ប្រវត្តិរឿង

២៤.រឿងខ្លី បេះដូងខ្ញុំក្នុងទ្រូងអ្នក (៣០ ០៧ ២០១៣)

បេះដូងខ្ញុំក្នុងទ្រូងអ្នក សរសេរឡើង ដើម្បីជាកាដូថ្ងៃកំណើតរបស់ប្តីខ្ញុំ។ ៧០%នៃរឿងនេះ គឺជារឿងពិតរវាងខ្ញុំ និងស្វាមីរបស់ខ្ញុំ។ ទោះបីជាឈុតឆាកខ្លះ មានការផ្លាស់ប្តូរពេលវេលា តែរឿងនេះ បានរំឭកសារឡើងវិញ នូវជីវិតស្នេហារបស់ខ្ញុំ។ ទោះជាយ៉ាងណា នៅពេលអានរឿងនេះហើយ គឺធ្វើឱ្យពួកយើងមានអារម្មណ៍ល្អ នឹកគិតដល់ពេលវេលាទម្រាំពួកយើងក្លាយជាប្តីប្រពន្ធរហូតសព្វថ្ងៃនេះ។

បេះដូងខ្ញុំក្នុងទ្រូងអ្នក

————————————————————————————————————————-

២៣.រឿង ទឹកភ្នែកមួយតំណក់ (២០១៣)

រឿងនេះ ក៏ខ្ញុំសរសេរ ដើម្បីផ្ញើទៅសប្បាយដែរ តែដោយប្រើពេលលឿនពេក ខ្ញុំគិតថា រឿងនេះចប់យ៉ាងទាន់ហន់យ៉ាងម៉េចមិនដឹងទេ ទើបមិនផ្ញើទៅ

តែពេលអានសារឡើងវិញ ខ្ញុំគិតថាល្អអានដែរតើ ទើបកែហើយកែទៀត ហើយផុសវានៅក្នុងប្លុកខ្ញុំវិញ។

ទឹកភ្នែកមួយតំណក់៣ copy

————————————————————————————————————————-

២២. រឿងខ្លី ពេជ្ឈឃាដស្នេហ៍(២០១៣)

ពេជ្ឈឃាដស្នេហ៍ ខ្ញុំមានគម្រោង តាំងពីឆ្នាំ២០១២។ ពេលនោះ ខ្ញុំសរសេរបានមួយទំព័រ ក៏ទុកចោលទៅ ព្រោះគ្មានអារម្មណ៍ទាល់តែសោះ ក្រោយមក វេបសាយសប្បាយទាក់ទងមក ទន្ទឹមនឹងរឿងនេត្រាដួងចិត្ត ខ្ញុំក៏ព្យាយាមបញ្ចប់រឿងនេះ។

ពេជ្ឈឃាតស្នេហ៍1-714x1024

————————————————————————————————————————-

២១.រឿងខ្លី នេត្រាដួងចិត្ត (២០១៣)

នេត្រាដួងចិត្ត កើតចេញពីអារម្មណ៍មួយ បន្ទាប់ពីខ្ញុំបានឃើញក្មេងប្រុស នីត នៅក្នុងអង្គការរាយស៍ ឡើងច្រៀងនៅលើបុស្តិ៍ទូរទស្សន៍។ ខ្ញុំរំភើបចំពោះជំនឿចិត្តរបស់គេណាស់ ហើយក៏សង្ឃឹមថា នៅពេលគេធំពេញវ័យគេនឹងបានអានរឿងមួយនេះ។ មួយផ្សេងទៀត គោលបំណងសំខាន់របស់ខ្ញុំក្នុងការនិពន្ធរឿងនេះ គឺដើម្បី យកទៅចូលរួមប្រឡង ប៉ុន្តែដោយការងារមមាញឹកផង ខ្ញុំក៏សរសេរមិនទាន់ ហួសថ្ងៃកំណត់ទៅ។ ពេលដែលស្រាកស្រាន្តពីការងារ ខ្ញុំក៏បានបញ្ចប់វា ដោយជោគជ័យ ហើយគិតថា នឹងផ្សព្វផ្សាយនៅក្នុងប្លុកខ្ញុំនេះឯង តែស្រាប់តែវេបសាយសប្បាយទាក់ទងមក ខ្ញុំក៏សាកល្បងផ្ញើរឿងនេះឱ្យពួកគេ ពិនិត្យហើយ គេផ្តល់ដំណឹងថា គេទិញរឿងនេះយក។ ព្រោះតែរឿងនេះ ខ្ញុំសម្រេចចិត្តឡើងទៅទីក្រុងភ្នំពេញ ដើម្បីចុះកុងត្រា សួរថាហេតុអ្វី? ថ្លៃរឿងមួយរឿងនេះ បូកផ្សំទាំងរឿង ពេជ្ឈឃាដស្នេហ៍ វា មិនគ្រប់ក្នុងចំណាយនៃការធ្វើដំណើររបស់ខ្ញុំទេ តែខ្ញុំនៅតែទៅតាមតម្រូវការរបស់បេះដូងខ្ញុំ។

នេត្រាដួងចិត្ត១

————————————————————————————————————————-

២០.រឿងខ្លី កុំបោះបង់ខ្ញុំ (២០១៣)

បន្ទាប់ពីមានហេតុការណ៍អគ្គីភ័យដ៏សាហាវមួយនៅក្នុងខេត្តសៀមរាប ដែលបានសម្លាប់​​សមាជិកគ្រួសារអស់ប្រាំបីនាក់ ដោយបន្សល់ទុកនៅតែក្មេងប្រុសពីរនាក់ ឱ្យនៅកំព្រាឯកា ខ្ញុំក៏ផ្តើមមានអារម្មណ៍ថា ឆាកជីវិត ពិតជាផុយស្រួយមែន។ ហេតុការណ៍នេះ បានធ្វើឱ្យគំនិតរឿង កើតឡើងក្នុងខួរក្បាលខ្ញុំ។ កុំបោះបង់ខ្ញុំ ចង់ប្រាប់ពីអារម្មណ៍សោកា ត្រូវការមនុស្សយល់ចិត្ត ចង់នែបនិត្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញមួយជីវិត ទោះស្ថិតនៅក្នុងស្ថានការណ៍បែបណាក៏ដោយ។ បញ្ជាក់៖ តួអង្គ និងព្រឹត្តិការណ៍នៅក្នុងសាច់រឿងនេះ គឺជាការប្រឌិតរបស់ខ្ញុំតែប៉ុណ្ណោះ។

កុំបោះបង់ខ្ញុំ copy

————————————————————————————————————————-

១៩.រឿងខ្លី ថៅកែទឹកអំពៅ (២០១២)

ញ៉ាំទឹកអំពៅរាល់ថ្ងៃ ក៏គិតឃើញនិពន្ធរឿងឡើង ហើយគិតថា វាប្លែកម្យ៉ាងដែរ ព្រោះប្រជាពលរដ្ឋ ចូលចិត្តពីសាទឹកអំពៅដូចគ្នា ពិសេសគិតថា ថ្ងៃណាមួយ កម្ពុជា​នឹងមានហាងទឹកអំពៅស្តង់ដាលំដាប់អន្តរជាតិ ដូចក្នុងរឿងថៅកែទឹកអំពៅដែរ……ហាស់ៗៗ…ប្រហែលជាស្រមើស្រមៃពេកទេដឹងខ្ញុំ!

ថៅកែទឹកអំពៅ

————————————————————————————————————————-

១៨.រឿងខ្លី មនុស្សដែលខ្ញុំស្រឡាញ់ (២០១២)

មនុស្សដែលខ្ញុំស្រលាញ់

————————————————————————————————————————-

១៧.រឿងខ្លី ពិភពខ្ញុំ (២០១២)

វាជាអព្ភូតហេតុមួយ នៅពេលដែលខ្ញុំកាន់ពានរង្វាន់ប្រលោមលោករឿង បេះដូងកវី ឡើងលើរថយន្តក្រុងធ្វើដំណើរពីទីក្រុងភ្នំពេញត្រឡប់មកខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់ខ្ញុំ គ្រាន់តែដាក់គូថអង្គុយប៉ុក សម្លឹងទៅវីដេអូឡានក្រុង អារម្មណ៍ខ្ញុំក៏ស្រាប់តែក្តុកក្តួលអួលដើមក ទឹកភ្នែកស្ទើរតែស្រក់ហូរចុះមក។ ខ្ញុំធ្វើជាយកដៃខ្ទប់មុខ ដោយមិនចង់ឱ្យភ្ញៀវដទៃសម្លឹងមើលមកខ្ញុំ ក្នុងអារម្មណ៍រំភើប ចំពោះខ្សែជីវិតរបស់ជនពិការ ដែលរៀបចំដោយអង្គការឆេមនោះ សន្ទុះនៃទឹកចិត្តរបស់ខ្ញុំហាក់ដូចជាខ្លាំងក្លាណាស់ ខ្ញុំតាំងចិត្តរួចជាស្រេច ថាត្រឡប់មកដល់ផ្ទះ នឹងសរសេររឿងថ្មី ដែលទាក់ទងនឹងជីវិតជនពិការ តែពេលមកដល់ផ្ទះ ខ្ញុំក៏ពុំទាន់បានសរសេររឿងថ្មីភ្លាមដែរ ព្រោះខ្ញុំត្រូវ​បញ្ចប់រឿង មនុស្សដែលខ្ញុំស្រឡាញ់សិន ជួនជាចៃដន្យ ខ្ញុំក៏បានឃើញព័ត៌មាន ដែលមិត្តភក្តិរំលែកចែកគ្នានៅលើFacebook ទាក់ទងនឹងការប្រឡងស្នាដៃរឿង លើកទឹកចិត្តជនពិការ ដែលរៀបចំដោយអង្គការឆេម ក្រោមការឧបត្ថម្ភដោយអង្គការកាកបាទក្រហមអូស្រ្តាលី។ នៅសល់រយៈពេលតែដប់ថ្ងៃប៉ុណ្ណោះ គេនឹងឈប់ទទួលស្នាដៃ ដូចនេះ ខ្ញុំក៏ផ្អាកសរសេររឿងមនុស្សដែលខ្ញុំស្រឡាញ់សិន ងាកមកសរសេររឿងថ្មី គឺរឿង ពិភពខ្ញុំ។ វាមិនពិបាកទេ ព្រោះគំនិតរឿងស្ថិតនៅក្នុងខួរក្បាលខ្ញុំស្រេច ដូចនេះ ខ្ញុំប្រើពេលមិនដល់ប្រាំថ្ងៃទេ ខ្ញុំក៏បញ្ចប់វា បានយ៉ាងជោគជ័យ។ បន្ទាប់ពីផ្ញើទៅចូលរួមប្រឡង ខ្ញុំប្រើពេល ប្រាំខែដើម្បីរង់ចាំលទ្ធផល ការពិតខ្ញុំមានជំនឿចិត្តណាស់ចំពោះរឿងនេះ ព្រោះខ្ញុំគិតថា វាជាដំណើររៀបចំមួយរបស់ទេវតា ដែលរៀបចំឱ្យខ្ញុំសរសេររឿងនេះឡើង តែរយៈពេល នៃការរង់ចាំលទ្ធផល ក៏ធ្វើឱ្យខ្ញុំលែងទន្ទឹងតទៅទៀត ព្រោះប្រាំខែទៅហើយ ខ្ញុំពុំទទួលបានដំណឹងសោះ អស់សង្ឃឹម តែក៏ស្រាប់តែទទួលបានទូរស័ព្ទមួយ គឺប្រឡងជាប់ហើយ ហើយលេខមួយទៀត ខ្ញុំសើចទៀតហើយ​។ រឿងនេះ ធ្វើឱ្យខ្ញុំសើចពីរដង ម្តងគឺនៅពេលដឹងលទ្ធផល ម្តងទៀត គឺនៅពេលដែលខ្ញុំ យកប្រាក់រង្វាន់នៃរឿងនេះ ទៅជួយដល់អង្គការកុមារពិការទាំងអស់នោះ។

ពិភពខ្ញុំ

————————————————————————————————————————-

១៦.រឿងខ្លី ស្នាមថើបក្នុងក្រអៅបេះដូង(២០១២)

រឿងនេះ ខ្ញុំចាប់ផ្តើមសរសេរ ក្រោយពេលដែលខ្ញុំបញ្ចប់វគ្គសិក្ខាសាលានិពន្ធរឿងកុមារ។ នឹកឃើញកាលនោះ ខ្ញុំសុខចិត្តបោះបង់ដំណើរកម្សាន្តឆ្លងខេត្តជាមួយមិត្តនៅកន្លែងធ្វើការ គឺដើម្បីតែសិក្ខាសាលាមួយនេះ  តែខ្ញុំសប្បាយចិត្តណាស់ ព្រោះមិនដែលបានចូលវគ្គនិពន្ធនឹងគេទេ វាជាលើកទីមួយសម្រាប់ខ្ញុំ។ ក្រៅពីលោកគ្រូ វ៉ែន សុន មានអ្នកគ្រូម្នាក់ និងលោកគ្រូម្នាក់ ដែលមានវ័យស្របាក់ស្របាលនឹងខ្ញុំដែរ តែខ្ញុំសម្លឹងមើលទៅពួកគាត់ គឺចេះច្រើនណាស់។ ខ្ញុំចាប់អារម្មណ៍គាត់ណាស់ ពេញចិត្តគាត់ណាស់ ព្រោះពួកគាត់ គឺជាគ្រូផ្នែកនិពន្ធលើកទីមួយរបស់ខ្ញុំ។ លោកគ្រូក្មេង ខ្ពស់សង្ហារ បងស្រីរតនាក៏មិនចាស់ ញញឹមស្រស់គួរឱ្យទាក់ទាញ ពួកគាត់ប្រហែលជាចូលជ្រៅក្នុងក្រអៅបេះដូងរបស់ខ្ញុំហើយ ទើបត្រឡប់មកដល់ផ្ទះ ខ្ញុំចង់សរសេររឿង ហើយប្រើឈ្មោះរបស់ពួកគាត់ចូលក្នុងប្រលោមលោករបស់ខ្ញុំ។ នេះគឺជាការចងចាំមួយ ដែលខ្ញុំអាចធ្វើបាន នឹងរំឭកដល់ពួកគាត់។ ដូចនេះហើយ ទើបទៅក្នុងរឿងស្នាមថើបក្នុងក្រអៅបេះដូង តួប្រុសមានឈ្មោះថា”ជីនិត” និងតួស្រីមានឈ្មោះថា”រតនា”។ សង្ឃឹមថា ពួកគាត់បានអានរឿងនេះហើយ ក៏នឹកដល់អ្នកនិពន្ធក្មេងខ្ចីម្នាក់នេះដែរ។

ស្នាមថើបក្នុងក្រអៅបេះដូង

————————————————————————————————————————-

១៥.រឿងខ្លី និស្ស័យស្នេហ៍តាមFacebook (២០១២)

និស្ស័យស្នេហ៍តាមfacebook ចាប់ផ្តើមឡើងនៅពេលដែលខ្ញុំសង្កេតឃើញថា បណ្តាញfacebookនៅកម្ពុជាកំពុងតែផុសផុល ហើយជីវិតស្នេហារបស់ខ្ញុំ កំពុងតែជួបបញ្ហា ហើយក៏កំឡុងពេលដែលខ្ញុំ ស្គាល់មនុស្សម្នាក់ផ្សេងទៀត តាមរយៈfacebook។ តែបន្ទាប់ពីបញ្ចប់រឿងនេះ គ្រប់យ៉ាងគឺដូចដើមទាំងអស់ មនុស្សម្នាក់ដែលខ្ញុំស្គាល់តាមអនឡាញនោះ ក៏បាត់ស្រមោលទៅដែរ​ តែខ្ញុំអរគុណគាត់ ដែលបានជជែកជាមួយខ្ញុំ ធ្វើឱ្យខ្ញុំទទួលបាននូវអារម្មណ៍ពិត ពន្លឿនការគិតរបស់ខ្ញុំក្នុងការសរសេររឿងនេះឡើង។

និស្ស័យស្នេហ៍តាមអនឡាញ

————————————————————————————————————————-

១៤.រឿងខ្លី បេះដូងក្រោមពន្លឺព្រះចន្ទ(២០១១)

ក្រោយពេលជីវិតខ្ញុំ ឈប់លង់លក់ក្នុងអតីតកាល បេះដូងខ្ញុំ ហាក់បីដូចជាជួបនឹងភពថ្មី។ ខ្ញុំគិតថា កន្លងមក ខ្សែរឿងរបស់ខ្ញុំហាក់បីដូចជាសោកសៅពេកហើយ ទើបចង់ឱ្យរឿងក្រោយៗរបស់ខ្ញុំ ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងស្នេហាកក់ក្តៅ ដែលមានការយោគយល់ ជាក់ស្តែងរឿងនេះក៏ប្រសូតចេញមកមែន។ រឿងនេះ ខ្ញុំនិពន្ធឡើង កំឡុងពេលក្រុងសៀមរាបត្រូវទឹកលិច ការងាររបស់ខ្ញុំត្រូវបានផ្អាក ការសម្រាកនេះ ធ្វើឱ្យបេះដូងក្រោមពន្លឺព្រះចន្ទលេចចេញជារូបរាងឡើងយ៉ាងប្រាកដ តែបន្ទាប់ពីសរសេរចប់ រឿងនេះ រក្សានៅក្នុងកុំព្យូទ័ររបស់ខ្ញុំរហូត ហើយខ្ញុំក៏ពុំដឹងថា សាច់រឿងត្រូវនឹងតម្រូវការរបស់អ្នកអានកម្រិតណានោះដែរ ប៉ុន្តែថ្ងៃមួយ ខ្ញុំសាកល្បងផ្ញើរឿងនេះ ទៅកាន់វេបសាយខ្មែរឡូត បំណងឱ្យគេជួយចុះផ្សាយឱ្យ។ រឿងនេះហើយ ដែលធ្វើឱ្យមនុស្សមួយចំនួនតូច ស្គាល់ឈ្មោះរបស់ខ្ញុំ ហើយរឿងនេះហើយ ដែលធ្វើឱ្យគ្រប់ស្នាដៃរបស់ខ្ញុំ លែងកប់នៅក្នុងទូរទៀត ពិសេសរឿងនេះ បានធ្វើឱ្យមិត្តភក្តិនៅក្នុងហ្វេសបុករបស់ខ្ញុំ ពីពីររយនាក់ កើនដល់បួនរយនាក់។

ខ្ញុំមិននឹកស្មានថា បេះដូងរបស់ខ្ញុំស្រស់ស្អាតដល់ម្ល៉ឹងទេ ហើយខ្ញុំក៏ភ្ញាក់ផ្អើលណាស់ដែរ នៅពេលឃើញរាល់មតិឆ្លើយតបរបស់ប្រិយមិត្ត ថាពិតជាបានទទួលអារម្មណ៍កក់ក្តៅពីខ្សែរឿងខ្លីមួយនេះមែន។

បេះដូងក្រោមពន្លឺព្រះចន្ទ ធ្វើឱ្យខ្ញុំដឹងថា ខ្លួនឯងមានសេចក្តីសុខ បន្ទាប់ពីបានស្គាល់មនុស្សប្រុសម្នាក់ ដែលជាស្វាមីរបស់ខ្ញុំ។

បេះដូងក្រោម right

————————————————————————————————————————-

១៣.រឿងខ្លី វិបត្តិស្នេហ៍អតីតកាល(២០១១)

វិបត្តិស្នេហ៍អតីតកាល គឺសរសេរបន្ទាប់ពីរឿង បេះដូងក្រោមពន្លឺព្រះចន្ទ។ គិតទៅ ក្នុងកំឡុងពេលនោះ បេះដូងរបស់ខ្ញុំពិតជាស្រស់ស្អាត ដែលមិននឹកស្មានដល់ ខ្ញុំនឹកឃើញភ្លាម ខ្ញុំសសេរភ្លាម ហើយបានលឿនទៀតផង។ មិនចាំថា បានគិតពីអ្វីខ្លះនោះទេ ទើបនិពន្ធចេញរឿងនេះមក តែអ្វីដែលសំខាន់នោះ ខ្សែរឿងទាំងពីរនេះ សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រិយមិត្តដូចគ្នា។ ប្រហែលជាមកពីបានស្គាល់មនុស្សម្នាក់នោះហើយ។

វិបត្តិស្នេហ៍​update

————————————————————————————————————————-

១២.ប្រលោមលោក បេះដូងកវី(២០១១)

បេះដូងកវី ជាស្នាដៃថ្មីមួយដែលខ្ញុំសម្រិតសម្រាំងបំផុត។ ដោយសង្គេតឃើញវិស័យសិល្បៈនៅប្រទេសយើង មានការចម្លងពីបរទេសច្រើនពេក ទើបបេះដូងមួយនេះកម្រើកឡើង។ រឿងនេះ គ្រាន់តែចង់លើកឡើងពីបេះដូងពិត ក្នុងនាមជាកូនខ្មែរម្នាក់ប៉ុណ្ណោះ ហើយទឹកចិត្តស្រស់បស់ក្នុងនាមជាកវីម្នាក់ គឺស្រស់ស្អាតណាស់ មិនចង់ចាញ់ឈ្នះ តែចង់ធ្វើនូវអ្វីដែលខ្លួនចង់។ រឿងនេះ ខ្ញុំចំណាយពេលបីខែក្នុងការសរសេរវា ហើយខ្ញុំចាំមិនភ្លេចទេ ថាខ្ញុំសរសេរវា នៅក្នុងថ្នាក់រៀនរបស់ខ្ញុំ គឺក្រោយពេលដែលសិស្សចេញទៅផ្ទះ។ ខ្ញុំអង្គុយសំកុកក្នុងថ្នាក់តែម្នាក់ឯង ពេលខ្លះ មិត្តរួមការងាររបស់ខ្ញុំ ក៏ឆ្ងល់ ហើយចូលមកសួរដែរ ប៉ុន្តែដូចអ្វីដែលខ្ញុំនិយាយ រឿងនេះ គឺខ្ញុំយកចិត្តទុកដាក់ណាស់ រយៈពេលបីខែនេះ គឺខ្ញុំសរសេររៀងរាល់ថ្ងៃ ទោះពេលខ្លះ ខ្ញុំគ្មានពេល ហើយសរសេរបានត្រឹមតែមួយបន្ទាន់ក៏ដោយ។

បេះដូងកវី គឺជាភាពជោគជ័យ និងជំនឿចិត្តរបស់ខ្ញុំ ព្រោះរឿងនេះ បានដណ្តើមយកពានរង្វាន់លេខមួយ បទុមត្ថេរសោមឆ្នាំ២០១១ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បេះដូងកវី គឺបេះដូងខ្ញុំ ហើយក៏ជាបេះដូងគ្រួសារខ្ញុំ ព្រមទាំងប្រិយមិត្តរបស់ខ្ញុំ ព្រោះរឿងនេះ សុទ្ធតែធ្វើឱ្យពួកគាត់ ញញឹមមករកខ្ញុំ ហើយយល់ពីអ្វី ដែលខ្ញុំបានធ្វើកន្លងមក។

បេះដូងកវី

————————————————————————————————————————-

១១.រឿងខ្លី ស្នេហាក្នុងបេះដូង(២០១០)

រឿងនេះ កើតពីចិត្តរវើរវាយរបស់ខ្ញុំ ក្រោយពេលស្គាល់មនុស្សថ្មី នៅមហាវិទ្យាល័យ ហើយពួកគេ សុទ្ធតែអាយុក្មេងៗជាងខ្ញុំ។ ទំនាក់ទំនងពីមិត្តភាពក៏ក្លាយទៅជាស្នេហា វាគ្រាន់តែជាការគិត ហើយបញ្ចេញជាខ្សែរឿងឡើង។ រឿងនេះ ខ្ញុំយល់ថាខ្លួនឯងមានអារម្មណ៍មិនស្ងប់ឡើយក្នុងការសរសេរ តែចេះតែប្រឹងប្រែងដើម្បីបំពេញបេះដូងខ្លួនឯង។

ស្នេហាក្នុងបេះដូង

————————————————————————————————————————-

១០.រឿងខ្លី ក្លិនផ្កាណារី(២០១០)

នេះជារឿងទីមួយរបស់ខ្ញុំ ដែលខ្ញុំសរសេរមានទាក់ទងនឹងវិញ្ញាណខ្មោច ការពិតខ្ញុំគ្រាន់តែចង់ផ្លាស់ប្តូរបរិយាកាសរបស់ប្រិយមិត្តប៉ុណ្ណោះ ប៉ុន្តែការសរសេររឿងនេះ ខ្ញុំសារភាពថា មានការលំបាក ព្រោះនៅពេលខ្ញុំសរសេរ គឺខ្ញុំខ្លាច ពេលខ្លះ សរសេរបានបន្តិច ខ្ញុំក៏ឈប់ ហើយក៏ប្តូរពីពេលយប់ មកសរសេរពេលថ្ងៃវិញ។ ម្យ៉ាងដែរ និពន្ធខ្លួនឯង ខ្លាចខ្លួនឯង មើលទៅលើកក្រោយ លែងហ៊ាននិពន្ធរឿងបែបនេះទៀតហើយ។

ក្លិនផ្កា

————————————————————————————————————————-

៩.រឿងខ្លី មិនធ្លាប់ស្នេហ៍តែចិត្តស្មោះ (២០១០)

ថ្ងៃមួយ ខ្ញុំបានស្តាប់វិទ្យុ បានឮពីជីវិតស្នេហារបស់ស្រីម្នាក់ ហើយស្រីម្នាក់នោះ ក៏មានវិប្បដិសារីរហូតដល់បច្ចុប្បន្ន។ រឿងនេះ តួប្រុស សម្រេចចិត្តយកមនុស្សស្រីម្នាក់ ដែលខ្លួនមិនស្គាល់ ហើយដោយសារតែនាង បានសំពះព្រះអាទិត្យជាមួយខ្លួនជំនួសកូនក្រមុំ ទើបនៅថ្ងៃបញ្ចប់នៃកម្មវិធីមង្គលការ យុវជនក៏ទៅដឹកដៃនាងឡើងឡាន ហើយនិយាយថា នាងជាប្រពន្ធខ្លួន។ ការពិតឈុតឆាកនៃជីវិតពិតមិនមែនត្រង់សំពះព្រះអាទិត្យឡើយ គឺពិធីលាងជើង ដែលក្នុងពេលនោះ កូនក្រមុំមានបញ្ហាសុខភាព ហើយក៏សម្រេចចិត្តឱ្យមិត្តភក្តិខ្លួនចេញជំនួស ដោយយកស្បៃគ្របពីលើក្បាលជិត។ ជីវិតពិតនេះ បើស្តាប់ទៅ ដូចជាខ្លោចចិត្តបន្តិច ព្រោះតែការគិតខុសទាំងអស់គ្នា ដូច្នេះហើយ ទើបខ្ញុំបង្វិលសាច់រឿង ដោយឱ្យកូនក្រមុំជាអ្នកខុសដោយចេតនា មិនមែនអចេតនាឡើយ ហើយម្យ៉ាងទៀតខ្ញុំ ក៏បានប្តូរឈុតឆាក ពីពិធីលាងជើង ទៅជាពិធីសំពះព្រះអាទិត្យ ព្រោះពិធីលាងជើង មិនអនុញ្ញាតឱ្យមានទៀតទេ ក្នុងពេលបច្ចុប្បន្ន។ ដូចនេះ ខ្ញុំគ្រាន់តែផ្លាស់ប្តូរអ្វី ឱ្យស៊ីទៅនឹងសង្គមបច្ចុប្បន្នប៉ុណ្ណោះ។

មួយផ្សេងទៀត ដើមឡើយរឿងនេះ មានចំណងជើងថា មិនធ្លាប់ស្នេហ៍ប្រែជាស្មោះ តែដោយសារមានប្រតិកម្មពីប្រិយមិត្ត ហើយក៏មានការជជែកច្រើន ទើបខ្ញុំគិតឡើងវិញ ហើយយល់ថាក៏សមហេតុផល ទើបសម្រេចចិត្តប្តូរចំណង ទៅជាមិនធ្លាប់ស្នេហ៍តែចិត្តស្មោះវិញ។

មិនធ្នាប់ right copy copy

————————————————————————————————————————-

៨.ប្រលោមលោក យុវវ័យរបស់ខ្ញុំ

ចំណងជើងដើមរបស់រឿង យុវវ័យរបស់ខ្ញុំ គឺ”អនុស្សាវរីយ៍”។ បន្ទាប់ពីបានឃើញព្រឹត្តិការណ៍កាប់ចាក់ របស់ក្មេងទំនើងជាច្រើនក្រុម នៅចំពោះមុខ អារម្មណ៍ខ្ញុំដក់ជាប់រហូត ហើយចេះតែគិតថា ហេតុអ្វីក៏ពួកគេធ្វើបែបនោះ? បើខ្ញុំជាទេវតា ខ្ញុំនឹងភាវនាសូត្រមន្តសណ្តំអារម្មណ៍ពួកគេ ឱ្យស្ងប់ស្ងៀមបញ្ចប់ភ្លើងសង្រ្គាម ដែលគ្មានប្រយោជន៍បែបនេះ តែគួរឱ្យស្តាយ ខ្ញុំជាមនុស្សធម្មតាម្នាក់ ហើយអ្វីដែលខ្ញុំធ្វើបាន គឺចងក្រងចេញជាប្រលោមនេះ ដើម្បីទុកជាអនុស្សាវរីយ៍ ពិសេស ចង់ឱ្យយុវវ័យ ដែលបានអានរឿងនេះ ធ្វើការពិចារណា ពីឆាកជីវិតរបស់ខ្លួនម្តងទៀត។

ជាការពិតណាស់ នៅឆ្នាំ២០១០ ខ្ញុំបានដាក់រឿងនេះទៅប្រឡងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្តែលទ្ធផល គឺបរាជ័យ តែភាពជោគជ័យមួយដែលខ្ញុំទទួលបានពីរឿងនេះ គឺកម្លាំងចិត្តរបស់សិស្សខ្ញុំ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយ ដែលខ្ញុំតែងតែនិទានរឿងនេះ ឱ្យពួកគេស្តាប់ ពួកគេរំភើប ហើយពេញចិត្តខ្លាំងណាស់ ពិសេស ទោះបីជាពួកគេដឹងថា រឿងនេះប្រឡងធ្លាក់ ក៏គេនៅតែលើកទឹកចិត្តខ្ញុំ ខ្ញុំក៏សួរគេថា៖”តើអ្នកគ្រូ គួរតែតែងរឿងថ្មីទៅប្រឡងទៀតទេ?”។ សំឡេងក្មេងជាច្រើន តែលាន់ឡើងរួមគ្នាតែមួយ ព្រមជាមួយទឹកមុខញញឹម បានបែរមករកខ្ញុំ៖”អ្នកគ្រូត្រូវតែទៅ!”។ សំឡេងពួកគេនេះហើយ ទើបរឿងថ្មី “បេះដូងកវី” ចាកចេញពីដីសៀមរាបទៅកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើការប្រឡង។

យុវវ័យរបស់ខ្ញុំ

————————————————————————————————————————-

៧.ប្រលោមលោក ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(២០០៩)

ខ្ញុំសរសេររឿងនេះ ព្រោះចង់លួងលោមខ្លួនឯង ចង់បង្ហាញពីទឹកចិត្តរង់ចាំមនុស្ស ដែលខ្លួនស្រឡាញ់ ថាតើពិបាកទ្រាំប៉ុនណា? តែទោះក្នុងទឹកចិត្ត ដែលគ្មានពន្លឺក៏ពិតមែន ទឹកចិត្តរង់ចាំនេះ បានធ្វើឱ្យខ្ញុំមានការអត់ធ្មត់ខ្លាំងណាស់ ក្នុងការសរសេររឿងនេះឡើង។ ខ្ញុំប្រើពេលមួយឆ្នាំជាងក្នុងការសសេររឿងនេះ។ ខ្ញុំគិតថា វាពិបាក ពេលដែលខ្ញុំគ្មានអារម្មណ៍ ខ្ញុំក៏ទុកចោល ពេលណានឹកឃើញ ក៏មកសរសេរបន្ត ប៉ុន្តែខ្ញុំដឹងថា រឿងនេះ ខ្ញុំបានប្រើអារម្មណ៍និងមនោសញ្ចេតនាខ្លាំងណាស់ ទម្រាំតែបញ្ចប់វាបាន។ នៅទីបំផុត បន្ទាប់ពីរឿងនេះបានផ្សព្វផ្សាយ ទើបខ្ញុំដឹងថា អារម្មណ៍និងមនោសញ្ចេតនារបស់ខ្ញុំ ពិតជាបានជ្រាបដល់ប្រិយមិត្តអ្នកអានមែន។ ភាគច្រើន គឺពួកគេ ពេញចិត្តរឿងនេះ ហើយចំណែកខ្ញុំខ្លួនឯងនេះ ក៏មានអារម្មណ៍ដក់ជាប់ដែរ រហូតទៅដល់កន្លែងនៅក្នុងសាច់រឿងនេះ ខ្ញុំតែងតែហៅទីនោះថា កន្លែងចាំស្នេហ៍ ពេលខ្លះ មិត្តភក្តិខ្ញុំ ឆ្ងល់នឹងខ្ញុំណាស់ តែទោះជាយ៉ាងណា វាគ្មានអ្វីចម្លែកទេសម្រាប់ខ្ញុំ ព្រោះខ្ញុំពិតជាស្រឡាញ់ទីកន្លែង ដែលខ្ញុំយកមកធ្វើជាទីតាំងចាំស្នេហ៍ក្នុងសាច់រឿងនេះមែន។ បើប្រិយមិត្តបានមកទស្សនានៅខេត្តសៀមរាប ប្រិយមិត្តគួរតែមកលេងទីកន្លែងចាំស្នេហ៍នេះ ព្រោះសព្វថ្ងៃទីនេះ គឺមានភាពស្រស់ស្អាតណាស់ ពិសេស គឺក្រអូបក្លិនផ្ការំដួល។

ចាំស្នេហ៍new copy

————————————————————————————————————————-

៦.ប្រលោមកំណាព្យ ស្រមោលស្នេហ៍និស្សិត​(២០០៧)

រឿងនេះ ខ្ញុំនិពន្ធឡើង កាលខ្ញុំនៅជានិស្សិត។ គិតទៅ ក្នុងឯកសណ្ឋានជានិស្សិត មានអារម្មណ៍ថាប្លែក និងអស្ចារ្យ ប៉ុន្តែស្នេហា នៅតែបំផ្លាញភាពអស្ចារ្យរបស់និស្សិតបាន។ ខ្ញុំបានឃើញ ទំនាក់ទំនងមិត្តរួមថ្នាក់របស់ខ្ញុំ ពេលហ្នឹងវាហាក់ខុសប្លែកពីធម្មតា ហើយខ្ញុំក៏ដឹងថា បុរសម្នាក់ដែលមានភាពស្និទ្ធស្នាលនឹងមិត្តខ្ញុំនោះ គឺមានប្រពន្ធហើយ។ ខ្ញុំដឹង ថាខ្ញុំពុំសូវយល់ច្បាស់ពីពួកគេ ប៉ុន្តែខ្ញុំដឹងត្រឹមថា ក្នុងនាមជាមនុស្សម្នាក់ ដែលមានគ្រួសារហើយ ក៏មិនគួរនឹងបង្កើនភាពស្និទ្ធស្នាលពេកជាមនុស្សផ្សេង ដែលត្រឹមតែជាមិត្តនោះដែរ។ ទំនាក់ទំនងនេះ បានធ្វើឱ្យខ្ញុំមានគំនិតថ្មី ហើយក៏លើកដៃ វាយអក្សរចេញជាប្រលោមកំណាព្យនេះឡើង។

ស្រមោល​update

————————————————————————————————————————-

៥.ប្រលោមកំណាព្យ រឿងជីវិតខ្ញុំ (២០០៧)

រឿងជីវិតខ្ញុំ right

————————————————————————————————————————-

៤.រឿងខ្លី អង្គរក្សទាំងប្រាំបី(២០០៧)

អង្គរក្សទាំងប្រាំបី និយាយពីឆ្កែរបស់ខ្ញុំ។ កំឡុងពេលសោកសៅ គឺរស់នៅជាមួយឆ្កែ សត្វឆ្កែប្រែជាមិត្តភក្តិ ទីបំផុត ក៏ពញាក់ឱ្យបេះដូងកវីម្នាក់នេះ និពន្ធចេញជារឿងឡើង តែខ្ញុំមានអារម្មណ៍ថា ម្យ៉ាងដែរ ព្រោះសូម្បីតែឆ្កែ ក៏យល់ពីអារម្មណ៍ឈឺចាប់របស់ម្ចាស់វា វាជាភាពអស្ចារ្យមួយ ហើយក៏ជាគំនិតថ្មីរបស់ខ្ញុំមួយដែរ។ សាកល្បងអានលមើល

អង្គរក្សទាំង៨

————————————————————————————————————————-

៣.រឿងខ្លី ទំហំនៃក្តីស្រលាញ់(២០០៦)

ខ្ញុំនៅចាំថា ខ្ញុំសរសេររឿងនេះ នៅសាលារៀន រៀងរាល់ម៉ោងដែលសិស្សចេញលេង។ ខ្ញុំបានព្យាយាម ទោះម៉ោងខ្លះ ខ្ញុំសរសេរបានតែពីរបន្ទាត់ក៏ដោយ។ មានពេលមួយ ខ្ញុំភ្លេចខ្លួន កំពុងតែឈ្ងោកសរសេរ លុះងើបមុខឡើង ស្រាប់តែឃើញសិស្សរបស់ខ្ញុំ ឈរព្រាត សម្លឹងមកខ្ញុំ ពីម្ខាងបង្អួតមក។ ខ្ញុំដឹងថា ពួកគេឆ្ងល់ ក៏ប្រាប់ពួកគេថា អ្នកគ្រូកំពុងនិពន្ធរឿង។ នៅទីបំផុត រឿងនេះក៏បានបញ្ចប់។ រឿងនេះ បង្កប់នូវទឹកចិត្តស្រលាញ់របស់ខ្ញុំ ចំពោះមនុស្សម្នាក់យ៉ាងជ្រាលជ្រៅ តែក្តីស្រលាញ់នេះ បានកប់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំ។

ទំហំ right

————————————————————————————————————————-

២.រឿងខ្លី បេះដូងឈឺចាប់(២០០៥)

អាន៖ (http://www.khmerload.com/news/4317)

រឿងនេះកើតឡើង ក្នុងដំណាក់កាលមួយដែលស្នេហារបស់ខ្ញុំ ស្ថិតនៅក្នុងស្ថានភាពតឹងតែងបំផុត ខ្ញុំរស់នៅពិបាកជាងស្លាប់ ទើបការឈឺចាប់នេះ វារំលេចឡើងក្លាយជាចំណងជើងនៃរឿងនេះ តែខ្លឹមសារនៃរឿងនេះ គឺមិនមែនជារឿងពិតឡើយ វាកើតចេញពីការប្រឌិតរបស់ខ្ញុំទាំងស្រុង។

បេះដូងឈឺចាប់

————————————————————————————————————————-

១.ប្រលោមកំណាព្យ ជ្រៃស្នេហ៍អភ័ព្វ(២០០៤)

ដូចខ្ញុំធ្លាប់និយាយអ៊ីចឹង ការទន្ទឹងរង់ចាំមនុស្សម្នាក់ វាពិបាកណាស់។ ប្រលោមកំណាព្យនេះ ក៏កើតចេញនៅក្នុងកំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ខ្ញុំដែរ។ ខ្ញុំមិនចង់ឯកា ទើបយកអក្ខរាមកកំដរខ្លួនឯង តែខ្ញុំធានា វាជាបទពិសោធន៍ជីវិតរបស់ខ្ញុំ ទោះក្នុងអារម្មណ៍ខ្ញុំយ៉ាងណា តែខ្ញុំសង្ឃឹមថា វានឹងធ្វើឱ្យអ្នកគ្រប់គ្នា ទទួលបានវេលាមួយ ដែលប្រសើរជាងខ្ញុំ។

ជ្រៃស្នេហ៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: