ទឹកចិត្តម្តាយ (បទកាកគិតិ)
និពន្ធដោយ៖ អ្នកគ្រូ មិត្ត ផល្លា
1.អ្នកម្តាយគ្រប់គ្នា ខិតខំពុះពារ ដើម្បីរូបកូន
សង្ឃឹមមានថ្ងៃ អ្នកថ្លៃមាសស្ងួន អាចធ្វើជាក្បួន
ចម្លងគ្រួសារ។
2.ម្តាយខំបីបាច់ អ្នកមិនបំភ្លេច ឲ្យកូនសិក្សា
ទោះបីលំបាក តោកយ៉ាកយ៉ាងណា ដើម្បីបុត្រភ្ងា
ម្តាយមិនខ្លាចហត់។
3.ម្តាយខំធ្វើការ ពិបាកម្តេចម្តា ខំប្រឹងខំអត់
រកប្រាក់ផ្គត់ផ្គង់ ផ្ចិតផ្ចង់គ្រប់បុត្រ ទោះបីនឿយហត់
ពុំដែលរួញរា។
4.ម្តាយតែងញញឹម ក្នុងចិត្តសង្ឃឹម ថាកូនពុំងា
នឹងបានចំណេះ តម្រិះគ្រប់គ្នា កូនត្រូវពុះពារ
ដើម្បីម្តាយថ្លៃ។
5.ទឹកចិត្តអ្នកម្តាយ មិនអាចបរិយាយ ឲ្យអស់សេចក្តី
គុណនេះមហាធ្ងន់ លើសលន់ប្រពៃ មិនអាចកាត់ថ្លៃ
តម្លៃលើសពេជ្រ។
6.ចូរកូនគ្រប់រូប ខិតខំលៃលក កុំបីកែគេច
គោរពបណ្តាំ ចងចាំកុំភ្លេច គប្បីប្រឹងវេច
ដើម្បីអនាគត។
Posted on ខែកក្កដា 1, 2012, in កំណាព្យ, មិត្ត ផល្លា and tagged ទឹកចិត្តម្តាយ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0