ទុក្ខស្រីប្តីប្រមឹក
១.រាល់យប់យន់ គន់មើលមេឃ ភ្នែកហូរយំ
ឱ ! ខ្លួនខ្ញុំយំរាល់យប់ ជាប់ជុចកម្ម
ប៉ះចំប្តី ថ្លៃប្រមឹក ផឹកប្រចាំ ទ្រូងប្រេះស្រាំ ចាំរងទោស គ្រោះកំណាច។
២.ពេលស្រវឹង ខឹងដល់ម្តាយ ម្រាយពេញមាត់ អាងធាក់ទាត់ វាត់វាយដំ ច្រំបន្លាច
ទោះកូនយំ សុំអង្វរ ក៏មិនអាច ព្រោះអំណាច សាចហិង្សា ស្រានាំមុខ ។
៣.បើមិនផឹក ស្ពឹកស្រពន់ ទន់ជើងដៃ ដេកដល់ថ្ងៃ ក្រោកស្តីថា ហាទំនុក
ខ្លួនជាប្រុស រស់ជាប្តី ថ្លៃស្មើពុក គួរទំនុក ទុកបម្រុង ក្រុងកម្លាំង។
៤.បើហ៊ានត កជម្លោះ ឈ្លោះប្រកែក ចាប់ហួហែក ស្រែកតេះដៀល ឆ្កៀលតតាំង
តម្លើងរិទ្ធ ឥតសំចៃ ឆ្នៃកម្លាំង បោកផូងផាំង ឆ្នាំងចានបែក ហែកអស់ទ្រព្យ។
៥.រួចចេញបាត់ ស្ងាត់ពីផ្ទះ រះពេញស្រុកដើរតត្រុក អុកកែវស្រា ថាអភ័ព្វ
ព្រោះប្រពន្ធ គន់មិនគួរ ជួរមិនគាប់ គ្មានរកទ្រព្យ ផ្គាប់ផ្គត់ផ្គង់ យោងគ្រួសារ។
៦.នេះរឿងខ្ញុំ សុំរៀបរាប់ ភ្ជាប់ខ្លីៗ ពីទុក្ខស្រី ប្តីប្រមឹក ផឹកសុរា
សែនពិបាក ស្រាកស្រាំចិត្ត ស្អិតឱរ៉ា គ្មានថ្ងៃណា ស្តាររួចបាន ប្រាណផុតទុក្ខ។
៧.ហេតុនេះហើយ ឆ្លើយប្រាប់ញាតិ ឆ្លៀតសុំជួយ ជាជំនួយ ជួយយោបល់ ផ្តល់ក្តីសុខ
ធ្វើម្តេចទៅ ត្រូវឆ្លងស្ពាន ឈានទៅមុខ រួចពីទុក្ខ គុកព្រោះប្តី ស្រីរងកម្ម។
៨.ខ្ញុំញញឹម សង្ឃឹមជាក់ អ្នកជួយឆ្លើយ ជាចម្លើយ ស្រាយចំណោទ ចោទបណ្តាំ
ធ្វើយ៉ាងណា ថាយ៉ាងម៉េច គេចពីកម្ម ខ្ញុំនិងចាំ តាមជានិច្ច មិនភ្លេចគុណ។
×នេះជាសំដីស្រីម្នាក់ ដែលជីវិតរបស់គាត់បានជួបយ៉ាងដូច្នេះ ហើយគាត់សូមឱ្យអ្នកទាំងអស់ជួយស្រាយបញ្ហាគាត់ផង ទើបខ្ញុំចងក្រងជាអត្ថបទកំណាព្យនេះឡើង។ បើមានយោបល់ផ្តល់គំនិតអ្វីទៅគាត់ សូមបញ្ចេញយោលបល់។
ទូរស័ព្ទលេខ ៖ ០១២ ៦៣ ៧៦ ៩៣
និពន្ធដោយ៖ ម៉ៅសុវណ្ណឌី
Posted on ខែឧសភា 22, 2012, in កំណាព្យ, ម៉ៅ សុវណ្ណឌី and tagged ទុក្ខស្រីប្តីប្រមឹក. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0