វិបត្តិ (បទពាក្យ៧)

និពន្ធដោយ៖ លាក់ ម៉ាឡែន

១.        សត្វឃ្មុំស្រែកយំ  យំបោកខ្លួន

ស្រែកយំផ្ទួនៗអស់ដួងចៃ

   ចិន្ដាខឹងណាស់នឹងសត្វរៃ

តើវាធ្វើអ្វីឲ្យប្រាកដ ។

២.        បើកភ្នែកមិនទាន់ស្រែកជំទាល                        លាន់លឺរាចវាលមិនចេះចប់

ព្រលឹមដល់ថ្ងៃ  ថ្ងៃដល់យប់                ច្រៀងមិនខ្ចីចប់ពួតអស់ដៃ។

៣.        ប៉ុណ្ណឹងនៅមិនទាន់អស់ចិត្ត                  រៃនាំចង្រិតច្រៀងបំភ្លៃ

បច្ចុប្បន្នអស់ចិត្តគំនិតថ្មី                        កើតចិត្តចង្រៃបំភ្លៃចាស់។

៤.        ឃ្មុំជ្រេញខំអើតជំទើតមើល                  រៃចាស់ចិត្តព្រើលខំប្ដូរផ្លាស់

កែច្នៃបទភ្លេងទំនុកចាស់                      យឺតឲ្យរហ័សជាងកាលមុន។

៥.        បទស្លូរៃប្ដូរឲ្យជាញាក់                          នាំគ្នាកន្រ្តាក់ដូចមនុស្សគ្រុន

ឃ្មុំរឹតខ្លោចផ្សាម្ចាស់បទមុន                  ឃ្មុំរែកទុក្ខធ្ងន់ព្រោះសោកស្ដាយ។

៦.        ឃ្មុំស្រែកជេរថាពួកអាឆ្កួត                     ពួកឯងនេះខូចកែមិនងាយ

បើខួរវាជ្រុលជាធ្លុះធ្លាយ                       យកល្អចេញឆ្ងាយពីដីខ្មែរ។

៧.        រៃឮធ្វើល្ងើហាក់មិនដឹង                         ចេះតែសញ្ជឹងខំខៃកែ

ចង្រិតអួតថាពួកគេថែ                           ធ្វើឲ្យបទខ្មែររឹតតែខ្មែរ។

៨.        ឃ្មុំខឹងប្រឹងស្ដីទៅសត្វរៃ                       មិនបាច់កែច្នៃដល់ម្ល៉ឹងទេ

របស់គេយ៉ាងណាទុកឲ្យឋេរ                បើអួតពូកែតែងថ្មីទៅ។

៩.        ពូជខ្មែរធ្លាប់តែរស់ថ្លៃថ្នូរ                       ចេះនឹកអាសូរដល់ញាតិផៅ

ពិសេសអ្នកស្លាប់អតីតនៅ                   ស្រមោលកប់ជ្រៅក្នុងបេះដូង។

១០.      ឃ្មុំយំអង្វរថាល្មមហើយ                       រៃចង្រិតអើយអាសូរផង

ឲ្យក្មេងខ្មែរក្រោយស្គាល់គន្លង             អតីតរៀមច្បងអធិរាជ។

១១.      ពាក្យពេចន៍តវ៉ាវាចាឃ្មុំ                         ពីរោះរងំតែគ្រោតគ្រាត

វាបានត្រឹមតែប៉ះត្រចៀក                      រៃចិត្តចោលម្សៀតធ្វើមិនដឹង។

១២.     រៃទមិឡបង្វិលពាក្យមុសា                     ល្អក់យល់ថាថ្លាអួតឯងហ្នឹង

ពិតជាអស្ចារ្យដូចការប្រឹង                     ចំរៀងបែបហ្នឹងនឹងច្នៃថែម។

១៣.     គេជេរថាគេចាប់អារម្មណ៍                    ឃ្មុំហួសចិត្តយំទឹកលែងផ្អែម

ពួកទមិឡស្បែកក្រាស់ស្ពឹកហើយថែម  មាយាទដូចឆ្កែស្រែងកែលែងឡើង។

១៤.      ឱ! បទពីរោះរបស់ចាប                         ពេលនេះប្រែសាបលែងថ្កុំថ្កើង

រៃចង្រិតច្រៀងល្អៀងខុសដើម             បាត់អស់ដង្ហើមសញ្ចេតនា។

១៥.      ឃ្មុំយំបោកខ្លួនផ្ទួនឥតឈប់                  យំថ្ងៃយំយប់ខ្ទប់ឱរា

មិនគួរមរតកត្រូវមរណា                        ព្រោះរៃឫស្យាចិន្ដាទមិឡ។

១៦.      ទឹកភ្នែកស្រក់វែកក្លាយជាស្ទឹង              យូរទៅកករឹងប្រៀបដូចព្រិល

ឃ្មុំនៅតែយំដោយមន្ទិល                      ពេលណាពួកទមិឡភ្ញាក់ដឹងទោស។

១៧.     ឃ្មុំយំបិទភ្នែកលែងធ្វើដឹង                     ស្លាប់ទាំងឈរទ្រឹងសញ្ចឹងប្រោស

សូមឃ្មុំសាក្រោយយល់ត្រូវខុស          កុំធ្វើកំហុសដូចសត្វរៃ។

១៨.      ឃ្មុំស្លាប់ព្រោះលង់ទឹកភ្នែកខ្លួន             តែចិត្តមាំមួនដោយស្មារតី

ឃ្មុំជាបណ្ឌិតប្រាជ្ញាវៃ                           មិនមែនចិត្តព្រៃដូចរៃឡើយ។

១៩.      រៃអួតថាខ្លួនជាបណ្ឌិត                          តែតាមការពិតគឺជាឈ្លើយ

រស់ដង្ហើមគេយល់ថាស្បើយ                ខ្លួនធ្វើខុសហើយឥតពិចារ។

២០.     ចង់រស់កុំរស់ដូចសត្វរៃ                         ត្រូវចេះកែច្នៃដោយហត្ថា

សមត្ថភាពខ្លួនទើបហ៊ឺហា                     ឥតមានគេថារឹតកោតខ្លាច។

២១.     បើឆ្កួតគឺឆ្កួត ឆ្កួតតែឯង                          កង្អួតវង្វេងឥតបាចសាច

ឥតមានប៉ះពាល់គេភ័យខ្លាច                ទុក្ខទោសបន្លាចឥតសាចដល់។

២២.     ទោះបីចាបស្លាប់ចាបនៅដឹង                វិញ្ញាណព្រលឹងទុក្ខកង្វល់

ពិសេសកូនចៅដែលសេសសល់         ឈឺធ្ងន់រោគសល់ឥតស្រាកស្រាន្ត។

២៣.     ចាបស្រក់ទឹកភ្នែកសង្វេគឪ                  ពុកម៉ែស្លាប់ទៅនៅពុំបាន

មរតកសំនៀងល្អៀងសុខសាន្ត                        ធ្វើអ្វីក៏បានតាមចិត្តគេ។

២៤.     ចាបរស់មានឈ្មោះធ្វើមិនដឹង               តាមពួកអាហ្នឹងវារិះរេ

ខ្លួនគ្មានសមត្ថភាពប្រឆាំងទេ               ទ្រាំរស់ទុក្ខទ្វេតាមធម្មជាតិ។

About បេះដូងពិត

បេះដូងពិត

Posted on ខែកក្កដា 5, 2012, in ប្រលោមកំណាព្យ, លាក់ ម៉ាឡែន and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: