រឿខ្លី និស្ស័យស្នេហ៍តាមFacebook វគ្គ៣

និស្ស័យស្នេហ៍តាមអនឡាញវគ្គ៣                  សង្សារតាមអនឡាញ

បន្ទាប់ពីមានសង្សារតាមអនឡាញមក អារម្មណ៍ហាក់

ដូចជាស្រស់ថ្លាណាស់ហ្ន៎។ កំពុងតែស្រស់ស្រូបអាហារពេលថ្ងៃ

ដារីណាក៏បន្លឺឡើង៖

-ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញឯងដូចជាស្រស់បស់ជាងមុន ឬកាត់ចិត្តបានហើយមែនទេ?

-បើខ្ញុំថា ខ្ញុំមានសង្សារថ្មីហើយ ឯងជឿទេ?

-ថាម៉េច!…………(រីណាឈ្លក់បាយ ស្រវារកទឹក)

-យ៉ាងម៉េច! ឯងមិនជឿមែនទេ?

-បើជាការពិត ខ្ញុំជួយត្រេកអរហ្នឹងណា តែម៉េចនឹងអាចលឿនយ៉ាងនេះ? ចុះគេជាអ្នកណា? ខ្ញុំស្គាល់ទេ?

-មិនស្គាល់ទេ សូម្បីតែខ្ញុំក៏មិនដែលឃើញគេដែរ

-ឯងនិយាយស្អីហ្នឹង?………………មិនមែននាយវាសនាធ្វើឲ្យឯងឡើងឡប់សតិហើយទេអ្ហេ?

-ពិតមែនហើយ! ពេលនេះ ខ្ញុំមានសង្សារហើយ គឺសង្សារតាមអនឡាញ

ម្តងនេះ ដារីណាឈ្លក់ទឹកម្តង យុវតីបើកភ្នែកធំៗសម្លឹងទៅមិត្តរបស់ខ្លួន ហើយបន្លឺដោយមិនអស់ចិត្ត៖

-ឯងកុំលេងសើចណា ពីដើមមក ឯងមិនដែលជឿលើនិស្ស័យបែបនេះទេ ឯងនិយាយត្រង់មក តើខ្ញុំស្គាល់គេទេ?

-មិនស្គាល់ទេ! ឯងកុំបារម្ភអី ពេលនេះ ខ្ញុំមានសង្សារតាមអនឡាញហើយ បានហើយ! ខ្ញុំទៅធ្វើការហើយ

-នែ!

ដារីណាមិនអស់ចិត្តក៏ងើបតាមប្រដេញពីក្រោយម៉ារ៉ាវី។ យុវតីទាំងពីរប្រទាញប្រទង់គ្នា ក៏ប្រទះនឹងយុវជន៖

-លោកប្រធាន!

-មានរឿងអីសប្បាយចិត្តម្ល៉េះ?

-រ៉ាវីថានាងមានសង្សារតាមអនឡាញ…….

-ឯងឆ្កួតទេអ្ហេ!…………សូមទោសលោកប្រធាន នាងនិយាយផ្តេសផ្តាសទេ

-តែឯងទើបតែនិយាយប្រាប់……………

-បានហើយ!………..ក្រែងឯងថាចង់ទៅបន្ទប់ទឹកអ្ហេ ពួកយើងឆាប់ទៅៗ………. សូមទោសលោកប្រធាន……….

រ៉ាវីទាញអូសដៃរីណាចេញទៅ តែយុវជននៅមានមន្ទិលចំពោះពាក្យរីណានៅ

ឡើយ។ នាយរអ៊ូតិចៗតែម្នាក់ឯង៖”សង្សារតាមអនឡាញអ្ហេ! មិនមែនមានតែខ្ញុំទេអ្ហេ ម៉េចក៏ជួនគ្នាម្ល៉េះ? ឬមួយមនុស្សខូចចិត្តសុទ្ធតែមានសង្សារតាមអនឡាញទេដឹង”។

បន្ទាប់ពីរីណានិយាយថា ខ្លួនមានសង្សារតាមអនឡាញចំពោះមុខយុវជនមក ម៉ារ៉ាវី ហាក់ដូចជាខ្មាសអៀនចំពោះយុវជនយ៉ាងម៉េចមិនដឹងទេ ដូចជាពេលនេះអ៊ីចឹង គ្រាន់តែយកកាហ្វេជូនចៅហ្វាយហើយ នាងមិនបាននិយាយអ្វីទាំងអស់ ក៏បម្រុងដើរចេញមក តែភ្ញាក់ព្រើតនៅពេលយុវជនបន្លឺឡើង៖

-ល្ងាចនេះនាងរវល់ទេ?

-ចាស!…………..

-នាងមិនអីទេមែនទេ?

-ចាសមិនអីទេ! លោកប្រធានមានប្រសាសន៍ថាម៉េចអម្បាញ់ម៉ិញ?

-ល្ងាចនេះ មានកម្មវិធីជប់លៀងសម្ពោធភោជនីយដ្ឋានថ្មីរបស់មិត្តភក្តិខ្ញុំ ខ្ញុំចង់ឲ្យនាងទៅចូលរួមជាមួយខ្ញុំ តែមើលទៅនាងដូចជាមិនសូវស្រួលខ្លួនទេ…..

-មិនអីទេ! ខ្ញុំអាចទៅជាមួយលោកប្រធានបានតើ

-ពិតមែនអ្ហេ!

-ចាស!

-អ៊ីចឹងទៅ!

-ទៅទាំងបែបនេះអ្ហេ?

-មិនអីទេ!

យុវជនបើកឡានចេញទៅ តែទៅដល់ហាងសម្លៀកបំពាក់ នាយក៏ឈប់ង៉ក់៖

-ចុះមក!

-ទីនេះជាហាងសម្លៀកបំពាក់ទេតើ

-នាងគិតថា ខ្ញុំឲ្យនាងទៅទាំងបែបនេះអ្ហេ?

-ប៉ុន្តែហាងនេះ ថ្លៃណាស់

-ចាត់ទុកខ្ញុំជូនជាកាដូឲ្យនាង ក្នុងថ្ងៃបុណ្យសិទ្ធិនារីនេះចុះ ឆាប់ចុះមក

មាណវីចុះពីលើឡាន ដើរចូលទៅក្នុងឡានជាមួយយុវជនដោយញញឹមតិចៗ ហើយរអើលៗយ៉ាងម៉េចមិនដឹងទេ។ ក្នុងឈុតរាត្រីស្រមោលស បុប្ផាមួយទងនេះ ពិតជាស្រស់ល្អខ្លាំងណាស់ នាងញញឹមមិនសូវស្រស់ទាល់តែសោះទៅរកយុវជន តែអ្នកកំលោះយើង ហាក់ដូចជាញញឹមពេញចិត្តនឹងភាពស្រស់ស្អាតនេះណាស់។ នាយបន្លឺឡើងដោយស្នាមញញឹម៖

-រ៉ូបនេះ សមនឹងនាងណាស់ ……ការពិត នាងស្អាតណាស់

-ថ្លៃពេកទេដឹងលោកប្រធាន?

-មិនថ្លៃទេ!………ពួកយើងយកមួយនេះចុះ បង! គិតលុយទៅ

-ចាស!…………អរគុណលោក

-ពួកយើងទៅ

នៅក្នុងឡាន មាណវីមិនស្រដី តែយុវជនយូរៗ លួចសម្លឹងមើលនាងម្តង ហាក់ចង់សាសងជាមួយនាងខ្លាំងណាស់ ក៏បន្លឺឡើង៖

-ឮថានាងមានសង្សារតាមអនឡាញមែនទេ?

-………ចាស!

-មានអីគួរឲ្យខ្មាសនោះ ម្យ៉ាងតើ! ទោះជាសង្សារពិតប្រាកដមិនយល់ចិត្ត ក៏មានមនុស្សម្នាក់ផ្សេងទៀតយល់ចិត្តយើងដែរ

-លោកប្រធានមិនគិតថា ខ្ញុំឆ្កួតទេអ្ហេ?

-នេះនាងគិតថា ខ្ញុំគិតថានាងឆ្កួតអ៊ីចឹងអ្ហេ?

-ចាស! រីណា នាងក៏គិតថាខ្ញុំឆ្កួតដែរ

-ចុះនាងគិតថាខ្លួនឯងឆ្កួតទេ?

-ខ្ញុំមិនបានឆ្កួតទេ!

-អ៊ីចឹងប្រសើរហើយ! ចុះនាងមិនគិតណាត់ជួបគេទេអ្ហេ?

-ខ្ញុំមិនជឿលើនិស្ស័យបែបនេះទេ តែគ្រាន់តែខ្ញុំមានអារម្មណ៍ថា ការជជែកជាមួយគេ ធ្វើឲ្យខ្ញុំបានធូរស្រាល

-ការពិតនាងមិនអាចបំភ្លេចសង្សារចាស់របស់នាងមែនទេ?

-ខ្ញុំតែងតែនិយាយថា គេទៅរកសុខហើយ ម្តេចឡើយយើងនៅត្រាំត្រែងឈឺចាប់យ៉ាងនេះធ្វើអី…………..

ពុទ្ធោរអើយ! ឡានចាប់ហ្រ្វាងឈប់ង៉ក់ អ្នកកំលោះងាកសម្លឹងមកយុវតី ហេតុអ្វីក៏នាយឮពាក្យនេះ ចេញពីមាត់របស់នាងទៅវិញ? រ៉ាវីបន្លឺឡើង៖ “ហេតុអីក៏ឈប់ឡាន? ខ្ញុំនិយាយអីខុសមែនទេ? លោកប្រធានយ៉ាងម៉េចហ្នឹង?”។ ឃើញយុវតីហាក់ដូចជាមានការភិតភ័យ យុវជនក៏សម្រួលអារម្មណ៍ឡើង ហើយនិយាយដូចជាធម្មតា៖

-គ្មានអីទេ! តើឃ្លាអម្បាញ់ម៉ិញ នាងនិយាយថាម៉េច ខ្ញុំស្តាប់មិនសូវច្បាស់ នាងអាចនិយាយម្តងទៀតបានទេ?

-អូ! ខ្ញុំនិយាយថា គេទៅរកសុខហើយ ម្តេចឡើយយើងនៅត្រាំងត្រែងឈឺចាប់យ៉ាងនេះធ្វើអី ញញឹមឡើង!

ម្តងនេះច្បាស់ហើយ អ្នកកំលោះហាក់ដូចជារំភើបក្នុងចិត្តយ៉ាងម៉េចមិនដឹងទេ នាយសម្លឹងយុវតីមិនដាក់ភ្នែក ហើយគិតក្នុងចិត្តតែម្នាក់ឯង៖”យាយចាស់! គឺនាង ខ្ញុំតែងតែស្រមៃឃើញនាងជាមនុស្សពិការជើង តែមិនមែនទេ ការពិតពួកយើង គឺមាននិស្ស័យ..”។ ស្នាមញញឹម ជាមួយនឹងកែវភ្នែកស្រទន់ទោរទន់ទៅរកមាណវី ធ្វើឲ្យរ៉ាវីហាក់ដូចជារឹងខ្លួនខ្លាំងណាស់ តែហេតុអ្វីនាងហាក់ពុំមានកម្លាំងបម្រាសទាល់តែសោះនៅពេលដែលយុវជនយកដៃទៅអង្អែលថ្ពាល់នាង។ កំពុងតែស្លុងអារម្មណ៍ សំឡេងទូរស័ព្ទក៏បន្លឺឡើង ធ្វើឲ្យភ្ញាក់ព្រើតទាំងពីរនាក់។ យុវជនលើកទូរស័ព្ទហើយបន្លឺឡើង៖

-សួស្តី!

-បាទសួស្តី! ចុះលោកប្រធានកំពុងនៅឯណាហ្នឹង? ខ្ញុំមកចាំឯងយូរហើយណា

-ខ្ញុំទៅដល់ឥឡូវហើយ បានហើយ……….បងរបស់នាងតេមក!

ស្មានតែទៅសម្ពោធហាងថ្មីរបស់អ្នកណា ព្រះជាម្ចាស់អើយ! នោះគឺវាសនា និងធីតា ប្តីប្រពន្ធថ្មោងថ្មីទេតើ បើដឹងអ៊ីចឹង រ៉ាវីប្រហែលជាមិនមកជាមួយភានីទេ។ ឃើញអាការយុវតីដូចជាប្លែក អ្នកកំលោះស្រដី៖

-យ៉ាងម៉េចហ្នឹង?…………មិនស្រួលខ្លួនអ្ហេ?

-អត់ទេ! ការពិតសម្ពោធហាងរបស់អ្នកនាងធីតាទេអ្ហេ?

-ត្រូវហើយ! ឆាប់ចូលមក

-ហេតុអីក៏យូរយ៉ាងនេះ ឯណារ៉ាវី?……….អីយ៉ា! ហេតុអីក៏ឯងស្អាតយ៉ាងនេះ!

-យ៉ាងម៉េច! កន្លងមក ខ្ញុំអាក្រក់ណាស់ទៅអ្ហេ?

-អត់ទេ! ឆាប់ចូលមក

គ្រាន់តែចូលដល់ក្នុងភ្លាម ធីតានិងស្វាមីក៏ស្ទុះមកទទួលយុវជន៖

-បងមកដល់ហើយអ្ហេ!

-សួស្តីលោក!

-បាទសួស្តី!

-មក! ខ្ញុំនាំពួកបងទៅរកកន្លែងអង្គុយ………បងយល់យ៉ាងណាដែរ ចំពោះហាងថ្មីរបស់ពួកយើង?

-មានអី គឺល្អខ្លាំងណាស់ ទាំងបរិយាកាសនិងការរៀបចំ

-អរគុណណាស់! ពួកបងតាមសម្រួលចុះ ពួកខ្ញុំទៅទទួលភ្ញៀវសិន

-មិនអីទេ! ទៅចុះ……….នាងមិនអីទេអ្ហេ?

-ឯងយ៉ាងម៉េចហ្នឹង? (តារាសួរប្អូន)

-គ្មានអីទេ! ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត

រ៉ាវីដើរចេញពីតុទៅបន្ទប់ទឹក។ មួយសន្ទុះធំហើយ មិនឃើញនាងត្រឡប់មកវិញ តារាបន្លឺឡើង៖”ស្រីច្រម៉ក់នេះទៅបន្ទប់ទឹកក៏យូរម៉្លេះ? ឯងចាំខ្ញុំមួយភ្លែណា!”។ តារាស្រដីហើយ ក៏ដើរចេញទៅ បំណងទៅរករ៉ាវី តែក៏បាត់ឈឹងទៀត។ ម្តងនេះ អ្នកកំលោះភានីក៏ទៅដែរ។ នៅពេលឃើញយុវជន តារាបម្រុងដើរចូលទៅរករ៉ាវី តែភានីឃាត់នាយជាប់។ អ្នកកំលោះទាំងពីរឈរសម្លឹងមើលរ៉ាវី ដែលកំពុងឈរជជែកជា

មួយវាសនា៖

-បើគ្មានការអីទេ ខ្ញុំទៅតុហើយ កុំឲ្យពួកគាត់ចាំយូរ

-ឈប់សិនរ៉ាវី

វាសនាចាប់ដៃរ៉ាវី តែត្រូវនាងគ្រវាសចេញយ៉ាងលឿន។ ទើបនាយបន្លឺឡើង៖

-សូមទោស! ខ្ញុំគ្មានចេតនាទេ នាងនិងលោកភានីពិតជាភ្ជាប់ពាក្យមែនអ្ហេ?

-…………….ត្រូវហើយ!

-តើហួសពេលទេ បើបងត្រឡប់ក្រោយ?

-លោកកំពុងនិយាយអីហ្នឹង?

-ការពិតបងនិងធីតាមិនបានស្រលាញ់គ្នាទេ ពួកយើងគ្រាន់តែធ្វើតាមនូវអ្វីដែលចាស់ៗទាំងសងខាងត្រូវការប៉ុណ្ណោះ កាលនោះ បងដឹងថាអូនស្រលាញ់បងខ្លាំង បងមិនចង់ឲ្យអូនពិបាក ឬបារម្ភពីបង ទើបបងនិយាយពាក្យបែបនោះ បងគិតថា បងនឹងអាចដោះស្រាយរឿងនេះ ឲ្យបានលឿនបំផុត ហើយនឹង   ត្រឡប់ទៅរកអូនវិញ តែមិននឹងស្មានថា………..

-មិនដឹងស្មានថា ខ្ញុំមានគូដណ្តឹងលឿនដល់ហ្នឹងអ្ហេ………..ក្រែងពួកយើងធ្លាប់សន្យាថា នឹងរួមសុខទុក្ខជាមួយគ្នាអ្ហេ បងដឹងទេ ថាពាក្យដែលបងនិយាយដាក់ខ្ញុំនោះ ធ្វើឲ្យខ្ញុំឈឺចាប់ប៉ុណ្ណា ខ្ញុំតែងតែគិតថា តើខ្ញុំខុសអ្វីទើបបងបោះបង់ខ្ញុំ តើខ្ញុំគួរតែខូចចិត្ត ឬក៏សប្បាយចិត្តនៅពេលដែលឃើញគូស្នេហ៍របស់ខ្លូនមានក្តីសុខ នៅពេលដែលខ្ញុំត្រូវការបង បងបែរជាទុកខ្ញុំចោល នៅពេលដែលខ្ញុំចាប់ផ្តើមរៀនកាត់ចិត្តពីបង បងបែរជានិយាយថា នឹងត្រឡប់មករកខ្ញុំវិញ ខ្ញុំអត់ដឹងទេ………….

មាណវីក្តុកក្តួលណាស់ ទឹកភ្នែកកាន់តែស្រក់ចុះទម្លុះបេះដូងស្ទើរតែស្រក់ឈាម នាងមិនអាចតបស្តីជាមួយវាសនាបានទៀតទេ តែនៅពេលនាងរត់ចេញមក ក៏ប្រទះនឹងធីតា ដែលកំពុងតែក្តោបមុខសម្រក់ទឹកភ្នែកដូចគ្នា។ ទិដ្ឋភាពនេះ គឺស្ថិតនៅក្នុងក្រសែភ្នែកយុវជនទាំងបី។ រ៉ាវីមិននិយាយស្តី នាងក៏រត់ចេញទៅក្រៅតែម្នាក់ឯង។ ចំណែកវាសនា បានត្រឹមសម្លឹងប្រពន្ធរបស់ខ្លួនដោយទឹកមុខស្ងួត និងពោរពេញដោយភាពក្រៀមក្រំ។ ភានី និងតារាចេញមករករ៉ាវីនៅខាងក្រៅ។ តារាបន្លឺ៖

-ឯងនៅត្រង់នេះហើយ ខ្ញុំទៅនិយាយជាមួយនាង!………..ការពិតមនុស្ស ដែលបោះបង់ឯងនោះ គឺនាយវាសនាទេអ្ហេ?

-បង!

-បងនឹកឃើញហើយ……….ថ្ងៃដែលភានីប្រាប់បងថាឯងមិនស្រួលខ្លួននោះ ការពិតមិនមែនទេ មកពីឯងបានជួបនឹងគេ ការពិត ឯងប្រាប់បងថា ឯងមិនអី ឯងកាត់ចិត្តបានហើយ ឯងកុហកបងទាំងអស់ នៅថ្ងៃដែលគេការនោះ គឺឯង

មិនបានទៅទេ មែនទេ? ឯងប្រាប់បងមក ពេលនេះ ឯងកំពុងតែគិតអី?

-គ្មានទេ! ……..ពួកយើងត្រឡប់ទៅផ្ទះវិញទៅ

-ឯងប្រាប់បងសិនមក ថាឯងកំពុងតែគិតអី? ទោះយ៉ាងណា បងមិនគាំទ្រឲ្យឯង ត្រឡប់ក្រោយទៅរកគេវិញទេណា ហេតុអីក៏ឯងមិននិយាយ?

រ៉ាវីងាកមុខចេញពីតារា ទឹកនេត្រានៅតែស្រក់ចុះ តែបេះដូងដែលធ្លាយធ្លុះ នោះគឺអ្នកកំលោះវិភានី ដែលកំពុងឈរសម្លឹងមើលមាណវីពីចម្ងាយ។ តារាហាក់ដូចជាឆេវឆាវបន្តិចហើយ ក៏បន្ត៖

-យាយចាស់ មិនសមជារហស្សនាមរបស់ឯងទេ ឯងគឺជាក្មេងតូចម្នាក់ ដែលទន់ជ្រាយបំផុត

នៅពេលដែលឮពាក្យនេះ យុវតីរឹតតែសោកសៅខ្លាំងថែមទៀត។ ត្រូវហើយ! បើក្មេងតូចដឹងរឿងនេះ នាងពិតជាធ្វើឲ្យគេអស់សង្ឃឹមណាស់ តែហេតុអ្វីក៏នាងមិនអាចបម្រាសចេញពីការឈឺចាប់នេះអ៊ីចឹង? តារាបន្ធូរអារម្មណ៍ហើយ ក៏ទៅដឹកដៃប្អូនចូលក្នុងឡានបើកចេញទៅ។

តើត្រូវដោះស្រាយយ៉់ាងណា? អ្នកកំលោះសង្ហារ ត្រឡប់មកដល់ផ្ទះវិញ ដោយកាយវិការហេវហត់ ល្ហិតល្ហៃ ដួងចៃហាក់បីដូចជាផ្តើមងងឹត តើត្រូវគិតយ៉ាងណា? នឹកឃើញសង្សារតាមអនឡាញ បម្រុងទៅបើកកុំព្យូទ័រ តែមិនអាច ម្តងនេះ ពិតជាធ្ងន់ធ្ងរហើយ ព្រោះគ្មាននរណាឆ្លងឆ្លើយរំសាយទុកទៀតទេ។ ពិតណាស់ នៅពេលដឹងថា រ៉ាវីជាយាយចាស់ យុវជនមានអារម្មណ៍សប្បាយប្លែក គិតថាខ្លួនពិតជាមាននិស្ស័យជាមួយស្រីម្នាក់នេះពិតមែន តែនៅពេលនឹកឃើញសភាពរបស់យុវតី ដែលខ្លួនធ្លាប់គិតថា ជាស្រីក្លាហាន រឹងប៉ឹង ការពិតជាស្រីម្នាក់ទន់ជ្រាយសោះ ធ្វើឲ្យអ្នកកំលោះអស់សង្ឃឹមណាស់ នាយប្រាសខ្លួននៅលើគ្រែ ហើយស្រែកម្នាក់ឯងយ៉ាងខ្លាំង៖“ហេតុអីក៏កុហកខ្ញុំ? នាងបង្រៀនឲ្យខ្ញុំញញឹម ការពិតខ្លូននាងមិនដែល          ញញឹមទេ”។

ព្រះអាទិត្យបញ្ចេញរស្មី តែហេតុអ្វីទឹកមុខយុវជន និងយុវតីពុំមានរស្មីទាល់តែសោះ? ពិតជាទ្រាំលែងបានហើយ យុវជនហៅយុវតីតាមទូរស័ព្ទ៖

-ចូលមកជួបខ្ញុំមួយភ្លែត!

-ចាស!

-…………….នាងមិនអីទេមែនទេ?

-ចាស! មិនអីទេ

-ហេតុអីក៏មិនបា្រប់ខ្ញុំ ថាវាសនាជាសង្សារចាស់របស់នាង?

-លោកប្រធាន!

-ខ្ញុំដឹងថា វាជារឿងផ្ទាល់ខ្លួនរបស់នាង តែខ្ញុំសូមទោស! បើខ្ញុំបានដឹងជាមុន ខ្ញុំ

ក៏មិនប្រាប់ពួកគេទាំងពីរ ថានាងជាគូដណ្តឹងរបស់ខ្ញុំដែរ

-សូមទោស! ខ្ញុំដល់ម៉ោងចេញពីធ្វើការហើយ

-ឈប់សិន! ពេលនេះ ខ្ញុំចង់ប្រើឋានៈជាមិត្តភក្តិជជែកជាមួយនាង

-តែខ្ញុំគ្មានពាក្យអ្វីត្រូវជជែកទេ

-នាងស្តាយក្រោយអ្ហេ ដែលព្រមកុហកពួកគេថាជាគូដណ្តឹងខ្ញុំ?

-ខ្ញុំធ្វើអ្វី មិនដែលស្តាយក្រោយទេ

-តែមិនទាន់ដាច់អាល័យមែនទេ?

-ខ្ញុំមិនដឹងថា លោកប្រធានកំពុងនិយាយអីទេ ខ្ញុំចេញទៅវិញហើយ

យុវជនស្ទុះងើបមកឈរពីមុខនាង ហើយស្រដី៖

-ខ្ញុំនិយាយហើយ! ថាខ្ញុំប្រើឋានៈជាមិត្តភក្តិមកនិយាយជាមួយនាង

-តែខ្ញុំមិនចង់និយាយអ្វីទៀតទេ

-តើគេចាក់ជ្រៅនៅក្នុងបេះដូងនាងណាស់ទៅអ្ហេ?

យុវតីងើយសម្លឹងមើលមុខយុវជន តែមិនស្រដី ក៏ដើរចេញទៅ។ ភានីស្ទុះរត់ចេញទៅតាមដល់ក្រៅបន្ទប់ តែនាងមិនព្រមឈប់ ទើបនាយចាប់ដៃនាងជាប់៖

-សូមទោស!……….ស្តាប់ខ្ញុំនិយាយសិនតើបានទេ?

រ៉ាវីគ្រវាសដៃចេញពីយុវជន ហើយស្រដី៖

-លោកសួរខ្ញុំថាគេចាក់ជ្រៅក្នុងបេះដូងខ្ញុំណាស់ទៅអ្ហេ? ត្រូវហើយ! គឺចាក់ជ្រៅណាស់ ជ្រៅរហូត ចង់ដកក៏ឈឺ មិនដកក៏ឈឺ គឺឈឺខ្លាំងណាស់ លោកអស់ចិត្តហើយមែនទេ?

ភានីស្ងៀមទ្រឹងមិនតបស្តី យុវតីបម្រុងដើរចេញទៅ តែត្រូវយុវជនក្រសោប  ជាប់។ រាងកាយដ៏ល្វតល្វន់ ប្រែជាទន់ដូចជាសំឡី មាណវីស្រីហឫទ័យញាប់ញ័ររន្ធត់ កែវភ្នែកដ៏ថ្លាមុតបានត្រឹមតែសម្លឹង តែអ្នកដែលលោះព្រលឹងគឺដារីណា តើនេត្រារបស់នាង កំពុងតែឃើញអ្វីហ្នឹង? នេះមិនមែនក្នុងទូរទស្សន៍ដូចដែលនាងធ្លាប់ឃើញទេ គឺជាស្នាមថើបដ៏ពិតប្រាកដ។ ម៉េចក៏អ៊ីចឹង? រ៉ាវីឈរធ្មឹង បានត្រឹមតែសម្លឹងយុវជន ដែលញញឹមមករកខ្លួន ហើយស្រដី៖“ខ្ញុំមិនចង់ឲ្យគេចាក់ជ្រៅក្នុងបេះដូងនាងទៀតទេ”។ ស្រីដីហើយ យុវជនដើរចេញទៅ។ រ៉ាវីស្ទើរតែទប់ខ្លួនមិននឹង ដារីណាស្ទុះរត់ចូលមក៖

-ឯងយ៉ាងម៉េចហើយ!………….តាំងអារម្មណ៍ៗ………..ឯងចាំខ្ញុំមួយភ្លែត

ដារីណារត់យ៉ាងលឿន មកឈរពីមុខយុវជន៖

-លោកប្រធានឈប់សិន!

-មានការអី?

-លោកថើបរ៉ាវីមែនទេ?……….ខ្ញុំបានឃើញអស់ហើយ! ខ្ញុំគ្រាន់តែចង់ប្រាប់

លោកតែប៉ុណ្ណោះ លោកធ្វើឲ្យនាងភ័យហើយ តើដឹងទេ?

-ភ័យអ្ហេ!……..ឬមួយនាងមិនធ្លាប់……….

-ត្រូវហើយ! ថ្វីត្បិតតែនាងស្រលាញ់នាយវាសនានោះខ្លាំងមែន កុំថាឡើយដូចដែលលោកធ្វើអម្បាញ់មិញ សូម្បីតែដើរកាន់ដៃគ្នាក៏នាងមិនដែលធ្លាប់ផង ខ្ញុំថាម្តងនេះ លោកធ្វើឲ្យនាងភ័យមែនទែនហើយ ខ្ញុំមិនដឹងទេ បើមិត្តខ្ញុំម្នាក់នេះមានបញ្ហាអី លោកជាអ្នកទទួលខុសត្រូវហើយ

ស្តីហើយ ដារីណាក៏ស្ទុះរត់ត្រឡប់ទៅវិញ តែយុវជនឥតទោម្នេញឡើយ នាយបែរជាញញឹមតិចៗហើយដើរចេញទៅ។

 សូមរង់ចាំវគ្គ៤

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 6, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged . Bookmark the permalink. 1 មតិ.

  1. ល្អមើលមែនទែនហ្មង!!!!!!!!! តើខ្ញុំអាចជួបស្នេហាដែលមានភាពផ្អែមល្ហែមបែបនេះដែររឺទេ? ប្រហែលជាមិនអាចទេ។ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: