រឿងខ្លី ស្នេហាក្នុងបេះដូង វគ្គ១

ក្របដោយ៖ លាក់ ម៉ាឡែន

វគ្គ១

          រំដួលសៀមរាបជាឈ្មោះភោជនីយដ្ឋានមួយ

ដែលមានទីតាំងនៅផ្លូវក្រវ៉ាត់ក្រុងក្នុងខេត្តសៀមរាប។

ភោជនីយដ្ឋាននេះមិនធំណាស់ណាឡើយ តើអ្នកដឹងទេ

ថានរណាជាម្ចាស់ភោជនីយដ្ឋាននេះ?

រំដួលសៀមរាបកើតចេញពីនិស្សិតមួយក្រុម ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកការគ្រប់គ្រងទូទៅ។ ក្រុមនិស្សិតនេះមានគ្នាប្រាំពីរនាក់ ក្នុងនោះយុវតីមានបួនរូប និងយុវជនមានបីរូប។

យុវតីទាំងបួនរូបមានដូចជា៖

១. ផ្កាយ រំដួល អាយុ២៥ឆ្នាំ

២. សុខ ណារី  អាយុ២៣ឆ្នាំ

៣. ចាន់ នាសា អាយុ២២ឆ្នាំ

៤. វ៉ាន់ ដាលីន អាយុ២២ឆ្នាំ

យុវជនទាំងបីរូបមានដូចជា៖

១. ស៊ូ កក្កដា             អាយុ២៣ឆ្នាំ

២. ចាន់ កាណា         អាយុ២២ឆ្នាំ

៣. វ៉ាន់ ដាលី            អាយុ២២ឆ្នាំ

និស្សិតមួយក្រុមនេះ ថ្វីត្បិតតែមានវ័យក្មេង តែមានស្មារតីរឹងមាំខ្លាំងណាស់ពួកគេខិតខំប្រឹងប្រែងរួបរួមសាមគ្គីគ្នាអស់ពីកម្លាំងកាយចិត្ត ទើបបង្កើតបានរំដួលសៀមរាបនេះ   ឡើង។ រំដួលត្រូវបានសមាជិកក្នុងក្រុមចាត់ទុកជាមេដឹកនាំ។ នាងមានចរិតស្លូតសុភាព តែម៉ឹងម៉ាត់ ហើយនាងតែងតែមើលការខុសត្រូវលើសមាជិកក្នុងក្រុមទាំងអស់ទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ពួកគេទាំងអស់គ្នាស្រលាញ់គ្នាដូចជាបងប្អូនអ៊ីចឹង។

រំដួលជាអ្នកមើលការខុសត្រូវលើហាងទាំងមួល និងរាល់ការកុម្ម៉ង់របស់ភ្ញៀវ ណារីជាអ្នកគិតបញ្ជី នាសានិងដាលីនជាអ្នកនាំភ្ញៀវចូលតុ ចំណែកឯកក្កដា កាណា និងដាលីជាអ្នកលើកម្ហូបជូនភ្ញៀវ ចំណែកចុងភៅ ពួកគេចូលមកពីក្រៅ។

ហាងនេះមិនត្រឹមតែម្ហូបឆ្ងាញ់នោះទេប៉ុន្តែអ្វី ដែលរឹតតែឆ្ងាញ់ថែមទៀតនោះ គឺទិដ្ឋភាពក្មេងៗទាំងអស់នេះដែលចេះសាមគ្គីប្រឹងប្រែង យកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន។ មើលចុះ ម្នាក់ៗហាក់ដូចជាមមាញឹកណាស់៖

‍‍          -គិតប្រាក់តុលេខមួយ (រំដួលនិយាយ)

-ចាសបង!………នេះវិក័យប័ត្រតុលេខ៥បង (ណារីតប)

-គិតប្រាក់តុលេខបី (កាណានិងកក្កដាបន្លឺព្រមគ្នា)

ថ្ងៃនេះហាក់ដូចជាស្ងាត់ភ្ញៀវបន្តិច ម៉ោងទើបតែប្រាំបួនសោះអស់ភ្ញៀវទៅហើយ។ នាសាបន្លឺ៖

-ថ្ងៃនេះចំណូលបានប៉ុន្មានដែរណារី?

-ថ្វីត្បិតតែឆាប់ស្ងាត់ភ្ញៀវ ប៉ុន្តែមិនចាញ់ម្សិលមិញទេ

-ល្អណាស់អ៊ីចឹង………..អ្ហឺយ! ថ្ងៃនេះដូចជាហត់ដល់ហើយ(កក្កដានិយាយ)

-ពិតមែនហើយ!

-បើអ៊ីចឹងយប់នេះយើងបិទហាងត្រឹមនេះចុះ

-ពិតមែនអ៊្ហៃបង!

-ពិតមែនហើយ! ពូមីងចុងភៅ ពួកយើងសម្រាកត្រឹមហ្នឹងចុះយប់នេះ

-អ៊ីចឹង ពូរៀបចំទុកដាក់ហើយ

-ចាស បាទ

-អ៊ីចឹងពួកយើងនៅធ្វើអីទៀត ឆាប់រៀបចំទៅ

ជាការពិតណាស់ ថ្ងៃនេះពួកគេបានត្រឡប់ទៅផ្ទះរៀងៗខ្លួន ខុសពីថ្ងៃធម្មតា ដែលពួកគេគឹនាំគ្នាគេងនៅហាង លុះមេឃភ្លឺទើបត្រឡប់ទៅផ្ទះ ហើយពេលរសៀល ទើបត្រឡប់មករៀបចំហាងវិញ។

ក្រុមគ្រួសាររំដួលកំពុងនៅជួបជុំគ្នាមិនទាន់មាននរណាចូលគេងនៅឡើយ ក្នុងនោះមានម៉ាក់ មីង ប្អូនស្រីម្នាក់ បងស្រីម្នាក់ បងថ្លៃម្នាក់ និងក្មួយប្រុសម្នាក់។គ្រាន់តែឃើញរំដួលដើរចូលមក ពួកគាត់ក៏លាន់មាត់ព្រមគ្នាហាក់ដូចជាសប្បាយរីករាយណាស់អ៊ីចឹង៖

-ហេតុអីក៏ឃើញខ្ញុំមក ភ្ញាក់ផ្អើលយ៉ាងនេះ?

-ពួកយើងមានដំណឹងល្អប្រាប់បង

-ដំណឹងល្អអ៊្ហៃ ខ្ញុំចង់ស្តាប់ …………

-គឺ………………..

-កុលាបទុកឲ្យម៉ាក់ជាអ្នកនិយាយវិញ(បុប្ផាជាបងស្រីឧទាន)

-អ៊ីចឹងក៏បាន

-មានរឿងអ្វីដូចជាចម្លែកម្ល៉េះ

-ថ្ងៃមិញនេះ មានគេចូលសួរឯង តើឯងគិតយ៉ាងម៉េចដែរ?

-យកទៅបង!

-ឯងល្មមគិតហើយណារំដួល អាយុកាន់តែច្រើនហើយ

-តែខ្ញុំមិនទាន់ចង់បានទេម៉ាក់ ពេលនេះហាងរបស់ខ្ញុំកំពុងតែដំណើរការល្អបើរវល់តែគិតពីរឿងហ្នឹងខ្ញុំខ្លាចតែ……..កុំទាន់អីម៉ាក់

-កាលនៅរៀនថារវល់រៀន ដល់រៀនចប់ថារវល់ជាប់រកស៊ី ចុះឯងឲ្យវាដើរទន្ទឹមគ្នាទៅមិនបានទេអ៊្ហៃ?

-មិនស្រួលទេម៉ាក់ តែទោះយ៉ាងណាខ្ញុំពិតជាមិនទាន់ចង់បានទេ

-ឯងប្រាកដហើយអ្ហេ?

-ចាស!

-ឯងមិនមែនមាននរណានៅក្នុងចិត្តហើយទេអ្ហេ?

-មានមកពីណាម៉ាក់

-ចុះមិត្តរួមក្រុមរបស់ឯងនោះ គ្មានម៉ាក់មួយទេអ្ហេ?

-បងនិយាយអី ពួកគេក្មេងៗហ្នឹងខ្ញុំម៉េចនឹងអាច…………..

-មើលវាចុះ!

-ហេងស៊យដែរហ្នឹង ឯងខំនៅឲ្យយូរបន្តិចទៅ រឿងអីមិនបានប្តីក្មេង

-មើលប្តីបងឯងថាឲ្យខ្ញុំនោះ………ខ្ញុំមិនយកប្តីប្អូនទេ

-ចៀសណាស់វាជួបណាស់

-បានហើយ! នាំគ្នាទៅគេងទៅ………យ៉ាប់មែនកូនស្រីមួយនេះ

…………………………………………………………………………………

ពេលរសៀលហើយ រំដួលមកដល់ហាងមុនគេ។ នាងចាប់ផ្តើមរៀបចំតុ សម្រាប់ទទួលភ្ញៀវ។ មួយសន្ទុះ កក្កដាក៏មកដល់៖

-សួស្តីបង!

-សួស្តី! យប់មិញគេងលក់ស្រួលទេ?

-គេងស្រួលដល់ហើយបងអឺយ ត្រូវហើយ! ខ្ញុំយល់សប្តិឃើញពួកយើងទៅដើរលេងនៅភ្នំគូលែនទៀតផង

-តើសប្បាយទេ?

-មិនសប្បាយសោះ

-ហេតុអី?

-ព្រោះវង្វេងបាត់បងឯងហ្នឹងណា

-ម៉េចអ៊ីចឹង?

-បងដឹងទេ ខ្ញុំភ័យណាស់ ភ័យខ្លាំងតែមែនទែន ពួកខ្ញុំដើររកបងស្ទើរសព្វទីកន្លែង

ទាំងអស់ នៅទីបំផុតស្រាប់តែឃើញបងដើរចេញមកគ្រាន់តែឃើញបងភ្លាម បងដឹងថាខ្ញុំធ្វើម៉េចទេ?

-ឯងធ្វើម៉េចដែរ?

-ខ្ញុំក៏ស្ទុះរត់ទៅឱបបង ហើយថើបបងទៀតផង

-ផ្តេសផ្តាស

-ពិតមែនណាបង

-បងឈប់ស្តាប់ឯងហើយ ចេះតែនឹកឃើញ………

-បងមិនជឿហីទៅ………….តែខ្ញុំដូចជាសប្បាយចិត្តខ្លាំងណាស់

-នែ៎!ឈប់ស្រមើស្រមៃទៅ មកលើកតុនេះមក

-បាទ!

-សួស្តីបង!

-សួស្តីមិត្តទាំងអស់គ្នា

យុវវ័យទាំងប្រាំពីររូបមកជួបជុំគ្នាអស់ហើយ។ ដំណើរការរកស៊ី ក៏ចាប់ផ្តើមដូច       ធម្មតា។ ថ្ងៃនេះមានភ្ញៀវមួយក្រុមមានប្រុសមានស្រីប្រមាណជាប្រាំបីនាក់ចូលហាងរបស់ពួកគេដោយស្នាមញញឹមរួសរាយ តែប្រមាណជាពីរបីម៉ោងក្រោយមក គេឮសូរសំឡេងខ្លាំងៗជជែកគ្នា យូរទៅហាក់ដូចជាតឹងសរសៃកទៅ រំដួលនិងមិត្តឯទៀតនាំគ្នាស្ទុះចូលទៅ។ រំដួលបន្លឺ៖

-សូមទោស! តើមានបញ្ហាអ្វីមែនទេ?

-អ្ហូ!គ្មានរឿងអ្វីទេប្អូន……….នែ! ពួកយើងបានហើយ និយាយតិចៗទៅ យើងធ្វើឲ្យគេចាប់អារម្មណ៍ហើយណា(បុរសវ័យកណ្តាលម្នាក់បន្លឺ)

-អ្នកណាចាប់អារម្មណ៍ក៏ចាប់ទៅ ខ្ញុំមិនខ្វល់ទេ តែវាមើលងាយខ្ញុំណាបង គ្រាន់តែស្រាមួយកែវ ខ្ញុំសុំវាជល់តាមសម្រួលតើ ម៉េចក៏ប្រកាន់ឫកថ្លៃថ្នូរម៉្លេះ ក្រែងវាមកផឹកទីនេះដូចតែគ្នាតើ

ពេលដែលយល់ហេតុការណ៍ហើយ កក្កដា ដាលី និងកាណាក៏ងាកទៅនិយាយតិចៗប្រាប់មិត្តរួមក្រុមរបស់ខ្លួន៖

-បងទៅមើលភ្ញៀវទៅ ទុកឲ្យពួកខ្ញុំនៅមើលនៅទីនេះហើយ

-មែនហើយបង! (ដាលីនឧទាន)

-តែពួកឯងប្រយ័ត្នផងណា

-មិនអីទេ

-តោះពួកយើងទៅមើលភ្ញៀវទៅ

កក្កដានិយាយតិចៗទៅកាន់យុវជនម្នាក់ដែលនៅក្នុងក្រុមជាមួយគ្នានោះ៖

-សូមបងជួយខ្ញុំកុំឲ្យមានរឿងនៅទីនេះអីបង

-ត្រូវហើយបង!

-មិនអីទេ ពួកបងមិនបង្កការលំបាកដល់ប្អូនទេ……….បានហើយ! ពួកយើងគួរតែត្រឡប់ទៅវិញហើយ

-មិនទៅទេបង វាត្រូវសុំទោសខ្ញុំសិន

-ខ្ញុំមានរឿងអីដែលត្រូវសុំទោសឯងនោះ បើស្រវឹងហើយទៅដេកទៅ

-អាណាថាយើងស្រវឹង

យុវជនស្រវឹងស្រាបោកកែវទៅកណ្តាលវង់ធ្វើឲ្យលាន់សូរប្រាវ កាណាហាក់ដូចជាខឹងណាស់ប្រុងស្ទុះចូលទៅ តែដាលីនិងកក្កដាចាប់ដៃជាប់។ កក្កដាបន្លឺ៖

-ឯងប្រុងធ្វើអី ពួកគេជាភ្ញៀវណា……..ដាលីឯងនាំកាណាទៅមុខទៅ ទីនេះទុកឲ្យខ្ញុំបានហើយ

-ពួកយើងទៅ

-អ្ហឹះ!

ដាលីក្រៀកស្មាកាណាដើរចេញមកក្រៅ ជួននឹងរំដួលដើរចូលមកល្មម៖

-តើមានរឿងអីហ្នឹង?

-មិនសូវស្រួលទេបង បងឆាប់ចូលទៅមើលទៅ ………..ឯងអង្គុយនៅទីនេះហើយ

-តើមានរឿងអីហ្នឹង?

-ពួកនាងមើលកាណាផង កុំឲ្យគេចូលទៅក្នុងឲ្យសោះ

-តើពួកគេវាយគ្នាទេដឹង ខ្ញុំភ័យណាស់ដាលីន

-មិនអីទេឯងកុំភ័យអី

-ខ្ញុំទៅមើលពួកគេ(កាណាបន្លឺ)

-មិនឲ្យទៅទេ ដាលីបានប្រាប់រួចហើយ

គ្រាន់តែឃើញរំដួលដើរចូលទៅដល់ភ្លាម កក្កដាស្ទុះចូលទៅពីមុខនាង៖

-បងចូលមកធ្វើអី? ឆាប់ចេញទៅវិញទៅ ទីនេះទុកឲ្យខ្ញុំបានហើយ

កក្កដានិយាយមិនទាន់ផុតពីមាត់ផង សូរមាត់អ៊ូរលាន់ឡើង បុរសទាំងពីរ នាក់ត្រូវបានគេចាប់បំបែករៀងខ្លួន៖

-បានហើយបង ខ្ញុំអង្វរ (នារីម្នាក់ដែលនៅក្នុងក្រុមជាមួយបន្លឺ)

-យើងចង់ដឹងថា វាខ្លាំងប៉ុនណា

-ឯងស្មានថាយើងខ្លាចឯងអ្ហេ

កក្កដា និងរំដួលងាកមកមើលបុរសទាំងពីរដែលបម្រុងវាយគ្នាយ៉ាងស្លុងអារម្មណ៍ តែមិនបានធ្វើអ្វីទាំងអស់។ មួយសន្ទុះ ទើបគ្នីគ្នាគេនាំបុរសបង្កហេតុទៅកាន់យានជំនិះរៀងៗ    ខ្លួន។ ក្រោយពេលពួកគេទៅអស់ ទើបបុរសម្នាក់ដើរទៅរក រំដួល ហើយបន្លឺ៖

-ឲ្យបងសូមទោសផង ដែលបង្កបញ្ហាដល់ហាងប្អូន ប្អូនគិតទាំងការខូចខាតចូលក្នុងបញ្ជីចុះ

-នេះវិក័យប័ត្របង មិនជាខូចខាតអ្វីធំដុំទេ គ្រាន់តែបែកកែវអស់មួយប៉ុណ្ណោះ មិនអីទេ

-នេះប្រាក់! បងសូមទោសណា

-ចាសមិនអីទេ

-បងទៅសិនហើយ

-ចាស! លើកក្រោយសូមអញ្ជើញមកទៀតបង

-បាទអរគុណ

គ្រាន់តែបុរសចេញបាត់ កាណាសម្លឹងមុខរំដួល ហើយក៏និយាយតាម៖

-លើកក្រោយអញ្ជើញមកទៀតបង

រំដួលញញឹម ហើយសម្លឹងទៅរកកាណា៖

-ឯងមិនកើតស្អីទេអ្ហេ ម៉េចមកធ្វើត្រាប់តាមបងអ៊ីចឹង?

-គេមិនវាយទាំងម្ចាស់ហាងសំណាងហើយ នៅហ៊ានអញ្ជើញគេឲ្យមកលើកក្រោយទៀត

-ជាការគួរសមតើ យ៉ាងណាក៏ពួកគេជាភ្ញៀវដែរ

-ភ្ញៀវបង្ករឿងអ៊ីចឹង មិនស្វាគមន៍ទេ

-ជជែកគ្នារឿងអីហ្នឹង? (ដាលីនសួរ)

-គ្មានរឿងអីទេ ដាលីនឯងយកទឹកកកឲ្យកាណាញ៉ាំផង បងទៅលើកចាន

រំដួលថាហើយដើរចេញទៅទាំងញញឹម តែកាណាអង្គុយធ្វើមុខស្មើហាក់ដូចមិនទាន់បាត់ខឹងនៅឡើយ។ ដាលីនឃើញមិនសូវស្រួលក៏ទៅមើលភ្ញៀវបន្ត។ រំដួលកំពុងរៀបចំរើសអំបែងកែវដែលបែក ស្រាប់តែភ្ញាក់ព្រើតនឹងសំឡេងកក្កដា៖

-អ្នកណាឲ្យបងសម្អាតទីនេះ?

-អូយ!

-ឃើញទេមុតដៃហើយ!

-ហេតុអីក៏ឯងនិយាយខ្លាំងម្ល៉េះ

-នេះបងភ្ញាក់នឹងខ្ញុំអ្ហេ?

-ត្រូវហើយ!

-សូមទោស! ចាំខ្ញុំទៅយកបង់រុំឲ្យបង

កក្កដាទៅយកបង់មករុំដៃឲ្យរំដួល។ ថ្ងៃនេះម្នាក់ៗហាក់ដូចជាហត់នឿយខ្លាំងណាស់។ ពេលនេះម៉ោងដប់យប់ទៅហើយ ពួកគេកំពុងអង្គុយជុំគ្នានៅក្នុងហាង។ ណារីនិយាយ៖

-នឹកឃើញរឿងកាលពីល្ងាច ខ្ញុំនៅភ័យនៅឡើយទេ ប្រសិនបើគេកាប់ចាក់គ្នានៅទីនេះ ខ្ញុំមិនដឹងរត់ទៅណាទេ

-ខ្ញុំមិនភ័យនឹងពួកគេទេ តែខ្ញុំភ័យនឹងល្បងយើងឯនេះតើ

-បើកុំតែពួកឯងឃាត់ខ្ញុំ ម្ល៉េះកែវយើងមិនបែកទេ

-កែវមិនបែកទេ តែបប្រហែលជាចាននិងឆ្នាំងត្រូវបែក(រំដួលឧទាន)

-បងនិយាយអី?

-យ៉ាងម៉េចបងនិយាយខុសអ្ហេ?

-អត់ខុសទេ ត្រូវហើយ

-អស់ពីភ័យទៅ គួរឲ្យចង់សើចដែរ

-គិតទៅមនុស្សស្រវឹងគឺបែបហ្នឹងហ្ន៎

-គឺបែបហ្នឹងឯង កុំយកគំរូឲ្យសោះណា

-បង ចុះដៃបងមុតនឹងអី? (ណារីសួរ)

-អូ! មុតនឹងអំបែងកែវ តែមិនអីទេ

-អ្ហើយ! បើថ្ងៃស្អែកមានរឿងតែអ៊ីចឹង ខ្ញុំពិតជាអាយុខ្លីហើយ

-ប្រហែលជាមិនអីទេ ………..នោះ ដាលីនស្ងាបហើយ តោះនាំគ្នាចូលគេងទៅ…………រាត្រីសួស្តី

-រាត្រីសួស្តី

យុវតី និងយុវជនចែកគ្នាជាពីរក្រុមចូលបន្ទប់រៀងខ្លួន។ គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាមយុវតីទាំងបីដណ្តើមគ្នាចូលបន្ទប់ទឹក លើកលែងតែរំដួល នាងតែងតែចូលបន្ទប់ទឹកក្រោយគេជារឿងធម្មតាទៅហើយ។ ណារីចូលបន្ទប់ទឹកមុនគេ រំដួល នាសា និងដាលីនក៏ប្រាសខ្លួនទៅលើពូក។

យុវជន និងយុវតីក៏លង់លក់យ៉ាងស្កប់ស្កល់។ លុះព្រឹកឡើងពួកគេក៏ម្នីម្នា ត្រឡប់ទៅផ្ទះរៀងខ្លួន។ ចេញមកដល់យ៉ខាងមុខ ពួកគេក៏បន្លឺពាក្យព្រមៗគ្នាដោយស្នាមញញឹម៖

-see you later!

ជួននឹងមេឃខ្មៅងងឹត ដាលីនិយាយ៖

-ភ្នាល់គ្នាទេថានរណានឹងទៅដល់ផ្ទះមិនទទឹកភ្លៀង

-ok! អ្នកចាញ់ប៉ាវអាហារពេលយប់សម្រាប់យប់នេះ

គ្រាន់តែនិយាយចប់ភ្លាមពួកគេនាំគ្នាចាកចេញអស់ ចំណែករំដួលតែងតែទៅក្រោយគេ ព្រោះនាងជាអ្នកចាក់សោរទ្វារ តែមិនទាន់ចេញស្រួលបួលផង ភ្លៀងក៏ធ្លាក់ឈូ។ ម្នាក់ៗហាក់ដូចជាមិនខ្លាចភ្លៀងទាល់តែសោះ រំដួលក៏ដូចគ្នា ចាក់សោរហើយនាងបម្រុងទាញម៉ូតូចេញទៅ ស្រាប់តែកក្កដាត្រឡប់មកវិញ។ នាយឈប់ម៉ូតូង៉ក់ ហើយរត់ទៅឈរមុខម៉ូតូរំដួល៖

-ហេតុអីក៏ត្រឡប់មកវិញ ភ្លេចអីមែនទេ?

-កុំទាន់ទៅអី! ពួកយើងចូលទៅក្នុងហាងសិនទៅ

កក្កដា និងរំដួលនាំគ្នាបណ្តើរម៉ូតូចូលទៅក្នុងហាង។ រំដួលបន្លឺ៖

-ម៉េចក៏ត្រឡប់មកវិញ?

-បងមិនឃើញភ្លៀងទេអ្ហេ

-ខ្លាចភ្លៀងអ្ហេក្មេងតូច? (រំដួលសើច)

-បងកុំហៅខ្ញុំអ៊ីចឹងបានទេ ខ្ញុំមកនេះក៏ព្រោះ………..គ្មានទេ!

-ណ្ហើយឆាប់ទៅផ្លាស់ខោអាវទៅ ប្រយ័ត្នផ្តាសាយ

-ចុះបង?

-បងទៅមុនហើយ

-អត់ទេ! មេឃមិនទាន់រាំងទេ ខ្ញុំមិនឲ្យបងទៅទេ

-……..បងមើលទៅឯងដូចជាក្មេងមែនហ្នឹង

-ខ្ញុំក្មេង តែបងក្មេងជាងខ្ញុំទៅទៀត

-អ្ហះ!

-ខ្ញុំ………….

-ឯងនិយាយត្រង់មកមើល ឯងខ្លាចអ្ហេ

-…………..ត្រូវហើយ! មេឃផ្គរផងរន្ទះផង ខ្ញុំមិនចង់នៅទីនេះម្នាក់ឯងទេ បងកុំទាន់ទៅអីតើបានទេ

-ណ្ហើយ បងនៅក៏បាន ទៅផ្លាស់ខោអាវទៅ

សូមរង់ចាំវគ្គ២

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 19, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged . Bookmark the permalink. 1 មតិ.

  1. ចាប់ផ្ដើមហើយតើសាច់រឿង​ កាន់តែជៀសកាន់តែជួប ថាមិនស្រលាញ់ក្មេងតែឡូវក្មេងស្រលាញ់ហើយតើ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: