បទភ្លេងគ្មានអក្សរ

៥៦.               មនុស្សសកល

១.      ធ្វើជាមនុស្សល្អនៅលើផែនដី     មិនពិបាកអ្វីប្រុសស្រីគួរគិត

តោះ! យើងរួបរួមសង្រួមជីវិត      វិថីល្អពិតយើងគិតយើងដើរ។

២.     គន្លងមាគ៌ានាមនុស្សសកល     ស្អាតណាស់កុំឆ្ងល់របៀបរៀបធ្វើ

សុភាពរាបសា ទៀងពេលទង្វើ យើងនាំគ្នាធ្វើប្រសើរខ្លាំងណាស់។

៣.     សមាធិរក្សាដួងចិត្តជាប្រក្រតី               ជីវិតខន្តីរស្មីត្រចះ

ជាមនុស្សសកលតម្កល់ចិត្តច្បាស់        ផែនដីស្រឡះប្ដូរផ្លាស់រស្មី។

៤.      រស់ស្អាតរបៀបសុភាពទៀងពេល        សមាធិផងដែរដំណែលដួងចៃ

ពន្លឺស្រស់ស្អាតសម្អាតផែនដី     មនុស្សសកលថ្មីផែនដីសន្តិភាព។

០៤ ១០ ២០១៦

______________________________________________________

៥៥.                     បេះដូងអ្នកគ្រូ

១.      ជាគ្រូម្នាក់ដូចជាខ្ញុំ                     ធ្លាប់សើចយំជាមួយសិស្ស

បេះដូងនេះមិនខ្វះលើស             ស្រឡាញ់សិស្សដូចជាកូន។

២.     គ្មានអ្នកយល់ពីដួងចិត្ត              ក៏មិនគិតថាសាបសូន្យ

ស្រឡាញ់ណាស់ប្តូរផ្លាស់ក្បូន    សណ្តោងស្ងួនឱ្យផុតទុក្ខ។

៣.     បេះដូងស្មោះចិត្តអ្នកគ្រូ              បេះដូងស៊ូប្រមូលសុខ

ឱ្យទំពាំងដុះទៅមុខ                      កុំមានទុក្ខផុយរលួយ។

៤.      តស៊ូឡើងកូនខ្មែរអើយ               កុំភ្លេចឡើយអ្នកគ្រូមួយ

មានទុក្ខអ្វីរកគ្រូជួយ                  គ្រូនេះនឹងស្ទួយជួយចិត្តកូន។

២០១៥

______________________________________________________

៥៤.ពិភពខ្ញុំ

ពិភពខ្ញុំ១.      បើអ្នកយំ នឹងដឹងអារម្មណ៍ខ្ញុំ បេះដូងយំក្នុងភពផ្សេង

តែយើងអាច មិនវង្វេង តស៊ូគ្រប់វេលា

២.     កុំចោលពួកយើងបានឬទេ បេះដូងគេនិងខ្ញុំដូចគ្នា

នេះហត្ថខ្ញុំ ក្រសោបវា ខ្ញុំត្រូវការកម្តៅ

៣.     លោកាបាត់នេត្រាពួកខ្ញុំ មិនយំហើយក៏មិនសោកសៅ

ព្រោះបេះដូង ខ្ញុំរស់នៅ ពួកខ្ញុំត្រូវរីករាយ….បើបេះដូងខ្ញុំរស់នៅ

ពួកខ្ញុំត្រូវតែរីករាយ!

១៧ ០១ ២០១៣

______________________________________________________

៥៣.       ហេតុអ្វីក៏មានថ្ងៃនេះ?

IMG_2549១.      ស្នេហាដំបូងកន្លងហួសទៅ វេលាសោកសៅទៅជាមួយផង

ក្នុងនាទីនេះ អូនរស់ក្បែរបង ញញឹមសើចផង ត្រកងក្តីសុខ។

២.     ស្នាមញឹមមួយក្នុងឆាកជីវិត មិនដែលធ្លាប់គិត ថាចិត្តព្រាត់ទុក្ខ

មិនធ្លាប់គិតឡើយ ថារស់លើសុខ បាត់អស់ក្តីទុក្ខ ហេតុអ្វីក៏មានថ្ងៃនេះ?

៣.     បងឆ្លើយប្រាប់ថា ស្នេហាណាអូន បើសិនគ្មានស្ងួន ក៏គ្មានថ្ងៃនេះ

ព្រោះក្តីស្រឡាញ់ ផែនដីភ្លឺច្បាស់ ផ្តើមពីថ្ងៃនេះ បងរះរហូត

៤.      នេះហើយស្នេហាលោកាយល់ទេ ចិត្តឥតវៀចវេរ

ស្នេហ៍ឥតក្រៀមស្ពោត ខ្ញុំនឹងចងចាំថ្ងៃនេះរហូត បេះដូងខ្ញុំលោត

បន្តស្នេហា។

១៧ ០២ ២០១៣

______________________________________________________

៥២.ចម្រៀង  កុំខឹងបានទេ?

កុំ១.      អូនដឹង ព្រលឹងនឹងខឹងនឹងអូន អូនដឹងថាស្ងួនបងមិនជឿស្រី

តែអូនជឿចិត្តបងពិតប្រណី យល់ពីមនុស្សភក្តីស្នេហា។

២.     អូនស្អប់ខ្លួនឯង បែងចិត្តជាពីរ តែជីវិតនេះអូនជឿរៀមរ៉ា

ជឿឥទ្ធិពលនៃក្តីស្នេហា ដែលម្ចាស់ចិន្តាមានចំពោះអូន

៣.     កុំទុកអូនចោល កណ្តាលលោកា កុំដកស្នេហាចេញពីបេះដូង

តស៊ូឱ្យបាន យកស្នេហ៍ពីអូន យកឈ្នះបេះដូង ស្រីស្មោះស្នេហា។

៤.      អរគុណផែនដី ឱ្យថ្លៃមកអូន អរគុណប្រុសស្ងួន មានចិត្តមេត្តា អរគុណចិត្តស្មោះ ស្តោះភាពឯកា អរគុណស្នេហា រៀមរ៉ាលើស្រី។

០១ ១២ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៥១.ចម្រៀង មិនស្នេហ៍ក៏បាន អូនក្លាហានដើរចេញ

min

១.      មិនស្នេហ៍ក៏បាន អូនហ៊ានដើរចេញ ដោយចិត្តស្រឡាញ់ ដើរចេញពីបង

ប៉ុន្តែដួងចិត្តឋិតក្នុងបេះដូង តែមួយបំណង ប៉ងឱ្យបងសុខ

២.     បើរស់គ្មានអូន ស្ងួនអាចញញឹម ស្រីមានសង្ឃឹម រស់នៅផុតទុក្ខ បាត់បងស្នេហា

ក៏គ្មានកំហុស ស្រីអាចរស់សុខ ព្រោះបាត់បង់ស្នេហ៍

៣.     មិនមែនបញ្ឈឺ មិនឈឺបេះដូង តែជីវិតអូនយល់អត្ថន័យស្នេហ៍ ស្រឡាញ់យ៉ាងណា មិនអាចកែប្រែ ចិត្តប្រុសមាសមេ ឱ្យបែរស្នេហ៍អូន

៤.      ឱ! ស្នាមញញឹម នៃក្តីស្នេហា បង្រៀនចិន្តា ឱ្យរស់បំព្រង ទោះអ្នកដទៃ យល់ថាស្រពោន តែបេះដូងអូន រីកស្រស់រហូត។

០៦ ១២ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៥០.ចម្រៀង ខ្ញុំមិនអាចក្លាយជាស្រីក្បត់ចិត្តគេទេ!

១.      តើខ្ញុំអាចក្លាយជាស្រីក្បត់ចិត្តគេទេ បើខ្ញុំនៅតែនឹកឃើញគេនៅក្នុងបេះដូង ចិត្តស្នេហ៍ស្មោះមិនអាចផ្ទេរ នៅតែនឹកមនុស្សដំបូង តើនេះឬស្នាមបេះដូងនៃស្នេហា។

២.     ពាក់កណ្តាលនៃដួងចិត្តដែលស្រលាញ់បង ពាក់កណ្តាលនៃបេះដូងអូន រងទុក្ខខ្លោចផ្សា ប៉ុន្តែបេះដូងទាំងមូល ប្រមូលទាំងអស់ស្នេហា  តែពេលនេះទោះអូនត្រូវការគ្មានវាសនាឡើយ

បន្ទោរ.         លា………..ហើយ ស្នេហាដំបូង លាបេះដូង មិនអាចបកក្រោយ ឃ្លាតគ្នារហូត និស្ស័យស្នេហាចប់ហើយ វេលាជួបគ្នាគ្រាក្រោយជាមិត្តភក្តិម្តង

៣.     ខ្ញុំមិនអាចក្លាយជាស្រីក្បត់ចិត្តគេទេ ទោះខ្ញុំនៅតែនឹកឃើញគេ នៅក្នុងបេះដូង ចិត្តស្នេហ៍ស្មោះត្រូវតែផ្ទេរ ត្រូវតែភ្លេចមនុស្សដំបូង អរគុណបង បង្រៀនអូនឱ្យចេះស្រលាញ់។

២៣ ១១ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៩.ចម្រៀង ក្រោមភ្លៀងរលឹម

១.      ក្រោមភ្លៀងរលឹម ស្នាមញញឹមមួយ  ចិត្តអូនផុតព្រួយឆ្ងាយទុក្ខមួរហ្មងអូមចាំយ៉ាងច្បាស់

ស្នាមញញឹមបង ប្រសព្វបេះដូង ក្នុងទ្រូងអូនហើយ

២.     សៀមរាបស្រណោះ មិនអស់អាល័យ ស្រណោះម្រាមដៃ ស្រមៃម្ចាស់ខ្នើយ

សូរភ្លៀងរលឹម អស់សង្ឃឹមហើយ ព្រោះម្ចាស់ខ្នើយកើយ ឃ្លាតឆ្ងាយពីអូន។

៣.     បងមិនអាចភ្លេច អតីតអូនបាន ព្រោះតែស្នាមដាន ច្រានស្នេហ៍ឱ្យសូន្យ

បើបងរីករាយ ទៅចុះប្រុសស្ងួន សូមឱ្យនឹមនួន ជួបជួនស្នេហ៍ថ្មី

៤.      ក្រោមភ្លៀងរលឹម អូនញញឹមបាន ទោះប្រុសកល្យាណមិនបានស្នេហ៍ស្រី

ព្រោះអូនចាំជាប់ ចិត្តធ្លាប់ភក្តី នេះហើយចិត្តស្រី ភក្តីនឹងស្នេហ៍

១៧ ១១ ២០១២

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៨.ចម្រៀង ស្នាមថើបក្នុងក្រអៅបេះដូង

១.      ស្នាមថើបដំបូងម្តេចបងមិនចាំ ស្នាមថើបស្នាមជាំដាំក្នុងបេះដូង

ស្នាមថើបអូនជាក្តីស្នេហ៍ដំបូង ចាក់កប់ក្នុងទ្រូងមិនរលុបដាន។

២.     វេលាហួសទៅសល់នៅស្រមោល ចង់បំភ្លេចចោលស្រមោលតាមប្រាណ ម្តេចចិត្តបងស្ងប់បំភ្លេចអូនបាន ឬប្រុសកល្យាណមិនបានស្នេហ៍អូន

៣.     ទោះវិធីអ្វីស្រីអាចធ្វើបាន ឱ្យតែគ្រប់យ៉ាងមិនបានសោះសូន្យ កុំភ្លេចបានទេ? ម្ចាស់ស្នេហ៍បេះដូង ស្នាមថើបដំបូងក្នុងទ្រូងកក់ក្តៅ។

៤.      ព្រហ្មលិខិតអើយឱ្យការចងចាំ  ចិត្តស្រីខ្ទេចខ្ទាំ ចាំស្នេហ៍ប្រុសពៅ

បេះដូងឥតប្រែចិត្តស្នេហ៍ចាំនៅ ស្នាមថើបកប់ជ្រៅក្នុងក្រអៅបេះដូងអូន។

(២៥ ១០ ២០១២)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៧.ចម្រៀង សូរព្រាបថ្ងូរ

១.      សូរព្រាបថ្ងូរ សូរព្រាបថ្ងូរ សួររកម្ចាស់ថ្លើមថ្លៃ បាត់ទៅណា ព្រាបថ្ងូររកចរណៃ ពោធិ៍បន្ទាយជ័យ ចាំថ្លៃវិលពីភ្នំពេញ

២.     ចាំរហូត ទឹកភ្នែកស្ពោត អូនក៏យំលែងចេញ ស្នេហ៍ស្មោះឬ ទើបមិនឃើញវិលវិញ ឱសឱ! ភ្នំពេញវិលវិញរកស្រីបានទេ

R.      ស្រីបេះដូងស្មោះ រស់ក្នុងក្តីល្ងង់ខ្លៅ អូនសោកសៅ ព្រោះមិនអាចទៅរកស្នេហ៍ តែទឹកចិត្តដែលស្មោះមិនស្តាយក្រោយទេ អូននឹងថែបំពេរកូនស្រីឱ្យល្អ

៣.     ឱ! ព្រាបអើយ ខ្ញុំយល់ហើយ សូមឱ្យអ្នកឈប់ថ្ងូរ ទោះបាត់ម្ចាស់ ស្នេហ៍នេះនឹងបន្ត សូមអ្នកត្រេកអរ បន្តជីវិតជាមួយខ្ញុំផង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៦.ចម្រៀង មេឃដឹង តែមិនយល់ការឈឺចាប់

1        មេឃផ្គរហើយភ្លៀងហើយ អតីតស្នេហ៍ខ្ញុំអឺយវិលត្រឡប់ ខ្ញុំស្អប់មេឃម្តេចឡើយមិនព្រមបញ្ចប់ ដឹងទេចិត្តខ្ញុំមិនស្ងប់ព្រោះស្នេហា។

២      ទឹកជន់ហើយក៏ស្រក តែចិត្តស្នេហ៍ខ្ញុំខកមិនទៅណា ភ្លៀងអើយបើសិនចិត្តអ្នកនៅមេត្តា ហូរយកចិត្តសោកាស្នេហានេះផង

R       ភ្លៀងធ្លាក់មក ខ្យល់បក់ទៅ អាសូរពៅឈប់សៅហ្មង យំធ្វើអ្វី គេមិន នឹកផង ទុកបេះដូងឲ្យសះស្បើយ

៣     ភ្លៀងធ្លាក់ទឹកភ្នែកស្រក់ ចិត្តនៅកករល្អក់មិនថ្លាឡើយ យំបែកទ្រូងក៏មេឃនៅតែព្រងើយ មេឃដឹងតែមិនយល់ឡើយចិត្តឈឺចាប់។

(23 04 2010)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៥.ចម្រៀង មេឃស្រទុំ

១       មេឃស្រទុំខ្ញុំយំម្នាក់ឯង យំចំបែងបេះដូងបាត់ស្នេហា ដូចស្រីនិងគង្គា ជិតគ្នា តែចិត្តឆ្ងាយ លួចសម្លឹងខ្សែនេត្រា ចិត្តស្នេហា ផ្សារភ្ជាប់មិនបានឡើយ ព្រោះត្រាណត្រើយ មិនយល់ឡើយស្នេហា។

២      អូនដឹងច្បាស់ថាបងមិនស្នេហ៍ ក៏ប៉ុន្តែបេះដូងនេះត្រូវការ អូនរស់ស្លាប់ចិន្តាស្នេហាមិនថយក្រោយ លួចសម្លឹងខ្សែនេត្រា ទោះស្នេហាផ្សារភ្ជាប់មិនបានឡើយ ចាំថ្ងៃមួយ ត្រាណត្រើយបងមេត្តា។

R       មេឃាសែនខ្ពស់ ដឹងហួសក្លាហានហ៊ានស្លាប់ រស់នៅឈឺចាប់ព្រមស្លាប់ជាមួយស្នេហា គេមិនស្រលាញ់ ទៅម្នេញនៅតែត្រូវការ ព្រមជិតស្នេហា ដឹងហើយថា គ្មានតម្លៃ។

៣     មេឃស្រទុំយំអស់ទឹកភ្នែក ព្រោះស្នេហ៍ពេកអស់ពីហឫទ័យ នេះឬស្នេហ៍លោកិយ ឲ្យក្ស័យទាំងរស់នៅ លាងបេះដូងស្នេហ៍មិនជ្រះ ចិត្តមានះ មិនឈ្នះភាពល្ងង់ខ្លៅ ស្នេហ៍ប្រុសពៅ រស់នៅតែមរណា។

(04 03 2009)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៤.ចម្រៀង ដុំពេជ្រស្នេហ៍

១       ប. ភពផែនដី មានស្រីមានប្រុស មានទុក្ខមានទោស មានសើចសប្បាយ

ស. ជាវិថី ធំធេង តែដែនភពផែនសែនឆ្ងាយ ឲ្យប្រុសឆោមឆាយជួបអូន។

២      ប. ដុំពេជ្រស្នេហ៍ នៅតែចាំងភ្លឺ គឺជាពន្លឺ ក្នុងដួងចិត្តបង  ស. អាណិតចងចិត្តក្តីស្នេហ៍នេះផង  ប. រយជាតិកន្លងបងស្ម័គ្រតែស្រី

R       ប. ម្តេចទឹកភ្នែក ស្រីស្រក់ហូរ ឬថ្ងួចថ្ងូរ មិនជឿហឫទ័យ កាំបិតផ្គាក់ កាប់ចាក់មកស្រី ខ្វេះយកដួងចៃ ថាថ្លៃស្មោះនឹងអូន។

៣     ស. ដុំពេជ្រស្នេហ៍ ឥតប្រែរលត់ នៅតែភ្លឺមុត មិនរលត់សូន្យ ទឹកភ្នែកហូរ ថ្ងួចថ្ងូរ អង្វរដីឲ្យចាំចង  ស+ប ជួយស្នេហ៍យើងផង ឲ្យផុតទុក្ខភ័យ។

(06 03 2009)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤៣.ចម្រៀង ស្វែងរកគូថ្មី

១       ខ្យល់បក់ទឹកហូរ គង្គាហូរហួស ហូរនាំស្នាមរបួស របួសស្នេហា ហោះហើរហួសទៅ។

ស្វែងរកគូថ្មីក្នុងជីវិត លាភាពងងឹតធ្លាប់ងុលងប់ក្នុងជ្រោះជ្រៅ លាស្រី ល្ងង់ខ្លៅធ្លាប់ស្មោះស្នេហ៍។

R       ត្រូវតែស៊ូញញឹម សង្ឃឹមជាថ្មី ត្រូវតែតាំងស្មារតី ដើម្បីដើរចេញពីរូបគេ ក្លាហានឡើងចិត្តអើយ

កុំលង់នឹងស្នេហ៍មិនដើម្បីគេ ប៉ុន្តែដើម្បីខ្លួនឯង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤២.ចម្រៀង មហិច្ឆតា

១       ក្តីសុខជីវិត ការពិតតិចណាស់ តែទុក្ខ វិបល្លាសច្រើនក្រៃ

កើតមកជាមនុស្ស រស់ចង់មានតម្លៃ ដើម្បីរស្មី រស្មីជីវិត។

R       ចន្ទខ្ពស់ឆ្ងាយ កាយចង់ក្បែរ ចង់លោមស្នេហ៍ ថើបថែនែបនិត្យ

មិនចង់បានរបស់ជិត នេះឬជីវិត នៃចិត្តមហិច្ឆតា។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤១.ចម្រៀង ភ្លៀងធ្លាក់

១       ភ្លៀងធ្លាក់ហើយ នៅឡើយនឹកស្រណោះ ភ្លៀងលាងចិត្តប្រុស លាងបេះដូងស្មោះហួសអស់និស្ស័យ ទឹកភ្លៀងសូរសៀងសែនពីរោះ តែចិត្តប្រុសឆេះខ្លោចដិតដាម ស្នាមជាំខ្មៅ ស្រីឥតមេត្តាស្នេហាពៅ ឈានជើងចាកចេញទៅ ទាំងគ្រាំគ្រា

R       ភ្លៀងៗៗៗធ្លាក់មក ឆក់យកបេះដូង និងទុក្ខស្នេហ៍សែនវេទនា បើដាច់ចិត្ត ជីវិតអស់ហើយវេលា ទោះត្រឹមនឹកនា វេលាឥតមេត្តា។

ភ្លៀងៗៗៗធ្លាក់មក ខាបយកទុក្ខសោកលាងជម្រះទឹកនេត្រា  ស្រវឹងចិត្តក៏ត្រូវអាណិតរោងការ លាហើយជីវ៉ា រៀបការចុះណាថ្លៃ ស្រីជូនពរបង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៤០.ចម្រៀង លើកទឹកចិត្តខ្លួនឯង

១       អស់សង្ឃឹម ត្រូវញញឹមជួយស្មារតី ដើម្បីអ្វី គឺដើម្បីដួងចៃខ្លួនឯង ក្លាហានណា

កុំសោកាវិលវល់សោកសង្រេង ត្រូវតែប្រឹងប្រែង ចេញពី ភាពវង្វេងក្នុងជីវិត។

២      ផ្លូវវែងឆ្ងាយទោះត្រូវនឿយណាយយ៉ាងណា តាំងចិន្តា ប្រាប់ខ្លួនថា ស្នេហាជានិច្ច កុំស្អប់ខ្ពើមខ្លួនឯងណា បេះដូងកុំអាណិត ទទួលការពិត ដែលជីវិតយើងអាចចាប់យកបាន។

R       ញញឹមឡើង តម្កើងចិត្តឲ្យរឹងមាំ ស៊ូទ្រាំយកឈ្នះភាពសាមាន្យ ជំហរបេះដូង ត្រូវតែជំនះឲ្យបាន ឈ្នះភាពសាមាន្យ ទើបបានជ័យ។

(20 07 2009)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៩.ចម្រៀង មួយនាទី

១       ដឹងហើយ ស្រលាញ់ប៉ុនណាឈឺផ្សាក៏ប៉ុនហ្នឹង ដឹងហើយនៅតែខំប្រឹងសម្លឹងយកស្នេហា។

R       មួយនាទី ក៏ប្រុសរៀមរ៉ា មិនបែរភ័ក្រ្តា សម្លឹងអូនឡើយ ហូ……………….

២      តម្លៃស្នេហា ដែលអូនគិតថា មានតម្លៃ ប្រែសាបអស់ជាតិអស់ន័យ ប្រុសថ្លៃលែងត្រូវការ។

R       មួយនាទី ក៏ប្រុសរៀមរ៉ា មិនបែរភ័ក្រ្តា សម្លឹងអូនឡើយ ហូ……………….

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៨.ចម្រៀង បំភ្លេចបង

១       សូមទោសដែលអូនសម្រេច ចិត្តដាច់ចាកចេញពីបង អភ័យទោសផងកុំទុក្ខ សៅហ្មងណាថ្លៃ អូនគ្មានជំនឿទៀតឡើយ រង់ចាំរូបប្រុសចរណៃ ពួកយើងបញ្ចប់និស្ស័យ ត្រឹមនេះចុះ។

២      មនុស្សអូនស្នេហ៍មិនសមចិត្ត មនុស្សអូនគិតមិនសន្តោស ក៏ព្រោះតែប្រុសមិនធ្លាប់ផ្តល់ពាក្យភក្តី រង់ចាំបេះដូងឆេះខ្លោច ហិនហោចអស់ចិត្តអាល័យ បេះដូងទទួលអ្នកថ្មី យកក្តីស្រលាញ់ពីគេ។

បន្ទរៈ បំភ្លេចបងចោល បំភ្លេចស្រមោលប្រុសថ្លៃ ទទួលយកក្តីស្នេហ៍ថ្មី មិនរារែកទេ បេះដូង ត្រូវមានសង្ឃឹម ញញឹមទទួលរូបគេ បំភ្លេចមនុស្សដែលធ្លាប់ស្នេហ៍ យកគេដែលស្រលាញ់យើងពិត។

៣     នេះហើយគឺផ្លូវស្នេហា ជ្រើសអ្នកណាដែលមានចិត្ត ស្នេហ៍ឆ្ងាយនិងជិត ការពិតនៅក្នុងចិន្តា កុំយកមនុស្សគេមិនស្នេហ័ ប៉ុន្តែត្រូវថែរក្សាទទួលយកក្តីស្នេហា អ្នកណាដែលស្រលាញ់យើងពិត។ (12 09 2010)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៧.ចម្រៀង I Love you

         I, I love you mummy daddy.

I want you kiss me, kiss me,kiss me.

I love you. I love you. Mother father,

I want to kiss you, kiss you, kiss you.

I love you. I love you. I love you ho…………………

(2010)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៦.ចម្រៀង ឈាមតែមួយ

១       បេះដូងមួយ ទុក្ខព្រួយ យើងវេញជាបាច់ ធ្វើឲ្យរសាត់រលត់ចេញពី ឱរា យើងរួមចិត្តតែមួយ បេះដូងទទួលដឹងថា ពិភពនេះណា ត្រូវការសន្តិភាព។

២      ភាពកក់ក្តៅ កម្តៅនៅជាប់ដៃយើង ឥតរើសអើង ឆ្មៃឆ្មើងប្រជែង ប្រៀបធៀប លួងលោមចិត្តស្នេហា ស្រវាយកសន្តិភាព កុំឲ្យសាបរលាបឋិតថេរ ជាអមតៈ។

R       ពិភពលោកទាំងមូល បេះដូងតែមួយស្មោះស្ម័គ្រ ស្រលាញ់គ្នាដោយបេះដូងត្រជាក់ រំលត់សង្គ្រាម ពិភពលោកទាំងមូល បេះដូងមួយរួមឈាម ស្រលាញ់គ្នាបញ្ចប់ភ្លើងសង្គ្រាម ព្រោះឈាមតែមួយ ហ៊ី…..។

(23 11 2009)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៥.ចម្រៀង អ្នក និងខ្ញុំ

១       អ្នកហើយនិងខ្ញុំ ប្រៀបដូចភ្នំហើយនិងធរណី វណ្ណៈស្នេហ៍នេះ ញាំញីក្តីស្នេហា អូនខំដើរផ្លូវវាង វាងចេញពីរៀមរ៉ា ឲ្យបងជ្រើសគ្រួសារ បង់ស្នេហាឲ្យឆ្ងាយ។

២      ខ្ញុំហើយនិងអ្នក គ្មានជំពាក់អស់និស្ស័យហើយ ភ្លេចចុះត្រាណត្រើយ កុំស្តាយស្នេហ៍ធ្វើអ្វី អូនយល់ពីបំណង បងចង់រស់ក្បែរស្រី តែអូនគ្មានតម្លៃ ថ្លៃសមនឹងបងឡើយ។

R       បងមិនដឹងមិនយល់ពីអូន តែអូនបានត្រឹមសោកស្តាយ រូបអូនប្រៀបដូចជាទន្សាយ ឆ្ងាយដួងតារា ទៅចុះកុំស្រណោះធ្វើអ្វី ថ្លើមថ្លៃផ្គាប់ចិត្ត គ្រួសារ អូនរ៉ាប់រងយកទឹកនេត្រា ស្នេហាខុសវណ្ណៈ  អូនរ៉ាប់រងយកទឹក នេត្រា ស្នេហាខុសវណ្ណៈ។ (28 12 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៤.ចម្រៀង  ពេលមួយ

១       ពេលមួយ ស្មានថាទុក្ខព្រួយត្រូវបាត់ អាចកម្ចាត់ទុក្ខស្នេហ៍ពីបង។

ពេលមួយ ស្មានថា ក្តីទុក្ខសៅហ្មង រលាយសូន្យ ចាកឆ្ងាយពីឱរា។

R       តែផ្ទុយស្រឡះ បេះដូងខ្វះជីវ៉ា រស់គ្រាំគ្រា សែនវេទនាដួងចិត្ត ចង់យករូបគេ មកជំនួសវរមិត្រ តែការពិតចិត្តនៅស្មោះនឹងបង មិនប្រួលប្រែ។ (01 01 2011)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣៣.ចម្រៀង មិនយល់

១       មិនយល់ៗៗ ហេតុផលអ្វីទាំងអស់ ឈឺខ្សោះពីខ្លួន ហូ………….. បងមិនដឹងថាអូនៗៗ ក្បត់បងឡើយ ចិត្តនេះហួសទៅហើយ ហួសហើយត្រាណត្រើយ ឲ្យបងធ្វើយ៉ាងណា ស្នេហ៍ជីវ៉ាហួសហើយ បងមិនចង់ថយក្រោយ ស្នេហ៍អើយធ្វើយ៉ាងណា?

R       បេះដូងឈឺ ៗ អ្វីម៉្លេះ គឺឈឺយ៉ាងនេះ ស្រីខ្វេះបេះដូងបងទៅ ឈឺណាស់តែទ្រាំ ព្រោះបងនៅចាំរូបពៅ គឺឈរក្បែរផ្លូវ នៅថ្ងៃយើងជួបដំបូង

ច្រៀង ១…………………..ក្បត់មិនដឹងខ្លួន ហូ………………………………..។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣២.ចម្រៀង ទឹកភ្នែកអ្នកណា?

១       ទឹកភ្នែកអ្នកណា ស្រក់លើស្មារបស់បង គឺជាទឹកភ្នែកនួនល្អង ស្រក់អង្វរបង ឲ្យជួយ។

២      ទឹកភ្នែកជីវ៉ា កែវនេត្រា ស្ទើររលួយ ឈប់យំ ឈប់នឹក ឈប់ព្រួយ បងព្រមជួយ ឲ្យស្បើយពីទុក្ខស្នេហា។

R       ឈប់យំទៅស្រី ដើម្បីអូន បងសច្ចា បំភ្លេចអតីតស្នេហា សៀមរាបផ្កា កុំស្រពោន ទោះមិនធ្លាប់ស្នេហ៍ បងនៅតែស្រលាញ់អូន បំភ្លេចគេចោលចុះស្ងួន បងរ៉ាប់រង យកស្នេហ៍ថ្លៃ។

ពីថ្ងៃនេះទៅមុខ ឈប់កើតទុក្ខទៅស្រី ដើម្បីខ្លួន អូនបានសុខ ផុតទុក្ខា។

(09 01 2009)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣១.ចម្រៀង និស្ស័យស្នេហ៍នៅតែភ្ជាប់មិនបាន

១       និស្ស័យស្នេហ៍នៅតែបន្ត ចិត្តស្មោះសចាំរូបថ្លៃ ទោះជាតិមុនមិនបានជួប ចិត្តអូននៅប៉ងស្រមៃ ជាតិនេះជួបថ្លៃ ហេតុអ្វីមិនចាំ?

២      ក្រោមសូរសៀងខ្យល់ភ្លៀងថ្ងួចថ្ងូរ ប្រៀបដូចសូរបេះដូងស្រាំ អង្វរភ្លៀងជួយដាស់ចិត្ត វរមិត្រឲ្យចងចាំ ជួបហើយរងកម្ម គូគាប់ភ្លេច។

R       ភ្លៀងអើយធ្លាក់មកៗ ជោកបេះដូង សើរើរឿងកន្លងពីអតីត ឬមួយរូបខ្ញុំ បានត្រឹមតែឈឺចិត្ត ជាតិនេះការពិតប្តូរស្នេហា។

៣     ខ្ញុំលះបង់ចង់ឲ្យគេសុខ វិប្បយោគទុក្ខឥតមេត្តា និស្ស័យស្នេហ៍ប្រែរស្មី លោកិយប្តូរភាពអន្ធការ ឬបណ្តាសារភពផែនដី?។

៤       ធ្វើយ៉ាងណាស្នេហាផ្លូវមួយ បីនាក់ព្រួយព្រោះភក្តី អាសូរចិត្តជំពាក់ស្នេហ៍ ជ្រាលជ្រៅនៅលើវិថី គួរផ្តាច់និស្ស័យឬយ៉ាងណា?

៥       ភ្លៀងអើយធ្លាក់មកៗ ជោកបេះដូង ជាតិមុនស្លាប់សូន្យ ព្រោះស្នេហា ឬមួយជាតិនេះ ត្រូវតែបាត់សង្សារ និស្ស័យស្នេហា ផ្សារភ្ជាប់មិនបាន។

និស្ស័យស្នេហា ផ្សារភ្ជាប់មិនបាន។ (17 09 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៣០.ចម្រៀង ខ្វះស្នេហា

១       ខ្ញុំត្រូវការអ្វី មានតែលោកិយ ទើបយល់ពីដួងចិត្តខ្ញុំ ចិត្តជាកូនប្រុស មិនទ្រហោយំ តែបេះដូងបង្ខំ ឲ្យខ្ញុំក្រៀមក្រំរស់សែនឯកា។

២      មានទ្រព្យច្រើនទ្វេ តែចិត្តទទេ ព្រោះតែខ្វះក្តីស្នេហា មិនចង់បានអ្វីតែខ្ញុំត្រូវការ ទឹកចិត្តស្នេហា មាតាបិតា ស្នេហាកក់ក្តៅ។

R       រលាយអស់ហើយ ស្នេហ៍មិនបានឡើយ មានតែសោកសៅ មានតែទ្រព្យធន គ្មានអ្នកថ្នមពៅ ផ្លូវត្រង់គេចទៅ ធ្លាក់ជ្រៅក្នុងផ្លូវនរក។

៣     កូនមិនចង់ខុស តែរឿងទាំងអស់មកពីទឹកចិត្តវីវក់ វិលវល់វង្វេងស្តាយរឿងទាំងអស់ បេះដូងរងគ្រោះ ដើរជ្រុលធ្លាក់ជ្រោះសង្គមទំនើង

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៩.ចម្រៀង ព្រះអាទិត្យ និងចន្ទ

១       បារម្ភខ្លាំងណាស់ ឱ! ម្ចាស់បេះដូងអើយ ឱ! ប្រុសត្រាណត្រើយ ម្ចាស់ស្នេហ៍អើយម្តេចបាត់សូន្យ អូនទន្ទឹងផ្លូវ ចាំប្រុសពៅស្នេហ៍ស្នង នឹកណាស់នឹកបង នឹកទ្វេដងស្ទើរវង្វេង។

២      នឹកខ្លាំងខ្លោចចិត្តជីវិតអូនប្រួលប្រែ លិចលង់ជ្រោះស្នេហ៍ ស្រលាញ់ទ្វេ ទោះបីគេង បងក្នុងនេត្រា ឱស្នេហាធំធេង វក់ហើយវិលវង្វេង ទោះចង់គេងក៏មិនសុខ។

R       ធ្វើយ៉ាងណាអូនអាចជួបបង ស្រាយចំណងជំពាក់មុខ ឬក្នុងជីវិតនេះ អូនមិនអាចជួបសុខ បានត្រឹមឈឺចុកចាប់ដួងចិត្ត។

ធ្វើយ៉ាងណាអូនអាចជួបបង ឬបំណងព្រហ្មលិខិត បាំងរាំងស្នេហ៍អូននិងបងមិនឲ្យជួបជិត ជីវិតដូចព្រះអាទិត្យ និងចន្ទ។

និយាយ៖   អ្វីៗដែលអូនធ្វើគ្រប់យ៉ាង អូនបានត្រឹមតែលួចបារម្ភពីបងតែប៉ុណ្ណោះ អូនមិនដឹងថា បងនៅទីណា បងកំពុងធ្វើអ្វី តែទឹកចិត្តភក្តីដែលអូនមានចំពោះបង មិនដែលប្រែប្រួលឡើយ សូមឲ្យកម្លាំងស្នេហ៍នេះ ជ្រាបដល់បេះដូងរបស់បង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៨.ចម្រៀង សំពៅស្នេហា (27 10 2008)

១       ស្រលាញ់ស្ទើរលេប ឆ្អែតពេញឱរា មនុស្សចិត្តឫស្យា កាយជាមនុស្សា ចិន្តាជាយក្សក្ខេណី។

២      ស្រលាញ់យ៉ាងណា ផ្សាអស់ដួងចៃ នៅតែមិនប្រណី ចិត្តកាចចិត្តព្រៃ នេះឬអត្ថន័យស្នេហា?

R       ចិត្តអើយចិត្តមនុស្សមើលមិនធ្លុះមើលខុសយល់ថាជាត្រូវសំពៅស្នេហា តើមាននរណាស្មានត្រូវ មានតែទ្រាំរស់នៅ ជាមួយសំពៅទោសា។

៣     ទៅចុះប្រុសស្នេហ៍ដែលអូនស្រលាញ់ សុខចិត្តចាញ់ស្នេហា គន្លងមាគ៌ាលាហើយស្នេហាបោកប្រាស់ លាហើយ ស្នេហាបោកប្រាស់។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៧.ចម្រៀង ស្នេហ៍ក្រោមតំណក់ភ្លៀង

១       ក្រោមតំណក់ភ្លៀង សូរសៀងរន្ទះ ហត្ថាត្រជាក់ អូនចាំយ៉ាងច្បាស់ គឺម្ចាស់ស្នេហ៍អូន។

២      មេឃរាំងដីស្ងួត ហួតទាំងចិត្តបង យកទាំងបេះដូង ឲ្យរូបនួនល្អងបំភ្លេច អូនហើយ។

R       ចិត្តប្រែលឿនម៉្លេះថ្លៃ ស្រីនៅនឹកត្រាណត្រើយ ម្តេចឡើយថ្លៃមិនឆ្លើយ ដើរចេញព្រងើយ ឲ្យអូនឈឺចាប់ ប្រាប់ហេតុផលបានទេ? ម្តេចចោលស្នេហ៍ឲ្យស្លាប់ វេហាស៍មិនអួអាប់ ម្តេចត្រូវឈឺចាប់យ៉ាងនេះ ប្រាប់អូនបានទេ?

៣     បងជាអ្នកខុស ដាក់ទោសក្តីស្នេហ៍ មិនធ្លាប់ឡើយប្រែ បំភ្លេចក្តីស្នេហ៍ក្រោមតំណក់ភ្លៀង។

៥       សូមទោសគ្រប់យ៉ាង ត្រូវតែលម្អៀង បងត្រូវដើរវាង សូមកែវនួននាងដាក់ទោសបងចុះ។

R       បំណងនៃបេះដូង ស្រែកប្រាប់បងនៅស្មោះ តែរូបបងមិនខ្ពស់ កិត្តិយសបងរស់ មិនខ្ពស់ស្មើថ្លៃ បំភ្លេចបងចោលចុះ ដូចវេហាស៍បើកថ្ងៃ តំណក់ភ្លៀងអស់ន័យ បំភ្លេចចុះស្រី ក្តីស្នេហ៍នៃយើង ស្នេហ៍ក្រោមតំណក់ភ្លៀង។

(30 10 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៦.ចម្រៀង ស្រណោះដីភ្នំ

១       បេះដូងមួយទុក្ខព្រួយឥតស្បើយ ធម្មជាតិអើយម្តេចឡើយមិនជួយខ្ញុំ ដីភ្នំក្រោម ខ្ទមជួបស្នេហ៍គួរតែឮខ្ញុំយំ ស្នេហ៍ក្រៀមក្រំ គឺខ្ញុំទទួលទុក្ខ។

២      គេឈប់ស្មោះខ្ញុំរស់ម្នាក់ឯង សោកសង្រេងព្រោះគេស្វែងរកសុខ ដីភ្នំ អើយ គេព្រងើយ ថែមទាំងបំភ្លេចមុខ ទ្រូងឈឺចុក ព្រោះប្រុសដាច់អាល័យ។

R       ដីពោធិ៍ ស្រែកថ្ងូរអាសូរខ្ញុំ អនិច្ចា ដីភ្នំក្រៀមក្រំ ទុក្ខសោករីងរៃ ប្រុសក្បត់ចិត្ត ឥតប្រណី ប្រហារស្នេហ៍ស្រី ឲ្យក្ស័យទាំងរស់។

៣     បើនឹងស្លាប់ចោលភពផែនដី ខ្មាសលោកិយស្រីអាស្រូវឈ្មោះ ឱ! ដីភ្នំ អ្នកកុំយំ ខ្ញុំនឹងខំតស៊ូរស់ រឿងស្នេហ៍នោះ លែងគិតស្រណោះនឹកស្តាយ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៥.ចម្រៀង អង្រឹងកំប្លោក

១       ទឹកភ្នែកហូរលើផែនថ្ពាល់ គឺជាសំណល់នៃទុក្ខសោក អាណិតខ្លួនណាស់ ព្រាត់ប្រាស់ រងទុក្ខវិប្បយោគ ឱ! ដើមកំប្លោក ដឹងទេ គេបំភ្លេចខ្ញុំ?

២      ទឹកភ្នែកស្រែកសួរចិន្តា តើថ្ងៃណា ទើបទុក្ខក្រៀមក្រំ រសាត់ផាត់ឆ្ងាយ និរាសចេញពីខ្លួនខ្ញុំ ឬមួយទុក្ខធំ សង្កត់លើខ្ញុំរហូត។

R       កំប្លោកលើដីដែលស្រីកាត់ហាល ក្លាយជាថ្នាលទឹកភ្នែក ឃើញតែអង្រឹងដែលបងធ្លាប់គេង ដំណក់ទឹកភ្នែក រឹតតែស្រក់។

៣     យំព្រោះប្រុសប្រែចិត្តថ្មី បងគ្មានអាល័យ នឹកស្រណោះ ជ្រើសយកស្នេហ៍ថ្មី ភ្លេចស្នេហ៍ភក្តីទាំងអស់ សៀមរាបលែងស្រស់ ក្រៀមក្រោះព្រោះប្រុសក្បត់ចិត្ត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៤.ចម្រៀង ឯណាស្វាមី?

១       ទឹកអើយ សូមជួយឆ្លើយប្រាប់ខ្ញុំ អ្នកកុំបង្ខំ ឆាប់ស្រកធ្វើអ្វី  ឯណាចម្លើយ ម្តេចអ្នកព្រងើយមិនស្តី តើស្វាមី ប្តីខ្ញុំទៅណាបាត់ហើយ?

២      ខ្យល់អើយ ទឹកឥតឆ្លើយតបទេ ឱ! ខ្យល់ទន្លេ អ្នកកុំព្រងើយ ជួយនាំចិត្តស្មោះ ប្រាប់ដល់រូបប្រុសត្រាណត្រើយ ភរិយាខ្នល់ខ្នើយ ចាំកើយភ្លៅប្តី នៅផ្ទះ។

R       ១ថ្ងៃ ១ខែ ស្ទើរតែមួយជីវិត ចិត្តស្នេហ៍មិនអាចយកឈ្នះ  បងនៅតែខឹងចិត្តរឹងមានះ មិនវិលចូលផ្ទះជួបអូន ឬត្រូវតែសូន្យ រឿងបងនិងអូន ក្បូនស្នេហ៍ត្រូវតែបញ្ចប់?។

៣     នេះឬ គឺជាចិត្តបុរស? លែងស្នេហ៍ឈប់ស្មោះស្រណោះក៏ចប់ មានតែទឹកភ្នែក យំយែកលាងចិត្តអភ័ព្វ ស្វាមីមិគាប់ ក្បត់ចិត្តខ្ញុំទៅមានថ្មី។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២៣.ចម្រៀង ជីវិតក្រោមមេឃ

១       កើតមកជាមនុស្សរស់ក្រោមមេឃា សុខទុក្ខវេទនាព្រោះតែតញ្ហា ដឹងដែរថាស្នេហ៍ជួបតែសោកា ហេតុអ្វីចិន្តា ប្រាថ្នាចង់បាន។

២      មនុស្សខ្វាក់ គថ្លង់ ខ្វិនខ្វង់ល្ងង់ខ្លៅ នៅតែធ្លាក់ជ្រៅក្នុងជ្រោះសាមាន្យ ជ្រោះខ្មៅងងឹត ជ្រោះស្នេហ៍តិរច្ឆាន បើទ្រាំមិនបាន ប្រាណនឹងក្សិណក្ស័យ។

R       នេះហើយ ហៅថាជីវិតលោកិយ គ្រប់ជនប្រុសស្រី ត្រូវចៀសឲ្យបាន កុំធ្លោយលង់ចិត្ត ងងឹតដល់ប្រាណ រស់ពុំបានថ្កាន ថែមទាំងអាប់យសគ្រួសារ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២២.ចម្រៀង រស់ដូចននោង

១       ននោងវារតោងលើដើមខ្នុរ មនុស្សផងគិតយល់ខ្វល់អាសូរ ស្រណោះដើមខ្នុរទឹកភ្នែកហូរ ស្លាប់ទាំងជំហរព្រោះននោង។

២      ប្រៀបដូចរូបខ្ញុំខំប្រឹងរស់ ស្រមោលទុក្ខគ្រោះរស់តាមលង ខ្ញុំរស់រាល់ថ្ងៃដូចននោង សំដីអ្នកផងចោទខ្ញុំខុស។

R       ខ្ញុំឥតក្បត់ប្តីមានប្រុសថ្មីឡើយ ទេវតាលោកអើយ ម្តេចដាក់កំហុស ប្តីខ្ញុំឃ្លាតទៅ ខ្ញុំនៅតែស្មោះ រឿងរ៉ាវអាក្រក់ ល្អក់ព្រោះមនុស្សចិត្តឫស្យា។

៣     ឱ! ដើមននោង គ្រងលើខ្នុរ ខ្ញុំដឹងខ្ញុំយល់ ពីចិន្តា អ្នកដូចរូបខ្ញុំរស់ខ្លោចផ្សា ព្រោះពាក្យមុសា ចោទថា ស្រីចិត្តកាកី។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២១.ចម្រៀង មើលគេជំនួសបង

១       អូនត្រឹមបានលួចមើលគេ ជំនួសប្រុសមាសមេ ដែលចិត្តវៀចវេរទៅហើយ ឱ! ខែមេសា បារាយណ៍ទឹកថ្លាខ្ញុំអើយ  ពេលនេះបងបែកទៅហើយ ហេតុអ្វីចម្លើយ ស្នេហ៍ត្រូវប្រេះឆា?។

២      បារាយណ៍ក្លាយជាដីភ្នំ ធ្វើឲ្យរូបអូនយំ ក្រៀមក្រំព្រោះតែស្នេហា ទោះបីខំនឹក បារាយណ៍នឹកខែសីហា មើលគេជំនួសរៀមរ៉ា ក៏ក្តីស្នេហាមិនត្រឡប់ក្រោយ។

R       មានតែច្រៀង ចម្រៀងហៅប្រុសវិលវៃ ទោះស្រែករង្គើទឹកដី ក៏ថ្លៃមិនស្តាយអូនឡើយ ស្តាយដំឡូងក្តៅ ឥឡូវប្រែត្រជាក់ហើយ វិលវិញៗបងអើយ អូនចាំត្រាណត្រើយក្បែរបារាយណ៍នេះ។

៣     មើលគេជំនួសរូបបង ទឹកភ្នែកហូរត្រសង សោហ្មងក្តៅដូចភ្លើងឆេះ ឱរាទុក្ខព្រួយ បេះដូងរលួយរលេះ អនុស្សាត្រូវភ្លើងដុតឆេះ បារាយណ៍ក្លាយជាភ្នំផេះ ក៏អូនចាំបង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

២០.ចម្រៀង នៅស្មោះបង

១       ចិត្តសោកវិលវល់ អំពល់ខ្លោចផ្សា ចិត្តនឹកស្នេហា ដែលព្រាត់ទៅឆ្ងាយអូនចង់បំភ្លេច តែអតីត ទន្រ្ទានកាយ ចិត្តនៅតែស្តាយ ស្នេហ៍ដែលស្មោះ

R       នៅតែៗចង់ចាំ ចាំពាក្យផ្តាំ ចាំពាក្យស្មោះ ទោះពេលនេះប្រែក្រៀមក្រោះ ប្រែអស់តម្លៃ នៅនឹក នៅតែភក្តី ទោះចិត្តប្រុសមិនព្រមប្រណី ក៏ចិត្តស្រី នៅស្មោះដូចដើម បេះដូងស្រីនៅស្មោះដូចដើម ។

(30 04 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៩.ចម្រៀង ចិត្តរលួយ

១       ចិត្តអើយមិនយល់ពីខ្លួនឯង ទុក្ខសោកចំបែងឯកា តើរស់ធ្វើអ្វី រស់ដើម្បីអ្នកណា បរាជ័យស្នេហា វាសនាជាទាសករស្នេហ៍។

២      យំស្រែកទឹកភ្នែកលែងស្រក់ហូរ ថ្ងួចថ្ងូរ មិនអាចប្តូរចិត្តគេ អស់និស្ស័យទៅហើយ នៅឡើយទុក្ខទ្វេ នៅនឹកស្នេហ៍គេ ទោះដឹងដែរស្នេហ៍មិនថយក្រោយ។

R       ចិត្តមួយនេះ ៗ រលួយរលេះអស់ហើយ សល់តែភាពទទេ ដែលគ្មានកោះត្រើយ ចិត្តដែលស្មោះ គឺហួសអស់ទៅហើយ មិនអាចបកក្រោយ ដង្ហោយបានត្រឹមតែឈឺ។ (29 06 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៨.ចម្រៀង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប

១       មើលមេឃ មេឃសែនខ្ពស់ឆ្ងាយ មើលផ្កាយរះឆ្ងាយខ្ពស់សន្លឹម មើចុះផែនដីប្រែស្រអាប់អស់ស្នាមញញឹម ប្រែជាអស់សង្ឃឹម ដូចភ្លៀងរលឹមគ្មានថ្ងៃ។

២      អ្នកមានស្នេហ៍តែងតែយល់ន័យស្នេហា អ្នកជួបស្នេហ៍ប្រេះឆា តែងតែខ្លោចផ្សារីងរៃ ចុះអ្នកចាំ ទន្ទឹងដោយចិត្តភក្តី គ្មានអ្នកយល់អត្ថន័យរស់នៅដើម្បីអ្នកណា?។

R       មានតែផ្កាស្នេហ៍ក្បែរស្ទឹងសៀមរាប ក្រអូបជ្រួតជ្រាប យល់ពីទឹកចិត្តស្នេហា អាសូរអ្នកចាំ ខ្ទេចខ្ទាំឆេះខ្លោចឱរា ចាំលុះសង្ខារ មរណាចាកផ្ការំដួល ចាំម្ចាស់ស្នេហា មរណាចាកផ្ការំដួល។ (03 07 2008)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៧.ចម្រៀង ចិត្តស្មោះ

១       ចិត្តដែលស្មោះចិត្តដែលហួស ចិត្តរបួសនៅក្នុងបេះដូង ចិត្តស្រពោន ពេលគ្មានបង គ្មានបេះដូង តែចិត្តឥតប្រែឡើយ ចិត្តស្នេហាដែល

លោកាដឹងរួចទៅហើយ ចិត្តស្នេហ៍អើយនៅស្មោះថ្លៃ។

R       ឱក្តីស្នេហ៍ នៅតែនឹក នៅតែស្រលាញ់បង

២      អស់សង្ឃឹម ប្រឹងញញឹម ដូចភ្លៀងរលឹម ផ្ទៃមេឃប្រែងងឹតសូន្យ ចិត្តដែលស្មោះចំពោះបង ជាចំណងប៉ងស្រមៃ បេះដូងស្មោះភក្តី នៅតែអាល័យ នៅតែមានតម្លៃលុះក្ស័យសូន្យ ហូ……………

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៦.ចម្រៀង មិនសុខចិត្តស្លាប់

១       ផែនដីធំធេងវែងឆ្ងាយ បេះដូងធ្លុះធ្លាយរបួស សាហាវណាស់ ជាន់ឈ្លីស្នេហ៍ហើយដើរហួស អ្នកដែលរងគ្រោះគឺអូន។

២      បងក្បត់បំផ្លាញស្នេហា តើត្រូវការអ្វីទៀតស្ងួន បើទៅហើយ ម្តេចឡើយតាមបញ្ឈឺអូន ឬចង់ឲ្យអូនសូន្យ ទើបស្កប់ចិន្តា

R       ទោះច្រើនជាងនេះនៃការឈឺចាប់ មិនស្លាប់ចោលលោកា អូននឹងខំថែសង្ខារ ចាំមើលស្នេហារបស់បង។ ទោះច្រើនជាងនេះនៃការឈឺចាប់ មិនសុខចិត្តស្លាប់ឡើយបង ចាំមើលកម្មតបនួនល្អង ទើបអូនស្បើយទុក្ខ គ្មានក្តីសុខ តែអូនមិនសុខចិត្តស្លាប់។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៥.ចម្រៀង តំណក់ទឹកភ្លៀងលើផែនថ្ពាល់

១       រដូវប្រាំងកន្លងហួស ជំនួសដោយវស្សា ធម្មជាតិស្រស់ថ្លា តែចិន្តាសោកអាល័យ ស្នេហ៍អូននិងថ្លៃ ដូចផែនដីងងឹតសូន្យ។

២      ទឹកច្រៀងស្រែកច្រៀងលើថ្ពាល់ កង្វល់ពេញបេះដូង ឆ្ងល់ពីចិត្តបង ម្តេចនួនល្អង ហ៊ានក្បត់ស្នេហ៍ ឬកម្មបុព្វេ ឲ្យងាករេចិត្តពីអូន

R       តំណក់ភ្លៀងលើផែនថ្ពាល់ សំណល់ចុងក្រោយ បានត្រឹម ឈឺបេះដូង ភ្លៀងខ្លាំងយ៉ាងណា ក៏មិនអាច បន្សាប់ទឹកភ្នែកអូន ឲ្យបំភ្លេចបង បានឡើយ។

៣     សូរសៀងភ្លៀងចំអក ចំអកឡកឡឺយឲ្យ ដៀលស្នេហ៍ថ្លោះធ្លោយ ជេរស្តីឲ្យ ស្រីព្រាត់ស្នេហ៍ ខ្មាសធម្មជាតិដែរ តែចិត្តនៅ តែស្នេហ៍បង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៤.ចម្រៀង សម្បទាននៃក្តីស្រលាញ់

១       បេះដូងអន្ធការ ឱរាប្រេះស្រាំ រស់នៅរង់ចាំ រងកម្មទ្រូងរីងរៃ ស្នេហ៍ពេញបេះដូង ស្ថិតក្នុងក្តីស្រមៃ លះបង់គ្រប់អ្វីៗ ដែលស្រីមាន។

២      គ្មានសេសសល់អ្វី ក្ស័យព្រោះស្នេហា មិនធ្លាប់គិតថា សង្ខារត្រូវទន្រ្ទាន លះបង់គ្រប់យ៉ាង ចិត្តស្នេហ៍ដែលស្រីមាន តែប្រុសសាមាន្យ បំផ្លាញស្នេហ៍អូន។

R       សម្បទានដួងចិត្ត ជីវិតលិចលង់សូន្យ សម្បទាននៃក្តីស្នេហ៍អូនងងឹងសូន្យគ្មានតម្លៃ វេលាចុងក្រោយ ទ្រូងឥតស្បើយ សែនខ្មាសផែនដី សម្បទានស្នេហ៍ថ្លៃ សងវិញស្រី បានត្រឹមឈឺចាប់។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១៣.ចម្រៀង ស្រមោលខែ

១       ដែនវេហាស៍សែនខ្ពស់ ហួសឆ្ងាយដែនពសុធា បេះដូងសែនរងា ចុកចាប់ឈឺគ្រាំគ្រា នឹកនាស្នេហ៍អតីត

២      ផ្លូវជីវិតស្នេហ៍អើយ ម្តេចឡើយក៏ងងឹត រស្មីព្រះអាទិត្យ មេ្តចមិនអាសូរចិត្ត បាំងបិទពន្លឺខែ។

R       ឱ! វេហាស៍ស្នេហ៍ ដែលអូនខំថែរក្សា ចិត្តខ្មៅឫស្យា បងដាច់ចិត្ត វាចាប្រហារស្នេហ៍ ឬមួយបងបំភ្លេចចោល ស្រមោលនៃពន្លឺខែ សច្ចា    ស្បថស្បែនឹងគ្នា។

ឱ! ស្នាមញញឹម នៃក្តីសង្ឃឹម ក្នុងជីវិត ប្រែក្រៀមស្វិត គំរាមដួងចិត្ត ឲ្យរស់គ្រាំគ្រា វេទនា ព្រោះស្នេហាក្បត់ចិត្ត វេទនាព្រោះស្នេហាក្បត់ចិត្ត។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១២.ចម្រៀង បេះដូងឈឺចាប់

១       បើចិត្តមិនស្នេហ៍ ហេតុអ្វីនៅតែ បង្ខំរៀបការ នៅទីបញ្ចប់ តើដឹងទេ ថា គឺរូបអ្នកណា ជាអ្នកឈឺចាប់។

២      គឺជារូបកូន កាយរស់ចិត្តសូន្យ ដែលប្រៀបដូចស្លាប់ ព្រោះស្នាមដំបៅ នៃការឈឺចាប់ រស់នៅអួអាប់មិនយល់ស្នេហា។

R       នីសា វិភា គ្រាំគ្រាដួងចិត្ត ដប់ឆ្នាំជីវិត យល់តែសោកា ទុក្ខសោក ព្រោះនឹកមាតាបិតា ចាកចោលអង្គា ទាំងនៅក្មេងវ័យ។

៣     វាសនាកំណត់ ធ្លាប់បែកចាកព្រាត់ វិលជួបជាថ្មី រឹតតែខ្លោចផ្សា ព្រោះយល់អត្ថន័យ ស្នេហាភក្តី ឲ្យរូបប្រុសថ្លៃ និងស្រីឈឺចាប់។

(15 05 2005)

និពន្ធដោយ៖ លាក់ ម៉់ាឡែន

______________________________________________________

១២. ចម្រៀង ចិត្តអាក្រក់

១ អូនដឹង ថាអូនមិនអាចបំភ្លេច ចាំជានិច្ចស្នេហ៍កន្លង តែពេលនេះអូនដឹងខ្លួនថា អូនមិនយល់ចិត្តបង រឿងរ៉ាវកន្លង មិនដឹងបងគិតយ៉ាងណា?

២      ហេតុអ្វី ក៏ថ្លៃដាច់ចិត្តបំភ្លេច? ម្តេចវរមិត្រឥតមេត្តា បើមិនស្នេហ៍ គួរតែប្រាប់ឲ្យ អូនយល់ពីចិត្តរៀមរ៉ា ទោះឈឺផ្សា ក៏អូនអស់ចិន្តាដែរថ្លៃ។

R       ចិត្តអាក្រក់ គម្រក់ឃោរឃៅ បើឃ្លាតទៅ គួរណាស់នៅនឹកអាល័យ  ហេតុអ្វីបាត់សូន្យ ឲ្យអូនរីងរៃ ចិត្តអាក្រក់ម្ល៉េះថ្លៃ ឬមួយចរណៃគ្មាន បេះដូង

៣     លាហើយ បើស្ងួនពិតជាដាច់ចិត្ត អូននឹងខំបំភ្លេចបង ទ្រាំឈឺចាប់ ឲ្យតែអាចកាត់ផ្តាច់ស្នេហ៍ចេញពីនួនល្អង ទោះត្រូវស្លាប់ខ្លួន ត្រូវតែបំភ្លេចរូបថ្លៃ។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១១. ចម្រៀង  ស្អប់អតីត

១ អនុស្សាវរីយ៍ញាំញីបេះដូង អាសូរដើមទ្រូងឈឺរូងផ្សាក្តៅ អតីតល្អូកល្អឺន តែប្រែជាស្នាមដំបៅ លាក់កប់យ៉ាងជ្រៅ ក្លាយជារណ្តៅ ទុក្ខ។

២ មិនធ្លាប់គិតថា ប្រាថ្នាចិត្តស្អប់ តែទីបញ្ចប់ រលុបក្តីសុខ អតីតចង្រៃ ព្រៃផ្សៃក្លាយជាកោះគុក ទុក្ខរាប់ម៉ឺនទុក្ខ គ្មានទេក្តីសុខជាតិនេះ។

R  ខ្លាចហើយ សៀមរាបអើយ អ្នកដឹងទេ? បេះដូងស្នេហ៍ មានតែស្នាមប្រេះ ភពស្នេហ៍រញ្ជួយទុក្ខព្រួយរលួយរលេះ ឆេះរាលក្តៅរោល ឱរ៉ា ឈឺផ្សា ហា…………..ព្រោះបង។

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

១០. ចម្រៀង   ស្រលាញ់អតីត

១       សេចក្តីស្រលាញ់ រងទុក្ខទោម្នេញព្រោះពេលវេលា បំបែកឲ្យឃ្លាតឃ្លារស់វេទនា សែនឈឺបេះដូង។

២      ស្នេហ៍ទើបចាប់ផ្តើម សំណើមជីវិត ដួងចិត្តសៅហ្មង កម្មទាញឆក់បេះដូង យកស្នេហ៍ពីដើមទ្រូងអូនទៅ ស្នេហាកប់ជ្រៅក្នុងជម្រៅចិត្ត

R       ជីវិតអតីតមានស្លាកស្នាម ឈាមស្នេហ៍ដិតដាមជីវិត មេឃខ្មៅងងឹត អតីតស្នេហ៍នៅទីណា នៅទីណា? ស្នេហារបស់អូន បាត់សូន្យ រូបអូនឯកា អនុស្សា ស្នេហាពេញបេះដូង។ (18 05 05)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៩. ចម្រៀង   ស្តាយអតីត

១       ស្រមោលបេះដូង តាមលងដួងចិត្ត ដួងជីវិតគ្រាំគ្រា បើរស់ឱបវេលាគ្រាអតីត ជីវិតឥតន័យ គ្មានសេសសល់អ្វី ក្រៅពីបេះដូងដែលទទេ

២      ស្រណោះបេះដូង នឹកស្នេហ៍ដំបូង ទ្រូងចុកចាប់ឈឺផ្សាម៉្លេះទេ ទោះប្រឹងភ្លេចអតីត តែចិត្តនឹកគេ ឈឺចាប់ម៉្លេះទេ ចិត្តនៅតែនឹកស្នេហ៍ ដែលបានត្រឹមតែនឹក នឹកគិត។

R       ឱបបេះដូង ឱបទ្រូងដែលឈឺខ្ទាំខ្ទេច ផ្លូវជីវិត ប្រែប្រួលងងឹតអស់ហើយសួរវេហាស៍ វេហាស៍ក៏គ្មានចម្លើយ ឱ! ដីអើយ អាចឆ្លើយជំនួសបានទេ? ខំស្រលាញ់គេ ប៉ុន្តែរូបគេ មិនយល់។

ស្មានមិនដល់ ថាខ្វល់ ព្រោះស្តាយអតីត។(2005)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៨. ចម្រៀង   រង់ចាំអតីត

១.        សម្លឹងទៅវេហាស៍នៅដ៏សែនខ្ពស់ ទន្ទិញឈ្មោះហៅរកព្រលឹង បេះដូង ទន្ទឹង ចាំព្រលឹងរាល់ថ្ងៃ តើព្រោះហេតុអ្វី តើហេតុអ្វីក៏បាត់ឈឹង? ឬមួយបងខឹងបំភ្លេចអនុស្សា។

២.       សល់តែស្រមោលតែលតោលបន្លាចជីវិត នឹកអតីតបេះដូងឈឺផ្សារ ដួងចិត្តស្នេហា តែវាសនាមិនដល់ ទ្រូងសែនកង្វល់ ទ្រូងកង្វល់ពេញ សែនឯកា ឱ! ប្រុសរៀមរ៉ា ម្តេចជីវាក្បត់អូន?

R.      សម្រែកបេះដូង ស្រែកហៅរឿងកន្លង ដង្ហោយហៅបង ឲ្យវិលវិញ វិលមកណាបង មករកអូន ទៅអតីតសូន្យក៏អូនចាំ បេះដូងប្រេះស្រាំ ចាំបងរហូត។ (2005)

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៧. ចម្រៀង   ដើម្បីអ្នកណា?

១.      ដើម្បីអ្នកណា? ដើម្បីសង្សារ ដើម្បីគ្រួសារ ឬដើម្បីខ្លួនឯង? ហេតុអ្វីក្តីស្នេហា ក្លាយជាស្រាំប្រេះ ចិត្តស្មោះមានះ មិនអាចយកឈ្នះខ្លួនឯង ស្នេហាខ្ញុំត្រូវវង្វេង រស់ម្នាក់ឯង កណ្តាលទ្វីបលោក។

២.     តើខ្ញុំរស់នៅ ដើម្បីអ្នកណា ដើម្បីគ្រួសារ ឬស្នេហាទុក្ខសោក បើខ្ញុំជ្រើសរើសគេ គ្រួសារប្រែជាវិប្បយោគ សំណោកស្នេហ៍ប្រែជា      ឃោរឃៅ។

៣.     លាហើយក្តីស្នេហា គ្រួសារកក់ក្តៅ ខ្ញុំលាលែងនៅ មិនរស់កណ្តាលអ្នកឡើយ។ ដើម្បីអ្នកណា? ដើម្បីសង្សារ ដើម្បីគ្រួសារ ឬដើម្បីខ្លួនឯង?

សៀមរាប ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៦. ចម្រៀង   កុំទុកអូននៅឯកា

១.      កុំទៅណាចោលអូនបានទេ សូមមាសមេ កុំចោលអូនបានទេពៅ អូនរង់ចាំបង គឺចាំក្បែរផ្លូវ ចាំប្រុសពៅមិនទៅណា។

២.     បងក៏ដឹងថាអូនស្នេហ៍នួនល្អង គ្មានរូបបងមិនអាចកំដរលោកា តើអ្វីធ្វើឲ្យបងភ្លេចស្នេហា អនុស្សា ប្រែសាបសូន្យ។

R.      កុំចោលអូនអី បានទេប្រុសស្ងួន បេះដូងអូនអង្វរបង គឺរូបអូនមិនអាចភ្លេចនួនល្អ ឲ្យស្រឡះពីបេះដូងទេថ្លៃ ងាកក្រោយបន្តិចបានទេប្រុសស្ងួន ងាកមើលទឹកភ្នែករីងរៃ ទឹកអាល័យថ្លៃរៀមរ៉ា ម្តេចក៏ចិត្តស្នេហាប្រែឃោរឃៅ

៣.     ហូរៗៗៗៗៗៗៗៗៗៗ

សៀមរាប ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១

និពន្ធដោយ៖ លាក់ ម៉ាឡែន

______________________________________________________

៥. ចម្រៀង   ស្នាមញញឹម!

១.      ញញឹម ញញឹម ញញឹមដើម្បីអ្នកណា? ដើម្បីខ្លួនឯងដើម្បីគ្រួសារដើម្បីម នុស្សក្នុងលោកាយើងនេះ។

២.     ទួញយំ បើក្រៀមក្រំ ក្រៀមក្រំ ដើម្បីអ្នកណា? ឬព្រោះខ្លួនឯង ធ្វើឲ្យគ្រួសារ ធ្វើឲ្យមនុស្សក្នុងលោកាសោកសៅ។

បន្ទរ.  សូមទោសផង រឿងកន្លង កំហុសឆ្គង ដែលរូបខ្ញុំផ្តល់ទៅ ខ្ញុំនឹងខំតស៊ូរស់នៅ ញញឹមទៅរកអ្នកទាំងអស់គ្នា។

ញញឹមទៅ    ញញឹមទៅ    ញញឹមទៅ   កុំនៅរួញរា ស្នាម ញញឹមជួយយើងគ្រប់គ្រា    ឲ្យពុះពារឈ្នះឧបសគ្គ។   ស្នាម ញញឹមជួយយើងគ្រប់គ្រា ឲ្យពុះពារ ឈ្នះវេលាឈឺចាប់។

សៀមរាប ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១

និពន្ធដោយ៖ លាក់ ម៉ាឡែន

________________________________________________________

៤. ចម្រៀង   ស្រមោលស្នេហ៍អូន

១.      ចម្រៀងមួយបទ បងតែងពីរឆ្នាំ គឺតែងរង់ចាំរូបស្រស់និមល គ្មានសង្ឃឹមឡើយ ថាអូននឹងអាចបានយល់ ចម្រៀងរយខ្វល់សែនរុះរោយ។

២.     បងមិនអាចឃាត់អូន បានត្រឹមមើលស្ងួនចាកចេញទៅ ចង់ដង្ហោយស្រែក តែមិនអាចឃាត់ពៅ ឲ្យនៅបាន បងបានត្រឹមចាំស្រីក្នុងបេះដូង ក្នុងចិត្តស្រពោនវិលវល់។

៣.     ចម្រៀងមួយបទ បងតែងពីរឆ្នាំ គឺរស់រង់ចាំក្នុងទុក្ខកង្វល់ គ្មានសង្ឃឹមឡើយ ថាអាចបានជួបនិមល បេះដូងសេសសល់តែស្រមោល ស្រមោលស្នេហ៍អូន។

និពន្ធដោយ៖ លាក់ ម៉ាឡែន

________________________________________________________

៣. ចម្រៀង   ហេតុអ្វីបងរឹតតែស្រលាញ់អូន

១.គ្រប់យ៉ាងមិនអាចគ្មានអូនហេតុអ្វីក៏ប្រែស្រពោនយ៉ាងនេះ ហេតុអ្វីបងមិនអាចគេចវេះចេញពីត្រាណត្រើយ រឹតតែស្រលាញ់អូន ទោះបេះដូងចង់ស្រឡប់ក្រោយ ចិត្តស្នេហ៍ហួសទៅហើយត្រាណត្រើយសងចិត្តបងវិញ។

២.     បងចង់គេចចេញពីអូន ហេតុអ្វីក៏ចិត្តស្រពោនទោម្នេញ ហេតុអ្វីបងមិនអាចដើរចេញពីនិមល ស្រលាញ់តែម្នាក់ឯង ឈ្លក់វង្វេងក៏គ្មានអ្នកខ្វល់ នេះឬទុក្ខកង្វល់ដែលបងត្រូវខ្វល់ព្រោះស្នេហ៍អូន។

R.      សូមទោសគ្រប់យ៉ាង ប្រុសម្នាក់នេះមិនអាចភ្លេចស្ងួន លួចស្រលាញ់រូបអូន ជួបជួនក្នុងសុបិន ភ្ញាក់ឡើងដឹងហើយថា បានត្រឹមសោកា        ទោម្នេញ ក្តីស្រលាញ់មិនអាចជួប ក្តីស្រលាញ់ បងមិនអាចជួបអូន។

សៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១

និពន្ធដោយ៖ លាក់ ម៉ាឡែន

________________________________________________________

២. ចម្រៀង   បេះដូងពិត

១.      អារម្មណ៍ពិត បេះដូងពិត នៅក្នុងចិត្តយើងតែមួយ ឆន្ទៈដុះចេញជាត្រួយ ជួយចិត្តឲ្យមានរស្មី យើងសាមគ្គីគ្នា កៀកស្មាដើរលើវិថី ដើម្បីរស្មីខេមរា។

២.     បទភ្លេងថ្មី ចេញពីដៃ ពីដួងចៃអារម្មណ៍ពិត យុវជនខ្មែរមានគំនិត បេះដូងពិតចិត្តស្នេហា ប្រឹងប្រែងជួយគ្នា កៀកស្មាដើរលើលោកា សាងជាតិខេមរាឲ្យ    រឹងមាំ។

R.      ជួយគាំទ្រ បទភ្លេងថ្មី ទំនុកថ្មីរបស់យើង សូមកុំរើសអើង ជួយយើងឲ្យរឹងមាំ កម្លាំងចិត្តអ្នក គឺបានផ្តល់នូវអារម្មណ៍ បេះដូងពិតខ្ញុំ មានរស្មី។

កម្លាំងចិត្តអ្នក គឺបានផ្តល់នូវអារម្មណ៍ បេះដូងពិតខ្ញុំ មានរស្មី។

                             សៀមរាប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១

និពន្ធដោយ៖  លាក់ ម៉ាឡែន

________________________________________________________

១.ចម្រៀង ឡាំងដាណេត

ឡាំងដាណេត ជាឈ្មោះនិស្សិតម្នាក់ ដែលកំពុងតែសិក្សានៅប្រទេសថៃ។ បទនេះ និយាយអំពីទឹកចិត្តនឹករលឹក និងក្តីស្រលាញ់ ចំពោះមាតុភូមិខ្លួន ទោះបីទៅដល់ទីណាក៏ដោយ។

ឡាំងដាណេត

  1. ឡាំង ដាណេត ប្រហែលជាឈ្មោះ មិត្តភ័ក្តរបស់ខ្ញុំ ព្រោះស្រុកកំណើតរបស់គេនៅ ភូមិពោធិអ៊ុន ឃុំស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ខ្ញុំបានបែកពីគេកាលពីឆ្នាំ ២០០៦ ក្រោយពីពួកយើងបាន បញ្ចប់ថ្នាក់វិទ្យាល័យ។ ខ្ញុំគ្រាន់តែដឹងដំណឹងថាគេ​បានជាប់អាហាររូបករណ៍ទៅប្រទេសថៃ ២០១២។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: