រឿងខ្លី “ពិភពខ្ញុំ”

ជោគជ័យទី២របស់ខ្ញុំ បន្ទាប់ពីរឿងបេះដូងកវី

ជោគជ័យទី២របស់ខ្ញុំ បន្ទាប់ពីរឿងបេះដូងកវី

                          ពិភពខ្ញុំ

បន្ទាប់ពីភ្លៀងរួច ធម្មជាតិស្រស់ណាស់ សំណោកចិត្តចាស់ ក៏អាចផ្លាស់ប្តូរ​សារជាថ្មីបានដែរ ប៉ុន្តែទឹកមុខដ៏ស្ងួតច្រឺះនេះ ម្តេចមិនរបេះរលេះធ្លាក់ពីពិភពលោកនេះ​អ៊ីចឹង? មើលចុះកំពូលភ្នំដ៏ខ្ពស់ អ្នកមិនស្រណោះយុវតីជំទង់ម្នាក់នេះទេឬ? នាងកំពុងតែសម្លឹងអ្នកហើយ នាងចង់ឲ្យអ្នកបន្ទាបខ្លួនចុះមក ដើម្បីនាងក្រសោបឱបអ្នក ជំពាក់ចិត្តឲ្យស្រស់ថ្លា តែនេត្រាបានត្រឹមតែសម្លឹង ហើយខំប្រឹងញញឹមស្ងួតចេញ        មក។ យុវតីយកដៃបម្រុងបង្វិលកង់រទេះរបស់ខ្លួន ឲ្យផ្លាស់ទីចេញពីនោះ ស្រាប់តែឃើញស្នាមញញឹមយ៉ាងស្រស់បស់របស់ក្មេងៗ ដែលកំពុងរត់លេង ហើយបន្លឺសំឡេងមករកនាង៖

‑បងស៊ូ! បងមកលេងទីនេះទៀតហើយមែនទេ?

‑ចាស! ល្ងាចណាស់ហើយ ពួកឯងគួរតែឆាប់ត្រឡប់ទៅផ្ទះវិញទៅ

‑មិនអីទេបង! ពួកយើងនៅលេងបន្តិចទៀត

‑អ៊ីចឹងបងទៅមុនហើយ

‑បាទ!

យុវតីបង្វិលរទេះរបស់ខ្លួនយ៉ាងស្ទាត់ជំនាញ តែម្តងនេះ នាងប្រែជាស្ងៀមទ្រឹង ព្រោះតែបានឮសំឡេងរបស់ពូម្នាក់ដែលរស់ក្បែរនោះបន្លឺ៖

‑ចង់ឡើងភ្នំទៀតហើយ មែនទេស៊ូ? ពូថាឲ្យឆាប់រៀបការទៅ ពេលនោះប្តីឯង ប្រាកដជានាំឯងឡើងទៅដល់លើកំពូលភ្នំហើយ ឯងមិនចាំបាច់មកអង្គុយសម្លឹងនៅមាត់ជណ្តើរបែបហ្នឹងទៀត……ឃើញមកឲ្យរាល់តែថ្ងៃ ហ៊ឺ! គួរឲ្យអាណិតដែរ……….

ពូសុកនិយាយហើយ គាត់ក៏ទៅធ្វើការរបស់គាត់បន្ត។ តែ ស៊ូ នាងមិនទាន់ចាកចេញពីទីនោះភ្លាមទេ យុវតីងាយសម្លឹងមើលទៅលើកំពូលភ្នំ ទឹកភ្នែកក៏ស្រក់ចុះ​ដោយមិនដឹងខ្លួន។ មួយសន្ទុះទើបនឹមនួនសម្រេចចិត្តចាកចេញពីទីនោះ។

ការពិត ស៊ូ គឺពិការជើងទាំងពីរ តាំងពីរនាងអាយុបីឆ្នាំមកម្ល៉េះ។ ជម្ងឺ ធ្វើឲ្យនាង​ក្លាយជាជនពិការ ដោយមិនអាចចាកចេញពីរទេះបាន។ ឆ្នាំនេះ នាងបានប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិហើយ។ នាងបានដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនមួយ។ ស្អែកនេះ គឺជាថ្ងៃដែលនាងត្រូវសម្ភាសន៍ការងារ។

ពីតូចដល់ធំ ស៊ូមានបំណងប្រាថ្នាមួយ គឺចង់ឡើងទៅលើកំពូលភ្នំ នាងចង់ឃើញភាពស្រស់ស្អាតនៅលើកំពូលភ្នំ ប៉ុន្តែបំណងប្រាថ្នានេះ ហាក់បីដូចជានៅឆ្ងាយណាស់ពីនាង ហើយនាងហាក់គ្មានសង្ឃឹមនឹងសម្រេចវាបានឡើយ។ ទោះបីស៊ូ ទទួលនូវពាក្យចំអែអម្អន់យ៉ាងណា ពីអ្នកភូមិដែលរស់នៅក្បែរនាង ក៏នាងពុំអាក់អន់​ស្រពន់ចិត្តអ្វីឡើយ ព្រោះនាងគិតថា អ្វីដែលនាងមានសព្វថ្ងៃ គឺជាការពិត តែមកដល់​ពេលនេះ ស៊ូហាក់មានអារម្មណ៍ក្រៀមក្រំណាស់។ នាងអង្គុយលើរទេះ ហើយសម្លឹងទៅអាគារជាន់ទីពីរ ដែលជាកន្លែងដែលនាងត្រូវសម្ភាសន៍ការងារ។ នេះជាលើកទីមួយហើយ ដែលយុវតីមានអារម្មណ៍ថា រងា និងឯកា។ ស៊ូ អង្គុយនៅទីនោះរហូតដល់​ម៉ោងដប់ពីរ ទើបធ្វើដំណើរត្រឡប់មកផ្ទះវិញ ឃើញម្តាយ និងប្អូនស្រីប្រុសពីរនាក់របស់នាងឈរចាំជាស្រេច ដោយទឹកមុខញញឹម។ មីងចាន់បន្លឺឡើង៖

‑យ៉ាងម៉េចហើយកូន តើការសម្ភាសន៍យ៉ាងម៉េចដែរ?

ពេលដែលឃើញប្អូននិងអ្នកម្តាយ បារម្ភនិងយកចិត្តទុកដាក់ចំពោះខ្លួនដូចនោះ យុវតីក៏ប្រឹងតបដោយស្នាមញញឹម៖

‑មិនជាប់ទេម៉ែ តែមិនអីទេ កូននឹងរកកន្លែងថ្មីទៀត

‑មិនជាប់ក៏មិនអីដែរ

‑ពិតមែនហើយបង បងប្រហែលជាឃ្លានហើយ ពួកយើងទៅញ៉ាំបាយទៅ (សុផា ជាប្អូនស្រីទីពីរស្រដី)

‑ពិតមែនហើយ! ពួកយើងឆាប់ទៅញ៉ាំបាយទៅ (សុភីជាប្អូនប្រុសពៅបន្លឺ ហើយក៏ទៅរុញរទេះបងពីក្រោយ)

នៅក្នុងគ្រួសារដែលគ្មានឪពុក មានតែម្តាយជាទីពឹង ក៏ព្រលឹងទាំងបួននេះ បង្កើតនូវភាពកក់ក្តៅឡើង រស់យ៉ាងសាមញ្ញ និងមានសេចក្តីសុខ។ អ្នកម្តាយយល់​ច្បាស់ពីទឹកចិត្តកូន ការពិតទោះជាកូនមិនរកការងារអ្វីធ្វើក៏ដោយ ក៏ម្តាយរ៉ាប់រងទាំងអស់ តែទឹកចិត្តស្រស់បស់របស់ស៊ូ ធ្វើឲ្យនាងតស៊ូឡើង ចង់ឲ្យសង្គមទទួលយកនាង ជាពលរដ្ឋម្នាក់ពេញលេញដូចគេឯងដែរ ប៉ុន្តែលទ្ធផលថ្ងៃនេះ ធ្វើឲ្យស៊ូទទួលរងនូវ​សម្ពាធផ្លូវចិត្តខ្លាំងណាស់ មិនខុសអ្វី ពីកាលដែលនាងសម្លឹងមើលកំពូលភ្នំ ដែលមិនអាចទៅដល់នោះទេ។ ទោះយ៉ាងណា នៅចំពោះមុខគ្រួសារជាទីស្រលាញ់ ស៊ូមិនអាចចុះចាញ់បានឡើយ នាងត្រូវតែញញឹម ញញឹម ដើម្បីឲ្យពួកគាត់រីករាយជាមួយនាង។

បន្ទាប់ពីជួយវេចនំចេកម្តាយហើយ ស៊ូក៏ឆ្លៀតមកលេងនៅជើងភ្នំដូចរាល់ដង ហើយក៏បានជួបពូសុកដូចរាល់ដងដែរ។ ពូសុកបន្លឺ៖

‑យ៉ាងម៉េចហើយស៊ូ ឮថាទៅសម្ភាសន៍ការងារផងអ្ហ៊ៃ? តើជាប់ទេ?

‑មិនជាប់ទេពូ

‑ហ៊ឺ! មនុស្សជាផង សម្ភាសន៍មិនចេះនឹងជាប់ ទម្រាំតែឯងពិការជើងទាំងពីរ ហ៊ឺ………ពូថា យកល្អឯងកុំបាច់គិតច្រើនអី នៅតែផ្ទះជួយតែវេចនំម៉ែឯងទៅ គឺរស់ដូចតែគ្នាហ្នឹង ពូទៅហើយ

ពូសុកនិយាយហើយ គាត់ក៏ទៅធ្វើការគាត់ដូចធម្មតា តែធីតាចិន្តាហាក់ដូចជា​

ក្រៀមក្រំណាស់ នាងហាក់ខឹងនឹងខ្លួនឯង ហេតុអ្វីក៏ក្លាយជាជនពិការឥតបានការដូចនេះ យុវតីស្រែកខ្លាំងតែម្នាក់ឯង៖

‑ហេតុអ្វីក៏ខ្ញុំជាមនុស្សឥតបានការដូចនេះ? នេះឬជាពិភពរបស់ខ្ញុំ?

ស៊ូយកដៃជូតទឹកភ្នែកចេញ នាងក៏បង្វិលកង់រទេះយ៉ាងលឿន ភ្ជល់នឹងជណ្តើរ​ភ្នំ ម្តងនេះនាងរឹតតែក្រៀមក្រំថែមទៀត ព្រោះសូម្បីតែកង់រទេះនាង ក៏បែកដែរ ស៊ូទាញឈើច្រត់ ហើយប្រឹងងើបឈរឡើង តែនាងក៏ត្រូវដួលទៅលើដី។ យុវតីស្រែកយំ​យ៉ាងខ្លាំង តែក៏ស្រឡាំងកាំងមួយរំពេច នៅពេលរំលេចយុវជនម្នាក់ ដែលមានរូបរាង​ស្រស់សង្ហារ នេត្រាស្រស់ប៉ប្រឹម ស្នាមញញឹមស្រទន់មានមន្តស្នេហ៍កំពុងតែឈរសម្លឹងមើលមកនាង។ អ្នកកំលោះមិនស្រដី តែយុវតីបន្លឺឡើង៖

‑លោកជាអ្នកណា? ហេតុអីក៏សម្លឹងមើលមកខ្ញុំក្នុងក្រសែភ្នែកបែបនេះ? ខ្ញុំជាមនុស្សពិការតើវាយ៉ាងម៉េច? តើពិភពរបស់ខ្ញុំ ខុសពីពិភពរបស់មនុស្សដែល​មានកាយសម្បទាគ្រប់គ្រាន់ដូចជាពួកលោកមែនទេ? កុំមើលមកខ្ញុំបែបនេះ លោកឆាប់ចេញឲ្យឆ្ងាយពីខ្ញុំទៅ

ទោះយុវតីវាចាអ្វី ក៏អ្នកកំលោះមិនស្រដីតប នាយនៅតែឈរញញឹម ហើយ​សម្លឹងមើលនាងឥតដាក់ភ្នែកដដែល។ ស៊ូបន្លឺសារជាថ្មី៖

‑ខ្ញុំមិនត្រូវការឲ្យលោកអាណិតទេ ឆាប់ចេញពីខ្ញុំទៅ

អ្នកកំលោះបានប្រើភាសាកាយវិការទៅរកស៊ូ តែស៊ូពុំយល់ថា វាបានន័យថាម៉េចឡើយ។ ការពិតនាយចង់ប្រាប់ នាយពុំបានស្តាប់ឮនាងកំពុងនិយាយអ្វីទេ តែគេចង់ជួយនាង។ យុវជនដើរចូលទៅកាន់តែជិតស៊ូ ហើយក៏ធ្វើកាយវិការ ថាចង់ជួយលើកនាងឡើង ម្តងនេះ យុវតីហាក់យល់ពីអ្វីដែលយុវជនចង់ប្រាប់នាង នាងក៏នឹកឃើញ ហើយក៏យកដៃសរសេរអក្សរនៅលើដី៖

‑លោកស្តាប់ខ្ញុំឮទេ?

‑អ្នកកំលោះគ្រវីក្បាល

‑លោកជាមនុស្សគឬ?

‑អ្នកកំលោះងក់ក្បាល

ស៊ូ ហាក់ដូចជាស្ងប់អារម្មណ៍បន្តិច យុវជនក៏សរសេរអក្សរនៅលើដីតប៖

‑ខ្ញុំជួយលើកនាង តើបានទេ?

‑យុវតីងក់ក្បាល

យុវជនលើកយុវតីឡើង ឲ្យនាងអង្គុយផ្អែកនឹងជណ្តើរភ្នំ ហើយនាយក៏ទៅរុញ​រទេះយកមក ទើបទៅសរសេរអក្សរនៅលើដីប្រាប់យុវតី៖

‑ចាំខ្ញុំមួយភ្លែត ខ្ញុំយករទេះទៅប៉ះកង់ឲ្យ តើបានទេ?

ស៊ូសម្លឹងមុខអ្នកកំលោះ ដែលពោរពេញដោយស្នាមញញឹមជាប់ រួចហើយក៏​

ងក់ក្បាល។ មួយសន្ទុះក្រោយ យុវជនក៏ត្រឡប់មកវិញ នាយទៅសរសេរអក្សរនៅលើដី៖

‑ខ្ញុំជួយលើកនាងណា៎

មាណវីងក់ក្បាល អ្នកកំលោះបម្រុងលើកនាងឡើង តែស៊ូចាប់ដៃនាយជាប់ ទើបសរសេរសំនួរឡើង៖

‑លោកឈ្មោះអី?

‑នរៈ! ចុះនាង?

‑តស៊ូ

‑ឈ្មោះពីរោះ ខ្ញុំនាំនាងទៅកន្លែងមួយ តើនាងទៅទេ?

‑កន្លែងណា?

‑កន្លែងរកការងារធ្វើ ហើយខ្ញុំក៏ធ្វើការនៅទីនោះដែរ

‑ហេតុអីក៏ដឹងថាខ្ញុំ កំពុងរកការងារធ្វើ?

‑ព្រោះខ្ញុំបានឃើញស្ថានភាពនាង ដូចខ្ញុំកាលពីបីឆ្នាំមុន តើនាងទៅទេ?

‑កន្លែងនោះ តើគេទទួលមនុស្សពិការដូចជាខ្ញុំដែរអ្ហេ?

