រឿងខ្លី ស្នាមថើបក្នុងក្រអៅបេះដូង វគ្គ២
រតនាបានចូលធ្វើការ ជាគ្រូបង្រៀនក្មេងតូចនៅ
សាលារបស់ពូសាយន្តដូចបំណង។ តែនាងពុំទាន់ដឹងទេថា
សាលានេះ ជារបស់នរណា? ពេលចូលមកដល់ក្នុងការិយាល័យ
យុវជន ទើបនាងបន្លឺឡើងដោយអាការភ្ញាក់ផ្អើល៖
-លោកពូ!
-អង្គុយសិនទៅ! ……..ខ្ញុំដឹងថា អ្នកគ្រូជាបុគ្គលិកថ្មី ទើបចង់សួរនាំអ្នកគ្រូបន្តិច……ម៉េចមិនអង្គុយទៅ
-…………ចាស!
-តើការបង្រៀនលំបាកទេ?
-ចាស! អត់ទេ ក្មេងៗទាំងនោះ គឺគួរឲ្យស្រលាញ់ណាស់
-អ្នកគ្រូចូលមកធ្វើការទីនេះ ព្រោះតែស្រលាញ់ក្មេងមែនទេ?
-ចាស!
-អ៊ីចឹងប្រសើរហើយ! ខំធ្វើការទៅ
-ចាសលោកពូ!
-កុំហៅខ្ញុំថាលោកពូអី?
-……..ចាស!
-យកល្អ! អ្នកគ្រូហៅខ្ញុំ ដូចជាលោកគ្រូអ្នកគ្រូផ្សេងទៀតហៅខ្ញុំចុះ
-ចាស!………….អ៊ីចឹង……..
-តើអ្នកគ្រូមានស្រុកកំណើតនៅខេត្តណាដែរ?
-ចាស នៅខេត្តសៀមរាប
-សៀមរាប! មិនមែន………តែសម្តីសំដៅអ្នកគ្រូដូចជាមិនមែនអ្នកសៀមរាបទេ
-មិត្តភក្តិភក្តិខ្ញុំ ក៏និយាយដូចលោកនាយកដែរ
-សូមទោសរំខានអ្នកគ្រូហើយ!
-អ៊ីចឹងខ្ញុំទៅធ្វើការវិញហើយ
-បាទ! អញ្ជើញ……………….ឈប់សិន!
-ចាស!
-ខ្ញុំចង់ប្រាប់អ្នកគ្រូថា កាលដែលអ្នកគ្រូបានចូលមកធ្វើជាគ្រូបង្រៀននៅទីនេះ គឺបានមកពីសមត្ថភាពរបស់អ្នកគ្រូ កុំយល់ច្រឡំថា បានមកពីក្មួយប្រុសរបស់ខ្ញុំឲ្យសោះណា
-ចាស! អរគុណលោកនាយក………….ខ្ញុំលាទៅវិញហើយ
-អញ្ជើញ
តើយុវជនជីនិតកំពុងតែគិតអ្វី? តែសម្រាប់យុវតី នាងសប្បាយចិត្តណាស់។ សំណាង ដាវី និងសាយន្តបន្លឺព្រមគ្នា៖
-សួស្តីអ្នកគ្រូស្អាត!
-ទើបមកពីណា ក៏ស្រុះគ្នាល្អម្ល៉េះ
-ធ្វើការហើយ មកដល់សាលាអង្គុយមើលសៀវភៅទៀត មិនហត់ទេអ្ហេ?
-មិនហត់ទេ ព្រោះសប្បាយចិត្ត ពេញចិត្តនឹងធ្វើ អរគុណណាស់សាយន្ត
-អរគុណពីរឿងអី!
-ការងារនេះ លោកជាអ្នកណែនាំឲ្យខ្ញុំ បើមិនអរគុណលោក ឲ្យទៅអរគុណអ្នកណា? តែហេតុអីក៏មិនប្រាប់ខ្ញុំថា សាលានោះជារបស់ពូលោក
-គេម៉េចនឹងហ៊ានប្រាប់នាងនោះ
-ក្រែងឯងមិនចង់ប្រើខ្នងក្នុងការរកការងារទេមែនទេ?
-ពិតមែនហើយ! តែលោកនាយកប្រាប់ថា ការងារនេះ គឺបានមកពីសមត្ថភាពរបស់គ្នាពិតប្រាកដមែន តែទោះជាយ៉ាងណា ក៏នៅតែអរគុណលោកដែរ សាយន្ត!
-មិនអីទេ!
ស្នូរកណ្តឹងបន្លឺឡើង ជាសញ្ញានៃការចូលរៀន។ សាយន្តលួចគយគន់ភ័ក្រ ដែលជាប់ដោយស្នាមញញឹមរបស់យុវតី ស្ទើរតែភ្លេចស្តាប់គ្រូពន្យល់មេរៀន។ ពេលនេះ នាយដឹងត្រឹមថា ស្រស់ស្រីកញ្ញាប្រកបដោយសេចក្តីសុខ ចំណែកទឹកមុខនាយក៏ប្រកបដោយសេចក្តីសុខដូចគ្នា។ វេលាចេញទៅផ្ទះហើយ សាយន្តអឹមអៀននៅចំពោះមុខយុវតី។ រតនាបន្លឺ៖
-ក្រែងថាមានរឿងចង់និយាយអ្ហេ ម៉េចមិននិយាយទៅ?
-តើរតនានៅចាំ………..រឿងដែលខ្ញុំធ្លាប់និយាយជាមួយកាលពីលើកមុនទេ?
-រឿងអី! រឿងច្រើនយ៉ាងនេះ ធ្វើម៉េចនឹងចាំទៅ
-តើនាងមិនចាំ ឬក៏ធ្វើជាភ្លេចទេ? (សំណាងដែលពួននៅម្ខាងរអ៊ូតិចៗដាក់ដាវី)
-លោកនៅឲ្យស្ងៀមទៅ
-តើរតនាពិតជាមិនបានស្រលាញ់សាយន្តមែនអ្ហេ?
-ចាំស្តាប់ទៅ!
-តើរឿងអីទៅ លោកជួយរំលឹកខ្ញុំមក (រតនានិយាយ)
-គឺ………រវាងពួកយើង………..អាចលើសជាមិត្តភក្តិទេ?
-គឺរឿងនេះទេអ្ហេ!
-តើអាចទេ!
-មិនអាចទេ!
-ម៉េចក៏ឆ្លើយលឿនម្ល៉េះ នាងមិនគិតសិនទេអ្ហេ?
-គិតធ្វើអីនាំឈឺក្បាលនោះ
ស្តីហើយ រតនាហាក់ដើរចេញធ្វើព្រងើយ សំណាងក៏បន្លឺទៅកាន់ដាវី៖
-ចប់បណ្តោយ! ហេតុអីក៏មិត្តរបស់នាង គ្មានអារម្មណ៍អ្វីសូម្បីតែបន្តិចអ៊ីចឹង នេះដល់ថ្នាក់គេសារភាពស្នេហ៍នៅចំពោះមុខហើយ នៅធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៀត
-ជួយមិនបានទេ! ត្រូវហើយ នាងក៏ជាមិត្តរបស់លោកដែរតើ
សាយន្តរត់ទៅតាមពីក្រោយរតនា ហើយស្រដី៖
-នាងគ្មានអារម្មណ៍អ្វីបន្តិចទេអ្ហេ?
-អារម្មណ៍ស្អី?
-គឺអារម្មណ៍ដូចជារំភើប កក់ក្តៅ ឬក៏សប្បាយចិត្តនៅពេលគេសារភាពស្នេហ៍នៅចំពោះមុខនោះ
-គ្មានទេ! អារម្មណ៍ខ្ញុំគឺធម្មតាតើ
-ឱ! ព្រះនាងម្ចាស់ចិត្តរបស់ខ្ញុំអើយ ម្តេចក៏ព្រះនាងគ្មានបេះដូងយ៉ាងនេះ!
-លោកឈប់លេងទៅ បានទេ! ខ្ញុំទៅផ្ទះហើយ
សាយន្តមិនបានលេងសើចទេ ហេតុអ្វីមាសមេ ថាគេលេងសើចទៅវិញ។ ឱ! ទុក្ខទោម្នេញ ណែនពេញឱរាហើយ។ សាយន្តប្រាសខ្លួនទៅលើខ្នើយ ដែលនៅលើគ្រែរបស់ពូខ្លួន៖
-យ៉ាងម៉េចទៀតហើយ?
-លោកពូមើលមកខ្ញុំមើល សមជាមនុស្សខូចចិត្តទេ?
-មិនសមទេ!
-ម៉េចក៏លោកពូនិយាយអ៊ីចឹង ពេលនេះខ្ញុំខូចចិត្តខ្លាំងណាស់ ពូដឹងទេ?
-ពេលនេះ ឯងមិនសមជាមនុស្សខូចចិត្តទេ សមតែជាមនុស្សដែលកំពុងឈ្មូសឈ្មុលរៀនទើបត្រូវ
-ពុទ្ធោអើយ! រៀនម៉េចនឹងចូល បើត្រូវគេបដិសេធយ៉ាងនេះហើយនោះ
-គេបដិសេធហើយអ្ហេ!
-ម៉េចក៏លោកពូសើច?
-ពូថា អ្នកគ្រូរតនាធ្វើអ៊ីចឹងគឺត្រូវហើយ គាត់មិនចង់ឲ្យក្មេងខូច បាក់ទឹកចិត្តរៀនសូត្រមិនចូល មិនវីវរហើយទេអ្ហេ
-អូ! ឬលោកពូបាននិយាយអីជាមួយរតនាមែនទេ?
-ឯងកុំមកចោទពូផ្តាស់ណា មួយសប្តាហ៍ ពូបានជួបនាងតែម្តងពេលប្រជុំប៉ុណ្ណោះ គ្មានពេលជជែកពីរឿងឯងទេ
-អ៊ីចឹងពូជួយខ្ញុំផងទៅ
-ពូមិនដឹងទេ! រឿងឯងដោះស្រាយខ្លួនឯងទៅ តែកុំភ្លេចរៀនឲ្យសោះ តែពូឲ្យជាយោបល់ល្អចុះ ពូមើលទៅអ្នកគ្រូរតនា ជាមនុស្សម៉ត់ចត់ណាស់ បើឯងចូលចិត្តធ្វើអ្វីផ្តេសផ្តាសមិនបានការនោះ ពូគិតថា ឯងមិនមែនជាតម្រូវការរបស់នាងទេ ឆាប់ទៅដេកទៅ!
-ពិតមែនហើយ! …………..លោកពូ! ខ្ញុំចង់ទៅធ្វើការនៅសាលាលោកពូ
-ឯងនិយាយអី ក្រែងឯងមិនចូលចិត្តក្មេងៗទេអ្ហេ?
-តែពេលនេះ ខ្ញុំចូលចិត្តហើយ ពូអនុញ្ញាតិទៅណា
-ចាំពូគិតមើលសិន
-លោកពូ!
……………………………………………………………………………………………..
ធ្វើអ្វីក៏ដោយ ឲ្យតែជាចំណង់ចំណូលចិត្តរបស់ខ្លួន ទឹកចិត្តហាក់បីដូចជាមាំមួនណាស់។ ស្នាមញញឹម ពុំដែលផ្លាស់ចេញពីផ្ទៃមុខសោះ ឲ្យតែស្រីស្រស់ម្នាក់នេះ ឈរនៅចំពោះមុខសិស្ស ដ៏ចចេកចចាចរបស់នាង។ ពេលនេះ នាងកំពុងនាំសិស្សរបស់នាងច្រៀងផង រាំផងតាមកាយវិការនៃបទចម្រៀង ប៉ុន្តែបន្ទាប់ពីបទចម្រៀងត្រូវបានបញ្ចប់ សំឡេងក្មេងយំពីរនាក់ក៏បន្លឺឡើង។ យុវតីបើកភ្នែកធំ ហើយរត់ទៅរកប្រភពសំឡេង៖
-តើមានរឿងអីកើតឡើង?
-អាសុខវាយកក្តារឆ្នួនខ្ញុំ
-រ៉ាវី! អ្នកគ្រូធ្លាប់ប្រាប់ថាម៉េច និយាយម្តងទៀតមើល
-…….បងសុខយកក្តារឆ្នួនខ្ញុំ
-សុខ! កូនយកក្តារឆ្នួនរ៉ាវីមែនទេកូន
-ខ្ញុំសុំខ្ចី តែរ៉ាវីអត់ឲ្យ
-អ៊ីចឹងតើនរណាអ្នកខុស?
-គឺខ្ញុំ! (សុខឆ្លើយ)
-បើធ្វើខុស តើត្រូវធ្វើយ៉ាងម៉េច?
-បងសូមទោសរ៉ាវី នេះក្តារឆ្នួន
-រ៉ាវី! ឈប់ខឹងហើយនៅកូន
-ចាស!
-តែអម្បាញ់មិញនេះ អ្នកគ្រូចាំថា អ្នកគ្រូបង្រៀនកូនច្រៀង ហេតុអីក៏ពួកកូន ដណ្តើមក្តារឆ្នួនគ្នាទៅវិញ?
ក្មេងតូចទាំងពីរសម្លឹងមុខគ្នា រួចហើយក៏សម្លឹងមើលទៅអ្នកគ្រូ ដែលកំពុង
ញញឹម បើកភ្នែកធំៗ។ រ៉ាវី និងសុខ ក៏សំពះព្រមគ្នា ហើយនិយាយទៅរកអ្នកគ្រូ៖
-កូនសូមទោសអ្នកគ្រូ!
-ល្អ! ធ្វើខុសដឹងខ្លួនខុស អ្នកគ្រូលើកលែងទោសឲ្យ ពួកយើងឆាប់ចូលកន្លែង ហើយយកសៀវភៅញញឹមមក ថ្ងៃនេះ អ្នកណាដែលមិនបានញញឹម ឆាប់គូសចោលមួយភ្លាមទៅ
-ចាស បាទអ្នកគ្រូ
ស្នូរកណ្តឹងបន្លឺឡើង ទើបលោកនាយកសាលាភ្ញាក់ព្រើត ហើយដើរចេញមកការិយាល័យខ្លួនវិញ។ អ្នកគ្រូក្មេងម្នាក់នេះ ពិតជាមានទេពកោសល្យ និងទឹកចិត្តកក់ក្តៅមែន។ នេះសបញ្ជាក់ឲ្យឃើញថា ការងារដែលនាងកំពុងធ្វើមកនេះ ពិតជាសមត្ថភាពរបស់នាងយ៉ាងប្រាកដ។ ពេលនេះ យុវតីដើរចេញពីបន្ទប់ទឹកឆ្លងកាត់ថ្នាក់របស់លោកគ្រូស៊ាំ ស្រាប់តែ៖
-សំឡេងក្មេងយំ!…………តិចលោគ្រូមិននៅទេដឹង
យុវតីដើរទៅជិតថ្នាក់ ហើយលួចបង្ហើបទ្វារតិចៗ ស្រាប់តែនាងបន្លឺឡើង យ៉ាងខ្លាំង៖ “លោកគ្រូ”។ បាតដៃដែលលាពេញមួយទំហឹង បម្រុងនឹងទៅផ្ទប់លើក្មេងប្រុសម្នាក់ ដែលមានអាយុប្រមាណជាប្រាំឆ្នាំត្រូវគាំងនឹង ព្រោះតែសំឡេងដែលបន្លឺឡើង ដោយក្តីរន្ធត់មួយនេះ។ លោកគ្រូបន្លឺហាក់ដូចជាគ្មានរឿងអ្វីកើតឡើង៖
-អ្នកគ្រូទេអ្ហេ! មានការអីមែនទេ?
រតនាសម្លឹងមើលក្មេងនៅក្នុងថ្នាក់ទាំងអស់ ខ្លះអង្គុយធ្មឹង ខ្លះញាប់ញ័រ និងខ្លះលួចយំមិនហ៊ានឲ្យឮ។ នាងព្រួចព្រឺខ្លាំងណាស់ តែក៏ស្ទុះវឹងទៅយកក្មេង ដែលនៅនឹងដៃរបស់លោកគ្រូ៖
-តើលោកគ្រូប្រុងធ្វើអីហ្នឹង?
-អូ! និយាយមិនស្តាប់ ទើបប្រើដៃប្រើជើងខ្លះហ្នឹងណា អ្នកគ្រូប្រហែលជាមិនទាន់ស៊ាំទេ ព្រោះទើបតែចូលធ្វើការ តែបន្តិចទៀត អ្នកគ្រូដូចតែខ្ញុំដែរហ្នឹង
-ថាម៉េច! អ៊ីចឹងបានន័យថា គ្រូបង្រៀននៅទីនេះ សុទ្ធតែធ្វើបែបនេះចំពោះសិស្សអ្ហេ?
-ឬមិនមែន?
-លោកនាយកអនុញ្ញាតិឲ្យធ្វើបែបនេះអ្ហេ?
-អ្នកគ្រូ! តើអ្នកគ្រូកំពុងនិយាយអីហ្នឹង?
-លោកគ្រូមិនគិតថា លោកគ្រូកំពុងប្រើហិង្សាចំពោះសិស្សទេអ្ហេ?
-នេះអ្នកគ្រូចង់ស្តីឲ្យខ្ញុំ ដែលវាយសិស្សអ៊ីចឹងអ្ហេ? តើមានអ្នកណាដែលមិនវាយសិស្សនោះ សូម្បីតែម៉ែឪ ពេលខ្លះនៅតែទ្រាំមិនបានផង ចុះទម្រាំ?
-តែពួកយើងមិនអាចធ្វើអ៊ីចឹងទេ
-អ្នកគ្រូ! ខ្ញុំគិតថា អ្នកគ្រូនៅក្មេងខ្ចីណាស់ យកល្អឆាប់ទៅថ្នាក់របស់អ្នកគ្រូវិញទៅ ប្រយ័ត្នសិស្សវាវាយគ្នា
រតនាពិតជារន្ធត់ពេកហើយ នាងទៅដល់ថ្នាក់ស្ទើរតែឈរមិនជាប់ ព្រោះតែខ្លោចចិត្តនឹកអាណិតដល់ក្មេងៗទាំងនោះ។ ទ្រាំលែងបាន ទឹកភ្នែកក៏ស្រក់ចុះ តែសិស្សរបស់នាង ហាក់ដូចជាឆ្លាតៗណាស់។ ពួកគេអង្គុយស្ងៀម តំណក់ទឹកភ្នែកក៏ស្រក់ច្រោកតាមគ្រូរបស់ខ្លួន។ យុវតីហាក់ដូចជាភ្ញាក់ព្រើត នាងជូតទឹកភ្នែក ហើយងើបឈរឡើង ទៅនិយាយជាមួយសិស្ស៖
-តើមានរឿងអី ហេតុអីក៏ទាំងអស់គ្នាយំអ៊ីចឹង?
-អ្នកគ្រូឈឺមែនទេ?
-អត់ទេ! អ្នកគ្រូមានឈឺឯណា?
-តែអ្នកគ្រូយំ!
-សូមទោស! អ្នកគ្រូធ្វើឲ្យកូនៗបារម្ភហើយ មិនអីទេ ពេលនេះអ្នកគ្រូឈប់យំហើយ ពួកយើងនាំគ្នារៀនទៅ
-ចាស បាទ!
-តែត្រូវគូសស្នាមញញឹមរបស់អ្នកគ្រូមួយចោលសិន
-អ៊ីចឹងអ្ហេ! បានតើ
ប្រធានថ្នាក់ក៏ស្ទុះវឹង ទៅឆូតស្នាមញញឹមរបស់អ្នកគ្រូនៅលើជញ្ជាំងចោល មួយ។ អ្នកគ្រូក៏ចាប់ផ្តើមបង្រៀនសិស្សបន្ត។
សូមរង់ចាំវគ្គ៣
Posted on ខែមិថុនា 11, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged ស្នាមថើបក្នុងក្រអៅបេះដូង វគ្គ១. Bookmark the permalink. 4 មតិ.
ពិតជាល្អមើលមែនទែន។
ដាក់រឿងឲវែងជាងនេះបន្តិចបានទេអ្នកគ្រូស្អាត ព្រោះអានឆាប់ចប់ពេក។
can u make fri me 010275500 ?
ទឹកចិត្តគ្រូចំពោះសិស្ស នេះទើបជាមាតាទី២ មែន…