រឿងខ្លី និស្ស័យស្នេហ៍តាមFacebook វគ្គ៥(ចប់)
ព្រះអាទិត្យបញ្ចេញកម្តៅ ហេតុអ្វីស្រីពៅគេងមិនក្រោក
បើថាសោយសោកក៏មិនមែន សំឡេងទូរស័ព្ទរោទិក៏មិនរវីរវល់
ចំណែកអ្នកម្តាយខ្វាយខ្វល់ចូលដល់ក្នុងបន្ទប់កូន៖
-កូនមិនទៅធ្វើការទេអ្ហេ?
-អត់ទេម៉ាក់! ខ្ញុំចង់គេង ខានគេងបែបនេះយូរហើយ
-កូនមានបញ្ហាអីទេដឹង?
-អត់ទេ! ម៉ាក់កុំបារម្ភ កូនម៉ាក់ម៉េចនឹងមានបញ្ហាអីនោះ កូនរឹងមាំណាស់ ម៉ាក់ក៏ដឹងដែរមែនទេ ម៉ាក់មើលសាច់ដុំកូនទៅ!
-បានហើយៗ! បើចង់គេងៗទៅ ម៉ាក់ទៅផ្សារទិញម្ហូបហើយ
-ចាស! អរគុណម៉ាក់
គ្រាន់តែអ្នកមីងរីណាចេញផុត សំឡេងគោះទ្វារក៏បន្លឺឡើង ទន្ទឹមនឹងវាចា៖
-នែ៎! ស្រីច្រម៉ក់ ឯងអត់ទៅធ្វើការទេអ្ហេ? ប្រធានឯងតេមកបងណា
-មិនទៅទេ! ឈប់ធ្វើការហើយ
-ឯងឆ្កួតទេអ្ហេ! …………ទូរស័ព្ទឯងរោទិហើយ ម៉េចមិនលើក
-មិនទទួលទេ!
-តើឯងកើតស្អីឯង?
-គឺខ្មាសហ្នឹងណា
មកដល់ចំណុចនេះ តារាសើចយ៉ាងស្រស់ មាណវីបន្ត៖
-បងសើចអី?
-សើចអ្នកជួបស្នេហ៍តាមអនឡាញហ្នឹងណា ហើយឯងចង់ខ្មាសគេរហូត មិនទៅធ្វើការអ៊ីចឹងអ្ហេ?….ឯងឆាប់លើកទូរស័ព្ទទៅបានទេ ប្រយ័ត្នប្រធានឯងដាច់ខ្យល់ស្លាប់ទៅ
-មិនលើកទេ! បងឆាប់ចេញទៅ ខ្ញុំចង់គេង
-តាមចិត្ត!
តារាចេញពីបន្ទប់រ៉ាវីមកដល់មុខផ្ទះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញភានីបណ្តើរគ្នាជាមួយនឹងអ្នកមីងរីណាដើរចូល។ នាយស្ទុះចូលទៅដោយបន្លឺឡើង៖
-ឯងទៅណា?
-មករករ៉ាវី!
-ថាម៉េច!
-ពួកឯងចង់លាក់លៀមនឹងមីងដល់ពេលណាទៀត
-អ្នកមីងដឹងហើយអ្ហេ!………..នែ៎! ឯងលេងមែនទែនអ្ហេ?
-ឆាប់ទៅហៅរ៉ាវីមក (អ្នកមីងរីណាបន្លឺ)
-បាទអ្នកមីង!………………..ម្តងនេះ ចង់គេចទៅណាទៀត………..រ៉ាវី! មានមិត្តភក្តិមករកឯង
-អ្នកណាគេ?
-មិត្តឯងមានប៉ុន្មាននាក់ ឯងគិតមើលទៅ
-ខ្ញុំចុះទៅឥឡូវហើយ
រ៉ាវីគិតថាជាដារីណា ក៏ដើរចុះមកទាំងសម្លៀកបំពាក់គេងយប់ ហើយសក់ក្បាលក៏មិនទាន់បានសិតឲ្យស្រួលបួល។ យុវជនសម្លឹងទៅកាន់រ៉ាវីដោយញញឹម តិចៗ ហើយងាកមករកអ្នកមីងរីណាដែលកំពុងបើកភ្នែកធំៗសម្លឹងកូនស្រី ដែលមិនទាន់បើកភ្នែកស្រួលនៅឡើយ ចំណែកតារា ឈរសើចយ៉ាងស្រស់សម្លឹងរ៉ាវី ដែលហាក់ដូចជាដឹងខ្លួនថានរណាកំពុងរង់ចាំ។ នាងយកដៃទប់ក្បាល ហើយបន្លឺឡើង៖ “លោកប្រធាន”។ គ្រាន់តែបន្លឺហើយ នាងក៏រត់ចូលក្នុងផ្ទះវិញយ៉ាងលឿន។ ចំណែកតារាបែរជាធម្មតាវិញ នៅពេលឃើញអ្នកមីងរីណាសម្លឹងមើលមក៖
-ពួកក្មួយជជែកគ្នាលេងចុះ មីងចូលទៅក្នុងមួយភ្លែត
-នែ៎! តើមានការអីសំខាន់អ្ហេ ទើបមកដល់ផ្ទះលេខាយ៉ាងនេះ?(តារានិយាយ)
-ខ្ញុំមកយកនាងទៅធ្វើការហ្នឹងណា?
-ថាម៉េច! ចៅហ្វាយមកយកកូនចៅទៅធ្វើការដល់ផ្ទះអ្ហេ?
-មានអីគួរឲ្យភ្ញាក់ផ្ញើល!
-ខ្ញុំសួរឯង ឯងធ្វើមែនទែនអ្ហេ?
-មកដល់ផ្ទះ ហើយជួបឪពុកម្តាយគេហើយ ឯងគិតថា ខ្ញុំធ្វើលេងអ្ហេ?
-សឿងគួរសម
-តាំងពីដើម
យុវជនទាំងពីរជជែកគ្នា ចំណែករ៉ាវីកំពុងរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់ ឯអ្នកមីងក្នុងចិត្តមន្ទិលមិនចេះអស់។ បន្ទាប់យកទឹកជូនភ្ញៀវហើយ អ្នកមីងរីណាក៏ចូលទៅក្នុងបន្ទប់កូនស្រីបន្លឺឡើង៖
-ព្រមទៅធ្វើការហើយអ្ហេ!
-អ្នកម៉ាក់!……….លោះព្រលឹងអស់
-នេះម៉ាក់គោះទ្វារហើយ កូនមិនឮទេអ្ហេ?……តើកូនគិតយ៉ាងម៉េច?
-គិត………គិតអីម៉ាក់?
-គិតពីអ្នកកំលោះដែលនៅចាំកូនខាងក្រោមហ្នឹងណា?
-ហេតុអីក៏ខ្ញុំត្រូវគិតពីគាត់?
-កូនឯងនេះ! ម៉ាក់ចង់សួរថា តើកូនមានបានស្រលាញ់គេទេ? គេបានប្រាប់ម៉ាក់ថា គេស្រលាញ់កូន
-ថាម៉េច!
-បើកូនមិនបានស្រលាញ់គេ ឆាប់ប្រាប់គេតាមត្រង់ទៅ ព្រោះគេក៏ស្មោះត្រង់ហ៊ានមកដល់ផ្ទះយើង ហើយនិយាយជាមួយម៉ាក់ទៀត កុំឲ្យគេខូចចិត្ត ហើយក៏កុំឲ្យមានបញ្ហាកើតឡើងមិនដាច់ស្រេច កូនយល់ពីអ្វីដែលម៉ាក់និយាយទេ?
-ចាសយល់ អ្នកម៉ាក់ដ៏ទាន់សម័យរបស់កូន ចុះបើកូនឆ្លើយថា ចាស! អ្នកម៉ាក់គិតយ៉ាងម៉េច?
-ខ្លួនជាស្រី ប្រយ័ត្នប្រយែង កុំឲ្យហួសប្រពៃណី ធ្វើយ៉ាងណាឲ្យខ្លួនឯង និងគ្រួសារមានតម្លៃផង
-ចាសអ្នកម៉ាក់! ជម្រាបលាម៉ាក់
រ៉ាវី និងយុវជន ក៏ទៅធ្វើការជាមួយគ្នា។ ថ្លែងពីវាសនា នាយលួចសម្លឹងធីតាដែលអង្គុយតុបតែងខ្លួន ប្រកបដោយទឹកមុខញញឹមតិចៗនៅមុខកញ្ចក់។ យុវជនបន្លឺឡើង៖ “អូនមិនសួរបងទេអ្ហេ ថាយប់មិញបងបាត់ទៅណា?”។ ធីតានៅតែប្រើទឹកមុខញញឹមឆ្លើយតបទៅស្វាមី៖
-អូនដឹងថា បងត្រូវការពេលវេលា ដូច្នេះអូនក៏មិនចង់បន្ថែមឲ្យបងទៀតដែរ
-អូនមិនឃាត់បងទេអ្ហេ?
-បងធ្លាប់បានឮពាក្យមួយឃ្លា ដែលនិយាយថា គេទៅរកសុខហើយ ម្តេចឡើយយើងនៅត្រាំត្រែងឈឺចាប់ធ្វើអ្វីទៀត ញញឹមឡើង! អូនបានឃើញពាក្យនេះនៅក្នុងprofileនារីម្នាក់ កាលមុនពេលយើងរៀបការ អូនតែងតែគិតថា នេះជាពាក្យកម្លាចិត្តខ្លួនឯងប៉ុណ្ណោះ មនុស្សម្នាក់ៗម៉េចនឹងអាចរឹងមាំយ៉ាងនេះនោះ តែនៅពេលដែលអូនគិតឡើងវិញ ទើបអូនយល់ថា ស្នេហា មិនមែនជាការដណ្តើមយក សំខាន់គឺធ្វើឲ្យការរស់នៅសប្បាយចិត្ត គ្មានគំនុំគុំគួន អូនចង់ឲ្យបងសប្បាយចិត្ត ហើយក៏ចង់ឲ្យខ្លួនឯងសប្បាយចិត្តដែរ បងអាចជ្រើសរើសផ្លូវដើររបស់បង កុំបារម្ភពីអូនអី!
-ធីតា!
-ទោះយើងមិនអាចប្រើជីវិតរស់នៅជាមួយគ្នា តែយើងក៏អាចធ្វើជាមិត្តភក្តិនឹងគ្នាដែរ តើពិតទេ?
ទឹកចិត្តស្នេហា ពិតជាមហស្ចារ្យពេកហើយ ទោះបីពិភពលោកនេះគ្មានកោះត្រើយ ឲ្យតែពន្លឺស្នេហានេះភ្លឺដល់ ប្រហែលជាទុក្ខកង្វល់គ្មានទៀតឡើយ។ ឱ! វាសនាអើយ តើអ្នកគួរព្រងើយកន្តើយនឹងស្នេហានេះទេ? អ្នកនៅចាំទេ អ្នកក៏ធ្លាប់បានបង្រៀនគេ ឲ្យយល់ពីពាក្យមួយឃ្លានេះដែរ បើអ្នកនៅតែអល់អែក អម្រែកស្នេហ៍នេះ អ្នកប្រហែលជារែកមិនរួចឡើយ។ ធីតាដឹងហើយ ថានៅក្នុងផ្ទៃរបស់នាង មានកូនអាយុពីរខែទៅហើយ ហេតុអ្វីក៏នាងនៅតែសម្រេចចិត្តឲ្យឪពុកក្មេងនេះ ធ្វើការសម្រេចចិត្តជ្រើសរើសសម្រាប់ខ្លួនទៅវិញ? នាងពិតជាមិនទោម្នេញមែនអ្ហេ?
វាសនាបានមកជួបរ៉ាវីដល់កន្លែងធ្វើការ។ វាសនាបន្លឺ៖
-សូមទោស រំខានដល់នាងហើយ!
-មិនអីទេ! តើលោកសុខសប្បាយទេ?
-សុខសប្បាយ! ខ្ញុំចង់សូមទោសនាង ចំពោះរឿងរ៉ាវដែលកើតឡើង ខ្ញុំមិនគួរ..
-កុំរំលឹកអី! ពូកយើងគួរតែគិតថា យើងបានបង្កើតស្នេហាមួយ ហើយស្នេហានោះ បានផ្តល់នូវបទពិសោធន៍ដល់ពួកយើង បើគិតឡើងវិញ ក្នុងមួយរយៈដែលយើងបង្កើតស្នេហានោះ វាអត់បានធ្វើឲ្យពួកយើងឈឺចាប់ទេ គឺពួកយើងរីករាយណាស់មែនទេ? ពេលខ្លះ អ្វីដែលកើតឡើង មិនដូចអ្វីដែលយើងប៉ង តែបើវាកន្លងហួសហើយ ងាកក្រោយសម្លឹងធ្វើអី ហេតុអ្វីមិនឈោងចាប់របស់នៅចំពោះមុខ ក្រែងលោកក៏យល់ថា វាសុខដែរអ្ហេ? កុំមានអារម្មណ៍មិនគប្បីចំពោះខ្ញុំអី ខ្ញុំដឹង អ្នកនាងធីតាគឺជានារីល្អម្នាក់ ហើយមួយរយៈនេះ លោកក៏មានក្តីសុខដែរមែនទេ? តើលោកហ៊ានសារភាពទេ ថាលោកមិនបានស្រលាញ់គាត់?……. លោកមិនត្រឹមតែបានបង្រៀនខ្ញុំ ឲ្យយល់ពីស្នេហាទេ ពាក្យមួយឃ្លារបស់រលោកគឺបានបង្រៀនអ្នកនៅជុំវិញខ្លួនរបស់លោក ព្រមទាំងប្រពន្ធលោក ឲ្យយល់ពីស្នេហាទៀតផង តើលោកមាននឹកឃើញទេ?
វាសនារំលឹកនឹកពាក្យដែលខ្លួនបាននិយាយជាមួយយុវតី នៅថ្ងៃបែកគ្នានោះ។ ទោះបីជាមិនចង់យំ ទឹកភ្នែកក៏ស្រក់ដោយឯកឯង ការពិត ស្រីពីរនាក់នេះ មិនបានវង្វេងនឹងស្នេហាឡើយ តែខ្លួននេះហើយ ដែលវង្វេងវង្វាន់ស្ទើរតែបាត់ស្មារតី។ នាយអង្គុយចុះទៅលើស្មៅ លែងស្តីអ្វីទាំងអស់ តែរ៉ាវីបែរជាញញឹមស្រស់ដើរចេញទៅ។ ធីតាបន្លឺទៅកាន់ស្វាមី ដែលអង្គុយនៅដីមិនព្រមងើប៖”បងមិនត្រឡប់ទៅផ្ទះទេអ្ហេ?”។ សំឡេងនេះ សំដីនេះ ហាក់ដូចជាមានអារម្មណ៍កក់ក្តៅណាស់ ទុក្ខវិបល្លាសហាក់ដូចជាប្រាស់ចេញពីក្នុងទ្រូងមួយរំពេច។ ធីតាបន្ត៖”តើបងត្រឡប់ទៅផ្ទះជាមួយអូនទេ? ម្តាយនិងកូនដែលនៅក្នុងពោះនេះ គឺត្រូវការបងគ្រប់ពេល”។ គ្រាន់តែឮពាក្យនេះ វាសនាផុសនូវស្នាមញញឹមឡើង នាយស្ទុះមកក្រសោបឱបប្រពន្ធដោយក្តីស្រលាញ់ បានត្រឹមតែពោលពាក្យថា៖”សូមទោស! ចាប់ពីថ្ងៃនេះទៅ បងមិនធ្វើឲ្យអូនពិបាកចិត្តទៀតឡើយ”។
ស្រាយចេញហើយ ចម្លើយនៃស្នេហាគឺការជ្រើសផ្លូវទៅរកសេចក្តីសុខ អ្នកដទៃក៏សុខ ខ្លួនឯងក៏សុខ។
អីយ៉ា! មើលចុះ នៅតែអង្គុយសំកុកមុខកុំព្យូទ័រទៀត តើនៅមានចម្ងល់សូក
សៀតទៀតទេដឹង?
-យប់ជ្រៅហើយ អូនមិនគេងទេអ្ហេ?
-គេងមិនលក់ទេ!
-មិនមែនមកពីឮភ្លេងការទេអ្ហេ?
-ប្រហែលទេដឹង! ចុះបងហេតុអីក៏មិនគេង?
-បងដឹងថា សង្សារតាមអនឡាញរបស់បងគេងមិនលក់ហ្នឹងណា បានហើយ! អូនឆាប់ចូលគេងទៅ
-គេងមិនលក់ទេ
-អ៊ីចឹង! បងតេទៅអូនហើយ
យុវជនតេទៅយុវតីតាមskype ហើយក៏និយាយបន្ត៖
-ឆាប់គេងទៅ! បើអូនមិនបិទភ្នែកទេ បងនឹងអង្គុយចាំមើលអូនទាល់ភ្លឺដូចគ្នា
-ក៏បាន
រ៉ាវីដាក់កុំព្យូទ័រជិតក្បាលដំណេក នាងដាក់ក្បាលលើខ្នើយហើយសម្លឹងមើលទៅយុវជនដែលកំពុងសម្លឹងមើលមកនាងរហូតដល់លង់លក់បាត់ទៅ។ អ្នកកំលោះញញឹមស្រស់សម្លឹងមើលយុវតីដែលកំពុងលង់លក់ រហូតដល់លង់លក់ដូចគ្នា។ គិតទៅស្នេហា ពិតជាធ្វើឲ្យសង្ខារមានក្តីសុខមែន។ ចុម! ការពិតស្អែកឡើងចូលរោងការហើយ នៅឆ្លៀតជួបគ្នាតាមអនឡាញទៀត។ អស្ចារ្យណាស់ហ្ន៎!
៦ឆ្នាំកន្លងផុតទៅ
នៅក្នុងគ្រួសារដ៏តូចល្មមមួយ មានកូនប្រុសម្នាក់អាយុប្រមាណជាប្រាំមួយឆ្នាំ តើក្មេងនេះកំពុងតែអង្គុយចាំអីនៅមុខកុំព្យូទ័រ? ចុះប្តីប្រពន្ធនេះ ហាក់ដូចជាមមាញឹកខ្លាំងម្ល៉េះ។ បុរសជាប្តីបន្លឺឡើង៖
-អូនអ្ហាស! ឯណាកុំព្យូទ័របង
-ក្រែងអូនដាក់ក្នុងកាបូបរួចហើយតើ
-មិនឃើញទេ!
-តែអូនបានដាក់ច្បាស់ណាស់
-អូនមកមើលខ្លួនឯងទៅ
-………..ម៉េចអ៊ីចឹង?…………ចាំអូនចេញទៅរកនៅក្រៅបន្ទប់…………អ្ហា៎!…..បង បងមានឃើញកុំព្យទ័រអូនទេ?
-យ៉ាងម៉េចហ្នឹង កុំព្យូទ័រអូនក៏បាត់ដែរអ្ហេ?
-តិចលោមានចោរចូលផ្ទះទេដឹង?
-ចុះឯណាកូនយើង?
-ត្រូវហើយ! វីភា……..វីភា…..កូននៅឯណាហ្នឹង?
ទ្វារបន្ទប់ត្រូវបានរបើក អ្វីដែលរ៉ាវី និងភានីឃើញ គឺកូនប្រុសរបស់ខ្លួន នៅពីមុខកុំព្យូទ័រ ដៃរហ័ស ទឹកមុខស្ងួតហាក់មិនរវល់ពីប៉ាម៉ាក់វាសោះ។ អ្នកពីរបន្លឺព្រមគ្នា៖”តើកូនកំពុងធ្វើអីហ្នឹង?”។ គ្រាន់តែឮសំនួររបស់អ្នកមានគុណទាំងពីរ វីភាងើបមុខឡើងញញឹមយ៉ាងស្រស់ ហើយតបថា៖ “កំពុងអនឡាញលោកប៉ា អ្នកម៉ាក់”។ ពុទ្ធោអើយ! សូម្បីតែក្មេងអាយុទើបតែប្រាំមួយឆ្នាំក៏កំពុងអនឡាញដែរ តើគេអនឡាញជាមួយអ្នកណា?
ចប់ដោយបរិបូណ៌
សូមអរគុណចំពោះប្រិយមិត្តទាំងអស់!
លាក់ ម៉ាឡែន
leakmalen@yahoo.com
Posted on ខែមិថុនា 8, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged និស្ស័យស្នេហ៍តាមfacebookវគ្គ៥(ចប់). Bookmark the permalink. 5 មតិ.
ពិតជាចប់ដោយមានន័យមែន បានរៀបការហើយថែមទាំងមានកូនម្នាក់ទៀត។ កូនម្នាក់នេះឆ្លាតដូចជាប៉ានឹងម៉ាក់វាមែន
ចុះវគ្គមួយនៅឯណា?
ចុចលើឈ្មោះ លាក់ ម៉ាឡែន ទៅ គឺឃើញហើយ
អានចប់អស់ហើយ^^ អរគុណ ជក់ចិត្តមែន 😀
i need fri 010275500