រឿងខ្លី ស្នាមថើបក្នុងក្រអៅបេះដូង វគ្គ៦

ស្នាមថើបក្នុងក្រអៅបេះដូងវគ្គ៦

          ពេលនេះ រតនាកំពុងឈរនៅលើស្ពានឈើ

នៃស្រះមួយក្នុងខេត្តព្រះវិហារ នាស្រុកកំណើតរបស់ខ្លួន។

នាងបន្លឺឡើងខ្លាំងៗតែម្នាក់ឯង៖ “ទីនេះហើយ ដែលធ្វើឲ្យខ្ញុំ

ចងចាំមនុស្សម្នាក់ ទីនេះហើយ ដែលធ្វើឲ្យខ្ញុំភ្លេចមនុស្សម្នាក់

ខ្ញុំមិនឲ្យអ្នក ធ្វើឲ្យខ្ញុំវង្វេងបែបនេះទៀតទេ”។

ភ្លុង! តើក្មេងស្រីម្នាក់នេះកំពុងតែធ្វើអីហ្នឹង? នាងលោតចូលទៅក្នុងស្រះទឹកហើយ ខួរក្បាលនៅតែដើរទៀត៖ “នៅទីបំផុត ខ្ញុំអាចមើលឃើញបងហើយ រយៈពេលប្រាំថ្ងៃដែលខ្ញុំកាន់ដៃបង រយៈពេលប្រាំថ្ងៃដែលខ្ញុំបញ្ចុកបាយបង    រយៈពេលប្រាំថ្ងៃដែលខ្ញុំគេងនៅក្បែរបង ខ្ញុំអាចមើលឃើញបងហើយ ខ្ញុំលែងស្រពេចស្រពិលទៀតហើយ…………បងជី! តើបងនៅទីណា? បងឮខ្ញុំហៅទេ? ខ្ញុំនឹកបង………….ខ្ញុំនឹកបង…………….លាហើយ!”។ សំឡេងលោតទឹកភ្លុងពីក្រោយ តើនរណាហ្នឹង? យុវជនស្រង់យុវតីមកដល់លើ នាយបន្លឺខ្លាំងៗ៖ “រតនា! រតនា…….”។ ពេលនេះ កន្និដ្ឋាហាក់មានអារម្មណ៍ថា អ្នកណាយកអ្វីដាក់លើបបូរមាត់របស់នាង? ត្របកភ្នែកដែលផ្តើមបើកសន្សឹមៗ ទន្ទឹមនឹងសំឡេងបន្លឺឡើង៖

-បងជី!……………គឺបងជីមែនទេ?

-មិនមែនទេ!

រតនាស្ទុះងើបឡើង ទាំងអាការឈ្លក់ទឹកនៅឡើយ។ សំឡេងក្អកឃូសៗ ហើយងាកសម្លឹងទៅយុវជន៖

-លោកនាយក! ហេតុអីក៏លោកនៅទីនេះ?

-គឺ……………

-លោកគឺបងជីមែនទេ?

-មិនមែនទេ!

-កុហក!…………បើលោកមិនមែនបងជី ហេតុអីក៏លោកមកដល់ទីនេះ?

-ប្រហែលជាចៃដន្យទេ

-លើកណាក៏ចៃដន្យដែរមែនទេ?

-រតនា!

-មួយរយៈកន្លងទៅ ខួរក្បាលរបស់ខ្ញុំបានភ្លេចមែន តែបេះដូងខ្ញុំមិនបានបំភ្លេចសូម្បីតែមួយវិនាទី បើលោកមិនមែនជាបងជីរបស់ខ្ញុំ សូមកុំមករវីរវល់ជាមួយខ្ញុំ កុំធ្វើឲ្យខ្ញុំចេះតែមានអារម្មណ៍ថា គាត់នៅក្បែរខ្ញុំ ព្រោះអារម្មណ៍បែបនោះ វាឯកា និងពិបាកក្នុងខ្លួនណាស់………….