‑តើនាងមានសមត្ថភាពទេ? គេរើសសមត្ថភាព

មាណវីងក់ក្បាលយ៉ាងញាប់ បញ្ជាក់ថាព្រមទៅ។ នរៈសង្ហារ រុញរទេះនារី រហូតទៅដល់ក្នុងអង្គការមួយ។ អ្នកកំលោះឈប់រទេះ ហើយក៏ធ្វើភាសាសញ្ញាប្រាប់មាណវីថា ខ្លួនទៅនោះមួយភ្លែត។ យុវតីងក់ក្បាល។ នៅពីមុខនាង នាងបានឃើញជនពិការទាំងអស់ កំពុងតែហ្វឹកហាត់សិល្បៈតាមជំនាញរបស់ខ្លួន ងាកទៅស្តាប់​នាងឃើញបុរសម្នាក់ ដែលជាជនពិការជើងដូចនាងដែរ កំពុងអង្គុយធ្វើការនៅពីមុខ​​       កុំព្យូទ័រ បែរទៅឆ្វេង នាងបែរជាឮសំឡេងខ្លុយដ៏ពីរោះ របស់ក្រុមតន្រ្តីជនពិការដែលកំពុងប្រគំឡើង។ ម្តងនេះ គឺទប់ចិត្តរំភើបមិនបានឡើយ ទឹកភ្នែករបស់ស៊ូ​ស្រក់ចុះដោយមិនដឹងខ្លួន តែនឹមនួនពោរពេញដោយស្នាមញញឹម សេចក្តីសង្ឃឹម​ហាក់ដូចជាផុសឡើងសារជាថ្មី យុវតីក៏ភ្ញាក់ព្រើត ព្រោះដឹងថាមានដៃ កំពុងផ្តិតទឹកភ្នែកនៅលើថ្ពាល់របស់នាង៖

‑រំភើបណាស់មែនទេ?

ការពិតគឺជាស្រ្តីជនជាតិអូស្រ្តាលីម្នាក់ ដែលនិយាយភាសាខ្មែរទាំងរដិបរដុប និងទឹកមុខញញឹមជាប់ អ្នកស្រីបន្ត៖

‑ខ្ញុំឈ្មោះលីហ្សា ជាប្រធានអង្គការនៅទីនេះ

‑ជម្រាបសួរ!

‑ចាស! ជម្រាបសួរ

‑តើនាងយល់ថា ទីនេះយ៉ាងម៉េចដែរ?

‑ខ្ញុំយល់ថា ខ្ញុំកំពុងតែរកពិភពរបស់ខ្ញុំឃើញហើយ

‑ពិភពរបស់នាង ពិភពមានន័យថាម៉េច?

‑គឺទីកន្លែងដែលជាទីពឹង និងផ្តល់សេចក្តីសុខដល់ខ្ញុំ

‑អូ!……នរៈប្រាប់ខ្ញុំថា នាងកំពុងរកការងារធ្វើមែនទេ?

‑ចាសត្រូវហើយ!

‑តើនាងចង់ធ្វើការងារអី?

‑ផ្នែករដ្ឋបាល

‑មានជំនឿចិត្តទេ?

‑ចាសមាន!

‑ល្អ! ស្អែកនេះ តើនាងអាចមកទីនេះ សម្ភាសន៍ការងារទេ?

‑ចាស ខ្ញុំមក

‑ខ្ញុំនឹងឲ្យនរៈ យកពាក្យមកឲ្យនាងបំពេញ នាងអង្គុយលេងនៅទីនេះសិនចុះ ខ្ញុំទៅធ្វើការហើយ

‑ចាស! អរគុណ……..ជម្រាបលា

‑ជម្រាបលា

យុវតីយកដៃជូតទឹកភ្នែក ស្រាប់តែងើបមុខឡើង ក៏ប្រទះនឹងនរៈយើង ដែលកំពុងឈរញញឹមមើលមក។ នាយលើកផ្ទាំងអក្សរឡើង៖

‑សប្បាយចិត្តទេ?

‑មាណវីងក់ក្បាល

នាយក៏រុញរទេះមាណវីទៅរកតុ ដើម្បីបំពេញសំណុំឯកសារចូលសម្ភាសន៍​ ការងារ។ បន្ទាប់ពីបំពេញរួចរាល់ហើយ នាយក៏លើកក្រដាសអក្សរទៅយុវតី៖

‑ខ្ញុំជូននាងត្រឡប់ទៅផ្ទះវិញ

យុវតីងក់ក្បាល។ ការពិតចម្ងាយផ្លូវពីផ្ទះយុវតី ទៅអង្គការមិនជិតប៉ុន្មានទេ ប៉ុន្តែសម្រាប់ពួកគេ ការធ្វើដំណើរបែបនេះ បែរជាមានលក្ខណៈថាធម្មតា។ នរៈដើររុញរទេះ រហូតមកដល់មុខផ្ទះយុវតី។ ស៊ូមិនដឹងថា សម្តែងការអរគុណយ៉ាងណា​ចំពោះនរៈឲ្យសមនឹងអ្វីដែលយុវជនបានជួយនាងឡើយ។ នាងធ្វើសញ្ញា ឲ្យយុវជនមក​ឈរពីមុខរទេះរបស់នាង ហើយទើបយកដៃទាំងពីរទៅក្រសោបហត្ថរបស់យុវជនជាប់ នេះហើយជាពាក្យអរគុណ ដែលមាណវីចង់ផ្តល់ទៅអ្នកកំលោះ។ មីងចាន់ និងប្អូនប្រុសស្រីរបស់ស៊ូ ហាក់ដូចជាងឿងឆ្ងល់ណាស់តែស៊ូក៏បន្លឺ៖

‑គាត់ជាមិត្តថ្មីរបស់ខ្ញុំណាម៉ែ គាត់ជាមនុស្សគទេ

នរៈលើកដៃសំពះមីងចាន់ នាយហាក់យល់ថាមីងចាន់ជានរណា មីងចាន់ក៏តបដោយការគួរសមវិញ។

នៅទីបំផុត ស៊ូបានចូលធ្វើការនៅក្នុងអង្គការជនពិការ ផ្នែករដ្ឋបាលដូចដែល​ប៉ងមែន ប៉ុន្តែស៊ូត្រូវផ្លាស់ទីកន្លែង ចូលមករស់នៅក្នុងអង្គការ ដើម្បីងាយស្រួលក្នុង​ការធ្វើដំណើរផង។ ជារៀងរាល់ថ្ងៃអាទិត្យ នាងតែងតែមកលេងផ្ទះ។ ស៊ូ ព្យាយាមធ្វើការណាស់ ពេលខ្លះ នាងមិនបានគិតពីពេលវេលាត្រូវសម្រាកឬមិនសម្រាកទេ។ ដោយឃើញការប្រឹងប្រែង និងលទ្ធផលការងារល្អឥតខ្ចោះ ជួនពេលលោកជូ ជាអ្នកគ្រប់គ្រងការងារផ្នែករដ្ឋបាល ត្រូវទៅបំពេញការសិក្សាបន្ថែមនៅប្រទេសឡាវ ស៊ូក៏បានចូលស្នងតំណែងនេះ។

ពេលនេះ នាងកំពុងអង្គុយលើរទេះ សម្លឹងមើលសួនច្បារ ដោយភក្រ្តា​         ញញឹមជាប់ ស្រាប់តែក្រលេកឃើញនរៈកំពុងអង្គុយក្បែរនោះដែរ។ នាងបង្វិលកង់រទេះ ហើយក៏ទៅឈប់ក្បែរនរៈ ទើបយកដៃទៅប៉ះយុវជនថ្នមៗ។​ គ្រាន់តែ             ក្រលេកឃើញ​មាណវី យុវជនញញឹមយ៉ាងស្រស់ នាយចង់ប្រើភាសាសញ្ញាដាក់ស៊ូ តែក៏ប្រែជាស្ងៀមមួយរំពេច ព្រោះដឹងថា​ស៊ូមិនអាចយល់ពីអ្វី ដែលខ្លួនចង់និយាយឡើយ។ ស៊ូក៏លើកក្រដាស និងប៊ិច ហុចទៅយុវជន ទើបលើកក្រដាសរបស់ខ្លួន៖

‑ខ្ញុំចង់ជជែកលេងជាមួយនរៈ តើបានទេ?

‑បាន!

‑ប៉ុន្មានថ្ងៃនេះ នរៈកើតអី ទើបមិនសប្បាយចិត្ត?

‑ម៉េចក៏ដឹងថា ខ្ញុំមិនសប្បាយចិត្ត?

‑នរៈតែងតែរក្សាទឹកមុខញញឹមជានិច្ច តែប៉ុន្មានថ្ងៃនេះ មិនឃើញស្នាមញញឹមនេះទេ តើមានរឿងអី?

‑គ្មានរឿងអីទេ គ្រាន់តែពេលខ្លះ មានអារម្មណ៍ថា ធុញទ្រាន់

ស៊ូ ហាក់យល់ពីអារម្មណ៍បែបនេះ នាងចង់លួងលោមនរៈ តែក៏នឹកឃើញវិធី​មួយ នាងដាក់កែងដៃបញ្ឈរលើដៃរទេះ ហើយលាបាតដៃឡើង ទើបនិយាយ៖

‑ពិភពរបស់ពួកយើងគឺបែបហ្នឹងឯង មានតែពួកយើងប៉ុណ្ណោះ ដែលយល់ពីគ្នា បន្ទាប់ពីគ្រួសារខ្ញុំ នរៈជាអ្នកទី១ដែលយល់ពីខ្ញុំ ការពិត នៅថ្ងៃដំបូងដែលពួកយើងជួបគ្នា គ្រាន់តែខ្ញុំឃើញស្នាមញញឹមរបស់នរៈនោះ ខ្ញុំហាក់ដូចមានសង្ឃឹម​ឡើងវិញ ខ្ញុំចង់ឲ្យនរៈរក្សាស្នាមញញឹមនេះរហូត ព្រោះថាបើមិនឃើញស្នាមញញឹមនេះ ពិភពរបស់ខ្ញុំ គឺហាក់បីដូចជាបាត់ពន្លឺមួយហើយ

‑នាងកំពុងនិយាយអី?

‑ចង់ដឹងមែនទេ?

‑ចង់ដឹង!

យុវតីញញឹម សម្លឹងមើលមុខយុវជន រួចហើយសម្លឹងមើលមកបាតដៃរបស់ខ្លួន ទើបងក់ក្បាលតិចៗ។ នរៈហាក់យល់ពីបំណងរបស់ស៊ូ នាយក៏លាដៃទៅចាប់ដៃរបស់នាង។ នេះជាភាសាទំនាក់ទំនងតែមួយគត់ ដែលស៊ូចង់បង្ហាញពីអារម្មណ៍របស់នាង ចំពោះយុវជន ហើយនាងក៏គ្មានបំណងអ្វីឡើយ ក្រៅពីការរាប់អាននរៈដោយស្មោះអស់ពី​បេះដូង។ ស៊ូហាក់ដូចជានឹកឃើញអ្វីមួយ នាងក៏ព្រលែងដៃយុវជន ហើយឈោងក្រដាសនិងប៊ិចមកសរសេរ៖

‑នរៈត្រូវទៅប្រទេសវៀតណាមមែនទេ?

‑ត្រូវហើយ! គឺខានស្អែកនេះ

‑ជូនពរឲ្យការសំដែងបានជោគជ័យ

‑អរគុណ! នាងក៏ត្រូវរក្សាសុខភាពដែរ កុំភ្លេចញ៉ាំបាយឲ្យទៀងទាត់ណា

‑ដឹងហើយ

‑ល្ងាចណាស់ហើយ ពួកយើងចូលទៅក្នុងវិញទៅ

នរៈដើររុញរទេះយុវតីមួយៗចូលទៅក្នុងផ្ទះ។ ជាការពិតណាស់ នរៈជាតារា​សំដែង ហើយក៏ជាអ្នកដឹកនាំក្រុមសំដែងដែរ។ រយៈពេលប្រាំថ្ងៃ ដែលនាយត្រូវចេញទៅសំដែងជាមួយមិត្តរួមក្រុមរបស់ខ្លួន។

ចាប់តាំងពីថ្ងៃដែលយុវជនចាកចេញទៅ គេឃើញស៊ូ ហាក់បីដូចជារវល់ជាងមុន រហូតថ្ងៃអាទិត្យក៏នាងមិនបានមកលេងផ្ទះដែរ។ តើនាងកំពុងរៀនអ្វីបន្ថែមហ្នឹង? មើលចុះ យប់ជ្រៅហើយ ក៏នាងមិនទាន់គេងដែរ នាងអង្គុយនៅលើគ្រែ លើកដៃរេចុះរេឡើង ហាក់ដូចជាធ្វើតាមអ្វីមួយ។ អូ! ការពិតនាងកំពុងរៀនភាសាសញ្ញាតើ។

ពិតមែនហើយ ពួកយើងជាជនពិការ កាយសម្បទារបស់ពួកយើងមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែទឹកចិត្តរបស់ពួកយើងនៅតែពេញប្រៀប មិនពិការឡើយ។ ពួកយើង​ក៏អាចញញឹមដូចមនុស្សធម្មតាដែរ ហើយរឹតតែអស្ចារ្យនោះ​ ពួកយើងអាចធ្វើនូវអ្វី ដែលមនុស្សមានកាយសម្បទាគ្រប់គ្រាន់ធ្វើមិនបាន ដូចនេះ ពួកយើងមិនអស់សង្ឃឹម​ទេ​ ពិភពលោកនេះ នៅតែត្រូវការមនុស្សដូចជាពួកយើង។

ស៊ូ កំពុងអង្គុយលើរទេះ ក្បែរភ្នំជិតផ្ទះរបស់ខ្លួនទៀតហើយ។ មកដល់ទីនេះ នាងហាក់មានអារម្មណ៍ថា នឹកដល់នរៈសង្ហារខ្លាំងណាស់។ កាលត្រឡប់មកពីប្រទេសវៀតណាម នរៈមិនទាន់បានជួបនឹងនាងផង ក៏ស្រាប់តែត្រូវឡើងយន្តហោះ ទៅប្រទេសអូស្រ្តាលីទៀត។ នាងអង្គុយសម្លឹងថ្មភ្នំ ហើយស្រដីតែម្នាក់ឯង៖

‑ទោះបីជាខ្ញុំមិនអាចឡើងដល់កំពូលភ្នំ ក៏ខ្ញុំនៅតែអាចសម្លឹងមើលឃើញឯង មិនខុសអ្វី ទោះបីខ្ញុំមិនបានឬសំឡេងរបស់នរៈ តែខ្ញុំនៅតែអាចមើលឃើញស្នាមញញឹមរបស់គាត់ ការពិត វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ តែខ្ញុំមិនដឹងថា ហេតុអ្វីក៏គាត់ ត្រូវនៅប្រទេសអូស្រ្តាលីយូរដល់ថ្នាក់ហ្នឹងទេ តើគាត់មាននឹកដល់ស្រីពិការដែលធ្លាប់អស់សង្ឃឹមម្នាក់នេះទេ?

គ្រាន់តែស្រដីចប់ ស៊ូមានអារម្មណ៍ថា ហត្ថាមនុស្សម្នាក់កំពុងតែចាប់កាន់ស្មា

នាង ស៊ូងើយសម្លឹងម្ចាស់ហត្ថា ទើបដឹងថា គឺនរៈ។ ស៊ូត្រេកអរណាស់ នាងចាប់ដៃ​   នរៈយ៉ាងណែន ហើយក៏ប្រើភាសាសញ្ញាទៅរកយុវជន៖

‑មកដល់ពីពេលណា?

គ្រាន់តែឃើញកន្និដ្ឋា ឆ្លើយតបភាសាសញ្ញាជាមួយខ្លួន នរៈត្រេកអរណាស់ មិនទាន់បានឆ្លើយសំនួររបស់ស៊ូភ្លាមទេ តែនាយបែរជាសួរថា៖

‑នាងចេះប្រើភាសាសញ្ញាហើយអ្ហេ?

‑ខ្ញុំចេះតិចតួចប៉ុណ្ណោះ ខ្ញុំចង់ឲ្យនរៈមានការងាយស្រួលក្នុងការទំនាក់ទំនងជាមួយខ្ញុំ ទើបខ្ញុំខំរៀនវា

‑អរគុណ!

‑ខ្ញុំសួរនរៈ តើមកដល់ពីពេលណាដែរ?

‑មកដល់ភ្លាម គឺមករកនាងភ្លាម

‑ពិតមែនអ្ហេ!

‑ខ្ញុំនឹកនាងខ្លាំងណាស់

‑បើនឹក ហេតុអ្វីក៏ទៅអូស្រ្តាលី ដោយមិនលាខ្ញុំមួយម៉ាត់

‑សូមទោស!

‑ខ្ញុំនិយាយលេងទេ មួយរយៈនេះសុខសប្បាយទេ?

‑ពុំសូវសប្បាយទេ

‑ហេតុអី?

‑ព្រោះខ្ញុំនឹកនាង

ពាក្យនេះ ធ្វើឲ្យស៊ូ មានអារម្មណ៍ដូចជាសប្បាយចិត្តណាស់ នាងមិនតប តែ​  ញញឹម រួចក៏បែរសម្លឹងទៅកំពូលភ្នំ នរៈកេះនាង ហើយសួរ៖

‑នាងចង់ឡើងទៅលើកំពូលភ្នំមែនទេ?

‑ពីមុនគឺពិតជាចង់មែន តែពេលនេះ ខ្ញុំយល់ហើយ ទោះខ្ញុំមិនបានទៅឃើញភាពស្រស់ស្អាតនៅលើកំពូលភ្នំក៏ពិតមែន តែខ្ញុំក៏អាចសម្លឹងមើលវាពីចម្ងាយ​​​​បានដែរ នរៈធ្លាប់ឡើងលើភ្នំទេ?

‑ធ្លាប់! ការពិតដូចជានាងនិយាយអ៊ីចឹង មើលនៅទីណា ក៏នៅតែជាភ្នំ

‑ពេលនេះ ខ្ញុំមានអារម្មណ៍ថា មានក្តីសុខណាស់

‑ចុះពីមុន មិនមានទេអ្ហេ?

‑មានដែរ តែមិនដូចគ្នាទេ

‑មិនដូចគ្នាត្រង់ណា?

ដល់សំនួរនេះ យុវតីបែរជាលែងតប តែស្រាប់តែបន្លឺសំឡេងឡើង៖

‑ប្រហែលមកពីមានលោកនៅក្បែរទេដឹង

នរៈញញឹម ហើយក៏ធ្វើជាសួរម្តងទៀតថា៖

‑មិនដូចគ្នាត្រង់ណា?

‑គឺត្រង់ពេលនេះ ខ្ញុំក្លាយជាមនុស្សមានសមត្ថភាពម្នាក់ហើយ មិនខ្លាចសង្គម​ដូចជាពេលមុនទៀតទេ

នរៈញញឹមទៀតហើយ ហើយស្នាមញញឹមនេះឯង ដែលធ្វើឲ្យស៊ូលែងភ័យខ្លាចក្នុងការរស់នៅនោះ។ អ្នកកំលោះក៏សួរសំនួរមួយទៅកាន់យុវតី៖

‑ការពិតខ្ញុំទៅអូស្រ្តាលី គឺដើម្បីព្យាលបាលជម្ងឺ ស៊ូ! បើសិនថ្ងៃណាមួយខ្ញុំអាចជាសះស្បើយ អាចស្តាប់នាងនិយាយឮ អាចនិយាយជាមួយនាង តើសប្បាយចិត្តទេ?

‑ពិតណាស់! ខ្ញុំពិតជាសប្បាយចិត្ត

យុវតីស្រដីហើយ តែក៏ស្រាប់តែប្តូរទឹកមុខភ្លាម៖

‑មានរឿងអីមែនទេ?

‑ខ្ញុំពិតជាសប្បាយចិត្ត តែបើមានថ្ងៃនោះមែន ខ្ញុំប្រហែលជាមិនបានជួបនរៈទៀតទេមែនទេ?

‑ហេតុអីក៏នាងគិតអ៊ីចឹង?

‑ព្រោះពេលនោះ ប្រហែលជានរៈដើរចេញពីពិភពខ្ញុំ ទៅរកពិភពមួយផ្សេងទៀតហើយ ហើយខ្ញុំក៏ប្រហែលជាមិនបានឃើញស្នាមញញឹមរបស់នរៈទៀត​ដែរ តែខ្ញុំក៏នៅតែសប្បាយចិត្តដដែល

នរៈមិនតប នាយនៅស្ងៀមមួយសន្ទុះ ឃើញដូចនោះ ស៊ូក៏បន្ត៖

‑ខ្ញុំនិយាយលេងទេ នរៈខឹងមែនទេ?

‑អត់ទេ!

‑អ៊ីចឹង តើមានរឿងអី?

នរៈលើកហត្ថទៅអង្អែលថ្ពាល់យុវតីថ្នមៗ នាយហាក់ដូចជាចង់ស្រដី តែថ្លើមថ្លៃបែរជាស្ងៀមទ្រឹង ទុកឲ្យព្រលឹងសម្លឹងមើលនាយដោយងឿងឆ្ងល់។ និមលចាប់ដៃ អ្នកកំលោះចេញពីថ្ពាល់របស់នាង៖

‑យកដៃប៉ះថ្ពាល់ បានន័យថាម៉េច?

សំនួរនេះ ធ្វើឲ្យនរៈហាក់ដូចអស់សំណើចណាស់ យុវតីក៏បន្ត៖

‑ហេតុអីក៏សើច?

‑គ្មានអីទេ! ចាំទៅផ្ទះស្រាវជ្រាវខ្លួនឯងទៅ ពួកយើងល្មមត្រឡប់ទៅវិញហើយ

ទោះជាមានរឿងអ្វីក៏ដោយ ពេលនេះ ស៊ូមានអារម្មណ៍សប្បាយចិត្តវិញហើយ ព្រោះបានឃើញនរៈ។ នាងមិនបានដឹងថា នេះជាអារម្មណ៍អ្វីទេ ឲ្យតែបានឃើញ​ស្នាមញញឹមរបស់បុរសម្នាក់នេះ គឺនាងស្ងប់ចិត្តហើយ។ នាងបានគិតដល់សំនួរ​ ដែលយុវជនបានសួរនាងពីថ្ងៃមុន ក៏បន្លឺឡើងតែម្នាក់ឯងនៅមុខកញ្ចក់ក្នុងបន្ទប់របស់ខ្លួន៖

‑ត្រូវហើយ! ចុះបើសិនជាលោក អាចស្តាប់ឮ ហើយនិយាយបាន តើខ្ញុំសប្បាយចិត្តទេ? ចុះជើងទាំងពីររបស់ខ្ញុំ អាចមានថ្ងៃជាសះស្បើយដូចជាមនុស្សធម្មតាទេ? មិនអាចទេ ខ្ញុំប្រហែលជាគ្មានថ្ងៃនោះទេ តែលោកប្រហែលជាអាចមានសង្ឃឹម បើសិនជាលោកអាចមានថ្ងៃនោះមែន ខ្ញុំត្រូវតែសប្បាយចិត្ត ព្រោះលោកអាចដើរចេញពីពិភពដ៏ឯកានេះបានហើយ តើខ្ញុំកំពុងគិតអីហ្នឹង? តើខ្ញុំកំពុងតែភ័យខ្លាច គាត់ចាកចេញពីខ្ញុំមែនទេ? នាងស៊ូអើយ ឯងកើតរោគរវើរវាយទៀតហើយមែនទេ

កំពុងតែគិតស្លុងអារម្មណ៍ សំឡេងគោះទ្វារក៏បន្លឺឡើង គ្រាន់តែបើកទ្វារខ្វាក  នរៈក៏ផ្តើមសំនួរ៖

‑កំពុងធ្វើអី? ម៉េចមិនចុះទៅធ្វើការ ហួសម៉ោងហើយណា

‑ត្រូវហើយ! សូមទោស

‑ខ្ញុំជួយ

នរៈក៏ជួយរុញរទេះស៊ូទៅ។ លុះជិតដល់ម៉ោងសម្រាក ស៊ូរៀបចំទុកដាក់ហើយ ក៏ចេញទៅបន្ទប់ទឹក តែពេលចេញមកវិញនាងបានឮសំឡេងមួយ ដែលនាងមិន​ធ្លាប់ឮទាល់តែសោះ តែឈ្មោះដែលនាងបានឮមិត្តរួមក្រុមហៅទៅកាន់បុរសម្នាក់នោះ គឺច្បាស់ណាស់៖

‑យ៉ាងម៉េចហើយនរៈ តើឯងគិតapply ការងារថ្មី ឬក៏ធ្វើការនៅទីនេះបន្ត?

ក្រែងនរៈគហើយថ្លង់អ្ហេ? ហើយមិត្តរួមការងារម្នាក់នេះ ក៏ដឹងដែរ ហេតុអ្វីក៏និយាយប្រើសំណួរទៅកាន់នាយដូចនេះ? ប្រាកដទេ ថាអ្នកកំពុងឆ្លើយតបនេះ គឺនរៈ​ដែលគហើយថ្លង់៖

‑មិនទាន់ដឹងទេបង ចាំគិតមើលសិន

ប្រាកដណាស់​ គឺនរៈ។ បេះដូងស៊ូលោតញាប់ខ្លាំងណាស់ នាងចង់​             ញញឹមបន្តិច ចង់យំបន្តិច។ ញញឹម ព្រោះស៊ូបានឮសំឡេងអ្នកកំលោះនេះហើយ យំ ព្រោះស៊ូនឹងបាត់បង់មនុស្សប្រុសនេះហើយ គេប្រាកដជាដើរចេញពីពិភពរបស់នាង។ ដៃទាំងគូរបស់នាង ស្ទើរតែគ្មានកម្លាំងរុញកង់រទេះចេញពីទីនោះ។ ពេលនេះ នាងមិនទៅញ៉ាំអាហារថ្ងៃត្រង់ទេ តែបែរជាមកអង្គុយត្រម៉ង់ត្រមោចតែម្នាក់ឯង នៅមុខសួនច្បារទៅវិញ។

នរៈដើរទៅឈរពីមុខនាង ហើយក៏ផ្តើមសំនួរ៖

‑អ្នកណាធ្វើអ្វីស៊ូ ទើបមុខក្រញូវយ៉ាងនេះ?

ស៊ូបែរមុខចេញ ដោយមិនធ្វើការឆ្លើយតប នរៈក៏ងាកទៅឈរពីមុខនាងទៀត

ហើយ សួរ៖

‑តើមានរឿងអីមិនសប្បាយចិត្តមែនទេ?

‑ស៊ូគ្រវីក្បាល

‑អ៊ីចឹង ម៉េចក៏ទឹកមុខអាក្រក់មើលយ៉ាងនេះ?

‑ខ្ញុំចង់នៅស្ងប់ស្ងាត់ម្នាក់ឯង

‑អ្នកណាធ្វើឲ្យនាងខឹង គឺខ្ញុំមែនទេ? ឲ្យខ្ញុំសូមទោស……..ណា៎

ពេលឃើញយុវជនហាក់ដូចជាបារម្ភខ្លាំងយ៉ាងនេះ ស៊ូក៏ញញឹមឡើងទើបតប៖

‑ទៅថ្ងៃមុខ បើពួកយើងរក្សាទំនាក់ទំនងនេះបាន គឺប្រសើរណាស់

‑ហេតុអីថាមិនបាន ថ្ងៃនេះ នាងកើតអីហ្នឹង ហាក់ដូចជាមានការបារម្ភច្រើនណាស់ នាងប្រាប់ខ្ញុំមក តើបានទេ?

‑មិនបានទេ! នេះជាអារម្មណ៍មនុស្សស្រី មិនអាចឲ្យមនុស្សប្រុសដឹងបានទេ

‑ខ្ញុំយល់ហើយ! បានន័យថា នាងកំពុងតែមានស្នេហាមែនទេ?

‑ស្នេហា!

យុវតីឧទានឡើង បេះដូងក៏ស្រាប់តែលោតឌឹបៗ ស្ទើរតែហក់ចេញមកក្រៅទ្រូង នាងមិនតបអ្វីទាំងអស់ យុវជនបន្ត៖

‑មនុស្សប្រុសណា ដែលមានសំណាងបាននាងស្រលាញ់នោះ?

សំនួរនេះ រឹតតែធ្វើឲ្យនាង ស្ទើរតែគាំងថែមទៀត តែនាងបែរជាសើច ហើយតបទៅអ្នកកំលោះ៖

‑ប្រហែលមានតែនរៈទេ ដែលគិតថា មនុស្សប្រុសដែលត្រូវមនុស្សស្រីពិការដូចជាខ្ញុំ​ស្រលាញ់ មានសំណាង

នរៈហាក់ដូចជាយល់ពីជម្រៅចិត្តយុវតី នាយយកដៃ ទៅអង្អែលថ្ពាល់នាងទៀតហើយ តែម្តងនេះ ស៊ូបែរជាក្រសោបដៃរបស់នាយជាប់ផ្អឹបនឹងថ្ពាល់របស់ខ្លួន ហើយបន្លឺឡើង៖

‑ទោះខ្ញុំមិនយល់ពីអត្ថន័យនៃសញ្ញានេះ តែនេះប្រហែលជាលើកចុងក្រោយ​ហើយ ដែលខ្ញុំអនុញ្ញាតឲ្យលោកប្រើវាទំនាក់ទំនងជាមួយខ្ញុំ អរគុណ ដែលមួយរយៈនេះ លោកកំដរ និងលើកចិត្តខ្ញុំ

នរៈហាក់មិនយល់ពីអ្វី ដែលស៊ូនិយាយឡើយ ស៊ូក៏បន្ត៖

‑អបអរសាទរចំពោះការជាសះស្បើយរបស់លោក ពេលនេះ លោកអាចស្វែង​រកពិភពរបស់លោកឃើញហើយ អរគុណ!

យុវតីស្រដីហើយ ក៏ចាកចេញ ទុកឲ្យយុវជនឈរទ្រឹងតែម្នាក់ឯង។

ជាការពិតណាស់ នរៈបានចាកចេញពីអង្គការ ហើយទៅរស់នៅផ្ទះ ជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញ។ យុវជនមិនបានគទេ បីឆ្នាំមុននាយបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយរងរបួសយ៉ាងធ្ងន់ធ្ងរ ទីបំផុតបន្ទាប់ពីរបួសជាសះស្បើយ នាយបែរជាស្តាប់លែងឮអ្វីទាំងអស់។ ព្រោះតែស្តាប់មិនឮ និងសម្ពាធផ្លូវចិត្ត ធ្វើឲ្យយុវជនម្នាក់នេះ លែងនិយាយស្តី តែបន្ទាប់ពីបានឃើញជនពិការទាំងអស់នៅក្នុងអង្គការ ដែលពោរពេញដោយស្នាមញញឹម និងសេចក្តីសង្ឃឹម អ្នកកំលោះក៏ប្រឹងប្រែងរស់ ឲ្យដូចជាពួកគេ។

ពិតមែនហើយ នរៈបានស៊ាំនឹងពិការភាពទៅហើយ តែអ្វីដែលធ្វើឲ្យនាយចាកចេញពីកន្លែងដែលធ្លាប់រស់នៅនេះ គឺកាតព្វកិច្ចជាកូនកតញ្ញូ។ យុវជនត្រូវទៅជួយធ្វើការក្រុមហ៊ុនឪពុករបស់ខ្លួន ជិតមួយខែហើយ ដែលនាយខានជួបស៊ូ ហើយមិនបាន​ទៅលេងមិត្តពិការរបស់ខ្លួននៅក្នុងអង្គការ។ បន្ទាប់ពីត្រឡប់មកពីធ្វើការ ស៊ូបានឮមាតាជជែកគ្នាជាមួយឪពុក ពីរឿងដណ្តឹងប្រពន្ធឲ្យខ្លួន៖

‑ម៉ាក់កំពុងមានប្រសាសន៍ពីរឿងអីហ្នឹង?

‑គឺរឿងរកប្រពន្ធឲ្យកូនហ្នឹងណា ពេលនេះកូនជាហើយ ក៏គួរតែគិតពីរឿងនេះដែរ តើកូនមានស្គាល់នារីណាហើយឬនៅ?

‑………នៅទេ!​ តែកូនមិនទាន់ចង់គិតទេ កូនទៅបន្ទប់ហើយ

ចូលដល់ក្នុងបន្ទប់ នរៈបោះកាបូបទៅលើគ្រែរបស់ខ្លួន រួចអង្គុយយកដៃឈ្លីក្បាល ក៏ដកដង្ហើមធំ។ ត្រូវហើយ! តើនាយបានស្គាល់នារីណាហើយឬនៅ? មនុស្ស ដែលនាយនឹកឃើញដំបូងគេ គឺស៊ូ! សាច់ថ្ពាល់ដ៏ម៉ត់ខៃដែលនាយធ្លាប់អង្អែល ហើយ​មិនចង់ដកដៃចេញនោះ ក៏ជាថ្ពាល់របស់ស៊ូ ស្នាមញញឹមដែលនាយចង់ឃើញជារៀងរាល់ថ្ងៃហើយមិនអាចបំភ្លេចបាននោះ ក៏ជាស៊ូដែរ។ តើនេះ ជាស្នេហាមែនទេ? ជិតមួយខែហើយ ដែលនាយមិនបានឃើញស្នាមញញឹមមួយនេះ។

នរៈញញឹមហើយស្ទុះងើបឡើង ក៏រត់ចេញពីបន្ទប់។

ពេលនេះស៊ូអង្គុយ សម្លឹងភ្នំទៀតហើយ នាងមិនបាននិយាយ តែកាយវិការនេះ បញ្ជាក់ថា នាងកំពុងនឹកនរៈ៖

‑សុខសប្បាយទេ! ដឹងទេ ថាខ្ញុំនឹកលោក ពេលនេះ លោកប្រហែលជាភ្លេចគិត​ថា មានមិត្តពិការម្នាក់ហើយមើលទៅ តើលោកមានបានញញឹមទេ? នឹកដល់​កន្លែងនេះទេ?

ស៊ូដកដង្ហើមធំ នាងប្រមូលអារម្មណ៍ ហើយបិទភ្នែកជិត រួចប្រើភាសាសញ្ញាបញ្ជាក់ពីស្នេហារបស់ខ្លួនទៅរកភ្នំ។ នាងមិនយំទេ ទោះមិនដឹងពីអារម្មណ៍គេយ៉ាងណា ព្រោះនាងដឹងច្បាស់ថា ស្នេហានេះ នឹងកប់ជ្រៅក្នុងបេះដូងរបស់នាងជារៀង     រហូត។ ស៊ូបើកភ្នែកសន្សឹមៗ តែអ្វីដែលនាងប្រទះឃើញមុនគេ គឺស្នាមញញឹម និងភាសាស្នេហារបស់នរៈ ដែលធ្វើកាយវិការតបមករកនាងវិញ។ រំភើបណាស់!  នាងបានប្រទះ​ឃើញស្នាមញញឹមនេះម្តងទៀតហើយ ត្រាណត្រើយមិនតបស្តី ទើបតែនឹកឃើញដៃទាំងពីររបស់ខ្លួនដែលនៅលើទ្រូង ក៏ដកចេញយ៉ាងរហ័ស ហើយដូចជា​ខ្មាសអៀនយុវជនខ្លាំងណាស់។ នរៈបន្លឺ៖

‑កំពុងសារភាពស្នេហ៍ទៅរកភ្នំអ្ហេ? តើវាយល់ទេ ថាស៊ូស្រលាញ់វា?

‑ហេតុអីក៏មកដល់ទីនេះ?

‑យ៉ាងម៉េច មកលេងទីនេះផងមិនបានទេអ្ហេ ឬមួយស៊ូភ្លេចគិតថា មានមិត្តម្នាក់ជាមនុស្សគហើយ?……….ហេតុអីមិនតបនឹងខ្ញុំអ៊ីចឹង? ខ្ញុំសួរមែនណា តើមនុស្សប្រុសណា ដែលស៊ូកំពុងសារភាពស្នេហ៍អម្បាញ់មិញនោះ?

‑គ្មានទេ!

‑គ្មានទេ! ស៊ូស្រលាញ់ភ្នំមែនអ្ហេ? តែភ្នំគ្មានបេះដូងទេណា៎

ស៊ូមិនតប តែនាងញញឹមជាប់ ស្រាប់តែភ្ញាក់ព្រើត ព្រោះតែដៃយុវជនទៅប៉ះ​ថ្ពាល់នាង៖

‑លោកធ្វើអីហ្នឹង?

‑ខ្ញុំខានប៉ះថ្ពាល់នាងយូរហើយ

‑ផ្តេសផ្តាស!

យុវតីបេះដៃអ្នកកំលោះចេញ៖

‑យ៉ាងម៉េចហ្នឹង នេះជាភាសាសញ្ញាណា!

‑ភាសាសញ្ញាសម្រាប់ទំនាក់ទំនងជាមួយមនុស្សគ តែពេលនេះ លោកមិនមែនជាមនុស្សគទៀតទេ

‑បើដឹងអ៊ីចឹង ខ្ញុំសុខចិត្តធ្វើជាមនុស្សគវិញ

‑ផ្តេសផ្តាស! តើលោកមិនកើតអីទេអ្ហេ?

យុវជនបន្ទាបខ្លួន ដាក់ចង្ការនៅលើដៃរទេះរបស់ស៊ូ ហើយបន្លឺ៖

‑ខ្ញុំឈឺហើយ!

‑ឈឺហើយ

ស៊ូយកដៃស្ទាបថ្ងាសយុវជន តែអ្នកកំលោះចាប់ដៃជាប់ ហើយយកដៃនាង មកដាក់លើទ្រូងឆ្វេងរបស់ខ្លួន ទើបស្រដី៖

‑ជម្ងឺស្នេហា ធ្វើឲ្យខ្ញុំឈឺបេះដូងហើយ ស៊ូជួយខ្ញុំបានទេ?

‑………ជួយ……..មិនបានទេ! (យុវតីរលាស់ដៃចេញ)

‑ប៉ះថ្ពាល់ក៏មិនបាន ចាប់ដៃក៏មិនបាន ស៊ូពិតជាស្អប់ខ្ញុំមែនអ្ហេ?

‑អត់ទេ……….

‑អ៊ីចឹងបានន័យថា ស៊ូស្រលាញ់ខ្ញុំ

‑គ្មានទេ!

‑តែខ្ញុំស្រលាញ់ស៊ូ

មិនគួរឲ្យជឿទេ ដែលយុវតីពិការម្នាក់នេះ បានឮពាក្យស្នេហា ចេញពីបបូរមាត់​កំលោះសង្ហារម្នាក់នេះ។ តើទៅរួចទេ បើពិភពទាំងទ្វេនេះខុសគ្នា? នួននាងស្ងាត់ឈឹង មិនដឹងរកពាក្យអ្វីតបឆ្លើយ យុវជនក៏ឆ្លើយបង្ហើយពីចិត្តរបស់ខ្លួន៖

‑ពិភពអូនជារបស់បង ចំណែកពិភពបងក៏ត្រូវតែជារបស់អូន ពិភពទាំងពីរនេះ គឺអាច​រស់នៅជាមួយគ្នាបាន គ្មាននរណាអាចរុញច្រាន ឬក៏កាត់ផ្តាច់ពិភពពីរនេះបានឡើយ

ទឹកភ្នែកស្រក់ចុះហើយ ស៊ូមិនបានត្រៀមខ្លួនឡើយ ក្នុងការទទួលយកស្នេហាមួយនេះ  ហើយក៏មិនដែលនឹកសង្ឃឹមថាបានទទួលវាដែរ។ មាសស្នេហ៍មិនបដិសេធ​ចំពោះស្នេហានេះឡើយ នាងមិនស្តី តែភាសាសញ្ញារបស់យុវតី បង្ហាញពីហឫទ័យ​យ៉ាងច្បាស់។ នរៈវាចាត ដោយសេចក្តីត្រេកអរជាពន់ប្រមាណ៖

‑បងនាំអូនឡើងលើកំពូលភ្នំ

‑ឆាប់លឿនឡើងទៅអ្នកកំលោះ ព្រោះនាងចង់ឡើងយូរហើយ ស៊ូអើយ! ពេលនេះក្តីប្រាថ្នារបស់ឯងក្លាយជាការពិតហើយ ជូនពរឲ្យមានសេចក្តីសុខណា

យុវវ័យទាំងពីងាកយ៉ាងរហ័សទៅរកម្ចាស់សំឡេង ការពិតគឺពូសុកសោះ។

ស៊ូបានទៅដល់កំពូលភ្នំហើយ នាងអាចមើលទេសភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំមក។

ពេលវេលាកន្លងហួសទៅឆាប់រហ័សយ៉ាងណា ក៏មិនអាចផ្លាស់ប្តូរស្នេហានេះបានឡើយ។ វាបានចាក់ឫសហើយ គ្មានថ្ងៃឡើយ ដែលដើមស្នេហ៍នេះត្រូវរលំ នរៈរុញរទេះប្រពន្ធដើរចូលមក តែហាក់ដូចជាភ្លេចអ្វីមួយ ក៏ត្រឡប់ទៅឡានវិញ ទុកឲ្យស៊ូនៅរង់ចាំម្នាក់ឯង។ ស៊ូបានឃើញ យុវតីពិការម្នាក់ដូចជានាងដែរ កំពុងរេរានៅពីមុខភោជនីយដ្ឋានរបស់នាង ទើបបន្លឺឡើង៖

‑ប្អូនមកសម្ភាសន៍ការងារមែនទេ?

‑ចាស!

‑ប្អូនឈ្មោះអីដែរ?

‑ខ្ញុំឈ្មោះ អំណត់

‑កុំភ័យអី ប្អូននឹងឡើងដល់កន្លែងសម្ភាសន៍ដោយសុវត្ថិភាព តាមបងមក

អស្ចារ្យណាស់ អំណត់បានឃើញអ្នកបម្រើ និងអ្នកធ្វើការទាំងអស់នៅក្នុងភោជនីយដ្ឋាន គឺសុទ្ធតែជាជនពិការ។ នេះជាភោជនីយដ្ឋាន ដែលស៊ូ និងនរៈ​      សហការគ្នាបង្កើតវាឡើង។ ភោជនីយដ្ឋាននេះ ស្វាគមន៍គ្រប់អតិថិជនទាំងអស់ តែអ្នកបម្រើការងារស្រីប្រុស ភាគច្រើនគឺជនពិការ។ នេះមកពីស៊ូចង់ផ្សាភ្ជាប់ពិភពទាំងពីរនេះហើយ។ ស៊ូក្រលេកមើលអំណត់ ដែលមានស្នាមញញឹមតិចៗ  លាយនឹងតំណក់ទឹកភ្នែក រួចហើយ ក៏នាំអំណត់ទៅកន្លែងសម្ភាសន៍។

នៅពីមុខផ្ទៃជម្រាល ដើម្បីធ្វើដំណើរទៅបន្ទប់សម្ភាសន៍ ស៊ូបន្លឺឡើងទៅកាន់អំណត់ដែលហាក់ដូចជាគ្មានជំនឿចិត្តថា៖

‑ឆ្លងទីជម្រាលនេះទៅ គឺបន្ទប់សម្ភាសន៍ហើយ តើប្អូនអាចធ្វើបានទេ?

អំណត់មិនទាន់តបភ្លាមទេ ស្រាប់តែស៊ូបង្វិលកង់រទេះយ៉ាងរហ័ស ឆ្លងកាត់ទីជម្រាលដល់ជាន់ខាងលើ។ អំណត់បានឃើញស្នាមញញឹមរបស់ស៊ូប្រកបដោយជំនឿចិត្ត​មករកនាង។ យុវតីញញឹមឡើង ហាក់យល់ពីកម្លាំងចិត្ត ដែលស៊ូចង់ផ្តល់ឲ្យ​នាង ស្រាប់តែឃើញស៊ូប្រើភាសាសញ្ញាឡើង៖

‑ហេតុអីក៏អូនឆ្លងកាត់ទីនេះ ដោយគ្មានបងអ៊ីចឹង?

‑សូមទោស

‑នៅទីនោះហើយ ចាំបងទៅយកអូន

នរៈឡើងទៅរុញរទេះស៊ូចុះមកក្រោមវិញ។ អំណត់បន្លឺ៖

‑បងស្រីពូកែណាស់

‑អំណត់ក៏ដូចគ្នា ថ្ងៃណាមួយ ប្អូននឹងអាចឡើងទីនេះដោយខ្លួនឯង តស៊ូឡើង!

‑អរគុណបងស្រី ចុះគាត់!

‑គាត់ជាមនុស្សគ ហើយក៏ជាប្តីបងដែរ

‑បងនាំឯងទៅបន្ទប់សម្ភាសន៍ (នរៈបន្លឺឡើង)

‑ក្រែងថាបង…….

‑សម្រាប់បង គាត់ជាមនុស្សគ បានហើយ! បងឆាប់នាំនាងទៅ

ពីរខែកន្លងផុតទៅ អំណត់ពិតជាអាចប្រើដៃបញ្ជារទេះរបស់ខ្លួន ឆ្លងកាត់ទីជម្រាលនេះបានមែន។ ស្មារតីនិងកម្លាំងចិត្តរបស់នាង មិនទន់ខ្សោយ មិនចុះចាញ់​ដូចពីមុនទៀតឡើយ ហើយអ្វីដែលធ្វើឲ្យនាងកោតសរសើរនោះ គឺនាងឃើញ​ភាព​    អស្ចារ្យរបស់ស៊ូ។ ពេលនេះ នាងកំពុងស្ថិតក្បែរសួនច្បារ ហើយសម្លឹងមើលទៅនរៈ ​ដែលកំពុងរុញរទេះស៊ូដើរចេញទៅ នាងញញឹម ហើយគិតតែម្នាក់ឯង៖

‑ស្នេហាគឺអាចផ្សាភ្ជាប់ពិភពពីរ ឲ្យរលាយចូលគ្នាតែមួយបាន ខ្ញុំតែងគិតថា ខ្ញុំរស់នៅពិភពមួយផ្សេង ដែលគ្មានអ្នកយល់ចិត្ត ប៉ុន្តែការពិតមិនមែនទេ ការដែលសំខាន់ គឺជំនឿចិត្ត និងការតស៊ូ ​បងស៊ូគឺជាស្រ្តីគំរូម្នាក់ ដែលមានឆន្ទៈ និងទឹកចិត្តខ្លាំងក្លា តើរស់ក្នុងភាពជាជនពិការវាយ៉ាងម៉េច? មិនអាចញញឹមបានទេអ្ហេ? ប៉ុន្តែបងស៊ូញញឹមគ្រប់ពេលទាំងអស់ ចុះខ្ញុំខ្លាចអ្វីនិង​ញញឹម​នោះ? ពិភពលោកនេះនៅតែមានពន្លឺ ឆាកជីវិតរបស់ខ្ញុំក៏ត្រូវតែភ្លឺដូចគ្នា តស៊ូ​ឡើង ជនពិការទាំងអស់!

ចប់បរិបូណ៌

ការប្រគល់ប្រាក់រង្វាន់របស់រឿងពិភពខ្ញុំ ជួយទៅអង្គការកុមារពិការ រ៉ាយ

ការប្រគល់ប្រាក់រង្វាន់របស់រឿងពិភពខ្ញុំ ជួយទៅអង្គការកុមារពិការ រ៉ាយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: