដឹងទេ បទចម្រៀងចេញថ្មីរបស់កូន ធ្វើឲ្យប៉ាកូនសប្បាយចិត្តណាស់ គាត់ថាកូនមានគំនិតហើយ កូនគួរតែមកលេងគាត់ គាត់អាចនឹងឈប់ខឹងនឹងកូនណា!
-កូនប្រាកដជាទៅ ម៉ាក់កុំបារម្ភអី ពេលនេះកូនសុខសប្បាយទេ ខ្ញុំចង់សួរម៉ាក់រឿងមួយតើបានទេ?
-កូននិយាយមក!
-មនុស្សស្រីនៅតែដែលមករដូវសុទ្ធតែឈឺពោះតើមែនទេម៉ាក់?
-ហេតុអីកូនសួរពីរឿងនេះ?
-កូនចង់ដឹង តើម៉ាក់អាចប្រាប់កូនបានទេ?
-មិនទាំងអស់គ្នាទេកូន អាស្រ័យលើសុខភាពមនុស្សស្រីនោះដែរ បើនាងមិនបានញ៉ាំគ្រប់គ្រាន់ មិនបានគេងគ្រប់គ្រាន់ ហើយថែមទាំងគិតច្រើនទៀតនោះ នាងប្រហែលជាមានការឈឺចាប់នៅពេលដែលមក គឺចៀសមិនផុតទេ
-តើអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទេ?
-បើនាងឈឺលើសពីបីថ្ងៃ គឺត្រូវតែទៅពិគ្រោះជាមួយពេទ្យ
-ចុះពេលកំពុងឈឺ តើអាចជួយបានទេ?
-មានតែលេបថ្នាំប៉ុណ្ណោះ តែការឈឺបែបនេះ អ្នកខ្លះនឹងអាចបាត់ទៅវិញនៅពេលដែលនាងមានគ្រួសារ
-អរគុណម៉ាក់ ម៉ាក់ថែរក្សាសុខភាពផង ជម្រាបលាម៉ាក់!
-ឈប់ៗៗ……….យ៉ាប់មែនកូននេះ
យុវជនដាក់ទូរស័ព្ទចុះ ក៏ដើរទៅស្ទាបថ្ងាសយុវតី។ នាងប្រហែលជាអស់អីហើយ មួយសន្ទុះក្រោយ នាងក៏បើកភ្នែកឡើង។ វិនីតដឹងច្បាស់ ថាសម្លៀកបំពាក់នាងត្រូវបានប្តូរ ក៏ស្ទុះងើបឡើង សម្លឹងទៅយុវជនដែលកំពុងឈរក្បែរបង្អួច។ យុវជនមិនបែរមករកនាងឡើយ តែបន្លឺឡើង៖
-ភ្ញាក់ហើយអ្ហេ?
-បងជា……………………….
-ខ្ញុំជាអ្នកផ្លាស់សម្លៀកបំពាក់ឲ្យនាង
-សូមទោស!
-នាងឈប់ប្រើសំឡេងជាមនុស្សប្រុសទៀតទៅបានទេ! គ្មានពាក្យត្រូវបក-ស្រាយទេអ្ហេ?
យុវជនតម្លើងសំឡេងបន្តិចហើយបែរមករកវិនីត តែវិនីតបែរជាឈ្ងាកមុខចុះមិនហ៊ានសម្លឹងយុវជនឡើយ។ នាងគ្រាន់តែនិយាយថា៖
-………………សូមទោស!
-នាងសប្បាយនឹងកុហកពួកយើងរាល់គ្នាណាស់ទៅអ្ហេ?
-មិនសប្បាយទេ!
-អ៊ីចឹងចង់កុហកពួកយើងដល់ពេលណា?
-ខ្ញុំចង់និយាយប្រាប់ពួកបង តែនៅថ្ងៃនោះ ខ្ញុំបានឮពួកបង និងលោកចាងហ្វាងជជែកគ្នា ទើបខ្ញុំ……………..
-អ្ហូ! នាងខ្លាចលោកចាងហ្វាងមិនចុះកុងត្រាជាមួយនាងអ្ហេ?
-បាទ!
-នេះនាងឆ្លើយបាទឡើងធ្លាប់អស់ហើយអ្ហេ? គួរឲ្យចង់សើចណាស់ តើនាងជាមនុស្សប្រុសឬស្រីឲ្យពិតប្រាកដ?
-ត្រូវហើយ! សូម្បីតែខ្លួនខ្ញុំ ក៏មិនដឹងថា ខ្លួនឯងជាមនុស្សប្រុសឬស្រីឲ្យប្រាកដដែរ? តាំងពីខ្ញុំបានមករស់នៅជាមួយពួកបង ខ្ញុំខឹងនឹងខ្លួនឯងណាស់ ហេតុអីក៏ខ្ញុំកើតមកជាមនុស្សស្រី? ខ្ញុំក៏មិនចង់កុហកពួកបងដែរ
-តែនាងបានកុហកពួកយើងរួចទៅហើយ
-ត្រូវហើយ! ខ្ញុំកុហកពួកបង ការពិតគឺព្រោះតែកិច្ចសន្យាមួយនោះ ខ្ញុំមិនអាចធ្វើឲ្យឱកាសនោះបាត់បង់ឡើយ
-នាងហួសហេតុពេកហើយ បាន! អ៊ីចឹងថ្ងៃនេះ ឲ្យគេទាំងអស់គ្នាដឹងថា នាងជាស្រីទៅ ពួកយើងចុះទៅក្រោមទៅ
ពិចិត្រទាញដៃវិនីត តែវិនីតមិនព្រមទៅជាមួយឡើយ នាងបានត្រឹមតែអង្គុយយំប៉ុណ្ណោះ។ ឃើញដូចនោះ យុវជនក៏ព្រលែងដៃនាង ហើយដើរចេញទៅតែម្នាក់ឯង។ ពិចិត្រចេញផុត សំឡេងទូរស័ព្ទបន្លឺឡើង។ គ្រាន់តែទទួលទូរស័ព្ទហើយ វិនីតក៏ស្ទុះចេញពីក្នុងបន្ទប់។ ទៅដល់បន្ទប់ទទួលភ្ញៀវ នាងបានឃើញយុវជនទាំងអស់កំពុងតែនៅជុំគ្នា នាងសម្លឹងទៅរកពិចិត្រ ដែលកំពុងសម្លឹងមើលមកនាងដូចគ្នា ស្រាប់តែសុវណ្ណបន្លឺ៖
-អាល្អិត! តើឯងមិនអីទេអ្ហេ!
-ឯងកើតអីអ្ហេ?(វណ្ណាឮហើយក៏ចូលទៅជិតវិនីតហើយយកដៃស្ទាបថ្ងាសរបស់នាង)
-ខ្ញុំអត់អីទេបង
-តែមើលទៅឯងដូចជាស្លេកស្លាំងណាស់ណា(រ៉ាឌីបន្លឺ)
-ឯងឆាប់ចូលមកញ៉ាំអីជាមួយពួកយើងមក (រ៉ាណេឧទាន)
វិនីតដឹងច្បាស់ថា យុវជនទាំងអស់នៅពុំទាន់ដឹងថា នាងជាស្រីឡើយ។ នាងសសៀរដើរទៅជិតពិចិត្រ ហើយបន្លឺ៖
-ខ្ញុំចង់និយាយជាមួយបង!
-ពួកយើងគ្មានរឿងត្រូវនិយាយគ្នាទេ ឯងគួរតែនិយាយទៅរកពួកគេទៅ
-តើពួកឯងមានរឿងអី? (សុវណ្ណសួរ)
-គ្មានទេបង! ខ្ញុំចង់និយាយជាមួយបងតែពីរនាក់ ពួកយើងទៅខាងលើទៅ
-តើមានរឿងអីក៏អាថ៌កំបាំងម្ល៉េះ? (រ៉ាណេសួរ)
-បងឆាប់មក
វិនីតអូសដៃពិចិត្រឡើងទៅលើបន្ទប់វិញ យុវជនបន្លឺ៖
-នាងចង់ធ្វើអី?
-ខ្ញុំសូមអង្វរបង បងកុំទាន់ប្រាប់ពួកគេអីបានទេ?
-ឯងចង់កុហកពួកគេបន្តទៀតអ៊ីចឹងអ្ហេ?
-បងចង់ឲ្យខ្ញុំធ្វើអីក៏បាន តែបងឲ្យខ្ញុំនៅរហូតដល់ចប់កុងត្រាសិនទៅ តើបានទេ?.………..ត្រូវហើយ! តាំងពីតូចមក ខ្ញុំប្រាថ្នាចង់ធ្វើជាអ្នកនិពន្ធ ខ្ញុំពិតជាមិនចង់បាត់បង់តំណែងនេះភ្លាមៗយ៉ាងនេះទេ តែប្រាំខែទៀតប៉ុណ្ណោះ បងឲ្យខ្ញុំនៅទីនេះទៅ តើបានទេ តទៅ ខ្ញុំមិននៅបន្ទប់ជាមួយបងក៏បាន ខ្ញុំនឹងទៅនៅបន្ទប់ដាក់អីវ៉ាន់ បងកុំទាន់ប្រាប់ពួកគេអីតើបានទេ? ខ្ញុំសូមអង្វរបងណា ខ្ញុំសូមអង្វរបង….…
វិនីតលុតជង្គង់នៅចំពោះមុខយុវជន ទាំងទឹកភ្នែកសស្រាក់ ចំណែកពិចិត្រ និយាយទាំងញញឹមស្ងួត៖
-ការពិតតំណែងជាអ្នកនិពន្ធរបស់នាងគឺសំខាន់ជាងអ្វីៗទាំងអស់ ហេតុអីក៏ពួកយើងស្រលាញ់នាងយ៉ាងនេះ
-សូមទោស!
-ការពិតគឺខ្ញុំទេ ជាអ្នកនាំនាងមក បើវាពិតជាតម្រូវការរបស់នាងហើយ នាងនៅចុះ
-អរគុណ
និយាយហើយយុវជនចេញពីបន្ទប់បើកឡានចេញទៅ មួយសន្ទុះក្រោយវិនីតក៏ចេញទៅដែរ។ យុវជនទាំងបួនឆ្ងល់ពួកគេទាំងពីរណាស់ថាកំពុងធ្វើអី វណ្ណាក៏រត់តាមវិនីតមកដល់ខាងក្រៅ តែវិនីតឡើងម៉ូតូឌុបចេញផុតទៅហើយ។ នាយដឹងច្បាស់
ថា យុវតីមិនស្គាល់ផ្លូវឡើយ ក៏លើកទូរស័ព្ទតេទៅ៖
-អាឡូបង!
-តើឯងទៅណា? ឯងស្គាល់ផ្លូវទេ?
-បងកុំបារម្ភអី! ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត ខ្ញុំឆាប់ត្រឡប់មកវិញទេ ហេតុអីមិនប្រាប់បង បងជូនទៅ
-មិនអីទេបង ប៉ុណ្ណឹងបានហើយ
-អាល្អិតម្នាក់នេះ!
-វាទៅណាបង?(រ៉ាណេសួរ)
-វាថាទៅក្រុមហ៊ុនមួយភ្លែត ចុះពិចិត្រទៅណា?
-អត់លើកទូរស័ព្ទទេ
-អត់លើកទូរស័ព្ទ តាមមើលប្រហែលជាខឹងខ្លាំងណាស់ហើយ(រ៉ាឌីបន្លឺ)
-តើអាល្អិតនោះធ្វើអីគេ បានជាខឹងខ្លាំងយ៉ាងនេះ? (សុវណ្ណតប)
-ខឹងតែមនុស្សមិនអស់ចិត្តទេ ខឹងដល់ទូរស័ព្ទទៀត នេះអ្ហេ! ជាចរឹតរបស់តារាល្បី?
-បានហើយៗ! ពួកយើងចូលក្នុងទៅ
វិនីតមកដល់ក្រុមហ៊ុន ក៏ចូលទៅរកលោកចាង ហ្វាងដល់ក្នុងបន្ទប់៖
-វិនីត! មានការអីសំខាន់អ្ហេ ទើបមករកខ្ញុំដល់ទីនេះ?
-លោកចាងហ្វាង! តើលោកអាចបើកប្រាក់ខែឲ្យខ្ញុំមុនបានទេ?
-បើកប្រាក់មុនអ្ហេ?
-បាទ!
-តើឯងមានបញ្ហាអីអ្ហេ?
-គ្រួសារខ្ញុំត្រូវការប្រាក់បន្ទាន់ សូមលោកចាងហ្វាងជួយខ្ញុំផង តើបានទេ? ខ្ញុំសូមអង្វរលោកចាងហ្វាង ………… ខ្ញុំសន្យា ខ្ញុំនឹងខិតខំតែងបទភ្លេងឲ្យបានល្អ
ជាងកាលកន្លងមកទៅទៀត
លោកចាងហ្វាងសម្លឹងមើលវិនីត ហាក់ដូចជាត្រូវការប្រាក់ចាំបាច់ខ្លាំងណាស់ លោកក៏លែងសួរនាំតទៅទៀត ក៏សម្រេចចិត្តបើកប្រាក់ឲ្យគេមុន។ គ្រាន់តែបានប្រាក់ហើយ វិនីតក៏ជិះម៉ូតូឌុបចេញពីទីនោះ ស្រាប់តែពិចិត្រមកដល់ភ្លាម។ គ្រាន់តែឃើញពិចិត្រហើយ លោកចាងហ្វាង ក៏ហៅនាយទៅបន្ទប់របស់ខ្លួន៖
-វិនីតទើបតែចេញទៅអម្បាញ់មិញនេះឯង ឯងមានបានជួបគេទេ?
-អត់ទេ! គេមកទីនេះធ្វើអី?
-គេមករកបងសុំបើកប្រាក់ខែមុន
-ថាម៉េច! បងបើកឲ្យគេអ្ហេ?
-ត្រូវហើយ! គេថា គ្រួសារគេត្រូវការប្រាក់បន្ទាន់
-ចុះពេលនេះ បងដឹងថា គេទៅណាទេ?
-បងមិនដឹងទេ…………..នែ! ឯងគិតទៅណា?
-ខ្ញុំទៅក្រៅមួយភ្លែត
ពិចិត្រតេទៅរកវិនីត៖
-ឯងនៅឯណា?
-ខ្ញុំ……………..
-ខ្ញុំសួរថាឯងនៅឯណា?
-ខ្ញុំនៅមន្ទីរពេទ្យ
ពិចិត្រហាក់ដូចជាខឹងនឹងវិនីតខ្លាំងណាស់ តែនៅពេលឮច្បាស់ថានាងនៅ មន្ទីរពេទ្យ ក៏ប្រញាប់ទៅដល់ភ្លាម។ ទៅដល់មុខបន្ទប់វះកាត់ នៃមន្ទីរពេទ្យកាល់ម៉ែត នាយឃើញវិនីតកំពុងឱបម្តាយយំសស្រាក់ ក៏ទៅឈរក្បែរនោះ ដោយមិនហ៊ានសួរនាំអ្វីទាំងអស់។ មួយសន្ទុះក្រោយ ទើបលោកគ្រូពេទ្យចេញមក៖
-លោកគ្រូពេទ្យ……………
-ផុតពីគ្រោះថ្នាក់ហើយ
-អរគុណទេវតា!……………..ម៉ែចូលទៅមុនទៅ
វិនីតឲ្យម្តាយចូលទៅក្នុងបន្ទប់មើលប្អូនប្រុសមុន ចំណែកខ្លួន នៅខាងក្រៅជាមួយយុវជន។ ពិចិត្រសួរ៖
-តើមានរឿងអីកើតឡើង?
-គ្រោះថ្នាក់ចរាចរណ៍
-នេះអ្ហេជាមូលហេតុ ដែលធ្វើឲ្យឯងចង់បន្តតំណែងជាអ្នកនិពន្ធតទៅទៀត?…….….…….ហេតុអីក៏ឯងមិនប្រាប់បង? បងស្មានថា ឯងទៅបើកប្រាក់មុនរត់បាត់ទៅហើយ ឯងដឹងទេ?
-សូមទោស!………..នៅពេលនោះ បងកំពុងតែខឹង………………..
យុវជនក្តុកក្តួលខ្លាំងណាស់ នូវអ្វីដែលគិតខុសចំពោះវិនីត នាយទាញនាងមកឱបជាប់ ក៏ស្រាប់តែយុវជនទាំងអស់មកដល់។ វិនីតជូតទឹកភ្នែក ហើយងាកទៅរកយុវជនទាំងអស់ ដែលស្លន់ស្លោដើរចូលមក។ សុវណ្ណបន្លឺ៖
-តើមានរឿងអីកើតឡើង?
ការពិតវិណាតត្រូវម៉ូតូជ្រុលបុកពីក្រោយ នៅពេលដែលខ្លួនជិះកង់ត្រឡប់ពីសាលារៀនវិញ។ ក្បាលរបស់យុវជនត្រូវយ៉ាងធ្ងន់ធ្ងរទៅលើផ្លូវ ធ្វើឲ្យសន្លប់បាត់ស្មារតី។ ដោយគ្មានលទ្ធភាពនឹងសង្គ្រោះ មន្ទីរពេទ្យសៀមរាបក៏បញ្ជូនមក ភ្នំពេញ។ ការវះកាត់ត្រូវការចំណាយប្រាក់ច្រើន ហើយជួនពេលនឹងវិនីតមានបញ្ហាជាមួយ
ពិចិត្រទៀត ទើបនាងសម្រេចចិត្តទៅសុំបើកប្រាក់ខែមុន។
វិណាតបើកភ្នែកឡើងស្រាប់តែឃើញ យុវជនទាំងអស់នៅចំពោះមុខខ្លួន រ៉ាណេបន្លឺ៖
-ឯងដឹងខ្លួនហើយអ្ហេ! បងឯងនាំម៉ែឯងទៅបន្ទប់ទឹកហើយ ត្រូវការអីប្រាប់ពួកយើងមក
-ខ្ញុំស្រេកទឹក
-ចាំមួយភ្លែត!
-ហេតុអីក៏ពួកបងនៅទីនេះ?
-អាល្អិតនោះដូចជាប្អូនរបស់ពួកយើងអ៊ីចឹង ប្អូនរបស់គេមានរឿង ពួកយើងត្រូវមកជួយគេអ៊ីចឹងហើយ
-អរគុណពួកបងហើយ
-នោះម៉ែឯងមកហើយ!
-កូនដឹងខ្លួនហើយអ្ហេ!
-ម៉ែ! ចុះឯណាបង………………………
-បងឯងនៅខាងក្រៅ បន្តិចទៀតមកហើយ រំខានពួកក្មួយហើយ
-មិនអីទេអ្នកមីង!
ដោយបាត់វិនីតយូរពេក វណ្ណាក៏សសៀរដើរចេញមកក្រៅ នាយបានឃើញវិនីតកំពុងជជែកជាមួយយុវតីម្នាក់៖
-ពួកគេម្នាក់ៗសុទ្ធតែយល់ថាឯងជាប្រុស សូម្បីតែលោកចាងហ្វាងមែនទេ?គិតទៅកើតមកមានសំឡេងពីរដូចជាឯង ពិតជាមានប្រយោជន៍មែន ហេតុអីក៏ខ្ញុំគ្មានវាសនាដូចជាឯងអ៊ីចឹង
-តែឯងក៏ក្លាយជាអ្នកនិពន្ធនៅផលិតកម្ម មយូរាហើយតើ
-ត្រូវហើយ! តែមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ស្តាយណាស់ បើកាលនោះ
ខ្ញុំដឹងថា លោកចាងហ្វាងមិនចូលចិត្តមនុស្សស្រី ខ្ញុំប្រហែលជាធ្វើដូចជាឯងពេលនេះអ៊ីចឹង
-សាវីណា!
-ខ្ញុំច្រណែននឹងឯងណាស់
-ការពិត……………
-ឯងនៅទីនេះទេអ្ហេ!
វណ្ណាបន្លឺឡើង ព្រោះដឹងថាយុវជនទាំងអស់ កំពុងដើរចូលមក។ សាវីណាសម្លឹងទៅយុវជនទាំងអស់ដែលកំពុងដើរចូលមក នាងបន្លឺ៖
-ជម្រាបសួរបងៗ!
-បាទៗជម្រាបសួរ
-អាល្អិត! នេះឯងក៏ស្គាល់អ្នកនិពន្ធស្រីវ័យក្មេងម្នាក់នេះដែរអ្ហេ?
-ឯងនេះមិនអន់ឯណា
-មើលទៅពួកគាត់ដូចជាស្រលាញ់ឯងណាស់ បានហើយ! ខ្ញុំជម្រាបលាពួកបងហើយ វិនីត! សំណាងល្អណា
វណ្ណាលួចសម្លឹងមុខវិនីត តែវិនីតហាក់ដូចជាក្រៀមក្រំណាស់។ យប់នេះនាងមិនបានត្រឡប់ទៅផ្ទះឡើយ គឺនាងគេងនៅមន្ទីរពេទ្យជាមួយម្តាយនិងប្អូន។ វិណាតបន្លឺ៖
-បងមិនត្រឡប់ទៅវិញជាមួយពួកគាត់ទេអ្ហេ?
-មិនទៅទេ! បងនៅមើលឯងសិន
-ខ្ញុំមើលទៅពួកគាត់ចិត្តល្អណាស់ ហើយស្រលាញ់បងទៀតផង ខ្ញុំប៊ិះភ្លាត់មាត់ ហៅបងថា ជាបងស្រីទៅហើយ សំណាងនឹកឃើញទាន់ មិននឹកស្មានថាបានជួបតារាល្បី ក្នុងពេលតែមួយបែបនេះសោះ នេះបើកុំតែខ្ញុំចូលពេទ្យ ក៏ពុំបានជួបពួកគាត់ផ្ទាល់យ៉ាងនេះដែរមើលទៅ
-មើលទៅឯង ដូចជាឆាប់ជាដល់ហើយហ្ន៎ និយាយឲ្យប៉ប៉ាច់
-អ៊ីចឹងខ្ញុំគេងហើយ! មើលទៅបងដូចជាមិនសប្បាយចិត្តសោះ
-កូនបានជជែកអីជាមួយសាវីណាខ្លះ?
-គ្មានអីទេម៉ែ! គ្រាន់តែសួរសុខទុក្ខគ្នាហើយ នាងក៏ចេញទៅ
-ចុះម្តាយនាងធូរស្រាលហើយមែនទេ
-ចាស! គឺចេញពីមន្ទីរពេទ្យហើយ
-ហ៊ឺ!
-ម៉ែឆាប់សម្រាន្តទៅ
-អ៊ឺ! ម៉ែគេងហើយអ៊ីចឹង
សាវីណាជាមិត្តរួមថ្នាក់របស់វិនីតកាលពីនៅរៀនវិទ្យាល័យ។ នាងក៏មានឧបនិស្ស័យនិងបំណងប្រាថ្នាជាអ្នកនិពន្ធដែរ។ នាងធ្លាប់ទៅផលិតកម្មនាគទេពម្តងតែត្រូវលោកចាងហ្វាងបដិសេធ។ នៅទីបំផុត នាងក៏ចូលធ្វើការជាអ្នកនិពន្ធ នៅផលិតកម្មមយូរា។ នាងមិនខុសពីវិនីតប៉ុន្មានឡើយ ធ្វើការផងរៀនផង ហើយត្រូវចិញ្ចឹមគ្រួសារផង ចំណែកម្តាយរបស់នាង ក៏មានជម្ងឺប្រចាំកាយទៀត។ បើនិយាយពីឪពុកវិញ គឺផឹកតែស្រាស្រវឹងទើបចូលផ្ទះ។ ឥឡូវនាង និងម្តាយព្រមទាំងប្អូនស្រីពីរនាក់បានចាកចោលឪពុកមករស់នៅភ្នំពេញហើយ។
ពីរថ្ងៃបានកន្លងផុតទៅ វិណាតក៏បានធូរស្រាល ហើយក៏បានត្រឡប់ទៅ
សៀមរាបជាមួយនឹងម្តាយវិញ។ ចំណែកវិនីតត្រូវត្រឡប់មករស់នៅជាមួយយុវជន
វិញ។ នៅថ្ងៃដែលនាងជជែកជាមួយសាវីណា វណ្ណាបានឮទាំងអស់ ហើយនាយក៏គិត
យល់ដែរ នៅថ្ងៃដែលឃើញពិចិត្រ និងវិនីតខុសប្រក្រតីនៅថ្ងៃនោះ។ វណ្ណាដឹងថា ពិចិត្រក៏ប្រហែលជាបានដឹងថា វិនីតជាស្រីហើយដែរ ទើបនាយហៅយុវជនមកជជែកគ្នានៅខាងក្រៅផ្ទះ៖
-ឯងមានរឿងអីចង់និយាយជាមួយខ្ញុំអ្ហេ? (ពិចិត្រសួរ)
-ឯងបានដឹងថា វិនីតជាស្រីអ្ហេ?
-ឯងដឹងហើយអ្ហេ?
-ខ្ញុំបានឮនាងជជែកគ្នាជាមួយសាវីណានៅមន្ទីរពេទ្យ
-ចុះនាងដឹងទេថា ឯងដឹងរឿងនេះទេ?
-នាងមិនបានដឹងទេ! ឯងគិតធ្វើយ៉ាងណាចំពោះនាង?
-ខ្ញុំបានយល់ព្រមជាមួយនាងជួយលាក់រឿងនេះ រហូតដល់នាងចប់កុងត្រា តែបើឯងដឹងហើយ ក៏គួរតែឲ្យពួកគេដឹងដែរ
-កុំអី! ពួកយើងលាក់រឿងនេះបន្តទៀតចុះ
-អ្ហឹះ!
-បើពួកគេដឹង ពួកយើងប្រាកដជាពិបាកក្នុងការរស់នៅជាមួយគ្នា
-ឯងមិនខឹងនឹងនាងទេអ្ហេ?
-មានអីគួរឲ្យខឹង ឯងស្មានតែនាងពេញចិត្តក្នុងការកុហកពួកយើងអ្ហេ? ខ្ញុំជឿជាក់លើមនោសញ្ចេតនារបស់នាងមកលើពួកយើង
-ព្រោះតែនាងជួយឯងនៅយប់នោះអ្ហេ?
-ប្រហែលហើយ! អ៊ីចឹងយប់នេះ?
-ខ្ញុំទៅគេងផ្ទះម៉ាក់ខ្ញុំមួយរយៈចុះ
-កុំអី! ឯងគេងបន្ទប់ជាមួយខ្ញុំទៅ
-ក្រែងឯងមិនចូលចិត្តគេងជាមួយអ្នកដទៃទេអ្ហេ?
-បើឯងចេះតែទៅគេងនៅផ្ទះម៉ាក់ឯង ពួកគេប្រាកដជាសង្ស័យ ចំណែកឯវិនីតក៏មិនសប្បាយចិត្តដែរ
-ឯងគិតដល់នាងគ្រប់ជំហានណាស់ហ្ន៎ សម្រេចអ៊ីចឹងចុះ
-ខ្ញុំចូលទៅក្នុងផ្ទះមុនហើយ
វណ្ណាចូលទៅក្នុងផ្ទះមុន ចំណែកឯពិចិត្រហាក់ដូចជាសញ្ជឹងមួយសន្ទុះ។ នាយគិតរឿងហេតុ ដែលវិនីតបានជួយវណ្ណានៅយប់នោះ ក៏បន្លឺឡើងតែម្នាក់ឯង៖ “នាងសុខចិត្តជួយឯង សូម្បីតែជីវិតខ្លួនឯងក៏មិនគិត ឯងសមនឹងជឿនាងអ៊ីចឹងហើយ ចុះខ្ញុំ?”។ ពិចិត្រគិតហើយ ដើរចូលទៅក្នុងផ្ទះវិញ ជួនជាពួកគេនៅជុំ គ្នា នាយក៏បន្លឺ៖
-ចាប់ពីថ្ងៃនេះទៅ ខ្ញុំនៅបន្ទប់ជាមួយវណ្ណាវិញ
-ម៉េចអ៊ីចឹង?
-គ្មានយ៉ាងម៉េចទេ! គ្រាន់តែមិនចង់គេងជាមួយអាល្អិតនេះ ព្រោះគេគេងអាក្រក់ណាស់ ធ្វើបាបខ្ញុំរាល់តែយប់ហ្នឹង
-អ៊ីចឹងផងអ្ហេ! នេះខ្លួនឯងតូចតែមួយ ធ្វើឲ្យបងពិចិត្រពិបាកទ្រាំដល់ថ្នាក់ហ្នឹងផងអ្ហេ?
-សូមទោសខ្ញុំ………….
-មិនអីទេ! ឯងគេងឲ្យបានស្រួលចុះ
ពួកគេទាំងអស់គ្នាក៏យល់ស្របតាមគំនិតពិចិត្រ។ វិនីតមកដល់បន្ទប់ ក៏ប្រាសខ្លួនដេកទៅលើគ្រែ ហើយនិយាយតែម្នាក់ឯង៖”អរគុណបងហើយ!”។ សំឡេងគោះទ្វារបន្លឺឡើង៖
-បងមកយកខ្នើយ និងភួយ (ពិចិត្រដើរចូលក្នុងបន្ទប់)
-អរគុណបង!
-មិនចាំបាច់ទេ! គេងលក់សុបិនល្អណា
-ចាស!
ពិចិត្រហាក់ពីរោះនឹងសំឡេងឆ្លើយតបនេះណាស់ក៏ងាកទៅសម្លឹងមុខវិនីត វិនីតបន្លឺ៖
-បងមិនអីទេអ្ហេ?
-មិនអីទេ! បងចេញទៅហើយ
ពិចិត្រចេញផុត វិនីតក៏ចូលទៅក្នុងបន្ទប់ទឹក តែមួយសន្ទុះស្រាប់តែយុវជនចូលមកវិញ។ នាយឃើញទ្វារមិនទាន់ខ្ទាស់សោក៏ដើរចូលទៅ តែមិនឃើញយុវតី នាយក៏បន្លឺឡើង៖
-ឯងនៅក្នុងបន្ទប់ទឹកមែនទេ?
-ចាស! បងមានការអី?
-ការពិតសំឡេងរបស់ឯងពីរោះណាស់
-……………..តើបងនៅខាងក្រៅទេ?
-អូ! ឯងមានឃើញកន្សែងពោះគោរបស់បងទេ?
-ខ្ញុំដាក់នៅក្នុងទូរ
-……………ឃើញហើយ! បងចេញទៅវិញហើយ…..ត្រូវហើយ!ពេលចូលដល់ក្នុងបន្ទប់ហើយ ត្រូវចាក់សោបន្ទប់ផង ស្តាប់បានទេ?
-ចាស!
វគ្គ៤ ដុំពេជ្រស្នេហ៍
ទោះបីពិចិត្រ និងវណ្ណាបានដឹងថាវិនីតជាស្រីក៏ដោយ ប៉ុន្តែមិត្តភាពរបស់ពួកគេ នៅតែដដែល ហើយអ្វីដែលធ្វើឲ្យវិនីតសប្បាយចិត្តថែមទៀតនោះ គឺនាងធ្វើបានសម្រេចនូវបទភ្លេងថ្មី ដែលមានចំណងជើងថា ដុំពេជ្រស្នេហ៍។ ដុំពេជ្រស្នេហ៍ គឺជាបទទីមួយ ដែលនាងសរសេរពីតម្លៃនៃសេចក្តីស្នេហ៍ តែមិនមែនជាស្នេហារបស់នាងឡើយ ផ្ទុយទៅវិញ វាជាជីវិតស្នេហ៍របស់ឪពុកម្តាយនាង ដែលនាងបានព្យាយាមបង្កើតវាឡើង អស់រយៈបីយប់បីថ្ងៃរហូតដល់ធ្លាក់ខ្លួនឈឺ ធ្វើឲ្យពិចិត្រដឹងថានាងជាស្រី។
បន្ទាប់ពីកែសម្រួលស្រួលបួលហើយ នាងក៏មកស្ទូឌីយ៉ូ ដែលយុវជនកំពុងថត។ មកដល់មុខបន្ទប់ថត ក៏បានជួបនឹងសាវីណា៖
-សាវីណា!
-ខ្ញុំមានរឿងចង់និយាយជាមួយឯងបន្តិចបានទេ?
-ពួកយើងទៅនិយាយគ្នាក្នុងបន្ទប់ទៅ!…………ឯងមានការអី?
-ខ្ញុំចង់ឲ្យឯងជួយខ្ញុំបានទេ?
-មានរឿងអី?
-ខ្ញុំចង់ឲ្យឯងសរសេរបទភ្លេងថ្មី ឲ្យខ្ញុំមួយបទបានទេ?
-វីណា!
-ខ្ញុំដឹងថា វាមិនគួរទេ ប៉ុន្តែខ្ញុំពិតជាត្រូវការវាណាស់ ឯងជួយខ្ញុំផងបានទេ?
-មិនអាចទេ! បើខ្ញុំធ្វើអ៊ីចឹង ខ្ញុំនិងឯងគឺមានកំហុសដូចគ្នា
-ខ្ញុំសូមអង្វរឯង! បើគ្មានបទភ្លេងថ្មីទេ លោកចាងហ្វាងប្រាកដជាដេញខ្ញុំចេញជាមិនខាន
-សាវីណា! បើខ្ញុំធ្វើឲ្យឯងថ្ងៃនេះ ចុះថ្ងៃក្រោយនោះ?
-ថ្ងៃក្រោយយ៉ាងណាមិនសំខាន់ទេ តែសំខាន់គឺថ្ងៃនេះ ឯងជួយខ្ញុំផងទៅ
-មិនអាចទេ! ខ្ញុំជឿថាឯងអាចធ្វើបានដោយខ្លួនឯង ឯងសាកល្បងទៅ ខ្ញុំសុខចិត្តជួយឯង
-ឯងពិតជាមិនព្រមតែងបទភ្លេងថ្មីឲ្យខ្ញុំមែនអ្ហេ!
-ខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ!
-អ៊ីចឹងឯងមិនខ្លាចទេថា លោកចាងហ្វាងដឹងថាឯងជាស្រី
-ឯងគិតធ្វើអី? ឯងចង់គំរាមខ្ញុំអ្ហេ?
-ខ្ញុំមិនចង់ទេ! ប៉ុន្តែបើលោកចាងហ្វាងឯងដឹងពីរឿងនេះ ឯងសង្ឃឹមទេថា ឯងអាចធ្វើជាអ្នកនិពន្ធត្រង់នេះបានទៀត?
-សាវីណា! ខ្ញុំមិនដឹងថា នៅពេលនោះ វាមានរឿងអ្វីកើតឡើងឡើយ តែឯងគួរ
តែដឹង ពួកយើងមិនអាចធ្វើអ៊ីចឹងបានទេ បទភ្លេងដែលយើងសរសេរចេញមកនីមួយៗ វាបានមកពីអារម្មណ៍ពិត បេះដូងពិតរបស់យើង ម៉េចនឹងអាចឲ្យទៅអ្នកដទៃ ម្យ៉ាងទៀត បើឯងធ្វើអ៊ីចឹង តើឯងសមជាអ្នកនិពន្ធទេ? ទោះអ្នកដទៃមិនដឹង តើឯងស្កប់ស្កល់នឹងមនសិការខ្លួនឯងទេ?
-សរុបទៅ គឺឯងមិនព្រមជួយយើង!
-មិនមែនទេ! គឺខ្ញុំកំពុងជួយឯង
-បានហើយ! បើឯងមិនជួយយើងហើយ យើងទៅវិញក៏បាន
សាវីណាដើរចេញទាំងកំហឹង ចំណែកវិនីតពិតជាមានអារម្មណ៍ស្មុគស្មាញណាស់។ នាងយកបទភ្លេងថ្មីដើរចេញមក បម្រុងយកទៅឲ្យលោកចាងហ្វាងពិនិត្យមើល តែមកដល់កន្លែងថត នាងឃើញជណ្តើរដែលគេដាក់ឡើងរៀបឆាកកំពុងរលំទៅរកពិចិត្រដែលឈរបែរខ្នងមិនដឹងខ្លួនសោះ។ វិនីតព្រលែងឯកសារពីដៃ រត់ទៅរុញយុវជនចេញ។ ពិចិត្រក៏ដួលទៅម្ខាង ចំណែកយុវតីត្រូវជណ្តើររលំសង្កត់ពីលើ ប៉ះក្បាលធ្វើឲ្យឈាមចេញមក។ យុវជនស្ទុះចូលទៅរកនាង ហើយទាញជណ្តើរចេញ៖
-ឯងយ៉ាងម៉េចហើយ!
-វិនីតចេញឈាមហើយបង!(រ៉ាណេបន្លឺ)
-ខ្ញុំមិនអីទេ!
-ឆាប់ទៅយកថ្នាំមក
ម្នាក់ៗរវល់តែមើលវិនីត មិនបានមើលសាវីណាដែលដើរចូលមក។ នាងស្រវារើសយកក្រដាសបទភ្លេងរបស់វិនីតដែលធ្លាក់រាយទៅលើអិដ្ឋ ហើយក៏ដើរចេញទៅ។ ចំណែកសុវណ្ណឃើញក្រដាសបទភ្លេងរាយដូចនោះ ក៏រើសប្រមូលដាក់មួយកន្លែង។ បន្ទាប់ពីរុំរបួសហើយ វិនីតបម្រុងដើរមកយកឯកសារ តែរ៉ាឌីបន្លឺ៖
-ចាំបងយកទៅជូនលោកចាងហ្វាងឲ្យ ឯងសម្រាកមួយសន្ទុះទៅ
ក្រោយពេលថតចប់ហើយ យុវជនទាំងអស់ក៏ត្រឡប់មកដល់ផ្ទះ។ ជាការពិតណាស់ វិនីតមិនសប្បាយចិត្តឡើយ នាងមិនសូវនិយាយស្តី ក៏ដើរចូលទៅក្នុងបន្ទប់បាត់។ សំឡេងគោះទ្វារបន្លឺឡើង៖
-គឺបងទេអ្ហេ!
-ឯងមិនអីទេអ្ហេ?
-មិនអីទេ!
-បងអាចចូលបានទេ?
-បងចូលមក!
-របួសនៅឈឺអ្ហេ?
-អត់ទេ! មិនឈឺទេ
-តែទឹកមុខឯង
-ប្រហែលជាខ្ញុំអស់កម្លាំងហើយ
-អ៊ីចឹងគេងសិនទៅ
-បងមានការអីអ្ហេ?
-ថ្ងៃក្រោយឯងកុំធ្វើបែបនេះទៀតបានទេ?………វាគ្រោះថ្នាក់ណាស់
-ខ្ញុំមិនចង់ឲ្យបងមានគ្រោះថ្នាក់ទេ
-បងដឹង ក្នុងចំណោមពួកយើង គឺឯងសុទ្ធតែមិនចង់ឲ្យនរណាម្នាក់មានគ្រោះថ្នាក់ឡើយ តែឯងក៏ត្រូវដឹងថា បើឯងមានគ្រោះថ្នាក់ ពួកយើងក៏បារម្ភដូចគ្នា
-សូមទោស!
-ឯងគេងសិនទៅ បងចេញទៅក្រៅហើយ
-ចាស!………..ត្រូវហើយ! ខ្ញុំពិតជាមិនចង់ឲ្យពួកបងមានគ្រោះថ្នាក់ទេ ពិសេសគឺបង ………..ហេតុអីក៏ខ្ញុំគិតអ៊ីចឹង?(វិនីតគិតក្នុងចិត្ត)
បន្ទាប់ពីស្រស់ស្រូបអាហារហើយ យុវជនទាំងអស់ក៏នាំគ្នាយកខ្នើយម្នាក់មួយមកគេងកំដរយុវតី។ វិនីតបើកភ្នែកឡើង ឃើញពួកគេកំពុងលង់លក់នៅជុំវិញគ្រែរបស់ខ្លួន។ នាងអង្គុយច្បោមក្បាលជង្គង់សម្លឹងទៅពួកគេ ដោយស្នាមញញឹមលាយនឹងតំណក់ទឹកភ្នែក។ ហេតុអីក៏ឆាកជីវិតរបស់នាង អាចជួបនូវរឿងល្អយ៉ាងនេះ? ចុះបើពួកគេដឹងថា នាងជាស្រី តើភាពស្និទ្ធស្នាលនេះ នឹងអាចកើតមានឡើងទៀតដែរឬទេ? រឹតតែគិតទឹកភ្នែករឹតតែស្រក់ខ្លាំងឡើង។ នាងសសៀរចុះពីលើគ្រែ ហើយក៏ដើរចូលទៅបន្ទប់ភ្លេងតែម្នាក់ឯង ដោយបន្លឺខ្លាំងៗឡើង៖ “ហេតុអីក៏ទេវតាមិនឲ្យខ្ញុំកើតជាមនុស្សប្រុស? ខ្ញុំមិនចង់ធ្វើជាមនុស្សស្រីទេ!”។ ទោះបីនាងតូចនេះ ប្រឹងស្រែកតវ៉ាយ៉ាងណា ក៏នាងមិនអាចតវ៉ានឹងធម្មជាតិបានដែរ។ នាងទាញក្រដាស និងខ្មៅដៃមកអង្គុយសរសេរ។
យប់យន់កាន់តែជ្រៅ ម៉ោងពីរយប់ទៅហើយ ពិចិត្រភ្ញាក់មិនឃើញវិនីត នឹកស្មានថា នាងចូលបន្ទប់ទឹក ក៏បន្លឺឡើង៖”វិនីត! នៅក្នុងបន្ទប់មែនទេ?”។ គ្មានសំឡេងឆ្លើយតប។ សំឡេងពិចិត្រធ្វើឲ្យយុវជនទាំងអស់ភ្ញាក់ឡើង ក៏ភ័យស្លន់ស្លោរត់រកវិនីតពេញផ្ទះ៖
-វិនីត!
-អាល្អិតនេះ! តិចលោវាទៅដួលសន្លប់ត្រង់ណាទេដឹង (រ៉ាណេបន្លឺ)
-ឯងកុំនិយាយផ្តាស (រ៉ាឌីតប)
-វិនីត!
អស្ចារ្យណាស់ ម្នាក់ៗច្រហមាត់ហួសចិត្ត ព្រោះតែឃើញយុវតីអង្គុយ គេងដាក់
ក្បាលលើតុ ដោយដៃកាន់ខ្មៅដៃជាប់។ សុវណ្ណបន្លឺ៖
-ចំជាអ្នកនិពន្ធមែន! ដល់ដំណាក់កាលនេះហើយ នៅងើបមកសរសេរទៀត អស្ចារ្យណាស់
-មាឌវាតូចតែមួយសោះ ហេតុអីក៏ខ្លាំងយ៉ាងនេះ
-ពួកយើងគិតធ្វើយ៉ាងម៉េច? (រ៉ាឌីសួរ)
-កុំដាស់គេអី ពួកយើងគេងនៅត្រង់នេះបន្តទៅ (វណ្ណាតប)
-អ៊ីចឹងខ្ញុំទៅយកខ្នើយ
ព្រះអាទិត្យបញ្ចេញពន្លឺច្បាស់ យុវតីប្រាសខ្លួនបើកភ្នែកឡើង នាងភ្ញាក់ព្រើត ក៏បន្លឺឡើង៖
-ហេតុអីក៏ពួកបងមកគេងនៅទីនេះ?
-ឯងនៅហ៊ាននិយាយទៀតអ្ហេ! យប់មិញពួកយើងដើររកឯងពេញផ្ទះ
-សូមទោស!
-ភ្លឺហើយអ្ហេ!
-ភ្លឺហើយ! ឆាប់ងើបមក ចង់គេងដល់ណាទៀត
-ពួកបងអត់ទៅថតទេអ្ហេ?
-ថ្ងៃនេះសម្រាក!
-ពួកយើងទៅដើរលេងទៅ
-ល្អ!
ក្រុមហ៊ុនមយូរា
សាវីណាដើរចូលទៅក្នុងការិយាល័យ ហើយក៏ហុចក្រដាសបទភ្លេងមួយសន្លឹកទៅកាន់លោកចាងហ្វាង។លោកមយូរាទទួលក្រដាសបទភ្លេងមកមើលហើយនិយាយ៖
-ការពិតនាងពិតជាអាចធ្វើបានតើ
-ខ្ញុំធ្វើវាបានហើយ តើលោកចង់ដេញខ្ញុំទៀតទេ
-ខ្ញុំក៏គ្មានបំណងហាមាត់ដេញនាងដែរ តែធ្វើម៉េច បើបច្ចុប្បន្ននេះ បទភ្លេងដែលយើងចម្លងពីគេ ពុំសូវមានការគាំទ្រ សូមទោសណា! ពេលនោះ ខ្ញុំដូចជាស្មុគស្មាញពេក បើសិនជាបទនេះចេញទៅហើយ ទទួលបាន ជោគជ័យ នាងប្រាកដជាល្បីឈ្មោះជាងនេះ
-លោកព្រមបើកប្រាក់ខែឲ្យខ្ញុំមុនទេ?
-បាន!………………….នាងចង់បានប្រាក់បីខែមុនអ្ហេ ហ៏នេះ!
-អរគុណ! ខ្ញុំទៅសិនហើយ
គ្រាន់តែបានប្រាក់ហើយ សាវីណាក៏ប្រញាប់ចេញទៅ។ ចំណែកលោកចាង-
ហ្វាងហាក់ដូចជាសប្បាយចិត្តណាស់ លោកកយកបទនោះទៅបន្ទប់ភ្លេង។ គ្រប់យ៉ាងហាក់ដូចជារហ័សពេកហើយ បីថ្ងៃក្រោយ បទភ្លេងថ្មីនេះបានចេញនៅលើកញ្ចក់ទូរទស្សន៍ ដែលក្រុមយុវជនកំពុងអង្គុយមើល។
តម្លៃនៃសេចក្តីស្នេហាប្រៀបដូចជាដុំពេជ្រមួយគ្រាប់ ដែលមិនអាចកាត់ថ្លៃបាន។ អត្ថន័យដ៏ជ្រាលជ្រៅនេះ មាននៅក្នុងបទ ដុំពេជ្រស្នេហ៍។ នេះជាបទថ្មី ចេញពីទឹកដៃរបស់កវីវ័យក្មេងសាវីណា។ សូមជាវស៊ីឌីវ៉ុល101របស់ផលិតកម្មមយូរា។
គ្រាន់តែមើលនិងស្តាប់សំឡេងផ្សាយពាណិជ្ជកម្មរបស់ផលិតកម្មមយូរាហើយ វិនីតក្តុកក្តួលណាស់៖
-មិនអាចទេ!
-ឯងកើតអី! (ពិចិត្រសួរ យុវជនទាំងអស់នាំគ្នាសម្លឹងទៅនាង)
-ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត
-បងជូនឯងទៅ
-មិនអីទេ
វិនីតនិយាយហើយ ក៏រត់ចេញក្រៅ ហើយជិះម៉ូតូឌុបទៅបាត់។ យុវជនទាំងអស់ហាក់ដូចជាឆ្ងល់ណាស់ តែឃើញវិនីតចេញផុតហើយ ក៏នាំគ្នាចូលក្នុងផ្ទះវិញ។ វិនីតមកដល់ក្រុមហ៊ុន នាងចូលទៅរកលោកចាងហ្វាង៖
-លោកចាងហ្វាង!
-វិនីត! មានការអី?
-លោកចាងហ្វាងមានឃើញបទភ្លេងថ្មីដែលខ្ញុំប្រគល់ឲ្យលោកទេ?
-បទភ្លេង!
-បងរ៉ាឌីជាអ្នកយកមកប្រគល់ឲ្យបងណា
-អូ! នោះនៅលើតុនោះ ខ្ញុំមិនទាន់បានមើលនៅឡើយទេ យ៉ាងម៉េច មានបញ្ហាអីអ្ហេ?
វិនីតស្ទុះទៅយកឯកសារនៅលើតុមកមើល នាងហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់ ហើយបន្លឺសំឡេងខ្សាវៗ៖”ចប់ហើយ!”។
-មានបញ្ហាអី?
-ខ្ញុំត្រឡប់ទៅវិញហើយ
វិនីតចេញពីក្រុមហ៊ុនផុត ពិចិត្រក៏តេទៅលោកចាងហ្វាង៖
-អាឡូពិចិត្រ!
-ជម្រាបសួរបង! បងមានឃើញវិនីតទៅក្រុមហ៊ុនទេ?
-គេទើបនឹងចេញទៅអម្បាញ់មិញនេះឯង?
-តើគេទៅក្រុមហ៊ុនធ្វើអី?
-គេមករកអីបងក៏មិនដឹងច្បាស់ដែរ គេសួរបងថា មានឃើញបទភ្លេងថ្មីទេ? បងថាមិនទាន់បានមើល គេសុំឯកសារបងមើលហើយ ក៏ចេញទៅ តើមានរឿងអី មែនទេ?
-ពួកខ្ញុំក៏មិនដឹងដែរ! វាមើលការផ្សាយពាណិជ្ជកម្មផលិតកម្មមយូរាហើយក៏រត់ចេញទៅ
-ម៉េចឯងមិនតេទៅទូរស័ព្ទដៃគេទៅ?
-ទូរស័ព្ទវានៅផ្ទះឯនេះបង
-អ៊ីចឹងចាំមើលបន្តិចទៀតទៅ ក្រែងគេត្រឡប់ទៅផ្ទះវិញ
-អរគុណបង! ជម្រាបលា
-យ៉ាងម៉េចហើយបង! (រ៉ាណេសួរ)
-លោកចាងហ្វាងថា វាចេញពីក្រុមហ៊ុនហើយ ចាំមើលបន្តិចទៀតទៅ
-អាល្អិតនេះ ស្គាល់ផ្លូវច្បាស់ហើយអ្ហេ ហ៊ានទៅមកតែម្នាក់ឯងផង ប្រហែលជាមកមិនទាន់ភ្លៀងទេមើលទៅ (រ៉ាណេនិយាយ)
-សុខភាពវាខ្សោយយ៉ាងនេះ បើត្រូវភ្លៀងប្រាកដជាឈឺទៀតហើយ(សុវណ្ណតប)
-ខ្ញុំចេញទៅរកវា! (ពិចិត្រឧទាន)
វណ្ណាលួចសម្លឹងអាកប្បកិរិយារបស់ពិចិត្រ ដែលបារម្ភពីវិនីតស្ទើរតែស្ទះទ្រូង។
យុវជនឈរចាំផ្លូវនៅមាត់ទ្វាររហូត។ ថ្លែងពីវិនីត នាងបានមកដល់ផលិតកម្មមយូរា
ហើយក៏បានជួបសាវីណាជជែកគ្នា៖
-ហេតុអីក៏ឯងធ្វើអ៊ីចឹង?
-ខ្ញុំធ្វើយ៉ាងម៉េច? អ្ហូ! ឯងចង់និយាយពីបទដុំពេជ្រស្នេហ៍អ្ហេ
-បទនេះ ខ្ញុំចំណាយពេលអស់ច្រើនណាស់ ក្នុងការធ្វើវាឡើង ខ្ញុំសូមអង្វរឯង ប្រគល់វាឲ្យខ្ញុំវិញមក
-ហួសពេលហើយ កាលខ្ញុំអង្វរឯង ហេតុអីក៏ឯងមិនព្រមជួយខ្ញុំ ចំណែកបទនេះ ខ្ញុំមិនបានលួចពីឯងឯណា គឺខ្ញុំរើសវាបានដោយចៃដន្យប៉ុណ្ណោះ ឯងមានទេពកោសល្យយ៉ាងនេះ គ្រាន់តែបទចម្រៀងមួយបទ ឯងចាត់ទុកថាបោះចោល ហើយតែងថ្មីទៅមិនបានទេអ្ហេ?
-មិនបានទេ! ឯងដឹងទេ វាគឺជាបទដំបូង ដែលខ្ញុំសរសេរអំពីស្នេហាប្រុសនិងស្រី ហើយស្នេហានេះ គឺចេញពីជីវិតរបស់ពុកម៉ែខ្ញុំ ខ្ញុំបានប្រាប់គាត់រួចហើយ ថាបទនេះ នឹងចេញនៅខែក្រោយនេះ តែបើឯងធ្វើអ៊ីចឹង ឲ្យខ្ញុំគិតយ៉ាងម៉េច ខ្ញុំសូមអង្វរឯង!
វិនីតនិយាយផង យំផង ធ្វើឲ្យសាវីណា ក៏ពិបាកចិត្តដែរ តែនាងនៅតែមិន
អាចធ្វើអ្វីបាន ក្រៅពីនិយាយថា៖
-សូមទោស!…………………យកល្អឯងត្រឡប់ទៅវិញទៅ បទនោះចេញផ្សាយទៅហើយ ចំណែកម្តាយឯង គាត់ប្រាកដជាបានឃើញ ទោះមិនមែន ឈ្មោះឯងជាអ្នកនិពន្ធ ខ្ញុំជឿថា គាត់នឹងយល់
-ហេតុអីក៏ឯងនិយាយបែបហ្នឹងបាន?
-យ៉ាងម៉េច! បទនេះ ឯងមិនទាន់ឆ្លងកាត់ក្រសួងនៅឡើយទេ ទោះជាឯងប្តឹងខ្ញុំ ក៏គ្មានសង្ឃឹមថាឈ្នះដែរ មែនទេ? យកល្អ ឯងប្រញាប់ទៅវិញទៅ ទៅធ្វើជាយុវជនវ័យក្មេងដ៏មានសមត្ថភាពនោះវិញទៅ ខ្ញុំក៏មិនបើកកកាយរឿងរបស់ឯងជាស្រីដែរ
-ឯងថោកទាបពេកហើយ!
វិនីតចេញពីផលិតកម្មមយូរាមក គឺដើររហូត សូម្បីតែខ្លួននាង ក៏មិនដឹងថា កំពុងតែនៅទីណាដែរ។ ក្រោមមេឃរលឹមស្រិចៗមានតែពន្លឺភ្លើងអគ្គិសនី វិនីតអង្គុយនៅក្នុងសួនច្បារតាមបណ្តោយផ្លូវធ្វើហី ហាក់មិនដឹងត្រជាក់ក្តៅទាល់តែសោះ។ ចំណែកយុវជនទាំងអស់ អន្ទះសាចាំមើលផ្លូវនាង។ ពិចិត្របន្លឺ៖
-ខ្ញុំចេញទៅរកនាងហើយ!
-ខ្ញុំក៏ទៅដែរ (វណ្ណាឧទាន)
ពិចិត្រ និងវណ្ណានាំគ្នាចេញទៅមួយផ្លូវម្នាក់។ ចំណែកសុវណ្ណ រ៉ាឌី និងរ៉ាណេ ក៏នាំគ្នាចេញទៅដែរ។ តើវិនីតនៅឯណា? ពួកគេម្នាក់ៗ ពិតជាបារម្ភខ្លាំងណាស់។ សំឡេងទូរស័ព្ទបន្លឺឡើង៖
-វិនីតអ្ហេ?……………វិនីត! ……………….វិនីត!
-បង!………………
-ពេលនេះឯងនៅឯណា?
-ខ្ញុំ………..ខ្ញុំនៅមុខសួនច្បារ
-សួនច្បារឯណា?
-ខ្ញុំអត់ដឹងទេ!…………….
-វិនីត! ……………….
វិនីតដាក់ទូរស័ព្ទហើយ ក៏ដើរចូលទៅក្នុងសួន។ នាងអង្គុយលើបង់ សម្លឹងមើលទៅព្រះចន្ទ ដ៏សែនតូចក្នុងអារម្មណ៍សោកសៅ។ មាណវីបន្លឺឡើងតិចៗ៖”ដុំពេជ្រស្នេហ៍.……. សូមទោសម៉ែ ពុក”។ ទឹកភ្នែកស្រក់ច្រោក ដៃទាំងពីរខ្ទប់មុខឱនក្បាលចុះ បេះដូងហាក់ដូចជាឈឺខ្លាំងណាស់។ សម្រឹបជើងតិចៗដើរចូលមក យុវតីងើបក្បាលឡើងទាំងទឹកភ្នែកនៅលើថ្ពាល់ ឃើញច្បាស់ថាជា ពិចិត្រក៏ឱនក្បាលទៅវិញ។ យុវជនអង្គុយចុះក្បែរនាង ដោយមិននិយាយអ្វីទាំងអស់ នាយទាញក្បាលវិនីត ឲ្យផ្អែកមកលើស្មាខ្លួន។ វិនីតយំហ៊ូកាន់តែខ្លាំងឡើង មួយសន្ទុះក្រោយ ទើបនាងងាកចេញពីយុវជន។ ពិចិត្របន្លឺ៖
-មានរឿងអី?
-បទដុំពេជ្រស្នេហ៍នោះ គឺជាបទដែលខ្ញុំសរសេរវាឡើង
-ថាម៉េច!
-នៅថ្ងៃដែលខ្ញុំទៅជួយបងនោះ ខ្ញុំបានគ្រវែងវាពីដៃខ្ញុំ សាវីណានាងក៏រើសយកទៅ………ហេតុអីក៏នាងធ្វើអ៊ីចឹង?
-បទនេះអ្ហេ! ដែលឯងចំណាយពេលបីយប់បីថ្ងៃសរសេរវា?
-ចាស!
-ពួកយើងទៅរកនាង
-កុំអី! ខ្ញុំបានទៅរកនាងរួចហើយ គ្មានប្រយោជន៍ទេ
-តែវាជាកម្លាំងញើសឈាមរបស់ឯង
និយាយដល់ត្រង់នេះ វិនីតយំហ៊ូទៀតហើយ៖
-បានហើយៗ! ឈប់យំទៅ……….យប់ជ្រៅហើយ! ពួកយើងត្រឡប់ទៅផ្ទះសិនទៅ ………..ឯងយំហើមភ្នែកយ៉ាងនេះ ស្រួលមិនស្រួល ពួកគេចោទថាបងធ្វើបាបឯងក៏ថាបាន
ពិចិត្រជូនទឹកភ្នែកឲ្យវិនីត រួចហើយក៏ដឹកដៃនាងចូលឡាន។ សកម្មភាព ទាំងប៉ុន្មានគឺស្ថិតនៅក្នុងកែវភ្នែកវណ្ណាទាំងអស់។ លុះត្រឡប់ទៅដល់ផ្ទះ បន្ទាប់ពីដឹងរឿង
ហើយ យុវជនទាំងបីបន្លឺព្រមគ្នា៖
-ហួសហេតុពេកហើយ!
-ក្រែងនាងក៏ជាអ្នកនិពន្ធដែរអ្ហេ ហេតុអីក៏ធ្វើបែបហ្នឹង?
-ពួកយើងប្តឹងទៅ! (រ៉ាណេបន្លឺ)
-ប្តឹងយ៉ាងម៉េច?
-អ៊ីចឹងបានន័យថា ឲ្យនាងយកស្រួលៗអ៊ីចឹងអ្ហេ? បទមួយនេះ មិនត្រឹមតែចំណាយពេលច្រើនទេ ថែមទាំងធ្វើឲ្យអាល្អិតនេះឈឺទៀតផង
-ខ្ញុំទៅបន្ទប់ហើយ!
-វិនីត!
-ខ្ញុំអត់អីទេ! …………………………
-មើលទៅអាល្អិតនេះ ដូចជាខូចចិត្តដល់ហើយ (រ៉ាណេឧទាន)
ពេញមួយយប់ហើយ វិនីតមិនបានគេងឡើយ គឺនាងអង្គុយរហូតជាមួយពន្លឺភ្លើងដ៏តូចរបស់នាង។ អារម្មណ៍បែបនេះ តើបទភ្លេងថ្មីអាចកើតឡើងទេ? ចំណែកយុវជនទាំងពីរ ក៏ពុំលង់លក់ដូចគ្នា ពួកគេនាំគ្នាដើរចេញមកក្រៅម្នាក់ម្តង ហើយឈរសម្លឹងទៅបន្ទប់យុវតី។ ក្តីបារម្ភរបស់ពិចិត្រ និងវណ្ណាទៅលើវិនីតគឺមានទំហំប៉ុនគ្នា ហើយសូម្បីតែគិតក៏ដូចគ្នាដែរ។ ព្រលឹមមិនទាន់ គឺបាត់ពួកគេពីផ្ទះអស់ហើយ តើពួកគេទៅណា? វណ្ណាមកដល់ផលិតកម្មមយូរា ស្រាប់តែបានឃើញពិចិត្រកំពុងជជែកជាមួយសាវីណា៖
-ការពិតលោកមកនេះ ព្រោះតែវិនីតអ្ហេ?
-មិនមែនទេ! គឺព្រោះតែទឹកចិត្ត និងបេះដូងរបស់កវីវ័យក្មេងម្នាក់ ដែលនាងបានដុតបំផ្លាញវា
-លោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?
-ឲ្យបទចម្រៀងនោះទៅម្ចាស់ដើមវិញទៅ (វណ្ណាដើរចូលមក)
-ពួកលោក!
-ដូចពិចិត្រនិយាយអម្បាញ់មិញអ៊ីចឹង នាងដឹងថា នាងកំពុងធ្វើអីទេ? វិនីតក៏ជាមិត្តរបស់នាងដែរ ខ្ញុំយល់ថា នាងអាចយល់ចិត្តគេច្បាស់ជាងពួកខ្ញុំទៅទៀត
-បទមួយនេះ វិនីតចំណាយពេលអស់បីយប់បីថ្ងៃ រហូតដល់ធ្លាក់ខ្លួនឈឺ ទៀត នាងដឹងទេ? ហើយពេលនេះ សូម្បីតែកម្លាំងចិត្ត ក៏នាងគ្មានទៀតដែរ ហេតុអីក៏នាងធ្វើបែបនេះចំពោះគេបាន?
-ខ្ញុំសូមអង្វរនាង! (វណ្ណា និងពិចិត្របន្លឺព្រមគ្នា)
ហេតុអីក៏យុវជនទាំងពីរនេះ ទន់ភ្លន់យ៉ាងនេះ? សាវីណាស្រក់ទឹកភ្នែក នាងបន្លឺឡើង៖
-ហេតុអីក៏វិនីតមានសំណាងជាងខ្ញុំយ៉ាងនេះ? ខ្ញុំនាំពួកលោកទៅកន្លែងមួយ
សាវីណា នាំយុវជនទាំងពីរមកដល់មន្ទីរពេទ្យ។ នៅពីមុខបន្ទប់អ្នកជម្ងឺម្នាក់នាងនិយាយទៅកាន់ពួកគេ៖
-នេះហើយជាមូលហេតុ ដែលធ្វើឲ្យខ្ញុំ ក្បត់មនសិការខ្លួនឯង ក្បត់មិត្តភក្តិ
-អ្នកជម្ងឺខាងក្នុង ត្រូវជាអ្វីនឹងនាង?
-គាត់ជាម្តាយខ្ញុំ! នៅពេលជម្ងឺបេះដូងរបស់គាត់រើឡើងត្រូវវះកាត់នោះ ខ្ញុំបែរជាត្រូវលោកចាងហ្វាងគំរាមបញ្ឈប់ពីការងារ គាត់ឲ្យខ្ញុំតែងបទភ្លេងថ្មី បើបានក្នុងរយៈពេលបីថ្ងៃ គាត់មិនត្រឹមតែមិនបញ្ឈប់ការងារខ្ញុំទេ គឺថែមទាំងបើកប្រាក់ខែឲ្យខ្ញុំមុនថែមទៀត តែក្នុងរយៈពេលបីថ្ងៃ ខ្ញុំអាចធ្វើបានទេ ខ្ញុំគ្មានសមត្ថភាពដូចវិនីតទេ? ខ្ញុំគិតយូរណាស់ ទើបសម្រេចចិត្តទៅរកវិនីត តែនាងមិនព្រមជួយខ្ញុំទេ
-តើនាងមានប្រាប់ពីមូលហេតុដល់គេទេ?
-ខ្ញុំមិនបានប្រាប់គេទេ ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តទៅអង្វរគេ គឺសមល្មមនឹងគេអាណិតខ្ញុំហើយ តែវិនីតមានគោលជំហរច្បាស់លាស់ពេក ថ្ងៃនោះ បន្ទាប់ពីខ្ញុំចេញពីគេ ខ្ញុំក៏សម្រេចចិត្តមករកគេវិញ ការពិតខ្ញុំចង់ប្រាប់មូលហេតុពិតដល់គេ តែនៅពេលមកដល់កន្លែងថតនោះ ខ្ញុំបានឃើញក្រដាសចម្រៀងរបស់គេរាយពេញដី ខ្ញុំក៏រើសវាយកមកទៅ។ ពួកលោកដឹងទេ នៅពេលដែលឃើញវិនីតឈឺចិត្តយ៉ាងនេះ ខ្ញុំក៏មិនស្រួលចិត្តដែរ ថ្វីត្បិតពីដើមមក ពួកយើងមិនសូវជិតស្និទ្ធនឹងគ្នាក៏ដោយ តែគេក៏ជាមិត្តរួមថ្នាក់របស់ខ្ញុំដែរ ពួកយើងស្គាល់គ្នាតាំងពីតូចមក បើចង់បន្ទោសគឺបន្ទោសវាសនា
-វាសនាឲ្យនាងសម្រេចចិត្តបែបនេះអ្ហេ? បើនាងសម្រេចចិត្តប្រាប់វិនីតតាំងពីដំបូងមក តើការឈឺចាប់នេះកើតមានឡើងទេ? (វណ្ណានិយាយ)
-នាងស្គាល់វិនីតច្បាស់ជាងពួកយើងទៅទៀត តើនាងគិតថា វិនីតដាច់ចិត្តទុកនាងចោល ដោយមិនព្រមជួយអ៊ីចឹងអ្ហេ?បើចង់បន្ទោស គឺបន្ទោសនាងខ្លួនឯង
-តើឲ្យខ្ញុំគិតយ៉ាងម៉េច?
-ទៅរកវិនីត ហើយសូមទោសគេទៅ!
-តើគេព្រមលើកលែងឲ្យខ្ញុំទេ?
-នាងគិតខ្លួនឯងទៅ ថាគេព្រមលើកលែងឲ្យនាងទេ?
-ចុះពួកលោក?
-ពួកខ្ញុំអ្ហេ!
-ក្រែងពួកលោកចង់ឲ្យខ្ញុំប្រគល់ចម្រៀងនោះទៅវិនីតវិញអ្ហេ?
-ពួកយើងពិតជាងចង់ តែនាងអាចធ្វើបានទេ? ណ្ហើយ! នៅពេលនេះអ្វីដែល
សំខាន់នោះ គឺវិនីតព្រមលើកលែងទោសឲ្យនាងឬអត់ គឺអាស្រ័យលើនាងហើយ? ពួកយើងត្រឡប់ទៅវិញហើយ
-ឈប់សិន!……………..ពួកលោកដឹងថា វិនីតជានរណាអ្ហេ?………ត្រូវហើយ!ខ្ញុំមិនគួរសួរសំនួរនេះទេ ការពិតខ្ញុំគួរតែដឹងតាំងពីដំបូង ដែលពួកលោកចូលមករកខ្ញុំ ពួកលោកជួយលាក់រឿងវិនីតជាស្រី ព្រោះតែខ្លាចលោកចាង-ហ្វាងដឹងអ្ហេ? ……
-នាង…………
-កុំបារម្ភអី បើខ្ញុំចង់ធ្វើបាបនាង ខ្ញុំប្រាប់លោកចាងហ្វាងតាំងពីដំបូងម៉្លេះ ការពិតពួកលោកសុទ្ធតែស្រលាញ់វិនីតដូចគ្នាមែនទេ? ត្រង់នេះហើយដែលខ្ញុំគិតថា នាងមានសំណាងជាងខ្ញុំ
វិនីតភ្ញាក់ព្រើត នៅពេលដែលនាងដឹងថា វណ្ណាក៏ដឹងថា ខ្លួនជាស្រី។ ការពិតអ្វីដែលពួកគេជជែកគ្នា គឺនាងបានស្តាប់ឮទាំងអស់។ បន្ទាប់ពីយុវជនទាំងពីរចាកចេញទៅ នាងក៏បង្ហាញខ្លួនចំពោះមុខសាវីណា៖
-វិនីត!
-ឯងមានបញ្ហា ហេតុអីមិនប្រាប់ខ្ញុំ?
-ឯងស្តាប់ឮអស់ហើយអ្ហេ? ……………សូមទោស!
-បើខ្ញុំដឹងថា បទចម្រៀងមួយបទ អាចជួយជីវិតរបស់ឯងយ៉ាងនេះ ប្រហែលពេលនោះ ខ្ញុំមិនបដិសេធនឹងឯងទេ តែហេតុអីក៏ឯងមិននិយាយប្រាប់ខ្ញុំ? ឯងឲ្យខ្ញុំគិតថាឯងជាមនុស្សអាក្រក់យ៉ាងនេះ តើឯងគប្បីនឹងខ្ញុំទេ? ហេតុអីក៏ឯងធ្វើអ៊ីចឹង?
-សូមទោស!
មាណវីទាំងពីរយំឱបគ្នា។ មួយសន្ទុះក្រោយ ពួកនាងក៏ទៅអង្គុយលើបង់នៅមុខមន្ទីរពេទ្យ។ ការពិតចំណងនៅក្នុងចិត្តបានស្រាយរួចហើយ ចំណែកបទចម្រៀងដុំពេជ្រស្នេហ៍ វិនីតក៏មិនបានទាមទារមកវិញដែរ។ បន្ទាប់ពីម្តាយធូរសះស្បើយ សាវីណាបានព្យាយាមធ្វើបទចម្រៀងថ្មីដោយខ្លួនឯង ហើយតែងតែទៅរកវិនីតឲ្យជួយជាញឹកញាប់។
បន្ទាប់ពីរឿងរ៉ាវថ្ងៃនោះមក វិនីតហាក់ពុំសូវនិយាយស្តីជាមួយវណ្ណាឡើយ អាកប្បកិរិយាយ៉ាងនេះ ធ្វើឲ្យវណ្ណាមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ឆ្លៀតពេលឃើញនាងឈរតែម្នាក់ឯងនៅមុខផ្ទះ នាយក៏បន្លឺឡើង៖
-កំពុងធ្វើអី?
-………បង!
-យ៉ាងម៉េច!ប៉ុន្មានថ្ងៃនេះ ឯងចេះតែគេចមុខពីបង បងមានរឿងអីធ្វើឲ្យឯងខឹងមែនទេ………….ម៉េចមិននិយាយ?
-……………..អត់ទេ! ខ្ញុំគ្រាន់តែ…………………..
-ឯងយ៉ាងម៉េចហ្នឹង? ………….ហេតុអីក៏ឯងយំ?
-គ្មានអីទេ! ………ខ្ញុំចូលទៅក្នុងហើយ
វិនីតរត់ចេញពីវណ្ណា ក៏ទៅបុកពិចិត្រប៉ាំង៖
-សូមទោស!
-ឯងកើតអី?
-គ្មានទេ! ខ្ញុំទៅក្នុងហើយ
-ឯងធ្វើអីគេមែនទេ?
-គ្មានទេ!
…………………………………………………………………………………………………….
ទោះបីវិនីតបានបោះបង់បទដុំពេជ្រស្នេហ៍ទៅឲ្យផលិតកម្មមយូរា ក៏នាងនៅតែច្រៀងបទនេះ ក្មុងអារម្មណ៏ពោរពេញទៅដោយសេចក្តីស្រលាញ់ និងមិនអាចបំភ្លេចបាន។ នាងអង្គុយសញ្ជឹងតែម្នាក់ឯងនៅក្នុងបន្ទប់ភ្លេង៖”តើខ្ញុំអាចមានអារម្មណ៍បែបនេះ ដូចជាពុកម៉ែទេ? ស្រលាញ់មនុស្សម្នាក់ពិតជាមានតម្លៃដល់ថ្នាក់ហ្នឹងឬ? ក្នុងចំណោមពួកគាត់ តើខ្ញុំមានបានស្រលាញ់នរណាទេ?”។ វិនីតអង្គុយគិតសារឡើងវិញ តែបេះដូងរបស់នាងហាក់ដូចជាលោតញាប់ខ្លាំងណាស់នៅពេលគិតដល់ពិចិត្រ។ នាងយកដៃដាក់លើទ្រូង ហើយនិយាយ៖”យ៉ាងម៉េចហ្នឹង? មិនស្រួលខ្លួនទេដឹង?”។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែពិចិត្របន្លឺឡើង៖
-ធ្វើអីហ្នឹង?
-បងទេអ្ហេ!
-សូមទោសដែលធ្វើឲ្យឯងភ្ញាក់យ៉ាងនេះ! ……ឯងកើតអី?
-……..គ្មានទេ! ខ្ញុំមានកើតអីឯណា
-ចុះហេតុអីក៏ឯងដាក់ដៃលើទ្រូងមិនដកសោះអ៊ីចឹង?
-អ្ហូ! ខ្ញុំដាក់លេងតើ …………បងមានការអីរកខ្ញុំមែនទេ?
-លោកចាងហ្វាងតេមក ឲ្យឯងនិពន្ធចម្រៀងស្នេហា
-ទៀតហើយអ្ហេ!
-ពិបាកណាស់អ្ហេ!
-បងពិចិត្រមានទូរស័ព្ទ (រ៉ាឌីបន្លឺ)
-បងទៅទទួលទូរស័ព្ទសិន
-………….ប្រាកដជាពិបាកហើយ! ………….ទៅក្រៅផ្ទះឲ្យស្រាកចិត្តសិន
បទចម្រៀងអណ្តែតអណ្តូង ផ្សំផងជាមួយនឹងសំឡេងហ្គីតា ធ្វើឲ្យដួងចិន្តាមានអារម្មណ៍ថាសោកសៅ និងឈឺចាប់បំផុតក្នុងការលួចស្រលាញ់មនុស្សម្នាក់។ វិនីតយកហត្ថដាក់លើទ្រូងទៀតហើយ នាងនិយាយតែម្នាក់ឯង៖”នេះអ្ហេជាបទចម្រៀងស្នេហា? ហេតុអ្វីក៏ឯកាម្ល៉េះ?”។ យុវតីឈរសម្លឹងទៅវណ្ណា ដែលឈរកាន់ហ្គីតាផ្អែកនឹងដើមឈើនៅមុខផ្ទះ។ វណ្ណាបន្លឺ៖
-ឯងកំពុងធ្វើអី?
-បទបងច្រៀងអម្បាញ់មិញពីរោះណាស់ តើមានចំណងជើងថាម៉េច?
-ហេតុអ្វីបងរឹតតែស្រលាញ់អូន?
-បងធ្វើវាដោយខ្លួនឯងមែនទេ?
-ត្រូវហើយ! បងធ្វើវា នៅពេលដែលបង ចាប់ស្រលាញ់មនុស្សម្នាក់
-ស្រីម្នាក់ដែលរៀបការហើយនោះអ្ហេ?
-មិនមែនទេ! គឺស្រីម្នាក់ផ្សេងទៀត តែនាងមិនដឹងថា បងស្រលាញ់នាងទេ
វិនីតហាក់បីដូចជារអៀសចិត្ត មិនដឹងនិយាយអ្វី វណ្ណាក៏បន្ត៖
-ត្រូវហើយ! តើឯងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលស្តាប់បទនេះ?
-សោកសៅ និងឈឺចាប់ណាស់
-នេះហើយជាចម្រៀងស្នេហា! ចម្រៀងដែលចេញពីការឈឺចាប់ អ្នកស្តាប់ស្តាប់ហើយ គឺហាក់បីដូចជាឈឺចាប់ដូចគ្នា នេះហើយ ជាអ្វីដែលអ្នកនិពន្ធចង់បាន មិនមែនបទយើងឈឺចាប់ គេស្តាប់ហើយ បែរជាចង់សើចនោះទេ ឯងយល់ទេ?
-ពិតមែនហើយ! ខ្ញុំចង់ឈឺចាប់ដូចជាបង តើបានទេ?
-ឯងនេះពិតជាល្ងង់មែន! គ្មាននរណាម្នាក់ចង់ឈឺចាប់ទេ
-តែបើខ្ញុំមិនឈឺចាប់ ធ្វើម៉េចនឹងសរសេរបទស្នេហានេះបាន
-បទស្នេហា ក៏មិនប្រាកដថា ជាស្នេហាឈឺចាប់ដែរ បងដឹងថា ក្នុងចិត្តឯងកំពុងតែមានមនុស្សម្នាក់ តែគ្រាន់តែឯង មិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ
-ហេតុអីក៏បងដឹងចិត្តខ្ញុំ ជាងខ្លួនខ្ញុំទៅទៀត?
-សំនួរនេះឯងទុកឆ្លើយខ្លួនឯងទៅ បងទៅក្នុងហើយ
វគ្គ៥ ការវិលត្រឡប់
សូរិយាជាប្អូនស្រីបង្កើតរបស់លោកនាគ ទេព។ នាងបានចាកចេញពីស្រុកខ្មែរទៅធ្វើការនៅប្រទេសចិនអស់រយ
ៈពេលបួនឆ្នាំ។ ឥឡូវនាងមកដល់ស្រុកខ្មែរវិញហើយ។ ការវិលត្រឡប់នេះធ្វើឲ្យលោកប្រាក់ នាគមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកកំពុងតែអង្គុយអានកាសែត ស្រាប់តែឮសំឡេងបន្លឺឡើង៖
-សួស្តីបងប្រុស!
-សូរិយា!
លោកប្រាក់ នាគឧទានឡើង ហើយក៏ទម្លាក់កាសែតទៅម្ខាងបំណងលាក់មិនឲ្យសូរិយាឃើញ។ លោកស្ទុះមកឱបប្អូនដោយក្តីនឹករលឹក៖
-ឯងត្រឡប់មក ហេតុអីមិនផ្តល់ដំណឹងឲ្យបងជាមុន?
-គឺចង់ឲ្យបងភ្ញាក់ផ្អើលហ្នឹងណា?
-អង្គុយសិនទៅ បងទៅចាក់ទឹកឲ្យញ៉ាំ
-អរគុណបង!
-ម្តងនេះតើឯងមកលេង ឬមកធ្វើការ?
-គឺមកមែនទែនណាបង
-បានន័យថា ឯងមិនទៅវិញទេ មែនទេ?
-ប្រហែលហើយបង ចុះបងពិចិត្រពេលនេះយ៉ាងម៉េចហើយបង?
-ពិចិត្រអ្ហេ!
-តើគាត់មានរំឭកពីខ្ញុំទេបង?
-រឿងនេះ…………
-បងយ៉ាងម៉េចហ្នឹង? ឬមួយគាត់មានស្រីផ្សេងហើយ?
-គ្មានទេ! ប៉ុន្តែ……………ឯងមើលកាសែតនេះទៅ
-សំនៀងពិចិត្រមានចំណូលចិត្តលើភេទដូចគ្នា?………..ស្អីគេហ្នឹង?
-ព័ត៌មាននេះទើបតែចេញផ្សាយទេ បងថាហៅពិចិត្រមកសួរ តែឯងក៏មកដល់ល្មម
-ក្មេងប្រុងនេះជានរណា?
-ជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់គេហ្នឹងឯង ឬមកពីបងមិនដែលចាប់អារម្មណ៍ពួកគេ?
-ម៉េចនឹងអាចមានរឿងបែបនេះកើតឡើងទៅ?
-ត្រូវហើយ! ឯងឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់ គឺព្រោះតែខ្លាចពិចិត្រភ្លេចឯងទៅស្រលាញ់ស្រីផ្សេង …….នេះមិនមែនគេខឹងនឹងឯងរហូតដល់…
-បងកុំនិយាយផ្តាស! បងមិនឆាប់តេទៅគាត់ទៅ
-ត្រូវហើយ! ………………អាឡូពិចិត្រ!
-បងឃើញព័ត៌មានហើយអ្ហេ?
-យ៉ាងម៉េច! បើឯងចង់បកស្រាយ ពួកយើងធ្វើសន្និសិទកាសែតទៅ
-មិនចាំបាច់ទេ!
-ឬជារឿងពិត?
-បងកុំបារម្ភអី វាគ្មានបញ្ហាអីកើតឡើងទេ បន្តិចទៀតគឺស្ងប់ហើយ ខ្ញុំត្រូវទៅជួបម៉ាក់ខ្ញុំ ប៉ុណ្ណឹងបានហើយបង!
-ពិចិត្រ ៗ!
-យ៉ាងម៉េចហើយបង!
-គេមិនបកស្រាយទេ
-ឬជាការពិត? តាមចរឹតរបស់គាត់ គាត់មិនដែលធ្វើឲ្យគេយល់ច្រឡំទេ ឬមួយក៏គាត់សម្រេចចិត្តបំភ្លេចខ្ញុំមែន តែទោះជាយ៉ាងណា ក៏គាត់មិនគួរ ទៅស្រលាញ់ភេទដូចគ្នាដែរ ខ្ញុំចង់ទៅជួបគាត់!
-កុំអី! ពេលនេះគេទៅផ្ទះម៉ាក់គេហើយ ឯងទៅផ្ទះងូតទឹកសិនទៅ ល្ងាចនេះពិចិត្រត្រូវថត គេនឹងមកក្រុមហ៊ុន ឯងចាំមកជួបគេនៅទីនេះក៏បាន
-អ៊ីចឹង! បងកុំទាន់ប្រាប់បងពិចិត្រថា ខ្ញុំមកណា ខ្ញុំចង់ឲ្យគាត់ឃើញខ្ញុំ តើពេលនោះ គាត់មានអារម្មណ៍យ៉ាងម៉េច?
-បានៗ! ឆាប់ទៅផ្ទះងូតទឹកទៅ
-ខ្ញុំទៅហើយបង!
………………………………………………………………………………………
ការពិត ពិចិត្រកំពុងតែធ្វើដំណើរទៅផ្ទះរបស់ខ្លួន ព្រមទាំងនាំវិនីតទៅជាមួយផង។ នៅតាមដងផ្លូវ វិនីតបន្លឺ៖
-បងគិតនាំខ្ញុំទៅណា?
-ទៅផ្ទះប៉ាម៉ាក់បង!
-ថាម៉េច!
-ពួកគាត់បានឃើញកាសែតហើយ តាមចរឹតរបស់លោកប៉ា បើបងមិនឆាប់ទៅបកស្រាយទេ គាត់នឹងទៅសម្លាប់បងដល់កន្លែងថតហើយ
-ចុះខ្ញុំគួរធ្វើយ៉ាងម៉េច គាត់មិនខឹងស្លាប់ហើយទេអ្ហេ បើបងនាំខ្ញុំទៅជួបគាត់បែបនេះនោះ?
-នរណាថាបងនាំឯងទៅទាំងបែបនេះ?…………ដល់ហាងហើយ ចុះទៅ
-បងគិតធ្វើអី?
-ចូលដល់ក្នុងហាងហើយ ប្រាប់ឈ្មោះគេទៅ គេដឹងហើយ ថាឯងចង់ធ្វើអី
-ចុះបង?
-បងម៉េចនឹងអាចឲ្យពួកគេឃើញបង ចុះទៅ! បងនៅចាំឯងក្នុងឡាន
វិនីតចុះពីលើឡានក៏ដើរចូលទៅក្នុងហាង។ ស្រ្តីជាម្ចាស់ហាងបន្លឺឡើង៖
-ប្អូនត្រូវការធ្វើអីដែរ?
-ខ្ញុំឈ្មោះវិនីត!
-អូវិនីតទេអ្ហេ! ឆាប់ចូលមកអ៊ីចឹង……….អង្គុយទៅ!
-បងកុំកោររោមចិញ្ចើមខ្ញុំណា
-មិនអីទេ! បងធ្វើធម្មជាតិឲ្យតើ ឯងប្អូនបងតារាមែនទេ?
-តារា…………!
-គាត់ប្រហែលជាស្រលាញ់នាងណាស់ហើយ ទើបតេមកផ្តាំហើយផ្តាំទៀត ថាត្រូវតុបតែងនាងឲ្យស្អាត
-អ៊ីចឹងអ្ហេ!
-ការពិតនាងស្អាតស្រេចហើយ តែមកពីនាងមិនសូវចេះធ្វើខ្លួន ហេតុអីក៏ ទុកសក់ខ្លីម្ល៉េះ ត្រូវការតសក់ទេ?
-មិនបាច់ទេបង
-តែអ៊ីចឹងក៏ស្អាតម្យ៉ាងដែរ សមនឹងទម្រង់មុខនាងណាស់……..តោះ! ទៅល សម្លៀកបំពាក់ខាងក្នុងទៅ
ចំណាយពេលជិតពីរម៉ោង ទើបវិនីតអាចចេញពីហាងសម្អាងការបាន។ នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកខ្ចី ត្រូវនឹងស្បែកជើងកែងចោទបន្តិច ហាក់ធ្វើឲ្យនាងមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរ។ នាងដើរបណ្តើររអ៊ូបណ្តើរ៖”ខានតែងខ្លួនបែបនេះយូរហើយ ពេលនេះដូចជាមិនស្រួលក្នុងខ្លួនសោះ ហេតុអីក៏ចាំបាច់ពាក់ស្បែកជើងកែងចោទ?”។ រវល់តែគិត ភ្លេចមើលក្មេងៗមួយក្រុមដែលរត់ប្រដេញគ្នាលេងនៅលើចិញ្ចើមផ្លូវ។ ពួកក្មេងៗទាំងនោះ រត់ទៅប៉ះនាង ធ្វើឲ្យក្រឡាច់កែងស្បែកជើង ស្ទើរតែដួលផ្ងាកក្រោយ តែនាងដឹងច្បាស់ថា កំពុងតែមានមនុស្សទ្រនាងជាប់។ យុវជនបន្លឺ៖
-នាងមិនអីទេអ្ហេ?
-មិនអីទេ! អរគុណបងហើយ!
-អរគុណបង!……………នាង…………
-បងមិនស្គាល់ខ្ញុំទេអ្ហេ?
-វិនីត!
យុវជនហាក់ដូចជាភាំងមួយសន្ទុះ នាយសម្លឹងមុខយុវតីមិនដាក់ភ្នែក ដោយ
លែងស្តីអ្វីទាំងអស់។ វិនីតបន្លឺឡើងទាំងខ្មាសអៀន៖
-តើខ្ញុំមិនសមជាមនុស្សស្រីទេមែនទេ?
-……………..អ្នកណាថា? ………..ពួកយើងឆាប់ទៅ
ឡានកំពុងបើកឆ្ពោះទៅកាន់ទីរួមខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់យុវជន។ នៅតាមផ្លូវ វិនីតហាក់ដូចជាមិនស្រួលសោះ នាងចេះតែក្រឡេកមើលរូបរាងខ្លួនឯង យូរៗក៏លួចសម្លឹងទៅយុវជនម្តង។ ពិចិត្រញញឹម ហើយបន្លឺឡើង៖
-យ៉ាងម៉េចហើយ!
-គ្មានអីទេ! ……..ប៉ាបងកាចណាស់ តើមែនទេ?
-ត្រូវហើយ! យ៉ាងម៉េច ខ្លាចអ្ហេ?
-មានអីគួរឲ្យខ្លាច តែបើគាត់ដឹងថា ពួកយើងគ្មានអីនឹងគ្នា គាត់ប្រហែលជាឈប់ខឹងនឹងបង តើមែនទេ?
-ប្រហែលហើយ!
-ត្រូវហើយ! ខ្ញុំភ្លេចសួរបង តើតារាជានរណាគេ?
-អូ! គេជាមិត្តភក្តិបងកាលរៀនវិទ្យាល័យ តែពួកយើងរាប់អានគ្នាណាស់
-អ៊ីចឹងទេអ្ហេ!
មិនយូរប៉ុន្មានយុវវ័យទាំងពីរក៏មកដល់គោលដៅ។ វិនីតចុះពីលើឡាន ក៏ឈរមួយសន្ទុះព្រមទាំងដកដង្ហើមយ៉ាងវែង។ ពិចិត្របន្លឺ៖
-ក្រែងថាមិនអីទេអ្ហេ?………កុំភ័យអី ទោះយ៉ាងណា អ្នកដែលត្រូវជេរគឺបងទេ មិនមែនឯងឡើយ……….បងមើលទៅឯង ដូចជាខ្វះអីម្យ៉ាង
-ខ្វះអី? មានត្រង់ណាមិនសមមែនទេ?
-ឯងចាំបងមួយភ្លែត!
យុវជនចូលទៅក្នុងឡាន ហើយចេញមកវិញដោយមានក្តាប់របស់នៅនឹងដៃមកជាមួយផង។ នាយទៅឈរពីមុខវិនីត ហើយពាក់ខ្សែកឲ្យនាង៖
-បងធ្វើអីហ្នឹង?
-នៅឲ្យស្ងៀមទៅ……….ស្អាតណាស់! បើដឹងថា ខ្សែកនេះសមនឹងឯងយ៉ាងនេះ ម្ល៉េះបងមិនទុកវាចោលយ៉ាងនេះទេ ពួកយើងចូលទៅ!
-បងមិនចាំបាច់ដឹកដៃខ្ញុំទេ
-ចូលមក!
លោកពិទូ និងអ្នកស្រីណាសា ជាឪពុកម្តាយរបស់ពិចិត្រ។ នៅពេលដែល ពិចិត្រកំពុងតែអូសដៃ ព្រមទាំងកាយវិការប្រទាញប្រទង់គ្នានោះ លោកក៏លេចមុខឡើងនៅចំពោះមុខពួកគេ។វិនីតរៀបចំអាកប្បកិរិយារបស់ខ្លួនហើយក៏សំពះជម្រាបសួរទៅលោក៖
-លោកប៉ា!
-ជម្រាបសួរលោកអ៊ំ!
-បាទ! យ៉ាងម៉េចឯងព្រមត្រឡប់មកផ្ទះហើយអ្ហេ?
-កូនមកដល់ហើយអ្ហេ! (អ្នកស្រីណាសាបន្លឺ)
-គាត់ជាម៉ាក់បង
-ជម្រាបសួរអ៊ំស្រី!
-ចាស! លើកដៃថ្វាយព្រះ……..តោះ! ពួកយើងចូលក្នុងសិនទៅ…បងឆាប់ចូលមក
-អូននាំក្មេងស្រីនេះចេញក្រៅសិនទៅ
-បង! ………បងថា ឲ្យនាំនាងចេញក្រៅសិនទៅ
-លោកអ៊ំ! ការពិតពួកខ្ញុំ…………
-ក្មួយចេញទៅក្រៅជាមួយអ៊ំសិនទៅ
-តែ!
-បងមិនអីទេ ឯងទៅក្រៅសិនទៅ
គ្រាន់តែវិនីត និងអ្នកស្រីណាសាចេញផុត លោកពិទូក៏បន្លឺឡើងតឹងសរសៃកតែម្តង៖
-រឿងមួយមិនទាន់ចប់ផង ឯងក៏បង្ករឿងមួយទៀតអ្ហេ? នេះដល់ថ្នាក់ហ៊ាននាំស្រីមកដល់ផ្ទះម៉ែឪផងអ្ហេ? ចុះអាមនុស្សប្រុសម្នាក់ដែលចុះតាមកាសែតមានរឿងអាស្រូវជាមួយឯងនោះ គិតយ៉ាងម៉េចវិញ ឯង!…ឯងចង់ធ្វើឲ្យយើងខឹងស្លាប់អ្ហេ?
-លោកប៉ា! មនុស្សស្រីអម្បាញ់មិញនេះហើយ ជាមនុស្សប្រុស ដែលមានរឿងអាស្រូវជាមួយខ្ញុំនោះ
-ឯងចង់បានន័យថាម៉េច?
-នាងជាមនុស្សស្រីទេ តែតែងខ្លួនជាប្រុស។ លោកប៉ា! ខ្ញុំដឹងថា រឿងកន្លងមក ខ្ញុំមិនគប្បីនឹងប៉ា ហើយខ្ញុំក៏មិនចង់ឲ្យប៉ា ចេះតែខឹងនឹងខ្ញុំបែបនេះតទៅទៀតដែរ ទើបខ្ញុំឲ្យនាងតែងខ្លួនជាស្រីមកជួបប៉ាដល់ទីនេះ។
-អ៊ីចឹងបានន័យថា នាងជាអ្នកនិពន្ធរបស់ឯងអ្ហេ?
-បាទ! ត្រូវហើយ
-បទស្នាមញញឹម គឺនាងជាអ្នកតែងអ្ហេ?
-បាទ!
-ឯងស្រលាញ់នាងអ្ហេ?
-អត់ទេលោកអ៊ំ!……សូមទោស! ដែលខ្ញុំចូលមក លោកអ៊ំកុំយល់ច្រឡំអី ពួកខ្ញុំ
គ្មានអីនឹងគ្នាទេ ហើយឲ្យខ្ញុំសូមទោសលោកអ៊ំផង ដែលធ្វើឲ្យមានរឿងយល់ច្រឡំបែបនេះកើតឡើង លោកអ៊ំកុំបន្ទោសបងពិចិត្រអី សូមទោស ខ្ញុំជាអ្នកបង្ករឿង
-តើរូបនៅក្នុងកាសែតនោះ ជារូបភាពពិតអ្ហេ?
-សូមទោសលោកអ៊ំ! ប្រហែលជាខ្ញុំធ្វើប្រុសឡើងភ្លេចខ្លួនជាស្រី ទើប….
-បានហើយ! យើងគ្មានពេលនិយាយជាមួយពួកឯងទៀតទេ
និយាយហើយ លោកពិទូក៏ដើរចេញទៅក្រៅ ស្រាប់តែជួបនឹងភរិយាល្មម៖
-បងគិតទៅណា?
-បងទៅរោងម៉ាស៊ីន ល្ងាចនេះ ឲ្យពួកគេញ៉ាំបាយនៅទីនេះហើយ
-ចាស! ………….យ៉ាងម៉េចហ្នឹង?
ពិចិត្រនិយាយទៅកាន់វិនីត៖
-ឯងយ៉ាងម៉េចហ្នឹង ហេតុអីក៏រត់មកទទួលកំហុសជំនួសបង? ទោះយ៉ាងណាក៏គាត់នៅតែខឹងនឹងបងដដែលហ្នឹង?
-គាត់មិនបានខឹងនឹងបងទេ គឺបងជាអ្នកធ្វើឲ្យគាត់ខឹងតើ
-សូម្បីតែឯងក៏នៅខាងគាត់ដែរអ្ហេ?
-ការពិតអ៊ំប្រុសគួរឲ្យគោរពណាស់ ជាមនុស្សមានហេតុផល ដូចអម្បាញ់មិញអ៊ីចឹង គាត់ស្តាប់ការបកស្រាយរបស់បង តែបងបែរជាចង់ផ្គើនគាត់ទៅវិញ
-ផ្គើនអ្ហេ!
-យ៉ាងម៉េច! បើខ្ញុំមិនចូលមកទេ បងប្រហែលជាឆ្លើយថា ស្រលាញ់ខ្ញុំ តើពិតមែនទេ? គាត់កំពុងតែខឹង បើសិនជាគាត់ឮពាក្យនេះទៀត តើបងយល់យ៉ាង-ម៉េច? បងដឹងច្បាស់ថា គាត់ប្រាកដជាខឹងនឹងបង តើមែនទេ? តែនៅតែឆ្លើយ បើមិនផ្គើនជាស្អីវិញ?
អ្នកស្រីណាសា ស្តាប់ឮពួកគេជជែកហើយ ហាក់ដូចជាចង់សើចណាស់ គាត់ក៏ដើរចូលមកដោយស្នាមញញឹម៖
-អ៊ំស្រី!
-ម៉ាក់ថា វិនីតនិយាយត្រូវ! ការពិត ឯងនិងប៉ាឯង ចរឹតដូចគ្នាអ៊ីចឹង
-ដូចគ្នាត្រង់ណាម៉ាក់?
-គឺផ្គើនហ្នឹងណា! ឯងដឹងទេ នៅពេលដែលឯងចេញស៊ីឌីបេះដូងពិតនោះ ប៉ាឯង រំសាយកំហឹងអស់ហើយ ហើយថែមទាំងនិយាយថា ឯងនេះសមជាកូនរបស់គាត់ទៀតផង តែគាត់ទើបតែខឹងខ្លាំង នៅពេលឃើញរឿងអាស្រូវរបស់ឯងហ្នឹងឯង ចាត់ទុកថា ឯងគ្រាន់បើ ដែលនាំវិនីតមកធ្វើការបកស្រាយចំពោះមុខគាត់ ល្ងាចនេះ ពួកឯងញ៉ាំបាយនៅទីនេះហើយ
-ចុះលោកប៉ា!
-ប៉ាឯងក៏ចង់ញ៉ាំបាយជុំឯងដែរ
-តែល្ងាចនេះ ប្រហែលជាមិនបានទេ ព្រោះខ្ញុំជាប់ថត
-អ៊ីចឹងឯងទៅវិញតែម្នាក់ឯងទៅ ទុកវិនីតនៅទីនេះហើយ នៅពេលថតចប់ហើយ ឯងមកទទួលនាងចុះ ឬមួយក៏ចាំស្អែកក៏បាន
-ខ្ញុំនៅទីនេះអ្ហេ?
-យ៉ាងម៉េច! ឬមួយក្មួយមិនចង់នៅជាមួយមនុស្សចាស់ដូចជាពួកអ៊ំ?
-អត់ទេ! ខ្ញុំនៅទីនេះក៏បាន បងទៅថតចុះ
-តែ!
-យ៉ាងម៉េច! ឯងខ្លាចម៉ាក់ធ្វើបាបនាងអ្ហេ?
-គ្មានទេ! ម៉ាក់ម៉េចនឹងអាចធ្វើបាបនាងកើតនោះ
-បើអ៊ីចឹងឯងទៅចុះ
-បងទៅហើយណា!
-ចាស!
ពិចិត្រធ្វើដំណើរទៅភ្នំពេញតែម្នាក់ឯង។ ចំណែកវិនីតនាងនៅជាមួយ នឹងអ្នកស្រីណាសា ព្រមទាំងជួយធ្វើម្ហូបទៀតផង។ ដោយសង្គេតឃើញកិរិយាទន់ភ្លន់ សុភាពរាបសា អ្នកស្រីណាសាបន្លឺឡើង៖
-មើលទៅក្មួយដូចជាស្ទាត់ក្នុងការងារជើងក្រានចានឆ្នាំងណាស់ដែរតើ
-ម៉ែជាអ្នកបង្រៀនខ្ញុំទេ
-អ៊ំមើលទៅឯងទន់ភ្លន់ សមជាមនុស្សស្រីណាស់ ហេតុអីក៏តែងខ្លួនជាប្រុស?
-ដំបូងឡើយ ខ្ញុំគិតថា តែងខ្លួនជាប្រុសតែនៅពេល ទៅជួយម៉ែប៉ុណ្ណោះ តែយូរៗទៅ ខ្ញុំគិតថា តែងខ្លួនជាប្រុស ក៏មានសុវត្ថិភាពល្អដែរ ទើបក្រោយមក សូម្បីតែសំពត់ក៏លែងស្លៀក ហើយពេលខ្លះ ក៏ភ្លេចគិតថា ខ្លួនឯងជាស្រីទៀត សូមទោសអ៊ំស្រីផង ដែលធ្វើឲ្យកូនអ៊ំមានរឿងអាស្រូវយ៉ាងនេះ
-តែអ៊ំយល់ថា កូនរបស់អ៊ំ មានភ្នែកមុតណាស់ តើក្មួយអាចនិយាយសំឡេងមនុស្សប្រុសឲ្យអ៊ំស្តាប់បានទេ?
-បាទលោកអ៊ំ
វិនីតបញ្ចេញសំឡេងមនុស្សប្រុស ធ្វើឲ្យអ៊ំស្រីសើចឃឹក៖
-អ៊ីចឹងតើ បានជាពួកគេមិនដឹងថា ឯងជាស្រី ត្រូវហើយ! តើឯងអាចប្រាប់មីងបានទេ ពីរូបភាពក្នុងកាសែតនោះ?
-នៅថ្ងៃនោះ ខ្ញុំមានបញ្ហាកើតឡើង ខ្ញុំពិបាកចិត្តពេក ឃើញដូចនោះ បងពិចិត្រ ក៏ទាញក្បាលខ្ញុំ ទៅដេកលើស្មាគាត់
-ចុះឯងមានអារម្មណ៍យ៉ាងម៉េចដែរ?
-ខ្ញុំមានអារម្មណ៍ថា កក់ក្តៅណាស់ ក៏គេងលើស្មាគាត់ទៅ
អ្នកស្រីណាសា ញញឹម ហើយគិតថា៖ “ក្មេងស្រីនេះ ពិតជាត្រង់មែន ចុះកូនប្រុសខ្ញុំគិតយ៉ាងណាចំពោះនាង? ចុះហេតុអីក៏វា ហ៊ាននាំនាងមកដល់ទីនេះ?”។ គិតហើយ អ្នកស្រីបន្លឺ៖
-ឯងគិតយ៉ាងម៉េចចំពោះព័ត៌មានទាំងអស់នោះ?
-បងពិចិត្រនិយាយថា មិនចាំបាច់បារម្ភទេ យូរទៅវានឹងបាត់ហើយ
-មិនសមជាចរឹតកូនប្រុសខ្ញុំទេ!
-អ៊ំមានប្រសាសន៍ថាម៉េច?
-អូ! គ្មានទេ………..ការពិតឯងស្មោះត្រង់ ហើយថែមទាំងរួសរាយទៀត អ៊ីចឹងតើ ទើបបទភ្លេងរបស់ឯងពីរោះយ៉ាងនេះ
-អ៊ំថា បទភ្លេងរបស់ខ្ញុំពីរោះពិតមែនអ្ហេ?
-ត្រូវហើយ! ឯងដឹងទេ នៅពេលស្តាប់បទស្នាមញញឹមហើយ អ៊ំប្រុសឯងគឺតែងតែញញឹម ហើយថែមទាំងចង់ឃើញអ្នកនិពន្ធទៀតផង
-ជាការពិតអ្ហេអ៊ំ!
-ពិតមែនណា! មិននឹកស្មានថា ពួកអ៊ំ អាចជួបនឹងឯងពិតមែនសោះ ហើយក៏មិននឹកស្មានថា អ្នកនិពន្ធបទភ្លេងនេះ នៅក្មេងដល់ម្ល៉ឹងដែរ
-ខ្ញុំសប្បាយចិត្តណាស់……… តែ!
-យ៉ាងម៉េច! មានបញ្ហាអីអ្ហេ?
-ខ្ញុំឃើញអ៊ំទាំងពីរ ចូលចិត្តស្តាប់ចម្រៀងតើ ចុះហេតុអីក៏អ៊ំប្រុស ខឹងនឹងបងពិចិត្រអ៊ីចឹង?
-កាលដើមឡើយ អ៊ំប្រុសសង្ឃឹមថា ក្រោយពេលពិចិត្ររៀនចប់ហើយ នឹងឲ្យគេធ្វើការនៅរោងម៉ាស៊ីនកិនស្រូវ គឺធ្វើថៅកែបន្តពីគាត់ តែមិននឹកស្មានសោះ ក្រោយពេលដែលគេរៀនចប់ហើយ គេបែរជាទៅធ្វើជាអ្នកចម្រៀង ហើយច្រៀងចម្រៀងដែលចម្លងពីគេមកទៀត កាលនោះ គាត់ខឹងខ្លាំងមែនទែន រហូតមិនឲ្យគេចូលផ្ទះ។ ចាប់តាំងពីថ្ងៃនោះមក ពិចិត្រក៏ពុំដែលត្រឡប់មកផ្ទះដែរ ថ្ងៃនេះ គេត្រឡប់មកផ្ទះវិញ អ៊ំក៏មិននឹកស្មានដែរ ពីមុនមានរឿងអីក៏ដោយ គេបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ តែនៅពេលនេះ គេមិនបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ទេ តែបែរជាបកស្រាយនៅចំពោះមុខ ប៉ាម៉ាក់គេទៅវិញ អ៊ំគិតថា កូនម្នាក់នេះ ពិតជាចាស់ ទុំមែនហើយ
-ចុះពេលនេះ អ៊ំប្រុសឈប់ខឹងហើយនៅអ៊ំ?
-អ៊ំគិតថា សូម្បីតែបន្តិច ក៏គាត់លែងខឹងដែរ ព្រោះល្ងាចនេះ គាត់ជាអ្នកឲ្យអ៊ំ
ឃាត់ពួកឯងឲ្យនៅបាយទីនេះ
-អ៊ីចឹងទេអ្ហេ! តែគួរឲ្យស្តាយណាស់ ដែលបងពិចិត្រមិននៅ…….ខ្ញុំយកបន្លែទៅលាងសិនអ៊ំ
វិនីតងើបដើរទៅ អ្នកស្រីណាសាក៏បន្លឺឡើង៖
-ជើងឯងកើតអី?
-អូ!……គ្មានអីទេអ៊ំ! គ្រាន់តែគ្រេចបន្តិចប៉ុណ្ណោះ
-មិនបានទេ! អង្គុយសិនទៅ ចាំអ៊ំយកថ្នាំមកលាបឲ្យ
-មិនអីទេអ៊ំ
-អ៊ំថាឲ្យអង្គុយ!
-ចាស!…………..
អ្នកស្រីណាសាទៅយកថ្នាំដើម្បីរឹតកជើងឲ្យយុវតី តែនៅពេលដែលគាត់ទៅចាប់កាន់ជើងនាងនោះ វិនីតបែរជាដកចេញយ៉ាងលឿន៖
-អ៊ំស្រី! ទុកឲ្យខ្ញុំលាបខ្លួនឯងបានហើយ
-នៅឲ្យស្ងៀមទៅ! អ៊ំលាបឲ្យ……….តើឯងដើរទៅប៉ះនឹងស្អី ទើបធ្វើឲ្យគ្រេចជើងដល់ថ្នាក់ហ្នឹង ហើយនៅមិនព្រមនិយាយទៀត?
-អូយ!
-ឈឺដែរអ្ហេ?……….ចុះកាលដែលឯងដើរមក ម៉េចក៏មិនឈឺ?
-ប្រហែលជាភ័យពេកហើយអ៊ំ នេះបើកុំតែអ៊ំសួរ ប្រហែលជានៅតែមិនដឹងថាឈឺទេមើលទៅ
-មានមនុស្សដូចជាឯងដែរអ្ហេ! ប្រាប់អ៊ំមើល តើទៅត្រូវនឹងស្អី?
-គឺស្បែកជើងកែងចោទ
-បើមិនចេះពាក់ហើយ ហេតុអីក៏ពាក់?
-ជាងនិយាយថា សម្លៀកបំពាក់នេះ គឺសមនឹងស្បែកកែងចោទណាស់ ត្រូវតែពាក់………………..
-ហើយក៏ទ្រាំពាក់ទៅទាំងវេទនា ………រួចហើយ! តែឯងអង្គុយត្រង់នេះហើយ
-ខ្ញុំទៅលាងបន្លែសិន
-ទើបតែលាបថ្នាំហើយ ឯងនៅឲ្យស្ងៀមសិនទៅ
-តែខ្ញុំមិនអីទេ!
-ឯងមិនខ្លាចពិការទេអ្ហេ?
-ដល់ថ្នាក់ពិការអ្ហេអ៊ំ?
-បើឯងមិនជឿ ដើរសាកមើលទៅ តែនៅពេលនោះ ឯងកុំបន្ទោសអ៊ំថាមិនបាន
ប្រាប់ណា
-អ៊ីចឹងខ្ញុំអង្គុយត្រង់នេះសិនក៏បាន
អ្នកស្រីណាសា ញញឹមហើយ ក៏ដើរទៅជើងក្រានបាយ។ លោកពិទូក៏មកដល់ល្មម៖
-អ៊ំប្រុស!
-កុំងើបអី! ប្រយ័ត្នដរជើងក្លាយជាមនុស្សពិការ វីវរហើយ
-សូមទោសអ៊ំ!
-កូនខ្ញុំបង្ខំឲ្យនាងតែងខ្លួនជាស្រី រហូតធ្វើឲ្យមានរបួសដល់ថ្នាក់នេះអ្ហេ?
-មិនមែនទេអ៊ំ! គឺខ្ញុំស្ម័គ្រចិត្តតើ អត់មានទាក់ទងនឹងគាត់ទេ
-អ៊ីចឹង ហេតុអីក៏នាងស្ម័គ្រចិត្តមកទីនេះ? នាងមិនមែន…………
-មិនមែនទេអ៊ំ!
-មិនមែនស្អីគេ? ឯងដឹងថា អ៊ំចង់និយាយអីអ្ហេ?
-អត់ទេ!
-ឯងមានសង្សារហើយនៅ?
-ចាសនៅទេ!
-ចុះមានស្រលាញ់អ្នកណាហើយនៅ?
-ចាសនៅទេ!
-នៅទេ!
-បងសួរនាងយ៉ាងនេះ ធ្វើឲ្យនាងភ័យហើយដឹងទេ?
-បងគ្រាន់តែចង់និយាយលេងជាមួយនាងតើ
…………………………………………………………………………………………………..
ថ្លែងពីយុវជន បន្ទាប់ពីថតចប់ហើយ ក៏ទៅជួបលោកចាងហ្វាង៖
-បងមានការអីរកខ្ញុំអ្ហេ?
-អ្នកដែលរកឯងមិនមែនបងទេ គឺនាង!
ពិចិត្រមើលទៅតាមដៃលោកចាងហ្វាងចង្អុល ឃើញច្បាស់ថាជាសូរិយា នាយហាក់ដូចជាភាំងមួយស្របក់។ លោកចាងហ្វាងបន្លឺឡើង៖
-ពួកឯងជជែកគ្នាសិនចុះ បងទៅមុនហើយ!
-យ៉ាងម៉េចហើយ បងមិនសប្បាយចិត្តទេអ្ហេ នៅពេលដែលជួបខ្ញុំ?
សម្រាប់ពិចិត្រ វាហាក់ដូចជាក្តុកក្តួលពេកហើយ។ នាយនៅតែឈរធ្មឹង ប្រៀបដូចជារូបចម្លាក់ មិនតបស្តីទាល់តែសោះ៖
-បងនៅខឹងនឹងខ្ញុំទៀតអ្ហេ? បងដឹងទេ ខ្ញុំមកម្តងនេះ គិតថា នឹងមិនត្រឡប់ទៅវិញទេ ការពិតខ្ញុំស្តាយក្រោយណាស់ ខ្ញុំមិនគួរទុកបងចោលយូរយ៉ាងនេះទេ តែអូនសង្ឃឹមថា មិនហួសពេលទេ តើមែនទេ? កន្លងមក អូនដឹងថា បងមិន
បាននៅក្បែរមនុស្សស្រីណាម្នាក់ឡើយ បងនៅតែស្រលាញ់ខ្ញុំ តើមែនទេ?
-សូមទោស! ខ្ញុំដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយ
ពិចិត្របម្រុងដើរចេញ តែសូរិយាចាប់ដៃជាប់៖
-នេះជាពាក្យដែលបងត្រូវនិយាយជាមួយខ្ញុំអ្ហេ? ការពិតខ្ញុំតែងតែគិតថា នៅពេលដែលបងជួបខ្ញុំ បងប្រាកដជារត់មកឱបខ្ញុំឬមួយព័ត៌មាននោះ ជាការពិត?
-សូមទោស! ខ្ញុំទៅផ្ទះហើយ
ពិចិត្របេះដៃសូរិយា ហើយដើរចេញទៅ។ កាយវិការបែបនេះ ធ្វើឲ្យសូរិយាហាក់បីដូចជាមានអារម្មណ៍ឈឺចាប់ណាស់។ នាងស្ទើរតែទប់ខ្លួនមិនជាប់ ក៏សសៀរទៅអង្គុយលើកៅអី។ ចំណែកយុវជនបើកឡានមកដល់ពាក់កណ្តាលផ្លូវ ក៏ឈប់ង៉ក់ នាយដាក់ក្បាលទៅលើចង្កូតឡាន។
អតីតកាល កាលពីបួនឆ្នាំមុន
-អូនពិតជាសម្រេចចិត្តទៅចិនមែនអ្ហេ?
-ចាសត្រូវហើយ!
-ចុះបង?
-ខ្ញុំគិតថា បងគួរតែប្រឹងប្រែង យកកេរ្តិ៍ឈ្មោះជាតារាល្បីឲ្យបាន ពីរឆ្នាំក្រោយ ក្រោយពេលដែលខ្ញុំរៀនចប់ហើយ ខ្ញុំនឹងត្រឡប់មកវិញ ពេលនោះ ខ្ញុំមិនត្រឹមតែក្លាយជាអ្នកដឹកនាំរឿងទេ ខ្ញុំនឹងសរសេរបទភ្លេងឲ្យបង ហើយធ្វើជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់បងថែម ទៀតផង
-តែអូនប្រាកដហើយអ្ហេ ថាអូនត្រឡប់មកវិញបន្ទាប់ពីរៀនចប់នោះ?
-បងត្រូវតែជឿខ្ញុំ ក្រែងពួកយើងធ្លាប់បាននិយាយហើយអ្ហេ ពួកយើងត្រូវតែធ្វើឲ្យមនុស្សទូទាំងពិភពលោកទទួលស្គាល់យើង អូនជឿជាក់លើការតាំងចិត្តរបស់បង ឬបងមិនជឿជាក់លើការតាំងចិត្តរបស់អូន? ខានស្អែក អូនត្រូវចេញដំណើរហើយ ពេលនេះអូនត្រូវទៅផ្ទះរៀបចំអីវ៉ាន់សិន
-តែបងមិនចង់ឲ្យអូនទៅទេ អូនស្តាប់បានទេ?
យុវជនប្រឹងស្រែកអស់សំឡេង សូរិយាឈប់ង៉ក់ហើយងាកមក៖
-ទោះមនុស្សទូទាំងពិភពលោកនេះ មិនស្គាល់បងក៏បងមិនខ្វល់ដែរ តែពេលនេះបងត្រូវការអូន បងមិនអាចបាត់បង់អូនទេ!
-តើបងកើតស្អីហ្នឹង? អូនគ្រាន់តែទៅរៀនតើ
-អូនរៀននៅទីនេះមិនបានទេអ្ហេ?
-មិនបានទេ! គឺអូនចង់ទៅរៀននៅចិន
-ការពិតមកពីអូនចង់ទៅដោយខ្លួនឯង ទើបយកលេសថាទៅរៀន អូនចង់
គេចពីបង តើមែនទេ?
-បងនិយាយអីហ្នឹង មានរឿងអីដែលខ្ញុំត្រូវគេចពីបង?
-ព្រោះបងមិនមែនជាតារាល្បី មិនត្រូវនឹងតម្រូវការរបស់អូន
-បងគិតអ៊ីចឹងអ្ហេ! ការពិតកន្លងមក បងមិនដែលទុកចិត្តខ្ញុំទេ តើមែនទេ? បងមិនដែលជឿថា ខ្ញុំស្រលាញ់បងទេ តើមែនទេ? ល្អ! បើបងគិតអ៊ីចឹងហើយ យើងបែកគ្នាត្រឹមនេះចុះក៏ល្អដែរ
-អូនថាម៉េច!
-ពួកយើងបែកគ្នាទៅ
-ហេតុអីក៏អូននិយាយពាក្យនេះ?
-បើបងនៅស្រលាញ់ខ្ញុំមែន បងរង់ចាំខ្ញុំទៅ ពីរឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកវិញ លាហើយ!
សូរិយាដើរចេញទៅ ចំណែកយុវជនសោកសៅ អង្គុយនៅលើអិដ្ឋដោយក្តីអស់សង្ឃឹម។ លោកប្រាក់ នាគក៏ដើរចូលមក៖
-តែពីរឆ្នាំប៉ុណ្ណោះ បងគិតថាមិនយូរទេ
-មិនយូរទេ! តែខ្ញុំមានអារម្មណ៍ថា នាងកំពុងតែបោះបង់ខ្ញុំ តើបងជឿទេ ថាប្អូនស្រីរបស់បង ពិតជាត្រឡប់មកវិញក្រោយពេលដែលរៀនចប់?
ចាប់តាំងពីថ្ងៃនោះមក ពិចិត្រពិតជាកណ្តោចកណ្តែង និងឈឺចាប់ខ្លាំងណាស់។ ពិតមែនហើយ យុវជនចង់ក្លាយជាតារាចម្រៀងល្បី ចំណែកសូរិយាយុវតីចង់ក្លាយជាកវី និងជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់។ ពួកគេទាំងពីរ គឺមានក្តីស្រមៃឈរនៅលើវិថីមួយ ប៉ុន្តែក្តីស្រមៃនេះ បែរជាធ្វើឲ្យសូរិយាចាកចេញពីយុវជនទៅវិញ។ ពិចិត្រតែងតែបន្ទោសខ្លួនឯង ដែលមិនមែនជាតារាល្បី ទើបធ្វើឲ្យបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។ ទោះបីនាយខូចចិត្តអស់មួយរយៈពេល តែក្រោយមកយុវជនបែរជាមានការប្រឹងប្រែងទ្វេដង ហើយនៅតែមានសង្ឃឹមក្នុងការទន្ទឹងចាំសូរិយាវិលត្រឡប់វិញ។
ពីរឆ្នាំក្រោយមក
-បងហៅខ្ញុំមានការអីអ្ហេ?
-ខ្ញុំចង់ប្រាប់ឯងថា សូរិយាមិនទាន់បានត្រឡប់មកវិញទេ………ឯងស្តាប់ខ្ញុំសិន
ការពិតនាងក៏ចង់ត្រឡប់មកវិញដែរ តែក្រុមហ៊ុនផលិតកម្មមួយបានហៅឲ្យនាងទៅធ្វើការជាជំនួយការអ្នកដឹកនាំរឿងនៅទីនោះ ដូច្នេះ……
-ដូច្នេះនាងក៏មិនចង់បោះបង់ឱកាសដ៏ល្អនោះចោល នៅទីបំផុត មិនថាពីរឆ្នាំមុន ឬពីរឆ្នាំក្រោយ នាងនៅតែសម្រេចចិត្តបោះបង់ខ្ញុំ
-ពិចិត្រ!
-បងកុំបារម្ភអី ខ្ញុំមិនអីទេ ឲ្យតែដឹងថា នាងបានសុខ ខ្ញុំអស់ចិត្តហើយ ខ្ញុំត្រឡប់
ទៅផ្ទះហើយ
បច្ចុប្បន្នកាល
ពិចិត្រដកដង្ហើមធំ ក្នុងអារម្មណ៍ហាក់ដូចជាធូរស្រាលឡើងវិញ។ នាយសម្លឹងទៅលើមេឃ ដែលមានពន្លឺផ្កាយព្រិចៗ នឹកដល់ចិត្តដែលធ្លាប់ឈឺចាប់ពីមុន តែអារម្មណ៍ពេលនេះ ហាក់បីដូចជាមិនដូចមុនទៀតឡើយ។ ទោះបីនាយមិនមានពាក្យអ្វីហាស្តីតបតជាមួយសូរិយា ក៏យុវជនហាក់ដឹងថា ឱរាដែលធ្លាប់តែពុះកញ្រ្ជោលព្រោះតែនាង គឺបានបាត់បង់អស់ទៅហើយ។ នេះបណ្តាលមកពីឆ្អែតចិត្ត ហួសចិត្ត ឬមួយក៏ចិត្ត អស់ស្រលាញ់?
ថ្លែងពីវិនីតម៉ោងជិតប្រាំបួនទៅហើយ នៅតែមិនទាន់ឃើញវិចិត្រមកទទួលទៀត។ នាងឈរសម្លឹងទូរស័ព្ទ អ្នកស្រីណាសាបន្លឺ៖
-ហេតុអីមិនតេទៅ?
-អ៊ំស្រី! ប្រហែលជាគាត់ថតមិនទាន់ចប់ទេមើលទៅ
-អ៊ំថាឯងមិនបាច់ចាំផ្លូវគេទេ ទៅគេងទៅ បើគេមិនមក ស្អែកនេះ អ៊ំនាំឯងត្រឡប់ទៅវិញ មក! អ៊ំនាំទៅបន្ទប់
អ្នកស្រីណាសាដឹកដៃវិនីតចូលទៅក្នុងបន្ទប់៖
-ប្រយ័ត្នផង ជើងឯងមិនទាន់ស្រួលបួលទេ
-ចាស!
-នេះគឺបន្ទប់ពិចិត្រ ថ្វីត្បិតតែគេមិនដែលមកផ្ទះ តែអ៊ំតែងតែសម្អាតជាប្រចាំ ឯងគេនៅលើគ្រែទៅ
-មិនសមទេដឹងអ៊ំ
-មានអីមិនសម! គេងទៅ អ៊ំចេញទៅក្រៅហើយ
-ចាស!
វិនីតសម្លឹងជុំវិញបន្ទប់ ហើយគិតតែម្នាក់ឯង៖ “បន្ទប់ស្អាតយ៉ាងនេះ ហេតុអីក៏ព្រមបោះបង់ចោលហ្ន៎?………នេះគឺរូបគាត់ពីក្មេងតើ! គួរឲ្យស្រលាញ់ណាស់………..អ្ហើយ! ពេលនេះហើយ គាត់នៅថតមិនទាន់ចប់ទៀតអ្ហេ? សង្ស័យតែភ្លេចថា ខ្ញុំនៅទីនេះហើយដឹង? គួរតែតេទៅគាត់ឬអត់?………មិនបានទេ! បើគាត់កំពុងរវល់ នាំតែធ្វើឲ្យគាត់បែកអារម្មណ៍ទេ។ បរិយាកាសល្អយ៉ាងនេះ គួរតែ សរសេរបទភ្លេងថ្មីហើយ……..ទីនេះគួរតែមានក្រដាសនិងប៊ិច”។ វិនីតទៅបើកថតតុដើម្បីរកក្រដាសនិងប៊ិច ស្រាប់តែឃើញរូបថតមួយសន្លឹករបស់ពិចិត្រក្នុងឯកសណ្ឋានជាសិស្សសាលាឈរក្បែរស្រីម្នាក់ប្រកបដោយទឹកមុខស្រស់បស់ហាក់មានសេចក្តីសុខណាស់។វិនីតបន្លឺ៖“នេះប្រហែលជាសង្សារគាត់ទេដឹង? ស្អាតណាស់! មើលទៅគាត់ប្រហែលជាស្រលាញ់បងស្រីម្នាក់នេះខ្លាំងណាស់ហើយមើលទៅ?…..ហេតុអីក៏ខ្ញុំមានអារម្មណ៍ថា អស់សង្ឃឹមយ៉ាងនេះ? ត្រជាក់ចុងដៃចុងជើងទៀតហើយ ក្រែងពីមុនអាការបែបនេះ កើតនៅពេលដែលឈឺពោះតើ ដល់ខែហើយអ្ហេ?..…..មិនទាន់ដល់ឯណា! ហេតុអីក៏មានអាការបែបនេះទៅវិញ? ប្រហែលជាមកពីមិនស្រួលខ្លួនហើយ អាចមកពីឈឺជើងក៏ថាបាន គួរតែគេងវិញ”។ វិនីតដាក់រូបយុវជនចូលទៅក្នុងថតតុវិញ ហើយក៏ឡើងទៅលើគ្រែសម្រាក ព្រោះគិតថា ខ្លួនមិនស្រួលខ្លួន។
ចំណែកយុវជន នៅតែអង្គុយនៅក្នុងឡាន ប្រហែលជាភ្លេចគិតថា វិនីតកំពុងរង់ចាំខ្លួនហើយមើលទៅ។ បទស្នាមញញឹមបន្លឺឡើង នោះគឺជាសំឡេងទូរស័ព្ទរោទិរបស់យុវជន ធ្វើឲ្យនាយភ្ញាក់ព្រើតបន្លឺឡើង៖
-វិនីត!……………….អាឡូ
-ពេលនេះកូននៅឯណាហ្នឹង តើថតចប់ហើយនៅ វិនីតកំពុងចាំកូនណា?
-អូ! ខ្ញុំកំពុងតែបើកឡានទៅហើយម៉ាក់
-អ៊ីចឹងមិនអីទេ ប៉ុណ្ណឹងបានហើយ
-បាទ!
-វាកំពុងនៅឯណា? (លោកពិទូបន្លឺ)
-កំពុងធ្វើដំណើរមកហើយ តើបងយល់យ៉ាងណាចំពោះក្មេងស្រីនោះ?
-ម៉េចក៏អូនសួរបងអ៊ីចឹង?
-អូនចង់ដឹងថាបងគិតយ៉ាងណាចំពោះនាង?
-ចុះអូន?
-មិនដឹងហេតុអ្វីទេ អូនមានអារម្មណ៍ថា អូនពេញចិត្តនាងណាស់?
-មិនមែនមកពីអូនគិតថា កូនប្រុសអូនស្រលាញ់នាងទេអ្ហេ?
-ថាអ៊ីចឹងក៏បាន តែទោះយ៉ាងណាអូននៅតែនិយាយថា អូនពេញចិត្តក្មេងស្រីម្នាក់នេះធ្វើជាកូនប្រសារ ចុះបង?
-ក្មេងស្រីដ៏មានសមត្ថភាពយ៉ាងនេះ ថែមទាំងស្លូតបូតទន់ភ្លន់ និងស្មោះត្រង់តើនឹងងាយទៅរកឯណាបាន បងខ្លាចតែកូនប្រុសអូនទេ ដែលធ្វើឲ្យឱកាសដ៏ល្អនេះបាត់បង់ ដូចជាពេលនេះអ៊ីចឹង វាប្រហែលជាភ្លេចទៅហើយ ថានាងតូចនេះកំពុងនៅជាមួយពួកយើង បងទៅក្នុងបន្ទប់មុនហើយ
-ការពិតបងក៏ពេញចិត្តក្មេងស្រីនេះដែរតើ………ថ្មើនេះហើយ នៅមិនទាន់ឃើញមកទៀត។
អ្នកស្រីណាសាដើរចូលទៅក្នុង បើកទ្វារបន្ទប់ ឃើញថា វិនីតកំពុងគេងលក់
គាត់ក៏ត្រឡប់ទៅវិញ ចៃដន្យពិចិត្រមកដល់ល្មម៖
-កូនមកហើយអ្ហេ!
-ឯណាវិនីតម៉ាក់?
-នាងនៅក្នុងបន្ទប់ឯង ប្រហែលជាគេងលក់ហើយ ឯងទើបតែថតចប់អ្ហេ ម៉េច
ក៏យប់យ៉ាងនេះ?
-អូ! …….
-ការពិតឯងភ្លេចគិតថានាងនៅទីនេះមែន ឯងនេះ! នាងខំតែងខ្លួនជាស្រីមកជាមួយឯង សូម្បីតែជើងគ្រេចហើយ ក៏មិនដឹងថាឈឺផង ហើយមិនហ៊ានតេទៅទៀត ព្រោះខ្លាចរំខានដល់ការងារឯង តែ…………..
-ម៉ាក់ថានាងគ្រេចជើងអ្ហេ! តើនាងទៅប៉ះនឹងស្អី?
-នៅហ៊ានសួរទៀត គឺស្បែកជើងកែងចោទដែលឯងឲ្យនាងពាក់ហ្នឹងណា
-ខ្ញុំទៅរកនាងសិន
ពិចិត្រស្ទុះចូលទៅក្នុងបន្ទប់ខ្លួន។ មាណវីពិតជាលង់លក់មែន នាងមិនដឹងថា ពិចិត្រកំពុងតែអង្អែលកជើងរបស់នាងថ្នមៗ ហើយក៏សម្លឹងមើលមុខនាងដោយយកចិត្តទុកដាក់។ នាយរអ៊ូតិចៗ៖ “ហេតុអីក៏មិនប្រាប់បង? សូមទោស! បងមិនគួរភ្លេចគិតថាឯង កំពុងរង់ចាំបងនោះទេ!”។ យុវតីបើកភ្នែកឡើង នាងបានឃើញកែវភ្នែកដ៏ស្រទន់របស់យុវជនកំពុងសម្លឹងមើលនាង ទើបបន្លឺឡើង៖
-បងថតចប់ហើយអ្ហេ? អ៊ីចឹងពួកយើងទៅផ្ទះវិញ
-សូមទោស ដែលបងធ្វើឲ្យឯងចាំយូរ
-មិនអីទេ! ខ្ញុំក៏គេងលក់ដែរ ពួកយើងទៅៗ
-បងជួយគ្រាឯង
យុវវ័យទាំងពីរ ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។
ចាប់តាំងពីបានឃើញរូបថតយុវជនជាមួយនារីម្នាក់នោះមក វិនីតហាក់បីដូចជាពុំស្រួលក្នុងអារម្មណ៍ទាល់តែសោះ តែនាងមិនដឹងថា មកពីមូលហេតុអ្វីដែរ? ថ្ងៃនេះនាងបានទៅក្រុមហ៊ុនដើម្បីយកបទថ្មីទៅជូនលោកចាងហ្វាងពិនិត្យ ក៏ស្រាប់តែបានជួបនឹងសូរិយានៅទីនោះដែរ។ នាងហាក់ឈរធ្មឹងមួយសន្ទុះ គិតមួយស្របក់៖ “បងស្រីម្នាក់នេះ ដូចជាមនុស្សស្រីនៅក្នុងរូបថតនោះណាស់ ឬមួយជាគាត់ទេដឹង?”។ ឃើញវិនីតឈរធ្មឹងបែបនេះ លោកចាងហ្វាងក៏បន្លឺឡើង៖
-វិនីត! វិនីត……
-បាទលោកចាងហ្វាង!
-ឯងយ៉ាងម៉េចហ្នឹង?
-ឯងគឺវិនីត ជាអ្នកនិពន្ធផ្ទាល់របស់បងពិចិត្រអ្ហេ?
-បាទត្រូវហើយ!
-ខ្ញុំណែនាំឯងឲ្យស្គាល់ នាងឈ្មោះសូរិយា ជាប្អូនស្រីបង្កើតរបស់ខ្ញុំ
– …..ជម្រាបសួរអ្នកនាង
-ចាស!
-នាងទើបតែត្រឡប់មកពីចិន ហើយក៏ធ្លាប់ជាអ្នកនិពន្ធរបស់ពិចិត្រដែរ តែពេលនេះ នាងបានក្លាយជាអ្នកដឹកនាំរឿងហើយ
-រីករាយដែលបានស្គាល់លោក
-បាទ ខ្ញុំក៏ដូចគ្នា លោកចាងហ្វាង នេះគឺចម្រៀងថ្មី លោកពិនិត្យចុះ ខ្ញុំចេញទៅវិញហើយ
-អរគុណ
-អ្នកនាង ខ្ញុំត្រឡប់ទៅវិញហើយ
-ចាស! ថ្ងៃក្រោយ បើមានឱកាសសង្ឃឹមថា ពួកយើងនឹងបានជជែកគ្នាលេង
-បាទ
វិនីតមានអារម្មណ៍ថា មិនស្រួលទៀតហើយ នាងបែកញើសជោកថ្ងាស បេះដូងលោតញាប់ ដៃជើងក៏ចាប់ផ្តើមត្រជាក់អស់។ វណ្ណាក៏មកដល់ល្មម៖
-ឯងមិនស្រួលខ្លួនអ្ហេ? ហេតុអីក៏បែកញើសជោកយ៉ាងនេះ?
-ខ្ញុំមិនអីទេ! ខ្ញុំទៅបន្ទប់ទឹកសិន
វិនីតចូលទៅក្នុងបន្ទប់ទឹក នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយនិយាយថា៖”ហេតុអីក៏មានអារម្មណ៍បែបនេះទៀតហើយ? តើខ្ញុំកើតអីហ្នឹង? តាំងអារម្មណ៍ តាំងអារម្មណ៍ ពួកគាត់ប្រហែលជាមិត្តភក្តិរៀនជាមួយគ្នាក៏ថាបាន តើខ្ញុំស្រលាញ់បងពិចិត្រតើមែនទេ? មិនមែនទេ ម៉ែបាននិយាយថា អារម្មណ៍ស្រលាញ់មនុស្សម្នាក់ គឺមានសេចក្តីសុខណាស់ ប្រៀបដូចជារើសបានដុំពេជ្រមួយគ្រាប់អ៊ីចឹង ប៉ុន្តែហេតុអ្វី ក៏ខ្ញុំមានអារម្មណ៍ថា ដូចជាត្រៀមបាត់ពេជ្រមួយគ្រាប់ទៅវិញ ប្រហែលជាមិនមែនទេ តែពិបាកក្នុងខ្លួនណាស់”។
ឱ! ក្មេងស្រីដ៏តូចល្អិត ចិត្តកវីដ៏បរិសុទ្ធ ហេតុអ្វីក៏តក់ស្លុត និងមានអារម្មណ៍យោលយោគយ៉ាងនេះ? វិនីតក្តាប់ដៃទាំងពីររបស់ខ្លួនជាប់ ហើយក៏ដើរចូលទៅក្នុងបន្ទប់ឧបករណ៍ភ្លេង គិតថានឹងបន្ធូរអារម្មណ៍ដោយការលេងបទភ្លេង តែក៏ប្រទះឃើញក្រដាសបទភ្លេងមួយសន្លឹកដែលនៅស៊កពីក្រោមព្យាណូ។ យុវតីឈរមើលក្រដាសបទភ្លេង ដែលមានអក្សរភ្លេងស្រេច ក្នុងអារម្មណ៍ក្តុកក្តួល និងសោកសៅបំផុត នាងលើកដៃបម្រុងចុតព្យាណូតាមអក្សរភ្លេងនោះ ស្រាប់តែសំឡេងយុវជនបន្លឺឡើង៖ “វិនីត! ឯងនៅខាងក្នុងទេ?”។ វិនីតឮច្បាស់ថាជាពិចិត្រ នាងបម្រុងស្ទុះចេញមក តែត្រូវទុចង៉ក់នៅពេលឮសំឡេងសូរិយា៖
-បងនៅទីនេះទេអ្ហេ?
-ខ្ញុំមករកវិនីត!
-តែខ្ញុំឃើញគេចេញទៅកន្លែងថតហើយតើ
-អ៊ីចឹងខ្ញុំទៅរកគេហើយ
-បងពិតជាមិនចង់ជជែកជាមួយខ្ញុំមែនអ្ហេ? ខ្ញុំដឹងថា បងនៅខឹងនឹងខ្ញុំ តែខ្ញុំជឿថា បងនៅតែស្រលាញ់ខ្ញុំ ពិតមែនទេ? ពួកយើងចាប់ផ្តើមសាជាថ្មីទៅបានទេ?
-ប្រហែលជាមិនបានទេ!
យុវជនតបទៅសូរិយាដោយម៉ត់ចត់បំផុត។ ពាក្យមួយឃ្លានេះ ធ្វើឲ្យសូរិយាចិន្តាហាក់ដូចត្រូវគេដុតកម្លោចឲ្យខ្លោចឆេះខ្ទេច តែនាងនៅតែមានចិត្តតស៊ូនិយាយបន្តទៀត៖
-ប្រហែលជាបងនៅមិនទាន់បាត់ខឹងនឹងខ្ញុំទេ តែមិនអីទេ ថ្ងៃនេះចាត់ទុកថាខ្ញុំមិនបានជជែកអ្វីជាមួយបងចុះ ខ្ញុំទៅវិញហើយ
-ឈប់សិន! ថ្ងៃដែលនាងចាកចេញទៅនោះ ខ្ញុំហាក់មានអារម្មណ៍ខឹងនឹងនាងណាស់ តែបន្ទាប់ពីនាងទៅបាត់ ទើបខ្ញុំដឹងថា ខ្ញុំមិនបានខឹងនឹងនាងទេ ឲ្យតែនាងមានក្តីសុខ គឺខ្ញុំគ្រប់គ្រាន់ហើយ ដូចជាពេលនេះអ៊ីចឹង ខ្ញុំឃើញនាងនៅចំពោះមុខខ្ញុំ ក្លាហាន ស្វាហាប់យ៉ាងនេះ គឺខ្ញុំរីករាយណាស់ ការពិតនាងអត់ប្រែប្រួលទេ តែសម្រាប់ខ្ញុំ គឺប្រែប្រួលហើយ
-បងចង់បានន័យថា បងឈប់ស្រលាញ់ខ្ញុំហើយអ្ហេ? ឬព្រោះតែក្មេងប្រុស ម្នាក់នោះ បងម៉េចនឹងអាច……………..
-មិនមែនទេ! អ្នកនាងកុំយល់ច្រឡំអី ការពិតពួកខ្ញុំគ្មានអ្វីនឹងគ្នាទេ នោះគ្រាន់តែជា ពាក្យចចាមអារាមប៉ុណ្ណោះ មែនទេបង?
វិនីតតាំងស្មារតីខ្លាំងណាស់ ដើម្បីមកបំភ្លឺការពិតមួយនេះ។ សូរិយាសម្លឹងមុខពិចិត្រដែលប្រែជាស្ងាត់ឈឹង មិនតបស្តីអ្វីសោះ។ យុវតីក៏បន្ត៖
-ហេតុអីក៏បងមិនបដិសេធទៅ? ការពិតបងពិចិត្រមិនប្រែប្រួលទេ កន្លងមកនេះ ខ្ញុំមិនដែលឃើញគាត់ទាក់ទងជាមួយស្រីណាឡើយ សូម្បីតែតួស្រីដែលសំដែងជាមួយគាត់ ក៏គាត់ពុំដែលរវីរវល់ដែរ គាត់ម៉េចនឹងអាចប្រែចិត្តពីអ្នកនាងនោះ
-ឯងនិយាយឆ្អែតហើយអ្ហេ?
យុវជនគំហោក ធ្វើឲ្យសូរិយាលែងវាចាស្តី វិនីតបន្ត៖
-បងកើតអីហ្នឹង?
-សូមទោស! ខ្ញុំទៅកន្លែងថតវិញហើយ
-បង!
-មិនអីទេ! គាត់ប្រហែលជានៅខឹងនឹងខ្ញុំ អរគុណលោកហើយ ដែលជួយបក
ស្រាយរឿងនេះ ខ្ញុំមិនបោះបង់គាត់ចោលងាយៗទេ ខ្ញុំលាសិនហើយ
-បាទ!
សូរិយាចេញផុត វិនីតដកដង្ហើមធំ ហើយនិយាយតែម្នាក់ឯង៖”តើខ្ញុំធ្វើអីហ្នឹង?
ខ្ញុំកំពុងតែជួយពួកគាត់អ្ហេ? ចុះខ្លួនខ្ញុំ? អ្ហើយ! ទោះយ៉ាងណា ក៏ពួកគាត់សាកសមនឹងគ្នាដែរ ដកថយទៅវិនីតអើយ ដើម្បីចៀសផុតពីការបាត់បង់ពេជ្រមួយគ្រាប់ ខ្ញុំត្រូវតែជួយពួកគាត់ឲ្យត្រូវរ៉ូវគ្នាវិញ”។ វិនីតគិតហើយ ក៏ត្រឡប់មកផ្ទះមុន។ យុវតីមិនបានដឹងថាspeakerបើកឮចេញមកក្រៅឡើយ ដៃម្ខាងកាន់ក្រដាស ដៃម្ខាងចុចព្យាណូ បន្លឺជាសូរលាន់ពេញផ្ទះ។ គ្រាន់តែឮបទចម្រៀងនេះ ពិចិត្រមានអារម្មណ៍មិនស្ងប់ឡើយ នាយស្ទុះចូលទៅរកវិនីត ហើយកញ្ឆក់យកក្រដាសបទភ្លេងពីដៃនាង ដោយបន្លឺខ្លាំងៗ៖
-អ្នកណាឲ្យលេងបទនេះ?
-បងជាអ្នកសរសេរវាអ្ហេ?
-គ្មានទាក់ទងស្អីនឹងឯងទេ ថ្ងៃក្រោយមិនឲ្យលេងវាទៀតទេ
-បទពីរោះយ៉ាងនេះ បងគិតបោះវាចោលអ្ហេ? ការពិត បងក៏ចេះសរសេរបទភ្លេងដែរ តែហេតុអីក៏បងមិនសរសេរ គឺព្រោះតែអ្នកនាងសូរិយាអ្ហេ?
-ឯងដូចជាដឹងរឿងបងច្រើនពេកហើយ
-គឺបទចម្រៀងនេះ វាប្រាប់ខ្ញុំ ប្រាប់ពីទឹកចិត្តអ្នកសរសេរ ដែលរស់នៅក្នុងភាពឈឺចាប់បំផុត ក្រែងបងរង់ចាំគាត់អ្ហេ ចុះហេតុអីគាត់មកហើយ បងបែរជាបដិសេធនឹងគាត់ទៅវិញ?
-ឯងយល់ពីអារម្មណ៍បងណាស់អ្ហេ ចម្រៀងដែលបងសរសេរនេះ គឺជារឿងកាលពីពីរឆ្នាំមុន បងបានបោះវាចោលម្តងរួចទៅហើយ
-តែបន្ទាប់ពីអ្នកនាងសូរិយាមកវិញ បងក៏ទៅរើសយកវាមកវិញ តើមែនទេ?
-បើមែនវាយ៉ាងម៉េច?
-ពួកយើងមកដល់ហើយ!
សម្រែករ៉ាណេបន្លឺឡើង គ្រាន់តែមកដល់ក្នុងផ្ទះ ពួកគេប្រែជាស្ងប់ស្ងៀមមួយរំពេច នៅពេលដែលឮសំឡេងពិចិត្រ៖
-បងប្រាប់ឯងណា កុំឈឺឆ្អាលរឿងរបស់បង
-បាន!
គ្រាន់តែវិនីតបន្លឺឡើង យុវជនទាំងអស់លើកលែងតែវណ្ណា បើកភ្នែកធំៗ ព្រោះវាមិនគួរឲ្យជឿនូវអ្វីដែលពួកគេបានឮនោះ គឺសំឡេងមនុស្សស្រី។ វណ្ណាបម្រុងស្ទុះចូលទៅហាមឃាត់ពួកគេកុំឲ្យបន្តទៀត តែយុវជនទាំងបីចាប់នាយជាប់។ វណ្ណាបាន
ត្រឹមតែនិយាយថា៖”ចប់ហើយ!”។ វិនីតបន្ត៖
-តែបងក៏កុំយកខ្ញុំទៅពាក់ព័ន្ធដែរ ខ្ញុំមិនចង់ក្លាយជាមនុស្សដែលស្រលាញ់ភេទ
ដូចគ្នា ដូចដែលកាសែតនិយាយនោះទេ
-ឯង!
-ខ្ញុំយ៉ាងម៉េច?
-បងមិនចង់និយាយជាមួយឯងទៀតទេ
-ខ្ញុំក៏មិនចង់និយាយជាមួយបងទៀតដែរ
យុវជន និងមាណវីចេញពីបន្ទប់ភ្លេង ក៏ឡើងទៅបន្ទប់រៀងខ្លួន ដោយមិនខ្វល់ពីមិត្តភក្តិដែលកំពុងឈរស្តាប់យ៉ាងត្រៀបត្រា។ សុវណ្ណនិយាយទៅកាន់វណ្ណា៖
-តើរឿងវាយ៉ាងម៉េច?
-ហេតុអីក៏វិនីតមានសំឡេងជាមនុស្សស្រី?
-បងឆាប់និយាយទៅ
-ការពិតនាងជាស្រីទេ!
-ព្រះជាម្ចាស់អើយ! ហេតុអីក៏ឲ្យក្មេងស្រីម្នាក់នេះ កុហកពួកយើងយូរយ៉ាងនេះ
-ពួកឯងទាំងពីរសុទ្ធតែដឹងរឿងអ្ហេ ហេតុអីក៏លាក់ពួកយើង?
-សូមទោស! ការពិតពិចិត្រសម្រេចថា ប្រាប់ពួកបងដែរ តែខ្លាចនៅពេលដែលរឿងបែកការហើយ ពួកយើងនឹងបាត់បង់ក្មេងស្រីម្នាក់នេះ ឲ្យខ្ញុំសូមទោសផង
-ចុះពួកយើងគិតធ្វើយ៉ាងម៉េចចំពោះនាងនោះ? (រ៉ាឌីបន្លឺ)
-មែនធ្វើយ៉ាងម៉េច ពួកយើងធ្វើដូចជាមិនដឹងរឿងទៅ (រ៉ាណេតប)
-ថាម៉េច!
-ពួកយើងស្រលាញ់វាដូចជាបងប្អូនទៅហើយ ហើយបើលោកចាងហ្វាងដឹងពីរឿងនេះ នាងប្រាកដជាពិបាកហើយ
-ពិតមែនហើយ! រង់ចាំ ឲ្យនាងផុតកុងត្រាសិនទៅ (សុវណ្ណតប)
-ពួកបងគិតអ៊ីចឹងអ្ហេ? (វណ្ណាឧទាន)
-ត្រូវហើយ! បើសិនជាឲ្យនាងដឹងខ្លួនថា ពួកយើងដឹងថា នាងជាស្រី វានឹងធ្វើឲ្យនាងមិនស្រួលក្នុងការរស់នៅជាមួយពួកយើងទេ អ្វីៗដូចធម្មតា តើពួកឯងយល់យ៉ាងម៉េច?
-ok! គ្រប់យ៉ាងគឺដូចធម្មតា
យុវជនទាំងអស់ពិតជាមានក្តីស្រលាញ់ចំពោះវិនីតពិតមែន។ យុវតីនៅតែអាចរស់នៅជាមួយក្រុមយុវជនក្នុងនាមជាមនុស្សប្រុស។ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក យុវជនទាំងអស់ពុំសូវប្រឡែងលេងប៉ះពាល់នាងដូចពីមុនឡើយ។
វគ្គ៦ ស្នាមញញឹម
ចាប់តាំងពីមានបញ្ហាជាមួយគ្នាមក វិនីតពុំសូវនិយាយស្តីជាមួយពិចិត្រឡើយ។ នាងដើរចេញពីស្ទូឌីយ៉ូ ក៏ជួបនឹងយុវជនល្មម តែនាងបម្រុងធ្វើហីដូចមិនឃើញ ពិចិត្រក៏បន្លឺឡើង៖
-តើប៉ុន្មានថ្ងៃនេះ ឯងកើតស្អី?
-គ្មានកើតស្អីទេ គ្រាន់តែមិនចង់និយាយជាមួយអ្នកខ្លះ ខ្ញុំទៅហើយ
-ឯងគិតថា ពេលវេលាអាចដូចដើមអ្ហេ?……….បងសារភាព កាលពីពីរឆ្នាំមុន វាដូចជាបទចម្រៀងនោះអ៊ីចឹង ប៉ុន្តែឯងដឹងទេ ពេលវេលាឈឺចាប់នោះ វាបានរសាត់ចេញពីបងហើយ ឬឯងចង់ឲ្យបងវិលទៅរកពេលវេលានោះវិញ?
-ប៉ុន្តែអ្នកនាងសូរិយានៅតែស្រលាញ់បង ហើយពួកបងអាចបើសិន…….
-មិនអាចទេ!
-ហេតុអីក៏មិនអាច?
-ព្រោះបងមានអ្នកដែលបងស្រលាញ់រួចទៅហើយ
សូរិយាស្តាប់ឮពាក្យទាំងអស់ដែលយុវជននិយាយ ទឹកភ្នែកស្រក់ច្រោក នាងក្តុកក្តួលណាស់ ក៏ដើរចេញទៅ។ ចំណែកវណ្ណានៅឈរធ្មឹងបន្តទៀត។ វិនីតស្ងៀមមិនតបឆ្លើយ យុវជនបន្ត៖
-ឯងដឹងពីមូលហេតុហើយ តើឯងចង់ឲ្យបងទទួលនាងទៀតអ្ហេ?
-សូមទោស! ខ្ញុំមិនដឹងថា បងមានមនុស្សដែលខ្លួនស្រលាញ់នោះទេ តើខ្ញុំស្គាល់គាត់ទេ?
-ឯងប្រហែលជាមិនស្គាល់ទេ…….. បានហើយ! ពួកយើងទៅញ៉ាំបាយទៅ
ពិចិត្រដឹកដៃវិនីតចេញទៅ។ ចំណែកវណ្ណាឈរញញឹមតែម្នាក់ឯង។ អ្វីដែលរីករាយ គឺពេលនេះពួកគេជួបជុំគ្នានៅតុអាហារថ្ងៃត្រង់នៅក្នុងហាងមួយ។ ចៃដន្យសូរិយា និងបងប្រុសក៏ទៅស្រស់ស្រូបនៅទីនោះដែរ។ សុវណ្ណបន្លឺ៖
-សួស្តីលោកចាងហ្វាង
-អូ! ពួកឯងក៏ញ៉ាំអាហារនៅទីនេះដែរអ្ហេ ល្អណាស់អ៊ីចឹង ខ្ញុំខានញ៉ាំបាយរួមតុជាមួយពួកឯងយូរហើយ
-អញ្ជើញបង!
វិនីតលួចមើលមុខពិចិត្រ និងសូរិយា។ វណ្ណាបន្លឺ៖
-ញ៉ាំទៅ!
-បាទ!
-ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត(ពិចិត្រឧទាន)
សូរិយាតាមសម្លឹងពិចិត្ររហូត។ មួយសន្ទុះនាងក៏ងើបចេញទៅពីក្រោយយុវជន។ លុះពិចិត្រចេញពីបន្ទប់ទឹកវិញ៖
-នាងមកបន្ទប់ទឹកដែរអ្ហេ?
-ចាស!
-អ៊ីចឹង ខ្ញុំទៅតុមុនហើយ
-ខ្ញុំចង់និយាយជាមួយបងបន្តិចបានទេ?
-មានការអីអ្ហេ?
-សូមទោស! ដែលធ្វើឲ្យបងឈឺចាប់យ៉ាងនេះ តើបងអាចទុកឱកាសឲ្យខ្ញុំផងបានទេ?
-សូរិយា!
-ខ្ញុំដឹង ថាបងមានអ្នកដែលបងស្រលាញ់ហើយ តែខ្ញុំ………….
-នាងមិនខុសទេ! កុំមានអារម្មណ៍បែបនោះអី រឿងកន្លងហួសហើយ បំភ្លេចវាចុះ
-បងគិតថា ខ្ញុំមានអារម្មណ៍ខុស ទើបចង់ឲ្យបងទុកឱកាសឲ្យអ៊ីចឹងអ្ហេ? ការពិតខ្ញុំត្រឡប់មកម្តងនេះ គឺគ្មានបំណងត្រឡប់ទៅវិញទេ ខ្ញុំតែងតែសង្ឃឹមថា បងនៅស្រលាញ់ខ្ញុំ រង់ចាំខ្ញុំ ហើយព្រមទទួលយកខ្ញុំ
-សូមទោស!
-តើអាចប្តូរពាក្យសូមទោសនេះ ទៅជាពេលវេលាកាលពីបួនឆ្នាំមុនបានទេ?
-សូមទោស!
សូរិយារត់ចេញទៅទាំងទឹកភ្នែក។ នាងមិនបានចូលតុអាហារវិញទេ។ លុះមកដល់ផ្ទះ លោកប្រាក់នាគក៏បន្លឺ៖
-ថ្ងៃមិញមានរឿងអី?
-គ្មានទេបង!
-ឯងនិងពិចិត្រយ៉ាងម៉េចហើយ?
-គាត់ឈប់ស្រលាញ់ខ្ញុំហើយ ហើយថែមទាំងមានមនុស្សដែលគាត់ស្រលាញ់ទៀតផង
-អ្នកណាគេ?………..កុំប្រាប់ថា វិនីតណា
-ខ្ញុំក៏មិនដឹងដែរ
-ប្រហែលជាគេនៅខឹងនឹងឯងហើយ ឯងកុំបង្ខំអី
-មិនអីទេបង! ខ្ញុំមិនបោះបង់ចោលងាយៗទេ ត្រូវហើយបង! វីស៊ីឌីបេះដូងពិតរបស់បងហ្នឹង ខ្ញុំបានផ្ញើទៅចិនហើយ
-តើយ៉ាងម៉េចហើយ?
-លោកចាងហ្វាងដូចជាចាប់អារម្មណ៍ណាស់ ពីទឹកដមសំឡេង និងបទភ្លេងដែលពួកគាត់បង្កើតឡើង
-ប្រសើរណាស់! តើពួកយើងមានសង្ឃឹមអាចឈានចូលទីផ្សារបរទេសទេ?
-គឺអាចណាបង ព្រោះលោកចាងហ្វាងកំពុងតែធ្វើដំណើរមកកម្ពុជាហើយ
-អ៊ីចឹងពេលគាត់មកដល់ តើគាត់ស្នាក់នៅឯណា?
-រឿងនេះខ្ញុំមិនដឹងទេ ព្រោះគាត់ទៅណាមកណាគ្មាននរណាដឹងឡើយ
ថ្លែងពីក្រុមយុវជន បន្ទាប់ពីបញ្ចប់បទភ្លេងថ្មី ក៏នាំគ្នាទៅប្រាសខ្លួនដេកលើសាឡុង រ៉ាណេងើបអង្គុយហើយ យកទឹកផឹកបន្តិចក៏បន្លឺទៅរកវិនីត ដែលអង្គុយឈ្ងោកពីមុខកុំព្យូទ័រ៖
-ឯងធ្វើអីហ្នឹង មិនចេះហត់ទេអ្ហេ?
-បងចាំស្តាប់ណា……….ចាងហ្វាងផលិតកម្មមួយនៅចិនបានចាកចេញពីស្រុកមកលេងកម្ពុជាដោយគ្មានអ្នកណាដឹង ថាលោកស្នាក់នៅទីណាឡើយ។ លោក ហ្វុន ចូវលី មិនមែនត្រឹមតែជាផលិតករនោះទេ លោកថែមទាំងមានទេពកោសល្យក្នុងការនិពន្ធបទភ្លេង ដែលចេញពីនោសញ្ចេតនា និងអាម្មណ៍ពិតថែមទៀតផង។ តាមព័ត៌មានខ្សឹបខ្សៀវបានឲ្យដឹងថា លោកអញ្ជើញមកកម្ពុជាមិនមែនត្រឹមតែជាការដើរកម្សាន្តនោះទេ លោកនឹងស្វែងរកបទភ្លេងថ្មី ដែលផុសចេញពីទឹកដីអច្ឆរិយមួយនេះ។………..
-ហេតុអីក៏ឈប់អាន?(រ៉ាណេនិយាយ)
-ចប់ហើយហ្នឹង! …………អ្ហើយ!
-ម៉េចក៏ដកដង្ហើមធំ? (ពិចិត្រសួរ)
-តើអនាគត ខ្ញុំអាចដូចជាគាត់ទេហ្ន៎?
-ឯងពិតជាអាច! (យុវជនទាំងអស់បន្លឺព្រមគ្នា)
-មិនចាំបាច់លើកទឹកចិត្តខ្ញុំទេ ខ្ញុំធ្វើម៉េចនឹងអាចក្លាយជាផលិតករបាន
-បើឯងមិនចង់ផង ធ្វើម៉េចនឹងអាច
-ផលិតករខ្លួនឯង និពន្ធបទភ្លេងខ្លួនឯង គួរឲ្យមានមោទនភាពណាស់ ខ្ញុំទៅគេងហើយ រាត្រីសួស្តីបង!
-សុបិនល្អ!
វិនីតដើរទៅដោយកាន់កុំព្យូទ័រទៅជាមួយផង។ ពាក់កណ្តាលអាធ្រាត្រទៅហើយ ពិចិត្របែរជានឹកឃើញដល់សំដីវិនីត នាយហាក់បីដូចជារសាប់រសល់ ក៏ស្ទុះងើបឡើងដើរចូលទៅបន្ទប់ភ្លេង។ នាយកាន់ក្រដាសបទភ្លេងរបស់ខ្លួន មកអង្គុយនៅពីមុខកុំព្យូទ័រ។ លុះព្រឹកឡើងនាយក៏ហុចក្រដាសបទភ្លេងនោះ ទៅឲ្យវិនីត។ វិនីត
ឈោងយកហើយ ក៏បន្លឺឡើង៖
-ស្រមោលស្នេហ៍អូន! ហេតុអីក៏បងឲ្យវាមកខ្ញុំ?
-ក្រែងឯងថាវាពីរោះអ្ហេ
-តែបងមិនចូលចិត្តឲ្យខ្ញុំលេងវាទេ
-នេះជាបទភ្លេងទីមួយដែលបងសរសេរ នៅមានទីពីរ ទីបីបន្តទៀត បងទៅចាំឯងនៅឡានមុន
វិនីតហាក់សប្បាយចិត្តណាស់ នៅពេលឃើញពិចិត្រព្រមសរសេរបទភ្លេងថ្មី តែនាងមិនដឹងថា មូលហេតុអ្វី ដែលធ្វើឲ្យយុវជនផ្លាស់ប្តូរចិត្តយ៉ាងនេះឡើយ។ មាណវីបន្លឺតិចៗ៖
-តើអ្វីដែលធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តយ៉ាងនេះ?
-គឺខ្លួនឯងហ្នឹងហើយ! (វណ្ណឧទាន)
-ខ្ញុំ!
-វាជាទីមោទនភាពណាស់ ដែលផលិតករខ្លួនឯងអាចនិពន្ធបទភ្លេងខ្លួនឯងបាន ហើយរឹតតែអស្ចារ្យថែមទៀតនោះ អ្នកចម្រៀងដ៏ល្បីមិនត្រឹមតែមានទឹកដមសំឡេងពីរោះ ថែមទាំងអាចសរសេរបទភ្លេងដោយខ្លួនឯងថែមទៀត នេះមិនមែនជារឿងល្អទេអ្ហេ?
-គឺល្អខ្លាំងណាស់
ពិចិត្របានឆ្លងផុតអស់ហើយនូវស្រមោលអតីតកាល។ ទោះបីជាការចងចាំនៅមានតិចតួចក៏ដោយ តែការរស់នៅបច្ចុប្បន្នរបស់យុវជន គឺមានសេចក្តីសុខណាស់។ នេះគឺព្រោះដោយសារក្មេងស្រីម្នាក់ឬ? តើការចងចាំដ៏តិចតួចនោះ ពិតជាគ្មានរូបសូរិយានៅក្នុងចិត្តមែនអ្ហេ? ចុះសូរិយាដែលមានសង្ឃឹមមួយរយភាគរយក្នុងការវិលត្រឡប់មករកយុវជននឹងទៅជាយ៉ាងណា? ទោះបីជាយ៉ាងណា កំហុសស្នេហាមួយនេះ គឺសូរិយាតែងតែដាក់មកលើខ្លួននាង។ នាងក្រៀមក្រំណាស់ ស្ទើរតែគ្មានព្រលឹងនៅក្នុងខ្លួន។ វិនីតដើរចូលក្នុងបន្ទប់ភ្លេង ក៏ភ្ញាក់ព្រើត៖
-គឺអ្នកនាងទេអ្ហេ!…..សូមទោស ខ្ញុំរំខានហើយ
-ឈប់សិន! តើលោកចូលមកមានការអីអ្ហេ?
-ខ្ញុំគិតថា មកសមបទភ្លេងនេះមើល តែមិនអីទេ ចាំលើកក្រោយក៏បាន ខ្ញុំទៅវិញហើយ
-តើបទអីគេ?
-គឺ…………
-ឲ្យមកខ្ញុំសុំមើលបន្តិចមក
វិនីតហុចក្រដាសបទភ្លេងទៅសូរិយា។ សូរិយាហាក់បីដូចជាស្ទាត់ជំនាញខាង
ព្យាណូណាស់។ បទភ្លេងដ៏អន្លង់អន្លោចបានបន្លឺឡើង ធ្វើឲ្យនាងនឹកឃើញថ្ងៃ ដែល
នាងចាកចេញពីពិចិត្រ។ តំណក់ទឹកភ្នែកស្រក់ចុះ វិនីតហាក់យល់ច្បាស់ពីអារម្មណ៍ឈឺចាប់របស់សូរិយា នាងនៅស្ងៀមមិននិយាយស្តី តែបន្ទាប់ពីបទភ្លេងត្រូវបញ្ចប់ សូរិយាក៏បន្លឺឡើង៖
-បទនេះពីរោះណាស់ លោកជាអ្នកធ្វើវាអ្ហេ?
-មិនមែនទេ!
-បើមិនមែនលោក តើនរណាជាអ្នកធ្វើ?
-គឺបងពិចិត្រ!
-គឺគាត់!
សូរិយាយំហ៊ូ គឺយំខ្លាំងណាស់ វិនីតបន្លឺ៖
-សូមទោស! ខ្ញុំមិនគួរឲ្យអ្នកនាងឃើញបទនេះទេ
-មិនអីទេ! ខ្ញុំគួរតែអរគុណលោក បើកាលនោះ ខ្ញុំដឹងថា គាត់ឈឺចាប់យ៉ាងនេះខ្ញុំនឹងមិនចាកចេញពីគាត់ទេ ហេតុអីក៏ខ្ញុំធ្វើអ៊ីចឹង?
-បងពិចិត្រមិនដែលបន្ទោសអ្នកនាងទេ គាត់និយាយថា បើសិនជាគាត់ ក៏គាត់ធ្វើអ៊ីចឹងដែរ
-ប៉ុន្តែគ្រប់យ៉ាងគឺហួសពេលហើយ លោកដឹងទេ គាត់ឈប់ស្រលាញ់ខ្ញុំហើយ គាត់មានមនុស្សដែលគាត់ស្រលាញ់ហើយ តើឲ្យខ្ញុំធ្វើយ៉ាងម៉េច?
-រឿងនេះ……..
-តើលោកស្គាល់មនុស្សស្រីដែលគាត់ស្រលាញ់ទេ តើនាងធ្វើការអី រស់នៅឯណា? តើខ្ញុំស្គាល់នាងទេ?
-ខ្ញុំនិយាយការពិតចុះ ចាប់ពីខ្ញុំរស់នៅជាមួយនឹងគាត់មក ខ្ញុំមិនដែលឃើញគាត់មានទំនាក់ទំនងជាមួយមនុស្សស្រីណាជាពិសេសនោះទេ
-ឬមួយក៏គាត់កុហកខ្ញុំ? គាត់ប្រហែលជានៅខឹងនឹងខ្ញុំមែនហើយ ទើបកុហកខ្ញុំ ខ្ញុំមិនត្រូវអស់សង្ឃឹមងាយៗទេ មែនទេ?
-បាទ! ត្រូវហើយ
-អរគុណលោក! ខ្ញុំទៅវិញហើយ នេះបទភ្លេងរបស់លោក អរគុណ!
សូរិយាហាក់មានសង្ឃឹមឡើងវិញ តែវិនីតកំពុងស្ថិតនៅក្រោមផ្ទៃមេឃដ៏ស្រអាប់ នាងសញ្ជប់សញ្ជឹងតែម្នាក់ឯង។ ពិចិត្របន្លឺ៖
-អង្គុយហាលសន្សើមដល់ណាទៀត?
-គឺបងទេអ្ហេ!
-ពិបាកចិត្តរឿងអី?
-គ្មានទេ! គ្រាន់តែនឹកដល់ម៉ែប៉ុណ្ណោះ
-មិនមែនរឿងចុះកុងត្រាទេអ្ហេ? ឯងគិតយ៉ាងម៉េច?
-ខ្ញុំសម្រេចចិត្តថាប្រាប់គាត់នៅថ្ងៃស្អែកនេះ
-បងទៅជាមួយឯង
-កុំអី…..
-រឿងនេះ បងជាអ្នកបង្កឡើង បងត្រូវតែមានចំណែក
-តែលោកចាងហ្វាងប្រាកដជាខឹងនឹងបង
-ខឹង វាយ៉ាងម៉េច? ឯងខ្លាចបង ត្រូវគេបណ្តេញចេញពីផលិតកម្មអ្ហេ……បើពិតជាត្រូវគេបណ្តេញចេញមែន បងទៅធ្វើជាថៅកែម៉ាស៊ីនស្រូវវិញក៏បាន ពេលនោះ ឯងត្រូវទៅធ្វើជាជំនួយការថៅកែហើយ
-បងនៅនិយាយលេងទៀត
-បានហើយ! ពួកយើងទៅគេងទៅ
ពិចិត្រដឹកដៃវិនីតចូលទៅក្នុងផ្ទះ។
ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីយ៉ាងត្រចះ យុវតីរូតរះមកដល់ក្រុមហ៊ុនមុន។ លោកចាងហ្វាងបន្លឺ៖
-វិនីត! ឯងមកដល់ពីព្រលឹមតែម្តង អង្គុយសិនទៅ……..មួយរយៈពេលនេះ ខ្ញុំពិតជាពេញចិត្តនឹងការងារឯងណាស់ ហ៏នេះកុងត្រា ពិនិត្យមើលទៅ ឯងចង់ចុះប៉ុន្មានឆ្នាំក៏បានដែរ ខ្ញុំឲ្យអាទិភាពទៅឯងហើយ
-លោកចាងហ្វាង!
-យ៉ាងម៉េច?
-ឲ្យខ្ញុំសូមទោស ដែលកុហកលោកចាងហ្វាង
-មានរឿងអី?
-ខ្ញុំ…….ខ្ញុំ………….ខ្ញុំមិនមែនជាមនុស្សប្រុសទេ
-ថាម៉េច!………..ឯកំពុងនិយាយអីហ្នឹង?
-ការពិតខ្ញុំជាមនុស្សស្រីទេ
វិនីតបន្លឺជាសំឡេងមនុស្សស្រីឡើង ទើបនិយាយបន្ត៖
-ខ្ញុំអាចប្រើសំឡេងពីរបាន គឺមនុស្សប្រុសនិងមនុស្សស្រី
-ឯង…..!
-សូមលោកចាងហ្វាងអភ័យទោសឲ្យខ្ញុំផង
-ម៉េចនឹងអាចទៅរួច! …………….ចុះពួកគេទាំងអស់គ្នាដឹងទេ?
-ពួកគាត់មិនដឹងរឿងនេះទេ
-តែខ្ញុំដឹង
-ពិចិត្រ!………..តើពួកឯងកំពុងតែធ្វើអីហ្នឹង ពួកឯងនាំគ្នាកុហកយើងអ្ហេ?
-ឲ្យខ្ញុំសូមទោសបង
-គ្មានទាក់ទងនឹងគាត់ទេ គឺមកពីខ្ញុំទាំងអស់ មកពីខ្ញុំចូលចិត្តតែងខ្លួនជាមនុស្សប្រុស សូមទោស សូមទោស!
-អ៊ីចឹងរឿងដែលចុះកាសែតនោះជារឿងពិតអ្ហេ?
-មិនពិតទេ! ខ្ញុំពិតជាសូមទោសលោកចាងហ្វាងពិតមែន
-ឯងដឹងពីលទ្ធផលដែលឯងកុហកខ្ញុំទេ? ហេតុអីក៏នាងធ្វើអ៊ីចឹង?
-មកពីលោកមិនព្រមទទួលអ្នកនិពន្ធជាមនុស្សស្រីហ្នឹងណា? (រ៉ាណេបន្លឺ និងមិត្តឯទៀតដើរចូលមក)
-កុំប្រាប់ថាពួកឯងសុទ្ធតែដឹងរឿងណា?
-ពួកយើងក៏ទើបតែដឹងដែរ?
-ពួកបងដឹងអ្ហេ!
-អាល្អិតឯងនេះ កុហកពួកយើងមករហូត
-សូមទោស!
-ពួកខ្ញុំមកនេះ គឺសូមឲ្យបង អភ័យទោសដល់នាងផង
-ការពិតវា ក៏មិនចង់ដែរ
-សូមលោកចាងហ្វាងមេត្តាផង
-នេះពួកឯងអង្វរជំនួសនាងផងអ្ហេ តើពួកឯងមានគិតពីអារម្មណ៍យើងទេ ហេតុអីក៏នាំគ្នាមកកុហកយើងយ៉ាងនេះ? ចំណែកនាង តើសប្បាយណាស់ទៅ អ្ហេ ដែលធ្វើខ្លួនប្រុសមិនដូចប្រុស ស្រីមិនដូចស្រី
-លោកចាងហ្វាង!
-បានហើយ! ពួកឯងត្រឡប់ទៅវិញសិនទៅ ចំណែករឿងកុងត្រា ចាំយើងពិចារណាសិន
-លោកចាងហ្វាង!
-ពួកឯងទៅធ្វើការពួកឯងទៅ ពិចិត្រឯងនៅទីនេះសិនហើយ
-ពួកយើងចេញទៅ
-ឯងដឹងរឿងយូរហើយ ហេតុអីក៏មិនប្រាប់បង?
-សូមទោស! ពីដំបូង ខ្ញុំក៏ប្រុងប្រាប់បងដែរ បងនៅចាំថ្ងៃដែលវិនីតមកសុំបើកប្រាក់មុនទេ? ថ្ងៃនោះហើយដែលនាងសុំអង្វរខ្ញុំ ព្រោះតែនាងត្រូវការលុយយកទៅវះកាត់ប្អូន
-អ៊ីចឹងឯងក៏សុខចិត្តកុហកបងបន្តទៀតបែបនេះអ្ហេ?
-បើបងដឹងហើយ តើបងនៅទទួលវិនីតជាអ្នកនិពន្ធទៀតទេ?
-អ្ហើយ! និយាយចុះនិយាយឡើង ពួកឯងនៅតែខ្លាចយើង បដិសេធវិនីត បងសួរឯងតាមត្រង់ តើឯងស្រលាញ់វិនីតមែនទេ…………ចុះសូរិយា?
-ខ្ញុំថា រឿងនេះមិនទាក់ទងនឹងគ្នាទេ បងក៏ដឹង អ្នកនិពន្ធមានសមត្ថភាពយ៉ាងនេះ យើងម៉េចនឹងអាចបាត់បង់នាងបាន
-តែបងធ្លាប់បោះបង់អ្នកនិពន្ធដែលមានសមត្ថភាពអស់ជាច្រើនហើយ ឬមួយឯងគិតថា បងអាចទទួលវិនីត?
-ខ្ញុំមិនដឹងមូលហេតុអ្វី បានជាបងមិនព្រមទទួលអ្នកនិពន្ធស្រីនោះទេ តែម្តងនេះបងមិនអាចបដិសេធនាងបានឡើយ
-ឯងចង់ដឹងមូលហេតុដែលធ្វើឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់នោះទេ គឺព្រោះតែខ្លាចឯងភ្លេចសូរិយា ឯងដឹងទេ?
-បងនិយាយអី!
-សូរិយាមិនដែលបំភ្លេចឯងម្តងណាឡើយ នាងតែងតែបារម្ភពីឯង ភ័យខ្លាចឯងទៅស្រលាញ់ស្រីផ្សេង បំភ្លេចនាងចោល ឯងដឹងទេ?
-បងចង់និយាយថា ព្រោះតែខ្ញុំ ទើបធ្វើឲ្យបងបដិសេធអ្នកនិពន្ធទាំងអស់នោះអ្ហេ? ហេតុអីក៏បងធ្វើអ៊ីចឹង?
-គឺព្រោះតែសូរិយានាងនៅស្រលាញ់ឯង
-តែការធ្វើបែបនេះ បងមិនគិតថា វាអាត្មានិយមពេកទេ? ដើម្បីប្អូនស្រីបង ចុះចំណែកខ្ញុំ បងពេញចិត្តនឹងការរស់នៅរបស់ខ្ញុំកន្លងមកទេ?
-រឿងនេះ!
-ខ្ញុំពិបាកណាស់ទើបឆ្លងផុតដំណាក់កាលឈឺចាប់ទាំងនោះ ឥឡូវ ខ្ញុំអាចរស់នៅបានដោយរីករាយហើយ បើសិនជាបង តើបងត្រឡប់ក្រោយទេ?…. ការរស់នៅដែលគ្មានក្តីសង្ឃឹមសូម្បីតែបន្តិច ស្រាប់តែឥឡូវ នាងក៏ថាត្រឡប់មករកខ្ញុំវិញ តើខ្ញុំគួរធ្វើយ៉ាងម៉េច? ពេលនេះ ខ្ញុំដឹងត្រឹមថា ខ្ញុំមិនដូចដើមទេ ខ្ញុំប្រែប្រួលហើយ ខ្ញុំលែងត្រូវការនាងដូចពីមុនទៀតហើយ តែខ្ញុំក៏មិនបានខឹង ឬស្អប់នាងនោះដែរ គ្រាន់តែឲ្យខ្ញុំទទួលនាងគឺមិនបានទេ ព្រោះខ្ញុំបានស្រលាញ់មនុស្សម្នាក់ផ្សេងរួចទៅហើយ
-មនុស្សម្នាក់នោះគឺវិនីតមែនទេ?
-បាទ!
-ចុះបើបងបដិសេធនាង ឯងគិតធ្វើយ៉ាងម៉េច?
-ខ្ញុំគិតថាបង មិនធ្វើបែបហ្នឹងទេ ព្រោះវិនីតគ្មានកំហុស បើចង់បន្ទោស គឺ
បន្ទោសខ្ញុំ ដែលធ្វើឲ្យនាងបាត់បង់ការងារយ៉ាងនេះ ខ្ញុំទៅវិញហើយ។
សូរិយាស្ទុះងាកទៅម្ខាងកុំឲ្យយុវជនឃើញ នាងខ្សឹកខ្សួលយ៉ាងខ្លាំង ស្ទើរតែ
ងើបដើរមិនរួច តែក៏ខំតាំងស្មារតីឡើងដើរចូលទៅជួបបងប្រុស។ ចំណែកវិនីត នាងមិនហ៊ានសម្លឹងមើលទៅក្រុមយុវជន ដែលកំពុងឈរនៅជុំវិញនាងឡើយ។ រ៉ាណេ
បន្លឺឡើង៖
-ឯងគ្មានពាក្យនិយាយជាមួយពួកយើងទេអ្ហេ?
-សូមទោស!
-ឯងនិយាយសូមទោស ជិតមួយលានដងហើយណា
-សូមទោស!
-បានហើយ! បងថាឯងហត់ហើយ ចូលទៅក្នុងបន្ទប់សម្រាកមួយភ្លែតសិនទៅ
វណ្ណានិយាយហើយ ក៏ដឹកដៃនាងចូលទៅក្នុបន្ទប់។ សុវណ្ណឧទាន៖
-ពួកយើងទៅក្រុមហ៊ុនវិញទៅ ពិចិត្រប្រហែលជារកពួកយើងហើយ
-អ៊ីចឹងក៏បាន
-ចុះបងវណ្ណា?
-ឲ្យគេទៅតាមក្រោយទៅ
វណ្ណានាំវិនីតទៅដល់ក្នុងបន្ទប់ហើយ ក៏ចេញទៅក្រុមហ៊ុនតាមក្រោយ។ ចំណែកវិនីតនាងគិតច្រើនណាស់ នាងគិតថា លោកចាងហ្វាងនឹងមិនទទួលនាងឡើយ។ គិតហើយគិតទៀត មធ្យោបាយមានតែមួយសម្រាប់ក្មេងស្រីម្នាក់នេះ គឺការចាកចេញ។ ពេលនេះ នាងកំពុងអង្គុយនៅក្នុងសួនច្បារក្បែរអីវ៉ាន់របស់ខ្លួន។ យុវតីដ៏តូចល្អិត នាងគិតថាការសម្រេចចិត្តរបស់នាងគឺត្រឹមត្រូវហើយ នាងសម្លឹងមើលមេឃ ហើយដកដង្ហើមធំ ទើបបន្លឺឡើង៖”មានរឿងអីដែលឯងត្រូវពិបាកចិត្ត ក្រែងឯងបានត្រៀមខ្លួនរួចហើយអ្ហេ? ពេលនេះ ឯងមិនមែនជាអ្នកនិពន្ធទៀតទេ! លាហើយ រាជធានីភ្នំពេញ!”។
វិនីតបានបន្លឺសំឡេងខ្លាំងៗ តែក៏ស្រាប់តែស្ងៀមមួយរំពេច៖
-ស្នាមញញឹម
យុវតីងាករកប្រភពសំឡេង នាងបានឃើញយ៉ាងច្បាស់នូវមនុស្សប្រុសវ័យកណ្តាលម្នាក់ ភិនភាគហាក់មិនមែនជាជនជាតិខ្មែរ ប៉ុន្តែហេតុអ្វីក៏ស្តាប់បទខ្មែរ ហើយជាបទ ដែលនាងនិពន្ធថែមទៀត។ នាងបានឃើញស្នាមញញឹមយ៉ាងច្បាស់របស់មនុស្សប្រុសនោះ តែចំណែកនាង បែរជារឹតតែក្រៀមក្រំ ព្រោះគិតថា ចាប់ពីថ្ងៃនេះទៅ បទចម្រៀងរបស់នាង នឹងគ្មានឱកាសចេញផ្សាយទៀតឡើយ។ វិនីតដកដង្ហើមធំទៀតហើយ ស្រាប់តែនាងភ្ញាក់ព្រើត នៅពេលបុរសកូនកាត់ម្នាក់នោះ ហុចកាសត្រចៀកមកឲ្យខ្លួន ដោយនិយាយភាសាខ្មែរទាំងរដិបរដុប៖”ស្តាប់ចម្រៀងនេះទៅ”។ វិនីតឈោងយកកាសត្រចៀកមកស្តាប់ នាងញញឹម លាយនឹងដំណក់ទឹកភ្នែក ដែលស្រក់ចុះ មិនអាចឃាត់បាន។ បុរសវ័យកណ្តាលក៏ទៅអង្គុយក្បែរនាង ហើយនៅតែនិយាយទាំងរដិបរដុបថា៖
-ស្តាប់បទនេះហើយនាងគួរតែញញឹម ហេតុអីក៏យំ?
-សូមទោស! ធ្វើឲ្យពូភ័យហើយ… លោកពូ មិនមែនជាជនជាតិខ្មែរទេមែនទេ?
-ត្រូវហើយ! ខ្ញុំជាជនជាតិចិន ខ្ញុំមកកម្ពុជាដើម្បីដើរកម្សាន្ត
-តែលោកពូនិយាយខ្មែរបានច្បាស់ណាស់
-ខ្ញុំមានមិត្តភក្តិម្នាក់ នាងជាជនជាតិខ្មែរ នាងជាអ្នកបង្រៀនខ្ញុំនិយាយ
-អ៊ីចឹងទេអ្ហេ! លោកពូចូលចិត្តស្តាប់បទនេះអ្ហេ?
-ត្រូវហើយ! នេះជាបទស្នាមញញឹម កាលពីស្តាប់ដំបូង ខ្ញុំពុំសូវយល់ន័យរបស់វាទេ តែបទភ្លេងនេះ ពីរោះខ្លាំងណាស់ វាបានចាក់ជ្រៅទៅក្នុងអារម្មណ៍របស់ខ្ញុំ ឲ្យនឹកទៅដល់អ្នកសរសេរបទភ្លេងនេះ
-នឹកដល់អ្នកសរសេរបទភ្លេង?
-ត្រូវហើយ! ឮថាអ្នកនិពន្ធបទភ្លេងនេះ គឺជាក្មេងប្រុសតូចម្នាក់ទើបតែមានអាយុ១៨ទៅ១៩ឆ្នាំប៉ុណ្ណោះ ខ្ញុំយល់ថា គេមានបេះដូងដ៏ស្រស់ស្អាត មានចិត្តស្រលាញ់តន្រ្តី ស្រលាញ់ពិភពលោក ពិសេសអ្នកនៅជុំវិញខ្លួន តើនាងធ្លាប់ជួបគេទេ?
-ខ្ញុំអ្ហេ!
-ខ្ញុំមកកម្ពុជាម្តងនេះ ក៏មានបំណងជួបនឹងគេដែរ និយាយឲ្យចំទៅ ខ្ញុំពេញចិត្តសមត្ថភាពរបស់គេណាស់
-តើលោកពូគិតទៅរកគេនៅឯណា?
-នៅផលិតកម្មនាគទេព តើនាងស្គាល់ទេ?
-ខ្ញុំស្គាល់ …………តែលោកពូប្រហែលជាមិនបានជួបនឹងគេទេ?
-ហេតុអី?
-ការពិត អ្នកនិពន្ធបទភ្លេងនេះ ជាមនុស្សស្រីទេ
-នាងចង់បានន័យថាម៉េច?
-ការពិតញអ្នកនិពន្ធបទចម្រៀងនេះ ជាមនុស្សស្រីទេ ប៉ុន្តែបន្លំខ្លួនជាមនុស្សប្រុស នាងបានសារភាពហើយ ហើយក៏ដឹងខ្លួនខុសដែរ ដែលកុហកអ្នកគ្រប់គ្នា ទើបនាងសម្រេចចិត្តចាកចេញទៅ
-អ៊ីចឹងគេឈប់ធ្វើជាអ្នកនិពន្ធហើយអ្ហេ?
-គេក៏មិនចង់ឈប់ដែរ ប៉ុន្តែបើគេនៅតទៅទៀត គេនឹងធ្វើឲ្យអ្នកជុំវិញខ្លួនមិនសប្បាយចិត្ត
-ចុះពេលនេះ នាងដឹងទេថាគេនៅឯណា?
-គេកំពុងតែចាកចេញហើយ ទៅស្រុកកំណើតរបស់ខ្លួនវិញដោយគ្មានអ្នកណា
ដឹងឡើយ
-អ៊ីចឹងខ្ញុំលានាងទៅមុនហើយ សំណាងល្អណា ត្រូវញញឹមឲ្យបានច្រើនណា
-អរគុណលោកពូ
ទោះជាយ៉ាងណា វិនីតពិតជាសប្បាយចិត្តនៅពេលដែលឃើញបទចម្រៀងរបស់នាង ទទួលការពេញនិយមយ៉ាងនេះ សូម្បីតែជនជាតិចិនម្នាក់នេះ ក៏ចូលចិត្តបទចម្រៀងរបស់នាងដែរ។ នាងលើកកាបូបស្ពាយ ហើយញញឹមដើរចេញទៅ។
ពិចិត្រមកដល់ផ្ទះមុនយុវជនទាំងអស់ ក៏ស្ទុះទៅរកវិនីត តែក្នុងបន្ទប់មិនឃើញស្រមោលវិនីតឡើយគឺមានតែសំបុត្រមួយច្បាប់ដែលទុកនៅលើតុ។ យុវជនស្ទុះរត់ចេញមកក្រៅ ហើយបើកឡានចេញទៅ។ វិនីតអង្គុយលើឡានក្រុងដោយទឹកមុខស្រពោន នាងមិនបានឮសូរសំឡេងដែលពិចិត្រស្រែកហៅនាងឡើយ។ ឡានបានចាកចេញពីបេនទៅហើយ ឯចរាចរណ៍ក៏ស្ទះចង្អៀតទៀត ពិចិត្រថយឡានបើកទៅតាមផ្លូវមួយទៀត។
ថ្លែងពីយុវជនទាំងអស់ មកដល់ផ្ទះមានសភាពស្ងាត់ជ្រងំ រ៉ាណេឃើញសំបុត្រវិនីត ដែលពិចិត្រដាក់នៅលើតុ ក៏បន្លឺឡើង៖
-ស្រីច្រម៉ក់នេះ ចាកចេញពីយើងហើយ
-ឯងនិយាយអី?
-ពួកបងអានសំបុត្រនេះទៅ
-ឲ្យខ្ញុំសូមទោសពួកបងផង អរគុណកន្លងមក ដែលពួកបងថែរក្សាខ្ញុំ ស្រលាញ់ខ្ញុំដូចជាបងប្អូន តែខ្ញុំមិនចង់បង្កការលំបាកដល់ពួកបងទៀតទេ ខ្ញុំទៅស្រុកវិញហើយ សូមថែរក្សាខ្លួនផង សូមទោស! វិនីត
-តើនរណាចង់ឲ្យនាងទៅនោះ? (វណ្ណាឧទាន)
-តើពិចិត្រដឹងរឿងនេះទេ? (សុវណ្ណបន្លឺ)
-ខ្ញុំតេទៅគាត់! អាឡូ តើបងនៅឯណា?
-ពួកឯងឃើញសំបុត្រហើយមែនទេ
-បាទ!
-បងទៅយកវិនីតមកវិញ បានហើយ បងកំពុងបើកឡាន ចាំបងទាក់ទងទៅឯងវិញ
-បាទបង! បងត្រូវតែយកនាងមកវិញឲ្យបានណាបង
-យ៉ាងម៉េចហើយ?
-គាត់ទៅតាមរកវិនីតហើយ ពួកយើងកុំបារម្ភអី
ពិចិត្របើកឡានមកដល់ស្ទោង នាយឈរចាំនៅមាត់ទ្វារឡានក្រុង ដែលចុះសម្រាកនៅក្នុងភោជនីយដ្ឋាន។ វិនីតដើរចុះពីឡានមក ក្នុងអាការដូចជាហត់ហេវ
ណាស់ តែត្រូវភ្ញាក់មួយរំពេច នៅពេលឃើញពិចិត្រឈរសម្លឹងមើលមក៖
-បង!
-ទៅយកអីវ៉ាន់មក ពួកយើងត្រឡប់ទៅវិញ
-ខ្ញុំមិនទៅវិញទេ
-ឯងជាមនុស្សបែបនេះអ្ហេ?
-ខ្ញុំមិនចង់ព្រោះតែខ្ញុំធ្វើឲ្យពួកបងពិបាកនោះទេ
-តើពួកបងពិបាករឿងអី?
-លោកចាងហ្វាងមិនខឹងនឹងបងទេអ្ហេ?
-បើឯងមិនត្រឡប់ទៅវិញទើបគាត់ខឹងនឹងបង…… គាត់ឲ្យបងមកនាំឯងទៅចុះកុងត្រា ឯងដឹងទេ?
-ថាម៉េច!
-ឬឯងមិនចង់ទៅវិញទេ?
-ខ្ញុំទៅៗ! បងចាំខ្ញុំមួយភ្លែតណា
វិនីតរត់ទៅយកអីវ៉ាន់ហើយក៏ទៅប្រាប់ពូតៃកុងឡាន។ យុវវ័យទាំងពីរក៏ធ្វើដំណើរត្រឡប់មកវិញ ប៉ុន្តែមេឃក៏ផ្តើមងងឹត ព្រះភិរុណក៏ចាប់ផ្តើមបង្អុរខ្ពោក។ មកដល់ផ្ទះសំណាក់មួយ យុវជនក៏ឈប់នៅទីនោះ៖
-ពួកយើងសម្រាកនៅទីនេះសិនហើយ ចាំស្អែកចាំបន្តដំណើរទៀត…..ឯងឈរធ្វើអីទៀត ឆាប់ចូលមក
-ចាស!
-តើពួកលោកត្រូវការអីដែរ? (អ្នកធ្វើការក្នុងផ្ទះសំណាក់សួរ)
-ខ្ញុំត្រូវការបន្ទប់ស្នាក់នៅមួយយប់
-បន្ទប់អ្ហេ! សូមចាំមួយភ្លែត………….តើលោកត្រូវការប៉ុន្មានបន្ទប់ដែរ?
-ពីរបន្ទប់ (វិនីតតប)
-សូមទោស! ពួកយើងនៅសល់តែមួយបន្ទប់ទេ
ពិចិត្រសម្លឹងទៅវិនីត អ្នកទទួលភ្ញៀវបន្ត៖
-អ្នកទាំងពីរ?
-អូ! នាងជាប្អូនស្រីខ្ញុំ
-អ៊ីចឹងមានអីឯណា ខ្ញុំថាមេឃនេះ មិនងាយរាំងភ្លៀងទេ លោកគួរតែស្នាក់នៅមួយយប់សិនទៅ តើលោកគិតយ៉ាងម៉េចដែរ?
-មិនអីទេ! ពួកខ្ញុំស្នាក់នៅ
-អញ្ជើញមកតាមខ្ញុំមក………….នេះជាបន្ទប់ពួកលោកហើយ បើលោកត្រូវការអី លោកអាចតេទៅសេវាកម្មពួកខ្ញុំបាន
-បាទអរគុណ
-ខ្ញុំទៅវិញហើយ
-បាទ ចាស!
-អ្ហើយ! ទីបំផុតបានសម្រាកហើយ
ពិចិត្រប្រាសខ្លួនទៅលើគ្រែ ភ្លេចគិតពីវិនីតដែលកំពុងឈរទ្រឹង មិនដឹងថាត្រូវដេកកន្លែងណា។ យុវជនបន្លឺ៖
-ឯងមិនគេងទេអ្ហេ?
-ខ្ញុំ……………
-ពួកយើងមិនមែនមិនធ្លាប់គេងគ្រែជាមួយគ្នាឯណា មែនទេ? ឆាប់មកគេងមក
-ខ្ញុំគេងខាងក្រោមបានហើយ (វិនីតអង្គុយទៅលើការ៉ូ)
-បងនិយាយលេងតើ ឯងទៅគេងលើគ្រែទៅ (ពិចិត្របោះខ្នើយហើយ ក៏ទៅគេងក្បែរវិនីត)
-មិនអីទេ បងគេងលើគ្រែទៅ ខ្ញុំគេងត្រង់នេះបានហើយ
-តែបងសម្រេចថាគេងត្រង់នេះហើយ ឬឯងចង់គេងក្បែរបងដែរ?
-អ្នកណាចង់គេងក្បែរបង!
វិនីតស្ទុះទៅគេងលើគ្រែ។ ទាំងពីរនាក់ក៏លង់លក់ទៅ។
សូរិយាកំពុងធ្វើការនៅក្នុងបន្ទប់ គ្រាន់តែក្រឡេកឃើញលោកហ្វុន ចូវលី នាងក៏ស្ទុះងើបឡើងទៅទទួលរាក់ទាក់ដោយក្តីរំភើបរីករាយ៖
-លោកអញ្ជើញមកដល់ពីព្រលឹមតែម្តង
-បើកុំតែនាងឃាត់ ម្ល៉េះខ្ញុំមករកនាងតាំងពីយប់ម៉្លេះ
-អញ្ជើញអង្គុយសិនទៅ
-នាងដឹងច្បាស់ហើយ ថាខ្ញុំមកកម្ពុជាក៏ព្រោះតែអ្នកនិពន្ធវ័យក្មេងម្នាក់នោះ ចុះពេលនេះគេនៅឯណា?
-បន្តិចទៀតគេប្រហែលជាមកដល់ហើយ លោកអញ្ជើញពិសាទឹកសិនទៅ
-ក្រុមហ៊ុននាងមិនមែនបដិសេធនឹងវិនីតទេអ្ហេ?
-ម៉េចក៏លោកសួរអ៊ីចឹង?
-ព្រោះតែវិនីតជាមនុស្សស្រីមិនមែនជាមនុស្សប្រុសទេ
-ហេតុអីក៏លោកដឹងរឿងនេះ?
-ខ្ញុំបានឮក្មេងស្រីម្នាក់និយាយ តើវាជារឿងពិតទេ?
-មិនពិតទេ! ថ្វីត្បិតតែវិនីតបានកុហកពួកយើង តែពួកយើងមិនអនុញ្ញាតឲ្យនាងឈប់ឡើយ លោកកុំបារម្ភអី………អូ! នោះបងប្រុសរបស់ខ្ញុំមកដល់ហើយ
-ជម្រាបសួរលោក
-បាទ! សួស្តី
-លោកនិយាយភាសាខ្មែរបានច្បាស់ល្អណាស់
-ត្រូវអរគុណប្អូនស្រីរបស់លោកហើយ នាងជាគ្រូដ៏ល្អរបស់ខ្ញុំ
-អរគុណ
-តើពេលណា ខ្ញុំអាចជួបវិនីត និងយុវជនមួយក្រុមនោះ?
-សូមលោកចាំបន្តិចទៀតទៅ ពួកគេកំពុងតែធ្វើដំណើរមកហើយ…សូមទោស!
លោកប្រាក់នាគទទួលទូរស័ព្ទហើយ បែរជាអស់សង្ឃឹមខ្លាំងណាស់ លោកស្រដីទៅកាន់លោកចូវលី៖
-សូមទោសលោក គ្រួសារវិនីតមានរឿងកើតឡើង ពួកគេប្រហែលជាមិនបានមកជួបលោកនៅក្នុងថ្ងៃនេះទេ
-បានន័យថា នាងមិននៅក្នុងរាជធានីភ្នំពេញនេះទេ មែនទេ?
-បាទ!
-ពីរថ្ងៃទៀត ខ្ញុំត្រូវត្រឡប់ទៅវិញហើយ តើខ្ញុំអាចបានជួបនឹងពួកគេទេ?
-បាទប្រាកដណាស់លោក ខ្ញុំនឹងទាក់ទងទៅលោកនៅពេលក្រោយ
-សម្រេចអ៊ីចឹងចុះ! ខ្ញុំត្រឡប់ទៅវិញហើយ សូរិយា ខ្ញុំលានាងសិនហើយ
-ចាសលោក
-អ្ហើយ!
-តើពួកគាត់ទៅណាបង?
-ពិចិត្រជូនវិនីតទៅសៀមរាបហើយ
-ពួកគេទៅតែពីរនាក់ទេអ្ហេ?
-មិនដឹងទេ!
បន្ទាប់ពីទទួលបានទូរស័ព្ទរបស់ម្តាយហើយ វិនីតពិតជាបារម្ភខ្លាំងណាស់។ គ្រាន់តែចុះទៅដល់មុខផ្ទះភ្លាម នាងស្ទុះរត់ចូលទៅក្នុងផ្ទះ ប៉ុន្តែពុំមានឃើញនរណាសោះ តារាក៏មកដល់៖
-វិនីត! សួស្តីបង
-តារា! ឯណាម៉ែ និងប្អូនខ្ញុំ
-ពួកគាត់អញ្ជើញទៅប៉ុស្តិ៍ប៉ូលីសហើយ
-ពួកយើទៅប៉ុស្តិ៍ប៉ូលីសទៅ
វិណាតត្រូវប៉ូលីសចាប់ ពីបទនៃការប្រើប្រាស់ថ្នាំញៀន។ ពេលនេះ យុវជនស្ថិតក្នុងសភាពញៀនថ្នាំនៅឡើយ។ អ្នកមីងវិណា ខ្សឹកខ្សួលខ្លាំងណាស់ គាត់ស្ទើរតែទប់ខ្លួនមិនជាប់ ហេតុអ្វីក៏កូនប្រុសរបស់គាត់ក្លាយជាយ៉ាងនេះ? វិនីតតាំងស្មារតីដើរចូលទៅរកប្អូននិងម្តាយ ដែលកំពុងស្រក់ទឹកភ្នែក៖
-ម៉ែ!
-អ្នកមីងជាអាណាព្យាបាលរបស់សា វិណាតអ្ហេ?
-ចាស! តើខ្ញុំគួរធ្វើយ៉ាងណាលោកប៉ូលីស
-បើអ្នកមីងសហការជាមួយប៉ូលីស អ្នកមីងត្រូវតែបញ្ជូនកូនអ្នកមីង ទៅមណ្ឌលកែប្រែ ដើម្បីព្យាបាលការញៀនថ្នាំ
-ខ្ញុំមិនទៅទេម៉ែ ឲ្យថ្នាំមកខ្ញុំ
វិណាតស្រែកឡើងក្នុងអាការៈពិបាកខ្លាំងណាស់នៅក្នុងខ្លួន។ ដោយឃើញយុវជនស្ថិតក្នុងសភាពយ៉ាប់យឺនពេក ប៉ូលីសក៏នាំគេចូលទៅក្នុងប៉ុស្តិ៍វិញ។ ចំណែកវិនីត ឃើញសុខភាពម្តាយហាក់មិនស្រួលទាល់តែសោះ ក៏ឲ្យវិនាតនាំគាត់ត្រឡប់មកផ្ទះមុន៖
-បងជូនឯង និងអ្នកមីងទៅ
-មិនអីទេបង ខ្ញុំជិះម៉ូតូមក បងនៅជាមួយបងវិនីតឲ្យបានជាគ្នាទៅ តោះម៉ែ
ពិចិត្រទូរស័ព្ទចេះតែរោទិឥតឈប់ នាយក៏បិទទូរស័ព្ទចោល ហើយក៏ចូលទៅអង្គុយក្បែរវិនីត។ យុវតីបានសហការជាមួយប៉ូលីស នាងបានចូលទៅនិយាយលួងលោមប្អូននៅក្នុងបន្ទប់៖
-បងនៅចាំខ្ញុំខាងក្រៅហើយ
-អ៊ឺ!
វិនីតដើរចូលទៅអង្គុយពីមុខប្អូន ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះ៖
-សូមទោស ដែលបងមិនបានមើលថែរក្សាឯងឲ្យបានល្អ បើបងដឹងថា មានរឿងបែបនេះកើតឡើងចំពោះឯង បងមិនចាកចោលផ្ទះនោះទេ បងសូមអង្វរ តើបានទេ ទៅមណ្ឌលកែប្រែជាមួយបងទៅណា!
វិនីតឈោងចាប់កាន់ដៃប្អូនដែលស្ថិតក្នុងភាពញ័រទទ្រើត។ វិណាតខំពង្រឹងស្មារតីឡើង ហើយស្រដីទាំងទឹកភ្នែក៖
-សូមទោស!…….ខ្ញុំខុសហើយបង ខ្ញុំមិនគួរណាជឿតាមមិត្តភក្តិ ហើយមានចិត្តចង់សាកល្បងយ៉ាងនេះទេ
ទាំងពីរនាក់បងប្អូនយំឱបគ្នាជាប់។ ចំណែកពិចិត្រកំពុងឈរនិយាយទូរស័ព្ទតិចៗនៅក្រៅបន្ទប់ជាមួយលោកប្រាក់នាគ៖
-បងឲ្យឯងឆាប់នាំវិនីតត្រឡប់មកវិញ
-ពួកយើងទៅមិនទាន់បានទេបង
-តើពួកឯងកំពុងតែធ្វើអីហ្នឹង ឯងដឹងទេ ឯងកំពុងតែធ្វើឲ្យបាត់បង់ឱកាសល្អហើយណា?
-ប៉ុន្តែ………….
-អ៊ីចេះទៅ បើវិនីតមកមិនទាន់បានទេ ឯងត្រឡប់មកមុននាងសិនមក គាត់ក៏ចង់ជួបឯងដែរ
-តែខ្ញុំមិនអាចទៅចោលវិនីតបានទេ?
-ទុកឲ្យខ្ញុំនិយាយបង…ខ្ញុំគឺសូរិយាណាបង! ក្រុមហ៊ុននៅចិន គាត់ចង់សហការជាមួយពួកយើង គាត់ពិតជាចង់ជួបវិនីត ហើយនិងបងពិតមែន តែថ្ងៃស្អែកនេះ គាត់ត្រូវត្រឡប់ទៅវិញហើយ បើវិនីតមិនអាចមកជាមួយបងបាន បងគួរតែត្រឡប់មកមុននាងសិនបានទេ?
-សូមទោស ខ្ញុំទៅមិនបានទេ!
-វាជាក្តីស្រមៃរបស់បងណា នេះជាឱកាសតែមួយគត់
-បើគាត់ពិតជាចង់ជួបពួកយើងមែន គាត់ក៏អាចរង់ចាំពួកយើងបានដែរ សូមទោសផង ខ្ញុំមិនអាចត្រឡប់ទៅវិញនៅពេលនេះបានទេ
-អាឡូ! អាឡូ!
-ពួកគាត់ហៅបងត្រឡប់ទៅវិញអ្ហេ?
-គ្មានទេ! តើវិណាតយ៉ាងម៉េចហើយ?
-គេយល់ព្រមទៅមណ្ឌលកែប្រែហើយ យកល្អបងត្រឡប់ទៅវិញមុនទៅ កុំឲ្យលោកចាងហ្វាង និងអ្នកនាងសូរិយាបារម្ភ
-បងមិនទៅចោលឯងទេ ថ្ងៃស្អែក បងជូនឯងទៅ មក! បងជូនឯងទៅផ្ទះ
ពិចិត្រកៀកស្មាវិនីតដើរចេញពីប៉ុស្តិ៍ប៉ូលីសរហូតទៅដល់ឡាន។ បន្ទាប់ពីជូនវិនីតទៅដល់ផ្ទះហើយ នាយក៏ទៅសម្រាកនៅផ្ទះសំណាក់។ ចំណែកយុវជនទាំងអស់គឺមានការព្រួយបារម្ភណាស់ បន្ទាប់ពីតេទៅពិចិត្រហើយ វណ្ណាក៏តេទៅរកយុវតី៖
-អាឡូ!
-បងគ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ
-មិនអីទេ! តើពួកបងសុខសប្បាយទេ?
-ពួកបងមិនអីទេ!
-តើក្រុមហ៊ុនមានបញ្ហាអីមែនទេ?
-គ្មានទេ! ឯងកុំបារម្ភអី បានហើយ! ប្រញាប់ចូលគេងទៅ
-ចាស!
-អ្ហើយ! ស្រីច្រម៉ក់នោះ ប្រហែលជាពិបាកចិត្តខ្លាំងណាស់ហើយមើលទៅ
-បងពិចិត្រសុខចិត្តបោះបង់ឱកាសមួយនេះ ក៏ព្រោះតែចង់នៅលួងលោមនាងហើយមើលទៅ
ពិចិត្រ និងក្រុមគ្រួសារវិនីត បានជូនវិណាតទៅដល់មណ្ឌលកែប្រែខេត្តបន្ទាយមានជ័យ។ ម្តាយ ប្អូនស្រី រួមទាំងវិនីតឈរសម្លឹងទៅវិណាត ដោយភាពក្រៀមក្រំ ប៉ុន្តែទោះបីជាទឹកភ្នែកស្រក់ចុះ ក៏ទឹកមុខពួកគាត់ នៅតែញញឹមទៅរកកូន ឲ្យកូនតាំងស្មារតីឡើង ពួកគាត់មិនទុកឲ្យយុវជនម្នាក់នេះឲ្យស្ថិតក្នងភាពឯកាឡើយ ហើយនឹងនៅចាំទទួលកូនគ្រប់ពេលវេលា។ វិណាតដឹងច្បាស់ពីដឹងចិត្តក្រុមគ្រួសារមកលើខ្លួន យុវជនលុតជង្គង់ចុះ សម្រក់ទឹកភ្នែក ហើយលើកដៃទាំងពីរប្រណម្យឡើង៖
-កូនសូមទោស! កូននឹងខិតខំប្រឹងប្រែងកែប្រែខ្លួនមិនឲ្យខុសឆ្គងទៀតឡើយ បងស្រី! រឿងទាំងអស់មិនមែនជាកំហុសបងទេ មកពីខ្ញុំមិនល្អ មិនស្តាប់បង្គាប់ តែបងកុំបារម្ភពីខ្ញុំអី ខ្ញុំសន្យានឹងបង ខ្ញុំនឹងប្រឹងប្រែង ដើម្បីផ្តាច់ថ្នាំឲ្យបាន ប្អូនស្រី! ឯងមើលថែម៉ែផងណា
-ចាស! បងកុំបារម្ភអី
-អ្នកទាំងអស់គ្នាត្រឡប់ទៅវិញចុះ បងពិចិត្រ! ខ្ញុំចង់និយាយជាមួយបងបន្តិច តើបានទេ?
-បាន!
-ពួកខ្ញុំចាំបង នៅខាងមុខ
វិនីត និងប្អូននាំម្តាយមកអង្គុយចាំនៅលើកៅអីបង់ក្រោមដើមឈើមួយក្នុងបរិវេណមណ្ឌល។ យុវតីឲ្យប្អូននៅកំដរម្តាយ ចំណែកខ្លួនក៏ដើរមើលជុំវិញទីធ្លានោះ។នាងសម្លឹងមើលគ្រប់អ្វីៗ ស្រាប់តែពិចិត្របន្លឺឡើង៖
-ហេតុអីក៏នៅទីនេះ?……..យ៉ាងម៉េច ខ្លាចវិណាតមិនទម្លាប់អ្ហេ?
-តាំងពីតូចមក គេមិនដែលទៅឆ្ងាយផ្ទះទេ ការពិត ទីនេះស្រស់ស្អាតណាស់ ខ្ញុំមិនដែលនឹកគិតថា ខ្ញុំអាចចូលមកដល់ទីនេះឡើយ
-បានហើយ! កុំគិតច្រើនពេកអី វិណាតយល់ព្រមកែប្រែហើយ ឯងគួរតែសប្បាយចិត្ត តាំងស្មារតីឡើងដើម្បីគេ
-ខ្ញុំគិតថា ប្រសិនជាគ្មានទីនេះ តើវិណាតនឹងទៅជាយ៉ាងណា? អរគុណលោកជំទាវប៊ុនរ៉ានីនិងសម្តេចខ្លាំងណាស់ ដែលបង្កើតឲ្យមានទីកន្លែងនេះឡើង ត្រូវហើយ! តើវិណាតនិយាយអីជាមួយបងខ្លះ?
-គ្មានអីទេ! គេគ្រាន់តែផ្តាំផ្ញើបង ឲ្យជួយមើលឯងប៉ុណ្ណោះ បងជឿថា វិណាតនឹងខំប្រឹងប្រែងដើម្បីកែប្រែខ្លួន ឯងកុំបារម្ភ គេអាចធ្វើបាន ពួកយើងត្រឡប់ទៅវិញទៅ
យុវជន និងវិនីតត្រឡប់មកដល់កន្លែង ដែលមីងវិណារង់ចាំ ស្រាប់តែទូរស័ព្ទយុវជនបន្លឺឡើង។ នាយឃើញច្បាស់ថា ជាលេខរបស់លោកប្រាក់នាគ ក៏ដើរចេញមកក្រៅ៖
-សូមទោស! ខ្ញុំស្តាប់ទូរស័ព្ទសិន……………..អាឡូបង!
-វិនីតនៅក្បែរឯងទេ បងតេទៅនាងមិនចូល បងចង់និយាយជាមួយនាង
-អត់ទេ! នាងមិននៅក្បែរខ្ញុំទេ បងមានការអីនិយាយជាមួយខ្ញុំមក
-ពេលណាទើបឯងត្រឡប់មកវិញ?
-មិនទាន់ដឹងទេបង?
-បងដឹង! ថាវិនីតកំពុងមានបញ្ហា តែឯងគួរតែលួងលោមនាង ឲ្យនាងឆាប់ត្រឡប់មកវិញមក នេះជាឱកាសតែមួយគត់របស់ពួកឯង
-អាចឲ្យខ្ញុំនិយាយជាមួយគេបានទេ?
-បានលោក!
-អាឡូ! ខ្ញុំហ្វុង ចូវលីជាជនជាតិចិន ដែលចង់ជួបពួកលោក និងវិនីត
-បាទ! ជម្រាបសួរលោក
-ខ្ញុំដឹងថា ពួកលោកមានបញ្ហាកើតឡើង ហើយប្រហែលជាវិនីត ទទួលរងសម្ពាធធ្ងន់ធ្ងរណាស់ហើយមែនទេ ទើបលោកមិនអាចមកចោលនាងបាន ប៉ុន្តែស្អែកនេះ ខ្ញុំមានការប្រញាប់ត្រូវត្រឡប់ទៅវិញហើយ ខ្ញុំពិតជាចង់ជួបពួកលោកមែន
ពិចិត្រគិតមួយសន្ទុះ ក៏នឹកដល់សំដីដែលវិណាតនិយាយជាមួយខ្លួន ក៏បន្លឺ៖
-បាន! ខ្ញុំនឹងព្យាយាមនាំវិនីតត្រឡប់ទៅវិញ
-អរគុណហើយ
បន្ទាប់ពីត្រឡប់ពីបន្ទាយមានជ័យវិញ ពិចិត្រក៏និយាយជាមួយវិនីត៖
-ប៉ុន្មានថ្ងៃមុន លោកចាងហ្វាងតេមកបង គឺព្រោះតែចង់ឲ្យបងនាំឯងត្រឡប់ទៅវិញ ការពិតផលិតករនៅក្នុងក្តីស្រមៃរបស់ឯងនោះ គាត់បានមកដល់ក្រុមហ៊ុនយើងគឺដើម្បីជួបឯង គាត់ពេញចិត្តចំពោះស្នាដៃឯង ហើយពេលនេះគាត់កំពុងតែរង់ចាំឯង ឯងត្រឡប់ទៅភ្នំពេញជាមួយបងទៅ បានទេ?
-ខ្ញុំមិនទៅទេ! ខ្ញុំមិនចង់ចាកចោលផ្ទះទៀតទេ
-វិនីត! វាមិនមែនជាកំហុសរបស់ឯងទេ ឯងបានខិតខំប្រឹងប្រែងហើយ
-ខ្ញុំចង់រង់ចាំវិណាត ចង់ឃើញគេត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ពេលនោះពួកយើងបីនាក់បងប្អូន នឹងដូចជាពេលមុនអ៊ីចឹង ពួកយើងសប្បាយរីករាយជួយម៉ែធ្វើការងារ ឬក៏អាចរកការងារជិតនេះធ្វើដើម្បីរកប្រាក់ ជីវភាពបែបនេះ វាប្រសើរណាស់សម្រាប់គ្រួសារយើង បងត្រឡប់ទៅវិញទៅ ទោះជាគ្មានខ្ញុំ ក៏ខ្ញុំជឿថា បងអាចធ្វើវាបាន កុំបារម្ភអី ខ្ញុំនឹងរស់ដោយសេចក្តីសុខ
-តើឯងកំពុងនិយាយអីហ្នឹង?
-ទោះយ៉ាងណា ខ្ញុំមិនត្រឡប់ទៅវិញទេ
-វិនីត! តើចិត្តតស៊ូ និងក្តីស្រមៃរបស់ឯងទៅណាអស់ហើយ?
-ព្រោះតែក្តីស្រមៃហ្នឹងឯងទើបធ្វើឲ្យប្អូនខ្ញុំ ក្លាយជាយ៉ាងនេះ
-វាមិនមែនជាកំហុសឯងឯណា
-វាជាកំហុសខ្ញុំ ខ្ញុំជាបងមិនល្អ ធ្វើឲ្យប្អូនធ្លាក់ខ្លួនដល់ថ្នាក់នេះ
-វិណាតដឹងខ្លួនហើយ តែគេមិនបានបន្ទោសឯងទេ ឯងដឹងថា គេនិយាយអ្វីខ្លះជាមួយបងទេ គេដឹងថាឯង ប្រាកដជាឈឺចិត្តខ្លាំងណាស់ចំពោះគេ គេឲ្យបងមើលថែឯង ជួយឲ្យក្តីស្រមៃឯងក្លាយជាការពិត គេមិនចង់ឲ្យព្រោះតែគេ ធ្វើឲ្យឯងបាក់ទឹកចិត្តបន្ទោសខ្លួនឯងយ៉ាងនេះទេ គេចង់ឃើញឯងសម្រេចក្តីបំណងឯងដឹងទេ? គេចង់ឃើញបងស្រីរបស់ខ្លួនជាមនុស្សជោគជ័យ មិនចង់ឃើញឯងបរាជ័យដូចជាខ្លួនគេនោះទេ ស្តាប់បានទេ? បងដឹងថា ឯងស្រលាញ់ និងបារម្ភពីប្អូន ប៉ុន្តែបើពួកគេដឹងថា ឯងសម្រេចចិត្តបែបនេះ វិណាត និងវិនាតនឹងមិនខុសពីឯងពេលនេះទេ ឯងធ្លាប់ស្តីបន្ទោសបងជាមនុស្សមិនបានការក្តីស្រមៃតូចចង្អៀត តែបងបានប្រឹងប្រែងហើយ ពេលនេះជាឱកាសល្អសម្រាប់ឯងហើយ ក្រែងឯងចង់ឲ្យមនុស្សទូទាំងពិភពលោកស្តាប់ចម្រៀងឯងអ្ហេ? បងអាចត្រឡប់ទៅវិញដោយគ្មានឯង ប៉ុន្តែមនុស្សជាច្រើន មិនអាចបាត់បង់ឯងទេ
ពិចិត្រក្រសោបដៃវិនីត ហើយក៏ដាក់ក្បាលនាងមកលើស្មារបស់ខ្លួន។ វិនីតនៅតែខ្សឹកខ្សួលមិនអាចតបស្តីអ្វីទាំងអស់។ យុវជនអង្អែលក្បាលនាងថ្នមៗ៖
-ឯងទៅសម្រាកទៅ ស្អែកព្រឹកបងនៅចាំឯងនៅផ្ទះសំណាក់ បងមិនចង់ចាកចេញទៅដោយគ្មានឯងទេ
ពិចិត្រស្រដីហើយ ក៏ចេញទៅ។ ទោះបីជាមានគំនិតជាអ្នកនិពន្ធ តើយ៉ាងម៉េច? វិនីតនៅតែមានគំនិតក្មេងខ្ចី ទឹកចិត្តនៅតែធ្លាក់ចុះ ការតស៊ូស្ទើរតែបាត់អស់។ នាងអង្គុយសញ្ជប់សញ្ជឹងនៅលើគ្រែតែម្នាក់ឯង។ សំឡេងគោះទ្វារបន្លឺឡើង៖
-កូនយ៉ាងម៉េចហើយ?
-មិនអីទេម៉ែ!
-កូនត្រឡប់ទៅភ្នំពេញវិញទៅ………….ខុសមកពីម៉ែ ដែលមិនបានថែទាំប្អូនឯង
ឲ្យបានល្អ
-ម៉ែ!
-វិណាតទៅជាយ៉ាងនេះហើយ បើឯងបោះបង់ក្តីស្រមៃរបស់ឯង ព្រោះតែរឿងនេះ
ម៉ែរឹតតែខុសធ្ងន់ថែមទៀត
-ម៉ែ!
-ម៉ែ និងប្អូនៗឯងសុទ្ធតែចង់ស្តាប់ចម្រៀងរបស់ឯង ម៉ែសន្យា ម៉ែនឹងមើលថែប្អូនឯងឲ្យបានល្អ មិនឲ្យរឿងបែបនេះកើតឡើងទៀតទេ
-បងកុំបារម្ភអី ខ្ញុំនឹងធ្វើជាកូនល្អ ជាប្អូនល្អរបស់បង ហើយចាំបងប្រុស ចេញមកវិញ ពួកខ្ញុំនឹងទៅលេងបង …..ខ្ញុំជួយរៀបចំអីវ៉ាន់ឲ្យបង
-ម៉ែចង់ឃើញវិនីតសម្រេចក្តីស្រមៃរបស់ខ្លួន ចង់ឃើញក្មេងស្រី ដែលជាកម្មករ
ម្នាក់ ក្លាយជាកវីដ៏មានសមត្ថភាពនិងមានឆន្ទៈពិតប្រាកដ
-ម៉ែ!
-ខ្ញុំរៀបចំរួចហើយ! ពេលនេះបងពិចិត្រប្រហែលជាចាំបងហើយ តោះ! ខ្ញុំជូនបងទៅ
-កូនទៅចុះ! ថែរក្សាខ្លួនឲ្យបានល្អណា
-កូនជម្រាបលាម៉ែហើយ
ពិចិត្រឈរចាំវិនីតនៅមុខផ្ទះសំណាក់អស់រយៈពេលជិតមួយម៉ោងទៅហើយ។ គ្រាន់តែក្រឡេកឃើញវិនាតភ្លាម នាយសប្បាយចិត្តណាស់។ លុះមកដល់រាជធានីភ្នំពេញភ្លាម យុវជនទាំងអស់ រួមទាំងវិនីតក៏ទៅជួបលោកចាងហ្វាងភ្លាមតែម្តង។ វិនីតបន្លឺឡើងដោយការភ្ញាក់ផ្អើល៖
-លោកពូ!
-គឺនាង! នាងគឺវិនីតអ្ហេ?
-លោកស្គាល់នាងអ្ហេ?
-នាងជាក្មេងស្រីដែលខ្ញុំបានជួបនៅក្នុងសួនច្បារ
-គឺនាងហ្នឹងហើយ ជាអ្នកនិពន្ធដែលលោកចង់ជួបនោះ
-my god!
-លោកពូជាផលិតករ និងជាអ្នកនិពន្ធបទភ្លេងនោះអ្ហេ?
-ត្រូវហើយ នាងក៏ស្គាល់ខ្ញុំដែរអ្ហេ?
-ចាស! ហេតុអីក៏ថ្ងៃនោះ ខ្ញុំមិនបានចាប់អារម្មណ៍សោះអ៊ីចឹង?
-មកពីនាងកំពុងពិបាកចិត្តហ្នឹងណា នេះជាក្រុមយុវជនបេះដូងពិតអ្ហេ?
-បាទ!
-ស្វាហាប់ណាស់! ពិចិត្រខ្ញុំពេញចិត្តសំឡេងរបស់លោក លោកច្រៀងបានល្អ
-អរគុណលោក
-តើពួកលោកអាចលេងបទស្នាមញញឹមឲ្យខ្ញុំស្តាប់ដោយផ្ទាល់បានទេ?
-បាទ!
យុវជនទាំងអស់ រួមទាំងលោកចូវលីនាំគ្នាទៅបន្ទប់ភ្លេងទាំងអស់គ្នា។ បន្ទាប់ពីចម្រៀងបានបញ្ចប់ លោកចូវលីក៏បន្លឺឡើង៖
-លេងភ្លេងបានពីរោះ មានអារម្មណ៍ មានសមត្ថភាព ខ្ញុំពេញចិត្តយុវជនមួយ ក្រុមនេះ ជាពិសេស បទភ្លេងរបស់ពួកលោក អាចមានសមត្ថភាពឈរលើទី ផ្សារអន្តរជាតិបាន លោកចាងហ្វាង តើខ្ញុំអាចជជែកជាមួយលោក ពីបញ្ហានេះបានទេ?
-បាទបានលោក អញ្ជើញលោកទៅបន្ទប់របស់ខ្ញុំ
-បាទ! អរគុណដែលអ្នកទាំងអស់គ្នាបានមកជួបខ្ញុំ វិនីត! ប្រឹងប្រែងឡើង
-ចាស! អរគុណលោកពូ
-ខ្ញុំលាទាំងអស់គ្នាសិនហើយ
ពួកគេទាំងអស់ពិតជាសប្បាយចិត្តខ្លាំងណាស់ រ៉ាណេបន្លឺឡើង៖
-ផលិតករដ៏មានសមត្ថភាពម្នាក់នេះ គឺអ្នកនាងសូរិយានាំមកមែនទេ?
-ហេតុអីក៏អ្នកនាងស្គាល់គាត់?
-គឺខ្ញុំធ្វើការនៅក្រុមហ៊ុនគាត់កាលនៅចិន ការពិត ខ្ញុំបានផ្ញើវីស៊ីឌីចម្រៀងរបស់ពួកលោក ទៅឲ្យគាត់មើល មិនស្មានថា គាត់ពិតជាចាប់អារម្មណ៍មែន ហើយ ចង់ជួបពួកលោកឆាប់យ៉ាងនេះ ជាពិសេសគឺនាង វិនីត
-តើពិភពលោកនេះ ពិតជាបានឮចម្រៀងរបស់ពួកយើងមែនអ្ហេ? (រ៉ាឌីបន្លឺ)
-ពិចិត្រ! ហេតុអីក៏ឯងហាក់មិនសប្បាយចិត្តអ៊ីចឹង? (សុវណ្ណសួរ)
-គ្មានអីទេ! ខ្ញុំទៅវិញមុនហើយ
-តើគាត់កើតអីហ្នឹង?
សូរិយាតាមសម្លឹងពិចិត្រពីក្រោយរហូត។ ជាការពិតណាស់ វាគួរតែជាភាពជោគជ័យមួយសម្រាប់យុវជន តែហេតុអ្វី បែរជានាយមិនសប្បាយចិត្តទៅវិញ។ ពេលវេលាបួនឆ្នាំមុន វាជាក្តីប្រាថ្នាយ៉ាងមុតមាំរបស់គូស្នេហ៍យុវវ័យមួយគូ។ សូរិយាពិតជា បានធ្វើឲ្យក្តីស្រមៃរបស់នាង និងពិចិត្រកំពុងដែលឈានទៅដល់ចំណុចមួយ ដែលខ្លួនធ្លាប់ទន្ទឹងចង់បាន។
លោកហ្វុន ចូវលី បានចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុននាគ ទេព។ គឺធ្វើការpromotionទៅលើក្រុមយុវជនបេះដូងពិត។ លោកបានត្រឡប់ទៅស្រុកវិញ ដោយមានគំរោង យកអាល់ប៊ុមចម្រៀងបេះដូងពិតទៅចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅចិន។ នេះគឺជាការចាប់ផ្តើម ដើម្បីឲ្យពិភពលោកមានការចាប់អារម្មណ៍លើក្រុមយុវជនខ្មែរមួយក្រុមនេះហើយ។
ក្នុងរយៈពេលមួយឆ្នាំ អាល់ប៊ុមបេះដូងពិតវ៉ុលពីរ ត្រូវតែចេញជារូបរាងឡើង។ លោកចាងហ្វាងពិតជាមានមោទនភាពណាស់។ នៅក្នុងបន្ទប់ប្រជុំ លោកមានប្រសាសន៍ទៅកាន់យុវជនទាំងអស់ដោយជំនឿចិត្ត៖
-ក្រុមហ៊ុនយើងបានចុះកុងត្រាជាមួយក្រុមហ៊ុនលោកហ្វុន ចូវលីហើយ ចំពោះបច្ចេកទេសថត លោកនឹងបញ្ចូនមនុស្សមក ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំ យើងត្រូវតែបង្កើតឲ្យបាន នូវអាល់ប៊ុមវ៉ុលពីរ តើពួកឯងមានជំនឿចិត្តទេ?
-ប្រាកដជាមាន!
-ខ្ញុំនឹងទាក់ទងទៅរកអ្នករាំ ដើម្បីមកធ្វើជាគ្រូពួកឯង
-ពួកយើងត្រូវហាត់រាំទៀតអ្ហេ? (រ៉ាណេសួរ)
-ត្រូវហើយ! ហើយបទរបស់ពួកឯង បើមានជាRapចូលជាមួយខ្លះៗរឹតតែល្អ
វិនីត! ឯងត្រូវប្រឹងប្រែងបន្តិចហើយ
-ខ្ញុំនឹងខំប្រឹងប្រែងលោកចាងហ្វាង
-អូ! ត្រូវហើយ អាល់ប៊ុមពួកឯងនឹងត្រូវចាក់ផ្សាយជាសាធារណៈនៅចុងខែនេះបានហើយ! យើងបញ្ចប់ការប្រជុំត្រឹមហ្នឹងចុះ មានចម្ងល់អីទេ?
-គ្មានទេលោកចាងហ្វាង
-អ៊ីចឹងរំសាយចុះ ពួកឯងអាចចាប់ផ្តើមធ្វើការងារហើយ កុំភ្លេចណា ថ្ងៃសៅរ៍ អាទិត្យនាំគ្នាមកហាត់រាំនៅក្រុមហ៊ុន
-បាទ!
វគ្គ៧ ការឈានជើងចូលទីផ្សារអន្តរជាតិ
រយៈពេលមួយឆ្នាំគឺមិនលឿនទេ តែក៏មិនយូរដែរ។ ក្រុមយុវជនបេះដូងពិត ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន។ រាល់ពេលត្រឡប់ពីសាលាវិញ វិនីតទម្លាក់កាបូបចុះ រត់ទៅចូលរួមជាមួយក្រុមយុវជន ពេលខ្លះនាងស្ទើរតែភ្លេចញ៉ាំបាយក៏មាន។ ដល់វេលាយប់ នាងឆ្លៀតពេលធ្វើការងារសាលា លុះពេលធ្វើចប់ហើយ នាងក៏ចាប់ផ្តើម ធ្វើបទភ្លេងបន្តទៀត។ សកម្មភាពបែបនេះ វាធ្វើឲ្យនាងស្ទើរតែទ្រាំមិនបានទៅហើយ ប៉ុន្តែកម្លាំងចិត្តរបស់នាងគឺខ្លាំងក្លាណាស់។ ស្នាមញញឹមរបស់នាង ធ្វើឲ្យយុវជនទាំងអស់ គ្មានការហត់នឿយឡើយ។ ប៉ុន្តែពិចិត្របារម្ភនឹងសុខភាពវិនីតណាស់។ រ៉ាណេបន្លឺ៖
-វិនីត! ឯងទៅក្រុមហ៊ុនទេ?
-នាងមិនបានរៀនរាំឯណា ឯងនៅផ្ទះសម្រាកហើយ! (ពិចិត្រតប)
-មិនអីទេបង! ខ្ញុំត្រូវទៅជួបលោកចាងហ្វាងផង
-អ៊ីចឹង! ពួកយើងទៅទាំងអស់គ្នាទៅ
ទៅដល់ក្រុមហ៊ុន ក្រុមយុវជននាំគ្នាទៅហាត់រាំដួចធម្មតា។ ចំណែកវិនីតនាងយកឯកសារទៅជួបលោកចាងហ្វាង៖
-ឯងមកហើយអ្ហេ! អង្គុយមក
-នេះចម្រៀងថ្មីពីរបទ អញ្ជើញលោកចាងហ្វាងពិនិត្យ
-ជាភាសាអង់គ្លេសផងអ្ហេ?
-ចាស! ខ្ញុំបញ្ចូលជាRapនៅវគ្គចុងបញ្ចប់
-ចាំថ្ងៃចន្ទ ពួកយើងចាប់ផ្តើមសម………..ឯងមិនស្រួលខ្លួនមែនទេ?
-អូអត់អីទេ! ខ្ញុំទៅវិញហើយលោកចាងហ្វាង
-ឯងទៅផ្ទះវិញអ្ហេ?
-ចាសអត់ទេ! ខ្ញុំចង់ទៅមើលពួកគាត់រៀនរាំមួយភ្លែត ហើយនឹងទៅបន្ទប់ភ្លេង
-អូ! អ៊ីចឹងទៅចុះ
រោគប្រចាំកាយវិនីតចាប់ផ្តើមទៀតហើយ។ ពេលនេះ នាងកំពុងតែនៅក្នុងបន្ទប់ទឹក។ យុវតីចង់ប្រឆាំងនឹងការឈឺចាប់នេះ ប៉ុន្តែរាងកាយរបស់នាង មិនអាចទ្រាំទ្របានឡើយ។ ទឹកមុខនាងស្លេកស្លាំងដូចជាខ្មោចអ៊ីចឹង ចំណែកខ្លួនបែកញើសជោក នាងស្ទើរតែទប់ខ្លួនមិននឹងទៅហើយ តែចៃដន្យសូរិយាក៏ចូលមកដល់។ សូរិយាស្ទុះទៅចាប់វិនីតដែលបម្រុងនឹងដួល៖
-ឯងកើតអីហ្នឹង? ទឹកមុខស្លេកស្លាំងម្ល៉េះ ខ្លួនឯងត្រជាក់ណាស់ ……….មក! ខ្ញុំគ្រាឯង ខ្ញុំនាំឯងទៅ ពេទ្យ
-កុំអីអ្នកនាង!…………..ខ្ញុំឈឺពោះមកខែទេ
-គ្រាន់តែមកខែ ហេតុអីក៏ឯងពិបាកយ៉ាងនេះ? ពួកយើងទៅអង្គុយលើកៅអីសិនទៅ………….យ៉ាងម៉េចហើយ?
-មិនអីទេអ្នកនាង ខ្ញុំសម្រាកទីនេះមួយភ្លែតទៅ អស់អីហើយ
-អ៊ីចឹងចាំខ្ញុំមួយភ្លែត ខ្ញុំទៅយកថ្នាំមកឲ្យឯងលេប
សូរិយារត់ចេញទៅយកថ្នាំមកឲ្យវិនីត តែនៅពេលដែលនាងត្រឡប់មកវិញ៖
-វិនីត! ឯងកើតអី ម៉េចក៏មកគេងត្រង់នេះ?
វិនីតស្ទុះងើបឡើង ហើយតប៖
-ខ្ញុំអត់អីទេបង!
ពិចិត្រដឹងច្បាស់ពីអាការវិនីត ប៉ុន្តែនាងខានមានអាការបែបនេះមួយរយៈហើយ។ ពេលថ្មីៗមកនេះ ប្រហែលមកពីនាងមានការហត់នឿយ សម្រាកពុំគ្រប់គ្រាន់ ទើបធ្វើឲ្យនាងមានការឈឺចាប់បែបនេះ។ យុវជនយកហត្ថទាំងពីររបស់ខ្លួនទៅក្រសោបថ្ពាល់ទាំងគូររបស់យុវតី៖
-ពួកយើងទៅផ្ទះ
-មិនអីទេបង! បងទៅហាត់រាំទៅ
-ឯងចង់គេងនៅលើកៅអីនេះអ្ហេ? ……….
-បងធ្វើអី?
-ក្មេងក្បាលរឹងដូចជាឯងនេះ!
យុវជនបីយុវតីចូលឡាន ហើយបើកចេញទៅ។ ចំណែកសូរិយា បានត្រឹមលួចសម្លឹងពួកគេ ក្នុងអារម្មណ៍ឈឺចាប់ ព្រោះនាងបានឃើញយ៉ាងច្បាស់ពីទឹកចិត្តយុវជនទៅលើវិនីត។
ព្រោះតែការងារ ធ្វើឲ្យពួកគេពុំបានគិតដល់រឿងអ្វីផ្សេងឡើយ។ ស្នាមញញឹមដែលទៅព្រមជាមួយគ្នា ភាពឯកាពុំមានទាល់តែសោះ។ ឥឡូវសម្រស់នៃស្នាមញញឹមបានរីករាលដាលសាយភាយគ្រប់ទីកន្លែង។ វិនីតនិងយុវជនទាំងអស់ អង្គុយនៅមុខទូរទស្សន៍ដែលផ្សាយចេញពីប្រទេសចិនមក។ ថ្វីត្បិតបច្ចេកទេសថតរបស់យើងពុំទាន់ល្អឥតខ្ចោះ ប៉ុន្តែសម្រស់នៃបទចម្រៀង បានទាក់ទាញអារម្មណ៍អ្នកស្តាប់ឲ្យធ្លាក់ក្នុងមនោសញ្ចេតនាយ៉ាងពិតប្រាកដ។
ពេលវេលាមួយប៉ប្រិចភ្នែកសោះ កន្លងហួសមួយឆ្នាំទៅហើយ។ អាល់ប៊ុមចម្រៀងបេះដូងពិតវ៉ុលពីរ បានលេចចេញជារូបរាងឡើង។ ទូទាំងប្រទេស ពុំអនុញ្ញាតឲ្យមានស៊ីឌី ឬវីស៊ីឌីចម្លងរបស់ផលិតកម្មនាគទេពឡើយ ហើយអាល់ប៊ុមចម្រៀងនេះក៏ត្រូវបាននាំចេញទៅលក់នៅបរទេសដែរ។ មិនតែប៉ុណ្ណោះ ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងបណ្តាអ្នកកាសែតមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះអាល់ប៊ុមចម្រៀងវ៉ុលពីរនេះ។ ជាការពិតណាស់ ដោយមានការសហការជាមួយក្រុមហ៊ុននៅចិន ទាំងបច្ចេកទេសថតសំឡេង និងរូបភាពគឺផលិតចេញមកមិនចាញ់ប្រទេសមួយចំនួននៅលើសកលលោកឡើយ។ ជាពិសេសនៅក្នុងអាល់ប៊ុមទីពីរនេះ មានទាំងបទជាភាសាអង់គ្លេសផង ដែលបទនេះ បង្ហាញពីទឹកចិត្តស្រលាញ់និងការផ្តល់កម្លាំងចិត្តរបស់មនុស្សម្នាក់ទៅកាន់មនុស្សទូទាំងពិភពលោក។
លោកហ្វុន ចូវលី បានពិភាក្សាគ្នាជាមួយលោកប្រាក់នាគ ហើយបានទទួលធ្វើសន្និសិទកាសែតមួយនៅប្រទេសចិន នៅក្នុងដំណាច់ខែនេះ។ ដំណឹងនេះ គួរជាទីរីករាយណាស់សម្រាប់យុវជនបេះដូងពិត ជាពិសេសវិនីត ដែលសម្លឹងឃើញស្នាដៃរបស់ខ្លួនកំពុងអង្រួនបេះដូងអ្នកស្តាំ ជាពិសេសបេះដូងយុវជនខ្មែរ និងម្ចាស់ផលិតកម្មក្នុងស្រុកឲ្យកម្រើកឡើងវិញ។
ក្នុងការធ្វើអាល់ប៊ុមទីពីរនេះ ធ្វើឲ្យពួកគេនឿយហត់ពេកហើយ ប៉ុន្តែវិនីតមិនដែលភ្លេចតេទៅម្តាយ និងសួរសុខទុកប្អូនឡើយ។ បន្ទាប់ពីបានដំណឹងថា វិណាតចេញពីមណ្ឌលកែប្រែ នាងក៏បានធ្វើដំណើរមកដល់ទីរួមខេត្តសៀមរាប។ នៅតាមបណ្តោយផ្លូវ យុវតីបានមើលឃើញអតីតកាលទាំងអស់កាលពីមួយឆ្នាំមុន។ នាងញញឹម ហើយក៏ស្ទុះរត់យ៉ាងលឿន ទៅរកម្តាយដែលកំពុងកាន់អំបោសសម្អាតផ្លូវ។ អ្នកម្តាយឱបកូនដោយក្តីនឹករលឹក៖
-ម៉ែ!
-វិនីត! …………..នេះកូនត្រឡប់មកផ្ទះ ហេតុអីក៏មិនតេប្រាប់ម៉ែ?
-គឺចង់ឲ្យម៉ែនិងប្អូនភ្ញាក់ផ្អើលហ្នឹងណា មកខ្ញុំជួយម៉ែ
-បានហើយ! ជិតរួចហើយ ឯងទៅអង្គុយសម្រាកសិនទៅ
-មិនអីទេ! ខ្ញុំខានបោសយូរហើយម៉ែ ទុកឲ្យខ្ញុំវិញ
-វិណាត ប្រហែលជាសប្បាយចិត្តហើយ នៅពេលឃើញឯងមកទទួលគេបែបនេះនោះ
-ម៉ែថាមើល ហេតុអីក៏វា មិនឲ្យពួកយើងទៅទទួលអ៊ីចឹង?
-វាថា ចង់មកផ្ទះវិញដោយខ្លួនឯង កុំបារម្ភអី វិណាតចេះគិតច្រើនហើយ កូនបោសចុះ ម៉ែចូលផ្សារទិញម្ហូបមួយភ្លែត
វិនីតបោសសម្អាតថ្នល់ ដូចទម្លាប់ដែលនាងធ្វើកន្លងមក។ លុះត្រឡប់មកដល់ផ្ទះ វិនាតរត់ទៅទទួលឱបនាងដោយសេចក្តីរឭកជាពន់ពេក។ មួយសន្ទុះក្រោយ វិនី និងតារាក៏មកដល់។ វិនីបន្លឺខ្លាំងៗត្រេកអរណាស់ ស្ទុះទៅឱបវិនីត៖
-ខ្ញុំនឹកឯងណាស់ តើដឹងទេ?
-ខ្ញុំក៏នឹកឯងដែរ
-ឯងកុហក! សូម្បីតែទូរស័ព្ទ ក៏ឯងមិនដែលតេមកខ្ញុំផង ឯងនឹកយ៉ាងម៉េច?
-សូមទោស! ការងារមមាញឹកពេក ទើបគ្មានពេលតេមកហ្នឹងណា
-ឱបគ្នាអស់ចិត្តហើយនៅហ្នឹង?
-មិនទាន់អស់ចិត្តទេ
-វិនីត! នាងគួរតែឱបខ្ញុំម្តងហើយណា
-អ្នកណាឲ្យវិនីតទៅឱបឯងនោះ
-បានហើយៗ! និយាយលេងតើ
-ពួកយើងអង្គុយសិនទៅ
-ម៉េចក៏ឯងស្គមម្ល៉េះអ្ហាក?
-ត្រូវហើយ! នាងស្គមជាងមុនណា
-មានស្គមឯណា មិនមែនពួកឯងធាត់ជាងមុនទេអ្ហេ?
-ត្រូវហើយ! រវល់តែនិយាយ ភ្លេចជួយធ្វើម្ហូបមីង បន្តិចទៀតវិណាតប្រហែលជាមកដល់ហើយ
-មិនអីទេ! ថ្ងៃនេះបងបានជួបមិត្តសម្លាញ់ ទុកឲ្យខ្ញុំជួយម៉ែបានហើយ
-មិនបានទេ!
-អ៊ីចឹងពួកយើងជួយគ្នាទៅ
ម្ហូបអាហារត្រូវបានរៀបចំរួចជាស្រេច។ មួយស្របក់ក្រោយ យុវជន គ្មានសក់ក្បាលម្នាក់ដើរចូលមក ដោយកាយវិការស្វាហាប់ នាយទុកអីវ៉ាន់ទៅម្ខាង ហើយលុត ជង្គង់ចុះពីមុខម្តាយ និងបងស្រី៖
-ម៉ែ បងស្រី ខ្ញុំត្រឡប់មកវិញហើយ សូមទោស
មីងវិណា វិនីត និងវិនាត ពិតជាក្តុកក្តួលណាស់។ ស្នាមញញឹមលាយតំណក់ទឹកភ្នែក ស្ទើរតែនិយាយមិនចេញ៖
-……………កូនត្រឡប់មកវិញហើយ រឿងកន្លងបំភ្លេចចោលចុះ កូននៅតែជាកូនល្អរបស់ម៉ែ
-ខ្ញុំគិតថា ពួកយើងគួរតែរីករាយទើបប្រសើរ វិណាត! ឯងចង់ឲ្យម៉ែ និងបងស្រីឯងឈរដល់ណាទៀត?
-ពិតមែនហើយ! ម៉ែអង្គុយចុះទៅ អីយ៉ា! ថ្ងៃនេះម្ហូបច្រើនមុខម្ល៉េះ ហើយសុទ្ធតែឆ្ងាញ់ៗទៀត
-ម៉ែធ្វើរង់ចាំបងហ្នឹងណា
-អ៊ីចឹងថ្ងៃនេះ ខ្ញុំនឹងញ៉ាំឲ្យបានច្រើន
ទាំងអស់គ្នាជួបជុំគ្នាបាយល្ងាចយ៉ាងរីករាយ។
ពីរថ្ងៃកន្លងទៅហើយ ដែលវិនីតស្នាក់នៅផ្ទះដ៏កក់ក្តៅរបស់ខ្លួន។ នាងបាននាំ វិណាតទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២សាជាថ្មីវិញ។ ក្នុងរយៈពេលពីរថ្ងៃនេះ វិនីត ហាក់ដូចជារីករាយណាស់។ ថ្ងៃនេះ នាងបានទៅជួយសម្អាតផ្លូវម្តាយនាង។ សួរថា ហេតុអ្វីក៏យុវតីមិនឲ្យម្តាយឈប់ពីការងារនេះ ព្រោះពេលនេះ គ្រួសាររបស់នាង មិនលំបាកយ៉ាប់យឺនដូចជាពេលមុនឯណា? ស្ថិតក្នងឯកសណ្ឋានជាកម្មករសម្អាតផ្លូវសាធារណៈ មីងណាសម្លឹងទៅកូនស្រីដែលកាន់អំបោសនឹងដៃដោយទឹកមុខញញឹម ហើយបន្លឺឡើង៖
-កូនជាអ្នកនិពន្ធដ៏ល្បីហើយ ហេតុអីក៏នៅតែមកបោសសម្អាតជាមួយនឹងម៉ែទៀត? កូនមិនខ្មាសគេទេអ្ហេ?
-ម៉ែនិយាយអីហ្នឹង? កូនមានរឿងអីត្រូវខ្មាសគេ កូនអាចរស់នៅរហូតមកដល់សព្វថ្ងៃគឺពឹងលើម៉ែដែលធ្វើការងារនេះ បើកូនមានអារម្មណ៍ថាខ្មាសគេ អ៊ីចឹងបានន័យថា កូនកំពុងបំភ្លេចកំណើតខ្លួនឯងហើយ មែនទេម៉ែ?
-ឯងគិតអ៊ីចឹង ម៉ែសប្បាយចិត្តណាស់ និយាយអ៊ីចឹង តើកូនត្រឡប់ទៅភ្នំពេញ វិញនៅពេលណា?
-ថ្ងៃអាទិត្យនេះម៉ែ!
-ទៅចិនត្រូវប្រយ័ត្នប្រយែងផង ស្តាប់បានទេ?
-ចាស!
មួយរយៈដែលវិនីតត្រឡប់ទៅសៀមរាប នៅក្នុងផ្ទះហាក់បីដូចជាស្ងប់ស្ងាត់បន្តិច។ ពិចិត្ររសេះរសោះគេងមិនលក់ទាល់តែសោះ នាយងើបដើរចុះឡើងពេញផ្ទះ មួយសន្ទុះក៏ទាញទូរស័ព្ទឡើង៖
-អាឡូ!
-ឯងគេងហើយអ្ហេ?
-ចាស! បងមានការអីអ្ហេ?
-ឯងសុខសប្បាយទេ?
-ចាសសុខ ចុះបងវិញ?
-មិនអីទេ! ឯងបានជួបវិណាតហើយអ្ហេ?
-ចាស! គេសុខសប្បាយទេ ហើយចេះគិតច្រើនជាងមុន
-ចូលរួមរីករាយផងណា អ៊ីចឹង! តើឯងត្រឡប់មកវិញថ្ងៃណា?
-ថ្ងៃអាទិត្យនេះ ចុះបងៗទាំងអស់គ្នាសុខសប្បាយទេបង?
-ពួកគេថាអផ្សុកណាស់ព្រោះតែឯងមិននៅ យកល្អ ឯងឆាប់ត្រឡប់មកវិញមក កុំចាំដល់ថ្ងៃអាទិត្យអី
-មិនបានទេ ខ្ញុំចង់នៅជាមួយម៉ែ និងប្អូនៗឲ្យបានយូរបន្តិច តើបងមានបានទៅលេងអ៊ំប្រុសអ៊ំស្រីទេ? បងគួរតែឧស្សាហ៍ទៅលេងពួកគាត់ ព្រោះពួកគាត់ចាស់ហើយ គាត់ក៏ត្រូវការឃើញមុខកូនដែរ ឈប់បង្ករឿងជាមួយពួកគាត់ទៅ
-ឯងស្តីឲ្យបងអ្ហេ?
-មិនបានស្តីទេ តែបងគួរតែទៅលេងនឹងគាត់
-ចាំបងគិតមើលសិន
-ឈប់និយាយជាមួយកូនអកតញូដូចជាបងហើយ រាត្រីសួស្តី
-រាត្រីសួស្តី
ពិចិត្រគិតដល់សំដីវិនីត ពិតជានឹកដល់លោកទាំងពីរពិតមែន។ មិនបង្អង់យូរព្រឹកឡើងយុវជនក៏ទៅដល់ផ្ទះអ្នកមានគុណ។ ទៅដល់ផ្ទះដ៏ស្កឹមស្កៃ នាយក្រឡេកឃើញលោកទាំងពីរកំពុងស្រស់ស្រូបអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់។ គ្រាន់តែរំលេចរូបពិចិត្រនៅចំពោះមុខ អ្នកស្រីណាសាបន្លឺឡើង៖
-កូនប្រុស!
-អរុណសួស្តីម៉ាក់ លោកប៉ា!
-ចូលមកអង្គុយមក តើកូនញ៉ាំអីហើយនៅ?
-បាទនៅទេ?
-ចាំមួយភ្លែត ម៉ាក់ទៅយកចាន
-តើឯងមានការអី ទើបមកដល់ទីនេះទាំងព្រឹក?
-ខ្ញុំមកលេងនឹងលោកប៉ានិងអ្នកម៉ាក់
-មកលេងអ្ហេ! ប៉ាមិនស្តាប់ច្រឡំទេអ្ហេ?
-កំពុងជជែកពីរឿងអីហ្នឹង?
-មិនច្រឡំទេ! ខ្ញុំនឹកប៉ា និងម៉ាក់
-ប៉ានិងកូន កុំចេះតែធ្វើមុខមាំដាក់គ្នាបានទេ នែ! កូនញ៉ាំបាយសិនទៅ
-ឯណាវិនីត នាងមិនមកទេអ្ហេ? (លោកពិទូសួរ)
-ខ្ញុំមើលទៅប៉ា នឹកនាងជាងខ្ញុំទៅទៀត មែនទេម៉ាក់?
-ពិតមែនហើយ
-ទោះយ៉ាងណា ក៏ក្មេងស្រីម្នាក់នោះ ធ្វើឲ្យប៉ាសើច មិនមែនដូចជាឯងទេ
-វិនីតទៅលេងផ្ទះនៅសៀមរាបហើយ…………..សូមទោសលោកប៉ា! (ពិចិត្រលុតជង្គង់ចុះ)
-អ្ហឹះ!
-សូមទោស ដែលកន្លងមក ខ្ញុំធ្វើឲ្យលោកប៉ាមិនសប្បាយចិត្ត
-ឯងដឹងខ្លួនហើយអ្ហេ?
-បាទ! តើលោកប៉ាព្រមអភ័យទោសដល់ខ្ញុំទេ?
-បើឯងដឹងខ្លួនហើយ ប៉ាម៉េចនឹងអាចដាក់ទោសឯងនោះ ងើបអង្គុយលើកៅអីមក តើនរណាអាចធ្វើឲ្យឯងដឹងខ្លួនយ៉ាងនេះ?
-គឺ………………….
-ទទួលទូរស័ព្ទសិនទៅ
-បាទ……………អាឡូ!
-តើបងនៅឯណាហ្នឹង? បងមានបានទៅលេងអ៊ំប្រុសអ៊ំស្រីទេ?
-បងកំពុងជជែកជាមួយគាត់
-ពិតមែនអ្ហេ! តើពួកគាត់សុខសប្បាយទេ?
-វិនីតអ្ហេ?
-បាទ!
-ឲ្យមកប៉ា!
-បងកើតអី ឬឈ្លោះជាមួយអ៊ំប្រុសទៀតហើយ?
-វាមិនហ៊ានឈ្លោះនឹងអ៊ំទៀតទេ
-អ៊ំប្រុស……………សូមទោសអ៊ំ!
-យ៉ាងម៉េច! ឯងមិនគិតមកលេងអ៊ំខ្លះទេអ្ហេ?
-ចាសអ៊ំ! ពេលខ្ញុំទៅដល់ភ្នំពេញ ខ្ញុំនឹងទៅលេងអ៊ំភ្លាម
-ល្អណាស់អ៊ីចឹង និយាយជាមួយអ៊ំស្រីឯងបន្តិចទៅ
-ជម្រាបសួរអ៊ំស្រី
-តើសុខសប្បាយទេ?
-ចាស! សុខសប្បាយទេអ៊ំ ចុះអ៊ំវិញ?
-អ៊ំមិនត្រឹមតែសុខទេ ថែមទាំងសប្បាយទៀតផង ឯងដឹងទេ ឪពុកកូនពីរនាក់នេះគឺត្រូវគ្នាវិញហើយ អ៊ំត្រូវអរគុណឯង ពេលត្រឡប់មកវិញ ត្រូវតែមកលេងអ៊ំមុនគេ ស្តាប់បានទេ?
-ចាសអ៊ំ!
-អ៊ីចឹងប៉ុណ្ណឹងបានហើយ សុខសប្បាយណា
-ជម្រាបលាអ៊ំស្រី
…………………………………………………………………………………………………..
មួយរយៈពេលខ្លីដែលគ្មានវិនីត វាហាក់ដូចជាយូរខ្លាំងណាស់សម្រាប់យុវជន។ រ៉ាណេដកដង្ហើមធំ រួចបន្លឺឡើង៖
-តើថ្ងៃណាទើបស្រីច្រម៉ក់នោះត្រឡប់មកវិញ?
-ឯងសួរអ្នកណា? (រ៉ាឌីតប)
-ខ្ញុំទៅបន្ទប់ហើយ
យុវជនទាំងអស់នាំគ្នាសម្លឹងមើលពិចិត្រ ដែលដើរចេញទៅ។ សុវណ្ណបន្លឺ៖
-ពួកឯងម្នាក់ៗយ៉ាងម៉េចហ្នឹង គ្រាន់តែអត់ស្រីច្រម៉ក់ម្នាក់នោះសោះ ហេតុអីក៏ស្ងប់ស្ងៀមយ៉ាងនេះ?
-ចុះបងមិននឹកនាងទេអ្ហេ?
-និយាយទៅ ពិតជានឹកនាងមែនហ្នឹង
-ខ្ញុំទៅបន្ទប់ហើយ (វណ្ណាបន្លឺ)
-ម្នាក់ទៀតហើយ
-នែ! ឯងថាទៅមើល ក្នុងចំណោមពួកយើងទាំងប្រាំនាក់ នរណាដែលនឹកស្រីច្រម៉ក់នោះជាងគេ
-ប្រាកដជាខ្ញុំហើយ! (រ៉ាណេតប)
-មិនមែនឯង មិនមែនខ្ញុំ ហើយក៏មិនមែនបងដែរ
-នោះគឺពួកគាត់ទាំងពីរហើយ
-វីវរហើយ! តិចលោក្លាយជាស្នេហាត្រីកោណទេដឹង?
-កុំនិយាយផ្តាស
ប្រាំថ្ងៃកន្លងផុតទៅ។ វិនីតបានត្រឡប់មកមុនថ្ងៃកំណត់ តែពេលមកដល់ផ្ទះ នាងពុំបានឃើញនរណាទាល់តែសោះ ក៏គិតថា យុវជនទាំងអស់ប្រាកដជានៅក្រុមហ៊ុន លុះរៀបចំទុកដាក់អីវ៉ាន់ហើយ នាងក៏ប្រញាប់ចេញទៅ។ មកដល់ក្រុមហ៊ុនយុវតីបានឃើញពិចិត្រ និងសូរិយាកំពុងជជែកគ្នា៖
-ពួកយើងខានជជែកគ្នាបែបនេះយូរហើយ
-អរគុណហើយ ដែលនាងជួយឲ្យខ្ញុំមានថ្ងៃនេះ
-បងនិយាយអីហ្នឹង! ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកបង ខ្ញុំគ្រាន់តែជាអ្នកនាំផ្លូវប៉ុណ្ណោះ តើបងត្រៀមខ្លួនក្នុងការធ្វើសន្និសិទកាសែត រួចហើយមែនទេ?
-ខ្ញុំគិតថា វាប្រហែលជាគ្មានបញ្ហាអ្វីកើតឡើងទេ
-ត្រូវហើយ! តើវិនីតត្រឡប់មកវិញពេលណា?
-ថ្ងៃអាទិត្យស្អែកនេះ
-មើលទៅបងដូចជានឹកនាងណាស់ តើមែនទេ?
-ពិតមែនហើយ! ពេលដែលនាងនៅ ក្នុងផ្ទះមិនស្ងាត់ទេ
-បងនឹកវិនីតដូចជានឹកខ្ញុំពីពេលមុនមែនទេ?………….សូមទោស! ខ្ញុំមិនគួរសួរបងអ៊ីចឹងទេ តែទោះជាយ៉ាងណា ខ្ញុំច្រណែននឹងវិនីតក្នុងពេលនេះណាស់ ហេតុអីក៏នាងមានយុវជនមួយក្រុមដែលនឹករលឹកនាងយ៉ាងនេះ មិនដូចជាខ្ញុំទេ បាត់ស្រមោលអស់រយៈពេលបួនឆ្នាំ ខ្ញុំស្មានថាបង នៅនឹកខ្ញុំ…..ខ្ញុំសួរបងមួយសំនួរបានទេ?…………បើសិនជាគ្មានវិនីត តើបងនៅនឹកខ្ញុំទេ?
-ខ្ញុំមិនដែលបំភ្លេចនាងឡើយ ប៉ុន្តែ……….
-បងឈប់ស្រលាញ់ខ្ញុំមែនទេ?
-ពួកយើងរាប់អានគ្នាត្រឹមជាមិត្តភក្តិបានហើយ
-បើសិនជាពេលនោះ ខ្ញុំមិនចាកចេញពីបង ហើយទោះជាបងបានជួបនឹងវិនីត តើពួកយើងឈានដល់ផ្លូវនេះទេ?
-ខ្ញុំមិនដឹងទេ តែខ្ញុំចង់ឲ្យនាងយល់ម្យ៉ាង ការចាកចេញរបស់នាង គឺមិនខុសទេបើសិនជាខ្ញុំ ខ្ញុំក៏ធ្វើបែបនោះដែរ អ្នកដែលខុសគឺខ្ញុំ ខ្ញុំមានះ មិនគួរធ្វើឲ្យនាងមានការទើសទាល់ឡើយ
-ប៉ុន្តែបងនៅតែខឹងនឹងខ្ញុំមែនទេ ការពិតបងនៅស្រលាញ់ខ្ញុំ បងធ្វើជាស្រលាញ់វិនីតក៏ព្រោះតែចង់បញ្ឈឺខ្ញុំមែនទេ? ពិតមែនទេ? បងនៅស្រលាញ់ខ្ញុំ បងម៉េចនឹងអាចបំភ្លេចខ្ញុំងាយយ៉ាងនេះ?
សូរិយាស្រវាឱបយុវជនពីក្រោយជាប់ទាំងតំណក់ទឹកភ្នែកចំណែកវិនីតក៏ស្រក់ទឹកភ្នែកដូចគ្នា។ នាងផ្អែកខ្នងទៅលើជញ្ជាំងម្ខាង។ ពិតមែនហើយ នៅពេលឮសូរិយានិយាយបែបនោះ នាងក៏មានអារម្មណ៍ថា ខ្លួនឯងពិតជាខុស មិនគួរក្លាយជាអ្នកជ្រៀតជ្រែកគូស្នេហ៍មួយគូនេះឡើយ។ ទិដ្ឋភាពរបស់នាង គឺស្ថិតនៅក្នុងកែវភ្នែកវណ្ណា។ យុវជនដឹងថា វិនីតកំពុងតែគិតអី នាយបម្រុងដើរចូលទៅរកនាង តែនាងក៏ដើរចេញទៅ។វណ្ណាដើរតាមវិនីតរហូត ។ ពិចិត្របេះដៃសូរិយាចេញពីខ្លួន៖
-កុំធ្វើបែបនេះអី! សូមទោស……..ខ្ញុំមិនដឹងហេតុអ្វី ខ្ញុំប្រែជាអាចបំភ្លេចនាងបាននោះទេ? នាងបំភ្លេចខ្ញុំទៅ!
ពិចិត្រនិយាយហើយ ក៏ដើរចេញ។ វិនីតអង្គុយលើកៅអីក្បែរស្ទូឌីយ៉ូ ហើយក៏ដកដង្ហើមធំ។ វណ្ណាបង្ហាញទឹកមុខញញឹម ហើយក៏ទៅអង្គុយក្បែរនាង៖
-ឯងមកដល់ពីអង្កាល់ ហេតុអីមិនប្រាប់ពួកយើង?
-បង!……..ខ្ញុំគិតថា ធ្វើឲ្យពួកបងភ្ញាក់ផ្អើលហ្នឹងណា
-ឯងមិនអីទេអ្ហេ?
-ខ្ញុំអ្ហេ!
-បងឃើញឯងដកដង្ហើមធំ ធុញថប់ពីរឿងអី?
-គ្មានទេ!
ពិចិត្រក្រឡេកឃើញវិនីត ត្រេកអរណាស់ បម្រុងស្ទុះចូលទៅ ប៉ុន្តែ៖
-ឯងបានជួបពិចិត្រហើយនៅ?
-ចាស……នៅទេ
-នែ! បងឲ្យឯង
-ហេតុអីក៏បងឲ្យកែវក្រដាសនេះមកខ្ញុំ?
-ឯងចាំមើលបងណា
វណ្ណាយកកែវក្រដាស មកគ្របមាត់ ហើយស្រែកយ៉ាងខ្លាំង។ វិនីតអស់
សំណើចណាស់ នាងក៏ធ្វើតាម។ អស្ចារ្យណាស់ បន្ទាប់ពីស្រែកហើយ នាងហាក់
ដូចជាបានធូរស្រាលជាងមុន ក៏បន្លឺទៅកាន់វណ្ណា៖
-ហេតុអីក៏បងនឹកឃើញវិធីនេះ?
-មកពីបងឃើញឯងមិនសប្បាយចិត្តហ្នឹងណា តើទៅលេងផ្ទះសប្បាយទេ?
-សប្បាយណាស់បង
វណ្ណានាំវិនីតជជែកពីនេះពីនោះ ធ្វើឲ្យនាងភ្លេចអស់ទុក្ខកង្វល់។ ពិចិត្រឃើញវិនីតរីករាយយ៉ាងនេះ នាយក៏ដើរចេញទៅ។
យុវជនទាំងអស់ជួបជុំគ្នានៅក្រុមហ៊ុន ដោយមានវិនីតនៅជាមួយផង។ ពួកគេនាំគ្នាប្រគុំបទចម្រៀងថ្មីឡើង។ វិនីតដើរចេញទៅបន្ទប់ទឹក ក៏បានជួបនឹងសូរិយា។ សូរិយាសម្លឹងកយុវតីមួយសន្ទុះ ទើបបន្លឺឡើង៖
-បងពិចិត្រឲ្យខ្សែកនេះទៅនាងអ្ហេ?
-ចាស!
-ខ្ញុំស្មានតែគាត់បោះវាចោលទៅហើយ
-អូ! ប្រហែលជាការចៃដន្យទេ គាត់ស្រាប់តែឃើញវានៅក្នុងឡាន ក៏ឲ្យខ្ញុំខ្ចី ពាក់សិនទៅ
-ការពិតគាត់នៅតែទុកខ្សែកនេះ
-វាជារបស់អ្នកនាងអ្ហេ?
-គាត់ធ្លាប់បានប្រគល់វាមកឲ្យខ្ញុំ តែថ្ងៃដែលខ្ញុំចាកចេញទៅនោះ ខ្ញុំក៏បានប្រគល់ឲ្យគាត់ថែរក្សាវិញ
-បើអ៊ីចឹងវាជារបស់អ្នកនាងហើយ……………ខ្ញុំប្រគល់ជូនម្ចាស់វាវិញចុះ
-កុំអី! បងពិចិត្រឲ្យទៅនាងហើយ បានន័យថា មនុស្សដែលគាត់ជ្រើសរើសមិនមែនជាខ្ញុំទេ នាងថែរក្សាវាចុះ
-បងកុំយល់ច្រឡំអី ខ្ញុំនិងគាត់គ្មានអ្វីផ្សេងទេ គាត់ដូចជាបងប្រុសខ្ញុំអ៊ីចឹង ខ្ញុំម៉េចនឹងអាច…..
-តែគាត់មិនមែនទុកនាងដូចជាប្អូនទេ……ឬនាងពិតជាមិនបានស្រលាញ់គាត់?
-…………..ពិតមែនហើយ! ………ខ្ញុំ……..ខ្ញុំមិនបានស្រលាញ់គាត់ទេ អ្នកនាងគួរតែទទួលយកខ្សែកនេះវិញចុះ……ខ្ញុំយល់ថា អ្នកទាំងពីរគឺសាកសមគ្នាណាស់ ខ្ញុំជូនពរអ្នកនាង
-នាងប្រាកដហើយអ្ហេ ថានាងមិនបានស្រលាញ់គាត់
-ខ្ញុំមិនដឹងអារម្មណ៍ស្រលាញ់យ៉ាងណាផង ធ្វើម៉េចនឹងអាចស្រលាញ់គាត់បាននោះ អ្នកនាងទុកចិត្តចុះ ខ្ញុំទៅវិញហើយ
វិនីតដឹងច្បាស់ ថាខ្លួនមិនអាចក្លាយជាអ្នកទីបី ប៉ុន្តែនាងប្រាកដហើយឬ ថា
នាងមិនយល់ពីអារម្មណ៍ស្នេហា? ស្នេហាប្រៀបដូចជាដុំពេជ្រមួយគ្រាប់ ប៉ុន្តែវិនីតបានសម្រេចបោះបង់ដុំពេជ្រមួយគ្រាប់នេះហើយ។ នាងមិនស្ងប់ គេងមិនស្រួល តែនាងនៅតែញញឹមនៅពេលសម្លឹងឃើញ ពិចិត្រមានភាពរីករាយ។ នាងនឹងមិនស្តាយក្រោយក្នុងការបោះបង់ដុំពេជ្រមួយគ្រាប់នេះឡើយ។ ចាប់តាំងពីថ្ងៃនោះមក នាងពុំសូវនៅក្បែរយុវជនឡើយ។ ពិចិត្រដឹងថាវិនីតមានបំណងគេចចេញពីខ្លួន។ លុះក្រឡេក ឃើញខ្សែកនៅលើកសូរិយាទើបយុវជនបន្លឺឡើង ដោយការភ្ញាក់ផ្អើល៖
-ខ្សែកនេះ!
-គឺវិនីតឲ្យមកខ្ញុំ ខ្ញុំក៏មិននឹកស្មានថា បងនៅតែរក្សាវាទុកដែរ ការពិតខ្ញុំ ក៏មិនទទួលយកវិញដែរ តែវិនីតថា វាសមតែជារបស់ខ្ញុំ បងគ្រាន់តែឲ្យនាងខ្ចីប៉ុណ្ណោះ នាងថែមទាំងឲ្យខ្ញុំប្រឹងប្រែងឡើង កុំអស់សង្ឃឹមអី…………..បងទៅណាហ្នឹង?
ពិចិត្រហាក់ដូចជាខឹងខ្លាំងណាស់ ក៏ស្ទុះទៅរកវិនីត តែគ្មាននរណាដឹងថានាងទៅណាឡើយ។ រ៉ាណេបន្លឺ៖
-បងរកវិនីតធ្វើអី?
-មើលទៅគាត់ដូចជាខឹង(រ៉ាឌីឧទាន)
ពិចិត្រដើរបណ្តើរលើកទូរស័ព្ទតេទៅយុវតីបណ្តើរ៖
-ឯងនៅឯណា?
-បងរកខ្ញុំមានការអីអ្ហេ? ល្ងាចបន្តិចខ្ញុំត្រឡប់ទៅវិញហើយ បានហើយ!
-អាឡូ!
វិនីតបិទទូរស័ព្ទ។ វណ្ណាឃើញអាកប្បកិរិយាពិចិត្រអន្ទះសាយ៉ាងនេះ ក៏ដើរទៅជិត ហើយនិយាយ៖
-នាងទៅលេងផ្ទះប៉ាម៉ាក់ឯងហើយ
ថ្លែងពីវិនីត នាងមានអារម្មណ៍មិនស្រួលទាល់តែសោះ។ អ្នកស្រីណាសាបន្លឺ៖
-ពិចិត្រតេមកមែនទេ?
-ចាស!
-ម៉េចមិនឲ្យគេមកទទួលល្ងាចនេះ?
-អូ! គាត់រវល់ មិនអីទេអ៊ំស្រី ខ្ញុំទៅលាងបន្លែសិន
ព្រះអាទិត្យចាប់ផ្តើមអស្តង្គត វិនីតស្រស់ស្រូបអាហារពេលល្ងាចជាមួយអ៊ំប្រុសអ៊ំស្រីហើយ ក៏គិតថា លាលោកទាំងពីរត្រឡប់មកវិញ តែពិចិត្រក៏មកដល់ល្មម។ នាយញញឹមទៅរកលោកទាំងពីរ៖
-សួស្តីលោកប៉ាអ្នកម៉ាក់
-ឯងមកទទួលនាងអ្ហេ?
-បាទ!
-ល្អណាស់អ៊ីចឹង បើកឡានប្រយ័ត្នផង កុំលឿនពេក
-ខ្ញុំជម្រាបលាអ៊ំប្រុសអ៊ំស្រីហើយ
ពិចិត្រ និងវិនីតឡើងឡានទៅ។ បើកចេញពីផ្ទះបានបន្តិច ពិចិត្រឈប់ឡានង៉ក់ ហើយសម្លឹងទៅយុវតី៖
-បងឈប់ឡានធ្វើអី?
-ឯណាខ្សែកដែលបងឲ្យឯង?
-ខ្សែកអ្ហេ! ខ្ញុំឲ្យទៅអ្នកនាងសូរិយាហើយ
-ខ្សែកនោះ បងឲ្យទៅឯង ហេតុអីក៏ឯងយកទៅឲ្យអ្នកដទៃ?
-គាត់មិនមែនជាអ្នកដទៃឯណា ការពិត គាត់ជាម្ចាស់ខ្សែកនោះ តើពិតទេ?
-ហេតុអីក៏ឯងយល់ថា ខ្សែកដែលបងឲ្យទៅឯងនោះជារបស់សូរិយា?
-ខ្ញុំមិនដឹងទេ! ប៉ុន្តែទោះយ៉ាងណា បងយកខ្សែកប្រចាំស្នេហ៍របស់ខ្លួនទៅឲ្យស្រីដទៃ តើបងមានគិតដល់ចិត្តគាត់ទេ? បងមិនគិតថា បងធ្វើអ៊ីចឹង ដូចជាសម្លាប់គាត់ទាំងរស់ទេអ្ហេ?គាត់នៅតែស្រលាញ់បង ចំណែកបងក៏នៅស្រលាញ់គាត់ដែរ តើមែនទេ?
-បងនិយាយប៉ុន្មានដងទៀត ទើបឯងយល់ពីអារម្មណ៍បង?
-ខ្ញុំពិតជាមិនយល់ពីអារម្មណ៍របស់ពួកបងមែន បើបងមិនស្រលាញ់គាត់ ហេតុអីក៏ទុកខ្សែកនោះរហូត បងធ្វើអ៊ីចឹង បងមិនហត់ទេអ្ហេ?
-ឯងទេដែលហត់នោះ
-បង!
-ទោះបងនិយាយយ៉ាងណាក៏ឯងមិនជឿបងដែរ
-បងឲ្យខ្ញុំជឿយ៉ាងម៉េច? បងចេះតែនិយាយថា បងមានមនុស្ស ដែលបងស្រលាញ់ហើយ តែការពិត បងគ្មានទេ ការពិតបងនៅតែស្រលាញ់………….
វិនីតមិនអាចនិយាយតទៅទៀតបាន ព្រោះតែបបូរមាត់នាងត្រូវយុវជនថើបជាប់ទៅហើយ។ វាហាក់ដូចជារន្ធត់ពេកហើយសម្រាប់នាងតូចម្នាក់នេះ។ យុវតីបានត្រឹមតែបើកភ្នែកធំៗ លែងស្តីអ្វីទាំងអស់។
ចាប់តាំងពីថ្ងៃនោះមក វិនីតពុំសូវនិយាយស្តីជាមួយយុវជនឡើយ។ សង្គេតឃើញពួកគេទាំងពីរខុសពីធម្មតាដូចនោះ សុវណ្ណក៏បន្លឺឡើង៖
-ពួកឯងទាំងពីរមានរឿងអី?
-គ្មានទេ!
យុវជន និងយុវតីឆ្លើយព្រមគ្នា។ រ៉ាឌី និងរ៉ាណេតបព្រមគ្នា៖
-ស្បថទៅ!
-វិនីត! និយាយទៅ ថាមានរឿងអី?
-គ្មានទេបង! ខ្ញុំទៅបន្ទប់ហើយ
-ខ្ញុំក៏ទៅដែរ (វណ្ណាឧទាន)
ទៅដល់មុខបន្ទប់ វណ្ណានិយាយទៅកាន់យុវតី៖
-អ្នកណាធ្វើឲ្យស្រីច្រម៉ក់ឯងមិនសប្បាយចិត្តយ៉ាងនេះ?
-គ្មានទេ!
-ពួកយើងទៅស្រែកដាក់កែវនៅជាន់ខាងលើទៅ
-ក៏ល្អដែរ! ពួកយើងទៅ
ព្រលឹមឡើង វិនីតក៏ទៅគោះទ្វារសុវណ្ណ៖
-តើឯងមានការអីទាំងព្រលឹមហ្នឹង?
-ហេតុអីបងមិនបើកទូរស័ព្ទ ហ៏! លោកចាងហ្វាងចង់និយាយជាមួយបង
-ជម្រាបសួរលោកចាងហ្វាង!
សុវណ្ណនិយាយទូរស័ព្ទហើយ ក៏ស្រាប់តែទៅរកកកាយពេញថតតុ៖
-តើបងរកអីហ្នឹង?
-កម្មវិធីទូរទស្សន៍របស់ពួកយើងល្ងាចនេះហ្នឹងណា តើទុកឯណាអ៊ីចេះ?……..ដូចជានៅក្នុងបន្ទប់ភ្លេងទេ បងចុះទៅរកសិន
សុវណ្ណចុះទៅក្រោមបាត់ វិនីតគិតថានឹងរៀបចំទុកដាក់ឡើងវិញ ក៏ស្រាប់តែ
ប្រទះឃើញខ្សែកមួយខ្សែ ដូចបេះបិទនឹងខ្សែកដែលពិចិត្រឲ្យមកខ្លួន៖
-ខ្សែក! ហេតុអីខ្សែកនេះ នៅក្នុងបន្ទប់បងសុវណ្ណទៅវិញ?
-ឯងកំពុងធ្វើអីហ្នឹង?
-ខ្សែកនេះ ជារបស់បងមែនទេ?
-ខ្សែក! ………..អូ! បងនឹកឃើញហើយ កាលពីបីឆ្នាំមុនពិចិត្រឲ្យមកបង
-ឲ្យបងអ្ហេ?
-គេឲ្យបងយកទៅបោះចោល តែបងមើលទៅដូចជាមិនដាច់ចិត្ត ព្រោះឃើញវាស្អាតទើបទុកទៅ ពិចិត្រប្រហែលភ្លេចហើយ ឯងចង់បានយកទៅ
-អរគុណបងហើយ
វិនីតកាន់ខ្សែដៃយកទៅ តែក៏បានជួបពិចិត្រល្មម។ នាងគ្រវាសដៃទៅក្រោយខ្នង ទើបនិយាយទាំងភ្ញាក់ផ្អើល៖
-គឺបងទេអ្ហេ!
-សូមទោស រឿងពីថ្ងៃមុន………….
-មិនអីទេ! ខ្ញុំភ្លេចទៅហើយ
-ឯងមានអីលាក់បងមែនទេ?
-គ្មានទេ
-លាដៃរបស់ឯងចេញមក
-គ្មានអីទេ
-កុហកបងផងអ្ហេ! បងមិនជឿថា ឯងអាចលាក់បងបានទេ
ពិចិត្រស្ទុះទៅចាប់វិនីតឲ្យយករបស់នឹងដៃចេញមក។ ទាំងពីរនាក់ប្រទាញ- ប្រទង់គ្នា លាយនឹងសំណើចក្អាកក្អាយ តែវិនីតនៅតែក្តោបខ្សែកជាប់ស្អិត។ ពិចិត្រក្រសោបយុវតីពីក្រោយជាប់ ហើយដៃទាំងពីរចាប់លាដៃទាំងពីររបស់នាង រៀបនឹងបានឃើញរបស់ក្នុងដៃវិនីតហើយ ស្រាប់តែសំឡេងវណ្ណាបន្លឺឡើង៖
-ពួកឯងកំពុងធ្វើអីហ្នឹង?
-គ្មានទេ!
វិនីតស្ទុះចេញពីយុវជន៖
-ឯងក្តាប់អីនឹងដៃហ្នឹង?
-គ្មានទេ! ខ្ញុំទៅចាំពួកបងនៅឡានមុន
វិនីតនិយាយហើយ ក៏រត់ចេញទៅបាត់។ ទៅដល់ក្រុមហ៊ុននាងពិតជាបាន ឃើញសូរិយាពាក់ខ្សែក ដែលមានរូបរាងដូចគ្នាបេះបិទនឹងខ្សែកដែលសុវណ្ណឲ្យមកនាងមែន។ យុវតីហាក់ដូចភាំងមួយស្របក់ សូរិយាបន្លឺ៖
-វិនីត! វិនីត!
-ចាស!
-នាងរកខ្ញុំមានការអី?
-ចាស! លោកចាងហ្វាងឲ្យខ្ញុំមកយកឯកសារពីអ្នកនាង
-ចាំមួយភ្លែតអ៊ីចឹង………….ហ៏!
-អរគុណ! ខ្ញុំទៅសិនហើយអ្នកនាង
វិនីតដើរបណ្តើរគិតបណ្តើរ៖ “ហេតុអីក៏ខ្សែកទាំងពីរនេះដូចគ្នាបេះបិទ?”។
-បុកហើយ! (រ៉ាណេបន្លឺឡើង)
-បងទេអ្ហេ! ភ័យសឹងស្លាប់
-ឯងប៉ុន្មានថ្ងៃនេះកើតអីហ្នឹង?
-គ្មានទេ!
-ឬបារម្ភរឿងទៅចិន?
-តិចៗដែរ
-មិនតិចទេ តាមមើលសភាពឯង គឺធ្ងន់ធ្ងរហើយ
-បងកុំនិយាយលេងមើល ខ្ញុំទៅមុនហើយ ប្រញាប់យកឯកសារទៅជូនលោកចាងហ្វាង
វគ្គ៨ មុនថ្ងៃចាកចេញ
ថ្ងៃនេះជាថ្ងៃខួបកំណើតសូរិយា។ គ្រប់គ្នាជួបជុំគ្នានៅផ្ទះលោកចាងហ្វាង។ សុវណ្ណក្រឡេកឃើញខ្សែកនៅលើកសូរិយា ក៏ស្ទុះទៅរកវិនីត៖
-ឯងចេញមកក្រៅមួយភ្លែតមក
-បងមានការអីហ្នឹង?
-ឯងនិយាយទៅ ឯងយកខ្សែកពីបងទៅឲ្យសូរិយាមែនទេ?
-អត់ទេ! ខ្សែកនោះ ខ្ញុំទុកនៅឯផ្ទះឯនោះ
-អ៊ីចឹងបានន័យថា សូរិយាក៏មានខ្សែកនោះដែរ
-មិនមែនទេ នោះប្រហែលជារបស់បងពិចិត្រ ចំណែកខ្សែកដែលបងឲ្យខ្ញុំ ប្រហែលជារបស់អ្នកនាងសូរិយា
-អ៊ីចឹងបានន័យ នោះជាខ្សែកគូសង្សារតើ តែកាលពីបីឆ្នាំមុន ហេតុអីពិចិត្រឲ្យបងយកវាទៅបោះចោល?
-គាត់ពិតជាបំភ្លេចអ្នកនាងសូរិយាមែនអ្ហេ?
-ប្រាកដហើយ! ប៉ុន្តែសូរិយានៅតែពាក់ខ្សែកនោះ បានន័យថា….
-បងឈប់និយាយទៅ!
-ហេតុអីក៏ពួកបងនៅទីនេះ? (ពិចិត្របន្លឺ)
-គ្មានទេ! បងគ្រាន់តែមានរឿងជជែកជាមួយវិនីតប៉ុណ្ណោះ បងទៅក្នុងវិញហើយ ឯងជជែកគ្នាចុះ
-ខ្ញុំក៏ទៅក្នុងវិញដែរ
សូរិយាឃើញវិនីតដើរចេញពីពិចិត្រហើយ នាងក៏ដើរចូលទៅ៖
-បងមិនរាំលេងនឹងគេទេអ្ហេ?
-មិនចង់ទេ
-អ៊ីចឹងបងឈរត្រង់នេះហើយណា
សូរិយាឡើងទៅលើវេទិកា រួចហើយក៏និយាយពីទឹកចិត្តរបស់ខ្លួន៖
-សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំរីករាយខ្លាំងណាស់ បានជួបជុំបងប្អូន មិត្តភក្តិទាំងអស់ ថ្វីត្បិតតែខ្ញុំច្រៀងមិនពីរោះ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមបកស្រាយចម្រៀងមួយបទ ដែលខ្ញុំធ្វើវាឡើងដោយខ្លួនឯង ជូនទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្ញុំ បទនេះមានចំណងជើងថា សូមទោសគ្រប់យ៉ាង។
ចម្រៀងរៀបរាប់ពីទោសកំហុសគ្រប់យ៉ាង របស់នារីម្នាក់ ដែលបានធ្វើឲ្យមនុស្សខ្លួនស្រលាញ់រស់ក្នុងការឈឺចាប់។ ចុងបញ្ចប់ នាងពិតជាមានអារម្មណ៍ស្តាយក្រោយណាស់ ចង់ហៅវេលាឲ្យត្រឡប់ក្រោយវិញ។ វិនីត ព្រមទាំងយុវជនទាំងអស់លួចសម្លឹងមុខពិចិត្រ តែយុវជនធ្វើហាក់ដូចជាធម្មតា។ នៅពេលឃើញពិចិត្រហាក់មិនអើពើចំពោះខ្លួន សូរិយាខូចចិត្តណាស់ នាងលែងខ្វល់ពីអ្វីទាំងអស់ ក៏ទៅចាក់ស្រាផឹកមួយកែវហើយមួយកែវទៀត រហូតទាល់តែស្រវឹងលែងដឹងខ្លួន។ ចំណែកក្រុមយុវជនក៏ត្រឡប់មកដល់ផ្ទះវិញ។ រ៉ាណេបន្លឺ៖
-មើលទៅអ្នកនាងសូរិយា ពិតជាខូចចិត្តមែនទែនហើយ
-មើលទៅគាត់ស្តាយក្រោយណាស់
-បងពិតជាដាច់ចិត្តមែនអ្ហេ?
-បងទៅគេងហើយ
បន្ទាប់ពីឃើញសភាពរបស់សូរិយា ពិចិត្រក៏ពិបាកចិត្តណាស់ដែរ ប៉ុន្តែគ្រប់យ៉ាងសម្រាប់នាយ វាពិតជាមិនអាចត្រឡប់ក្រោយមែន។ ឱ! ពន្លឺផ្កាយដ៏សែនតូច រនោចចិត្តបានកន្លងហួសទៅហើយ ប៉ុន្តែម្តេចឡើយខ្នើតចិត្តនៅតែព្រងើយពុំចែងចាំងរស្មីទាល់តែសោះ។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែឮសម្រឹបជើងដើរចូលមក៖
-អ្នកណា?
-គឺខ្ញុំ! ហេតុអីក៏បងនៅទីនេះដែរ?
-ចុះឯង យប់ថ្មើនេះហើយ ឡើងមកធ្វើដំបូលធ្វើអីទៀត?
-ខ្ញុំគេងមិនលក់
-បងក៏ដូចគ្នាដែរ
-បងគិតដល់អ្នកនាងសូរិយាមែនទេ? សូមទោស ខ្ញុំក៏មិនចង់ជ្រៀតជ្រែករឿងបងដែរ ប៉ុន្តែអ្នកនាងសូរិយាពិតជាស្រលាញ់បងមែន បងមិនអាណិតគាត់ទេ?
-ស្នេហា និងការអាណិតមិនដូចគ្នាទេ ទោះបងអាណិតនាង តើវាយ៉ាងម៉េច?បងបានត្រឹមតែអាណិតប៉ុណ្ណោះ
-តើមានមូលហេតុផ្សេងទេ ទើបធ្វើឲ្យបង មិនព្រមទទួលគាត់?
-គ្មានទេ! ឯងកុំបារម្ភពីរឿងបងពេកបានទេ សុខភាពឯងមិនល្អឡើយ ឆាប់ទៅគេងទៅ
-ខ្ញុំគ្រាន់តែចង់និយាយជាមួយបង បើបងនៅស្រលាញ់គាត់ បងគួរតែអធ្យាស្រ័យឲ្យគាត់ ហេតុអីក៏បងមិនសាកល្បងចាប់ផ្តើមសារឡើងវិញ
-បងនៅតែប្រាប់ឯងថា មិនអាចទេ បានហើយ! ឆាប់ទៅគេងទៅ បងជូនឯងទៅបន្ទប់វិញ
ពិចិត្រដឹកដៃវិនីតទៅក្នុងផ្ទះវិញ។
លុះព្រឹកឡើង មកដល់ក្រុមហ៊ុន ស្រាប់តែមានមនុស្សម្នាក់មករកយុវតី។ សន្តិសុខក្រុមហ៊ុនបន្លឺឡើង៖
-អ្នកនាងវិនីត មានគេសុំជួប
-អញ្ជើញចូលមក!
-សួស្តី!
-លោក!
-ខ្ញុំឈ្មោះរតនា ធ្វើការនៅផលិតកម្មមយូរា នេះជាណែមកាតរបស់ខ្ញុំ
-អូ! …………អញ្ជើញអង្គុយ
-អ្នកនាងប្រហែលជាឆ្ងល់ហើយ ថាហេតុអីក៏ខ្ញុំមករកអ្នកនាងដល់ក្រុមហ៊ុន ការពិតលោកចាងហ្វាងឲ្យខ្ញុំមករកអ្នកនាង គឺមានគោលបំណង អញ្ជើញអ្នកនាងទៅធ្វើជាអ្នកនិពន្ធនៅផលិតកម្មរបស់គាត់
-ថាម៉េច!
-អ្នកនាងអាចពិចារណាបាន ក្រោយពេលត្រឡប់ពីប្រទេសចិនវិញ ចំណែករឿងថវិកា ក្រុមហ៊ុននឹងជូននាងទ្វេដង
-សូមទោស!
-អ្នកនាងកុំទាន់បដិសេធអី ខ្ញុំគិតថា អ្នកនាងគួរតែពិចារណា ខ្ញុំនឹងចាំទទួលទូរស័ព្ទពីអ្នកនាង សូមទោស ខ្ញុំមិនរំខានអ្នកនាងយូរទេ លាសិនហើយ សង្ឃឹមថាអ្នកនាងនឹងពិចារណា
រតនាចេញផុត វិនីតដកដង្ហើមធំដូចជាហួសចិត្តណាស់៖
-ហេតុអីក៏មករកខ្ញុំ?
-អ្នណាគេអម្បាញ់មិញ?
-អ្នកនាងទេអ្ហេ? អូ! គាត់ជាមិត្តភក្តិខ្ញុំ…………
-ចុះគាត់មករនាងធ្វើអី?
-មិត្តខ្ញុំផ្ញើប្រាក់តាមគាត់ឲ្យយកមកសងខ្ញុំ តើអ្នកនាងមានការអីអ្ហេ?
-គ្មានទេ! ខ្ញុំគ្រាន់តែចង់ជជែកលេងជាមួយនាងប៉ុណ្ណោះ…..សូមទោសផង កាលពីយប់មិញ ខ្ញុំប្រហែលជាផឹកច្រើនពេកហើយ
-មិនអីទេ! ការពិតពួកខ្ញុំយប់មិញ គឺសប្បាយណាស់
-តើកាលពីយប់មិញ បងពិចិត្របាននិយាយអីជាមួយនាងទេ?
-……..គ្មានទេ! ទៅដល់ផ្ទះ គាត់ក៏ចូលសម្រាន្តទៅ
-នាងដឹងទេ ថាហេតុអីក៏គាត់ មិនព្រមទទួលខ្ញុំ?
-ខ្ញុំក៏មិនដឹងដែរ!
-គឺព្រោះតែនាង
-អ្នកនាង!
-នាងធ្លាប់និយាយប្រាប់ខ្ញុំហើយ ថានាងមិនបានស្រលាញ់គាត់នោះទេ ខ្ញុំជឿនាង ប៉ុន្តែក្នុងចិត្តគាត់គឺស្រលាញ់នាង មូលហេតុដែលគាត់មិនទទួលយកខ្ញុំ គឺព្រោះតែគាត់ស្រលាញ់នាង ដរាបណានាងនៅចំពោះមុខគាត់ គាត់មិនអាចទទួលយកខ្ញុំបានឡើយ សូមទោស! ខ្ញុំមិនគួរនិយាយបែបនេះចំពោះនាងទេ ខ្ញុំដឹងថានាងជាមនុស្សល្អ ប៉ុន្តែខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំស្តាយក្រោយណាស់ ហេតុអីក៏ខ្ញុំទៅចោលគាត់?
-អ្នកនាង!
-នាងដឹងទេ ក្នុងរយៈពេលដែលខ្ញុំមិននៅ ខ្ញុំបានព្យាយាម មិនឲ្យមនុស្សស្រីមកនៅក្បែរគាត់ ខ្ញុំមិនឲ្យបងប្រុស ទទួលអ្នកនិពន្ធជាមនុស្សស្រី ក៏ព្រោះតែ ខ្លាចគាត់ភ្លេចខ្ញុំ តែទីបំផុត គាត់នៅតែអាចរកអ្នកនិពន្ធជាមនុស្សស្រីមកនៅ ក្បែរគាត់ដដែល នោះគឺនាង
-នេះអ្ហេជាមូលហេតុដែលលោកចាងហ្វាងបដិសេធអ្នកនិពន្ធស្រី? សូមទោស!
-នាងមិនខុសទេ វាប្រហែលជាព្រហ្មលិខិត ខ្ញុំសូមអង្វរនាង នាងកុំស្រលាញ់គាត់អី តើបានទេ? នេះជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំហើយ
-….អ្នកនាងកុំបារម្ភអី………. ខ្ញុំមិនស្រលាញ់គាត់ទេ
-តើនាងអាចធ្វើការងារមួយដើម្បីខ្ញុំទេ?
-តើអ្នកនាងចង់ឲ្យខ្ញុំធ្វើអី?
-នាងកុំរស់នៅផ្ទះជាមួយពួកគាត់អី ខ្ញុំគិតថា នាងគួរតែទៅស្នាក់នៅផ្ទះមួយផ្សេងពីពួកគាត់ ធ្វើបែបនេះ ក៏ល្អសម្រាប់នាងដែរ ព្រោះនាងជាមនុស្សស្រី រស់នៅជាមួយមនុស្សប្រុសច្រើនយ៉ាងនេះ ក៏មិនល្អដែរ
-ពិតមែនហើយ! បើធ្វើបែបនេះ អាចជួយអ្នកនាងបាន ខ្ញុំធ្វើតាមអ្នកនាង
–ពិតមែនអ្ហេ! អរគុណនាង
–មិនអីទេ!
–តែនាងកុំទាន់ចេញអី ចាំត្រឡប់មកពីប្រទេសចិនវិញសិនទៅ
–អ៊ីចឹងក៏បាន
–អរគុណនាងខ្លាំងណាស់
……………………………………………………………………………………………………
វិនីតដកដង្ហើមធំទៀតហើយ៖”តើមានរឿងអីហ្នឹង? ខ្ញុំត្រូវចាកចេញពីពួកគាត់អ្ហេ? តើនេះជាការចាប់ផ្តើម ឬជាការបញ្ចប់ នៃស្នេហាដំបូងរបស់ខ្ញុំ? ហេតុអីក៏រូបខ្ញុំនេះក្លាយជារនាំងឃាំងពួកគាត់ទាំងពីរទៅវិញ?”។
-គិតអីទៀតហើយស្រីច្រម៉ក់? (វណ្ណាបន្លឺ)
-ខ្ញុំកំពុងតែគិតពីការធ្វើសន្និសិទកាសែតរបស់ពួកយើង តើនឹងទៅជាយ៉ាងណាហ្ន៎?
-មានរឿងអីត្រូវបារម្ភនោះ! តើមានរឿងអីផ្សេងទៀតទេ?
-គ្មានទេ!
-ឯងនឹងពិចិត្រឈ្លោះគ្នាអ្ហេ?
-អត់ទេ!
-គ្មាននរណាគេជឿឯងទេ បងដឹង! ទោះជាឯងមានរឿងអី ក៏ឯងលាក់វា ឃុំវាជិត ហេតុអីក៏ឯងចេះតែគិតពីអ្នកដទៃជាងខ្លួនឯងយ៉ាងនេះ?
-សូមទោស! ធ្វើឲ្យបងបារម្ភហើយ (វិនីតយំហ៊ូ)
-ក្រែងឯងចាត់ទុកបង ដូចជាបងប្រុសអ្ហេ ហេតុអីក៏មិនឲ្យបងប្រុសម្នាក់នេះ ដឹងរឿងរបស់ឯងខ្លះទៅ?
-…………ខ្ញុំចង់រើចេញពីទីនេះ
-ថាម៉េច!
-បងកុំទាន់ប្រាប់ពួកគាត់អី ពេលត្រឡប់ពីចិនវិញ ខ្ញុំនឹងរើចេញ
-ហេតុអីក៏ឯងមានគំនិតបែបនេះ?
-វាមិនសមទេ ដែលខ្ញុំមករស់នៅក្នុងចំណោមមនុស្សប្រុសច្រើនយ៉ាងនេះ
-តើឯងគិតស្អីហ្នឹង? រាល់ថ្ងៃនេះ គឺពួកយើងធ្វើការជាមួយគ្នា ពួកយើងទើបតែចាប់ផ្តើមប៉ុណ្ណោះ ម៉េចនឹងអាចគ្មានឯងបាន ម្យ៉ាងទៀត នៅទីនេះ គឺមានតែពួកយើងប៉ុណ្ណោះជាសាច់ញាតិឯង ឯងគិតថា ពួកគេសុខចិត្តទេ? នេះមិនមែនជាមូលហេតុទេ មែនទេ? ឯងគិតថា ឯងចាកចេញ អាចធ្វើឲ្យពិចិត្រទទួលយកសូរិយាអ្ហេ?
-ខ្ញុំ!
-ការពិតពួកឯងទាំងពីរស្រលាញ់គ្នា ប៉ុន្តែហេតុអី ក៏ពួកឯងមានការស្ទាក់ស្ទើរយ៉ាងនេះ?
-ខ្ញុំជាអ្នកទីបីសម្រាប់ពួកគាត់ អ្នកនាងសូរិយាស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំមិនចង់ឲ្យពួកគាត់ឈឺចាប់ព្រោះតែខ្ញុំទេ
-វិនីត!
-ទោះយ៉ាងណា ខ្ញុំទើបតែចាប់ផ្តើមប៉ុណ្ណោះ ខ្ញុំអាចដកខ្លួនបាន បងត្រូវតែជួយខ្ញុំ ណាបងណា!
–បាន! បងជួយឯង ប៉ុន្តែក្នុងកំឡុងថ្ងៃ ដែលឯងរស់នៅជាមួយពួកបងនេះ ឯងត្រូវតែរីករាយ ស្តាប់បានទេ?
–អ៊ឺ!
វិនីតដាក់ក្បាលលើខ្នងវណ្ណា ហើយយំយ៉ាងខ្លាំងអស់ពីទំហឹងចិត្ត។ ចាប់ពីថ្ងៃនេះ នាងត្រូវចំណាយពេលដែលសេសសល់ រស់នៅជាមួយយុវជនដោយរីករាយ។ ថ្ងៃនេះ នាងត្រឡប់មកពីធ្វើការមុន រៀបចំអាហាររួចជាស្រេច រង់ចាំក្រុមយុវជនត្រឡប់ពីធ្វើការវិញ។ វាពិតជារីករាយខ្លាំងណាស់សម្រាប់ពួកគេ។ វិនីតដួសបាយជូនដល់យុវជនម្នាក់ម្តងៗដោយស្នាមញញឹម តែបន្តិចក្រោយមក នាងមានអារម្មណ៍ថា នាងមិនអាចទប់ទឹកភ្នែកជាប់ឡើយ ក៏ស្ទុះចូលទៅបន្ទប់ទឹក។ វណ្ណាក៏ស្ទុះទៅតាមនាង។ នាយឈរចាំនៅក្រៅបន្ទប់៖
–ឯងមិនអីទេអ្ហេ?
–មិនអីទេបង! ពួកយើងទៅញ៉ាំបាយទៅ
វណ្ណា និងវិនីតបណ្តើរគ្នាមកវិញដោយស្នាមញញឹម។ ពិចិត្រសង្គេតឃើញវិនីតហាក់មានការស្និទ្ធស្នាលនឹងវណ្ណាខុសប្លែកពីធម្មតា។ យុវតីហាក់ពុំសូវនិយាយស្តីលេងសើចជាមួយនាយដូចកាលពីមុនឡើយ។ ដូចជាពេលនេះអ៊ីចឹង៖
–គឺបងទេអ្ហេ! ខ្ញុំចុះទៅក្រោមវិញហើយ
–បងចង់ជជែកលេងជាមួយឯង
–ចាំថ្ងៃក្រោយទៅ ខ្ញុំភ្លេចគិតថា ខ្ញុំមានការងារត្រូវធ្វើ
ពិចិត្រចាប់ដៃវិនីតជាប់៖
–បង!
–ពេលនេះ ជាម៉ោងយើងសម្រាកតើ………អង្គុយសិនមក
វិនីតអង្គុយចុះ ពិចិត្របន្ត៖
–ឯងមានរឿងអីលាក់នឹងបងអ្ហេ?
–គ្មានទេ!
–បើគ្មានល្អហើយ!
–ចុះរឿងបងជាមួយអ្នកនាង…………
–បងចង់នៅជាមួយឯង ឯងកុំរំឭកពីរឿងហ្នឹងបានទេ?
–បាន! អ៊ីចឹងពួកយើងនាំគ្នាស្រែកទៅ នេះខ្ញុំឲ្យទៅបង
–ឯងប្រុងធ្វើអី?
–ថ្វីត្បិតតែវាគ្រាន់តែជាក្រដាសមួយសន្លឹក តែវាអាចផ្ទុកសំឡេងរបស់យើងបាន ពួកយើងបត់វាទៅ
យុវជន និងយុវតីនាំគ្នាបត់ក្រដាសធ្វើជារាងកែវ ហើយក៏នាំគ្នាយកមកខ្ទប់មាត់ រួចស្រែកយ៉ាងខ្លាំង។ សម្រែកពិតជាធ្វើឲ្យមនុស្សធូរស្រាលមែន។ ពិចិត្របានឃើញស្នាមញញឹមវិនីតកាលពីមុនមកវិញហើយ គឺស្នាមញញឹមដែលគ្មានទុកកង្វល់អ្វីទាំងអស់។ ជាការពិតណាស់ ពេលវេលាពីមុន គឺរស់នៅដោយគ្មានការទើសទាល់ឡើយ។បើនឹកដល់ចំណុចនេះ វិនីតពិតជារីករាយខ្លាំងណាស់ នាងមិនគួរស្រលាញ់ពិចិត្រសោះ។ បើសិនជានាងគ្មានគំនិតបែបនេះ ប្រហែលជាមិនត្រូវចាកចេញពីយុវជនឡើយ។ តែណ្ហើយ! ក្រោយពេលវិលត្រឡប់ពីប្រទេសចិន អ្វីៗនឹងត្រូវបញ្ចប់ នាងនឹងប្រើឆាកជីវិតក្នុងការរស់នៅម្នាក់ឯង ញ៉ាំបាយម្នាក់ឯង ធ្វើដំណើរម្នាក់ឯង។ នេះជាពេលវេលាចុងក្រោយហើយ ដែលនាងឈរយំក្រោមពន្លឺព្រះចន្ទនៅលើដំបូលផ្ទះដ៏សែនកក់ក្តៅនេះ។
ប្រទេសចិន
ក្រុមយុវជនបេះដូងពិត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជន និងស្ថានីយ៍ទូរទស្សន៍នៅប្រទេសចិន។ ក្នុងថ្ងៃសន្និសិទកាសែត ពួកគេបានផ្តល់នូវបទសម្ភាសន៍យ៉ាងល្អឥតខ្ចោះ ទៅកាន់ទស្សនិកជន ក្នុងនោះ លោកហ្វុន ចូវលី គឺធ្វើជាអ្នកបកប្រែផ្ទាល់របស់ពួកគេ។ បន្ទាប់ពីរៀបរាប់ពីដើមកំណើតនៃក្រុមបេះដូងពិតរួចហើយ ក៏ស្រាប់តែមានរូបភាពគួរឲ្យភ្ញាក់ផ្អើលនៅលើផ្ទាំងសំពត់ស ដែលក្នុងរូបនោះគេស្គាល់យ៉ាងច្បាស់ ថាជាកវីវ័យក្មេងដ៏មានសមត្ថភាព គឺសា វិនីត។ ចំណែកមនុស្សស្រីចំណាស់ ដែលកំពុងបោសសម្អាតផ្លូវសាធារណៈជាមួយនឹងនាងនោះ គេពុំដឹងថាជានរណាឡើយ។ កម្មវិធីគឺផ្សាយផ្ទាល់មកដល់ស្រុកខ្មែរ វិណាតបន្លឺឡើង៖
–ម៉ែ! នោះគឺម៉ែ និងបងវិនីតតើ តើពួកគេនាំគ្នាមកថតម៉ែពីអង្កាល់?
–គ្មានទេ! កាលវិនីតត្រឡប់មកផ្ទះ ម៉ែមិនដែលឮវារំលឹកពីរឿងនេះទេ
–ឬមានគេលួចថត?
–មានគេចង់ធ្វើបាបបងទេដឹងម៉ែ? (វិនាតនិយាយ)
–កូនកុំនិយាយផ្តាស វាជាការពិត គ្មាននរណាចង់ធ្វើបាបបងឯងនោះទេ
ការពិតរូបភាពនេះ វាគួរឲ្យភ្ញាក់ផ្អើលណាស់។ សូរិយាគឺជាអ្នកកាន់កម្មវិធីនេះ ប៉ុន្តែនៅក្នុងតារាងកម្មវិធី គឺគ្មានបង្ហាញពីចំណុចនេះឡើយ។ យុវជនទាំងអស់ នាំគ្នាសម្លឹងមើលទៅវិនីត ដែលកំពុងមើលរូបភាពវីឌីអូនោះឥតព្រិចភ្នែក។ អស្ចារ្យណាស់ នាងអង្គុយញញឹមរហូត ប៉ុន្តែទឹកភ្នែកនាងស្រក់ឥតឈប់។ ពិចិត្រក្តាប់ដៃនាងយ៉ាងជាប់ណែន រហូតវីឌីអូត្រូវបានបញ្ចប់។ យុវតីសម្រួលអារម្មណ៍ជូតទឹកភ្នែកហើយ ក៏នៅតែញញឹម។ ពេលឃើញនាងមានអារម្មណ៍ដូចធម្មតាហើយ កិច្ចសម្ភាសក៏ចាប់ផ្តើមបន្ត៖
–នេះជារូបភាព ដែលប្អូនធ្វើជាកម្មករសម្អាតផ្លូវសាធារណៈមែនទេ?
–ចាស!
–តើស្រ្តីម្នាក់ដែលសម្អាតក្បែរប្អូននោះ ជានរណា?
ឲ្យតែនឹកឃើញទុកលំបាករបស់ម្តាយ វិនីតអួលដើមកណាស់។ នាងឆ្លើយទាំងសំឡេងខ្សាវៗ៖
–គាត់ជាម្តាយខ្ញុំ
–តើរូបភាពនេះ មុន ឬក្រោយពេលនាងក្លាយជាអ្នកនិពន្ធ?
–គឺក្រោយ……… ថ្ងៃខ្ញុំទៅលេងផ្ទះ ខ្ញុំក៏ទៅជួយបោសម៉ែ
–អ៊ីចឹងបានន័យថា នាងមិនបោះបង់ ការងារជាកម្មករនេះទេអ្ហេ?
–អត់ទេ!
–នាងក្លាយជាអ្នកនិពន្ធដ៏ល្បីយ៉ាងនេះហើយ តើនាងមិនខ្មាសគេទេអ្ហេ ដែលទៅធ្វើជាកម្មករបែបនេះ? ឬប្រាក់ដែលនាងរកបាននៅតែមិនគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់គ្រួសារ?
វិនីតសើច ហើយនិយាយ៖
-ប្រាក់ដែលខ្ញុំរកបានរាល់ថ្ងៃ គឺសមល្មមឲ្យគ្រួសារខ្ញុំរស់បានស្រួលហើយ ការពិត ខ្ញុំក៏ចង់ឲ្យម៉ែសម្រាកពីការងារដែរ តែម៉ែថាទោះយ៉ាងណា នេះជាការងារដ៏ល្អមួយដែរ បើឲ្យគាត់ឈប់ តើឲ្យគាត់ទៅធ្វើអី បើគាត់មិនចេះអីផងនោះ។ ម៉ែនិយាយគឺត្រឹមត្រូវ ការងារនេះ មានអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមជាច្រើនរបស់គ្រួសារខ្ញុំ ម្យ៉ាងទៀត វាចូលរួមចំណែកក្នុងការជួយសង្គមផងដែរ។ សម្រាប់ខ្ញុំចំពោះការងារនេះ វាមិនមែនជាភាពអាម៉ាស់នោះទេ
–ពិតជាអស្ចារ្យណាស់ ត្រូវហើយ! ក្នុងពេលកំពុងមើលវីឌីអូ ខ្ញុំឃើញនាងយំផងសើចផង តើនាងមានអារម្មណ៍យ៉ាងម៉េច?
–ខ្ញុំមិនបានយំទេ គឺខ្ញុំត្រេកអរ ខ្ញុំមិននឹកស្មានថា ឆាកជីវិតរបស់ខ្ញុំ ត្រូវបានចាក់ផ្សាយឲ្យមនុស្សទូទាំងពិភពលោកបានដឹងយ៉ាងនេះសោះ។ អរគុណម៉ែ ប្អូនទាំងពីរ និងមិត្តភក្តិរបស់ខ្ញុំ វិនី និងតារា ដែលផ្តល់កម្លាំងចិត្តឲ្យខ្ញុំកន្លងមក អរគុណពួកបង និងទស្សនិកជនទាំងអស់ដែលគាំទ្រនូវស្នាដៃរបស់ពួកខ្ញុំ ហើយធ្វើឲ្យខ្ញុំមានថ្ងៃនេះ។
–អ៊ឺ!………….ត្រូវហើយ! ឮថានាង អាចប្រើសំឡេងជាមនុស្សប្រុសបាន តើពិតមែនទេ?
-បាទត្រូវហើយ!
-អូហូ! ពិតជាអស្ចារ្យណាស់ តើនាងគិតថា នាងបានប្រយោជន៍អ្វីខ្លះទេ ពីសំឡេងមនុស្សប្រុសនេះ?
-ចាស! សំឡេងមនុស្សប្រុសនេះ វាបានជួយឲ្យខ្ញុំមានសុវត្ថិភាព មិនតែប៉ុណ្ណោះ វាជួយខ្ញុំក្នុងពេលធ្វើបទភ្លេង ពីព្រោះតារាចម្រៀង ដែលច្រៀងចម្រៀងខ្ញុំគឺជាមនុស្សប្រុស ដូចនេះ នៅពេលធ្វើបទភ្លេងខ្ញុំត្រូវប្រើតុងសំឡេងជាមនុស្សប្រុស ខ្ញុំគិតថា សំឡេងនេះមានប្រយោជន៍ណាស់សម្រាប់ខ្ញុំ
សន្និសិទកាសែតត្រូវបានបញ្ចប់ជាស្ថាពរ និងជោគជ័យ។ វិនីតក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់។ សូរិយាកំពុងនៅកន្លែងថត ក្រឡេកឃើញយុវជនកំពុងដើរមករកខ្លួន ក៏បន្លឺឡើង៖
–បងមានការអីរកខ្ញុំអ្ហេ?
–ហេតុអីក៏នាងធ្វើអ៊ីចឹង?
–បងនិយាយពីរូបភាពវីឌីអូអ្ហេ?
–នៅក្នុងតារាងកម្មវិធី ក្រែងនាងមិនបានសរសេរវាចូលទេអ្ហេ ហេតុអី?
–ខ្ញុំគ្រាន់តែចង់ធ្វើឲ្យវិនីតភ្ញាក់ផ្អើលប៉ុណ្ណោះ
–នាងចង់ធ្វើឲ្យភ្ញាក់ផ្អើល ឬក៏មានគំនិតផ្សេង?
–បងចង់និយាយថា ខ្ញុំមានគំនិតធ្វើបាបនាងអ៊ីចឹងអ្ហេ?
–ខ្ញុំគ្មានគំនិតអ៊ីចឹងទេ តែនាងគួរតែប្រាប់ឲ្យវិនីតបានដឹងខ្លួនមុនសិន
–បងបានឃើញហើយពីអារម្មណ៍ពិតរបស់នាង បើខ្ញុំប្រាប់នាងមុន តើនាងអាចធ្វើបានល្អទេ? បងក៏ដឹង ថានាងមិនចេះសំដែងទេមែនទេ? បងមិនគួរបន្ទោសខ្ញុំទេ ខ្ញុំគេងគិតយូរណាស់ ទើបនឹកឃើញវិធីនេះ បងដឹងទេ?
–ការពិតនាងគ្រាន់តែចង់បង្ហាញពីស្នាដៃដឹកនាំរបស់នាងប៉ុណ្ណោះ នាងមិនបានគិតដល់ពីអារម្មណ៍អ្នកដទៃទេ
ពិចិត្រថាហើយក៏ដើរចេញមកក្រៅ។ វិនីតបានឃើញពួកគេទាំងពីរជជែកគ្នារួចហើយ ក៏ដើរទៅរកពិចិត្រ៖
–បងយ៉ាងម៉េចហ្នឹង? ហេតុអីក៏បងបន្ទោសគាត់?
–គេហួសហេតុពេកហើយ
–គាត់មិនហួសហេតុទេ បងមើលមកខ្ញុំមើល មានកើតអីឯណា ខ្ញុំគួរតែអរគុណគាត់ទៀតផង
–តើមានប៉ុន្មាននាក់ ដែលដូចជាឯងនោះ?
–ពួកឯងទាំងពីរនៅទីនេះទេអ្ហេ? (សុវណ្ណបន្លឺ មិត្តឯទៀតក៏មកដល់ព្រមគ្នា)
-វិនីតឯងឆ្លើយបានល្អណាស់
-អរគុណបង!
-ពួកយើងឆាប់ទៅក្រុមហ៊ុនទៅ ដើម្បីត្រៀមឡើងកម្មវិធីទូរទស្សន៍យប់នេះ
ក្នុងអាល់ប៊ុមទីពីរបេះដូងពិត បទដែលពេញនិយមជាងគេ គឺបទជាភាសាអង់គ្លេស ដែលមានចំណងជើងថា”The song for you”។
បន្ទាប់ពីបញ្ចប់ការងារហើយ លោកហ្វុន ចូវលី បានដឹកនាំក្រុមយុវជនបេះដូងពិត ដើរទស្សនាកម្សាន្តគ្រប់ទីកន្លែងក្នុងប្រទេសចិនទាំងមូល។ សកម្មភាពពិតទាំងនេះ ក៏បានចាក់ផ្សាយនៅតាមបណ្តាញអ៊ិនធ័រនេតផងដែរ។
នេះជាមោទនភាពមួយរបស់យុវជនខ្មែរ ដែលឈរជើងលើឆាកអន្តរជាតិហើយពិភពលោកទាំងមូល ក៏កំពុងតែចាប់ផ្តើមផ្តោតអារម្មណ៍មកលើយុវជនមួយក្រុមនេះដែរ។
បន្ទាប់ពីត្រឡប់ពីប្រទេសចិនវិញ ក្រុមចម្រៀងបេះដូងពិត ត្រូវបានក្រុមហ៊ុននៅ វៀតណាម ថៃ និងជប៉ុន ទាក់ទងឲ្យទៅសំដែងជាបន្តបន្ទាប់។ ភាគច្រើន វិនីតពុំបានទៅជាមួយឡើយ ព្រោះនាងជាប់រៀន និងនៅធ្វើបទភ្លេងបន្តទៀត ចំណែកសូរិយា នាងតែងតែធ្វើដំណើរជាមួយក្រុមយុវជននេះជាប់ជានិច្ច ព្រោះនាង ជាអ្នកចាត់ចែងកម្មវិធីឲ្យពួកគេ។ ពីរសប្តាហ៍ហើយដែលវិនីតនៅផ្ទះតែម្នាក់ឯង ពេលខ្លះនាងយកមីមកញ៉ាំជំនួសបាយក៏មាន។ ពេលនេះ នាងកំពុងគិតដល់ថ្ងៃដែលនាងទើបត្រឡប់ពីប្រទេសចិន៖
-អ្នកនាងមានការអីរកខ្ញុំអ្ហេ?
-ខ្ញុំចង់សួរនាង តើនាងបានប្រាប់ពូកគាត់ ថានាងចង់រើចេញហើយនៅ?
-ចាសនៅទេ! ខ្ញុំគិតថា នឹងប្រាប់ពួកគាត់យប់នេះ
-យកល្អកុំទាន់ប្រាប់គាត់អី ពួកគាត់នៅមានកម្មវិធីសំដែង នៅជប៉ុនទៀត បើនាងចាកចេញនៅពេលនេះ ខ្ញុំខ្លាចពួកគាត់មិនសប្បាយចិត្ត ចាំពួកយើង ត្រឡប់ពីជប៉ុនសិនទៅ តើបានទេ?
-ចាសមិនអីទេ?
-ឮថានាងមិនបានទៅជាមួយពួកយើងទេអ្ហេ?
-ចាស! ខ្ញុំជាប់រៀន
វិនីតដកដង្ហើមធំ ហើយនិយាយតែម្នាក់ឯង៖”ទោះជាស្ងប់ស្ងាត់បន្តិច តែខ្ញុំដូចជាគ្មានបញ្ហាអីឯណា? តើពេលនេះ ពួកបងកំពុងតែធ្វើអីហ្ន៎? តើមានពេលនឹកដល់ខ្ញុំទេ? ថ្ងៃស្អែកនេះ ពួកបងត្រឡប់មកវិញហើយ សូមទោស ដែលខ្ញុំទៅមិនបានប្រាប់ពួកបងជាមុន”។
ការសំដែងនៅប្រទេសជប៉ុនបានបញ្ចប់។ មួយរយៈនេះ ទំនាក់ទំនងរវាងសូរិយានិងពិចិត្រហាក់បីដូចជាល្អជាងមុន។ សូរិយានាងរីករាយណាស់ ហើយក៏ហាក់ដូចជាមានសង្ឃឹមខ្លះដែរ។ ពេលនេះ ពួកគេចុះពីលើយន្តហោះមកដល់ដីកម្ពុជាហើយ លោកចាងហ្វាងបន្លឺ៖
-ពួកឯងទៅក្រុមហ៊ុនសិនទេ?
-ពួកយើងចង់ទៅផ្ទះ
យុវជនទាំងអស់ឆ្លើយព្រមគ្នាល្អណាស់ សូរិយាក៏តប៖
-ពួកលោកប្រហែលជានឿយហត់ហើយ គួរតែឲ្យពួកគាត់ទៅផ្ទះសម្រាកសិនទៅបង
-អ៊ីចឹងក៏បាន!
-អរគុណលោកចាងហ្វាង
យុវជនទាំងអស់នាំគ្នាឡើងឡាន។ នៅតាមផ្លូវ ម្នាក់ៗសប្បាយចិត្តណាស់ សង្ឃឹមថានឹងបានទៅជួបស្រីច្រម៉ក់របស់ខ្លួនវិញ។ រ៉ាណេបន្លឺ៖
-ពួកបងទាយទៅមើល ថាស្រីច្រម៉ក់នោះ នឹងធ្វើអ្វីទុកឲ្យពួកយើងញ៉ាំ?
-នាងប្រហែលជាញាំស្តៅដែលខ្ញុំចូលចិត្តហើយមើលទៅ (រ៉ាឌីតប)
-មិនប្រាកដទេ!នាងប្រហែលជាឆាបន្លែដែលបងចូលចិត្តហើយ(សុវណ្ណបន្លឺ)
-សុទ្ធតែមិនមែនទាំងអស់ នាងប្រាកដជាធ្វើអាម៉ុកដែលខ្ញុំចូលចិត្តជាមិនខាន មែនទេបងពិចិត្រ?
-បងម៉េចនឹងដឹងនោះ
វណ្ណានិងពិចិត្រអង្គុយញញឹមដូចគ្នា។ គ្រាន់តែឡានបញ្ឈប់ម៉ាស៊ីន ម្នាក់ៗស្ទុះចេញពីក្នុងឡានព្រាត ទុកតែសុវណ្ណ និងជំនួយការបីនាក់ទៀតជាអ្នករៀបចំអីវ៉ាន់។ ទាំងអស់គ្នាហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់ នៅពេលឃើញផ្ទះចាក់សោពីក្រៅ វណ្ណាបន្លឺ៖
-ហេតុអីក៏ផ្ទះចាក់សោ?
-ស្រីច្រម៉ក់នេះមិនដឹងថា ពួកយើងត្រឡប់មកវិញទេអ្ហេ?
-មិនអាចទេ ហេតុអីក៏លឿនយ៉ាងនេះ? ឯណាសោ?
-នៅបងសុវណ្ណ ចាំខ្ញុំទៅយក
-តើមានរឿងអី?
រ៉ាណេរត់ទៅយកសោ។ ទ្វារផ្ទះត្រូវបានរបើក វណ្ណារត់ចូលទៅបន្ទប់វិនីត ចំណែកយុវជននាំគ្នាទៅតាមពីក្រោយ។ នៅក្នុងបន្ទប់ គឺគ្មានសម្លៀកបំពាក់វិនីតឡើយ វណ្ណាបន្លឺ៖
-នាងទៅបាត់ហើយ!
-នាងទៅណា?
-នាងលេងរស់នៅជាមួយពួកយើងទៀតហើយ?
-តើមានរឿងអីកើតឡើង? (ពិចិត្រសួរ)
-………..គ្មានទេ! គ្រាន់តែនាងយល់ថា នាងជាស្រី មិនសមរម្យក្នុងការរស់នៅជាមួយពួកយើងទេ
-ឯងដឹងថា វិនីតចង់ចាកចេញពីទីនេះអ្ហេ?
-ត្រូវហើយ!
-ហេតុអីក៏ឯងមិនឃាត់នាង?
-នេះជាការសម្រេចចិត្តរបស់នាង
-តែឯងក៏គួរប្រាប់ពួកយើងជាមុនដែរ
-បើប្រាប់ពួកឯង តើយ៉ាងម៉េច?អាចផ្លាស់ប្តូរការសម្រេចចិត្តរបស់វិនីតបានទេ?
-បានហើយ! ពួកបងកុំប្រកែកគ្នាអី ពេលនេះរឿងសំខាន់ យើងគួរតែដឹងថា វិនីតស្នាក់នៅឯណា
-ខ្ញុំក៏មិនដឹងដែរ ថានាងស្នាក់នៅឯណា ការពិតខ្ញុំនឹកស្មានថា ពេលពួកយើង
ត្រឡប់មកវិញហើយ ទើបនាងចាកចេញ
-តើកន្លែងដែលនាងស្នាក់នៅមានសុវត្ថិភាពឬអត់? (រ៉ាឌីបន្លឺ)
-តើមានរឿងអី? (សុវណ្ណសួរ)
-វិនីតទៅបាត់ហើយ (រ៉ាណេឆ្លើយ)
-ទៅបាត់ហើយ! ចុះនាងទៅណា?
-ពួកយើងក៏មិនដឹងដែរ
-អ៊ីចឹងម៉េចមិនឆាប់ទូរស័ព្ទទៅ
-ពិតមែនហើយ!
ទាំងអស់គ្នានាំគ្នាយកទូរស័ព្ទចេញមក ប៉ុន្តែតេមិនចូលទាល់តែសោះ។ វារឹតតែធ្វើឲ្យយុវជនអន្ទះសាថែមទៀត។ រ៉ាណេបន្លឺ៖
-តិចលោនាងត្រឡប់ទៅស្រុកវិញទេដឹង
-ខ្ញុំតេទៅអ្នកមីង
-កុំអីទុកឲ្យខ្ញុំតេទៅវិណាតវិញ
-អាឡូ!
-វិណាត! បងគឺរ៉ាណេណា
-អូ! ជម្រាបសួរបង
-តើឯងសុខសប្បាយទេ?
-ខ្ញុំសុខសប្បាយទេបង ចុះពួកបង និងបងស្រីខ្ញុំ សុខសប្បាយទេ?
-បងស្រីឯងអ្ហេ! …………អូ នាងសុខសប្បាយទេ
-តើខ្ញុំអាចនិយាយជាមួយគាត់បានទេបង?
-………….មិនបានទេ! សូមទោសណា មានទូរស័ព្ទពីក្រុមហ៊ុនហៅពួកបងទៅហើយ ប៉ុណ្ណឹងសិនចុះ ចាំលើកក្រោយបងតេទៅលេងឯងទៀត
-បាទ! ជម្រាបលាបង
-តើនាងទៅណា ហេតុអីក៏តេមិនចូល?
-វណ្ណា! ឯងពិតជាមិនបានដឹងថា នាងស្នាក់នៅឯណាមែនអ្ហេ?
-ខ្ញុំពិតជាមិនបានដឹងមែន
-វាគួរឲ្យបារម្ភពេកហើយ (សុវណ្ណនិយាយ)
-សូរិយាអាចដឹង!
ពិចិត្រងាកសម្លឹងទៅវណ្ណា តែក៏មិនបង្អង់យូរ នាយក៏តេទៅសូរិយាភ្លាម។
ថ្លែងពីសាវីណា ពេលនេះ នាងហាក់ដូចជាតក់ស្លុតខ្លាំងណាស់នៅពេលដែលឮចាងហ្វាងផលិតកម្មមយូរាជជែកជាមួយយុវជនពីរនាក់ ដែលជាសន្តិសុខនៅក្រុមហ៊ុន៖
-តើរឿងដែលយើងឲ្យពួកឯងធ្វើយ៉ាងម៉េចហើយ?
-ទោះជាយ៉ាងណា ក៏នាងមិនព្រមមកក្រុមហ៊ុនយើងដែរលោកចាងហ្វាង
-តែវិនីតបានរើចេញពីផ្ទះក្រុមបេះដូងពិតហើយ
-តើមានរឿងអីកើតឡើងចំពោះពួកគេមែនទេ?
-ពួកខ្ញុំអត់ដឹងទេ!
-ពួកគេប្រហែលជាមានបញ្ហា នេះជាឱកាសរបស់យើងហើយ ហ៏! ឯងយកកិច្ចសន្យានេះ ទៅឲ្យនាងចុះកុងត្រាទៅ
-ចុះបើនាងនៅតែមិនព្រមនោះលោកចាងហ្វាង?
-ឯងរកមធ្យោបាយខ្លួនឯងទៅ ធ្វើយ៉ាងណា ឲ្យនាងចុះហត្ថលេខានៅលើកិច្ចសន្យានេះឲ្យបាន
-បាទទាន!
សាវីណាភ័យណាស់ គិតថាវិនីតមានគ្រោះថ្នាក់ហើយ តើនាងគួរធ្វើយ៉ាងណា? ចំណែកវិនីត តើនាងកំពុងតែធ្វើអី ទើបទូរស័ព្ទតេមិនចូលដូចនេះ។ ពុទ្ធោអើយ! ការពិតនាងអង្គុយសរសេរបទភ្លេងរហូតគេងលក់នៅលើតុពីកាលណា ក៏មិនដឹងដែរ។ នាងងើបឡើងស្រវារកទូរស័ព្ទមកមើលម៉ោងទើបដឹងថា ទូរស័ព្ទអស់ថ្មទៅហើយ។ យុវតីយកទូរស័ព្ទទៅសាកថ្ម ស្រាប់តែទូរស័ព្ទរោទិឡើង៖
-អាឡូសាវីណា!
-តើឯងកំពុងនៅឯណា?
-ខ្ញុំនៅផ្ទះ!
-ឯងឆាប់ចេញពីផ្ទះសិនទៅ
-ទៅណា?
-លោកចាងហ្វាងបានឲ្យមនុស្សទៅរកឯង ឯងកុំទាន់សួរអី ឯងឆាប់ចេញពីផ្ទះមក…………….វិនីត! វិនីត
-សួស្តីសាវិនីត កវីវ័យក្មេងដ៏មានសមត្ថភាព
-ពួកឯងមកទៀតហើយអ្ហេ!
-វីវរហើយ
វីណាបិទទូរស័ព្ទ តែវិនីតក៏ភ្ញាក់ព្រើតនៅពេលទូរស័ព្ទបន្លឺឡើងជាថ្មីម្តងទៀត។
សន្តិសុខទាំងពីរក៏ស្ទុះទៅយកទូរស័ព្ទពីដៃនាង។ ចំណែកពិចិត្រឆ្ងល់ណាស់ ហេតុអីក៏តេចូលហើយ វិនីតបិទទូរស័ព្ទទៅវិញ។ សុវណ្ណបន្លឺ៖
-ហេតុអីក៏នាងទៅហើយ សូម្បីតែទូរស័ព្ទពួកយើង ក៏មិនទទួលអ៊ីចឹង?
-មកពីពួកយើងមិនល្អចំពោះនាងទេដឹង?
ទាំងអស់គ្នាអន្ទះសាណាស់ ស្រាប់តែសំឡេងទូរស័ព្ទពិចិត្របន្លឺឡើង៖
-អាឡូ!
-បងពិចិត្រ! ខ្ញុំសាវីណាណា៎ វិនីតមានរឿងហើយ
-តើវិនីតនៅឯណា?
-បងឆាប់ចេញមក ខ្ញុំនៅចាំបង មុខមន្ទីរពេទ្យកាល់ម៉ែត
-តើវិនីតមានរឿងអីមែនទេ?
-ពួកយើងឆាប់ទៅ!
ឡានពីរគ្រឿង បើកយ៉ាងលឿនចាកចេញទៅ។ សាវីណាបាននាំក្រុមយុវជនមកដល់ផ្ទះជួលដែលវិនីតស្នាក់នៅ៖
-ឈប់ត្រង់នេះហើយ! ពួកបងចូលទៅចុះ ចំណែកខ្ញុំ ខ្ញុំមិនអាចឲ្យពួកគេឃើញខ្ញុំទេ
-អរគុណនាងហើយ
វិនីតអង្គុយលើកៅអី ដែលមានកិច្ចសន្យានៅពីមុខ ចំណែកសន្តិសុខទាំងពីរគឺឈរសងខាងនាង៖
-កន្លះម៉ោងហើយ តើនាងចង់គិតដល់ណាទៀត? ប្រាក់ខែមួយទ្វេជាពីរហើយនៅមានលក្ខខណ្ឌផ្សេងៗទៀត ពួកយើងគិតថា វាមិនអន់ជាក្រុមហ៊ុននាងនោះទេ
-វាមិនមែនអាស្រ័យលើលក្ខខណ្ឌទាំងអស់នេះទេ បើមិនអ៊ីចឹង ក្រុមរបស់យើងក៏មិនមានឈ្មោះថា បេះដូងពិតដែរ
-តែវាមានអីពិបាក នាងក៏អាចបង្កើតក្រុមថ្មីមួយផ្សេងទៀត ហើយចង់ដាក់ឈ្មោះបេះដូងពិតឬមិនពិត ឬអ្វីផ្សេងទៀតក៏បានតាមចិត្តនាង
-មើលទៅពួកលោក ពិបាកស្តាប់គ្នាណាស់ តើក្រុមហ៊ុនពួកលោកពិតជាត្រូវការខ្ញុំមែនអ្ហេ?
-ពិតមែនហើយ! គឺត្រូវការខ្លាំងតែម្តង
-ចុះបើខ្ញុំនៅតែមិនព្រម
-សូមទោស! ពួកខ្ញុំមានតែនាំនាងទៅជួបលោកចាងហ្វាងផ្ទាល់ហើយ
-ឲ្យប៊ិចមក!
វិនីតឈោងប៊ិចយកមក ប៉ុន្តែនាងមិនបានស៊ីញ៉េនោះទេ នាងបែរជាគូសវាសពេញលើក្រដាសទាំងអស់។ យុវជនទាំងពីរបន្លឺ៖
-នាងចង់ធ្វើអី?
-ពួកលោកមិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំដើរដោយខ្លួនឯង
-សួស្តីស្រីច្រម៉ក់!
សំឡេងរ៉ាណេបន្លឺឡើង។ វិនីតក្រឡេកមកមាត់ទ្វារ ឃើញយុវជនទាំងអស់
ឈរយ៉ាងត្រៀបត្រា។ នាងត្រេកអរណាស់ ស្ទុះរត់ចេញពីយុវជនទាំងពីរមករកពួកគេ។ ពិចិត្របន្លឺ៖
-ពួកលោកជានរណា?
-ពួកយើងទៅវិញ
-ប្រាប់លោកចាងហ្វាងរបស់ពួកលោកទៅ ឲ្យខ្ញុំសូមទោស ខ្ញុំពិតជាមិនអាចធ្វើតាមសំណើរបស់គាត់បានទេ
សន្តិសុខទាំងពីចាកចេញទៅ។ ពិចិត្រងាកមកសម្លឹងវិនីត ធ្វើឲ្យនាងឱនមុខចុះ និយាយទាំងរដិបរដុប៖
-សូមទោស!
-ទៅរៀបចំអីវ៉ាន់ទៅ ត្រឡប់ទៅផ្ទះវិញ
-មិនបានទេ………..
-បងឲ្យទៅរៀបចំអីវ៉ាន់
-ចាំពួកបងទៅរៀបឲ្យឯងក៏បាន (រ៉ាណេ និងរ៉ាឌីស្ទុះទៅរៀបចំអីវ៉ាន់)
យុវជនទាំងអស់ក៏នាំគ្នាមកដល់ផ្ទះវិញ តែពុំទាន់មាននរណាហ៊ានសួរនាំវិនីតនៅឡើយទេ។ រ៉ាណេ និងរ៉ាឌីយកអីវ៉ាន់ទៅដាក់ដល់ក្នុងបន្ទប់វិនីត រ៉ាណេក៏និយាយទៅកាន់យុវតី៖
-ម្តងនេះ បងថាឯង ធ្វើជ្រុលពេកហើយ
-បងពិចិត្រខឹងខ្លាំងណាស់ ឯងដឹងទេ?
-ពួកឯងនៅទីនេះទេអ្ហេ? (ពិចិត្របន្លឺ)
-អូ! ពួកខ្ញុំចុះទៅវិញហើយ……….ឯងដោះស្រាយខ្លួនឯងទៅ
-ឯងប្រាប់បងមក ហេតុអីក៏ឯងចង់រើចេញពីទីនេះ ដោយមិនប្រាប់បងមួយម៉ាត់សោះអ៊ីចឹង?
-ឲ្យខ្ញុំសូមទោស! ខ្ញុំមិនចង់រំខានពួកបង
-រំខានស្អី ពួកបងធ្លាប់និយាយប្រាប់ឯងអ៊ីចឹងអ្ហេ?
-សូមទោស!
-តើមានទាក់ទងនឹងសូរិយាមែនទេ?
-គ្មានទេ!
-សូរិយាឲ្យឯងរើចេញមែនទេ?
-គ្មានទាក់ទងនឹងគាត់ទេ គឺខ្ញុំចង់រើចេញដោយខ្លួនឯង ម្តងនេះ ចាត់ទុកថាខ្ញុំជាអ្នកខុសចុះ ខ្ញុំមិនគួររើចេញដោយមិនបានប្រាប់ពួកបងនោះទេ ខ្ញុំសូមទោសបង តើបានទេ!
-ឯងមិនមែនវិនីត ដែលក្លាហានត្រឹមត្រូវ និងស្មោះត្រង់ពីមុនទេ តែបងចង់ឲ្យ
ឯងដឹងថា រឿងរបស់បងនិងសូរិយាគ្មានទាក់ទងនឹងឯងនោះទេ ទោះជាគ្មានឯង ក៏បងនិងនាងមិនអាចដូចដើមវិញដែរ បានហើយ! ឯងប្រហែលជាហត់នឿយហើយ សម្រាកចុះ
-……………សូមទោស!
សូរិយាដឹងថា ពិចិត្រប្រាកដជាដឹងរឿងដែលនាំឲ្យវិនីតរើចេញ។ តើនាងគួរតែបកស្រាយយ៉ាងណា? ចំណែកវិនីត ព្រឹកឡើង នាងមិនទាន់បានទៅក្រុមហ៊ុនទេ គឺនាងទៅក្រុមហ៊ុនមយូរាមុន។ លោកមយូរាបន្លឺឡើងដោយការភ្ញាក់ផ្អើល៖
-សាវិនីត!
-ជម្រាបសួរ!
-អង្គុយសិនទៅ!………..នាងផ្លាស់ប្តូរចិត្តហើយមែនទេ?
-ហេតុអីលោកត្រូវការខ្ញុំ?
-ព្រោះនាងជាកវីដែលមានសមត្ថភាព បើសិនជាមាននាង ផលិតកម្មខ្ញុំ អាចនឹងទទួលការចាប់អារម្មណ៍ពីទស្សនិកជនថែមទៀត
-បើសិនខ្ញុំ នៅក្នុងសភាពជាកម្មករ ដែលពុំទាន់មាននរណាចាប់អារម្មណ៍ តើលោកអាចនឹងទទួលយកខ្ញុំទេ? ការពិតលក្ខខណ្ឌនៅក្នុងកិច្ចសន្យានោះ គឺល្អទាំងអស់សម្រាប់ខ្ញុំ ប៉ុន្តែលោកយល់ទេថា បេះដូងកវីដូចជាពួកយើងត្រូវការអ្វី? មិនសង្កត់ធ្ងន់តែទៅលើប្រាក់នោះទេ ហើយខ្ញុំក៏មិនបានប្រកាន់ថាក្រុមហ៊ុនលោកបែបនេះឬបែបនោះដែរ តែសូមឲ្យលោកយល់ ខ្ញុំមិនអាចចាកចេញពីពួកគាត់បានទេ ព្រោះអារម្មណ៍ និងបេះដូងខ្ញុំគឺនៅជាមួយពួកគាត់អស់ទៅហើយ សូមលោកយោគយល់ដល់ខ្ញុំផង ខ្ញុំជឿ ថាលោកអាចធ្វើបាន លោកកុំភ្លេចថា លោកមានសាវីណា ហើយសាវីណានេះហើយ ជាបេះដូងពិតរបស់ក្រុមហ៊ុនលោក ហេតុអីត្រូវមើលរំលងនាងបែបនេះ? ខ្ញុំ និងនាងគឺជាមិត្តភក្តិពួកយើងតែងតែជួយគ្នា ហេតុអីក៏លោកមិនផ្តល់ឱកាស ចំណាយពេលវេលាទៅលើនាងបន្តិចទៅ? សូមលោកសាកល្បងពិចារណាឡើងវិញទៅ។ ខ្ញុំសង្ឃឹមថា ផលិតកម្មលោកនឹងក្លាយទៅជាគូប្រជែងដ៏ល្អជាមួយផលិកម្មនាគទេព សូមទោសដែលរំខានពេលវេលាលោក ខ្ញុំជម្រាបលា។
-សមជាកវីមែន!………..ល្អ ខ្ញុំនឹងសាកល្បងពិចារណា
ថ្លែងពីពិចិត្រ នាយបើកទ្វារខ្វាកចូលទៅរកសូរិយាដល់ក្នុងបន្ទប់ធ្វើការ៖
-បងមានការរឿងអីចង់និយាយជាមួយខ្ញុំមែនទេ?
-នាងបាននិយាយអីជាមួយវិនីតខ្លះ?
-ហេតុអីក៏បងសួរខ្ញុំបែបនេះ? ឬវិនីតប្រាប់បងថា ខ្ញុំជាអ្នកឲ្យនាងរើចេញ……….ហេតុអីក៏ខ្ញុំចាំបាច់ត្រូវធ្វើអ៊ីចឹង? បងនិយាយទៅ ថាខ្ញុំធ្វើបែបនេះដើម្បីអី?
-ខ្ញុំមិនដឹងទេ តែបើរឿងនេះពិតជាគ្មានទាក់ទងនឹងនាងមែនគឺប្រសើរហើយ សូមទោសផង ដែលរំខាននាង
សូរិយាក្នក់ខ្នាញ់នឹងពិចិត្រយ៉ាងខ្លាំង។ មួយសន្ទុះក្រោយក៏ដើរចេញទៅបន្ទប់ទឹក ស្រាប់តែជួបនឹងវិនីតល្មម៖
-សួស្តីអ្នកនាង!
-នាងមិនបានរើចេញទេមែនទេ?
-សូមទោស!
-ខ្ញុំមើលទៅនាង ដូចជាទន់ភ្លន់ណាស់ ការពិតគឺនាងមិនចង់ចាកចេញពីបងពិចិត្រ តើមែនទេ?
-ការពិតខ្ញុំបានចាកចេញហើយ…………
-តែនាងក៏ត្រឡប់មកវិញ ខ្ញុំដឹង ថាខ្ញុំមិនគួរឲ្យនាងធ្វើបែបនោះទេ តែនាងបាននិយាយហើយ ថានាងមិនបានស្រលាញ់គាត់ ឬមួយនាងក៏ស្រលាញ់គាត់ដែរ ឬមួយខ្ញុំ ពិតជាគ្មានសង្ឃឹមស្រោចស្រង់ស្នេហានេះទេ
-អត់ទេអ្នកនាង ឲ្យខ្ញុំសូមទោស! ខ្ញុំនឹងនិយាយជាមួយពួកគាត់ម្តងទៀត
-ឯងចង់និយាយពីរឿងអី?
-បងវណ្ណា!
-អ្នកនាងកុំហួសហេតុពេកបានទេ?
-លោកនិយាយអី ខ្ញុំហួសហេតុអី?
-អ្នកនាងជាអ្នកធ្វើ គឺបានដឹងខ្លួនឯងច្បាស់ណាស់ សូមកុំអត្មានិយមពេក
-លោក!
-ពួកយើងទៅ!
វណ្ណាអូសដៃវិនីតដើរចេញមកក្រៅ។ វិនីតគ្រវាសដៃយុវជនចេញ៖
-តើបងកំពុងធ្វើអី?
-បងទេដែលត្រូវសួរឯង ហេតុអីក៏ឯងមិនដូចជាឯងអ៊ីចឹង?
-បងចង់និយាយអី?
-ចម្រៀងឯងតែងមួយបទណា ក៏សុទ្ធតែបង្ហាញពីជំនឿចិត្ត និងការតស៊ូដែរតែឯងមិនមែនទេ បងមើលទៅឯងពេលនេះ គឺគ្មានជំនឿចិត្តទាល់តែសោះ ឯងម៉េចនឹងអាចក្លាយជាមនុស្សបែបនេះ
-សូមទោស!
-ឯងស្រលាញ់បងដូចជាបងប្រុស តើមែនទេ?
-អ្ហឺ!………..បងធ្វើអីហ្នឹង?
-ឯងនៅឲ្យស្ងៀមទៅ បងចង់ឱបឯងបន្តិច តើឯងអាចឱបបងវិញ តើបានទេ?
វិនីតក្រសោបឱបតបយុវជនវិញ។ រូបភាពនេះ គឺស្ថិតនៅក្នុងកែវភ្នែកពិចិត្រ។ សូរិយាឃើញពិចិត្រដើរចេញទៅដោយទឹកមុខស្រងូត តែសម្រាប់នាង ហាក់ដូចជាត្រេកអរខ្លាំងណាស់ ព្រោះគិតថា វណ្ណានិងវិនីតស្រលាញ់គ្នា។ នាងក៏ដើរទៅតាមពិចិត្រ ចំណែកវណ្ណានិងវិនីតអង្គុយទន្ទឹមគ្នាដោយស្ងៀមស្ងាត់។ យុវជនស្រដី៖
-ឯងឈប់មានគំនិតចាកចេញទៀតទៅ ព្រោះទោះយ៉ាងណា ក៏ពិចិត្រមិនយល់ព្រមដែរ
-ប៉ុន្តែ……………….
-បងសួរឯង នៅពេលដែលបងឱបឯង តើឯងមានអារម្មណ៍អីទេ?
-គ្មានទេ!
-ព្រោះតែឯងចាត់ទុកបងជាបងប្រុសមែនទេ? តែបងមិនមែនទេ………..បងមិនបានស្រលាញ់ឯងដូចជាប្អូនស្រីទេ
-បង!
-ហេតុអ្វីក៏បងរឹតតែស្រលាញ់អូន? បទនេះ គឺបងតែង នៅពេលដែលបងលួចស្រលាញ់ឯង តែទោះជាបងស្រលាញ់ វាយ៉ាងម៉េច? ទោះជាបងឱបឯងជាប់ ដូចជាពេលអម្បាញ់មិញអ៊ីចឹងក៏ដោយ គឺបេះដូងរបស់ឯងមិនកម្រើកទាល់តែសោះ មិនខុសអីពីសូរិយានិងពិចិត្រនោះទេ ទោះសូរិយាប្រឹងប្រែងយ៉ាងណា ក៏បេះដូងរបស់ពិចិត្រមិនអាចកម្រើកបានដែរ ព្រោះពិចិត្រមានមនុស្សដែលខ្លួនស្រលាញ់រួចទៅហើយ ដូចជាឯងអ៊ីចឹង ឯងយល់ពីអ្វីដែលបងនិយាយទេ?
-ចាស!………..សូមទោស ធ្វើឲ្យបងបារម្ភយ៉ាងនេះ
-ពេលនេះ បងស្រលាញ់ឯងដូចជាប្អូនអ៊ីចឹង ឯងគួរធ្វើអ្វីដែលឯងត្រូវការទៅ បងគាំទ្រឯងជានិច្ច
-អរគុណបងហើយ
-ហេតុអីក៏បងត្រូវមកពន្យល់កវីដូចជាឯងអ៊ីចឹង? ដូចជាមិនសមទេដឹង?
-បងនិយាយអី! ខ្ញុំទៅបន្ទប់ភ្លេងហើយ
-ស៊ូឡើងកវីតូច
វណ្ណាពិតជាធ្វើឲ្យវិនីតធូរស្រាលណាស់ ប៉ុន្តែពិចិត្រប្រហែលជាមិនធូរស្រាលទេ។ តើនាយកំពុងតែប្រច័ណ្ឌឬ? យុវជនហាក់ដូចជាតប់ប្រមល់ដល់ហើយ។ វិនីតត្រឡប់មកពីទិញអាហារពេលល្ងាចវិញ ពុំឃើញមាននរណានៅក្នុងផ្ទះសោះ នាងក៏ចេញទៅសួរសន្តិសុខដែលយាមនៅមុខផ្ទះ៖
-ពូ! តើពួកគាត់ទៅណាអស់ហើយ?
-ពួកគាត់នៅខាងក្នុងទាំងអស់គ្នាតើ
-តែខ្ញុំអត់ឃើញគាត់ទេ
-ពូអត់ឃើញពួកគាត់ចេញមកក្រៅឯណា? ក្មួយចូលទៅរកម្តងទៀតទៅមើល
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ភ្លើងអគ្គិសនីត្រូវដាច់ ពន្លឺទៀនព្រាលៗរំលេចឡើង លាយជាមួយបទចម្រៀងដ៏សែនពីរោះ។ វិនីតរំភើបខ្លាំងណាស់ នាងភ្លេចទៅហើយថា ថ្ងៃនេះជាថ្ងៃខួបកំណើតនាង ហើយនេះក៏ជាលើកទីមួយដែរ ដែលមានពិធីនេះសម្រាប់នាង។
-ឯងអង្គុយឲ្យស្រួលទៅ
-បួងសួងទៅ
-និយាយឲ្យឮមក ពួកបងស្តាប់ផង
-ត្រូវហើយ! បួងសួងឮៗទើបសាកសិទ្ធ
-បងកុំនិយាយផ្តាស ម៉េចនឹងអាចឲ្យពួកបងឮនោះ!
វគ្គ៩ តន្រ្តីទេសចរណ៍
តាមរយៈកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្រុមហ៊ុននាគទេពបានប្រគុំតន្រ្តីទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃសៅរ៍។ ដោយសារប៉ះលើថ្ងៃសម្រាក វិនីតក៏បានចូលរួមដំណើរទៅជាមួយផង។ បន្ទាប់ពីបញ្ចប់ការសំដែងហើយ ពួកគេពុំទាន់ត្រឡប់មកវិញភ្លាមទេ គឺនៅដើរកម្សាន្តមួយថ្ងៃសិន។
វាយោបក់ត្រសៀកៗ ក្រោមសូរិយារៀបអស្តង្គត ធ្វើឲ្យមាត់សមុទ្រមានសភាពស្រស់ស្អាត គួរឲ្យគយគន់មិនចង់ឃ្លាតឆ្ងាយ។ នេះជាលើកទីមួយហើយ ដែលវិនីតបានមកលេងនៅមាត់សមុទ្រនៅពេលរៀបយប់យ៉ាងនេះ។ នាងបានស្រែកយ៉ាងខ្លាំងទៅកាន់រលករួចហើយនិយាយតែម្នាក់ឯង៖”ម្តងនេះ ខ្ញុំមិនចាំបាច់ស្រែកដាក់កែវក្រដាសទៀតទេ តំណក់ភ្លៀងតើ ហេតុអីក៏រកភ្លៀងពេលនេះទៅវិញ”។ វិនីត បម្រុងរត់មកផ្ទះវិញក៏ស្រាប់តែបានជួបនឹងសូរិយា៖
-អ្នកនាង!
-មេឃធ្លាក់ភ្លៀងហើយ ពួកយើងឆាប់ត្រឡប់ទៅវិញទៅ
យុវតីទាំងពីរត្រឡប់មកដល់ផ្ទះ ក៏ចូលទៅក្នុងបន្ទប់រៀងខ្លួន តែមួយសន្ទុះក្រោយ សូរិយាក៏រត់ទៅគោះទ្វារវិនីតទាំងត្រហេបត្រហប៖
-អ្នកនាងមានការអីមែនទេ?
-នាងមានឃើញខ្សែកខ្ញុំទេ?
-ខ្សែក!
-ខ្សែកដែលឯងឲ្យមកខ្ញុំនោះណា
-អ្នកនាងសាកល្បងគិតទៅមើល ថាអ្នកនាងបានដើរទៅណាខ្លះ?
-ត្រូវហើយ! តិចលោជ្រុះនៅមាត់សមុទ្រទេដឹង ខ្ញុំទៅរកវាសិន
-មេឃរលឹមយ៉ាងនេះ តើអ្នកនាងទៅយ៉ាងម៉េច?
-ខ្ញុំមិនអាចឲ្យខ្សែកនោះបាត់ទេ ខ្ញុំទៅរកវាហើយ
-ឈប់សិន! ខ្ញុំគិតថា វាអាចនឹងជ្រុះនៅទីនេះ ពួកយើងសាកល្បងរកនៅជុំវិញនេះសិនទៅ តើបានទេ?…….បើនៅតែរកមិនឃើញទៀត ចាំខ្ញុំទៅជាមួយអ្នកនាង អ្នកនាងទៅរកក្នុងបន្ទប់ឲ្យសព្វសិនទៅ ខ្ញុំរកមើលជុំវិញនេះ
សូរិយាសម្រេចតាមវិនីត។ មួយស្របក់ក្រោយ វិនីតក៏កាន់ខ្សែកទៅកាន់បន្ទប់សូរិយា ដោយបន្លឺឡើង៖
-ខ្ញុំរកឃើញហើយអ្នកនាង!
-ឯណា?
-នេះ!
-អរគុណទេវតាហើយ!……អរគុណវិនីត តើនាងរកវាឃើញនៅឯណា?
-នៅក្បែរកៅអីក្នុងបន្ទប់ទទួលភ្ញៀវ
-ពិតជាអរគុណនាងណាស់
-មិនអីទេ! ខ្ញុំទៅបន្ទប់វិញហើយ
-វិនីត!
-ចាស!
-រឿងពីថ្ងៃមុន ឲ្យខ្ញុំសូមទោសផង ខ្ញុំមិនគួរបន្ទោសនាងទេ ខ្ញុំដឹងហើយ ថាមនុស្សដែលនាងស្រលាញ់គឺវណ្ណា មិនមែនបងពិចិត្រទេ សូមទោសផងណា
-ចាស!
សូរិយាពិតជាត្រេកអរណាស់ ដែលនាងអាចរកខ្សែកឃើញវិញ។ នាងចេញពីបន្ទប់មកក៏បានជួបនឹងពិចិត្រល្មម៖
-បងត្រឡប់មកវិញហើយអ្ហេ? ចុះឯណាអ្នកផ្សេងទៀត?
-ពួកគេចូលផ្សារមួយភ្លែត គិតថានាំគ្នាទិញអីមកញ៉ាំយប់នេះ
-តែគួរឲ្យស្តាយ បើកុំតែមេឃរលឹម ពួកយើងប្រហែលជាអាចទៅលេងនៅមាត់សមុទ្របាន
-ខ្ញុំទៅបន្ទប់ងូតទឹកសិន
-ចាស!
ពិចិត្រមិនទាន់បានទៅបន្ទប់ខ្លួនភ្លាមទេ នាយទៅរកវិនីតមុនសិន។ យុវជនគោះទ្វារហើយ តែដូចជាគ្មានមនុស្សនៅក្នុងបន្ទប់ទេ។ តើវិនីតម៉េចនឹងអាចទៅណាបាន បើមេឃរលឹមយ៉ាងនេះនោះ។ យុវជនយកទូរស័ព្ទតេទៅយុវតី តែគ្មានអ្នកទទួលឡើយ នាយក៏ទៅគោះទ្វារសូរិយា៖
-បងមានការអី?
-នាងឃើញវិនីតទេ?
-ក្រែងវិនីតនៅក្នុងបន្ទប់អ្ហេ!
-បន្ទប់ចាក់សោហើយ
-ក្រែងលោនាងកំពុងតែងូតទឹកទេដឹង?
-ពិតមែនហើយ ខ្ញុំភ្លេចគិត សូមទោសរំខាននាងហើយ
-មិនអីទេ
-ខ្ញុំទៅវិញហើយ
-ចាស!……………ហេតុអីក៏បងចេះតែបារម្ភពីវិនីតគ្រប់ពេលបែបនេះ
ពិចិត្រដើរចេញមកបន្ទប់ទទួលភ្ញៀវ ក៏សម្លឹងចេញទៅក្រៅ យុវជនហាក់ដូចជាឃើញពន្លឺពិលដ៏តូចនៅមាត់ឆ្នេរសមុទ្រ តែមើលមិនច្បាស់ថាជានរណាសោះ។ ក្រោយពេលផ្លែកបន្ទោរភ្លឺឆ្វាច ទើបនាយឃើញច្បាស់ថាជាវិនីត។ វិនីតដើរឈ្ងោកហាក់ដូចជារកអ្វីមួយ ទឹកសមុទ្រនាចជោរ ឡើងហើយក៏ស្រកទៅវិញ វិនីតឃើញយ៉ាងច្បាស់នូវរបស់ដែលនាងចង់រក។ នាងស្ទុះទៅរើសវាឡើងដោយសេចក្តីត្រេកអរតែពិចិត្រក៏មកដល់ល្មម៖
-ទីបំផុតខ្ញុំរកឯងឃើញហើយ…………បង!
វិនីតលាក់ខ្សែកទៅក្រោយខ្នង៖
-តើឯងកំពុងតែរកអី?
-ខ្ញុំ……………គ្មានទេ ខ្ញុំគ្រាន់តែចង់ដើរលេងតាមឆ្នេរប៉ុណ្ណោះ
-ដើរលេងហាលភ្លៀងហ្នឹងអ្ហេ? បងចង់ដឹងណាស់ តើរបស់អី ដែលធ្វើឲ្យឯងមានអារម្មណ៍ដើរលេងហាលភ្លៀងយ៉ាងនេះ?
ពិចិត្រស្ទុះទៅកញ្ឆក់របស់ពីដៃវិនីត ហើយយកពិលមកឆួលមើល ឃើញច្បាស់ ថាជាខ្សែកដែលខ្លួនបានប្រគល់ឲ្យនាង។ នាយសម្លឹងទៅមាណវីដែលឈ្ងោកមុខចុះមិននិយាយស្តីអ្វីទាំងអស់។ វាគួរឲ្យហួសចិត្តពេកហើយ ព្រោះតែខ្សែកមួយខ្សែនេះអ្ហេ ទើបធ្វើឲ្យកវីតូចម្នាក់នេះ ចង់មកដើរកម្សាន្តក្រោមតំណក់ភ្លៀងស្រិចៗ មិនមានអារម្មណ៍ថា ត្រជាក់ទាល់តែសោះ។ ពិតមែនហើយ ថ្វីត្បិតធាតុអាកាសត្រជាក់ ប៉ុន្តែបេះដូងនាងកក់ក្តៅណាស់ ហើយកំដៅនៃបេះដូងនេះ វាកំពុងតែជ្រាបចូលទៅក្នុងបេះដូងយុវជន ដែលពីដំបូងក៏មានអារម្មណ៍ថាត្រជាក់នោះ ប្រែទៅជាកក់ក្តៅមួយរំពេច។ នាយក្រសោបឱបរាងកាយដ៏តូចស្តើងរបស់យុវតី ហើយស្រដីទាំងញញឹមស្ងួត៖
-ហេតុអីក៏ល្ងង់យ៉ាងនេះ?
-សូមទោស!
-តើរងាទេ?
-អត់ទេ!
-ពួកយើងទៅផ្ទះវិញ
-បងមិនសួរថា ហេតុអីក៏ខ្សែកនេះ នៅទីនេះទេអ្ហេ?
-ទៅដល់ផ្ទះបងប្រាកដជាសួរ ពួកយើងឆាប់ទៅ
ពិចិត្រកាន់ដៃវិនីតរត់ត្រឡប់មកផ្ទះវិញ។ មើលទៅពួកគេទាំងពីរហាក់ដូចជាសប្បាយចិត្តណាស់ ប៉ុន្តែសូរិយា នាងហាក់ដូចជាទន់ជង្គង់អស់ហើយ។ តំណក់ទឹកភ្នែកលាយនឹងតំណក់ទឹកភ្លៀង វាពុំមែនជាភាពកក់ក្តៅនោះទេ នាងរងាខ្លាំងណាស់ រងាទាំងកាយ រងាទាំងបេះដូង។ នាងដឹងហើយថា ការពិតពិចិត្រមិនបានភ្លេចនាងឡើយ គឺនាងទេ ដែលភ្លេចយុវជន។ ហេតុអីក៏នាងចំណាំខ្សែករបស់ខ្លួនមិនបាន? នាងកញ្ឆក់ខ្សែកពីករបស់ខ្លួនយកមកសម្លឹងមើលវិលទៅរកអតីតកាល កាលពីប្រាំឆ្នាំមុន៖
-នេះជាខ្សែកបងជូនអូន
-ស្អាតណាស់! បងក៏មានដែរអ្ហេ?
-ត្រូវហើយ! នេះជាខ្សែកគូសង្សារ អូនមើលទៅមើល តើវាដូចគ្នាទេ?
-គឺដូចគ្នាណាស់
-ត្រូវហើយដូចគ្នា ប៉ុន្តែបងមានវិធីចំណាំ ដើម្បីឲ្យដឹងថា មួយណាជារបស់អូន
-ចំណាំយ៉ាងម៉េច?
-ខ្សែករបស់អូន គឺមានឆ្នូតសមួយនៅលើត្បូងនេះ បើពួកយើងមិនបានពិនិត្យឲ្យច្បាស់ទេ គឺយើងមើលមិនឃើញវាឡើយ អូនចាំបានទេ?
-ចាំបានហើយ!
សូរិយាស្រែកយំអស់ពីទំហឹងរបស់ខ្លួននៅក្រោមតំណក់ភ្លៀងស្រិចៗ ក្បែរមាត់ឆ្នេរ។ ចំណែកពិចិត្រនិងវិនីត គឺចូលបន្ទប់រៀងខ្លួនដើម្បីផ្លាស់សម្លៀកបំពាក់។ សំឡេងគោះទ្វារបន្លឺឡើង យុវតីនឹកថាជាយុវជនហើយ ក៏ស្ទុះទៅបើកទ្វារឡើង ប៉ុន្តែអ្វីដែលនាងឃើញ គឺសូរិយាដែលទទឹកខ្លួនជោក ព្រមជាមួយទឹកមុខដ៏ក្រៀមក្រំ៖
-អ្នកនាងសូរិយា! ហេតុអីក៏អ្នកនាងទទឹកខ្លួនជោកអ៊ីចឹង?
-ខ្ញុំមានការចង់និយាយជាមួយនាង
-ប៉ុន្តែអ្នកនាងគួរតែផ្លាស់ខោអាវសិនទៅ ប្រយ័ត្នឈឺណា
-ខ្ញុំមិនអីទេ! តើខ្ញុំអាចចូលក្នុងបានទេ?
-ចាសបាន!
-អ្នកនាងអញ្ជើញអង្គុយទៅ
-ហេតុអីក៏នាងមានខ្សែកមួយខ្សែនេះ?
-គឺ……………
-ការពិតខ្សែកដែលនាងឲ្យមកខ្ញុំ ខ្ញុំបានធ្វើជ្រុះវានៅមាត់សមុទ្រហើយ នាងក៏យកខ្សែកនេះមកជំនួស មែនទេ?
-សូមទោស!
-ខ្ញុំចង់ដឹងថា នាងបានខ្សែកនេះមកពីណា?
-គឺខ្ញុំ ……….ខ្ញុំបានឃើញវាដោយចៃដន្យទេ
-នាងកុហក! នាងដឹងទេ នេះទើបជាខ្សែករបស់ខ្ញុំ ម៉េចនឹងអាចនៅនឹងនាងនោះ? ខ្ញុំអង្វរនាង នាងប្រាប់ខ្ញុំមក ថានាងបានខ្សែកនេះមកពីណា?
-អ្នកនាងពិតជាចង់ដឹងមែនអ្ហេ?
-ត្រូវហើយ!
-គឺបងសុវណ្ណឲ្យមកខ្ញុំ កាលពីបីឆ្នាំមុន បងពិចិត្របានប្រគល់ឲ្យគាត់
-ការពិតនាងបានដឹងហើយថា មួយនេះទើបជារបស់ខ្ញុំមែនទេ?
-សូមទោស!
-ការពិតខ្ញុំទេ ដែលត្រូវអរគុណនាង ហេតុអីក៏នាងលាក់រឿងនេះ?
-ខ្ញុំ………..
-នាងប្រហែលជាអាណិតខ្ញុំណាស់ តើមែនទេ?
-មិនមែនទេ! ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកនាងនិងគាត់អាចដូចកាលពីពេលមុន
អ៊ីចឹង
-ប៉ុន្តែនាងក៏ដឹង ថាគាត់លែងស្រលាញ់ខ្ញុំហើយមែនទេ?
-សូមទោស! បើខ្ញុំដឹងថា លទ្ធផលរឹតតែធ្វើឲ្យអ្នកនាងឈឺចាប់យ៉ាងនេះ ខ្ញុំប្រហែលជាមិនធ្វើអ៊ីចឹងទេ
-អរគុណហើយ!
-អ្នកនាង! អ្នកនាងយ៉ាងម៉េចហ្នឹង?
សូរិយាងើបឈរឡើង ក៏ដួលសន្លប់បាត់ស្មារតី ពិចិត្រស្ទុះរត់ចូលមក៖
-មានរឿងអី?
-អ្នកនាងសូរិយាសន្លប់ហើយ!
-ឯងចេញទៅមុនទៅបើកទ្វារឡានទៅ
-ចាស!
វិនីតផ្តាំផ្ញើពូសន្តិសុខហើយ ក៏ឡើងឡានទៅជាមួយពិចិត្រ។ សូរិយាស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ពិចិត្រយកដៃអង្អែលស្មាវិនីតថ្នមៗហើយស្រដី៖
-កុំភ័យអី! នាងមិនអីទេ
-មកពីខ្ញុំ ទើបធ្វើឲ្យគាត់ទៅជាយ៉ាងនេះ
-កុំបន្ទោសខ្លួនឯងអី តើបានទេ? អ្នកដែលខុស គឺបងទេ
-តើសូរិយាកើតអីហ្នឹង?
យុវជនទាំងបួននាក់មកដល់ព្រមគ្នា។ មួយសន្ទុះក្រោយ សូរិយាក៏ដឹងខ្លួនឡើងវិញ៖
-អ្នកនាងយ៉ាងម៉េចហើយ?
-មិនអីទេ! សូមទោសដែលធ្វើឲ្យទាំងអស់គ្នាបារម្ភ
-មិនអីទេ! ឲ្យតែអ្នកនាងមិនអី គឺប្រសើរហើយ (រ៉ាណេបន្លឺ)
បន្ទាប់ពីសូរិយាមានអារម្មណ៍ថា ធូរស្បើយហើយ ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ។ វិនីតជួយគ្រាសូរិយាទៅដល់ក្នុងបន្ទប់ ពេលឃើញសូរិយាគេងស្រួលបួលហើយ នាងបម្រុងចេញទៅក្រៅ ប៉ុន្តែសូរិយាបន្លឺឡើង៖
-វិនីត!
-ចាស! អ្នកនាងត្រូវការអីមែនទេ?
-តើនាងអាចឲ្យខ្សែកមួយខ្សែទៀត មកខ្ញុំបានទេ?
-បាន! អ្នកនាងចាំមួយភ្លែត
វិនីតចេញទៅយកខ្សែកមួយខ្សែទៀតមកឲ្យសូរិយា៖
-នេះ!
-នាងដឹងថា ខ្សែកមួយគូនេះ ខុសគ្នាត្រង់ណាទេ?
-មិនដឹងទេ!
-នាងមើលលើត្បូងទាំងពីរនោះឲ្យច្បាស់ទៅ …………ខ្សែកដែលឆ្នូតសនៅលើត្បូងនោះ វាជារបស់ខ្ញុំ ចំណែកត្បូងដែលគ្មានឆ្នូតជារបស់បងពិចិត្រ ការពិតបងពិចិត្របានឲ្យខ្សែកគាត់ទៅនាង តែខ្ញុំបែរជាមើលមិនដឹងថា វាជារបស់នរណាទៅវិញ ការពិតខ្ញុំទេជាអ្នកខុស គឺខុសម្តងហើយម្តងទៀត ខ្ញុំនៅតែជាមនុស្សដែលធ្វើឲ្យគាត់អស់សង្ឃឹម ហើយធ្វើបាបដល់នាងទៀត សូមទោស!
-អ្នកនាងកុំនិយាយបែបនេះអី!
-តើនាងអាចប្រាប់ខ្ញុំនូវការពិតមួយបានទេ?
-ការពិត!
-នាងក៏ស្រលាញ់បងពិចិត្រដែរ តើមែនទេ?
-ខ្ញុំ!…………
-ខ្ញុំស្មានថា មនុស្សដែលនាងស្រលាញ់គឺវណ្ណា តែមិនមែនទេ មែនទេ?…….……មនុស្សទីបីមិនមែនជានាងទេ គឺខ្ញុំ!
-អ្នកនាង!
ចាប់តាំងពីថ្ងៃនោះមក សូរិយាហាក់បីដូចជាគ្មានដុំពពកបាំងទៀតទេ។ នាងបានរើបម្រាសចេញពីស្រមោលអតីតកាលទាំងអស់ ហើយពេលនេះ នាងកំពុងតែរីករាយក្នុងការរៀបចំកម្មវិធីថ្មីមួយសម្រាប់ក្រុមយុវជនបេះដូងពិត ដែលត្រៀមទៅសំដែងនៅប្រទេសកូរ៉េ ក្នុងអាល់ប៊ុមទីប្រាំបីដែលទើបតែចេញផ្សាយក្នុងពេលថ្មីៗនេះ។ ម្តងនេះ វិនីតនៅតែមិនបានរួមដំណើរទៅជាមួយដដែល ព្រោះជាប់រវល់រៀនពីការតែងនិពន្ធបន្ថែមទៀត និងជាពិសេសនាងត្រូវរៀបចំធ្វើសារណាការពារបញ្ចប់ថ្នាក់បរិញាប័ត្ររបស់នាងផង។
ថ្លែងពីសាវីណា ពេលនេះនាងកំពុងខិតខំប្រឹងប្រែងចំពោះការតែងនិពន្ធរបស់នាង ហើយជាពិសេសនោះ ពេលថ្មីៗនេះ នាងបានបញ្ចប់ប្រលោមលោកមួយរឿង ដែលធ្វើឲ្យលោកចាងហ្វាងមានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង។ លោកស្រដីទៅកាន់នាង៖
-សូមទោស ដែលកន្លងមកខ្ញុំមើលរំលងនាង
-លោកចាងហ្វាងកុំមានប្រសាសន៍បែបនេះអី ខ្ញុំអរគុណលោកណាស់ ដែលផ្តល់ឱកាសដល់ខ្ញុំ
-នាងគួរតែអរគុណសាវិនីត
-វិនីត!
-នាងបានធ្វើឲ្យខ្ញុំមានការពិចារណាឡើងវិញ ជាការពិតណាស់ ពួកនាងសាកសមនឹងមានបេះដូងជាកវីនិពន្ធមែន
-អរគុណលោកចាងហ្វាង
-ត្រូវហើយ! នាងនិយាយមកមើល តាមគំនិតរបស់នាង តើអ្នកណាដែលសាកសម ធ្វើជាតួឯកក្នុងរឿងនេះ?
-លោកពិតជាឲ្យខ្ញុំនិយាយមែនអ្ហេ?
-យ៉ាងម៉េច! នាងពិតជាមានមនុស្សដែលសាកសមរួចហើយអ្ហេ?
-គឺសំនៀង ពិចិត្រ និងក្រុមបេះដូងពិត
-ពិចិត្រ
-ចាស!
-ខ្ញុំគិតថា វាហាក់ដូចជាពិបាកបន្តិចហើយ តែចាំខ្ញុំពិចារណាមើល
តាមរយៈការពិចារណារួចមក លោកមយូរាយល់ថា ពិចិត្រគឺពិតជាសាកសមនឹងសំដែងជាតួអង្គនេះណាស់។ លោកក៏សម្រេចចិត្តទៅក្រុមហ៊ុននាគទេព។ វិនីតមានការភ្ញាក់ផ្អើលណាស់ នៅពេលដែលនាងបានជួបគាត់៖
-លោកចាងហ្វាង!
-សួស្តីវិនីត!
-លោកអញ្ចើញមកមានការអី?
-នាងកុំបារម្ភអី ទោះជាយ៉ាងណា សាវីណាគឺជាបេះដូងពិតរបស់ផលិកម្មយើងខ្ញុំមកថ្ងៃនេះ គឺចង់ជួបនឹងលោកចាងហ្វាងរបស់នាងទេ
-អ៊ីចឹងលោកអញ្ជើញមកតាមខ្ញុំមក
វិនីតនាំលោកមយូរាទៅជួបលោកប្រាក់ នាគ៖
-លោកចាងហ្វាង លោកចាងហ្វាងនៅផលិតកម្មមយូរាសូមជួប
-ឲ្យគាត់ចូលមក
-ចាស!…………..សូមអញ្ជើញលោក
-ជម្រាបសួរលោកប្រាក់ នាគ
-យ៉ាងម៉េច! ឯងត្រឹមត្រូវពីអង្កាល់ណាមក?
-ឯងនៅតែរួសរាយដដែល ខ្ញុំស្មានតែ ភ្លេចខ្ញុំទៅហើយតើ
-ឯងនិយាយស្អី ឯងទេដែលភ្លេចខ្ញុំនោះ
-អញ្ជើញពីសាទឹក លោកទាំងពីរ?
-នាងប្រហែលជាឆ្ងល់ហើយ ការពិតពួកយើងជាមិត្តភក្តិនឹងគ្នាកាលនៅរៀន
-អ៊ីចឹងទេអ្ហេ! ………….ខ្ញុំចេញទៅវិញហើយលោកចាងហ្វាង
-តើឯងមានការអី ទើបមករកខ្ញុំដល់កន្លែង?
-ការពិត ខ្ញុំកំពុងតែរៀបចំថតនូវខ្សែភាពយន្តមួយ តែខ្ញុំនៅខ្វះតួបួននាក់ទៀត ទើបខ្ញុំមករកឯង
-ខ្វះតួ?
-យើងចង់បានក្រុមបេះដូងពិតរបស់ឯងចូលរួមសំដែង ក្នុងនោះពិចិត្រសំដែងជាតួឯក និយាយឲ្យត្រង់ចុះ ខ្ញុំចង់ឲ្យឯងសហការជាមួយខ្ញុំ
-ហេតុអី?
-ពីមុន ខ្ញុំមិនជឿថា បេះដូងពិតមានសារសំខាន់យ៉ាងណានោះទេ តែពេលនេះ ខ្ញុំពិតជាចង់ធ្វើវា ដោយបេះដូងពិត ពិតប្រកដមែន តែខ្ញុំដឹងថា ធនធានដែលក្រុមហ៊ុនខ្ញុំមាន ពុំទាន់គ្រប់គ្រាន់នៅឡើយទេ ពិសេសគឺបច្ចេកទេសថត ខ្ញុំដឹងថា ឯងប្រាកដជាត្រូវការពេលវេលាគិត ដូចនេះខ្ញុំមិនបង្ខំឯងទេ ឯងអាចពិចារណាតាមសម្រួលបាន ហើយនេះជាសាច់រឿងទាំងមូល ដែលយើងត្រូវថត សូមឯងចំណាយពេលអានវាផងបានទេ?
-បែកគ្នាមួយរយៈ ឯងមានការរីកចម្រើនច្រើនណាស់
-ឯងចង់បានន័យថាម៉េច?
-ខ្ញុំយល់ថា ឯងកំពុងតែស្វែងរកបេះដូងពិត ពិតប្រាកដមែន សូមទោសផង កាលពីមុន ខ្ញុំធ្លាប់គិតថា ឯងមិនសាកសមនឹងមុខរបរនេះទេ
-ការពិតរឿងនេះទេអ្ហេ! គួរតែអរគុណដល់បេះដូងពិតរបស់ឯង
-បេះដូងពិតរបស់ខ្ញុំ?………..វិនីត!
-ត្រូវហើយ! ឯងមានសាវិនីតជាបេះដូងពិត តែខ្ញុំគឺមានសាវិណា ថ្វីត្បិតសាវីណាពុំសូវមានជំនាញក្នុងការបង្កើតបទភ្លេង ប៉ុន្តែនាងមានឧបនិស្ស័យក្នុងការសរសេប្រលោមលោក កន្លងមក ខ្ញុំមើលរំលងនាង មិនបានផ្តល់ឱកាសដល់នាង ខ្ញុំស្ទើរតែធ្វើឲ្យបាត់បង់បេះដូងពិតមួយនេះ ប៉ុន្តែវិនីត វិនីតជាអ្នកធ្វើឲ្យខ្ញុំ មានគំនិតនេះឡើង។ នេះជាលើកទីមួយហើយ ដែលខ្ញុំធ្វើការងារនេះដោយអារម្មណ៍សប្បាយរីករាយ ហើយត្រូវការជំនួយពីឯង
-បើពួកយើងសុទ្ធតែមានបេះដូងពិតអ៊ីចឹង ខ្ញុំយល់ថា ពួកយើងនឹងអាចទៅរួច ឯងកុំបារម្ភអី ខ្ញុំព្រមសហការជាមួយឯង ប៉ុន្តែខ្ញុំត្រូវមានការយល់ព្រមពីពិចិត្រនិងពួកគេទាំងបីនាក់សិន ចាំពួកគេត្រឡប់ពីកូរ៉េវិញ ខ្ញុំនឹងទៅពិភាក្សាជាមួយពួកគេ តើឯងអាចទុកពេលឲ្យខ្ញុំពីរថ្ងៃបានទេ?
-បាន! សង្ឃឹមថាពីរថ្ងៃក្រោយ ខ្ញុំនឹងបានដំណឹងពីឯង អរគុណ!
-ខ្ញុំក៏សង្ឃឹមថា នឹងបានសហការជាមួយនឹងឯងដែរ
ក្រោយពេលយុវជនបេះដូងពិតត្រឡប់ពីប្រទេសកូរ៉េវិញ លោកចាងហ្វាងក៏ធ្វើការប្រជុំ ប្រាប់ដល់យុវជនទាំងអស់។ ចំណែកវិនីតក្នុងកំឡុងពេលពីរថ្ងៃនេះ នាងពុំបានមកធ្វើការឡើយ ព្រោះនាងរវល់ឡើងការពារសារណា។ ពិចិត្របានអានសាច់រឿងដែលលោកចាងហ្វាងផ្តល់ឲ្យចប់ហើយ នាយហាក់បីដូចជាមានអារម្មណ៍នឹកដល់រឿងអតីតកាលទាំងអស់ ចាប់តាំងពីបានជួបវិនីតមក។ វិនីតត្រឡប់ពីសាលាវិញ ឃើញយុវជនទាំងអស់កំពុងអានសៀវភៅរៀងៗខ្លួន ដោយមិនចាប់អារម្មណ៍ពីនាងឡើយ នាងក៏ដើរទៅរកសុវណ្ណដែលកំពុងទុកដាក់សម្លៀកបំពាក់ពិចិត្រ៖
-បង! តើពួកគាត់កំពុងអានអីហ្នឹង?
-ឯងនេះ ពិតជាមិនដឹងរឿងមែន ពួកគេត្រៀមថតកុនហើយណា
-ថតកុន! ទាំងអស់គ្នាហ្នឹងអ្ហេ?
-ត្រូវហើយ! ពិចិត្រកំពុងតែអាននៅក្នុងបន្ទប់ឯនោះ បើមិនជឿ ឯងឡើងទៅ
វិនីតឡើងទៅបន្ទប់ពិចិត្រ។ សំឡេងគោះទ្វារក៏បន្លឺឡើង៖
-គឺឯងទេអ្ហេ!
-បងកំពុងតែអានអីមែនទេ?
-ឯងមើលទៅ!
-បេះដូងកវី! និពន្ធដោយ រី សាវីណា រឿងនេះអ្ហេ ដែលពួកបងត្រៀមថតនោះ?
-អ្នកណាថា? ពួកបងគ្រាន់តែយកមកអានតើ មិនទាន់សម្រេចថាត្រូវថតទេ
-បងអានចប់ហើយមែនទេ? តើយ៉ាងម៉េចដែរ?
-ល្អគួរសម គួរឲ្យចាប់អារម្មណ៍ដែរ
-អ៊ីចឹងបងសម្រេចថាថតទេ?
-បងមើលទៅឯងដូចជាចង់ឲ្យបងថត មែនទេ? ចុះឯងមិនចង់ដឹងសាច់រឿង ដែលមិត្តភក្តិឯងសរសេរទេអ្ហេ?
-ខ្ញុំជឿជាក់លើស្នាដៃនាង
-មិនមែនចង់ជួយគ្នាទេអ្ហេ?………..ត្រូវហើយ! ជោគជ័យទេ?
-ប្រាកដជាជោគជ័យ
-បើសិនជាជោគជ័យហើយ ឯងអាចអានរឿងនេះបានហើយ ហ៏! យកទៅ
-អ៊ីចឹង! ខ្ញុំចេញទៅហើយ
វិនីតចេញផុត ពិចិត្របានតេទៅប្រាប់លោកចាងហ្វាង ថាខ្លួនព្រមទទួលថតរឿងនេះ។ លោកប្រាក់ នាគពិតជារីករាយណាស់។
កិច្ចសហការថ្មីជាមួយក្រុមហ៊ុនមយូរាបានចាប់ផ្តើមឡើង។ ក្រុមហ៊ុនទាំងពីរ
បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្សែភាពយន្តបេះដូងកវី ក្លាយជាខ្សែជាវីឌីអូមួយដ៏ល្អឥតខ្ចោះ ទាំងសាច់រឿង និងគុណភាព។ សូរិយាគឺជាអ្នកដឹកនាំសំដែង ចំណែកវិនីតនិងសាវីណា សហការគ្នាសរសេរបទភ្លេងថ្មី ឲ្យត្រូវនឹងសាច់រឿងនេះ។ អាល់ប៊ុមចម្រៀងថ្មី នឹងចេញទន្ទឹមនឹងខ្សែភាពយន្តនេះ។ ក្រុមយុវជនហាក់ដូចជាមានការហត់នឿយណាស់ទាំងការថតចម្រៀង និងខ្សែភាពយន្ត ប៉ុន្តែពួកគេនៅតែញញឹម ហើយប្រឹងប្រែងឡើង ដោយបេះដូងពិត និងអារម្មណ៍ពិតរបស់ខ្លួន។
ពេលនេះ វិនីតអង្គុយគេងនៅលើតុទៀតហើយ ចំណែកសាវីណា នាងកំពុងរៀបចំទុកដាក់ឯកសារនៅក្បែរនាងដែរ។ យុវជនបារម្ភណាស់ពីសុខភាពរបស់នាង នាយដើរចូលទៅ៖
-បងមកវិញហើយអ្ហេ?
-វិនីត?
-អូ! នាងថាមិនសូវស្រួលខ្លួន ខ្ញុំឲ្យនាងទៅគេងក្នុងបន្ទប់ដែរ តែនាងថាមិនអីទេ ប្រហែលជាគេងលក់មែនទែនហើយ វិនីត!
-ឲ្យនាងគេងចុះ
-ខ្ញុំត្រូវត្រឡប់ទៅវិញហើយ
-នាងទៅចុះ!
សាវីណាដើរចេញមកក្រៅបន្ទប់ ពិចិត្រក៏ចេញមកតាម៖
-សាវីណា!
-ចាស! បងមានការអីអ្ហេ?
-នាងសរសេររឿងបានល្អណាស់
-អរគុណបង ដែលព្រមទទួលថតរឿងដែលខ្ញុំសរសេរ
-នេះជារឿងទីមួយហើយ ដែលខ្ញុំទទួលថត នាងដឹងមូលហេតុ ដែលធ្វើឲ្យខ្ញុំទទួលថតរឿងនេះទេ?
-ខ្ញុំដឹង! ការពិតខ្ញុំដឹងថា បងប្រាកដជាទទួលថតរឿងនេះ ព្រោះវាជាជីវិតតស៊ូរបស់វិនីត មែនទេ?
-ការពិតនាងស្មានដឹងតាំងពីដំបូង តើមែនទេ?
-គ្មាននរណាដឹងច្បាស់ពីឆាកជីវិតវិនីតជាងខ្ញុំទេ ហើយខ្ញុំក៏មិននឹកស្មានថា កវីស្រមើស្រមៃមមើមមាយដូចជានាង មានថ្ងៃនេះដែរ កាលនៅរៀន ខ្ញុំនៅចាំថា វិនីតដូចជាមនុស្សឆ្កួតអ៊ីចឹងនៅពេល ដែលនាងបង្កើតបានបទភ្លេងថ្មីមួយ ពេលនោះ ខ្ញុំថែមទាំងចំអកឡកឡឺយនាងទៀតថា បទភ្លេងដែលគ្មានអក្សរ គ្មាននរណាទទួលស្គាល់នោះទេ នាងបែរជាសើចយ៉ាងស្រស់ហើយនិយាយថា៖ “ថ្ងៃនេះ បទភ្លេងគឺគ្មានអក្សរ តែខ្ញុំជឿជាក់ វានឹងមានអក្សរនៅថ្ងៃណាមួយ ហើយនៅពេលដែលអក្សរនោះ រំលេចឡើង ខ្ញុំនឹងក្លាយទៅជាកវីម្នាក់ ដែលពិភពលោកទទួលស្គាល់ ពេលនោះឯងនិងខ្ញុំគឺអាចសហការគ្នា ម្នាក់ជាអ្នកនិពន្ធរឿងប្រលោមលោក ម្នាក់ជាកវីនិពន្ធបទភ្លេង ពួកយើងទាំងពីរពិតជាអស្ចារ្យណាស់”។ កាលនោះ ខ្ញុំសើចនាងយ៉ាងខ្លាំង ហើយនិយាយថា៖ “ឯងពិតជាស្រមើស្រមៃឡើងឆ្កួតមែនហើយ ខ្ញុំនិងឯងម៉េចនឹងអាចសហការគ្នានោះ”។ មិននឹកស្មានថ្ងៃនេះ ខ្ញុំនិងវិនីតពិតជាសហការគ្នាពិតមែន ហើយបើកុំតែនាង ខ្ញុំក៏គ្មានឱកាសបែបនេះដែរ។ មើលចុះ នាងស្រលាញ់ការងារនេះណាស់។ និយាយឲ្យត្រង់ចុះ ខ្ញុំមិនដែលគិតថា វិនីតជាមិត្តល្អនឹងខ្ញុំទេ ខ្ញុំតែងតែគិតថា នាងមានសមត្ថភាពជាងខ្ញុំ មានភ័ព្វសំណាងជាងខ្ញុំ ខ្ញុំចេះតែមានអារម្មណ៍ច្រណែននឹងនាង តែសម្រាប់នាង នាងនៅតែចាត់ទុកខ្ញុំ ជាមិត្តល្អ ចង់ស្រោចស្រង់ខ្ញុំគ្រប់ពេល ខ្ញុំស្តាយក្រោយណាស់ ដែលពីមុន ខ្ញុំមិនបានធ្វើល្អដាក់នាងឲ្យបានច្រើន
-តែមិនទាន់ហួសពេលទេមែនទេ?
-ពិតមែនហើយ! ថ្វីត្បិតតែពួកយើង ធ្វើការដូចគ្នា តែពួកយើងនឹងខិតខំជួយគ្នាដើម្បីខ្លួនឯង និងសង្គមជាតិ
-សង្គមជាតិ!
-បងមិននឹកស្មានថា ខ្ញុំក៏គិតដល់ចំណុចនេះដែរអ្ហេ? ការពិតពួកយើងសុទ្ធតែគិតដូចគ្នា បើមិនអ៊ីចឹងទេ បងក៏មិនបាត់ខ្លួនមួយរយៈ ហើយងាកមកច្រៀងបទនិពន្ធដោយខ្លួនឯងដែរ មួយរយៈធំ ខ្ញុំក៏វង្វេងបេះដូងដែរ ព្រោះតែត្រូវការប្រាក់ តែពេលនេះ ខ្ញុំសង្ឃឹមថា ខ្លួនឯងនឹងធ្វើបានដោយប្រើបេះដូងពិត ដូចជាវិនីត អ៊ីចឹង
-ខ្ញុំនឹងគាំទ្រនាងដល់ទីបំផុត
-អរគុណបងហើយ! ខ្ញុំដូចជានិយាយច្រើនពេកហើយ ខ្ញុំទៅវិញហើយបង
-សំណាងល្អ!
-ត្រូវហើយបង! ………..វិនីត……………ឈឺពោះ……….ខ្ញុំទៅហើយ!
សាវីណាស្រដីហើយ ក៏ចេញទៅ។ យុវជនចូលទៅបន្ទប់ឧបករណ៍ភ្លេង វិនីតនៅពុំទាន់ភ្ញាក់នៅឡើយ។ នាយអង្គុយសម្លឹងនាង ដោយស្នាមញញឹម ទាល់តែនាងបើកភ្នែកឡើង៖
-ម៉េចក៏បងនៅទីនេះ? ឯណាសាវីណា?
-នាងត្រឡប់ទៅវិញហើយ មុខឯងស្លេកណាស់!
ពិចិត្រយកដៃទៅប៉ះថ្ពាល់ទាំងសងខាងរបស់យុវតី នាងស្រដីទាំងអៀនខ្មាស៖
-បងធ្វើអីហ្នឹង?
-ឯងទើបតែអាយុប៉ុន្មានសោះ ហេតុអីក៏ដូចជាចាស់ម្ល៉េះ?
-ពិតមែនអ្ហេ!
-បងនិយាយលេងទេ! បងមានរឿងចង់និយាយជាមួយឯង
-ទៅណាហ្នឹង?
ពិចិត្រដឹកដៃវិនីតឡើងទៅលើដំបូល៖
-អ្ហើយ! ពិតជាស្រួលខ្លួនណាស់
-បងមិនអីទេអ្ហេ?
-ឯងមើលមកបង ដូចជាមានបញ្ហាអីទេ?
-ដូចជាគ្មានទេ!
-បងមាន! ហេតុអីក៏ឯងមើលមិនដឹងអ៊ីចឹង?
-តើមានបញ្ហាអីមែនទេ? ឬការសំដែងមានការលំបាក?
-គ្មានទេ! …………..
-ឬអ៊ំប្រុស ឲ្យបងទៅគ្រប់គ្រងម៉ាស៊ីនកិនស្រូវវិញ?
-អត់ទេ!
-អ៊ីចឹងមានតែ……………..
-មានតែស្អី?
-លោកអ៊ំឲ្យបងរៀបការ?……………..ត្រូវហើយមែនទេ?
-បើបងរៀបការជាមួយស្រីផ្សេង តើឯងសប្បាយចិត្តទេ?
-ឲ្យតែជាមនុស្សបងពេញចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ ខ្ញុំនឹងជូនពរបងឲ្យមានសុភមង្គល ហើយថែមទាំងឆាប់មានកូន………..
-ហេតុអីគ្រប់ពេល ឯងតែងតែអ៊ីចឹង?
-តើខ្ញុំយ៉ាងម៉េច?
-បងដឹង! មួយរយៈនេះ ពួកយើងពិតជារវល់ណាស់ រវល់ សូម្បីតែពេលវេលា សម្រាប់ស្នេហា ក៏ពួកយើងគ្មានពេលគិតដែរ តែបងនឹងគិតវា នៅពេលការសំដែងត្រូវបញ្ចប់ បងចាំថា បងមិនដែលនិយាយទេ ថាបងស្រលាញ់ឯង តែថ្ងៃនេះ បងសារភាព ថាបងស្រលាញ់អូន មិនមែនមិត្តភក្តិ ឬក៏ប្អូនស្រីនោះទេ គឺស្រលាញ់ ចង់មើលថែអូនអស់មួយជីវិត តើអូនយល់ព្រមទេ?
-បងជាតារាល្បីណា បើបងរៀបការ បងមិនខ្លាច ទស្សនិកជនរបស់បង ខកចិត្តទេអ្ហេ?
-មិនខ្លាចទេ! បងមានកវីបេះដូងពិតនៅក្បែរខ្លួន ហេតុអីក៏ខ្លាចទស្សនិកជនខកចិត្ត? …………………..មើលទៅអូន ដូចជាបារម្ភជាងបងទៅទៀត ឬអូនមិនបានស្រលាញ់បងទេ?
-មិនមែនទេ!
-អូនសារភាពហើយអ្ហេ ថាអូនស្រលាញ់បង?
-បងនិយាយអី នរណាស្រលាញ់បងនោះ?
-តោះ! ពួកយើងទៅប្រកាសប្រាប់ពួកគេទៅ ថាពួកយើងនឹងរៀបការ
ពេលវេលាលឿនណាស់។ បន្ទាប់ពីចាក់បញ្ចាំង នៅរោងកុនរួច បេះដូងកវី ត្រូវបានចាក់ផ្សាយលើបណ្តាញស្ថានីយ៍ទូរទស្សន៍ទូទាំងប្រទេសកម្ពុជា។ នេះជាខ្សែភាពយន្តមួយ ដែលទទួលការគាំទ្រ យ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន ហើយរឿងនេះ នឹងចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ចិន នៅខែក្រោយនេះ។
សូរិយាបានចាកចេញពីប្រទេសហើយ នាងទៅធ្វើការជាមួយលោកហ្វុន ចូវលីវិញ។ បន្ទាប់ពីរឿងបេះដូងកវីបានចាក់ផ្សាយ នាងបានក្លាយទៅជាអ្នកដឹកនាំរឿងម្នាក់ដ៏ឆ្នើម ហើយទទួលបានពានរង្វាន់ប្រចាំប្រទេសទៀតផង។ ពេលនេះ ការងាររបស់នាង កំពុងតែចែងចាំងល្អណាស់ នាងកំពុងតែឈានជើងដើរឆ្ពោះទៅមុខ ដើម្បីឲ្យពិភពលោកបានស្គាល់នាង។ ទោះបីជាយ៉ាងនេះក្តី ក៏នាងគ្មានបំណងចាកចោលស្រុកកំណើតរបស់ខ្លួនដែរ។ ពេលនេះ នាងកំពុងដឹកនាំការសំដែងរឿងមួយនៅប្រទេសចិន ហើយនាងនឹងត្រឡប់មកស្រុកវិញ នៅពេលដែលរឿងនេះបញ្ចប់។
វគ្គ១០ ឆ្នាំ២០២៥
បេះដូងពិតគឺជាឈ្មោះសាលាសិល្បៈមួយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងសាខាមួយទៀត នៅក្រុងសៀមរាប។ សាលានេះ ជាសាលាដែលបង្រៀនពីការច្រៀង ការតែងនិពន្ធ និងការសំដែង។ នេះជាឱកាសមួយសម្រាប់យុវជនកម្ពុជា ដែលអាចបង្ហាញពីទេពកោសល្យ និងបង្កើនសមត្ថភាពជំនាញរបស់ខ្លួនដែលមានតាំងពីកំណើតមក។ សូមចាំថា មុននឹងចូលក្នុងសាលានេះបាន បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់ការប្រឡងមួយ ដែលមានក្រុមយុវជនបេះដូងពិតជាគណៈកម្មការ ដូចជាពេលនេះអ៊ីចឹង៖
-សូមអញ្ជើញប្អូនឈ្មោះ កាន់ វិចិត្រចូលក្នុងបន្ទប់ប្រឡង
-ជម្រាបសួរ!
-បាទ! សួស្តីប្អូន តើប្អូនប្រឡងលើវិញ្ញាសាអ្វី?
-បាទ គឺចម្រៀង
-ចាប់ផ្តើមទៅអ៊ីចឹង……………………
បទស្នាមញញឹមបានបន្លឺឡើង។ ក្រោយពេលចម្រៀងត្រូវបានបញ្ចប់ សំនួរក៏ចោទឡើង៖
-សំឡេងពីរោះ ការច្រៀងក៏បានល្អ ប៉ុន្តែហេតុអ្វីក៏ប្អូន ជ្រើសរើសយកបទនេះមកប្រឡង?
-បាទ! បានជាខ្ញុំសម្រេចចិត្តយកបទនេះមកប្រឡង ព្រោះបទនេះ ធ្វើឲ្យខ្ញុំញញឹម ដោយមិនខ្លាចគណៈកម្មការដាក់ពិន្ទុ
សំឡេងសើចគឹលលាន់ឮឡើង សំនួរក៏សួរបន្តទៀត៖
-ប្អូននិយាយលេងទេ មែនទេ?
-បាទ! ខ្ញុំអត់និយាយលេងទេ ពេលដែលខ្ញុំស្តាប់បទនេះ ខ្ញុំមានជំនឿចិត្ត ហើយអនាគត ខ្ញុំជឿថា ខ្ញុំនឹងអាចធ្វើបាន គឺធ្វើបទភ្លេងដោយខ្លួនឯង ច្រៀងខ្លួនឯង នឹងមិនចម្លងបទពីបរទេសឡើយ
-ប្អូនពិតជាមានជំនឿចិត្តណាស់ហ្ន៎!
-បាទ!
-អ៊ីចឹងប្អូនឆ្លើយមកមើល ថាបទនេះ និពន្ធដោយនរណា? ក្នុងឆ្នាំណា? នៅពេលណា?
-បទនេះគឺនិពន្ធដោយអ្នកគ្រូសាវិនីត ក្នុងឆ្នាំពីរពាន់ដប់មួយ កាលនោះគាត់ទើបតែអាយុដប់ប្រាំបីទៅដប់ប្រាំបួនឆ្នាំប៉ុណ្ណោះ បទភ្លេងនេះកើតឡើងនៅពេលដែល អ្នកគ្រូរៀនលេងព្យាណូ តែត្រូវលោកគ្រូព្យាណូគំហោកឲ្យគាត់នៅពេលដែលគាត់រៀនមិនចេះនោះ
គណៈកម្មការទាំងអស់ញញឹមយ៉ាងស្រស់ទៅរកយុវជនវ័យក្មេង ដែលមានជំនឿចិត្តម្នាក់នេះ ហើយក៏បន្តសំនួរទៅទៀត៖
-អ៊ីចឹងតើប្អូនដឹងទេ ថាលោកគ្រូព្យាណូនៅពេលនោះជានរណា?
-សូមទោស! ខ្ញុំអត់ដឹងទេ
-អ៊ីចឹង បន្ទាប់ពីការប្រឡងហើយ ប្អូនកុំភ្លេចស្រាវជ្រាវរកលោកគ្រូព្យាណូនោះផង ស្តាប់បានទេ? ប្អូនជាប់ហើយ!
-ខ្ញុំជាប់ហើយ! ………..អរគុណលោកគណកម្មការ
គណៈកម្មការអនុញ្ញាតឲ្យយុវជន កាន់ វិចិត្រ ជាប់ក្នុងវិញ្ញាសាចម្រៀង ប៉ុន្តែទន្ទឹមនឹងនេះដែរ ក្នុងចំណោមបេក្ខជនទាំងអស់ ក៏មានបេក្ខជនជាច្រើននាក់ ត្រូវធ្លាក់ត្រឡប់ទៅផ្ទះវិញដោយការសោកស្តាយដែរ។
ពេលនេះ សូរិយាកំពុងឈរញញឹមសម្លឹងទៅវិនីត ដែលកំពុងបង្រៀនសិស្សពីការសរសេរបទភ្លេង។ បន្ទាប់ពីបញ្ចប់ការបង្រៀនហើយ ទើបវិនីតដើរតម្រង់ទៅរកនាង៖
-ជម្រាបសួរអ្នកនាង!
-មើលទៅឯងមានសេចក្តីសុខណាស់ក្នុងការបង្រៀនសិស្ស យ៉ាងម៉េចសុខសប្បាយទេ?
-ចាស! សុខសប្បាយ ចុះអ្នកនាងវិញ?
-ខ្ញុំដូចគ្នា! ខ្ញុំមកម្តងនេះ ចង់សួរនាងថា តើសាលានាង នៅទទួលគ្រូផ្នែកដឹកនាំរឿងទៀតទេ?
-អ្នកនាងយល់ព្រមមកបង្រៀននៅទីនេះហើយអ្ហេ?
-តើនាងនៅទទួលទេ?
-ចាស! គឺទទួល
-មួយរយៈនេះ ខ្ញុំសប្បាយនឹងការងារស្ទើរតែភ្លេចខ្លួនទៅហើយ ពេលនេះ ខ្ញុំចង់សម្រាក ដល់វេនដែលខ្ញុំត្រូវផ្ទេរក្បាច់គុណរបស់ខ្ញុំ ទៅក្មេងៗទាំងនោះម្តងហើយ ដូចនេះ មានតែសាលារបស់នាងទេ ដែលអាចឲ្យខ្ញុំជ្រកកោនបាន
-មើលទៅអ្នកនាង ពិតជារីករាយណាស់
-នាងក៏ដូចគ្នា ត្រូវហើយ! ខ្ញុំឮថា សាលារបស់នាង ទាំងគ្រូទាំងសិស្ស សុទ្ធតែមានបេះដូងពិត គ្មានក្លែងក្លាយទេមែនទេ?
-ប្រាកដហើយ
-និយាយអ៊ីចេះ ខ្ញុំជជែកជាមួយនាងយូរហើយ ម៉េចមិនឃើញ……….?
-បងពិចិត្រមែនទេ?
-តើអូនរវល់ធ្វើអីហ្នឹង កូនយំហើយឃើញទេ?
សូរិយាងាកមករកម្ចាស់សំឡេង ឃើញច្បាស់ជាពិចិត្រ ដែលកំពុងពរកូនដើរចូលមក៖
-នេះអ្ហេជាតារាចម្រៀងល្បី?
-សូរិយា!
-បងនៅចាំខ្ញុំដែរអ្ហេ?
-ជម្រាបសួរមីងទៅកូន
-នេះជាកូនស្រីបង និងវិនីតអ្ហេ?
-ត្រូវហើយ!
-គួរឲ្យស្រលាញ់ណាស់ នាងអាយុប៉ុន្មានឆ្នាំហើយហ្នឹង?
-ជិតបួនឆ្នាំហើយ
-មកឲ្យមីងពរបន្តិចមក…………មានព្រលឹងណាស់តើនេះ!
ពួកគេម្នាក់ៗហាក់ដូចជារីករាយខ្លាំងណាស់ តែពេលនេះ តារាត្រចះរះថ្មី ស្ថិតនៅក្នុងបេះដូងយុវវ័យ មិនមែនជាសំនៀងពិចិត្រក្នុងរយៈពេលដប់ប្រាំឆ្នាំមុនទៀតឡើយ តែគឺជាតារាថ្មីដែលចេញពីសាលាសិល្បៈបេះដូងពិត នោះគឺលោក កាន់ វិចិត្រ។ ពន្លកថ្មីពីមួយជំនាន់ទៅមួយជំនាន់ បានរីកដុះដាលឡើង។ ពួកគេម្នាក់ៗពេញដោយសមត្ថភាពនិងឆន្ទៈបង្កើតនូវអ្វីដែលជារបស់ខ្លួន គ្មានការលួចចម្លងពីបរទេសឡើយ។ វិនីត សូរិយា សាវីណា រួមទាំងយុវជនអតីតក្រុមបេះដូងពិត អង្គុយសម្លឹងទៅលើវេទិកា ដែលកាន់ វិចិត្រកំពុងសំដែងដោយស្នាមញញឹម និងមោទនភាព។
បញ្ចេញមតិ
Comments 0