ប្រាំខែស្នេហ៍ចប់(បទកាកគិតិ)
រស្មីពណ៌ឆើត រះទិសខាងកើត សែនស្រស់ប្រិមប្រិយ
គឺព្រះអាទិត្យ បញ្ចេញរស្មី ធម្មជាតិខៀវខ្ចី
ស្រីឈរក្បែរបង ។
យើងស្តីចរចារ ភាសាស្នហា នៅក្បែររបង
ខ្លោងទ្វាសាលា យើងឈរផ្តោះផ្តង គ្រានោះគឺបង
ចាំយ៉ាងច្បាស់ថា ។
ព្រឹកម៉ោងប្រាំបី ស្រីស្រស់ពិសី អូនបានសន្យា
ពេលយើងរៀនចប់ យើងចូលរោងការ គឺរូបជីវា
ថាស្មោះលុះក្ស័យ ។
អូនប្រាប់យ៉ាងច្បាស់ ថែមទាំងប្រកាស ប្រាប់មិត្តភក្តិស្រី
ឲ្យគេបានដឹង ជួយឲ្យពរជ័យ នេះជាសម្តី
កាលស្រីនៅស្នហ៍ ។
ព្រឹកល្ងាចថ្ងៃយប់ ដើរមិនឈរឈប់ អស់ពេលប្រាំខែ
ពេលនេះគឺស្រី ចាប់ផ្តើមកែប្រែ រូបខ្ញុំស្ទើតែ
នឹកស្មានមិនដល់ ។
អូនជាក្រមុំ ឫកពាររម្យទុំ មិនគួរមានកល
ធ្វើឲ្យរូបបង ចំបែងខ្វាយខ្វល់ ពេលនេះនៅសល់
តែក្តីស្រមៃ ។
បុប្ផាដ៏ស្រស់ មិនគួរណាសោះ អូនជាកាកី
ចិត្តអូនសាវា ឫស្យាអប្រិយ ភ្លេចអស់សម្តី
ស្រីធ្លាប់សាសង ។
ម្តេចសាហាវម្ល៉េះ ទ្រូងបងស្ទើប្រេះ ទៅហើយស្នហ៍ស្នង
ព្រោះតែនៅគិត រឿងដែលកន្លង ភាសាអូនបង
សាសងពាក្យស្នេហ៍ ។
នឹកឃើញកាលណា សែនឈឺចាប់ផ្សា ទុក្ខព្រួយឥតល្ហែ
មិនគួរណាសោះ ស្រណោះម្ល៉េះទេ មិនគួរមកក្បែរ
ស្នេហ៍ស្រីចិត្តរយ ។
ល្មមកែខ្លួនទៅ ប្រយ័ត្នណាពៅ កម្មពៀថ្ងៃក្រោយ
កុំអាងសម្រស់ ឲ្យគេទុក្ខព្រួយ កុំយកខ្លួនមួយ
បោកប្រុសរាប់ពាន់ ។
កុំអាងរូបល្អ អាងសាច់ពៅស អូនថាខ្លួនគ្រាន់
ឃើញកំណាព្យនេះ ត្រូវឆាប់រួសរាន់ កែជាបន្ទាន់
កុំនៅសាវា ។
កំណាព្យយ៉ាងខ្លី ជូនស្រស់ចរណៃ ស្រីពិចារណា
ឲ្យអូនភ្ងាក់ខ្លួន ឈប់ល្មោភស្នេហា កុំយកកាយា
ដើរបោកប្រុសទៀត ។
ប្រយ័ត្នវាធ្លោយ ថ្ងៃណាវាស៊យ គេដឹងពីស្នៀត
ដឹងពីល្បិចកល យល់ទាំងមាយាទ ប្រាប់ហើយប្រាប់ទៀត
ឈប់ទៅណាស្រី ។
រូបបងមិនខឹង ជូនពរព្រលឹង ហើយនិងអ្នកថ្មី
សូមទទួលយក នេះជាពរជ័យ ចេញពីហឫទ័យ
ជូនស្រីមាសម៉ុម។
សូមអូនបានសុខ ថ្ងៃនេះទៅមុខ រស់នៅសុខុម
ទោះបងឈឺផ្សា ក៏បងមិនយំ សង្ឃឹមថាម៉ុម
អូនបានសុខា ។
មុនចប់សូមផ្តាំ ស្រីអូនត្រូវចាំ រៀមសូមផ្តាំថា
ថ្ងៃណាដែលស្រី អូនចូលរោងកា កុំភ្លេចសង្សារ
សុំចូលរួមផង៕
សៀមរាបថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០០៦
និពន្ធដោយ៖ លោក តិក លីហ៊ាន
Posted on ខែមិថុនា 16, 2012, in កំណាព្យ, តិក លីហ៊ាន and tagged ប្រាំខែស្នេហ៍ចប់. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0