ភាសាស្នេហ៍
៣៤.ដកស្រង់ចេញពីរឿង “ទឹកភ្នែកមួយតំណក់”
ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តយំ ហេតុអ្វីក៏ខ្ញុំទើបតែយំ
លោកដឹងទេ? រយៈពេលពីរឆ្នាំនេះ ខ្ញុំរវល់ណាស់
ខ្ញុំគ្មានពេលគិតពីជីវិតស្នេហារបស់ខ្ញុំទេ តែពេលមួយ
ខ្ញុំក៏ស្រាប់តែនឹកឃើញវា នឹកឃើញពេលវេលា
ដែលលោកឱ្យខ្ញុំជ្រើសរើសរវាងស្នេហា និងការងាររបស់ខ្ញុំ
អារម្មណ៍ពេលនោះ គឺពិបាកខ្លាំងណាស់ ខ្ញុំមិនបានបំភ្លេចលោកទេ
តែខ្ញុំគិតថា បើថ្ងៃណាមួយ លោកត្រឡប់មកវិញ
ហើយឱ្យសំនួរដដែលនោះ មកខ្ញុំទៀត តើខ្ញុំគិតយ៉ាងណា?
ខ្ញុំភ័យ ខ្ញុំខ្លាច ទីបំផុត ទឹកភ្នែកមួយតំណក់នោះ
គឺស្រក់ផ្តាច់មនោសញ្ចេតនារបស់ពួកយើងហើយ។
______________________________________________________
៣៣.បេះដូងពិត
នៅលើលោកនេះ គ្មានអ្វីជាអមតៈនោះទេ
ប៉ុន្តែអ្វី ដែលខ្ញុំធ្វើគ្រប់យ៉ាង គឺនៅតែចង់
រក្សាភាពអមតៈដដែល។ អ្នកទាំងអស់គ្នា
ក៏ធ្វើដូចខ្ញុំដែរមែនទេ?
២៣ ០៣ ២០១៣
______________________________________________________
៣២.បេះដូងពិត
សុរាគឺជាភាពថ្លៃថ្លានៃជីវិតបង
ថ្ងៃនោះ អូនមិនរង់ចាំបង បោះបង់អូនឡើយ
ថ្ងៃនោះហើយ អូននឹងមិនបកក្រោយសម្លឹង
បងទៀតទេ លាហើយ! ក្តីស្នេហ៍ ដែលធ្លាប់
កក់ក្តៅ។
២៣ ០៣ ២០១៣
______________________________________________________
៣១.បេះដូងពិត
នៅពេលព្រះអាទិត្យចាប់ផ្តើមរះ បងនិយាយថា៖
“បងស្រឡាញ់អូន” នៅពេលព្រះអាទិត្យចាប់ផ្តើម
សូន្យ ក៏បងនៅតែនិយាយថា៖”បងស្រឡាញ់អូន”
ចុះបើគ្មានអូន? បងនឹងនិយាយទៅកាន់ពិភពលោក
នេះ៖ “សួស្តី! ពិភពលោកដ៏ស្រស់ស្អាតរបស់ខ្ញុំ!
ខ្ញុំនឹងតស៊ូរស់នៅជាមួយអ្នក ហើយស្រឡាញ់អ្នក
ជារៀងរហូត”។
______________________________________________________
៣០.បេះដូងពិត
គ្មាននរណាម្នាក់ ហ៊ានអះអាងថា ខ្លួនរឹងមាំចំពោះ
ស្នេហាឡើយ រួមទាំងខ្ញុំដែរ។ ឆ្ងល់ដែរ គ្រាន់តែ
ស្រឡាញ់ហេតុអ្វីក៏ពិបាកម្ល៉េះ? ដូចភ្លើងឆេះក្នុង
ទ្រូងអ៊ីចឹង ក្តៅណាស់ តើពេលណាទើបរលត់?
តើអ្នកណាអ្នករំលត់? ឈឺចាប់ វង្វេង ចំបែងក្នុង
ចិត្ត ថ្នាំបន្សាបសម្រាប់ឆាកជីវិតស្នេហា មាន
តែមួយគត់ គឺពេលវេលា។ អត់ធ្មត់បន្តិច ទ្រាំ
តែបន្តិច ពេលវេលា នឹងកន្លងហួសហើយ។
០៣ ០២ ២០១៣
______________________________________________________
២៩.បេះដូងពិត
នៅពេលដែលបងចាប់ផ្តើមកាន់ដៃអូន អូនក៏ចាប់
ផ្តើមគិតថា ថ្ងៃណាមួយ បងនឹងលែងដៃអូន ប៉ុន្តែ
ទោះបីជាអូនគិតបែបណាក៏ដោយ ឱ្យតែក្នុងពេល
នេះ បងកាន់ដៃអូន អូនគ្រប់គ្រាន់ក្នុងការទទួលយក
កម្តៅបេះដូងនេះហើយ ទោះថ្ងៃក្រោយទៅជាយ៉ាង
ណា ក៏អារម្មណ៍ស្នេហានេះ នឹងឋិតថេរជាអមតៈ។
០៣ ០២ ២០១៣
______________________________________________________
២៨.បេះដូងពិត
ទោះជាខ្ញុំដឹងហើយថា ការស្រឡាញ់មនុស្សម្នាក់
គ្មានហេតុផលក្នុងការពន្យល់រ៉ាយរ៉ាប់ឱ្យអស់សេចក្តី
ក៏ដួងចៃរបស់ខ្ញុំ នៅតែចង់ដឹង ហើយចង់សួរថា
ហេតុអ្វីក៏ស្រឡាញ់ខ្ញុំ? តើអារម្មណ៍ស្រឡាញ់មនុស្ស
ម្នាក់វាបែបណា? វាធ្វើឱ្យអ្នកមានសេចក្តីសុខណាស់
មែនទេ? បើអ្នកឆ្លើយនឹងអារម្មណ៍ខ្លួនឯងបាន អ៊ីចឹង
ខ្ញុំក៏ជឿថា អ្នកក៏អាចឆ្លើយនឹងសំណួរខ្ញុំបានដែរ។
ហេតុអ្វីក៏ស្រឡាញ់ខ្ញុំ?
០៣ ០២ ២០១៣
______________________________________________________
២៧.បេះដូងពិត
ស្នេហាគឺជាការលះបង់ ចុះបើថ្ងៃណាមួយគេបោះបង់ខ្ញុំ
តើខ្ញុំសុខចិត្តលះបង់គេទាំងចិត្តនៅស្រឡាញ់ទេ? តើ
ខ្ញុំពិតជាចិត្តទូលាយដល់ម្ល៉ឹងឬ? ត្រូវហើយ! ជម្រើសទី
មួយ គឺលះបង់ បើមិនលះបង់ យើងនឹងក្រសោបបាន
មនុស្សពីរនាក់ដែលឈឺចាប់ ការស្លាប់នេះ ពិបាកជាង
រស់នៅ ស៊ូឱ្យគេទៅ យើងនៅទ្រាំរស់ម្នាក់ឯងតែបន្តិច
មិនយូរប៉ុន្មាន យើងនឹងបានក្លាយជាមនុស្សម្នាក់ដ៏
រឹងមាំដូចគេឯងដែរ។
ក្រសោបមនុស្សរស់ក្នុងបេះដូងស្មោះ ដែលស្លាប់បាត់
ស៊ូក្តាប់ច្របាច់ កាត់ថ្លើមប្រម៉ាត់ចេញពីរាងកាយ។
______________________________________________________
ទី២៦. បេះដូងពិត
ស្នេហាគឺជាការលះបង់បេះដូង និងពេលវេលា
ដើម្បីបំពេញចិត្តរបស់គេ។ ស្នេហាគឺជាឱសថមុខពីរ
ដែលអាចធ្វើឱ្យជីវីដើរទៅកាន់ត្រើយមួយនៃសេក្តីសុខពិត
តែឆាកជីវិតនឹងងងឹតសូន្យសុងធ្លាក់ក្នុងឋាននរក បើអ្នក
ឈ្លក់ ដោយគ្មានការពិចារណា។ ហ្នឹងហើយ
ទើបមានមនុស្សសម្លាប់ខ្លួននោះ។ គិតយ៉ាងណា
ទៅអ៊ីចឹង?
______________________________________________________
ទី២៥. បេះដូងពិត
នៅទីបំផុត ខ្ញុំក៏យកឆាកជីវិតរបស់ខ្ញុំ មកភ្នាល់គ្នានឹងសេចក្តីស្នេហា
ទោះជាដឹងខ្លួនឯងថា គ្មានជំនឿចិត្ត។ ទោះគ្មាននរណាឱ្យអត្ថន័យ
ស្នេហាមកខ្ញុំឱ្យប្រាកដ តែខ្ញុំនឹងសន្មតវាដោយខ្លួនឯង ដោយការ
យកឆាកជីវិតមកប្រឡូក ទោះបីជាទល្ធផល ដែលខ្ញុំទទួលបាន
យ៉ាងណាក៏ដោយ។ មិនស្តាយក្រោយ តែវេលាដែលហួសហើយ
គឺជាមេរៀនជីវិត ដែលក្នុងឆាកជីវិតត្រូវតែជួបប្រទះ។
______________________________________________________
ទី២៤. បេះដូងពិត
-ទឹកភ្នែកមានរសជាតិប្រៃ ស្នេហាអស់ន័យ
ប្រៃហើយ ល្វីងទៀត។
-ថ្មភ្នំយំព្រោះគេកាប់ បេះដូងឈឺចាប់ ស្លាប់
ព្រោះស្នេហា។
-មនុស្សសម្តីផ្អែម ប្រយ័ត្នឱ្យមែនទែននូវរសជាតិល្វីង។
______________________________________________________
ទី២៣. បេះដូងពិត
ទូកក្រដាសមួយ ដែលអណ្តែតលើផ្ទៃទឹក រឿងអី
ដែលថាមិនលិចលង់ ប្រៀបបីដូចមនុស្សដែល
ល្ងង់ព្រមលង់នឹងស្នេហា រឿងអី ដែលថាមិន
អាម៉ាស់មុខ។ សេចក្តីទុក្ខមិនមែនចេះតែកើត
ឡើងនោះទេ យើងឬគេត្រូវតែគិតដូចគ្នា។
______________________________________________________
ទី២២. បេះដូងពិត
ដំណាក់កាលចុងក្រោយនៃស្នេហា មនុស្សគ្រប់រូបគួរតែគិតថា
គឺជាការលះបង់ ពោលគឺព្រមខាតចិត្តដែលលិចលង់ទៅ យល់
ព្រមរស់នៅម្នាក់ឯងសារជាថ្មីដោយមិនបង្កភាពអប្រិយ៍ដល់
នរណាម្នាក់ឡើយ។ ទោះបីយើងយល់ថា គ្មាននរណាឈឺចាប់
ជាងយើង ក៏យើងត្រូវតែទ្រាំជនះនូវការឈឺចាប់នេះឱ្យបាន។
ការរស់នៅប្រកបដោយស្មារតី គឺជាជីវិតថ្មីនៃក្តីសង្ឃឹមទៅ
អនាគត។
______________________________________________________
ទី២១. បេះដូងពិត
ពេលមួយ ដែលគ្មានអ្នក ខ្ញុំនៅតែជាស្រីម្នាក់
ដែលអាចរស់នៅដោយជំនឿចិត្ត និងភាពក្លាហាន។
ខ្ញុំយំ តែខ្ញុំមិនអស់សង្ឃឹម ព្រោះខ្ញុំគិតថា ខ្ញុំបានឈឺចាប់
ដោយសារស្នេហាហើយ យ៉ាងហោចណាស់ ក៏ខ្ញុំទទួល
ស្គាល់បេះដូងខ្លួនឯង យ៉ាងហោចណាស់ ក៏ខ្ញុំជាមនុស្សម្នាក់
ដូចគេឯង ដែលកើតទុក្ខព្រោះតែស្នេហា។ ខ្ញុំចេះស្រឡាញ់
គ្រាន់បើជាមិនដឹងអ្វីសោះ! ទាំងអស់នេះ គឺជាមេរៀនជីវិតរបស់
ខ្ញុំទៅថ្ងៃក្រោយ។
______________________________________________________
ទី២០. បេះដូងពិត
នៅពេលដែលខ្ញុំមានស្នេហា ខ្ញុំក៏បានគិតពីលទ្ធផលស្នេហារបស់ខ្ញុំ
ខ្ញុំបានគិតថា គង្គានេត្រារបស់ខ្ញុំនឹងស្រក់ចុះ នៅថ្ងៃណាមួយ
ដែលគេចាកចេញពីខ្ញុំ តែខ្ញុំមិនធ្លាប់គិតសោះ ថាទឹកភ្នែកខ្ញុំស្រក់
នៅពេលដែលខ្ញុំសម្រេចចិត្តដើរចេញពីគេទៅវិញ។ តែបន្ទាប់ពីយំហើយ
ខ្ញុំក៏មានអារម្មណ៍ថាធូរស្រាលដែរ ការពិត ទឹកភ្នែក ពិតជាអាចជួយរំលែក
ក្តីទុក្ខបាន បើដឹងអ៊ីចឹង ខ្ញុំមិនទ្រាំលាក់ទុកវាយូរយ៉ាងនេះទេ ហ៊ឺ! ក្រោយពេលយំ
មានអារម្មណ៍ថាគ្រប់យ៉ាង គឺចាប់ផ្តើមសារថ្មី!
______________________________________________________
ទី១៩. បេះដូងពិត
ខ្ញុំដើរចេញពីអ្នក មិនមែនព្រោះតែអ្នកមិនក្លាហានក្នុងការ
ស្រលាញ់ខ្ញុំនោះទេ
ប៉ុន្តែគឺមកពីខ្ញុំ មិនអាចស៊ូទ្រាំក្នុងការបន្តការឈឺចាប់តទៅទៀត។
អរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកផ្តល់ឱ្យខ្ញុំ ទោះយ៉ាងណា
អ្នកបានផ្តល់មេរៀនឱ្យខ្ញុំមួយ នោះការស្រលាញ់!។
សូមអ្នកចាំទុកណា ព្រោះតែក្តីស្រលាញ់នេះហើយ
ទើបខ្ញុំសម្រេចដើរចេញពីអ្នក សូមអ្នក កុំឱ្យមនុស្សស្រីដទៃទៀត
ដែលស្រលាញអ្នកដូចជាខ្ញុំ ដើរចេញពីជីវិតអ្នកម្តងទៀតឱ្យសោះ។
យល់ទេម្ចាស់បេះដូងខ្ញុំ?
______________________________________________________
ទី១៨. ដកស្រង់ចេញពីរឿង “ថៅកែទឹកអំពៅ”
ស្នេហាគឺបែបហ្នឹងតើវាយ៉ាងម៉េច? អស់ច្រើនយំតែបន្តិច គឺធូរស្រាលហើយ
ពិតមែនទេ? អ្នកដែលមានស្មារតីរឹងមាំ ប្រាកដជាឆ្លើយថា មែន! តែអ្នកដែលវង្វេង
មែនទែន ស្មារតីទន់ខ្សោយ មិនអាចគ្រប់គ្រងខ្លួនបានប្រាកដជាឆ្លើយថា ទេ!។
រឿងរ៉ាវវាតែប៉ុណ្ណឹង តែចាំបាច់ខំប្រឹងយំធ្វើអី បើយើងនាំគ្នាពិចារណាតែបន្តិច
គំនិតវង្វេងរបស់យើង ប្រាកដជាគ្មាន។ មួយរយភាគរយគឺគ្មាន ព្រោះអ្នកយល់ថា
ស្នេហាជាអ្វីឲ្យប្រាកដ? គ្មានរូប គ្មានរាង គ្មានក្លិន គ្មានពណ៌ មិនប្រាកដថាចាប់បាន
ឬក៏មិនបាន អ៊ីចឹងត្រៀមចិត្តមុនទៅជាការស្រេច។
______________________________________________________
ទី១៧. ដកស្រង់ចេញពីរឿង “មនុស្សដែលខ្ញុំស្រលាញ់”
តើនារី ដែលព្រមបោះបង់ក្តីស្រលាញ់របស់ខ្លួនពិតជាអស្ចារ្យណាស់អ្ហេ?
ការលះបង់នេះ មានប្រយោជនន៍ទេសម្រាប់នាង និងមនុស្សដែលនាងអាណិត
ការពិត ការឈឺចាប់ គឺនៅតាមពីក្រោយពួកគេជាប់ ទោះមិនទាន់មើលឃើញនៅពេលនេះ
គង់តែថ្ងៃណាមួយ ទុក្ខសោកនេះនឹងលេចឡើងជាមិនខាន។
ចុះអ្នកវិញ ព្រមទទួលយកស្នេហា ដែលជាការអាណិតនេះឬ?
ចុះចំណែកខ្ញុំ……………………………?
______________________________________________________
ទី១៦. ដកស្រង់ចេញពីរឿង “ពិភពខ្ញុំ”
ស្នេហាគឺអាចផ្សាភ្ជាប់ពិភពពីរ ឲ្យរលាយចូលគ្នាតែមួយបាន
ខ្ញុំតែងគិតថា ខ្ញុំរស់នៅពិភពមួយផ្សេង ដែលគ្មានអ្នកយល់ចិត្ត
ប៉ុន្តែការពិតមិនមែនទេ ការដែលសំខាន់ គឺជំនឿចិត្ត និងការតស៊ូ
បងស៊ូគឺជាស្រ្តីគំរូម្នាក់ ដែលមានឆន្ទៈ និងទឹកចិត្តខ្លាំងក្លា តើរស់
ក្នុងភាពជាជនពិការវាយ៉ាងម៉េច? មិនអាចញញឹមបានទេអ្ហេ?
ប៉ុន្តែបងស៊ូញញឹមគ្រប់ពេលទាំងអស់ ចុះខ្ញុំខ្លាចអ្វីនិងញញឹមនោះ?
ពិភពលោកនេះនៅតែមានពន្លឺ ឆាកជីវិតរបស់ខ្ញុំក៏ត្រូវតែភ្លឺដូចគ្នា
តស៊ូឡើង ជនពិការទាំងអស់!
______________________________________________________
ទី១៥. ដកស្រង់ចេញពីរឿង “មនុស្សដែលខ្ញុំស្រលាញ់”
ស្រលាញ់មនុស្សម្នាក់ គឺមិនគិតពីអតីតកាលឡើយ
ខ្ញុំក៏មិនចង់ដឹងពីអតីតកាលរបស់នាងដែរ ខ្ញុំស្រលាញ់នាង
ក្នុងពេលបច្ចុប្បន្ននិងអនាគត ខ្ញុំដឹងថានាងអផ្សុក ឯកា
អ្វីដែលខ្ញុំត្រូវការ គឺខ្ញុំចង់កំដរនាង ហើយដើរចេញពីភាពឯកា
ទាំងអស់នោះ។
______________________________________________________
ទី១៤. បេះដូងពិត
អារម្មណ៍កក់ក្តៅ ទឹកចិត្តកក់ក្តៅ កើតឡើងនៅពេលណា អ្នកដឹងទេ?
មិនថាជាការទទួលយក ឬបោះបង់ចោល ឲ្យតែអ្នកយល់ថា ពួកយើង
សប្បាយចិត្ត អ្នកធ្វើវាទៅ ពេលនោះ ភាពកក់ក្តៅកើតឡើងហើយ។
តែសូមអ្នកកុំភ្លេច “ពួកយើង” មិនមែនតែភាគីម្ខាងទេ គឺពួកយើង។
០៣ ០៧ ២០១២
______________________________________________________
a. មេឃត្រជាក់យ៉ាងណា ក៏ស្នេហារបស់ខ្ញុំនៅតែមានកំដៅ
b. ស្នាមញញឹមអាចបន្លប់ការឈឺចាប់បានមួយគ្រា ទោះបីវាមានរយៈពេលខ្លីក៏ដោយ។
c. ស៊ូដេកកុំស្លាប់ ទ្រាំឈឺចាប់ត្រូវរស់នៅ
d. កុំអង្វរទឹកភ្នែក កុំរែកទុក្ខវិបត្តិ
e. ទុក្ខព្រោះស្នេហា ត្រូវឲ្យវេលាជាអ្នកដោះស្រាយ
f. កុំឱបវាសនានៅក្នុងដៃ កុំបំភ័យខ្លួនឯង ត្រូវគិតឲ្យវែងតស៊ូរស់ នោះទើបហៅឈ្មោះថាជាមនុស្ស។
17 06 2005
______________________________________________________
ទី១២. ដកស្រង់ចេញពីរឿង “យុវវ័យរបស់ខ្ញុំ”
រឿងរ៉ាវជីវិតពិតជាមិនអាចស្មានត្រូវ វាសនាតម្រូវឲ្យមនុស្សជួបគ្នា
ពេលវេលាជាអ្នកបង្កើតនូវមនោសញ្ចេតនា ប៉ុន្តែស្នេហាកើតឡើង
តាំងពីពេលណានោះ គឺគ្មាននរណាដឹងឡើយ ចម្លើយតែមួយគឺឲ្យតែ
ទុក្ខព្រួយឃ្លាតឆ្ងាយពីរូបកាយ ភាពនឿយណាយក្នុងជីវិតនឹងត្រូវបាន
កាត់បន្ថយ។
______________________________________________________
ទី១១. ដកស្រង់ចេញពីរឿង “ស្នាមថើបក្នុងក្រអៅបេះដូង”
ខ្ញុំសូមប្រាប់ដល់អ្នកដែលស្លាប់នៅក្រោមស្ពាន
ជ្រោយចង្វារនេះថា ព្រោះតែស្នេហា អ្នកបរាជ័យហើយ
អ្នកមិនចេះស្រលាញ់ទេ អ្នកធ្វើឲ្យពិភពលោកនេះ
អស់សង្ឃឹមពេកហើយ ខ្ញុំមិនមែនជាមនុស្សបរាជ័យ
ដូចជាអ្នកទេ អ្នកស្តាប់ឮទេ?
______________________________________________________
ទី១០. ដកស្រង់ចេញពីរឿង “ស្នាមថើបក្នុងក្រអៅបេះដូង”
ស្នេហាគឺមនុស្សពីរនាក់ជាអ្នកបង្កើតឡើង គ្មាននរណាម្នាក់មានសិទ្ធិ បង្ខំឲ្យគូភាគីដើរចេញពីវិថីស្នេហ៍នេះបានឡើយ ប៉ុន្តែបើភាគីណាមួយ អស់ចិត្តហើយចង់ដើរចេញដោយខ្លួនឯង នោះក៏គ្មាននរណាម្នាក់មក
ហាមឃាត់បានដូចគ្នា សំខាន់តើការចាកចេញនេះ មានស្នាមញញឹមទេ?
ស្នេហាពិតប្រាកដគឺនៅត្រង់នេះហើយ!
______________________________________________________
ទី៩. បេះដូងពិត
នៅពេលដែលស្នេហាដល់ដំណាក់កាលចុងក្រោយ អ្នកប្រាកដជា៖
១.បិទភ្នែក ឃើញស្នាមញញឹមរបស់គេ
២.បិទត្រចៀកឮសំឡេងរបស់គេ
៣.ចុងក្រោយ សម្រេចចិត្តបិទបេះដូង ហើយសម្រាកមួយរយៈ
______________________________________________________
ទី៨. បេះដូងពិត
ពេលដែលចាប់ផ្តើមបង្កើតនូវស្នេហា តើអ្នកដឹងទេថា នឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៅទៀត? អ្នកប្រាកដជាមិនអាចទាយទុកមុនទេ ដូច្នេះ សូមអ្នកត្រៀមខ្លួនឲ្យហើយ ដើម្បីទទួលភាពជោគជ័យ និងបរាជ័យ។ បើអ្នកមិនបានត្រៀមខ្លួន ហើយមិនបានគិតពីលទ្ធផល សំណល់នៃជីវិតរបស់អ្នក គឺសោកា ហើយអ្នកនឹងនឹកឃើញជម្រើសដ៏ប្រសើរបំផុត នោះគឺស្លាប់។ មួយជីវិតខ្លីយ៉ាងនេះ ហេតុអីក៏បង្ខំស្លាប់យ៉ាងនេះ? គ្រាន់តែមនុស្សម្នាក់មិនត្រូវការ ក៏ពុំបានន័យថា ស្នេហានៅលើលោកនេះបាត់បង់អស់ដែរ។
អ្នកដែលស្លាប់ដោយសារស្នេហា បានន័យថា អ្នកនោះគ្មានស្នេហាទេ! គេជាមនុស្សគួរឲ្យអាណិត សូម្បីតែស្នេហ៍ពិតន័យយ៉ាងណា ក៏ពុំយល់ដែរ។ ញញឹមបន្តិចទៅអ្នកនឹងយល់ហើយ។
_______________________________________________________
ទី៧. ដកស្រង់ចេញពីរឿង “វិបត្តិស្នេហ៍អតីតកាល”
ត្រឹមតែឃើញស្នាមញញឹម គឺពេញចិត្ត
ស្កប់ចិត្តហើយ…………………..
នេះហើយគឺស្នេហា!
______________________________________________________
ទី៦. បេះដូងពិត
ស្នេហាមិនមែនជាការឈឺចាប់ ហើយត្រូវកាប់ចិញ្ច្រាំបេះដូងឲ្យខ្ទេចនោះទេ ប៉ុន្តែក្តីស្នេហ៏ដ៏ពិតប្រាកដ គឺសន្មតឲ្យអ្នកក្រសោបបេះដូងនោះឲ្យជាប់ហើយធ្វើការពិចារណា។
______________________________________________________
ទី៥. ដកស្រង់ចេញពីរឿង “វិបត្តិស្នេហ៍អតីតកាល”
មានតែមនុស្សស្លាប់ទេទើបវិញ្ញាណបែកចេញពីរាងកាយតែពេលនេះខ្ញុំនៅរស់ ទោះជាមានរឿងអ្វីក៏ដោយខ្ញុំមិនត្រូវឲ្យវិញ្ញាណបាត់បង់យ៉ាងនេះឡើយ។
______________________________________________________
ទី៤. ដកស្រង់ចេញពីរឿង “បេះដូងក្រោមពន្លឺព្រះចន្ទ”
ទោះបីពិភពលោកធំយ៉ាងណា ក៏ស្ថិតនៅក្រោមពន្លឺព្រះចន្ទតែមួយ មិនខុសអ្វីពីមនុស្សពីរនាក់ បើជំពាក់ចិត្តលើគ្នាហើយ ទោះជាទៅដល់ទីណា ក៏ពន្លឺស្នេហានេះ នៅតែមានរស្មី មានឥទ្ធិពលមិនសាបរលត់។ ពិតមែនហើយ ពន្លឺស្រទន់របស់ព្រះចន្ទពិតជាធ្វើឲ្យបេះដូងកក់ក្តៅណាស់។ កក់ក្តៅយ៉ាងណាអ្នកដឹងទេ? បន្ទាប់ពីអានសំនួរនេះហើយ តើអ្នកនៅចាំអ្វីទៀត ចូរអ្នកសាកល្បងចេញពីដំបូលផ្ទះ ហើយមកឈរនៅក្រោមពន្លឺព្រះចន្ទមើល!……………….អ្នកមិនអាចស្រក់ទឹកភ្នែកទេ នេះគឺជាពន្លឺដ៏បរិសុទ្ធ អ្នកត្រូវតែញញឹមឡើង គឺញញឹមដោយភាពជឿជាក់ ក្នុងការបន្តដំណើរនៃឆាកជីវិតទៅមុខទៀត។
______________________________________________________
ទី៣. ដកស្រង់ចេញពីរឿង “ស្នាមថើបក្នុងក្រអៅបេះដូង”
ឱ! ម្រាមដៃដ៏ទន់ស្រឡូន ដៃស្ងួនដែលបងធ្លាប់កាន់បងមិនដែលភាន់ច្រឡំម្តងណាឡើយពីអារម្មណ៍មួយនេះ។ ការគេចវេះ វាស្ទើរតែធ្វើឲ្យបងប្រេះឱរា ទោះអូនមិនដឹងថា បងខ្លោចផ្សាយ៉ាងណាក៏ដោយ តែបងចង់ឲ្យអូនមានសេចក្តីសុខ។ ប៉ុន្តែផ្ទុយទៅវិញបងទេជាអ្នកមានក្តីសុខ ព្រោះតែអូនបានទុកស្នាមថើបមួយឲ្យបង ហេតុអ្វីភាពមួរហ្មងបែរជាស្ថិតនៅលើខ្លួនអូនទៅវិញ សូមទោស!
______________________________________________________
ទី២. ដកស្រង់ចេញពីរឿង “និស្ស័យស្នេហ៍តាមFacebook”
គេទៅរកសុខហើយ ម្តេចឡើយយើងត្រូវឈឺចាប់ត្រាំត្រែងយ៉ាងនេះ ញញឹមឡើង! ជូនពរគេទៅទើបយើងរស់នៅដោយសេចក្តីសុខដូចគ្នា។
_______________________________________________________
ទី១. ដកស្រង់ចេញពីរឿង “ស្នាមថើបក្នុងក្រអៅបេះដូង”
ខ្ញុំដឹងត្រឹមថា អ្វីគ្រប់យ៉ាង គឺខ្ញុំស្រពេចស្រពិល ប៉ុន្តែស្នាមថើបមួយនេះ គឺខ្ញុំនៅចាំច្បាស់ណាស់ អារម្មណ៍មួយនេះ ខ្ញុំមិនបានបាត់បង់ឡើយ មនុស្សប្រុសដែលខ្ញុំថើប កាលពីតូចមកដល់ពេលនេះ គឺជាមនុស្សតែមួយ តើអ្វីដែលធ្វើឲ្យបង មិនទទួលស្គាល់ខ្ញុំនោះ? ឬបងពិតជាមិននៅចងចាំខ្ញុំ? តែខ្ញុំដឹងថា បងតែងតែការពារខ្ញុំគ្រប់ជំហាន ម៉េចនឹងអាចមិនមែនបងនោះ? បងជី…..ជីនិត….ឬគ្រាន់តែឈ្មោះនេះ បងគិតថាខ្ញុំភ្លេចបង? ខ្ញុំនឹងតាមរកស្រមោលក្មេងប្រុសនោះឲ្យឃើញ ខ្ញុំមិនឲ្យគេតាមលងបន្លាចខ្ញុំទៀតទេ។
បញ្ចេញមតិ
Comments 0