-នាងចង់ទៅណា?

-កុំរវីរវល់នឹងខ្ញុំ ខ្ញុំទៅណាជារឿងរបស់ខ្ញុំ គ្មានទាក់ទងនឹងលោកទេ

-អ៊ីចឹងទៅជាមួយពួកខ្ញុំទៅ!

-លោកគ្រូស៊ាំ! (យុវជនបន្លឺ)

-ពួកលោកចង់ធ្វើអី?

-កុំប៉ះពាល់នាងណា!

លោកគ្រូស៊ាំ និងគ្នីគ្នាពីរនាក់ ស្រាប់តែបង្ហាញមុខឡើង។ តើគាត់មានបំណងអ្វី? មកដល់ក្នុងព្រៃមានខ្ទមស្ងាត់មួយ ជាប់ចំណងជាមួយគ្នា បែរជាធ្វើឲ្យយុវតីលែងស្រដីអ្វីទាំងអស់ តែអាការរបស់នាងហាក់ដូចជាចាញ់អាកាសធាតុហើយ។ ជីនិតបន្លឺតិចៗងាកខ្លួនទៅអង្រួនខ្លួននាង៖

-រតនា! តើនាងយ៉ាងម៉េចហើយ?………..នាងឆ្លើយតបនឹងខ្ញុំមក!

-បងជី!……ខ្ញុំនឹកបង

-បងនៅក្បែរអូនហើយ………….មានអ្នកណានៅក្រៅទេ………មានមនុស្សទេ?

-លោកនាយកស្រែកអី ទីនេះគ្មានមនុស្សទេ ម្យ៉ាងភ្លៀងខ្លាំងយ៉ាងនេះ ទោះជាមានមនុស្សក៏គេមិនមកដល់ទីនេះដែរ  (លោកគ្រូស៊ាំដើរចូលមក)

-តើលោកមានបំណងអី?

-ការពិតលោកនាយកមិនមែនជាគោលដៅរបស់ខ្ញុំទេ ចង់បន្ទោសគឺបន្ទោសលោកខ្លួនឯង ដែលចេះតែនៅក្បែរនាង ហើយតាំងខ្លួនជាវីរបុរស

-ការពិតឧប្បត្តិហេតុកើតឡើងទាំងប៉ុន្មានចំពោះខ្លួនខ្ញុំ គឺលោកគ្រូជាអ្នកបង្កឡើងមែនទេ? (រតនាបន្លឺ)

-នាងដឹងខ្លួនហើយ! (ជីនិតឧទាន)

-ត្រូវហើយ! តែយើងក៏សរសើរនាងខ្លះដែរ គ្រូល្អ! សុខចិត្តការពារសិស្សមិនគិតពីជីវិតរបស់ខ្លួន

-លោកគ្រូសាហាវពេកហើយ តារាជាសិស្សលោកគ្រូណា មួយទំហឹងបាល់នោះ បើសិនជាប៉ះត្រូវគេ………….

-បើប៉ះត្រូវវា តើវាយ៉ាងម៉េច? យើងស្អប់ក្មេងស្រី ដែលធ្វើជាចេះដឹងដូចជានាងនេះណាស់ គ្រូល្អស្អី មិនប្រើហិង្សាស្អី យើងបង្រៀនសិស្សដប់ម្ភៃឆ្នាំហើយ មិនដែលឃើញមានស្អីផង គ្រាន់តែនាងមកដល់ភ្លាម ក៏ធ្វើឲ្យយើងបាត់បង់ការងារភ្លាម លោកក៏ដូចគ្នា នៅហ៊ានយកសិស្សរបស់ខ្ញុំ ទៅដាក់ឲ្យស្រីចង្រៃនេះទៀតបើឃើញមានសិស្សណាស្លាប់ ដោយសារតែខ្ញុំវ៉ៃទៅ ខ្ញុំមិនថាទេ ខ្ញុំវ៉ៃវាគឺគ្រាន់តែចង់ឲ្យវាចេះតើ

-ពួកគេនឹងចេះ គឺចេះបានជម្ងឺមួយទៀត គឺភ័យខ្លាច សាលាកុមារមេត្រី មេត្រីអី លោកគ្រូមិនធ្វើតែស្តសិស្សលោកគ្រូទៅ តើមានប៉ុន្មាននាក់ ដែលចង់ចូលថ្នាក់រៀននោះ?

-បិទមាត់ទៅ!

-រតនានិយាយត្រូវ! លោកគ្រូមិនបានឃើញទេ នៅពេលសិស្សលោកគ្រូទៅចូលជាមួយនឹងសិស្សរតនា គឺមិនខុសពីហ្វូងចៀមនិងហ្វូងតោនោះឡើយ

-លោកចង់និយាយថា សិស្សរបស់ខ្ញុំជាហ្វូងចៀមអ៊ីចឹងអ្ហេ?

-ត្រូវហើយ! បើសិនជាខ្ញុំចាប់អារម្មណ៍ឃើញបញ្ហាបែបនេះកើតឡើង ខ្ញុំប្រហែលជាបញ្ឈប់លោកគ្រូតាំងពីយូរម្ល៉េះ មិនមែនទើបតែពេលនេះទេ ការអប់រំបែបនេះ គឺហួសសម័យហើយ លោកគ្រូគួរតែគិតសារឡើងវិញ ថាអ្វីដែលពួកយើងធ្វើនេះ ខុសឬក៏ត្រូវ?

-និយាយអ៊ីចឹង យើងនៅតែជាអ្នកខុសដដែល តែយើងនៅតែមិនអាចលើកលែងឲ្យនាងបានឡើយ

-លោកគ្រូចង់ធ្វើស្អី?

លោកគ្រូស៊ាំទៅស្រាយចំណងឲ្យយុវតី ដែលស្ទើរតែបាត់បង់ស្មារតី និងគ្មានកម្លាំងកំហែងទាល់តែសោះ។ គាត់អូសនាងចេញមកក្រៅខ្ទម ទោះបីយុវជនស្រែកលោមគាត់មិនឲ្យធ្វើបាបនាងយ៉ាងណាក៏ដោយ៖

-តើលោកគ្រូត្រូវការអី ខ្ញុំនឹងប្រគល់ជូនលោកគ្រូទាំងអស់ លោកគ្រូលើកលែងឲ្យនាងទៅ

-យើងត្រូវការកូនប្រុសរបស់យើងមកវិញ លោកមិនអាចឲ្យយើងបានទេ?

លោកគ្រូស៊ាំច្រានយុវតីដួលភីងទៅលើដី តែអ្វីដែលយុវតីសម្លឹងឃើញទាំងស្រពេចស្រពិលនោះ គឺផ្នូរ។ នាងបន្លឺឡើងខ្សាវៗ៖

-ទីនេះ…………

-ទីនេះ គឺផ្នូររបស់កូនប្រុសយើង ដែលនាងធ្វើឲ្យវាស្លាប់

-ខ្ញុំ…..ធ្វើ…..ឲ្យកូនប្រុសលោកស្លាប់អ្ហេ?

-ត្រូវហើយ! បើកុំតែនាង យើងក៏មិនខូចចិត្តរហូតទៅផឹកស្រាស្រវឹង ជ្រុលដៃវាយប្រពន្ធកូន រហូតកូនយើងត្រូវស្លាប់យ៉ាងនេះដែរ

-ប្អូនប្រុស! សូមឯងទៅកាន់សុគតិភពចុះ ប្អូនអស់កម្មនឹងឪពុកចិត្តកំណាចនេះហើយ…………….

-នាងនិយាយស្អី!

-លោកគ្រូតែងតែយកកំហុសខ្លួនឯងទៅដាក់ឲ្យអ្នកដទៃ បរាជ័យខ្លួនឯងសុទ្ធតែខុសមកពីគេ លោកគ្រូពិតជាគ្មានថ្នាំព្យាបាលទេ….. លោកគ្រូប្រហែលជា ចង់យកសាកសពខ្ញុំមកសែនផ្នូរកូនប្រុសលោកគ្រូណាស់មែនទេ?

-ត្រូវហើយ!

-តែបើតាមខ្ញុំយល់ ប្អូនប្រុសគេមិនត្រូវការខ្ញុំទេ គេត្រូវការឪពុកគេជាង

-នាង!

-ខ្ញុំនិយាយត្រូវមែនទេ!…………..តែស្តាយណាស់ ខ្ញុំគ្មានកម្លាំងនិយាយតទៅទៀតទេ លោកគ្រូចង់សម្លាប់ ចង់កាប់ចិញ្រ្ចាំខ្ញុំយ៉ាងណា….ក៏តាមចិត្ត……..

យុវតីសន្លប់បាត់ស្មារតីក្បែរផ្នូរ។ សូរប៉័ងបន្លឺឡើង។ លោកគ្រូស៊ាំដួលខ្ពោកសន្លប់បាត់ស្មារតី យុវជនត្រកងបីលើកយុវតីដាក់លើខ្នងរបស់ខ្លួន ចាកចេញពីទីនោះ ឥតបង្អង់។ នៅតាមផ្លូវ ដែលងងឹតមើលអ្វីពុំធ្លុះ ឯភ្លៀងស្ទើរតែរលុះមេឃបាក់ធ្លាក់ចុះមក ធ្វើឲ្យយុវជនពិបាកក្នុងការរកផ្លូវដើរខ្លាំងណាស់។ យូរៗ នាយបន្លឺដាស់យុវតីម្តង៖ “អូនទ្រាំបន្តិចទៅ! បងមិនឲ្យអូនមានរឿងអ្វីកើតឡើងទេ”។ ឃើញពន្លឺចង្អៀងផ្ទះអ្នកភូមិហើយ យុវជនត្រេកអរណាស់ នាយស្ទុះរត់ចូលទៅ៖

-មានអ្នកណានៅទេ?………..មានមនុស្សទេ?

-ពុកវាមែនទេ?

ស្រ្តីចំណាស់ម្នាក់ស្ទុះចេញមក៖

-អ៊ំស្រី! សូមមេត្តាឲ្យពួកខ្ញុំចូលជ្រកផង ប្អូនស្រីខ្ញុំ មិនស្រួលខ្លួនទេ

ស្រ្តីចំណាស់ សម្លឹងយុវវ័យទាំងពីរនេះមួយស្របក់ ទើបបន្លឺ៖

-អ៊ើ! នាំនាងចូលមក……….ដាក់នាងលើគ្រែនេះសិនទៅ……..ចាំអ៊ំទៅយក   សម្លៀកបំពាក់មកឲ្យផ្លាស់បណ្តោះអាសន្នសិន…..ហ៏!

អ៊ំស្រីបោះសម្លៀកបំពាក់ ក្នុងកាយវិការសោះកក្រោះ រួចគាត់ក៏ងាកទៅយកអាវភ្លៀងមកពាក់ខ្លួនឯង ហើយបម្រុងដើរចេញទៅ៖

-តើអ៊ំទៅណា?

-អ៊ំចាំប្តីយូរហើយ មិនដឹងជាបាត់គាត់ទៅណាទេ អ៊ំទៅរកគាត់មួយភ្លែត បើគិតថាស្រួលខ្លួនហើយ ទៅពេលណាក៏ទៅៗ ផ្ទះអ៊ំគ្មានវត្ថុមានតម្លៃអីទេ

អ៊ំស្រីម្នាក់នេះ ដូចជាចម្លែកមែន។ ស្តីហើយគាត់ក៏ចេញទៅបាត់។ យុវជនលើកសម្លៀកបំពាក់មកកាន់នឹងដៃ ហើយសម្លឹងទៅយុវតី ដែលរវើរវាយនិយាយមិនឈប់៖

-បង…..ចាំ….ខ្ញុំមួយភ្លែត…………….ខ្ញុំ….អត់ភ្លេចបងទេ…….

-…..បងមិនដែលភ្លេចអូនទេ……….សូមទោស!

យុវជនត្រកងយុវតីឡើង។ នាយហាក់សញ្ជឹងមួយសន្ទុះ ក៏សម្រេចចិត្តពន្លត់  ចង្កៀង។ បន្ទាប់ពីផ្លាស់សម្លៀកបំពាក់ឲ្យយុវតីហើយ យុវជនយកកន្សែងជ្រលក់ទឹកជូតខ្លួនឲ្យនាង ដើម្បីបន្ថយកំដៅ។ អ្នកកំលោះសម្លឹងទៅផ្ទៃមុខដ៏ផូរផង់របស់         មាណវី។ នារីមិនដឹងទេថា ហត្ថារបស់នាង ត្រូវអ្នកកំលោះក្រសោបជាប់ក្តាប់យ៉ាងណែន។ ឱ! ម្រាមដៃដ៏ទន់ស្រឡូន ដៃស្ងួនដែលបងធ្លាប់កាន់ បងមិនដែលភាន់ច្រឡំម្តងណាឡើយពីអារម្មណ៍មួយនេះ។ ការគេចវេះ វាស្ទើរតែធ្វើឲ្យបងប្រេះឱរា ទោះអូនមិនដឹងថា បងខ្លោចផ្សាយ៉ាងណាក៏ដោយ តែបងចង់ឲ្យអូនមានសេចក្តីសុខ។ ប៉ុន្តែផ្ទុយទៅវិញបងទេជាអ្នកទទួលក្តីសុខ ព្រោះតែអូនបានទុកស្នាមថើបមួយឲ្យបង ហេតុអ្វីភាពមួរហ្មងបែរជាស្ថិតនៅលើខ្លួនអូនទៅវិញ សូមទោស។ ឆាកជីវិត គឺអ៊ីចឹង! អ្នកណា ទៅសម្លឹងមើលឃើញអនាគតបាន? អ្នកណាទៅនឹកស្មាន ថាស្នាមដាននេះលុបមិនជ្រះ។ ហ៊ឺ!………………..

មួយរាត្រីនេះ ហេតុអ្វីស្រស់ស្រីមានអារម្មណ៍ថាកក់ក្តៅម្ល៉េះ? ដៃរបស់នាងមិនរបេះពីយុវជនឡើយ ក្រសោបឱបហើយ មិនចង់ឡើយភ្ញាក់ពីការយល់សប្តិនេះ តែហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងម្ល៉េះ នៅពេលភ្នែកមួយគូនេះ ឃើញវង់ភ័ក្រដ៏ស្រទន់របស់អ្នកកំលោះ។ មាណវីស្ទុះងើបអង្គុយឡើង សម្លឹងមើលជុំវិញខ្លួន ស្រាប់តែភ្ញាក់ព្រើតនៅពេលសំឡេងយុវជនបន្លឺឡើង៖

-ភ្ញាក់ហើយអ្ហេ?

-ទីនេះ?

-ជាផ្ទះអ៊ំស្រីម្នាក់ តែគាត់ចេញទៅរកប្តីរបស់គាត់បាត់ហើយ

-សម្លៀកបំពាក់ខ្ញុំ………..!

-គឺ………….អូ! អ៊ំស្រីមកវិញហើយ

រតនាភ្ញាក់ព្រើតស្ទុះទៅក្បែរយុវជន ព្រោះតែសម្លឹងឃើញបុរស ដែលដើរពីក្រោយអ៊ំស្រីនោះ។ ជីនីតចាប់ដៃនាងជាប់ ហើយក៏ស្ទុះទៅម្ខាង ទើបបន្លឺឡើង៖

-គឺលោក!

-ម៉េចក៏ពួកឯងនៅទីនេះទៅវិញ?

-មានរឿងអី តាស្គាល់ក្មេងពីរនាក់នេះដែរអ្ហេ?

-អត់….ទើប…..តែស្គាល់នេះឯង

-រដិបរដុបទៀតហើយ តាឯងទៅធ្វើអាក្រក់ទៀតហើយមែនទេ?

-អត់…ទេ!

-នៅហ៊ានកុហកទៀត ខ្ញុំទៅយកពូថៅសិន…….

-ខ្ញុំនិយាយក៏បាន……..ការពិតអាស៊ាំ វាបានមកពឹងខ្ញុំ ឲ្យជួយវា ចាប់ក្មេងពីរនាក់នេះ ទៅសែនកូនវា

-ថាម៉េច! តាឯងធ្វើតាមគាត់អ៊ីចឹងអ្ហេ?

-ខ្ញុំស្មានថា វាគ្រាន់តែចង់ឲ្យពួកគេទៅសែនធម្មតា មិនបានដឹងថា វាចង់សម្លាប់ពួកគេអ៊ីចឹងទេ

-ដល់ថ្នាក់សម្លាប់ផងអ្ហេ

-ខ្ញុំបានហាមវាដែរ តែវាមិនស្តាប់ ទើបខ្ញុំរកច្រកត្រឡប់មកផ្ទះវិញហ្នឹងណា ពួកឯងមិនអីគឺប្រសើរហើយ ខ្ញុំសូមទោសណា តែឯងកុំបារម្ភអី ខ្ញុំនឹងអាសុខ បានប្តឹងប៉ូលីសហើយ ពេលនេះ អាស៊ាំប្រហែលជាត្រូវប៉ូលីសឃាត់ខ្លួនហើយ ឲ្យខ្ញុំសូមទោស កុំប្តឹងខ្ញុំដាក់គុកអី ខ្ញុំមានតែពីរនាក់តាយាយប៉ុណ្ណោះ

-ពិតមែនហើយ! កាលពីយប់មិញ អ៊ំក៏បានឲ្យផ្ទះពួកឯងស្នាក់អាស្រ័យដែរ លើកលែងឲ្យតារបស់អ៊ំផងទៅណា

-បាទ!…មិនអីទេអ៊ំ អ៊ីចឹង ពួកខ្ញុំត្រឡប់ទៅវិញហើយ

-អរគុណក្មួយប្រុសក្មួយស្រី

-អរគុណ

-ផ្លាស់សម្លៀកបំពាក់សិនទៅ (យុវជនស្រដីទៅកាន់យុវតី)

-ពួកអ៊ំនៅចាំខាងក្រៅសិន

អ្នកកំលោះហុចសម្លៀកបំពាក់ទៅយុវតី នាងមិនស្រដី តែឈោងសម្លៀក-    បំពាក់មកកាន់ ក្នុងអាការអឹមអៀន៖

-យ៉ាងម៉េចហើយ? មិនចង់ត្រឡប់ទៅវិញទេអ្ហេ?

-ចង់ តែ………

-អូ! សូមទោស……..នាងផ្លាស់ខោអាវចុះ ខ្ញុំទៅចាំខាងក្រៅ

យុវជនដើរចេញមក លាយនឹងស្នាមញញឹមតិចៗ។ មួយសន្ទុះ រតនាក៏ដើរចេញមក។ ពួកគេទាំងពីរលាអ៊ំទាំងពីរត្រឡប់ទៅផ្ទះវិញ។

សូមរង់ចាំវគ្គ៧

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 15, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged . Bookmark the permalink. 2 មតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: