ចិត្តខ្ញុំ(បទពាក្យ៧)
ចង្រិតកំដរដូរតន្រ្តី
គិតតែងកំណាព្យជូនទៅស្រី
ក្នុងពេលរាត្រីអោយបានស្បើយ។
មុននឹងបញ្ចប់ន័យជីវិត
ខ្ញុំតែងរឿងពិតនេះឲ្យហើយ
ផ្តាំស្រីទុកមុនកុំកន្តើយ
សូមកុំព្រងើយថាចិត្តព្រាន។
ខ្ញុំស្រឡាញ់អ្នកលើចរិយា
ខ្ញុំតែងអក្ខរាឥតលាក់លៀម
និយាយឲ្យចំក្នុងចិត្តរៀម
ក្នុងទ្រូងគ្រាំឈាមព្រោះស្នេហ៍ស្នង។
កំណាព្យកាព្យជួនដែលខ្ញុំតែង
រៀបចំចាត់ចែងជូននួនល្អង
បើមានពាក្យពេជ្រលើសលោះឆ្គង
ថ្លៃបំពេញផងសូមខន្តី។
ពីព្រោះរូបខ្ញុំមិនមែនជា
កវីពុំងាសូមអភ័យ
អូនជួយកែពាក្យមិនគប្បី
មេត្តាលកលៃអោយល្អជា។
ពេលខ្លួនក្រមុំស្រស់ប្រិមប្រិយ៍
ក្រអូបឥតបីគ្រប់វេលា
សម្លៀកបំពាក់សមសោភា
សក់ស្រីពុំងាសក់រំសាយ។
ស្រឡាញ់ខ្លួនណាស់តែងផ្ចិតផ្ចង់
ទៅណាម្តងៗមើលរាងកាយ
រៀបចំខ្លួនប្រាណមិនរាយមាយ
គួរគយគន់ឆ្ងាយកល្យាណី។
ខ្ញុំស្រឡាញ់អ្នកលើសហត្ថា
ក្នុងចិត្តប្រាថ្នាជាងអ្វីៗ
ជាជាតិនេះបើមិនបានស្រី
ជីវិតគ្មានន័យដូចសត្វឆ្កែ។
សូមអូនផ្ដល់ទឹកដមវាចា
ឲ្យបងមេត្តាអ្វីតាមដែរ
បងអន់ចិត្តជាកូនអ្នកស្រែ
បើខ្ញុំកែប្រែវាសនាបាន។
បើព្រហ្មលិខិតចារជាគូរ
នោះមិនយូរបងបានកល្យាណ
នោះយើងទាំងពីរបានសុខសាន្ត
ហើយយើងបានកៀកកើយហត្ថា។
និពន្ធដោយ៖ លោក ឃឿម គឹមចេក
Posted on ខែមិថុនា 17, 2012, in កំណាព្យ, ឃឿម គិមចេក and tagged ចិត្តខ្ញុំ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0