បេះដូងក្រោមពន្លឺព្រះចន្ទ វគ្គ២

វគ្គ២                             ក្រោយថ្ងៃប្រឡង

បន្ទាប់ពីប្រឡងហើយ វិសិទ្ធិក៏បង្រៀនប្អូនឲ្យជិះម៉ូតូ។ ចន្រ្ទាកាន់ចង្កូតម៉ូតូ ចំណែកយុវជនគឺជិះពីក្រោយជាប់រហូត។ លុះត្រឡប់មកដល់ផ្ទះ៖

-យ៉ាងម៉េចកូន ថ្ងៃនេះជិះទៅដល់ត្រឹមណា?

-ជិតដល់ស្រុកពួកឯណោះម៉ាក់

-អូនចេះជិះហើយម៉ាក់

-កូនម៉ាក់គឺឆ្លាតអ៊ីចឹង

-បង! ស្អែកអូនឌុបបងទៅមើលឈ្មោះណា

-បានតើ!

ស្អែកឡើង ចន្រ្ទាពិតជាឌុបវិសិទ្ធិទៅមើលឈ្មោះមែន តែកន្លែងមើលឈ្មោះ ហាក់ដូចជាមនុស្សច្រើនពេកហើយ៖

-អូនចូលទៅមើលឲ្យបង

-មិនបានទេ! មនុស្សច្រើនណាស់ ឃើញទេ សុទ្ធតែមនុស្សប្រុស ចាំបងនឹងម៉ូតូហើយ

-ចាស!

-សួស្តីចន្រ្ទា!…………….បងជាមិត្តភក្តិវិសិទ្ធិដែលជួបឯងនៅអង្គរណា

-អូ! សួស្តីបង បងប្រឡងជាប់ទេ?

-មិនទាន់បានមើលឈ្មោះផងហ្នឹង ចុះឯណាវិសិទ្ធិ?

-គាត់ចូលទៅមើលឈ្មោះហើយ

-នេះសូម្បីតែមើលឈ្មោះ ក៏គេឌុបឯងមកដែរ

-មិនមែនទេ គឺខ្ញុំជាអ្នកឌុបគាត់មកតើ

-អូ! អ៊ីចឹងទេអ្ហេ

-បងយ៉ាងម៉េចហើយ?

វិសិទ្ធិដើរចូលមកដោយទឹកមុខស្រងូត ឧត្តមក៏បន្លឺ៖

-នែ! ឯងកុំប្រាប់ថា សិស្សពូកែដូចជាឯងប្រឡងធ្លាក់ណា

-ខ្ញុំមិនធ្លាក់ទេ តែពួកឯង!

-ពួកឯងយ៉ាងម៉េច?

-ពួកឯងទាំងប្រាំនាក់ គ្មានជាប់នរណាម្នាក់ទេ

-មិនពិតទេ!

-ពួកយើងឆាប់ចូលទៅមើលទៅ

-ពិតមែនអ្ហេបង?

-បងនិយាយលេងជាមួយពួកគេតើ ពួកយើងឆាប់ទៅ!

វិសិទ្ធិលលេងជាមួយមិត្តរបស់ខ្លួនហើយ ក៏ប្រញាប់ឲ្យចន្រ្ទាបើកម៉ូតូចេញមក គ្រាន់តែចូលទៅមើលហើយ ពួកគេទាំងប្រាំនាក់ក៏ចេញមកវិញ ជួននឹងម៉ូតូយុវជនបើកចេញទៅល្មម ពូកគេស្រែកព្រមគ្នា៖”ឯងហ៊ានកុហកពួកយើងផងអ្ហ៊ៃ!”។ យុវជនសើចយ៉ាងស្រស់សម្លឹងទៅរកមិត្តរបស់ខ្លួន។

នៅក្រោមពន្លឺព្រះចន្ទពេញបូរមី យុវតីទឹកមុខស្រងូតមិននិយាយស្តីអ្វីទាំងអស់ យុវជនបន្លឺ៖

-មើលទៅឯងដូចជាមិនសប្បាយ ដែលបងប្រឡងបាននិទ្ទេសAសោះហ្ន៎

-បងទៅចោលអូនហើយមែនទេ?

-ត្រូវហើយ! បងមិននៅក្បែរក្មេងរឹងរូសដូចជាឯងទៀតទេ ពេលទៅដល់ភ្នំពេញ បងនឹងរស់នៅតែម្នាក់ឯងយ៉ាងមានក្តីសុខ ដោយគ្មាននរណាមករំខានឡើយ អូហូ! ពិតជាមានក្តីសុខណាស់

ចន្រ្ទាយំហ៊ូ យុវជនភ័យណាស់ ស្រដីទៅកាន់នាងទាំងរដិបរដុប៖

-នែ! ម៉េចក៏ឯងយំ?

-បង….អត់ស្រលាញ់អូនទេ…. ហើយអត់នឹកអូនទៀត

-បងនិយាយលេងតើ! បានហើយៗ បើប៉ាម៉ាក់ឃើញឯងយំ បងប្រាកដជាវីវរហើយ បងមានតែអូនម្នាក់ បើបងមិននឹកឯងឲ្យទៅនឹកអ្នកណា?

យុវជនទាញប្អូនមកឱប ហើយគោះក្បាលនាងតិចៗ ហើយនិយាយបន្តដោយស្នាមញញឹម៖

-នរណាទៅភ្លេចក្មេងស្រីល្ងង់ម្នាក់នេះនោះ?

-បងថាឲ្យអូន អូនទៅប្រាប់ម៉ាក់ហើយ

-នែ!

ចន្រ្ទារត់ចូលទៅក្នុងផ្ទះ ដោយទឹកភ្នែកនៅប្រឡាក់ពេញមុខនៅឡើយ។ ឃើញកូនដូចនេះ អ្នកស្រីចរិយាបន្លឺ៖

-កូនកើតអី? វិសិទ្ធិធ្វើអីកូនមែនទេ?

-អត់ទេម៉ាក់! បងអត់បានធ្វើអីអូនឯណា

-អ៊ីចឹងទៅស្លៀកពាក់ទៅ ពួកយើងទៅញ៉ាំបាយនៅហាងយប់នេះ

ថ្ងៃនេះជាថ្ងៃដ៏រីករាយ របស់គ្រួសារលោកវិបុត្រ ព្រោះវិសិទ្ធិ ប្រឡងបាននិទ្ទេសA។ យុវជនត្រូវបានចូលរៀននៅសាលាឱសថស្ថាននៅភ្នំពេញដោយឥតបង់ថ្លៃ។ បន្ទាប់ពីជប់លៀង សម្រាប់ភាពជោគជ័យហើយ គ្រួសារនេះ ក៏ត្រឡប់មកផ្ទះវិញដោយក្តីរីករាយ តែមកមុខផ្ទះ វាគួរឲ្យភ្ញាក់ផ្អើលណាស់   នៅពេលរំលេចស្រ្តីវ័យ កណ្តាលម្នាក់កំពុងឈរញញឹមមករកពួកគេ អ្នកស្រីចរិយាបន្លឺឡើង៖

-ស៊ីណា!

-ម៉ាក់យ៉ាងម៉េចហើយ! (យុវជនបន្លឺ)

អ្នកស្រីស៊ីណា សម្លឹងមើលទៅចន្រ្ទាដោយស្នាមញញឹម និងរលីងរលោងទឹកភ្នែក។ ដោយទប់មិនបាន គាត់ក៏រត់ទៅឱបយុវតីព្រមទាំងបន្លឺឡើង៖”កូនស្រី!”។ ចន្រ្ទាហាក់ដូចជាភាំងណាស់ នាងឈរឈ្មឹងមិនតបតអ្វីឡើយ តែសម្លឹងទៅប៉ាម៉ាក់របស់ នាង។ ពួកគេទាំងអស់ក៏ចូលមកដល់ក្នុងផ្ទះ អ្នកស្រីចរិយាបន្លឺ៖

-វិសិទ្ធិនាំប្អូនទៅបន្ទប់ទៅ

-បាទ! តោះ

វិសិទ្ធិនាំប្អូនទៅដល់បន្ទប់ តែចន្រ្ទាបន្លឺឡើង៖

-អ្នកណាគេហ្នឹងបង?

-បងក៏មិនស្គាល់ដែរ ប្រហែលជាមិត្តភក្តិម៉ាក់ហើយមើលទៅ ឯងឆាប់ទៅងូតទឹកទៅ

-ចាស!

យុវជនដើរចេញមកក្រៅវិញ      តែក៏ត្រូវឈរធ្មឹងមួយកន្លែងនៅពេលឮឪពុក    ម្តាយជជែកគ្នា៖

-ឯងចង់បានន័យថា រាល់ថ្ងៃនេះ នាងហៅពួកឯងថាប៉ាម៉ាក់អ្ហេ?

-ត្រូវហើយ! ខ្ញុំចង់ប្រាប់នាងពីការពិតដែរ តែខ្ញុំមិនដាច់ចិត្ត ព្រោះខ្ញុំខ្លាចឯងមិនត្រឡប់មកវិញ

-ខុសមកពីខ្ញុំ

-សូមទោស! តើឯងអាចប្រាប់ខ្ញុំបានទេ ហេតុអីក៏ឯងបាត់ឈឹងយ៉ាងនេះ?

-ប្តីខ្ញុំគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ បន្ទាប់ពីគាត់ស្លាប់ទៅ អ្វីៗ ខ្ញុំត្រូវចាប់ផ្តើមសារឡើងវិញ ដូច្នេះ បើខ្ញុំត្រឡប់មកស្រុកវិញ ខ្ញុំមានតែបាតដៃទទេប៉ុណ្ណោះ ខ្ញុំដឹងថា ឯងអាចមើលថែនាង ទើបខ្ញុំសម្រេចចិត្តរកស៊ីនៅទីនោះសិន សូមទោស ដែលខ្ញុំមិនបានផ្តល់ដំណឹងដល់ឯង ខ្ញុំមកនេះ គឺចង់យក     ចន្រ្ទាទៅរស់នៅទីនោះ តើឯងយល់ព្រមទេ?

-នាងជាកូនរបស់ឯង ខ្ញុំឃើញឯងមកនេះ ខ្ញុំក៏សប្បាយចិត្តដែរ តែឯងទុកពេលឲ្យខ្ញុំពីបីថ្ងៃសិនណា ខ្ញុំនឹងនិយាយប្រាប់នាងពីរឿងនេះ

-មិនអីទេ! ខ្ញុំរង់ចាំបាន អរគុណឯង

-ពេលនេះឯងសម្រាកនៅឯណា?

-ខ្ញុំស្នាក់នៅសណ្ឋាគារ ត្រូវហើយ! ក្មេងប្រុសនោះ ជាកូនរបស់ឯងមែនទេ?

-ត្រូវហើយ!

-គួរឲ្យស្រលាញ់ណាស់ បានហើយ ខ្ញុំមិនរំខានឯងទេ ខ្ញុំទៅវិញសិនហើយ

វិសិទ្ធិហាក់ដូចជាក្តុកក្តួលណាស់ នាយដើរចូលទៅរកឪពុកម្តាយទាំងរលីងរលោងទឹកភ្នែក៖

-ម៉ាក់គិតឲ្យអូនទៅគាត់វិញអ្ហេ?

-នេះហើយជាម៉ាក់បង្កើតរបស់ចន្រ្ទា គាត់មកទទួលនាងទៅវិញហើយ

-តែម៉ាក់សន្យានឹងខ្ញុំហើយ បើខ្ញុំស្រលាញ់អូន មិនធ្វើបាបអូន ម៉ាក់មិនឲ្យអូនទៅណាទេ?

-ម៉ាក់ក៏មិនចង់ឲ្យនាងទៅដែរ ប៉ុន្តែចន្រ្ទាត្រូវតែរស់នៅជាមួយម្តាយនាងវិញ

-ម៉ាក់កុហក! អូនម៉េចនឹងអាចចាកចេញពីទីនេះទៅ

វិសិទ្ធិរត់ទៅបន្ទប់ខ្លួនវិញទាំងខ្សឹកខ្សួល។ លោកវិបុត្រក្រលេកមកឃើញកូនស្រីអង្គុយយំនៅក្បែរទ្វារ ក៏ស្ទុះចូលទៅ៖

-កូនស្រី!

-ប៉ា!

-កូនបានឮហើយមែនទេ?

-ឲ្យម៉ាក់សូមទោស ដែលមិនបានប្រាប់រឿងនេះដល់កូន

-ប៉ាម៉ាក់អត់ខុសទេ តែអូនត្រូវទៅជាមួយម៉ាក់អូនមែនអ្ហេ?

-យ៉ាងណា គាត់ជាម៉ាក់បង្កើតរបស់កូន កូនត្រូវតែកតញូចំពោះគាត់

-ការពិតបងដឹងពីយូរមកហើយមែនទេ ថាអូនមិនមែនជាប្អូនបង្កើតរបស់គាត់

-អ៊ឺ!

-អរគុណប៉ា និងម៉ាក់!

ទាំងបីនាក់ឪម៉ែកូន យំឱបគ្នាជាប់។ ចន្រ្ទាបានសម្រេចចិត្តទៅជាមួយម្តាយបង្កើតរបស់ខ្លួន។ ការពិតនាងពិតជាអាល័យទីកន្លែងដែលនាងធ្លាប់រស់នៅណាស់ តែនាងសន្យានឹងប៉ាម៉ាក់ចិញ្ចឹមរួចហើយ ថាធ្វើជាកូនកតញូ នាងដឹងថា ប៉ុន្មានថ្ងៃនេះ បងប្រុសមិនសប្បាយចិត្តឡើយ ទើបទៅគោះទ្វារយុវជន៖

-បងខឹងអូនមែនទេ?

-អត់ទេ!

-តែបងអត់ញញឹមដាក់អូនទេ បងប្រាកដជាខឹងអូន

-បងមានរឿងអីដែលខឹងអូននោះ បងគ្រាន់តែបារម្ភ តើក្មេងល្ងង់ម្នាក់នេះ អាចទៅរស់នៅបរទេសបានទេ

-បងកុំភ័យអី អូននឹងមិនល្ងង់ទៀតទេ អូននឹងខំរៀន ម៉ាក់ថា ពេលអូនទៅដល់ទីនោះ អូនមានប្អូនប្រុសម្នាក់ ដូចនេះ អូននឹងមិនល្ងង់ទៀតទេ អូនក្លាយជាបងស្រីគេហើយ

ទោះជាខំនិយាយរ៉ាយរ៉ាប់យ៉ាងណា ក្មេងស្រីនេះ នៅតែដូចជាល្ងង់ដដែល។ យុវជនក្តុកក្តួលណាស់ នាយស្រវាឱបក្មេងតូចជាប់លាយនឹងដំណក់ទឹកភ្នែក ដែលស្រក់ហូរចុះដោយមិនដឹងខ្លួន។ ចន្រ្ទាស្រដីត៖

-ការពិតអូនមិនមែនជាប្អូនបង្កើតបងទេ អ៊ីចឹងហើយ ទើបអូនមិនឆ្លាតដូចជាបង អូនចេះតែបន្ទោសប៉ាម៉ាក់ ហេតុអីបង្កើតអូនមកមិនឆ្លាតដូចជាបង ពេល

នេះអូនដឹងហើយ……..

-អូនឈប់និយាយទៅ!

-អរគុណបងដែលស្រលាញ់អូន មើលថែអូនដូចជាប្អូនបង្កើត អូនស្មានថាអូនជាអ្នកជូនដំណើរបងទៅភ្នំពេញ តែការពិតមិនមែនទេ អូនមិនបាននៅជូនដំណើរបងទេ

-ឈប់និយាយទៅ!

-អូន……..សូម………ទោស!

យុវជនឱបប្អូនជាប់មិនព្រមលែងទាល់តែសោះ ចំណែកទឹកភ្នែកចេះតែស្រក់ចុះស្ទើរតែធ្លុះធ្លាយឱរា។ រីឯក្មេងស្រីតូចចេះតែនិយាយបន្ត៖

-បងប្រាប់អូនថា មិនឲ្យអូននៅក្បែរមនុស្សប្រុសពេកទេ ព្រោះអូនជាស្រី ពេលនេះ អូនដឹងថា បងមិនមែនជាបងបង្កើតអូនទេ អូនឱបបងអ៊ីចឹង បងមិនថាទេអ្ហេ?

-មិនថាទេ!

-យប់នេះ អូនអត់ចង់គេងទេ អូនចង់មើលព្រះចន្ទ

-ពួកយើងចេញទៅក្រៅទៅ

ពីរនាក់បងប្អូនដឹកដៃគ្នា មកអង្គុយលើអង្រឹងក្រោមពន្លឺព្រះចន្ទ។ ចន្រ្ទាស្រដី៖

-តើនៅប្រទេសណរវែសន៍ មានព្រះចន្ទមើលទេបង?

-ឲ្យតែអូនចង់មើលប្រាកដជាមាន

-ការពិតពន្លឺព្រះចន្ទស្អាតណាស់ អាចធ្វើឲ្យមនុស្សមានអារម្មណ៍កក់ក្តៅទៀតផង

-ហេតុអីក៏អូនដឹង?

-អូនប្រាប់ហើយ ថាអូនអត់ល្ងង់ទេ ទោះជាយ៉ាងណា អូននឹងចងចាំបេះដូងដែលនៅក្រោមពន្លឺព្រះចន្ទមួយនេះ

-អ្ហឹះ!

-ឃើញទេ បងអត់ឆ្លាតជាងអូនទេ នេះគឺបេះដូងអូន បង ប៉ា និងម៉ាក់គឺជាពន្លឺព្រះចន្ទ បេះដូងនៅក្រោមពន្លឺព្រះចន្ទ គឺជាបេះដូងដែលមានសេចក្តីសុខបំផុតដូចជាពេលនេះអ៊ីចឹង ពន្លឺស្រទន់របស់ព្រះចន្ទ ធ្វើឲ្យយើងមើលឃើញភាពស្រស់ស្អាតរបស់ផែនដី ប៉ុន្តែ!

-ប៉ុន្តែយ៉ាងម៉េច?

-អូនអត់ឃើញស្នាមញញឹមបងទេ

-ឯងនេះ!

-ការពិតមុខបងស្អាតណាស់ តែតាំងពីតូចមក បងមិនដែលឲ្យអូនប៉ះមុខបងទេ បងថាដៃអូនមិនស្អាត អាចធ្វើឲ្យមុខបងកើតមុនបាន

-បើអូនចង់ប៉ះ ប៉ះមក

-ពិតមែនអ្ហេ?……..បងជាអ្នកនិយាយទេណា

-តែមានលក្ខខណ្ឌ

-លក្ខខណ្ឌ!

-ឯងត្រូវតែចងចាំបង………..បិទភ្នែកទៅ

-ហេតុអីក៏ចាំបាច់បិទភ្នែក?

-នៅពេលបិទភ្នែក បានន័យថា អូនកំពុងតែប្រមូលអារម្មណ៍ ស្រវាយកពន្លឺព្រះចន្ទនេះ ដាក់ក្នុងបេះដូងរបស់អូនហើយ ពេលនោះ ទោះជាមានរឿងអីក៏ដោយ អ្នកដែលអូននឹកឃើញមុនគេ គឺជាបង តើត្រឹមត្រូវទេ?

-ពិតមែនហើយ! អ៊ីចឹងអូនបិទភ្នែកហើយ

ក្មេងស្រីតូច បិទភ្នែក ហើយយកដៃទៅស្ទាបផ្ទៃមុខយុវជន។ វិសិទ្ធិសម្លឹងមើលមុខប្អូន មិនព្រិចភ្នែក ក្នុងអារម្មណ៍ខ្សឹកខ្សួលមិនឈប់។

យន្តហោះបានចាកចេញទៅហើយ ឡានក្រុងក៏បានចាកចេញទៅដែរ។ ពេលនេះនៅក្នុងផ្ទះបុរាណមួយនេះ មានតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។ វិសិទ្ធិបានចាកចេញទៅរៀនផ្នែកឱសថនៅរាជធានីភ្នំពេញ។ ក្មេងប្រុសម្នាក់នេះ ពិតជាមានឆន្ទៈ និងមនសិការគួរឲ្យស្រលាញ់រាប់អានណាស់។ យុវជនបានបួករៀនដោយឥតបង់ថ្លៃ ប៉ុន្តែឲ្យតែសល់ពេលពីការសិក្សា    នាយតែងតែឆ្លៀតទៅធ្វើការក្រៅម៉ោងរកប្រាក់ទៀត    ផង។ ការធ្វើការងារក្រៅម៉ោងនេះ ធ្វើឲ្យយុវជនពុំសូវបានមកលេងស្រុកកំណើតឡើយ តែនាយតែងតែតេមកលេងឪពុកម្តាយជាញឹកញាប់៖

-អាឡូម៉ាក់!

-វ៉ាកងហើយ ហេតុអីក៏កូនមិនមកផ្ទះអ៊ីចឹង?

-ម៉ាក់កុំបារម្ភអី កូនជាប់ធ្វើការងារសិន

-កូនឯងនេះ!

-ខែនេះ ម៉ាក់មិនចាំបាច់ផ្ញើប្រាក់មកទេ កូនមានចាយហើយ

-មានចាយហើយក៏ដោយ នោះជាប្រាក់ផ្ទាល់ខ្លួនរបស់កូន ម៉ាក់ផ្ញើទៅ កូនត្រូវតែយក គិតពីសុខភាពផងណាកូន

-ម៉ាក់កុំបារម្ភអី ចុះលោកប៉ាសុខសប្បាយទេម៉ាក់?

-គាត់មិនអីទេ ពេលនេះប្រហែលជាកំពុងធ្វើដំណើរតាមផ្លូវហើយ

-និយាយអ៊ីចឹង តើអូនមានតេទៅលេងម៉ាក់ទេ?

-មួយរយៈនេះ ប្រហែលជារវល់ហើយ ទើបមិនឃើញតេមក

-ម៉ាក់មើលថែសុខភាពផងណាម៉ាក់

-ម៉ាក់ដឹងហើយ ឯងក៏ដូចគ្នា ប៉ុណ្ណឹងបានហើយ!

-ជម្រាបលាម៉ាក់!

បន្ទាប់ពីដាក់ទូរស័ព្ទចុះ យុវជនក៏ទៅយកកុំព្យូទ័រ មកcheck internet។ នៅពេលបើក យុវជនតែងតែរអ៊ូតែម្នាក់ឯង៖”មើលទៅឯងល្ងង់យ៉ាងនេះ ប្រហែលជាមិនចេះលេងface bookទេ។ អ្នកណាគេឈ្មោះសុខ ណាវី? អូ! ជាមិត្តភក្តិអូនទេតើ!”។ បន្ទាប់ពីconfirmហើយ ណាវីក៏ឆ្លើយឆ្លងchatជាមួយយុវជន៖

-សួស្តីបង! តើបងនៅចាំខ្ញុំទេ ខ្ញុំជាមិត្តភក្តិចន្រ្ទាណា?

-សួស្តី! បងនៅចាំ តើឯងសុខសប្បាយទេ?

-ខ្ញុំសុខសប្បាយទេ ចុះបងវិញ?

-បងសុខសប្បាយទេ!

-តើបងបានទទួលដំណឹងពីចន្រ្ទាទេ?

– កាលពីពីរខែមុន នាងបានតេមកម៉ាក់ នាងសុខសប្បាយទេ

-អ៊ីចឹង តើនាងមានបានបង្កើតacountតាមface bookទេ? ខ្ញុំរកឈ្មោះនាងមិនឃើញសោះ

-ប្រហែលជាអត់ហើយ បងក៏ធ្លាប់ស្វែងរកនាងដែរ

-បើបងរកនាងឃើញ បងប្រាប់ខ្ញុំផងណា

-មិនអីទេ!

-អ៊ីចឹង ខ្ញុំលាបងសិនហើយ ជួបបងពេលក្រោយ

-សុខសប្បាយណា………..អ្ហើយ!

វិសិទ្ធិបិទកុំព្យូទ័រ លើកដាក់ទៅម្ខាង ក៏ដកដង្ហើមធំ រួចក៏ទាញរូបថតមកមើល៖

-តើស្រីច្រម៉ក់ឯងនេះ មាននឹកបងទេ?

About បេះដូងពិត

បេះដូងពិត

Posted on ខែ​ឧសភា 17, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: