លង់សម្រស់អូន
ចាប់ចុងប៉ាកាចារពាក្យពិត ពាក្យចេញពីចិត្តណាចរណៃ
បើមានឆ្គាំឆ្គងសូមប្រណី អាណិតខន្តីកុំបីខឹង ។
នៅក្នុងទ្រូងរៀមបៀមទុក្ខា ព្រោះលួចស្នហាកែវព្រលឹង
រាល់ថ្ងៃរៀមតែងតែទន្ទឹង គួរស្ងួននួនដឹងណាជីវា ។
អូនល្អគ្មានពីនារីស្រស់ ក្រមុំទាំងអស់ចាញ់ជីវា
ពេលបងមើលចំអូនពេលណា ចង់តែស្រវាឱបពាលពៅ ។
មាសស្ងួននួនល្អឥតអ្វីផ្ទឹម ពេលអូនញញឹមស្រស់ពេកកូវ
ស្រស់ហួសនិងថ្លែងតែងមិនត្រូវ សម្រស់ឆោមឆ្លៅល្អកន្លង ។
រាងពៅតន់តូចដូចរាងទាវ ឃើញហើយស្រើបស្រៀវចង់ផ្តោះផ្តង
ចង់នៅផ្តេកផ្តិតជិតនួនល្អង ចង់ស្ទុះត្រកងកៀកកើយស្រី ។
កែវភ្នែកពុំងារដូចជាពេជ្រ ពន្លឺពន្លេចក្តិចហឫទ័យ
ព្រឹកយប់ព្រលប់ព្រលឹមថ្ងៃ នឹកនួនចរណៃឥតល្ហើយល្ហែ ។
ម្រាមដៃស្រលូនគួរស្រលាញ់ ចិត្តក្និកក្នក់ខ្នាញ់កៀកកើយក្បែរ
វង់ភ័ក្ត្រវរល័ក្ខណ៍ដូចវង់ខែ បញ្ចេញមន្តស្នហ៍យ៉ាងឆើតឆាយ ។
ចិញ្ចើមឆ្នើមឆ្នាស់ល្អល្អះឯក ចិត្តរៀមសង្វេគពុំរសាយ
ខ្លាចពៅនួននាងវៀងចិត្តណាយ ឱរាខ្វល់ខ្វាយព្រួយព្រោះស្ងួន ។
ពេលដែលបើកភ្នែកក្រលេកទៅ កម្ពស់ពាលពៅត្រូវនិងខ្លួន
ថ្ពាល់អូនល្អណាស់ណានឹមនួន ត្របកភ្នែកស្ងួនគួរគយគន់ ។
បបូរមាត់ម៉ុមសមនិងមុខ ធ្មេញសដូចភ្លុកវាចាទន់
ចង្ការហាស្តីពុំសូវធ្ងន់ ពិរោះទន់ភ្លន់ភ្លេចស្មារតី ។
ដំណើរដើរដូចអប្សរា ចំណែកកេសាដូចកង្រី
រាងរៅពៅក៏ល្អឥតបី ស្បែកស្រអែមខ្ចីសមកន្លង ។
បងមើលពីក្រោយចង់យល់មុខ យល់ភ័ក្រ្តអស់ទុក្ខផុតសៅហ្មង
បើបានផ្លាស់ប្តូយោបល់ផង សាស័ព្ទផ្តោះផ្តងឥតចង់ឃ្លាត ។
ដេកដើរតែងគិតចិត្តគ្រាំគ្រា នឹកតែពុំងារឥតរវាត
បារម្ភក្រំក្រៀមទ្រូងចង្អៀត សុំពឹងធម្មជាតិជួយខ្ញុំផង ។
អូនប្រៀបដូចជាដួងជីវិត សូមពៅអាណិតណានួនល្អង
ជាតិនេះជាតិណាប្រាថ្នាផ្សង ជួបតែស្នេហ៍ស្នងគឺអូនមួយ ។
ចិត្តបងខ្វាយខ្វល់ដល់កម្រិត ខ្លាចមាសស្នេហ៍ស្និតពពន្លកត្រួយ
លើកដៃសំពះព្រះសូមជួយ កុំឲ្យក្តីព្រួយកើតលើខ្ញុំ ។
បងស្រលាញ់ណាស់ណាព្រលិង បេះដូងទន្ទឹងនឹកតែម៉ុម
ស្នេហ៍ណាស់មិនអាចប្រាប់ទំហំ ទោះមេឃដីធំនៅតូចជាង ។
បងស្ម័គ្របងស្មោះអស់ពីចិត្ត ស្នេហ៍កែវវមិត្រឥតលម្អៀង
រៀមសូមស្បថស្បែមិនបែររៀង ស្នេហ៍តែនួននាងលុះរៀងអើយ ។
និពន្ធដោយៈ តិក លីហ៊ាន
Posted on ខែឧសភា 22, 2012, in កំណាព្យ, តិក លីហ៊ាន and tagged លង់សម្រស់អូន. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0