ក្តាម និងកង្កែប
ខ្យល់ត្រសៀកៗល្មមត្រជាក់ស្រួល ឯពពក
លើផ្ទៃមេឃចាប់ផ្ដើមកកាញ់ជាដុំៗមានពណ៌ខ្មៅ។
បន្តិចក្រោយមក ក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ
ជាហេតុធ្វើឱ្យមានទឹកដក់ តាមត្រពាំង បឹងបួរ អូរ
ប្រឡាយ ថ្លុក ជាពិសេសនៅតាមទីវាលស្រែណាដែលទំនាប។ បន្តិចមកទៀតភ្លៀងក៏រាំង ពពួកបាណកសត្វ ក៏ចាប់ផ្ដើមបញ្ចេញសំលេងកងរំពងទ្រហឹងអឺងអាប់ ប្រៀបបាននិងសូរស័ព្ទ ដូរតន្រ្តី ដែលគេប្រគុំ យ៉ាងពីរោះរណ្ដំដួងចិត្ដ។ សត្វក្ដាមមួយក្បាល នៅក្បែរភ្លឺស្រែ មុជងើបៗប្រឹងកាយដី ខ្លួនប្រឡាក់ភក់ ស្រមក បែកញើសជោកប្រាណ គឺកំពុងធ្វើទីជំរកឱ្យបានសមរម្យនៅរដូវវស្សា។ថ្លែងពីសត្វកង្កែបមួយក្បាល ក្រោយពេលភ្លៀងរាំង ខិតខំបញ្ចេញសំឡេង ស្រែកច្រៀងឡូឡា ឆ្លើយឆ្លងគ្នាយ៉ាងសប្បាយ ប្រឹងលោតនិងហែលទឹកលេង យ៉ាងសប្បាយក្រៃលេង លោតទៅលោតមកក៏ជួបនិងសត្វក្ដាមដែលកំពុងកាយដីនោះ៖
-បងក្ដាមបងកំពុងធ្វើអ្វីហ្នឹង?(កង្កែបសួរក្ដាម)
-កំពុងធ្វើទីជម្រក
-មកទៅលោតទឹកលេងជាមួយខ្ញុំ!
-ទេខ្ញុំមិនទៅទេ!
-ហេតុអ្វីទៅបង?(កង្កែបឆ្ងល់)
-ដីកំពុងជ្រាយ ខ្ញុំប្រឹងកាយដីឱ្យរួច ដើម្បីធ្វើទីជម្រក ខ្លាចដល់រដូវប្រាំង រីងរាំងស្ងួតដីរឹងកាយដីមិនបាន នោះខ្ញុំច្បាស់ជាគ្មានជម្រកនៅសមរម្យដូចគេឯងនោះទេ។
-ភ័យបារម្ភធ្វើអ្វីបងក្ដាម! រដូវប្រាំងមកដល់យើងរុកចូកទៅក្នុងភក់ជាការស្រេច។
-យើងរុកចូលទៅក្នុងភក់បានមែន ! តែវាគ្មានសុវត្ថិភាពទេ! យើងអាចជួបគ្រោះថ្នាក់ដល់ជីវិតទៀតផង តែបើយើងជីកឱ្យជ្រៅ ទៅក្នុងដីទើបមានសុវត្ថិភាព។
កង្កែបបួលក្ដាមមិនបានក៏ចាកចេញទាំងខឹងចិត្ដ ហើយក៏បន្តការ ស្រែកច្រៀងលេងសប្បាយ ដោយមិនខ្វល់អ្វីទាំងអស់។ ចំណែកឯក្ដាមវិញដោយការតស៊ូព្យាយាមគេក៏ទទួលបានជម្រកមួយដ៏សមរម្យ និងស្រស់ស្អាត។ រីឯកង្កែបស្រែកច្រៀងឮៗពេក ក៏ឮដល់សត្វពស់មួយក្បាល ដែលកំពុងស្វែងរកចំណី។ មិនយូរប៉ុន្មានពស់ក៏ខាំកង្កែបបាននៅក្នុងមាត់របស់ខ្លួនមែន។
-ជួយផង! ជួយផង!អែបៗ!អោបៗ!….
ក្ដាមឮកង្កែបស្រែកឱ្យជួយ ក៏ស្ទុះយ៉ាងលឿនទៅជួយសង្រ្គោះកង្កែប តែដោយខ្លួនតូចជាងសត្វពស់ ក៏រកមធ្យោបាយ។
-បើខ្ញុំប្រយុទ្ធជាមួយពស់ដ៏ធំនេះ ច្បាស់ជាមិនឈ្នេះទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?
គិតមួយស្របក់ហើយ ក្ដាមក៏នឹកឃើញមធ្យោបាយមួយគឺត្រូវនិយាយយ៉ាងណាធ្វើឱ្យពស់នោះហាមាត់ កង្កែបច្បាស់ជា អាចរួចផុតពីគ្រោះថ្នាក់នេះជាមិនខាន។ គិតឃើញហើយក៏និយាយ៖
‑ឈប់ៗឈប់សិនបងពស់!ដ៏សង្ហារអើយ កុំអាលបរិភោគកង្កែបអី បង!ប្រយ័ត្នមានគ្រោះថ្នាក់ ដល់ជីវិត ណាបង!ឈប់សិន!
ពស់ឮថាទទួលទានកង្កែបមានគ្រោះថ្នាក់ក៏និយាយតប
-តើគ្រោះថ្នាក់អ្វីលោកក្ដាម?
គ្រាន់តែហាមាត់និយាយភ្លាមកង្កែបក៏ស្ទុះចេញពីមាត់ពស់ភ្លាមដោយប្រឹងលោតគេចពីគ្រោះថ្នាក់ដ៏កំណាចនោះយ៉ាងលឿន។ ក្ដាមក៏ឆ្លើយតបនិងសំនួរពស់បណ្ដើររត់គេចខ្លួនបណ្ដើរ ព្រោះដឹងថាកង្កែបផុតពីគ្រោះថ្នាក់។
-កង្កែបកើតអេដស៍ បងពស់!
-តើអេដស៍ជាអ្វី?ហេតុអ្វីបានជាវាមានគ្រោះថ្នាក់?
ពស់សួរសំនួររួចក៏ស្ងាត់ឈឹង គ្មានអ្នកឆ្លើយ ទើបដឹងថាខ្លួនចាញ់បោកក្ដាម ពស់អៀនយ៉ាងខ្លាំង គេចខ្លួនបាត់ទៅ។ចំណេរតមករដូវប្រាំងក៏ចូលមកដល់ សត្វកង្កែបបានរុកចូលទៅក្នុងភក់ដូចខ្លួនបាន គិតកន្លងមកមែន តែគួឱ្យអាសូរ ការរុកក្នុងភក់វាមានជម្រៅរាក់ទប់ទល់នឹងអាកាសធាតុក្ដៅមិនបានទេ ។ ដោយទ្រាំរស់នៅក្នុងភក់មិនបាន កង្កែបបានទៅពឹងពាក់ក្ដាមទៀត៖
-បងក្ដាមអើយ !សូមមេត្តាអាណិតខ្ញុំផង ខ្ញុំខុសហើយបង
ដោយកង្កែបអង្វរករខ្លាំងពេក ក្ដាមមានចិត្តអាណិតអាសូរកង្កែប ក៏ទទួលយល់ព្រមឱ្យកង្កែបនៅ ជាមួយ៖
-ចូលមកប្អូនរកកន្លែងគេងចុះ!ប្អូនគេងខាងលើផ្ទះចុះ!ចំណែកបងគេងក្រោមផ្ទះក៏បានមិនអីទេ
-ទេៗបង!ខ្ញុំមិនហានគេងខាងលើបងទេ ខ្ញុំពិតជារអៀសខ្លួនខ្លាំងណាស់ខ្ញុំសុំនៅខាងក្រោមបងល្អជាង
-បើអ៊ីចឹងតាមចិត្តប្អូនចុះ!
ក្ដាមនិងកង្កែបរស់ជុំគ្នាក្នុងផ្ទះតែមួយចាប់ពីថ្ងៃនោះមក។មិនយូរប៉ុន្មានថ្ងៃមួយស្រាប់តែមានភ្លៀង ធ្លាក់មួយមេកក់ខែ។
-អែបៗអោបៗ……
កង្កែបចាប់ផ្ដើមស្រែកច្រៀងលេងយ៉ាងសប្បាយនឹងទឹកភ្លៀង ដោយគ្មានគិតដល់ក្ដាមដែលជាម្ចា ស់ផ្ទះទាល់តែសោះ ច្រៀងផងរាំផងស្រែកឡូឡា ទៅតាមអំពើចិត្ត ក្ដាមហាមយ៉ាងណាក៏ពុំព្រមឈប់។ មិនយូរប៉ុន្មាន សំឡេងនោះឮដល់ព្រានកង្កែប ព្រានដើរតម្រង់សំឡេងនោះយ៉ាងលឿន ពេលទៅដល់ ព្រានយកកង្វារដ៏មុតស្រួច ចាក់ខ្វារកង្កែបតែម្ដង តែចាក់កង្វារទៅបែរជាត្រូវក្ដាមដែលជាម្ចាស់ផ្ទះ ។
-អូយៗឈឺណាស់ជួយផង ជួយខ្ញុំផង!
ក្ដាមស្រែកទាំងឈឺចុកចាប់ឱ្យគេជួយ កង្កែបដែលនៅខាងក្រោមឮក្ដាមស្រែក ភ័យយ៉ាងខ្លាំងក៏ខំ ក្រាបធ្វើមិនដឹងក្រែងលោផុតគ្រោះថ្នាក់ក្ដាមស្រែកខ្លាំងណាស់កង្កែបខំបិទភ្នែកក្រាបខ្លាំងណាស់ដែរ។ ដោយដឹងខ្លួនថាមិនរស់និងឃើញការរមិលគុណរបស់កង្កែបផងនោះ ក្ដាមក៏ស្រែកផ្ដាំទាំងឈឺចាប់ថា៖
-ឱកូនប្រុសស្រីទាំងឡាយអើយ ចូរកូនចាំពាក្យម្ដាយទុកណាកូនណា ចិត្ដល្អមានពីរណាកូនគឺចិត្តល្អក្រខ្លួន និងចិត្ដល្អក្រមិនយូរ។ កូនៗជាទីស្រឡាញ់របស់ម្ដាយ ចូរកូនកុំរស់នៅដូចជាសត្វកង្កែបណាកូន។
ផ្ដាំកូនហើយក្ដាមក៏ត្រូវព្រានកង្កែប ខ្វារយកចេញពីក្នុងរន្ធ បាក់ដៃបាក់ជើងរយះរយែងខ្លួនប្រាណ ក្ស័យសង្ខារគួរឱ្យអាណិតជាពន់ពេក។ចំណែកឯកង្កែបទោះបីក្រាបលូនយ៉ាងណាក៏ដោយ ក៏មិនរួចផុតពីគ្រោះថ្នាក់ដែលខ្លួនបានបង្កនោះដែរ ព្រោះព្រានដឹងថានៅខាងក្រោមក្ដាមគឺនៅមានកង្កែបយ៉ាងប្រាកដព្រានខ្វារទាញកង្កែបយកពីក្នុងរន្ធយ៉ាងសប្បាយចិត្ត កង្កែបដាច់រលាត់ធ្លោះធ្លាយក្រពះពោះវៀន ឈឺ ចុកចាប់ស្រែករកឱ្យគេជួយ ម្ដងនេះស្រែកយ៉ាងណាក៏គ្មានអ្នកជួយដែរ ព្រានយកកង្កែបទៅអាំងខ្លែម ស្រាយ៉ាងឆ្ងាញ់ពិសា កង្កែបក្ស័យសង្ខារទៅហោង។
“កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប”
និពន្ធដោយ៖ លោក ឃឿម គិមចេក
០១២ ៧០០១៩៥
Posted on ខែមិថុនា 22, 2012, in ឃឿម គិមចេក, រឿងខ្លី and tagged ក្ដាមនិងកង្កែប. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0