ជ្រៃស្នេហ៍អភ័ព្វ
ជ្រៃស្នេហ៍អភ័ព្វ (បទពាក្យ៧)
១. ឱសឱ!ដើមជ្រៃនៃក្ដីស្នេហ៍ រៀមខំថ្នមថែ ថែថ្នមថ្នាក់
មិនឲ្យរលំដួលបែកបាក់ ព្រោះតែចិត្តស្ម័គ្រស្មើសង្ខារ។
២. ថ្នមអឺយ អឺយថ្នមបីបមថ្នាក់ មិនឱ្យអួលអាក់បាក់ប្រេះឆា
តែព្យុះឃោរឃៅឥតមេត្តា បក់បោកប្រហារសង្ខារជ្រៃ។
៣. ស្លឹកជ្រុះចាកមែកទៅតាមខ្យល់ ដើមជ្រៃកង្វល់អស់តម្លៃ
ជ្រៃធ្លាប់មានស្លឹកពណ៌ខៀវខ្ចី ស្រពោនឥតន័យក្ស័យកម្សត់។
៤. នៅសល់តែដើមសែនសោកា ស្នាមអនុស្សាសែនជូរចត់
ស្រីភ្លេចសន្យាភ្លេចសម្បថ ធ្លាប់សច្ចាស្បថក្រោមដើមជ្រៃ។
៥ កំពង់ធំក្រំក្រៀមដួងចិត្ត ត្បិតស្រីអស់ចិត្តឥតប្រណី
បោះបង់លោហិតចិត្តភក្ដី ស្រវាភពថ្មីដីទីក្រុង។
៦. ស្ទឹងសែនតាក់តែងបទចម្រៀង តំណក់ទឹកភ្លៀងកំពង់ធំ
ទឹកហួរឥតឈប់ដូចចិត្តមុំ ឱ!កំពង់ធំមុំប្តូរផ្លាស់។
៧. ភ្នំពេញបញ្ចេញដោយភ្លើងពណ៌ ភ្លឺផ្លែកបវរសែនល្អណាស់
ប្លែកអ្វីដីស្រែស្នេហ៍មិនច្បាស់ ល្អដែរមិនណាស់ដូចដីក្រុង។
៨. រូបបងប្រៀបដូចល្អងធូលី រូបមុំជាន់ឈ្លីឱ្យក្រៀមក្រំ
មិននឹកស្មានថាចាញ់បោកក្រុង ជាតួបម្រុងក្នុងល្ខោនស្នេហ៍។
៩. អូនយកក្ដីស្នេហ៍កែកម្សាន្ត ចិត្តស្រីសាមន្យក្រឡាស់ប្រែ
ចិត្តចើកឫស្យាប្រហាស្នេហ៍ រៀមទុក្ខឥតល្ហែព្រោះស្នេហ៍ស្រី។
១០. ទីក្រុងឫស្យាប្រហារចិត្ត ឱ្យរូបវមិត្រភ្លេចដើមជ្រៃ
អូនឈ្លក់ផ្សែងក្រុងក្នុងដែនថ្មី ឯរៀមរីងរៃក្នុងដីស្រែ។
១១. ស្ទឹងសែនសញ្ជឹងប្រឹងអាណិត ជួយលួងលោមចិត្តបំភ្លេចស្នេហ៍
រៀមរែងចុកឈឺលើភ្លឺស្រែ រនោចដួងខែអាប់រស្មី។
១២. ចិត្តរៀមងងឹតឥតពន្លឺ រៀមរងាព្រឺក្រោមដើមជ្រៃ
ធ្លាប់មានវមិត្រត្រកងបី ឥលូវរូបស្រីឃ្លាតចាកឆ្ងាយ។
១៣. ជ្រៃជ្រុះទាំងស្លឹកបាក់ទាំងមែក ទ្រូងរៀមរហែកសង្វេគស្ដាយ
ចិត្តធ្លាប់នែបនិត្យជិតប្រែឆ្ងាយ ប្រៀបដួងផ្កាយឆ្ងាយផែនដី។
១៤. សង្ឃឹមដើមជ្រៃបំភ្លៃចិត្ត ជ្រៃមិនអាណិតឥតប្រណី
រលើងទាំងគល់ដួលដល់ដី អស់ហើយភក្ដីស្រីនិងបង។
១៥. សល់តែស្ទឹងសែន សែនឯកា បាត់ជ្រៃស្នេហាធ្លាប់សាសង
សល់តែស្រមោលអន្ទោលលង ឈឺចាប់បេះដូងមិនស្បើយសោះ។
១៦. នេះជាមេរៀនបង្រៀនចិត្ត ដាស់តឿនជីវិតចិត្តជ្រុលខុស
វេហាស៍ធំធេងរែងស្រណោះ ប្រៀបមិនស្មើសោះនឹងចិត្តស្រី។
១៧. ខ្លាចហើយទីក្រុងក្នុងភ្លើងពណ៌ តាំងចិត្តឈប់ជឿហើយផែនដី
ទីក្រុងភ្លើងផ្សែងវង្វេងស្រី ពង្វក់ហឬទ័យឱ្យស្រីភ្លេច។
១៨. កំពង់ធំក្រំគ្រាំឱរា លិចលង់សង្ខារក្នុងអតីត
ស្ទឹងសែនថ្ងួចថ្ងូរអាសូរចិត្ត លួងលោមជីវិតចិត្តកំលោះ។
១៩. បើជ្រៃបែកបាក់ដោតដាក់ថ្មី កាត់ចិត្តអាល័យឈប់ស្រណោះ
លោកនេះមានទេស្រីចិត្តស្មោះ ឬស្រីទាំងអស់ដូចតែគ្នា។
២០. បេះដូងសាវាប្រាថ្នាខ្ពស់ មិនគិតកត្តិយសឆ្មោះនាមជា
ចិត្តចើតអប្រិយស្រីមហិមា គ្រប់ពេលវេលាមិនចេះស្ងប់។
២១. ទៅចុះ ទៅចុះទៅឲ្យឆ្ងាយ ទោះសែនសោកស្ដាយក៏ត្រូវឈប់
បើស្រីអស់ចិត្តមិនចេះស្កប់ រៀមសូមបញ្ចប់ស្នេហ៍ត្រឹមអូន។
២២. ជ្រៃស្នេហ៍ ស្នេហ៍ជ្រៃមិនខ្ចីគិត នាំតែឈឺចិត្តជីវិតសូន្យ
លើលោកអស់ស្រីដួចរូបអួន លាហើយស្នេហ៍ក្បួនគ្មានគោលដៅ។
២៣. ចិត្តចើតអប្រិយស្រីឫស្យា ឈ្លក់ភ្លើងតណ្ហាមិនដឹងក្តៅ
ស្លាប់ចុះងាប់ចុះកុំរស់នៅ ស្រីតណ្ហាជ្រៅអាស្រូវកេរ។
២៤. រាំងហើយខ្លាចហើយស្អប់ណាស់ស្រី លាហើយផែនដីស្រីងាករេ
បេះដូងក្រៅទ្រូងកប់រូងស្នេហ៍ bye byeមាសមេស្នេហ៍លាហើយ។
២៥. ស្តីអស់ចិត្តហើយស្បើយទុក្ខឬ ទំនួញព្រួចព្រឺឮរវើយ
បានស្តាប់ចង់ស្តាប់មិនចង់ឆ្លើយ ព្រោះតែចម្លើយស្នេហ៍ឈឺផ្សា។
២៦. អ្នកបន្ទោសស្រីក្បត់ចិត្តអ្នក ខ្វះទីពឹងពាក់ព្រោះស្នេហា
បាត់អស់អ្វីៗពីលោកា ព្រោះតែសង្សារបណ្ដូលចិត្ត។
២៧. ក្រោមមេឃពេញប្រៀបដោយមនុស្សស្រី តែមិនបានន័យថាស្រីផិត
មនុស្សមួយរយចិត្តមួយរយទាំងគំនិត ឯស្រីវិញពិតមិនដូចគ្នា។
២៨. គឺប្រៀបដូចជាមនុស្សប្រុសដែរ ខ្លះស្មោះក្បត់ស្នេហ៍ស្រីគ្រាំគ្រា
អ្នកស្ដីថាស្រីនាំវេទនា ឯប្រុសដូចគ្នាឱ្យស្រីទុក្ខ។
២៩. រូបអ្នកសង្ហារប្រាជ្ញាវៃ កុំឱ្យស្មារតីថ្លៃជាប់គុក
ជ្រៃដួលទៅហើយគួរស្បើយទុក្ខ កុំធ្លោយជាប់គុកឥតជញ្ជាំង។
៣០. ទឹកហូរយ៉ាងណាមានទិសដៅ លឿនលយហួសទៅនៅមានច្រាំង
ភ័ព្វព្រេងមិនដល់កុំប្រឆាំង កុំឃាត់កុំឃាំងដួងចិត្តអី។
៣១. រូបខ្ញុំនាមខ្ញុំក៏ជាមនុស្ស តែមិនមែនប្រុសគឺជាស្រី
អ្នកដៀលស្ដីថាចើតអប្រិយ អស់មួយផែនដីស្រីឫស្យា។
៣២. ស្ទឹងសែនដីដែននៃជីវិត ដែលខ្ញុំធ្លាប់គិតថាស្រស់ថ្លា
ពីតូចដល់ធំខ្ញុំប្រាថ្នា ចង់ឃើញទឹកថ្លាក្នុងស្ទឹងសែន។
៣៣. ជួបលើកទីមួយព្រួយដួងចិត្ត ជួបស្ទឹងរូបពិតចិត្តចំបែង
នឹកស្មានជួបបានតែស្ទឹងសែន ថែមប្រុសវង្វេងស្នេហ៍គ្រាំគ្រា។
៣៤. កាត់ចិត្តភ្លាមទៅកុំនៅស្ដាយ កុំឱ្យផ្លូវឆ្ងាយស្ដាយវេលា
ធ្វើឫកឱ្យធំសមនាមជា យុវជនកម្ពុជាដ៏ក្លាហាន។
ជ្រៃស្នេហ៍អភ័ព្វ(បទកាកគតិ)
៣៥. នាងជានរណា ទើបហ៊ានស្ដីថា ហួសពីការស្មាន
រឿងរ៉ាវស្នេហា មានទាំងប៉ុន្មាន សុទ្ធតែជាដាន
មិនអាចបំភ្លេច។
៣៦. មិនធ្លាប់មានស្នេហ៍ ទើបបានត្រឹមតែ ឱ្យគេកាត់ចិត្ត
រឿងរ៉ាវតែមួយ ព្រួយមួយជីវិត ទោះខំកាត់ចិត្ត
រឹតតែអាល័យ។
ជ្រៃស្នេហ៍អភ័ព្វ(បទពាក្យ៨)
៣៧. រូបខ្ញុំជាស្រីក្នុងដីសៀមរាប ទោះមិនជ្រួលជ្រាបពីរឿងស្នេហា
តែក៏យល់ខ្លះពីចិត្តឈឺផ្សា គ្រោះព្រោះស្នេហាគេបោះបង់ចោល។
៣៨. បើសិនជាខ្ញុំនឹងផ្លុំដូចផ្សែង មិនឱ្យវង្វេងព្រោះតែស្រមោល
អតីតអន្ធការឈឺផ្សាតែលតោល មិនទុក្ខស្រមោលថ្កោលទោសខ្លួនឯង។
៣៩. រឿងទុំទាវស្លាប់ឈឺចាប់សោកស្ដាយ វិធាវីនឿយណាយកាយក្លាយជាផ្សែង
ប៊ុនធឿនខ្លោចផ្សាទុក្ខាម្នាក់ឯង សមុទ្រធំធេងថ្លែងពុំស្មើស្នេហ៍។
៤០. ចុះរូបអ្នកវិញទោម្នេញធ្វើអ្វី ទឹកចិត្តភក្ដីស្មើបាតដៃទេ?
បើចិត្តគេស្មោះបានត្រឹមទន្លេ ម្ល៉េះសមក្ដីស្នេហ៍មិនខកបំណង។
៤១. ឱ!ស្ទឹងសែនអឺយគួរល្ហើយចិន្ដា សៀមរាបបុប្ផាសូមសច្ចាផ្សង
ថ្ងៃមុខថ្ងៃក្រោយសូមជួយខ្ញុំផង មនុស្សខកបំណងសូមប៉ងជៀសឆ្ងាយ។
៤២. ហត់ណាស់នឿយណាស់ឈប់តបទៀតហើយ
បើមិនព្រមស្បើយណ្ហើយទៅឱ្យឆ្ងាយ
បើកំពង់ធំក្រៀមក្រំសោកស្ដាយ នៅនាំនឿយណាយនាំស្ដាយកម្លាំង។
៤៣. តែខ្ញុំសូមផ្ដាំបណ្ដាំចុងក្រោយ ទឹកហូរលឿនលយនៅតែមានច្រាំង
រន្ទះភ្លៀងផ្គរព្យុះបក់បោកខ្លាំង មនុស្សត្រូវមានច្រាំងដូចជាទឹកដែរ។
ជ្រៃស្នេហ៍អភ័ព្វ(បទពាក្យ៧)
៤៤. លាហើយ!………………..
……….ឈប់សិនកុំអាលទៅ តើអ្នកណាទៅអាចកែប្រែ
វាសនាកំណត់គេក្បត់ស្នេហ៍ តើមានផ្លូវទេកែប្រែបាន?៕
៤៥. សូម្បីតែជ្រៃក៏រលំ តើអាចផ្សែផ្សំចិត្តនិងប្រាណ
ឱ្យត្រឡប់វិញរស់សុខសាន្ត តើអាចធ្វើបានដូចដើមទេ?។
៤៦. វាសនាជីវិតស្ថិតលើមនុស្ស បើជ្រុលដើរខុសខំរិះរេ
កំហុសថ្ងៃនេះ ត្រូវកែប្រែ បើខុសព្រោះស្នេហ៍យកស្នេហ៍ជួស។
៤៧. ឯជ្រៃរលំក៏ដូចគ្នា ខ្លាចអ្វីវេទនារកជំនូស
ទោះបីជ្រៃស្លាប់មានជ្រៃជួស ពេលកន្លងហួសនឹងដួចដើម។
៤៨. មើលន៏!ស្ទឹងសែនញញឹមហើយ តាំងចិត្តឱ្យស្បើយហើយចាប់ផ្ដើម
បុប្ផារីកស្រស់ព្រោះសន្សើម មនុស្សមានដង្ហើមត្រូវសង្ឃឹម។
៤៩. ណ្ហើយចុះបើយល់ឈប់ខ្វល់ទៅ ខ្លាចអ្វីរស់នៅនឹងញញឹម
ដួងចន្ទថ្វីត្បិតខ្ពស់សន្លឹម តែនៅញញឹមដាក់យើងបាន។
៥០. ទោះបីយប់ខ្លះអាប់រស្មី តែនៅវិលវៃត្រឡប់ថ្កាន
ប្រៀបដូចជីវិតទុក្ខសុខសាន្ត ភ្លឺងងឹតបានជាធម្មតា។
៥១. ព្រះចន្ទគ្មានទេនៅពេលថ្ងៃ បុន្តេលោកិយមានសូរិយា
ងងឹតឬភ្លឺដូចចិន្តា ប្រៀបដូចវាសនាពេលយប់ដែរ។
៥២. នាងជានរណាសូមស្រដី មកដាស់ហឫទ័យឱ្យខ្ញុំប្រែ
ឬមួយនាងធ្លាប់ខកចិត្តស្នេហ៍ ឬមានអ្នកប្រែក្បត់ចិត្តនាង?។
៥៣. ឬមួយភ័ព្វព្រេងកម្រិតចារ កម្រិតវាសនាមិនបានព្រាង
ឱ្យខ្ញុំមានភ័ព្វបានជួបនាង បញ្ចប់ចម្រៀងស្នេហ៍ប្រេះឆា។
៥៤. សូមនាងប្រណីស្រដីពិត ខ្ញុំសូមធ្វើមិត្តឥតសាវា
តើនាងធ្លាប់ជួបស្នេហ៍ប្រេះឆា ចិត្តធ្លាប់ឈឺផ្សាដូចខ្ញុំឬ?
៥៥. គ្មានអ្វីឈឺផ្សាសម្រាប់ខ្ញុំ គ្មានអ្វីទុក្ខធំឱ្យខ្ញុំឈឺ
តែមានរឿងមូយគួរឱ្យព្រឺ លោកិយដឹងឮជាសាក្សី។
៥៦. នាគ្រាដំបូងនៃរូបខ្ញុំ ជួបកំពង់ធំក្នុងដែនដី
សៀមរាបចាប់ផ្ដើមឱ្យខ្ញុំភ័យ យប់ព្រឹកស្រមៃអាល័យនឹក។
៥៧. មិនថាពេលចន្ទឬសុរិយា ចិត្តនឹកកាយារែងរលឹក
ទោះចង់បំភ្លេចរឹតតែនឹក ចេះតែរលឹកនឹកអាឡោះ។
៥៨. ខ្ញុំមិនដឹងថាមកពីអ្វី ទើបដួងហឫទ័យអាល័យប្រុស
រឿងស្រាលប្រែធ្ងន់មិនដឹងសោះ ដួងចិត្តទាំងអស់ខ្សោះវិញ្ញាណ។
៥៩. ពេលខ្លះចង់ឆ្កួតហើយចង់ឡប់ អ្វីៗបញ្ចប់ត្រឹមពាក្យគ្មាន
នៅសល់តែជ្រៃក្បែរវិមាន ឯចិត្តវិញបានត្រឹមសោកស្ដាយ។
៦០. ទុក្ខអ្នករីងរៃព្រោះស្រីក្បត់ ឯខ្ញុំកំម្សត់ព្រោះព្រាត់ឆ្ងាយ
ព្រាត់ទាំងអាឡោះស្រណោះស្តាយ ព្រោះតែចិត្តកាយឆ្ងាយសេចក្ដី។
៦១. ទម្រាំយល់ន័យក្ដីស្នេហា វេលាប្រេះឆាឥតប្រណី
ពាក្យស្នេហ៍ស្មោះត្រង់ពីដួងចៃ ក៏ពុំបានស្តីមួយម៉ាត់ឡើយ។
៦២. ទើបនាងមកជួបនឹងស្ទឹងសែន លោមចិត្តចំបែងឱ្យល្ហែល្ហើយ
ប៉ុន្តែយកល្អកុំកន្តើយ ស្វែងរកចម្លើយទើបល្ហើយចិត្ត។
៦៣. ហេតុអ្វីត្រូវលាក់ឱ្យក្រំក្រៀម បេះដូងគំរាមដល់ជីវិត
មានស្នេហ៍លាក់ស្នេហ៍ឱ្យឈឺចិត្ត លាក់បាំងការពិតធ្វើអ្វីទៅ?។
៦៤. បើឈឺដឹងឈឺស្លាប់ដឹងស្លាប់ បើនឹងឈឺចាប់ឱ្យដឹងក្តៅ
ដូចខ្ញុំពេលនេះដឹងសោកសៅ ទើបថ្ងៃតទៅអស់មន្ទិល។
៦៥. លាក់លៀបគ្រាំឈាមបៀមតែទុក្ខ យូរទៅក្តីសុខសឹករិចរិល
រង់ចាំភ័ព្វព្រេងវង្វេងវិល ថ្ងៃណាមន្ទិលដោះស្រាយបាន?។
៦៦. មែនហើយការពិតខ្ញុំល្ងង់ខ្លៅ កំសាកខ្លាចក្តៅរលាកប្រាណ
ព្រោះតែខ្លាចឈឺទ្រាំមិនបាន ធ្វើឱ្យខកខានបាត់បង់ស្នេហ៍។
៦៧. តែទោះយ៉ាងណាខ្លួនជាស្រី ទោះចិត្តបេតីមិនខ្ចីក្បែរ
ខ្លាចស្នេហ៍លើសលស់ស្រណោះម៉ែ ស្រណោះក្តីស្នេហ៍ម៉ែធ្លាប់ផ្តល់។
៦៨. ស៊ូទ្រាំឈឺជាំក្នុងដួងចិត្ត ស្នេហ៍ក្នុងជីវិតតាមកម្មផល
ខ្លោចផ្សាម្នាក់ឯងចំបែងខ្វល់ កុំឱ្យអំពល់ដល់គ្រួសារ។
៦៩. សុខចិត្តបោះបង់ក្តីស្រឡាញ់ នាងសុខចិត្តចាញ់ក្តីស្នេហា
រឿងរ៉ាវតែមួយព្រោះគ្រួសារ តើមានអ្នកណាជឿនាងទេ?។
៧០. អ្នកណាថាខ្ញុំសុំចុះចាញ់? ទោះរន្ទះបាញ់ខណ្ឌញែកស្នេហ៍
ខ្ញុំមិនធ្លាប់គិតចុះចាញ់ទេ ស្រឡាញ់ប៉ុន្តែមិនចង់ឈ្នះ។
៧១. ក្នុងខ្លួនបេះដូងមានតែមួយ មិនត្រូវថ្លោះធ្លោយឱ្យវិនាស
ប្រយ័ត្នខាតបង់ព្រោះចង់ឈ្នះ ចិត្តរឹងមានះព្រោះស្នេហា។
៧២. មាគ៌ាជីវិតគិតឱ្យត្រូវ ខ្លាចណាស់អាស្រូវព្រោះស្នេហា
ចំណង់ចង់បានហួសត្រូវការ តែចាំវាសនាបណ្តាលចិត្ត។
៧៣. បើពិតជាគូមិនយូរឆាប់ ប្រាកដជាភ័ព្វភ្ជាប់ជីវិត
ព្រលឹងនឹងដឹងពីដួងចិត្ត នឹកជ្រៃជីវិតធ្លាប់ជិតគ្នា។
៧៤. សូមឱ្យកម្លាំងនៃស្នេហា បក់តាមវាតាប្រាប់ពុំងា
សូមឱ្យប្រុសនឹកគ្រប់វេលា ដល់ស្រីកំព្រាដួងចិត្តផង។
៧៥. ជ្រៃស្នេហ៍នៅតែរស់រងចាំ ខែប្រែជាឆ្នាំចាំនួនល្អង
ដើមជ្រៃសៀមរាបប្រៀបដូចអូន រស់រង់ចាំបងទាំងខ្លោចផ្សា។
៧៦. ដើមជ្រៃស្ទឹងសែនរលំហើយ តើប្រុសត្រាណត្រើយនៅទីណា?
រូបស្រីខ្លាចណាស់ប្រាស់សង្ខារ ដូចជ្រៃនេះណាវិនាសបង់។
៧៧. ឱ! កំពង់ធំនៃខ្ញុំអើយ កាលនៅដើមឡើយខ្ញុំក្រៀមក្រំ
ព្រោះខ្ញុំយល់ថាទុក្ខខ្ញុំធំ បេះដួងទួញយំព្រោះស្រីក្បត់។
៧៨. ស្នេហ៍ក្នុងលោកិយមានន័យណាស់ បានថ្មីចោលចាស់សែនជូរចត់
ប្លែកអ្វីទុក្ខស្រីសែនកម្សត់ គ្មានអ្នកណាក្បត់តែព្រាត់ឆ្ងាយ។
៧៩. ផែនដីប្រល័យប្រលែងចិត្ត លលេងជីវិតចិត្តធ្លុះធ្លាយ
ឆាកល្ខោនស្នេហាប្រហារកាយ ជិតហើយនឹងឆ្ងាយដូចមេឃដី។
៨០. រស់រងចាំតែស្នេហ៍មានភ័ព្វ វាសែនឈឺចាប់ខ្លាំងណាស់ស្រី
យកល្អគួរតែបំផ្លាញជ្រៃ អតីតចាស់ថ្មីភ្លេចឱ្យអស់។
៨១. បើជ្រៃបែកបាក់ដោតដាក់ថ្មី ព្រោះក្តីអាល័យនៅអាឡោះ
នាងប្រាប់ឱ្យខ្ញុំឈប់ស្រណោះ រកជ្រៃថ្មីជួសរបួសចិត្ត។
៨២. ដូច្នេះនាងត្រូវបំផ្លាញជ្រៃ ឱ្យអស់ពីដីទើបអតីត
រលាយចាកប្រាស់ពីដួងចិត្ត ទើបកាយជីវិតបានសុខា។
៨៣. ទុកនាំហ្មងសៅដំបៅចិត្ត ប្រុសនោះការពិតមិនដឹងថា
នាងរស់រង់ចាំឈឺខ្លោចផ្សា រង់ចាំស្នេហាសែនល្ងង់ខ្លៅ។
៨៤. បើជ្រៃរលំចិត្តរលាយ បេះដូងនិងកាយរឹតដំបៅ
មានតែស៊ូទ្រាំចាំប្រុសពៅ ទោះចិត្តដំបៅដៅបេះដូង។
៨៥. ចុះបើសង្សារគេមានពិត កំពុងកៀកកិតជិតដើមទ្រូង
ចិត្តចាំប្រេះស្រាំគ្រាំបេះដូង នៅអាសូទ្រូងចាំគេឬ?។
៨៦. ហេតុអ្វីនាងគិតឱ្យចិត្តជ្រួល អ្នកកុំគិតហួសថាខ្ញុំឈឺ
អ្វីៗគ្រប់យ៉ាងត្រូវតែភ្លឺ ត្រូវមានពន្លឺសារជាថ្មី។
៨៧. បើប្រុសមានគូរខ្ញុំស៊ូឃ្លាត ចិត្តលែងចង្អៀតឃ្លាតអាល័យ
សូមជូនពរគេនឹងគូថ្មី អស់ពីដួងចៃជួបក្តីសុខ។
៨៨. ហើយខ្ញុំនឹងខំសាងចិត្តថ្មី លុបក្តីស្រមៃឱ្យអស់ទុក្ខ
ចាប់ពីថ្ងៃនោះតទៅមុខ លែងស្វែងរកទុក្ខស្នេហ៍ទៀតហើយ។
៨៩. ជ្រៃស្នេហ៍អព័ភ្វភ្ជាប់និស្ស័យ នៅតែមានន័យជាខ្នល់ខ្នើយ
រន្ទះភ្លៀងផ្គរខ្យល់បក់ខ្ចាយ ជ្រៃឥតនឿយណាយតស៊ូរស់។
៩០. បាបបុណ្យគុណទោសជាគំនិត ស៊ូឱ្យអាប់ចិត្តកុំអាប់យស
បើប្រុសមានគូលែងស៊ូស្មោះ ជ្រៃលែងអាលោះអស់អាល័យ។
៩១. លាហើយក្តីស្នេហ៍ដែលគ្មានភ័ព្វ លាហើយឈឺចាប់សម្រាប់ស្រី
ជាតិនេះអួរអាប់ចាំជាតិថ្មី ម្លប់ដើមពោធិ៍ជ្រៃចាំថ្លៃមក។
ជ្រៃស្នេហ៍អព័ភ្វ (បទកាកគតិ)
៩២. ស្នេហាជាអ្វី? ធ្វើឱ្យរូបស្រី ខ្វះទីជំរក
មិនរត់រកស្នេហ៍ ចាំឱ្យគេមក ចាំលើជ័យជោគ
លើព្រហ្មលិខិត។
៩៣. ព្រោះតែកតញូ នាងខំតស៊ូ ជំនះជីវិត
ផ្លូវពីររែកពន់ នាងមិនហ៊ានជិត ដើរដោយគំនិត
ឈរចំកណ្តាល។
៩៤. ហត្ថាទាំងទ្វេ នាងលើកហើយរេ ឥតត្រេកត្រអាល
ជំហរបេះដូង ឈរចំកណ្តាល ទោះធ្ងន់ឬស្រាល
មិនឱ្យលម្អៀង។
៩៥. ឱសឱជីវិត ធម្មជាតិដួងចិត្ត ក្រោមតំណក់ភ្លៀង
ជួយនាំសេចក្តី អត្ថន័យចម្រៀង ស្នេហ៍ឥតលំអៀង
ច្រៀងប្រាប់លោកិយ។
៩៦. ហេតុអ្វីងងឹត មិនយោគយល់ចិត្ត បេះដូងចរណៃ
ធ្វើឱ្យនាងខ្វល់ មិនយល់រស្មី ខ្លាចភពផែនដី
ព្រោះតែក្តីស្នេហ៍។
៩៧. កម្លាំងអនុភាព សូមជ្រៃសៀមរាប រស់បានឋិតឋេរ
ជាមួយបំណង ប៉ងរង់ចាំស្នេហ៍ សូមឱ្យមាសមេ
សមស្នេហ៍ដូចចិត្ត។
៩៨. ឯស្ទឹងសែនវិញ នឹងឈប់ទោម្នេញ កសាងជីវិត
បំភ្លេចរឿងចាស់ ក្រឡាស់អតីត ជ្រៃអស់ជីវិត
ចិត្តដាំជ្រៃថ្មី។
៩៩. ជ្រៃរស់រង់ចៃកម្មចាំវាសនា រង់ចាំហត្ថាជីវាថ្លៃ
មកលោមបីបមថ្នមបមបី ថ្ងៃណាទើបស្រីផុតក្តីទុក្ខ។
១០០. ស្នេហ៍ដូចវេហាស៍យប់និងថ្ងៃ ម្តងសុខម្តងភ័យរីងរៃទុក្ខ
ឈឺពេញឱរាខ្លោចផ្សាចុក ស្អែកសុខស្អែកទុក្ខមួយពាន់ដង។
និពន្ធដោយ៖ លាក់ ម៉ាឡែន
Posted on ខែមិថុនា 14, 2012, in ប្រលោមកំណាព្យ, លាក់ ម៉ាឡែន and tagged ជ្រៃស្នេហ៍អភ័ព្វ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0