ក្បាលចាមស្នាមស្នេហ៍
ក្បាលចាមភូមិខ្ញុំសុំបកស្រាយ យកប៊ិចកកាយស្រាយរឿងចាស់
រឿងស្នេហ៍អតីតចិត្តស្រីផ្លាស់ នឹកឡើងសែនខ្មាសម្ចាស់ព្រឹកព្រៃ ។
ក្បាលចាមដាមដិតដោយទុក្ខព្រួយ នឹកឃើញគ្រាមួយព្រួយហរទ័យ
កាលបងសាសងក្រងសម្តី នៅក្រោមដើមជ្រៃសាក្សីស្នេហ៍ ។
ក្បាលចាមចិត្តចងចាំវាចារ កាលនោះជីវាថាពុំប្រែ
ពុំព្រមបែព្រាត់ចិត្តគេចកែ អ្វីមកបង្វែរបែមិនបាន ។
ក្បាលចាមរឿងចាស់ផ្លាស់រឿងថ្មី ពាក្យពៅពិសីស្រីកល្យាណ
ម៉ុមភ្លេចគ្មានសល់ខ្វល់ពេញប្រាណ ក្តីប៉ងខកខានបានតែទុក្ខ ។
ក្បាលចាមស្នាមស្នេហ៍ក្បែរដើមស្វាយ អូនកុហកម្តាយភូតទាំងពុក
រកល្បិចគេចចេញមកជួបមុខ សាងជាទំនុកទុកជាកេរ្ត៍ ។
ក្បាលចាមស្រីចប់សព្វប្រការ ភ្លេចអានុស្សាមិនចាំទេ
ព្រោះនាងវាងវៀកងាករកគេ ពាលពៅចិត្តរេព្រោះដុល្លា ។
ក្បាលចាមជួយចាំផ្តាំទៅស្រី សូមឲ្យពិសីស្រីជីវា
កុំបីជួបទុក្ខមុខស្រស់ថ្លា រស់នៅហ៊ឺហាដរាបអើយ ។
និពន្ធដោយៈ តិក លីហ៊ាន
Posted on ខែឧសភា 21, 2012, in កំណាព្យ, តិក លីហ៊ាន and tagged ក្បាលចាមស្នាមស្នេហ៍. Bookmark the permalink. 1 មតិ.
ពិតជាមានន័យណាស់!!!!!