រាត្រីនឹកអូន
យប់យន់ត្រជាក់ធ្លាក់ជំនោរ
ចង្រិតស្រែកថ្ងូរសូររណ្តំ
សន្សើមថ្តើមធ្លាក់ភ្ងាក់ផ្កាខ្ទុំ
ផ្លែត្នោតទុំៗជ្រុះបន្ត ។
យប់យន់ស្ងប់ស្ងាត់បាត់សម្រស់ រុក្ខាលែងស្រស់អស់បវរ
ធម្មជាតិស្ងាត់ស្ងៀមត្រៀមលម្អ អន្ធការកំដរពេលរាត្រី ។
សម្លឹងចន្រ្ទានាយប់យន់ ភ្នែកប្រឹងគយគន់កើតអាល័យ
មើលឃើញដួងផ្កាយឆ្ងាយផែនដី ប្រឹងផ្តល់រស្មីឲ្យលោកា ។
ពេលឃើញព្រះចន្ទកាន់តែខ្វល់ រឭកនឹកដល់ស្រ់ជីវា
នឹកមាសស្នេហ៍ស្និទ្ធចិត្តប្រាថ្នា នឹកម្ចាស់នេត្រាស្នហាបង ។
ដួងចន្ទអ្នករះជះរស្មី ដូចស្រស់ចរណៃមាសស្នេហ៍ស្នង
បញ្ចេញមន្តស្នេហ៍ល្អកន្លង ដួងចិត្តសៅហ្មងប៉ងចង់បាន ។
សម្រស់តូចតន់គន់មិនស្កប់ ពាលពៅសំណព្វស្រស់កល្យាណ
បងស្ម័គ្រដាក់ចិត្តលុះអវសាន្ត ទាំងចិត្តទាំងប្រាណបូជាស្នេហ៍ ។
ពេលព្រះចន្ទរះឈ្នះតារា ដែលផ្ញើអាត្មាលើមេឃដែរ
ដូចខ្លួនរៀមតូចគួចចង់ក្បែរ កើតទុក្ខឥតល្ហែដោយក្តីព្រួយ ។
យប់ជ្រៅបងនៅតែម្នាក់ឯង ទ្រូងទ្រាំចំបែងចិត្តរលួយ
ខ្វាយខ្វល់គិតដល់តែអូនមួយ ចន្ទអើយសូមជួយប្រាប់ស្រីផង ។
ខ្យល់អើយសូមជួយប្រាប់ពុំងា ប្រាប់ស្រីសោភាស្រស់នួនល្អង
ថាខ្ញុំរឭកនឹកកន្លង យប់ថ្ងៃគេងផ្សងចងចិត្តស្នេហ៍ ។
អង្គុយម្នាក់ឯងថ្លែងប្រាប់មេឃ ដួងចិត្តសង្វេគខ្វល់ឥតល្ហែ
ព្រលឹមព្រលប់ក៏ខ្វល់ដែរ ខ្វល់ព្រោះខ្លាចស្នេហ៍បែឃ្លាតឆ្ងាយ ។
រៀមព្រួយខ្លាំងណាស់ម្ចាស់ជីវិត ព្រោះស្នេហ៍ស្រីពិតណាឆោមឆាយ
ទ្រូងមួយព្រួយពុំមានរសាយ សូមកែវកុំណាយណានឹមនួន ។
និពន្ធដោយៈ តិក លីហ៊ាន
Posted on ខែឧសភា 23, 2012, in កំណាព្យ, តិក លីហ៊ាន and tagged រាត្រីនឹកអូន. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0