ប្រលោមលោក “បេះដូងកវី”

រឿងដែលធ្វើឱ្យខ្ញុំមានជំនឿចិត្តថា ខ្ញុំក្លាយជាអ្នកនិពន្ធពិតប្រាកដ

រឿងដែលធ្វើឱ្យខ្ញុំមានជំនឿចិត្តថា ខ្ញុំក្លាយជាអ្នកនិពន្ធពិតប្រាកដ

អារម្ភកថា

          តន្រ្តីអាចធ្វើឲ្យចិត្តមនុស្សលន្លង់លន្លោចខ្លោចចិត្ត ស្រក់ទឹកភ្នែក ពុះ​​​​​កញ្ជ្រោ​ល និង​សោកសៅ តែផ្ទុយទៅវិញ វាក៏អាចធ្វើឲ្យមនុស្ស ញញឹម​និងមាន​សេចក្តី​សង្ឃឹម​ក្នុងជីវិតផងដែរ។ តើអ្វីទៅទើបធ្វើឲ្យអ្នកស្តាប់មាន​អារម្មណ៍​​បែបនេះ?

អ្នកស្តាប់ឈឺចាប់ អ្នកស្តាប់រីករាយ តែពេលខ្លះអ្នកស្តាប់គឺធុញទ្រាន់។ ជា​ការ​ពិត​​​​ណាស់ បទភ្លេងដែលបង្ហាញពីអារម្មណ៍ទាំងនេះ ឆ្លុះបញ្ចាំងពីកវីនិពន្ធ​ ដែល​សម្រិតសម្រាំង​​​​ធ្វើវាឡើងពីអារម្មណ៍ពិត បេះដូងពិត ពុំមែនគិតតែពីផល​ប្រយោជន៍ ផ្ទាល់​ខ្លួន​នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ តើមានកវីនិពន្ធប៉ុន្មាននាក់ ដែល​ស្គាល់ពី អារម្មណ៍ពិត បេះដូង​ពិត? តើអារម្មណ៍ពិត បេះដូងពិតនេះ អាចប្តូរនឹង​បញ្ហាក្រពះ​បាន​ដែរឬទេ? និយាយ​ដល់ត្រង់នេះ វាជាបញ្ហាឈឺចាប់ខ្លាំងណាស់ ពីព្រោះសិល្បៈ​ចម្រៀង​យើង​សព្វថ្ងៃ កុំថាឡើយបទភ្លេង សូម្បីតែទំនុកច្រៀង​មួយចំនួន ក៏យើងប្រែ​ចេញពីគេ​មក​ដែរ។ ខ្ញុំតែងសួរខ្លួនឯងថា យើងពិតជាមិន​អាចធ្វើបានមែនអ្ហេ? ឬមួយ​មកពីយើងមិន​នាំគ្នា​ធ្វើ? ខ្ញុំជឿថាអ្នកស្តាប់នឹងព្រម​ស្តាប់នូវអ្វីដែលយើងមាន ហេតុអ្វី​ក៏​យើងមិននាំគ្នា​ដើរមួយជំហានទាំងអស់គ្នាទៅ ឲ្យសមនឹងពាក្យមួយឃ្លាដែល​និយាយ​​​ថា កម្ពុជា​ ជា​ព្រះរាជា​​ណាចក្រអច្ឆរិយ

        គ្រាន់តែនិយាយហាក់ដូចជាស្រួលណាស់ តែក៏ដឹងច្បាស់ថាធ្វើ គឺពិតជា​ពិបាក។ ការនិពន្ធបទភ្លេង មិនងាយស្រួលដូចជាតែងកំណាព្យនោះទេ វាត្រូវពឹង​ផ្អែក​យ៉ាងខ្លាំងក្លា​ទៅលើឧបនិស្ស័យដែលមានពីធម្មជាតិមករបស់កវីនោះ តែ​បើ​យើង​ក្រឡេក​​ទៅមើល​ពិភព​លោកជុំវិញខ្លួនយើងនោះ ហេតុអ្វីក៏គេអាចធ្វើ​បាន? ចម្រៀង​កូរ៉េ និងចិនត្រូវបាន​ពេញនិយមនិងចម្លងតាមយ៉ាងខ្លាំងក្លានៅ​កម្ពុជា នេះមិន​និយាយ​​ដល់ក្បាច់រាំផង។ តើ​មាន​​អ្នក​ស្តាប់ប៉ុន្មាននាក់ ដែលចាប់​អារម្មណ៍ពីបញ្ហា​នេះ? ខ្ញុំជឿថា មិនច្រើន ប៉ុន្តែក៏​មិនតិច​ដែរ។

រឿង​បេះដូងកវី បង្ហាញពីជីវិតក្មេងស្រីម្នាក់ ដែលជាកម្មករ​សម្អាតផ្លូវ​សាធារណៈ នាងមិនចេះអក្សរភ្លេង ហើយក៏ពុំធ្លាប់ចូលសាលាសិល្បៈអ្វីដែរ តែនាង​មាន​​​ឧបនិស្ស័យ​ជា​អ្នកនិពន្ធបទភ្លេង​ និងទំនុកច្រៀងដែលមិនគួរឲ្យជឿ។ ពិសេស​លើស​​​នេះទៅទៀត នាង​មានសមត្ថភាពជំនាញពីកំណើតមក នោះគឺនាង អាចធ្វើ​សំឡេង​របស់នាង ជា​មនុស្ស​​ស្រីក៏បាន ជាមនុស្សប្រុសក៏បាន។

ខ្ញុំជឿថា រឿងនេះ នឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងមានភាព​កក់ក្តៅ​ព្រម​​ទទួលយកអ្វីដែលយើងមាន ហើយជឿជាក់លើអ្វី​ ដែលយើងអាចធ្វើ​បាន ដោយ​មិន​ចាំបាច់​លួច​ចម្លងរបស់គេនោះទេ។ យើងគួរតែចាប់ផ្តើមធ្វើ​ទាំង​អស់គ្នាចាប់​ពី​ពេល​​នេះទៅ ដើម្បីឈានជើងចូលក្នុងទីផ្សារអន្តរជាតិ និងឲ្យ​ពិភពលោក​ទទួល​ស្គាល់​យើង។                                                                        លាក់ ម៉ាឡែន

ផ្តើមរឿង

          រសៀលជ្រាលជ្រេថ្ងៃទេរលិចបាត់ តែផែនដីពុំទាន់ងងឹតស្លុបនៅឡើយទេ នៅ​តាម​​​បណ្តោយផ្លូវផ្សារចាស់នាក្រុងសៀមរាបពោរពេញទៅដោយមនុស្ស​ពោរពាស។ បើយើងក្រឡេកមើលទៅតាមបណ្តោយស្ទឹងវិញ គឺរឹតតែប្លែក​ភ្នែកថែមទៀត ព្រោះ​នៅ​​​​​​ទី​​នោះហាក់ដូចជាសួនកម្សាន្តប្រកបដោយក្លិនក្រអូប​សាយនៃផ្ការំដួល។ ទន្ទឹម​នឹង​​​នោះ​គេក្រឡេកឃើញមានយុវវ័យមួយគូ ដែលម្នាក់ គឺដឹងច្បាស់ថាជាយុវតី តែម្នាក់ទៀត ហាក់​ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ព្រោះតែមិនអាច​និយាយ​បាន​ថា គេជាប្រុស​ឬស្រី? យុវវ័យទាំងពីរជជែកគ្នាយ៉ាង​សប្បាយរីករាយ ហើយក៏ពុំ​បាន​​គិតខ្វល់ពីអ្នកដែល​នៅ​​​​​​​​​​​​ជុំវិញ​​​​​ខ្លួនឡើយ។ ជាមួយ​គ្នានោះ គឺមានយុវជន​ម្នាក់​កំពុង​អង្គុយនៅលើបង់កៅអី ពីក្រោយ​ពួកនាងដែល​អង្គុយនៅច្រាំងស្ទឹង។

-នេះឯងច្រៀងចម្រៀងរបស់សំនៀង ពិចិត្រទៀតហើយអ្ហេ?

-យ៉ាងម៉េចច្រៀងមិនបានទេអ្ហ៊ៃ? គាត់ជានិមិត្តរូបរបស់ខ្ញុំណា

-គាំទ្រណាស់ហ្ន៎

-ត្រូវហើយ! មិនដូចជាឯងទេ តារាចម្រៀងដូចជាបងពិចិត្រ​ ទាំងរូបសម្ផស្ស ទាំងសំឡេង ថែមទាំងវ័យក្មេងទៀត ឯងគិតថា នៅមិនទាន់មាន​គុណសម្បត្តិ​​គ្រប់​គ្រាន់សម្រាប់ទស្សនិកជនទៀតអ្ហេ ឯងមិនគិតថា ឯង​តម្រូវការខ្ពស់ពេក​ទេ​អ្ហេ?

-ត្រូវហើយ! បងពិចិត្រឯង គឺមានគុណសម្បត្តិគ្រប់គ្រាន់ទាំងអស់ តែគេខ្វះ ម្យ៉ាង គឺខ្វះរបស់ដែលជាកម្មសិទ្ធិខ្លួន

-ស្អីគេ?

-ឯងគិតទៅមើល គេជាអ្នកចម្រៀងល្បី និងមានប្រជាប្រិយភាពបំផុតនៅ​ប្រទេស​​​យើង ប៉ុន្តែសូម្បីតែបទចម្រៀងមួយបទ ដែលជាកម្មសិទ្ធិរបស់ខ្លួន ក៏​គេ​​គ្មានដែរ ខ្ញុំគិតថា គេដូចជាអន់ពេកហើយ អន់ជាងខ្ញុំទៅទៀត

-ហាស់ៗ!​ឯងយកអ្នកចម្រៀងល្បីមកប្រៀបធៀបនឹងកម្មករសម្អាតផ្លូវ​សាធារណៈ​​​​ដូចជាឯងអ៊ីចឹង មិនហួសហេតុពេកទេអ្ហេ?

-មានអីហួសហេតុ ឯងគិតថាខ្ញុំ និយាយខុសអ្ហេ ឯងគិតទៅមើល ជាក់ស្តែង​ដូចជាបទដែលឯងច្រៀងអម្បាញ់មិញ ឯងដឹងចម្លងចេញមកពីណាទេ បទ​ភ្លេង​​ចម្លង​​​ទាំងស្រុងពីប្រទេសកូរ៉េ គឺបទ I will promise you ចំណែកបទ មួយ​ទៀត​ដែលឯងច្រៀងពីពីរថ្ងៃមុនគឺបទ To night ជាចម្រៀង​របស់ចិន និង​បទ​មួយទៀត ឆាន់យ៉ាកហួចៃធើ គឺចម្លងពីប្រទេសថៃ ហើយ​នៅមានជាច្រើន​​ទៀត គឺសុទ្ធតែចម្លងទាំងអស់      ឯងគិតទៅមើលអ្នក​ចម្រៀង​ល្បីនៅ​ប្រទេស

​​​​យើងគឺអ៊ីចឹងអ្ហេ ដូចជាធ្វើឲ្យខ្ញុំអស់សង្ឃឹមពេក​ហើយ

-ជ្រិញណាស់! អ៊ីចឹង ឯងមិនទៅតែងបទភ្លេងថ្មីឲ្យគេច្រៀងទៅ

-ទៅតើ បើសិនជាគេទទួលយកខ្ញុំ

-និយាយអ៊ីចឹង ឯងនៅតែជាអ្នកនិពន្ធស្រមើស្រមៃនៅតាមចិញ្ចើមផ្លូវ​ដដែល​ហ្នឹង

-មិនដឹងធ្វើម៉េចទេ! ប៉ុន្តែខ្ញុំសួរឯងន្តិចចុះ ឯងគ្រាន់តែឆ្លើយថា គួរឬមិន​គួរ​បាន​ហើយ

-និយាយមក!

-អ្នកចម្រៀងឯទៀតមិននិយាយ សំដៅតែទៅលើលោកសំនៀង ពិចិត្រ ខ្ញុំ​គិតថា កិត្តិស័ព្ទរបស់គាត់ គឺល្បីទូទាំងប្រទេសហើយ ហើយក៏គិតថា គាត់​ក៏ប្រហែល​ជារកលុយបានច្រើនដែរ ម្យ៉ាងទៀតអក្សរភ្លេងគាត់ក៏ចេះ គាត់​គួរតែលះបង់​ពេលវេលា និងឱកាសលុយទាំងអស់នោះខ្លះ ប្រមូលតន្រ្តីករ និងអ្នកនិពន្ធមក​សរសេ​រ​​បទភ្លេងដោយខ្លួនឯង ធ្វើជារបស់ខ្លួនឯង ដើម្បី ឈានជើងចូល​ក្នុងទីផ្សារ​អន្តរជាតិ ដូចជាប្រទេសកូរ៉េ ចិន ថៃជាដើម ហើយពិសេសនោះ នៅពេល​ដែលគាត់ស្លាប់ទៅ គេនឹងនៅចងចាំគាត់ ដូចជាលោកតាស៊ិន ស៊ីសាមុត អ៊ីចឹង តើ​ឯងគិតថា គាត់គួរតែធ្វើទេ?

-និយាយដូចជាឯងក៏ត្រូវដែរ ប៉ុន្តែតើមានប៉ុន្មាននាក់ដែលគិតដូចជាឯង​នោះ? ឥឡូវ​ខ្ញុំសួរឯង បើសិនជាពេលនេះ ឯងបានជួបនឹងគាត់ តើឯងហ៊ាន​និយាយជា​មួយគាត់ពីបញ្ហានេះទេ?

-មុខខ្ញុំគេមិនមើលផង កុំថាឡើយដល់និយាយនោះ

-អ៊ីចឹងអត់បានការដដែល

-តោះពួកយើងទៅផ្ទះទៅ

វគ្គ១                    ស្វែងរកកវីវ័យក្មេង

រាជធានីភ្នំពេញ

          ក្រោយពីការប្រគុំតន្រ្តីមួយយ៉ាងធំនៅកោះពេជ្រ តារាចម្រៀងល្បីវ័យក្មេង សំនៀង ពិចិត្រ កំពុងតែដើរប្រដេញជជែកគ្នាជាមួយនឹងជំនួយការរបស់ខ្លួន ហាក់​ពុំ​ចុះសម្រុងគ្នាទាល់តែសោះ។ ចូលទៅដល់បន្ទប់ថតសំឡេងលោក សុវណ្ណ ជា​ជំនួយ​​​ការផ្ទាល់របស់​យុវជនបន្លឺ៖

-ឈប់សិន! ……..តើឯងស្តាប់បងនិយាយសិនបានទេ? ឯងដឹងថា ឯងកំពុង​តែ​ធ្វើ​អី​ទេ? សំដីក្មេងតាមចិញ្ចើមថ្នល់ម្នាក់ ក៏ឯងយកមកគិតដែរអ្ហេ?

-តែខ្ញុំគិតថា ខ្ញុំដូចជាក្មេងប្រុសម្នាក់នោះនិយាយអ៊ីចឹង ហើយក៏ប្រហែល​ជា​ចំណុច​នេះហើយ ដែលប៉ាខ្ញុំមិនពេញចិត្តឲ្យខ្ញុំធ្វើជាអ្នកចម្រៀង

-ឯងកុំគិតផ្តេសផ្តាសបានទេ ប្រទេសយើងគឺអ៊ីចឹង បើឯងមិនធ្វើអ៊ីចឹង ឯង​រត់មិនទាន់គេទេ

-តែដល់ពេលហើយដែលខ្ញុំមិនចង់ធ្វើអ៊ីចឹងតទៅទៀត ខ្ញុំមិនចង់ធ្វើឲ្យ សូម្បីតែ​ក្មេង​​កម្មករសម្អាតផ្លូវក៏អស់សង្ឃឹម និងគ្មានជំនឿចិត្តមកលើ​ខ្ញុំដែរ

-តែឯងមានជំនឿចិត្តទេ ថាឯងអាចធ្វើបានជោគជ័យ

-ទោះបរាជ័យ ក៏ខ្ញុំត្រូវតែធ្វើដែរ

-ឯងឆ្កួតហើយ!

-ពួកឯងជជែកគ្នារឿងអី?

លោកប្រាក់ នាគ ជាចាងហ្វាងផលិតកម្មនាគ ទេព ហើយក៏ជាផលិតករ​ផង​ដែរ។ បន្ទាប់ពីឃើញសំនៀង ពិចិត្រ និងជំនួយការជជែកគ្នា លោកក៏ហៅ​អ្នក​​ទាំងពីរ​ចូល​​ទៅ​បន្ទប់ធ្វើការរបស់ខ្លួន៖

-ពួកឯងមានរឿងអី ទើបជជែកគ្នាខ្លាំងៗយ៉ាងនេះ?

-ពួកខ្ញុំគ្មានរឿងអីធំដុំទេ លោកចាងហ្វាង

-ខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោក

-តើឯងចង់ធ្វើស្អី?

-និយាយទៅ!

-ខ្ញុំមិនចង់ច្រៀងបទដែលចម្លងពីបរទេសទៀតទេ​ ដូចនេះ ខ្ញុំសុំច្បាប់​លោក​សម្រាកមួយរយៈដើម្បីសរសេរបទភ្លេងថ្មីដោយខ្លួនឯង

-លោកចាងហ្វាងកុំស្តាប់គេអី គេគ្រាន់តែ……….

-និយាយតទៅទៀត

-ខ្ញុំបានរើសកន្លែងរួចហើយ ខ្ញុំនឹងទៅខេត្តសៀមរាបរកក្មេងប្រុសម្នាក់​ដែល​​មាន​​​ឧបនិស្ស័យក្នុងការធ្វើបទភ្លេង និងនិពន្ធទំនុកច្រៀងឲ្យមកធ្វើ​ការជា​មួយ

-មានជំនឿចិត្តទេ?

-មាន!

-អ៊ីចឹង តើឯងមានត្រូវការអ្វីខ្លះទេពីក្រុមហ៊ុន?

-មិនត្រូវការទេ? ឲ្យតែលោកយល់ព្រមឲ្យខ្ញុំទៅ

-បេះដូងខ្មែរមានពិតប្រាកដហើយ ឯងទៅចុះ

-អរគុណលោកចាងហ្វាង

-ប៉ុន្តែខ្ញុំឲ្យពេលឯងបីខែ ជោគជ័យ​ក៏ដោយ​ បរាជ័យក៏​ដោយ បីខែក្រោយ ឯង​ត្រូវ​ត្រឡប់មកផលិតកម្មខ្ញុំវិញ

-បាទទាន!

-សុវណ្ណ! ឯងចង់នៅទីនេះក៏បាន ចង់ទៅជាមួយពិចិត្រក៏បាន ខ្ញុំមិនថាអីទេ

-អរគុណលោកចាងហ្វាង…….គេធ្វើម៉េចនឹងអាចអត់ខ្ញុំបាន ខ្ញុំទៅជាមួយគេ​ចុះ

-អរគុណបង!

-ឯងគិតទៅអង្កាល់?

-បាទគឺស្អែកនេះ

ខេត្តសៀមរាប

គ្រាន់តែឃើញផ្ទះដ៏តូច ហើយហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ សុវណ្ណ​បន្លឺ​៖

-នេះជាផ្ទះ ឬក៏ជាខ្ទម ហេតុអីក៏យើងត្រូវមកនៅកន្លែងនេះទៅវិញ?

-ផ្ទះឬខ្ទមគឺវាដូចគ្នាទេ ក្រែងយើងមកសម្រាក មកលាក់ខ្លួនតើ ត្រូវ​តែ​នៅ​ផ្ទះ​បែប​​នេះឯង

-ឱ! ​អ្នកចម្រៀងដ៏សែនល្បីអើយ លោកមិនគិតថា កម្សត់ខ្លួនពេក​ទេអ្ហ៊ៃ?

-បងឈប់និយាយទៅ យ៉ាងណាក៏ពួកយើងត្រូវនៅទីនេះដែរ ឆាប់​ចូល​ទៅ

ជាការពិតណាស់ ផ្ទះគឺតូចមែន ប៉ុន្តែចូលដល់ក្នុង គឺមានរបៀប​រៀបរយ​ខ្លាំង​ណាស់ មានឧបករណ៍ភ្លេង មានបន្ទប់ថតសំឡេងដ៏តូចមួយ ​និងមានគ្រែ​សម្រាប់​គេង​ពីរ ព្រមទាំងបន្ទប់ទឹកផងដែរ។  សុវណ្ណលាន់មាន់សារជាថ្មី៖

-អូហូ! មិនអន់ឯណា ម៉ាស៊ីនត្រជាក់ទៀត

-យ៉ាងម៉េច បងថាជាខ្ទមឬផ្ទះ?

-ប្រាកដជាផ្ទះហើយ ចាត់ទុកថាឯងគ្រាន់បើ…….អ្ហើយ! ទៅគេងសិន!

សុវណ្ណរត់ទៅគេងលើគ្រែ ហើយនិយាយ៖

-នេះពិតជាចង់ទៅរកក្មេងប្រុសនោះមែនអ្ហេ?

-ត្រូវហើយ!

-ទៅរកគេនៅឯណា?

-តាមផ្លូវដែលជួបគេពីថ្ងៃមុន

-ឯងគិតទៅចាំគេរៀងរាល់ថ្ងៃអ្ហេ?

-គេជាកម្មករសម្អាតថ្នល់ គេប្រាកដជានៅទីនោះ

-ព្រះជាម្ចាស់អើយ ឯងមានការព្យាយាមបែបនេះ​តាំងពីពេលណាមក?

-ប្រហែលទើបតែមានទេ បន្ទាប់ពីឮក្មេងប្រុសនោះជេរខ្ញុំហើយ

-អ្ហើយ! ខ្ញុំប្រហែលជាឆ្កួតដោយសារឯងហើយ

-ល្ងាចនេះ ខ្ញុំទៅរកគេ តើបងទៅទេ?

-ខ្ញុំជាជំនួយការឯង បើមិនទៅតាមឯង ឲ្យទៅណា

កំពុងជជែកសំឡេងគោះទ្វារបន្លឺឡើង សុវណ្ណឧទានទៅរកពិចិត្រ៖

-ក្រែងយើងទើបតែមកដល់ទេអ្ហេ តើនរណាដឹងពីអាសយដ្ឋានរបស់យើង

-មិនដឹងទេ! ចាំខ្ញុំទៅបើក

-មិនបានទេ! ឯងទៅរកកន្លែងលាក់ខ្លួនទៅ បើអ្នកកាសែតដឹងថាឯង នៅទី​នេះ គឺវីវរហើយ………ឆាប់ទៅៗ

ពិចិត្រស្តាប់តាមសុវណ្ណក៏រត់ចូលទៅក្នុងបន្ទប់ទឹកលាក់ខ្លួន គ្រាន់តែបើក​ទ្វារ​ខ្វាក​ សុវណ្ណលាន់មាត់ឡើងដោយសេចក្តីត្រេកអរ៖

-គឺពួកឯងទេអ្ហេ! ហេតុអីក៏មកដល់ទីនេះបាន?

-លោកចាងហ្វាងឲ្យពួកខ្ញុំបីនាក់​នេះ មកជួយបងពិចិត្រ

-ពុទ្ធោលោកចាងហ្វាង! លោកមានចិត្តល្អពេកហើយ ពិចិត្រ! តើឯងលាក់​ខ្លួន​ដល់​ណាទៀត ឆាប់ចេញមក ពួកឯងចូលមក

-នេះគាត់ប្រហែលជាគិតថា ពួកខ្ញុំជាអ្នកកាសែតហើយមែនទេ?

-ពួកឯងបីនាក់ទេអ្ហេ! (ពិចិត្របន្លឺ)

-លោកចាងហ្វាងឲ្យពួកខ្ញុំមកជួយបងបង្កើតបទភ្លេងថ្មី

-ពិតមែនអ្ហេ!

-លោកចាងហ្វាងសង្ឃឹមថា បងអាចធ្វើបាន

-អរគុណពួកឯង! ប៉ុន្តែទីនេះ………

-ពួកខ្ញុំដេកត្រង់ណាក៏បានដែរបង ត្រូវហើយ! ចុះរឿងអ្នកនិពន្ធទំនុក​ច្រៀង​នោះ​​​បង

-លោកចាងហ្វាងមានប្រសាសន៍ថា បើបងត្រូវការអ្នកនិពន្ធ គាត់នឹងបញ្ជូន​មក ឲ្យ​តែបងតេទៅប្រាប់គាត់ទៅបានហើយ

-មិនចាំបាច់ទេ! ខ្ញុំនឹងទៅស្វែងរកគេដោយខ្លួនឯង ពួកឯងប្រហែលជា​ហត់នឿយ​​ហើយ សម្រាកសិនចុះ ខ្ញុំទៅក្រៅមួយភ្លែត

-ពួកឯងសម្រាកចុះ ខ្ញុំទៅតាមគេ

ពិចិត្រ និងសុវណ្ណកំពុងនៅតាមដងផ្លូវ ដែលបានជួបយុវវ័យពីរនាក់កាល​ពី​ថ្ងៃ

​មុន ប៉ុន្តែមេឃចាប់ផ្តើមងងឹតទៅហើយ យុវជននៅតែមិនឃើញមនុស្ស ដែលខ្លួនរក​ទាល់​​តែ​សោះ។ សុវណ្ណនិយាយ៖

-ពួកយើងត្រឡប់ទៅវិញទៅ ថ្ងៃនេះគេប្រហែលជាមិនបានមកធ្វើការទេ

-ពិតមែនហើយ! ចាំស្អែកពួកយើងមកពីថ្ងៃបន្តិច

-ឯងកុំថាខ្ញុំនិយាយច្រើនណា ចុះបើឯងរកមិនឃើញក្មេងប្រុសម្នាក់នោះ ឯង​គិត​​យ៉ាង​ម៉េច?

-តែខ្ញុំមានជំនឿចិត្ត ថាខ្ញុំអាចរកគេឃើញ

-ការពិតអ្នកនិពន្ធយើងក៏មានដែរ ហេតុអីក៏ចាំបាច់តែក្មេងប្រុសម្នាក់នោះ

-ខ្ញុំត្រូវការអារម្មណ៍ពិត និងបេះដូងពិតរបស់គេ ឈប់និយាយទៅ ពួក​យើង​​ទៅ​វិញ

-អារម្មណ៍ពិត បេះដូងពិតស្អី ខ្ញុំមិនយល់ពីឯងទេ

សំនៀងពិចិត្រ ពិតជាស្វែងរកអារម្មណ៍ពិត បេះដូងពិតមែន។ ដប់​ថ្ងៃ​ហើយ ដែល​​នាយមកអង្គុយចាំក្បែរមាត់ស្ទឹង តាមបណ្តោយផ្លូវផ្សារចាស់ តែ​ហាក់ពុំឃើញ​ស្រមោល​​យុវជនវ័យក្មេងទាល់តែសោះ។ ចំណែកតន្រ្តីករបីនាក់ ដែលរួមសុខ​រួមទុក្ខ​ជា​មួយគេ ក៏​មិន​យល់ពីចិត្តរបស់គេដែរ ព្រោះថាបទភ្លេង បានបង្កើតរួចហើយ​ជា​បណ្តើរៗ ប៉ុន្តែបែរជា​គ្មានទំនុកច្រៀងទៅវិញ។

នៅលើកៅអីក្បែរមាត់ស្ទឹង សុវណ្ណនិយាយទៅកាន់យុវជន៖

-តើពួកយើងត្រូវចាំបែបនេះដល់ណាទៀត?

-ខ្ញុំកំពុងតែសម្លឹងរកគេ បងកុំឈរពីមុខខ្ញុំ បានទេ?

-លោកម្ចាស់អើយលោកម្ចាស់ ដប់ថ្ងៃហើយណា! នេះជាលើកទីមួយហើយ ដែល​​​ខ្ញុំឃើញឯងមានចិត្តអំណត់បែបនេះនោះ?

-ដើម្បី​……..

-ខ្ញុំដឹង! ដើម្បីអារម្មណ៍ពិត បេះដូងពិត ប៉ុន្តែបើនៅតែយ៉ាងនេះទៀត ឯង​គិត​ដោះស្រាយយ៉ាងណាចំពោះបីនាក់នោះ ខ្ញុំគិតថា ហៅអ្នកនិពន្ធពី​ភ្នំពេញមក

-មិនចាំបាច់ទេ!

-លោកចាងហ្វាងឲ្យពេលពួកយើងតែបីខែប៉ុណ្ណោះ បើឯងនៅមិនទាន់​ចេញ​អាល់ប៊ុម​ថ្មីទៀត ខ្ញុំថាឯង ចៀសមិនផុតពីច្រៀងចម្រៀងបរទេសទេ

-ខ្ញុំមិនច្រៀងទេ! ខ្ញុំឃើញគេហើយ

ពិចិត្ររត់ចេញទៅឈរលើចិញ្ចើមផ្លូវ សម្លឹងទៅយុវជនកំលោះដែល​កំពុង​បោស​​សម្អាតផ្លូវ និងរើសសំរាមដាក់ក្នុងធុង។ យុវជនវ័យក្មេង សំឡេង​គ្រលរកំពុង​តែ​និយាយ​             ដោយ​ស្នាមញញឹមទៅរកស្រ្តីវ័យកណ្តាលម្នាក់ហាក់ដូចជាមានភាព​ស្និទ្ធ​​​​ស្នាល​​ណាស់៖

-ម៉ែ! ទុកឲ្យខ្ញុំកើបបានហើយ ម៉ែសម្រាកមួយភ្លែតទៅ

-ចុះកូនមិនទៅរៀនទេអ្ហេយប់នេះ?

-អូ! ទើបតែប្រឡងរួច សាលាឲ្យសម្រាកបីថ្ងៃម៉ែ

កាយវិការពីរនាក់ម្តាយកូន ស្ថិតនៅក្នុងកែវភ្នែករបស់យុវជន ដែលឈរ សម្លឹង​ដោយ​ស្នាមញញឹមឥតដាក់ភ្នែក។ សុវណ្ណបន្លឺឡើង៖

-នេះជាក្មេងប្រុស ដែលមានអារម្មណ៍ពិត បេះដូងពិតរបស់ឯងហ្នឹងអ្ហេ?

-ត្រូវហើយ!

-តែខ្ញុំមើលទៅគេ ដូចជាប្រុសមិនមែន ស្រីមិនមែន ឯងមិនច្រឡំទេអ្ហេ?

-ខ្ញុំម៉េចនឹងអាចច្រឡំនោះ

-មនុស្សរូបរាងអ៊ីចឹង អាចមានខួរក្បាលជាអ្នកនិពន្ធដែរអ្ហេ?

-ពួកគេទៅហើយ បងនៅចាំអីទៀត

យុវជនទាំងពីរបើកឡានតាមពីក្រោយអ្នកកំលោះតូចរហូតទៅដល់ផ្ទះ។ នៅពេលទៅដល់ផ្ទះភ្លាម ស្រាប់តែឃើញអ្នកកំលោះម្នាក់ទៀតដើរចេញពី​ផ្ទះ​ក្បែរ​នោះ​​​ដែរ មករាក់ទាក់ជាមួយអ្នកកំលោះតូចយ៉ាងរួសរាយ តែសុវណ្ណបែរ​ជា​លាន់​មាត់​ឡើង​៖

តារា!

បងស្គាល់ក្មេងប្រុសម្នាក់នោះអ្ហេ?

គេជាប្អូនប្រុសរបស់មិត្តភក្តិបង ផ្ទះគេនៅទីនេះទេអ្ហេ?

បងស្គាល់គេយូរហើយអ្ហេ?

មិនយូរប៉ុន្មានទេ ហើយក៏មិនសូវជាជិតដិតដែរ

អ៊ីចឹងចាប់ផ្តើមពីគេទៅ ការងារនេះ ខ្ញុំប្រគល់ឲ្យបង ធ្វើយ៉ាងណាស៊ើបពី អារម្មណ៍​ពិតឲ្យខ្ញុំ ខ្ញុំឲ្យពេលបងពីរថ្ងៃ

បាន!

តារាគឺជាអ្នកជិតខាងរបស់គ្រួសារអ្នកកំលោះតូច។ ពួកគេស្គាល់គ្នា​តាំងពី​តូច​មក ហើយរហូតមកដល់បច្ចុប្បន្នក៏ចំណងមិត្តភាពនេះនៅតែស្អិតរមួត​ដដែល។ពួក​គេ​​ទាំង​ពីរ រួមទាំងយុវតីម្នាក់ទៀតឈ្មោះ វីនី គឺកំពុងរៀននៅ​មហាវិទ្យាល័យ​ជាមួយ​គ្នា​។​

ពីរថ្ងៃកន្លងផុតទៅ សុវណ្ណហុចឯកសារមួយច្បាប់ទៅពិចិត្រ៖

អ្វីដែលឯងចង់ដឹងគឺនៅក្នុងនេះទាំងអស់

តើពួកបងកំពុងតែធ្វើអីហ្នឹង? (តន្រ្តីករម្នាក់បន្លឺ)

ពួកយើងជិតបានអ្នកនិពន្ធហើយ  ….ឈ្មោះវិនីត…ខ្ញុំចង់ជួបគេល្ងាចនេះ

បាន!

តារាបានទៅបបួលវិនីតចេញមកក្រៅជាមួយខ្លួន។ វិនីតនិយាយ៖

តើឯងគិតនាំខ្ញុំទៅណា?

ខ្ញុំរកការងារឲ្យនាងធ្វើ មកជិតដល់ហើយ

ការងារស្អី?

ក្រែងនាងចង់ធ្វើជាអ្នកនិពន្ធអ្ហេ?

អ្នកនិពន្ធ តែហេតុអីក៏មកកន្លែងឆ្ងាយយ៉ាងនេះ? ឯងមិនមែនមានបំណង​អាក្រក់​លើខ្ញុំទេអ្ហេ?

អ្នកនាងអើយអ្នកនាង បើខ្ញុំមានបំណងអាក្រក់ក៏ពុំចាំបាច់នាំនាងមកដល់ ទីនេះ​ដែរ នាំឲ្យខាតពេលទទេៗ

ឯងនិយាយស្អីហ្នឹង………(វិនីតយកដៃទៅវាយក្បាលតារា)

បានហើយៗ! ខ្ញុំសុំខ្លាចនាងហើយ ជិតដល់ហើយ មិនឲ្យនាងនិយាយ​សំឡេង​​ស្រីទេណា នាងត្រូវបន្លំខ្លួនធ្វើជាមនុស្សប្រុស

បើការងារជាអ្នកនិពន្ធ ហេតុអីក៏ចាំបាច់បន្លំខ្លួនជាមនុស្សប្រុស?

ព្រោះតែពួកគេយល់ថានាងជាប្រុស ទើបឲ្យនាងធ្វើការ

តែយើងមិនកុហកគេទៅហើយទេអ្ហេ?

ក្រែងនាងចង់បានការងារធ្វើអ្ហេ បើចង់ជួយម៉ែ និងប្អូនៗនាង នាងត្រូវតែ​កុហក​​គេសិនហើយ ឥឡូវខ្ញុំសួរនាង តើនាងចង់ធ្វើឬអត់? បើមិនចង់ទេ ពួក​យើង​ទៅវិញ

ឯងចង់គំរាមខ្ញុំផងអ្ហេ បោកខ្ញុំមកដល់ទីនេះហើយ ឯងស្មានថាខ្ញុំទៅវិញ ងាយៗអ្ហ៊ៃ?

ដល់ហើយ!

ការងារជាអ្នកនិពន្ធ ហេតុអីក៏នៅក្នុងផ្ទះខ្ទមទៅវិញ?

ពួកឯងមកហើយអ្ហេ! តារាឯងនៅចាំខាងក្រៅហើយ ឲ្យវិនីតចូលមក

គាត់ស្គាល់ឈ្មោះខ្ញុំ!

ឆាប់ចូលទៅ

ចុះឯងនោះ

ខ្ញុំនៅចាំនាងត្រង់នេះ កុំខ្លាចអី ចាំណា ពួកគេទាំងអស់គឺសុទ្ធតែយល់ថា នាង​ជា​ប្រុស បើនាងធ្វើឲ្យបែកការគឺចប់ហើយ

ឆាប់ចូលមក!

គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាម វិនីតបើកភ្នែកធំៗសម្លឹងមើលសម្ភារតន្រ្តី​ទាំង​អស់​ តែក៏ភ្ញាក់ព្រើត នៅពេលប្រទះភ្នែកនឹងយុវជនទាំងអស់ ដែលកំពុងឈរសម្លឹង​មក​​នាង​ដោយទឹកមុខមាំ និងគួរឲ្យខ្លាច។ នាងបម្រុងស្ទុះចេញទៅក្រៅ​វិញ តែសុវណ្ណ​

ស្រដីឡើង៖

ឯងចង់ទៅណាវិញ?

ពួកលោកជា………

អូ! ពួកគេជាតន្រ្តីករតើ កុំខ្លាចអី ឯងស្គាល់ម្នាក់ដែលអង្គុយពីមុខឯងទេ?

គាត់អ្ហេ!

ពិចិត្រញញឹមទៅរកវិនីត យុវជនម្នាក់បន្លឺដោយសំឡេងខ្លាំងៗ៖

តើឯងស្គាល់គាត់ទេ?

កុំប្រាប់ថា………………

ស្គាល់ៗៗៗ……….លោក……សំនៀង ពិចិត្រ

អរគុណដែលឯងស្គាល់ខ្ញុំ ចាប់ពីថ្ងៃស្អែកទៅ ឯងគឺជាអ្នកនិពន្ធផ្ទាល់ខ្លួន​របស់​ខ្ញុំ ទីនេះហើយជាកន្លែងធ្វើការរបស់យើង

មិនពិតទេ! ខ្ញុំប្រហែលជាយល់សប្តិ នៅសុខៗម៉េចនឹងអាច…….

វាជាការពិត

តែហេតុអីក៏លោកស្គាល់ខ្ញុំ

រឿងនេះឯងមិនចាំបាច់សួរទេ ខ្ញុំស្រលាញ់អារម្មណ៍ពិត បេះដូងពិតរបស់​ឯង ហើយ​​ក៏ដឹងថា ឯងកំពុងតែស្វែងរកការងារធ្វើ ម្យ៉ាងទៀត ក្រែងឯង​ក៏ចង់​ធ្វើ​ជា​អ្នក​និពន្ធរបស់ខ្ញុំដែរអ្ហេ?

-ពួកលោកចង់ឲ្យខ្ញុំនិពន្ធអ្វី?

-បទភ្លេងនិងទំនុកច្រៀង

-តែខ្ញុំអត់ចេះអក្សរភ្លេងទេ

-អក្សរភ្លេងចាំខ្ញុំបង្រៀនឯងតាមក្រោយក៏បាន តែពេលនេះយើងមាន​បទភ្លេង​ខ្លះ​ៗ​ហើយ នៅសល់តែទំនុកច្រៀប៉ុណ្ណោះ ឯងមើលកិច្ចសន្យា​ការងារសិនទៅ ទៅ​​អង្គុយមើលឲ្យស្រួលទៅ

វិនីតទៅអង្គុយមើលកិច្ចសន្យាការងារ តែដល់ចំណុចមួយនាងក៏បន្លឺឡើង៖

-ខ្ញុំត្រូវមកធ្វើការព្រឹកល្ងាចអ្ហេ?

-យ៉ាងម៉េចមានបញ្ហាអីអ្ហេ?

-ខ្ញុំមិនអាចមកពេលព្រឹកបានទេ

-ក្រែងឯងរៀននៅពេលយប់ទេអ្ហេ ហេតុអីក៏មកមិនបាន?

-ដឹងច្បាស់ម្ល៉េះ! ខ្ញុំរៀនពេលយប់មែន តែពេលព្រឹកខ្ញុំត្រូវជួយធ្វើការម៉ែខ្លះ ហើយ​​ម្យ៉ាងទៀត ខ្ញុំក៏ត្រូវមានពេលធ្វើកិច្ចការសាលាខ្លះដែរ

-អ៊ីចេះទៅ ឯងអាចមកធ្វើការតែពេលថ្ងៃក៏បាន តែកន្លះខែដំបូង ឯងត្រូវ​មក​ជួយ​​តែងទំនុកច្រៀងឲ្យពួកយើងសិន តើបានទេ?

-អ៊ីចឹងក៏បាន!

-នៅមានចំណុចណាមិនពេញចិត្តទៀតទេ?

-តើក្នុងមួយខែ ខ្ញុំត្រូវតែងចម្រៀងឲ្យលោកប៉ុន្មានបទ?

-រឿងនេះក៏ត្រូវពឹងលើអារម្មណ៍ដែរ ខ្ញុំមិនបង្ខំឯងទេ

-អ៊ីចឹងពួកគាត់ទាំងអស់គ្នានេះ

-ត្រូវហើយខ្ញុំភ្លេចណែនាំឲ្យឯងស្គាល់ នេះគឺរ៉ាណេ ជាអ្នកលេងហ្គីតា

-សួស្តីបង!

-ចំណែកនេះរ៉ាឌី ជាអ្នកវាយស្គរ

-សួស្តីបង!

-និងវណ្ណា ជាអ្នកលេងព្យាណូ

-សួស្តីបង

-សួស្តី!

-ពួកគេទាំងបីនាក់ មិនត្រឹមតែជាអ្នកភ្លេងរបស់ខ្ញុំទេ ថែមទាំងជាមិត្ត​សម្លាញ់ និងយល់ចិត្តខ្ញុំថែមទៀតផង

-ចុះឯងមិនណែនាំខ្ញុំប្រាប់គេទេអ្ហេ?

-ត្រូវហើយ! នេះគឺបងសុវណ្ណ គាត់ជាជំនួយការផ្ទាល់របស់ខ្ញុំ

-សួស្តីបង!

-មិនចាំបាច់គួរសមទេ! ខ្ញុំប្រាប់ឯងណា រឿងដែលពិចិត្រមកលាក់ខ្លួននៅទី​នេះ មិនត្រូវធ្វើឲ្យបែកខ្ចរខ្ចាយឡើយ សូម្បីតែតារា

-នេះតារាក៏មិនដឹងថា លោកពិចិត្រនៅទីនេះដែរអ្ហេ?

-ត្រូវហើយ!

-អ៊ីចឹង ហេតុអីក៏ចាំបាច់លាក់ខ្លួននៅទីនេះ?

-ឯងមិនចាំបាច់ឆ្ងល់ទេ ធ្វើតាមអ្វីដែលយើងប្រាប់ទៅបានហើយ

-បាទ! ……….ខ្ញុំអាចត្រឡប់ទៅវិញបានទេ?

-បាន! តែស្អែកនេះ ឯងត្រូវមកធ្វើការ

-អ៊ីចឹងខ្ញុំលាទាំងអស់គ្នាហើយ!

-ឈប់សិន!

-បាទ!

-ឯងមិនសួរទេថា ខ្ញុំឲ្យប្រាក់ខែឯងប៉ុន្មាន?

-រឿងនេះ អាស្រ័យលើលោកចុះ ព្រោះខ្ញុំក៏មិនដឹងថា ខ្ញុំអាចធ្វើបាន​ប៉ុនណា​

ដែរ ខ្ញុំទៅសិនហើយ។

គ្រាន់តែវិនីតចេញផុត រ៉ាណេបន្លឺឡើង៖

-តើបងយកគេមកពីណា? ខ្ញុំមើលគេ ដូចជាល្ងើៗម៉េចមិនដឹងទេ

-ត្រូវហើយបង! ខ្ញុំមើលគេយូរទៅ ប្រុសមិនដូចប្រុស ស្រីមិនដូចស្រី​ម៉េច​មិន​ដឹង​ទេ (រ៉ាឌីបន្ទរ)

-ពួកឯងមើលរូបរាងសំខាន់ ឬក៏ខួរក្បាលសំខាន់? ……ខ្ញុំទៅងូតទឹកហើយ

វិនីតដើរបណ្តើរគ្នាជាមួយតារា។ តារានិយាយ៖

-នាងយ៉ាងម៉េចហើយ ក្រែងបានការងារធ្វើហើយតើ ម៉េចមិនសប្បាយចិត្ត​ទៀត?

-ត្រូវហើយ! តែឯងដឹងទេ មិត្តរួមការងាររបស់ខ្ញុំទាំងអស់នោះ គឺសុទ្ធតែ​ប្រុស​ទាំង​អស់ ហើយទឹកមុខសុទ្ធតែគួរឲ្យខ្លាច

-អ្នកភ្លេងគឺអ៊ីចឹងឯង យូរទៅនាងប្រាកដជាស៊ាំហើយ

-អរគុណឯងហើយ! ហេតុអីក៏ឯងស្គាល់ពួកគេ?

-អូ! បងសុវណ្ណជាមិត្តភក្តិរបស់បងប្រុសខ្ញុំកាលនៅរៀន គឺគាត់មករកខ្ញុំ ថាខ្វះ​អ្នក​និពន្ធ ឲ្យខ្ញុំជួយរកឲ្យ ទើបខ្ញុំនឹកឃើញដល់នាង

-អរគុណណាស់!

-អរគុណស្អី ក្រែងពួកយើងជាមិត្តភក្តិអ្ហេ

វគ្គ២​          ការរួមសុខទុក្ខជាមួយគ្នា

វិនីតចាប់ផ្តើមទៅធ្វើការជាលើកដំបូង ហើយក៏ជាថ្ងៃទីមួយដែរសម្រាប់​នាង។ ជាការពិតណាស់ នាងជួបការលំបាកជាច្រើន ព្រោះនាងត្រូវរៀនអក្សរ​ភ្លេងផង ត្រូវ​សរសេរ​ទំនុកច្រៀងផង ហើយពិសេសនោះ តន្រ្តីករទាំងបីនាក់​ហាក់ពុំសូវ​ចូលចិត្ត​នាង​​ទាល់​តែសោះ។ តែទោះជាយ៉ាងណា យុវតីឆ្នើមម្នាក់នេះនៅ​តែប្រឹងប្រែង បង្កើត​ទំនាក់​ទំនង​​ល្អដើម្បីរស់នៅជាមួយពួកគេ រហូតធ្វើឲ្យអ្នក​លេងហ្គីតា និងអ្នកវាយស្គរ​កាន់​តែចូលចិត្ត​នាង​បន្តិចម្តងៗ។ ថ្ងៃនេះ​ ពួកគេបាន​បង្កើតចេញ​ចម្រៀងមួយ​បទ​ថ្មី​ស្រឡាង ដែលចេញ​ពីបេះដូងរបស់ពួកគេពិតៗ ពួកគេទាំងអស់គ្នាហ៊ោកញ្ជ្រៀវឡើង សុវណ្ណបន្លឺ៖

-បទថ្មីចេញហើយ ពួកយើងសមទៅ ចាំខ្ញុំទៅយកម៉ៃក្រូហ្វូន

ពួកគេចាំផ្តើមលេងបទថ្មី ឲ្យពិចិត្រច្រៀង ចំណែកវិនីត នៅអង្គុយនៅ​លើ​គ្រែ​សម្លឹង​​ទៅមើលពួកគេដោយស្នាមញញឹម ហើយក៏គិតតែម្នាក់ឯង៖ “ការពិត​ពួកគាត់​ទាំងអស់​​​គ្នាសុទ្ធតែមានឆន្ទៈ និងគួរឲ្យរាប់អានណាស់”។

ចម្រៀងត្រូវបានបញ្ចប់ សុវណ្ណក៏ដើរទៅគោះស្មាវិនីត ដែលកំពុងអង្គុយ ញញឹម​​​​​​​​លាយនឹងតំណក់ទឹកភ្នែក៖

-ឯងមិនអីទេអ្ហេ?

-ខ្ញុំមិនកើតអីឯណា?

-យំហើយនៅថាមិនកើតអីទៀត

-គេប្រហែលជារំភើបហើយមើលទៅនោះ (រ៉ាណេបន្លឺ)

-អរគុណពួកបងណាស់ អរគុណលោកសំនៀង ពិចិត្រ

-ឯងនិយាយស្អីហ្នឹង អង្គុយទៅ

ពិចិត្រកៀកស្មាវិនីត ឲ្យទៅអង្គុយលើគ្រែ ហើយយកដៃគោះក្បាលនាង​តិច​ៗ ទើប​​និយាយ៖

-អាល្អិតឯងនេះ មិនចាំបាច់អរគុណទេ ត្រូវហើយ! ឯងហៅពួកគេថា បង​គ្រប់​គ្នា ចុះហេតុអីឯងមិនហៅខ្ញុំថា បងដែរទៅ

-បាទបង!

-មហិច្ឆតា ពួកឯងថាទៅមើល នេះជាបទទីមួយរបស់ខ្ញុំមែនទេ?

-ពិតមែនហើយ!

-ខ្ញុំច្រៀងចម្រៀងរាប់រយបទ តែមិនដែលសប្បាយចិត្តដូចជាច្រៀបទ​នេះទេ ….​.​……មហិច្ឆតា

-អ៊ីចឹងតើពួកយើងគិតធ្វើអ្វីទៀតបង?

-វិនីតឯងចូលទៅបន្ទប់ថតសំឡេង រៀនព្យាណូជាមួយវណ្ណាទៅ

-រៀនជាមួយគាត់អ្ហេ!

-ឆាប់ចូលមក!

គ្រាន់តែឮថា រៀនព្យាណូជាមួយវណ្ណា វិនីតហាក់ដូចជាភ័យណាស់ ព្រោះ​ក្នុង​ចំណោមគ្នាគេបីនាក់ មានតែវណ្ណានេះឯង ដែលស្ងប់ស្ងាត់ជាងគេ និងពុំសូវ​និយាយ​ស្តីរកនាងឡើយ៖

-អង្គុយទៅ!

-បាទ!

-នេះជាឯកសារដែលទាក់ទងនឹងការរៀនព្យាណូ អ្នកដែលមានឧបនិស្ស័យ​បង្កើត​​បទភ្លេងដូចជាឯងអ៊ីចឹង គួរតែចេះលេងព្យាណូទើបប្រសើរ

-បាទ!

នៅពេលវណ្ណាកំពុងនិយាយ វិនីតបែរជាគិតតែម្នាក់ឯង៖”ការពិតគាត់ក៏​គួរ​ឲ្យ​ស្រលាញ់​ដែរតើ រាល់ថ្ងៃហាក់ដូចជាកាចណាស់អ៊ីចឹង ប៉ុន្តែហេតុអីក៏គាត់​មិន​ដែល​ញញឹម​​អ៊ីចឹង? បើសិនជាគាត់ញញឹមប្រហែលរឹតតែសង្ហារណាស់ហើយ​មើលទៅ”។ វិនីត​គិត​រហូតមិនដឹងថា វណ្ណាកំពុងនិយាយជាមួយខ្លួន៖

-សាកល្បងដាក់ដៃលើព្យាណូទៅ………..ឯងមានឮខ្ញុំនិយាយទេ?

-បាទ! បងថាម៉េច?

-ពេលកំពុងរៀន តើឯងកំពុងគិតអី?

-អត់………អត់ទេ ……….សូមទោសបង!

-ខ្ញុំមិនបង្រៀនមនុស្សដែលមិនយកចិត្តទុកដាក់រៀនទេ ហ៊ីស!

ថាហើយ វណ្ណាក៏ដើរចេញមកក្រៅវិញ រ៉ាណេសួរ៖

-មានរឿងអីអ្ហេបង?

-មើលទៅមុខអាល្អិតនោះ មិនល្អមើលសោះ ប្រហែលជាធ្វើឲ្យបងវណ្ណា​ខឹង​​​​ហើយ មែនទេបង? (រ៉ាឌីបន្លឺ)

ពិចិត្រក៏ចូលទៅក្នុងបន្ទប់ថតសំឡេង៖

-ឯងធ្វើឲ្យវណ្ណាខឹងអ្ហេ?

-ខ្ញុំ………..

-ឯងនេះ!

-សាកល្បងដាក់ដៃលើព្យាណូមើល

វនីតដាក់ដៃលើព្យាណូ យុវជនឃើញដៃទាំងពីររបស់នាងញ័រទទ្រើត ក៏លូកដៃ​ទៅ​ចាប់ ធ្វើឲ្យនាងភ្ញាក់ព្រើត៖

-បងធ្វើអីហ្នឹង?

-នៅឲ្យស្ងៀមទៅ ហេតុអីក៏ដៃឯងត្រជាក់យ៉ាងនេះ? វណ្ណាធ្វើឲ្យឯងភ័យ​យ៉ាង​នេះ​អ្ហេ?

-អត់ទេ! មិនដឹងយ៉ាងម៉េចទេ នៅពេលដែលអង្គុយពីមុខព្យាណូនេះ វាធ្វើឲ្យ​ខ្ញុំភ័យខ្លាំងណាស់

-មិនអីទេ ធ្វើអារម្មណ៍ឲ្យស្រួលទៅ ឥឡូវខ្ញុំលេងបទមហិច្ឆតាឲ្យឯងស្តាប់

-បាទ!

……………………………………………………………………………………………….

ពីមួយថ្ងៃទៅមួយថ្ងៃ វិនីតបានប្រើពេលវេលាដែលចេញពីបេះដូង​ពិត​របស់​នាង​​​យ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការសរសេរទំនុកច្រៀង។ នាងបាន​សរសរទំនុក​ច្រៀង​តាមតម្រូវការរបស់ពិចិត្រហើយ ដូចនេះនាងមានពេលវេលា​បន្តិចសម្រាប់ធ្វើ​បទភ្លេង។ នាងបានចាក់ស្តាប់បទភ្លេង​ ដែលនាងបានធ្វើទុកជា​យូរ​មកហើយ ហើយ​យក​មកកែ​បន្តិចបន្តួច បន្ទាប់មកនឹងយកទៅឲ្យពិចិត្រ។ ប៉ុន្តែថ្ងៃនេះ កន្លែងធ្វើការ​ហាក់​ដូចជា​ស្ងាត់ម្ល៉េះ នាងបើកទ្វារចូលទៅ៖

-សួស្តី!………..ទៅណាអស់ហើយ? ……..

មិនឃើញមាននរណា យុវតីក៏ចូលទៅបន្ទប់ថតសំឡេងដេញព្យាណូ តែ​ម្នាក់ឯង តែសំឡេងព្យាណូរបស់នាង ធ្វើឲ្យយុវជនទាំងប្រាំរូបឈរញញឹមហួស​ចិត្ត។ រ៉ាណេ​បន្លឺឡើង៖

-តើអាល្អិតនេះ កំពុងតែលេងបទអី?

-ហេតុអីមិនបិទសំឡេង ទុកឲ្យឮចេញមកក្រៅទៅកើត(រ៉ាឌីឧទាន)

-ពួកយើងឆាប់ចូលទៅ

-ឬជាបទថ្មីរបស់វាទេដឹង? (សុវណ្ណបន្លឺ)

-ពួកបងមកពីណាហ្នឹង?

-ពួកយើងទើបតែមកពីញ៉ាំអី នេះ ខ្ញុំទិញទឹកសណ្តែកផ្ញើឯង

-អរគុណបងរ៉ាណេ

-ថ្ងៃនេះ ឯងបង្រៀនព្យាណូគេទៅ (ពិចិត្រនិយាយទៅកាន់វណ្ណា)

-ទៀតហើយអ្ហេ! (រ៉ាណេបន្លឺ)

វណ្ណាដើរចូលទៅបន្ទប់ថតសំឡេង ដោយនិយាយទាំងកំបុតកំបុយ៖

-ញ៉ាំឲ្យលឿនឡើង

-បាទ!

-ថ្ងៃនេះ យកចិត្តទុកដាក់រៀន ស្តាប់បានទេ? កុំធ្វើឲ្យគេខឹងទៀតណ៎ា?

-បាទបង!

-តោះ! ពួកយើងសមចម្រៀងទៅ

អ្នកភ្លេងចាប់ផ្តើមលេង អ្នកច្រៀងចាប់ផ្តើមច្រៀង តែសូរសៀងទាំងអស់​ត្រូវ​បញ្ឈប់ នៅពេលឮសំឡេងវណ្ណាបន្លឺឡើង៖

-ហេតុអីក៏ឯងល្ងង់យ៉ាងនេះ? ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយ ថាសំឡេងធំ​នៅ​

ខាង​​ណា សំឡេងតូចនៅខាងណា

-សូមទោស!

-ឯងកុំចេះតែសូមទោសបានទេ

-ចាំខ្ញុំទៅប្រាប់គេ ឲ្យបិទសំឡេងកុំឲ្យឮចេញមកក្រៅ

-មិនបាច់ទេរ៉ាណេ ពួកយើងចាំស្តាប់ពួកគេទៅមើល

-បងវណ្ណាដើរចេញមកហើយ

គ្រាន់តែវណ្ណាដើរចេញមកភ្លាម វិនីតអង្គុយរអ៊ូតែម្នាក់ឯង ចំណែកយុវជន​ទាំង​អស់​បើកភ្នែកធំៗ ញញឹមតិចៗសម្លឹងទៅវណ្ណា នៅពេលដែលឮសំឡេង៖

-បើបងដឹងថាខ្ញុំល្ងង់ហើយ ហេតុអីក៏ចាំបាច់ខឹង មួយថ្ងៃៗមិនដែលចេះ​ញញឹម​ទេ ពាក់តែមុខយក្ស ហេតុអីក៏លេងឯងពិបាកយ៉ាងនេះ? មនុស្ស​មុខយក្ស មនុស្ស​​មុខយក្ស ចាំខ្ញុំច្រៀងឲ្យឯងស្តាប់វិញ……..ញញឹម ញញឹម ញញឹម​ដើម្បី​​អ្នក​ណា? ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីមនុស្ស​ក្នុងលោកាយើងនេះ។ ទួញយំ ក្រៀមក្រំ ក្រៀមក្រំដើម្បីអ្នកណា ឬព្រោះ​ខ្លួនឯងធ្វើឲ្យគ្រួសារ ធ្វើឲ្យ​មនុស្ស​​ក្នុងលោកាសោកសៅ។ សូមទោសផង រឿងកន្លង កំហុសឆ្គង ដែល​រូប​​ខ្ញុំផ្តល់ទៅ ខ្ញុំនឹងខំតស៊ូរស់នៅ ញញឹមទៅ​រកអ្នកទាំងអស់គ្នា។ ញញឹម​ទៅ​ៗៗ​ កុំនៅរួញរា ស្នាមញញឹមជួយយើង​គ្រប់គ្រា ឲ្យពុះពារឈ្នះឧបសគ្គ។

-អូហូ! ពិតជាកវីនិពន្ធ ដ៏មានសមត្ថភាពមែន  ឯងធ្វើឲ្យនាងភ័យ​រហូត​ចេញ​​បទ​ភ្លេងហើយ​ (សុវណ្ណបន្លឺ)

-អាល្អិតម្នាក់នេះ ខ្ញុំមើលគេមិនខុសទេ

-ឯងឆាប់ចេញមក

-មានការអីអ្ហេបង?

-បទដែលឯងច្រៀងអម្បាញ់មិញគឺពីរោះណាស់ តើមានចំណងជើងថា​ម៉េច​ដែរ​?

-បងឮខ្ញុំច្រៀងអ្ហេ?

-ឯងឆាប់និយាយមក តើមានចំណងជើងថាម៉េច?

-ខ្ញុំចេះតែច្រៀងៗទៅ …….សំណាងហើយ​ ដែលខ្ញុំមិនបានប្រើសំឡេងស្រី ពិត​ជា​​​គ្រោះថ្នាក់មែន…..

-ឯងឆាប់រកនឹកបទអម្បាញ់មិញភ្លាម

-ខ្ញុំrecordតើ ចាំខ្ញុំទៅយកសិន……………វីវរហើយ ថតអត់ជាប់ទេ

-អ្ហើយឯងនេះ!

-ស្តាប់របស់ខ្ញុំទៅ (ពិចិត្រនិយាយ)

-ពិតមែនអ្ហេ! បងចាក់ស្តាប់ទៅ

នៅពេលចាក់ស្តាប់ វិនីតសម្លឹងទៅរកវណ្ណា នាងញញឹមតិចៗ ហើយដូច​ជា​ក្រែង​ចិត្តយុវជនយ៉ាងខ្លាំង។ ពួកគេក៏សហការគ្នាធ្វើបទថ្មីនេះឡើងហើយដាក់​ចំណង​ជើងថា ស្នាមញញឹម។ កន្លះថ្ងៃ​ពេញ​ វានឿយហត់ពេកហើយ  រ៉ាណេ សុវណ្ណ និងរ៉ាឌី ក៏​លង់លក់អស់។ ពិចិត្រ​ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់។ វណ្ណាបន្លឺ៖

-ឯងខឹងនឹងខ្ញុំអ្ហេ?

-បាទ……….អត់………ទេ!

-ខ្ញុំកាចណាស់ទៅអ្ហេ?

-បងអត់កាចទេ គ្រាន់តែ​…………….

-គ្រាន់តែយ៉ាងម៉េច?

-គ្រាន់តែបងអត់ដែលញញឹម

-ឯងច្រៀងបទនេះបញ្ឈឺខ្ញុំអ្ហេ?

-គ្មានទេ! ខ្ញុំគ្រាន់តែច្រៀងលេងប៉ុណ្ណោះ មិននឹកស្មានថា វាឮចេញក្រៅទេ ប៉ុន្តែ​​បើបងញញឹមខ្លះ ខ្ញុំយល់ថាប្រសើរណាស់

-អាល្អិតឯងនេះ!

-បងញញឹមហើយអ្ហេ?

-មានរឿងអីជជែកសប្បាយចិត្តយ៉ាងនេះ?

-បងពិចិត្រ! បងវណ្ណាសើចហើយឃើញទេ? ជយោ!………….

វិនីតស្រែកខ្លាំងៗឡើង យុវជនទាំងបីស្ទុះងើបឡើង៖

-តើមានរឿងអីកើតឡើងហ្នឹង?

-បងរ៉ាណេ បងរ៉ាឌី បងសុវណ្ណ បងឃើញទេ បងវណ្ណាសើចហើយ

-ឯងនេះ! បងវណ្ណាសើចមានទាក់ទងស្អីនឹងពួកយើង ចេះរំខានទៅកើត

-សូមទោស!

-ពួកឯងចង់គេងដល់ណាទៀត ឆាប់ងើបឡើងរៀបចំកន្លែងទៅ

-ដល់ម៉ោងខ្ញុំត្រឡប់ទៅផ្ទះហើយ ជម្រាបលាបងៗ

វិនីតចេញមកក្រៅទ្វារ ទើបដឹងថាមេឃភ្លៀង នាងឈរមួយសន្ទុះ៖

-ហេតុអីក៏មេឃភ្លៀងខ្លាំងយ៉ាងនេះ? អាវ……………..

-បើដឹងថា មេឃភ្លៀងហើយ ម៉េចមិនឆាប់ចូលក្នុងមក

ពិចិត្រទាញយុវតីចូលទៅក្នុងផ្ទះវិញ រ៉ាណេបន្លឺ៖

-ភ្លៀងផងរន្ទះផង ឯងចង់ទៅទាំងអ៊ីចឹងអ្ហេ?

-ចាំមេឃរាំងសិនទៅ ចាំទៅវិញ

-តែថ្ងៃនេះ ខ្ញុំប៉ះប្រឡងផង

-គ្មានគ្រូណាប្រឡងទាំងភ្លៀងបែបនេះទេ

-អត់ទេ! ខ្ញុំទៅហើយ ខ្ញុំមិនចង់ប្រឡងសងទេ

-ឯងនៅចាំត្រង់នេះសិនហើយ ខ្ញុំទៅយកឡានជូនឯងទៅ

-មិនបាច់……………..

-បងពិចិត្រយល់ព្រមជូនឯងទៅហើយ កុំរឹងរូសពេក កុំឲ្យពួកយើងបារម្ភ​ពី​ឯង​នោះ

-ពិតមែនហើយ!

សំដីនេះ ធ្វើឲ្យកំលោះតូចរំភើបពេកហើយ នាងញញឹមទៅរកពួកគេ សុវណ្ណ​ក៏​បន្លឺ​៖

-ឯងកុំញញឹមធ្វើដូចជាមនុស្សស្រីពេក ព្រឺឆ្អឹងខ្នងណាស់

-នៅចាំអីទៀត ឆាប់ចូលឡានមក

-ខ្ញុំទៅហើយបងៗ

-ជួបគ្នាថ្ងៃស្អែក

វិនីតឡើងឡានទៅជាមួយពិចិត្រ ពិចិត្រហុចប្រដាប់recordសំឡេងទៅនាង៖

-ស្អីគេបង?

-បងឲ្យឯង ក្រែងរបស់ឯងខូចហើយអ្ហេ

-មិនអីទេ ស្អែកនេះខ្ញុំនឹងយកវាទៅធ្វើ

-យកទៅ! អ្នកនិពន្ធបទភ្លេង បើគ្មានវាគឺពិបាកហើយ

-អរគុណបង!

-ឯងចេញមកប៉ុន្មាន?

-ម៉ោងប្រាំបួនបង

-ចាំបងទៅទទួលឯង

-មិនចាំបាច់ទេបង

-យ៉ាងម៉េច?

-ខ្ញុំចង់និយាយថា នៅពេលទៅផ្ទះ គឺខ្ញុំទៅជាមួយតារា និងវិនី បើពួកគេ ឃើញ​បង​នោះ បងមិនវីវរទៅហើយទេ យកល្អកុំអីបង

-ត្រូវហើយ! អ៊ីចឹងក៏បាន

-ដល់ហើយ! បងដាក់ខ្ញុំត្រង់នេះហើយ អរគុណបង!

-មិនអីទេ

វិនីតចុះពីលើឡានដើរចេញមក ក៏ឃើញវិនី និងតារាកំពុងសម្លឹងមើល​មក។ វិនី​

បន្លឺ​៖

-អ្នកណាគេហ្នឹង?

-គឺ……….គឺអ្នកធ្វើការជាមួយ មេឃភ្លៀង ទើបគាត់ជូនខ្ញុំមក

-ប្រាកដហើយអ្ហេ!

-មិនជឿសួរតារាទៅ ពួកគេទាំងអស់សុទ្ធតែយល់ថា ខ្ញុំជាប្រុសទេ កុំយល់​ច្រឡំ មកឆាប់ទៅៗ ប្រយ័ត្នគ្រូប្រឡងចោល

……………………………………………………………………………………………………..

ចេញពីសាលាមកដល់ផ្ទះ វិនីតដើរលបៗដើម្បីកុំឲ្យភ្ញាក់ប្អូនៗទាំងពី និង​ម្តាយ​របស់នាង តែមីងវិណាបន្លឺឡើង៖

-កូនមកវិញហើយអ្ហេ?

-ម៉ែមិនទាន់សម្រាន្តទេអ្ហេ?

-នៅទេ! កូនឆាប់ទៅញ៉ាំបាយទៅ

វិនីតចូលទៅផ្ទះបាយ មួយសន្ទុះមីងណាក៏ចូលទៅដែរ៖

-ម៉ែសម្រាន្តមិនលក់អ្ហេ?

-អត់ទេ! ម៉ែគ្រាន់តែចង់ជជែកលេងជាមួយកូនតើ យ៉ាងម៉េចហើយការងារ?

-មិនអីទេម៉ែ ពួកគាត់ម្នាក់ៗសុទ្ធតែប្រឹងប្រែងណាស់ ហើយយកចិត្តទុក​ដាក់​ចំពោះ​ខ្ញុំទៀតផង

-ពួកគេនៅមិនទាន់ដឹងទេអ្ហេ ថាកូនជាស្រី?

-ម៉ែបារម្ភអ្ហេ! ម៉ែកុំបារម្ភអី កាលទៅដំបូង ខ្ញុំក៏បារម្ភពីខ្លួនឯងដែរ ប៉ុន្តែ​ពេល​ដែល​​​​​​ខ្ញុំបានស្គាល់ពួកគាត់ ទើបខ្ញុំដឹងថា ពួកគាត់ជាមនុស្សល្អណាស់ ហើយ​ចាត់​ទុក​ខ្ញុំ​ដូចជាបងប្អូនអ៊ីចឹង ម៉ែដឹងទេ? បើសិនជាអាល់ប៊ុមដំបូង របស់បង​ពិចិត្រ​ទទួល​បានជោគជ័យ ខ្ញុំនឹងមានឱកាសក្លាយជាអ្នកនិពន្ធ​​​ពិតប្រាកដ​​ហើយ

-អ៊ីចឹង តើពេលណាទើបចេញអាល់ប៊ុមថ្មីនោះ?

-ប្រហែលមិនយូរទេម៉ែ

-ម៉ែឮឯងនិយាយអ៊ីចឹង ម៉ែអស់បារម្ភហើយ ម៉ែទៅគេងហើយ

-ចាស!

…………………………………………………………………………………………………..

ព្រលឹមស្រាងៗ វណ្ណារត់ហាត់ប្រាណតាមបណ្តោយផ្លូវ ក៏ប្រទះនឹងវិនីត ដែល​​កំពុងបោសសម្អាតផ្លូវសាធារណៈជាមួយម្តាយ។ យុវជនឈរសម្លឹងទៅអ្នក​កំលោះ​តូច ដែលធ្វើការបណ្តើរញញឹមទៅរកម្តាយបណ្តើរ ហាក់ពុំមានការ​នឿយហត់ទាល់តែ

​សោះ។ មួយសន្ទុះធំ ទើបនាយបន្តដំណើរទៅទៀត។

ម៉ោងមួយកន្លះទៅហើយ នៅពុំទាន់ឃើញវិនីតមកដល់កន្លែងធ្វើការទៀត

ពិចិត្រ​​តេ​ទៅក៏មិនចូល សុវណ្ណបន្លឺ៖

-តើវាកំពុងតែធ្វើស្អីហ្នឹង?

-វាថាយកបទភ្លេងថ្មីមកឲ្យពួកយើង តែបែរជាបាត់ឈឹងទៅកើត

-ពួកយើងរៀបថតបទស្នាមញញឹមសិនទៅ

-សួស្តីបងៗ!………..សូមទោស ដែលខ្ញុំមកយឺត

-ឯងមិនប្រាប់មូលហេតុពួកយើងទេអ្ហេ? (សុវណ្ណនិយាយ)

-ខ្ញុំ……………..

-ណ្ហើយ! ឯងមិនចង់និយាយទេក៏ហីទៅ ឯណាបទភ្លេង

វិនីតហុចrecordទៅឲ្យពិចិត្រ ចំណែកនាងក៏ដើរទៅអង្គុយលើគ្រែ ទាំងទឹក​មុខ​ស្លេកស្លាំង។ វណ្ណានិយាយតិចៗទៅកាន់នាង៖

-ឯងមិនស្រួលខ្លួនអ្ហេ?

-មិនអីទេបង តែខ្ញុំចង់សម្រាកបន្តិច

-អ៊ីចឹងគេងសិនទៅ

-គេយ៉ាងម៉េចហើយ? (ពិចិត្រសួរ)

-ប្រហែលជាអស់កម្លាំងហើយ ឲ្យគេសម្រាកបន្តិចទៅ

-តើបទស្អីគេហ្នឹង ដូចជាពិបាកស្តាប់ដល់ហើយ! ពេលគេធ្វើបទនេះ តើគេ​កំពុង​ខឹងនឹងអ្នកណាទេដឹង

-បានហើយ! ឈប់និយាយទៅ

ពីរម៉ោងកន្លងទៅ យុវតីលង់លក់មិនទាន់ភ្ញាក់នៅឡើយ។ អ្នកកំលោះទាំង​អស់​​ក៏នាំ​គ្នាចេញមកក្រៅផ្ទះដើម្បីបន្ធូរអារម្មណ៍ និងដកដង្ហើមឲ្យស្រួលបន្តិច។ ពិចិត្រ​​​ចេញ​ពីបន្ទប់ទឹក ក៏ឈរច្រត់ចង្កេះសម្លឹងអ្នកកំលោះតូច៖

-មើលទៅឯងដូចជាគេងលក់ស្រួលណាស់ហ្ន៎ ប្រហែលជាអស់កម្លាំងខ្លាំង​ណាស់​​​​​ហើយមើលទៅ អ្ហើយ! ខ្ញុំក៏អស់កម្លាំងដែរ គេងនៅត្រង់នេះហើយ​យុវជន​​​​​​ក៏​ប្រាស​ខ្លួនទៅគេងលើគ្រែជាមួយយុវតី។ នាយគេងសញ្ជឹងគិតពី ស៊ីឌី​អាល់ប៊ុម​​ដំបូងរបស់ខ្លួន រួចហើយក៏ងាកទៅសម្លឹងកំលោះតូចដែលកំពុង​លង់​លក់​៖

-អូហូ! ការពិតមុខរបស់ឯងស្អាតណាស់តើ………..តែសក់ឯងដូចជាវែង​ពេក​ហើយ ចូលភ្នែកហើយឃើញទេ​

ពិចិត្រយកដៃទៅវៀចសក់ចេញពីភ្នែកយុវតី ក៏ទៅប៉ះថ្ពាល់នាង នាយទាញ​ដៃ​ចេញ​​យ៉ាងលឿន​មកស្ទាបថ្ពាល់ខ្លួនឯង រួចហើយក៏ទៅស្ទាបថ្ពាល់​នាងម្តង​ទៀត​ ព្រម​

ទាំង​រអ៊ូតិចៗ៖

-ហេតុអីក៏ថ្ពាល់ឯងរលោងយ៉ាងនេះ? ដូចជាមនុស្សស្រីអ៊ីចឹង មើលទៅ​ឯង​ដូច​ជា​ថែខ្លួនណាស់តើ

វិនីតមិនដឹងថា ពិចិត្រធ្វើអ្វីចំពោះខ្លួនទេ នាងភ្ញាក់ឡើង ក៏ឃើញពួកគេ​នៅ​តែ​ជុំ​គ្នា​ដដែល។ រ៉ាណេបន្លឺឡើង៖

-ឯងដេកឆ្អែតហើយអ្ហេ?

-ម៉ោងប៉ុន្មានហើយបង?

-ម៉ោងប្រាំហើយទាន

-ថាម៉េចហ្នឹង ខ្ញុំដេកយូរយ៉ាងនេះអ្ហេ? ម៉េចក៏ពួកបងមិនដាស់ខ្ញុំ?

-នែ! ឯងដេកយើងមិនថាទេ ឯងចង់បន្ទោសពួកយើង​ថា​ មិនដាស់ឯងទៀត អ្ហេ អាល្អិតឯងនេះ

-ឈឺណាបង

-បើមិនឈឺ យើងខោកឯងធ្វើអី

-ឲ្យខ្ញុំសូមទោសពួកបងផង

-មិនអីទេ!

-ឈប់ធ្វើហើយអ្ហេ!

-សម្រាកហើយ! ឯងអាចចេញមុនម៉ោងបានថ្ងៃនេះ ឆាប់ទៅផ្ទះសម្រាកទៅ ហ៏! នេះ ប្រាក់ខែរបស់ឯង រាប់មើលសិនទៅ តើសមរម្យទេ?

-ពីររយដុល្លារអ្ហេ! ច្រើនពេកទេដឹងអ្ហេបង ខ្ញុំតែងបទភ្លេងឲ្យបងបានតែ​ប្រាំ​បទ​ប៉ុណ្ណោះ

-មិនច្រើនទេ! នេះគ្រាន់តែជាប្រាក់ខែសាកល្បងឯងប៉ុណ្ណោះ

-ឯងទទួលឲ្យសប្បាយចិត្តទៅ

-អរគុណបង ខ្ញុំទៅសិនហើយ

វិនីតចេញដល់ខាងក្រៅ ក៏ឮសំឡេងវណ្ណាបន្លឺឡើង៖

-ឯងមិនអីទេអ្ហេ?

-បងវណ្ណា!

-ខ្ញុំសួរថា សុខភាពឯងមិនអីទេអ្ហេ?

-អត់……..អីទេបង ខ្ញុំជាហើយ ហើយមានកម្លាំងខ្លាំងទៀតផង បងឃើញ​ទេ

-នៅគ្រាន់បើទៀត មើលញ៉ាំបាយឲ្យច្រើនទៅ មើលទៅឯងដូចជាស្គម​ណាស់

-បាទបង ខ្ញុំទៅហើយបង

វិនីតដើរទៅទាំងញញឹមខ្ជឹប។ ពេលទៅដល់ផ្ទះទើបនាងដឹងថា ទូរស័ព្ទ​អស់ថ្ម ក៏លាន់មាត់ឡើង៖”អ៊ីចឹងតើ បានជាមិនឮមាននរណាតេមក”។ យក​ទូរស័ព្ទ​ទៅ​សាក​ថ្ម​

ហើយ នាងក៏ចូលទៅបន្ទប់ទឹកបាត់។

ក្រោមពន្លឺផ្កាយព្រាលៗ វាយោត្រសៀកៗ បែរជាធ្វើឲ្យតារាចម្រៀងវ័យ​ក្មេង​ម្នាក់​នេះនឹកដល់ថ្ពាល់ដ៏រលោងរបស់អ្នកនិពន្ធវ័យក្មេងទៅវិញ។ នាយលើក​ទូរស័ព្ទ​សម្លឹង​មើល ហើយក៏សាកល្បងតេទៅម្តងទៀត៖

-តើឯងយ៉ាងម៉េចទៅហើយ ម៉េចក៏មិនលើកទូរស័ព្ទ?

-អាឡូ!

យុវជនភ្ញាក់ព្រើត ព្រោះតែឮសំឡេងមនុស្សស្រីជាអ្នកទទួលទូរស័ព្ទ ចំណែក​វិនីត​យក​ដៃខ្ទប់មាត់៖”វីវរហើយ”។

-អាឡូ! នេះជាទូរស័ព្ទរបស់វិនីតមែនទេ?

-ចាសត្រូវហើយ! គាត់ជាបងខ្ញុំ

-អ៊ីចឹងទេអ្ហេ! ចុះបងឯងទៅណាហើយ បងអាចជួបនឹងគេបានទេ

-បងចាំមួយភ្លែតណា……………បងវិនីត មានគេចង់ជួប……………អាឡូ!

-ឯងកំពុងធ្វើអីហ្នឹង ខ្ញុំតេទៅឯងស្ទើរបែកមេដៃហើយណា

-សូមទោស! បងមានការអីអ្ហេ?

-គ្មានទេ! គ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ សុខភាពឯងយ៉ាងម៉េចហើយ?

-ខ្ញុំអស់អីហើយបង បងកុំបារម្ភអី

-ឯងដូចជាស្គមខ្លាំងណាស់ មើលញ៉ាំបាយឲ្យច្រើនៗទៅស្តាប់បានទេ

-បាទបង!

-អូត្រូវហើយ! តើយប់ឡើង ឯងមានលាបគ្រឿងសម្អាងអីទេ?

-គ្មានទេ!

-ឯងមិនចាំបាច់កុហកបងទេ ថ្ងៃមិញនេះ នៅពេលដែលឯងដេកលក់ បង​បាន​ស្ទាប​ថ្ពាល់ឯង រលោងខ្លាំងណាស់ដឹងទេ មានគ្រឿងសម្អាងអី ឯងគួរតែ​ប្រាប់​បង​​ឲ្យ​បាន​ដឹង​ផង

-បង………….

-បងនិយាយលេងទេ បានហើយ! ឯងឆាប់ចូលគេងទៅ រាត្រីសួស្តី!

វិនីតដាក់ទូរស័ព្ទចុះ ក៏រអ៊ូម្នាក់ឯង៖

-ថ្ងៃមិញគាត់បានធ្វើអី ម៉េចក៏ខ្ញុំមិនដឹងសោះអ៊ីចឹង …………​តែពួកគាត់​ដូច​ជា​បារម្ភ​ពី​​ខ្ញុំដល់ហើយ តិចលោពួកគាត់ដឹងថា ខ្ញុំជាស្រីទេដឹង? មិនអាចទេ! គាត់ធ្វើ​ម៉េច​នឹង​អាចដឹងបាន។

ពីរខែកន្លងផុតទៅ

          ពីរខែទៅនេះ សំនៀង ពិចិត្របានបាត់ខ្លួនពីគ្រប់ឆាកតន្រ្តី ដោយគ្មាននរណា​ដឹងថា គេទៅណាឡើយ។ អ្នកសារព័ត៌មានតែងតែតេសួរម្ចាស់​ផលិតកម្ម​​នាគ​ ទេព ពីការបាត់ខ្លួនរបស់តារាចម្រៀងរូបនេះ។ ព័ត៌មានមិន​ច្បាស់លាស់​​ជាច្រើន​​បាន​លេច​ឡើង អ្នកខ្លះថា តារាចម្រៀងវ័យក្មេងនេះ លាឈប់​ពី​វិស័យសិល្បៈ អ្នកខ្លះទៀតថា នាយ​បាន​រៀបការហើយ ហើយចេញទៅរស់​នៅ​​​ប្រទេស​ក្រៅ មិនតែប៉ុណ្ណោះមាន​អ្នកខ្លះទៀត​យល់ថា តារាចម្រៀងរូបនេះ​ត្រូវគេគំរាមពីបទ​ចោទប្រកាន់​ស្នេហា​ត្រីកោណ។ តែ​សម្រាប់​ម្ចាស់​ផលិតកម្ម​នាគ ទេព លោកបាន​ផ្តល់ព័ត៌មានថា តារា​ចម្រៀង​វ័យ​ក្មេងរូប​នេះ ទៅ​វិស្សមកាល​មួយ​រយៈ តែនៅ​កន្លែងណានោះ លោកពុំ​អាច​ប្រាប់​បានឡើយ។ ព័ត៌​មានខ្សឹបខ្សៀវនេះ ពិតជាហួសចិត្តពេកហើយ សម្រាប់​សំនៀង ពិចិត្រ។ វិនីត អង្គុយ​អានព័ត៌មាននៅលើគ្រែទៅកាន់យុវជនទាំងអស់៖

-សំនៀងពិចិត្របាត់ខ្លួនគ្មាននរណាដឹង តាមពាក្យចចាមអារាមជាច្រើន បាន​ឲ្យ​ដឹងថា តារាចម្រៀងវ័យក្មេងរូបនេះលួចមានស្នេហាលួចលាក់ជា​មួយ​ស្រ្តី​មាន​មុខមាត់ម្នាក់នៅក្នុងសង្គម ដែលជាហេតុធ្វើឲ្យប្តីដើមរបស់​ស្រ្តីនោះមាន​កំហឹង​​​​​​​​យ៉ាង​ខ្លាំង រហូតដេញគំរាមធ្វើឲ្យតារាចម្រៀងយុវវ័យ​រូបនេះបង្ខំចិត្ត​ចាកចេញពី​ពិភពសិល្បៈទាំងទាន់ហន់គ្មាននរណាដឹង។ ប៉ុន្តែតាមរយៈអ្នក​គាំទ្ររបស់តារា​ចម្រៀង​រូបនេះ​បានឲ្យដឹងថា ពិចិត្រ​មិន​បានទៅណាឆ្ងាយ​នោះទេ គេគ្រាន់តែចង់​សម្រាក​មួយរយៈប៉ុណ្ណោះ ចំណែក​ព័ត៌មានដែលថា គេមានស្នេហាលួចលាក់នោះ វាមិនមែនជាការ​ពិតឡើយ។ តារាវ័យក្មេងនេះ មិនអាចនឹងប្រព្រឹត្ត​អំពើអសីលធម៌​បែប​នេះ​ឡើយ។

-បានហើយ! ឈប់អានទៅ (ពិចិត្របន្លឺ)

-ព័ត៌មានទាំងនេះគួរឲ្យចង់ស្តាប់តើបង

-មានអីគួរឲ្យចង់ស្តាប់ បើត្រូវគេមួលបង្កាច់យ៉ាងនេះហើយនោះ(រ៉ាឌីតប)

-ថ្ងៃនេះដូចជាមិនឃើញបងវណ្ណា?

-គេសុំច្បាប់ទៅលេងមីងរបស់គេនៅពួកឯនោះ (ពិចិត្រឆ្លើយ)

-អ៊ីចឹងទេអ្ហេ!

-យ៉ាងម៉េច! អត់មាននរណាជេរឯង ឯងអផ្សុកអ្ហេ?​(រ៉ាណេឧទាន)

-មានឯណា…….ខ្ញុំទៅបន្ទប់ទឹកសិន

វិនីតដើរចូលទៅបន្ទប់ទឹក ក៏ស្រាប់តែឮសំឡេងធ្លាក់របស់ប្រាវ ពិចិត្រ ស្ទុះ​រត់ចូល​ទៅរអិលជើងនឹងសាប៊ូដែលនាងធ្វើធ្លាក់ ក៏ដួលទាំងជំហរទៅសង្រ្គប់​លើ​នាង។ ដៃទាំង​ពីរ​របស់យុវជនឱបនាងជាប់ ច្រមុះរបស់នាយទៅផ្អឹបនឹងថ្ពាល់​របស់​នាង កាយវិការនេះ​ស្ថិតនៅក្នុងកែវភ្នែករបស់យុវជនទាំងបី    ដែលស្ទុះ​បម្រុងចូលទៅ

តែបែរជាឈរទ្រឹង​ស្ងៀម​ទាំងអស់គ្នា ហាមាត់ធំៗ លាន់មាត់តិចៗ៖

-អ្ហូ!

-ដូចជាខ្សែភាពយន្តអ៊ីចឹង

វិនីតបើកភ្នែកធំៗ នាងហាក់ដូចជាកម្រើកមិនរួចទាល់តែសោះ រ៉ាណេក៏​ស្ទុះ​រត់​ចូល​ទៅ ដើម្បីទាញយុវជនចេញពីវិនីត៖

-បងយ៉ាងម៉េចហើយហ្នឹង?

-មិនអីទេ! ……..សំណាងហើយ ដែលមិនដួល……..ឯងមានត្រូវត្រង់ណាទេ?

-បងនៅសួរវាទៀតអ្ហេ ខ្ញុំឃើញបងឱបវាជាប់ វាប្រាកដជាមិនអីហើយ តែ​បងទេ បង​ពិតជាមិនអីមែនអ្ហេ?

-មិនអីទេ!

-ម៉េចក៏ឯងមិនចេះប្រយ័ត្នអ៊ីចឹង?

-សូម…….ទោស………

-ឯងកុំសំឡុតវាអី បានហើយ! ឯងធ្វើអីធ្វើទៅ ពួកយើងចេញទៅក្រៅទៅ

យុវជនទាំងអស់នាំគ្នាចេញមកក្រៅវិញ ចំណែកវិនីត នាងមិនទាន់បាត់​ភ័យ​នៅឡើយទេ។ នាងឈរឆ្លុះកញ្ចក់ យកដៃម្ខាងមកប៉ះថ្ពាល់ ឯដៃម្ខាងទៀត ដាក់លើ​ទ្រូង​ខាងឆ្វេង រួចក៏គិតតែម្នាក់ឯង៖”ហេតុអីក៏បេះដូងលោតញាប់យ៉ាង​នេះ?”។​ចំណែក​​រ៉ាណេ​សួរទៅកាន់ពិចិត្រ៖

-បងមានអារម្មណ៍យ៉ាងម៉េចដែរ?

-អារម្មណ៍ស្អី?

-អម្បាញ់មិញក្រែងបងថើបអាល្អិតនោះអ្ហេ?

-ត្រូវហើយ! ឯងមិនត្រឹមតែថើបទេ សូម្បីតែដៃទាំងពីររបស់ឯង ក៏​ក្រសោប​ឱបវា​ជាប់​ដែរ ឯងពិតជាមិនមានអារម្មណ៍មែនអ្ហេ?

-សូម្បីតែបងក៏គិតផ្តេសផ្តាសដែរអ្ហេ! វាតូចយ៉ាងហ្នឹង បើដួលទៅមិនបាក់​ឆ្អឹងស្លាប់​ទេ​អ្ហេ ខ្ញុំគ្រាន់តែការពារវាមិនឲ្យដួលតើ

-តែបងដឹងទេ? ខ្ញុំឃើញមុខវាឡើងក្រហមដូចជាមនុស្សស្រីត្រូវមនុស្ស​ប្រុស​ថើប​អ៊ីចឹង

-ខ្ញុំក៏ឃើញដែរបង

-ត្រូវហើយ! ………តិចលោ វាលួចស្រលាញ់ឯងទេដឹង?

-ពួកបងនិយាយស្អីហ្នឹង! រឿងអ៊ីចឹង ក៏បងនិយាយចេញមកកើតដែរ ឯងទៅ​យក​​បង់ មកបិទកែងដៃឲ្យបងមក

-បាទៗ!

-បង! វាចេញមកហើយ

វិនីតញឹមៗ តែសុវណ្ណ រ៉ាណេ និងរ៉ាឌីសុទ្ធតែតាមសម្លឹងនាង។ ពិចិត្របន្លឺ៖

-ពួកឯងឈប់លេងទៅ! ឯងមិនអីទេអ្ហេ?

-បាទ មិនអីទេ

-ឯងមានអារម្មណ៍យ៉ាងម៉េចដែរ?

រ៉ាណេសួរហើយ ក៏ដើរទៅជិតវិនីត ហើយក៏ចេះតែឱនទៅរកមុខនាង ចំណែក​វិនីត​ចេះតែខំគេចរហូតទាល់នឹងជញ្ជាំង រ៉ាណេបន្លឺឡើង៖

-ខ្ញុំគ្រាន់តែលេងសើចនឹងឯងតើ ហេតុអីក៏ឯងភ័យយ៉ាងនេះ?

-ខ្ញុំមិនបានភ័យឯណា! ខ្ញុំទៅផ្ទះហើយ

-បងឃើញទេ គេអៀនហើយ

-ពួកឯងនេះ!

វិនីតដកដង្ហើមធំដើរនៅលើដងផ្លូវ។ ថ្ងៃនេះមានអារម្មណ៍ដូចជាមិន​ស្រួល​សោះ។ ចេញពីសាលាទើបតែទៅដល់ផ្ទះ សំឡេងទូរស័ព្ទបន្លឺឡើង គ្រាន់តែ​ទទួល​ទូរស័ព្ទហើយ នាងរត់វឹង តម្រង់ទៅក្លឹបបាខែង។ ចូលទៅដល់ខាងក្នុង នាង​ឃើញ​វណ្ណា​​បានស្រវឹង​ទ្រេត​ទៅហើយ៖

-បងយ៉ាងម៉េចហើយ?

-ឯងមកហើយអ្ហេ? ជួយចេញលុយឲ្យយើងផង ចាំស្អែកយើងសងឯងវិញ

-អស់ប៉ុន្មានដែរបង

-បួនម៉ឺនរៀល……………..អរគុណ

-តោះ! ពួកយើងត្រឡប់ទៅវិញ

-មិនទាន់ចង់ទៅទេ យើងចង់ផឹកបន្តិចទៀត

-មិនបានទេបងស្រវឹងហើយ!

-ឯងកុំចេះ!

-អូយ!

វណ្ណាគ្រវាសដបទៅត្រូវក្បាលវិនីតធ្វើឲ្យរបួសចេញឈាមតិចៗ តែវិនីត​មិន​បាន​​ខ្វល់​ពីក្បាលរបស់ខ្លួនទេ នាងលើកគ្រាយុវជនឡើង៖

-ពួកយើងទៅ

-យើងប្រាប់ឯងណា រឿងយប់នេះ កុំប្រាប់មិត្តភក្តិយើងឲ្យដឹងឲ្យសោះ បើមិន​អ៊ីចឹង​យើងមិនលើកលែងឲ្យឯងទេ

-បើខ្លាចគេដឹងទាល់តែកុំធ្វើ ឆាប់ទៅៗ………….ធ្ងន់ណាស់!

វិនីតគ្រាវណ្ណាចេញមកដល់មាត់ផ្លូវ៖

-បងនៅចាំត្រង់នេះសិនហើយ

-ឯងចង់ទៅណា? មិនឲ្យតេហៅអ្នកណាមកទេណា

-ដឹងហើយ! ខ្ញុំទៅហៅម៉ូតូឌុបតើ…….យ៉ាប់មែន!…………អាឡូបង!

-ឯងមានការអីអ្ហេ?

-បងមកយកខ្ញុំបន្តិចមក ខ្ញុំនៅចាំបង នៅមុខបាបាក់ខែង

-តើឯងទៅធ្វើអីទីនោះ

-បងឆាប់មកឲ្យលឿនឡើង

-អាឡូ អាឡូ………….តើវាកំពុងតែធ្វើអីអាល្អិតនេះ?

វិនីតឃើញច្បាស់ ថាក្រុមក្មេងស្ទាវមួយក្រុម កំពុងរករឿងវណ្ណា។ នាង​ស្ទុះ​រត់​ចូល​​ទៅ៖

-សូមទោស តើមានរឿងអីហ្នឹង?

-ឯងស្គាល់គេអ្ហេ?

-គាត់ជាបងប្រុសខ្ញុំ

-ឯងមើលមើល ពួកយើងមិនបានរករឿងគេមុនទេណា តែគេមកក្អួតដាក់​យើង​មុន

-សូមទោស! ចាប់ខ្ញុំជូតឲ្យពួកបង

-ឯងធ្វើស្អី! យើងក្អួតដាក់ឯងវាយ៉ាងម៉េច

-ស្រវឹងហើយ នៅខ្លាំងទៀតហើយ

-បានហើយ!

ក្រុមក្មេងៗទាំងនោះ ខឹងណាស់ក៏នាំគ្នាគ្រវាសវណ្ណាឲ្យដួលទៅលើដី វិនីត​ស្ទុះ​

រត់ចូលទៅ នាងក្រសោបវណ្ណាជាប់​ ហើយនិយាយពាក្យសូមទោសទៅរក​ពួក​គេ តែ​មិន​​បាន​ធ្វើឲ្យកំហឹងក្មេងទាំងនោះសាបឡើយ ពួកគេទាត់ធាក់វិនីត និង​វណ្ណា​ជាមួយ​គ្នា​។ តែ​អ្នកត្រូវរបួសធ្ងន់គឺកំលោះតូចហ្នឹងឯង៖

-ពួកឯងកំពុងធ្វើអី?

ពិចិត្រស្ទុះចូលមក ក្មេងស្ទាវទាំងអស់ក៏ស្ទុះរត់អស់ អ្វីដែលនាយឃើញ​មុនគេ គឺ​រូបកាយដ៏តូចល្អិតរបស់វិនីត ដែលជារបាំងការពារវណ្ណាពីក្មេងអន្ធ​ពាលទាំងនោះ។ នាយ​​ដាក់ដៃលើស្មានាង ហើយសួរ៖

-ឯងយ៉ាងម៉េចហើយ?

-អូយ!……….

-តើមានរឿងអីហ្នឹង ម៉េចក៏ពួកឯងទាំងពីរនៅទីនេះទៅវិញ?

-បងវណ្ណាស្រវឹងហើយ បងឆាប់ជួយលើកគាត់ទៅ

ពិចិត្រនាំវណ្ណា និងវនីតមកដល់ផ្ទះតន្រ្តីវិញ យុវជនទាំងអស់នាំគ្នាចេញមក​ជួយ​​លើក​វណ្ណាដែលលង់លក់ទៅហើយនោះ។ រ៉ាឌីសួរ៖

-តើមានរឿងអីកើតឡើង?

-ខ្ញុំក៏អត់ដឹងដែរ ពេលដែលខ្ញុំទៅដល់ គឺគាត់ស្រវឹងបាត់ហើយ

-ចុះហេតុអីក៏ឯងរបួសយ៉ាងនេះ?

-គឺ………

-បង! បងដឹងទេ ហេតុអីក៏អាល្អិតនេះត្រូវរបួស

-គេយកខ្លួនទៅពាំងវណ្ណាជាប់ បើនៅតែបន្តិចទៀត ពួកក្មេងៗទាំងនោះ​ប្រហែល​ជា​ទាត់គេស្លាប់ក៏មិនដឹងផង

-ឈឺណាបង!

-លាបថ្នាំឲ្យឯង ឯងរអ៊ូថាឈឺ កាលត្រូវគេទាត់ម៉េចមិនឮឯងរអ៊ូផងទៅ

-ជាធម្មតា បងវណ្ណាដូចជាមិនសូវចូលចិត្តឯងទេ ហេតុអីក៏ឯងជួយគាត់​យ៉ាង​នេះ? (រ៉ាណេបន្លឺ)

-ខ្ញុំគ្រាន់តែមិនចង់ឲ្យគាត់របួសប៉ុណ្ណោះ

-មុខឯងជាំហើយមានរបួសទៀត បើម៉ែឯងឃើញ វីវរហើយ ស្រួលមិន​ស្រួល​​​គាត់ថា ពួកយើងជាអ្នកធ្វើបាបឯងក៏មិនដឹង

-យប់នេះគេងនៅទីនេះហើយ!

-អត់ទេ! ខ្ញុំត្រឡប់ទៅផ្ទះវិញ

-តែយប់ជ្រៅហើយ!

-ត្រូវហើយ! ឯងតេប្រាប់ម៉ែឯងទៅ

-មិនគេងទេ!

-ឯងយ៉ាងម៉េចហ្នឹង?

-ខ្ញុំចង់បានន័យថា ទីនេះចង្អៀតណាស់ ម៉េចនឹងអាចដាក់ខ្ញុំម្នាក់ទៀតបាន​ទៅ យក​ល្អខ្ញុំទៅផ្ទះវិញ

-មិនអីទេ! ឯងគេងជាមួយខ្ញុំនៅបន្ទប់ថតសំឡេងចុះ

-តែម៉ែខ្ញុំ!

-គ្រាន់តែតេប្រាប់គាត់បន្តិចទៅបានហើយ អណ្តក់អណ្តឺតមើលតែកូនស្រី​ឯងនេះ

-មកយប់ជ្រៅហើយ ពួកយើងទៅគេងទៅ

ពិចិត្រទាញដៃវិនីតចូលទៅក្នុងបន្ទប់៖

-មុជទឹកទៅ ហើយស្លៀកខោអាវបងសិនក៏បានដែរ

-អត់ទេ! ខ្ញុំអត់មុជទេ…………ខ្ញុំមុជរួចហើយ

-គ្រែតូចបន្តិចហើយ

-ហេតុអីក៏បងមើលមុខខ្ញុំ?

-មុខស្អាតយ៉ាងនេះ តែបែរជាជាំអស់ ម្យ៉ាងដែរ បានហើយគេងទៅ!

វិនីតដេកយ៉ាងត្រង់ភ្លឹងមិនហ៊ានកម្រើកទាល់តែសោះ ព្រោះតែខ្លាចប៉ះ​យុវជន តែ​បន្ទាប់ពីលង់លក់ទៅ នាងក៏ស្រវាឱបយុវជនយ៉ាងស្រួល។ ព្រហាម​ស្រាង​ៗឡើង នាងក៏ងើបទៅជួយសម្អាតថ្នល់ម្តាយនាងដូចធម្មតា៖

-ម៉ែ!

-មុខឯងកើតអីហ្នឹង?

-សូមទោសម៉ែ! ឈប់មិញមានរឿងបន្តិចបន្តួច

-ពួកគេវាយឯងអ្ហេ?

-អត់ទេម៉ែ!

វិនីតនិយាយរឿងរ៉ាវប្រាប់ម្តាយ។ មីងណាបន្លឺ៖

-សំណាងហើយ ដែលពិចិត្រទៅទាន់ ហេតុអីក៏កូនមិនចេះប្រយ័ត្នប្រយែង​យ៉ាង​នេះ​?

ថ្លែងពីវណ្ណា។ នាយភ្ញាក់ពីដំណេកឡើង ហាក់ពុំចាំរឿងរ៉ាវ​ ដែលកើត​ឡើង​ពី​យប់មិញឡើយ។ ពិចិត្រអង្គុយនៅលើគ្រែចាំយុវជនចេញពីបន្ទប់ទឹក ទើប​សួរ៖

-យប់មិញមានរឿងអី?

-យប់មិញ! ……យប់មិញ ខ្ញុំស្រវឹងមែនទេ?

-នេះឯងស្រវឹងរហូត មិនចងចាំអ្វីទាំងអស់អ្ហេ? បើវិនីតស្លាប់ពីយប់មិញ​ទៅ​ក៏ឯងមិនដឹងដែរអ្ហេ?​

-តើមានរឿងអីកើតឡើងចំពោះគេ?

-ថ្ងៃក្រោយមានរឿងអ្វី ឯង​តេមករកពួកយើងមក កុំទៅរំខានវិនីតទៀត

-ខ្ញុំសួរថា មានរឿងអីកើតឡើងចំពោះគេ?

-មានរឿងអី? (រ៉ាណេ រ៉ាឌី និងសុវណ្ណរត់ចូលមក)

-វិនីតកើតអី?

-វិ…នីត…វាការពារបង រហូតត្រូវពួកអាក្មេងស្ទាវវ៉ៃបែកមុខបែក​មាត់អស់​ហើយ

-ចុះពេលនេះ វានៅឯណា?

-វាទៅផ្ទះតាំងពីព្រលឹមម៉្លេះ…………បងគិតទៅណា?

វណ្ណាស្ទុះរត់ចេញទៅ។ នាយឃើញវិនីតកំពុងបោសសម្អាតថ្នល់ទាំងមុខជាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មៅ។ វិនីតឃើញច្បាស់ថា វណ្ណាកំពុងឈរនៅចំពោះមុខខ្លួន នាងបន្លឺតិចៗ៖

-បង!…………បងមកទីនេះធ្វើអី?

-សូមទោស!

វណ្ណាស្រវាឱបវិនីតជាប់ តែនាងឆាប់បម្រាស់ចេញភ្លាម៖

-បងធ្វើអីហ្នឹង បើពួកគេឃើញយើង តើគេគិតយ៉ាងម៉េច?

-កូនស្គាល់គេអ្ហេ?

-បាទម៉ែ! គាត់គឺបងវណ្ណា

-ជម្រាបសួរអ្នកមីង!

-ចាស!

-ខ្ញុំសូមទោស ដែលបង្ករឿង ធ្វើឲ្យកូនអ្នកមីងរបួសពេញខ្លួនបែប​នេះ​

-បានហើយ! រឿងវាកន្លងហួសទៅហើយ

-ខ្ញុំជួយឯង

-មិនអីទេ! បងកុំធ្វើអ៊ីចឹងអី…………បងមិនទៅធ្វើការទេអ្ហេ?

-មិនអីទេ បន្តិចទៀតបងទៅក៏បាន

វណ្ណាជួយសម្អាតផ្លូវវិនីតមួយសន្ទុះធំ ទើបលាមីងណាត្រឡប់ទៅវិញជា​​មួយ​​នឹងវិនីត។ នៅតាមដងផ្លូវ វិនីតបន្លឺ៖

-បងមានរឿងអីអ្ហេ?………….ខ្ញុំ….ខ្ញុំដឹងថាមិនគួរសួរបងទេ តែហេតុអីក៏​បង​​​​​ផឹក​ស្រាច្រើនយ៉ាងហ្នឹង?

-សូមទោសផង ដែលនាំទុក្ខដល់ឯងយ៉ាងនេះ

-មិនអីទេ! ការពិតខ្ញុំសប្បាយចិត្តវិញទេ ដែលបងនឹកឃើញដល់ខ្ញុំ បានន័យថា​បងមិនបានស្អប់ខ្ញុំទេ​

-បងមិនដែលស្អប់ឯងឯណា បងនិយាយប្រាប់ឯងចុះ បងផឹកស្រាព្រោះតែ​បងខូច​ចិត្ត

-ខូចចិត្ត! ខូចចិត្តរឿងអីគេ?

-រឿងស្នេហាហ្នឹងណា!

-ស្នេហាអ្ហេ!

-ត្រូវហើយ!

-អូ! បងប្រហែលជាត្រូវគេបោះបង់ចោលហើយមែនទេ? ហើយបង​ប្រហែល​ជា​ស្រលាញ់​គេខ្លាំងហើយមើលទៅ

-ត្រូវហើយ! ម្សិលមិញ គឺជាថ្ងៃដែលនាងរៀបការ បងមិនបានទៅចូលរួម​ទេ ទើប​ទៅផឹកស្រាយ៉ាងនេះទៅ

-បងពិបាកចិត្តណាស់មែនទេ?

-ពិបាកណាស់ ប៉ុន្តែនៅពេលដែលងើបឡើង ឮថាឯងមានគ្រោះថ្នាក់ដោយ​សារ​តែបង បងស្តាយក្រោយណាស់ ពិចិត្រខឹងនឹងបងមិនខុសទេ មិនគួរ​នាំ​ទុក្ខដល់​ឯងឡើយ

-តែខ្ញុំអស់អីហើយតើ ត្រូវហើយ! ហេតុអីក៏បងរកខ្ញុំឃើញ?

-បងដឹងថា ឯងធ្វើការនៅទីនោះយូរហើយ

-អ៊ីចឹងទេអ្ហេ!

ពួកគេទាំងពីរជជែកគ្នារហូតដល់ផ្ទះតន្រ្តី។ រ៉ាណេបន្លឺ៖

-បងមកវិញហើយអ្ហេ! អាល្អិតម៉េចក៏ឯងមកដែរ?

-អីយ៉ា! មុខឯងមើលពីយប់ ដូចជាមិនអី តែពេលថ្ងៃដូចជាជាំខ្លាំង​ដល់​ហើយ ឯង​ទៅរៀនកើតដែរអ្ហេ?

-ខ្ញុំសុំច្បាប់រួចហើយ

-ល្អ! អ៊ីចឹងយប់នេះ ឯងមានពេលធ្វើបទភ្លេងជាមួយយើងហើយ

-នៅសល់ដប់ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ហើយ យើងនៅសល់មួយ​បទទៀត ទើបបានដប់បទ

-តើថ្ងៃនេះ យើងអាចធ្វើរួចទេ?

-ត្រូវតែធ្វើឲ្យរួច……….ខ្ញុំទៅសរសេរទំនុកច្រៀងសិន

ពេញមួយថ្ងៃ បទភ្លេងថ្មីមួយទៀតបានលេចចេញឡើង នោះគឺបទឈាម​តែមួយ។ សំឡេងហ៊ោកញ្ជ្រៀវលាន់ឡើង ជាសញ្ញានៃភាពជោគជ័យនៃអាល់ប៊ុមថ្មី ដែល​ចេញ​ពីអារម្មណ៍ពិត បេះដូងពិតរបស់យុវជនខ្មែរ។ រ៉ាឌីបន្លឺ៖

-យប់នេះ យើងដើរលេងទៅបង

-ត្រូវហើយ! ខ្ញុំខានដើរលេងយប់យូរហើយបង ហើយក៏ចង់មើលក្រុង​សៀមរាប​​​​ទាំងមូល តើស្រស់ស្អាតយ៉ាងណាដែរ

-អ៊ីចឹង! ពួកយើងទៅដើរលេងទៅ

អូហូ! សៀមរាបពិតជាស្រស់ស្អាតមែន ពន្លឺភ្លើងពណ៌មិនចាញ់រាជធានី​ភ្នំពេញ​ឡើយ។ យុវជនមួយក្រុមនេះពិតជាសប្បាយខ្លាំងណាស់ ចំណែកវិនីតក៏​ស្ទើរតែ​ភ្លេច​ខ្លួន​ថាជាស្រីដែរ នាងត្រូវយុវជនទាំងអស់ចាប់កៀកកដូចជាកូនក្មេង ប្រឡែងលេង ឥតឈប់​សោះ។ ឥឡូវពួកគេកំពុងអង្គុយនៅក្រោមពន្លឺព្រះចន្ទនៃ ផ្លូវហុកសិបម៉ែត ទីលានឃ្យូង យូ។ ម្នាក់ៗមានទឹកមុខញញឹម វិនីតលួចសម្លឹងមុខ​យុវជនម្នាក់ម្តងៗ ហើយគិត​តែម្នាក់​ឯង​៖”បងសុវណ្ណ! បងអាយុច្រើនជាងគេ តែ​បងរួសរាយណាស់ បងតែងតែមើលការ​ខុសត្រូវពួកយើងទាំងអស់គ្នា។ បង​រ៉ាណេ! បងចូលចិត្ត​និយាយ​ច្រើន តែបងមានចិត្តល្អ មិនចេះខឹង។ បងរ៉ាឌី! បងពុំ​សូវចេះនិយាយ តែបងចូលចិត្ត​ញញឹម ហើយតែងតែ​បារម្ភពី​អ្នកទាំងអស់គ្នា។ បងវណ្ណា! បងមិនដែលញញឹមទេ តែ​ពេលនេះបងញញឹមហើយ រាល់​ថ្ងៃ​បង ហាក់ដូចជាកាចណាស់ តែបងក៏មានចិត្តល្អ បងយកចិត្តទុកដាក់ចំពោះខ្ញុំដូចជា​បងប្អូន​អ៊ីចឹង។ បងពិចិត្រ! បងជាអ្នកចម្រៀងល្បី ខ្ញុំមិននឹកស្មានថា​បងមាន​អធ្យាស្រ័យ​ល្អយ៉ាងនេះទេ បងតែងតែបារម្ភពីខ្ញុំ ការពារខ្ញុំ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំ​ក្នុងការតែងនិពន្ធ។ ពួកបងម្នាក់ៗសុទ្ធតែល្អនឹងខ្ញុំ ខ្ញុំមិនដឹងថា នៅពេលស៊ីឌី​ចម្រៀងចេញហើយ តើពួកបង​នៅត្រូវការខ្ញុំទៀតទេ? ពួកបងដឹងទេ មួយរយៈ​នេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ តែខ្ញុំក៏បារម្ភណាស់ដែរ បើសិន​ជា​បង​

ដឹង​​ថាខ្ញុំជាមនុស្សស្រី តើពួកបងគិតយ៉ាងម៉េច? ​ខ្ញុំគួរតែប្រាប់ពួកគាត់នៅពេល​នេះ”។

-នែ! ឯងកំពុងគិតអីហ្នឹង? (ពិចិត្រសួរ)

-បាទ!

-បងសួរថា កំពុងគិតអី?

-អត់ទេ! ……..ខ្ញុំ មានរឿងចង់ប្រាប់ពួកបង

-ខ្ញុំក៏មានរឿងមួយដែរ (រ៉ាណេបន្លឺ)

-ឯងមានរឿងអីអ្ហេ?

-បងរ៉ាណេនិយាយមុនទៅ!

-ខ្ញុំនិយាយរឿងមួយឲ្យពួកបងស្តាប់ រឿងនោះដូចជាពួកយើងអ៊ីចឹង មាន​តារា​ចម្រៀងមួយក្រុមនោះ ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែមានថ្ងៃ​មួយ នៅ​ក្នុង​​​ចំណោម​​​ពួកគេទាំងអស់ មានម្នាក់គឺជាស្រីដែលបន្លំខ្លួនធ្វើជាប្រុស​ពួកបង​ដឹង​​​ទេ​​ថា នៅពេលដែលរឿងនោះបែកការ តើតារាចម្រៀងរូប​នោះទៅជា​យ៉ាងណា​?

-ទៅជាយ៉ាងណា បើឯងមិននិយាយមាននរណាដឹង

-មិត្តរួមក្រុមរបស់គេគឺខឹងនឹងគេខ្លាំងណាស់ ថាហេតុអីក៏កុហកពួកគេ ពួកគេក៏​នាំ​​​​គ្នា​យកកាំបិតប៉ាន់តោ ដេញកាប់នារីម្នាក់នោះ កាប់ៗៗៗរហូតទាល់តែ​នាង​ស្លាប់ផុតពីលោកានេះ

-មិនហួសហេតុពេកទេអ្ហ៊ៃ? (រ៉ាឌីបន្លឺ)

-ត្រូវហើយ! គ្រាន់តែដឹងថានាងជាស្រី ហេតុអីក៏ចាំបាច់ធ្វើបែបហ្នឹង ឯង​និយាយអ៊ីចឹង មើលអាល្អិតនេះ ដូចជាភ័យដល់ហើយ

-មានឯណា! ចុះក្រោយមកយ៉ាងម៉េចទៀតបង?

-មានយ៉ាងម៉េច បើនាងស្លាប់ហើយគឺចប់ហើយ  ដល់វេនឯងនិយាយម្តង​ហើយ

-យ៉ាងម៉េច ឯងមិននិយាយទៅ!

-ខ្ញុំភ្លេចហើយថា​ ត្រូវនិយាយពីអ្វី

-អាល្អិតឯងនេះ

-ពួកបងត្រឡប់ទៅភ្នំពេញពេលណា?

-ពួកយើងធ្វើបទចម្រៀងរួចហើយ យើងគិតថា ទៅស្អែកនេះ តើល្អទេ?

-ទៅស្អែកក៏ល្អដែរ

-ឯងទៅជាមួយពួកយើងទេ

-ខ្ញុំមិនទៅទេ

-ពេលនេះឯងមិនទៅក៏បាន តែ​បើក្រោយការចេញស៊ីឌីចម្រៀងទទួលបាន​

ជោគជ័យ ​ឯង​ត្រូវតែទៅ មួយរយៈនេះ អរគុណ​ឯងខ្លាំងណាស់ ដែលព្រម​រួម​សុខ​​ទុក្ខ​ជា​មួយពួកយើង ពេលពួកយើងមិននៅ ឧស្សាហ៍ទៅលេងផ្ទះ​តន្រ្តី​ផង កុំទុកវា​​ចោល​​​ឲ្យសោះណា ព្រោះពួកយើងនឹងត្រឡប់មកវិញ

-បាទ!

-អាល្អិតអ្ហា៎! ឯងត្រូវថែរក្សាខ្លួនណា (រ៉ាណេនិយាយ)

-ត្រូវចេះប្រយ័ត្ន ពិសេសនៅពេលចូលបន្ទប់ទឹក (រ៉ាឌីឧទាន)

-ទោះបងមិនសូវនិយាយជាមួយឯង តែបងពេញចិត្តសមត្ថភាពឯង ព្យាយាម​​​និពន្ធ​បទភ្លេងតទៅទៀតណា កុំបោះបង់ចោលឲ្យសោះ

-បាទ!

-ឈប់និយាយទៅ គេយំហើយ!

-ឯងកុំយំដូចជាស្រី បានទេ! (រ៉ាណេបន្លឺ)

-តែខ្ញុំចង់យំ!

វិនីតយំហ៊ូ។ យប់នោះ យុវជនទាំងអស់ជូននាងមកដល់ផ្ទះ។ ក្រោយការ​ចាក​ចេញ​​​​​របស់ពួកគេ វិនីតហាក់ដូចជាមានអារម្មណ៍ស្ងប់ស្ងាត់ និងនឹករលឹក​ដល់​ពួកគេ​យ៉ាង​ខ្លាំង។ ជិតមួយសប្តាហ៍ហើយ តែនាងពុំបានទទួលដំណឹងពីពួកគេ​ឡើយ​​​​។ រាល់ពេលទំនេរ នាងតែងតែទៅបើកទូរទស្សន៍ ចាំមើលបទចម្រៀងថ្មី​របស់នាង តែ​មិន​​​ឃើញទាល់តែសោះ។ នាងដឹងថា ពួកគេប្រាកដជារវល់ខ្លាំង​ណាស់ ទើបមិន​ហ៊ាន​​​តេ​ទៅ។ ពេលនេះ នាងកំពុងនៅក្នុងផ្ទះតន្រ្តីសរសេរបទ​ភ្លេងថ្មី ក្នុងអារម្មណ៍​​កណ្តោចកណ្តែង ស្រាប់តែឮសំឡេងបន្លឺឡើង៖

-អាល្អិត!

វិនីតងាកក្រោយ ឃើញច្បាស់ជាពិចិត្រ នាងអរខ្លាំងណាស់ ក៏ស្ទុះរត់វឹងទៅ​សង្រ្គប់​ឱបយុវជន។ ពិចិត្រហាក់ដូចជាភាំងមួយសន្ទុះ នាយរកនិយាយអ្វីមិនចេញ ដៃ​​ទាំងពីរបានត្រឹមតែលើកឡើង តែមិនហ៊ានឱបតបទៅវិញ ក៏ចាប់ស្មានាងឲ្យ​ងាក​ចេញ​ពីខ្លួន៖

-ឯងធ្វើស្អីហ្នឹង?

-សូមទោស!…………ខ្ញុំនឹកបងខ្លាំងពេក ទើបសប្បាយចិត្តយ៉ាងនេះ ចុះបង​ទៅ​ណា​ហ្នឹង?

-បងមកយកអត្ថបទចម្រៀង គិតថាឆៀងទៅលេងឯងដែរ ប៉ុន្តែបានជួប​ឯងនៅ​ទីនេះ​គឺល្អណាស់

-ចុះស៊ីឌីចម្រៀង យ៉ាងម៉េចហើយបង?

-ពួកយើងកំពុងតែថតឡើងវិញ មួយសប្តាហ៍ទៀត ប្រហែលចេញ​លក់​ហើយ ឯង​ ចាំ​មើលតាម​ទូរទស្សន៍ទៅ បងទៅវិញហើយណា

វគ្គ៣         ការលេចមុខជាថ្មី

បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលបីខែ តារាចម្រៀងវ័យ​ម្ភៃ​ប្រាំ​មួយ​​ឆ្នាំ បានត្រឡប់មកវិញ ជាមួយនូវអាល់ប៊ុមចម្រៀង ដែលផលិតចេញ​ពី​អារម្មណ៍​ពិត បេះដូង​ពិត របស់យុវជនខ្មែរមួយក្រុមរួមជាមួយកវីវ័យក្មេង សា វិនីត ដែល​ប្រសូត​​ចេញ​ពីទឹកដីខេត្តសៀមរាប។ សូមធានាថា ទាំងបទភ្លេង និង​ទំនុកច្រៀង​គឺ​ថ្មី​​ស្រឡាង គ្មាន​ការ​លួច​ចម្លងឡើយ។ ផលិតកម្មនាគ ទេព​ស៊ីឌី​ចម្រៀងបេះដូងពិត វ៉ុល​មួយ ចេញលក់​ថ្ងៃនេះ​ហើយ។

-ម៉ែ! ចេញលក់ហើយ

វិនីតមើលទូរទស្សន៍ហើយ ត្រេកអរណាស់ ស្ទុះរត់ទៅប្រាប់ម៉ែដែលកំពុង​ដាំ​បាយ​ នាងចេះតែស្រែកថា៖

-ម៉ែ! ចេញលក់ហើយ ចេញហើយ………..

-ចេញស្អីកូន?

-ចម្រៀងដែលកូននិពន្ធចេញលក់ហើយ

-ពិតមែនអ្ហេកូន! ឯណានាំម៉ែទៅមើលមើល

-តើមានរឿងអីហ្នឹង? (វិណាតនិងវិនាតដែលទើបមកពីសាលាឧទាន)

-វិនាត វិនាត! ចម្រៀងដែលបងតែង​ចេញលក់ហើយ

-ពិតមែនអ្ហេបង!

-បងទើបតែមើលគេផ្សាយពាណិជ្ជកម្មអម្បាញ់មិញ

-ខ្ញុំទៅបើកទូរទស្សន៍មើលសិន

-វិនីត!……….. វិនីត!

-តារាទេអ្ហេ! មានការអី?

-ចម្រៀងដែលនាងនិពន្ធចេញហើយមែនទេ?

-ត្រូវហើយ! ឯងក៏ដឹងដែរមែនទេ?

-នេះអាល់ប៊ុមចម្រៀង បងសុវណ្ណផ្ញើមកឲ្យនាង

-អរគុណ! ខ្ញុំយកទៅចាក់ស្តាប់សិន

ចម្រៀងថ្មីត្រូវបានចាក់ផ្សាយទូទាំងប្រទេស ហើយបទដែលទទួលបាន​ការ​គាំ​ទ្រ​​ច្រើនជាគេគឺបទ មហិច្ឆតា ស្នាមញញឹម និងបេះដូងពិត។ បន្ទាប់ពីចេញ​ស៊ីឌី​ចម្រៀង​​ហើយ នេះជាលើកទីមួយហើយ សំនៀង ពិចិត្រឡើងទូរទស្សន៍ជា​មួយមិត្ត​រួម​ក្រុម និង​បង​​សុវណ្ណផងដែរ។ វិនីត និងក្រុមគ្រួសារ តាមដានការ​សម្ភាសន៍​ទាំង​អស់​គ្នា។ ពិធីការិនី​បន្លឺ៖

-ជម្រាបសួរ!

-បាទ! ជម្រាបសួរបង

-បើបងចាំមិនខុសទេ នេះជាលើកទីបីហើយ ដែលបងបានជួបប្អូន នៅ​ក្នុង​កម្មវិធី​នេះ ប៉ុន្តែពេលនោះ គឺប្អូនអញ្ជើញមកតែម្នាក់ឯងទេ មែនទេ?

-បាទបង! ពួកគេគឺជាមិត្តចិត្តមួយថ្លើមមួយរបស់ខ្ញុំ

-តែឮថា ដូចជានៅមានម្នាក់ទៀតអ្ហេ?

-បាទ! ប៉ុន្តែពេលនេះគេនៅឯសៀមរាបឯនោះ ហើយក៏ប្រហែលជាកំពុងមើល​ទូរទស្សន៍ដែរ

-សួស្តីអាល្អិត! តើឯងសុខសប្បាយទេ (យុវជនទាំងអស់បន្លឺព្រមគ្នា)

-ខ្ញុំសុខសប្បាយទេ (វិនីតតបនឹងទូរទស្សន៍)

-មើលទៅពួកប្អូន ដូចជានឹកដល់អាល្អិតម្នាក់នោះដល់ហើយ

-ត្រូវហើយបង!

-បងសូមសួរទៅពិចិត្រថា តើរយៈពេលបីខែនេះប្អូនបានធ្វើអ្វីខ្លះ?

ពិចិត្រឆ្លើយរឿងរ៉ាវដែលខ្លួនបានរស់នៅជុំគ្នាបង្កើតបទភ្លេងថ្មី។ ពួកគេ​ជួយ​និយាយ​​គ្នា បង្ហាញពីភាពសប្បាយរីករាយខ្លាំងណាស់។ តែមកដល់សំនួរមួយ ធ្វើឲ្យ​ទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង៖

-ពីមុនមក ប្អូនច្រៀងបទដែលចម្លងពីបរទេសមក តើមានហេតុផលអ្វី ដែល​ធ្វើ​ឲ្យពិចិត្រ​ ងាកទៅច្រៀងចម្រៀងដែលនិពន្ធដោយខ្លួនឯង?

-ការពិត ខ្ញុំធ្លាប់គិតម្តងដែរ តែក៏បំភ្លេចទៅវិញ ចៃដន្យ កាលពីបីខែមុន ខ្ញុំបាន​ទៅ​​ច្រៀង​នៅខេត្តសៀមរាប សល់ពេលពីច្រៀង ខ្ញុំបានទៅដើរកម្សាន្ត នៅ​តាម​​ដងស្ទឹង ខ្ញុំ​បានឮក្មេងប្រុសស្រីពីរនាក់ ដែលជាកម្មករសម្អាតផ្លូវ​សាធារណៈ​ជជែកគ្នា។ ក្មេង​ប្រុសម្នាក់នោះនិយាយថា អ្នកចម្រៀងល្បីដូច​ជាខ្ញុំ ពុំបានស្មើនឹងគេផង គេអាច​សរសេរ​បទភ្លេង និងច្រៀងចម្រៀង​ដែលគេ​និពន្ធ​​ដោយខ្លួនគេ គេមាន​របស់​ដែល​ជាកម្មសិទ្ធិគេ តែខ្ញុំគ្មានទេ នៅពេល​ដែល​ខ្ញុំស្លាប់ទៅ ខ្ញុំនឹងគ្មាន​សល់​អ្វីទាំងអស់។

-ពាក្យទាំងនេះអ្ហេ ដែលធ្វើឲ្យប្អូនឈឺចាប់ងាកទៅច្រៀងបទដែលនិពន្ធ​ដោយ​ខ្លួន​ឯង?

-ខ្ញុំអត់បានឈឺចាប់ទេ តែខ្ញុំយល់ថាគេនិយាយត្រូវ ខ្ញុំយល់ថា គេគ្រាន់តែជា​កម្មករ​​ម្នាក់ តែមានគំនិតគិតវែងឆ្ងាយ ជាមនុស្សមានឆន្ទៈ ខ្ញុំត្រូវតែគិត​សារ​ឡើង​វិញ

-អ៊ីចឹងហេតុអីក៏ប្អូន ជ្រើសរើសយកខេត្តសៀមរាបជាកន្លែងបង្កើត​អាល់ប៊ុមថ្មី?

-ខ្ញុំយល់ថា វាជាកន្លែង ដែលផ្តល់បេះដូងពិតឲ្យខ្ញុំ

-ប្អូនមានដែលជួបកម្មករនោះទៀតទេ?

-ខ្ញុំបានជួបគេ ហើយបានជជែកលេងជាមួយគេទៀតផង

-អ៊ីចឹង បងសូមសួរទៅប្អូនទាំងបី រួមទាំងបងប្រុស ហេតុអីក៏ពួកប្អូន​សម្រច​​ចិត្ត​ទៅ​​តាមពិចិត្រ

-បងវណ្ណាឆ្លើយទៅ

-ការពិតខ្ញុំកោតសរសើរនឹងឆន្ទៈពិចិត្រ លោកចាង​ ហ្វាងបានសួរពួកយើង​ថា​នរណា​​ស្ម័គ្រចិត្តទៅ លោកឲ្យទៅ ដូចនេះពួកយើងក៏សម្រេចថាទៅ

-ចុះបងប្រុស?

-ខ្ញុំជាជំនួយការពិចិត្រទេ កាលដែលគេសម្រេចចិត្តដំបូង ខ្ញុំខឹងនឹងគេខ្លាំង​

ណាស់​ តែនៅពេលនោះគេនៅតែមានះ ម្យ៉ាងទៀត លោកចាង​ ហ្វាងក៏​គាំទ្រ​​​​​​​គេ​​ ដូចនេះ ខ្ញុំមានតែសម្រេចចិត្តទៅតាមគេទៅ

-ចុះនៅពេលទៅតាមពិចិត្រហើយ តើបងយល់ថា ការសម្រេចចិត្តរបស់​ពិចិត្រ​ត្រឹមត្រូវ​ទេ?

-ពិតជាមិនគួរឲ្យជឿទេ ថាយុវជនទាំងអស់នេះ មានឆន្ទៈយ៉ាងនេះ ខ្ញុំយល់​ថា ខ្លួន​ឯង​ខុសធ្ងន់ណាស់ ដែលពីដំបូងមិនបានគាំទ្រពិចិត្រ តែពេលនេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំងណាស់ ហើយក៏នឹកដល់សា វិនីតផងដែរ។

-សា វិនីតដែលបងនិយាយនោះ គឺជាកវីវ័យក្មេង ដែលនិពន្ធបទភ្លេង និង​ទំនុក​ច្រៀង​​នោះមែនទេ?

-បាទ! ត្រូវហើយ

-សំនួរចុងក្រោយ តើពួកប្អូនមានគំរោងចេញវ៉ុលថ្មីនៅពេលណាទៀត?

-នៅទេបង! ពួកយើងត្រៀមថតជាវីស៊ីឌីសិន

-អូ! អ៊ីចឹង ចាំដល់ពេលចេញវីស៊ីឌី បងនឹងទៅទិញយកមកមើល

-បាទអរគុណបង

-តើប្អូនមានពាក្យអ្វីជាចុងក្រោយទៅកាន់ទស្សនិកជនទេ?

-បាទ! ជាដំបូង ខ្ញុំសូមអរគុណដល់លោកចាង ហ្វាងម្ចាស់ផលិតកម្មនាគ​ទេព ដែល​គាំទ្រពួកយើង ទាំងស្មារតី និងសម្ភារឲ្យពួកយើងមានកម្លាំងចិត្ត​ប្រឹង​​ប្រែង​​ឡើង។ សូមអរគុណដល់ប្រិយមិត្តទាំងអស់​ ដែលគាំទ្របទ​ចម្រៀង​យើង​ខ្ញុំ និង​សូមអរគុណដល់ស្ថាននីយ៍ដែលអញ្ជើញពួកយើង​មកសម្ភាសន៍ក្នុង​ថ្ងៃនេះ។

-ទស្សនិកជនជាទីមេត្រី​ ជាចុងក្រោយសូមសណ្តាប់នូវបទចម្រៀងមួយ​បទ​ក្រោម​​ចំណងជើងថា បេះដូងពិត បកស្រាយ និងលេងភ្លេងដោយ ក្រុមយុវជន​បេះដូងពិត​នៃផលិតកម្មនាគទេព។​​ កម្មវិធីសម្ភាសន៍​តារា​ សូម​ជម្រាប​លា។

ក្រោយពីបានស្តាប់បទសម្ភាសន៍ហើយ ទើបវិនីតដឹងថា សំដីនាងនៅថ្ងៃ​នោះ

ពិចិត្របានស្តាប់ឮទាំងអស់។ ចំណែកវិនីក៏ស្រាប់តែមកដល់ផ្ទះវិនីតភ្លាម៖

-វិនីត!

-ឯងមកលើផ្ទះមក!

-ការពិតឯងនិយាយថា ឯងទៅធ្វើជាអ្នកនិពន្ធ គឺនិពន្ធចម្រៀងឲ្យបងពិចិត្រ​ទេអ្ហេ? ហេតុអីក៏ឯងមិនប្រាប់ខ្ញុំផងអ៊ីចឹង តើឯងសមជាមិត្តភក្តិខ្ញុំទេ?

-សូមទោស! មកពីបងពិចិត្រមិនចង់ឲ្យនរណាដឹង ថាគាត់នៅទីនេះ កុំខឹង​អី​ណា៎!

-មិនខឹងក៏បាន! តែនៅរឿងមួយទៀត ពួកគាត់មិនដឹងថា ឯងជាស្រីទេអ្ហេ?

-មិនដឹងទេ!

-ម៉េចអ៊ីចឹង! ឯងមានបំណងកុហកពួកគាត់អ្ហេ?

-សួស្តី! …………អ្ហាក នៅជុំគ្នាល្អម្ល៉េះ

-ឯងសួរគេទៅ គេជាអ្នកនាំខ្ញុំទៅ

-ម៉េចក៏មានទាក់ទងនឹងតារា?

-មានរឿងអីអ្ហេ?

-ឯងនិយាយទៅ ហេតុអីក៏ឯងអាចទាក់ទងបងពិចិត្រ ឲ្យវិនីតទៅនិពន្ធបាន

-រឿងទាក់ទងនឹងបងពិចិត្រ ខ្ញុំអត់ដឹងទេ ខ្ញុំគ្រាន់តែនាំវិនីតទៅប៉ុណ្ណោះ

-ចុះរឿងវិនីតបន្លំខ្លួនជាប្រុសនោះ?

-រឿងនេះ!

-រឿងនេះយ៉ាងម៉េច? ខ្ញុំថារឿងនេះមិនតូចទេណ៎ះ ឯងកំពុងតែបង្ករឿង​ហើយ បើ​ពួក​គាត់ដឹង តើវិនីតនឹងទៅជាយ៉ាងណា?

-ប្រហែលជាមិនធ្ងន់ធ្ងរដូចដែលឯងគិតទេដឹង វិនី?

-ឯងថាមិនធ្ងន់ធ្ងរអ្ហេ បើខ្ញុំត្រូវគេកុហកបែបនេះណា ខ្ញុំមិនសុខចិត្តទេ ខ្ញុំនឹង​កាប់​ចញ្ច្រាំ​ឯងឲ្យដូចជាដើមស្ពៃអ៊ីចឹង

-នាងកុំបន្លាចវិនីតបានទេ!

-មកពីឯងហ្នឹង ធ្វើបាបវិនីតនោះ

-នរណាឲ្យពួកគាត់យល់ច្រឡំថា នាងជាប្រុសធ្វើអី? ពេលនោះ បើគាត់ដឹង​ថា​វិនីត​ជាស្រី ខ្ញុំក៏មិនណែនាំឲ្យដែរ ព្រោះខ្ញុំដឹងថា តន្រ្តីករទាំងនោះ​គឺសុទ្ធ​តែជា​មនុស្ស​​ប្រុស វិនីតមិនអាចសម្របខ្លួនជាមួយពួកគេបានទេ

-អ៊ីចឹងឯងគិតថា កាលដែលវិនីតជាប្រុស អាចសម្របខ្លួនជាមួយពួកគាត់​បាន​អ្ហេ? អ៊ីចឹងវិនីតជាប្រុសឬស្រី?

-ពួកឯងឈប់ជជែកគ្នាទៅ គឺខុសមកពីខ្ញុំ មកពីខ្ញុំចូលចិត្តតែងខ្លួនជា​មនុស្ស​ប្រុស ហើយនិយាយសំឡេងប្រុសទៀត ពួកឯងឈប់បារម្ភទៅ     ទុក​ខ្ញុំជាអ្នក​

ដោះស្រាយ។

ឲ្យតែគិតដល់រឿងនេះ វិនីតគឺពិបាកចិត្តហើយ នាងពុំដឹងគួរចាប់ផ្តើមពី​ត្រង់​ណា​ទៅទេ។ នាងរំលឹកនឹកគ្រប់រឿងរ៉ាវទាំងអស់ កាលដែលនាងរស់នៅជួប​ជុំ​នឹ​​ង​យុវជន​​វ័យ​ក្មេង​ទាំងអស់នោះ។ នាងខ្លាចបាត់បង់ក្តីស្រលាញ់ដែលពួកគេ​បានផ្តល់​ឲ្យ​នាង ខ្លាច​ពេល​​វេលាមិនដូចមុន ខ្លាចត្រូវឃ្លាតចាកឆ្ងាយពីពួកគេ។ វិនីតកាន់អំបោស​ជាប់​នឹងដៃ តែអារម្មណ៍វិលវល់ហាក់មិននៅជាប់នឹងខ្លួនទាល់​តែសោះ មួយសន្ទុះ​ស្រាប់​​តែ​ឮសំឡេង​ហ្គីតាបន្លឺឡើង។ នាងដឹងច្បាស់ ថាជា​សំឡេងហ្គីតារបស់រ៉ាណេ ក៏ស្ទុះរត់វឹងទៅដងស្ទឹង ក្បែរដើមពោធិ៍ ដោយនាំទាំងម្តាយទៅផង ក៏ឃើញច្បាស់​ថាជាយុវជនមួយក្រុម ​កំពុង​ប្រគុំ​តន្រ្តីខ្នាតតូចមួយ ដែលមានមនុស្ស​រោម​មើលជុំជិត។ នាងសសៀរដើរ​ចូល​ទៅ។ ស្នាមញញឹមគឺជាបទដែលពួក​គេ​កំពុងប្រគុំ​ឡើង ជាមួយ​ទឹកមុខ​ ដែល​ពោរពេញ​ទៅ​ដោយភាព​ជឿជាក់ លាយ​នឹងស្នាមញញឹម​តិចៗ ធ្វើឲ្យ​កំលោះតូច​ទប់ទឹកភ្នែក​មិន​ជាប់​។ ក្រុមយុវជនឱនក្បាលគោរពទៅកាន់​ម្តាយ​វិនីត ឯពិចិត្រច្រៀង​បណ្តើរ ដើរទៅកៀក​ស្មា​វិនីតបណ្តើរ។ សំឡេងតន្រ្តីត្រូវបាន​បញ្ចប់ សំឡេង​ទះ​ដៃបានបន្លឺឡើង។

ពួកគេបានត្រឡប់មកដល់ផ្ទះតន្រ្តីទាំងអស់គ្នា។ វិនីតនិយាយ៖

-ពួកបងមកម្តងនេះ ធ្វើអីដែរ?

-ពួកយើងមកថតវីស៊ីឌី ហើយក៏មកនាំឯងទៅភ្នំពេញដែរ

-ទៅភ្នំពេញអ្ហេ!

-ត្រូវហើយ! នៅពេលដែលពួកយើងថតនៅទីនេះចប់ ពួកយើងត្រូវ​ទៅ​ថត​នៅ​ភ្នំពេញវិញ ចំណែកឯងគឺជាអ្នកនិពន្ធ ឯងត្រូវទៅជួយមើលការ​សំដែង​​របស់​ពួក​​យើង តើវាត្រូវនឹងអ្វីដែលឯងសរសេរចេញមកទេ ព្រោះបើឯងសរសេរ​បែបនេះ ពួកយើងសំដែងបែបនោះ ក៏លទ្ធផល​ចេញ​មកមិនល្អដែរ

-ប៉ុន្តែ!

-ឯងផ្ទេរឈ្មោះទៅរៀននៅទីនោះមួយរយៈទៅ ហើយចាប់ពីថ្ងៃនេះទៅ ឯង​ត្រូវ​តែបន្តការ​និពន្ធបទ​ភ្លេង​តទៅទៀត ដើម្បីចេញនៅវ៉ុលក្រោយ ស្អែកនេះ លោក​ចាងហ្វាងអញ្ជើញមក គាត់​​​ចង់​ជួបចុះកុងត្រាជាមួយឯង ដើម្បីឲ្យឯងក្លាយ​ជាអ្នកនិពន្ធប្រចាំ​ផលិតកម្ម​​ពួកយើង

-ពិតមែនអ្ហេបង!

-សប្បាយចិត្តណាស់អ្ហេ?

-បាទ!

-អ៊ីចឹង ឯងទៅភ្នំពេញជាមួយពួងយើងទេ?

-បាទទៅ!

-រឿងមួយទៀត តើឯងចង់ចូលរួមសំដែងជាមួយពួកយើងទេ?

-បាទ អត់ទេ ខ្ញុំអត់សំដែងទេ

​​​​​​​​​-ឯងខ្លាចកាំមេរ៉ាអ្ហេ?(រ៉ាណេសួរ)

-ទោះជាយ៉ាងណា ក៏ខ្ញុំមិនសំដែងដែរ ខ្ញុំធ្វើត្រឹមជាអ្នកនិពន្ធបានហើយ

-ណ្ហើយៗ! មិនសំដែងក៏ហីទៅ

-បងសួរឯងមួយសំនួរទៀត ឯងត្រូវឆ្លើយតាមត្រង់ណា

-បងសួរមក!

-ឯងមានសង្សារហើយនៅ?

-រឿងនេះ……………….

-យ៉ាងម៉េច! កុំប្រាប់ថា ឯងមិនដែលស្រលាញ់ស្រីណា (រ៉ាណេនិយាយ)

-និយាយមកថាមានសង្សារហើយនៅ? (រ៉ាឌីបញ្ជាក់)

-ម៉េចក៏ពួកបងសួរសំនួរនេះ?

-លោកចាងហ្វាងនិយាយថា ឯងនិពន្ធបានល្អណាស់ ទាំងបទភ្លេងនិងទំនុក​ច្រៀង ប៉ុន្តែចម្រៀងរបស់ឯង ដូចជាបាត់រសជាតិម្យ៉ាង

-បាត់រសជាតិម្យ៉ាងអ្ហេ!

-ត្រូវហើយ! គឺរសជាតិស្នេហា (រ៉ាណេឧទាន)

-វាជាការពិតណា បទដែលឯងសរសេរទាក់ទងតែពីការរស់នៅ បង្រៀន​មនុស្ស​​ឲ្យតាំងស្មារតី ចំណែកស្នេហាជួបជុំ ឬក៏ព្រាត់ប្រាស់គឺគ្មានទាល់តែ​សោះ តើឯង​​ធ្លាប់​មានបញ្ហាអីនៅក្នុងចិត្តមែនទេ? (ពិចិត្រសួរ)

-មានឯណា! ប្រហែលមកពីខ្ញុំ មិនបានគិតដល់រឿងនេះ

-ចុះស្រីម្នាក់ដែលដើរជាមួយឯងនោះ មិនមែនជាសង្សារឯងទេអ្ហេ?

-វិនីអ្ហេ! មិនមែនទេ នាងជាមិត្តខ្ញុំតើ

-មិត្តអ្ហេ!

-មិត្តធម្មតាទេ! ការពិតខ្ញុំមិនដែលមានស្នេហាផង

-ស្លាប់ហើយ! ឯងមិនទាន់ចេះស្រលាញ់ស្រីទេអ្ហេ! My god (រ៉ាណេ​លាន់មាត់)

-អ៊ីចឹងវិនីនោះ?តើឯងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលនៅចំពោះ​មុខនាង?

-អារម្មណ៍!

-ដូចជាសប្បាយចិត្ត រំភើបពេលដែលនៅជាមួយនាងហើយ មិន​ចង់ទៅ​ណា​ទេ

-ហើយបើមិនបានជួបនាងវិញមានអារម្មណ៍ថា ដូចជារសេះរសោះយ៉ាង​ម៉េច​មិន​ដឹងទេ គឺចង់តែជួប ចង់តែនិយាយជាមួយនាង តើអារម្មណ៍ឯង​យ៉ាងម៉េច​ដែរ?

-ត្រូវហើយ! ពេលដែលនៅជាមួយនាង បានជជែកជាមួយនាង ពិសេស​ពេល​

ដែល​​លេងជាមួយនាង គឺខ្ញុំសប្បាយចិត្តណាស់

-ចំហើយ! ឯងប្រាកដជាស្រលាញ់នាងហើយ ចុះពេលនេះឯងនឹកនាងទេ?

-នឹកតើ!

-ឯងពិតជាស្រលាញ់នាងហើយ!

-អ៊ីចឹងហៅថា ខ្ញុំស្រលាញ់នាងអ្ហេ?

-ប្រាកដមួយរយភាគរយ ចុះឯងដែលថើបនាងទេ?

-ថើប!

-ខ្ញុំថា ឯងកំពុងតែនាំក្មេងខូចហើយ (វណ្ណាស្តីហើយក៏ចូលទៅបន្ទប់ថត​សំឡេង​បាត់)

-បងនិយាយអីហ្នឹង!……ឯងឆាប់និយាយទៅ តើឯងធ្លាប់ថើបនាងទេ?

-មិនធ្លាប់ទេ! ខ្ញុំឈប់និយាយជាមួយបងហើយ

-នែ! ឯងទៅណា?

-ខ្ញុំចូលទៅរៀនភ្លេងជាមួយបងវណ្ណាហើយ

-នែ! ល្ងាចនេះសាកល្បងថើបនាងមើលទៅ

-ឯងចង់ធ្វើអី? គេនៅក្មេងណាស់ណា (ពិចិត្រនិយាយ)

……………………………………………………………………………………………….

បន្ទាប់ពីឆ្លើយសំនួរពិចិត្រ និងរ៉ាណេ វិនីតក៏ចាប់ផ្តើមគិតសារឡើងវិញ ថា តើនាង​ពិតជាមិនដែលមានស្នេហាមែនអ្ហេ? ជាការពិតណាស់ ជីវិតក្រលំបាក​ដូច​ជានាង បានធ្វើ​ឲ្យនាង ពុំមានខួរក្បាលគិតរឿងបែបនេះឡើយ មួយថ្ងៃៗ​ឲ្យតែ​អាច​ជួយ​ម្តាយរក​ប្រាក់​សម្រាប់​ចិញ្ចឹមគ្រួសារ នោះវាគ្រប់គ្រាន់ហើយ។ នាង​អង្គុយដក​ដង្ហើម​ធំនៅ​ក្នុងថ្នាក់រៀន​តែម្នាក់ឯង។ បន្ទាប់ពីឃើញវិនីតមានអាការ​បែបនេះ វិនី​ក៏សួរ៖

-មានរឿងអី?

-គ្មានទេ?

-កុហក! ឆាប់និយាយភ្លាម

-គ្មានទេ!

-បើគ្មាន ម៉េចក៏ដកដង្ហើមធំ?………ឬមួយពួកគាត់ដឹងថា ឯងជា…….

-គ្មានទេ!

-អ៊ីចឹងមានរឿងអី ឆាប់និយាយមក

-ពួកគាត់សួរថា ឯងជាសង្សារខ្ញុំមែនទេ?

-អ្ហ៊ះ!………..

-បទចម្រៀងខ្ញុំ គ្មានរសជាតិស្នេហាទេ ឯងដឹងទេ?

វិនីតនិយាយរឿងរ៉ាវប្រាប់វិនី។ លុះជូននាងមកដល់ផ្ទះ វិនីនិយាយ៖

-បើពួកគាត់សួរឯងទៀត ឯងប្រាប់ពួកគាត់ទៅ ថាពួកយើងជាសង្សារ

-ឯងនិយាយអីហ្នឹង! ពួកយើងម៉េចនឹងអាច……….

-បើឯងមិននិយាយទេ ឯងកាន់តែរឿងធំហើយ ស្រួលមិនស្រួល ពួក​គាត់​ទៅរក​ស្រី​ណាម្នាក់មកឲ្យឯងក៏ថាបាន ជាងជាកុហកគាត់ហើយ កុហកពួក​គាត់ឲ្យណាណីទៅ

-ឯងកុំនិយាយផ្តាសមើល! ​ខ្ញុំមិនចង់លាក់ពួកគាត់ទៀតទេ ស្អែកនេះ មុននឹង​ចុះ​​កុងត្រា ខ្ញុំនឹងនិយាយការពិត ពេលនោះ ទោះគាត់ទទួលឬមិនទទួលក៏​ដោយ​​​ពឹង​លើ​​វាសនា​របស់ខ្ញុំចុះ

-ឯងប្រាកដហើយអ្ហេ?………..តែពេលនេះ ខ្ញុំថើបឯងមួយចុះ

-ឯងធ្វើអីហ្នឹង?

-ពួកគាត់កំពុងតែមើលមកយើង កុំមើលអី ពួកយើងធ្វើឲ្យដូចជាសង្សារ​ទៅ

-តែ……….

-មិនអីទេ! គាត់តាមដានឯង ដូច្នេះពួកយើងលេងជាមួយគាត់បន្តិចក៏មិន​អីដែរ​……..ខ្ញុំទៅហើយ

-អរគុណ!

កាយវិការរបស់វិនីត និងវិនី ព្រមទាំងស្នាមថើប ធ្វើឲ្យក្រុមយុវជន អស់​មន្ទិល​សង្ស័យ ហើយថែមទាំងយល់ថា អាល្អិតម្នាក់នេះកុហកខ្លួនទៀតផង។ ពួកគេ​ចាក​ចេញ​​ទាំង​ស្នាមញញឹម។

លុះស្អែកឡើង លោកចាង ហ្វាងក៏មកដល់ផ្ទះតន្រ្តីរបស់ពួកគេ តែវិនីតមិន​ទាន់​មក​​ដល់នៅឡើយទេ។ ពួកគេកំពុងជជែកគ្នាយ៉ាងសប្បាយរីករាយ លោក​ចាងហ្វាង​ឧទាន​៖

-ផ្ទះតន្រ្តីនេះ ពិតជាគួរឲ្យចង់រស់នៅមែន! អ៊ីចឹងតើ បានជាពួកឯងធ្វើបទភ្លេង​បាន​ល្អយ៉ាងនេះ ចុះអ្នកនិពន្ធវ័យក្មេងរបស់ពួកឯងនោះមិននៅទី​នេះ​ជាមួយ​​​​​​​​ពួក​ឯងទេអ្ហេ?

-អត់ទេបង! គេរស់នៅជាមួយគ្រួសារគេ (ពិចិត្រឆ្លើយ)

-ចុះពេលណាទើបគេមកដល់?

-ប្រហែលបន្តិចទៀតបង!

-ខ្ញុំដើររកអ្នកនិពន្ធវ័យក្មេងមានសមត្ថភាពបែបនេះយូរហើយ នៅទីបំផុត​គេ​រស់​​​នៅ​ក្នុងខេត្តសៀមរាបនេះសោះ

-បងថា បងដើររកអ្នកនិពន្ធវ័យក្មេង តែបើខ្ញុំចាំមិនខុសទេ មុនខ្ញុំមកដល់​ទីនេះ

គឺមាននារីជាច្រើននាក់អាយុប្រហាក់ប្រហែលនឹងវិនីតដែរ ទៅរកបង ចង់ធ្វើ​​ជា

​អ្នកនិពន្ធ ចុះ​ពេលនោះ ហេតុអីក៏បងមិនទទួល?

-ឯងនៅចាំដែរអ្ហេ? ខ្ញុំក៏ចាំថា ឯងធ្លាប់សួរខ្ញុំម្តងដែរ ខ្ញុំប្រាប់ឯងក៏បាន បើសិន​ជា​​ពេលនេះ អ្នកនិពន្ធរបស់ឯង ជាមនុស្សស្រី ខ្ញុំក៏មិនចុះកុងត្រា​ជា​មួយនឹង​គេ​ដែរ

-ហេតុអី………

-ពួកឯងមិនចាំបាច់ឆ្ងល់ទេ

វិនីតបានឮទាំងអស់នូវសំដីរបស់លោកចាងហ្វាង នាងហាក់ដូចជាស្រឡាំង​កាំង ឈរធ្មឹងនៅមួយកន្លែង ស្រាប់តែរ៉ាឌីមកពីក្រោយ៖

-ឯងមកដល់ហើយ ហេតុអីមិនចូលទៅ? មក…………….។

រ៉ាឌីកៀកស្មាវិនីតចូលទៅ៖

-អ្នកនិពន្ធវ័យក្មេងរបស់ពួកយើងមកដល់ហើយ……….ម៉េចឯងមិនឆាប់​ជម្រាប​សួរ​លោកចាហ្វាងទៅ

-បាទ! ………..ជម្រាបសួរលោកចាងហ្វាង

លោកចាងហ្វាងសម្លឹងមើលវិនីតយ៉ាងយូរ ហើយញញឹមតិចៗ ព្រមទាំង​ងក់​ក្បាល​​ផង រួចមានប្រសាសន៍ថា៖

-សង្ហារណាស់តើ! តើឯងយល់ព្រមធ្វើជាអ្នកនិពន្ធនៅផលិតកម្មយើងទេ?

វិនីតមិនឆ្លើយ នាងហាក់ដូចជាទីទើខ្លាំងណាស់ ក៏គិតក្នុងចិត្តថា៖”តើគួរធ្វើ​ឬមិន​គួរ? បើគាត់ដឹងថា ខ្ញុំជាមនុស្សស្រី អ្វីៗគឺត្រូវបញ្ចប់ហើយ ចុះម៉ែខ្ញុំ? ប្អូនខ្ញុំ?​​”។​ វិនីត​ចង់ស្តី​ការពិត ប៉ុន្តែនាងនឹកដល់សកម្មភាពរបស់ម្តាយ​ ដែលប្រឹង​ប្រែង​ទាំងថ្ងៃ​យប់​​រកប្រាក់​មក​ចិញ្ចឹមនាងនិងប្អូនៗទាំងវេទនា ចុះចំណែកនាង តើអាច ជួយអ្វី​បាន​ខ្លះ​? នេះជាឱកាស​ល្អ​បំផុតហើយសម្រាប់នាង។ នៅតែគ្មានចម្លើយ យុវជនទាំងអស់​ប្រឹង​​ចាំស្តាប់ចម្លើយ​របស់​នាង តែហេតុអីក៏នាងមិនឆ្លើយ? ពិចិត្រដើរទៅក្បែរនាង៖

-ឯងកើតអី លោកចាងហ្វាងកំពុងតែសួរឯង?

-តើឯងព្រមចុះកុងត្រាជាមួយផលិតកម្មយើងទេ?

-ខ្ញុំ………………

-ក្រែងពួកយើងនិយាយគ្នាហើយអ្ហេ ឯងថែមទាំងសប្បាយចិត្តទៀតផង ម៉េច

​ពេល​​នេះ ឯងមិននិយាយអីអ៊ីចឹង?

-ខ្ញុំ………….ខ្ញុំយល់ព្រមចុះកុងត្រា

-អ្ហើយ! (យុវជននាំគ្នាដកដង្ហើមបន្ធូរអារម្មណ៍)

-អ៊ីចឹងឯងពិនិត្យមើលកិច្ចសន្យានេះទៅ

-បាទ!

-ត្រូវហើយ! ពិចិត្រប្រហែលជាប្រាប់ឯងរួចហើយមែនទេ ថាបទចម្រៀងឯង

​នៅ​ខ្វះ​អី?

-បាទ!

-តើឯងអាចទៅរួចទេ

-ខ្ញុំនឹងព្យាយាម!

វិនីតពិនិត្យកិច្ចសន្យាហើយ ក៏ចុះហត្ថលេខា ប៉ុន្តែរយៈពេលនៃការចុះ​កុងត្រា ដែល​លោកចាងហ្វាងទុកចន្លោះឲ្យអាទិភាពទៅនាងក្នុងការបំពេញ គឺនាង​កុងត្រា​តែ​ក្នុង​រយៈ​ប្រាំមួយខែប៉ុណ្ណោះ។        លោកចាងហ្វាងទទួលឯកសារពីវិនីត​ហើយ​ ក៏​មាន​​​ប្រសាសន៍​ទៅកាន់នាង៖

-ប្រាំមួយខែ!

-ឯងចុះតែប្រាំមួយខែទេអ្ហេ? (រ៉ាណេឧទាន)

យុវជនទាំងបួននាក់នាំគ្នាសម្លឹងវិនីត នាងក៏ឆ្លើយទាំងរដិបរដុបថា៖

-ខ្ញុំចង់សាកល្បងមើលសិន បើសិនជាចប់កុងត្រាហើយ លោកចាង​ហ្វាង​នៅ​តែ​​ពេញ​ចិត្តខ្ញុំនោះ ខ្ញុំនឹងចុះបន្តទៀត

-បាន! ឯងសម្រេចថាអ៊ីចឹង ក៏អ៊ីចឹងចុះ រួចរាល់ហើយ ខ្ញុំទៅសណ្ឋាគារ​វិញ​ហើយ​ កុំ​ភ្លេចណា ស្អែកត្រូវថតនៅអង្គរ

-បាទអញ្ជើញលោកចាងហ្វាង

ស្អែកឡើង ផលិតកម្មនាគ ទេពបានចាប់ផ្តើមថតនៅប្រាសាទអង្គរ។ បន្ទាប់​ពី​ថត​​ហើយ ពួកគេក៏សម្រាកមួយសន្ទុះ។ ឃើញវិនីតអង្គុយតែម្នាក់ឯង វណ្ណាក៏ទៅ​អង្គុយ​ក្បែរ ហើយ​និយាយ៖

-ម៉េចក៏មកអង្គុយតែម្នាក់ឯងអ៊ីចឹង?

-គឺបងទេអ្ហេ?

-មានរឿងអី ខ្ញុំឃើញឯងមិនសូវសប្បាយចិត្តតាំងពីម្សិលមិញមកម៉្លេះ?គ្រួសារ​​ឯងមានបញ្ហាអីមែនទេ?

-អត់ទេបង! ខ្ញុំគ្រាន់តែគិតថា ពេលទៅដល់ភ្នំពេញ តើខ្ញុំត្រូវទៅនៅ​ឯណា​ទៅ?

-គ្រាន់តែរឿងប៉ុណ្ណឹង ធ្វើឲ្យឯងមិនសប្បាយចិត្តអ្ហេ? ពួកយើងជាបងប្អូន គឺ​ប្រាកដ​ជា​ទៅនៅជាមួយគ្នាហើយ

-តែខ្ញុំមិនដែលស្គាល់ភ្នំពេញទាល់តែសោះ

-ចាំពេលទៅដល់ ពួកបងនាំឯងដើរលេង តើបានទេ? កុំបារម្ភអី

វណ្ណាយកដៃគោះក្បាលវិនីតតិចៗ ហើយញញឹម ចំណែកពិចិត្រមិន​ឃើញ​     វិ​នីត​​​ក៏​ដើរ​រក ស្រាប់តែឃើញពួកគេទាំងពីរនៅជាមួយគ្នា នាយឈរសម្លឹងពីចម្ងាយ។ វិនីត​​សួរ​ទៅ​កាន់វណ្ណា៖

-បង! ខ្ញុំឮថា លោកចាងហ្វាងមិនចូលចិត្តមនុស្សស្រីទេមែនទេ?

-ត្រូវហើយ! ឯងបានឮដែរអ្ហេ?

-បាទ! តើហេតុអីបានជាគាត់មិនចូលចិត្តមនុស្សស្រីអ៊ីចឹងបង?

-បងក៏មិនដឹងដែរ! ហេតុអីក៏សួរបង?

-អត់ទេ! ខ្ញុំគ្រាន់តែចង់ដឹង ព្រោះខ្ញុំមានមិត្តម្នាក់គេមានឧបនិស្ស័យដូចខ្ញុំ​អ៊ីចឹង បើ​សិន​ជាអាច ខ្ញុំក៏ចង់ឲ្យនាងមកធ្វើការជាមួយពួកយើងដែរ តែ​មើល​ទៅ​ប្រហែល​​ជា​គ្មានសង្ឃឹមទេ

-ឯងនេះ! ចូលចិត្តជួយគេណាស់ ត្រូវហើយ! បងសួរឯងបន្តិច ឯងនិងវិនី​យ៉ាងម៉េច​​ហើយ?

-……គ្មានអីទេ! …….គឺធម្មតា

-នាងថើបឯងហើយមែនទេ?

-បងវណ្ណា! ដល់ម៉ោងថតហើយ

-ដឹងហើយ! បងទៅហើយ

…………………………………………………………………………………………………..

រាជធានីភ្នំពេញ

          វិនីតបានមកដល់ភ្នំពេញហើយ តែសុខភាពរបស់នាងមិនស្រួលសោះ។ ទឹក​មុខ​នាងស្លេកស្លាំង ដូចគ្មានកម្លាំងកំហែងទាល់តែសោះ។ ចំណែកឯយុវកំលោះ មក​ដល់​ផ្ទះ​ហើយ​ដូចជាសប្បាយចិត្តណាស់ ក៏ចូលទៅក្នុងបន្ទប់រៀងខ្លួន នៅសល់​តែ​វណ្ណា និង​ពិចិត្រ​ដែលកំពុងឈរទល់មុខគ្នា ពិចិត្រក៏បន្លឺមុន៖

-មិនអីទេ! ឲ្យគេគេងជាមួយខ្ញុំចុះ ព្រោះកាលនៅសៀមរាប គេក៏ធ្លាប់គេង​ជាមួយ​​ខ្ញុំដែរ

-អ៊ីចឹងក៏បាន! វិនីត ឯងកើតអីមែនទេ?

-ត្រូវហើយ! ទឹកមុខឯងស្លេកស្លាំងណាស់

-ខ្ញុំមិនអីទេ! ខ្ញុំគ្រាន់តែឈឺពោះប៉ុណ្ណោះ ខ្ញុំចង់សម្រាក

-អ៊ីចឹង ទៅក្នុងបន្ទប់ទៅ បងជួយគ្រាឯង

-ឲ្យកាបូបមកនេះមក

ពិចិត្រគ្រាវិនីត ឯវណ្ណាយួរកាបូបតាមពីក្រោយ។ ពិចិត្រដាក់ឲ្យនាងគេង​នៅ​លើ​​​ពូក​ហើយក៏ដណ្តប់ភួយឲ្យនាង។ វណ្ណាបន្លឺ៖

-ខ្ញុំចេញទៅវិញហើយ ឯងមើលគេផង

-កុំបារម្ភអី

វណ្ណាចេញទៅបាត់ ពិចិត្រក៏ចូលទៅងូតទឹកប្តូរសម្លៀកបំពាក់ ហើយក៏​មក​​​​អង្គុយ​រៀបនឹងចាប់ប៊ិចសរសេរបទភ្លេង ក៏ស្រាប់តែស្លុងអារម្មណ៍សម្លឹង​ទៅរក​វិនីត​​​ដែល​កំពុង​គេងស្ងៀម។ ភក្រ្តាស្រទន់ រោមចិញ្ចើមខ្មៅក្រឹប សមនឹង​​នឹងទម្រង់មុខ​ដ៏​ស្រស់​ស្អាត មិន​​ដូច​ជាមនុស្សប្រុសទាល់តែសោះ អ្នកកំលោះគ្រវី​ក្បាលត្រិល បន្លឺតែ​ម្នាក់​ឯង៖

-ឯងឆ្កួតទេអ្ហេ? គេជាមនុស្សប្រុងតើ

នាយបម្រុងងាកចេញ ស្រាប់តែវិនីតបម្រាសខ្លួនឡើង។ នាងហាក់ដូចជា​ឈឺ​ចាប់​​ខ្លាំងណាស់ ចង់យំ​ចង់ស្រែក បម្រាសពេញគ្រែ ដោយមិនដឹងទេថា កាយ​វិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ ធ្វើ​ឲ្យ​យុវជន​ភ័យស្ទើរលោះព្រលឹង ក៏ស្ទុះទៅក្បែរនាង ហើយចាប់ដៃ នាងជាប់៖

-តើឯងកើតអី? ឯងឈឺខ្លាំងណាស់មែនទេ? ឈឺពោះមែនទេ បងនាំឯង​ទៅពេទ្យ

-កុំអី! ខ្ញុំមិនទៅពេទ្យទេ

-តែបងឃើញឯងពិបាកខ្លាំងណាស់ តើពោះឯងឈឺត្រង់ណា ឯងប្រាប់បង​មក​

-បន្តិចទៀត ខ្ញុំអស់អីហើយ ឲ្យតែខ្ញុំគេងលក់ គឺអស់អីហើយ បងកុំ​បារម្ភអី

-អ៊ីចឹង ឯងសម្ងំគេងទៅ

វិនីតគេងលក់ទាំងចាប់ដៃយុវជនជាប់។ លុះភ្ញាក់ឡើង អ្វីដែលនាងឃើញ​មុន​គេ​​នោះ ​គឺស្នាមញញឹមរបស់យុវជន ទន្ទឹមនឹងពាក្យ៖

-បាត់ឈឺហើយនៅ?

-បងអង្គុយនៅទីនេះរហូតអ្ហេ?

-ត្រូវហើយ! ឯងចាប់ដៃបងជាប់ តើឲ្យបងទៅណា?

-សូមទោស!

-មិនអីទេ! បងនិយាយលេងតើ តើនៅឈឺទៀតទេ?

-បាត់ហើយ!

-បើបងចាំមិនខុសទេ ឯងតែងតែឈឺបែបនេះ ជារៀងរាល់ខែមែនទេ? តើ​ឯង​មាន​ជម្ងឺអី?

-គ្មានទេ! មកពីប៉ុន្មានថ្ងៃនេះ ខ្ញុំញ៉ាំអីមិនបាន ហើយគេងក៏ពុំបានឆ្អែ​ត​ទៀត ទើបវា​ធ្វើ​ទុកអ៊ីចឹង

-មានដែលឲ្យពេទ្យពិនិត្យទេ?

-មានតើ! ពេទ្យថា មិនអីទេ មកពីខ្ញុំញ៉ាំអាហារមិនទៀងពេលហ្នឹងឯង

ទោះបីវិនីត ឆ្លើយថាមិនមានបញ្ហាអ្វីក៏ដោយ តែពិចិត្រនៅតែមានការ​ព្រួយ​បារម្ភ​​ចំពោះនាង។ បន្ទាប់ពីជាសះស្បើយហើយ វិនីតតែងតែព្យាយាម មិន​ចង់នៅ​បន្ទប់​​ជាមួយ​ពិចិត្រ​ឡើយ ទើបនិយាយទៅកាន់យុវជន៖

-ខ្ញុំគិតថា ខ្ញុំគួរតែទៅគេងនៅបន្ទប់ដាក់អីវ៉ាន់វិញ

-ហេតុអី?

-……ព្រោះ……ខ្ញុំគិតថា ……ខ្ញុំរំខានបង

-រំខាន!

-ខ្ញុំដឹងថា ខ្ញុំគេងអាក្រក់ណាស់

-មិនអីទេ! បងធ្លាប់ទៅហើយ

-ប៉ុន្តែ………………

-ឬមួយឯងមិនចូលចិត្តនៅបន្ទប់ជាមួយបង?

-អត់ទេ! ខ្ញុំមិនបានន័យអ៊ីចឹងទេ………….

-អរុណសួស្តី! មានរឿងអីជជែកគ្នាទាំងព្រលឹមហ្នឹង? (រ៉ាណេបន្លឺ)

-គេចង់រើបន្ទប់

-រើបន្ទប់! ឯងចង់រើទៅនៅឯណា?

-បន្ទប់ដាក់អីវ៉ាន់នោះ

-បងធ្វើអីឲ្យវាមិនពេញចិត្តអ្ហេ?

-អត់ទេ! បងពិចិត្រមិនបានធ្វើអីទេ ខ្ញុំគ្រាន់តែមិនចង់រំខានគាត់

-អាល្អិតនេះ វារំខានអីដល់បងមែនទេ? បើអ៊ីចឹង ឯងទៅគេងជាមួយ​ខ្ញុំ​ទៅ

-អត់ទេ!

-យ៉ាងម៉េច?……….ឯងជាអ្នកនិពន្ធរបស់ពួកយើង ម្យ៉ាងទៀត ឯងដូចជា​បង​ប្អូន​យើង​អ៊ីចឹង ឯងចង់ទៅគេងបន្ទប់ដាក់អីវ៉ាន់ តើអ្នកទាំងអស់គ្នាមើល​មក គេ​យល់​​យ៉ាងម៉េច? អាល្អិតឯងនេះ ចង់ឲ្យគេយល់ថា ពួកយើងធ្វើបាប​ឯង​អ៊ីចឹង​?

-អត់ទេ!

-បានហើយ! ឈប់ជជែកទៅ ដល់ម៉ោងទៅថតហើយ

ថ្ងៃនេះ វិនីតមិនបានទៅកន្លែងថតទេ នាងនៅផ្ទះ ហើយចាប់ផ្តើមសរសេរ​បទ​ភ្លេង​ថ្មី។ នាងចង់សរសេរអំពីសេចក្តីស្នេហា ប៉ុន្តែតើអ្វីជាស្នេហា? ម្តងហើយ​ម្តងទៀត បទ​ភ្លេង​ថ្មីពុំចេញជារូបរាងឡើយ នាងរអ៊ូតែម្នាក់ឯង៖”នៅពេលដែល​ស្រលាញ់​នរណា​​​ម្នាក់ តើមានអារម្មណ៍បែបណាហ្ន៎? ដូចជាខ្ញុំស្រលាញ់ម៉ែ និង​ប្អូនទេ? អ្ហឺ!…….​.​.​..​ហេតុអី​​ក៏​ពិបាក​ម្ល៉េះហ្ន៎! នឹកឃើញហើយ តេទៅម៉ែសិន”។ វិនីតទាញទូរស័ព្ទតេ​ទៅម៉ែភ្លាម៖

-ជម្រាបសួរម៉ែ!

-វិនីត! កូនសុខសប្បាយទេ?

-ចាសម៉ែ! កូនមិនអីទេ ចុះម៉ែ និងប្អូនៗសុខសប្បាយទេ?

-ម៉ែមិនអីទេ ចំណែកប្អូនៗឯងក៏មិនអីដែរ ពួកវានឹកឯងខ្លាំងណាស់ ឯងដឹង​ទេ? ចុះការងារឯងយ៉ាងម៉េចហើយ?

-ជួបការលំបាកបន្តិចម៉ែ ខ្ញុំចង់សួរម៉ែបន្តិចបានទេ?

-កូនចង់សួរអីសួរមក!

-មុនម៉ែរៀបការជាមួយពុក តើម៉ែស្រលាញ់ពុកទេ?……..សូមទោសម៉ែ!

-មិនអីទេ! កូនកំពុងសរសេរបទភ្លេងថ្មីអ្ហេ?

-ចាស! តែខ្ញុំសរសេរមិនចេញទាល់តែសោះ តើអារម្មណ៍ស្នេហាចំពោះ​នរណា​ម្នាក់ ដូចជាអារម្មណ៍ស្នេហារវាងបងប្អូន ឬក៏កូនចំពោះម្តាយទេម៉ែ?

-ចុះកូនយល់ថា ដូចទេ?

-កូនគិតថា ដូចដែរ តែនៅពេលកូនសរសេរចេញមក ដូចជាមិនពីរោះ​សោះ យ៉ាងម៉េច​មិនដឹងទេម៉ែ?………..ម៉ែសើចមែនទេ?

-ម៉ែសើចឯងហ្នឹង? ការពិតដូចឬមិនដូចម៉ែក៏មិនដឹងដែរ ម៉ែដឹងត្រឹមថា ស្នេហា​ដូចជាដុំពេជ្រមួយគ្រាប់អ៊ីចឹង ដូចជាឪពុករបស់ឯង គាត់មិនដែល​ស្តាយ​ក្រោយ​​ឡើយ គាត់សុខចិត្តចាកចេញពី​ក្រុមគ្រួសារ មករស់នៅ​ជាមួយម៉ែ ដែល​ជាកូន​កសិករក្រីក្រម្នាក់

-អ៊ីចឹងបានន័យថា គ្រួសារពុកមិនពេញចិត្តម៉ែទេមែនទេ?

-ត្រូវហើយ! ការពិតម៉ែក៏មិនចង់ទទួលពុកឯងដែរ ព្រោះម៉ែមិនចង់ឲ្យគាត់​កាត់​ផ្តាច់ពីគ្រួសារឡើយ តែពុកឯងនិយាយថា រើសបានមនុស្សដែលខ្លួន​ស្រលាញ់ គឺ​ប្រៀប​បាន​នឹងរើសបានពេជ្រមួយគ្រាប់អ៊ីចឹង ហើយពេជ្រនេះ គឺ​ជាពេជ្រ​ដ៏មាន​តម្លៃ​បំផុតនៅក្នុងជីវិត មិនអាចធ្វើឲ្យវាបាត់បង់ឡើយ។ គាត់និយាយត្រូវ កាល​នោះ ម៉ែក៏ស្រលាញ់គាត់ខ្លាំងណាស់ដែរ ទើបម៉ែ​មិន​អាចឲ្យបាត់បង់​ពេជ្រ​​មួយ​គ្រាប់​នេះបាន។ ម៉ែនិងពុកឯង​បានរៀបការជា​មួយគ្នា ប៉ុន្តែ សាច់​ញាតិ​​ខាងកូន​កំលោះ គឺគ្មាននរណាម្នាក់មកចូលរួម​ឡើយ ម៉ែអាណិតពុកឯង​ណាស់ ប៉ុន្តែនៅ​ថ្ងៃ​ការនោះ ទឹកមុខរបស់គាត់​ញញឹមរហូត ធ្វើឲ្យម៉ែយល់ពី​អារម្មណ៍​គាត់ ថាគាត់​ស្រលាញ់ម៉ែប៉ុណ្ណា។ ចាប់តាំងពីថ្ងៃនោះមក ម៉ែនិង​ពុកឯង​រស់នៅជាមួយគ្នាយ៉ាង​សុខ​សប្បាយ តែម៉ែពុំដែលដឹងថា ពុកឯង​មាន​ជម្ងឺ​មហារីកក្រពះ​ឡើយ គាត់​លាក់ម៉ែ​រហូត ទាល់តែជម្ងឺរបស់គាត់ដល់​ដំណាក់​​​កាល​​ធ្ងន់ធ្ងរទើបម៉ែដឹង តែហួស​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​ហើយ មុនពេលដែល​គាត់​ស្លាប់ គាត់នៅតែញញឹមមករកម៉ែ ហើយ​និយាយ​​ថា សូមទោស ដែលគាត់​រហ័ស​​ចាកចេញពីម៉ែ

វិនីតស្តាប់ម្តាយបណ្តើរយំបណ្តើរ នាងលែងនិយាយអ្វីចេញទាំង​អស់ ក៏ស្រាប់​តែ​ឮសំឡេងយុវជនត្រឡប់មកវិញ។ នាងលាម្តាយហើយដាក់ទូរស័ព្ទចុះ ក៏ប្រញាប់​រត់​ចូល​ទៅ​ក្នុងបន្ទប់ទឹកលុបលាងមុខ។ គ្រាន់តែចូលមកដល់ក្នុងផ្ទះ​ភ្លាម យុវជន​ទាំងអស់​បើក​ភ្នែក​ធំៗ ព្រោះតែឃើញក្រដាសសពេញផ្ទះទាំង​អស់។ ពួកគេនាំគ្នា រើសម្នាក់មួយ​សន្លឹក​យក​​មកមើល ចំណែកពិចិត្រស្ទុះចូល ទៅក្នុងបន្ទប់៖

-វិនីត! ………………ឯងនៅក្នុងបន្ទប់ទឹកមែនទេ?

-បាទ! ………

-ឯងកើតអីមែនទេ?

-បាទ! អត់ទេ…………(វិនីតដើរចេញមក)

-ភ្នែកឯងក្រហមម្ល៉េះ? ឈឺពោះទៀតហើយមែនទេ?

-អត់ទេ! មានសត្វហើរចូលភ្នែកខ្ញុំ ទើបខ្ញុំប្រញាប់រត់មកលាងទឹក………ខ្ញុំ​ថាអត់អី គឺ​អត់អីហើយ បងកុំបារម្ភអី ខ្ញុំទៅបោសផ្ទះសិន

-អាល្អិត! នេះឯងកំពុងតែសរសេរបទស្នេហាមែនទេ? (រ៉ាណេសួរ)

-មានអីគួរឲ្យបងសើច?

-បើខ្ញុំថា មិនខុសទេ ឯងប្រហែលជាសរសេរមិនចេញទេមែនទេ?

-បាទ!

-ឯងឆ្លាតយ៉ាងនេះ ហេតុអីគ្រាន់តែបទស្នេហាមួយបទ ធ្វើឲ្យឯង​លំបាក​យ៉ាង​នេះ​ហ្ន៎​? ថ្ងៃនោះ ខ្ញុំឃើញវិនីថើបឯងច្បាស់ណាស់ ឬឯងពិតជាគ្មាន​អារម្មណ៍​ជាមួយ​ក្មេង​ស្រីនោះមែន?

-ខ្ញុំប្រាប់ពួកបងរួចហើយ ថាខ្ញុំមិនបាន​ស្រលាញ់នាងទេ បងជាងជារើស ហើយ បង​សម្អាតផងទៅ ខ្ញុំទៅគេង​ហើយ​

-នែ! សំរាមរបស់ឯង ម៉េចក៏ឲ្យយើងជាអ្នកសម្អាតទៅវិញ

-ខ្ញុំគិតថា គួរតែឯងហើយ (វណ្ណានិយាយហើយក៏ដើរចូលបន្ទប់)

-គ្មានទាក់ទងនឹងខ្ញុំទេ ខ្ញុំទៅងូតទឹកហើយ (រ៉ាឌីឧទាន)

-កុំមើលមកបង បងក៏ត្រូវទៅងូតទឹកដែរ (សុវណ្ណបន្លឺ)

-ធ្វើក៏បាន!

បន្ទាប់ពីស្រស់ស្រូបអាហារពេលយប់ហើយ ពួកគេក៏ចូលបន្ទប់និន្រ្ទា​លង់លក់​អស់​ទៅ។ លុះយប់ជ្រៅបន្តិច វិនីតក៏សសៀរដើរចេញពីបន្ទប់ លួចទៅ​សរសេរបទ​ភ្លេង​ថ្មី​តែ​ម្នាក់ឯងនៅក្នុងបន្ទប់ឧបករណ៍ភ្លេង។ ពិចិត្រភ្ញាក់ឡើង ក៏ដើរចុះមកក្រោម ឃើញ​វិនីត​កំពុង​សរសេរបម្រុងចូលទៅ តែបែរជាទុចង៉ក់ ត្រឡប់ទៅបន្ទប់គេងវិញ។ លុះព្រឹកឡើង ក៏មិនទាន់ឃើញវិនីតមកដល់បន្ទប់ ក៏​ចុះទៅបន្ទប់ឧបករណ៍​ភ្លេង​ម្តង​ទៀត តែវិនីត​បាន​លង់​លក់ទៅហើយ។ នាយ​បម្រុង​​​យក​បទចម្រៀង​ដែល​នៅនឹងដៃ​នាង​មកមើល ស្រាប់​តែ​នាងភ្ញាក់ឡើង ក៏ដាក់ឲ្យនាងវិញ៖

-ភ្ញាក់ហើយអ្ហេ!

-បងទេអ្ហេ!

-ឯងកំពុងសរសេរបទអី?

-មិនទាន់ប្រាប់ទេ! ចាំខ្ញុំសរសេរចប់ ខ្ញុំប្រាប់បង

ពិចិត្រគិតថា ហេតុអីក៏អាថ៌កំបាំងយ៉ាងនេះ? តែនាយក៏ពុំបានរំខានដល់​វិនីត

​ក្នុង​ការ​សរសេរដែរ។ បីយប់ហើយ ដែលវិនីតគេងនៅក្នុងបន្ទប់ឧបករណ៍​ភ្លេង ព្រោះ​តែ​​សរសេរ​បទថ្មីមួយបទនេះ ហើយនេះក៏ជាយប់ទីបួនដែរ ដែលនាង​អង្គុយ​ញញឹម​ម្នាក់​ឯង​នៅ​ក្នុងបន្ទប់នេះ។ ឃើញសភាពបែបនេះ យុវជនខ្លាច​សុខភាពវិនីតទ្រមិនរួច ក៏ចុះមក​តាម​ទាំងកណ្តាលអធ្រាត្រ ធ្វើឲ្យយុវតីភ្ញាក់ព្រើត៖

-បងចុះមកធ្វើអី?

-បងមកតាមឯងទៅគេង

-ខ្ញុំមិនទាន់ងុយទេ

-ម៉ោងមួយហើយ!

-បងទៅមុនទៅ

-រៀបចំទុកដាក់ភ្លាម………បងថាឲ្យទៅគេង……បើមិនទៅ បងវ៉ៃឯង​ហើយណា

-……………….ទៅក៏បាន!

វិនីតដើរទៅទាំងកំបុតកំបុយ។ ចំណែកវណ្ណា ឃើញអាកប្បកិរិយាពួកគេ​ទាំង​ពីរ​​ឈរ​ញញឹមតែម្នាក់ឯង ហើយក៏ត្រឡប់ចូលទៅក្នុងបន្ទប់វិញ។ ការពិត​យប់​មិញ​វិនីត​បាន​បញ្ចប់​បទភ្លេង​​​​រួច​​​ទៅ​​ហើយ តែនាងគ្រាន់តែមិនចង់ទៅគេង​ប៉ុណ្ណោះ។ ពេល​នេះ នាង​កំពុង​តែនៅកន្លែងថតជាមួយពួកគេ។ កំពុងតែអង្គុយ​យ៉ាងស្រួល ស្រាប់តែ​តួឯកស្រី ទៅ​អង្គុយ​ក្បែរនាង ធ្វើឲ្យនាងមានអារម្មណ៍មិន​ស្រួលសោះ៖

-សួស្តី!

-បាទសួស្តី! អ្នកនាងគឺ…….

-ខ្ញុំឈ្មោះសារ៉ាឌី សំដែងបទមហិច្ឆតាដែលលោកនិពន្ធហ្នឹងណា

-អូ!

-មើលទៅលោកដូចជាស្ងប់ស្ងាត់ ពុំសូវចេះនិយាយស្តីទាល់តែសោះ មិន​

ដូចជាបទភ្លេងដែលលោកនិពន្ធទេ

-នាងយល់ថា បទភ្លេងរបស់ខ្ញុំយ៉ាងម៉េចដែរ?

-លោកសមតែជាមនុស្សរីករាយ ចិត្តទូលាយ ហើយស្រលាញ់ពិភពលោក​នេះ តើ​មែន​ទេ?

-មែនហើយ! អរគុណ

-ហេតុអីក៏លោកមិនចូលរួមសំដែងជាមួយពួកគាត់?

-ប្រហែលមកពីខ្ញុំមិនចាប់អារម្មណ៍ការសំដែងហើយ

-សារ៉ាឌីដល់ម៉ោងថតហើយ

-ចាស! លោកមិនទៅមើលគេថតទេអ្ហេ?

-បាទទៅតើ!

គ្រាន់តែចាប់ផ្តើមថតមេឃបង្អុរភ្លៀងឈូ តួសំដែងបន្លឺឡើង៖

-លោកដឹកនាំរឿងគិតយ៉ាងម៉េច?

-ស្រួលហើយ មិនចាំបាច់បាញ់ទឹក ក្រែងពួកយើងកំពុងតែថត វគ្គក្រោម​តំណក់​ភ្លៀង​អ្ហេ! តើអ្នកទាំងអស់គ្នាស្ម័គ្រចិត្តថតទេ?

-ថតក៏បាន!

តួសំដែង និងតារាចម្រៀងស្រុះស្រួលគ្នា គឺថតនៅក្រោមតំណក់ភ្លៀងផ្ទាល់​តែ​ម្តង។ ថ្វីត្បិតតែមានការលំបាកបន្តិច តែពួកគេរីករាយខ្លាំងណាស់។ វិនីត​ឈរ​​ក្បែរ​សុវណ្ណ​​សម្លឹងទៅកាន់ពួកគេ តែស្រាប់តែរន្ទះឆ្វាច ធ្វើឲ្យនាងស្រែកឡើង។ យុវជន​ទាំង​បួន​ស្ទុះចេញពីកន្លែងថត មករកនាងដែលកំពុងក្រាបចុះ យុវតីងើប​មុខឡើង ឃើញ​​ពួកគេ​នៅជុំវិញ បន្លឺពាក្យព្រមគ្នា៖

-ឯងយ៉ាងម៉េចហើយ?

វិនីតងើបមុខឡើង ក៏និយាយ៖

-មិនអីទេ! សូមទោសដែលធ្វើឲ្យពួកបងបារម្ភ

-ចាំពួកបងបន្តិចទៀតទៅនៅតែមួយប្លង់ទៀតប៉ុណ្ណោះ

-បងមើលគេផង

-ពួកយើងឆាប់ទៅ!

-អាល្អិតអ្ហាក! ឯងមិនអីទេអ្ហេ?(សុវណ្ណសួរ)

-បាទ! អត់អីទេបង……………….

-អីយ៉ា! កណ្តាសហើយតើ មកខិតចូលមកក្នុងបន្តិចមក កុំឲ្យត្រូវភ្លៀង….​ម៉េច​ក៏​ឯង​សុខភាពអន់យ៉ាងនេះ ត្រូវភ្លៀងបន្តិចសោះ…..ហ៏!អាវពិចិត្រ​ ឯងពាក់​​សិនទៅ

-អរគុណបង!

-អូ! បងនឹកឃើញហើយ ប៉ុន្មានយប់នេះ ឯងមិនបានគេង ឃើញទេ! គេង​មិនឆ្អែត​ វា​ធ្វើឲ្យយើងឆាប់ទទួលជម្ងឺអ៊ីចឹង អ្ហើយ!យ៉ាប់ណាស់ តើថ្នាំនៅ​ឯណា​

អ៊ីចេះ​?

-មិនអីទេបង! ខ្ញុំមែនកើតអីឯណា

-ខ្ញុំថា ឯងប្រាកដជាគ្រុនហើយ មិនដឹងថា យកថ្នាំទៅដាក់ឯណាទៀតហ្នឹង​ណា​ ខ្ញុំ​នេះ​………….ឯងអង្គុយឲ្យស្រួលទៅ………រកមិនឃើញទេ កុំភ្លេចណា ទៅ​ដល់ផ្ទះ​ត្រូវលេប​ថ្នាំភ្លាម

-បាទ!

ក្រោយពីបញ្ចប់ការថត យុវជននាំគ្នាត្រឡប់មកផ្ទះវិញ ទាំងភ្លៀងស្រិចៗ។ វិនីត​​ពាក់អាវយុវជនជាប់ មកដល់ផ្ទះហើយ មិនបាននិយាយនឹងនរណាទាំងអស់ ក៏​ដើរ​ទៅ​លើ​បន្ទប់ ឡើងលើគ្រែគេងដណ្តប់ភួយធ្វើហី។ ចំណែកពិចិត្រ នឹកគិត​ថាវិនីត ចូល​ទៅ​ងូត​ទឹកមុន ក៏នៅបន្ទប់ទទួលភ្ញៀវសិន។ សុវណ្ណ ងូតទឹកផ្លាស់​សម្លៀក​បំពាក់​ហើយ ក៏នឹក​ឃើញវិនីតទើបចេញមកក្រៅ៖

-ឯងមិនទាន់ផ្លាស់ខោអាវទេអ្ហេ?

-ចាំឲ្យវិនីតគេងូតទឹកមុនសិន

-ត្រូវហើយ! បងឃើញវិនីតមិនស្រួលខ្លួនទេ ប្រហែលជាផ្តាសាយហើយ ឯងកុំ​ភ្លេច​ឲ្យគេលេបថ្នាំផង

-ម៉េចក៏បងទើបតែប្រាប់ខ្ញុំ!

-បងភ្លេច!

-យ៉ាប់មែន

ពិចិត្រនិយាយហើយក៏ប្រញាប់ឡើងទៅ។ វិនីតមិនបានងូតទឹកឯណា នាង​គេង​​បង្ហប់​ភួយទាំងសម្លៀកបំពាក់សើមតិចៗព្រោះត្រូវតំណក់ភ្លៀង។ យុវជន​ទៅ​ដល់​ ក៏ទៅ​អើត​មើលមុខនាង រួចក៏យកដៃទៅស្ទាបថ្ងាស៖

-មើលទៅដូចជាគេងស្រួលដល់ហើយ!……….ក្តៅ…..អាល្អិតនេះ គេង​ទាំង​មិន​បាន​​​ងូតទឹកអ្ហេ?

ពិចិត្រទាញភួយចេញ ហើយដាសនាងតិចៗ៖

-វិនីត! វិនីត! ឆាប់ងើបផ្លាស់សម្លៀកបំពាក់សិនទៅ ………….វិនីត……….​.​ហេតុអី​ក៏​ឯង​ខ្ជីខ្ជាយ៉ាងនេះ?

ពិចិត្ររអ៊ូបណ្តើរ ដោះអាវឲ្យវិនីតបណ្តើរ។ ពុទ្ធោអើយ! យុវជនលោះ​ព្រលឹង​អស់​ហើយ នាយស្ទុះងាកចេញទៅម្ខាងគ្រែ បេះដូងចាប់ផ្តើមលោតញាប់​សន្ធាប់​អារម្មណ៍​​ឲ្យ​ពុះ​កញ្រ្ជោល ស្ទើរតែធ្វើអ្វីលែងកើត។ មិនជឿទេ! ម៉េចនឹង​អាច………….! ពិចិត្រ​តាំង​ស្មារតី ប្រមូលផ្តុំអារម្មណ៍ ហើយក៏សសៀរមកជិតនាង​វិញ។ យុវជន​សម្លឹង​មើល​យុវតី ក៏​ស្រាប់​តែឮនាងស្រដីទាំងរវើរវាយឡើង ​ក្នុង​សំឡេងជាមនុស្សស្រី៖

-ម៉ែ!…………………

-មិនពិតទេ! ………….ម៉េចនឹងអាច!

-រងាណាស់!

-ហេតុអីក៏ទៅជាអ៊ីចឹង?

វាមិនគួរឲ្យជឿទេសម្រាប់ពិចិត្រ​ ក៏ដូចជាយុវជនទាំងអស់។ ពិចិត្រផ្លាស់​សម្លៀក​បំពាក់ឲ្យវិនីតហើយ ក៏អង្គុយបែរខ្នងទៅមាត់បង្អួត សញ្ជឹងគិតតែម្នាក់​ឯង​៖​​”ហេតុអីក៏​ឲ្យ​ក្មេង​ស្រីម្នាក់នេះ កុហកយូរយ៉ាងនេះ? ហេតុអីក៏ខ្ញុំល្ងង់យ៉ាងនេះ គ្រាន់​តែ​ប៉ុណ្ណឹង​ក៏មើល​មិនដឹងដែរ? ក្នុងរូបភាពជាមនុស្សប្រុស ខ្ញុំស្ទើរតែ​ស្រលាញ់​គេទៅ​ហើយ តើខ្ញុំគួរតែ​សប្បាយ​ចិត្តមែនទេ? ការពិតខ្ញុំនៅតែជា​មនុស្សប្រុសម្នាក់ មនុស្ស​ប្រុស​ដែល​ស្រលាញ់​មនុស្ស​ស្រី មិនមែនមនុស្សប្រុស​ដូចគ្នាទេ ប៉ុន្តែហេតុអី​ក៏នាង​ធ្វើយ៉ាងនេះ? ព្រោះតែចង់​ធ្វើ​ជាអ្នកនិពន្ធអ្ហេ?”។ ពិចិត្រគិតគ្រប់បែបយ៉ាង រហូត​ដល់​ឃើញរឿងរ៉ាងសារឡើងវិញ ដែល​រស់​នៅ​ជាមួយគ្នា ពិសេសគឺជម្ងឺ​របស់​វិនីត​។ នាយ​លើកទូរស័ព្ទឡើងភ្លាម សំឡេង​ឆ្លើយ​តបបន្លឺឡើង៖

-អាឡូ! ពិចិត្រ​…………កូនមែនទេ?

-បាទម៉ាក់!

-តើកូនសុខសប្បាយទេ? ហេតុអីក៏មិនដែលមកលេងម៉ាក់អ៊ីចឹង? កូន​ដឹងទេ បទ​ចម្រៀង​​ចេញថ្មីរបស់កូន ធ្វើឲ្យប៉ាកូនសប្បាយចិត្តណាស់ គាត់ថា​កូនមាន​គំនិត​ហើយ កូនគួរតែមកលេងគាត់ គាត់អាចនឹងឈប់ខឹងនឹងកូន​ណា!

-កូនប្រាកដជាទៅ ម៉ាក់កុំបារម្ភអី ពេលនេះកូនសុខសប្បាយទេ ខ្ញុំចង់សួរ​ម៉ាក់​រឿង​មួយតើបានទេ?

-កូននិយាយមក!

-មនុស្សស្រីនៅតែដែលមករដូវសុទ្ធតែឈឺពោះតើមែនទេម៉ាក់?

-ហេតុអីកូនសួរពីរឿងនេះ?

-កូនចង់ដឹង តើម៉ាក់អាចប្រាប់កូនបានទេ?

-មិនទាំងអស់គ្នាទេកូន អាស្រ័យលើសុខភាពមនុស្សស្រីនោះដែរ បើនាង​មិន​បាន​ញ៉ាំគ្រប់គ្រាន់ មិនបានគេងគ្រប់គ្រាន់ ហើយថែមទាំងគិតច្រើន​ទៀតនោះ នាង​ប្រហែលជាមានការឈឺចាប់នៅពេលដែលមក គឺចៀស​មិនផុតទេ

-តើអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទេ?

-បើនាងឈឺលើសពីបីថ្ងៃ គឺត្រូវតែទៅពិគ្រោះជាមួយពេទ្យ

-ចុះពេលកំពុងឈឺ តើអាចជួយបានទេ?

-មានតែលេបថ្នាំប៉ុណ្ណោះ តែការឈឺបែបនេះ អ្នកខ្លះ​នឹងអាចបាត់ទៅវិញ​នៅ​ពេល​ដែល​នាងមាន​គ្រួសារ

-អរគុណម៉ាក់ ម៉ាក់ថែរក្សាសុខភាពផង ជម្រាបលាម៉ាក់!

-ឈប់ៗៗ……….យ៉ាប់មែនកូននេះ

យុវជនដាក់ទូរស័ព្ទចុះ ក៏ដើរទៅស្ទាបថ្ងាសយុវតី។ នាងប្រហែលជាអស់អី​ហើយ  មួយ​សន្ទុះក្រោយ នាងក៏បើកភ្នែកឡើង។ វិនីតដឹងច្បាស់ ថា​សម្លៀក​បំពាក់​នាង​​ត្រូវបាន​ប្តូរ ក៏ស្ទុះងើបឡើង សម្លឹងទៅយុវជនដែលកំពុងឈរក្បែ​រ​បង្អួច។ យុវជន​មិន​បែរមក​រក​នាង​ឡើយ តែបន្លឺឡើង៖

-ភ្ញាក់ហើយអ្ហេ?

-បងជា……………………….

-ខ្ញុំជាអ្នកផ្លាស់សម្លៀកបំពាក់ឲ្យនាង

-សូមទោស!

-នាងឈប់ប្រើសំឡេងជាមនុស្សប្រុសទៀតទៅបានទេ! គ្មានពាក្យត្រូវ​បក-​ស្រាយ​​​ទេអ្ហេ?

យុវជនតម្លើងសំឡេងបន្តិចហើយបែរមករកវិនីត តែវិនីតបែរជា​ឈ្ងាក​មុខចុះ​មិន​ហ៊ាន​សម្លឹងយុវជនឡើយ។ នាងគ្រាន់តែនិយាយថា៖

-………………សូមទោស!

-នាងសប្បាយនឹងកុហកពួកយើងរាល់គ្នាណាស់ទៅអ្ហេ?

-មិនសប្បាយទេ!

-អ៊ីចឹងចង់កុហកពួកយើងដល់ពេលណា?

-ខ្ញុំចង់និយាយប្រាប់ពួកបង តែនៅថ្ងៃនោះ ខ្ញុំបានឮពួកបង និងលោកចាង​ហ្វាង​ជជែក​គ្នា ទើបខ្ញុំ……………..

-អ្ហូ! នាងខ្លាចលោកចាងហ្វាងមិនចុះកុងត្រាជាមួយនាងអ្ហេ?

-បាទ!

-នេះនាងឆ្លើយបាទឡើងធ្លាប់អស់ហើយអ្ហេ? គួរឲ្យចង់សើចណាស់ តើ​នាងជា​មនុស្ស​ប្រុសឬស្រីឲ្យពិតប្រាកដ?

-ត្រូវហើយ! សូម្បីតែខ្លួនខ្ញុំ ក៏មិនដឹងថា ខ្លួនឯងជាមនុស្សប្រុសឬស្រីឲ្យ​ប្រាកដ​ដែរ​? តាំងពីខ្ញុំបានមករស់នៅជាមួយពួកបង ខ្ញុំខឹង​នឹង​ខ្លួន​ឯង​​ណាស់ ហេតុអី​ក៏ខ្ញុំកើត​មក​ជាមនុស្សស្រី? ខ្ញុំក៏មិនចង់កុហកពួកបងដែរ

-តែនាងបានកុហកពួកយើងរួចទៅហើយ

-ត្រូវហើយ! ខ្ញុំកុហកពួកបង ការពិតគឺព្រោះតែកិច្ចសន្យាមួយនោះ ខ្ញុំមិន​អាច​ធ្វើ​ឲ្យ​​​ឱកាសនោះបាត់បង់ឡើយ

-នាងហួសហេតុពេកហើយ បាន! អ៊ីចឹងថ្ងៃនេះ ឲ្យគេទាំងអស់គ្នាដឹងថា នាង​ជា​​ស្រី​ទៅ ពួកយើងចុះទៅក្រោមទៅ

ពិចិត្រទាញដៃវិនីត តែវិនីតមិនព្រមទៅជាមួយឡើយ នាងបានត្រឹមតែ​អង្គុយ​យំ​ប៉ុណ្ណោះ​។ ឃើញដូចនោះ យុវជនក៏ព្រលែងដៃនាង ហើយដើរចេញ​ទៅតែ​ម្នាក់​ឯង​។​ ពិចិត្រ​ចេញផុត សំឡេងទូរស័ព្ទបន្លឺឡើង។ គ្រាន់តែទទួល​ទូរស័ព្ទហើយ វិនីតក៏​ស្ទុះ​ចេញ​​ពី​ក្នុងបន្ទប់។ ទៅដល់បន្ទប់ទទួលភ្ញៀវ នាងបាន​ឃើញយុវជនទាំងអស់​កំពុង​តែ​នៅ​ជុំគ្នា នាង​សម្លឹងទៅរកពិចិត្រ ដែលកំពុង​សម្លឹងមើលមកនាងដូចគ្នា ស្រាប់តែ​សុវណ្ណបន្លឺ៖

-អាល្អិត! តើឯងមិនអីទេអ្ហេ!

-ឯងកើតអីអ្ហេ?(វណ្ណាឮហើយក៏ចូលទៅជិតវិនីតហើយយកដៃស្ទាបថ្ងាស​របស់​​នាង)

-ខ្ញុំអត់អីទេបង

-តែមើលទៅឯងដូចជាស្លេកស្លាំងណាស់ណា(រ៉ាឌីបន្លឺ)

-ឯងឆាប់ចូលមកញ៉ាំអីជាមួយពួកយើងមក (រ៉ាណេឧទាន)

វិនីតដឹងច្បាស់ថា យុវជនទាំងអស់នៅពុំទាន់ដឹងថា នាងជាស្រីឡើយ។ នាង​សសៀរ​​ដើរទៅជិតពិចិត្រ ហើយបន្លឺ៖

-ខ្ញុំចង់និយាយជាមួយបង!

-ពួកយើងគ្មានរឿងត្រូវនិយាយគ្នាទេ ឯងគួរតែនិយាយទៅរកពួកគេទៅ

-តើពួកឯងមានរឿងអី? (សុវណ្ណសួរ)

-គ្មានទេបង! ខ្ញុំចង់និយាយជាមួយបងតែពីរនាក់ ពួកយើងទៅខាងលើ​ទៅ

-តើមានរឿងអីក៏អាថ៌កំបាំងម្ល៉េះ? (រ៉ាណេសួរ)

-បងឆាប់មក

វិនីតអូសដៃពិចិត្រឡើងទៅលើបន្ទប់វិញ យុវជនបន្លឺ៖

-នាងចង់ធ្វើអី?

-ខ្ញុំសូមអង្វរបង បងកុំទាន់ប្រាប់ពួកគេអីបានទេ?

-ឯងចង់កុហកពួកគេបន្តទៀតអ៊ីចឹងអ្ហេ?

-បងចង់ឲ្យខ្ញុំធ្វើអីក៏បាន តែបងឲ្យខ្ញុំនៅរហូតដល់ចប់កុងត្រាសិនទៅ តើបាន​ទេ?.​…​……..ត្រូវហើយ! តាំងពីតូចមក ខ្ញុំប្រាថ្នាចង់ធ្វើជាអ្នកនិពន្ធ ខ្ញុំ​ពិតជា​មិន​ចង់​​បាត់បង់​តំណែងនេះភ្លាមៗយ៉ាងនេះទេ តែប្រាំខែទៀត​ប៉ុណ្ណោះ បងឲ្យខ្ញុំ​នៅទី​នេះ​ទៅ តើបានទេ តទៅ ខ្ញុំមិននៅបន្ទប់ជាមួយប​ង​ក៏បាន ខ្ញុំនឹងទៅនៅ​​​​​​​បន្ទប់​ដាក់​​អីវ៉ាន់ បងកុំទាន់ប្រាប់ពួកគេអីតើបាន​ទេ​? ខ្ញុំសូមអង្វរបងណា ខ្ញុំ​សូមអង្វរបង….​…

វិនីតលុតជង្គង់នៅចំពោះមុខយុវជន ទាំងទឹកភ្នែកសស្រាក់ ចំណែកពិចិត្រ និយាយ​​ទាំងញញឹមស្ងួត៖

-ការពិតតំណែងជាអ្នកនិពន្ធរបស់នាងគឺសំខាន់ជាងអ្វីៗទាំងអស់ ហេតុអីក៏​ពួក​​យើង​ស្រលាញ់នាងយ៉ាងនេះ

-សូមទោស!

-ការពិតគឺខ្ញុំទេ ជាអ្នកនាំនាងមក បើវាពិតជាតម្រូវការរបស់នាងហើយ នាង​​នៅចុះ

-អរគុណ

និយាយហើយយុវជនចេញពីបន្ទប់បើកឡានចេញទៅ មួយសន្ទុះក្រោយ​វិនីត​ក៏​ចេញ​ទៅដែរ។ យុវជនទាំងបួនឆ្ងល់ពួកគេទាំងពីរណាស់ថាកំពុងធ្វើអី វណ្ណា​ក៏រត់​តាម​​វិនីត​​​មកដល់ខាងក្រៅ តែវិនីតឡើងម៉ូតូឌុបចេញផុតទៅហើយ។ នាយដឹងច្បាស់​

ថា យុវតី​មិនស្គាល់ផ្លូវឡើយ ក៏លើកទូរស័ព្ទតេទៅ៖

-អាឡូបង!

-តើឯងទៅណា? ឯងស្គាល់ផ្លូវទេ?

-បងកុំបារម្ភអី! ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត ខ្ញុំឆាប់ត្រឡប់មកវិញទេ ហេតុ​អី​មិនប្រាប់​បង បងជូនទៅ

-មិនអីទេបង ប៉ុណ្ណឹងបានហើយ

-អាល្អិតម្នាក់នេះ!

-វាទៅណាបង?(រ៉ាណេសួរ)

-វាថាទៅក្រុមហ៊ុនមួយភ្លែត ចុះពិចិត្រទៅណា?

-អត់លើកទូរស័ព្ទទេ

-អត់លើកទូរស័ព្ទ តាមមើលប្រហែលជាខឹងខ្លាំងណាស់ហើយ(រ៉ាឌីបន្លឺ)

-តើអាល្អិតនោះធ្វើអីគេ បានជាខឹងខ្លាំងយ៉ាងនេះ? (សុវណ្ណតប)

-ខឹងតែមនុស្សមិនអស់ចិត្តទេ ខឹងដល់ទូរស័ព្ទទៀត នេះអ្ហេ!​ ជាចរឹតរបស់​តារា​ល្បី?

-បានហើយៗ! ពួកយើងចូលក្នុងទៅ

វិនីតមកដល់ក្រុមហ៊ុន ក៏ចូលទៅរកលោកចាង​ ហ្វាងដល់ក្នុងបន្ទប់៖

-វិនីត! មានការអីសំខាន់អ្ហេ ទើបមករកខ្ញុំដល់ទីនេះ?

-លោកចាងហ្វាង! តើលោកអាចបើកប្រាក់ខែឲ្យខ្ញុំមុនបានទេ?

-បើកប្រាក់មុនអ្ហេ?

-បាទ!

-តើឯងមានបញ្ហាអីអ្ហេ?

-គ្រួសារខ្ញុំត្រូវការប្រាក់បន្ទាន់ សូមលោកចាងហ្វាងជួយខ្ញុំផង តើបានទេ? ខ្ញុំ​សូម​​អង្វរលោកចាងហ្វាង …………​ ខ្ញុំសន្យា ខ្ញុំនឹងខិតខំតែងបទភ្លេងឲ្យ​បាន​ល្អ

ជាង​​កាល​កន្លងមកទៅទៀត

លោកចាងហ្វាងសម្លឹងមើលវិនីត ហាក់ដូចជាត្រូវការប្រាក់ចាំបាច់​ខ្លាំង​ណាស់ លោក​ក៏លែងសួរនាំតទៅទៀត ក៏សម្រេចចិត្តបើកប្រាក់ឲ្យគេមុន។ គ្រាន់​តែបាន​ប្រាក់​ហើយ វិនីតក៏ជិះម៉ូតូឌុបចេញពីទីនោះ ស្រាប់តែពិចិត្រមកដល់​ភ្លាម។ គ្រាន់តែឃើញ​ពិចិត្រ​ហើយ លោកចាងហ្វាង ក៏ហៅនាយទៅបន្ទប់​របស់ខ្លួន៖

-វិនីតទើបតែចេញទៅអម្បាញ់មិញនេះឯង ឯងមានបានជួបគេទេ?

-អត់ទេ! គេមកទីនេះធ្វើអី?

-គេមករកបងសុំបើកប្រាក់ខែមុន

-ថាម៉េច! បងបើកឲ្យគេអ្ហេ?

-ត្រូវហើយ! គេថា គ្រួសារគេត្រូវការប្រាក់បន្ទាន់

-ចុះពេលនេះ បងដឹងថា គេទៅណាទេ?

-បងមិនដឹងទេ…………..នែ! ឯងគិតទៅណា?

-ខ្ញុំទៅក្រៅមួយភ្លែត

ពិចិត្រតេទៅរកវិនីត៖

-ឯងនៅឯណា?

-ខ្ញុំ……………..

-ខ្ញុំសួរថាឯងនៅឯណា?

-ខ្ញុំនៅមន្ទីរពេទ្យ

ពិចិត្រហាក់ដូចជាខឹងនឹងវិនីតខ្លាំងណាស់ តែនៅពេលឮច្បាស់ថានាង​នៅ​ មន្ទីរពេទ្យ ក៏ប្រញាប់ទៅដល់ភ្លាម។ ទៅដល់មុខបន្ទប់វះកាត់ នៃ​​មន្ទីរ​ពេទ្យ​កាល់ម៉ែត នាយ​ឃើញវិនីតកំពុងឱបម្តាយយំសស្រាក់ ក៏ទៅឈរក្បែរនោះ ដោយមិនហ៊ានសួរ​នាំ​​អ្វី​ទាំង​អស់។ មួយសន្ទុះក្រោយ ទើបលោកគ្រូពេទ្យ​ចេញ​មក៖

-លោកគ្រូពេទ្យ……………

-ផុតពីគ្រោះថ្នាក់ហើយ

-អរគុណទេវតា!……………..ម៉ែចូលទៅមុនទៅ

វិនីតឲ្យម្តាយចូលទៅក្នុងបន្ទប់មើលប្អូនប្រុសមុន ចំណែកខ្លួន នៅខាងក្រៅ​ជាមួយ​យុវជន។ ​ពិចិត្រសួរ៖

-តើមានរឿងអីកើតឡើង?

-គ្រោះថ្នាក់ចរាចរណ៍

-នេះអ្ហេជាមូលហេតុ ដែលធ្វើឲ្យឯងចង់បន្តតំណែងជាអ្នកនិពន្ធតទៅ​ទៀត?…​….​….​​…….ហេតុអីក៏ឯងមិនប្រាប់បង? បងស្មានថា ឯងទៅបើកប្រាក់​មុនរត់​បាត់​​​ទៅ​ហើយ ឯងដឹងទេ?

-សូមទោស!………..នៅពេលនោះ បងកំពុងតែខឹង………………..

យុវជនក្តុកក្តួលខ្លាំងណាស់ នូវអ្វីដែលគិតខុសចំពោះវិនីត នាយទាញនាង​មក​ឱបជាប់ ក៏ស្រាប់តែយុវជនទាំងអស់មកដល់។ វិនីតជូតទឹកភ្នែក ហើយ​ងាកទៅ​រក​យុវជន​​​ទាំងអស់ ដែលស្លន់ស្លោដើរចូលមក។ សុវណ្ណបន្លឺ៖

-តើមានរឿងអីកើតឡើង?

ការពិតវិណាតត្រូវម៉ូតូជ្រុលបុកពីក្រោយ នៅពេលដែលខ្លួនជិះកង់ត្រឡប់​​ពី​សាលា​រៀនវិញ។ ក្បាលរបស់យុវជនត្រូវយ៉ាងធ្ងន់ធ្ងរទៅលើផ្លូវ ធ្វើឲ្យសន្លប់​បាត់​ស្មារតី។ ដោយ​គ្មានលទ្ធភាពនឹងសង្គ្រោះ មន្ទីរពេទ្យសៀមរាបក៏បញ្ជូនមក ភ្នំពេញ។ ការវះ​កាត់​​ត្រូវ​ការចំណាយប្រាក់ច្រើន         ហើយជួនពេលនឹងវិនីតមាន​បញ្ហាជាមួយ​

ពិចិត្រ​​​ទៀត ទើប​នាង​សម្រេចចិត្តទៅសុំបើកប្រាក់ខែមុន។

វិណាតបើកភ្នែកឡើងស្រាប់តែឃើញ យុវជនទាំងអស់នៅចំពោះមុខ​ខ្លួន រ៉ាណេ​​​​​បន្លឺ៖

-ឯងដឹងខ្លួនហើយអ្ហេ! បងឯងនាំម៉ែឯងទៅបន្ទប់ទឹកហើយ ត្រូវការអី​ប្រាប់​ពួក​យើងមក

-ខ្ញុំស្រេកទឹក

-ចាំមួយភ្លែត!

-ហេតុអីក៏ពួកបងនៅទីនេះ?

-អាល្អិតនោះដូចជាប្អូនរបស់ពួកយើងអ៊ីចឹង ប្អូនរបស់គេមានរឿង ពួក​យើង​​ត្រូវ​​មក​​ជួយគេអ៊ីចឹងហើយ

-អរគុណពួកបងហើយ

-នោះម៉ែឯងមកហើយ!

-កូនដឹងខ្លួនហើយអ្ហេ!

-ម៉ែ! ចុះឯណាបង………………………

-បងឯងនៅខាងក្រៅ បន្តិចទៀតមកហើយ រំខានពួកក្មួយហើយ

-មិនអីទេអ្នកមីង!

ដោយបាត់វិនីតយូរពេក វណ្ណាក៏សសៀរដើរចេញមកក្រៅ នាយបាន​ឃើញ​វិនីត​កំពុង​ជជែកជាមួយយុវតីម្នាក់៖

-ពួកគេម្នាក់ៗសុទ្ធតែយល់ថាឯងជាប្រុស សូម្បីតែលោកចាងហ្វាងមែនទេ?​​គិត​ទៅកើតមកមានសំឡេងពីរដូចជាឯង ពិតជាមានប្រយោជន៍មែន ហេតុអីក៏​ខ្ញុំគ្មាន​វាសនាដូចជាឯងអ៊ីចឹង

-តែឯងក៏ក្លាយជាអ្នកនិពន្ធនៅផលិតកម្ម មយូរាហើយតើ

-ត្រូវហើយ! តែមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ស្តាយណាស់ បើកាលនោះ

ខ្ញុំដឹង​ថា លោកចាងហ្វាងមិនចូលចិត្តមនុស្សស្រី ខ្ញុំប្រហែលជាធ្វើដូចជា​ឯង​ពេលនេះ​អ៊ីចឹង

-សាវីណា!

-ខ្ញុំច្រណែននឹងឯងណាស់

-ការពិត……………

-ឯងនៅទីនេះទេអ្ហេ!

វណ្ណាបន្លឺឡើង ព្រោះដឹងថាយុវជនទាំងអស់ កំពុងដើរចូលមក។ សាវីណា​សម្លឹង​ទៅ​យុវជនទាំងអស់ដែលកំពុងដើរចូលមក នាងបន្លឺ៖

-ជម្រាបសួរបងៗ!

-បាទៗជម្រាបសួរ

-អាល្អិត! នេះឯងក៏ស្គាល់អ្នកនិពន្ធស្រីវ័យក្មេងម្នាក់នេះដែរអ្ហេ?

-ឯងនេះមិនអន់ឯណា

-មើលទៅពួកគាត់ដូចជាស្រលាញ់ឯងណាស់ បានហើយ! ខ្ញុំជម្រាបលាពួក​បងហើយ វិនីត! សំណាងល្អណា

វណ្ណាលួចសម្លឹងមុខវិនីត តែវិនីតហាក់ដូចជាក្រៀមក្រំណាស់។ យប់នេះ​នាង​មិន​​បានត្រឡប់ទៅផ្ទះឡើយ គឺនាងគេងនៅមន្ទីរពេទ្យជាមួយម្តាយនិងប្អូន។ វិណាត​បន្លឺ៖

-បងមិនត្រឡប់ទៅវិញជាមួយពួកគាត់ទេអ្ហេ?

-មិនទៅទេ! បងនៅមើលឯងសិន

-ខ្ញុំមើលទៅពួកគាត់ចិត្តល្អណាស់ ហើយស្រលាញ់បងទៀតផង ខ្ញុំប៊ិះភ្លាត់​មាត់ ហៅបងថា ជាបងស្រីទៅហើយ សំណាងនឹកឃើញទាន់ មិននឹកស្មាន​ថា​បាន​​ជួបតារាល្បី ក្នុងពេលតែមួយបែបនេះសោះ នេះបើកុំតែខ្ញុំចូលពេទ្យ ក៏ពុំ​បាន​​​ជួប​ពួក​គាត់ផ្ទាល់យ៉ាងនេះដែរមើលទៅ

-មើលទៅឯង ដូចជាឆាប់ជាដល់ហើយហ្ន៎ និយាយឲ្យប៉ប៉ាច់

-អ៊ីចឹងខ្ញុំគេងហើយ! មើលទៅបងដូចជាមិនសប្បាយចិត្តសោះ

-កូនបានជជែកអីជាមួយសាវីណាខ្លះ?

-គ្មានអីទេម៉ែ! គ្រាន់តែសួរសុខទុក្ខគ្នាហើយ នាងក៏ចេញទៅ

-ចុះម្តាយនាងធូរស្រាលហើយមែនទេ

-ចាស! គឺចេញពីមន្ទីរពេទ្យហើយ

-ហ៊ឺ!

-ម៉ែឆាប់សម្រាន្តទៅ

-អ៊ឺ! ម៉ែគេងហើយអ៊ីចឹង

សាវីណាជាមិត្តរួមថ្នាក់របស់វិនីតកាលពីនៅរៀនវិទ្យាល័យ។ នាងក៏មាន​ឧបនិស្ស័យ​​និងបំណងប្រាថ្នាជាអ្នកនិពន្ធដែរ។ នាងធ្លាប់ទៅផលិតកម្មនាគទេព​ម្តង​តែ​ត្រូវលោកចាងហ្វាងបដិសេធ។ នៅទីបំផុត នាងក៏ចូលធ្វើការជាអ្នកនិពន្ធ នៅ​ផលិតកម្ម​មយូរា។ នាងមិនខុសពីវិនីតប៉ុន្មានឡើយ ធ្វើការផងរៀនផង ហើយត្រូវ​ចិញ្ចឹម​គ្រួសារផង ចំណែក​ម្តាយរបស់នាង ក៏មានជម្ងឺប្រចាំកាយទៀត។​ បើនិយាយ​ពី​ឪពុ​កវិញ គឺផឹកតែ​ស្រា​ស្រវឹងទើបចូលផ្ទះ។ ឥឡូវនាង និងម្តាយ​ព្រមទាំងប្អូនស្រី​ពីរនាក់បាន​ចាកចោល​ឪពុក​មករស់នៅភ្នំពេញហើយ។

ពីរថ្ងៃបានកន្លងផុតទៅ វិណាតក៏បានធូរស្រាល         ហើយក៏បានត្រឡប់ទៅ​

សៀមរាប​​ជាមួយនឹងម្តាយវិញ។​​     ចំណែកវិនីតត្រូវត្រឡប់មករស់នៅជាមួយ​យុវជន​

វិញ។ នៅ​ថ្ងៃដែលនាងជជែកជាមួយសាវីណា វណ្ណាបានឮទាំងអស់ ហើយនាយ​ក៏​គិត​

យល់​ដែរ នៅថ្ងៃដែលឃើញពិចិត្រ និងវិនីតខុសប្រក្រតីនៅ​ថ្ងៃ​នោះ។ វណ្ណាដឹងថា ពិចិត្រ​ក៏​ប្រហែល​ជាបានដឹងថា វិនីតជាស្រីហើយដែរ ទើប​នាយហៅយុវជនមកជជែក​គ្នានៅខាង​ក្រៅ​ផ្ទះ៖

-ឯងមានរឿងអីចង់និយាយជាមួយខ្ញុំអ្ហេ? (ពិចិត្រសួរ)

-ឯងបានដឹងថា វិនីតជាស្រីអ្ហេ?

-ឯងដឹងហើយអ្ហេ?

-ខ្ញុំបានឮនាងជជែកគ្នាជាមួយសាវីណានៅមន្ទីរពេទ្យ

-ចុះនាងដឹងទេថា ឯងដឹងរឿងនេះទេ?

-នាងមិនបានដឹងទេ! ឯងគិតធ្វើយ៉ាងណាចំពោះនាង?

-ខ្ញុំបានយល់ព្រមជាមួយនាងជួយលាក់រឿងនេះ រហូតដល់នាងចប់កុងត្រា ​​​តែ​បើ​ឯង​​ដឹងហើយ ក៏គួរតែឲ្យពួកគេដឹងដែរ

-កុំអី! ពួកយើងលាក់រឿងនេះបន្តទៀតចុះ

-អ្ហឹះ!

-បើពួកគេដឹង ពួកយើងប្រាកដជាពិបាកក្នុងការរស់នៅជាមួយគ្នា

-ឯងមិនខឹងនឹងនាងទេអ្ហេ?

-មានអីគួរឲ្យខឹង ឯងស្មានតែនាងពេញចិត្តក្នុងការកុហកពួកយើងអ្ហេ? ខ្ញុំជឿ​ជាក់​​លើមនោសញ្ចេតនារបស់នាងមកលើពួកយើង

-ព្រោះតែនាងជួយឯងនៅយប់នោះអ្ហេ?

-ប្រហែលហើយ! អ៊ីចឹងយប់នេះ?

-ខ្ញុំទៅគេងផ្ទះម៉ាក់ខ្ញុំមួយរយៈចុះ

-កុំអី! ឯងគេងបន្ទប់ជាមួយខ្ញុំទៅ

-ក្រែងឯងមិនចូលចិត្តគេងជាមួយអ្នកដទៃទេអ្ហេ?

-បើឯងចេះតែទៅគេងនៅផ្ទះម៉ាក់ឯង ពួកគេប្រាកដជាសង្ស័យ ចំណែកឯ​វិនីត​ក៏​មិនសប្បាយចិត្តដែរ

-ឯងគិតដល់នាងគ្រប់ជំហានណាស់ហ្ន៎ សម្រេចអ៊ីចឹងចុះ

-ខ្ញុំចូលទៅក្នុងផ្ទះមុនហើយ

វណ្ណាចូលទៅក្នុងផ្ទះមុន ចំណែកឯពិចិត្រហាក់ដូចជាសញ្ជឹងមួយសន្ទុះ។ នាយ​​​គិត​រឿងហេតុ ដែលវិនីតបានជួយវណ្ណានៅយប់​នោះ ​ក៏បន្លឺឡើងតែម្នាក់​ឯង៖ “នាងសុខ​ចិត្ត​ជួយឯង សូម្បីតែជីវិតខ្លួនឯងក៏មិនគិត ឯងសមនឹងជឿនាង​អ៊ីចឹងហើយ ចុះខ្ញុំ?”។ ពិចិត្រគិតហើយ ដើរចូលទៅក្នុងផ្ទះវិញ ជួនជាពួកគេនៅ​ជុំ គ្នា នាយក៏បន្លឺ៖

-ចាប់ពីថ្ងៃនេះទៅ ខ្ញុំនៅបន្ទប់ជាមួយវណ្ណាវិញ

-ម៉េចអ៊ីចឹង?

-គ្មានយ៉ាងម៉េចទេ! គ្រាន់តែមិនចង់គេងជាមួយអាល្អិតនេះ ព្រោះគេ​គេង​អាក្រក់​​ណាស់ ធ្វើបាបខ្ញុំរាល់តែយប់ហ្នឹង

-អ៊ីចឹងផងអ្ហេ! នេះខ្លួនឯងតូចតែមួយ ធ្វើឲ្យបងពិចិត្រពិបាកទ្រាំដល់ថ្នាក់​ហ្នឹង​ផងអ្ហេ?

-សូមទោសខ្ញុំ………….

-មិនអីទេ! ឯងគេងឲ្យបានស្រួលចុះ

ពួកគេទាំងអស់គ្នាក៏យល់ស្របតាមគំនិតពិចិត្រ។ វិនីតមកដល់បន្ទប់ ក៏​ប្រាស​ខ្លួន​​ដេកទៅលើគ្រែ ហើយនិយាយតែម្នាក់ឯង៖”អរគុណបងហើយ!”។ សំឡេងគោះ​ទ្វារ​បន្លឺ​ឡើង៖

-បងមកយកខ្នើយ និងភួយ (ពិចិត្រដើរចូលក្នុងបន្ទប់)

-អរគុណបង!

-មិនចាំបាច់ទេ! គេងលក់សុបិនល្អណា

-ចាស!

ពិចិត្រហាក់ពីរោះនឹងសំឡេងឆ្លើយតបនេះណាស់ក៏ងាកទៅសម្លឹងមុខវិនីត វិនីតបន្លឺ៖

-បងមិនអីទេអ្ហេ?

-មិនអីទេ! បងចេញទៅហើយ

ពិចិត្រចេញផុត វិនីតក៏ចូលទៅក្នុងបន្ទប់ទឹក តែមួយសន្ទុះស្រាប់តែយុវជន​ចូល​មក​វិញ។ នាយឃើញទ្វារមិនទាន់ខ្ទាស់សោក៏ដើរចូលទៅ តែមិនឃើញ​យុវតី នាយ​ក៏បន្លឺ​ឡើង​៖

-ឯងនៅក្នុងបន្ទប់ទឹកមែនទេ?

-ចាស! បងមានការអី?

-ការពិតសំឡេងរបស់ឯងពីរោះណាស់

-……………..តើបងនៅខាងក្រៅទេ?

-អូ! ឯងមានឃើញកន្សែងពោះគោរបស់បងទេ?

-ខ្ញុំដាក់នៅក្នុងទូរ

-……………ឃើញហើយ! បងចេញទៅវិញហើយ…..ត្រូវហើយ!​ពេលចូលដល់​ក្នុង​​​បន្ទប់​ហើយ ត្រូវចាក់សោបន្ទប់ផង ស្តាប់​បានទេ?

-ចាស!

វគ្គ៤                     ដុំពេជ្រស្នេហ៍

ទោះបីពិចិត្រ និងវណ្ណាបានដឹងថាវិនីតជាស្រីក៏ដោយ ប៉ុន្តែមិត្តភាពរបស់​ពួកគេ នៅតែដដែល ហើយអ្វីដែលធ្វើឲ្យវិនីតសប្បាយចិត្តថែមទៀតនោះ គឺនាងធ្វើ​បាន​​សម្រេច​នូវបទភ្លេងថ្មី ដែលមានចំណងជើងថា ដុំពេជ្រស្នេហ៍។ ដុំ​ពេជ្រស្នេហ៍ គឺ​ជាបទទីមួយ ដែល​នាងសរសេរពីតម្លៃនៃសេចក្តីស្នេហ៍ តែមិន​មែន​ជាស្នេហា​របស់​នាង​ឡើយ ផ្ទុយទៅ​វិញ វាជាជីវិតស្នេហ៍របស់ឪពុក​ម្តាយ​នាង ដែលនាង​បាន​ព្យាយាម​បង្កើត​វាឡើង អស់​រយៈ​បីយប់បីថ្ងៃរហូតដល់ធ្លាក់​ខ្លួនឈឺ ធ្វើឲ្យពិចិត្រដឹងថា​នាងជា​ស្រី​។

បន្ទាប់ពីកែសម្រួលស្រួលបួលហើយ នាងក៏មកស្ទូឌីយ៉ូ ដែលយុវជនកំពុង​ថត។ មកដល់មុខបន្ទប់ថត ក៏បានជួបនឹងសាវីណា៖

-សាវីណា!

-ខ្ញុំមានរឿងចង់និយាយជាមួយឯងបន្តិចបានទេ?

-ពួកយើងទៅនិយាយគ្នាក្នុងបន្ទប់ទៅ!…………ឯងមានការអី?

-ខ្ញុំចង់ឲ្យឯងជួយខ្ញុំបានទេ?

-មានរឿងអី?

-ខ្ញុំចង់ឲ្យឯងសរសេរបទភ្លេងថ្មី ឲ្យខ្ញុំមួយបទបានទេ?

-វីណា!

-ខ្ញុំដឹងថា វាមិនគួរទេ ប៉ុន្តែខ្ញុំពិតជាត្រូវការវាណាស់ ឯងជួយខ្ញុំផងបានទេ?

-មិនអាចទេ! បើខ្ញុំធ្វើអ៊ីចឹង ខ្ញុំនិងឯងគឺមានកំហុសដូចគ្នា

-ខ្ញុំសូមអង្វរឯង! បើគ្មានបទភ្លេងថ្មីទេ លោកចាងហ្វាងប្រាកដជាដេញខ្ញុំ​ចេញ​ជា​មិនខាន

-សាវីណា! បើខ្ញុំធ្វើឲ្យ​ឯងថ្ងៃនេះ ចុះថ្ងៃក្រោយនោះ?

-ថ្ងៃក្រោយយ៉ាងណាមិនសំខាន់ទេ តែសំខាន់គឺថ្ងៃនេះ ឯងជួយខ្ញុំផងទៅ

-មិនអាចទេ! ខ្ញុំជឿថាឯងអាចធ្វើបានដោយខ្លួនឯង ឯងសាកល្បងទៅ ខ្ញុំ​សុខ​ចិត្ត​ជួយឯង

-ឯងពិតជាមិនព្រមតែងបទភ្លេងថ្មីឲ្យខ្ញុំមែនអ្ហេ!

-ខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ!

-អ៊ីចឹងឯងមិនខ្លាចទេថា លោកចាងហ្វាងដឹងថាឯងជាស្រី

-ឯងគិតធ្វើអី? ឯងចង់គំរាមខ្ញុំអ្ហេ?

-ខ្ញុំមិនចង់ទេ! ប៉ុន្តែបើលោកចាងហ្វាងឯងដឹងពីរឿងនេះ ឯងសង្ឃឹមទេថា ឯង​អាច​ធ្វើ​ជាអ្នកនិពន្ធត្រង់នេះបានទៀត?

-សាវីណា! ខ្ញុំមិនដឹងថា នៅពេលនោះ វាមានរឿងអ្វីកើតឡើងឡើយ តែ​ឯងគួរ​

តែ​ដឹង ពួកយើងមិនអាចធ្វើអ៊ីចឹងបានទេ បទភ្លេងដែលយើង​សរសេរចេញ​មកនីមួយ​ៗ វាបានមកពីអារម្មណ៍ពិត បេះដូងពិតរបស់​យើង ម៉េចនឹងអាច​ឲ្យ​ទៅអ្នកដទៃ ម្យ៉ាង​ទៀត បើឯងធ្វើអ៊ីចឹង តើឯងសម​ជាអ្នកនិពន្ធទេ? ទោះ​អ្នកដទៃមិនដឹង តើ​ឯង​ស្កប់ស្កល់នឹងមនសិការខ្លួន​ឯងទេ?

-សរុបទៅ គឺឯងមិនព្រមជួយយើង!

-មិនមែនទេ! គឺខ្ញុំកំពុងជួយឯង

-បានហើយ! បើឯងមិនជួយយើងហើយ យើងទៅវិញក៏បាន

សាវីណាដើរចេញទាំងកំហឹង ចំណែកវិនីតពិតជាមានអារម្មណ៍ស្មុគស្មាញ​​​​​​​ណាស់​។ នាងយកបទភ្លេងថ្មីដើរចេញមក បម្រុងយកទៅឲ្យលោក​ចាង​ហ្វាងពិនិត្យ​មើល តែ​មកដល់កន្លែងថត នាងឃើញជណ្តើរដែលគេដាក់​ឡើង​​​​​​រៀបឆាកកំពុងរលំ​ទៅរក​ពិចិត្រ​​ដែលឈរបែរខ្នងមិនដឹងខ្លួនសោះ។ វិនីត​ព្រលែងឯកសារពីដៃ រត់ទៅ​រុញ​យុវជន​ចេញ។ ពិចិត្រក៏ដួលទៅម្ខាង ចំណែក​យុវតីត្រូវជណ្តើររលំសង្កត់ពីលើ ប៉ះ​ក្បាល​ធ្វើឲ្យ​ឈាម​ចេញមក។ យុវជនស្ទុះ​ចូលទៅរកនាង ហើយទាញជណ្តើរចេញ៖

-ឯងយ៉ាងម៉េចហើយ!

-វិនីតចេញឈាមហើយបង!(រ៉ាណេបន្លឺ)

-ខ្ញុំមិនអីទេ!

-ឆាប់ទៅយកថ្នាំមក

ម្នាក់ៗរវល់តែមើលវិនីត មិនបានមើលសាវីណាដែលដើរចូលមក។ នាង​ស្រវា​រើសយកក្រដាសបទភ្លេងរបស់វិនីតដែលធ្លាក់រាយទៅលើអិដ្ឋ ហើយក៏​ដើរចេញទៅ។ ចំណែកសុវណ្ណឃើញក្រដាសបទភ្លេងរាយដូចនោះ ក៏រើស​ប្រមូលដាក់មួយកន្លែង។ បន្ទាប់​ពីរុំរបួសហើយ វិនីតបម្រុង​ដើរមកយកឯកសារ តែរ៉ាឌីបន្លឺ៖

-ចាំបងយកទៅជូនលោកចាងហ្វាងឲ្យ ឯងសម្រាកមួយសន្ទុះទៅ

ក្រោយពេលថតចប់ហើយ យុវជនទាំងអស់ក៏ត្រឡប់មកដល់ផ្ទះ។ ជាការ​ពិត​ណាស់ វិនីតមិនសប្បាយចិត្តឡើយ នាងមិនសូវនិយាយស្តី ក៏ដើរចូលទៅក្នុង​បន្ទប់​​​បាត់​។ សំឡេងគោះទ្វារបន្លឺឡើង៖

-គឺបងទេអ្ហេ!

-ឯងមិនអីទេអ្ហេ?

-មិនអីទេ!

-បងអាចចូលបានទេ?

-បងចូលមក!

-របួសនៅឈឺអ្ហេ?

-អត់ទេ! មិនឈឺទេ

-តែទឹកមុខឯង

-ប្រហែលជាខ្ញុំអស់កម្លាំងហើយ

-អ៊ីចឹងគេងសិនទៅ

-បងមានការអីអ្ហេ?

-ថ្ងៃក្រោយឯងកុំធ្វើបែបនេះទៀតបានទេ?………វាគ្រោះថ្នាក់ណាស់

-ខ្ញុំមិនចង់ឲ្យបងមានគ្រោះថ្នាក់ទេ

-បងដឹង ក្នុងចំណោមពួកយើង គឺឯងសុទ្ធតែមិនចង់ឲ្យនរណាម្នាក់មាន​គ្រោះ​ថ្នាក់​ឡើយ​ តែឯងក៏ត្រូវដឹងថា បើឯងមានគ្រោះថ្នាក់ ពួកយើងក៏​បារម្ភ​ដូចគ្នា

-សូមទោស!

-ឯងគេងសិនទៅ បងចេញទៅក្រៅហើយ

-ចាស!………..ត្រូវហើយ! ខ្ញុំពិតជាមិនចង់ឲ្យពួកបងមានគ្រោះថ្នាក់ទេ ពិសេស​​​គឺបង ………..ហេតុអីក៏ខ្ញុំគិតអ៊ីចឹង?(វិនីតគិតក្នុងចិត្ត)

បន្ទាប់ពីស្រស់ស្រូបអាហារហើយ យុវជនទាំងអស់ក៏នាំគ្នាយកខ្នើយម្នាក់​មួយ​មកគេងកំដរយុវតី។ វិនីតបើកភ្នែកឡើង ឃើញពួកគេកំពុង​លង់លក់នៅ​ជុំវិញ​គ្រែ​​របស់​​ខ្លួន។ នាងអង្គុយច្បោមក្បាលជង្គង់​សម្លឹងទៅពួកគេ ដោយស្នាម​ញញឹមលាយ​នឹង​​តំណក់​ទឹកភ្នែក។ ហេតុអីក៏ឆាកជីវិតរបស់នាង អាចជួបនូវ​រឿងល្អយ៉ាងនេះ? ចុះ​បើ​ពួ​ក​គេ​ដឹងថា នាងជាស្រី តើភាពស្និទ្ធស្នាលនេះ នឹង​អាចកើតមាន​ឡើងទៀតដែរ​ឬទេ? រឹតតែគិតទឹកភ្នែករឹតតែស្រក់ខ្លាំងឡើង។ នាងសសៀរចុះពីលើគ្រែ ហើយក៏ដើរ​ចូល​ទៅ​បន្ទប់ភ្លេងតែម្នាក់ឯង ដោយ​បន្លឺ​ខ្លាំងៗឡើង៖ “ហេតុអីក៏ទេវតាមិនឲ្យខ្ញុំ​កើត​ជា​​មនុស្ស​ប្រុស? ខ្ញុំមិនចង់​ធ្វើជាមនុស្សស្រីទេ!”។ ទោះបីនាងតូចនេះ ប្រឹងស្រែកតវ៉ា​យ៉ាង​ណា ក៏​នាងមិនអាច​តវ៉ានឹងធម្មជាតិបានដែរ។ នាង​ទាញក្រដាស និងខ្មៅដៃមក​អង្គុយ​​សរសេរ​។

យប់យន់កាន់តែជ្រៅ ម៉ោងពីរយប់ទៅហើយ ពិចិត្រភ្ញាក់​មិនឃើញ​វិនីត នឹក​ស្មាន​ថា នាងចូលបន្ទប់ទឹក ក៏បន្លឺឡើង៖”វិនីត! នៅក្នុងបន្ទប់មែនទេ?”។ គ្មាន​សំឡេង​ឆ្លើយ​តប។ សំឡេងពិចិត្រធ្វើឲ្យយុវជនទាំងអស់ភ្ញាក់ឡើង ក៏ភ័យ​ស្លន់ស្លោរត់​រក​វិនីត​ពេញ​ផ្ទះ៖

-វិនីត!

-អាល្អិតនេះ! តិចលោវាទៅដួលសន្លប់ត្រង់ណាទេដឹង (រ៉ាណេបន្លឺ)

-ឯងកុំនិយាយផ្តាស (រ៉ាឌីតប)

-វិនីត!

អស្ចារ្យណាស់ ម្នាក់ៗច្រហមាត់ហួសចិត្ត ព្រោះតែឃើញយុវតីអង្គុយ គេង​ដាក់​

ក្បាល​​លើតុ ដោយដៃកាន់ខ្មៅដៃជាប់។ សុវណ្ណបន្លឺ៖

-ចំជាអ្នកនិពន្ធមែន! ដល់ដំណាក់កាលនេះហើយ នៅងើបមកសរសេរ​ទៀត អស្ចារ្យ​ណាស់

-មាឌវាតូចតែមួយសោះ ហេតុអីក៏ខ្លាំងយ៉ាងនេះ

-ពួកយើងគិតធ្វើយ៉ាងម៉េច? (រ៉ាឌីសួរ)

-កុំដាស់គេអី ពួកយើងគេងនៅត្រង់នេះបន្តទៅ (វណ្ណាតប)

-អ៊ីចឹងខ្ញុំទៅយកខ្នើយ

ព្រះអាទិត្យបញ្ចេញពន្លឺច្បាស់ យុវតីប្រាសខ្លួនបើកភ្នែកឡើង នាងភ្ញាក់​ព្រើត ក៏​បន្លឺ​​ឡើង៖

-ហេតុអីក៏ពួកបងមកគេងនៅទីនេះ?

-ឯងនៅហ៊ាននិយាយទៀតអ្ហេ! យប់មិញពួកយើងដើររកឯងពេញផ្ទះ

-សូមទោស!

-ភ្លឺហើយអ្ហេ!

-ភ្លឺហើយ! ឆាប់ងើបមក ចង់គេងដល់ណាទៀត

-ពួកបងអត់ទៅថតទេអ្ហេ?

-ថ្ងៃនេះសម្រាក!

-ពួកយើងទៅដើរលេងទៅ

-ល្អ!

ក្រុមហ៊ុនមយូរា

សាវីណាដើរចូលទៅក្នុងការិយាល័យ ហើយក៏ហុច​ក្រដាស​បទភ្លេង​មួយ​សន្លឹក​​​​​​​ទៅកាន់លោកចាងហ្វាង។លោកមយូរាទទួលក្រដាសបទភ្លេងមកមើល​ហើយ​និយាយ​៖

-ការពិតនាងពិតជាអាចធ្វើបានតើ

-ខ្ញុំធ្វើវាបានហើយ តើលោកចង់ដេញខ្ញុំទៀតទេ

-ខ្ញុំក៏គ្មានបំណងហាមាត់ដេញនាងដែរ តែធ្វើម៉េច បើបច្ចុប្បន្ននេះ បទ​ភ្លេង​ដែល​​យើង​ចម្លងពីគេ ពុំសូវមានការគាំទ្រ សូមទោសណា! ពេលនោះ ខ្ញុំដូចជា​ស្មុគស្មាញ​ពេក បើសិនជាបទនេះចេញទៅហើយ​ ទទួលបាន ជោគជ័យ នាង​ប្រាកដ​​ជាល្បីឈ្មោះជាងនេះ

-លោកព្រមបើកប្រាក់ខែឲ្យខ្ញុំមុនទេ?

-បាន!………………….នាងចង់បានប្រាក់បីខែមុនអ្ហេ ហ៏នេះ!

-អរគុណ! ខ្ញុំទៅសិនហើយ

គ្រាន់តែបានប្រាក់ហើយ សាវីណាក៏ប្រញាប់ចេញទៅ។ ចំណែកលោកចាង-​

ហ្វាង​​ហាក់ដូចជាសប្បាយចិត្តណាស់ លោកកយកបទនោះទៅបន្ទប់ភ្លេង។ គ្រប់​យ៉ាង​ហាក់​ដូច​ជារហ័សពេកហើយ បីថ្ងៃក្រោយ បទភ្លេងថ្មីនេះបានចេញនៅលើ​កញ្ចក់​ទូរទស្សន៍ ដែល​ក្រុមយុវជនកំពុងអង្គុយមើល។

តម្លៃនៃសេចក្តីស្នេហាប្រៀបដូចជាដុំពេជ្រមួយគ្រាប់ ដែលមិនអាចកាត់​ថ្លៃ​បាន។ អត្ថន័យ​ដ៏ជ្រាលជ្រៅនេះ មាននៅក្នុងបទ ដុំពេជ្រស្នេហ៍។ នេះជាបទថ្មី ចេញ​ពី​ទឹក​​ដៃ​របស់​កវីវ័យក្មេងសាវីណា។ សូមជាវស៊ីឌីវ៉ុល101របស់ផលិតកម្ម​មយូរា។

គ្រាន់តែមើលនិងស្តាប់សំឡេងផ្សាយពាណិជ្ជកម្មរបស់ផលិតកម្មមយូរា​ហើយ វិនីត​​ក្តុកក្តួលណាស់៖

-មិនអាចទេ!

-ឯងកើតអី! (ពិចិត្រសួរ យុវជនទាំងអស់នាំគ្នាសម្លឹងទៅនាង)

-ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត

-បងជូនឯងទៅ

-មិនអីទេ

វិនីតនិយាយហើយ ក៏រត់ចេញក្រៅ ហើយជិះម៉ូតូឌុបទៅបាត់។ យុវជនទាំង​អស់​​ហាក់​ដូចជាឆ្ងល់ណាស់ តែឃើញវិនីតចេញផុតហើយ ក៏នាំគ្នាចូលក្នុងផ្ទះ​វិញ។ វិនីត​មក​ដល់ក្រុមហ៊ុន នាងចូលទៅរកលោកចាងហ្វាង៖

-លោកចាងហ្វាង!

-វិនីត! មានការអី?

-លោកចាងហ្វាងមានឃើញបទភ្លេងថ្មីដែលខ្ញុំប្រគល់ឲ្យលោកទេ?

-បទភ្លេង!

-បងរ៉ាឌីជាអ្នកយកមកប្រគល់ឲ្យបងណា

-អូ! នោះនៅលើតុនោះ ខ្ញុំមិនទាន់បានមើលនៅឡើយទេ យ៉ាងម៉េច មាន​បញ្ហា​អី​អ្ហេ?

វិនីតស្ទុះទៅយកឯកសារនៅលើតុមកមើល នាងហាក់ដូចជាអស់សង្ឃឹម​ខ្លាំង​ណាស់ ហើយបន្លឺសំឡេងខ្សាវៗ៖”ចប់ហើយ!”។

-មានបញ្ហាអី?

-ខ្ញុំត្រឡប់ទៅវិញហើយ

វិនីតចេញពីក្រុមហ៊ុនផុត ពិចិត្រក៏តេទៅលោកចាងហ្វាង៖

-អាឡូពិចិត្រ!

-ជម្រាបសួរបង! បងមានឃើញវិនីតទៅក្រុមហ៊ុនទេ?

-គេទើបនឹងចេញទៅអម្បាញ់មិញនេះឯង?

-តើគេទៅក្រុមហ៊ុនធ្វើអី?

-គេមករកអីបងក៏មិនដឹងច្បាស់ដែរ គេសួរបងថា មានឃើញបទភ្លេង​ថ្មី​ទេ? បង​ថា​មិនទាន់បានមើល គេសុំឯកសារបងមើលហើយ ក៏ចេញទៅ តើ​មាន​​រឿង​អី មែនទេ?

-ពួកខ្ញុំក៏មិនដឹងដែរ! វាមើលការផ្សាយពាណិជ្ជកម្មផលិតកម្មមយូរាហើយ​ក៏រត់​ចេញទៅ

-ម៉េចឯងមិនតេទៅទូរស័ព្ទដៃគេទៅ?

-ទូរស័ព្ទវានៅផ្ទះឯនេះបង

-អ៊ីចឹងចាំមើលបន្តិចទៀតទៅ ក្រែងគេត្រឡប់ទៅផ្ទះវិញ

-អរគុណបង! ជម្រាបលា

-យ៉ាងម៉េចហើយបង! (រ៉ាណេសួរ)

-លោកចាងហ្វាងថា វាចេញពីក្រុមហ៊ុនហើយ ចាំមើលបន្តិចទៀតទៅ

-អាល្អិតនេះ ស្គាល់ផ្លូវច្បាស់ហើយអ្ហេ ហ៊ានទៅមកតែម្នាក់ឯងផង ប្រហែល​ជា​មក​មិនទាន់ភ្លៀងទេមើលទៅ (រ៉ាណេនិយាយ)

-សុខភាពវាខ្សោយយ៉ាងនេះ បើត្រូវភ្លៀងប្រាកដជាឈឺទៀតហើយ(សុវណ្ណ​តប)

-ខ្ញុំចេញទៅរកវា! (ពិចិត្រឧទាន)

វណ្ណាលួចសម្លឹងអាកប្បកិរិយារបស់ពិចិត្រ ដែលបារម្ភពីវិនីត​ស្ទើរតែស្ទះ​ទ្រូង។

យុវជនឈរចាំផ្លូវនៅមាត់ទ្វាររហូត។ ថ្លែងពីវិនីត​ នាងបានមកដល់ផលិត​កម្មមយូរា

ហើយ​​​​​ក៏​បានជួបសាវីណាជជែកគ្នា៖

-ហេតុអីក៏ឯងធ្វើអ៊ីចឹង?

-ខ្ញុំធ្វើយ៉ាងម៉េច? អ្ហូ! ឯងចង់និយាយពីបទដុំពេជ្រស្នេហ៍អ្ហេ

-បទនេះ ខ្ញុំចំណាយពេលអស់ច្រើនណាស់ ក្នុងការធ្វើវាឡើង ខ្ញុំសូមអង្វរ​ឯង ប្រគល់​​​វាឲ្យខ្ញុំវិញមក

-ហួសពេលហើយ កាលខ្ញុំអង្វរឯង ហេតុអីក៏ឯងមិនព្រមជួយខ្ញុំ ចំណែក​បទ​នេះ ខ្ញុំ​មិន​បានលួចពីឯងឯណា គឺខ្ញុំរើសវាបានដោយចៃដន្យប៉ុណ្ណោះ ឯងមាន​ទេព​កោសល្យ​យ៉ាងនេះ គ្រាន់តែបទចម្រៀងមួយបទ ឯងចាត់ទុក​ថា​បោះ​ចោល ហើយ​​តែងថ្មីទៅមិនបានទេអ្ហេ?

-មិនបានទេ! ឯងដឹងទេ វាគឺជាបទដំបូង ដែលខ្ញុំសរសេរអំពីស្នេហាប្រុស​និងស្រី ហើយ​ស្នេហានេះ គឺចេញពីជីវិតរបស់ពុកម៉ែខ្ញុំ ខ្ញុំបានប្រាប់គាត់​រួច​ហើយ ថាបទ​នេះ​ នឹងចេញនៅខែក្រោយនេះ តែបើឯងធ្វើអ៊ីចឹង ឲ្យខ្ញុំ​គិត​យ៉ាង​ម៉េច​ ខ្ញុំសូម​អង្វរ​ឯង​!

វិនីតនិយាយផង យំផង ធ្វើឲ្យសាវីណា ក៏ពិបាកចិត្តដែរ       តែនាងនៅតែមិន

អាច​​​​ធ្វើ​អ្វី​បាន ក្រៅពីនិយាយថា៖

-សូមទោស!…………………យកល្អឯងត្រឡប់ទៅវិញទៅ បទនោះចេញ​ផ្សាយ​ទៅ​​ហើយ​ ចំណែកម្តាយឯង គាត់ប្រាកដជាបានឃើញ ទោះមិនមែន​ ឈ្មោះ​ឯង​ជា​​អ្នក​និពន្ធ ខ្ញុំជឿថា គាត់នឹងយល់

-ហេតុអីក៏ឯងនិយាយបែបហ្នឹងបាន?

-យ៉ាងម៉េច! បទនេះ ឯងមិនទាន់ឆ្លងកាត់ក្រសួងនៅឡើយទេ ទោះជាឯង​ប្តឹង​ខ្ញុំ ក៏​គ្មាន​សង្ឃឹមថាឈ្នះដែរ មែនទេ? យកល្អ ឯងប្រញាប់ទៅវិញទៅ ទៅ​ធ្វើជា​យុវជន​វ័យ​ក្មេងដ៏មានសមត្ថភាពនោះវិញទៅ ខ្ញុំក៏មិនបើកកកាយ​រឿងរបស់​ឯង​ជាស្រីដែរ

-ឯងថោកទាបពេកហើយ!

វិនីតចេញពីផលិតកម្មមយូរាមក គឺដើររហូត សូម្បីតែខ្លួននាង ក៏មិនដឹងថា​ កំពុង​​តែ​នៅទីណាដែរ។ ក្រោមមេឃរលឹមស្រិចៗមានតែពន្លឺភ្លើង​អគ្គិសនី វិនីតអង្គុយ​នៅ​ក្នុង​សួនច្បារ​តាមបណ្តោយផ្លូវធ្វើហី ហាក់មិនដឹងត្រជាក់​ក្តៅទាល់​តែសោះ។ ចំណែកយុវជន​ទាំងអស់ អន្ទះសាចាំមើលផ្លូវនាង។ ពិចិត្របន្លឺ៖

-ខ្ញុំចេញទៅរកនាងហើយ!

-ខ្ញុំក៏ទៅដែរ (វណ្ណាឧទាន)

ពិចិត្រ និងវណ្ណានាំគ្នាចេញទៅមួយផ្លូវម្នាក់។ ចំណែកសុវណ្ណ រ៉ាឌី និង​រ៉ាណេ ក៏នាំគ្នា​ចេញទៅដែរ។ តើវិនីតនៅឯណា? ពួកគេម្នាក់ៗ ពិតជាបារម្ភខ្លាំង​ណាស់។ សំឡេង​ទូរស័ព្ទ​​​បន្លឺឡើង៖

-វិនីតអ្ហេ?……………វិនីត! ……………….វិនីត!

-បង!………………

-ពេលនេះឯងនៅឯណា?

-ខ្ញុំ………..ខ្ញុំ​នៅមុខសួនច្បារ​

-សួនច្បារឯណា?

-ខ្ញុំអត់ដឹងទេ!…………….

-វិនីត! ……………….

វិនីតដាក់ទូរស័ព្ទហើយ ក៏ដើរចូលទៅក្នុងសួន។ នាងអង្គុយលើបង់ សម្លឹង​មើល​​​ទៅ​ព្រះចន្ទ ដ៏សែនតូចក្នុងអារម្មណ៍សោកសៅ។ មាណវីបន្លឺឡើងតិចៗ៖​​”ដុំ​ពេជ្រ​​​​ស្នេហ៍.​…​…. សូមទោសម៉ែ ពុក”។ ទឹកភ្នែកស្រក់ច្រោក ដៃទាំងពីរខ្ទប់មុខ​ឱន​ក្បាល​ចុះ បេះដូង​ហាក់​ដូចជាឈឺខ្លាំងណាស់។ សម្រឹបជើងតិចៗដើរចូលមក យុវតី​ងើប​ក្បាលឡើង​ទាំង​ទឹកភ្នែក​នៅលើថ្ពាល់ ឃើញច្បាស់ថាជា ពិចិត្រក៏ឱន​ក្បាល​ទៅ​វិញ។ យុវជន​អង្គុយ​ចុះ​ក្បែរ​នាង ដោយមិននិយាយអ្វីទាំងអស់ នាយ​ទាញ​ក្បាល​វិនីត ឲ្យផ្អែកមកលើស្មាខ្លួន។ វិនីតយំហ៊ូកាន់តែខ្លាំងឡើង មួយសន្ទុះ​​ក្រោយ ទើបនាងងាក​ចេញពីយុវជន។ ពិចិត្របន្លឺ៖

-មានរឿងអី?

-បទដុំពេជ្រស្នេហ៍នោះ គឺជាបទដែលខ្ញុំសរសេរវាឡើង

-ថាម៉េច!

-នៅថ្ងៃដែលខ្ញុំទៅជួយបងនោះ ខ្ញុំបានគ្រវែងវាពីដៃខ្ញុំ សាវីណានាងក៏រើស​យក​ទៅ​………ហេតុអីក៏នាងធ្វើអ៊ីចឹង?

-បទនេះអ្ហេ! ដែលឯងចំណាយពេលបីយប់បីថ្ងៃសរសេរវា?

-ចាស!

-ពួកយើងទៅរកនាង

-កុំអី! ខ្ញុំបានទៅរកនាងរួចហើយ គ្មានប្រយោជន៍ទេ

-តែវាជាកម្លាំងញើសឈាមរបស់ឯង

និយាយដល់ត្រង់នេះ វិនីតយំហ៊ូទៀតហើយ៖

-បានហើយៗ! ឈប់យំទៅ……….យប់ជ្រៅហើយ! ពួកយើងត្រឡប់ទៅផ្ទះ​សិន​ទៅ ………..ឯងយំហើមភ្នែកយ៉ាងនេះ ស្រួលមិនស្រួល ពួកគេ​ចោទ​ថា​បងធ្វើបាប​ឯង​ក៏​ថាបាន​

ពិចិត្រជូនទឹកភ្នែកឲ្យវិនីត រួចហើយក៏ដឹកដៃនាងចូលឡាន។ សកម្មភាព ទាំង​ប៉ុន្មាន​​​​គឺស្ថិតនៅក្នុងកែវភ្នែកវណ្ណាទាំងអស់។ លុះត្រឡប់ទៅដល់ផ្ទះ បន្ទាប់​ពី​ដឹងរឿង​

ហើយ យុវជនទាំងបីបន្លឺព្រមគ្នា៖

-ហួសហេតុពេកហើយ!

-ក្រែងនាងក៏ជាអ្នកនិពន្ធដែរអ្ហេ ហេតុអីក៏ធ្វើបែបហ្នឹង?

-ពួកយើងប្តឹងទៅ! (រ៉ាណេបន្លឺ)

-ប្តឹងយ៉ាងម៉េច?

-អ៊ីចឹងបានន័យថា ឲ្យនាងយកស្រួលៗអ៊ីចឹងអ្ហេ? បទមួយនេះ មិនត្រឹមតែ​ចំណាយ​​​ពេលច្រើនទេ ថែមទាំងធ្វើឲ្យអាល្អិតនេះឈឺទៀតផង

-ខ្ញុំទៅបន្ទប់ហើយ!

-វិនីត!

-ខ្ញុំអត់អីទេ! …………………………

-មើលទៅអាល្អិតនេះ ដូចជាខូចចិត្តដល់ហើយ (រ៉ាណេឧទាន)

ពេញមួយយប់ហើយ វិនីតមិនបានគេងឡើយ គឺនាងអង្គុយរហូត​ជាមួយ​ពន្លឺ​ភ្លើង​ដ៏​តូចរបស់នាង។ អារម្មណ៍បែបនេះ តើបទភ្លេងថ្មីអាចកើតឡើងទេ? ចំណែក​យុវជន​​ទាំងពីរ ក៏ពុំលង់លក់ដូចគ្នា ពួកគេនាំគ្នាដើរចេញមកក្រៅម្នាក់​ម្តង​ ហើយឈរ​សម្លឹង​​ទៅ​បន្ទប់​យុវតី។ ក្តីបារម្ភរបស់ពិចិត្រ និងវណ្ណា​ទៅលើវិនីត​គឺមានទំហំប៉ុនគ្នា ហើយសូម្បី​តែគិតក៏ដូចគ្នាដែរ។ ព្រលឹមមិនទាន់ គឺបាត់ពួកគេ​ពីផ្ទះអស់ហើយ តើ​ពួកគេ​ទៅណា? វណ្ណា​មកដល់ផលិតកម្មមយូរា ស្រាប់តែបាន​ឃើញពិចិត្រកំពុង​ជជែក​ជាមួយសាវីណា៖

-ការពិតលោកមកនេះ ព្រោះតែវិនីតអ្ហេ?

-មិនមែនទេ! គឺព្រោះតែទឹកចិត្ត និងបេះដូងរបស់កវីវ័យក្មេងម្នាក់ ដែល​នាង​បាន​​ដុតបំផ្លាញវា

-លោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?

-ឲ្យបទចម្រៀងនោះទៅម្ចាស់ដើមវិញទៅ (វណ្ណាដើរចូលមក)

-ពួកលោក!

-ដូចពិចិត្រនិយាយអម្បាញ់មិញអ៊ីចឹង នាងដឹងថា នាងកំពុងធ្វើអីទេ? វិនីត​ក៏ជា​មិត្ត​​របស់នាងដែរ ខ្ញុំយល់ថា នាងអាចយល់ចិត្តគេច្បាស់ជាងពួកខ្ញុំ​ទៅ​ទៀត

-បទមួយនេះ វិនីតចំណាយពេលអស់បីយប់បីថ្ងៃ រហូតដល់ធ្លាក់ខ្លួនឈឺ ទៀត នាង​​ដឹងទេ? ហើយពេលនេះ សូម្បីតែកម្លាំងចិត្ត ក៏នាងគ្មានទៀត​ដែរ ហេតុអីក៏​នាង​ធ្វើបែបនេះចំពោះគេបាន?

-ខ្ញុំសូមអង្វរនាង! (វណ្ណា និងពិចិត្របន្លឺព្រមគ្នា)

ហេតុអីក៏យុវជនទាំងពីរនេះ ទន់ភ្លន់យ៉ាងនេះ? សាវីណាស្រក់ទឹកភ្នែក នាង​បន្លឺ​ឡើង​៖

-ហេតុអីក៏វិនីតមានសំណាងជាងខ្ញុំយ៉ាងនេះ? ខ្ញុំនាំពួកលោកទៅកន្លែងមួយ

សាវីណា នាំយុវជនទាំងពីរមកដល់មន្ទីរពេទ្យ។ នៅពីមុខបន្ទប់អ្នកជម្ងឺ​ម្នាក់​​នាង​និយាយ​ទៅកាន់ពួកគេ៖

-នេះហើយជាមូលហេតុ ដែលធ្វើឲ្យខ្ញុំ ក្បត់មនសិការខ្លួនឯង ក្បត់មិត្តភក្តិ

-អ្នកជម្ងឺខាងក្នុង ត្រូវជាអ្វីនឹងនាង?

-គាត់ជាម្តាយខ្ញុំ! នៅពេលជម្ងឺបេះដូងរបស់គាត់រើឡើងត្រូវវះកាត់នោះ ខ្ញុំ​បែរ​ជា​ត្រូវលោកចាងហ្វាងគំរាមបញ្ឈប់ពីការងារ គាត់ឲ្យខ្ញុំតែងបទភ្លេងថ្មី បើបាន​ក្នុង​​រយៈពេលបីថ្ងៃ គាត់មិនត្រឹមតែមិនបញ្ឈប់ការងារខ្ញុំទេ គឺថែម​ទាំងបើក​ប្រាក់ខែ​​ឲ្យ​ខ្ញុំ​មុនថែមទៀត តែក្នុងរយៈពេលបីថ្ងៃ ខ្ញុំអាចធ្វើបាន​ទេ ខ្ញុំគ្មាន​សមត្ថភាព​​ដូចវិនីត​ទេ? ខ្ញុំគិតយូរណាស់ ទើបសម្រេចចិត្តទៅ​រក​វិនីត តែនាង​មិន​ព្រមជួយខ្ញុំទេ

-តើនាងមានប្រាប់ពីមូលហេតុដល់គេទេ?

-ខ្ញុំមិនបានប្រាប់គេទេ ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តទៅអង្វរគេ គឺសមល្មម​នឹង​គេ​អាណិត​ខ្ញុំហើយ តែវិនីតមានគោលជំហរច្បាស់លាស់ពេក ថ្ងៃនោះ បន្ទាប់ពី​ខ្ញុំ​ចេញ​ពីគេ ខ្ញុំក៏សម្រេចចិត្តមករកគេវិញ ការពិតខ្ញុំចង់​ប្រាប់​មូលហេតុពិត​ដល់​​គេ តែនៅពេលមកដល់កន្លែងថតនោះ​ ខ្ញុំបានឃើញ​ក្រដាសចម្រៀង​របស់​គេ​រាយ​​ពេញ​ដី ខ្ញុំក៏រើសវាយកមកទៅ។ ពួកលោក​ដឹងទេ នៅពេលដែលឃើញ​វិនីត​ឈឺ​ចិត្ត​យ៉ាងនេះ ខ្ញុំក៏មិនស្រួលចិត្តដែរ ថ្វីត្បិតពីដើមមក ពួកយើងមិន​សូវ​ជិត​​ស្និទ្ធ​នឹង​គ្នាក៏ដោយ តែគេក៏ជាមិត្ត​រួមថ្នាក់របស់ខ្ញុំដែរ ពួកយើងស្គាល់គ្នា​​តាំងពីតូចមក បើចង់បន្ទោសគឺ​បន្ទោសវាសនា

-វាសនាឲ្យនាងសម្រេចចិត្តបែបនេះអ្ហេ? បើនាងសម្រេចចិត្តប្រាប់វិនីត​តាំងពី​ដំបូង​​មក តើការឈឺចាប់នេះកើតមានឡើងទេ? (វណ្ណានិយាយ)

-នាងស្គាល់វិនីតច្បាស់ជាងពួកយើងទៅទៀត តើនាងគិតថា វិនីតដាច់​ចិត្ត​ទុក​នាង​ចោល ដោយមិនព្រមជួយអ៊ីចឹងអ្ហេ?បើចង់បន្ទោស​ គឺបន្ទោស​នាង​ខ្លួន​ឯង

-តើឲ្យខ្ញុំគិតយ៉ាងម៉េច?

-ទៅរកវិនីត ហើយសូមទោសគេទៅ!

-តើគេព្រមលើកលែងឲ្យខ្ញុំទេ?

-នាងគិតខ្លួនឯងទៅ ថាគេព្រមលើកលែងឲ្យនាងទេ?

-ចុះពួកលោក?

-ពួកខ្ញុំអ្ហេ!

-ក្រែងពួកលោកចង់ឲ្យខ្ញុំប្រគល់ចម្រៀងនោះទៅវិនីតវិញអ្ហេ?

-ពួកយើងពិតជាងចង់ តែនាងអាចធ្វើបានទេ? ណ្ហើយ! នៅពេលនេះអ្វី​ដែល​

សំខាន់​​នោះ គឺវិនីតព្រមលើកលែងទោសឲ្យនាងឬអត់ គឺអាស្រ័យ​លើ​​នាង​ហើយ?  ពួកយើងត្រឡប់ទៅវិញហើយ

-ឈប់សិន!……………..ពួកលោកដឹងថា វិនីតជានរណាអ្ហេ?………ត្រូវហើយ!​ខ្ញុំមិន​គួរ​សួរសំនួរនេះទេ ការពិតខ្ញុំគួរតែដឹងតាំងពីដំបូង ដែលពួកលោក​ចូលមករកខ្ញុំ ពួកលោកជួយលាក់រឿងវិនីតជាស្រី ព្រោះតែខ្លាចលោក​ចាង-​ហ្វាង​ដឹងអ្ហេ? ……

-នាង…………

-កុំបារម្ភអី បើខ្ញុំចង់ធ្វើបាបនាង ខ្ញុំប្រាប់លោកចាងហ្វាងតាំងពីដំបូងម៉្លេះ ការពិត​​ពួក​លោកសុទ្ធតែស្រលាញ់វិនីតដូចគ្នាមែនទេ? ត្រង់នេះហើយ​ដែល​ខ្ញុំគិតថា នាង​មានសំណាងជាងខ្ញុំ

វិនីតភ្ញាក់ព្រើត នៅពេលដែលនាងដឹងថា វណ្ណាក៏ដឹងថា ខ្លួនជាស្រី។ ការពិត​អ្វី​ដែល​​ពួកគេជជែកគ្នា គឺនាងបានស្តាប់ឮទាំងអស់។ បន្ទាប់ពី​យុវជន​ទាំង​ពី​រចាកចេញ​ទៅ នាងក៏បង្ហាញខ្លួនចំពោះមុខសាវីណា៖

-វិនីត!

-ឯងមានបញ្ហា ហេតុអីមិនប្រាប់ខ្ញុំ?

-ឯងស្តាប់ឮអស់ហើយអ្ហេ? ……………សូមទោស!

-បើខ្ញុំដឹងថា បទចម្រៀងមួយបទ អាចជួយជីវិតរបស់ឯងយ៉ាងនេះ ប្រហែល​​ពេលនោះ ខ្ញុំមិនបដិសេធនឹងឯងទេ តែហេតុអីក៏ឯងមិននិយាយប្រាប់​ខ្ញុំ? ឯង​ឲ្យ​​​ខ្ញុំគិត​ថា​ឯ​ងជាមនុស្សអាក្រក់យ៉ាងនេះ តើឯងគប្បីនឹងខ្ញុំទេ? ហេតុ​អីក៏ឯង​ធ្វើ​​អ៊ីចឹង?

-សូមទោស!

មាណវីទាំងពីរយំឱបគ្នា។ មួយសន្ទុះក្រោយ ពួកនាងក៏ទៅអង្គុយលើបង់​នៅ​មុខ​មន្ទីរពេទ្យ។ ការពិតចំណងនៅក្នុងចិត្តបានស្រាយរួចហើយ ចំណែក​បទ​ចម្រៀង​ដុំពេជ្រ​ស្នេហ៍ វិនីតក៏មិនបានទាមទារមកវិញដែរ។ បន្ទាប់​ពីម្តាយធូរ​សះស្បើយ សាវីណា​បាន​ព្យាយាម​ធ្វើបទចម្រៀងថ្មីដោយខ្លួនឯង ហើយ​តែងតែ​ទៅរកវិនីត​ឲ្យ​ជួយ​ជាញឹកញាប់។

បន្ទាប់ពីរឿងរ៉ាវថ្ងៃនោះមក វិនីតហាក់ពុំសូវនិយាយស្តីជាមួយវណ្ណាឡើយ អាកប្បកិរិយា​យ៉ាងនេះ ធ្វើឲ្យវណ្ណាមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ឆ្លៀតពេល​ឃើញ​នាង​​ឈរតែម្នាក់ឯងនៅមុខផ្ទះ នាយក៏បន្លឺឡើង៖

-កំពុងធ្វើអី?

-………បង!

-យ៉ាងម៉េច!ប៉ុន្មានថ្ងៃនេះ ឯងចេះតែគេចមុខពីបង បងមានរឿងអីធ្វើឲ្យ​ឯងខឹង​មែនទេ………….ម៉េចមិននិយាយ​?

-……………..អត់ទេ! ខ្ញុំគ្រាន់តែ…………………..

-ឯងយ៉ាងម៉េចហ្នឹង? ………….ហេតុអីក៏ឯងយំ?

-គ្មានអីទេ! ………ខ្ញុំចូលទៅក្នុងហើយ

វិនីតរត់ចេញពីវណ្ណា ក៏ទៅបុកពិចិត្រប៉ាំង៖

-សូមទោស!

-ឯងកើតអី?

-គ្មានទេ! ខ្ញុំទៅក្នុងហើយ

-ឯងធ្វើអីគេមែនទេ?

-គ្មានទេ!

…………………………………………………………………………………………………….

ទោះបីវិនីតបានបោះបង់បទដុំពេជ្រស្នេហ៍ទៅឲ្យផលិតកម្មមយូរា ក៏នាង​នៅតែ​ច្រៀងបទនេះ ក្មុងអារម្មណ៏ពោរពេញទៅដោយសេចក្តីស្រលាញ់ និង​មិនអាច​បំភ្លេច​បាន។ នាងអង្គុយសញ្ជឹងតែម្នាក់ឯងនៅក្នុងបន្ទប់ភ្លេង៖”តើខ្ញុំអាច​មានអារម្មណ៍​បែប​នេះ ដូច​ជាពុកម៉ែទេ? ស្រលាញ់មនុស្សម្នាក់ពិតជាមានតម្លៃ​ដល់​​​ថ្នាក់ហ្នឹងឬ? ក្នុង​ចំណោម​​ពួកគាត់ តើខ្ញុំមានបានស្រលាញ់នរណាទេ?”។ វិនីត​អង្គុយគិត​សារឡើង​វិញ តែបេះដូង​របស់នាងហាក់ដូចជាលោតញាប់ខ្លាំង​ណាស់​នៅពេលគិត​ដល់​ពិចិត្រ។ នាង​​​យក​ដៃដាក់​លើ​ទ្រូង ហើយនិយាយ៖​”យ៉ាងម៉េច​​ហ្នឹង​? មិនស្រួល​ខ្លួន​ទេ​ដឹង​?”។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែពិចិត្រ​បន្លឺឡើង៖

-ធ្វើអីហ្នឹង?

-បងទេអ្ហេ!

-សូមទោសដែលធ្វើឲ្យឯងភ្ញាក់យ៉ាងនេះ! ……ឯងកើតអី?

-……..គ្មានទេ! ខ្ញុំមានកើតអីឯណា

-ចុះហេតុអីក៏ឯងដាក់ដៃលើទ្រូងមិនដកសោះអ៊ីចឹង?

-អ្ហូ! ខ្ញុំដាក់លេងតើ …………បងមានការអីរកខ្ញុំមែនទេ?

-លោកចាងហ្វាងតេមក ឲ្យឯងនិពន្ធចម្រៀងស្នេហា

-ទៀតហើយអ្ហេ!

-ពិបាកណាស់អ្ហេ!

-បងពិចិត្រមានទូរស័ព្ទ (រ៉ាឌីបន្លឺ)

-បងទៅទទួលទូរស័ព្ទសិន

-………….ប្រាកដជាពិបាកហើយ! ​………….ទៅក្រៅផ្ទះឲ្យស្រាកចិត្តសិន

បទចម្រៀងអណ្តែតអណ្តូង ផ្សំផងជាមួយនឹងសំឡេងហ្គីតា ធ្វើឲ្យដួងចិន្តា​មាន​អារម្មណ៍ថាសោកសៅ និងឈឺចាប់បំផុតក្នុងការលួចស្រលាញ់មនុស្សម្នាក់។ វិនីត​យក​​ហត្ថដាក់លើទ្រូងទៀតហើយ នាងនិយាយតែម្នាក់ឯង៖”នេះអ្ហេជាបទ​ចម្រៀង​ស្នេហា? ហេតុ​អ្វីក៏ឯកាម្ល៉េះ?”។ យុវតីឈរសម្លឹងទៅវណ្ណា ដែលឈរ​កាន់ហ្គីតា​ផ្អែក​នឹងដើមឈើ​នៅមុខផ្ទះ។ វណ្ណាបន្លឺ៖

-ឯងកំពុងធ្វើអី?

-បទបងច្រៀងអម្បាញ់មិញពីរោះណាស់ តើមានចំណងជើងថាម៉េច?

-ហេតុអ្វីបងរឹតតែស្រលាញ់អូន?

-បងធ្វើវាដោយខ្លួនឯងមែនទេ?

-ត្រូវហើយ! បងធ្វើវា នៅពេលដែលបង ចាប់ស្រលាញ់​មនុស្ស​ម្នាក់

-ស្រីម្នាក់ដែលរៀបការហើយនោះអ្ហេ?

-មិនមែនទេ! គឺស្រីម្នាក់ផ្សេងទៀត តែនាងមិនដឹងថា បងស្រលាញ់នាងទេ

វិនីតហាក់បីដូចជារអៀសចិត្ត មិនដឹងនិយាយអ្វី វណ្ណាក៏បន្ត៖

-ត្រូវហើយ! តើឯងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលស្តាប់បទនេះ?

-សោកសៅ និងឈឺចាប់ណាស់

-នេះហើយជាចម្រៀងស្នេហា! ចម្រៀងដែលចេញពីការឈឺចាប់ អ្នកស្តាប់​ស្តាប់​ហើយ គឺហាក់បីដូចជាឈឺចាប់ដូចគ្នា នេះហើយ ជាអ្វីដែលអ្នក​និពន្ធ​ចង់បាន មិន​មែន​បទយើងឈឺចាប់ គេស្តាប់ហើយ បែរជាចង់សើចនោះទេ ឯងយល់ទេ?

-ពិតមែនហើយ! ខ្ញុំចង់ឈឺចាប់ដូចជាបង តើបានទេ?

-ឯងនេះពិតជាល្ងង់មែន! គ្មាននរណាម្នាក់ចង់ឈឺចាប់ទេ

-តែបើខ្ញុំមិនឈឺចាប់ ធ្វើម៉េចនឹងសរសេរបទស្នេហានេះបាន

-បទស្នេហា ក៏មិនប្រាកដថា ជាស្នេហាឈឺចាប់ដែរ បងដឹងថា ក្នុងចិត្តឯង​កំពុង​តែ​មាន​មនុស្សម្នាក់ តែគ្រាន់តែឯង មិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ

-ហេតុអីក៏បងដឹងចិត្តខ្ញុំ ជាងខ្លួនខ្ញុំទៅទៀត?

-សំនួរនេះឯងទុកឆ្លើយខ្លួនឯងទៅ បងទៅក្នុងហើយ

វគ្គ៥                     ការវិលត្រឡប់

សូរិយាជាប្អូនស្រីបង្កើតរបស់លោកនាគ ទេព។ នាងបានចាកចេញពីស្រុក​ខ្មែរ​ទៅ​​ធ្វើការនៅប្រទេសចិនអស់រយ

ៈពេលបួនឆ្នាំ។ ឥឡូវនាងមកដល់​ស្រុកខ្មែរវិញ​ហើយ​។ ការវិលត្រឡប់នេះធ្វើឲ្យលោកប្រាក់ ​​ នាគមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ លោកកំពុង​តែ​អង្គុយអានកាសែត ស្រាប់តែឮសំឡេងបន្លឺឡើង៖

-សួស្តីបងប្រុស!

-សូរិយា!

លោកប្រាក់ នាគឧទានឡើង ហើយក៏ទម្លាក់កាសែតទៅម្ខាងបំណងលាក់​មិន​ឲ្យ​សូរិយាឃើញ។ លោកស្ទុះមកឱបប្អូនដោយក្តីនឹករលឹក៖

-ឯងត្រឡប់មក ហេតុអីមិនផ្តល់ដំណឹងឲ្យបងជាមុន?

-គឺចង់ឲ្យបងភ្ញាក់ផ្អើលហ្នឹងណា?

-អង្គុយសិនទៅ បងទៅចាក់ទឹកឲ្យញ៉ាំ

-អរគុណបង!

-ម្តងនេះតើឯងមកលេង ឬមកធ្វើការ?

-គឺមកមែនទែនណាបង

-បានន័យថា ឯងមិនទៅវិញទេ មែនទេ?

-ប្រហែលហើយបង  ចុះបងពិចិត្រពេលនេះយ៉ាងម៉េចហើយបង?

-ពិចិត្រអ្ហេ!

-តើគាត់មានរំឭកពីខ្ញុំទេបង?

-រឿងនេះ…………

-បងយ៉ាងម៉េចហ្នឹង? ឬមួយគាត់មានស្រីផ្សេងហើយ?

-គ្មានទេ! ប៉ុន្តែ……………ឯងមើលកាសែតនេះទៅ

-សំនៀងពិចិត្រមានចំណូលចិត្តលើភេទដូចគ្នា?………..ស្អីគេហ្នឹង?

-ព័ត៌មាននេះទើបតែចេញផ្សាយទេ បងថាហៅពិចិត្រមកសួរ តែឯងក៏មក​ដល់​ល្មម

-ក្មេងប្រុងនេះជានរណា?

-ជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់គេហ្នឹងឯង ឬមកពីបងមិនដែលចាប់អារម្មណ៍​ពួកគេ?

-ម៉េចនឹងអាចមានរឿងបែបនេះកើតឡើងទៅ?

-ត្រូវហើយ! ឯងឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់ គឺព្រោះតែខ្លាច​​​ពិចិត្រ​​​​ភ្លេច​​ឯង​ទៅស្រលាញ់ស្រីផ្សេង …….នេះមិនមែនគេ​ខឹងនឹងឯងរហូតដល់…

-បងកុំនិយាយផ្តាស! បងមិនឆាប់តេទៅគាត់ទៅ

-ត្រូវហើយ! ………………អាឡូពិចិត្រ!

-បងឃើញព័ត៌មានហើយអ្ហេ?

-យ៉ាងម៉េច! បើឯងចង់បកស្រាយ ពួកយើងធ្វើសន្និសិទកាសែតទៅ

-មិនចាំបាច់ទេ!

-ឬជារឿងពិត?

-បងកុំបារម្ភអី វាគ្មានបញ្ហាអីកើតឡើងទេ បន្តិចទៀតគឺស្ងប់ហើយ ខ្ញុំត្រូវ​ទៅ​ជួប​ម៉ាក់ខ្ញុំ ប៉ុណ្ណឹងបានហើយបង!

-ពិចិត្រ ៗ!

-យ៉ាងម៉េចហើយបង!

-គេមិនបកស្រាយទេ

-ឬជាការពិត? តាមចរឹតរបស់គាត់ គាត់មិនដែលធ្វើឲ្យគេយល់ច្រឡំទេ ឬមួយ​ក៏​​គាត់​សម្រេចចិត្តបំភ្លេចខ្ញុំមែន តែទោះជាយ៉ាងណា ក៏គាត់មិនគួរ ទៅ​ស្រលាញ់​​ភេទដូចគ្នាដែរ ខ្ញុំចង់ទៅជួបគាត់!

-កុំអី! ពេលនេះគេទៅផ្ទះម៉ាក់គេហើយ ឯងទៅផ្ទះងូតទឹកសិនទៅ ល្ងាចនេះ​ពិចិត្រ​​​ត្រូវ​ថត គេនឹងមកក្រុមហ៊ុន ឯងចាំមកជួបគេនៅទីនេះក៏បាន

-អ៊ីចឹង! បងកុំទាន់ប្រាប់បងពិចិត្រថា ខ្ញុំមកណា ខ្ញុំចង់ឲ្យគាត់ឃើញខ្ញុំ តើ​ពេល​នោះ គាត់មានអារម្មណ៍យ៉ាងម៉េច?

-បានៗ! ឆាប់ទៅផ្ទះងូតទឹកទៅ

-ខ្ញុំទៅហើយបង!

………………………………………………………………………………………

ការពិត ពិចិត្រកំពុងតែធ្វើដំណើរទៅផ្ទះរបស់ខ្លួន ព្រមទាំងនាំវិនីត​ទៅជាមួយ​ផង។ នៅតាមដងផ្លូវ វិនីតបន្លឺ៖

-បងគិតនាំខ្ញុំទៅណា?

-ទៅផ្ទះប៉ាម៉ាក់បង!

-ថាម៉េច!

-ពួកគាត់បានឃើញកាសែតហើយ តាមចរឹតរបស់លោកប៉ា បើបងមិន​ឆាប់ទៅ​បក​ស្រាយទេ គាត់នឹងទៅសម្លាប់បងដល់កន្លែងថតហើយ

-ចុះខ្ញុំគួរធ្វើយ៉ាងម៉េច គាត់មិនខឹងស្លាប់ហើយទេអ្ហេ បើបងនាំខ្ញុំទៅជួប​គាត់​បែបនេះ​នោះ?

-នរណាថាបងនាំឯងទៅទាំងបែបនេះ?…………ដល់ហាងហើយ ចុះទៅ

-បងគិតធ្វើអី?

-ចូលដល់ក្នុងហាងហើយ ប្រាប់ឈ្មោះគេទៅ គេដឹងហើយ ថាឯងចង់ធ្វើអី

-ចុះបង?

-បងម៉េចនឹងអាចឲ្យពួកគេឃើញបង ចុះទៅ! បងនៅចាំឯងក្នុងឡាន

វិនីតចុះពីលើឡានក៏ដើរចូលទៅក្នុងហាង។ ស្រ្តីជាម្ចាស់ហាងបន្លឺឡើង៖

-ប្អូនត្រូវការធ្វើអីដែរ?

-ខ្ញុំឈ្មោះវិនីត!

-អូវិនីតទេអ្ហេ! ឆាប់ចូលមកអ៊ីចឹង……….អង្គុយទៅ!

-បងកុំកោររោមចិញ្ចើមខ្ញុំណា

-មិនអីទេ! បងធ្វើធម្មជាតិឲ្យតើ ឯងប្អូនបងតារាមែនទេ?

-តារា…………!

-គាត់ប្រហែលជាស្រលាញ់នាងណាស់ហើយ ទើបតេមកផ្តាំហើយផ្តាំទៀត ថាត្រូវតុបតែងនាងឲ្យស្អាត

-អ៊ីចឹងអ្ហេ!

-ការពិតនាងស្អាតស្រេចហើយ តែមកពីនាងមិនសូវចេះធ្វើខ្លួន ហេតុអីក៏ ទុកសក់ខ្លីម្ល៉េះ ត្រូវការតសក់ទេ?

-មិនបាច់ទេបង

-តែអ៊ីចឹងក៏ស្អាតម្យ៉ាងដែរ សមនឹងទម្រង់មុខនាងណាស់……..តោះ! ទៅល​​ សម្លៀក​បំពាក់ខាងក្នុងទៅ

ចំណាយពេលជិតពីរម៉ោង ទើបវិនីតអាចចេញពីហាងសម្អាងការបាន។ នៅ​ក្នុង​​ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកខ្ចី ត្រូវនឹងស្បែកជើងកែងចោទបន្តិច ហាក់ធ្វើ​ឲ្យនាង​មានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរ។ នាងដើរបណ្តើរ​រអ៊ូបណ្តើរ៖​”ខាន​តែង​ខ្លួន​បែប​នេះយូរហើយ ពេលនេះដូចជាមិនស្រួលក្នុងខ្លួន​សោះ ហេតុអី​ក៏​ចាំ​បាច់​ពាក់​ស្បែក​ជើង​កែងចោទ?”។ រវល់តែគិត ភ្លេចមើលក្មេងៗមួយក្រុមដែល​រត់​ប្រដេញ​គ្នាលេង​នៅ​លើ​ចិញ្ចើមផ្លូវ។ ពួកក្មេងៗទាំងនោះ រត់​ទៅប៉ះនាង ធ្វើឲ្យ​ក្រឡាច់​កែង​ស្បែកជើង ស្ទើរ​តែដួលផ្ងាកក្រោយ តែនាងដឹង​ច្បាស់ថា កំពុងតែមានមនុស្ស​ទ្រនាង​ជាប់។ យុវជន​បន្លឺ៖

-នាងមិនអីទេអ្ហេ?

-មិនអីទេ! អរគុណបងហើយ!

-អរគុណបង!……………នាង…………

-បងមិនស្គាល់ខ្ញុំទេអ្ហេ?

-វិនីត!

យុវជនហាក់ដូចជាភាំងមួយសន្ទុះ នាយសម្លឹងមុខយុវតីមិនដាក់ភ្នែក ដោយ​

លែង​​ស្តី​អ្វីទាំងអស់។ វិនីតបន្លឺឡើងទាំងខ្មាសអៀន៖

-តើខ្ញុំមិនសមជាមនុស្សស្រីទេមែនទេ?

-……………..អ្នកណាថា? ………..ពួកយើងឆាប់ទៅ

ឡានកំពុងបើកឆ្ពោះទៅកាន់ទីរួមខេត្តកណ្តាល ដែលជាស្រុកកំណើត​របស់​យុវជន។ នៅតាមផ្លូវ វិនីតហាក់ដូចជាមិនស្រួលសោះ នាងចេះតែក្រឡេក​មើល​រូបរាង​​​ខ្លួនឯង យូរៗក៏លួចសម្លឹងទៅយុវជនម្តង។ ពិចិត្រញញឹម ហើយ​បន្លឺឡើង៖

-យ៉ាងម៉េចហើយ!

-គ្មានអីទេ! ……..ប៉ាបងកាចណាស់ តើមែនទេ?

-ត្រូវហើយ! យ៉ាងម៉េច ខ្លាចអ្ហេ?​

-មានអីគួរឲ្យខ្លាច  តែបើគាត់ដឹងថា ពួកយើងគ្មានអីនឹងគ្នា គាត់ប្រហែល​ជា​ឈប់ខឹងនឹងបង តើមែនទេ?

-ប្រហែលហើយ!

-ត្រូវហើយ! ខ្ញុំភ្លេចសួរបង តើតារាជានរណាគេ?

-អូ! គេជាមិត្តភក្តិ​បងកាលរៀនវិទ្យាល័យ តែពួកយើងរាប់អានគ្នាណាស់

-អ៊ីចឹងទេអ្ហេ!

មិនយូរប៉ុន្មានយុវវ័យទាំងពីរក៏មកដល់គោលដៅ។ វិនីតចុះពីលើឡាន ក៏​ឈរ​មួយ​​សន្ទុះ​ព្រមទាំងដកដង្ហើមយ៉ាងវែង។ ពិចិត្របន្លឺ៖

-ក្រែងថាមិនអីទេអ្ហេ?………កុំភ័យអី ទោះយ៉ាងណា អ្នកដែលត្រូវជេរ​គឺបងទេ មិនមែនឯងឡើយ……….បងមើលទៅឯង ដូចជាខ្វះអីម្យ៉ាង

-ខ្វះអី? មានត្រង់ណាមិនសមមែនទេ?

-ឯងចាំបងមួយភ្លែត!

យុវជនចូលទៅក្នុងឡាន ហើយចេញមកវិញដោយមានក្តាប់របស់នៅនឹង​ដៃ​មក​​ជាមួយផង។ នាយទៅឈរពីមុខវិនីត ហើយពាក់ខ្សែកឲ្យនាង៖

-បងធ្វើអីហ្នឹង?

-នៅឲ្យស្ងៀមទៅ……….ស្អាតណាស់! បើដឹងថា ខ្សែកនេះសមនឹងឯងយ៉ាង​នេះ ម្ល៉េះបងមិនទុកវាចោលយ៉ាងនេះទេ ពួកយើងចូលទៅ!

-បងមិនចាំបាច់ដឹកដៃខ្ញុំទេ

-ចូលមក!

លោកពិទូ និងអ្នកស្រីណាសា ជាឪពុកម្តាយរបស់ពិចិត្រ។ នៅពេលដែល ពិចិត្រ​​កំពុង​តែអូសដៃ ព្រមទាំងកាយវិការប្រទាញប្រទង់គ្នា​នោះ លោកក៏លេច​មុខ​ឡើង​នៅ​ចំពោះ​មុខពួកគេ។វិនីតរៀបចំអាកប្បកិរិយារបស់ខ្លួនហើយ​ក៏​សំពះជម្រាប​សួរ​ទៅលោក​៖

-លោកប៉ា!

-ជម្រាបសួរលោកអ៊ំ!

-បាទ! យ៉ាងម៉េចឯងព្រមត្រឡប់មកផ្ទះហើយអ្ហេ?

-កូនមកដល់ហើយអ្ហេ! (អ្នកស្រីណាសាបន្លឺ)

-គាត់ជាម៉ាក់បង

-ជម្រាបសួរអ៊ំស្រី!

-ចាស! លើកដៃថ្វាយព្រះ……..តោះ! ពួកយើងចូលក្នុងសិនទៅ…បងឆាប់​ចូលមក

-អូននាំក្មេងស្រីនេះចេញក្រៅសិនទៅ

-បង! ………បងថា ឲ្យនាំនាងចេញក្រៅសិនទៅ

-លោកអ៊ំ​! ការពិតពួកខ្ញុំ…………

-ក្មួយចេញទៅក្រៅជាមួយអ៊ំសិនទៅ

-តែ!

-បងមិនអីទេ ឯងទៅក្រៅសិនទៅ

គ្រាន់តែវិនីត និងអ្នកស្រីណាសាចេញផុត លោកពិទូក៏បន្លឺឡើង​តឹង​សរសៃ​ក​តែ​ម្តង​៖

-រឿងមួយមិនទាន់ចប់ផង ឯងក៏បង្ករឿងមួយទៀតអ្ហេ? នេះដល់ថ្នាក់ហ៊ាន​នាំ​ស្រី​​​មកដល់ផ្ទះម៉ែឪផងអ្ហេ? ចុះអាមនុស្សប្រុសម្នាក់ដែលចុះតាម​កាសែត​មាន​រឿង​​​អាស្រូវ​ជាមួយឯងនោះ គិតយ៉ាងម៉េចវិញ ឯង!…ឯង​ចង់​ធ្វើឲ្យ​យើង​ខឹង​ស្លាប់​អ្ហេ?

-លោកប៉ា! មនុស្សស្រីអម្បាញ់មិញនេះហើយ ជាមនុស្សប្រុស ដែលមាន​រឿង​អាស្រូវ​​ជាមួយខ្ញុំនោះ

-ឯងចង់បានន័យថាម៉េច?

-នាងជាមនុស្សស្រីទេ តែតែងខ្លួនជាប្រុស។ លោកប៉ា! ខ្ញុំដឹងថា រឿងកន្លង​មក​ ខ្ញុំ​​មិន​គប្បីនឹងប៉ា ហើយខ្ញុំក៏មិនចង់ឲ្យប៉ា ចេះតែខឹងនឹងខ្ញុំបែបនេះ​តទៅ​ទៀត​ដែរ ទើប​ខ្ញុំឲ្យនាងតែងខ្លួនជាស្រីមកជួបប៉ាដល់ទីនេះ។

-អ៊ីចឹងបានន័យថា នាងជាអ្នកនិពន្ធរបស់ឯងអ្ហេ?

-បាទ! ត្រូវហើយ

-បទស្នាមញញឹម គឺនាងជាអ្នកតែងអ្ហេ?

-បាទ!

-ឯងស្រលាញ់នាងអ្ហេ?

-អត់ទេលោកអ៊ំ!……សូមទោស! ដែលខ្ញុំចូលមក លោកអ៊ំកុំយល់ច្រឡំ​អី ពួកខ្ញុំ

​គ្មាន​អីនឹងគ្នាទេ ហើយឲ្យខ្ញុំសូមទោសលោកអ៊ំផង ដែលធ្វើឲ្យ​​មានរឿងយល់​ច្រឡំ​​បែបនេះកើតឡើង លោកអ៊ំកុំបន្ទោសបងពិចិត្រអី សូមទោស ខ្ញុំជា​អ្នក​បង្ក​​រឿង

-តើរូបនៅក្នុងកាសែតនោះ ជារូបភាពពិតអ្ហេ?

-សូមទោសលោកអ៊ំ! ប្រហែលជាខ្ញុំធ្វើប្រុសឡើងភ្លេចខ្លួនជាស្រី ទើប….

-បានហើយ! យើងគ្មានពេលនិយាយជាមួយពួកឯងទៀតទេ

និយាយហើយ លោកពិទូក៏ដើរចេញទៅក្រៅ ស្រាប់តែជួបនឹងភរិយាល្មម៖

-បងគិតទៅណា?

-បងទៅរោងម៉ាស៊ីន ល្ងាចនេះ ឲ្យពួកគេញ៉ាំបាយនៅទីនេះហើយ

-ចាស! ………….យ៉ាងម៉េចហ្នឹង?

ពិចិត្រនិយាយទៅកាន់វិនីត៖

-ឯងយ៉ាងម៉េចហ្នឹង ហេតុអីក៏រត់មកទទួលកំហុសជំនួសបង? ទោះយ៉ាង​ណា​ក៏​គាត់​នៅតែខឹងនឹងបងដដែលហ្នឹង?

-គាត់មិនបានខឹងនឹងបងទេ គឺបងជាអ្នកធ្វើឲ្យគាត់ខឹងតើ

-សូម្បីតែឯងក៏នៅខាងគាត់ដែរអ្ហេ?

-ការពិតអ៊ំប្រុសគួរឲ្យគោរពណាស់ ជាមនុស្សមានហេតុផល ដូចអម្បាញ់​មិញ​អ៊ីចឹង គាត់ស្តាប់ការបកស្រាយរបស់បង តែបងបែរជាចង់ផ្គើនគាត់​ទៅវិញ

-ផ្គើនអ្ហេ!

-យ៉ាងម៉េច! បើខ្ញុំមិនចូលមកទេ បងប្រហែលជាឆ្លើយថា ស្រលាញ់ខ្ញុំ តើ​ពិត​មែន​ទេ? គាត់កំពុងតែខឹង បើសិនជាគាត់ឮពាក្យនេះទៀត តើបង​យល់​​​​​​យ៉ាង-​ម៉េច​? បង​ដឹងច្បាស់ថា គាត់ប្រាកដជាខឹងនឹងបង តើមែន​ទេ? តែនៅតែ​ឆ្លើយ បើមិន​ផ្គើន​ជាស្អីវិញ?

អ្នកស្រីណាសា ស្តាប់ឮពួកគេជជែកហើយ ហាក់ដូចជាចង់សើចណាស់ គាត់​ក៏​​​ដើរ​ចូលមកដោយស្នាមញញឹម៖

-អ៊ំស្រី!

-ម៉ាក់ថា វិនីតនិយាយត្រូវ! ការពិត ឯងនិងប៉ាឯង ចរឹតដូចគ្នាអ៊ីចឹង

-ដូចគ្នាត្រង់ណាម៉ាក់?

-គឺផ្គើនហ្នឹងណា! ឯងដឹងទេ នៅពេលដែលឯងចេញស៊ីឌីបេះដូងពិតនោះ ប៉ា​ឯង រំសាយកំហឹងអស់ហើយ ហើយថែមទាំងនិយាយថា ឯងនេះសមជា​កូន​របស់​​គាត់​ទៀត​ផង តែគាត់ទើបតែខឹងខ្លាំង នៅពេលឃើញរឿង​អាស្រូវ​របស់​ឯង​ហ្នឹងឯង ចាត់ទុកថា ឯងគ្រាន់បើ ដែលនាំវិនីតមកធ្វើការ​បកស្រាយ​ចំពោះ​មុខ​គាត់ ល្ងាច​នេះ ពួកឯងញ៉ាំបាយនៅទីនេះហើយ

-ចុះលោកប៉ា!

-ប៉ាឯងក៏ចង់ញ៉ាំបាយជុំឯងដែរ

-តែល្ងាចនេះ ប្រហែលជាមិនបានទេ ព្រោះខ្ញុំជាប់ថត

-អ៊ីចឹងឯងទៅវិញតែម្នាក់ឯងទៅ ទុកវិនីតនៅទីនេះហើយ នៅពេលថត​ចប់​ហើយ ឯងមកទទួលនាងចុះ ឬមួយក៏ចាំស្អែកក៏បាន

-ខ្ញុំនៅទីនេះអ្ហេ?

-យ៉ាងម៉េច! ឬមួយក្មួយមិនចង់នៅជាមួយមនុស្សចាស់ដូចជាពួកអ៊ំ?

-អត់ទេ! ខ្ញុំនៅទីនេះក៏បាន បងទៅថតចុះ

-តែ!

-យ៉ាងម៉េច! ឯងខ្លាចម៉ាក់ធ្វើបាបនាងអ្ហេ?

-គ្មានទេ! ម៉ាក់ម៉េចនឹងអាចធ្វើបាបនាងកើតនោះ

-បើអ៊ីចឹងឯងទៅចុះ

-បងទៅហើយណា!

-ចាស!

ពិចិត្រធ្វើដំណើរទៅភ្នំពេញតែម្នាក់ឯង។ ចំណែកវិនីតនាងនៅជាមួយ នឹង​អ្នក​ស្រី​​ណា​សា ព្រមទាំងជួយធ្វើម្ហូបទៀតផង​។ ដោយសង្គេតឃើញកិរិយា​ទន់ភ្លន់​ សុភាព​​រាបសា​ អ្នកស្រីណាសាបន្លឺឡើង៖

-មើលទៅក្មួយដូចជាស្ទាត់ក្នុងការងារជើងក្រានចានឆ្នាំងណាស់ដែរតើ

-ម៉ែជាអ្នកបង្រៀនខ្ញុំទេ

-អ៊ំមើលទៅឯងទន់ភ្លន់ សមជាមនុស្សស្រីណាស់ ហេតុអីក៏តែងខ្លួនជា​ប្រុស?

-ដំបូងឡើយ ខ្ញុំគិតថា តែងខ្លួនជាប្រុសតែនៅពេល​​ ទៅជួយម៉ែប៉ុណ្ណោះ តែ​យូរៗ​ទៅ ខ្ញុំគិតថា តែងខ្លួនជាប្រុស ក៏មានសុវត្ថិភាពល្អដែរ ទើប​ក្រោយ​មក សូម្បីតែ​សំពត់​ក៏លែងស្លៀក ហើយពេលខ្លះ ក៏ភ្លេចគិតថា​ ខ្លួន​ឯងជា​ស្រីទៀត សូមទោស​​អ៊ំស្រីផង ដែលធ្វើឲ្យកូនអ៊ំមានរឿងអាស្រូវយ៉ាងនេះ

-តែអ៊ំយល់ថា កូនរបស់អ៊ំ មានភ្នែកមុតណាស់ តើក្មួយអាចនិយាយ​សំឡេង​មនុស្ស​ប្រុសឲ្យអ៊ំស្តាប់បានទេ?

-បាទលោកអ៊ំ

វិនីតបញ្ចេញសំឡេងមនុស្សប្រុស ធ្វើឲ្យអ៊ំស្រីសើចឃឹក៖

-អ៊ីចឹងតើ បានជាពួកគេមិនដឹងថា ឯងជាស្រី ត្រូវហើយ! តើឯងអាចប្រាប់មីង​បានទេ ពីរូបភាពក្នុងកាសែតនោះ?

-នៅថ្ងៃនោះ ខ្ញុំមានបញ្ហាកើតឡើង ខ្ញុំពិបាកចិត្តពេក ឃើញដូចនោះ បង​ពិចិត្រ ក៏​​ទាញ​ក្បាលខ្ញុំ ទៅដេកលើស្មាគាត់

-ចុះឯងមានអារម្មណ៍យ៉ាងម៉េចដែរ?

-ខ្ញុំមានអារម្មណ៍ថា កក់ក្តៅណាស់ ក៏គេងលើស្មាគាត់ទៅ

អ្នកស្រីណាសា ញញឹម ហើយគិតថា៖ “ក្មេងស្រីនេះ ពិតជាត្រង់មែន ចុះ​កូន​ប្រុស​​ខ្ញុំគិតយ៉ាងណាចំពោះនាង? ចុះហេតុអីក៏វា ហ៊ាននាំនាងមកដល់ទីនេះ?​”។ គិត​ហើយ អ្នក​ស្រីបន្លឺ៖

-ឯងគិតយ៉ាងម៉េចចំពោះព័ត៌មានទាំងអស់នោះ?

-បងពិចិត្រនិយាយថា មិនចាំបាច់បារម្ភទេ យូរទៅវានឹងបាត់ហើយ

-មិនសមជាចរឹតកូនប្រុសខ្ញុំទេ!

-អ៊ំមានប្រសាសន៍ថាម៉េច?

-អូ! គ្មានទេ………..ការពិតឯងស្មោះត្រង់ ហើយថែមទាំងរួសរាយទៀត អ៊ីចឹង​តើ ទើបបទភ្លេងរបស់ឯងពីរោះយ៉ាងនេះ

-អ៊ំថា បទភ្លេងរបស់ខ្ញុំពីរោះពិតមែនអ្ហេ?

-ត្រូវហើយ! ឯងដឹងទេ នៅពេលស្តាប់បទស្នាមញញឹមហើយ អ៊ំប្រុសឯង​គឺ​តែង​តែញញឹម ហើយថែមទាំងចង់ឃើញអ្នកនិពន្ធទៀតផង

-ជាការពិតអ្ហេអ៊ំ!

-ពិតមែនណា! មិននឹកស្មានថា ពួកអ៊ំ អាចជួបនឹងឯងពិតមែនសោះ  ហើយក៏​មិន​នឹក​​ស្មានថា អ្នកនិពន្ធបទភ្លេងនេះ នៅក្មេងដល់ម្ល៉ឹងដែរ

-ខ្ញុំសប្បាយចិត្តណាស់……… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែ!

-យ៉ាងម៉េច! មានបញ្ហាអីអ្ហេ?

-ខ្ញុំឃើញអ៊ំទាំងពីរ ចូលចិត្តស្តាប់ចម្រៀងតើ ចុះហេតុអីក៏អ៊ំប្រុស ខឹងនឹង​បង​ពិចិត្រ​អ៊ីចឹង?

-កាលដើមឡើយ អ៊ំប្រុសសង្ឃឹមថា ក្រោយពេលពិចិត្ររៀនចប់ហើយ នឹង​ឲ្យ​គេ​ធ្វើ​ការនៅរោងម៉ាស៊ីនកិនស្រូវ គឺធ្វើថៅកែបន្តពីគាត់ តែមិននឹក​ស្មានសោះ ក្រោយ​​ពេលដែលគេរៀនចប់ហើយ គេបែរជាទៅធ្វើជាអ្នក​ចម្រៀង ហើយ​ច្រៀង​​ចម្រៀង​ដែលចម្លងពីគេមកទៀត កាលនោះ គាត់​ខឹងខ្លាំងមែនទែន រហូត​មិន​ឲ្យ​គេ​ចូលផ្ទះ។ ចាប់តាំងពីថ្ងៃនោះមក ពិចិត្រ​ក៏​ពុំដែល​ត្រឡប់​មក​ផ្ទះ​ដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃនេះ គេ​ត្រឡប់មកផ្ទះវិញ អ៊ំក៏មិននឹកស្មាន​ដែរ ពីមុនមានរឿង​អីក៏​ដោយ គេបកស្រាយ​នៅ​លើ​កញ្ចក់ទូរទស្សន៍ តែ​នៅពេលនេះ គេមិន​បកស្រាយ​​នៅលើកញ្ចក់​ទូរទស្សន៍​​ទេ តែបែរជា​បក​ស្រាយនៅចំពោះមុខ ប៉ាម៉ាក់គេទៅវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ៊ំគិតថា កូន​ម្នាក់​នេះ ពិតជាចាស់ ទុំមែនហើយ

-ចុះពេលនេះ អ៊ំប្រុសឈប់ខឹងហើយនៅអ៊ំ?

-អ៊ំគិតថា សូម្បីតែបន្តិច ក៏គាត់លែងខឹងដែរ ព្រោះល្ងាចនេះ គាត់ជាអ្នក​ឲ្យ​អ៊ំ

ឃាត់​ពួកឯងឲ្យនៅបាយទីនេះ

-អ៊ីចឹងទេអ្ហេ! តែគួរឲ្យស្តាយណាស់ ដែលបងពិចិត្រមិននៅ…….ខ្ញុំយក​បន្លែទៅ​លាង​សិនអ៊ំ

វិនីតងើបដើរទៅ អ្នកស្រីណាសាក៏បន្លឺឡើង៖

-ជើងឯងកើតអី?

-អូ!……គ្មានអីទេអ៊ំ! គ្រាន់តែគ្រេចបន្តិចប៉ុណ្ណោះ

-មិនបានទេ! អង្គុយសិនទៅ ចាំអ៊ំយកថ្នាំមកលាបឲ្យ

-មិនអីទេអ៊ំ

-អ៊ំថាឲ្យអង្គុយ!

-ចាស!…………..

អ្នកស្រីណាសាទៅយកថ្នាំដើម្បីរឹតកជើងឲ្យយុវតី តែនៅពេលដែលគាត់​ទៅ​ចាប់​​កាន់​ជើងនាងនោះ  វិនីតបែរជាដកចេញយ៉ាងលឿន៖

-អ៊ំស្រី! ទុកឲ្យខ្ញុំលាបខ្លួនឯងបានហើយ

-នៅឲ្យស្ងៀមទៅ! អ៊ំលាបឲ្យ……….តើឯងដើរទៅប៉ះនឹងស្អី ទើបធ្វើឲ្យ​គ្រេច​ជើង​​ដល់​ថ្នាក់ហ្នឹង ហើយនៅមិនព្រមនិយាយទៀត?

-អូយ!

-ឈឺដែរអ្ហេ?……….ចុះកាលដែលឯងដើរមក ម៉េចក៏មិនឈឺ?

-ប្រហែលជាភ័យពេកហើយអ៊ំ នេះបើកុំតែអ៊ំសួរ ប្រហែលជា​​នៅតែ​មិនដឹងថា​ឈឺ​ទេ​មើលទៅ

-មានមនុស្សដូចជាឯងដែរអ្ហេ! ប្រាប់អ៊ំមើល តើទៅត្រូវនឹងស្អី?

-គឺស្បែកជើងកែងចោទ

-បើមិនចេះពាក់ហើយ ហេតុអីក៏ពាក់?

-ជាងនិយាយថា សម្លៀកបំពាក់នេះ គឺសមនឹងស្បែកកែងចោទណាស់ ត្រូវ​តែ​ពាក់………………..

-ហើយក៏ទ្រាំពាក់ទៅទាំងវេទនា ………រួចហើយ! តែឯងអង្គុយត្រង់នេះ​ហើយ

-ខ្ញុំទៅលាងបន្លែសិន

-ទើបតែលាបថ្នាំហើយ ឯងនៅឲ្យស្ងៀមសិនទៅ

-តែខ្ញុំមិនអីទេ!

-ឯងមិនខ្លាចពិការទេអ្ហេ?

-ដល់ថ្នាក់ពិការអ្ហេអ៊ំ?

-បើឯងមិនជឿ ដើរសាកមើលទៅ តែនៅពេលនោះ ឯងកុំបន្ទោសអ៊ំ​ថា​មិនបាន​

ប្រាប់​ណា

-អ៊ីចឹងខ្ញុំអង្គុយត្រង់នេះសិនក៏បាន

អ្នកស្រីណាសា ញញឹមហើយ ក៏ដើរទៅជើងក្រានបាយ។ លោកពិទូ​ក៏​មក​ដល់​ល្មម​​៖

-អ៊ំប្រុស!

-កុំងើបអី! ប្រយ័ត្នដរជើង​ក្លាយជាមនុស្សពិការ វីវរហើយ

-សូមទោសអ៊ំ!

-កូនខ្ញុំបង្ខំឲ្យនាងតែងខ្លួនជាស្រី រហូតធ្វើឲ្យមានរបួសដល់ថ្នាក់នេះអ្ហេ?

-មិនមែនទេអ៊ំ! គឺខ្ញុំស្ម័គ្រចិត្តតើ អត់មានទាក់ទងនឹងគាត់ទេ

-អ៊ីចឹង ហេតុអីក៏នាងស្ម័គ្រចិត្តមកទីនេះ? នាងមិនមែន…………

-មិនមែនទេអ៊ំ!

-មិនមែនស្អីគេ? ឯងដឹងថា អ៊ំចង់និយាយអីអ្ហេ?

-អត់ទេ!

-ឯងមានសង្សារហើយនៅ?

-ចាសនៅទេ!

-ចុះមានស្រលាញ់អ្នកណាហើយនៅ?

-ចាសនៅទេ!

-នៅទេ!

-បងសួរនាងយ៉ាងនេះ  ធ្វើឲ្យនាងភ័យហើយដឹងទេ?

-បងគ្រាន់តែចង់និយាយលេងជាមួយនាងតើ

…………………………………………………………………………………………………..

ថ្លែងពីយុវជន បន្ទាប់ពីថតចប់ហើយ ក៏ទៅជួបលោកចាងហ្វាង៖

-បងមានការអីរកខ្ញុំអ្ហេ?

-អ្នកដែលរកឯងមិនមែនបងទេ គឺនាង!

ពិចិត្រមើលទៅតាមដៃលោកចាងហ្វាងចង្អុល ឃើញច្បាស់ថាជាសូរិយា នាយ​ហាក់​​ដូចជាភាំងមួយស្របក់។ លោកចាងហ្វាងបន្លឺឡើង៖

-ពួកឯងជជែកគ្នាសិនចុះ បងទៅមុនហើយ!

-យ៉ាងម៉េចហើយ បងមិនសប្បាយចិត្តទេអ្ហេ នៅពេលដែលជួបខ្ញុំ?

សម្រាប់ពិចិត្រ វាហាក់ដូចជាក្តុកក្តួលពេកហើយ។ នាយនៅតែឈរធ្មឹង ប្រៀប​ដូច​​ជារូបចម្លាក់ មិនតបស្តីទាល់តែសោះ៖

-បងនៅខឹងនឹងខ្ញុំទៀតអ្ហេ? បងដឹងទេ ខ្ញុំមកម្តងនេះ គិតថា នឹងមិនត្រឡប់​ទៅ​វិញ​ទេ ការពិតខ្ញុំស្តាយក្រោយណាស់ ខ្ញុំមិនគួរទុកបងចោលយូរយ៉ាង​នេះទេ តែអូន​សង្ឃឹមថា មិនហួសពេលទេ តើមែនទេ?     កន្លងមក អូនដឹង​ថា​ បងមិន​

បាន​នៅ​ក្បែរ​មនុស្ស​ស្រីណាម្នាក់ឡើយ បងនៅតែស្រលាញ់ខ្ញុំ តើមែន​ទេ?

-សូមទោស! ខ្ញុំដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយ

ពិចិត្របម្រុងដើរចេញ តែសូរិយាចាប់ដៃជាប់៖

-នេះជាពាក្យដែលបងត្រូវនិយាយជាមួយខ្ញុំអ្ហេ? ការពិតខ្ញុំតែងតែគិតថា នៅ​ពេល​​ដែល​បងជួបខ្ញុំ បងប្រាកដជារត់មកឱបខ្ញុំឬមួយព័ត៌មាននោះ ជា​ការ​ពិត​?

-សូមទោស! ខ្ញុំទៅផ្ទះហើយ

ពិចិត្របេះដៃសូរិយា ហើយដើរចេញទៅ។ កាយវិការបែបនេះ ធ្វើឲ្យ​សូរិយា​ហាក់​​បី​ដូចជាមានអារម្មណ៍ឈឺចាប់ណាស់។ នាងស្ទើរតែទប់ខ្លួនមិនជាប់ ក៏សសៀរ​ទៅអង្គុយ​លើកៅអី។ ចំណែកយុវជនបើកឡានមកដល់ពាក់កណ្តាល​ផ្លូវ ក៏ឈប់ង៉ក់ នាយ​ដាក់​ក្បាល​ទៅលើចង្កូតឡាន។

អតីតកាល កាលពីបួនឆ្នាំមុន

-អូនពិតជាសម្រេចចិត្តទៅចិនមែនអ្ហេ?

-ចាសត្រូវហើយ!

-ចុះបង?

-ខ្ញុំគិតថា បងគួរតែប្រឹងប្រែង យកកេរ្តិ៍ឈ្មោះជាតារាល្បីឲ្យបាន ពីរឆ្នាំ​ក្រោយ ក្រោយ​ពេល​ដែលខ្ញុំរៀនចប់ហើយ ខ្ញុំនឹងត្រឡប់មកវិញ ពេល​នោះ ខ្ញុំមិន​ត្រឹម​តែក្លាយជាអ្នកដឹកនាំរឿង​ទេ ខ្ញុំនឹងសរសេរ​បទភ្លេងឲ្យបង ហើយធ្វើជាអ្នក​និពន្ធ​​​ផ្ទាល់​ខ្លួនរបស់បងថែម ទៀតផង

-តែអូនប្រាកដហើយអ្ហេ ថាអូនត្រឡប់មកវិញបន្ទាប់ពីរៀនចប់នោះ?

-បងត្រូវតែជឿខ្ញុំ ក្រែងពួកយើងធ្លាប់បាននិយាយហើយអ្ហេ ពួកយើងត្រូវ​តែ​ធ្វើ​ឲ្យ​​មនុស្ស​ទូទាំងពិភពលោកទទួលស្គាល់យើង អូនជឿជាក់លើការ​តាំងចិត្ត​របស់​បង ឬបងមិនជឿជាក់លើការតាំងចិត្តរបស់អូន? ខានស្អែក អូនត្រូវ​ចេញ​ដំណើ​រ​ហើយ ពេលនេះអូនត្រូវទៅផ្ទះរៀបចំអីវ៉ាន់សិន

-តែបងមិនចង់ឲ្យអូនទៅទេ អូនស្តាប់បានទេ?

យុវជនប្រឹងស្រែកអស់សំឡេង សូរិយាឈប់ង៉ក់ហើយងាកមក៖

-ទោះមនុស្សទូទាំងពិភពលោកនេះ មិនស្គាល់បងក៏បងមិនខ្វល់ដែរ តែ​ពេល​នេះ​​​បងត្រូវការអូន បងមិនអាចបាត់បង់អូនទេ!

-តើបងកើតស្អីហ្នឹង? អូនគ្រាន់តែទៅរៀនតើ

-អូនរៀននៅទីនេះមិនបានទេអ្ហេ?

-មិនបានទេ! គឺអូនចង់ទៅរៀននៅចិន

-ការពិតមកពីអូនចង់ទៅដោយខ្លួនឯង ទើបយកលេសថាទៅរៀន អូនចង់​

គេចពី​បង តើមែនទេ?

-បងនិយាយអីហ្នឹង មានរឿងអីដែលខ្ញុំត្រូវគេចពីបង?

-ព្រោះបងមិនមែនជាតារាល្បី មិនត្រូវនឹងតម្រូវការរបស់អូន

-បងគិតអ៊ីចឹងអ្ហេ! ការពិតកន្លងមក បងមិនដែលទុកចិត្តខ្ញុំទេ តើមែនទេ? បងមិន​ដែល​ជឿថា ខ្ញុំស្រលាញ់បងទេ តើមែនទេ? ល្អ! បើបងគិតអ៊ីចឹង​ហើយ យើងបែក​គ្នា​ត្រឹមនេះចុះក៏ល្អដែរ

-អូនថាម៉េច!

-ពួកយើងបែកគ្នាទៅ

-ហេតុអីក៏អូននិយាយពាក្យនេះ?

-បើបងនៅស្រលាញ់ខ្ញុំមែន បងរង់ចាំខ្ញុំទៅ ពីរឆ្នាំក្រោយខ្ញុំនឹងត្រឡប់មក​វិញ លា​ហើយ!

សូរិយាដើរចេញទៅ ចំណែកយុវជនសោកសៅ អង្គុយនៅលើអិដ្ឋដោយ​ក្តីអស់​សង្ឃឹម។ លោកប្រាក់ នាគក៏ដើរចូលមក៖

-តែពីរឆ្នាំប៉ុណ្ណោះ បងគិតថាមិនយូរទេ

-មិនយូរទេ! តែខ្ញុំមានអារម្មណ៍ថា នាងកំពុងតែបោះបង់ខ្ញុំ តើបងជឿទេ ថា​ប្អូនស្រីរបស់បង ពិតជាត្រឡប់មកវិញក្រោយពេលដែលរៀនចប់?

ចាប់តាំងពីថ្ងៃនោះមក ពិចិត្រពិតជាកណ្តោចកណ្តែង និងឈឺចាប់ខ្លាំង​ណាស់​។ ពិតមែនហើយ យុវជនចង់ក្លាយជាតារាចម្រៀងល្បី ចំណែក​សូរិយា​យុវតី​ចង់ក្លាយ​ជាកវី និងជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់។ ពួកគេទាំងពីរ គឺមាន​ក្តីស្រមៃឈរនៅលើ​វិថី​​មួយ ប៉ុន្តែក្តីស្រមៃនេះ បែរជាធ្វើឲ្យសូរិយាចាកចេញ​ពី​​យុវជន​​ទៅវិញ។ ពិចិត្រតែង​តែ​បន្ទោស​ខ្លួនឯង ដែលមិនមែនជាតារាល្បី ទើបធ្វើឲ្យបាត់បង់​មនុស្ស​​ជាទី​ស្រលាញ់​បែប​នេះ។ ទោះបីនាយខូចចិត្តអស់មួយ​រយៈពេល តែ​ក្រោយ​មកយុវជន​បែរជាមាន​ការ​​ប្រឹងប្រែងទ្វេដង ហើយនៅតែ​មានសង្ឃឹមក្នុង​ការទន្ទឹងចាំសូរិយាវិលត្រឡប់​វិញ។

ពីរឆ្នាំក្រោយមក

-បងហៅខ្ញុំមានការអីអ្ហេ?

-ខ្ញុំចង់ប្រាប់ឯងថា សូរិយាមិនទាន់បានត្រឡប់មកវិញទេ………ឯងស្តាប់ខ្ញុំ​សិន

ការពិតនាងក៏ចង់ត្រឡប់មកវិញដែរ តែក្រុមហ៊ុនផលិតកម្មមួយបាន​ហៅឲ្យ​នាង​​ទៅធ្វើការជាជំនួយការអ្នកដឹកនាំរឿងនៅទីនោះ ដូច្នេះ……

-ដូច្នេះនាងក៏មិនចង់បោះបង់ឱកាសដ៏ល្អនោះចោល នៅទីបំផុត មិនថាពីរ​ឆ្នាំមុន ឬពីរ​ឆ្នាំក្រោយ នាងនៅតែ​សម្រេចចិត្តបោះបង់ខ្ញុំ

-ពិចិត្រ!

-បងកុំបារម្ភអី ខ្ញុំមិនអីទេ ឲ្យតែដឹងថា នាងបានសុខ ខ្ញុំអស់ចិត្តហើយ​ ខ្ញុំ​ត្រឡប់​​

ទៅ​ផ្ទះ​ហើយ​

បច្ចុប្បន្នកាល

ពិចិត្រដកដង្ហើមធំ ក្នុងអារម្មណ៍ហាក់ដូចជាធូរស្រាលឡើងវិញ។​ នាយ​សម្លឹង​ទៅ​លើមេឃ ដែលមានពន្លឺផ្កាយព្រិចៗ ​នឹកដល់ចិត្តដែលធ្លាប់ឈឺចាប់ពី​មុន តែ​អារម្មណ៍​ពេលនេះ ហាក់បីដូចជាមិនដូចមុនទៀតឡើយ។ ទោះបីនាយ​មិនមានពាក្យ​អ្វី​ហាស្តី​តបត​ជា​មួយសូរិយា ក៏យុវជនហាក់ដឹងថា ឱរាដែលធ្លាប់​តែ​ពុះកញ្រ្ជោល​ព្រោះ​តែនាង គឺបាន​បាត់បង់អស់ទៅហើយ។ នេះបណ្តាលមកពី​ឆ្អែតចិត្ត ហួសចិត្ត ឬមួយក៏ចិត្ត អស់​ស្រលាញ់​?

ថ្លែងពីវិនីតម៉ោងជិតប្រាំបួនទៅហើយ នៅតែមិនទាន់ឃើញវិចិត្រមក​ទទួល​ទៀត។ នាងឈរសម្លឹងទូរស័ព្ទ អ្នកស្រីណាសាបន្លឺ៖

-ហេតុអីមិនតេទៅ?

-អ៊ំស្រី! ប្រហែលជាគាត់ថតមិនទាន់ចប់ទេមើលទៅ

-អ៊ំថាឯងមិនបាច់ចាំផ្លូវគេទេ ទៅគេងទៅ បើគេមិនមក ស្អែកនេះ អ៊ំនាំឯង​ត្រឡប់​​ទៅ​វិញ មក! អ៊ំនាំទៅបន្ទប់

អ្នកស្រីណាសាដឹកដៃវិនីតចូលទៅក្នុងបន្ទប់៖

-ប្រយ័ត្នផង ជើងឯងមិនទាន់ស្រួលបួលទេ

-ចាស!

-នេះគឺបន្ទប់ពិចិត្រ ថ្វីត្បិតតែគេមិនដែលមកផ្ទះ តែអ៊ំតែងតែសម្អាត​ជា​ប្រចាំ ឯង​​គេ​នៅលើគ្រែទៅ

-មិ​នសមទេដឹងអ៊ំ

-មានអីមិនសម! គេងទៅ អ៊ំចេញទៅក្រៅហើយ

-ចាស!

វិនីតសម្លឹងជុំវិញបន្ទប់ ហើយគិតតែម្នាក់ឯង៖​ “បន្ទប់ស្អាតយ៉ាងនេះ ហេតុអី​ក៏​ព្រមបោះបង់ចោលហ្ន៎?………នេះគឺរូបគាត់ពីក្មេងតើ! គួរឲ្យស្រលាញ់​ណាស់……….​.​អ្ហើយ​! ពេលនេះហើយ គាត់នៅថតមិនទាន់ចប់ទៀតអ្ហេ? សង្ស័យ​តែភ្លេចថា ខ្ញុំនៅ​ទីនេះ​ហើយ​ដឹង? គួរតែតេទៅគាត់ឬអត់?………មិនបានទេ! បើ​គាត់កំពុងរវល់ នាំតែ​ធ្វើ​ឲ្យ​គាត់​បែក​អារម្មណ៍ទេ។ បរិយាកាសល្អយ៉ាងនេះ គួរតែ សរសេរបទ​ភ្លេងថ្មី​ហើយ​…​…..​​​​​​​​​​​ទីនេះ​គួរ​​​​តែ​មានក្រដាសនិងប៊ិច”។ វិនីតទៅបើក​ថតតុដើម្បីរកក្រដាសនិងប៊ិច ស្រាប់តែឃើញ​រូបថត​មួយសន្លឹករបស់ពិចិត្រ​ក្នុង​ឯកសណ្ឋានជាសិស្សសាលា​ឈរ​ក្បែរស្រីម្នាក់​ប្រកប​​ដោយទឹកមុខស្រស់បស់ហាក់មានសេចក្តីសុខណាស់។វិនីត​បន្លឺ​៖​“នេះប្រហែលជា​សង្សារគាត់ទេដឹង? ស្អាតណាស់! មើលទៅគាត់ប្រហែល​ជា​ស្រលាញ់​​​​​​​​​បងស្រីម្នាក់នេះ​ខ្លាំងណាស់​ហើយមើលទៅ?…..ហេតុអីក៏ខ្ញុំមានអារម្មណ៍​ថា អស់សង្ឃឹមយ៉ាងនេះ? ត្រជាក់​​ចុងដៃចុងជើងទៀតហើយ ក្រែងពីមុន​អាការ​បែបនេះ កើតនៅពេលដែលឈឺពោះតើ ដល់ខែ​ហើយអ្ហេ?..​…..មិនទាន់​ដល់​ឯណា! ហេតុអីក៏​មាន​​អាការបែបនេះទៅ​វិញ? ប្រហែលជាមកពីមិនស្រួលខ្លួនហើយ អាចមកពីឈឺជើង​ក៏ថា​បាន គួរ​តែគេងវិញ”។ វិនីត​ដាក់រូបយុវជនចូលទៅក្នុងថតតុវិញ ហើយក៏ឡើង​ទៅលើ​​គ្រែសម្រាក ព្រោះគិតថា ខ្លួនមិនស្រួលខ្លួន។

ចំណែកយុវជន នៅតែអង្គុយនៅក្នុងឡាន ប្រហែលជាភ្លេចគិតថា វិនីត​កំពុង​រង់ចាំ​​ខ្លួន​ហើយមើលទៅ។ បទស្នាមញញឹមបន្លឺឡើង នោះគឺជាសំឡេង​ទូរស័ព្ទរោទិ​របស់​​យុវជន ធ្វើឲ្យនាយភ្ញាក់ព្រើតបន្លឺឡើង៖

-វិនីត!……………….អាឡូ

-ពេលនេះកូននៅឯណាហ្នឹង តើថតចប់ហើយនៅ វិនីតកំពុងចាំកូនណា?

-អូ! ខ្ញុំកំពុងតែបើកឡានទៅហើយម៉ាក់

-អ៊ីចឹងមិនអីទេ ប៉ុណ្ណឹងបានហើយ

-បាទ!

-វាកំពុងនៅឯណា? (លោកពិទូបន្លឺ)

-កំពុងធ្វើដំណើរមកហើយ តើបងយល់យ៉ាងណាចំពោះក្មេងស្រីនោះ?

-ម៉េចក៏អូនសួរបងអ៊ីចឹង?

-អូនចង់ដឹងថាបងគិតយ៉ាងណាចំពោះនាង?

-ចុះអូន?

-មិនដឹងហេតុអ្វីទេ អូនមានអារម្មណ៍ថា អូនពេញចិត្តនាងណាស់?

-មិនមែនមកពីអូនគិតថា កូនប្រុសអូនស្រលាញ់នាងទេអ្ហេ?

-ថាអ៊ីចឹងក៏បាន តែទោះយ៉ាងណាអូននៅតែនិយាយថា អូនពេញចិត្ត​ក្មេងស្រី​ម្នាក់នេះធ្វើជាកូនប្រសារ ចុះបង?

-ក្មេងស្រីដ៏មានសមត្ថភាពយ៉ាងនេះ ថែមទាំងស្លូតបូតទន់ភ្លន់ និងស្មោះត្រង់​តើ​នឹងងាយទៅរកឯណាបាន បងខ្លាចតែកូនប្រុសអូនទេ ដែលធ្វើឲ្យឱកាស​ដ៏​ល្អ​​នេះ​បាត់បង់ ដូចជាពេលនេះអ៊ីចឹង វាប្រហែលជាភ្លេចទៅហើយ ថា​នាងតូច​នេះ​កំពុង​នៅជាមួយពួកយើង បងទៅក្នុងបន្ទប់មុនហើយ

-ការពិតបងក៏ពេញចិត្តក្មេងស្រីនេះដែរតើ………ថ្មើនេះហើយ នៅមិន​ទាន់​ឃើញ​​មក​ទៀត។

អ្នកស្រីណាសាដើរចូលទៅក្នុង បើកទ្វារបន្ទប់ ឃើញថា វិនីតកំពុងគេង​លក់

គាត់​​ក៏​​ត្រឡប់ទៅវិញ ចៃដន្យពិចិត្រមកដល់ល្មម៖

-កូនមកហើយអ្ហេ!

-ឯណាវិនីតម៉ាក់?

-នាងនៅក្នុងបន្ទប់ឯង ប្រហែលជាគេងលក់ហើយ ឯងទើបតែថតចប់អ្ហេ ម៉េច​

ក៏​យប់​យ៉ាងនេះ?

-អូ! ​…….

-ការពិតឯងភ្លេចគិតថានាងនៅទីនេះមែន ឯងនេះ! នាងខំតែងខ្លួនជា​ស្រី​មក​ជា​មួយ​ឯង សូម្បីតែជើងគ្រេចហើយ ក៏មិនដឹងថាឈឺផង ហើយមិន​ហ៊ានតេ​ទៅ​ទៀត ព្រោះខ្លាចរំខានដល់ការងារឯង តែ…………..

-ម៉ាក់​ថានាងគ្រេចជើងអ្ហេ! តើនាងទៅប៉ះនឹងស្អី?

-នៅហ៊ានសួរទៀត គឺស្បែកជើងកែងចោទដែលឯងឲ្យនាងពាក់ហ្នឹងណា

-ខ្ញុំទៅរកនាងសិន

ពិចិត្រស្ទុះចូលទៅក្នុងបន្ទប់ខ្លួន។ មាណវីពិតជាលង់លក់មែន នាងមិនដឹង​ថា ពិចិត្រ​កំពុងតែអង្អែលកជើងរបស់នាងថ្នមៗ ហើយក៏សម្លឹងមើលមុខនាង​ដោយយក​ចិត្ត​​ទុកដាក់។ នាយរអ៊ូតិចៗ៖ “ហេតុអីក៏មិនប្រាប់បង? សូមទោស! បង​មិនគួរ​ភ្លេច​គិត​ថាឯង កំពុង​រង់ចាំបងនោះទេ!”។ យុវតីបើកភ្នែកឡើង នាងបាន​ឃើញកែវ​ភ្នែកដ៏​ស្រទន់​របស់​យុវជន​កំពុងសម្លឹងមើលនាង ទើបបន្លឺឡើង៖

-បងថតចប់ហើយអ្ហេ? អ៊ីចឹងពួកយើងទៅផ្ទះវិញ

-សូមទោស ដែលបងធ្វើឲ្យឯងចាំយូរ

-មិនអីទេ! ខ្ញុំក៏គេងលក់ដែរ ពួកយើងទៅៗ

-បងជួយគ្រាឯង

យុវវ័យទាំងពីរ ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

ចាប់តាំងពីបានឃើញរូបថតយុវជនជាមួយនារីម្នាក់នោះមក វិនីតហាក់បី​ដូច​​ជា​ពុំ​ស្រួលក្នុងអារម្មណ៍ទាល់តែសោះ តែនាងមិនដឹងថា មកពីមូលហេតុ​អ្វី​ដែរ? ថ្ងៃ​​​​​នេះ​នាង​បាន​​ទៅក្រុមហ៊ុនដើម្បីយកបទថ្មីទៅជូនលោកចាងហ្វាងពិនិត្យ ក៏​ស្រាប់​តែ​​​បានជួបនឹង​សូរិយានៅទីនោះដែរ។ នាងហាក់ឈរធ្មឹងមួយសន្ទុះ គិត​មួយស្របក់៖ “បង​​​ស្រីម្នាក់នេះ ដូចជាមនុស្សស្រីនៅក្នុងរូបថតនោះណាស់ ឬមួយ​ជាគាត់ទេដឹង?”។ ឃើញ​វិនីតឈរធ្មឹង​បែបនេះ លោកចាងហ្វាងក៏បន្លឺឡើង៖

-វិនីត! វិនីត……

-បាទលោកចាងហ្វាង!

-ឯងយ៉ាងម៉េចហ្នឹង?

-ឯងគឺវិនីត  ជាអ្នកនិពន្ធផ្ទាល់របស់បងពិចិត្រអ្ហេ?

-បាទត្រូវហើយ!

-ខ្ញុំណែនាំឯងឲ្យស្គាល់ នាងឈ្មោះសូរិយា ជាប្អូនស្រីបង្កើតរបស់ខ្ញុំ

– …..ជម្រាបសួរអ្នកនាង

-ចាស!

-នាងទើប​តែត្រឡប់មកពីចិន ហើយក៏ធ្លាប់ជាអ្នកនិពន្ធរបស់ពិចិត្រដែរ តែ​ពេល​​នេះ នាងបានក្លាយជាអ្នក​ដឹកនាំរឿងហើយ

-រីករាយដែលបានស្គាល់លោក

-បាទ ខ្ញុំក៏ដូចគ្នា លោកចាងហ្វាង នេះគឺចម្រៀងថ្មី លោកពិនិត្យចុះ ខ្ញុំចេញ​ទៅ​​វិញ​ហើយ

-អរគុណ

-អ្នកនាង ខ្ញុំត្រឡប់ទៅវិញហើយ

-ចាស! ថ្ងៃក្រោយ បើមានឱកាសសង្ឃឹមថា ពួកយើងនឹងបានជជែកគ្នា​លេង

-បាទ

វិនីតមានអារម្មណ៍ថា មិនស្រួលទៀតហើយ នាងបែកញើសជោកថ្ងាស បេះដូង​​​លោតញាប់ ដៃជើងក៏ចាប់ផ្តើមត្រជាក់អស់។ វណ្ណាក៏មកដល់ល្មម៖

-ឯងមិនស្រួលខ្លួនអ្ហេ? ហេតុអីក៏បែកញើសជោកយ៉ាងនេះ?

-ខ្ញុំមិនអីទេ! ខ្ញុំទៅបន្ទប់ទឹកសិន

វិនីតចូលទៅក្នុងបន្ទប់ទឹក នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយ​និយាយ​​​ថា៖”ហេតុអីក៏មានអារម្មណ៍បែបនេះទៀតហើយ? តើខ្ញុំកើតអីហ្នឹង? តាំង​អារម្មណ៍ តាំង​អារម្មណ៍ ពួកគាត់ប្រហែលជាមិត្តភក្តិរៀនជាមួយគ្នាក៏ថាបាន តើខ្ញុំ​ស្រលាញ់​បងពិចិត្រ​តើ​មែន​ទេ? មិនមែនទេ ម៉ែបាននិយាយថា អារម្មណ៍​ស្រលាញ់​មនុស្សម្នាក់ គឺមានសេចក្តី​សុខ​ណាស់ ប្រៀបដូចជា​​​​​​​​​រើសបានដុំពេជ្រ​មួយគ្រាប់អ៊ីចឹង ប៉ុន្តែហេតុអ្វី ក៏ខ្ញុំមានអារម្មណ៍​ថា ដូចជាត្រៀមបាត់ពេជ្រមួយ​​​​​​​​​​​​​គ្រាប់​​ទៅវិញ ប្រហែល​​ជា​មិនមែនទេ តែពិបាកក្នុងខ្លួន​ណាស់”។

ឱ! ក្មេងស្រីដ៏តូចល្អិត ចិត្តកវីដ៏បរិសុទ្ធ ហេតុអ្វីក៏តក់ស្លុត និងមានអារម្មណ៍​យោលយោគយ៉ាងនេះ? វិនីតក្តាប់ដៃទាំងពីររបស់ខ្លួនជាប់ ហើយក៏ដើរចូលទៅ​ក្នុង​បន្ទប់​​ឧបករណ៍ភ្លេង គិតថានឹងបន្ធូរអារម្មណ៍ដោយការលេងបទភ្លេង តែ​ក៏ប្រទះ​ឃើញ​​ក្រដាស​បទ​ភ្លេងមួយសន្លឹកដែលនៅស៊កពីក្រោមព្យាណូ។ យុវតី​ឈរមើល​ក្រដាសបទភ្លេង ដែល​មានអក្សរភ្លេងស្រេច ក្នុងអារម្មណ៍ក្តុកក្តួល និងសោកសៅ​បំផុត នាងលើកដៃ​បម្រុង​ចុត​ព្យាណូតាមអក្សរភ្លេងនោះ ស្រាប់តែ​សំឡេងយុវជន​បន្លឺ​​ឡើង៖ “វិនីត! ឯង​នៅខាងក្នុងទេ?”។ វិនីតឮច្បាស់ថាជាពិចិត្រ នាង​បម្រុង​ស្ទុះ​ចេញ​មក តែត្រូវទុចង៉ក់​នៅ​ពេល​ឮសំឡេងសូរិយា៖

-បងនៅទីនេះទេអ្ហេ?

-ខ្ញុំមករកវិនីត!

-តែខ្ញុំឃើញគេចេញទៅកន្លែងថតហើយតើ

-អ៊ីចឹងខ្ញុំទៅរកគេហើយ

-បងពិតជាមិនចង់ជជែកជាមួយខ្ញុំមែនអ្ហេ? ខ្ញុំដឹងថា បងនៅខឹងនឹងខ្ញុំ តែខ្ញុំ​ជឿ​ថា បងនៅតែស្រលាញ់ខ្ញុំ ពិតមែនទេ? ពួកយើងចាប់ផ្តើមសាជាថ្មីទៅ​បានទេ?

-ប្រហែលជាមិនបានទេ!

យុវជនតបទៅសូរិយាដោយម៉ត់ចត់បំផុត។ ពាក្យមួយឃ្លានេះ ធ្វើឲ្យ​សូរិយា​ចិន្តា​​ហាក់​ដូចត្រូវគេដុតកម្លោចឲ្យខ្លោចឆេះខ្ទេច តែនាងនៅតែមានចិត្ត​តស៊ូ​និយាយ​បន្ត​ទៀត​៖

-ប្រហែលជាបងនៅមិនទាន់បាត់ខឹងនឹងខ្ញុំទេ តែមិនអីទេ ថ្ងៃនេះចាត់ទុក​ថាខ្ញុំ​មិន​​បាន​ជជែកអ្វីជាមួយបងចុះ ខ្ញុំទៅវិញហើយ

-ឈប់សិន! ថ្ងៃដែលនាងចាកចេញទៅនោះ ខ្ញុំហាក់មានអារម្មណ៍ខឹង​នឹងនាង​ណាស់ តែបន្ទាប់ពីនាងទៅបាត់ ទើបខ្ញុំដឹងថា ខ្ញុំមិនបានខឹងនឹងនាង​ទេ ឲ្យតែ​នាង​មាន​ក្តីសុខ គឺខ្ញុំគ្រប់គ្រាន់ហើយ ដូចជាពេលនេះអ៊ីចឹង ខ្ញុំ​ឃើញនាងនៅ​ចំពោះ​មុខ​ខ្ញុំ ក្លាហាន ស្វាហាប់យ៉ាងនេះ គឺខ្ញុំរីករាយណាស់ ការពិត​នាង​អត់​ប្រែប្រួល​ទេ តែ​សម្រាប់​ខ្ញុំ គឺប្រែប្រួលហើយ

-បងចង់បានន័យថា បងឈប់ស្រលាញ់ខ្ញុំហើយអ្ហេ? ឬព្រោះតែក្មេងប្រុស ម្នាក់នោះ បងម៉េចនឹងអាច……………..

-មិនមែនទេ! អ្នកនាងកុំយល់ច្រឡំអី ការពិតពួកខ្ញុំគ្មានអ្វីនឹងគ្នាទេ នោះ​គ្រាន់​​តែ​ជា ពាក្យចចាមអារាមប៉ុណ្ណោះ មែនទេបង?

វិនីតតាំងស្មារតីខ្លាំងណាស់ ដើម្បីមកបំភ្លឺការពិតមួយនេះ។ សូរិយាសម្លឹ​ង​មុខ​ពិចិត្រ​​​​​ដែលប្រែជាស្ងាត់ឈឹង មិនតបស្តីអ្វីសោះ។ យុវតីក៏បន្ត៖

-ហេតុអីក៏បងមិនបដិសេធទៅ? ការពិតបងពិចិត្រមិនប្រែប្រួលទេ កន្លង​មក​នេះ ខ្ញុំមិនដែលឃើញគាត់ទាក់ទងជាមួយស្រីណាឡើយ សូម្បីតែតួស្រី​ដែល​សំដែង​​ជាមួយគាត់ ក៏គាត់ពុំដែលរវីរវល់ដែរ គាត់ម៉េចនឹងអាចប្រែ​ចិត្តពី​អ្នក​នាងនោះ

-ឯងនិយាយឆ្អែតហើយអ្ហេ?

យុវជនគំហោក ធ្វើឲ្យសូរិយាលែងវាចាស្តី វិនីតបន្ត៖

-បងកើតអីហ្នឹង?

-សូមទោស! ខ្ញុំទៅកន្លែងថតវិញហើយ

-បង!

-មិនអីទេ! គាត់ប្រហែលជានៅខឹងនឹងខ្ញុំ អរគុណលោកហើយ ដែលជួយបក​

ស្រាយរឿងនេះ  ខ្ញុំមិនបោះបង់គាត់ចោលងាយៗទេ ខ្ញុំលាសិនហើយ

-បាទ!

សូរិយាចេញផុត វិនីតដកដង្ហើមធំ ហើយនិយាយតែម្នាក់ឯង៖”តើខ្ញុំធ្វើអីហ្នឹង?

ខ្ញុំកំពុងតែជួយពួកគាត់អ្ហេ? ចុះខ្លួនខ្ញុំ? អ្ហើយ! ទោះយ៉ាងណា ក៏ពួកគាត់សាកសម​នឹង​គ្នាដែរ ដកថយទៅវិនីតអើយ ដើម្បីចៀសផុតពីការបាត់បង់ពេជ្រមួយគ្រាប់ ខ្ញុំត្រូវ​តែ​ជួយពួកគាត់ឲ្យត្រូវរ៉ូវគ្នាវិញ”។ វិនីតគិតហើយ ក៏ត្រឡប់មកផ្ទះមុន។ យុវតីមិនបាន​ដឹងថាspeakerបើកឮចេញមកក្រៅឡើយ ដៃម្ខាងកាន់​ក្រដាស ដៃម្ខាងចុចព្យាណូ បន្លឺ​​ជាសូរលាន់ពេញផ្ទះ។ គ្រាន់តែឮបទចម្រៀងនេះ ពិចិត្រមានអារម្មណ៍​មិនស្ងប់​ឡើយ នាយស្ទុះចូលទៅរកវិនីត ហើយកញ្ឆក់យកក្រដាសបទភ្លេងពីដៃនាង ដោយ​បន្លឺខ្លាំងៗ៖

-អ្នកណាឲ្យលេងបទនេះ?

-បងជាអ្នកសរសេរវាអ្ហេ?

-គ្មានទាក់ទងស្អីនឹងឯងទេ ថ្ងៃក្រោយមិនឲ្យលេងវាទៀតទេ

-បទពីរោះយ៉ាងនេះ បងគិតបោះវាចោលអ្ហេ? ការពិត បងក៏ចេះសរសេរបទ​ភ្លេងដែរ តែហេតុអីក៏បងមិនសរសេរ គឺព្រោះតែអ្នកនាងសូរិយាអ្ហេ?

-ឯងដូចជាដឹងរឿងបងច្រើនពេកហើយ

-គឺបទចម្រៀងនេះ វាប្រាប់ខ្ញុំ ប្រាប់ពីទឹកចិត្តអ្នកសរសេរ ដែលរស់នៅក្នុងភាព​ឈឺចាប់បំផុត ក្រែងបងរង់ចាំគាត់អ្ហេ ចុះហេតុអីគាត់មកហើយ បងបែរជា​បដិសេធនឹងគាត់ទៅវិញ?

-ឯងយល់ពីអារម្មណ៍បងណាស់អ្ហេ ចម្រៀងដែលបងសរសេរនេះ គឺជារឿង​កាលពីពីរឆ្នាំមុន បងបានបោះវាចោលម្តងរួចទៅហើយ

-តែបន្ទាប់ពីអ្នកនាងសូរិយាមកវិញ បងក៏ទៅរើសយកវាមកវិញ តើមែនទេ?

-បើមែនវាយ៉ាងម៉េច?

-ពួកយើងមកដល់ហើយ!

សម្រែករ៉ាណេបន្លឺឡើង គ្រាន់តែមកដល់ក្នុងផ្ទះ ពួកគេប្រែជាស្ងប់ស្ងៀមមួយ​រំពេច នៅពេលដែលឮសំឡេងពិចិត្រ៖

-បងប្រាប់ឯងណា កុំឈឺឆ្អាលរឿងរបស់បង

-បាន!

គ្រាន់តែវិនីតបន្លឺឡើង យុវជនទាំងអស់លើកលែងតែវណ្ណា បើកភ្នែកធំៗ ព្រោះ​វាមិនគួរឲ្យជឿនូវអ្វីដែលពួកគេបានឮនោះ គឺសំឡេងមនុស្សស្រី។ វណ្ណាបម្រុងស្ទុះ​ចូលទៅហាមឃាត់ពួកគេកុំឲ្យបន្តទៀត តែយុវជនទាំងបីចាប់នាយជាប់។ វណ្ណាបាន

ត្រឹមតែនិយាយថា៖”ចប់ហើយ!”។  វិនីតបន្ត៖

-តែបងក៏កុំយកខ្ញុំទៅពាក់ព័ន្ធដែរ ខ្ញុំមិនចង់ក្លាយជាមនុស្សដែលស្រលាញ់ភេទ

​ដូចគ្នា ដូចដែលកាសែតនិយាយនោះទេ

-ឯង!

-ខ្ញុំយ៉ាងម៉េច?

-បងមិនចង់និយាយជាមួយឯងទៀតទេ

-ខ្ញុំក៏មិនចង់និយាយជាមួយបងទៀតដែរ

យុវជន និងមាណវីចេញពីបន្ទប់ភ្លេង ក៏ឡើងទៅបន្ទប់រៀងខ្លួន ដោយមិនខ្វល់​ពី​មិត្តភក្តិដែលកំពុងឈរស្តាប់យ៉ាងត្រៀបត្រា។ សុវណ្ណនិយាយទៅកាន់វណ្ណា៖

-តើរឿងវាយ៉ាងម៉េច?

-ហេតុអីក៏វិនីតមានសំឡេងជាមនុស្សស្រី?

-បងឆាប់និយាយទៅ

-ការពិតនាងជាស្រីទេ!

-ព្រះជាម្ចាស់អើយ! ហេតុអីក៏ឲ្យក្មេងស្រីម្នាក់នេះ កុហកពួកយើងយូរយ៉ាងនេះ

-ពួកឯងទាំងពីរសុទ្ធតែដឹងរឿងអ្ហេ ហេតុអីក៏លាក់ពួកយើង?

-សូមទោស! ការពិតពិចិត្រសម្រេចថា ប្រាប់ពួកបងដែរ តែខ្លាចនៅពេលដែល​រឿងបែកការហើយ ពួកយើងនឹងបាត់បង់ក្មេងស្រីម្នាក់នេះ ឲ្យខ្ញុំសូមទោសផង

-ចុះពួកយើងគិតធ្វើយ៉ាងម៉េចចំពោះនាងនោះ? (រ៉ាឌីបន្លឺ)

-មែនធ្វើយ៉ាងម៉េច ពួកយើងធ្វើដូចជាមិនដឹងរឿងទៅ (រ៉ាណេតប)

-ថាម៉េច!

-ពួកយើងស្រលាញ់វាដូចជាបងប្អូនទៅហើយ ហើយបើលោកចាងហ្វាងដឹងពី​រឿងនេះ នាងប្រាកដជាពិបាកហើយ

-ពិតមែនហើយ! រង់ចាំ ឲ្យនាងផុតកុងត្រាសិនទៅ (សុវណ្ណតប)

-ពួកបងគិតអ៊ីចឹងអ្ហេ? (វណ្ណាឧទាន)

-ត្រូវហើយ! បើសិនជាឲ្យនាងដឹងខ្លួនថា ពួកយើងដឹងថា នាងជាស្រី វានឹង​ធ្វើ​ឲ្យនាងមិនស្រួលក្នុងការរស់នៅជាមួយពួកយើងទេ អ្វីៗដូចធម្មតា តើពួកឯង​យល់យ៉ាងម៉េច?

-ok! គ្រប់យ៉ាងគឺដូចធម្មតា

យុវជនទាំង​អស់ពិតជាមានក្តីស្រលាញ់ចំពោះវិនីតពិតមែន។ យុវតីនៅតែ​អាច​រស់នៅជាមួយក្រុមយុវជនក្នុងនាមជាមនុស្សប្រុស។ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក យុវជន​​ទាំងអស់ពុំសូវប្រឡែងលេងប៉ះពាល់នាងដូចពីមុនឡើយ។

 

 


វគ្គ៦                              ស្នាមញញឹម

ចាប់តាំងពីមានបញ្ហាជាមួយគ្នាមក វិនីតពុំសូវនិយាយស្តីជាមួយពិចិត្រឡើយ​។ នាងដើរចេញពីស្ទូឌីយ៉ូ ក៏ជួបនឹងយុវជនល្មម តែនាងបម្រុងធ្វើហីដូច​មិនឃើញ ពិចិត្រក៏បន្លឺឡើង៖

-តើប៉ុន្មានថ្ងៃនេះ ឯងកើតស្អី?

-គ្មានកើតស្អីទេ គ្រាន់តែមិនចង់និយាយជាមួយអ្នកខ្លះ ខ្ញុំទៅហើយ

-ឯងគិតថា ពេលវេលាអាចដូចដើមអ្ហេ?……….បងសារភាព កាលពីពីរឆ្នាំមុន ​វា​ដូចជាបទចម្រៀងនោះអ៊ីចឹង ប៉ុន្តែឯងដឹងទេ ពេលវេលាឈឺចាប់នោះ វាបាន​រសាត់​ចេញពីបងហើយ ឬឯងចង់ឲ្យបងវិលទៅរកពេលវេលានោះវិញ?

-ប៉ុន្តែអ្នកនាងសូរិយានៅតែស្រលាញ់បង ហើយពួកបងអាចបើសិន…….

-មិនអាចទេ!

-ហេតុអីក៏មិនអាច?

-ព្រោះបងមានអ្នកដែលបងស្រលាញ់រួចទៅហើយ

សូរិយាស្តាប់ឮពាក្យទាំងអស់ដែលយុវជននិយាយ ទឹកភ្នែកស្រក់ច្រោក នាង​ក្តុកក្តួល​ណាស់ ក៏ដើរចេញទៅ។ ចំណែកវណ្ណានៅឈរធ្មឹងបន្តទៀត។ វិនីតស្ងៀមមិន​តបឆ្លើយ យុវជនបន្ត៖

-ឯងដឹងពីមូលហេតុហើយ តើឯងចង់ឲ្យបងទទួលនាងទៀតអ្ហេ?

-សូមទោស! ខ្ញុំមិនដឹងថា បងមានមនុស្សដែលខ្លួនស្រលាញ់នោះទេ តើខ្ញុំ​ស្គាល់​​គាត់ទេ?

-ឯងប្រហែលជាមិនស្គាល់ទេ…….. បានហើយ! ពួកយើងទៅញ៉ាំបាយទៅ

ពិចិត្រដឹកដៃវិនីតចេញទៅ។ ចំណែកវណ្ណាឈរញញឹមតែម្នាក់ឯង។ អ្វីដែលរីក​រាយ គឺពេលនេះពួកគេជួបជុំគ្នានៅតុអាហារថ្ងៃត្រង់នៅក្នុងហាងមួយ។ ចៃដន្យ​សូរិយា និងបងប្រុសក៏ទៅស្រស់ស្រូបនៅទីនោះដែរ។ សុវណ្ណបន្លឺ៖

-សួស្តីលោកចាងហ្វាង

-អូ! ពួកឯងក៏ញ៉ាំអាហារនៅទីនេះដែរអ្ហេ ល្អណាស់អ៊ីចឹង ខ្ញុំខានញ៉ាំបាយរួមតុ​ជាមួយពួកឯងយូរហើយ

-អញ្ជើញបង!

វិនីតលួចមើលមុខពិចិត្រ និងសូរិយា។ វណ្ណាបន្លឺ៖

-ញ៉ាំទៅ!

-បាទ!

-ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត(ពិចិត្រឧទាន)

សូរិយាតាមសម្លឹងពិចិត្ររហូត។ មួយសន្ទុះនាងក៏ងើបចេញទៅពីក្រោយ​យុវជន។ លុះពិចិត្រចេញពីបន្ទប់ទឹកវិញ៖

-នាងមកបន្ទប់ទឹកដែរអ្ហេ?

-ចាស!

-អ៊ីចឹង ខ្ញុំទៅតុមុនហើយ

-ខ្ញុំចង់និយាយជាមួយបងបន្តិចបានទេ?

-មានការអីអ្ហេ?

-សូមទោស! ដែលធ្វើឲ្យបងឈឺចាប់យ៉ាងនេះ តើបងអាចទុកឱកាសឲ្យខ្ញុំផង​បានទេ?

-សូរិយា!

-ខ្ញុំដឹង ថាបងមានអ្នកដែលបងស្រលាញ់ហើយ តែខ្ញុំ………….

-នាងមិនខុសទេ! កុំមានអារម្មណ៍បែបនោះអី រឿងកន្លងហួសហើយ បំភ្លេច​វាចុះ

-បងគិតថា ខ្ញុំមានអារម្មណ៍ខុស ទើបចង់ឲ្យបងទុកឱកាសឲ្យអ៊ីចឹងអ្ហេ? ការពិត​ខ្ញុំត្រឡប់មកម្តងនេះ គឺគ្មានបំណងត្រឡប់ទៅវិញទេ ខ្ញុំតែងតែសង្ឃឹមថា បង​នៅ​ស្រលាញ់ខ្ញុំ រង់ចាំខ្ញុំ ហើយព្រមទទួលយកខ្ញុំ

-សូមទោស!

-តើអាចប្តូរពាក្យសូមទោសនេះ ទៅជាពេលវេលាកាលពីបួនឆ្នាំមុនបានទេ?

-សូមទោស!

សូរិយារត់ចេញទៅទាំងទឹកភ្នែក។ នាងមិនបានចូលតុអាហារវិញទេ។ លុះមក​ដល់ផ្ទះ លោកប្រាក់នាគក៏បន្លឺ៖

-ថ្ងៃមិញមានរឿងអី?

-គ្មានទេបង!

-ឯងនិងពិចិត្រយ៉ាងម៉េចហើយ?

-គាត់ឈប់ស្រលាញ់ខ្ញុំហើយ ហើយថែមទាំងមានមនុស្សដែលគាត់ស្រលាញ់​ទៀតផង

-អ្នកណាគេ?………..កុំប្រាប់ថា វិនីតណា

-ខ្ញុំក៏មិនដឹងដែរ

-ប្រហែលជាគេនៅខឹងនឹងឯងហើយ ឯងកុំបង្ខំអី

-មិនអីទេបង! ខ្ញុំមិនបោះបង់ចោលងាយៗទេ ត្រូវហើយបង! វីស៊ីឌីបេះដូងពិត​របស់បងហ្នឹង ខ្ញុំបានផ្ញើទៅចិនហើយ

-តើយ៉ាងម៉េចហើយ?

-លោកចាងហ្វាងដូចជាចាប់អារម្មណ៍ណាស់ ពីទឹកដមសំឡេង និងបទភ្លេង​ដែលពួកគាត់បង្កើតឡើង

-ប្រសើរណាស់! តើពួកយើងមានសង្ឃឹមអាចឈានចូលទីផ្សារបរទេសទេ?

-គឺអាចណាបង ព្រោះលោកចាងហ្វាងកំពុងតែធ្វើដំណើរមកកម្ពុជាហើយ

-អ៊ីចឹងពេលគាត់មកដល់ តើគាត់ស្នាក់នៅឯណា?

-រឿងនេះខ្ញុំមិនដឹងទេ ព្រោះគាត់ទៅណាមកណាគ្មាននរណាដឹងឡើយ

ថ្លែងពីក្រុមយុវជន បន្ទាប់ពីបញ្ចប់បទភ្លេងថ្មី ក៏នាំគ្នាទៅប្រាសខ្លួនដេកលើ​សាឡុង រ៉ាណេងើបអង្គុយហើយ យកទឹកផឹកបន្តិចក៏បន្លឺទៅរកវិនីត ដែលអង្គុយ​ឈ្ងោក​ពីមុខកុំព្យូទ័រ៖

-ឯងធ្វើអីហ្នឹង មិនចេះហត់ទេអ្ហេ?

-បងចាំស្តាប់ណា……….ចាងហ្វាងផលិតកម្មមួយនៅចិនបានចាកចេញពី​ស្រុក​​​​មក​លេងកម្ពុជាដោយគ្មានអ្នកណាដឹង ថាលោកស្នាក់នៅទីណាឡើយ។ លោក ហ្វុន ចូវលី មិនមែនត្រឹមតែជាផលិតករនោះទេ លោកថែមទាំងមាន​ទេពកោសល្យ​ក្នុងការនិពន្ធបទភ្លេង​ ដែលចេញពីនោសញ្ចេតនា និងអាម្មណ៍​ពិតថែមទៀតផង។ តាមព័ត៌មានខ្សឹបខ្សៀវបានឲ្យដឹងថា លោកអញ្ជើញមក​កម្ពុជា​មិនមែនត្រឹមតែជាការដើរកម្សាន្តនោះទេ លោកនឹងស្វែងរកបទភ្លេងថ្មី ដែលផុសចេញពីទឹកដីអច្ឆរិយមួយនេះ។………..

-ហេតុអីក៏ឈប់អាន?​(រ៉ាណេនិយាយ)

-ចប់ហើយហ្នឹង! …………អ្ហើយ!

-ម៉េចក៏ដកដង្ហើមធំ? (ពិចិត្រសួរ)

-តើអនាគត ខ្ញុំអាចដូចជាគាត់ទេហ្ន៎?

-ឯងពិតជាអាច! (យុវជនទាំងអស់បន្លឺព្រមគ្នា)

-មិនចាំបាច់លើកទឹកចិត្តខ្ញុំទេ ខ្ញុំធ្វើម៉េចនឹងអាចក្លាយជាផលិតករបាន

-បើឯងមិនចង់ផង ធ្វើម៉េចនឹងអាច

-ផលិតករខ្លួនឯង និពន្ធបទភ្លេងខ្លួនឯង គួរឲ្យមានមោទនភាពណាស់ ខ្ញុំទៅ​គេង​ហើយ រាត្រីសួស្តីបង!

-សុបិនល្អ!

វិនីតដើរទៅដោយកាន់កុំព្យូទ័រទៅជាមួយផង។ ពាក់កណ្តាលអាធ្រាត្រទៅ​ហើយ​ ពិចិត្របែរជានឹកឃើញដល់សំដីវិនីត នាយហាក់បីដូចជារសាប់រសល់ ក៏ស្ទុះ​ងើបឡើងដើរចូលទៅបន្ទប់ភ្លេង។ នាយកាន់ក្រដាសបទភ្លេងរបស់ខ្លួន មកអង្គុយ​​នៅពីមុខកុំព្យូទ័រ។ លុះព្រឹកឡើងនាយក៏ហុចក្រដាសបទភ្លេងនោះ ទៅឲ្យវិនីត។ វិនីត​

ឈោងយកហើយ ក៏បន្លឺឡើង៖

-ស្រមោលស្នេហ៍អូន! ហេតុអីក៏បងឲ្យវាមកខ្ញុំ?

-ក្រែងឯងថាវាពីរោះអ្ហេ

-តែបងមិនចូលចិត្តឲ្យខ្ញុំលេងវាទេ

-នេះជាបទភ្លេងទីមួយដែលបងសរសេរ នៅមានទីពីរ ទីបីបន្តទៀត បងទៅចាំ​ឯងនៅឡានមុន

វិនីតហាក់សប្បាយចិត្តណាស់ នៅពេលឃើញពិចិត្រព្រមសរសេរបទភ្លេងថ្មី តែនាងមិនដឹងថា មូលហេតុអ្វី ដែលធ្វើឲ្យយុវជនផ្លាស់ប្តូរចិត្តយ៉ាងនេះឡើយ។ មាណវី​បន្លឺ​តិ​ច​ៗ៖

-តើអ្វីដែលធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តយ៉ាងនេះ?

-គឺខ្លួនឯងហ្នឹងហើយ! (វណ្ណឧទាន)

-ខ្ញុំ!

-វាជាទីមោទនភាពណាស់ ដែលផលិតករខ្លួនឯងអាចនិពន្ធបទភ្លេងខ្លួន​ឯង​បាន ហើយរឹតតែអស្ចារ្យថែមទៀតនោះ អ្នកចម្រៀងដ៏ល្បីមិនត្រឹមតែមាន​ទឹក​​ដម​​​សំឡេង​ពីរោះ ថែមទាំងអាចសរសេរបទភ្លេងដោយខ្លួនឯងថែមទៀត នេះ​មិនមែនជារឿងល្អទេអ្ហេ?

-គឺល្អខ្លាំងណាស់

ពិចិត្របានឆ្លងផុតអស់ហើយនូវស្រមោលអតីតកាល។​ ទោះបីជាការចងចាំ​នៅមានតិចតួចក៏ដោយ តែការរស់នៅបច្ចុប្បន្នរបស់យុវជន គឺមានសេចក្តីសុខ​ណាស់។ នេះគឺព្រោះដោយសារក្មេងស្រីម្នាក់ឬ? តើការចងចាំដ៏តិចតួចនោះ ពិតជា​គ្មានរូបសូរិយានៅក្នុងចិត្តមែនអ្ហេ? ចុះសូរិយាដែលមានសង្ឃឹមមួយរយភាគរយក្នុង​ការវិលត្រឡប់មករកយុវជននឹងទៅជាយ៉ាងណា? ទោះបីជាយ៉ាងណា កំហុស​ស្នេហា​​មួយនេះ គឺសូរិយាតែងតែដាក់មកលើខ្លួននាង។ នាងក្រៀមក្រំណាស់ ស្ទើរតែគ្មាន​ព្រលឹងនៅក្នុងខ្លួន។ វិនីតដើរចូលក្នុងបន្ទប់ភ្លេង ក៏ភ្ញាក់ព្រើត៖

-គឺអ្នកនាងទេអ្ហេ!…..សូមទោស ខ្ញុំរំខានហើយ

-ឈប់សិន! តើលោកចូលមកមានការអីអ្ហេ?

-ខ្ញុំគិតថា មកសមបទភ្លេងនេះមើល តែមិនអីទេ ចាំលើកក្រោយក៏បាន ខ្ញុំទៅ​វិញហើយ

-តើបទអីគេ?

-គឺ…………

-ឲ្យមកខ្ញុំសុំមើលបន្តិចមក

វិនីតហុចក្រដាសបទភ្លេងទៅសូរិយា។ សូរិយាហាក់បីដូចជាស្ទាត់ជំនាញខាង​

ព្យាណូណាស់។ បទភ្លេងដ៏អន្លង់អន្លោចបានបន្លឺឡើង ធ្វើឲ្យនាងនឹកឃើញថ្ងៃ   ដែល

​នាងចាកចេញពីពិចិត្រ។ តំណក់ទឹកភ្នែកស្រក់ចុះ វិនីតហាក់យល់ច្បាស់ពីអារម្មណ៍​ឈឺចាប់របស់សូរិយា នាងនៅស្ងៀមមិននិយាយស្តី តែបន្ទាប់ពីបទភ្លេងត្រូវបញ្ចប់ សូរិយាក៏បន្លឺឡើង៖

-បទនេះពីរោះណាស់ លោកជាអ្នកធ្វើវាអ្ហេ?

-មិនមែនទេ!

-បើមិនមែនលោក តើនរណាជាអ្នកធ្វើ?

-គឺបងពិចិត្រ!

-គឺគាត់!

សូរិយាយំហ៊ូ គឺយំខ្លាំងណាស់ វិនីតបន្លឺ៖

-សូមទោស! ខ្ញុំមិនគួរឲ្យអ្នកនាងឃើញបទនេះទេ

-មិនអីទេ! ខ្ញុំគួរតែអរគុណលោក បើកាលនោះ ខ្ញុំដឹងថា គាត់ឈឺចាប់យ៉ាងនេះ​ខ្ញុំនឹងមិនចាកចេញពីគាត់ទេ ហេតុអីក៏ខ្ញុំធ្វើអ៊ីចឹង?

-បងពិចិត្រមិនដែលបន្ទោសអ្នកនាងទេ គាត់និយាយថា បើសិនជាគាត់ ក៏គាត់​​ធ្វើអ៊ីចឹងដែរ

-ប៉ុន្តែគ្រប់យ៉ាងគឺហួសពេលហើយ លោកដឹងទេ គាត់ឈប់ស្រលាញ់ខ្ញុំហើយ គាត់មានមនុស្សដែលគាត់ស្រលាញ់ហើយ តើឲ្យខ្ញុំធ្វើយ៉ាងម៉េច?

-រឿងនេះ……..

-តើលោកស្គាល់មនុស្សស្រីដែលគាត់ស្រលាញ់ទេ តើនាងធ្វើការអី រស់នៅឯ​ណា? តើខ្ញុំស្គាល់នាងទេ?

-ខ្ញុំនិយាយការពិតចុះ ចាប់ពីខ្ញុំរស់នៅជាមួយនឹងគាត់មក ខ្ញុំមិនដែលឃើញ​គាត់មានទំនាក់ទំនងជាមួយមនុស្សស្រីណាជាពិសេសនោះទេ

-ឬមួយក៏គាត់កុហកខ្ញុំ? គាត់ប្រហែលជានៅខឹងនឹងខ្ញុំមែនហើយ ទើបកុហកខ្ញុំ ខ្ញុំមិនត្រូវអស់សង្ឃឹមងាយៗទេ មែនទេ?

-បាទ! ត្រូវហើយ

-អរគុណលោក! ខ្ញុំទៅវិញហើយ នេះបទភ្លេងរបស់លោក អរគុណ!

សូរិយាហាក់មានសង្ឃឹមឡើងវិញ​ តែវិនីតកំពុងស្ថិតនៅក្រោមផ្ទៃមេឃដ៏​ស្រអាប់ នាងសញ្ជប់សញ្ជឹងតែម្នាក់ឯង។ ពិចិត្របន្លឺ៖

-អង្គុយហាលសន្សើមដល់ណាទៀត?

-គឺបងទេអ្ហេ!

-ពិបាកចិត្តរឿងអី?

-គ្មានទេ! គ្រាន់តែនឹកដល់ម៉ែប៉ុណ្ណោះ

-មិនមែនរឿងចុះកុងត្រាទេអ្ហេ? ឯងគិតយ៉ាងម៉េច?

-ខ្ញុំសម្រេចចិត្តថាប្រាប់គាត់នៅថ្ងៃស្អែកនេះ

-បងទៅជាមួយឯង

-កុំអី…..

-រឿងនេះ បងជាអ្នកបង្កឡើង បងត្រូវតែមានចំណែក

-តែលោកចាងហ្វាងប្រាកដជាខឹងនឹងបង

-ខឹង វាយ៉ាងម៉េច? ឯងខ្លាចបង ត្រូវគេបណ្តេញចេញពីផលិតកម្មអ្ហេ……​បើ​ពិត​ជា​ត្រូវគេបណ្តេញចេញមែន បងទៅធ្វើជាថៅកែម៉ាស៊ីនស្រូវវិញក៏បាន ពេល​នោះ ឯងត្រូវទៅធ្វើជាជំនួយការថៅកែហើយ

-បងនៅនិយាយលេងទៀត

-បានហើយ! ពួកយើងទៅគេងទៅ

ពិចិត្រដឹកដៃវិនីតចូលទៅក្នុងផ្ទះ។

ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីយ៉ាងត្រចះ យុវតីរូតរះមកដល់ក្រុមហ៊ុន​មុន។ លោកចាងហ្វាងបន្លឺ៖

-វិនីត! ឯងមកដល់ពីព្រលឹមតែម្តង អង្គុយសិនទៅ……..មួយរយៈពេលនេះ ខ្ញុំ​ពិត​ជាពេញចិត្តនឹង​ការងារ​ឯងណាស់ ហ៏នេះកុងត្រា ពិនិត្យមើលទៅ ឯងចង់​ចុះ​​ប៉ុន្មានឆ្នាំ​ក៏បាន​ដែរ ខ្ញុំឲ្យអាទិភាពទៅឯងហើយ

-លោកចាងហ្វាង!

-យ៉ាងម៉េច?

-ឲ្យខ្ញុំសូមទោស ដែលកុហកលោកចាងហ្វាង

-មានរឿងអី?

-ខ្ញុំ…….ខ្ញុំ………….ខ្ញុំមិ​នមែនជាមនុស្សប្រុសទេ

-ថាម៉េច!………..ឯកំពុងនិយាយអីហ្នឹង?

-ការពិតខ្ញុំជាមនុស្សស្រីទេ

វិនីតបន្លឺជាសំឡេងមនុស្សស្រីឡើង ទើបនិយាយបន្ត៖

-ខ្ញុំអាចប្រើសំឡេងពីរបាន គឺមនុស្សប្រុសនិងមនុស្សស្រី

-ឯង…..!

-សូមលោកចាងហ្វាងអភ័យទោសឲ្យខ្ញុំផង

-ម៉េចនឹងអាចទៅរួច! …………….ចុះពួកគេទាំងអស់គ្នាដឹងទេ?

-ពួកគាត់មិនដឹងរឿងនេះទេ

-តែខ្ញុំដឹង

-ពិចិត្រ!………..តើពួកឯងកំពុងតែធ្វើអីហ្នឹង ពួកឯងនាំគ្នាកុហកយើងអ្ហេ?

-ឲ្យខ្ញុំសូមទោសបង

-គ្មានទាក់ទងនឹងគាត់ទេ គឺមកពីខ្ញុំទាំងអស់ មកពីខ្ញុំចូលចិត្តតែងខ្លួនជា​​មនុស្ស​ប្រុស សូមទោស សូមទោស!

-អ៊ីចឹងរឿងដែលចុះកាសែតនោះជារឿងពិតអ្ហេ?

-មិនពិតទេ! ខ្ញុំពិតជាសូមទោសលោកចាងហ្វាងពិតមែន

-ឯងដឹងពីលទ្ធផលដែលឯងកុហកខ្ញុំទេ? ហេតុអីក៏នាងធ្វើអ៊ីចឹង?

-មកពីលោកមិនព្រមទទួលអ្នកនិពន្ធជាមនុស្សស្រីហ្នឹងណា? (រ៉ាណេបន្លឺ និង​មិត្ត​​ឯ​ទៀតដើរចូលមក)

-កុំប្រាប់ថាពួកឯងសុទ្ធតែដឹងរឿងណា?

-ពួកយើងក៏ទើបតែដឹងដែរ?

-ពួកបងដឹងអ្ហេ!

-អាល្អិតឯងនេះ កុហកពួកយើងមករហូត

-សូមទោស!

-ពួកខ្ញុំមកនេះ គឺសូមឲ្យបង អភ័យទោសដល់នាងផង

-ការពិតវា ក៏មិនចង់ដែរ

-សូមលោកចាងហ្វាងមេត្តាផង

-នេះពួកឯងអង្វរជំនួសនាងផងអ្ហេ តើពួកឯងមានគិតពីអារម្មណ៍យើងទេ ហេតុ​​អីក៏នាំគ្នាមកកុហកយើងយ៉ាងនេះ? ចំណែកនាង តើសប្បាយណាស់ទៅ អ្ហេ ដែលធ្វើខ្លួនប្រុសមិ​នដូចប្រុស ស្រីមិនដូចស្រី

-លោកចាងហ្វាង!

-បានហើយ! ពួកឯងត្រឡប់ទៅវិញសិនទៅ ចំណែករឿងកុងត្រា ចាំយើង​ពិចារណា​​សិន

-លោកចាងហ្វាង!

-ពួកឯងទៅធ្វើការពួកឯងទៅ ពិចិត្រឯងនៅទីនេះសិនហើយ

-ពួកយើងចេញទៅ

-ឯងដឹងរឿងយូរហើយ ហេតុអីក៏មិនប្រាប់បង?

-សូមទោស! ពីដំបូង ខ្ញុំក៏ប្រុងប្រាប់បងដែរ បងនៅចាំថ្ងៃដែលវិនីតមកសុំបើក​ប្រាក់មុនទេ? ថ្ងៃនោះហើយដែលនាងសុំអង្វរខ្ញុំ ព្រោះតែនាងត្រូវការលុយ​​យកទៅវះកាត់ប្អូន

-អ៊ីចឹងឯងក៏សុខចិត្តកុហកបងបន្តទៀតបែបនេះអ្ហេ?

-បើបងដឹងហើយ តើបងនៅទទួលវិនីតជាអ្នកនិពន្ធទៀតទេ?

-អ្ហើយ! និយាយចុះនិយាយឡើង ពួកឯងនៅតែខ្លាចយើង បដិសេធវិនីត បង​សួរឯងតាមត្រង់ តើឯងស្រលាញ់វិនីតមែនទេ…………ចុះសូរិយា?

-ខ្ញុំថា រឿងនេះមិនទាក់ទងនឹងគ្នាទេ បងក៏ដឹង អ្នកនិពន្ធមានសមត្ថភាពយ៉ាង​នេះ យើងម៉េចនឹងអាចបាត់បង់នាងបាន

-តែបងធ្លាប់បោះបង់អ្នកនិពន្ធដែលមានសមត្ថភាពអស់ជាច្រើនហើយ ឬមួយ​ឯងគិតថា បងអាចទទួលវិនីត?

-ខ្ញុំមិនដឹងមូលហេតុអ្វី បានជាបងមិនព្រមទទួលអ្នកនិពន្ធស្រីនោះទេ តែម្តង​នេះ​បងមិនអាចបដិសេធនាងបានឡើយ

-ឯងចង់ដឹងមូលហេតុដែលធ្វើឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់នោះទេ គឺ​ព្រោះ​តែខ្លាចឯងភ្លេច​សូរិយា ឯងដឹងទេ?

-បងនិយាយអី!

-សូរិយាមិនដែលបំភ្លេចឯងម្តងណាឡើយ នាងតែងតែបារម្ភពីឯង ភ័យខ្លាច​ឯង​ទៅ​ស្រលាញ់ស្រីផ្សេង បំភ្លេចនាងចោល​ ឯងដឹងទេ?

-បងចង់និយាយថា ព្រោះតែខ្ញុំ ទើបធ្វើឲ្យបងបដិសេធអ្នកនិពន្ធទាំងអស់នោះ​​អ្ហេ? ហេតុអីក៏បងធ្វើអ៊ីចឹង?

-គឺព្រោះតែសូរិយានាងនៅស្រលាញ់ឯង

-តែការធ្វើបែបនេះ បងមិនគិតថា វាអាត្មានិយមពេកទេ? ដើម្បីប្អូនស្រីបង ចុះ​ចំណែកខ្ញុំ បងពេញចិត្តនឹងការរស់នៅរបស់ខ្ញុំកន្លងមកទេ?

-រឿងនេះ!

-ខ្ញុំពិបាកណាស់ទើបឆ្លងផុតដំណាក់កាលឈឺចាប់ទាំងនោះ ឥឡូវ ខ្ញុំអាច​រស់​នៅបានដោយរីករាយហើយ បើសិនជាបង តើបងត្រឡប់ក្រោយទេ?…. ការ​រស់នៅដែលគ្មានក្តីសង្ឃឹមសូម្បីតែបន្តិច ស្រាប់តែឥឡូវ នាងក៏ថាត្រឡប់​មក​រក​ខ្ញុំវិញ តើខ្ញុំគួរធ្វើយ៉ាងម៉េច? ពេលនេះ ខ្ញុំដឹងត្រឹមថា ខ្ញុំមិនដូចដើមទេ ខ្ញុំ​ប្រែប្រួល​ហើយ ខ្ញុំលែងត្រូវការនាងដូចពីមុនទៀតហើយ តែខ្ញុំក៏មិនបានខឹង ឬ​ស្អប់នាងនោះដែរ គ្រាន់តែឲ្យខ្ញុំទទួលនាងគឺមិនបានទេ ព្រោះខ្ញុំបាន​ស្រលាញ់​​​​​​មនុស្សម្នាក់ផ្សេងរួចទៅហើយ

-មនុស្សម្នាក់នោះគឺវិនីតមែនទេ?

-បាទ!

-ចុះបើបងបដិសេធនាង ឯងគិតធ្វើយ៉ាងម៉េច?

-ខ្ញុំគិតថាបង មិនធ្វើបែបហ្នឹងទេ ព្រោះវិនីតគ្មានកំហុស បើចង់បន្ទោស គឺ

បន្ទោស​ខ្ញុំ ដែលធ្វើឲ្យនាងបាត់បង់ការងារយ៉ាងនេះ ខ្ញុំទៅវិញហើយ។

សូរិយាស្ទុះងាកទៅម្ខាងកុំឲ្យយុវជនឃើញ នាងខ្សឹកខ្សួលយ៉ាងខ្លាំង ស្ទើរតែ​

ងើប​ដើរ​មិនរួច តែក៏ខំតាំងស្មារតីឡើងដើរចូលទៅជួបបងប្រុស។ ចំណែកវិនីត នាង​មិន​ហ៊ានសម្លឹងមើលទៅក្រុមយុវជន ដែលកំពុងឈរនៅជុំវិញនាង​​ឡើយ។     រ៉ាណេ​

បន្លឺឡើង៖

-ឯងគ្មានពាក្យនិយាយជាមួយពួកយើងទេអ្ហេ?

-សូមទោស!

-ឯងនិយាយសូមទោស ជិតមួយលានដងហើយណា

-សូមទោស!

-បានហើយ! បងថាឯងហត់ហើយ ចូលទៅក្នុងបន្ទប់សម្រាកមួយភ្លែ​តសិនទៅ

វណ្ណានិយាយហើយ ក៏ដឹកដៃនាងចូលទៅក្នុបន្ទប់។ សុវណ្ណឧទាន៖

-ពួកយើងទៅក្រុមហ៊ុនវិញទៅ ពិចិត្រប្រហែលជារកពួកយើងហើយ

-អ៊ីចឹងក៏បាន

-ចុះបងវណ្ណា?

-ឲ្យគេទៅតាមក្រោយទៅ

វណ្ណានាំវិនីតទៅដល់ក្នុងបន្ទប់ហើយ ក៏ចេញទៅក្រុមហ៊ុនតាមក្រោយ។ ចំណែក​​វិនីត​នាងគិតច្រើនណាស់ នាងគិតថា លោកចាងហ្វាងនឹងមិនទទួល​នាង​ឡើយ​។ គិត​ហើយ​គិតទៀត មធ្យោបាយមានតែមួយសម្រាប់ក្មេងស្រីម្នាក់នេះ គឺការ​ចាកចេញ។ ពេលនេះ នាងកំពុងអង្គុយនៅក្នុងសួនច្បារក្បែរអីវ៉ាន់របស់ខ្លួន។ យុវតីដ៏​តូចល្អិត នាងគិតថាការសម្រេចចិត្តរបស់នាងគឺត្រឹមត្រូវហើយ នាងសម្លឹងមើលមេឃ ហើយ​​ដកដង្ហើមធំ ទើបបន្លឺឡើង៖​”មានរឿងអីដែលឯងត្រូវពិបាកចិត្ត ក្រែងឯងបាន​ត្រៀម​​ខ្លួនរួចហើយអ្ហេ? ពេលនេះ ឯងមិនមែនជាអ្នកនិពន្ធទៀតទេ! លាហើយ រាជធានី​ភ្នំពេញ!”។

វិនីតបានបន្លឺសំឡេងខ្លាំងៗ តែក៏ស្រាប់តែស្ងៀមមួយរំពេច៖

-ស្នាមញញឹម

យុវតីងាករកប្រភពសំឡេង នាងបានឃើញយ៉ាងច្បាស់នូវមនុស្ស​ប្រុសវ័យ​កណ្តាល​ម្នាក់ ភិនភាគហាក់មិនមែនជាជនជាតិខ្មែរ ប៉ុន្តែហេតុអ្វីក៏ស្តាប់បទខ្មែរ ហើយ​ជាបទ ដែលនាងនិពន្ធថែមទៀត។ នាងបានឃើញស្នាមញញឹមយ៉ាងច្បាស់របស់​មនុស្ស​ប្រុសនោះ តែចំណែកនាង បែរជារឹតតែក្រៀមក្រំ ព្រោះគិតថា ចាប់ពី​​ថ្ងៃនេះ​ទៅ បទ​ចម្រៀងរបស់នាង នឹងគ្មានឱកាសចេញផ្សាយទៀតឡើយ។ វិនីតដកដង្ហើមធំ​ទៀត​​ហើយ ស្រាប់តែនាងភ្ញាក់ព្រើត នៅពេលបុរសកូនកាត់ម្នាក់នោះ ហុចកាស​ត្រចៀក​​មកឲ្យខ្លួន ដោយនិយាយភាសាខ្មែរទាំងរដិបរដុប៖”ស្តាប់ចម្រៀងនេះទៅ”។ វិនីត​​ឈោងយកកាសត្រចៀកមកស្តាប់ នាងញញឹម លាយនឹងដំណក់ទឹកភ្នែក ដែល​ស្រក់​​ចុះ មិនអាចឃាត់បាន។ បុរសវ័យកណ្តាលក៏ទៅអង្គុយក្បែរនាង ហើយនៅតែ​និយាយ​ទាំងរដិបរដុបថា៖

-ស្តាប់បទនេះហើយនាងគួរតែញញឹម ហេតុអីក៏យំ?

-សូមទោស! ធ្វើឲ្យពូភ័យហើយ… លោកពូ មិនមែនជាជនជាតិខ្មែរ​ទេ​មែនទេ?

-ត្រូវហើយ! ខ្ញុំជាជនជាតិចិន ខ្ញុំមកកម្ពុជាដើម្បីដើរកម្សាន្ត

-តែលោកពូនិយាយខ្មែរបានច្បាស់ណាស់

-ខ្ញុំមានមិត្តភក្តិម្នាក់ នាងជាជនជាតិខ្មែរ នាងជាអ្នកបង្រៀនខ្ញុំនិយាយ

-អ៊ីចឹងទេអ្ហេ! លោកពូចូលចិត្តស្តាប់បទនេះអ្ហេ?

-ត្រូវហើយ! នេះជាបទស្នាមញញឹម កាលពីស្តាប់ដំបូង ខ្ញុំពុំសូវយល់ន័យ​របស់​វាទេ តែបទភ្លេងនេះ ពីរោះខ្លាំងណាស់ វាបានចាក់ជ្រៅ​ទៅក្នុងអារម្មណ៍​របស់​ខ្ញុំ ឲ្យនឹកទៅ​ដល់អ្នកសរសេរបទភ្លេងនេះ

-នឹកដល់អ្នកសរសេរបទភ្លេង?

-ត្រូវហើយ! ឮថាអ្នកនិពន្ធបទភ្លេងនេះ គឺជាក្មេងប្រុសតូចម្នាក់ទើបតែមាន​អាយុ​​​១៨​ទៅ​១៩ឆ្នាំប៉ុណ្ណោះ ខ្ញុំយល់ថា គេមានបេះដូងដ៏ស្រស់ស្អាត មានចិត្ត​ស្រលាញ់​​តន្រ្តី ស្រលាញ់ពិភពលោក ពិសេសអ្នកនៅជុំវិញខ្លួន តើនាងធ្លាប់​ជួប​គេទេ?

-ខ្ញុំអ្ហេ!

-ខ្ញុំមកកម្ពុជាម្តងនេះ ក៏មានបំណងជួបនឹងគេដែរ និយាយឲ្យចំទៅ ខ្ញុំពេញចិត្ត​សមត្ថ​ភាព​របស់គេណាស់

-តើលោកពូគិតទៅរកគេនៅឯណា?

-នៅផលិតកម្មនាគទេព តើនាងស្គាល់ទេ?

-ខ្ញុំស្គាល់ …………តែលោកពូប្រហែលជាមិនបានជួបនឹងគេទេ?

-ហេតុអី?

-ការពិត អ្នកនិពន្ធបទភ្លេងនេះ ជាមនុស្សស្រីទេ

-នាងចង់បានន័យថាម៉េច?

-ការពិតញអ្នកនិពន្ធបទចម្រៀងនេះ ជាមនុស្សស្រីទេ ប៉ុន្តែបន្លំខ្លួនជាមនុស្ស​ប្រុស នាងបានសារភាពហើយ ហើយក៏ដឹងខ្លួនខុសដែរ ដែលកុហក​អ្នកគ្រប់​គ្នា ទើបនាង​សម្រេចចិត្តចាកចេញទៅ

-អ៊ីចឹងគេឈប់ធ្វើជាអ្នកនិពន្ធហើយអ្ហេ?

-គេក៏មិនចង់ឈប់ដែរ ប៉ុន្តែបើគេនៅតទៅទៀត គេនឹងធ្វើឲ្យអ្នកជុំវិញខ្លួនមិន​សប្បាយ​​ចិត្ត

-ចុះពេលនេះ នាងដឹងទេថាគេនៅឯណា?

-គេកំពុងតែចាកចេញហើយ ទៅស្រុកកំណើតរបស់ខ្លួនវិញដោយគ្មាន​អ្នកណា​

ដឹងឡើយ

-អ៊ីចឹងខ្ញុំលានាងទៅមុនហើយ សំណាងល្អណា ត្រូវញញឹមឲ្យបានច្រើនណា

-អរគុណលោកពូ

ទោះជាយ៉ាងណា វិនីតពិតជាសប្បាយចិត្តនៅពេលដែលឃើញបទចម្រៀង​របស់​នាង ទទួលការពេញនិយមយ៉ាងនេះ សូម្បីតែជនជាតិចិនម្នាក់នេះ ក៏ចូលចិត្ត​បទ​ចម្រៀង​របស់នាងដែរ។ នាងលើកកាបូបស្ពាយ ហើយញញឹមដើរចេញទៅ។

ពិចិត្រមកដល់ផ្ទះមុនយុវជនទាំងអស់ ក៏ស្ទុះទៅរកវិនីត តែក្នុងបន្ទប់មិនឃើញ​ស្រមោលវិនីតឡើយគឺមានតែ​សំបុត្រមួយច្បាប់ដែលទុកនៅលើតុ។ យុវជនស្ទុះ​រត់​ចេញ​​​​មកក្រៅ ហើយបើកឡានចេញទៅ។ វិនីតអង្គុយលើឡានក្រុងដោយទឹកមុខ​ស្រពោន នាងមិនបានឮសូរសំឡេងដែលពិចិត្រស្រែកហៅនាងឡើយ។ ឡានបាន​ចាកចេញពីបេនទៅហើយ ឯចរាចរណ៍ក៏ស្ទះចង្អៀតទៀត ពិចិត្រថយឡានបើកទៅ​តាមផ្លូវមួយទៀត។

ថ្លែងពីយុវជនទាំងអស់ មកដល់ផ្ទះមានសភាពស្ងាត់ជ្រងំ រ៉ាណេឃើញសំបុត្រ​វិនីត​ ដែលពិចិត្រដាក់នៅលើតុ ក៏បន្លឺឡើង៖

-ស្រីច្រម៉ក់នេះ ចាកចេញពីយើងហើយ

-ឯងនិយាយអី?

-ពួកបងអានសំបុត្រនេះទៅ

-ឲ្យខ្ញុំសូមទោសពួកបងផង អរគុណកន្លងមក ដែលពួកបងថែរក្សាខ្ញុំ ស្រលាញ់​ខ្ញុំ​ដូច​ជា​បងប្អូន​ តែខ្ញុំមិនចង់បង្កការលំបាកដល់ពួកបងទៀតទេ ខ្ញុំ​ទៅ​​ស្រុកវិញហើយ សូម​ថែរក្សាខ្លួនផង សូមទោស! វិនីត

-តើនរណាចង់ឲ្យនាងទៅនោះ? (វណ្ណាឧទាន)

-តើពិចិត្រដឹងរឿងនេះទេ? (សុវណ្ណបន្លឺ)

-ខ្ញុំតេទៅគាត់! អាឡូ តើបងនៅឯណា?

-ពួកឯងឃើញសំបុត្រហើយមែនទេ

-បាទ!

-បងទៅយកវិនីតមកវិញ បានហើយ បងកំពុងបើកឡាន ចាំបងទាក់ទងទៅ​ឯង​វិញ

-បាទបង! បងត្រូវតែយកនាងមកវិញឲ្យបានណាបង

-យ៉ាងម៉េចហើយ?

-គាត់ទៅតាមរកវិនីតហើយ ពួកយើងកុំបារម្ភអី

ពិចិត្របើកឡានមកដល់ស្ទោង នាយឈរចាំនៅមាត់ទ្វារឡានក្រុង​ ដែលចុះ​សម្រាក​នៅក្នុងភោជនីយដ្ឋាន។ វិនីតដើរចុះពីឡានមក       ក្នុងអាការដូចជាហត់ហេវ​

ណាស់ តែត្រូវ​ភ្ញាក់មួយរំពេច នៅពេលឃើញពិចិត្រឈរសម្លឹងមើលមក៖

-បង!

-ទៅយកអីវ៉ាន់មក ពួកយើងត្រឡប់ទៅវិញ

-ខ្ញុំមិនទៅវិញទេ

-ឯងជាមនុស្សបែបនេះអ្ហេ?

-ខ្ញុំមិនចង់ព្រោះតែខ្ញុំធ្វើឲ្យពួកបងពិបាកនោះទេ

-តើពួកបងពិបាករឿងអី?

-លោកចាងហ្វាងមិនខឹងនឹងបងទេអ្ហេ?

-បើឯងមិនត្រឡប់ទៅវិញទើបគាត់ខឹងនឹងបង…… គាត់ឲ្យបងមកនាំឯងទៅចុះ​កុងត្រា​ ឯងដឹងទេ?

-ថាម៉េច!

-ឬឯងមិនចង់ទៅវិញទេ?

-ខ្ញុំទៅៗ! បងចាំខ្ញុំមួយភ្លែតណា

វិនីតរត់ទៅយកអីវ៉ាន់ហើយក៏ទៅប្រាប់ពូតៃកុងឡាន។ យុវវ័យទាំងពីរក៏ធ្វើ​ដំណើរ​​ត្រឡប់​មកវិញ ប៉ុន្តែមេឃក៏ផ្តើមងងឹត ព្រះភិរុណក៏ចាប់ផ្តើមបង្អុរខ្ពោក។ មក​ដល់​ផ្ទះ​សំណាក់មួយ យុវជនក៏ឈប់នៅទីនោះ៖

-ពួកយើងសម្រាកនៅទីនេះសិនហើយ ចាំស្អែកចាំបន្តដំណើរទៀត…..​ឯងឈរ​ធ្វើអី​​ទៀត ឆាប់ចូលមក

-ចាស!

-តើពួកលោកត្រូវការអីដែរ? (អ្នកធ្វើការក្នុងផ្ទះសំណាក់សួរ)

-ខ្ញុំត្រូវការបន្ទប់ស្នាក់នៅមួយយប់

-បន្ទប់អ្ហេ! សូមចាំមួយភ្លែត………….តើលោកត្រូវការប៉ុន្មានបន្ទប់ដែរ?

-ពីរបន្ទប់ (វិនីតតប)

-សូមទោស! ពួកយើងនៅសល់តែមួយបន្ទប់ទេ

ពិចិត្រសម្លឹងទៅវិនីត អ្នកទទួលភ្ញៀវបន្ត៖

-អ្នកទាំងពីរ?

-អូ! នាងជាប្អូនស្រីខ្ញុំ

-អ៊ីចឹងមានអីឯណា ខ្ញុំថាមេឃនេះ មិនងាយរាំងភ្លៀងទេ លោកគួរតែស្នាក់នៅ​មួយ​យប់សិនទៅ តើលោកគិតយ៉ាងម៉េចដែរ?

-មិនអីទេ! ពួកខ្ញុំស្នាក់នៅ

-អញ្ជើញមកតាមខ្ញុំមក………….នេះជាបន្ទប់ពួកលោកហើយ បើលោកត្រូវការ​អី លោក​​អាចតេទៅសេវាកម្មពួកខ្ញុំបាន

-បាទអរគុណ

-ខ្ញុំទៅវិញហើយ

-បាទ ចាស!

-អ្ហើយ! ទីបំផុតបានសម្រាកហើយ

ពិចិត្រប្រាសខ្លួនទៅលើគ្រែ ភ្លេចគិតពីវិនីតដែលកំពុងឈរទ្រឹង មិនដឹងថា​ត្រូវ​ដេក​​កន្លែងណា។ យុវជនបន្លឺ៖

-ឯងមិនគេងទេអ្ហេ?

-ខ្ញុំ……………

-ពួកយើងមិនមែនមិនធ្លាប់គេងគ្រែជាមួយគ្នាឯណា មែនទេ? ឆាប់មកគេងមក

-ខ្ញុំគេងខាងក្រោមបានហើយ (វិនីតអង្គុយទៅលើការ៉ូ)

-បងនិយាយលេងតើ ឯងទៅគេងលើគ្រែទៅ (ពិចិត្របោះខ្នើយហើយ ក៏ទៅ​គេង​ក្បែរ​វិនីត)

-មិនអីទេ បងគេងលើគ្រែទៅ ខ្ញុំគេងត្រង់នេះបានហើយ

-តែបងសម្រេចថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេងត្រង់នេះហើយ ឬឯងចង់គេងក្បែរបងដែរ?

-អ្នកណាចង់គេងក្បែរបង!

វិនីតស្ទុះទៅគេងលើគ្រែ។ ទាំងពីរនាក់ក៏លង់លក់ទៅ។

សូរិយាកំពុងធ្វើការនៅក្នុងបន្ទប់ គ្រាន់តែក្រឡេកឃើញលោកហ្វុន ចូវលី នាងក៏ស្ទុះ​ងើបឡើងទៅទទួលរាក់ទាក់ដោយក្តីរំភើបរីករាយ៖

-លោកអញ្ជើញមកដល់ពីព្រលឹមតែម្តង

-បើកុំតែនាងឃាត់ ម្ល៉េះខ្ញុំមករកនាងតាំងពីយប់ម៉្លេះ

-អញ្ជើញអង្គុយសិនទៅ

-នាងដឹងច្បាស់ហើយ ថាខ្ញុំមកកម្ពុជាក៏ព្រោះតែអ្នកនិពន្ធវ័យក្មេងម្នាក់នោះ ចុះ​ពេល​នេះគេនៅឯណា?

-បន្តិចទៀតគេប្រហែលជាមកដល់ហើយ លោកអញ្ជើញពិសាទឹកសិនទៅ

-ក្រុមហ៊ុននាងមិនមែនបដិសេធនឹងវិនីតទេអ្ហេ?

-ម៉េចក៏លោកសួរអ៊ីចឹង?

-ព្រោះតែវិនីតជាមនុស្សស្រីមិនមែនជាមនុស្សប្រុសទេ

-ហេតុអីក៏លោកដឹងរឿងនេះ?

-ខ្ញុំបានឮក្មេងស្រីម្នាក់និយាយ តើវាជារឿងពិតទេ?

-មិនពិតទេ! ថ្វីត្បិតតែវិនីតបានកុហកពួកយើង តែពួកយើងមិនអនុញ្ញាតឲ្យ​នាង​​ឈប់​ឡើយ លោកកុំបារម្ភអី………អូ! នោះបងប្រុសរបស់ខ្ញុំមកដល់ហើយ

-ជម្រាបសួរលោក

-បាទ! សួស្តី

-លោកនិយាយភាសាខ្មែរបានច្បាស់ល្អណាស់

-ត្រូវអរគុណប្អូនស្រីរបស់លោកហើយ នាងជាគ្រូដ៏ល្អរបស់ខ្ញុំ

-អរគុណ

-តើពេលណា ខ្ញុំអាចជួបវិនីត និងយុវជនមួយក្រុមនោះ?

-សូមលោកចាំបន្តិចទៀតទៅ ពួកគេកំពុងតែធ្វើដំណើរមកហើយ…សូមទោស!

លោកប្រាក់នាគទទួលទូរស័ព្ទហើយ បែរជាអស់សង្ឃឹមខ្លាំងណាស់ លោក​ស្រដីទៅកាន់លោកចូវលី៖

-សូមទោសលោក គ្រួសារវិនីតមានរឿងកើតឡើង ពួកគេប្រហែលជាមិនបាន​មកជួបលោកនៅក្នុងថ្ងៃនេះទេ

-បានន័យថា នាងមិននៅក្នុងរាជធានីភ្នំពេញនេះទេ មែនទេ?

-បាទ!

-ពីរថ្ងៃទៀត ខ្ញុំត្រូវត្រឡប់ទៅវិញហើយ តើខ្ញុំអាចបានជួបនឹងពួកគេទេ?

-បាទប្រាកដណាស់លោក ខ្ញុំនឹងទាក់ទងទៅលោកនៅពេលក្រោយ

-សម្រេចអ៊ីចឹងចុះ! ខ្ញុំត្រឡប់ទៅវិញហើយ សូរិយា ខ្ញុំលានាងសិនហើយ

-ចាសលោក

-អ្ហើយ!

-តើពួកគាត់ទៅណាបង?

-ពិចិត្រជូនវិនីតទៅសៀមរាបហើយ

-ពួកគេទៅតែពីរនាក់ទេអ្ហេ?

-មិនដឹងទេ!

បន្ទាប់ពីទទួលបានទូរស័ព្ទរបស់ម្តាយហើយ ​វិនីតពិតជាបារម្ភខ្លាំងណាស់។ គ្រាន់តែចុះទៅដល់មុខផ្ទះភ្លាម នាងស្ទុះរត់ចូលទៅក្នុងផ្ទះ ប៉ុន្តែពុំមានឃើញនរណា​សោះ តារាក៏មកដល់៖

-វិនីត! សួស្តីបង

-តារា! ឯណាម៉ែ និងប្អូនខ្ញុំ

-ពួកគាត់អញ្ជើញទៅប៉ុស្តិ៍ប៉ូលីសហើយ

-ពួកយើទៅប៉ុស្តិ៍ប៉ូលីសទៅ

វិណាតត្រូវប៉ូលីសចាប់ ពីបទនៃការប្រើប្រាស់ថ្នាំញៀន។ ពេលនេះ យុវជន​ស្ថិតក្នុងសភាពញៀនថ្នាំនៅឡើយ។ អ្នកមីងវិណា ខ្សឹកខ្សួលខ្លាំងណាស់ គាត់ស្ទើរតែ​ទប់ខ្លួនមិនជាប់ ហេតុអ្វីក៏កូនប្រុសរបស់គាត់ក្លាយជាយ៉ាងនេះ? វិនីតតាំងស្មារតីដើរ​ចូលទៅរកប្អូននិងម្តាយ ដែលកំពុងស្រក់ទឹកភ្នែក៖

-ម៉ែ!

-អ្នកមីងជាអាណាព្យាបាលរបស់សា វិណាតអ្ហេ?

-ចាស! តើខ្ញុំគួរធ្វើយ៉ាងណាលោកប៉ូលីស

-បើអ្នកមីងសហការជាមួយប៉ូលីស អ្នកមីងត្រូវតែបញ្ជូនកូនអ្នកមីង ទៅ​មណ្ឌលកែប្រែ ដើម្បីព្យាបាលការញៀនថ្នាំ

-ខ្ញុំមិនទៅទេម៉ែ ឲ្យថ្នាំមកខ្ញុំ

វិណាតស្រែកឡើងក្នុងអាការៈពិបាកខ្លាំងណាស់នៅក្នុងខ្លួន។ ដោយឃើញ​​យុវជនស្ថិតក្នុងសភាពយ៉ាប់យឺនពេក ប៉ូលីសក៏នាំគេចូលទៅក្នុងប៉ុស្តិ៍វិញ។ ចំណែក​វិនីត​​ ឃើញ​សុខភាពម្តាយហាក់មិនស្រួលទាល់តែសោះ ក៏ឲ្យ​វិនាតនាំគាត់ត្រឡប់មក​ផ្ទះមុន៖

-បងជូនឯង និងអ្នកមីងទៅ

-មិនអីទេបង ខ្ញុំជិះម៉ូតូមក បងនៅជាមួយបងវិនីតឲ្យបានជាគ្នាទៅ តោះម៉ែ

ពិចិត្រទូរស័ព្ទចេះតែរោទិឥតឈប់ នាយក៏បិទទូរស័ព្ទចោល ហើយក៏ចូលទៅ​អង្គុយក្បែរវិនីត។ យុវតីបានសហការជាមួយប៉ូលីស នាងបានចូលទៅនិយាយលួង​លោមប្អូននៅក្នុងបន្ទប់៖

-បងនៅចាំខ្ញុំខាងក្រៅហើយ

-អ៊ឺ!

វិនីតដើរចូលទៅអង្គុយពីមុខប្អូន ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះ៖

-សូមទោស ដែលបងមិនបានមើលថែរក្សាឯងឲ្យបានល្អ បើបងដឹងថា មាន​រឿងបែបនេះកើតឡើងចំពោះឯង បងមិនចាកចោលផ្ទះនោះទេ បងសូមអង្វរ តើបានទេ ទៅមណ្ឌលកែប្រែជាមួយបងទៅណា!

វិនីតឈោងចាប់កាន់ដៃប្អូនដែលស្ថិតក្នុងភាពញ័រទទ្រើត។ វិណាតខំពង្រឹង​ស្មារតីឡើង ហើយស្រដីទាំងទឹកភ្នែក៖

-សូមទោស!…….ខ្ញុំខុសហើយបង ខ្ញុំមិនគួរណាជឿតាមមិត្តភក្តិ ហើយមាន​​​ចិត្ត​​ចង់សាកល្បងយ៉ាងនេះទេ

ទាំងពីរនាក់បងប្អូនយំ​ឱបគ្នាជាប់។ ចំណែកពិចិត្រកំពុងឈរនិយាយទូរស័ព្ទ​តិចៗនៅក្រៅបន្ទប់ជាមួយលោកប្រាក់នាគ៖

-បងឲ្យឯងឆាប់នាំវិនីតត្រឡប់មកវិញ

-ពួកយើងទៅមិនទាន់បានទេបង

-តើពួកឯងកំពុងតែធ្វើអីហ្នឹង ឯងដឹងទេ ឯងកំពុងតែធ្វើឲ្យបាត់បង់ឱកាសល្អ​ហើយណា?

-ប៉ុន្តែ………….

-អ៊ីចេះទៅ បើវិនីតមកមិនទាន់បានទេ ឯងត្រឡប់មកមុននាងសិនមក គាត់​ក៏​ចង់ជួបឯងដែរ

-តែខ្ញុំមិនអាចទៅចោលវិនីតបានទេ?

-ទុកឲ្យខ្ញុំនិយាយបង…ខ្ញុំគឺសូរិយាណាបង! ក្រុមហ៊ុននៅចិន គាត់ចង់​​សហការ​​ជាមួយពួកយើង គាត់ពិតជាចង់ជួបវិនីត ហើយនិងបងពិតមែន តែថ្ងៃស្អែក​នេះ គាត់ត្រូវត្រឡប់ទៅវិញហើយ បើវិនីតមិនអាចមកជាមួយបងបាន​ បងគួរតែ​ត្រឡប់មកមុននាងសិនបានទេ?

-សូមទោស ខ្ញុំទៅមិនបានទេ!

-វាជាក្តីស្រមៃរបស់បងណា នេះជាឱកាសតែមួយគត់

-បើគាត់ពិតជាចង់ជួបពួកយើងមែន គាត់ក៏អាចរង់ចាំពួកយើងបានដែរ សូមទោស​ផង ខ្ញុំមិនអាចត្រឡប់ទៅវិញនៅពេលនេះបានទេ

-អាឡូ! អាឡូ!

-ពួកគាត់ហៅបងត្រឡប់ទៅវិញអ្ហេ?

-គ្មានទេ! តើវិណាតយ៉ាងម៉េចហើយ?

-គេយល់ព្រមទៅមណ្ឌលកែប្រែហើយ យកល្អបងត្រឡប់ទៅវិញមុនទៅ កុំ​ឲ្យ​លោកចាងហ្វាង និងអ្នកនាងសូរិយាបារម្ភ

-បងមិនទៅចោលឯងទេ ថ្ងៃស្អែក បងជូនឯងទៅ មក! បងជូនឯងទៅផ្ទះ

ពិចិត្រកៀកស្មាវិនីតដើរចេញពីប៉ុស្តិ៍ប៉ូលីសរហូតទៅដល់ឡាន។ បន្ទាប់ពី​ជូន​វិនីតទៅដល់ផ្ទះហើយ នាយក៏ទៅសម្រាកនៅផ្ទះសំណាក់។ ចំណែកយុវជនទាំងអស់​គឺមានការព្រួយបារម្ភណាស់ បន្ទាប់ពីតេទៅពិចិត្រហើយ វណ្ណាក៏តេទៅរកយុវតី៖

-អាឡូ!

-បងគ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ

-មិនអីទេ! តើពួកបងសុខសប្បាយទេ?

-ពួកបងមិនអីទេ!

-តើក្រុមហ៊ុនមានបញ្ហាអីមែនទេ?

-គ្មានទេ! ឯងកុំបារម្ភអី បានហើយ! ប្រញាប់ចូលគេងទៅ

-ចាស!

-អ្ហើយ! ស្រីច្រម៉ក់នោះ ប្រហែលជាពិបាកចិត្តខ្លាំងណាស់ហើយមើលទៅ

-បងពិចិត្រសុខចិត្តបោះបង់ឱកាសមួយនេះ ក៏ព្រោះតែចង់នៅលួងលោម​នាង​ហើយមើលទៅ

ពិចិត្រ និងក្រុមគ្រួសារវិនីត បានជូនវិណាតទៅដល់មណ្ឌលកែប្រែខេត្ត​បន្ទាយមានជ័យ។ ម្តាយ ប្អូនស្រី រួមទាំងវិនីតឈរសម្លឹងទៅវិណាត ដោយភាព​ក្រៀម​ក្រំ ប៉ុន្តែទោះបីជាទឹកភ្នែក​ស្រក់ចុះ ក៏ទឹកមុខពួកគាត់ នៅតែញញឹមទៅរកកូន ឲ្យកូន​តាំងស្មារតីឡើង ពួកគាត់មិនទុកឲ្យយុវជនម្នាក់នេះ​ឲ្យស្ថិតក្នងភាពឯកាឡើយ ហើយ​នឹងនៅចាំទទួលកូនគ្រប់ពេលវេលា។ វិណាតដឹងច្បាស់ពីដឹងចិត្តក្រុមគ្រួសារមក​លើ​ខ្លួន យុវជនលុតជង្គង់ចុះ សម្រក់ទឹកភ្នែក ហើយលើកដៃទាំងពីរប្រណម្យឡើង៖

-កូនសូមទោស! កូននឹងខិតខំប្រឹងប្រែងកែប្រែខ្លួនមិនឲ្យខុសឆ្គងទៀតឡើយ បងស្រី! រឿងទាំងអស់មិនមែនជាកំហុសបងទេ មកពីខ្ញុំមិនល្អ មិនស្តាប់បង្គាប់​ តែបងកុំបារម្ភពីខ្ញុំអី ខ្ញុំសន្យានឹងបង ខ្ញុំនឹងប្រឹងប្រែង ដើម្បីផ្តាច់ថ្នាំឲ្យបាន ប្អូនស្រី! ឯងមើលថែម៉ែផងណា

-ចាស! បងកុំបារម្ភអី

-អ្នកទាំងអស់គ្នាត្រឡប់ទៅវិញចុះ បងពិចិត្រ! ខ្ញុំចង់និយាយជាមួយបងបន្តិច​ តើបានទេ?

-បាន!

-ពួកខ្ញុំចាំបង នៅខាងមុខ

វិនីត និងប្អូន​នាំម្តាយមកអង្គុយចាំនៅលើកៅអីបង់ក្រោមដើមឈើមួយក្នុង​បរិវេណមណ្ឌល។ យុវតីឲ្យប្អូននៅកំដរម្តាយ ចំណែកខ្លួនក៏ដើរមើលជុំវិញ​ទីធ្លា​នោះ។​​នាងសម្លឹងមើលគ្រប់អ្វីៗ ស្រាប់តែពិចិត្របន្លឺឡើង៖

-ហេតុអីក៏នៅទីនេះ?……..យ៉ាងម៉េច ខ្លាចវិណាតមិនទម្លាប់អ្ហេ?

-តាំងពីតូចមក គេមិនដែលទៅឆ្ងាយផ្ទះទេ ការពិត ទីនេះស្រស់ស្អាតណាស់ ខ្ញុំ​មិនដែលនឹកគិតថា​ ខ្ញុំអាចចូលមកដល់ទីនេះឡើយ

-បានហើយ! កុំគិតច្រើនពេកអី វិណាតយល់ព្រមកែប្រែហើយ ឯងគួរតែ​សប្បាយ​ចិត្ត តាំងស្មារតីឡើងដើម្បីគេ

-ខ្ញុំគិតថា ប្រសិនជាគ្មានទីនេះ តើវិណាតនឹងទៅជាយ៉ាងណា? អរគុណលោក​ជំទាវប៊ុនរ៉ានីនិងសម្តេចខ្លាំងណាស់ ដែលបង្កើតឲ្យមានទីកន្លែងនេះឡើង ត្រូវហើយ! តើវិណាត​និយាយអីជាមួយបងខ្លះ?

-គ្មានអីទេ! គេគ្រាន់តែផ្តាំផ្ញើបង ឲ្យជួយមើលឯងប៉ុណ្ណោះ បងជឿថា វិណាត​នឹងខំប្រឹងប្រែងដើម្បីកែប្រែខ្លួន ឯងកុំបារម្ភ គេអាចធ្វើបាន ពួកយើងត្រឡប់​ទៅវិញទៅ

យុវជន និងវិនីតត្រឡប់មកដល់កន្លែង ដែលមីងវិណារង់ចាំ ស្រាប់តែទូរស័ព្ទ​យុវជនបន្លឺឡើង។ នាយឃើញច្បាស់ថា ជាលេខរបស់លោកប្រាក់នាគ ក៏ដើរ​ចេញ​មក​​ក្រៅ៖

-សូមទោស! ខ្ញុំស្តាប់ទូរស័ព្ទសិន……………..អាឡូបង!

-វិនីតនៅក្បែរឯងទេ បងតេទៅនាងមិនចូល បងចង់និយាយជាមួយនាង

-អត់ទេ! នាងមិននៅក្បែរខ្ញុំទេ បងមានការអីនិយាយជាមួយខ្ញុំមក

-ពេលណាទើបឯងត្រឡប់មកវិញ?

-មិនទាន់ដឹងទេបង?

-បងដឹង! ថាវិនីតកំពុងមានបញ្ហា តែឯងគួរតែលួងលោមនាង ឲ្យនាងឆាប់​ត្រឡប់មកវិញមក នេះជាឱកាសតែមួយគត់របស់ពួកឯង

-អាចឲ្យខ្ញុំនិយាយជាមួយគេបានទេ?

-បានលោក!

-អាឡូ! ខ្ញុំហ្វុង ចូវលីជាជនជាតិចិន ដែលចង់ជួបពួកលោក និងវិនីត

-បាទ! ជម្រាបសួរលោក

-ខ្ញុំដឹងថា ពួកលោកមានបញ្ហាកើតឡើង ហើយប្រហែលជាវិនីត ទទួលរង​សម្ពាធធ្ងន់ធ្ងរណាស់ហើយមែនទេ ទើបលោកមិនអាចមកចោលនាងបាន ប៉ុន្តែស្អែកនេះ ខ្ញុំមានការប្រញាប់​ត្រូវ​ត្រឡប់​ទៅវិញហើយ ខ្ញុំពិតជាចង់ជួប​ពួក​​លោក​មែន

ពិចិត្រគិតមួយសន្ទុះ ក៏នឹកដល់សំដីដែលវិណាតនិយាយជាមួយខ្លួន ក៏បន្លឺ៖

-បាន! ខ្ញុំនឹងព្យាយាមនាំវិនីតត្រឡប់ទៅវិញ

-អរគុណហើយ

បន្ទាប់ពីត្រឡប់ពីបន្ទាយមានជ័យវិញ ពិចិត្រក៏និយាយជាមួយវិនីត៖

-ប៉ុន្មានថ្ងៃមុន លោកចាងហ្វាងតេមកបង គឺព្រោះតែចង់ឲ្យបងនាំឯងត្រឡប់​ទៅវិញ ការពិតផលិតករនៅក្នុងក្តីស្រមៃរបស់ឯងនោះ គាត់បាន​មកដល់​ក្រុមហ៊ុន​​យើងគឺដើម្បីជួបឯង គាត់ពេញចិត្តចំពោះស្នាដៃឯង ហើយពេលនេះ​គាត់​កំពុងតែរង់ចាំឯង ឯង​ត្រឡប់ទៅ​ភ្នំពេញជាមួយបងទៅ បានទេ?

-ខ្ញុំមិនទៅទេ! ខ្ញុំមិនចង់ចាកចោលផ្ទះទៀតទេ

-វិនីត! វាមិនមែនជាកំហុសរបស់ឯងទេ ឯងបានខិតខំប្រឹងប្រែងហើយ

-ខ្ញុំចង់រង់ចាំវិណាត ចង់ឃើញគេត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ពេលនោះ​ពួកយើងបីនាក់បងប្អូន នឹងដូចជាពេលមុនអ៊ីចឹង ពួកយើងសប្បាយរីករាយ​ជួយម៉ែធ្វើការងារ ឬក៏អាចរកការងារជិតនេះធ្វើដើម្បីរកប្រាក់ ជីវភាពបែបនេះ វាប្រសើរណាស់សម្រាប់គ្រួសារយើង បងត្រឡប់ទៅវិញទៅ ទោះជាគ្មានខ្ញុំ ក៏​ខ្ញុំជឿថា បងអាចធ្វើវាបាន កុំបារម្ភអី ខ្ញុំនឹងរស់ដោយសេចក្តីសុខ

-តើឯងកំពុងនិយាយអីហ្នឹង?

-ទោះយ៉ាងណា ខ្ញុំមិនត្រឡប់ទៅវិញទេ

-វិនីត! តើចិត្តតស៊ូ និងក្តីស្រមៃរបស់ឯងទៅណាអស់ហើយ?

-ព្រោះតែក្តីស្រមៃហ្នឹងឯងទើបធ្វើឲ្យប្អូនខ្ញុំ ក្លាយជាយ៉ាងនេះ

-វាមិនមែនជាកំហុសឯងឯណា

-វាជាកំហុសខ្ញុំ ខ្ញុំជាបងមិនល្អ ធ្វើឲ្យប្អូនធ្លាក់ខ្លួនដល់ថ្នាក់នេះ

-វិណាតដឹងខ្លួនហើយ តែគេមិនបានបន្ទោសឯងទេ ឯងដឹងថា គេនិយាយអ្វីខ្លះ​ជាមួយបងទេ គេដឹងថាឯង ប្រាកដជាឈឺចិត្តខ្លាំងណាស់ចំពោះគេ គេឲ្យបង​មើលថែឯង ជួយឲ្យក្តីស្រមៃឯងក្លាយជាការពិត គេមិនចង់ឲ្យព្រោះតែគេ ធ្វើ​ឲ្យ​ឯងបាក់ទឹកចិត្ត​បន្ទោសខ្លួនឯងយ៉ាងនេះទេ គេចង់ឃើញឯងសម្រេចក្តីបំណង​ឯងដឹងទេ? គេចង់ឃើញបងស្រីរបស់ខ្លួនជាមនុស្សជោគជ័យ មិនចង់ឃើញ​ឯងបរាជ័យដូចជាខ្លួនគេនោះទេ ស្តាប់បានទេ? បងដឹងថា ឯងស្រលាញ់​​ និង​បារម្ភ​​ពីប្អូន ប៉ុន្តែបើពួកគេដឹងថា ឯងសម្រេចចិត្តបែបនេះ វិណាត និង​វិនាត​នឹង​មិន​ខុសពីឯងពេលនេះទេ ឯងធ្លាប់ស្តីបន្ទោសបងជាមនុស្សមិនបានការក្តី​ស្រមៃ​​តូចចង្អៀត តែបងបានប្រឹងប្រែងហើយ ពេលនេះជាឱកាសល្អសម្រាប់​ឯង​ហើយ ក្រែងឯងចង់ឲ្យមនុស្សទូទាំងពិភពលោកស្តាប់ចម្រៀងឯងអ្ហេ? បង​អាចត្រឡប់ទៅវិញដោយគ្មានឯង ប៉ុន្តែមនុស្សជាច្រើន មិនអាចបាត់បង់ឯងទេ

ពិចិត្រក្រសោបដៃវិនីត ហើយក៏ដាក់ក្បាលនាងមកលើស្មារបស់ខ្លួន។ វិនីតនៅ​តែខ្សឹកខ្សួល​មិនអាចតបស្តីអ្វីទាំងអស់។ យុវជនអង្អែលក្បាលនាងថ្នមៗ៖

-ឯងទៅសម្រាកទៅ ស្អែកព្រឹកបងនៅចាំឯងនៅផ្ទះសំណាក់ បងមិនចង់ចាក​​ចេញទៅដោយគ្មានឯងទេ

ពិចិត្រស្រដីហើយ ក៏ចេញទៅ។ ទោះបីជាមានគំនិតជាអ្នកនិពន្ធ តើយ៉ាង​ម៉េច? វិនីតនៅតែមានគំនិតក្មេងខ្ចី ទឹកចិត្តនៅតែធ្លាក់ចុះ ការតស៊ូស្ទើរតែបាត់អស់។ នាងអង្គុយសញ្ជប់សញ្ជឹងនៅលើគ្រែតែម្នាក់ឯង។ សំឡេងគោះទ្វារបន្លឺឡើង៖

-កូនយ៉ាងម៉េចហើយ?

-មិនអីទេម៉ែ!

-កូនត្រឡប់ទៅភ្នំពេញវិញទៅ………….ខុសមកពីម៉ែ ដែលមិនបានថែទាំ​ប្អូន​ឯង

​​​ឲ្យបានល្អ

-ម៉ែ!

-វិណាតទៅជាយ៉ាងនេះហើយ បើឯងបោះបង់ក្តីស្រមៃរបស់ឯង ព្រោះតែ​រឿង​នេះ

ម៉ែរឹតតែខុសធ្ងន់ថែមទៀត

-ម៉ែ!

-ម៉ែ​ និងប្អូនៗឯងសុទ្ធតែចង់ស្តាប់ចម្រៀងរបស់ឯង ម៉ែសន្យា ម៉ែនឹងមើលថែ​ប្អូនឯងឲ្យបានល្អ មិនឲ្យរឿងបែបនេះកើតឡើងទៀតទេ

-បងកុំបារម្ភអី ខ្ញុំនឹងធ្វើជាកូនល្អ ជាប្អូនល្អរបស់បង ហើយចាំបងប្រុស​ ចេញ​មកវិញ ពួកខ្ញុំនឹងទៅលេងបង …..ខ្ញុំជួយរៀបចំអីវ៉ាន់ឲ្យបង

-ម៉ែចង់ឃើញវិនីតសម្រេចក្តីស្រមៃរបស់ខ្លួន ចង់ឃើញក្មេងស្រី ដែលជា​កម្មករ

​ម្នាក់ ក្លាយជាកវីដ៏មានសមត្ថភាព​និងមានឆន្ទៈពិតប្រាកដ

-ម៉ែ!

-ខ្ញុំរៀបចំរួចហើយ! ពេលនេះបងពិចិត្រប្រហែលជាចាំបងហើយ តោះ! ខ្ញុំជូន​បងទៅ

-កូនទៅចុះ! ថែរក្សាខ្លួនឲ្យបានល្អណា

-កូនជម្រាបលាម៉ែហើយ

ពិចិត្រឈរចាំវិនីតនៅមុខផ្ទះសំណាក់អស់រយៈពេលជិតមួយម៉ោងទៅហើយ។ គ្រាន់តែក្រឡេកឃើញវិនាតភ្លាម នាយសប្បាយចិត្តណាស់។ លុះមកដល់រាជ​ធានី​ភ្នំពេញ​ភ្លាម យុវជនទាំងអស់ រួមទាំងវិនីតក៏ទៅជួបលោកចាងហ្វាងភ្លាមតែម្តង។ ​វិនីត​បន្លឺ​ឡើងដោយការភ្ញាក់ផ្អើល៖

-លោកពូ!

-គឺនាង! នាងគឺវិនីតអ្ហេ?

-លោកស្គាល់នាងអ្ហេ?

-នាងជាក្មេងស្រីដែលខ្ញុំបានជួបនៅក្នុងសួនច្បារ

-គឺនាងហ្នឹងហើយ ជាអ្នកនិពន្ធដែលលោកចង់ជួបនោះ

-my god!

-លោកពូជាផលិតករ និងជាអ្នកនិពន្ធបទភ្លេងនោះអ្ហេ?

-ត្រូវហើយ នាងក៏ស្គាល់ខ្ញុំដែរអ្ហេ?

-ចាស! ហេតុអីក៏ថ្ងៃនោះ ខ្ញុំមិនបានចាប់អារម្មណ៍​សោះ​អ៊ីចឹង?

-មកពីនាងកំពុងពិបាកចិត្តហ្នឹងណា នេះជាក្រុមយុវជនបេះដូងពិតអ្ហេ?

-បាទ!

-ស្វាហាប់ណាស់! ពិចិត្រខ្ញុំពេញចិត្តសំឡេងរបស់លោក លោកច្រៀងបានល្អ

-អរគុណលោក

-តើពួកលោកអាចលេងបទស្នាមញញឹមឲ្យខ្ញុំស្តាប់ដោយផ្ទាល់បានទេ?

-បាទ!

យុវជនទាំងអស់ រួមទាំងលោកចូវលីនាំគ្នាទៅបន្ទប់ភ្លេងទាំងអស់គ្នា។ បន្ទាប់​ពី​ចម្រៀងបានបញ្ចប់ លោកចូវលីក៏បន្លឺឡើង៖

-លេងភ្លេងបានពីរោះ មានអារម្មណ៍ មានសមត្ថភាព ខ្ញុំពេញចិត្ត​យុវជនមួយ ក្រុមនេះ ជាពិសេស បទភ្លេងរបស់ពួកលោក  អាចមាន​សមត្ថភាព​ឈរ​លើទី ផ្សារអន្តរជាតិបាន លោកចាងហ្វាង តើខ្ញុំអាចជជែក​ជា​មួយ​លោក ពីបញ្ហានេះ​បានទេ?

-បាទបានលោក អញ្ជើញលោកទៅបន្ទប់របស់ខ្ញុំ

-បាទ! អរគុណដែលអ្នកទាំងអស់គ្នាបានមកជួបខ្ញុំ វិនីត! ប្រឹងប្រែងឡើង​

-ចាស! អរគុណលោកពូ

-ខ្ញុំលាទាំងអស់គ្នាសិនហើយ

ពួកគេទាំងអស់ពិតជាសប្បាយចិត្តខ្លាំងណាស់ រ៉ាណេបន្លឺឡើង៖

-ផលិតករដ៏មានសមត្ថភាពម្នាក់នេះ គឺអ្នកនាងសូរិយានាំមកមែនទេ?

-ហេតុអីក៏អ្នកនាងស្គាល់គាត់?

-គឺខ្ញុំធ្វើការនៅក្រុមហ៊ុនគាត់​កាលនៅចិន ការពិត ខ្ញុំបានផ្ញើវីស៊ីឌីចម្រៀង​របស់​ពួក​លោក ទៅឲ្យគាត់មើល មិនស្មានថា គាត់ពិតជាចាប់អារម្មណ៍មែន ហើយ ចង់ជួបពួក​លោកឆាប់យ៉ាងនេះ ជាពិសេសគឺនាង វិនីត

-តើពិភពលោកនេះ ពិតជាបានឮចម្រៀងរបស់ពួកយើងមែនអ្ហេ? (រ៉ាឌីបន្លឺ)

-ពិចិត្រ! ហេតុអីក៏ឯងហាក់មិនសប្បាយចិត្តអ៊ីចឹង? (សុវណ្ណសួរ)

-គ្មានអីទេ! ខ្ញុំទៅវិញមុនហើយ

-តើគាត់កើតអីហ្នឹង?

សូរិយាតាមសម្លឹងពិចិត្រពីក្រោយរហូត។ ជាការពិតណាស់ វាគួរតែ​ជាភាព​ជោគជ័យ​​មួយសម្រាប់យុវជន តែហេតុអ្វី បែរជានាយមិនសប្បាយចិត្តទៅវិញ។ ពេល​វេលាបួនឆ្នាំមុន វាជាក្តីប្រាថ្នាយ៉ាងមុតមាំរបស់គូស្នេហ៍យុវវ័យមួយគូ។ សូរិយាពិតជា បានធ្វើឲ្យក្តីស្រមៃរបស់នាង និងពិចិត្រកំពុងដែលឈានទៅដល់ចំណុចមួយ ដែល​ខ្លួនធ្លាប់ទន្ទឹងចង់បាន។

លោកហ្វុន ចូវលី បានចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុននាគ ទេព។ គឺធ្វើការ​promotionទៅលើក្រុមយុវជនបេះដូងពិត។ លោកបានត្រឡប់ទៅស្រុកវិញ ដោយ​មានគំរោង យកអាល់ប៊ុមចម្រៀងបេះដូងពិតទៅចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅ​ចិន។ នេះគឺជាការចាប់ផ្តើម ដើម្បីឲ្យពិភពលោកមានការចាប់អារម្មណ៍លើក្រុម​យុវជន​​​ខ្មែរមួយក្រុមនេះហើយ។

ក្នុងរយៈពេលមួយឆ្នាំ អាល់ប៊ុមបេះដូងពិតវ៉ុលពីរ ត្រូវតែចេញជារូបរាងឡើង។ លោកចាងហ្វាងពិតជាមានមោទនភាពណាស់។ នៅក្នុងបន្ទប់ប្រជុំ លោកមាន​ប្រសាសន៍​​ទៅកាន់យុវជនទាំងអស់ដោយជំនឿចិត្ត៖

-ក្រុមហ៊ុនយើងបានចុះកុងត្រាជាមួយក្រុមហ៊ុនលោកហ្វុន ចូវលីហើយ ចំពោះ​បច្ចេកទេសថត លោកនឹងបញ្ចូនមនុស្សមក ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំ យើង​ត្រូវតែបង្កើតឲ្យបាន នូវអាល់ប៊ុមវ៉ុលពីរ តើពួកឯងមានជំនឿចិត្តទេ?

-ប្រាកដជាមាន!

-ខ្ញុំនឹងទាក់ទងទៅរកអ្នករាំ ដើម្បីមកធ្វើជាគ្រូពួកឯង

-ពួកយើងត្រូវហាត់រាំទៀតអ្ហេ? (រ៉ាណេសួរ)

-ត្រូវហើយ! ហើយបទរបស់ពួកឯង បើមានជាRapចូលជាមួយខ្លះៗរឹតតែល្អ​

វិនីត! ឯងត្រូវប្រឹងប្រែងបន្តិចហើយ

-ខ្ញុំនឹងខំប្រឹងប្រែងលោកចាងហ្វាង

-អូ! ត្រូវហើយ អាល់ប៊ុមពួកឯងនឹងត្រូវចាក់ផ្សាយជាសាធារណៈនៅចុងខែនេះ​បានហើយ! យើងបញ្ចប់ការប្រជុំត្រឹមហ្នឹងចុះ មានចម្ងល់អីទេ?

-គ្មានទេលោកចាងហ្វាង

-អ៊ីចឹងរំសាយចុះ ពួកឯងអាចចាប់ផ្តើមធ្វើការងារហើយ កុំភ្លេចណា ថ្ងៃសៅ​រ៍ អាទិត្យនាំគ្នាមកហាត់រាំនៅក្រុមហ៊ុន

-បាទ!


វគ្គ៧        ការឈានជើងចូលទីផ្សារអន្តរជាតិ

រយៈពេលមួយឆ្នាំគឺមិនលឿនទេ តែក៏មិនយូរដែរ។ ក្រុមយុវជនបេះដូងពិត ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន។ រាល់ពេលត្រឡប់ពីសាលាវិញ វិនីត​ទម្លាក់កាបូបចុះ រត់ទៅចូលរួមជាមួយក្រុមយុវជន  ពេលខ្លះនាងស្ទើរតែភ្លេច​ញ៉ាំ​បាយ​​ក៏មាន។ ដល់វេលាយប់ នាងឆ្លៀតពេលធ្វើការងារសាលា លុះពេលធ្វើចប់ហើយ នាង​ក៏ចាប់ផ្តើម ធ្វើបទភ្លេងបន្តទៀត។ សកម្មភាពបែបនេះ វាធ្វើឲ្យនាងស្ទើរតែទ្រាំមិន​បាន​ទៅហើយ ប៉ុន្តែកម្លាំងចិត្តរបស់នាងគឺខ្លាំងក្លាណាស់។ ស្នាមញញឹមរបស់នាង ធ្វើ​ឲ្យយុវជនទាំងអស់ គ្មានការហត់នឿយឡើយ។ ប៉ុន្តែពិចិត្របារម្ភនឹងសុខភាពវិនីត​ណាស់។ រ៉ាណេបន្លឺ៖

-វិនីត! ឯងទៅក្រុមហ៊ុនទេ?

-នាងមិនបានរៀនរាំឯណា ឯងនៅផ្ទះសម្រាកហើយ! (ពិចិត្រតប)

-មិនអីទេបង! ខ្ញុំត្រូវទៅជួបលោកចាងហ្វាងផង

-អ៊ីចឹង! ពួកយើងទៅទាំងអស់គ្នាទៅ

ទៅដល់ក្រុមហ៊ុន ក្រុមយុវជននាំគ្នាទៅហាត់រាំដួចធម្មតា។ ចំណែកវិនីត​នាង​យកឯកសារទៅជួបលោកចាងហ្វាង៖

-ឯងមកហើយអ្ហេ! អង្គុយមក

-នេះចម្រៀងថ្មីពីរបទ អញ្ជើញលោកចាងហ្វាងពិនិត្យ

-ជាភាសាអង់គ្លេសផងអ្ហេ?

-ចាស! ខ្ញុំបញ្ចូលជាRapនៅវគ្គចុងបញ្ចប់

-ចាំថ្ងៃចន្ទ ពួកយើងចាប់ផ្តើមសម………..ឯងមិនស្រួលខ្លួនមែនទេ?

-អូអត់អីទេ! ខ្ញុំទៅវិញហើយលោកចាងហ្វាង

-ឯងទៅផ្ទះវិញអ្ហេ?

-ចាសអត់ទេ! ខ្ញុំចង់ទៅមើលពួកគាត់រៀនរាំមួយភ្លែត ហើយនឹងទៅបន្ទប់ភ្លេង

-អូ! អ៊ីចឹងទៅចុះ

រោគប្រចាំកាយវិនីតចាប់ផ្តើមទៀតហើយ។ ពេលនេះ នាងកំពុងតែនៅក្នុង​បន្ទប់​​ទឹក។ យុវតីចង់ប្រឆាំងនឹងការឈឺចាប់នេះ ប៉ុន្តែរាងកាយរបស់​នាង មិនអាច​ទ្រាំទ្របានឡើយ។ ទឹកមុខនាងស្លេកស្លាំងដូចជាខ្មោចអ៊ីចឹង ចំណែក​ខ្លួន​បែកញើស​ជោក នាងស្ទើរតែទប់ខ្លួនមិននឹងទៅហើយ តែចៃដន្យសូរិយាក៏ចូលមក​ដល់។ សូរិយា​ស្ទុះទៅចា​ប់វិនីតដែលបម្រុងនឹងដួល៖

-ឯងកើតអីហ្នឹង? ទឹកមុខស្លេកស្លាំងម្ល៉េះ ខ្លួនឯងត្រជាក់ណាស់ ……….មក! ខ្ញុំ​គ្រា​ឯង ខ្ញុំនាំឯងទៅ ពេទ្យ

-កុំអីអ្នកនាង!…………..ខ្ញុំឈឺពោះមកខែទេ

-គ្រាន់តែមកខែ ហេតុអីក៏ឯងពិបាកយ៉ាងនេះ? ពួកយើងទៅអង្គុយលើកៅអី​សិន​ទៅ………….យ៉ាងម៉េចហើយ?

-មិនអីទេអ្នកនាង ខ្ញុំសម្រាកទីនេះមួយភ្លែតទៅ អស់អីហើយ

-អ៊ីចឹងចាំខ្ញុំមួយភ្លែត ខ្ញុំទៅយកថ្នាំមកឲ្យឯងលេប

សូរិយារត់ចេញទៅយកថ្នាំមកឲ្យវិនីត តែនៅពេលដែលនាងត្រឡប់មកវិញ៖

-វិនីត! ឯងកើតអី ម៉េចក៏មកគេងត្រង់នេះ?

វិនីតស្ទុះងើបឡើង ហើយតប៖

-ខ្ញុំអត់អីទេបង!

ពិចិត្រដឹងច្បាស់ពីអាការវិនីត ប៉ុន្តែនាងខានមានអាការបែបនេះមួយរយៈ​ហើយ​។ ពេលថ្មីៗមកនេះ ប្រហែលមកពីនាងមានការហត់នឿយ សម្រាកពុំ​គ្រប់​គ្រាន់ ទើបធ្វើឲ្យនាងមានការឈឺចាប់បែបនេះ។ យុវជនយកហត្ថទាំងពីររបស់ខ្លួន​ទៅ​ក្រសោបថ្ពាល់ទាំងគូររបស់យុវតី៖

-ពួកយើងទៅផ្ទះ

-មិនអីទេបង! បងទៅហាត់រាំទៅ

-ឯងចង់គេងនៅលើកៅអីនេះអ្ហេ? ……….

-បងធ្វើអី?

-ក្មេងក្បាលរឹងដូចជាឯងនេះ!

យុវជនបីយុវតីចូលឡាន ហើយបើកចេញទៅ។ ចំណែកសូរិយា បានត្រឹម​លួច​សម្លឹងពួកគេ ក្នុងអារម្មណ៍ឈឺចាប់ ព្រោះនាងបានឃើញយ៉ាងច្បាស់ពីទឹកចិត្តយុវជន​ទៅ​​​លើវិនីត។

ព្រោះតែការងារ ធ្វើឲ្យពួកគេពុំបានគិតដល់រឿងអ្វីផ្សេងឡើយ។ ស្នាមញញឹម​ដែលទៅព្រមជាមួយគ្នា ភាពឯកាពុំមានទាល់តែសោះ។ ឥឡូវសម្រស់នៃស្នាម​ញញឹម​បានរីករាលដាលសាយភាយគ្រប់ទីកន្លែង។ វិនីតនិងយុវជនទាំងអស់ អង្គុយ​នៅមុខទូរទស្សន៍ដែលផ្សាយចេញពីប្រទេសចិនមក។ ថ្វីត្បិតបច្ចេកទេសថត​របស់​យើង​​ពុំទាន់ល្អឥតខ្ចោះ ប៉ុន្តែសម្រស់នៃបទចម្រៀង បានទាក់ទាញអារម្មណ៍អ្នកស្តាប់​ឲ្យធ្លាក់ក្នុងមនោសញ្ចេតនាយ៉ាងពិតប្រាកដ។

ពេលវេលាមួយប៉ប្រិចភ្នែកសោះ កន្លងហួសមួយឆ្នាំទៅហើយ។ អាល់ប៊ុម​ចម្រៀងបេះដូងពិតវ៉ុលពីរ បានលេចចេញជារូបរាងឡើង។ ទូទាំងប្រទេស ពុំ​អនុញ្ញាតឲ្យមានស៊ីឌី ឬវីស៊ីឌីចម្លងរបស់ផលិតកម្មនាគ​ទេពឡើយ ហើយអាល់ប៊ុម​ចម្រៀងនេះក៏ត្រូវបាននាំចេញទៅលក់នៅបរទេសដែរ។ មិនតែប៉ុណ្ណោះ ទស្សនិកជន​ទាំងក្នុងនិងក្រៅប្រទេស រួមទាំងបណ្តាអ្នកកាសែតមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះអាល់ប៊ុមចម្រៀងវ៉ុលពីរនេះ។ ជាការពិតណាស់ ដោយមានការសហការជា​មួយក្រុមហ៊ុននៅចិន ទាំងបច្ចេកទេសថតសំឡេង និងរូបភាពគឺផលិតចេញមក​មិន​ចាញ់ប្រទេសមួយចំនួននៅលើសកលលោកឡើយ។ ជាពិសេសនៅក្នុងអាល់ប៊ុម​ទី​ពីរ​នេះ មានទាំងបទជាភាសាអង់គ្លេសផង ដែលបទនេះ បង្ហាញពីទឹកចិត្ត​ស្រលាញ់​និង​​ការផ្តល់កម្លាំងចិត្តរបស់មនុស្សម្នាក់ទៅកាន់មនុស្សទូទាំងពិភពលោក។

លោកហ្វុន ចូវលី បានពិភាក្សាគ្នាជាមួយលោកប្រាក់នាគ ហើយបានទទួល​ធ្វើ​សន្និសិទកាសែតមួយនៅប្រទេសចិន នៅក្នុងដំណាច់ខែនេះ។ ដំណឹងនេះ គួរជាទី​រីករាយ​​ណាស់សម្រាប់យុវជនបេះដូងពិត ជាពិសេសវិនីត ដែលសម្លឹងឃើញ​ស្នាដៃ​របស់ខ្លួន​កំពុងអង្រួនបេះដូងអ្នកស្តាំ ជាពិសេសបេះដូងយុវជនខ្មែរ និងម្ចាស់​ផលិតកម្ម​​​​​ក្នុង​ស្រុក​ឲ្យ​កម្រើកឡើងវិញ។

ក្នុងការធ្វើអាល់ប៊ុមទីពីរនេះ ធ្វើឲ្យពួកគេនឿយហត់ពេកហើយ ប៉ុន្តែវិនីតមិន​ដែលភ្លេចតេទៅម្តាយ និងសួរសុខទុកប្អូនឡើយ។ បន្ទាប់ពីបានដំណឹងថា វិណាត​ចេញពីមណ្ឌលកែប្រែ នាងក៏បានធ្វើដំណើរមកដល់ទីរួមខេត្តសៀមរាប។ នៅតាម​បណ្តោយផ្លូវ យុវតីបានមើលឃើញអតីតកាលទាំងអស់កាលពីមួយឆ្នាំមុន។ នាង​ញញឹម ហើយក៏ស្ទុះរត់យ៉ាងលឿន ទៅរកម្តាយដែលកំពុងកាន់អំបោសសម្អាត​ផ្លូវ។ អ្នកម្តាយឱបកូនដោយក្តីនឹករលឹក៖

-ម៉ែ!

-វិនីត! …………..នេះកូនត្រឡប់មកផ្ទះ ហេតុអីក៏មិនតេប្រាប់ម៉ែ?

-គឺចង់ឲ្យម៉ែនិងប្អូនភ្ញាក់ផ្អើលហ្នឹងណា មកខ្ញុំជួយម៉ែ

-បានហើយ! ជិតរួចហើយ ឯងទៅអង្គុយសម្រាកសិនទៅ

-មិនអីទេ! ខ្ញុំខានបោសយូរហើយម៉ែ ទុកឲ្យខ្ញុំវិញ

-វិណាត ប្រហែលជាសប្បាយចិត្តហើយ នៅពេលឃើញឯងមកទទួល​គេ​បែបនេះនោះ

-ម៉ែថាមើល ហេតុអីក៏វា មិនឲ្យពួកយើងទៅទទួលអ៊ីចឹង?

-​​វាថា ចង់មកផ្ទះវិញដោយខ្លួនឯង កុំបារម្ភអី វិណាតចេះគិតច្រើនហើយ ​កូន​បោស​ចុះ ម៉ែចូលផ្សារទិញម្ហូបមួយភ្លែត

វិនីតបោសសម្អាតថ្នល់ ដូចទម្លាប់ដែលនាងធ្វើកន្លងមក។ លុះត្រឡប់មកដល់​ផ្ទះ វិនាតរត់ទៅទទួលឱបនាងដោយសេចក្តីរឭក​ជាពន់ពេក។ មួយសន្ទុះក្រោយ វិនី និងតារាក៏មកដល់។ វិនីបន្លឺខ្លាំងៗត្រេកអរណាស់ ស្ទុះទៅឱបវិនីត៖

-ខ្ញុំនឹកឯងណាស់ តើដឹងទេ?

-ខ្ញុំក៏នឹកឯងដែរ

-ឯងកុហក! សូម្បីតែទូរស័ព្ទ ក៏ឯងមិនដែលតេមកខ្ញុំផង ឯងនឹកយ៉ាងម៉េច?

-សូមទោស!​ ការងារមមាញឹកពេក ទើបគ្មានពេលតេមកហ្នឹងណា

-ឱបគ្នាអស់ចិត្តហើយនៅហ្នឹង?

-មិនទាន់អស់ចិត្តទេ

-វិនីត! នាងគួរតែឱបខ្ញុំម្តងហើយណា

-អ្នកណាឲ្យវិនីតទៅឱបឯងនោះ

-បានហើយៗ! និយាយលេងតើ

-ពួកយើងអង្គុយសិនទៅ

-ម៉េចក៏ឯងស្គមម្ល៉េះអ្ហាក?

-ត្រូវហើយ! នាងស្គមជាងមុនណា

-មានស្គមឯណា មិនមែនពួកឯងធាត់ជាងមុនទេអ្ហេ?

-ត្រូវហើយ! រវល់តែនិយាយ ភ្លេចជួយធ្វើម្ហូបមីង បន្តិចទៀតវិណាតប្រហែល​ជាមកដល់ហើយ

-មិនអីទេ! ថ្ងៃនេះបងបានជួបមិត្តសម្លាញ់ ទុកឲ្យខ្ញុំជួយម៉ែបានហើយ

-មិនបានទេ!

-អ៊ីចឹងពួកយើងជួយគ្នាទៅ

ម្ហូបអាហារត្រូវបានរៀបចំរួចជាស្រេច។ មួយស្របក់ក្រោយ យុវជន គ្មានសក់​ក្បាល​ម្នាក់ដើរចូលមក ដោយកាយវិការស្វាហាប់ នាយទុកអីវ៉ាន់ទៅម្ខាង ហើយ​លុត ជង្គង់ចុះពីមុខម្តាយ និងបងស្រី៖

-ម៉ែ បងស្រី ខ្ញុំត្រឡប់មកវិញហើយ សូមទោស

មីងវិណា វិនីត និងវិនាត ពិតជាក្តុកក្តួលណាស់។ ស្នាមញញឹមលាយតំណក់​ទឹកភ្នែក ស្ទើរតែនិយាយមិនចេញ៖

-……………កូនត្រឡប់មកវិញហើយ រឿងកន្លងបំភ្លេចចោលចុះ កូននៅតែជា​កូនល្អរបស់ម៉ែ

-ខ្ញុំគិតថា ពួកយើងគួរតែរីករាយទើបប្រសើរ វិណាត! ឯងចង់ឲ្យម៉ែ និងបងស្រី​ឯងឈរដល់ណាទៀត?

-ពិតមែនហើយ! ម៉ែអង្គុយចុះទៅ អីយ៉ា! ថ្ងៃនេះម្ហូបច្រើនមុខម្ល៉េះ ហើយសុទ្ធ​តែ​ឆ្ងាញ់​ៗទៀត

-ម៉ែធ្វើរង់ចាំបងហ្នឹងណា

-អ៊ីចឹងថ្ងៃនេះ ខ្ញុំនឹងញ៉ាំឲ្យបានច្រើន

ទាំងអស់គ្នាជួបជុំគ្នាបាយ​ល្ងាចយ៉ាងរីករាយ។

ពីរថ្ងៃកន្លងទៅហើយ ដែលវិនីតស្នាក់នៅផ្ទះដ៏កក់ក្តៅរបស់ខ្លួន។ នាងបាននាំ វិណាតទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២សាជាថ្មីវិញ។ ក្នុង​រយៈ​ពេលពីរថ្ងៃនេះ វិនីត ហាក់ដូចជារីករាយណាស់។ ថ្ងៃនេះ នាងបានទៅជួយសម្អាតផ្លូវម្តាយនាង។ សួរថា​ ហេតុអ្វី​ក៏យុវតីមិន​ឲ្យម្តាយឈប់ពីការងារនេះ ព្រោះពេលនេះ គ្រួសាររបស់នាង មិន​លំបាក​យ៉ាប់យឺន​ដូច​ជា​ពេលមុនឯណា? ស្ថិតក្នងឯកសណ្ឋានជាកម្មករសម្អាតផ្លូវ​សាធារណៈ មីងណា​សម្លឹងទៅកូនស្រីដែលកាន់អំបោសនឹងដៃដោយទឹកមុខញញឹម ហើយបន្លឺឡើង៖

-កូនជាអ្នកនិពន្ធដ៏ល្បីហើយ ហេតុអីក៏នៅតែមកបោសសម្អាតជាមួយនឹងម៉ែ​ទៀត? កូនមិនខ្មាសគេទេអ្ហេ?

-ម៉ែនិយាយអីហ្នឹង? កូនមានរឿងអីត្រូវខ្មាសគេ កូនអាចរស់នៅរហូតមក​ដល់​សព្វថ្ងៃគឺពឹងលើម៉ែដែលធ្វើការងារនេះ បើកូនមានអារម្មណ៍ថាខ្មាសគេ អ៊ីចឹង​បានន័យថា កូនកំពុងបំភ្លេចកំណើតខ្លួនឯងហើយ មែនទេម៉ែ?

-ឯងគិតអ៊ីចឹង ម៉ែសប្បាយចិត្តណាស់ និយាយអ៊ីចឹង តើកូនត្រឡប់ទៅភ្នំពេញ វិញនៅពេលណា?

-ថ្ងៃអាទិត្យនេះម៉ែ!

-ទៅចិនត្រូវប្រយ័ត្នប្រយែងផង ស្តាប់បានទេ?

-ចាស!

មួយរយៈដែលវិនីតត្រឡប់ទៅសៀមរាប នៅក្នុងផ្ទះហាក់បីដូចជាស្ងប់ស្ងាត់​បន្តិច។ ពិចិត្ររសេះរសោះគេងមិនលក់ទាល់តែសោះ នាយងើបដើរចុះឡើងពេញ​ផ្ទះ មួយសន្ទុះក៏ទាញទូរស័ព្ទឡើង៖

-អាឡូ!

-ឯងគេងហើយអ្ហេ?

-ចាស! បងមានការអីអ្ហេ?

-ឯងសុខសប្បាយទេ?

-ចាសសុខ ចុះបងវិញ?

-មិនអីទេ! ឯងបានជួបវិណាតហើយអ្ហេ?

-ចាស! គេសុខសប្បាយទេ ហើយចេះគិតច្រើនជាងមុន

-ចូលរួមរីករាយផងណា អ៊ីចឹង! តើឯងត្រឡប់មកវិញថ្ងៃណា?

-ថ្ងៃអាទិត្យនេះ ចុះបងៗទាំងអស់គ្នាសុខសប្បាយទេបង?

-ពួកគេថាអផ្សុកណាស់ព្រោះតែឯងមិននៅ យកល្អ ឯងឆាប់ត្រឡប់មកវិញ​មក កុំចាំដល់ថ្ងៃអាទិត្យអី

-មិនបានទេ ខ្ញុំចង់នៅជាមួយម៉ែ និងប្អូនៗឲ្យបានយូរបន្តិច តើបងមានបានទៅ​លេងអ៊ំប្រុសអ៊ំស្រីទេ? បងគួរតែឧស្សាហ៍ទៅលេងពួកគាត់ ព្រោះពួកគាត់​ចាស់ហើយ គាត់ក៏ត្រូវការឃើញមុខកូនដែរ ឈប់បង្ករឿងជាមួយពួកគាត់ទៅ

-ឯងស្តីឲ្យបងអ្ហេ?

-មិនបានស្តីទេ តែបងគួរតែទៅលេងនឹងគាត់

-ចាំបងគិតមើលសិន

-ឈប់និយាយជាមួយកូនអកតញូដូចជាបងហើយ រាត្រីសួស្តី

-រាត្រីសួស្តី

ពិចិត្រគិតដល់សំដីវិនីត ពិតជានឹកដល់លោកទាំងពីរពិតមែន។ មិនបង្អង់យូរ​ព្រឹកឡើងយុវជនក៏ទៅដល់ផ្ទះអ្នកមានគុណ។ ទៅដល់ផ្ទះដ៏ស្កឹមស្កៃ នាយក្រឡេក​ឃើញ​លោកទាំងពីរកំពុងស្រស់ស្រូបអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់។ គ្រាន់តែ​រំលេចរូបពិចិត្រនៅចំពោះមុខ អ្នកស្រីណាសាបន្លឺឡើង៖

-កូនប្រុស!

-អរុណសួស្តីម៉ាក់ លោកប៉ា!

-ចូលមកអង្គុយមក តើកូនញ៉ាំអីហើយនៅ?

-បាទនៅទេ?

-ចាំមួយភ្លែត ម៉ាក់ទៅយកចាន

-តើឯងមានការអី ទើបមកដល់ទីនេះទាំងព្រឹក?

-ខ្ញុំមកលេងនឹងលោកប៉ានិងអ្នកម៉ាក់

-មកលេងអ្ហេ! ប៉ាមិនស្តាប់ច្រឡំទេអ្ហេ?

-កំពុងជជែកពីរឿងអីហ្នឹង?

-មិនច្រឡំទេ! ខ្ញុំនឹកប៉ា និងម៉ាក់

-ប៉ានិងកូន កុំចេះតែធ្វើមុខមាំដាក់គ្នាបានទេ នែ! កូនញ៉ាំបាយសិនទៅ

-ឯណាវិនីត នាងមិនមកទេអ្ហេ? (លោកពិទូសួរ)

-ខ្ញុំមើលទៅប៉ា នឹកនាងជាងខ្ញុំទៅទៀត មែនទេម៉ាក់?

-ពិតមែនហើយ

-ទោះយ៉ាងណា ក៏ក្មេងស្រីម្នាក់នោះ ធ្វើឲ្យប៉ាសើច មិនមែនដូចជាឯងទេ

-វិនីតទៅលេងផ្ទះនៅសៀមរាបហើយ…………..សូមទោសលោកប៉ា! (ពិចិត្រ​លុត​​​​ជង្គង់ចុះ)

-អ្ហឹះ!

-សូមទោស ដែលកន្លងមក ខ្ញុំធ្វើឲ្យលោកប៉ាមិនសប្បាយចិត្ត

-ឯងដឹងខ្លួនហើយអ្ហេ?

-បាទ! តើលោកប៉ាព្រមអភ័យទោសដល់ខ្ញុំទេ?

-បើឯងដឹងខ្លួនហើយ ប៉ាម៉េចនឹងអាចដាក់ទោសឯងនោះ​ ងើបអង្គុយលើ​កៅអី​មក តើនរណាអាចធ្វើឲ្យឯងដឹងខ្លួនយ៉ាងនេះ?

-គឺ………………….

-ទទួលទូរស័ព្ទសិនទៅ

-បាទ……………អាឡូ!

-តើបងនៅឯណាហ្នឹង? បងមានបានទៅលេងអ៊ំប្រុសអ៊ំស្រីទេ?

-បងកំពុងជជែកជាមួយគាត់

-ពិតមែនអ្ហេ! តើពួកគាត់សុខសប្បាយទេ?

-វិនីតអ្ហេ?

-បាទ!

-ឲ្យមកប៉ា!

-បងកើតអី ឬឈ្លោះជាមួយអ៊ំប្រុសទៀតហើយ?

-វាមិនហ៊ានឈ្លោះនឹងអ៊ំទៀតទេ

-អ៊ំប្រុស……………សូមទោសអ៊ំ!

-យ៉ាងម៉េច! ឯងមិនគិតមកលេងអ៊ំខ្លះទេអ្ហេ?

-ចាសអ៊ំ! ពេលខ្ញុំទៅដល់ភ្នំពេញ ខ្ញុំនឹងទៅលេងអ៊ំភ្លាម

-ល្អណាស់អ៊ីចឹង និយាយជាមួយអ៊ំស្រីឯងបន្តិចទៅ

-ជម្រាបសួរអ៊ំស្រី

-តើសុខសប្បាយទេ?

-ចាស! សុខសប្បាយទេអ៊ំ ចុះអ៊ំវិញ?

-អ៊ំមិនត្រឹមតែសុខទេ ថែមទាំងសប្បាយទៀតផង ឯងដឹងទេ ឪពុកកូនពីរនាក់​នេះ​​គឺត្រូវគ្នាវិញហើយ អ៊ំត្រូវអរគុណឯង ពេលត្រឡប់មកវិញ ត្រូវតែមក​លេង​អ៊ំ​​​មុន​​គេ ស្តាប់បានទេ?

-ចាសអ៊ំ!

-អ៊ីចឹងប៉ុណ្ណឹងបានហើយ សុខសប្បាយណា

-ជម្រាបលាអ៊ំស្រី

…………………………………………………………………………………………………..

មួយរយៈពេលខ្លីដែលគ្មានវិនីត វាហាក់ដូចជាយូរខ្លាំងណាស់សម្រាប់​យុវជន។ រ៉ាណេដកដង្ហើម​ធំ រួចបន្លឺឡើង៖

-តើថ្ងៃណាទើបស្រីច្រម៉ក់នោះត្រឡប់មកវិញ?

-ឯងសួរអ្នកណា? (រ៉ាឌីតប)

-ខ្ញុំទៅបន្ទប់ហើយ

យុវជនទាំងអស់នាំគ្នាសម្លឹងមើលពិចិត្រ ដែលដើរចេញទៅ។ សុវណ្ណបន្លឺ៖

-ពួកឯងម្នាក់ៗយ៉ាងម៉េចហ្នឹង គ្រាន់តែអត់ស្រីច្រម៉ក់ម្នាក់នោះសោះ ហេតុ​អី​ក៏​ស្ងប់ស្ងៀមយ៉ាងនេះ?

-ចុះបងមិននឹកនាងទេអ្ហេ?

-និយាយទៅ ពិតជានឹកនាងមែនហ្នឹង

-ខ្ញុំទៅបន្ទប់ហើយ (វណ្ណាបន្លឺ)

-ម្នាក់ទៀតហើយ

-នែ! ឯងថាទៅមើល ក្នុងចំណោមពួកយើងទាំងប្រាំនាក់ នរណាដែលនឹក​ស្រី​ច្រម៉ក់នោះជាងគេ

-ប្រាកដជាខ្ញុំហើយ! (រ៉ាណេតប)

-មិនមែនឯង មិនមែនខ្ញុំ ហើយក៏មិនមែនបងដែរ

-នោះគឺពួកគាត់ទាំងពីរហើយ

-វីវរហើយ! តិចលោក្លាយជាស្នេហាត្រីកោណទេដឹង?

-កុំនិយាយផ្តាស

ប្រាំថ្ងៃកន្លងផុតទៅ។ វិនីតបានត្រឡប់មកមុនថ្ងៃកំណត់ តែពេលមកដល់ផ្ទះ នាងពុំបានឃើញនរណាទាល់តែសោះ ក៏គិតថា យុវជនទាំងអស់ប្រាកដជានៅ​ក្រុមហ៊ុន លុះរៀបចំទុកដាក់អីវ៉ាន់ហើយ នាងក៏ប្រញាប់ចេញទៅ។ មកដល់ក្រុមហ៊ុន​យុវតីបានឃើញពិចិត្រ និងសូរិយាកំពុងជជែកគ្នា៖

-ពួកយើងខានជជែកគ្នាបែបនេះយូរហើយ

-អរគុណហើយ ដែលនាងជួយឲ្យខ្ញុំមានថ្ងៃនេះ

-បងនិយាយអីហ្នឹង! ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកបង  ខ្ញុំគ្រាន់តែជាអ្នកនាំផ្លូវប៉ុណ្ណោះ តើបងត្រៀមខ្លួនក្នុងការធ្វើសន្និសិទកាសែត រួចហើយមែនទេ?

-ខ្ញុំគិតថា វាប្រហែលជាគ្មានបញ្ហាអ្វីកើតឡើងទេ

-ត្រូវហើយ! តើវិនីតត្រឡប់មកវិញពេលណា?

-ថ្ងៃអាទិត្យស្អែកនេះ

-មើលទៅបងដូចជានឹកនាងណាស់ តើមែនទេ?

-ពិតមែនហើយ! ពេលដែលនាងនៅ ក្នុងផ្ទះមិនស្ងាត់ទេ

-បងនឹកវិនីតដូចជានឹកខ្ញុំពីពេលមុនមែនទេ?………….សូមទោស! ខ្ញុំមិនគួរសួរ​បងអ៊ីចឹងទេ តែទោះជាយ៉ាងណា ខ្ញុំច្រណែននឹងវិនីតក្នុងពេលនេះណាស់ ហេតុអីក៏នាងមានយុវជនមួយក្រុមដែល​នឹករលឹកនាងយ៉ាងនេះ មិនដូចជាខ្ញុំ​ទេ បាត់ស្រមោលអស់រយៈពេលបួនឆ្នាំ ខ្ញុំស្មានថាបង នៅនឹកខ្ញុំ…..​ខ្ញុំសួរបង​មួយសំនួរបានទេ?…………បើសិនជាគ្មានវិនីត តើបងនៅនឹកខ្ញុំទេ?

-ខ្ញុំមិនដែលបំភ្លេចនាងឡើយ ប៉ុន្តែ……….

-បងឈប់ស្រលាញ់ខ្ញុំមែនទេ?

-ពួកយើងរាប់អានគ្នាត្រឹមជាមិត្តភក្តិបានហើយ

-បើសិនជាពេលនោះ ខ្ញុំមិនចាកចេញពីបង ហើយទោះជាបងបានជួបនឹងវិនីត តើពួកយើងឈានដល់ផ្លូវនេះទេ?

-ខ្ញុំមិនដឹងទេ តែខ្ញុំចង់ឲ្យនាងយល់ម្យ៉ាង ការចាកចេញរបស់នាង គឺមិនខុសទេ​បើសិនជាខ្ញុំ ខ្ញុំក៏ធ្វើបែបនោះដែរ អ្នកដែលខុសគឺខ្ញុំ ខ្ញុំមានះ មិនគួរធ្វើឲ្យនាង​មានការទើសទាល់ឡើយ​

-ប៉ុន្តែបងនៅតែខឹងនឹងខ្ញុំមែនទេ ការពិតបងនៅស្រលាញ់ខ្ញុំ បងធ្វើជា​ស្រលាញ់​វិនីតក៏ព្រោះតែចង់បញ្ឈឺខ្ញុំមែនទេ? ពិតមែនទេ? បងនៅស្រលាញ់ខ្ញុំ បងម៉េចនឹងអាចបំភ្លេចខ្ញុំងាយយ៉ាងនេះ?

សូរិយាស្រវាឱបយុវជនពីក្រោយជាប់ទាំងតំណក់ទឹកភ្នែកចំណែកវិនីតក៏​ស្រក់​ទឹកភ្នែកដូចគ្នា។ នាងផ្អែកខ្នងទៅលើជញ្ជាំងម្ខាង។ ពិតមែនហើយ នៅពេលឮ​សូរិយា​និយាយបែបនោះ នាងក៏មានអារម្មណ៍ថា ខ្លួនឯងពិតជាខុស មិនគួរក្លាយជា​អ្នក​ជ្រៀតជ្រែក​គូស្នេហ៍មួយគូនេះឡើយ។ ទិដ្ឋភាពរបស់នាង គឺស្ថិតនៅក្នុងកែវភ្នែក​វណ្ណា។ យុវជនដឹងថា វិនីតកំពុងតែគិតអី នាយបម្រុងដើរចូលទៅរកនាង តែនាងក៏​ដើរចេញទៅ។វណ្ណាដើរតាមវិនីតរហូត ។ ពិចិត្របេះដៃសូរិយាចេញពីខ្លួន៖

-កុំធ្វើបែបនេះអី! សូមទោស……..ខ្ញុំមិនដឹងហេតុអ្វី ខ្ញុំប្រែជាអាចបំភ្លេចនាង​បាន​​នោះទេ? នាងបំភ្លេចខ្ញុំទៅ!

ពិចិត្រនិយាយហើយ ក៏ដើរចេញ។ វិនីតអង្គុយលើកៅអីក្បែរស្ទូឌីយ៉ូ ហើយក៏​ដកដង្ហើមធំ។ វណ្ណាបង្ហាញទឹកមុខញញឹម ហើយក៏ទៅអង្គុយក្បែរនាង៖

-ឯងមកដល់ពីអង្កាល់ ហេតុអីមិនប្រាប់ពួកយើង?

-បង!……..ខ្ញុំគិតថា ធ្វើឲ្យពួកបងភ្ញាក់ផ្អើលហ្នឹងណា

-ឯងមិនអីទេអ្ហេ?

-ខ្ញុំអ្ហេ!

-បងឃើញឯងដកដង្ហើមធំ ធុញថប់ពីរឿងអី?

-គ្មានទេ!

ពិចិត្រក្រឡេកឃើញវិនីត ត្រេកអរណាស់ បម្រុងស្ទុះចូលទៅ ប៉ុន្តែ៖

-ឯងបានជួបពិចិត្រហើយនៅ?

-ចាស……នៅទេ

-នែ! បងឲ្យឯង

-ហេតុអីក៏បងឲ្យកែវក្រដាសនេះមកខ្ញុំ?

-ឯងចាំមើលបងណា

វណ្ណាយកកែវក្រដាស មកគ្របមាត់ ហើយស្រែកយ៉ាងខ្លាំង។    វិនីតអស់​

សំណើច​​ណាស់ នាងក៏ធ្វើតាម។ អស្ចារ្យណាស់ បន្ទាប់ពីស្រែកហើយ នាងហាក់​

ដូច​ជាបានធូរស្រាលជាងមុន ក៏បន្លឺទៅកាន់វណ្ណា៖

-ហេតុអីក៏បងនឹកឃើញវិធីនេះ?

-មកពីបងឃើញឯងមិនសប្បាយចិត្តហ្នឹងណា តើទៅលេងផ្ទះសប្បាយទេ?

-សប្បាយណាស់បង

វណ្ណានាំវិនីតជជែកពីនេះពីនោះ ធ្វើឲ្យនាងភ្លេចអស់ទុក្ខកង្វល់។ ពិចិត្រ​ឃើញ​វិនីតរីករាយយ៉ាងនេះ នាយក៏ដើរចេញទៅ។

យុវជនទាំងអស់ជួបជុំគ្នានៅក្រុមហ៊ុន ដោយមានវិនីតនៅជាមួយផង។ ពួកគេ​នាំគ្នាប្រគុំបទចម្រៀងថ្មីឡើង។ វិនីតដើរចេញទៅបន្ទប់ទឹក ក៏បានជួបនឹងសូរិយា។ សូរិយាសម្លឹងកយុវតីមួយសន្ទុះ ទើបបន្លឺឡើង៖

-បងពិចិត្រឲ្យខ្សែកនេះទៅនាងអ្ហេ?

-ចាស!

-ខ្ញុំស្មានតែគាត់បោះវាចោលទៅហើយ

-អូ! ប្រហែលជាការចៃដន្យទេ គាត់ស្រាប់តែឃើញវានៅក្នុងឡាន ក៏ឲ្យខ្ញុំខ្ចី ពាក់សិនទៅ

-ការពិតគាត់នៅតែទុកខ្សែកនេះ

-វាជារបស់អ្នកនាងអ្ហេ?

-គាត់ធ្លាប់បានប្រគល់វាមកឲ្យខ្ញុំ តែថ្ងៃដែលខ្ញុំចាកចេញទៅនោះ ខ្ញុំក៏បាន​ប្រគល់​ឲ្យគាត់ថែរក្សាវិញ

-បើអ៊ីចឹងវាជារបស់អ្នកនាងហើយ……………ខ្ញុំប្រគល់ជូនម្ចាស់វាវិញចុះ

-កុំអី! បងពិចិត្រឲ្យទៅនាងហើយ បានន័យថា មនុស្សដែលគាត់ជ្រើសរើស​មិនមែនជាខ្ញុំទេ នាងថែរក្សាវាចុះ

-បងកុំយល់ច្រឡំអី ខ្ញុំនិងគាត់គ្មានអ្វីផ្សេងទេ គាត់ដូចជាបងប្រុសខ្ញុំអ៊ីចឹង ខ្ញុំ​ម៉េចនឹងអាច…..

-តែគាត់មិនមែនទុកនាងដូចជាប្អូនទេ……ឬនាងពិតជាមិនបានស្រលាញ់គាត់?

-…………..ពិតមែនហើយ! ………ខ្ញុំ……..ខ្ញុំមិនបានស្រលាញ់គាត់ទេ អ្នកនាង​គួរតែទទួលយកខ្សែកនេះវិញចុះ……ខ្ញុំយល់ថា អ្នកទាំងពីរគឺសាកសមគ្នា​ណាស់ ខ្ញុំជូនពរអ្នកនាង

-នាងប្រាកដហើយអ្ហេ ថានាងមិនបានស្រលាញ់គាត់

-ខ្ញុំមិនដឹងអារម្មណ៍ស្រលាញ់យ៉ាងណាផង ធ្វើម៉េចនឹងអាចស្រលាញ់គាត់បាន​នោះ អ្នកនាងទុកចិត្តចុះ ខ្ញុំទៅវិញហើយ

វិនីតដឹងច្បាស់ ថាខ្លួនមិនអាចក្លាយជាអ្នកទីបី ប៉ុន្តែនាងប្រាកដហើយឬ      ថា​

នាង​​មិនយល់ពីអារម្មណ៍ស្នេហា? ស្នេហា​ប្រៀបដូចជាដុំពេជ្រមួយគ្រាប់ ប៉ុន្តែវិ​នីត​បាន​សម្រេចបោះបង់ដុំពេជ្រមួយគ្រាប់នេះ​ហើយ។ នាងមិនស្ងប់ គេងមិនស្រួល តែនាងនៅតែញញឹមនៅពេលសម្លឹងឃើញ ពិចិត្រមានភាពរីករាយ។ នាងនឹងមិន​ស្តាយ​ក្រោយក្នុងការបោះបង់ដុំពេជ្រមួយគ្រាប់​នេះឡើយ។ ចាប់តាំងពីថ្ងៃនោះមក នាងពុំសូវនៅក្បែរយុវជនឡើយ។ ពិចិត្រដឹងថា​វិនីតមានបំណងគេចចេញពីខ្លួន។ លុះក្រឡេក ឃើញខ្សែកនៅលើកសូរិយាទើប​យុវជន​​បន្លឺ​ឡើង ដោយការភ្ញាក់ផ្អើល៖

-ខ្សែកនេះ!

-គឺវិនីតឲ្យមកខ្ញុំ ខ្ញុំក៏មិននឹកស្មានថា បងនៅតែរក្សាវាទុកដែរ ការពិតខ្ញុំ ក៏មិន​ទទួល​យកវិញដែរ តែវិនីតថា វាសមតែជារបស់ខ្ញុំ បងគ្រាន់តែឲ្យនាងខ្ចី​ប៉ុណ្ណោះ នាងថែមទាំងឲ្យខ្ញុំប្រឹងប្រែងឡើង កុំអស់សង្ឃឹមអី…………..បងទៅ​ណាហ្នឹង?

ពិចិត្រហាក់ដូចជាខឹងខ្លាំងណាស់ ក៏ស្ទុះទៅរកវិនីត តែគ្មាននរណាដឹងថានាង​ទៅណាឡើយ។ រ៉ាណេបន្លឺ៖

-បងរកវិនីតធ្វើអី?

-មើលទៅគាត់ដូចជាខឹង(រ៉ាឌីឧទាន)

ពិចិត្រដើរបណ្តើរលើកទូរស័ព្ទតេទៅយុវតីបណ្តើរ៖

-ឯងនៅឯណា?

-បងរកខ្ញុំមានការអីអ្ហេ? ល្ងាចបន្តិចខ្ញុំត្រឡប់ទៅវិញហើយ បានហើយ!

-អាឡូ!

វិនីតបិទទូរស័ព្ទ។ វណ្ណាឃើញអាកប្បកិរិយាពិចិត្រអន្ទះសាយ៉ាងនេះ ក៏ដើរទៅ​ជិត ហើយនិយាយ៖

-នាងទៅលេងផ្ទះប៉ាម៉ាក់ឯងហើយ

ថ្លែងពីវិនីត នាងមានអារម្មណ៍មិនស្រួលទាល់តែសោះ។ អ្នកស្រីណាសាបន្លឺ​៖

-ពិចិត្រតេមកមែនទេ?

-ចាស!

-ម៉េចមិនឲ្យគេមកទទួលល្ងាចនេះ?

-អូ! គាត់រវល់ មិនអីទេអ៊ំស្រី ខ្ញុំទៅលាងបន្លែសិន

ព្រះអាទិត្យចាប់ផ្តើមអស្តង្គត វិនីតស្រស់ស្រូបអាហារពេលល្ងាចជាមួយ​អ៊ំប្រុស​អ៊ំស្រីហើយ ក៏គិតថា លាលោកទាំងពីរត្រឡប់មកវិញ តែពិចិត្រក៏មកដល់​ល្មម។ នាយញញឹមទៅរកលោកទាំងពីរ៖

-សួស្តីលោកប៉ាអ្នកម៉ាក់

-ឯងមកទទួលនាងអ្ហេ?

-បាទ!

-ល្អណាស់អ៊ីចឹង បើកឡានប្រយ័ត្នផង កុំលឿនពេក

-ខ្ញុំជម្រាបលាអ៊ំប្រុសអ៊ំស្រីហើយ

ពិចិត្រ និងវិនីតឡើងឡានទៅ។ បើកចេញពីផ្ទះបានបន្តិច ពិចិត្រឈប់ឡាន​ង៉ក់ ហើយសម្លឹងទៅយុវតី៖

-បងឈប់ឡានធ្វើអី?

-ឯណាខ្សែកដែលបងឲ្យឯង?

-ខ្សែកអ្ហេ! ខ្ញុំឲ្យទៅអ្នកនាងសូរិយាហើយ​

-ខ្សែកនោះ បងឲ្យទៅឯង ហេតុអីក៏ឯងយកទៅឲ្យអ្នកដទៃ?

-គាត់មិនមែនជាអ្នកដទៃឯណា ការពិត គាត់ជាម្ចាស់ខ្សែកនោះ តើពិតទេ?

-ហេតុអីក៏ឯងយល់ថា ខ្សែកដែលបងឲ្យទៅឯងនោះជារបស់សូរិយា?

-ខ្ញុំមិនដឹងទេ! ប៉ុន្តែទោះយ៉ាងណា បងយកខ្សែកប្រចាំស្នេហ៍របស់ខ្លួនទៅឲ្យ​ស្រី​ដទៃ តើបងមានគិតដល់ចិត្ត​គាត់​ទេ? បងមិនគិតថា បងធ្វើអ៊ីចឹង ដូចជា​សម្លាប់​​គាត់ទាំងរស់ទេអ្ហេ?​គាត់នៅ​តែ​ស្រលាញ់បង ចំណែក​បងក៏នៅ​ស្រលាញ់​​គាត់ដែរ តើមែនទេ?

-បងនិយាយប៉ុន្មានដងទៀត ទើបឯងយល់ពីអារម្មណ៍បង?

-ខ្ញុំពិតជាមិនយល់ពីអារម្មណ៍របស់ពួកបងមែន បើបងមិនស្រលាញ់គាត់ ហេតុ​អី​ក៏ទុកខ្សែកនោះរហូត បងធ្វើអ៊ីចឹង បងមិនហត់ទេអ្ហេ?

-ឯងទេដែលហត់នោះ

-បង!

-ទោះបងនិយាយយ៉ាងណាក៏ឯងមិនជឿបងដែរ

-បងឲ្យខ្ញុំជឿយ៉ាងម៉េច? បងចេះតែនិយាយថា បងមានមនុស្ស​ ដែល​បង​ស្រលាញ់ហើយ តែការពិត បងគ្មានទេ ការពិតបងនៅតែស្រលាញ់………….

វិនីតមិនអាចនិយាយតទៅទៀតបាន ព្រោះតែបបូរមាត់នាងត្រូវយុវជនថើប​ជាប់ទៅហើយ។ វាហាក់ដូចជារន្ធត់ពេកហើយសម្រាប់នាងតូចម្នាក់នេះ។ យុវតីបាន​ត្រឹមតែបើកភ្នែកធំៗ លែងស្តីអ្វីទាំងអស់។

ចាប់តាំងពីថ្ងៃនោះមក វិនីតពុំសូវនិយាយ​ស្តី​​ជាមួយយុវជនឡើយ។ សង្គេត​ឃើញពួកគេទាំងពីរខុសពីធម្មតាដូចនោះ សុវណ្ណក៏បន្លឺឡើង៖

-ពួកឯងទាំងពីរមានរឿងអី?

-គ្មានទេ!

យុវជន និងយុវតីឆ្លើយព្រមគ្នា។ រ៉ាឌី និងរ៉ាណេតបព្រមគ្នា៖

-ស្បថទៅ!

-វិនីត! និយាយទៅ ថាមានរឿងអី?

-គ្មានទេបង! ខ្ញុំទៅបន្ទប់ហើយ

-ខ្ញុំក៏ទៅដែរ (វណ្ណាឧទាន)

ទៅដល់មុខបន្ទប់ វណ្ណានិយាយទៅកាន់យុវតី៖

-អ្នកណាធ្វើឲ្យស្រីច្រម៉ក់ឯងមិនសប្បាយចិត្តយ៉ាងនេះ?

-គ្មានទេ!

-ពួកយើងទៅស្រែកដាក់កែវនៅជាន់ខាងលើទៅ

-ក៏ល្អដែរ! ពួកយើងទៅ

ព្រលឹមឡើង វិនីតក៏ទៅគោះទ្វារសុវណ្ណ៖

-តើឯងមានការអីទាំងព្រលឹមហ្នឹង?

-ហេតុអីបងមិនបើកទូរស័ព្ទ ហ៏! លោកចាងហ្វាងចង់និយាយជាមួយបង

-ជម្រាបសួរលោកចាងហ្វាង!

សុវណ្ណនិយាយទូរស័ព្ទហើយ ក៏ស្រាប់តែទៅរកកកាយពេញថតតុ៖

-តើបងរកអីហ្នឹង?

-កម្មវិធីទូរទស្សន៍របស់ពួកយើងល្ងាចនេះហ្នឹងណា  តើទុកឯណា​អ៊ីចេះ?…​…..​ដូចជានៅក្នុងបន្ទប់ភ្លេងទេ បងចុះទៅរកសិន

សុវណ្ណចុះទៅក្រោមបាត់ វិនីតគិតថានឹងរៀបចំទុកដាក់ឡើងវិញ ក៏ស្រាប់តែ​

ប្រទះឃើញខ្សែកមួយខ្សែ ដូចបេះបិទនឹងខ្សែកដែលពិចិត្រឲ្យមកខ្លួន៖

-ខ្សែក! ហេតុអីខ្សែកនេះ នៅក្នុងបន្ទប់បងសុវណ្ណទៅវិញ?

-ឯងកំពុងធ្វើអីហ្នឹង?

-ខ្សែកនេះ ជារបស់បងមែនទេ?

-ខ្សែក! ………..អូ! បងនឹកឃើញហើយ កាលពីបីឆ្នាំមុនពិចិត្រឲ្យមកបង

-ឲ្យបងអ្ហេ?

-គេឲ្យបងយកទៅបោះចោល តែបងមើលទៅដូចជាមិនដាច់ចិត្ត ព្រោះឃើញ​វាស្អាតទើបទុកទៅ ពិចិត្រប្រហែលភ្លេចហើយ ឯងចង់បានយកទៅ

-អរគុណបងហើយ

វិនីតកាន់ខ្សែដៃយកទៅ តែក៏បានជួបពិចិត្រល្មម។ នាងគ្រវាសដៃទៅក្រោយ​ខ្នង ទើបនិយាយទាំងភ្ញាក់ផ្អើល៖

-គឺបងទេអ្ហេ!

-សូមទោស រឿងពីថ្ងៃមុន………….

-មិនអីទេ! ខ្ញុំភ្លេចទៅហើយ

-ឯងមានអីលាក់បងមែនទេ?

-គ្មានទេ

-លាដៃរបស់ឯងចេញមក

-គ្មានអីទេ

-កុហកបងផងអ្ហេ! បងមិនជឿថា ឯងអាចលាក់បងបានទេ

ពិចិត្រស្ទុះទៅចាប់វិនីតឲ្យយករបស់នឹងដៃចេញមក។ ទាំងពីរនាក់ប្រទាញ​- ​ប្រ​ទង់​គ្នា លាយនឹងសំណើចក្អាកក្អាយ តែវិនីតនៅតែក្តោបខ្សែកជាប់ស្អិត។ ពិចិត្រ​ក្រសោបយុវតីពីក្រោយជាប់ ហើយដៃទាំងពីរចាប់លាដៃទាំងពីររបស់នាង រៀបនឹង​បានឃើញរបស់ក្នុងដៃវិនីតហើយ ស្រាប់តែសំឡេងវណ្ណាបន្លឺឡើង៖

-ពួកឯងកំពុងធ្វើអីហ្នឹង?

-គ្មានទេ!

វិនីតស្ទុះចេញពីយុវជន៖

-ឯងក្តាប់អីនឹងដៃហ្នឹង?

-គ្មានទេ! ខ្ញុំទៅចាំពួកបងនៅឡានមុន

វិនីតនិយាយហើយ ក៏រត់ចេញទៅបាត់។ ទៅដល់ក្រុមហ៊ុននាងពិតជាបាន ឃើញ​​សូរិយាពាក់ខ្សែក ដែល​មានរូបរាងដូចគ្នាបេះបិទនឹងខ្សែកដែលសុវណ្ណឲ្យមក​នាងមែន។ យុវតីហាក់ដូចភាំងមួយស្របក់ សូរិយាបន្លឺ៖

-វិនីត! វិនីត!

-ចាស!

-នាងរកខ្ញុំមានការអី?

-ចាស! លោកចាងហ្វាងឲ្យខ្ញុំមកយកឯកសារពីអ្នកនាង

-ចាំមួយភ្លែតអ៊ីចឹង………….ហ៏!

-អរគុណ! ខ្ញុំទៅសិនហើយអ្នកនាង

វិនីតដើរបណ្តើរគិតបណ្តើរ៖ “ហេតុអីក៏ខ្សែកទាំងពីរនេះដូចគ្នាបេះបិទ?”។

-បុកហើយ! (រ៉ាណេបន្លឺឡើង)

-បងទេអ្ហេ! ភ័យសឹងស្លាប់

-ឯងប៉ុន្មានថ្ងៃនេះកើតអីហ្នឹង?

-គ្មានទេ!

-ឬបារម្ភរឿងទៅចិន?

-តិចៗដែរ

-មិនតិចទេ តាមមើលសភាពឯង គឺធ្ងន់ធ្ងរហើយ

-បងកុំនិយាយលេងមើល ខ្ញុំទៅមុនហើយ ប្រញាប់យកឯកសារទៅជូនលោក​ចាងហ្វាង


វគ្គ៨                                     មុន​​​​​​​​​​​​​​ថ្ងៃ​​​ចាកចេញ

        ថ្ងៃនេះជាថ្ងៃខួបកំណើតសូរិយា។ គ្រប់គ្នាជួបជុំគ្នានៅផ្ទះលោកចាងហ្វាង។ សុវណ្ណ​ក្រឡេកឃើញខ្សែកនៅលើកសូរិយា ក៏ស្ទុះទៅរកវិនីត៖

-ឯងចេញមកក្រៅមួយភ្លែតមក

-បងមានការអីហ្នឹង?

-ឯងនិយាយទៅ ឯងយកខ្សែកពីបងទៅឲ្យសូរិយាមែនទេ?

-អត់ទេ! ខ្សែកនោះ ខ្ញុំទុកនៅឯផ្ទះឯនោះ

-អ៊ីចឹងបានន័យថា សូរិយាក៏មានខ្សែកនោះដែរ

-មិនមែនទេ នោះប្រហែលជារបស់បងពិចិត្រ ចំណែកខ្សែកដែលបងឲ្យខ្ញុំ ប្រហែល​ជារបស់អ្នកនាងសូរិយា

-អ៊ីចឹងបានន័យ នោះជាខ្សែកគូសង្សារតើ តែកាលពីបីឆ្នាំមុន ហេតុអីពិចិត្រឲ្យ​បងយកវាទៅបោះចោល?

-គាត់ពិតជាបំភ្លេចអ្នកនាងសូរិយាមែនអ្ហេ?

-ប្រាកដហើយ! ប៉ុន្តែសូរិយានៅតែពាក់ខ្សែកនោះ បានន័យថា….

-បងឈប់និយាយទៅ!

-ហេតុអីក៏ពួកបងនៅទីនេះ? (ពិចិត្របន្លឺ)

-គ្មានទេ! បងគ្រាន់តែមានរឿងជជែកជាមួយវិនីតប៉ុណ្ណោះ បងទៅក្នុងវិញ​ហើយ ឯងជជែកគ្នាចុះ

-ខ្ញុំក៏ទៅក្នុងវិញដែរ

សូរិយាឃើញវិនីតដើរចេញពីពិចិត្រហើយ នាងក៏ដើរចូលទៅ៖

-បងមិនរាំលេងនឹងគេទេអ្ហេ?

-មិនចង់ទេ

-អ៊ីចឹងបងឈរត្រង់នេះហើយណា

សូរិយាឡើងទៅលើវេទិកា រួចហើយក៏និយាយពីទឹកចិត្តរបស់ខ្លួន៖

-សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំរីករាយខ្លាំងណាស់ បានជួបជុំបងប្អូន​ មិត្តភក្តិ​ទាំងអស់ ថ្វីត្បិតតែខ្ញុំច្រៀងមិនពីរោះ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមបកស្រាយ​ចម្រៀង​មួយបទ ដែលខ្ញុំធ្វើវាឡើងដោយខ្លួនឯង ជូនទៅកាន់មនុស្សជាទី​ស្រលាញ់​របស់ខ្ញុំ បទនេះមានចំណងជើងថា សូមទោសគ្រប់យ៉ាង។

ចម្រៀងរៀបរាប់ពីទោសកំហុសគ្រប់យ៉ាង របស់នារីម្នាក់ ដែលបានធ្វើឲ្យ​មនុស្សខ្លួនស្រលាញ់រស់ក្នុងការឈឺចាប់។ ចុងបញ្ចប់ នាងពិតជាមានអារម្មណ៍ស្តាយ​ក្រោយណាស់ ចង់ហៅវេលាឲ្យត្រឡប់ក្រោយវិញ។ វិនីត ព្រមទាំងយុវជនទាំងអស់​លួច​​​​សម្លឹងមុខពិចិត្រ តែយុវជនធ្វើហាក់ដូចជាធម្មតា។ នៅពេលឃើញពិចិត្រហាក់​មិនអើពើចំពោះខ្លួន សូរិយាខូចចិត្តណាស់ នាងលែងខ្វល់ពីអ្វីទាំងអស់ ក៏ទៅចាក់ស្រា​ផឹកមួយកែវហើយមួយកែវទៀត រហូតទាល់តែស្រវឹងលែងដឹងខ្លួន។ ចំណែកក្រុម​យុវជនក៏ត្រឡប់មកដល់ផ្ទះវិញ។ រ៉ាណេបន្លឺ៖

-មើលទៅអ្នកនាងសូរិយា ពិតជាខូចចិត្តមែនទែនហើយ

-មើលទៅគាត់ស្តាយក្រោយណាស់

-បងពិតជាដាច់ចិត្តមែនអ្ហេ?

-បងទៅគេងហើយ

បន្ទាប់ពីឃើញសភាពរបស់សូរិយា ពិចិត្រក៏ពិបាកចិត្តណាស់ដែរ ប៉ុន្តែគ្រប់​យ៉ាង​សម្រាប់នាយ វាពិតជាមិនអាចត្រឡប់ក្រោយមែន។ ឱ! ពន្លឺផ្កាយដ៏សែនតូច រនោចចិត្តបានកន្លងហួសទៅហើយ ប៉ុន្តែម្តេចឡើយខ្នើតចិត្តនៅតែព្រងើយពុំចែង​ចាំង​​​​​​រស្មីទាល់​តែសោះ។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែឮសម្រឹបជើងដើរចូលមក៖

-អ្នកណា?

-គឺខ្ញុំ! ហេតុអីក៏បងនៅទីនេះដែរ?

-ចុះឯង យប់ថ្មើនេះហើយ ឡើងមកធ្វើដំបូលធ្វើអីទៀត?

-ខ្ញុំគេងមិនលក់

-បងក៏ដូចគ្នាដែរ

-បងគិតដល់អ្នកនាងសូរិយាមែនទេ? សូមទោស ខ្ញុំក៏មិនចង់ជ្រៀតជ្រែករឿង​បងដែរ ប៉ុន្តែអ្នកនាងសូរិយាពិតជាស្រលាញ់បងមែន បងមិនអាណិតគាត់ទេ?

-ស្នេហា និងការអាណិតមិនដូចគ្នាទេ ទោះបងអាណិតនាង តើវាយ៉ាងម៉េច?​បងបានត្រឹមតែអាណិតប៉ុណ្ណោះ

-តើមានមូលហេតុផ្សេងទេ ទើបធ្វើឲ្យបង មិនព្រមទទួលគាត់?

-គ្មានទេ! ឯងកុំបារម្ភពីរឿងបងពេកបានទេ សុខភាពឯងមិនល្អឡើយ ឆាប់ទៅ​គេងទៅ

-ខ្ញុំគ្រាន់តែចង់និយាយជាមួយបង បើបងនៅស្រលាញ់គាត់ បងគួរតែ​អធ្យាស្រ័យឲ្យគាត់ ហេតុអីក៏បងមិនសាកល្បងចាប់ផ្តើមសារឡើងវិញ

-បងនៅតែប្រាប់ឯងថា មិនអាចទេ បានហើយ! ឆាប់ទៅគេងទៅ បងជូនឯង​ទៅ​បន្ទប់វិញ

ពិចិត្រដឹកដៃវិនីតទៅក្នុងផ្ទះវិញ។

លុះព្រឹកឡើង មកដល់ក្រុមហ៊ុន ស្រាប់តែមានមនុស្សម្នាក់មករកយុវតី។ សន្តិសុខ​ក្រុមហ៊ុន​បន្លឺឡើង៖

-អ្នកនាងវិនីត មានគេសុំជួប

-អញ្ជើញចូលមក!

-សួស្តី!

-លោក!

-ខ្ញុំឈ្មោះរតនា ធ្វើការនៅផលិតកម្មមយូរា នេះជាណែមកាតរបស់ខ្ញុំ

-អូ! …………អញ្ជើញអង្គុយ

-អ្នកនាងប្រហែលជាឆ្ងល់ហើយ ថាហេតុអីក៏ខ្ញុំមករកអ្នកនាងដល់ក្រុមហ៊ុន ការពិតលោកចាងហ្វាងឲ្យខ្ញុំមករកអ្នកនាង គឺមានគោលបំណង អញ្ជើញអ្នក​នាងទៅ​ធ្វើ​​ជាអ្នកនិពន្ធនៅផលិតកម្មរបស់គាត់

-ថាម៉េច!

-អ្នកនាងអាចពិចារណាបាន ក្រោយពេលត្រឡប់ពីប្រទេសចិនវិញ ចំណែក​រឿងថវិកា ក្រុមហ៊ុននឹងជូននាងទ្វេដង

-សូមទោស!

-អ្នកនាងកុំទាន់បដិសេធអី ខ្ញុំគិតថា អ្នកនាងគួរតែពិចារណា ខ្ញុំនឹងចាំទទួល​ទូរស័ព្ទពីអ្នកនាង សូមទោស ខ្ញុំមិនរំខានអ្នកនាងយូរទេ លាសិនហើយ សង្ឃឹមថាអ្នកនាងនឹងពិចារណា

រតនាចេញផុត វិនីតដកដង្ហើមធំដូចជាហួសចិត្តណាស់៖

-ហេតុអីក៏មករកខ្ញុំ?

-អ្នណាគេអម្បាញ់មិញ?

-អ្នកនាងទេអ្ហេ? អូ! គាត់ជាមិត្តភក្តិខ្ញុំ…………

-ចុះគាត់មករនាងធ្វើអី?

-មិត្តខ្ញុំផ្ញើប្រាក់តាមគាត់ឲ្យយកមកសងខ្ញុំ តើអ្នកនាងមានការអីអ្ហេ?

-គ្មានទេ! ខ្ញុំគ្រាន់តែចង់ជជែកលេងជាមួយនាងប៉ុណ្ណោះ…..សូមទោសផង កាល​​ពីយប់មិញ ខ្ញុំប្រហែលជាផឹកច្រើនពេកហើយ

-មិនអីទេ! ការពិតពួកខ្ញុំយប់មិញ គឺសប្បាយណាស់

-តើកាលពីយប់មិញ បងពិចិត្របាននិយាយអីជាមួយនាងទេ?

-……..គ្មានទេ! ទៅដល់ផ្ទះ គាត់ក៏ចូលសម្រាន្តទៅ

-នាងដឹងទេ ថាហេតុអីក៏គាត់ មិនព្រមទទួលខ្ញុំ?

-ខ្ញុំក៏មិនដឹងដែរ!

-គឺព្រោះតែនាង

-អ្នកនាង!

-នាងធ្លាប់និយាយប្រាប់ខ្ញុំហើយ ថានាងមិនបានស្រលាញ់គាត់នោះទេ ខ្ញុំជឿ​នាង ប៉ុន្តែក្នុងចិត្តគាត់គឺស្រលាញ់នាង មូលហេតុដែលគាត់មិនទទួលយកខ្ញុំ គឺព្រោះតែគាត់ស្រលាញ់នាង ដរាបណានាងនៅចំពោះមុខគាត់ គាត់មិនអាច​ទទួលយកខ្ញុំបានឡើយ សូមទោស! ខ្ញុំមិនគួរនិយាយបែបនេះចំពោះនាងទេ ខ្ញុំ​ដឹងថានាងជាមនុស្សល្អ ប៉ុន្តែខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំស្តាយ​ក្រោយណាស់ ហេតុអីក៏ខ្ញុំទៅចោលគាត់?

-អ្នកនាង!

-នាងដឹងទេ ក្នុងរយៈពេលដែលខ្ញុំមិននៅ ខ្ញុំបានព្យាយាម មិនឲ្យមនុស្សស្រី​មកនៅក្បែរគាត់ ខ្ញុំមិនឲ្យបងប្រុស ទទួលអ្នកនិពន្ធជាមនុស្សស្រី ក៏ព្រោះតែ ខ្លាចគាត់ភ្លេចខ្ញុំ តែទីបំផុត គាត់នៅតែអាចរកអ្នកនិពន្ធជាមនុស្សស្រីមកនៅ ក្បែរគាត់ដដែល នោះគឺនាង

-នេះអ្ហេជាមូលហេតុដែលលោកចាងហ្វាងបដិសេធអ្នកនិពន្ធស្រី? សូមទោស!

-នាងមិនខុសទេ វា​ប្រហែលជាព្រហ្មលិខិត ខ្ញុំសូមអង្វរនាង នាងកុំស្រលាញ់​គាត់អី តើបានទេ? នេះជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំហើយ

-….អ្នកនាងកុំបារម្ភអី………. ខ្ញុំមិនស្រលាញ់គាត់ទេ

-តើនាងអាចធ្វើការងារមួយដើម្បីខ្ញុំទេ?

-តើអ្នកនាងចង់ឲ្យខ្ញុំធ្វើអី?

-នាងកុំរស់នៅផ្ទះជាមួយពួកគាត់អី ខ្ញុំគិតថា នាងគួរតែទៅស្នាក់នៅផ្ទះមួយ​ផ្សេងពីពួកគាត់ ធ្វើបែបនេះ ក៏ល្អសម្រាប់នាងដែរ ព្រោះនាងជាមនុស្សស្រី រស់នៅជាមួយមនុស្សប្រុសច្រើនយ៉ាងនេះ ក៏មិនល្អដែរ

-ពិតមែនហើយ! បើធ្វើបែបនេះ អាចជួយអ្នកនាងបាន ខ្ញុំធ្វើតាមអ្នកនាង

ពិតមែនអ្ហេ! អរគុណនាង

មិនអីទេ!

តែនាងកុំទាន់ចេញអី ចាំត្រឡប់មកពីប្រទេសចិនវិញសិនទៅ

អ៊ីចឹងក៏បាន

អរគុណនាងខ្លាំងណាស់

……………………………………………………………………………………………………

វិនីតដកដង្ហើមធំទៀតហើយ៖”តើមានរឿងអីហ្នឹង? ខ្ញុំត្រូវចាកចេញពីពួកគាត់​អ្ហេ? តើនេះជាការចាប់ផ្តើម ឬជាការបញ្ចប់ នៃស្នេហាដំបូងរបស់ខ្ញុំ? ហេតុអីក៏រូបខ្ញុំ​នេះក្លាយជារនាំងឃាំងពួកគាត់ទាំងពីរទៅវិញ?”។

-គិតអីទៀតហើយស្រីច្រម៉ក់? (វណ្ណាបន្លឺ)

-ខ្ញុំកំពុងតែគិតពីការធ្វើសន្និសិទកាសែតរបស់ពួកយើង តើនឹងទៅជាយ៉ាងណា​ហ្ន៎?

-មានរឿងអីត្រូវបារម្ភនោះ! តើមានរឿងអីផ្សេងទៀតទេ?

-គ្មានទេ!

-ឯងនឹងពិចិត្រឈ្លោះគ្នាអ្ហេ?

-អត់ទេ!

-គ្មាននរណាគេជឿឯងទេ បងដឹង! ទោះជាឯងមានរឿងអី ក៏ឯងលាក់វា ឃុំវា​ជិត ហេតុអីក៏ឯងចេះតែគិតពីអ្នកដទៃជាងខ្លួនឯងយ៉ាងនេះ?

-សូមទោស! ធ្វើឲ្យបងបារម្ភហើយ (វិនីតយំហ៊ូ)

-ក្រែងឯងចាត់ទុកបង ដូចជាបងប្រុសអ្ហេ ហេតុអីក៏មិនឲ្យបងប្រុសម្នាក់នេះ ដឹង​រឿងរបស់ឯងខ្លះទៅ?

-…………ខ្ញុំចង់រើចេញពីទីនេះ

-ថាម៉េច!

-បងកុំទាន់ប្រាប់ពួកគាត់អី ពេលត្រឡប់ពីចិនវិញ ខ្ញុំនឹងរើចេញ

-ហេតុអីក៏ឯងមានគំនិតបែបនេះ?

-វាមិនសមទេ ដែលខ្ញុំមករស់នៅក្នុងចំណោមមនុស្សប្រុសច្រើនយ៉ាងនេះ

-តើឯងគិតស្អីហ្នឹង? រាល់ថ្ងៃនេះ គឺពួកយើងធ្វើការជាមួយគ្នា ពួកយើងទើប​តែចាប់ផ្តើមប៉ុណ្ណោះ ម៉េចនឹងអាចគ្មានឯងបាន ម្យ៉ាងទៀត នៅទីនេះ គឺមាន​​តែពួកយើងប៉ុណ្ណោះជាសាច់ញាតិឯង ឯងគិតថា ពួកគេសុខចិត្តទេ? នេះមិន​មែនជាមូលហេតុទេ មែនទេ? ឯងគិតថា ឯងចាកចេញ អាចធ្វើឲ្យពិចិត្រទទួល​យកសូរិយាអ្ហេ?

-ខ្ញុំ!

-ការពិតពួកឯងទាំងពីរស្រលាញ់គ្នា ប៉ុន្តែហេតុអី ក៏ពួកឯងមានការស្ទាក់ស្ទើរ​យ៉ាងនេះ?

-ខ្ញុំជាអ្នកទីបីសម្រាប់ពួកគាត់ អ្នកនាងសូរិយាស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំ​មិន​ចង់ឲ្យពួកគាត់ឈឺចាប់ព្រោះតែខ្ញុំទេ

-វិនីត!

-ទោះយ៉ាងណា ខ្ញុំទើបតែចាប់ផ្តើមប៉ុណ្ណោះ ខ្ញុំអាចដកខ្លួនបាន បងត្រូវតែជួយ​ខ្ញុំ ណាបងណា!

បាន! បងជួយឯង ប៉ុន្តែក្នុងកំឡុងថ្ងៃ ដែលឯងរស់នៅជាមួយពួកបង​​នេះ ឯង​ត្រូវ​តែរីករាយ ស្តាប់បានទេ?

អ៊ឺ!

វិនីតដាក់ក្បាលលើខ្នងវណ្ណា ហើយយំយ៉ាងខ្លាំងអស់ពីទំហឹងចិត្ត។ ចាប់ពីថ្ងៃ​នេះ នាងត្រូវចំណាយពេលដែលសេសសល់ រស់នៅជាមួយយុវជនដោយរីករាយ។ ថ្ងៃនេះ នាងត្រឡប់មកពីធ្វើការមុន រៀបចំអាហាររួចជាស្រេច រង់ចាំក្រុមយុវជន​ត្រឡប់ពីធ្វើការវិញ។ វាពិតជារីករាយខ្លាំងណាស់សម្រាប់ពួកគេ។ វិនីតដួសបាយ​​ជូន​ដល់យុវជនម្នាក់ម្តងៗដោយស្នាមញញឹម តែបន្តិចក្រោយមក នាងមានអារម្មណ៍ថា នាងមិនអាចទប់ទឹកភ្នែកជាប់ឡើយ ក៏ស្ទុះចូលទៅបន្ទប់ទឹក។ វណ្ណាក៏ស្ទុះទៅតាម​នាង។ នាយឈរចាំនៅក្រៅបន្ទប់៖

ឯងមិនអីទេអ្ហេ?

មិនអីទេបង! ពួកយើងទៅញ៉ាំបាយទៅ

វណ្ណា និងវិនីតបណ្តើរគ្នាមកវិញដោយស្នាមញញឹម។ ពិចិត្រសង្គេតឃើញវិនីត​ហាក់​មានការស្និទ្ធស្នាលនឹងវណ្ណាខុសប្លែកពីធម្មតា។ យុវតីហាក់ពុំសូវនិយាយ​ស្តី​លេង​​​សើចជាមួយនាយដូចកាលពីមុនឡើយ។ ដូចជាពេលនេះអ៊ីចឹង៖

គឺបងទេអ្ហេ! ខ្ញុំចុះទៅក្រោមវិញហើយ

បងចង់ជជែកលេងជាមួយឯង

ចាំថ្ងៃក្រោយទៅ ខ្ញុំភ្លេចគិតថា ខ្ញុំមានការងារត្រូវធ្វើ

ពិចិត្រចាប់ដៃវិនីតជាប់៖

បង!

ពេលនេះ ជាម៉ោងយើងសម្រាកតើ………អង្គុយសិនមក

វិនីតអង្គុយចុះ ពិចិត្របន្ត៖

ឯងមានរឿងអីលាក់នឹងបងអ្ហេ?

គ្មានទេ!

បើគ្មានល្អហើយ!

ចុះរឿងបងជាមួយអ្នកនាង…………

បងចង់នៅជាមួយឯង ឯងកុំរំឭកពីរឿងហ្នឹងបានទេ?

បាន! អ៊ីចឹងពួកយើងនាំគ្នាស្រែកទៅ នេះខ្ញុំឲ្យទៅបង

ឯងប្រុងធ្វើអី?

ថ្វីត្បិតតែវាគ្រាន់តែជាក្រដាសមួយសន្លឹក តែវាអាចផ្ទុកសំឡេងរបស់យើង​បាន ពួកយើងបត់វាទៅ

យុវជន និងយុវតីនាំគ្នាបត់ក្រដាសធ្វើជារាងកែវ ហើយក៏នាំគ្នាយកមកខ្ទប់មាត់​ រួចស្រែកយ៉ាងខ្លាំង។ សម្រែកពិតជាធ្វើឲ្យមនុស្សធូរស្រាលមែន។ ពិចិត្របានឃើញ​ស្នាមញញឹមវិនីតកាលពីមុនមកវិញហើយ គឺស្នាមញញឹមដែលគ្មានទុកកង្វល់អ្វីទាំង​អស់។ ជាការពិតណាស់ ពេលវេលាពីមុន គឺរស់នៅដោយគ្មានការទើសទាល់ឡើយ។​បើនឹកដល់ចំណុចនេះ វិនីតពិតជារីករាយខ្លាំងណាស់ នាងមិនគួរស្រលាញ់ពិចិត្រ​សោះ។ បើសិនជានាងគ្មានគំនិតបែបនេះ ប្រហែលជាមិនត្រូវចាកចេញពីយុវជន​ឡើយ។ តែណ្ហើយ! ក្រោយពេលវិលត្រឡប់ពីប្រទេសចិន អ្វីៗនឹងត្រូវបញ្ចប់ នាងនឹង​ប្រើ​​​​ឆាកជីវិតក្នុងការរស់នៅម្នាក់ឯង ញ៉ាំបាយម្នាក់ឯង ធ្វើដំណើរម្នាក់ឯង។ នេះជា​ពេល​វេលា​​ចុងក្រោយហើយ ដែលនាងឈរយំក្រោមពន្លឺព្រះចន្ទនៅលើដំបូលផ្ទះ​ដ៏​សែនកក់ក្តៅ​នេះ។

ប្រទេសចិន

          ក្រុមយុវជនបេះដូងពិត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជន និង​ស្ថានីយ៍ទូរទស្សន៍នៅប្រទេសចិន។ ក្នុងថ្ងៃសន្និសិទកាសែត ពួកគេបានផ្តល់​នូវ​បទសម្ភាសន៍យ៉ាងល្អឥតខ្ចោះ ទៅកាន់ទស្សនិកជន ក្នុងនោះ លោកហ្វុន ចូវលី គឺធ្វើ​ជាអ្នកបកប្រែផ្ទាល់របស់ពួកគេ។ បន្ទាប់ពីរៀបរាប់ពីដើមកំណើតនៃក្រុមបេះដូងពិត​រួចហើយ ក៏ស្រាប់តែមានរូបភាពគួរឲ្យភ្ញាក់ផ្អើលនៅលើផ្ទាំងសំពត់ស ដែលក្នុងរូប​នោះ​​គេស្គាល់យ៉ាងច្បាស់ ថាជាកវីវ័យក្មេងដ៏មានសមត្ថភាព គឺសា វិនីត។ ចំណែក​មនុស្ស​​ស្រីចំណាស់ ដែលកំពុងបោសសម្អាតផ្លូវសាធារណៈជាមួយនឹងនាងនោះ គេ​ពុំ​ដឹងថា​ជានរណាឡើយ។ កម្មវិធីគឺផ្សាយផ្ទាល់មកដល់ស្រុកខ្មែរ វិណាតបន្លឺ​ឡើង៖

ម៉ែ! នោះគឺម៉ែ និងបងវិនីតតើ តើពួកគេនាំគ្នាមកថតម៉ែពីអង្កាល់?

គ្មានទេ! កាលវិនីតត្រឡប់មកផ្ទះ ម៉ែមិនដែលឮវារំលឹកពីរឿងនេះទេ

ឬមានគេលួចថត?

មានគេចង់ធ្វើបាបបងទេដឹងម៉ែ? (វិនាតនិយាយ)

កូនកុំនិយាយផ្តាស វាជាការពិត គ្មាននរណាចង់ធ្វើបាបបងឯងនោះទេ

ការពិតរូបភាពនេះ វាគួរឲ្យភ្ញាក់ផ្អើលណាស់។ សូរិយាគឺជាអ្នកកាន់កម្មវិធីនេះ ប៉ុន្តែនៅក្នុងតារាងកម្មវិធី គឺគ្មានបង្ហាញពីចំណុចនេះឡើយ។ យុវជនទាំងអស់ នាំគ្នា​សម្លឹងមើលទៅវិនីត ដែលកំពុងមើលរូបភាពវីឌីអូនោះឥតព្រិចភ្នែក។ អស្ចារ្យណាស់ នាងអង្គុយញញឹមរហូត ប៉ុន្តែទឹកភ្នែកនាងស្រក់ឥតឈប់។ ពិចិត្រក្តាប់ដៃនាងយ៉ាង​ជាប់ណែន រហូតវីឌីអូត្រូវបានបញ្ចប់។ យុវតីសម្រួលអារម្មណ៍ជូតទឹកភ្នែកហើយ ក៏​​នៅតែញញឹម។ ពេលឃើញនាងមានអារម្មណ៍ដូចធម្មតាហើយ កិច្ចសម្ភាសក៏ចាប់​ផ្តើមបន្ត៖

នេះជារូបភាព ដែលប្អូនធ្វើជាកម្មករសម្អាតផ្លូវសាធារណៈមែនទេ?

ចាស!

តើស្រ្តីម្នាក់ដែលសម្អាតក្បែរប្អូននោះ ជានរណា?

ឲ្យតែនឹកឃើញទុកលំបាករបស់ម្តាយ វិនីតអួលដើមកណាស់។ នាងឆ្លើយទាំង​សំឡេងខ្សាវៗ៖

គាត់ជាម្តាយខ្ញុំ

តើរូបភាពនេះ មុន ឬក្រោយពេលនាងក្លាយជាអ្នកនិពន្ធ?

គឺក្រោយ……… ថ្ងៃខ្ញុំទៅលេងផ្ទះ ខ្ញុំក៏ទៅជួយបោសម៉ែ

អ៊ីចឹងបាន​ន័យថា នាងមិនបោះបង់ ការងារជាកម្មករនេះទេអ្ហេ?

អត់ទេ!

នាងក្លាយជាអ្នកនិពន្ធដ៏ល្បីយ៉ាងនេះហើយ តើនាងមិនខ្មាសគេទេអ្ហេ ដែល​ទៅធ្វើជាកម្មករបែបនេះ? ឬប្រាក់ដែលនាងរកបាននៅតែមិនគ្រប់គ្រាន់ សម្រាប់​​ផ្គត់ផ្គង់គ្រួសារ?

វិនីតសើច ហើយនិយាយ៖

-ប្រាក់ដែលខ្ញុំរកបានរាល់ថ្ងៃ គឺសមល្មមឲ្យគ្រួសារខ្ញុំរស់បានស្រួលហើយ ការ​ពិត ខ្ញុំក៏ចង់ឲ្យម៉ែសម្រាកពីការងារដែរ តែម៉ែថាទោះយ៉ាងណា នេះជា​ការ​ងារ​ដ៏ល្អមួយដែរ បើឲ្យគាត់ឈប់ តើឲ្យគាត់ទៅធ្វើអី បើគាត់មិនចេះអីផងនោះ។  ម៉ែនិយាយគឺត្រឹមត្រូវ  ការងារនេះ មានអនុស្សាវរីយ៍ជូរចត់ និង​ផ្អែមល្ហែមជា​ច្រើន​របស់គ្រួសារខ្ញុំ ម្យ៉ាងទៀត វាចូលរួមចំណែកក្នុងការជួយ​សង្គមផងដែរ។ សម្រាប់ខ្ញុំចំពោះការងារនេះ  វាមិនមែនជាភាពអាម៉ាស់នោះទេ

ពិតជាអស្ចារ្យណាស់ ត្រូវហើយ! ក្នុងពេលកំពុងមើលវីឌីអូ ខ្ញុំឃើញនាងយំ​ផងសើចផង តើនាងមានអារម្មណ៍យ៉ាងម៉េច?

ខ្ញុំមិនបានយំទេ គឺខ្ញុំត្រេកអរ ខ្ញុំមិននឹកស្មានថា ឆាកជីវិតរបស់ខ្ញុំ ត្រូវបាន​ចាក់ផ្សាយឲ្យមនុស្សទូទាំងពិភពលោកបានដឹងយ៉ាងនេះសោះ។ អរគុណម៉ែ ប្អូនទាំងពីរ និងមិត្តភក្តិរបស់ខ្ញុំ វិនី និងតារា ដែលផ្តល់កម្លាំងចិត្តឲ្យខ្ញុំកន្លងមក អរគុណពួកបង និងទស្សនិកជនទាំងអស់ដែលគាំទ្រនូវស្នាដៃរបស់ពួកខ្ញុំ ហើយធ្វើឲ្យខ្ញុំមានថ្ងៃនេះ។

អ៊ឺ!………….ត្រូវហើយ! ឮថានាង អាចប្រើសំឡេងជាមនុស្សប្រុសបាន តើពិត​មែនទេ?

-បាទត្រូវហើយ!

-អូហូ! ពិតជាអស្ចារ្យណាស់ តើនាងគិតថា នាងបានប្រយោជន៍អ្វីខ្លះទេ ពី​សំឡេងមនុស្សប្រុសនេះ?

-ចាស! សំឡេងមនុស្សប្រុសនេះ វាបានជួយឲ្យខ្ញុំមានសុវត្ថិភាព មិន​​​​​តែ​ប៉ុណ្ណោះ វាជួយខ្ញុំក្នុងពេលធ្វើបទភ្លេង ពីព្រោះតារា​ចម្រៀង​ ដែល​ច្រៀង​ចម្រៀង​​ខ្ញុំគឺជាមនុស្សប្រុស ដូចនេះ នៅពេលធ្វើបទភ្លេង​ខ្ញុំត្រូវប្រើតុងសំឡេង​ជា​មនុស្សប្រុស ខ្ញុំគិតថា សំឡេងនេះមាន​ប្រយោជន៍​ណាស់​សម្រាប់ខ្ញុំ

សន្និសិទកាសែតត្រូវបានបញ្ចប់ជាស្ថាពរ និងជោគជ័យ។ វិនីតក៏ដើរចូលទៅ​ក្នុងបន្ទប់ទឹកបាត់។ សូរិយាកំពុងនៅកន្លែងថត ក្រឡេកឃើញយុវជនកំពុងដើរមករក​ខ្លួន ក៏បន្លឺឡើង៖

បងមានការអីរកខ្ញុំអ្ហេ?

ហេតុអីក៏នាងធ្វើអ៊ីចឹង?

បងនិយាយពីរូបភាពវីឌីអូអ្ហេ?

នៅក្នុងតារាងកម្មវិធី ក្រែងនាងមិនបានសរសេរវាចូលទេអ្ហេ ហេតុអី?

ខ្ញុំគ្រាន់តែចង់ធ្វើឲ្យវិនីតភ្ញាក់ផ្អើលប៉ុណ្ណោះ

នាងចង់ធ្វើឲ្យភ្ញាក់ផ្អើល ឬក៏មានគំនិតផ្សេង?

បងចង់និយាយថា ខ្ញុំមានគំនិតធ្វើបាបនាងអ៊ីចឹងអ្ហេ?

ខ្ញុំគ្មានគំនិតអ៊ីចឹងទេ តែនាងគួរតែប្រាប់ឲ្យវិនីតបានដឹងខ្លួនមុនសិន

បងបានឃើញហើយពីអារម្មណ៍ពិតរបស់នាង បើខ្ញុំប្រាប់នាងមុន តើនាង​អាច​ធ្វើបានល្អទេ? បងក៏ដឹង ថានាងមិនចេះសំដែងទេមែនទេ? បងមិនគួរបន្ទោស​ខ្ញុំទេ ខ្ញុំគេងគិតយូរណាស់ ទើបនឹកឃើញវិធីនេះ បងដឹងទេ?

ការពិតនាងគ្រាន់តែចង់បង្ហាញពីស្នាដៃដឹកនាំរបស់នាងប៉ុណ្ណោះ នាងមិន​បានគិតដល់ពីអារម្មណ៍អ្នកដទៃទេ

ពិចិត្រថាហើយក៏ដើរចេញមកក្រៅ។ វិនីតបានឃើញពួកគេទាំងពីរជជែកគ្នា​រួចហើយ ក៏ដើរទៅរកពិចិត្រ៖

បងយ៉ាងម៉េចហ្នឹង? ហេតុអីក៏បងបន្ទោសគាត់?

គេហួសហេតុពេកហើយ

គាត់មិនហួសហេតុទេ បងមើលមកខ្ញុំមើល មានកើតអីឯណា ខ្ញុំគួរតែអរគុណ​គាត់ទៀតផង

តើមានប៉ុន្មាននាក់ ដែលដូចជាឯងនោះ?

ពួកឯងទាំងពីរនៅទីនេះទេអ្ហេ? (សុវណ្ណបន្លឺ មិត្តឯទៀតក៏មកដល់ព្រមគ្នា)

-វិនីតឯងឆ្លើយបានល្អណាស់

-អរគុណបង!

-ពួកយើងឆាប់ទៅក្រុមហ៊ុនទៅ ដើម្បីត្រៀមឡើងកម្មវិធីទូរទស្សន៍យប់នេះ

ក្នុងអាល់ប៊ុមទីពីរបេះដូងពិត បទដែលពេញនិយមជាងគេ គឺបទជាភាសា​អង់គ្លេស ដែលមានចំណងជើងថា”The song for you”។

បន្ទាប់ពីបញ្ចប់ការងារហើយ លោកហ្វុន ចូវលី បានដឹកនាំក្រុមយុវជនបេះដូង​ពិត ដើរទស្សនាកម្សាន្តគ្រប់ទីកន្លែងក្នុងប្រទេសចិនទាំងមូល។ សកម្មភាពពិតទាំង​នេះ ក៏បានចាក់ផ្សាយនៅតាមបណ្តាញអ៊ិនធ័រនេតផងដែរ។

នេះជាមោទនភាពមួយរបស់យុវជនខ្មែរ ដែលឈរជើង​លើ​ឆាកអន្តរជាតិ​ហើយ​ពិភពលោកទាំងមូល ក៏កំពុងតែចាប់ផ្តើមផ្តោតអារម្មណ៍មក​លើ​យុវជនមួយ​​ក្រុម​​នេះ​ដែរ។

បន្ទាប់ពីត្រឡប់ពីប្រទេសចិនវិញ ក្រុមចម្រៀងបេះដូងពិត ត្រូវបានក្រុមហ៊ុន​នៅ វៀតណាម ថៃ និងជប៉ុន ទាក់ទងឲ្យទៅសំដែងជាបន្តបន្ទាប់។ ភាគច្រើន វិនីត​ពុំបានទៅជាមួយឡើយ ព្រោះនាងជាប់រៀន និងនៅធ្វើបទភ្លេងបន្តទៀត ចំណែក​សូរិយា នាងតែងតែធ្វើដំណើរជាមួយក្រុមយុវជននេះជាប់ជានិច្ច ព្រោះនាង ជា​អ្នក​ចាត់ចែង​កម្មវិធីឲ្យពួកគេ។ ពីរសប្តាហ៍​ហើយដែលវិនីតនៅផ្ទះតែម្នាក់ឯង ពេលខ្លះ​នាងយកមីមកញ៉ាំជំនួសបាយក៏មាន។ ពេលនេះ នាងកំពុងគិតដល់ថ្ងៃដែលនាង​ទើប​ត្រឡប់ពីប្រទេសចិន៖

-អ្នកនាងមានការអីរកខ្ញុំអ្ហេ?

-ខ្ញុំចង់សួរនាង តើនាងបានប្រាប់ពូកគាត់ ថានាងចង់រើចេញហើយនៅ?

-ចាសនៅទេ! ខ្ញុំគិតថា នឹងប្រាប់ពួកគាត់យប់នេះ

-យកល្អកុំទាន់ប្រាប់គាត់អី ពួកគាត់នៅមានកម្មវិធីសំដែង នៅជប៉ុនទៀត​ បើ​នាង​ចាក​​ចេញនៅពេលនេះ ខ្ញុំខ្លាចពួកគាត់មិនសប្បាយចិត្ត ចាំពួកយើង ត្រឡប់​​​ពី​ជប៉ុនសិនទៅ តើបានទេ?

-ចាសមិនអីទេ?

-ឮថានាងមិនបានទៅជាមួយពួកយើងទេអ្ហេ?

-ចាស! ខ្ញុំជាប់រៀន

វិនីតដកដង្ហើមធំ ហើយនិយាយតែម្នាក់ឯង៖”ទោះជាស្ងប់ស្ងាត់បន្តិច តែខ្ញុំ​ដូច​ជាគ្មានបញ្ហាអីឯណា? តើពេលនេះ ពួកបងកំពុងតែធ្វើអីហ្ន៎? តើមានពេល​នឹក​ដល់ខ្ញុំ​ទេ? ថ្ងៃស្អែកនេះ ពួកបងត្រឡប់មកវិញហើយ សូមទោស ដែលខ្ញុំទៅ​មិនបានប្រាប់​ពួក​បងជាមុន”។

ការសំដែងនៅប្រទេសជប៉ុនបានបញ្ចប់។ មួយរយៈនេះ ទំនាក់ទំនងរវាង​សូរិយានិងពិចិត្រហាក់បីដូចជាល្អជាងមុន។ សូរិយានាងរីករាយណាស់ ហើយក៏ហាក់​ដូចជាមានសង្ឃឹមខ្លះដែរ។ ពេលនេះ ពួកគេចុះពីលើយន្តហោះមកដល់ដីកម្ពុជា​ហើយ លោកចាងហ្វាងបន្លឺ៖

-ពួកឯងទៅក្រុមហ៊ុនសិនទេ?

-ពួកយើងចង់ទៅផ្ទះ

យុវជនទាំងអស់ឆ្លើយព្រមគ្នាល្អណាស់ សូរិយាក៏តប៖

-ពួកលោកប្រហែលជានឿយហត់ហើយ គួរតែឲ្យពួកគាត់ទៅផ្ទះសម្រាក​សិន​ទៅបង

-អ៊ីចឹងក៏បាន!

-អរគុណលោកចាងហ្វាង

យុវជនទាំងអស់នាំគ្នាឡើងឡាន។ នៅតាមផ្លូវ ម្នាក់ៗសប្បាយចិត្តណាស់ សង្ឃឹមថានឹងបានទៅជួបស្រីច្រម៉ក់របស់ខ្លួនវិញ។ រ៉ាណេបន្លឺ៖

-ពួកបងទាយទៅមើល ថាស្រីច្រម៉ក់នោះ នឹងធ្វើអ្វីទុកឲ្យពួកយើងញ៉ាំ?

-នាងប្រហែលជាញាំស្តៅដែលខ្ញុំចូលចិត្តហើយមើលទៅ (រ៉ាឌីតប)

-មិនប្រាកដទេ!នាងប្រហែលជាឆាបន្លែដែលបងចូលចិត្តហើយ(សុវណ្ណបន្លឺ)

-សុទ្ធតែមិនមែនទាំងអស់ នាងប្រាកដជាធ្វើអាម៉ុកដែលខ្ញុំចូលចិត្តជាមិនខាន មែនទេបងពិចិត្រ?

-បងម៉េចនឹងដឹងនោះ

វណ្ណានិងពិចិត្រអង្គុយញញឹមដូចគ្នា។ គ្រាន់តែឡានបញ្ឈប់ម៉ាស៊ីន ម្នាក់ៗ​ស្ទុះ​ចេញពីក្នុងឡានព្រាត ទុកតែសុវណ្ណ និងជំនួយការបីនាក់ទៀតជាអ្នករៀបចំអីវ៉ាន់។​ ទាំងអស់គ្នាហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់ នៅពេលឃើញផ្ទះចាក់សោពីក្រៅ វណ្ណា​បន្លឺ៖

-ហេតុអីក៏ផ្ទះចាក់សោ?

-ស្រីច្រម៉ក់នេះមិនដឹងថា ពួកយើងត្រឡប់មកវិញទេអ្ហេ?

-មិនអាចទេ ហេតុអីក៏លឿនយ៉ាងនេះ? ឯណាសោ?

-នៅបងសុវណ្ណ ចាំខ្ញុំទៅយក

-តើមានរឿងអី?

រ៉ាណេរត់ទៅយកសោ។ ទ្វារផ្ទះត្រូវបានរបើក វណ្ណារត់ចូលទៅបន្ទប់វិនីត ចំណែកយុវជននាំគ្នាទៅតាមពីក្រោយ។ នៅក្នុងបន្ទប់ គឺគ្មានសម្លៀកបំពាក់វិនីត​ឡើយ វណ្ណាបន្លឺ៖

-នាងទៅបាត់ហើយ!

-នាងទៅណា?

-នាងលេងរស់នៅជាមួយពួកយើងទៀតហើយ?

-តើមានរឿងអីកើតឡើង? (ពិចិត្រសួរ)

-………..គ្មានទេ! គ្រាន់តែនាងយល់ថា នាងជាស្រី មិនសមរម្យក្នុងការរស់នៅ​ជាមួយពួកយើងទេ

-ឯងដឹងថា វិនីតចង់ចាកចេញពីទីនេះអ្ហេ?

-ត្រូវហើយ!

-ហេតុអីក៏ឯងមិនឃាត់នាង?

-នេះជាការសម្រេចចិត្តរបស់នាង

-តែឯងក៏គួរប្រាប់ពួកយើងជាមុនដែរ

-បើប្រាប់ពួកឯង តើយ៉ាងម៉េច?អាចផ្លាស់ប្តូរការសម្រេចចិត្តរបស់វិនីត​បាន​ទេ?

-បានហើយ! ពួកបងកុំប្រកែកគ្នាអី ពេលនេះរឿងសំខាន់ យើងគួរតែដឹងថា វិនីតស្នាក់នៅឯណា

-ខ្ញុំក៏មិនដឹងដែរ ថានាងស្នាក់នៅឯណា ការពិតខ្ញុំនឹកស្មានថា ពេលពួកយើង

​ត្រឡប់មកវិញហើយ ទើបនាងចាកចេញ

-តើកន្លែងដែលនាងស្នាក់នៅមានសុវត្ថិភាពឬអត់? (រ៉ាឌីបន្លឺ)

-តើមានរឿងអី? (សុវណ្ណសួរ)

-វិនីតទៅបាត់ហើយ (រ៉ាណេឆ្លើយ)

-ទៅបាត់ហើយ! ចុះនាងទៅណា?

-ពួកយើងក៏មិនដឹងដែរ

-អ៊ីចឹងម៉េចមិនឆាប់ទូរស័ព្ទទៅ

-ពិតមែនហើយ!

ទាំងអស់គ្នានាំគ្នាយកទូរស័ព្ទចេញមក ប៉ុន្តែតេមិនចូលទាល់តែសោះ។ វារឹត​​តែធ្វើឲ្យយុវជនអន្ទះសាថែមទៀត។ រ៉ាណេបន្លឺ៖

-តិចលោនាងត្រឡប់ទៅស្រុកវិញទេដឹង

-ខ្ញុំតេទៅអ្នកមីង

-កុំអីទុកឲ្យខ្ញុំតេទៅវិណាតវិញ

-អាឡូ!

-វិណាត! បងគឺរ៉ាណេណា

-អូ! ជម្រាបសួរបង

-តើឯងសុខសប្បាយទេ?

-ខ្ញុំសុខសប្បាយទេបង ចុះពួកបង និងបងស្រីខ្ញុំ សុខសប្បាយទេ?

-បងស្រីឯងអ្ហេ! …………អូ នាងសុខសប្បាយទេ

-តើខ្ញុំអាចនិយាយជាមួយគាត់​បានទេបង?

-………….មិនបានទេ! សូមទោសណា មានទូរស័ព្ទពីក្រុមហ៊ុនហៅពួកបងទៅ​ហើយ ប៉ុណ្ណឹងសិនចុះ ចាំលើកក្រោយបងតេទៅលេងឯងទៀត

-បាទ! ជម្រាបលាបង

-តើនាងទៅណា ហេតុអីក៏តេមិនចូល?

-វណ្ណា! ឯងពិតជាមិនបានដឹងថា នាងស្នាក់នៅឯណាមែនអ្ហេ?

-ខ្ញុំពិតជាមិនបានដឹងមែន

-វាគួរឲ្យបារម្ភពេកហើយ (សុវណ្ណនិយាយ)

-សូរិយាអាចដឹង!

ពិចិត្រងាកសម្លឹងទៅវណ្ណា តែក៏មិនបង្អង់យូរ នាយក៏តេទៅសូរិយាភ្លាម។

ថ្លែងពីសាវីណា ពេលនេះ នាងហាក់ដូចជាតក់ស្លុតខ្លាំងណាស់នៅពេល​ដែល​ឮចាងហ្វាងផលិតកម្មមយូរាជជែកជាមួយយុវជនពីរនាក់ ដែលជាសន្តិសុខនៅ​ក្រុមហ៊ុន៖

-តើរឿងដែលយើងឲ្យពួកឯងធ្វើយ៉ាងម៉េចហើយ?

-ទោះជាយ៉ាងណា ក៏នាងមិនព្រមមកក្រុមហ៊ុនយើងដែរលោកចាងហ្វាង

-តែវិនីតបានរើចេញពីផ្ទះក្រុមបេះដូងពិតហើយ

-តើមានរឿងអីកើតឡើងចំពោះពួកគេមែនទេ?

-ពួកខ្ញុំអត់ដឹងទេ!

-ពួកគេប្រហែលជាមានបញ្ហា នេះជាឱកាសរបស់យើងហើយ ហ៏! ឯងយក​កិច្ច​សន្យានេះ ទៅឲ្យនាងចុះកុងត្រាទៅ

-ចុះបើនាងនៅតែមិនព្រមនោះលោកចាងហ្វាង?

-ឯងរកមធ្យោបាយខ្លួនឯងទៅ ធ្វើយ៉ាងណា ឲ្យនាងចុះហត្ថលេខានៅលើកិច្ច​សន្យានេះឲ្យបាន

-បាទទាន!

សាវីណាភ័យណាស់ គិតថាវិនីតមានគ្រោះថ្នាក់ហើយ តើនាងគួរធ្វើយ៉ាង​ណា? ចំណែកវិនីត តើនាងកំពុងតែធ្វើអី ទើបទូរស័ព្ទតេមិនចូលដូចនេះ។ ពុទ្ធោអើយ! ការពិតនាងអង្គុយសរសេរបទភ្លេងរហូតគេងលក់នៅលើតុពីកាលណា ក៏មិនដឹង​ដែរ។ នាងងើបឡើងស្រវារកទូរស័ព្ទមកមើលម៉ោងទើបដឹងថា ទូរស័ព្ទអស់ថ្មទៅ​ហើយ។ យុវតីយកទូរស័ព្ទទៅសាកថ្ម ស្រាប់តែទូរស័ព្ទរោទិឡើង៖

-អាឡូសាវីណា!

-តើឯងកំពុងនៅឯណា?

-ខ្ញុំនៅផ្ទះ!

-ឯងឆាប់ចេញពីផ្ទះសិនទៅ

-ទៅណា?

-លោកចាងហ្វាងបានឲ្យមនុស្សទៅរកឯង ឯងកុំទាន់សួរអី ឯងឆាប់ចេញពីផ្ទះ​មក…………….វិនីត! វិនីត

-សួស្តីសាវិនីត កវីវ័យក្មេងដ៏មានសមត្ថភាព

-ពួកឯងមកទៀតហើយអ្ហេ!

-វីវរហើយ

វីណាបិទទូរស័ព្ទ តែវិនីតក៏ភ្ញាក់ព្រើតនៅពេលទូរស័ព្ទបន្លឺឡើងជាថ្មីម្តងទៀត។

សន្តិសុខទាំងពីរក៏ស្ទុះទៅយកទូរស័ព្ទពីដៃនាង។ ចំណែកពិចិត្រឆ្ងល់ណាស់ ហេតុអី​ក៏​តេ​ចូលហើយ វិនីតបិទទូរស័ព្ទទៅវិញ។ សុវណ្ណបន្លឺ៖

-ហេតុអីក៏នាងទៅហើយ សូម្បីតែទូរស័ព្ទពួកយើង ក៏មិនទទួលអ៊ីចឹង?

-មកពីពួកយើងមិនល្អចំពោះនាងទេដឹង?

ទាំងអស់គ្នាអន្ទះសាណាស់ ស្រាប់តែសំឡេងទូរស័ព្ទពិចិត្របន្លឺឡើង៖

-អាឡូ!

-បងពិចិត្រ! ខ្ញុំសាវីណាណា៎ វិនីតមានរឿងហើយ

-តើវិនីតនៅឯណា?

-បងឆាប់ចេញមក ខ្ញុំនៅចាំបង មុខមន្ទីរពេទ្យកាល់ម៉ែត

-តើវិនីតមានរឿងអីមែនទេ?

-ពួកយើងឆាប់ទៅ!

ឡានពីរគ្រឿង បើកយ៉ាងលឿនចាកចេញទៅ។ សាវីណាបាននាំក្រុមយុវជន​មកដល់ផ្ទះជួលដែលវិនីតស្នាក់នៅ៖

-ឈប់ត្រង់នេះហើយ! ពួកបងចូលទៅចុះ ចំណែកខ្ញុំ ខ្ញុំមិនអាចឲ្យពួកគេឃើញ​ខ្ញុំទេ

-អរគុណនាងហើយ

វិនីតអង្គុយលើកៅអី ដែលមានកិច្ចសន្យានៅពីមុខ ចំណែកសន្តិសុខទាំងពី​រ​គឺឈរសងខាងនាង៖

-កន្លះម៉ោងហើយ តើនាងចង់គិតដល់ណាទៀត? ប្រាក់ខែមួយទ្វេជាពីរហើយ​នៅមានលក្ខខណ្ឌផ្សេងៗទៀត ពួកយើងគិតថា វាមិនអន់ជាក្រុមហ៊ុននាង​នោះទេ

-វាមិនមែនអាស្រ័យលើលក្ខខណ្ឌទាំងអស់នេះទេ បើមិនអ៊ីចឹង ក្រុមរបស់​យើងក៏មិនមានឈ្មោះថា បេះដូងពិតដែរ

-តែវាមានអីពិបាក នាងក៏អាចបង្កើតក្រុមថ្មីមួយផ្សេងទៀត ហើយចង់ដាក់​ឈ្មោះបេះដូងពិតឬមិនពិត ឬអ្វីផ្សេងទៀតក៏បានតាមចិត្តនាង

-មើលទៅពួកលោក ពិបាកស្តាប់គ្នាណាស់ តើក្រុមហ៊ុនពួកលោកពិតជាត្រូវ​ការ​ខ្ញុំ​មែនអ្ហេ?

-ពិតមែនហើយ! គឺត្រូវការខ្លាំងតែម្តង

-ចុះបើខ្ញុំនៅតែមិនព្រម

-សូមទោស! ពួកខ្ញុំមានតែនាំនាងទៅជួបលោកចាងហ្វាងផ្ទាល់ហើយ

-ឲ្យប៊ិចមក!

វិនីតឈោងប៊ិចយកមក ប៉ុន្តែនាងមិនបានស៊ីញ៉េនោះទេ នាងបែរជាគូសវាស​ពេញលើក្រដាសទាំងអស់។ យុវជនទាំងពីរបន្លឺ៖

-នាងចង់ធ្វើអី?

-ពួកលោកមិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំដើរដោយខ្លួនឯង

-សួស្តីស្រីច្រម៉ក់!

សំឡេងរ៉ាណេបន្លឺឡើង។ វិនីតក្រឡេកមកមាត់ទ្វារ ឃើញយុវជនទាំងអស់

​ឈរយ៉ាងត្រៀបត្រា។ នាងត្រេកអរណាស់ ស្ទុះរត់ចេញពីយុវជនទាំងពីរមករកពួក​​គេ។ ពិចិត្របន្លឺ៖

-ពួកលោកជានរណា?

-ពួកយើងទៅវិញ

-ប្រាប់លោកចាងហ្វាងរបស់ពួកលោកទៅ ឲ្យខ្ញុំសូមទោស ខ្ញុំពិតជាមិនអាច​​​ធ្វើ​តាមសំណើរបស់គាត់បានទេ

សន្តិសុខទាំងពីចាកចេញទៅ។ ពិចិត្រងាកមកសម្លឹងវិនីត ធ្វើឲ្យនាងឱនមុខ​ចុះ និយាយទាំងរដិបរដុប៖

-សូមទោស!

-ទៅរៀបចំអីវ៉ាន់ទៅ ត្រឡប់ទៅផ្ទះវិញ

-មិនបានទេ………..

-បងឲ្យទៅរៀបចំអីវ៉ាន់

-ចាំពួកបងទៅរៀបឲ្យឯងក៏បាន (រ៉ាណេ និងរ៉ាឌីស្ទុះទៅរៀបចំអីវ៉ាន់)

យុវជនទាំងអស់ក៏នាំគ្នាមកដល់ផ្ទះវិញ តែពុំទាន់មាននរណាហ៊ានសួរនាំ​វិនីត​នៅឡើយទេ។ រ៉ាណេ និងរ៉ាឌីយកអីវ៉ាន់ទៅដាក់ដល់ក្នុងបន្ទប់វិនីត រ៉ាណេក៏និយាយ​ទៅកាន់យុវតី៖

-ម្តងនេះ បងថាឯង ធ្វើជ្រុលពេកហើយ

-បងពិចិត្រខឹងខ្លាំងណាស់ ឯងដឹងទេ?

-ពួកឯងនៅទីនេះទេអ្ហេ? (ពិចិត្របន្លឺ)

-អូ! ពួកខ្ញុំចុះទៅវិញហើយ……….ឯងដោះស្រាយខ្លួនឯងទៅ

-ឯងប្រាប់បងមក ហេតុអីក៏ឯងចង់រើចេញពីទីនេះ ដោយមិនប្រាប់បងមួយ​ម៉ាត់សោះអ៊ីចឹង?

-ឲ្យខ្ញុំសូមទោស! ខ្ញុំមិនចង់រំខានពួកបង

-រំខានស្អី ពួកបងធ្លាប់និយាយប្រាប់​ឯងអ៊ីចឹងអ្ហេ?

-សូមទោស!

-តើមានទាក់ទងនឹងសូរិយាមែនទេ?

-គ្មានទេ!

-សូរិយាឲ្យឯងរើចេញមែនទេ?

-គ្មានទាក់ទងនឹងគាត់ទេ គឺខ្ញុំចង់រើចេញដោយខ្លួនឯង ម្តងនេះ ចាត់ទុក​ថា​ខ្ញុំ​ជា​អ្នកខុសចុះ ខ្ញុំមិនគួររើចេញដោយមិនបានប្រាប់ពួកបងនោះទេ ខ្ញុំ​សូមទោស​​​​​​​​បង តើបានទេ!

-ឯងមិនមែនវិនីត ដែលក្លាហានត្រឹមត្រូវ និងស្មោះត្រង់ពីមុនទេ តែបងចង់ឲ្យ​

ឯងដឹងថា រឿងរបស់បងនិងសូរិយាគ្មានទាក់ទងនឹងឯងនោះទេ ទោះជាគ្មាន​ឯង ក៏បងនិងនាងមិនអាចដូចដើមវិញដែរ បានហើយ! ឯងប្រហែលជាហត់​នឿយហើយ សម្រាកចុះ

-……………សូមទោស!

សូរិយាដឹងថា ពិចិត្រប្រាកដជាដឹងរឿងដែលនាំឲ្យវិនីតរើ​ចេញ។ តើនាងគួរតែ​បកស្រាយយ៉ាងណា? ចំណែកវិនីត ព្រឹកឡើង នាងមិនទាន់​បាន​ទៅក្រុមហ៊ុនទេ គឺនាង​ទៅក្រុមហ៊ុនមយូរាមុន។ លោកមយូរាបន្លឺឡើងដោយការភ្ញាក់​ផ្អើល៖

-សាវិនីត!

-ជម្រាបសួរ!

-អង្គុយសិនទៅ!………..នាងផ្លាស់ប្តូរចិត្តហើយមែនទេ?

-ហេតុអីលោកត្រូវការខ្ញុំ?

-ព្រោះនាងជាកវីដែលមានសមត្ថភាព បើសិនជាមាននាង ផលិតកម្មខ្ញុំ​ អាច​នឹង​​ទទួល​ការ​ចាប់អារម្មណ៍ពីទស្សនិកជនថែមទៀត

-បើសិនខ្ញុំ នៅក្នុងសភាពជាកម្មករ ដែលពុំទាន់មាននរណាចាប់អារម្មណ៍ តើ​លោកអាចនឹងទទួលយកខ្ញុំទេ? ការពិតលក្ខខណ្ឌនៅក្នុងកិច្ចសន្យានោះ គឺល្អ​ទាំងអស់សម្រាប់ខ្ញុំ ប៉ុន្តែលោកយល់ទេថា បេះដូងកវីដូចជាពួកយើងត្រូវការ​អ្វី? មិនសង្កត់ធ្ងន់តែទៅលើប្រាក់នោះទេ ហើយខ្ញុំក៏មិនបានប្រកាន់ថា​ក្រុមហ៊ុន​លោក​បែបនេះឬបែបនោះ​ដែរ តែសូមឲ្យលោកយល់ ខ្ញុំមិនអាច​ចាកចេញ​​ពីពួក​គាត់បានទេ ព្រោះ​អារម្មណ៍ និងបេះដូងខ្ញុំគឺនៅជាមួយពួកគាត់​អស់​ទៅហើយ សូមលោកយោគយល់ដល់ខ្ញុំ​ផង ខ្ញុំជឿ ថាលោកអាចធ្វើបាន លោកកុំភ្លេចថា លោកមានសាវីណា ហើយ​សាវីណានេះហើយ ជាបេះដូងពិត​របស់ក្រុមហ៊ុន​លោក ហេតុអីត្រូវមើលរំលងនាងបែបនេះ? ខ្ញុំ និងនាងគឺជា​មិត្តភក្តិ​ពួកយើង​​តែងតែជួយគ្នា ហេតុអីក៏លោកមិនផ្តល់ឱកាស ចំណាយពេល​វេលា​​ទៅលើនាងបន្តិចទៅ? សូម​លោកសាកល្បងពិចារណាឡើងវិញទៅ។ ខ្ញុំសង្ឃឹមថា ផលិតកម្មលោក​នឹង​ក្លាយទៅជាគូប្រជែងដ៏ល្អជាមួយផលិកម្ម​នាគទេព សូមទោសដែលរំខាន​​ពេល​​វេលាលោក ខ្ញុំជម្រាបលា។

-សមជាកវីមែន!………..ល្អ ខ្ញុំនឹងសាកល្បងពិចារណា

ថ្លែងពីពិចិត្រ នាយបើកទ្វារខ្វាកចូលទៅរកសូរិយាដល់ក្នុងបន្ទប់ធ្វើការ៖

-បងមានការរឿងអីចង់និយាយជាមួយខ្ញុំមែនទេ?

-នាងបាននិយាយអីជាមួយវិនីតខ្លះ?

-ហេតុអីក៏បងសួរខ្ញុំបែបនេះ? ឬវិនីតប្រាប់បងថា ខ្ញុំជាអ្នកឲ្យនាងរើចេញ……….​ហេតុអី​​ក៏ខ្ញុំចាំបាច់ត្រូវធ្វើអ៊ីចឹង? បងនិយាយទៅ ថាខ្ញុំធ្វើបែបនេះដើម្បីអី?

-ខ្ញុំមិនដឹងទេ តែបើរឿងនេះពិតជាគ្មានទាក់ទងនឹងនាងមែនគឺប្រសើរហើយ សូមទោសផង ដែលរំខាននាង

សូរិយាក្នក់ខ្នាញ់នឹងពិចិត្រយ៉ាងខ្លាំង។ មួយសន្ទុះក្រោយក៏ដើរចេញទៅបន្ទប់​ទឹក ស្រាប់តែជួបនឹងវិនីតល្មម៖

-សួស្តីអ្នកនាង!

-នាងមិនបានរើចេញទេមែនទេ?

-សូមទោស!

-ខ្ញុំមើលទៅនាង ដូចជាទន់ភ្លន់ណាស់ ការពិតគឺនាងមិនចង់ចាកចេញពី​បង​ពិចិត្រ តើមែនទេ?

-ការពិតខ្ញុំបានចាកចេញហើយ…………

-តែនាងក៏ត្រឡប់មកវិញ ខ្ញុំដឹង ថាខ្ញុំមិនគួរឲ្យនាងធ្វើបែបនោះទេ តែនាងបាន​និយាយហើយ ថានាងមិនបានស្រលាញ់គាត់ ឬមួយនាងក៏ស្រលាញ់គាត់ដែរ ឬមួយខ្ញុំ ពិតជាគ្មានសង្ឃឹមស្រោចស្រង់ស្នេហានេះទេ

-អត់ទេអ្នកនាង ឲ្យខ្ញុំសូមទោស! ខ្ញុំនឹងនិយាយជាមួយពួកគាត់ម្តងទៀត

-ឯងចង់និយាយពីរឿងអី?

-បងវណ្ណា!

-អ្នកនាងកុំហួសហេតុពេកបានទេ?

-លោកនិយាយអី ខ្ញុំហួសហេតុអី?

-អ្នកនាងជាអ្នកធ្វើ គឺបានដឹងខ្លួនឯងច្បាស់ណាស់ សូមកុំអត្មានិយមពេក

-លោក!

-ពួកយើងទៅ!

វណ្ណាអូសដៃវិនីតដើរចេញមកក្រៅ។ វិនីតគ្រវាសដៃយុវជនចេញ៖

-តើបងកំពុងធ្វើអី?

-បងទេដែលត្រូវសួរឯង ហេតុអីក៏ឯងមិនដូចជាឯងអ៊ីចឹង?

-បងចង់និយាយអី?

-ចម្រៀងឯងតែងមួយបទណា ក៏សុទ្ធតែបង្ហាញពីជំនឿចិត្ត និងការតស៊ូ​ដែរ​តែ​ឯងមិនមែនទេ បងមើលទៅឯងពេលនេះ គឺគ្មានជំនឿចិត្តទាល់តែសោះ ឯង​ម៉េច​នឹងអាចក្លាយជាមនុស្សបែបនេះ

-សូមទោស!

-ឯងស្រលាញ់បងដូចជាបងប្រុស តើមែនទេ?

-អ្ហឺ!………..បងធ្វើអីហ្នឹង?

-ឯងនៅឲ្យស្ងៀមទៅ បងចង់ឱបឯងបន្តិច តើឯងអាចឱបបងវិញ តើបានទេ?

វិនីតក្រសោបឱបតបយុវជនវិញ។ រូបភាពនេះ គឺស្ថិតនៅក្នុងកែវភ្នែកពិចិត្រ។ សូរិយាឃើញពិចិត្រដើរចេញទៅដោយទឹកមុខស្រងូត តែសម្រាប់នាង ហាក់ដូចជា​ត្រេកអរខ្លាំងណាស់ ព្រោះគិតថា វណ្ណា​និងវិនីតស្រលាញ់គ្នា។ នាងក៏ដើរទៅតាម​ពិចិត្រ ចំណែកវណ្ណានិងវិនីតអង្គុយទន្ទឹមគ្នាដោយស្ងៀមស្ងាត់។ យុវជនស្រដី៖

-ឯងឈប់មានគំនិតចាកចេញទៀតទៅ ព្រោះទោះយ៉ាងណា ក៏ពិចិត្រមិន​យល់ព្រមដែរ

-ប៉ុន្តែ……………….

-បងសួរឯង នៅពេលដែលបងឱបឯង តើឯងមានអារម្មណ៍អីទេ?

-គ្មានទេ!

-ព្រោះតែឯងចាត់ទុកបងជាបងប្រុសមែនទេ? តែបងមិនមែនទេ………..​បង​មិន​បានស្រលាញ់ឯងដូចជាប្អូនស្រីទេ

-បង!

-ហេតុអ្វីក៏បងរឹតតែស្រលាញ់អូន? បទនេះ គឺបងតែង នៅពេលដែលបងលួច​ស្រលាញ់ឯង តែទោះជាបងស្រលាញ់ វាយ៉ាងម៉េច? ទោះជាបងឱបឯងជាប់ ដូច​ជាពេលអម្បាញ់មិញអ៊ីចឹងក៏ដោយ គឺបេះដូងរបស់ឯងមិនកម្រើកទាល់តែ​សោះ មិនខុសអីពីសូរិយានិងពិចិត្រនោះទេ ទោះសូរិយាប្រឹងប្រែងយ៉ាងណា ក៏បេះដូងរបស់ពិចិត្រមិនអាចកម្រើកបានដែរ ព្រោះពិចិត្រមានមនុស្សដែល​ខ្លួនស្រលាញ់រួចទៅហើយ ដូចជាឯងអ៊ីចឹង ឯងយល់ពីអ្វីដែលបងនិយាយទេ?

-ចាស!………..សូមទោស ធ្វើឲ្យបងបារម្ភយ៉ាងនេះ

-ពេលនេះ បងស្រលាញ់ឯងដូចជាប្អូនអ៊ីចឹង ឯងគួរធ្វើអ្វីដែលឯងត្រូវការទៅ បងគាំទ្រឯងជានិច្ច

-អរគុណបងហើយ

-ហេតុអីក៏បងត្រូវមកពន្យល់កវីដូចជាឯងអ៊ីចឹង? ដូចជាមិនសមទេដឹង?

-បងនិយាយអី! ខ្ញុំទៅបន្ទប់ភ្លេងហើយ

-ស៊ូឡើងកវីតូច

វណ្ណាពិតជាធ្វើឲ្យវិនីតធូរស្រាលណាស់ ប៉ុន្តែពិចិត្រប្រហែលជាមិនធូរស្រាល​ទេ។ តើនាយកំពុងតែប្រច័ណ្ឌឬ? យុវជនហាក់ដូចជាតប់ប្រមល់ដល់ហើយ។ វិនីត​ត្រឡប់មកពីទិញអាហារពេលល្ងាចវិញ ពុំឃើញមាននរណានៅក្នុងផ្ទះសោះ នាងក៏​ចេញទៅសួរសន្តិសុខដែលយាមនៅមុខផ្ទះ៖

-ពូ! តើពួកគាត់ទៅណាអស់ហើយ?

-ពួកគាត់នៅខាងក្នុងទាំងអស់គ្នាតើ

-តែខ្ញុំអត់ឃើញគាត់ទេ

-ពូអត់ឃើញពួកគាត់ចេញមកក្រៅឯណា? ក្មួយចូលទៅរកម្តងទៀតទៅមើល

ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ភ្លើងអគ្គិសនីត្រូវដាច់ ពន្លឺទៀនព្រាលៗរំលេច​ឡើង លាយជាមួយបទចម្រៀងដ៏សែនពីរោះ។ វិនីតរំភើបខ្លាំងណាស់ នាងភ្លេចទៅ​ហើយថា ថ្ងៃនេះជាថ្ងៃខួបកំណើតនាង ហើយនេះក៏ជាលើកទីមួយដែរ ដែលមាន​ពិធីនេះសម្រាប់នាង។

-ឯងអង្គុយឲ្យស្រួលទៅ

-បួងសួងទៅ

-និយាយឲ្យឮមក ពួកបងស្តាប់ផង

-ត្រូវហើយ! បួងសួងឮៗទើបសាកសិទ្ធ

-បងកុំនិយាយផ្តាស ម៉េចនឹងអាចឲ្យពួកបងឮនោះ!


វគ្គ៩                                                          តន្រ្តីទេសចរណ៍

        តាមរយៈកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្រុមហ៊ុននាគទេពបាន​ប្រគុំ​តន្រ្តីទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃសៅរ៍។ ដោយ​សារប៉ះ​លើថ្ងៃ​សម្រាក វិនីតក៏បានចូលរួមដំណើរទៅជាមួយផង។ បន្ទាប់ពីបញ្ចប់ការសំដែង​ហើយ ពួកគេពុំទាន់ត្រឡប់មកវិញភ្លាមទេ គឺនៅដើរកម្សាន្តមួយថ្ងៃសិន។

វាយោបក់ត្រសៀកៗ ក្រោមសូរិយារៀបអស្តង្គត ធ្វើឲ្យមាត់សមុទ្រមាន​សភាព​ស្រស់ស្អាត គួរឲ្យគយគន់​មិនចង់ឃ្លាតឆ្ងាយ។ នេះជាលើកទីមួយហើយ ដែល​​វិនីត​បានមកលេងនៅមាត់សមុទ្រនៅពេលរៀបយប់យ៉ាងនេះ។ នាងបានស្រែក​យ៉ាង​ខ្លាំង​ទៅកាន់រលករួចហើយនិយាយតែម្នាក់ឯង៖”ម្តងនេះ ខ្ញុំមិនចាំបាច់ស្រែក​ដាក់កែវ​ក្រដាស​ទៀតទេ តំណក់ភ្លៀងតើ ហេតុអីក៏រកភ្លៀងពេលនេះទៅវិញ”។ វិនីត បម្រុង​រត់​មក​​ផ្ទះវិញក៏ស្រាប់តែបានជួបនឹងសូរិយា៖

-អ្នកនាង!

-មេឃធ្លាក់ភ្លៀងហើយ ពួកយើងឆាប់ត្រឡប់ទៅវិញទៅ

យុវតីទាំងពីរត្រឡប់មកដល់ផ្ទះ ក៏ចូលទៅក្នុងបន្ទប់រៀងខ្លួន តែមួយសន្ទុះ​ក្រោយ សូរិយាក៏រត់ទៅគោះទ្វារវិនីតទាំងត្រហេបត្រហប៖

-អ្នកនាងមានការអីមែនទេ?

-នាងមានឃើញខ្សែកខ្ញុំទេ?

-ខ្សែក!

-ខ្សែកដែលឯងឲ្យមកខ្ញុំនោះណា

-អ្នកនាងសាកល្បងគិតទៅមើល ថាអ្នកនាងបា​នដើរទៅណាខ្លះ?

-ត្រូវហើយ! តិចលោជ្រុះនៅមាត់សមុទ្រទេដឹង ខ្ញុំទៅរកវាសិន

-មេឃរលឹមយ៉ាងនេះ តើអ្នកនាងទៅយ៉ាងម៉េច?

-ខ្ញុំមិនអាចឲ្យខ្សែកនោះបាត់ទេ ខ្ញុំទៅរកវាហើយ

-ឈប់សិន! ខ្ញុំគិតថា វាអាចនឹងជ្រុះនៅទីនេះ ពួកយើងសាកល្បងរកនៅជុំវិញ​នេះសិនទៅ តើបានទេ?…….បើនៅតែរកមិនឃើញទៀត ចាំខ្ញុំទៅជាមួយ​អ្នក​នាង អ្នកនាងទៅរកក្នុងបន្ទប់ឲ្យសព្វសិនទៅ ខ្ញុំរកមើលជុំវិញនេះ

សូរិយាសម្រេចតាមវិនីត។ មួយស្របក់ក្រោយ វិនីតក៏កាន់ខ្សែកទៅកាន់បន្ទប់​សូរិយា​ ដោយបន្លឺឡើង៖

-ខ្ញុំរកឃើញហើយអ្នកនាង!

-ឯណា?

-នេះ!

-អរគុណទេវតាហើយ!……អរគុណវិនីត តើនាងរកវាឃើញនៅឯណា?

-នៅក្បែរកៅអីក្នុងបន្ទប់ទទួលភ្ញៀវ

-ពិតជាអរគុណនាងណាស់

-មិនអីទេ! ខ្ញុំទៅបន្ទប់វិញហើយ

-វិនីត!

-ចាស!

-រឿងពីថ្ងៃមុន ឲ្យខ្ញុំសូមទោសផង ខ្ញុំមិនគួរបន្ទោសនាងទេ ខ្ញុំដឹងហើយ ថា​​មនុស្សដែលនាងស្រលាញ់គឺវណ្ណា មិនមែនបងពិចិត្រទេ សូមទោសផងណា

-ចាស!

សូរិយាពិតជាត្រេកអរណាស់ ដែលនាងអាចរកខ្សែកឃើញវិញ។ នាងចេញពី​បន្ទប់មកក៏បានជួបនឹងពិចិត្រល្មម៖

-បងត្រឡប់មកវិញហើយអ្ហេ? ចុះឯណាអ្នកផ្សេងទៀត?

-ពួកគេចូលផ្សារមួយភ្លែត គិតថានាំគ្នាទិញអីមកញ៉ាំយប់នេះ

-តែគួរឲ្យស្តាយ បើកុំតែមេឃរលឹម ពួកយើងប្រហែលជាអាចទៅលេងនៅមាត់​សមុទ្របាន

-ខ្ញុំទៅបន្ទប់ងូតទឹកសិន

-ចាស!

ពិចិត្រមិនទាន់បានទៅបន្ទប់ខ្លួនភ្លាមទេ នាយទៅរកវិនីតមុនសិន។ យុវជន​គោះទ្វារហើយ តែដូចជាគ្មានមនុស្សនៅក្នុងបន្ទប់ទេ។ តើវិនីតម៉េចនឹងអាចទៅណា​បាន បើមេឃរលឹមយ៉ាងនេះនោះ។ យុវជនយកទូរស័ព្ទតេទៅយុវតី តែគ្មានអ្នកទទួល​ឡើយ​ នាយក៏ទៅគោះទ្វារសូរិយា៖

-បងមានការអី?

-នាងឃើញវិនីតទេ?

-ក្រែងវិនីតនៅក្នុងបន្ទប់អ្ហេ!

-បន្ទប់ចាក់សោហើយ

-ក្រែងលោនាងកំពុងតែងូតទឹកទេដឹង?

-ពិតមែនហើយ ខ្ញុំភ្លេចគិត សូមទោសរំខាននាងហើយ

-មិនអីទេ

-ខ្ញុំទៅវិញហើយ

-ចាស!……………ហេតុអីក៏បងចេះតែបារម្ភពីវិនីតគ្រប់ពេលបែបនេះ

ពិចិត្រដើរចេញមកបន្ទប់ទទួលភ្ញៀវ ក៏សម្លឹងចេញទៅក្រៅ យុវជនហាក់ដូច​ជាឃើញពន្លឺពិលដ៏តូចនៅមាត់ឆ្នេរសមុទ្រ តែមើលមិនច្បាស់ថាជានរណាសោះ។ ក្រោយ​ពេលផ្លែកបន្ទោរភ្លឺឆ្វាច ទើបនាយឃើញច្បាស់ថាជាវិនីត។ វិនីតដើរឈ្ងោក​ហាក់ដូចជារកអ្វីមួយ ទឹកសមុទ្រនាចជោរ ឡើងហើយក៏ស្រកទៅវិញ វិនីតឃើញ​យ៉ាង​ច្បាស់នូវរបស់ដែលនាងចង់រក។ នាងស្ទុះទៅរើសវាឡើងដោយសេចក្តីត្រេកអរ​តែពិចិត្រក៏មកដល់ល្មម៖

-ទីបំផុតខ្ញុំរកឯងឃើញហើយ…………បង!

វិនីតលាក់ខ្សែកទៅក្រោយខ្នង៖

-តើឯងកំពុងតែរកអី?

-ខ្ញុំ……………គ្មានទេ ខ្ញុំគ្រាន់តែចង់ដើរលេងតាមឆ្នេរប៉ុណ្ណោះ

-ដើរលេងហាលភ្លៀងហ្នឹងអ្ហេ? បងចង់ដឹងណាស់ តើរបស់អី​ ដែលធ្វើឲ្យឯង​មានអារម្មណ៍ដើរលេងហាលភ្លៀងយ៉ាងនេះ?

ពិចិត្រស្ទុះទៅកញ្ឆក់របស់ពីដៃវិនីត ហើយយកពិលមកឆួលមើល ឃើញ​ច្បាស់ ថាជាខ្សែកដែលខ្លួនបានប្រគល់ឲ្យនាង។ នាយសម្លឹងទៅមាណវី​ដែលឈ្ងោក​មុខ​​ចុះមិននិយាយស្តីអ្វីទាំងអស់។ វាគួរឲ្យហួសចិត្តពេកហើយ ព្រោះតែខ្សែកមួយខ្សែ​នេះអ្ហេ ទើបធ្វើឲ្យកវីតូចម្នាក់នេះ ចង់មកដើរកម្សាន្តក្រោមតំណក់ភ្លៀងស្រិចៗ មិន​មានអារម្មណ៍ថា ត្រជាក់ទាល់តែសោះ។ ពិតមែនហើយ ថ្វីត្បិតធាតុអាកាសត្រជាក់ ប៉ុន្តែបេះដូងនាងកក់ក្តៅណាស់ ហើយកំដៅនៃបេះដូងនេះ វាកំពុងតែជ្រាបចូលទៅ​ក្នុង​​​​​បេះដូង​យុវជន ដែលពីដំបូងក៏មានអារម្មណ៍ថាត្រជាក់នោះ ប្រែទៅជាកក់ក្តៅមួយ​រំពេច។ នាយក្រសោបឱបរាងកាយដ៏តូចស្តើងរបស់យុវតី ហើយស្រដីទាំងញញឹម​ស្ងួត៖

-ហេតុអីក៏ល្ងង់យ៉ាងនេះ?

-សូមទោស!

-តើរងាទេ?

-អត់ទេ!

-ពួកយើងទៅផ្ទះវិញ

-បងមិនសួរថា ហេតុអីក៏ខ្សែកនេះ នៅទីនេះទេអ្ហេ?

-ទៅដល់ផ្ទះបងប្រាកដជាសួរ ពួកយើងឆាប់ទៅ

ពិចិត្រកាន់ដៃវិនីតរត់ត្រឡប់មកផ្ទះវិញ។ មើលទៅពួកគេទាំងពីរហាក់ដូចជា​សប្បាយចិត្តណាស់ ប៉ុន្តែសូរិយា នាងហាក់ដូចជាទន់ជង្គង់អស់ហើយ។ តំណក់ទឹក​ភ្នែកលាយនឹងតំណក់ទឹកភ្លៀង វាពុំមែនជាភាពកក់ក្តៅនោះទេ នាងរងាខ្លាំងណាស់ រងាទាំងកាយ រងាទាំងបេះដូង។ នាងដឹងហើយថា ការពិតពិចិត្រមិនបានភ្លេចនាង​ឡើយ​ គឺនាងទេ ដែលភ្លេចយុវជន។ ហេតុអីក៏នាងចំណាំខ្សែករបស់ខ្លួនមិនបាន? នាង​​​​​កញ្ឆក់ខ្សែកពីករបស់ខ្លួនយកមកសម្លឹងមើលវិលទៅរកអតីតកាល កាលពីប្រាំ​ឆ្នាំមុន៖
-នេះជាខ្សែកបងជូនអូន

-ស្អាតណាស់! បងក៏មានដែរអ្ហេ?

-ត្រូវហើយ! នេះជាខ្សែកគូសង្សារ អូនមើលទៅមើល តើវាដូចគ្នាទេ?

-គឺដូចគ្នាណាស់

-ត្រូវហើយដូចគ្នា ប៉ុន្តែបងមានវិធីចំណាំ ដើម្បីឲ្យដឹងថា មួយណាជារបស់​អូន

-ចំណាំយ៉ាងម៉េច?

-ខ្សែករបស់អូន គឺមានឆ្នូតសមួយនៅលើត្បូងនេះ បើពួកយើងមិនបានពិនិត្យ​ឲ្យច្បាស់ទេ គឺយើងមើលមិនឃើញវាឡើយ អូនចាំបានទេ?

-ចាំបានហើយ!

សូរិយាស្រែកយំអស់ពីទំហឹងរបស់ខ្លួននៅក្រោមតំណក់ភ្លៀងស្រិចៗ ក្បែរ​មាត់​​ឆ្នេរ។ ចំណែកពិចិត្រនិងវិនីត គឺចូលបន្ទប់រៀងខ្លួនដើម្បីផ្លាស់សម្លៀកបំពាក់។ សំឡេងគោះទ្វារបន្លឺឡើង យុវតីនឹកថាជាយុវជនហើយ ក៏ស្ទុះទៅបើកទ្វារឡើង ប៉ុន្តែ​អ្វីដែលនាងឃើញ គឺសូរិយាដែលទទឹកខ្លួនជោក ព្រមជាមួយទឹកមុខដ៏​ក្រៀមក្រំ៖

-អ្នកនាងសូរិយា! ហេតុអីក៏អ្នកនាងទទឹកខ្លួនជោកអ៊ីចឹង?

-ខ្ញុំមានការចង់និយាយជាមួយនាង

-ប៉ុន្តែអ្នកនាងគួរតែផ្លាស់ខោអាវសិនទៅ ប្រយ័ត្នឈឺណា

-ខ្ញុំមិនអីទេ! តើខ្ញុំអាចចូលក្នុងបានទេ?

-ចាសបាន!

-អ្នកនាងអញ្ជើញអង្គុយទៅ

-ហេតុអីក៏នាងមានខ្សែកមួយខ្សែនេះ?

-គឺ……………

-ការពិតខ្សែកដែលនាងឲ្យមកខ្ញុំ ខ្ញុំបានធ្វើជ្រុះវានៅមាត់សមុទ្រហើយ នាងក៏​យកខ្សែកនេះមកជំនួស មែនទេ?

-សូមទោស!

-ខ្ញុំចង់ដឹងថា នាងបានខ្សែកនេះមកពីណា?

-គឺខ្ញុំ ……….ខ្ញុំបានឃើញវាដោយចៃដន្យទេ

-នាងកុហក! នាងដឹងទេ នេះទើបជាខ្សែករបស់ខ្ញុំ ម៉េចនឹងអាចនៅនឹងនាង​នោះ? ខ្ញុំអង្វរនាង នាងប្រាប់ខ្ញុំមក ថានាងបានខ្សែកនេះមកពីណា?

-អ្នកនាងពិតជាចង់ដឹងមែនអ្ហេ?

-ត្រូវហើយ!

-គឺបងសុវណ្ណឲ្យមកខ្ញុំ កាលពីបីឆ្នាំមុន បងពិចិត្របានប្រគល់ឲ្យគាត់

-ការពិតនាងបានដឹងហើយថា មួយនេះទើបជារបស់ខ្ញុំមែនទេ?

-សូមទោស!

-ការពិតខ្ញុំទេ ដែលត្រូវអរគុណនាង ហេតុអីក៏នាងលាក់រឿងនេះ?

-ខ្ញុំ………..

-នាងប្រហែលជាអាណិតខ្ញុំណាស់ តើមែនទេ?

-មិនមែនទេ! ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកនាង​និងគាត់អាចដូចកាលពីពេល​មុន

អ៊ីចឹង

-ប៉ុន្តែនាងក៏ដឹង ថាគាត់លែងស្រលាញ់ខ្ញុំហើយមែនទេ?

-សូមទោស! បើខ្ញុំដឹងថា លទ្ធផលរឹតតែធ្វើឲ្យអ្នកនាងឈឺចាប់យ៉ាងនេះ ខ្ញុំ​ប្រហែលជាមិនធ្វើអ៊ីចឹងទេ

-អរគុណហើយ!

-អ្នកនាង! អ្នកនាងយ៉ាងម៉េចហ្នឹង?

សូរិយាងើបឈរឡើង ក៏ដួលសន្លប់បាត់ស្មារតី ពិចិត្រស្ទុះរត់ចូលមក៖

-មានរឿងអី?

-អ្នកនាងសូរិយាសន្លប់ហើយ!

-ឯងចេញទៅមុនទៅបើកទ្វារឡានទៅ

-ចាស!

វិនីតផ្តាំផ្ញើពូសន្តិសុខហើយ ក៏ឡើងឡានទៅជាមួយពិចិត្រ។ សូរិយាស្ថិតនៅ​ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ពិចិត្រយកដៃអង្អែលស្មាវិនីតថ្នមៗហើយស្រដី៖

-កុំភ័យអី! នាងមិនអីទេ

-មកពីខ្ញុំ ទើបធ្វើឲ្យគាត់ទៅជាយ៉ាងនេះ

-កុំបន្ទោសខ្លួនឯងអី តើបានទេ? អ្នកដែលខុស គឺបងទេ

-តើសូរិយាកើតអីហ្នឹង?

យុវជនទាំងបួននាក់មកដល់ព្រមគ្នា។ មួយសន្ទុះក្រោយ សូរិយាក៏ដឹងខ្លួន​ឡើងវិញ៖

-អ្នកនាងយ៉ាងម៉េចហើយ?

-មិនអីទេ! សូមទោសដែលធ្វើឲ្យទាំងអស់គ្នាបារម្ភ

-មិនអីទេ! ឲ្យតែអ្នកនាងមិនអី គឺប្រសើរហើយ (រ៉ាណេបន្លឺ)

បន្ទាប់ពីសូរិយាមានអារម្មណ៍ថា ធូរស្បើយហើយ ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះ​វិញ។ វិនីតជួយគ្រាសូរិយាទៅដល់ក្នុងបន្ទប់ ពេលឃើញសូរិយាគេងស្រួលបួលហើយ នាងបម្រុងចេញទៅក្រៅ ប៉ុន្តែសូរិយាបន្លឺឡើង៖

-វិនីត!

-ចាស! អ្នកនាងត្រូវការអីមែនទេ?

-តើនាងអាចឲ្យខ្សែកមួយខ្សែទៀត មកខ្ញុំបានទេ?

-បាន! អ្នកនាងចាំមួយភ្លែត

វិនីតចេញទៅយកខ្សែកមួយខ្សែទៀតមកឲ្យសូរិយា៖

-នេះ!

-នាងដឹងថា ខ្សែកមួយគូនេះ ខុសគ្នាត្រង់ណាទេ?

-មិនដឹងទេ!

-នាងមើលលើត្បូងទាំងពីរនោះឲ្យច្បាស់ទៅ …………ខ្សែកដែលឆ្នូតសនៅលើ​ត្បូងនោះ វាជារបស់ខ្ញុំ ចំណែកត្បូងដែលគ្មានឆ្នូតជារបស់បងពិចិត្រ ការ​ពិត​​បងពិចិត្របានឲ្យខ្សែកគាត់ទៅនាង តែខ្ញុំបែរជាមើលមិនដឹងថា វាជារបស់​នរណាទៅវិញ ការពិតខ្ញុំទេជាអ្នកខុស គឺខុសម្តងហើយម្តងទៀត ខ្ញុំនៅតែជា​មនុស្សដែលធ្វើឲ្យគាត់អស់សង្ឃឹម ហើយធ្វើបាបដល់នាងទៀត សូមទោស!

-អ្នកនាងកុំនិយាយបែបនេះអី!

-តើនាងអាចប្រាប់ខ្ញុំនូវការពិតមួយបានទេ?

-ការពិត!

-នាងក៏ស្រលាញ់បងពិចិត្រដែរ តើមែនទេ?

-ខ្ញុំ!…………

-ខ្ញុំស្មានថា មនុស្សដែលនាងស្រលាញ់គឺវណ្ណា តែមិនមែនទេ មែនទេ?…….​……​មនុស្សទីបីមិនមែនជានាងទេ គឺខ្ញុំ!

-អ្នកនាង!

ចាប់តាំងពីថ្ងៃនោះមក សូរិយាហាក់បីដូចជាគ្មានដុំពពកបាំងទៀតទេ។ នាង​បានរើបម្រាសចេញពីស្រមោលអតីតកាលទាំងអស់ ហើយពេលនេះ នាងកំពុងតែ​រីករាយក្នុងការរៀបចំកម្មវិធីថ្មីមួយសម្រាប់ក្រុមយុវជនបេះដូងពិត ដែលត្រៀមទៅ​សំដែង​នៅប្រទេស​កូរ៉េ ក្នុងអាល់ប៊ុមទីប្រាំបីដែលទើបតែចេញផ្សាយក្នុងពេលថ្មីៗ​នេះ។ ម្តងនេះ វិនីតនៅតែមិនបានរួមដំណើរទៅជាមួយដដែល ព្រោះជាប់រវល់រៀន​ពីការ​​តែង​​និពន្ធបន្ថែមទៀត និងជាពិសេសនាងត្រូវរៀបចំធ្វើសារណា​​​​ការពារបញ្ចប់​ថ្នាក់​បរិញាប័ត្រ​របស់​នាងផង។

ថ្លែងពីសាវីណា ពេលនេះនាងកំពុងខិតខំប្រឹងប្រែងចំពោះការតែងនិពន្ធរបស់​នាង ហើយជាពិសេសនោះ ពេលថ្មីៗនេះ នាងបានបញ្ចប់ប្រលោមលោកមួយរឿង ដែលធ្វើឲ្យលោកចាងហ្វាងមានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង។ លោកស្រដី​ទៅកាន់នាង៖

-សូមទោស​ ដែលកន្លងមកខ្ញុំមើលរំលងនាង

-លោកចាងហ្វាងកុំមានប្រសាសន៍បែបនេះអី ខ្ញុំអរគុណលោកណាស់​ ដែល​ផ្តល់ឱកាសដល់ខ្ញុំ

-នាងគួរតែអរគុណសាវិនីត

-វិនីត!

-នាងបានធ្វើឲ្យខ្ញុំមានការពិចារណាឡើងវិញ ជាការពិតណាស់ ពួកនាង​សាក​សមនឹងមានបេះដូងជាកវីនិពន្ធមែន

-អរគុណលោកចាងហ្វាង

-ត្រូវហើយ! នាងនិយាយមកមើល តាមគំនិតរបស់នាង តើអ្នកណាដែល​សាក​សម ធ្វើជាតួឯកក្នុងរឿងនេះ?

-លោកពិតជាឲ្យខ្ញុំនិយាយមែនអ្ហេ?

-យ៉ាងម៉េច! នាងពិតជាមានមនុស្សដែលសាកសមរួចហើយអ្ហេ?

-គឺសំនៀង ពិចិត្រ និងក្រុមបេះដូងពិត

-ពិចិត្រ

-ចាស!

-ខ្ញុំគិតថា វាហាក់ដូចជាពិបាកបន្តិចហើយ តែចាំខ្ញុំពិចារណាមើល

តាមរយៈការពិចារណារួចមក លោកមយូរាយល់ថា ពិចិត្រ​​គឺ​ពិតជាសាកសម​នឹង​​សំដែងជាតួអង្គនេះណាស់។ លោកក៏សម្រេចចិត្តទៅក្រុមហ៊ុននាគទេព។ វិនីត​​មានការភ្ញាក់ផ្អើលណាស់ នៅពេលដែលនាងបានជួបគាត់៖

-លោកចាងហ្វាង!

-សួស្តីវិនីត!

-លោកអញ្ចើញមកមានការអី?

-នាងកុំបារម្ភអី ទោះជាយ៉ាងណា សាវីណាគឺជាបេះដូងពិតរបស់ផលិកម្មយើង​ខ្ញុំមកថ្ងៃនេះ គឺចង់ជួបនឹងលោកចាងហ្វាងរបស់នាងទេ

-អ៊ីចឹងលោកអញ្ជើញមកតាមខ្ញុំមក

វិនីតនាំលោកមយូរាទៅជួបលោកប្រាក់ នាគ៖

-លោកចាងហ្វាង លោកចាងហ្វាងនៅផលិតកម្មមយូរាសូមជួប

-ឲ្យគាត់ចូលមក

-ចាស!…………..សូមអញ្ជើញលោក

-ជម្រាបសួរលោកប្រាក់ នាគ

-យ៉ាងម៉េច! ឯងត្រឹមត្រូវពីអង្កាល់ណាមក?

-ឯងនៅតែរួសរាយដដែល ខ្ញុំស្មានតែ ភ្លេចខ្ញុំទៅហើយតើ

-ឯងនិយាយស្អី ឯងទេដែលភ្លេចខ្ញុំនោះ

-អញ្ជើញពីសាទឹក លោកទាំងពីរ?

-នាងប្រហែលជាឆ្ងល់ហើយ ការពិតពួកយើងជាមិត្តភក្តិនឹងគ្នាកាលនៅរៀន

-អ៊ីចឹងទេអ្ហេ! ………….ខ្ញុំចេញទៅវិញហើយលោកចាងហ្វាង

-តើឯងមានការអី ទើបមករកខ្ញុំដល់កន្លែង?

-ការពិត ខ្ញុំកំពុងតែរៀបចំថតនូវខ្សែភាពយន្តមួយ តែខ្ញុំនៅខ្វះតួបួននាក់ទៀត ទើបខ្ញុំមករកឯង

-ខ្វះតួ?

-យើងចង់បានក្រុមបេះដូងពិតរបស់ឯងចូលរួមសំដែង ​ក្នុងនោះពិចិត្រ​សំដែង​ជា​តួ​ឯក និយាយឲ្យត្រង់ចុះ ខ្ញុំចង់ឲ្យ​ឯង​​​សហការ​ជា​មួយខ្ញុំ

-ហេតុអី?

-ពីមុន ខ្ញុំមិនជឿថា បេះដូងពិតមានសារសំខាន់យ៉ាងណានោះទេ តែពេលនេះ ខ្ញុំពិតជាចង់ធ្វើវា ដោយបេះដូងពិត ពិតប្រកដមែន តែខ្ញុំដឹងថា ធនធាន​ដែល​ក្រុមហ៊ុនខ្ញុំមាន ពុំទាន់គ្រប់គ្រាន់នៅឡើយទេ ពិសេសគឺបច្ចេកទេសថត ខ្ញុំដឹង​ថា ឯងប្រាកដជាត្រូវការពេលវេលាគិត ដូចនេះខ្ញុំមិនបង្ខំឯងទេ ឯងអាច​ពិចារណា​​តាម​សម្រួល​បាន ហើយនេះជាសាច់រឿងទាំងមូល ដែលយើងត្រូវ​ថត សូម​ឯង​ចំណាយ​ពេលអានវាផងបានទេ?

-បែកគ្នាមួយរយៈ ឯងមានការរីកចម្រើនច្រើនណាស់

-ឯងចង់បានន័យថាម៉េច?

-ខ្ញុំយល់ថា ឯងកំពុងតែស្វែងរកបេះដូងពិត ពិតប្រាកដមែន សូមទោសផង កាលពីមុន ខ្ញុំធ្លាប់គិតថា ឯងមិនសាកសមនឹងមុខរបរនេះទេ

-ការពិតរឿងនេះទេអ្ហេ! គួរតែអរគុណដល់បេះដូងពិតរបស់ឯង

-បេះដូងពិតរបស់ខ្ញុំ?………..វិនីត!

-ត្រូវហើយ! ឯងមានសាវិនីតជាបេះដូងពិត តែខ្ញុំគឺមានសាវិណា ថ្វីត្បិត​សាវីណាពុំសូវមានជំនាញក្នុងការបង្កើតបទភ្លេង ប៉ុន្តែនាងមានឧបនិស្ស័យ​ក្នុងការសរសេប្រលោមលោក កន្លងមក ខ្ញុំមើលរំលងនាង មិនបានផ្តល់​ឱកាសដល់នាង ខ្ញុំស្ទើរតែធ្វើឲ្យបាត់បង់បេះដូងពិតមួយនេះ ប៉ុន្តែវិនីត វិនីតជា​អ្នកធ្វើឲ្យខ្ញុំ មានគំនិតនេះឡើង។ នេះជាលើកទីមួយហើយ ដែលខ្ញុំធ្វើកា​រងារ​នេះដោយអារម្មណ៍សប្បាយរីករាយ ហើយត្រូវការជំនួយពីឯង

-បើពួកយើងសុទ្ធតែមានបេះដូងពិតអ៊ីចឹង ខ្ញុំយល់ថា ពួកយើងនឹងអាចទៅរួច ឯងកុំបារម្ភអី ខ្ញុំព្រមសហការជាមួយឯង ប៉ុន្តែខ្ញុំត្រូវមានការយល់ព្រមពីពិចិត្រ​និងពួកគេទាំងបីនាក់សិន ចាំពួកគេត្រឡប់ពីកូរ៉េវិញ ខ្ញុំនឹងទៅពិភាក្សាជាមួយ​ពួកគេ តើឯងអាចទុកពេលឲ្យខ្ញុំពីរថ្ងៃបានទេ?

-បាន! សង្ឃឹមថាពីរថ្ងៃក្រោយ ខ្ញុំនឹងបានដំណឹងពីឯង អរគុណ!

-ខ្ញុំក៏សង្ឃឹមថា នឹងបានសហការជាមួយនឹងឯងដែរ

ក្រោយពេលយុវជនបេះដូងពិតត្រឡប់ពីប្រទេសកូរ៉េវិញ លោកចាងហ្វាង​ក៏​ធ្វើ​ការប្រជុំ ប្រាប់ដល់យុវជនទាំងអស់។ ចំណែកវិនីតក្នុងកំឡុងពេលពីរថ្ងៃនេះ នាង​ពុំ​បានមកធ្វើការឡើយ ព្រោះនាងរវល់ឡើងការពារសារណា។ ពិចិត្របានអានសាច់​រឿងដែលលោកចាងហ្វាងផ្តល់ឲ្យចប់ហើយ នាយហាក់បីដូចជាមានអារម្មណ៍នឹក​ដល់​រឿងអតីតកាលទាំងអស់ ចាប់តាំងពីបានជួបវិនីតមក។ វិនីតត្រឡប់ពីសាលាវិញ ឃើញយុវជនទាំងអស់កំពុងអានសៀវភៅរៀងៗខ្លួន ដោយមិនចាប់អារម្មណ៍ពីនាង​ឡើយ នាងក៏ដើរទៅរកសុវណ្ណដែលកំពុងទុកដាក់សម្លៀកបំពាក់ពិចិត្រ៖

-បង! តើពួកគាត់កំពុងអានអីហ្នឹង?

-ឯងនេះ ពិតជាមិនដឹងរឿងមែន ពួកគេត្រៀមថតកុនហើយណា

-ថតកុន! ទាំងអស់គ្នាហ្នឹងអ្ហេ?

-ត្រូវហើយ! ពិចិត្រកំពុងតែអាននៅក្នុងបន្ទប់ឯនោះ បើមិនជឿ ឯងឡើងទៅ

វិនីតឡើងទៅបន្ទប់ពិចិត្រ។ សំឡេងគោះទ្វារក៏បន្លឺឡើង៖

-គឺឯងទេអ្ហេ!

-បងកំពុងតែអានអីមែនទេ?

-ឯងមើលទៅ!

-បេះដូងកវី! និពន្ធដោយ រី សាវីណា រឿងនេះអ្ហេ ដែលពួកបងត្រៀមថតនោះ?

-អ្នកណាថា? ពួកបងគ្រាន់តែយកមកអានតើ មិនទាន់សម្រេចថាត្រូវថតទេ

-បងអានចប់ហើយមែនទេ? តើយ៉ាងម៉េចដែរ?

-ល្អគួរសម គួរឲ្យចាប់អារម្មណ៍ដែរ

-អ៊ីចឹងបងសម្រេចថាថតទេ?

-បងមើលទៅឯងដូចជាចង់ឲ្យបងថត មែនទេ? ចុះឯងមិនចង់ដឹងសាច់រឿង ដែលមិត្តភក្តិឯងសរសេរទេអ្ហេ?

-ខ្ញុំជឿជាក់លើស្នាដៃនាង

-មិនមែនចង់ជួយគ្នាទេអ្ហេ?………..ត្រូវហើយ! ជោគជ័យទេ?

-ប្រាកដជាជោគជ័យ

-បើសិនជាជោគជ័យហើយ ឯងអាចអានរឿងនេះបានហើយ ហ៏! យកទៅ

-អ៊ីចឹង! ខ្ញុំចេញទៅហើយ

វិនីតចេញផុត ពិចិត្របានតេទៅប្រាប់លោកចាងហ្វាង ថាខ្លួនព្រមទទួលថត​រឿង​នេះ។ លោកប្រាក់ នាគពិតជារីករាយណាស់។

កិច្ចសហការថ្មីជាមួយក្រុមហ៊ុនមយូរាបានចាប់ផ្តើមឡើង។    ក្រុមហ៊ុនទាំងពីរ​

បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្សែភាពយន្តបេះដូងកវី ក្លាយជាខ្សែជាវីឌីអូមួយ​ដ៏ល្អឥតខ្ចោះ ទាំងសាច់រឿង និងគុណភាព។ សូរិយាគឺជាអ្នកដឹកនាំសំដែង  ចំណែក​វិនីតនិងសាវីណា សហការគ្នា​សរសេរបទភ្លេងថ្មី ឲ្យត្រូវនឹងសាច់រឿងនេះ។ អាល់ប៊ុម​ចម្រៀងថ្មី នឹងចេញទន្ទឹមនឹងខ្សែភាពយន្តនេះ។ ក្រុម​យុវជន​​ហាក់​ដូចជាមានការ​ហត់នឿយ​​ណាស់ទាំងការថតចម្រៀង និងខ្សែភាពយន្ត ប៉ុន្តែ​ពួកគេនៅតែញញឹម ហើយប្រឹង​ប្រែងឡើង ដោយបេះដូងពិត និងអារម្មណ៍ពិត​របស់​ខ្លួន។

ពេលនេះ វិនីតអង្គុយគេងនៅលើតុទៀតហើយ ចំណែកសាវីណា នាងកំពុង​រៀបចំ​​ទុកដាក់​ឯកសារនៅក្បែរនាងដែរ។ យុវជនបារម្ភណាស់​ពី​សុខភាពរបស់នាង នាយដើរចូលទៅ៖

-បងមកវិញហើយអ្ហេ?

-វិនីត?

-អូ! នាងថាមិនសូវស្រួលខ្លួន ខ្ញុំឲ្យនាងទៅគេងក្នុងបន្ទប់ដែរ តែនាងថាមិនអី​ទេ ប្រហែលជាគេងលក់មែនទែនហើយ វិនីត!

-ឲ្យនាងគេងចុះ

-ខ្ញុំត្រូវត្រឡប់ទៅវិញហើយ

-នាងទៅចុះ!

សាវីណាដើរចេញមកក្រៅបន្ទប់ ពិចិត្រក៏ចេញមកតាម៖

-សាវីណា!

-ចាស! បងមានការអីអ្ហេ?

-នាងសរសេររឿងបានល្អណាស់

-អរគុណបង ដែលព្រមទទួលថតរឿងដែលខ្ញុំសរសេរ

-នេះជារឿងទីមួយហើយ ដែលខ្ញុំទទួលថត នាងដឹងមូលហេតុ ដែលធ្វើឲ្យ​ខ្ញុំ​ទទួល​​ថតរឿងនេះទេ?

-ខ្ញុំដឹង! ការពិតខ្ញុំដឹងថា បងប្រាកដជាទទួលថតរឿងនេះ ព្រោះវាជាជីវិតតស៊ូ​របស់វិនីត មែនទេ?

-ការពិតនាងស្មានដឹងតាំងពីដំបូង តើមែនទេ?

-គ្មាននរណាដឹងច្បាស់ពីឆាកជីវិតវិនីតជាងខ្ញុំទេ ហើយខ្ញុំក៏មិននឹកស្មានថា កវី​ស្រមើស្រមៃមមើមមាយដូចជានាង មានថ្ងៃនេះដែរ កាលនៅរៀន ខ្ញុំនៅចាំ​ថា វិនីតដូចជាមនុស្សឆ្កួតអ៊ីចឹងនៅពេល ដែលនាងបង្កើតបានបទភ្លេងថ្មីមួយ ពេល​នោះ ខ្ញុំថែមទាំងចំអកឡកឡឺយនាងទៀតថា បទភ្លេងដែលគ្មានអក្សរ គ្មាន​​នរណា​ទទួលស្គាល់នោះទេ នាងបែរជាសើចយ៉ាងស្រស់ហើយនិយាយ​ថា៖ “ថ្ងៃនេះ​ បទភ្លេងគឺគ្មានអក្សរ តែខ្ញុំជឿជាក់ វានឹងមានអក្សរនៅថ្ងៃណាមួយ ហើយនៅ​ពេលដែលអក្សរនោះ រំលេចឡើង ខ្ញុំនឹងក្លាយទៅជាកវីម្នាក់ ដែល​ពិភពលោក​ទទួលស្គាល់ ពេលនោះឯងនិងខ្ញុំគឺអាចសហការគ្នា ម្នាក់ជាអ្នក​និពន្ធ​​រឿង​ប្រលោមលោក ម្នាក់ជាកវីនិពន្ធបទភ្លេង ពួកយើងទាំងពីរពិតជា​អស្ចារ្យ​ណាស់”។ កាលនោះ ខ្ញុំសើចនាងយ៉ាងខ្លាំង ហើយនិយាយថា៖ “ឯង​ពិត​ជា​​ស្រមើស្រមៃឡើងឆ្កួតមែនហើយ ខ្ញុំនិងឯងម៉េចនឹងអាចសហការគ្នា​នោះ”។ មិននឹកស្មានថ្ងៃនេះ ខ្ញុំនិងវិនីតពិតជាសហការគ្នាពិតមែន ហើយបើ​កុំ​តែ​នាង ​ខ្ញុំ​ក៏គ្មានឱកាសបែបនេះដែរ។ មើលចុះ នាងស្រលាញ់​ការងារនេះ​ណាស់។ និយាយឲ្យត្រង់ចុះ ខ្ញុំមិនដែលគិតថា វិនីតជាមិត្តល្អនឹងខ្ញុំទេ ខ្ញុំតែង​តែ​គិតថា នាងមានសមត្ថភាពជាងខ្ញុំ មានភ័ព្វសំណាងជាងខ្ញុំ ខ្ញុំចេះតែ​មាន​អារម្មណ៍​ច្រណែននឹងនាង តែសម្រាប់នាង នាងនៅតែចាត់ទុកខ្ញុំ ជាមិត្ត​ល្អ ចង់ស្រោច​ស្រង់ខ្ញុំគ្រប់ពេល ខ្ញុំស្តាយក្រោយណាស់ ដែលពីមុន ខ្ញុំមិនបាន​ធ្វើល្អ​ដាក់​នាង​ឲ្យបានច្រើន

-តែមិនទាន់ហួសពេលទេមែនទេ?

-ពិតមែនហើយ! ថ្វីត្បិតតែពួកយើង ធ្វើការដូចគ្នា តែពួកយើងនឹងខិតខំជួយគ្នា​ដើម្បីខ្លួនឯង និងសង្គមជាតិ

-សង្គមជាតិ!

-បងមិននឹកស្មានថា ខ្ញុំក៏គិតដល់ចំណុចនេះដែរអ្ហេ? ការពិតពួកយើងសុទ្ធតែ​គិតដូចគ្នា បើមិនអ៊ីចឹងទេ បងក៏មិនបាត់ខ្លួនមួយរយៈ ហើយងាកមកច្រៀងបទ​និពន្ធ​ដោយ​ខ្លួនឯងដែរ មួយរយៈធំ ខ្ញុំក៏វង្វេងបេះដូងដែរ ព្រោះតែត្រូវការប្រាក់​ តែពេលនេះ ខ្ញុំសង្ឃឹមថា ខ្លួនឯងនឹងធ្វើបានដោយប្រើបេះដូងពិត ដូចជាវិនីត អ៊ីចឹង

-ខ្ញុំនឹងគាំទ្រនាងដល់ទីបំផុត

-អរគុណបងហើយ! ខ្ញុំដូចជានិយាយច្រើនពេកហើយ ខ្ញុំទៅវិញហើយបង

-សំណាងល្អ!

-ត្រូវហើយបង! ………..វិនីត……………ឈឺពោះ……….ខ្ញុំទៅហើយ!

សាវីណាស្រដីហើយ ក៏ចេញទៅ។ យុវជនចូលទៅបន្ទប់ឧបករណ៍ភ្លេង វិនីត​នៅពុំទាន់ភ្ញាក់នៅឡើយ។ នាយអង្គុយសម្លឹងនាង ដោយស្នាមញញឹម ទាល់តែនាង​បើកភ្នែកឡើង៖

-ម៉េចក៏បងនៅទីនេះ? ឯណាសាវីណា?

-នាងត្រឡប់ទៅវិញហើយ មុខឯងស្លេកណាស់!

ពិចិត្រយកដៃទៅប៉ះថ្ពាល់ទាំងសងខាងរបស់យុវតី នាងស្រដីទាំងអៀនខ្មាស៖

-បងធ្វើអីហ្នឹង?

-ឯងទើបតែអាយុប៉ុន្មានសោះ ហេតុអីក៏ដូចជាចាស់ម្ល៉េះ?

-ពិតមែនអ្ហេ!

-បងនិយាយលេងទេ! បងមានរឿងចង់និយាយជាមួយឯង

-ទៅណាហ្នឹង?

ពិចិត្រដឹកដៃវិនីតឡើងទៅលើដំបូល៖

-អ្ហើយ! ពិតជាស្រួលខ្លួនណាស់

-បងមិនអីទេអ្ហេ?

-ឯងមើលមកបង ដូចជាមានបញ្ហាអីទេ?

-ដូចជាគ្មានទេ!

-បងមាន! ហេតុអីក៏ឯងមើលមិនដឹងអ៊ីចឹង?

-តើមានបញ្ហាអីមែនទេ? ឬការសំដែងមានការលំបាក?

-គ្មានទេ! …………..

-ឬអ៊ំប្រុស ឲ្យបងទៅគ្រប់គ្រងម៉ាស៊ីនកិនស្រូវវិញ?

-អត់ទេ!

-អ៊ីចឹងមានតែ……………..

-មានតែស្អី?

-លោកអ៊ំឲ្យបងរៀបការ?……………..ត្រូវហើយមែនទេ?

-បើបងរៀបការជាមួយស្រីផ្សេង តើឯងសប្បាយចិត្តទេ?

-ឲ្យតែជាមនុស្សបងពេញចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ ខ្ញុំនឹងជូនពរបង​ឲ្យមាន​សុភមង្គល ហើយថែមទាំងឆាប់មានកូន………..

-ហេតុអីគ្រប់ពេល ឯងតែងតែអ៊ីចឹង?

-តើខ្ញុំយ៉ាងម៉េច?

-បងដឹង! មួយរយៈនេះ ពួកយើងពិតជារវល់ណាស់ រវល់ សូម្បីតែពេលវេលា សម្រាប់ស្នេហា ក៏ពួកយើងគ្មានពេលគិតដែរ តែបងនឹងគិតវា នៅពេល​ការ​សំដែងត្រូវបញ្ចប់ បងចាំថា បងមិនដែលនិយាយទេ ថាបងស្រលាញ់ឯង តែ​ថ្ងៃនេះ បងសារភាព ថាបងស្រលាញ់អូន មិនមែនមិត្តភក្តិ ឬក៏ប្អូនស្រីនោះទេ គឺស្រលាញ់ ចង់មើលថែអូនអស់មួយជីវិត តើអូនយល់ព្រមទេ?

-បងជាតារាល្បីណា បើបងរៀបការ បងមិនខ្លាច ទស្សនិកជនរបស់បង ខក​ចិត្ត​ទេអ្ហេ?

-មិនខ្លាចទេ! បងមានកវីបេះដូងពិតនៅក្បែរខ្លួន ហេតុអីក៏ខ្លាចទស្សនិកជន​ខក​ចិត្ត? …………………..មើលទៅអូន ដូចជាបារម្ភជាងបងទៅទៀត ឬអូនមិនបាន​ស្រលាញ់បងទេ?

-មិនមែនទេ!​

-អូនសារភាពហើយអ្ហេ ថាអូនស្រលាញ់បង?

-បងនិយាយអី នរណាស្រលាញ់បងនោះ?

-តោះ! ពួកយើងទៅប្រកាសប្រាប់ពួកគេទៅ ថាពួកយើងនឹងរៀបការ

ពេលវេលាលឿនណាស់។ បន្ទាប់ពីចាក់បញ្ចាំង នៅរោងកុនរួច បេះដូងកវី ត្រូវ​បានចាក់ផ្សាយលើបណ្តាញស្ថានីយ៍ទូរទស្សន៍ទូទាំងប្រទេស​កម្ពុជា។ នេះជាខ្សែ​ភាព​យន្តមួយ ដែលទទួលការគាំទ្រ យ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន ហើយរឿង​នេះ នឹងចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ចិន នៅខែក្រោយនេះ។

សូរិយាបានចាកចេញពីប្រទេសហើយ នាងទៅធ្វើការជាមួយលោកហ្វុន ចូវលី​វិញ។ បន្ទាប់ពីរឿងបេះដូងកវីបានចាក់ផ្សាយ នាងបានក្លាយទៅជាអ្នកដឹកនាំ​រឿង​ម្នាក់​ដ៏ឆ្នើម ហើយទទួលបានពានរង្វាន់ប្រចាំប្រទេសទៀតផង។ ពេលនេះ ការងារ​របស់នាង កំពុងតែចែងចាំងល្អណាស់ នាងកំពុងតែឈានជើងដើរឆ្ពោះទៅមុខ ដើម្បី​ឲ្យពិភពលោកបានស្គាល់នាង។ ទោះបីជាយ៉ាងនេះក្តី ក៏នាងគ្មានបំណងចាកចោល​ស្រុកកំណើតរបស់ខ្លួនដែរ។ ពេលនេះ នាងកំពុងដឹកនាំការសំដែងរឿងមួយនៅ​ប្រទេស​ចិន ហើយនាងនឹងត្រឡប់មកស្រុកវិញ នៅពេលដែលរឿងនេះបញ្ចប់។


វគ្គ១០                     ឆ្នាំ២០២៥

បេះដូងពិតគឺជាឈ្មោះសាលាសិល្បៈមួយ ដែលមានទីតាំងនៅរាជធានី​ភ្នំពេញ និងសាខាមួយទៀត នៅក្រុងសៀមរាប។ សាលានេះ ជាសាលាដែលបង្រៀន​ពីការ​ច្រៀង ការតែងនិពន្ធ និងការសំដែង។ នេះជាឱកាសមួយសម្រាប់​យុវជន​កម្ពុជា ដែល​អាចបង្ហាញពីទេពកោសល្យ និងបង្កើនសមត្ថភាពជំនាញរបស់​ខ្លួន​​ដែល​មាន​តាំង​​ពី​​កំណើតមក។ សូមចាំថា មុននឹងចូលក្នុងសាលានេះបាន បេក្ខជនទាំងអស់ ត្រូវ​ឆ្លង​កាត់ការប្រឡងមួយ ដែលមានក្រុមយុវជនបេះដូងពិតជា​គណៈកម្មការ ដូច​ជា​ពេល​​នេះអ៊ីចឹង៖

-សូមអញ្ជើញប្អូនឈ្មោះ កាន់ វិចិត្រចូលក្នុងបន្ទប់ប្រឡង

-ជម្រាបសួរ!

-បាទ! សួស្តីប្អូន តើប្អូនប្រឡងលើវិញ្ញាសាអ្វី?

-បាទ គឺចម្រៀង

-ចាប់ផ្តើមទៅអ៊ីចឹង……………………

បទស្នាមញញឹមបានបន្លឺឡើង។ ក្រោយពេលចម្រៀងត្រូវបានបញ្ចប់ សំនួរ​ក៏​ចោទឡើង៖

-សំឡេងពីរោះ ការច្រៀងក៏បានល្អ ប៉ុន្តែហេតុអ្វីក៏ប្អូន ជ្រើសរើសយកបទនេះ​មកប្រឡង?

-បាទ! បានជាខ្ញុំសម្រេចចិត្តយកបទនេះមកប្រឡង ព្រោះបទនេះ ធ្វើឲ្យខ្ញុំ​ញញឹម ដោយមិនខ្លាចគណៈកម្មការដាក់ពិន្ទុ

សំឡេងសើចគឹលលាន់ឮឡើង សំនួរក៏សួរបន្តទៀត៖

-ប្អូននិយាយលេងទេ មែនទេ?

-បាទ! ខ្ញុំអត់និយាយលេងទេ ពេលដែលខ្ញុំស្តាប់បទនេះ ខ្ញុំមានជំនឿចិត្ត ហើយអនាគត ខ្ញុំជឿថា ខ្ញុំនឹងអាចធ្វើបាន គឺធ្វើបទភ្លេងដោយខ្លួនឯង ច្រៀង​ខ្លួនឯង នឹងមិនចម្លងបទពីបរទេសឡើយ

-ប្អូនពិតជាមានជំនឿចិត្តណាស់ហ្ន៎!

-បាទ!

-អ៊ីចឹងប្អូនឆ្លើយមកមើល ថាបទនេះ និពន្ធដោយនរណា? ក្នុងឆ្នាំណា? នៅ​ពេល​ណា?

-បទនេះគឺនិពន្ធដោយអ្នកគ្រូសាវិនីត ក្នុងឆ្នាំពីរពាន់ដប់មួយ កាលនោះ​គាត់​ទើប​តែអាយុដប់ប្រាំបីទៅ​ដប់ប្រាំបួនឆ្នាំប៉ុណ្ណោះ  បទភ្លេងនេះកើតឡើងនៅ​ពេលដែល អ្នកគ្រូរៀនលេងព្យាណូ តែត្រូវលោកគ្រូព្យាណូគំហោកឲ្យគាត់នៅ​ពេលដែលគាត់រៀនមិនចេះនោះ

គណៈកម្មការទាំងអស់ញញឹមយ៉ាងស្រស់ទៅរកយុវជនវ័យក្មេង ដែល​មាន​ជំនឿចិត្តម្នាក់នេះ ហើយក៏បន្តសំនួរទៅទៀត៖

-អ៊ីចឹងតើប្អូនដឹងទេ ថាលោកគ្រូព្យាណូនៅពេលនោះជានរណា?

-សូមទោស! ខ្ញុំអត់ដឹងទេ

-អ៊ីចឹង បន្ទាប់ពីការប្រឡងហើយ ប្អូនកុំភ្លេចស្រាវជ្រាវរកលោកគ្រូ​ព្យាណូ​នោះ​ផង ស្តាប់បានទេ? ប្អូនជាប់ហើយ!

-ខ្ញុំជាប់ហើយ! ………..អរគុណលោកគណកម្មការ

គណៈកម្មការអនុញ្ញាតឲ្យយុវជន​ កាន់ វិចិត្រ ជាប់ក្នុងវិញ្ញាសាចម្រៀង ប៉ុន្តែ​ទន្ទឹម​នឹងនេះដែរ ក្នុងចំណោមបេក្ខជនទាំងអស់​ ក៏មានបេក្ខជនជាច្រើននាក់ ត្រូវធ្លាក់​ត្រឡប់​ទៅផ្ទះវិញ​ដោយ​ការ​សោក​ស្តាយដែរ។

ពេលនេះ​ សូរិយាកំពុងឈរញញឹមសម្លឹងទៅវិនីត ដែលកំពុងបង្រៀនសិស្សពី​ការ​​សរសេរ​​​បទភ្លេង។ បន្ទាប់ពីបញ្ចប់ការបង្រៀនហើយ ទើបវិនីតដើរតម្រង់ទៅរក​នាង៖

-ជម្រាបសួរអ្នកនាង!

-មើលទៅឯងមានសេចក្តីសុខណាស់ក្នុងការបង្រៀនសិស្ស យ៉ាងម៉េចសុខ​សប្បាយទេ?

-ចាស! សុខសប្បាយ ចុះអ្នកនាងវិញ?

-ខ្ញុំដូចគ្នា! ខ្ញុំមកម្តងនេះ ចង់សួរនាងថា តើសាលានាង នៅទទួលគ្រូ​ផ្នែកដឹក​នាំរឿងទៀតទេ?

-អ្នកនាងយល់ព្រមមកបង្រៀននៅទីនេះហើយអ្ហេ?

-តើនាងនៅទទួលទេ?

-ចាស! គឺទទួល

-មួយរយៈនេះ ខ្ញុំសប្បាយនឹងការងារស្ទើរតែភ្លេចខ្លួនទៅហើយ ពេលនេះ ខ្ញុំចង់សម្រាក ដល់វេនដែលខ្ញុំត្រូវផ្ទេរក្បាច់គុណរបស់ខ្ញុំ ទៅក្មេងៗទាំងនោះ​ម្តងហើយ ដូចនេះ មានតែសាលារបស់នាងទេ ដែលអាចឲ្យខ្ញុំជ្រកកោនបាន

-មើលទៅអ្នកនាង ពិតជារីករាយណាស់

-នាងក៏ដូចគ្នា ត្រូវហើយ! ខ្ញុំឮថា សាលារបស់នាង ទាំងគ្រូទាំងសិស្ស សុទ្ធតែ​មានបេះដូងពិត គ្មានក្លែងក្លាយទេមែនទេ?

-ប្រាកដហើយ

-និយាយអ៊ីចេះ ខ្ញុំជជែកជាមួយនាងយូរហើយ ម៉េចមិនឃើញ……….?

-បងពិចិត្រមែនទេ?

-តើអូនរវល់ធ្វើអីហ្នឹង កូនយំហើយឃើញទេ?

សូរិយាងាកមករកម្ចាស់សំឡេង ឃើញច្បាស់ជាពិចិត្រ ដែលកំពុងពរកូន​ដើរ​ចូលមក៖

-នេះអ្ហេជាតារាចម្រៀងល្បី?

-សូរិយា!

-បងនៅចាំខ្ញុំដែរអ្ហេ?

-ជម្រាបសួរមីងទៅកូន

-នេះជាកូនស្រីបង និងវិនីតអ្ហេ?

-ត្រូវហើយ!

-គួរឲ្យស្រលាញ់ណាស់ នាងអាយុប៉ុន្មានឆ្នាំហើយហ្នឹង?

-ជិតបួនឆ្នាំហើយ

-មកឲ្យមីងពរបន្តិចមក…………មានព្រលឹងណាស់តើនេះ!

ពួកគេម្នាក់ៗហាក់ដូចជារីករាយខ្លាំងណាស់​ តែពេលនេះ តារាត្រចះរះថ្មី ស្ថិត​នៅក្នុងបេះដូងយុវវ័យ មិនមែនជាសំនៀងពិចិត្រក្នុងរយៈពេលដប់ប្រាំឆ្នាំមុនទៀត​ឡើយ តែ​គឺ​ជាតារាថ្មីដែលចេញពីសាលាសិល្បៈបេះដូងពិត នោះគឺ​លោក កាន់ វិចិត្រ។ ពន្លកថ្មី​ពី​មួយជំនាន់ទៅមួយជំនាន់ បានរីកដុះដាលឡើង។ ពួកគេម្នាក់ៗពេញ​ដោយ​​សមត្ថភាព​​និងឆន្ទៈបង្កើតនូវអ្វីដែលជារបស់ខ្លួន គ្មានការលួចចម្លងពីបរទេស​ឡើយ។ វិនីត សូរិយា សាវីណា រួមទាំងយុវជនអតីតក្រុមបេះដូងពិត អង្គុយ​សម្លឹង​ទៅ​លើ​​វេទិកា ដែលកាន់ វិចិត្រកំពុងសំដែងដោយស្នាមញញឹម និងមោទនភាព។

ចប់ដោយបរិបូណ៍IMG_3850

ប័ណ្ណជ័យលាភី

ប័ណ្ណជ័យលាភី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: