រឿងបេះដូងកវី(ភាគទី២)
ធ្វើយ៉ាងនេះ? ព្រោះតែចង់ធ្វើជាអ្នកនិពន្ធអ្ហេ?”។ ពិចិត្រគិតគ្រប់បែបយ៉ាង រហូតដល់ឃើញរឿងរ៉ាងសារឡើងវិញ ដែលរស់នៅជាមួយគ្នា ពិសេសគឺជម្ងឺរបស់វិនីត។ នាយលើកទូរស័ព្ទឡើងភ្លាម សំឡេងឆ្លើយតបបន្លឺឡើង៖
-អាឡូ! ពិចិត្រ…………កូនមែនទេ?
-បាទម៉ាក់!
-តើកូនសុខសប្បាយទេ? ហេតុអីក៏មិនដែលមកលេងម៉ាក់អ៊ីចឹង? កូនដឹងទេ បទចម្រៀងចេញថ្មីរបស់កូន ធ្វើឲ្យប៉ាកូនសប្បាយចិត្តណាស់ គាត់ថាកូនមានគំនិតហើយ កូនគួរតែមកលេងគាត់ គាត់អាចនឹងឈប់ខឹងនឹងកូនណា!
-កូនប្រាកដជាទៅ ម៉ាក់កុំបារម្ភអី ពេលនេះកូនសុខសប្បាយទេ ខ្ញុំចង់សួរម៉ាក់រឿងមួយតើបានទេ?
-កូននិយាយមក!
-មនុស្សស្រីនៅតែដែលមករដូវសុទ្ធតែឈឺពោះតើមែនទេម៉ាក់?
-ហេតុអីកូនសួរពីរឿងនេះ?
-កូនចង់ដឹង តើម៉ាក់អាចប្រាប់កូនបានទេ?
-មិនទាំងអស់គ្នាទេកូន អាស្រ័យលើសុខភាពមនុស្សស្រីនោះដែរ បើនាងមិនបានញ៉ាំគ្រប់គ្រាន់ មិនបានគេងគ្រប់គ្រាន់ ហើយថែមទាំងគិតច្រើនទៀតនោះ នាងប្រហែលជាមានការឈឺចាប់នៅពេលដែលមក គឺចៀសមិនផុតទេ
-តើអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទេ?
-បើនាងឈឺលើសពីបីថ្ងៃ គឺត្រូវតែទៅពិគ្រោះជាមួយពេទ្យ
-ចុះពេលកំពុងឈឺ តើអាចជួយបានទេ?
-មានតែលេបថ្នាំប៉ុណ្ណោះ តែការឈឺបែបនេះ អ្នកខ្លះនឹងអាចបាត់ទៅវិញនៅពេលដែលនាងមានគ្រួសារ
-អរគុណម៉ាក់ ម៉ាក់ថែរក្សាសុខភាពផង ជម្រាបលាម៉ាក់!
-ឈប់ៗៗ……….យ៉ាប់មែនកូននេះ
យុវជនដាក់ទូរស័ព្ទចុះ ក៏ដើរទៅស្ទាបថ្ងាសយុវតី។ នាងប្រហែលជាអស់អីហើយ មួយសន្ទុះក្រោយ នាងក៏បើកភ្នែកឡើង។ វិនីតដឹងច្បាស់ ថាសម្លៀកបំពាក់នាងត្រូវបានប្តូរ ក៏ស្ទុះងើបឡើង សម្លឹងទៅយុវជនដែលកំពុងឈរក្បែរបង្អួច។ យុវជនមិនបែរមករកនាងឡើយ តែបន្លឺឡើង៖
-ភ្ញាក់ហើយអ្ហេ?
-បងជា……………………….
-ខ្ញុំជាអ្នកផ្លាស់សម្លៀកបំពាក់ឲ្យនាង
-សូមទោស!
-នាងឈប់ប្រើសំឡេងជាមនុស្សប្រុសទៀតទៅបានទេ! គ្មានពាក្យត្រូវបក-ស្រាយទេអ្ហេ?
យុវជនតម្លើងសំឡេងបន្តិចហើយបែរមករកវិនីត តែវិនីតបែរជាឈ្ងាកមុខចុះមិនហ៊ានសម្លឹងយុវជនឡើយ។ នាងគ្រាន់តែនិយាយថា៖
-………………សូមទោស!
-នាងសប្បាយនឹងកុហកពួកយើងរាល់គ្នាណាស់ទៅអ្ហេ?
-មិនសប្បាយទេ!
-អ៊ីចឹងចង់កុហកពួកយើងដល់ពេលណា?
-ខ្ញុំចង់និយាយប្រាប់ពួកបង តែនៅថ្ងៃនោះ ខ្ញុំបានឮពួកបង និងលោកចាងហ្វាងជជែកគ្នា ទើបខ្ញុំ……………..
-អ្ហូ! នាងខ្លាចលោកចាងហ្វាងមិនចុះកុងត្រាជាមួយនាងអ្ហេ?
-បាទ!
-នេះនាងឆ្លើយបាទឡើងធ្លាប់អស់ហើយអ្ហេ? គួរឲ្យចង់សើចណាស់ តើនាងជាមនុស្សប្រុសឬស្រីឲ្យពិតប្រាកដ?
-ត្រូវហើយ! សូម្បីតែខ្លួនខ្ញុំ ក៏មិនដឹងថា ខ្លួនឯងជាមនុស្សប្រុសឬស្រីឲ្យប្រាកដដែរ? តាំងពីខ្ញុំបានមករស់នៅជាមួយពួកបង ខ្ញុំខឹងនឹងខ្លួនឯងណាស់ ហេតុអីក៏ខ្ញុំកើតមកជាមនុស្សស្រី? ខ្ញុំក៏មិនចង់កុហកពួកបងដែរ
-តែនាងបានកុហកពួកយើងរួចទៅហើយ
-ត្រូវហើយ! ខ្ញុំកុហកពួកបង ការពិតគឺព្រោះតែកិច្ចសន្យាមួយនោះ ខ្ញុំមិនអាចធ្វើឲ្យឱកាសនោះបាត់បង់ឡើយ
-នាងហួសហេតុពេកហើយ បាន! អ៊ីចឹងថ្ងៃនេះ ឲ្យគេទាំងអស់គ្នាដឹងថា នាងជាស្រីទៅ ពួកយើងចុះទៅក្រោមទៅ
ពិចិត្រទាញដៃវិនីត តែវិនីតមិនព្រមទៅជាមួយឡើយ នាងបានត្រឹមតែអង្គុយយំប៉ុណ្ណោះ។ ឃើញដូចនោះ យុវជនក៏ព្រលែងដៃនាង ហើយដើរចេញទៅតែម្នាក់ឯង។ ពិចិត្រចេញផុត សំឡេងទូរស័ព្ទបន្លឺឡើង។ គ្រាន់តែទទួលទូរស័ព្ទហើយ វិនីតក៏ស្ទុះចេញពីក្នុងបន្ទប់។ ទៅដល់បន្ទប់ទទួលភ្ញៀវ នាងបានឃើញយុវជនទាំងអស់កំពុងតែនៅជុំគ្នា នាងសម្លឹងទៅរកពិចិត្រ ដែលកំពុងសម្លឹងមើលមកនាងដូចគ្នា ស្រាប់តែសុវណ្ណបន្លឺ៖
-អាល្អិត! តើឯងមិនអីទេអ្ហេ!
-ឯងកើតអីអ្ហេ?(វណ្ណាឮហើយក៏ចូលទៅជិតវិនីតហើយយកដៃស្ទាបថ្ងាសរបស់នាង)
-ខ្ញុំអត់អីទេបង
-តែមើលទៅឯងដូចជាស្លេកស្លាំងណាស់ណា(រ៉ាឌីបន្លឺ)
-ឯងឆាប់ចូលមកញ៉ាំអីជាមួយពួកយើងមក (រ៉ាណេឧទាន)
វិនីតដឹងច្បាស់ថា យុវជនទាំងអស់នៅពុំទាន់ដឹងថា នាងជាស្រីឡើយ។ នាងសសៀរដើរទៅជិតពិចិត្រ ហើយបន្លឺ៖
-ខ្ញុំចង់និយាយជាមួយបង!
-ពួកយើងគ្មានរឿងត្រូវនិយាយគ្នាទេ ឯងគួរតែនិយាយទៅរកពួកគេទៅ
-តើពួកឯងមានរឿងអី? (សុវណ្ណសួរ)
-គ្មានទេបង! ខ្ញុំចង់និយាយជាមួយបងតែពីរនាក់ ពួកយើងទៅខាងលើទៅ
-តើមានរឿងអីក៏អាថ៌កំបាំងម្ល៉េះ? (រ៉ាណេសួរ)
-បងឆាប់មក
វិនីតអូសដៃពិចិត្រឡើងទៅលើបន្ទប់វិញ យុវជនបន្លឺ៖
-នាងចង់ធ្វើអី?
-ខ្ញុំសូមអង្វរបង បងកុំទាន់ប្រាប់ពួកគេអីបានទេ?
-ឯងចង់កុហកពួកគេបន្តទៀតអ៊ីចឹងអ្ហេ?
-បងចង់ឲ្យខ្ញុំធ្វើអីក៏បាន តែបងឲ្យខ្ញុំនៅរហូតដល់ចប់កុងត្រាសិនទៅ តើបានទេ?.………..ត្រូវហើយ! តាំងពីតូចមក ខ្ញុំប្រាថ្នាចង់ធ្វើជាអ្នកនិពន្ធ ខ្ញុំពិតជាមិនចង់បាត់បង់តំណែងនេះភ្លាមៗយ៉ាងនេះទេ តែប្រាំខែទៀតប៉ុណ្ណោះ បងឲ្យខ្ញុំនៅទីនេះទៅ តើបានទេ តទៅ ខ្ញុំមិននៅបន្ទប់ជាមួយបងក៏បាន ខ្ញុំនឹងទៅនៅបន្ទប់ដាក់អីវ៉ាន់ បងកុំទាន់ប្រាប់ពួកគេអីតើបានទេ? ខ្ញុំសូមអង្វរបងណា ខ្ញុំសូមអង្វរបង….…
វិនីតលុតជង្គង់នៅចំពោះមុខយុវជន ទាំងទឹកភ្នែកសស្រាក់ ចំណែកពិចិត្រ និយាយទាំងញញឹមស្ងួត៖
-ការពិតតំណែងជាអ្នកនិពន្ធរបស់នាងគឺសំខាន់ជាងអ្វីៗទាំងអស់ ហេតុអីក៏ពួកយើងស្រលាញ់នាងយ៉ាងនេះ
-សូមទោស!
-ការពិតគឺខ្ញុំទេ ជាអ្នកនាំនាងមក បើវាពិតជាតម្រូវការរបស់នាងហើយ នាងនៅចុះ
-អរគុណ
និយាយហើយយុវជនចេញពីបន្ទប់បើកឡានចេញទៅ មួយសន្ទុះក្រោយវិនីតក៏ចេញទៅដែរ។ យុវជនទាំងបួនឆ្ងល់ពួកគេទាំងពីរណាស់ថាកំពុងធ្វើអី វណ្ណាក៏រត់តាមវិនីតមកដល់ខាងក្រៅ តែវិនីតឡើងម៉ូតូឌុបចេញផុតទៅហើយ។ នាយដឹងច្បាស់
ថា យុវតីមិនស្គាល់ផ្លូវឡើយ ក៏លើកទូរស័ព្ទតេទៅ៖
-អាឡូបង!
-តើឯងទៅណា? ឯងស្គាល់ផ្លូវទេ?
-បងកុំបារម្ភអី! ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត ខ្ញុំឆាប់ត្រឡប់មកវិញទេ ហេតុអីមិនប្រាប់បង បងជូនទៅ
-មិនអីទេបង ប៉ុណ្ណឹងបានហើយ
-អាល្អិតម្នាក់នេះ!
-វាទៅណាបង?(រ៉ាណេសួរ)
-វាថាទៅក្រុមហ៊ុនមួយភ្លែត ចុះពិចិត្រទៅណា?
-អត់លើកទូរស័ព្ទទេ
-អត់លើកទូរស័ព្ទ តាមមើលប្រហែលជាខឹងខ្លាំងណាស់ហើយ(រ៉ាឌីបន្លឺ)
-តើអាល្អិតនោះធ្វើអីគេ បានជាខឹងខ្លាំងយ៉ាងនេះ? (សុវណ្ណតប)
-ខឹងតែមនុស្សមិនអស់ចិត្តទេ ខឹងដល់ទូរស័ព្ទទៀត នេះអ្ហេ! ជាចរឹតរបស់តារាល្បី?
-បានហើយៗ! ពួកយើងចូលក្នុងទៅ
វិនីតមកដល់ក្រុមហ៊ុន ក៏ចូលទៅរកលោកចាង ហ្វាងដល់ក្នុងបន្ទប់៖
-វិនីត! មានការអីសំខាន់អ្ហេ ទើបមករកខ្ញុំដល់ទីនេះ?
-លោកចាងហ្វាង! តើលោកអាចបើកប្រាក់ខែឲ្យខ្ញុំមុនបានទេ?
-បើកប្រាក់មុនអ្ហេ?
-បាទ!
-តើឯងមានបញ្ហាអីអ្ហេ?
-គ្រួសារខ្ញុំត្រូវការប្រាក់បន្ទាន់ សូមលោកចាងហ្វាងជួយខ្ញុំផង តើបានទេ? ខ្ញុំសូមអង្វរលោកចាងហ្វាង ………… ខ្ញុំសន្យា ខ្ញុំនឹងខិតខំតែងបទភ្លេងឲ្យបានល្អ
ជាងកាលកន្លងមកទៅទៀត
លោកចាងហ្វាងសម្លឹងមើលវិនីត ហាក់ដូចជាត្រូវការប្រាក់ចាំបាច់ខ្លាំងណាស់ លោកក៏លែងសួរនាំតទៅទៀត ក៏សម្រេចចិត្តបើកប្រាក់ឲ្យគេមុន។ គ្រាន់តែបានប្រាក់ហើយ វិនីតក៏ជិះម៉ូតូឌុបចេញពីទីនោះ ស្រាប់តែពិចិត្រមកដល់ភ្លាម។ គ្រាន់តែឃើញពិចិត្រហើយ លោកចាងហ្វាង ក៏ហៅនាយទៅបន្ទប់របស់ខ្លួន៖
-វិនីតទើបតែចេញទៅអម្បាញ់មិញនេះឯង ឯងមានបានជួបគេទេ?
-អត់ទេ! គេមកទីនេះធ្វើអី?
-គេមករកបងសុំបើកប្រាក់ខែមុន
-ថាម៉េច! បងបើកឲ្យគេអ្ហេ?
-ត្រូវហើយ! គេថា គ្រួសារគេត្រូវការប្រាក់បន្ទាន់
-ចុះពេលនេះ បងដឹងថា គេទៅណាទេ?
-បងមិនដឹងទេ…………..នែ! ឯងគិតទៅណា?
-ខ្ញុំទៅក្រៅមួយភ្លែត
ពិចិត្រតេទៅរកវិនីត៖
-ឯងនៅឯណា?
-ខ្ញុំ……………..
-ខ្ញុំសួរថាឯងនៅឯណា?
-ខ្ញុំនៅមន្ទីរពេទ្យ
ពិចិត្រហាក់ដូចជាខឹងនឹងវិនីតខ្លាំងណាស់ តែនៅពេលឮច្បាស់ថានាងនៅ មន្ទីរពេទ្យ ក៏ប្រញាប់ទៅដល់ភ្លាម។ ទៅដល់មុខបន្ទប់វះកាត់ នៃមន្ទីរពេទ្យកាល់ម៉ែត នាយឃើញវិនីតកំពុងឱបម្តាយយំសស្រាក់ ក៏ទៅឈរក្បែរនោះ ដោយមិនហ៊ានសួរនាំអ្វីទាំងអស់។ មួយសន្ទុះក្រោយ ទើបលោកគ្រូពេទ្យចេញមក៖
-លោកគ្រូពេទ្យ……………
-ផុតពីគ្រោះថ្នាក់ហើយ
-អរគុណទេវតា!……………..ម៉ែចូលទៅមុនទៅ
វិនីតឲ្យម្តាយចូលទៅក្នុងបន្ទប់មើលប្អូនប្រុសមុន ចំណែកខ្លួន នៅខាងក្រៅជាមួយយុវជន។ ពិចិត្រសួរ៖
-តើមានរឿងអីកើតឡើង?
-គ្រោះថ្នាក់ចរាចរណ៍
-នេះអ្ហេជាមូលហេតុ ដែលធ្វើឲ្យឯងចង់បន្តតំណែងជាអ្នកនិពន្ធតទៅទៀត?…….….…….ហេតុអីក៏ឯងមិនប្រាប់បង? បងស្មានថា ឯងទៅបើកប្រាក់មុនរត់បាត់ទៅហើយ ឯងដឹងទេ?
-សូមទោស!………..នៅពេលនោះ បងកំពុងតែខឹង………………..
យុវជនក្តុកក្តួលខ្លាំងណាស់ នូវអ្វីដែលគិតខុសចំពោះវិនីត នាយទាញនាងមកឱបជាប់ ក៏ស្រាប់តែយុវជនទាំងអស់មកដល់។ វិនីតជូតទឹកភ្នែក ហើយងាកទៅរកយុវជនទាំងអស់ ដែលស្លន់ស្លោដើរចូលមក។ សុវណ្ណបន្លឺ៖
-តើមានរឿងអីកើតឡើង?
ការពិតវិណាតត្រូវម៉ូតូជ្រុលបុកពីក្រោយ នៅពេលដែលខ្លួនជិះកង់ត្រឡប់ពីសាលារៀនវិញ។ ក្បាលរបស់យុវជនត្រូវយ៉ាងធ្ងន់ធ្ងរទៅលើផ្លូវ ធ្វើឲ្យសន្លប់បាត់ស្មារតី។ ដោយគ្មានលទ្ធភាពនឹងសង្គ្រោះ មន្ទីរពេទ្យសៀមរាបក៏បញ្ជូនមក ភ្នំពេញ។ ការវះកាត់ត្រូវការចំណាយប្រាក់ច្រើន ហើយជួនពេលនឹងវិនីតមានបញ្ហាជាមួយ
ពិចិត្រទៀត ទើបនាងសម្រេចចិត្តទៅសុំបើកប្រាក់ខែមុន។
វិណាតបើកភ្នែកឡើងស្រាប់តែឃើញ យុវជនទាំងអស់នៅចំពោះមុខខ្លួន រ៉ាណេបន្លឺ៖
-ឯងដឹងខ្លួនហើយអ្ហេ! បងឯងនាំម៉ែឯងទៅបន្ទប់ទឹកហើយ ត្រូវការអីប្រាប់ពួកយើងមក
-ខ្ញុំស្រេកទឹក
-ចាំមួយភ្លែត!
-ហេតុអីក៏ពួកបងនៅទីនេះ?
-អាល្អិតនោះដូចជាប្អូនរបស់ពួកយើងអ៊ីចឹង ប្អូនរបស់គេមានរឿង ពួកយើងត្រូវមកជួយគេអ៊ីចឹងហើយ
-អរគុណពួកបងហើយ
-នោះម៉ែឯងមកហើយ!
-កូនដឹងខ្លួនហើយអ្ហេ!
-ម៉ែ! ចុះឯណាបង………………………
-បងឯងនៅខាងក្រៅ បន្តិចទៀតមកហើយ រំខានពួកក្មួយហើយ
-មិនអីទេអ្នកមីង!
ដោយបាត់វិនីតយូរពេក វណ្ណាក៏សសៀរដើរចេញមកក្រៅ នាយបានឃើញវិនីតកំពុងជជែកជាមួយយុវតីម្នាក់៖
-ពួកគេម្នាក់ៗសុទ្ធតែយល់ថាឯងជាប្រុស សូម្បីតែលោកចាងហ្វាងមែនទេ?គិតទៅកើតមកមានសំឡេងពីរដូចជាឯង ពិតជាមានប្រយោជន៍មែន ហេតុអីក៏ខ្ញុំគ្មានវាសនាដូចជាឯងអ៊ីចឹង
-តែឯងក៏ក្លាយជាអ្នកនិពន្ធនៅផលិតកម្ម មយូរាហើយតើ
-ត្រូវហើយ! តែមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ស្តាយណាស់ បើកាលនោះ
ខ្ញុំដឹងថា លោកចាងហ្វាងមិនចូលចិត្តមនុស្សស្រី ខ្ញុំប្រហែលជាធ្វើដូចជាឯងពេលនេះអ៊ីចឹង
-សាវីណា!
-ខ្ញុំច្រណែននឹងឯងណាស់
-ការពិត……………
-ឯងនៅទីនេះទេអ្ហេ!
វណ្ណាបន្លឺឡើង ព្រោះដឹងថាយុវជនទាំងអស់ កំពុងដើរចូលមក។ សាវីណាសម្លឹងទៅយុវជនទាំងអស់ដែលកំពុងដើរចូលមក នាងបន្លឺ៖
-ជម្រាបសួរបងៗ!
-បាទៗជម្រាបសួរ
-អាល្អិត! នេះឯងក៏ស្គាល់អ្នកនិពន្ធស្រីវ័យក្មេងម្នាក់នេះដែរអ្ហេ?
-ឯងនេះមិនអន់ឯណា
-មើលទៅពួកគាត់ដូចជាស្រលាញ់ឯងណាស់ បានហើយ! ខ្ញុំជម្រាបលាពួកបងហើយ វិនីត! សំណាងល្អណា
វណ្ណាលួចសម្លឹងមុខវិនីត តែវិនីតហាក់ដូចជាក្រៀមក្រំណាស់។ យប់នេះនាងមិនបានត្រឡប់ទៅផ្ទះឡើយ គឺនាងគេងនៅមន្ទីរពេទ្យជាមួយម្តាយនិងប្អូន។ វិណាតបន្លឺ៖
-បងមិនត្រឡប់ទៅវិញជាមួយពួកគាត់ទេអ្ហេ?
-មិនទៅទេ! បងនៅមើលឯងសិន
-ខ្ញុំមើលទៅពួកគាត់ចិត្តល្អណាស់ ហើយស្រលាញ់បងទៀតផង ខ្ញុំប៊ិះភ្លាត់មាត់ ហៅបងថា ជាបងស្រីទៅហើយ សំណាងនឹកឃើញទាន់ មិននឹកស្មានថាបានជួបតារាល្បី ក្នុងពេលតែមួយបែបនេះសោះ នេះបើកុំតែខ្ញុំចូលពេទ្យ ក៏ពុំបានជួបពួកគាត់ផ្ទាល់យ៉ាងនេះដែរមើលទៅ
-មើលទៅឯង ដូចជាឆាប់ជាដល់ហើយហ្ន៎ និយាយឲ្យប៉ប៉ាច់
-អ៊ីចឹងខ្ញុំគេងហើយ! មើលទៅបងដូចជាមិនសប្បាយចិត្តសោះ
-កូនបានជជែកអីជាមួយសាវីណាខ្លះ?
-គ្មានអីទេម៉ែ! គ្រាន់តែសួរសុខទុក្ខគ្នាហើយ នាងក៏ចេញទៅ
-ចុះម្តាយនាងធូរស្រាលហើយមែនទេ
-ចាស! គឺចេញពីមន្ទីរពេទ្យហើយ
-ហ៊ឺ!
-ម៉ែឆាប់សម្រាន្តទៅ
-អ៊ឺ! ម៉ែគេងហើយអ៊ីចឹង
សាវីណាជាមិត្តរួមថ្នាក់របស់វិនីតកាលពីនៅរៀនវិទ្យាល័យ។ នាងក៏មានឧបនិស្ស័យនិងបំណងប្រាថ្នាជាអ្នកនិពន្ធដែរ។ នាងធ្លាប់ទៅផលិតកម្មនាគទេពម្តងតែត្រូវលោកចាងហ្វាងបដិសេធ។ នៅទីបំផុត នាងក៏ចូលធ្វើការជាអ្នកនិពន្ធ នៅផលិតកម្មមយូរា។ នាងមិនខុសពីវិនីតប៉ុន្មានឡើយ ធ្វើការផងរៀនផង ហើយត្រូវចិញ្ចឹមគ្រួសារផង ចំណែកម្តាយរបស់នាង ក៏មានជម្ងឺប្រចាំកាយទៀត។ បើនិយាយពីឪពុកវិញ គឺផឹកតែស្រាស្រវឹងទើបចូលផ្ទះ។ ឥឡូវនាង និងម្តាយព្រមទាំងប្អូនស្រីពីរនាក់បានចាកចោលឪពុកមករស់នៅភ្នំពេញហើយ។
ពីរថ្ងៃបានកន្លងផុតទៅ វិណាតក៏បានធូរស្រាល ហើយក៏បានត្រឡប់ទៅ
សៀមរាបជាមួយនឹងម្តាយវិញ។ ចំណែកវិនីតត្រូវត្រឡប់មករស់នៅជាមួយយុវជន
វិញ។ នៅថ្ងៃដែលនាងជជែកជាមួយសាវីណា វណ្ណាបានឮទាំងអស់ ហើយនាយក៏គិត
យល់ដែរ នៅថ្ងៃដែលឃើញពិចិត្រ និងវិនីតខុសប្រក្រតីនៅថ្ងៃនោះ។ វណ្ណាដឹងថា ពិចិត្រក៏ប្រហែលជាបានដឹងថា វិនីតជាស្រីហើយដែរ ទើបនាយហៅយុវជនមកជជែកគ្នានៅខាងក្រៅផ្ទះ៖
-ឯងមានរឿងអីចង់និយាយជាមួយខ្ញុំអ្ហេ? (ពិចិត្រសួរ)
-ឯងបានដឹងថា វិនីតជាស្រីអ្ហេ?
-ឯងដឹងហើយអ្ហេ?
-ខ្ញុំបានឮនាងជជែកគ្នាជាមួយសាវីណានៅមន្ទីរពេទ្យ
-ចុះនាងដឹងទេថា ឯងដឹងរឿងនេះទេ?
-នាងមិនបានដឹងទេ! ឯងគិតធ្វើយ៉ាងណាចំពោះនាង?
-ខ្ញុំបានយល់ព្រមជាមួយនាងជួយលាក់រឿងនេះ រហូតដល់នាងចប់កុងត្រា តែបើឯងដឹងហើយ ក៏គួរតែឲ្យពួកគេដឹងដែរ
-កុំអី! ពួកយើងលាក់រឿងនេះបន្តទៀតចុះ
-អ្ហឹះ!
-បើពួកគេដឹង ពួកយើងប្រាកដជាពិបាកក្នុងការរស់នៅជាមួយគ្នា
-ឯងមិនខឹងនឹងនាងទេអ្ហេ?
-មានអីគួរឲ្យខឹង ឯងស្មានតែនាងពេញចិត្តក្នុងការកុហកពួកយើងអ្ហេ? ខ្ញុំជឿជាក់លើមនោសញ្ចេតនារបស់នាងមកលើពួកយើង
-ព្រោះតែនាងជួយឯងនៅយប់នោះអ្ហេ?
-ប្រហែលហើយ! អ៊ីចឹងយប់នេះ?
-ខ្ញុំទៅគេងផ្ទះម៉ាក់ខ្ញុំមួយរយៈចុះ
-កុំអី! ឯងគេងបន្ទប់ជាមួយខ្ញុំទៅ
-ក្រែងឯងមិនចូលចិត្តគេងជាមួយអ្នកដទៃទេអ្ហេ?
-បើឯងចេះតែទៅគេងនៅផ្ទះម៉ាក់ឯង ពួកគេប្រាកដជាសង្ស័យ ចំណែកឯវិនីតក៏មិនសប្បាយចិត្តដែរ
-ឯងគិតដល់នាងគ្រប់ជំហានណាស់ហ្ន៎ សម្រេចអ៊ីចឹងចុះ
-ខ្ញុំចូលទៅក្នុងផ្ទះមុនហើយ
វណ្ណាចូលទៅក្នុងផ្ទះមុន ចំណែកឯពិចិត្រហាក់ដូចជាសញ្ជឹងមួយសន្ទុះ។ នាយគិតរឿងហេតុ ដែលវិនីតបានជួយវណ្ណានៅយប់នោះ ក៏បន្លឺឡើងតែម្នាក់ឯង៖ “នាងសុខចិត្តជួយឯង សូម្បីតែជីវិតខ្លួនឯងក៏មិនគិត ឯងសមនឹងជឿនាងអ៊ីចឹងហើយ ចុះខ្ញុំ?”។ ពិចិត្រគិតហើយ ដើរចូលទៅក្នុងផ្ទះវិញ ជួនជាពួកគេនៅជុំ គ្នា នាយក៏បន្លឺ៖
-ចាប់ពីថ្ងៃនេះទៅ ខ្ញុំនៅបន្ទប់ជាមួយវណ្ណាវិញ
-ម៉េចអ៊ីចឹង?
-គ្មានយ៉ាងម៉េចទេ! គ្រាន់តែមិនចង់គេងជាមួយអាល្អិតនេះ ព្រោះគេគេងអាក្រក់ណាស់ ធ្វើបាបខ្ញុំរាល់តែយប់ហ្នឹង
-អ៊ីចឹងផងអ្ហេ! នេះខ្លួនឯងតូចតែមួយ ធ្វើឲ្យបងពិចិត្រពិបាកទ្រាំដល់ថ្នាក់ហ្នឹងផងអ្ហេ?
-សូមទោសខ្ញុំ………….
-មិនអីទេ! ឯងគេងឲ្យបានស្រួលចុះ
ពួកគេទាំងអស់គ្នាក៏យល់ស្របតាមគំនិតពិចិត្រ។ វិនីតមកដល់បន្ទប់ ក៏ប្រាសខ្លួនដេកទៅលើគ្រែ ហើយនិយាយតែម្នាក់ឯង៖”អរគុណបងហើយ!”។ សំឡេងគោះទ្វារបន្លឺឡើង៖
-បងមកយកខ្នើយ និងភួយ (ពិចិត្រដើរចូលក្នុងបន្ទប់)
-អរគុណបង!
-មិនចាំបាច់ទេ! គេងលក់សុបិនល្អណា
-ចាស!
ពិចិត្រហាក់ពីរោះនឹងសំឡេងឆ្លើយតបនេះណាស់ក៏ងាកទៅសម្លឹងមុខវិនីត វិនីតបន្លឺ៖
-បងមិនអីទេអ្ហេ?
-មិនអីទេ! បងចេញទៅហើយ
ពិចិត្រចេញផុត វិនីតក៏ចូលទៅក្នុងបន្ទប់ទឹក តែមួយសន្ទុះស្រាប់តែយុវជនចូលមកវិញ។ នាយឃើញទ្វារមិនទាន់ខ្ទាស់សោក៏ដើរចូលទៅ តែមិនឃើញយុវតី នាយក៏បន្លឺឡើង៖
-ឯងនៅក្នុងបន្ទប់ទឹកមែនទេ?
-ចាស! បងមានការអី?
-ការពិតសំឡេងរបស់ឯងពីរោះណាស់
-……………..តើបងនៅខាងក្រៅទេ?
-អូ! ឯងមានឃើញកន្សែងពោះគោរបស់បងទេ?
-ខ្ញុំដាក់នៅក្នុងទូរ
-……………ឃើញហើយ! បងចេញទៅវិញហើយ…..ត្រូវហើយ!ពេលចូលដល់ក្នុងបន្ទប់ហើយ ត្រូវចាក់សោបន្ទប់ផង ស្តាប់បានទេ?
-ចាស!
វគ្គ៤ ដុំពេជ្រស្នេហ៍
ទោះបីពិចិត្រ និងវណ្ណាបានដឹងថាវិនីតជាស្រីក៏ដោយ ប៉ុន្តែមិត្តភាពរបស់ពួកគេ នៅតែដដែល ហើយអ្វីដែលធ្វើឲ្យវិនីតសប្បាយចិត្តថែមទៀតនោះ គឺនាងធ្វើបានសម្រេចនូវបទភ្លេងថ្មី ដែលមានចំណងជើងថា ដុំពេជ្រស្នេហ៍។ ដុំពេជ្រស្នេហ៍ គឺជាបទទីមួយ ដែលនាងសរសេរពីតម្លៃនៃសេចក្តីស្នេហ៍ តែមិនមែនជាស្នេហារបស់នាងឡើយ ផ្ទុយទៅវិញ វាជាជីវិតស្នេហ៍របស់ឪពុកម្តាយនាង ដែលនាងបានព្យាយាមបង្កើតវាឡើង អស់រយៈបីយប់បីថ្ងៃរហូតដល់ធ្លាក់ខ្លួនឈឺ ធ្វើឲ្យពិចិត្រដឹងថានាងជាស្រី។
បន្ទាប់ពីកែសម្រួលស្រួលបួលហើយ នាងក៏មកស្ទូឌីយ៉ូ ដែលយុវជនកំពុងថត។ មកដល់មុខបន្ទប់ថត ក៏បានជួបនឹងសាវីណា៖
-សាវីណា!
-ខ្ញុំមានរឿងចង់និយាយជាមួយឯងបន្តិចបានទេ?
-ពួកយើងទៅនិយាយគ្នាក្នុងបន្ទប់ទៅ!…………ឯងមានការអី?
-ខ្ញុំចង់ឲ្យឯងជួយខ្ញុំបានទេ?
-មានរឿងអី?
-ខ្ញុំចង់ឲ្យឯងសរសេរបទភ្លេងថ្មី ឲ្យខ្ញុំមួយបទបានទេ?
-វីណា!
-ខ្ញុំដឹងថា វាមិនគួរទេ ប៉ុន្តែខ្ញុំពិតជាត្រូវការវាណាស់ ឯងជួយខ្ញុំផងបានទេ?
-មិនអាចទេ! បើខ្ញុំធ្វើអ៊ីចឹង ខ្ញុំនិងឯងគឺមានកំហុសដូចគ្នា
-ខ្ញុំសូមអង្វរឯង! បើគ្មានបទភ្លេងថ្មីទេ លោកចាងហ្វាងប្រាកដជាដេញខ្ញុំចេញជាមិនខាន
-សាវីណា! បើខ្ញុំធ្វើឲ្យឯងថ្ងៃនេះ ចុះថ្ងៃក្រោយនោះ?
-ថ្ងៃក្រោយយ៉ាងណាមិនសំខាន់ទេ តែសំខាន់គឺថ្ងៃនេះ ឯងជួយខ្ញុំផងទៅ
-មិនអាចទេ! ខ្ញុំជឿថាឯងអាចធ្វើបានដោយខ្លួនឯង ឯងសាកល្បងទៅ ខ្ញុំសុខចិត្តជួយឯង
-ឯងពិតជាមិនព្រមតែងបទភ្លេងថ្មីឲ្យខ្ញុំមែនអ្ហេ!
-ខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ!
-អ៊ីចឹងឯងមិនខ្លាចទេថា លោកចាងហ្វាងដឹងថាឯងជាស្រី
-ឯងគិតធ្វើអី? ឯងចង់គំរាមខ្ញុំអ្ហេ?
-ខ្ញុំមិនចង់ទេ! ប៉ុន្តែបើលោកចាងហ្វាងឯងដឹងពីរឿងនេះ ឯងសង្ឃឹមទេថា ឯងអាចធ្វើជាអ្នកនិពន្ធត្រង់នេះបានទៀត?
-សាវីណា! ខ្ញុំមិនដឹងថា នៅពេលនោះ វាមានរឿងអ្វីកើតឡើងឡើយ តែឯងគួរ
តែដឹង ពួកយើងមិនអាចធ្វើអ៊ីចឹងបានទេ បទភ្លេងដែលយើងសរសេរចេញមកនីមួយៗ វាបានមកពីអារម្មណ៍ពិត បេះដូងពិតរបស់យើង ម៉េចនឹងអាចឲ្យទៅអ្នកដទៃ ម្យ៉ាងទៀត បើឯងធ្វើអ៊ីចឹង តើឯងសមជាអ្នកនិពន្ធទេ? ទោះអ្នកដទៃមិនដឹង តើឯងស្កប់ស្កល់នឹងមនសិការខ្លួនឯងទេ?
-សរុបទៅ គឺឯងមិនព្រមជួយយើង!
-មិនមែនទេ! គឺខ្ញុំកំពុងជួយឯង
-បានហើយ! បើឯងមិនជួយយើងហើយ យើងទៅវិញក៏បាន
សាវីណាដើរចេញទាំងកំហឹង ចំណែកវិនីតពិតជាមានអារម្មណ៍ស្មុគស្មាញណាស់។ នាងយកបទភ្លេងថ្មីដើរចេញមក បម្រុងយកទៅឲ្យលោកចាងហ្វាងពិនិត្យមើល តែមកដល់កន្លែងថត នាងឃើញជណ្តើរដែលគេដាក់ឡើងរៀបឆាកកំពុងរលំទៅរកពិចិត្រដែលឈរបែរខ្នងមិនដឹងខ្លួនសោះ។ វិនីតព្រលែងឯកសារពីដៃ រត់ទៅរុញយុវជនចេញ។ ពិចិត្រក៏ដួលទៅម្ខាង ចំណែកយុវតីត្រូវជណ្តើររលំសង្កត់ពីលើ ប៉ះក្បាលធ្វើឲ្យឈាមចេញមក។ យុវជនស្ទុះចូលទៅរកនាង ហើយទាញជណ្តើរចេញ៖
-ឯងយ៉ាងម៉េចហើយ!
-វិនីតចេញឈាមហើយបង!(រ៉ាណេបន្លឺ)
-ខ្ញុំមិនអីទេ!
-ឆាប់ទៅយកថ្នាំមក
ម្នាក់ៗរវល់តែមើលវិនីត មិនបានមើលសាវីណាដែលដើរចូលមក។ នាងស្រវារើសយកក្រដាសបទភ្លេងរបស់វិនីតដែលធ្លាក់រាយទៅលើអិដ្ឋ ហើយក៏ដើរចេញទៅ។ ចំណែកសុវណ្ណឃើញក្រដាសបទភ្លេងរាយដូចនោះ ក៏រើសប្រមូលដាក់មួយកន្លែង។ បន្ទាប់ពីរុំរបួសហើយ វិនីតបម្រុងដើរមកយកឯកសារ តែរ៉ាឌីបន្លឺ៖
-ចាំបងយកទៅជូនលោកចាងហ្វាងឲ្យ ឯងសម្រាកមួយសន្ទុះទៅ
ក្រោយពេលថតចប់ហើយ យុវជនទាំងអស់ក៏ត្រឡប់មកដល់ផ្ទះ។ ជាការពិតណាស់ វិនីតមិនសប្បាយចិត្តឡើយ នាងមិនសូវនិយាយស្តី ក៏ដើរចូលទៅក្នុងបន្ទប់បាត់។ សំឡេងគោះទ្វារបន្លឺឡើង៖
-គឺបងទេអ្ហេ!
-ឯងមិនអីទេអ្ហេ?
-មិនអីទេ!
-បងអាចចូលបានទេ?
-បងចូលមក!
-របួសនៅឈឺអ្ហេ?
-អត់ទេ! មិនឈឺទេ
-តែទឹកមុខឯង
-ប្រហែលជាខ្ញុំអស់កម្លាំងហើយ
-អ៊ីចឹងគេងសិនទៅ
-បងមានការអីអ្ហេ?
-ថ្ងៃក្រោយឯងកុំធ្វើបែបនេះទៀតបានទេ?………វាគ្រោះថ្នាក់ណាស់
-ខ្ញុំមិនចង់ឲ្យបងមានគ្រោះថ្នាក់ទេ
-បងដឹង ក្នុងចំណោមពួកយើង គឺឯងសុទ្ធតែមិនចង់ឲ្យនរណាម្នាក់មានគ្រោះថ្នាក់ឡើយ តែឯងក៏ត្រូវដឹងថា បើឯងមានគ្រោះថ្នាក់ ពួកយើងក៏បារម្ភដូចគ្នា
-សូមទោស!
-ឯងគេងសិនទៅ បងចេញទៅក្រៅហើយ
-ចាស!………..ត្រូវហើយ! ខ្ញុំពិតជាមិនចង់ឲ្យពួកបងមានគ្រោះថ្នាក់ទេ ពិសេសគឺបង ………..ហេតុអីក៏ខ្ញុំគិតអ៊ីចឹង?(វិនីតគិតក្នុងចិត្ត)
បន្ទាប់ពីស្រស់ស្រូបអាហារហើយ យុវជនទាំងអស់ក៏នាំគ្នាយកខ្នើយម្នាក់មួយមកគេងកំដរយុវតី។ វិនីតបើកភ្នែកឡើង ឃើញពួកគេកំពុងលង់លក់នៅជុំវិញគ្រែរបស់ខ្លួន។ នាងអង្គុយច្បោមក្បាលជង្គង់សម្លឹងទៅពួកគេ ដោយស្នាមញញឹមលាយនឹងតំណក់ទឹកភ្នែក។ ហេតុអីក៏ឆាកជីវិតរបស់នាង អាចជួបនូវរឿងល្អយ៉ាងនេះ? ចុះបើពួកគេដឹងថា នាងជាស្រី តើភាពស្និទ្ធស្នាលនេះ នឹងអាចកើតមានឡើងទៀតដែរឬទេ? រឹតតែគិតទឹកភ្នែករឹតតែស្រក់ខ្លាំងឡើង។ នាងសសៀរចុះពីលើគ្រែ ហើយក៏ដើរចូលទៅបន្ទប់ភ្លេងតែម្នាក់ឯង ដោយបន្លឺខ្លាំងៗឡើង៖ “ហេតុអីក៏ទេវតាមិនឲ្យខ្ញុំកើតជាមនុស្សប្រុស? ខ្ញុំមិនចង់ធ្វើជាមនុស្សស្រីទេ!”។ ទោះបីនាងតូចនេះ ប្រឹងស្រែកតវ៉ាយ៉ាងណា ក៏នាងមិនអាចតវ៉ានឹងធម្មជាតិបានដែរ។ នាងទាញក្រដាស និងខ្មៅដៃមកអង្គុយសរសេរ។
យប់យន់កាន់តែជ្រៅ ម៉ោងពីរយប់ទៅហើយ ពិចិត្រភ្ញាក់មិនឃើញវិនីត នឹកស្មានថា នាងចូលបន្ទប់ទឹក ក៏បន្លឺឡើង៖”វិនីត! នៅក្នុងបន្ទប់មែនទេ?”។ គ្មានសំឡេងឆ្លើយតប។ សំឡេងពិចិត្រធ្វើឲ្យយុវជនទាំងអស់ភ្ញាក់ឡើង ក៏ភ័យស្លន់ស្លោរត់រកវិនីតពេញផ្ទះ៖
-វិនីត!
-អាល្អិតនេះ! តិចលោវាទៅដួលសន្លប់ត្រង់ណាទេដឹង (រ៉ាណេបន្លឺ)
-ឯងកុំនិយាយផ្តាស (រ៉ាឌីតប)
-វិនីត!
អស្ចារ្យណាស់ ម្នាក់ៗច្រហមាត់ហួសចិត្ត ព្រោះតែឃើញយុវតីអង្គុយ គេងដាក់
ក្បាលលើតុ ដោយដៃកាន់ខ្មៅដៃជាប់។ សុវណ្ណបន្លឺ៖
-ចំជាអ្នកនិពន្ធមែន! ដល់ដំណាក់កាលនេះហើយ នៅងើបមកសរសេរទៀត អស្ចារ្យណាស់
-មាឌវាតូចតែមួយសោះ ហេតុអីក៏ខ្លាំងយ៉ាងនេះ
-ពួកយើងគិតធ្វើយ៉ាងម៉េច? (រ៉ាឌីសួរ)
-កុំដាស់គេអី ពួកយើងគេងនៅត្រង់នេះបន្តទៅ (វណ្ណាតប)
-អ៊ីចឹងខ្ញុំទៅយកខ្នើយ
ព្រះអាទិត្យបញ្ចេញពន្លឺច្បាស់ យុវតីប្រាសខ្លួនបើកភ្នែកឡើង នាងភ្ញាក់ព្រើត ក៏បន្លឺឡើង៖
-ហេតុអីក៏ពួកបងមកគេងនៅទីនេះ?
-ឯងនៅហ៊ាននិយាយទៀតអ្ហេ! យប់មិញពួកយើងដើររកឯងពេញផ្ទះ
-សូមទោស!
-ភ្លឺហើយអ្ហេ!
-ភ្លឺហើយ! ឆាប់ងើបមក ចង់គេងដល់ណាទៀត
-ពួកបងអត់ទៅថតទេអ្ហេ?
-ថ្ងៃនេះសម្រាក!
-ពួកយើងទៅដើរលេងទៅ
-ល្អ!
ក្រុមហ៊ុនមយូរា
សាវីណាដើរចូលទៅក្នុងការិយាល័យ ហើយក៏ហុចក្រដាសបទភ្លេងមួយសន្លឹកទៅកាន់លោកចាងហ្វាង។លោកមយូរាទទួលក្រដាសបទភ្លេងមកមើលហើយនិយាយ៖
-ការពិតនាងពិតជាអាចធ្វើបានតើ
-ខ្ញុំធ្វើវាបានហើយ តើលោកចង់ដេញខ្ញុំទៀតទេ
-ខ្ញុំក៏គ្មានបំណងហាមាត់ដេញនាងដែរ តែធ្វើម៉េច បើបច្ចុប្បន្ននេះ បទភ្លេងដែលយើងចម្លងពីគេ ពុំសូវមានការគាំទ្រ សូមទោសណា! ពេលនោះ ខ្ញុំដូចជាស្មុគស្មាញពេក បើសិនជាបទនេះចេញទៅហើយ ទទួលបាន ជោគជ័យ នាងប្រាកដជាល្បីឈ្មោះជាងនេះ
-លោកព្រមបើកប្រាក់ខែឲ្យខ្ញុំមុនទេ?
-បាន!………………….នាងចង់បានប្រាក់បីខែមុនអ្ហេ ហ៏នេះ!
-អរគុណ! ខ្ញុំទៅសិនហើយ
គ្រាន់តែបានប្រាក់ហើយ សាវីណាក៏ប្រញាប់ចេញទៅ។ ចំណែកលោកចាង-
ហ្វាងហាក់ដូចជាសប្បាយចិត្តណាស់ លោកកយកបទនោះទៅបន្ទប់ភ្លេង។ គ្រប់យ៉ាងហាក់ដូចជារហ័សពេកហើយ បីថ្ងៃក្រោយ បទភ្លេងថ្មីនេះបានចេញនៅលើកញ្ចក់ទូរទស្សន៍ ដែលក្រុមយុវជនកំពុងអង្គុយមើល។
តម្លៃនៃសេចក្តីស្នេហាប្រៀបដូចជាដុំពេជ្រមួយគ្រាប់ ដែលមិនអាចកាត់ថ្លៃបាន។ អត្ថន័យដ៏ជ្រាលជ្រៅនេះ មាននៅក្នុងបទ ដុំពេជ្រស្នេហ៍។ នេះជាបទថ្មី ចេញពីទឹកដៃរបស់កវីវ័យក្មេងសាវីណា។ សូមជាវស៊ីឌីវ៉ុល101របស់ផលិតកម្មមយូរា។
គ្រាន់តែមើលនិងស្តាប់សំឡេងផ្សាយពាណិជ្ជកម្មរបស់ផលិតកម្មមយូរាហើយ វិនីតក្តុកក្តួលណាស់៖
-មិនអាចទេ!
-ឯងកើតអី! (ពិចិត្រសួរ យុវជនទាំងអស់នាំគ្នាសម្លឹងទៅនាង)
-ខ្ញុំទៅក្រុមហ៊ុនមួយភ្លែត
-បងជូនឯងទៅ
-មិនអីទេ
វិនីតនិយាយហើយ ក៏រត់ចេញក្រៅ ហើយជិះម៉ូតូឌុបទៅបាត់។ យុវជនទាំងអស់ហាក់ដូចជាឆ្ងល់ណាស់ តែឃើញវិនីតចេញផុតហើយ ក៏នាំគ្នាចូលក្នុងផ្ទះវិញ។ វិនីតមកដល់ក្រុមហ៊ុន នាងចូលទៅរកលោកចាងហ្វាង៖
-លោកចាងហ្វាង!
-វិនីត! មានការអី?
-លោកចាងហ្វាងមានឃើញបទភ្លេងថ្មីដែលខ្ញុំប្រគល់ឲ្យលោកទេ?
-បទភ្លេង!
-បងរ៉ាឌីជាអ្នកយកមកប្រគល់ឲ្យបងណា
-អូ! នោះនៅលើតុនោះ ខ្ញុំមិនទាន់បានមើលនៅឡើយទេ យ៉ាងម៉េច មានបញ្ហាអីអ្ហេ?
វិនីតស្ទុះទៅយកឯកសារនៅលើតុមកមើល នាងហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់ ហើយបន្លឺសំឡេងខ្សាវៗ៖”ចប់ហើយ!”។
-មានបញ្ហាអី?
-ខ្ញុំត្រឡប់ទៅវិញហើយ
វិនីតចេញពីក្រុមហ៊ុនផុត ពិចិត្រក៏តេទៅលោកចាងហ្វាង៖
-អាឡូពិចិត្រ!
-ជម្រាបសួរបង! បងមានឃើញវិនីតទៅក្រុមហ៊ុនទេ?
-គេទើបនឹងចេញទៅអម្បាញ់មិញនេះឯង?
-តើគេទៅក្រុមហ៊ុនធ្វើអី?
-គេមករកអីបងក៏មិនដឹងច្បាស់ដែរ គេសួរបងថា មានឃើញបទភ្លេងថ្មីទេ? បងថាមិនទាន់បានមើល គេសុំឯកសារបងមើលហើយ ក៏ចេញទៅ តើមានរឿងអី មែនទេ?
-ពួកខ្ញុំក៏មិនដឹងដែរ! វាមើលការផ្សាយពាណិជ្ជកម្មផលិតកម្មមយូរាហើយក៏រត់ចេញទៅ
-ម៉េចឯងមិនតេទៅទូរស័ព្ទដៃគេទៅ?
-ទូរស័ព្ទវានៅផ្ទះឯនេះបង
-អ៊ីចឹងចាំមើលបន្តិចទៀតទៅ ក្រែងគេត្រឡប់ទៅផ្ទះវិញ
-អរគុណបង! ជម្រាបលា
-យ៉ាងម៉េចហើយបង! (រ៉ាណេសួរ)
-លោកចាងហ្វាងថា វាចេញពីក្រុមហ៊ុនហើយ ចាំមើលបន្តិចទៀតទៅ
-អាល្អិតនេះ ស្គាល់ផ្លូវច្បាស់ហើយអ្ហេ ហ៊ានទៅមកតែម្នាក់ឯងផង ប្រហែលជាមកមិនទាន់ភ្លៀងទេមើលទៅ (រ៉ាណេនិយាយ)
-សុខភាពវាខ្សោយយ៉ាងនេះ បើត្រូវភ្លៀងប្រាកដជាឈឺទៀតហើយ(សុវណ្ណតប)
-ខ្ញុំចេញទៅរកវា! (ពិចិត្រឧទាន)
វណ្ណាលួចសម្លឹងអាកប្បកិរិយារបស់ពិចិត្រ ដែលបារម្ភពីវិនីតស្ទើរតែស្ទះទ្រូង។
យុវជនឈរចាំផ្លូវនៅមាត់ទ្វាររហូត។ ថ្លែងពីវិនីត នាងបានមកដល់ផលិតកម្មមយូរា
ហើយក៏បានជួបសាវីណាជជែកគ្នា៖
-ហេតុអីក៏ឯងធ្វើអ៊ីចឹង?
-ខ្ញុំធ្វើយ៉ាងម៉េច? អ្ហូ! ឯងចង់និយាយពីបទដុំពេជ្រស្នេហ៍អ្ហេ
-បទនេះ ខ្ញុំចំណាយពេលអស់ច្រើនណាស់ ក្នុងការធ្វើវាឡើង ខ្ញុំសូមអង្វរឯង ប្រគល់វាឲ្យខ្ញុំវិញមក
-ហួសពេលហើយ កាលខ្ញុំអង្វរឯង ហេតុអីក៏ឯងមិនព្រមជួយខ្ញុំ ចំណែកបទនេះ ខ្ញុំមិនបានលួចពីឯងឯណា គឺខ្ញុំរើសវាបានដោយចៃដន្យប៉ុណ្ណោះ ឯងមានទេពកោសល្យយ៉ាងនេះ គ្រាន់តែបទចម្រៀងមួយបទ ឯងចាត់ទុកថាបោះចោល ហើយតែងថ្មីទៅមិនបានទេអ្ហេ?
-មិនបានទេ! ឯងដឹងទេ វាគឺជាបទដំបូង ដែលខ្ញុំសរសេរអំពីស្នេហាប្រុសនិងស្រី ហើយស្នេហានេះ គឺចេញពីជីវិតរបស់ពុកម៉ែខ្ញុំ ខ្ញុំបានប្រាប់គាត់រួចហើយ ថាបទនេះ នឹងចេញនៅខែក្រោយនេះ តែបើឯងធ្វើអ៊ីចឹង ឲ្យខ្ញុំគិតយ៉ាងម៉េច ខ្ញុំសូមអង្វរឯង!
វិនីតនិយាយផង យំផង ធ្វើឲ្យសាវីណា ក៏ពិបាកចិត្តដែរ តែនាងនៅតែមិន
អាចធ្វើអ្វីបាន ក្រៅពីនិយាយថា៖
-សូមទោស!…………………យកល្អឯងត្រឡប់ទៅវិញទៅ បទនោះចេញផ្សាយទៅហើយ ចំណែកម្តាយឯង គាត់ប្រាកដជាបានឃើញ ទោះមិនមែន ឈ្មោះឯងជាអ្នកនិពន្ធ ខ្ញុំជឿថា គាត់នឹងយល់
-ហេតុអីក៏ឯងនិយាយបែបហ្នឹងបាន?
-យ៉ាងម៉េច! បទនេះ ឯងមិនទាន់ឆ្លងកាត់ក្រសួងនៅឡើយទេ ទោះជាឯងប្តឹងខ្ញុំ ក៏គ្មានសង្ឃឹមថាឈ្នះដែរ មែនទេ? យកល្អ ឯងប្រញាប់ទៅវិញទៅ ទៅធ្វើជាយុវជនវ័យក្មេងដ៏មានសមត្ថភាពនោះវិញទៅ ខ្ញុំក៏មិនបើកកកាយរឿងរបស់ឯងជាស្រីដែរ
-ឯងថោកទាបពេកហើយ!
វិនីតចេញពីផលិតកម្មមយូរាមក គឺដើររហូត សូម្បីតែខ្លួននាង ក៏មិនដឹងថា កំពុងតែនៅទីណាដែរ។ ក្រោមមេឃរលឹមស្រិចៗមានតែពន្លឺភ្លើងអគ្គិសនី វិនីតអង្គុយនៅក្នុងសួនច្បារតាមបណ្តោយផ្លូវធ្វើហី ហាក់មិនដឹងត្រជាក់ក្តៅទាល់តែសោះ។ ចំណែកយុវជនទាំងអស់ អន្ទះសាចាំមើលផ្លូវនាង។ ពិចិត្របន្លឺ៖
-ខ្ញុំចេញទៅរកនាងហើយ!
-ខ្ញុំក៏ទៅដែរ (វណ្ណាឧទាន)
ពិចិត្រ និងវណ្ណានាំគ្នាចេញទៅមួយផ្លូវម្នាក់។ ចំណែកសុវណ្ណ រ៉ាឌី និងរ៉ាណេ ក៏នាំគ្នាចេញទៅដែរ។ តើវិនីតនៅឯណា? ពួកគេម្នាក់ៗ ពិតជាបារម្ភខ្លាំងណាស់។ សំឡេងទូរស័ព្ទបន្លឺឡើង៖
-វិនីតអ្ហេ?……………វិនីត! ……………….វិនីត!
-បង!………………
-ពេលនេះឯងនៅឯណា?
-ខ្ញុំ………..ខ្ញុំនៅមុខសួនច្បារ
-សួនច្បារឯណា?
-ខ្ញុំអត់ដឹងទេ!…………….
-វិនីត! ……………….
វិនីតដាក់ទូរស័ព្ទហើយ ក៏ដើរចូលទៅក្នុងសួន។ នាងអង្គុយលើបង់ សម្លឹងមើលទៅព្រះចន្ទ ដ៏សែនតូចក្នុងអារម្មណ៍សោកសៅ។ មាណវីបន្លឺឡើងតិចៗ៖”ដុំពេជ្រស្នេហ៍.……. សូមទោសម៉ែ ពុក”។ ទឹកភ្នែកស្រក់ច្រោក ដៃទាំងពីរខ្ទប់មុខឱនក្បាលចុះ បេះដូងហាក់ដូចជាឈឺខ្លាំងណាស់។ សម្រឹបជើងតិចៗដើរចូលមក យុវតីងើបក្បាលឡើងទាំងទឹកភ្នែកនៅលើថ្ពាល់ ឃើញច្បាស់ថាជា ពិចិត្រក៏ឱនក្បាលទៅវិញ។ យុវជនអង្គុយចុះក្បែរនាង ដោយមិននិយាយអ្វីទាំងអស់ នាយទាញក្បាលវិនីត ឲ្យផ្អែកមកលើស្មាខ្លួន។ វិនីតយំហ៊ូកាន់តែខ្លាំងឡើង មួយសន្ទុះក្រោយ ទើបនាងងាកចេញពីយុវជន។ ពិចិត្របន្លឺ៖
-មានរឿងអី?
-បទដុំពេជ្រស្នេហ៍នោះ គឺជាបទដែលខ្ញុំសរសេរវាឡើង
-ថាម៉េច!
-នៅថ្ងៃដែលខ្ញុំទៅជួយបងនោះ ខ្ញុំបានគ្រវែងវាពីដៃខ្ញុំ សាវីណានាងក៏រើសយកទៅ………ហេតុអីក៏នាងធ្វើអ៊ីចឹង?
-បទនេះអ្ហេ! ដែលឯងចំណាយពេលបីយប់បីថ្ងៃសរសេរវា?
-ចាស!
-ពួកយើងទៅរកនាង
-កុំអី! ខ្ញុំបានទៅរកនាងរួចហើយ គ្មានប្រយោជន៍ទេ
-តែវាជាកម្លាំងញើសឈាមរបស់ឯង
និយាយដល់ត្រង់នេះ វិនីតយំហ៊ូទៀតហើយ៖
-បានហើយៗ! ឈប់យំទៅ……….យប់ជ្រៅហើយ! ពួកយើងត្រឡប់ទៅផ្ទះសិនទៅ ………..ឯងយំហើមភ្នែកយ៉ាងនេះ ស្រួលមិនស្រួល ពួកគេចោទថាបងធ្វើបាបឯងក៏ថាបាន
ពិចិត្រជូនទឹកភ្នែកឲ្យវិនីត រួចហើយក៏ដឹកដៃនាងចូលឡាន។ សកម្មភាព ទាំងប៉ុន្មានគឺស្ថិតនៅក្នុងកែវភ្នែកវណ្ណាទាំងអស់។ លុះត្រឡប់ទៅដល់ផ្ទះ បន្ទាប់ពីដឹងរឿង
ហើយ យុវជនទាំងបីបន្លឺព្រមគ្នា៖
-ហួសហេតុពេកហើយ!
-ក្រែងនាងក៏ជាអ្នកនិពន្ធដែរអ្ហេ ហេតុអីក៏ធ្វើបែបហ្នឹង?
-ពួកយើងប្តឹងទៅ! (រ៉ាណេបន្លឺ)
-ប្តឹងយ៉ាងម៉េច?
-អ៊ីចឹងបានន័យថា ឲ្យនាងយកស្រួលៗអ៊ីចឹងអ្ហេ? បទមួយនេះ មិនត្រឹមតែចំណាយពេលច្រើនទេ ថែមទាំងធ្វើឲ្យអាល្អិតនេះឈឺទៀតផង
-ខ្ញុំទៅបន្ទប់ហើយ!
-វិនីត!
-ខ្ញុំអត់អីទេ! …………………………
-មើលទៅអាល្អិតនេះ ដូចជាខូចចិត្តដល់ហើយ (រ៉ាណេឧទាន)
ពេញមួយយប់ហើយ វិនីតមិនបានគេងឡើយ គឺនាងអង្គុយរហូតជាមួយពន្លឺភ្លើងដ៏តូចរបស់នាង។ អារម្មណ៍បែបនេះ តើបទភ្លេងថ្មីអាចកើតឡើងទេ? ចំណែកយុវជនទាំងពីរ ក៏ពុំលង់លក់ដូចគ្នា ពួកគេនាំគ្នាដើរចេញមកក្រៅម្នាក់ម្តង ហើយឈរសម្លឹងទៅបន្ទប់យុវតី។ ក្តីបារម្ភរបស់ពិចិត្រ និងវណ្ណាទៅលើវិនីតគឺមានទំហំប៉ុនគ្នា ហើយសូម្បីតែគិតក៏ដូចគ្នាដែរ។ ព្រលឹមមិនទាន់ គឺបាត់ពួកគេពីផ្ទះអស់ហើយ តើពួកគេទៅណា? វណ្ណាមកដល់ផលិតកម្មមយូរា ស្រាប់តែបានឃើញពិចិត្រកំពុងជជែកជាមួយសាវីណា៖
-ការពិតលោកមកនេះ ព្រោះតែវិនីតអ្ហេ?
-មិនមែនទេ! គឺព្រោះតែទឹកចិត្ត និងបេះដូងរបស់កវីវ័យក្មេងម្នាក់ ដែលនាងបានដុតបំផ្លាញវា
-លោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?
-ឲ្យបទចម្រៀងនោះទៅម្ចាស់ដើមវិញទៅ (វណ្ណាដើរចូលមក)
-ពួកលោក!
-ដូចពិចិត្រនិយាយអម្បាញ់មិញអ៊ីចឹង នាងដឹងថា នាងកំពុងធ្វើអីទេ? វិនីតក៏ជាមិត្តរបស់នាងដែរ ខ្ញុំយល់ថា នាងអាចយល់ចិត្តគេច្បាស់ជាងពួកខ្ញុំទៅទៀត
-បទមួយនេះ វិនីតចំណាយពេលអស់បីយប់បីថ្ងៃ រហូតដល់ធ្លាក់ខ្លួនឈឺ ទៀត នាងដឹងទេ? ហើយពេលនេះ សូម្បីតែកម្លាំងចិត្ត ក៏នាងគ្មានទៀតដែរ ហេតុអីក៏នាងធ្វើបែបនេះចំពោះគេបាន?
-ខ្ញុំសូមអង្វរនាង! (វណ្ណា និងពិចិត្របន្លឺព្រមគ្នា)
ហេតុអីក៏យុវជនទាំងពីរនេះ ទន់ភ្លន់យ៉ាងនេះ? សាវីណាស្រក់ទឹកភ្នែក នាងបន្លឺឡើង៖
-ហេតុអីក៏វិនីតមានសំណាងជាងខ្ញុំយ៉ាងនេះ? ខ្ញុំនាំពួកលោកទៅកន្លែងមួយ
សាវីណា នាំយុវជនទាំងពីរមកដល់មន្ទីរពេទ្យ។ នៅពីមុខបន្ទប់អ្នកជម្ងឺម្នាក់នាងនិយាយទៅកាន់ពួកគេ៖
-នេះហើយជាមូលហេតុ ដែលធ្វើឲ្យខ្ញុំ ក្បត់មនសិការខ្លួនឯង ក្បត់មិត្តភក្តិ
-អ្នកជម្ងឺខាងក្នុង ត្រូវជាអ្វីនឹងនាង?
-គាត់ជាម្តាយខ្ញុំ! នៅពេលជម្ងឺបេះដូងរបស់គាត់រើឡើងត្រូវវះកាត់នោះ ខ្ញុំបែរជាត្រូវលោកចាងហ្វាងគំរាមបញ្ឈប់ពីការងារ គាត់ឲ្យខ្ញុំតែងបទភ្លេងថ្មី បើបានក្នុងរយៈពេលបីថ្ងៃ គាត់មិនត្រឹមតែមិនបញ្ឈប់ការងារខ្ញុំទេ គឺថែមទាំងបើកប្រាក់ខែឲ្យខ្ញុំមុនថែមទៀត តែក្នុងរយៈពេលបីថ្ងៃ ខ្ញុំអាចធ្វើបានទេ ខ្ញុំគ្មានសមត្ថភាពដូចវិនីតទេ? ខ្ញុំគិតយូរណាស់ ទើបសម្រេចចិត្តទៅរកវិនីត តែនាងមិនព្រមជួយខ្ញុំទេ
-តើនាងមានប្រាប់ពីមូលហេតុដល់គេទេ?
-ខ្ញុំមិនបានប្រាប់គេទេ ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តទៅអង្វរគេ គឺសមល្មមនឹងគេអាណិតខ្ញុំហើយ តែវិនីតមានគោលជំហរច្បាស់លាស់ពេក ថ្ងៃនោះ បន្ទាប់ពីខ្ញុំចេញពីគេ ខ្ញុំក៏សម្រេចចិត្តមករកគេវិញ ការពិតខ្ញុំចង់ប្រាប់មូលហេតុពិតដល់គេ តែនៅពេលមកដល់កន្លែងថតនោះ ខ្ញុំបានឃើញក្រដាសចម្រៀងរបស់គេរាយពេញដី ខ្ញុំក៏រើសវាយកមកទៅ។ ពួកលោកដឹងទេ នៅពេលដែលឃើញវិនីតឈឺចិត្តយ៉ាងនេះ ខ្ញុំក៏មិនស្រួលចិត្តដែរ ថ្វីត្បិតពីដើមមក ពួកយើងមិនសូវជិតស្និទ្ធនឹងគ្នាក៏ដោយ តែគេក៏ជាមិត្តរួមថ្នាក់របស់ខ្ញុំដែរ ពួកយើងស្គាល់គ្នាតាំងពីតូចមក បើចង់បន្ទោសគឺបន្ទោសវាសនា
-វាសនាឲ្យនាងសម្រេចចិត្តបែបនេះអ្ហេ? បើនាងសម្រេចចិត្តប្រាប់វិនីតតាំងពីដំបូងមក តើការឈឺចាប់នេះកើតមានឡើងទេ? (វណ្ណានិយាយ)
-នាងស្គាល់វិនីតច្បាស់ជាងពួកយើងទៅទៀត តើនាងគិតថា វិនីតដាច់ចិត្តទុកនាងចោល ដោយមិនព្រមជួយអ៊ីចឹងអ្ហេ?បើចង់បន្ទោស គឺបន្ទោសនាងខ្លួនឯង
-តើឲ្យខ្ញុំគិតយ៉ាងម៉េច?
-ទៅរកវិនីត ហើយសូមទោសគេទៅ!
-តើគេព្រមលើកលែងឲ្យខ្ញុំទេ?
-នាងគិតខ្លួនឯងទៅ ថាគេព្រមលើកលែងឲ្យនាងទេ?
-ចុះពួកលោក?
-ពួកខ្ញុំអ្ហេ!
-ក្រែងពួកលោកចង់ឲ្យខ្ញុំប្រគល់ចម្រៀងនោះទៅវិនីតវិញអ្ហេ?
-ពួកយើងពិតជាងចង់ តែនាងអាចធ្វើបានទេ? ណ្ហើយ! នៅពេលនេះអ្វីដែល
សំខាន់នោះ គឺវិនីតព្រមលើកលែងទោសឲ្យនាងឬអត់ គឺអាស្រ័យលើនាងហើយ? ពួកយើងត្រឡប់ទៅវិញហើយ
-ឈប់សិន!……………..ពួកលោកដឹងថា វិនីតជានរណាអ្ហេ?………ត្រូវហើយ!ខ្ញុំមិនគួរសួរសំនួរនេះទេ ការពិតខ្ញុំគួរតែដឹងតាំងពីដំបូង ដែលពួកលោកចូលមករកខ្ញុំ ពួកលោកជួយលាក់រឿងវិនីតជាស្រី ព្រោះតែខ្លាចលោកចាង-ហ្វាងដឹងអ្ហេ? ……
-នាង…………
-កុំបារម្ភអី បើខ្ញុំចង់ធ្វើបាបនាង ខ្ញុំប្រាប់លោកចាងហ្វាងតាំងពីដំបូងម៉្លេះ ការពិតពួកលោកសុទ្ធតែស្រលាញ់វិនីតដូចគ្នាមែនទេ? ត្រង់នេះហើយដែលខ្ញុំគិតថា នាងមានសំណាងជាងខ្ញុំ
វិនីតភ្ញាក់ព្រើត នៅពេលដែលនាងដឹងថា វណ្ណាក៏ដឹងថា ខ្លួនជាស្រី។ ការពិតអ្វីដែលពួកគេជជែកគ្នា គឺនាងបានស្តាប់ឮទាំងអស់។ បន្ទាប់ពីយុវជនទាំងពីរចាកចេញទៅ នាងក៏បង្ហាញខ្លួនចំពោះមុខសាវីណា៖
-វិនីត!
-ឯងមានបញ្ហា ហេតុអីមិនប្រាប់ខ្ញុំ?
-ឯងស្តាប់ឮអស់ហើយអ្ហេ? ……………សូមទោស!
-បើខ្ញុំដឹងថា បទចម្រៀងមួយបទ អាចជួយជីវិតរបស់ឯងយ៉ាងនេះ ប្រហែលពេលនោះ ខ្ញុំមិនបដិសេធនឹងឯងទេ តែហេតុអីក៏ឯងមិននិយាយប្រាប់ខ្ញុំ? ឯងឲ្យខ្ញុំគិតថាឯងជាមនុស្សអាក្រក់យ៉ាងនេះ តើឯងគប្បីនឹងខ្ញុំទេ? ហេតុអីក៏ឯងធ្វើអ៊ីចឹង?
-សូមទោស!
មាណវីទាំងពីរយំឱបគ្នា។ មួយសន្ទុះក្រោយ ពួកនាងក៏ទៅអង្គុយលើបង់នៅមុខមន្ទីរពេទ្យ។ ការពិតចំណងនៅក្នុងចិត្តបានស្រាយរួចហើយ ចំណែកបទចម្រៀងដុំពេជ្រស្នេហ៍ វិនីតក៏មិនបានទាមទារមកវិញដែរ។ បន្ទាប់ពីម្តាយធូរសះស្បើយ សាវីណាបានព្យាយាមធ្វើបទចម្រៀងថ្មីដោយខ្លួនឯង ហើយតែងតែទៅរកវិនីតឲ្យជួយជាញឹកញាប់។
បន្ទាប់ពីរឿងរ៉ាវថ្ងៃនោះមក វិនីតហាក់ពុំសូវនិយាយស្តីជាមួយវណ្ណាឡើយ អាកប្បកិរិយាយ៉ាងនេះ ធ្វើឲ្យវណ្ណាមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ឆ្លៀតពេលឃើញនាងឈរតែម្នាក់ឯងនៅមុខផ្ទះ នាយក៏បន្លឺឡើង៖
-កំពុងធ្វើអី?
-………បង!
-យ៉ាងម៉េច!ប៉ុន្មានថ្ងៃនេះ ឯងចេះតែគេចមុខពីបង បងមានរឿងអីធ្វើឲ្យឯងខឹងមែនទេ………….ម៉េចមិននិយាយ?
-……………..អត់ទេ! ខ្ញុំគ្រាន់តែ…………………..
-ឯងយ៉ាងម៉េចហ្នឹង? ………….ហេតុអីក៏ឯងយំ?
-គ្មានអីទេ! ………ខ្ញុំចូលទៅក្នុងហើយ
វិនីតរត់ចេញពីវណ្ណា ក៏ទៅបុកពិចិត្រប៉ាំង៖
-សូមទោស!
-ឯងកើតអី?
-គ្មានទេ! ខ្ញុំទៅក្នុងហើយ
-ឯងធ្វើអីគេមែនទេ?
-គ្មានទេ!
…………………………………………………………………………………………………….
ទោះបីវិនីតបានបោះបង់បទដុំពេជ្រស្នេហ៍ទៅឲ្យផលិតកម្មមយូរា ក៏នាងនៅតែច្រៀងបទនេះ ក្មុងអារម្មណ៏ពោរពេញទៅដោយសេចក្តីស្រលាញ់ និងមិនអាចបំភ្លេចបាន។ នាងអង្គុយសញ្ជឹងតែម្នាក់ឯងនៅក្នុងបន្ទប់ភ្លេង៖”តើខ្ញុំអាចមានអារម្មណ៍បែបនេះ ដូចជាពុកម៉ែទេ? ស្រលាញ់មនុស្សម្នាក់ពិតជាមានតម្លៃដល់ថ្នាក់ហ្នឹងឬ? ក្នុងចំណោមពួកគាត់ តើខ្ញុំមានបានស្រលាញ់នរណាទេ?”។ វិនីតអង្គុយគិតសារឡើងវិញ តែបេះដូងរបស់នាងហាក់ដូចជាលោតញាប់ខ្លាំងណាស់នៅពេលគិតដល់ពិចិត្រ។ នាងយកដៃដាក់លើទ្រូង ហើយនិយាយ៖”យ៉ាងម៉េចហ្នឹង? មិនស្រួលខ្លួនទេដឹង?”។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែពិចិត្របន្លឺឡើង៖
-ធ្វើអីហ្នឹង?
-បងទេអ្ហេ!
-សូមទោសដែលធ្វើឲ្យឯងភ្ញាក់យ៉ាងនេះ! ……ឯងកើតអី?
-……..គ្មានទេ! ខ្ញុំមានកើតអីឯណា
-ចុះហេតុអីក៏ឯងដាក់ដៃលើទ្រូងមិនដកសោះអ៊ីចឹង?
-អ្ហូ! ខ្ញុំដាក់លេងតើ …………បងមានការអីរកខ្ញុំមែនទេ?
-លោកចាងហ្វាងតេមក ឲ្យឯងនិពន្ធចម្រៀងស្នេហា
-ទៀតហើយអ្ហេ!
-ពិបាកណាស់អ្ហេ!
-បងពិចិត្រមានទូរស័ព្ទ (រ៉ាឌីបន្លឺ)
-បងទៅទទួលទូរស័ព្ទសិន
-………….ប្រាកដជាពិបាកហើយ! ………….ទៅក្រៅផ្ទះឲ្យស្រាកចិត្តសិន
បទចម្រៀងអណ្តែតអណ្តូង ផ្សំផងជាមួយនឹងសំឡេងហ្គីតា ធ្វើឲ្យដួងចិន្តាមានអារម្មណ៍ថាសោកសៅ និងឈឺចាប់បំផុតក្នុងការលួចស្រលាញ់មនុស្សម្នាក់។ វិនីតយកហត្ថដាក់លើទ្រូងទៀតហើយ នាងនិយាយតែម្នាក់ឯង៖”នេះអ្ហេជាបទចម្រៀងស្នេហា? ហេតុអ្វីក៏ឯកាម្ល៉េះ?”។ យុវតីឈរសម្លឹងទៅវណ្ណា ដែលឈរកាន់ហ្គីតាផ្អែកនឹងដើមឈើនៅមុខផ្ទះ។ វណ្ណាបន្លឺ៖
-ឯងកំពុងធ្វើអី?
-បទបងច្រៀងអម្បាញ់មិញពីរោះណាស់ តើមានចំណងជើងថាម៉េច?
-ហេតុអ្វីបងរឹតតែស្រលាញ់អូន?
-បងធ្វើវាដោយខ្លួនឯងមែនទេ?
-ត្រូវហើយ! បងធ្វើវា នៅពេលដែលបង ចាប់ស្រលាញ់មនុស្សម្នាក់
-ស្រីម្នាក់ដែលរៀបការហើយនោះអ្ហេ?
-មិនមែនទេ! គឺស្រីម្នាក់ផ្សេងទៀត តែនាងមិនដឹងថា បងស្រលាញ់នាងទេ
វិនីតហាក់បីដូចជារអៀសចិត្ត មិនដឹងនិយាយអ្វី វណ្ណាក៏បន្ត៖
-ត្រូវហើយ! តើឯងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលស្តាប់បទនេះ?
-សោកសៅ និងឈឺចាប់ណាស់
-នេះហើយជាចម្រៀងស្នេហា! ចម្រៀងដែលចេញពីការឈឺចាប់ អ្នកស្តាប់ស្តាប់ហើយ គឺហាក់បីដូចជាឈឺចាប់ដូចគ្នា នេះហើយ ជាអ្វីដែលអ្នកនិពន្ធចង់បាន មិនមែនបទយើងឈឺចាប់ គេស្តាប់ហើយ បែរជាចង់សើចនោះទេ ឯងយល់ទេ?
-ពិតមែនហើយ! ខ្ញុំចង់ឈឺចាប់ដូចជាបង តើបានទេ?
-ឯងនេះពិតជាល្ងង់មែន! គ្មាននរណាម្នាក់ចង់ឈឺចាប់ទេ
-តែបើខ្ញុំមិនឈឺចាប់ ធ្វើម៉េចនឹងសរសេរបទស្នេហានេះបាន
-បទស្នេហា ក៏មិនប្រាកដថា ជាស្នេហាឈឺចាប់ដែរ បងដឹងថា ក្នុងចិត្តឯងកំពុងតែមានមនុស្សម្នាក់ តែគ្រាន់តែឯង មិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ
-ហេតុអីក៏បងដឹងចិត្តខ្ញុំ ជាងខ្លួនខ្ញុំទៅទៀត?
-សំនួរនេះឯងទុកឆ្លើយខ្លួនឯងទៅ បងទៅក្នុងហើយ
វគ្គ៥ ការវិលត្រឡប់
សូរិយាជាប្អូនស្រីបង្កើតរបស់លោកនាគ ទេព។ នាងបានចាកចេញពីស្រុកខ្មែរទៅធ្វើការនៅប្រទេសចិនអស់រយ
ៈពេលបួនឆ្នាំ។ ឥឡូវនាងមកដល់ស្រុកខ្មែរវិញហើយ។ ការវិលត្រឡប់នេះធ្វើឲ្យលោកប្រាក់ នាគមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកកំពុងតែអង្គុយអានកាសែត ស្រាប់តែឮសំឡេងបន្លឺឡើង៖
-សួស្តីបងប្រុស!
-សូរិយា!
លោកប្រាក់ នាគឧទានឡើង ហើយក៏ទម្លាក់កាសែតទៅម្ខាងបំណងលាក់មិនឲ្យសូរិយាឃើញ។ លោកស្ទុះមកឱបប្អូនដោយក្តីនឹករលឹក៖
-ឯងត្រឡប់មក ហេតុអីមិនផ្តល់ដំណឹងឲ្យបងជាមុន?
-គឺចង់ឲ្យបងភ្ញាក់ផ្អើលហ្នឹងណា?
-អង្គុយសិនទៅ បងទៅចាក់ទឹកឲ្យញ៉ាំ
-អរគុណបង!
-ម្តងនេះតើឯងមកលេង ឬមកធ្វើការ?
-គឺមកមែនទែនណាបង
-បានន័យថា ឯងមិនទៅវិញទេ មែនទេ?
-ប្រហែលហើយបង ចុះបងពិចិត្រពេលនេះយ៉ាងម៉េចហើយបង?
-ពិចិត្រអ្ហេ!
-តើគាត់មានរំឭកពីខ្ញុំទេបង?
-រឿងនេះ…………
-បងយ៉ាងម៉េចហ្នឹង? ឬមួយគាត់មានស្រីផ្សេងហើយ?
-គ្មានទេ! ប៉ុន្តែ……………ឯងមើលកាសែតនេះទៅ
-សំនៀងពិចិត្រមានចំណូលចិត្តលើភេទដូចគ្នា?………..ស្អីគេហ្នឹង?
-ព័ត៌មាននេះទើបតែចេញផ្សាយទេ បងថាហៅពិចិត្រមកសួរ តែឯងក៏មកដល់ល្មម
-ក្មេងប្រុងនេះជានរណា?
-ជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់គេហ្នឹងឯង ឬមកពីបងមិនដែលចាប់អារម្មណ៍ពួកគេ?
-ម៉េចនឹងអាចមានរឿងបែបនេះកើតឡើងទៅ?
-ត្រូវហើយ! ឯងឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់ គឺព្រោះតែខ្លាចពិចិត្រភ្លេចឯងទៅស្រលាញ់ស្រីផ្សេង …….នេះមិនមែនគេខឹងនឹងឯងរហូតដល់…
-បងកុំនិយាយផ្តាស! បងមិនឆាប់តេទៅគាត់ទៅ
-ត្រូវហើយ! ………………អាឡូពិចិត្រ!
-បងឃើញព័ត៌មានហើយអ្ហេ?
-យ៉ាងម៉េច! បើឯងចង់បកស្រាយ ពួកយើងធ្វើសន្និសិទកាសែតទៅ
-មិនចាំបាច់ទេ!
-ឬជារឿងពិត?
-បងកុំបារម្ភអី វាគ្មានបញ្ហាអីកើតឡើងទេ បន្តិចទៀតគឺស្ងប់ហើយ ខ្ញុំត្រូវទៅជួបម៉ាក់ខ្ញុំ ប៉ុណ្ណឹងបានហើយបង!
-ពិចិត្រ ៗ!
-យ៉ាងម៉េចហើយបង!
-គេមិនបកស្រាយទេ
-ឬជាការពិត? តាមចរឹតរបស់គាត់ គាត់មិនដែលធ្វើឲ្យគេយល់ច្រឡំទេ ឬមួយក៏គាត់សម្រេចចិត្តបំភ្លេចខ្ញុំមែន តែទោះជាយ៉ាងណា ក៏គាត់មិនគួរ ទៅស្រលាញ់ភេទដូចគ្នាដែរ ខ្ញុំចង់ទៅជួបគាត់!
-កុំអី! ពេលនេះគេទៅផ្ទះម៉ាក់គេហើយ ឯងទៅផ្ទះងូតទឹកសិនទៅ ល្ងាចនេះពិចិត្រត្រូវថត គេនឹងមកក្រុមហ៊ុន ឯងចាំមកជួបគេនៅទីនេះក៏បាន
-អ៊ីចឹង! បងកុំទាន់ប្រាប់បងពិចិត្រថា ខ្ញុំមកណា ខ្ញុំចង់ឲ្យគាត់ឃើញខ្ញុំ តើពេលនោះ គាត់មានអារម្មណ៍យ៉ាងម៉េច?
-បានៗ! ឆាប់ទៅផ្ទះងូតទឹកទៅ
-ខ្ញុំទៅហើយបង!
………………………………………………………………………………………
ការពិត ពិចិត្រកំពុងតែធ្វើដំណើរទៅផ្ទះរបស់ខ្លួន ព្រមទាំងនាំវិនីតទៅជាមួយផង។ នៅតាមដងផ្លូវ វិនីតបន្លឺ៖
-បងគិតនាំខ្ញុំទៅណា?
-ទៅផ្ទះប៉ាម៉ាក់បង!
-ថាម៉េច!
-ពួកគាត់បានឃើញកាសែតហើយ តាមចរឹតរបស់លោកប៉ា បើបងមិនឆាប់ទៅបកស្រាយទេ គាត់នឹងទៅសម្លាប់បងដល់កន្លែងថតហើយ
-ចុះខ្ញុំគួរធ្វើយ៉ាងម៉េច គាត់មិនខឹងស្លាប់ហើយទេអ្ហេ បើបងនាំខ្ញុំទៅជួបគាត់បែបនេះនោះ?
-នរណាថាបងនាំឯងទៅទាំងបែបនេះ?…………ដល់ហាងហើយ ចុះទៅ
-បងគិតធ្វើអី?
-ចូលដល់ក្នុងហាងហើយ ប្រាប់ឈ្មោះគេទៅ គេដឹងហើយ ថាឯងចង់ធ្វើអី
-ចុះបង?
-បងម៉េចនឹងអាចឲ្យពួកគេឃើញបង ចុះទៅ! បងនៅចាំឯងក្នុងឡាន
វិនីតចុះពីលើឡានក៏ដើរចូលទៅក្នុងហាង។ ស្រ្តីជាម្ចាស់ហាងបន្លឺឡើង៖
-ប្អូនត្រូវការធ្វើអីដែរ?
-ខ្ញុំឈ្មោះវិនីត!
-អូវិនីតទេអ្ហេ! ឆាប់ចូលមកអ៊ីចឹង……….អង្គុយទៅ!
-បងកុំកោររោមចិញ្ចើមខ្ញុំណា
-មិនអីទេ! បងធ្វើធម្មជាតិឲ្យតើ ឯងប្អូនបងតារាមែនទេ?
-តារា…………!
-គាត់ប្រហែលជាស្រលាញ់នាងណាស់ហើយ ទើបតេមកផ្តាំហើយផ្តាំទៀត ថាត្រូវតុបតែងនាងឲ្យស្អាត
-អ៊ីចឹងអ្ហេ!
-ការពិតនាងស្អាតស្រេចហើយ តែមកពីនាងមិនសូវចេះធ្វើខ្លួន ហេតុអីក៏ ទុកសក់ខ្លីម្ល៉េះ ត្រូវការតសក់ទេ?
-មិនបាច់ទេបង
-តែអ៊ីចឹងក៏ស្អាតម្យ៉ាងដែរ សមនឹងទម្រង់មុខនាងណាស់……..តោះ! ទៅល សម្លៀកបំពាក់ខាងក្នុងទៅ
ចំណាយពេលជិតពីរម៉ោង ទើបវិនីតអាចចេញពីហាងសម្អាងការបាន។ នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកខ្ចី ត្រូវនឹងស្បែកជើងកែងចោទបន្តិច ហាក់ធ្វើឲ្យនាងមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរ។ នាងដើរបណ្តើររអ៊ូបណ្តើរ៖”ខានតែងខ្លួនបែបនេះយូរហើយ ពេលនេះដូចជាមិនស្រួលក្នុងខ្លួនសោះ ហេតុអីក៏ចាំបាច់ពាក់ស្បែកជើងកែងចោទ?”។ រវល់តែគិត ភ្លេចមើលក្មេងៗមួយក្រុមដែលរត់ប្រដេញគ្នាលេងនៅលើចិញ្ចើមផ្លូវ។ ពួកក្មេងៗទាំងនោះ រត់ទៅប៉ះនាង ធ្វើឲ្យក្រឡាច់កែងស្បែកជើង ស្ទើរតែដួលផ្ងាកក្រោយ តែនាងដឹងច្បាស់ថា កំពុងតែមានមនុស្សទ្រនាងជាប់។ យុវជនបន្លឺ៖
-នាងមិនអីទេអ្ហេ?
-មិនអីទេ! អរគុណបងហើយ!
-អរគុណបង!……………នាង…………
-បងមិនស្គាល់ខ្ញុំទេអ្ហេ?
-វិនីត!
យុវជនហាក់ដូចជាភាំងមួយសន្ទុះ នាយសម្លឹងមុខយុវតីមិនដាក់ភ្នែក ដោយ
លែងស្តីអ្វីទាំងអស់។ វិនីតបន្លឺឡើងទាំងខ្មាសអៀន៖
-តើខ្ញុំមិនសមជាមនុស្សស្រីទេមែនទេ?
-……………..អ្នកណាថា? ………..ពួកយើងឆាប់ទៅ
ឡានកំពុងបើកឆ្ពោះទៅកាន់ទីរួមខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់យុវជន។ នៅតាមផ្លូវ វិនីតហាក់ដូចជាមិនស្រួលសោះ នាងចេះតែក្រឡេកមើលរូបរាងខ្លួនឯង យូរៗក៏លួចសម្លឹងទៅយុវជនម្តង។ ពិចិត្រញញឹម ហើយបន្លឺឡើង៖
-យ៉ាងម៉េចហើយ!
-គ្មានអីទេ! ……..ប៉ាបងកាចណាស់ តើមែនទេ?
-ត្រូវហើយ! យ៉ាងម៉េច ខ្លាចអ្ហេ?
-មានអីគួរឲ្យខ្លាច តែបើគាត់ដឹងថា ពួកយើងគ្មានអីនឹងគ្នា គាត់ប្រហែលជាឈប់ខឹងនឹងបង តើមែនទេ?
-ប្រហែលហើយ!
-ត្រូវហើយ! ខ្ញុំភ្លេចសួរបង តើតារាជានរណាគេ?
-អូ! គេជាមិត្តភក្តិបងកាលរៀនវិទ្យាល័យ តែពួកយើងរាប់អានគ្នាណាស់
-អ៊ីចឹងទេអ្ហេ!
មិនយូរប៉ុន្មានយុវវ័យទាំងពីរក៏មកដល់គោលដៅ។ វិនីតចុះពីលើឡាន ក៏ឈរមួយសន្ទុះព្រមទាំងដកដង្ហើមយ៉ាងវែង។ ពិចិត្របន្លឺ៖
-ក្រែងថាមិនអីទេអ្ហេ?………កុំភ័យអី ទោះយ៉ាងណា អ្នកដែលត្រូវជេរគឺបងទេ មិនមែនឯងឡើយ……….បងមើលទៅឯង ដូចជាខ្វះអីម្យ៉ាង
-ខ្វះអី? មានត្រង់ណាមិនសមមែនទេ?
-ឯងចាំបងមួយភ្លែត!
យុវជនចូលទៅក្នុងឡាន ហើយចេញមកវិញដោយមានក្តាប់របស់នៅនឹងដៃមកជាមួយផង។ នាយទៅឈរពីមុខវិនីត ហើយពាក់ខ្សែកឲ្យនាង៖
-បងធ្វើអីហ្នឹង?
-នៅឲ្យស្ងៀមទៅ……….ស្អាតណាស់! បើដឹងថា ខ្សែកនេះសមនឹងឯងយ៉ាងនេះ ម្ល៉េះបងមិនទុកវាចោលយ៉ាងនេះទេ ពួកយើងចូលទៅ!
-បងមិនចាំបាច់ដឹកដៃខ្ញុំទេ
-ចូលមក!
លោកពិទូ និងអ្នកស្រីណាសា ជាឪពុកម្តាយរបស់ពិចិត្រ។ នៅពេលដែល ពិចិត្រកំពុងតែអូសដៃ ព្រមទាំងកាយវិការប្រទាញប្រទង់គ្នានោះ លោកក៏លេចមុខឡើងនៅចំពោះមុខពួកគេ។វិនីតរៀបចំអាកប្បកិរិយារបស់ខ្លួនហើយក៏សំពះជម្រាបសួរទៅលោក៖
-លោកប៉ា!
-ជម្រាបសួរលោកអ៊ំ!
-បាទ! យ៉ាងម៉េចឯងព្រមត្រឡប់មកផ្ទះហើយអ្ហេ?
-កូនមកដល់ហើយអ្ហេ! (អ្នកស្រីណាសាបន្លឺ)
-គាត់ជាម៉ាក់បង
-ជម្រាបសួរអ៊ំស្រី!
-ចាស! លើកដៃថ្វាយព្រះ……..តោះ! ពួកយើងចូលក្នុងសិនទៅ…បងឆាប់ចូលមក
-អូននាំក្មេងស្រីនេះចេញក្រៅសិនទៅ
-បង! ………បងថា ឲ្យនាំនាងចេញក្រៅសិនទៅ
-លោកអ៊ំ! ការពិតពួកខ្ញុំ…………
-ក្មួយចេញទៅក្រៅជាមួយអ៊ំសិនទៅ
-តែ!
-បងមិនអីទេ ឯងទៅក្រៅសិនទៅ
គ្រាន់តែវិនីត និងអ្នកស្រីណាសាចេញផុត លោកពិទូក៏បន្លឺឡើងតឹងសរសៃកតែម្តង៖
-រឿងមួយមិនទាន់ចប់ផង ឯងក៏បង្ករឿងមួយទៀតអ្ហេ? នេះដល់ថ្នាក់ហ៊ាននាំស្រីមកដល់ផ្ទះម៉ែឪផងអ្ហេ? ចុះអាមនុស្សប្រុសម្នាក់ដែលចុះតាមកាសែតមានរឿងអាស្រូវជាមួយឯងនោះ គិតយ៉ាងម៉េចវិញ ឯង!…ឯងចង់ធ្វើឲ្យយើងខឹងស្លាប់អ្ហេ?
-លោកប៉ា! មនុស្សស្រីអម្បាញ់មិញនេះហើយ ជាមនុស្សប្រុស ដែលមានរឿងអាស្រូវជាមួយខ្ញុំនោះ
-ឯងចង់បានន័យថាម៉េច?
-នាងជាមនុស្សស្រីទេ តែតែងខ្លួនជាប្រុស។ លោកប៉ា! ខ្ញុំដឹងថា រឿងកន្លងមក ខ្ញុំមិនគប្បីនឹងប៉ា ហើយខ្ញុំក៏មិនចង់ឲ្យប៉ា ចេះតែខឹងនឹងខ្ញុំបែបនេះតទៅទៀតដែរ ទើបខ្ញុំឲ្យនាងតែងខ្លួនជាស្រីមកជួបប៉ាដល់ទីនេះ។
-អ៊ីចឹងបានន័យថា នាងជាអ្នកនិពន្ធរបស់ឯងអ្ហេ?
-បាទ! ត្រូវហើយ
-បទស្នាមញញឹម គឺនាងជាអ្នកតែងអ្ហេ?
-បាទ!
-ឯងស្រលាញ់នាងអ្ហេ?
-អត់ទេលោកអ៊ំ!……សូមទោស! ដែលខ្ញុំចូលមក លោកអ៊ំកុំយល់ច្រឡំអី ពួកខ្ញុំ
គ្មានអីនឹងគ្នាទេ ហើយឲ្យខ្ញុំសូមទោសលោកអ៊ំផង ដែលធ្វើឲ្យមានរឿងយល់ច្រឡំបែបនេះកើតឡើង លោកអ៊ំកុំបន្ទោសបងពិចិត្រអី សូមទោស ខ្ញុំជាអ្នកបង្ករឿង
-តើរូបនៅក្នុងកាសែតនោះ ជារូបភាពពិតអ្ហេ?
-សូមទោសលោកអ៊ំ! ប្រហែលជាខ្ញុំធ្វើប្រុសឡើងភ្លេចខ្លួនជាស្រី ទើប….
-បានហើយ! យើងគ្មានពេលនិយាយជាមួយពួកឯងទៀតទេ
និយាយហើយ លោកពិទូក៏ដើរចេញទៅក្រៅ ស្រាប់តែជួបនឹងភរិយាល្មម៖
-បងគិតទៅណា?
-បងទៅរោងម៉ាស៊ីន ល្ងាចនេះ ឲ្យពួកគេញ៉ាំបាយនៅទីនេះហើយ
-ចាស! ………….យ៉ាងម៉េចហ្នឹង?
ពិចិត្រនិយាយទៅកាន់វិនីត៖
-ឯងយ៉ាងម៉េចហ្នឹង ហេតុអីក៏រត់មកទទួលកំហុសជំនួសបង? ទោះយ៉ាងណាក៏គាត់នៅតែខឹងនឹងបងដដែលហ្នឹង?
-គាត់មិនបានខឹងនឹងបងទេ គឺបងជាអ្នកធ្វើឲ្យគាត់ខឹងតើ
-សូម្បីតែឯងក៏នៅខាងគាត់ដែរអ្ហេ?
-ការពិតអ៊ំប្រុសគួរឲ្យគោរពណាស់ ជាមនុស្សមានហេតុផល ដូចអម្បាញ់មិញអ៊ីចឹង គាត់ស្តាប់ការបកស្រាយរបស់បង តែបងបែរជាចង់ផ្គើនគាត់ទៅវិញ
-ផ្គើនអ្ហេ!
-យ៉ាងម៉េច! បើខ្ញុំមិនចូលមកទេ បងប្រហែលជាឆ្លើយថា ស្រលាញ់ខ្ញុំ តើពិតមែនទេ? គាត់កំពុងតែខឹង បើសិនជាគាត់ឮពាក្យនេះទៀត តើបងយល់យ៉ាង-ម៉េច? បងដឹងច្បាស់ថា គាត់ប្រាកដជាខឹងនឹងបង តើមែនទេ? តែនៅតែឆ្លើយ បើមិនផ្គើនជាស្អីវិញ?
អ្នកស្រីណាសា ស្តាប់ឮពួកគេជជែកហើយ ហាក់ដូចជាចង់សើចណាស់ គាត់ក៏ដើរចូលមកដោយស្នាមញញឹម៖
-អ៊ំស្រី!
-ម៉ាក់ថា វិនីតនិយាយត្រូវ! ការពិត ឯងនិងប៉ាឯង ចរឹតដូចគ្នាអ៊ីចឹង
-ដូចគ្នាត្រង់ណាម៉ាក់?
-គឺផ្គើនហ្នឹងណា! ឯងដឹងទេ នៅពេលដែលឯងចេញស៊ីឌីបេះដូងពិតនោះ ប៉ាឯង រំសាយកំហឹងអស់ហើយ ហើយថែមទាំងនិយាយថា ឯងនេះសមជាកូនរបស់គាត់ទៀតផង តែគាត់ទើបតែខឹងខ្លាំង នៅពេលឃើញរឿងអាស្រូវរបស់ឯងហ្នឹងឯង ចាត់ទុកថា ឯងគ្រាន់បើ ដែលនាំវិនីតមកធ្វើការបកស្រាយចំពោះមុខគាត់ ល្ងាចនេះ ពួកឯងញ៉ាំបាយនៅទីនេះហើយ
-ចុះលោកប៉ា!
-ប៉ាឯងក៏ចង់ញ៉ាំបាយជុំឯងដែរ
-តែល្ងាចនេះ ប្រហែលជាមិនបានទេ ព្រោះខ្ញុំជាប់ថត
-អ៊ីចឹងឯងទៅវិញតែម្នាក់ឯងទៅ ទុកវិនីតនៅទីនេះហើយ នៅពេលថតចប់ហើយ ឯងមកទទួលនាងចុះ ឬមួយក៏ចាំស្អែកក៏បាន
-ខ្ញុំនៅទីនេះអ្ហេ?
-យ៉ាងម៉េច! ឬមួយក្មួយមិនចង់នៅជាមួយមនុស្សចាស់ដូចជាពួកអ៊ំ?
-អត់ទេ! ខ្ញុំនៅទីនេះក៏បាន បងទៅថតចុះ
-តែ!
-យ៉ាងម៉េច! ឯងខ្លាចម៉ាក់ធ្វើបាបនាងអ្ហេ?
-គ្មានទេ! ម៉ាក់ម៉េចនឹងអាចធ្វើបាបនាងកើតនោះ
-បើអ៊ីចឹងឯងទៅចុះ
-បងទៅហើយណា!
-ចាស!
ពិចិត្រធ្វើដំណើរទៅភ្នំពេញតែម្នាក់ឯង។ ចំណែកវិនីតនាងនៅជាមួយ នឹងអ្នកស្រីណាសា ព្រមទាំងជួយធ្វើម្ហូបទៀតផង។ ដោយសង្គេតឃើញកិរិយាទន់ភ្លន់ សុភាពរាបសា អ្នកស្រីណាសាបន្លឺឡើង៖
-មើលទៅក្មួយដូចជាស្ទាត់ក្នុងការងារជើងក្រានចានឆ្នាំងណាស់ដែរតើ
-ម៉ែជាអ្នកបង្រៀនខ្ញុំទេ
-អ៊ំមើលទៅឯងទន់ភ្លន់ សមជាមនុស្សស្រីណាស់ ហេតុអីក៏តែងខ្លួនជាប្រុស?
-ដំបូងឡើយ ខ្ញុំគិតថា តែងខ្លួនជាប្រុសតែនៅពេល ទៅជួយម៉ែប៉ុណ្ណោះ តែយូរៗទៅ ខ្ញុំគិតថា តែងខ្លួនជាប្រុស ក៏មានសុវត្ថិភាពល្អដែរ ទើបក្រោយមក សូម្បីតែសំពត់ក៏លែងស្លៀក ហើយពេលខ្លះ ក៏ភ្លេចគិតថា ខ្លួនឯងជាស្រីទៀត សូមទោសអ៊ំស្រីផង ដែលធ្វើឲ្យកូនអ៊ំមានរឿងអាស្រូវយ៉ាងនេះ
-តែអ៊ំយល់ថា កូនរបស់អ៊ំ មានភ្នែកមុតណាស់ តើក្មួយអាចនិយាយសំឡេងមនុស្សប្រុសឲ្យអ៊ំស្តាប់បានទេ?
-បាទលោកអ៊ំ
វិនីតបញ្ចេញសំឡេងមនុស្សប្រុស ធ្វើឲ្យអ៊ំស្រីសើចឃឹក៖
-អ៊ីចឹងតើ បានជាពួកគេមិនដឹងថា ឯងជាស្រី ត្រូវហើយ! តើឯងអាចប្រាប់មីងបានទេ ពីរូបភាពក្នុងកាសែតនោះ?
-នៅថ្ងៃនោះ ខ្ញុំមានបញ្ហាកើតឡើង ខ្ញុំពិបាកចិត្តពេក ឃើញដូចនោះ បងពិចិត្រ ក៏ទាញក្បាលខ្ញុំ ទៅដេកលើស្មាគាត់
-ចុះឯងមានអារម្មណ៍យ៉ាងម៉េចដែរ?
-ខ្ញុំមានអារម្មណ៍ថា កក់ក្តៅណាស់ ក៏គេងលើស្មាគាត់ទៅ
អ្នកស្រីណាសា ញញឹម ហើយគិតថា៖ “ក្មេងស្រីនេះ ពិតជាត្រង់មែន ចុះកូនប្រុសខ្ញុំគិតយ៉ាងណាចំពោះនាង? ចុះហេតុអីក៏វា ហ៊ាននាំនាងមកដល់ទីនេះ?”។ គិតហើយ អ្នកស្រីបន្លឺ៖
-ឯងគិតយ៉ាងម៉េចចំពោះព័ត៌មានទាំងអស់នោះ?
-បងពិចិត្រនិយាយថា មិនចាំបាច់បារម្ភទេ យូរទៅវានឹងបាត់ហើយ
-មិនសមជាចរឹតកូនប្រុសខ្ញុំទេ!
-អ៊ំមានប្រសាសន៍ថាម៉េច?
-អូ! គ្មានទេ………..ការពិតឯងស្មោះត្រង់ ហើយថែមទាំងរួសរាយទៀត អ៊ីចឹងតើ ទើបបទភ្លេងរបស់ឯងពីរោះយ៉ាងនេះ
-អ៊ំថា បទភ្លេងរបស់ខ្ញុំពីរោះពិតមែនអ្ហេ?
-ត្រូវហើយ! ឯងដឹងទេ នៅពេលស្តាប់បទស្នាមញញឹមហើយ អ៊ំប្រុសឯងគឺតែងតែញញឹម ហើយថែមទាំងចង់ឃើញអ្នកនិពន្ធទៀតផង
-ជាការពិតអ្ហេអ៊ំ!
-ពិតមែនណា! មិននឹកស្មានថា ពួកអ៊ំ អាចជួបនឹងឯងពិតមែនសោះ ហើយក៏មិននឹកស្មានថា អ្នកនិពន្ធបទភ្លេងនេះ នៅក្មេងដល់ម្ល៉ឹងដែរ
-ខ្ញុំសប្បាយចិត្តណាស់……… តែ!
-យ៉ាងម៉េច! មានបញ្ហាអីអ្ហេ?
-ខ្ញុំឃើញអ៊ំទាំងពីរ ចូលចិត្តស្តាប់ចម្រៀងតើ ចុះហេតុអីក៏អ៊ំប្រុស ខឹងនឹងបងពិចិត្រអ៊ីចឹង?
-កាលដើមឡើយ អ៊ំប្រុសសង្ឃឹមថា ក្រោយពេលពិចិត្ររៀនចប់ហើយ នឹងឲ្យគេធ្វើការនៅរោងម៉ាស៊ីនកិនស្រូវ គឺធ្វើថៅកែបន្តពីគាត់ តែមិននឹកស្មានសោះ ក្រោយពេលដែលគេរៀនចប់ហើយ គេបែរជាទៅធ្វើជាអ្នកចម្រៀង ហើយច្រៀងចម្រៀងដែលចម្លងពីគេមកទៀត កាលនោះ គាត់ខឹងខ្លាំងមែនទែន រហូតមិនឲ្យគេចូលផ្ទះ។ ចាប់តាំងពីថ្ងៃនោះមក ពិចិត្រក៏ពុំដែលត្រឡប់មកផ្ទះដែរ ថ្ងៃនេះ គេត្រឡប់មកផ្ទះវិញ អ៊ំក៏មិននឹកស្មានដែរ ពីមុនមានរឿងអីក៏ដោយ គេបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ តែនៅពេលនេះ គេមិនបកស្រាយនៅលើកញ្ចក់ទូរទស្សន៍ទេ តែបែរជាបកស្រាយនៅចំពោះមុខ ប៉ាម៉ាក់គេទៅវិញ អ៊ំគិតថា កូនម្នាក់នេះ ពិតជាចាស់ ទុំមែនហើយ
-ចុះពេលនេះ អ៊ំប្រុសឈប់ខឹងហើយនៅអ៊ំ?
-អ៊ំគិតថា សូម្បីតែបន្តិច ក៏គាត់លែងខឹងដែរ ព្រោះល្ងាចនេះ គាត់ជាអ្នកឲ្យអ៊ំ
ឃាត់ពួកឯងឲ្យនៅបាយទីនេះ
-អ៊ីចឹងទេអ្ហេ! តែគួរឲ្យស្តាយណាស់ ដែលបងពិចិត្រមិននៅ…….ខ្ញុំយកបន្លែទៅលាងសិនអ៊ំ
វិនីតងើបដើរទៅ អ្នកស្រីណាសាក៏បន្លឺឡើង៖
-ជើងឯងកើតអី?
-អូ!……គ្មានអីទេអ៊ំ! គ្រាន់តែគ្រេចបន្តិចប៉ុណ្ណោះ
-មិនបានទេ! អង្គុយសិនទៅ ចាំអ៊ំយកថ្នាំមកលាបឲ្យ
-មិនអីទេអ៊ំ
-អ៊ំថាឲ្យអង្គុយ!
-ចាស!…………..
អ្នកស្រីណាសាទៅយកថ្នាំដើម្បីរឹតកជើងឲ្យយុវតី តែនៅពេលដែលគាត់ទៅចាប់កាន់ជើងនាងនោះ វិនីតបែរជាដកចេញយ៉ាងលឿន៖
-អ៊ំស្រី! ទុកឲ្យខ្ញុំលាបខ្លួនឯងបានហើយ
-នៅឲ្យស្ងៀមទៅ! អ៊ំលាបឲ្យ……….តើឯងដើរទៅប៉ះនឹងស្អី ទើបធ្វើឲ្យគ្រេចជើងដល់ថ្នាក់ហ្នឹង ហើយនៅមិនព្រមនិយាយទៀត?
-អូយ!
-ឈឺដែរអ្ហេ?……….ចុះកាលដែលឯងដើរមក ម៉េចក៏មិនឈឺ?
-ប្រហែលជាភ័យពេកហើយអ៊ំ នេះបើកុំតែអ៊ំសួរ ប្រហែលជានៅតែមិនដឹងថាឈឺទេមើលទៅ
-មានមនុស្សដូចជាឯងដែរអ្ហេ! ប្រាប់អ៊ំមើល តើទៅត្រូវនឹងស្អី?
-គឺស្បែកជើងកែងចោទ
-បើមិនចេះពាក់ហើយ ហេតុអីក៏ពាក់?
-ជាងនិយាយថា សម្លៀកបំពាក់នេះ គឺសមនឹងស្បែកកែងចោទណាស់ ត្រូវតែពាក់………………..
-ហើយក៏ទ្រាំពាក់ទៅទាំងវេទនា ………រួចហើយ! តែឯងអង្គុយត្រង់នេះហើយ
-ខ្ញុំទៅលាងបន្លែសិន
-ទើបតែលាបថ្នាំហើយ ឯងនៅឲ្យស្ងៀមសិនទៅ
-តែខ្ញុំមិនអីទេ!
-ឯងមិនខ្លាចពិការទេអ្ហេ?
-ដល់ថ្នាក់ពិការអ្ហេអ៊ំ?
-បើឯងមិនជឿ ដើរសាកមើលទៅ តែនៅពេលនោះ ឯងកុំបន្ទោសអ៊ំថាមិនបាន
ប្រាប់ណា
-អ៊ីចឹងខ្ញុំអង្គុយត្រង់នេះសិនក៏បាន
អ្នកស្រីណាសា ញញឹមហើយ ក៏ដើរទៅជើងក្រានបាយ។ លោកពិទូក៏មកដល់ល្មម៖
-អ៊ំប្រុស!
-កុំងើបអី! ប្រយ័ត្នដរជើងក្លាយជាមនុស្សពិការ វីវរហើយ
-សូមទោសអ៊ំ!
-កូនខ្ញុំបង្ខំឲ្យនាងតែងខ្លួនជាស្រី រហូតធ្វើឲ្យមានរបួសដល់ថ្នាក់នេះអ្ហេ?
-មិនមែនទេអ៊ំ! គឺខ្ញុំស្ម័គ្រចិត្តតើ អត់មានទាក់ទងនឹងគាត់ទេ
-អ៊ីចឹង ហេតុអីក៏នាងស្ម័គ្រចិត្តមកទីនេះ? នាងមិនមែន…………
-មិនមែនទេអ៊ំ!
-មិនមែនស្អីគេ? ឯងដឹងថា អ៊ំចង់និយាយអីអ្ហេ?
-អត់ទេ!
-ឯងមានសង្សារហើយនៅ?
-ចាសនៅទេ!
-ចុះមានស្រលាញ់អ្នកណាហើយនៅ?
-ចាសនៅទេ!
-នៅទេ!
-បងសួរនាងយ៉ាងនេះ ធ្វើឲ្យនាងភ័យហើយដឹងទេ?
-បងគ្រាន់តែចង់និយាយលេងជាមួយនាងតើ
…………………………………………………………………………………………………..
ថ្លែងពីយុវជន បន្ទាប់ពីថតចប់ហើយ ក៏ទៅជួបលោកចាងហ្វាង៖
-បងមានការអីរកខ្ញុំអ្ហេ?
-អ្នកដែលរកឯងមិនមែនបងទេ គឺនាង!
ពិចិត្រមើលទៅតាមដៃលោកចាងហ្វាងចង្អុល ឃើញច្បាស់ថាជាសូរិយា នាយហាក់ដូចជាភាំងមួយស្របក់។ លោកចាងហ្វាងបន្លឺឡើង៖
-ពួកឯងជជែកគ្នាសិនចុះ បងទៅមុនហើយ!
-យ៉ាងម៉េចហើយ បងមិនសប្បាយចិត្តទេអ្ហេ នៅពេលដែលជួបខ្ញុំ?
សម្រាប់ពិចិត្រ វាហាក់ដូចជាក្តុកក្តួលពេកហើយ។ នាយនៅតែឈរធ្មឹង ប្រៀបដូចជារូបចម្លាក់ មិនតបស្តីទាល់តែសោះ៖
-បងនៅខឹងនឹងខ្ញុំទៀតអ្ហេ? បងដឹងទេ ខ្ញុំមកម្តងនេះ គិតថា នឹងមិនត្រឡប់ទៅវិញទេ ការពិតខ្ញុំស្តាយក្រោយណាស់ ខ្ញុំមិនគួរទុកបងចោលយូរយ៉ាងនេះទេ តែអូនសង្ឃឹមថា មិនហួសពេលទេ តើមែនទេ? កន្លងមក អូនដឹងថា បងមិន
បាននៅក្បែរមនុស្សស្រីណាម្នាក់ឡើយ បងនៅតែស្រលាញ់ខ្ញុំ តើមែនទេ?
-សូមទោស! ខ្ញុំដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយ
ពិចិត្របម្រុងដើរចេញ តែសូរិយាចាប់ដៃជាប់៖
-នេះជាពាក្យដែលបងត្រូវនិយាយជាមួយខ្ញុំអ្ហេ? ការពិតខ្ញុំតែងតែគិតថា នៅពេលដែលបងជួបខ្ញុំ បងប្រាកដជារត់មកឱបខ្ញុំឬមួយព័ត៌មាននោះ ជាការពិត?
-សូមទោស! ខ្ញុំទៅផ្ទះហើយ
ពិចិត្របេះដៃសូរិយា ហើយដើរចេញទៅ។ កាយវិការបែបនេះ ធ្វើឲ្យសូរិយាហាក់បីដូចជាមានអារម្មណ៍ឈឺចាប់ណាស់។ នាងស្ទើរតែទប់ខ្លួនមិនជាប់ ក៏សសៀរទៅអង្គុយលើកៅអី។ ចំណែកយុវជនបើកឡានមកដល់ពាក់កណ្តាលផ្លូវ ក៏ឈប់ង៉ក់ នាយដាក់ក្បាលទៅលើចង្កូតឡាន។
អតីតកាល កាលពីបួនឆ្នាំមុន
-អូនពិតជាសម្រេចចិត្តទៅចិនមែនអ្ហេ?
-ចាសត្រូវហើយ!
-ចុះបង?
-ខ្ញុំគិតថា បងគួរតែប្រឹងប្រែង យកកេរ្តិ៍ឈ្មោះជាតារាល្បីឲ្យបាន ពីរឆ្នាំក្រោយ ក្រោយពេលដែលខ្ញុំរៀនចប់ហើយ ខ្ញុំនឹងត្រឡប់មកវិញ ពេលនោះ ខ្ញុំមិនត្រឹមតែក្លាយជាអ្នកដឹកនាំរឿងទេ ខ្ញុំនឹងសរសេរបទភ្លេងឲ្យបង ហើយធ្វើជាអ្នកនិពន្ធផ្ទាល់ខ្លួនរបស់បងថែម ទៀតផង
-តែអូនប្រាកដហើយអ្ហេ ថាអូនត្រឡប់មកវិញបន្ទាប់ពីរៀនចប់នោះ?
-បងត្រូវតែជឿខ្ញុំ ក្រែងពួកយើងធ្លាប់បាននិយាយហើយអ្ហេ ពួកយើងត្រូវតែធ្វើឲ្យមនុស្សទូទាំងពិភពលោកទទួលស្គាល់យើង អូនជឿជាក់លើការតាំងចិត្តរបស់បង ឬបងមិនជឿជាក់លើការតាំងចិត្តរបស់អូន? ខានស្អែក អូនត្រូវចេញដំណើរហើយ ពេលនេះអូនត្រូវទៅផ្ទះរៀបចំអីវ៉ាន់សិន
-តែបងមិនចង់ឲ្យអូនទៅទេ អូនស្តាប់បានទេ?
យុវជនប្រឹងស្រែកអស់សំឡេង សូរិយាឈប់ង៉ក់ហើយងាកមក៖
-ទោះមនុស្សទូទាំងពិភពលោកនេះ មិនស្គាល់បងក៏បងមិនខ្វល់ដែរ តែពេលនេះបងត្រូវការអូន បងមិនអាចបាត់បង់អូនទេ!
-តើបងកើតស្អីហ្នឹង? អូនគ្រាន់តែទៅរៀនតើ
-អូនរៀននៅទីនេះមិនបានទេអ្ហេ?
-មិនបានទេ! គឺអូនចង់ទៅរៀននៅចិន
-ការពិតមកពីអូនចង់ទៅដោយខ្លួនឯង ទើបយកលេសថាទៅរៀន អូនចង់
គេចពីបង តើមែនទេ?
-បងនិយាយអីហ្នឹង មានរឿងអីដែលខ្ញុំត្រូវគេចពីបង?
-ព្រោះបងមិនមែនជាតារាល្បី មិនត្រូវនឹងតម្រូវការរបស់អូន
-បងគិតអ៊ីចឹងអ្ហេ! ការពិតកន្លងមក បងមិនដែលទុកចិត្តខ្ញុំទេ តើមែនទេ? បងមិនដែលជឿថា ខ្ញុំស្រលាញ់បងទេ តើមែនទេ? ល្អ! បើបងគិតអ៊ីចឹងហើយ យើងបែកគ្នាត្រឹមនេះចុះក៏ល្អដែរ
-អូនថាម៉េច!
-ពួកយើងបែកគ្នាទៅ
-ហេតុអីក៏អូននិយាយពាក្យនេះ?
-បើបងនៅស្រលាញ់ខ្ញុំមែន បងរង់ចាំខ្ញុំទៅ ពីរឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកវិញ លាហើយ!
សូរិយាដើរចេញទៅ ចំណែកយុវជនសោកសៅ អង្គុយនៅលើអិដ្ឋដោយក្តីអស់សង្ឃឹម។ លោកប្រាក់ នាគក៏ដើរចូលមក៖
-តែពីរឆ្នាំប៉ុណ្ណោះ បងគិតថាមិនយូរទេ
-មិនយូរទេ! តែខ្ញុំមានអារម្មណ៍ថា នាងកំពុងតែបោះបង់ខ្ញុំ តើបងជឿទេ ថាប្អូនស្រីរបស់បង ពិតជាត្រឡប់មកវិញក្រោយពេលដែលរៀនចប់?
ចាប់តាំងពីថ្ងៃនោះមក ពិចិត្រពិតជាកណ្តោចកណ្តែង និងឈឺចាប់ខ្លាំងណាស់។ ពិតមែនហើយ យុវជនចង់ក្លាយជាតារាចម្រៀងល្បី ចំណែកសូរិយាយុវតីចង់ក្លាយជាកវី និងជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់។ ពួកគេទាំងពីរ គឺមានក្តីស្រមៃឈរនៅលើវិថីមួយ ប៉ុន្តែក្តីស្រមៃនេះ បែរជាធ្វើឲ្យសូរិយាចាកចេញពីយុវជនទៅវិញ។ ពិចិត្រតែងតែបន្ទោសខ្លួនឯង ដែលមិនមែនជាតារាល្បី ទើបធ្វើឲ្យបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។ ទោះបីនាយខូចចិត្តអស់មួយរយៈពេល តែក្រោយមកយុវជនបែរជាមានការប្រឹងប្រែងទ្វេដង ហើយនៅតែមានសង្ឃឹមក្នុងការទន្ទឹងចាំសូរិយាវិលត្រឡប់វិញ។
ពីរឆ្នាំក្រោយមក
-បងហៅខ្ញុំមានការអីអ្ហេ?
-ខ្ញុំចង់ប្រាប់ឯងថា សូរិយាមិនទាន់បានត្រឡប់មកវិញទេ………ឯងស្តាប់ខ្ញុំសិន
ការពិតនាងក៏ចង់ត្រឡប់មកវិញដែរ តែក្រុមហ៊ុនផលិតកម្មមួយបានហៅឲ្យនាងទៅធ្វើការជាជំនួយការអ្នកដឹកនាំរឿងនៅទីនោះ ដូច្នេះ……
-ដូច្នេះនាងក៏មិនចង់បោះបង់ឱកាសដ៏ល្អនោះចោល នៅទីបំផុត មិនថាពីរឆ្នាំមុន ឬពីរឆ្នាំក្រោយ នាងនៅតែសម្រេចចិត្តបោះបង់ខ្ញុំ
-ពិចិត្រ!
-បងកុំបារម្ភអី ខ្ញុំមិនអីទេ ឲ្យតែដឹងថា នាងបានសុខ ខ្ញុំអស់ចិត្តហើយ ខ្ញុំត្រឡប់
ទៅផ្ទះហើយ
បច្ចុប្បន្នកាល
ពិចិត្រដកដង្ហើមធំ ក្នុងអារម្មណ៍ហាក់ដូចជាធូរស្រាលឡើងវិញ។ នាយសម្លឹងទៅលើមេឃ ដែលមានពន្លឺផ្កាយព្រិចៗ នឹកដល់ចិត្តដែលធ្លាប់ឈឺចាប់ពីមុន តែអារម្មណ៍ពេលនេះ ហាក់បីដូចជាមិនដូចមុនទៀតឡើយ។ ទោះបីនាយមិនមានពាក្យអ្វីហាស្តីតបតជាមួយសូរិយា ក៏យុវជនហាក់ដឹងថា ឱរាដែលធ្លាប់តែពុះកញ្រ្ជោលព្រោះតែនាង គឺបានបាត់បង់អស់ទៅហើយ។ នេះបណ្តាលមកពីឆ្អែតចិត្ត ហួសចិត្ត ឬមួយក៏ចិត្ត អស់ស្រលាញ់?
ថ្លែងពីវិនីតម៉ោងជិតប្រាំបួនទៅហើយ នៅតែមិនទាន់ឃើញវិចិត្រមកទទួលទៀត។ នាងឈរសម្លឹងទូរស័ព្ទ អ្នកស្រីណាសាបន្លឺ៖
-ហេតុអីមិនតេទៅ?
-អ៊ំស្រី! ប្រហែលជាគាត់ថតមិនទាន់ចប់ទេមើលទៅ
-អ៊ំថាឯងមិនបាច់ចាំផ្លូវគេទេ ទៅគេងទៅ បើគេមិនមក ស្អែកនេះ អ៊ំនាំឯងត្រឡប់ទៅវិញ មក! អ៊ំនាំទៅបន្ទប់
អ្នកស្រីណាសាដឹកដៃវិនីតចូលទៅក្នុងបន្ទប់៖
-ប្រយ័ត្នផង ជើងឯងមិនទាន់ស្រួលបួលទេ
-ចាស!
-នេះគឺបន្ទប់ពិចិត្រ ថ្វីត្បិតតែគេមិនដែលមកផ្ទះ តែអ៊ំតែងតែសម្អាតជាប្រចាំ ឯងគេនៅលើគ្រែទៅ
-មិនសមទេដឹងអ៊ំ
-មានអីមិនសម! គេងទៅ អ៊ំចេញទៅក្រៅហើយ
-ចាស!
វិនីតសម្លឹងជុំវិញបន្ទប់ ហើយគិតតែម្នាក់ឯង៖ “បន្ទប់ស្អាតយ៉ាងនេះ ហេតុអីក៏ព្រមបោះបង់ចោលហ្ន៎?………នេះគឺរូបគាត់ពីក្មេងតើ! គួរឲ្យស្រលាញ់ណាស់………..អ្ហើយ! ពេលនេះហើយ គាត់នៅថតមិនទាន់ចប់ទៀតអ្ហេ? សង្ស័យតែភ្លេចថា ខ្ញុំនៅទីនេះហើយដឹង? គួរតែតេទៅគាត់ឬអត់?………មិនបានទេ! បើគាត់កំពុងរវល់ នាំតែធ្វើឲ្យគាត់បែកអារម្មណ៍ទេ។ បរិយាកាសល្អយ៉ាងនេះ គួរតែ សរសេរបទភ្លេងថ្មីហើយ……..ទីនេះគួរតែមានក្រដាសនិងប៊ិច”។ វិនីតទៅបើកថតតុដើម្បីរកក្រដាសនិងប៊ិច ស្រាប់តែឃើញរូបថតមួយសន្លឹករបស់ពិចិត្រក្នុងឯកសណ្ឋានជាសិស្សសាលាឈរក្បែរស្រីម្នាក់ប្រកបដោយទឹកមុខស្រស់បស់ហាក់មានសេចក្តីសុខណាស់។វិនីតបន្លឺ៖“នេះប្រហែលជាសង្សារគាត់ទេដឹង? ស្អាតណាស់! មើលទៅគាត់ប្រហែលជាស្រលាញ់បងស្រីម្នាក់នេះខ្លាំងណាស់ហើយមើលទៅ?…..ហេតុអីក៏ខ្ញុំមានអារម្មណ៍ថា អស់សង្ឃឹមយ៉ាងនេះ? ត្រជាក់ចុងដៃចុងជើងទៀតហើយ ក្រែងពីមុនអាការបែបនេះ កើតនៅពេលដែលឈឺពោះតើ ដល់ខែហើយអ្ហេ?..…..មិនទាន់ដល់ឯណា! ហេតុអីក៏មានអាការបែបនេះទៅវិញ? ប្រហែលជាមកពីមិនស្រួលខ្លួនហើយ អាចមកពីឈឺជើងក៏ថាបាន គួរតែគេងវិញ”។ វិនីតដាក់រូបយុវជនចូលទៅក្នុងថតតុវិញ ហើយក៏ឡើងទៅលើគ្រែសម្រាក ព្រោះគិតថា ខ្លួនមិនស្រួលខ្លួន។
ចំណែកយុវជន នៅតែអង្គុយនៅក្នុងឡាន ប្រហែលជាភ្លេចគិតថា វិនីតកំពុងរង់ចាំខ្លួនហើយមើលទៅ។ បទស្នាមញញឹមបន្លឺឡើង នោះគឺជាសំឡេងទូរស័ព្ទរោទិរបស់យុវជន ធ្វើឲ្យនាយភ្ញាក់ព្រើតបន្លឺឡើង៖
-វិនីត!……………….អាឡូ
-ពេលនេះកូននៅឯណាហ្នឹង តើថតចប់ហើយនៅ វិនីតកំពុងចាំកូនណា?
-អូ! ខ្ញុំកំពុងតែបើកឡានទៅហើយម៉ាក់
-អ៊ីចឹងមិនអីទេ ប៉ុណ្ណឹងបានហើយ
-បាទ!
-វាកំពុងនៅឯណា? (លោកពិទូបន្លឺ)
-កំពុងធ្វើដំណើរមកហើយ តើបងយល់យ៉ាងណាចំពោះក្មេងស្រីនោះ?
-ម៉េចក៏អូនសួរបងអ៊ីចឹង?
-អូនចង់ដឹងថាបងគិតយ៉ាងណាចំពោះនាង?
-ចុះអូន?
-មិនដឹងហេតុអ្វីទេ អូនមានអារម្មណ៍ថា អូនពេញចិត្តនាងណាស់?
-មិនមែនមកពីអូនគិតថា កូនប្រុសអូនស្រលាញ់នាងទេអ្ហេ?
-ថាអ៊ីចឹងក៏បាន តែទោះយ៉ាងណាអូននៅតែនិយាយថា អូនពេញចិត្តក្មេងស្រីម្នាក់នេះធ្វើជាកូនប្រសារ ចុះបង?
-ក្មេងស្រីដ៏មានសមត្ថភាពយ៉ាងនេះ ថែមទាំងស្លូតបូតទន់ភ្លន់ និងស្មោះត្រង់តើនឹងងាយទៅរកឯណាបាន បងខ្លាចតែកូនប្រុសអូនទេ ដែលធ្វើឲ្យឱកាសដ៏ល្អនេះបាត់បង់ ដូចជាពេលនេះអ៊ីចឹង វាប្រហែលជាភ្លេចទៅហើយ ថានាងតូចនេះកំពុងនៅជាមួយពួកយើង បងទៅក្នុងបន្ទប់មុនហើយ
-ការពិតបងក៏ពេញចិត្តក្មេងស្រីនេះដែរតើ………ថ្មើនេះហើយ នៅមិនទាន់ឃើញមកទៀត។
អ្នកស្រីណាសាដើរចូលទៅក្នុង បើកទ្វារបន្ទប់ ឃើញថា វិនីតកំពុងគេងលក់
គាត់ក៏ត្រឡប់ទៅវិញ ចៃដន្យពិចិត្រមកដល់ល្មម៖
-កូនមកហើយអ្ហេ!
-ឯណាវិនីតម៉ាក់?
-នាងនៅក្នុងបន្ទប់ឯង ប្រហែលជាគេងលក់ហើយ ឯងទើបតែថតចប់អ្ហេ ម៉េច
ក៏យប់យ៉ាងនេះ?
-អូ! …….
-ការពិតឯងភ្លេចគិតថានាងនៅទីនេះមែន ឯងនេះ! នាងខំតែងខ្លួនជាស្រីមកជាមួយឯង សូម្បីតែជើងគ្រេចហើយ ក៏មិនដឹងថាឈឺផង ហើយមិនហ៊ានតេទៅទៀត ព្រោះខ្លាចរំខានដល់ការងារឯង តែ…………..
-ម៉ាក់ថានាងគ្រេចជើងអ្ហេ! តើនាងទៅប៉ះនឹងស្អី?
-នៅហ៊ានសួរទៀត គឺស្បែកជើងកែងចោទដែលឯងឲ្យនាងពាក់ហ្នឹងណា
-ខ្ញុំទៅរកនាងសិន
ពិចិត្រស្ទុះចូលទៅក្នុងបន្ទប់ខ្លួន។ មាណវីពិតជាលង់លក់មែន នាងមិនដឹងថា ពិចិត្រកំពុងតែអង្អែលកជើងរបស់នាងថ្នមៗ ហើយក៏សម្លឹងមើលមុខនាងដោយយកចិត្តទុកដាក់។ នាយរអ៊ូតិចៗ៖ “ហេតុអីក៏មិនប្រាប់បង? សូមទោស! បងមិនគួរភ្លេចគិតថាឯង កំពុងរង់ចាំបងនោះទេ!”។ យុវតីបើកភ្នែកឡើង នាងបានឃើញកែវភ្នែកដ៏ស្រទន់របស់យុវជនកំពុងសម្លឹងមើលនាង ទើបបន្លឺឡើង៖
-បងថតចប់ហើយអ្ហេ? អ៊ីចឹងពួកយើងទៅផ្ទះវិញ
-សូមទោស ដែលបងធ្វើឲ្យឯងចាំយូរ
-មិនអីទេ! ខ្ញុំក៏គេងលក់ដែរ ពួកយើងទៅៗ
-បងជួយគ្រាឯង
យុវវ័យទាំងពីរ ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។
ចាប់តាំងពីបានឃើញរូបថតយុវជនជាមួយនារីម្នាក់នោះមក វិនីតហាក់បីដូចជាពុំស្រួលក្នុងអារម្មណ៍ទាល់តែសោះ តែនាងមិនដឹងថា មកពីមូលហេតុអ្វីដែរ? ថ្ងៃនេះនាងបានទៅក្រុមហ៊ុនដើម្បីយកបទថ្មីទៅជូនលោកចាងហ្វាងពិនិត្យ ក៏ស្រាប់តែបានជួបនឹងសូរិយានៅទីនោះដែរ។ នាងហាក់ឈរធ្មឹងមួយសន្ទុះ គិតមួយស្របក់៖ “បងស្រីម្នាក់នេះ ដូចជាមនុស្សស្រីនៅក្នុងរូបថតនោះណាស់ ឬមួយជាគាត់ទេដឹង?”។ ឃើញវិនីតឈរធ្មឹងបែបនេះ លោកចាងហ្វាងក៏បន្លឺឡើង៖
-វិនីត! វិនីត……
-បាទលោកចាងហ្វាង!
-ឯងយ៉ាងម៉េចហ្នឹង?
-ឯងគឺវិនីត ជាអ្នកនិពន្ធផ្ទាល់របស់បងពិចិត្រអ្ហេ?
-បាទត្រូវហើយ!
-ខ្ញុំណែនាំឯងឲ្យស្គាល់ នាងឈ្មោះសូរិយា ជាប្អូនស្រីបង្កើតរបស់ខ្ញុំ
– …..ជម្រាបសួរអ្នកនាង
-ចាស!
-នាងទើបតែត្រឡប់មកពីចិន ហើយក៏ធ្លាប់ជាអ្នកនិពន្ធរបស់ពិចិត្រដែរ តែពេលនេះ នាងបានក្លាយជាអ្នកដឹកនាំរឿងហើយ
-រីករាយដែលបានស្គាល់លោក
-បាទ ខ្ញុំក៏ដូចគ្នា លោកចាងហ្វាង នេះគឺចម្រៀងថ្មី លោកពិនិត្យចុះ ខ្ញុំចេញទៅវិញហើយ
-អរគុណ
-អ្នកនាង ខ្ញុំត្រឡប់ទៅវិញហើយ
-ចាស! ថ្ងៃក្រោយ បើមានឱកាសសង្ឃឹមថា ពួកយើងនឹងបានជជែកគ្នាលេង
-បាទ
វិនីតមានអារម្មណ៍ថា មិនស្រួលទៀតហើយ នាងបែកញើសជោកថ្ងាស បេះដូងលោតញាប់ ដៃជើងក៏ចាប់ផ្តើមត្រជាក់អស់។ វណ្ណាក៏មកដល់ល្មម៖
-ឯងមិនស្រួលខ្លួនអ្ហេ? ហេតុអីក៏បែកញើសជោកយ៉ាងនេះ?
-ខ្ញុំមិនអីទេ! ខ្ញុំទៅបន្ទប់ទឹកសិន
វិនីតចូលទៅក្នុងបន្ទប់ទឹក នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយនិយាយថា៖”ហេតុអីក៏មានអារម្មណ៍បែបនេះទៀតហើយ? តើខ្ញុំកើតអីហ្នឹង? តាំងអារម្មណ៍ តាំងអារម្មណ៍ ពួកគាត់ប្រហែលជាមិត្តភក្តិរៀនជាមួយគ្នាក៏ថាបាន តើខ្ញុំស្រលាញ់បងពិចិត្រតើមែនទេ? មិនមែនទេ ម៉ែបាននិយាយថា អារម្មណ៍ស្រលាញ់មនុស្សម្នាក់ គឺមានសេចក្តីសុខណាស់ ប្រៀបដូចជារើសបានដុំពេជ្រមួយគ្រាប់អ៊ីចឹង ប៉ុន្តែហេតុអ្វី ក៏ខ្ញុំមានអារម្មណ៍ថា ដូចជាត្រៀមបាត់ពេជ្រមួយគ្រាប់ទៅវិញ ប្រហែលជាមិនមែនទេ តែពិបាកក្នុងខ្លួនណាស់”។
ឱ! ក្មេងស្រីដ៏តូចល្អិត ចិត្តកវីដ៏បរិសុទ្ធ ហេតុអ្វីក៏តក់ស្លុត និងមានអារម្មណ៍យោលយោគយ៉ាងនេះ? វិនីតក្តាប់ដៃទាំងពីររបស់ខ្លួនជាប់ ហើយក៏ដើរចូលទៅក្នុងបន្ទប់ឧបករណ៍ភ្លេង គិតថានឹងបន្ធូរអារម្មណ៍ដោយការលេងបទភ្លេង តែក៏ប្រទះឃើញក្រដាសបទភ្លេងមួយសន្លឹកដែលនៅស៊កពីក្រោមព្យាណូ។ យុវតីឈរមើលក្រដាសបទភ្លេង ដែលមានអក្សរភ្លេងស្រេច ក្នុងអារម្មណ៍ក្តុកក្តួល និងសោកសៅបំផុត នាងលើកដៃបម្រុងចុតព្យាណូតាមអក្សរភ្លេងនោះ ស្រាប់តែសំឡេងយុវជនបន្លឺឡើង៖ “វិនីត! ឯងនៅខាងក្នុងទេ?”។ វិនីតឮច្បាស់ថាជាពិចិត្រ នាងបម្រុងស្ទុះចេញមក តែត្រូវទុចង៉ក់នៅពេលឮសំឡេងសូរិយា៖
-បងនៅទីនេះទេអ្ហេ?
-ខ្ញុំមករកវិនីត!
-តែខ្ញុំឃើញគេចេញទៅកន្លែងថតហើយតើ
-អ៊ីចឹងខ្ញុំទៅរកគេហើយ
-បងពិតជាមិនចង់ជជែកជាមួយខ្ញុំមែនអ្ហេ? ខ្ញុំដឹងថា បងនៅខឹងនឹងខ្ញុំ តែខ្ញុំជឿថា បងនៅតែស្រលាញ់ខ្ញុំ ពិតមែនទេ? ពួកយើងចាប់ផ្តើមសាជាថ្មីទៅបានទេ?
-ប្រហែលជាមិនបានទេ!
យុវជនតបទៅសូរិយាដោយម៉ត់ចត់បំផុត។ ពាក្យមួយឃ្លានេះ ធ្វើឲ្យសូរិយាចិន្តាហាក់ដូចត្រូវគេដុតកម្លោចឲ្យខ្លោចឆេះខ្ទេច តែនាងនៅតែមានចិត្តតស៊ូនិយាយបន្តទៀត៖
-ប្រហែលជាបងនៅមិនទាន់បាត់ខឹងនឹងខ្ញុំទេ តែមិនអីទេ ថ្ងៃនេះចាត់ទុកថាខ្ញុំមិនបានជជែកអ្វីជាមួយបងចុះ ខ្ញុំទៅវិញហើយ
-ឈប់សិន! ថ្ងៃដែលនាងចាកចេញទៅនោះ ខ្ញុំហាក់មានអារម្មណ៍ខឹងនឹងនាងណាស់ តែបន្ទាប់ពីនាងទៅបាត់ ទើបខ្ញុំដឹងថា ខ្ញុំមិនបានខឹងនឹងនាងទេ ឲ្យតែនាងមានក្តីសុខ គឺខ្ញុំគ្រប់គ្រាន់ហើយ ដូចជាពេលនេះអ៊ីចឹង ខ្ញុំឃើញនាងនៅចំពោះមុខខ្ញុំ ក្លាហាន ស្វាហាប់យ៉ាងនេះ គឺខ្ញុំរីករាយណាស់ ការពិតនាងអត់ប្រែប្រួលទេ តែសម្រាប់ខ្ញុំ គឺប្រែប្រួលហើយ
-បងចង់បានន័យថា បងឈប់ស្រលាញ់ខ្ញុំហើយអ្ហេ? ឬព្រោះតែក្មេងប្រុស ម្នាក់នោះ បងម៉េចនឹងអាច……………..
-មិនមែនទេ! អ្នកនាងកុំយល់ច្រឡំអី ការពិតពួកខ្ញុំគ្មានអ្វីនឹងគ្នាទេ នោះគ្រាន់តែជា ពាក្យចចាមអារាមប៉ុណ្ណោះ មែនទេបង?
វិនីតតាំងស្មារតីខ្លាំងណាស់ ដើម្បីមកបំភ្លឺការពិតមួយនេះ។ សូរិយាសម្លឹងមុខពិចិត្រដែលប្រែជាស្ងាត់ឈឹង មិនតបស្តីអ្វីសោះ។ យុវតីក៏បន្ត៖
-ហេតុអីក៏បងមិនបដិសេធទៅ? ការពិតបងពិចិត្រមិនប្រែប្រួលទេ កន្លងមកនេះ ខ្ញុំមិនដែលឃើញគាត់ទាក់ទងជាមួយស្រីណាឡើយ សូម្បីតែតួស្រីដែលសំដែងជាមួយគាត់ ក៏គាត់ពុំដែលរវីរវល់ដែរ គាត់ម៉េចនឹងអាចប្រែចិត្តពីអ្នកនាងនោះ
-ឯងនិយាយឆ្អែតហើយអ្ហេ?
យុវជនគំហោក ធ្វើឲ្យសូរិយាលែងវាចាស្តី វិនីតបន្ត៖
-បងកើតអីហ្នឹង?
-សូមទោស! ខ្ញុំទៅកន្លែងថតវិញហើយ
-បង!
-មិនអីទេ! គាត់ប្រហែលជានៅខឹងនឹងខ្ញុំ អរគុណលោកហើយ ដែលជួយបក
ស្រាយរឿងនេះ ខ្ញុំមិនបោះបង់គាត់ចោលងាយៗទេ ខ្ញុំលាសិនហើយ
-បាទ!
សូរិយាចេញផុត វិនីតដកដង្ហើមធំ ហើយនិយាយតែម្នាក់ឯង៖”តើខ្ញុំធ្វើអីហ្នឹង?
ខ្ញុំកំពុងតែជួយពួកគាត់អ្ហេ? ចុះខ្លួនខ្ញុំ? អ្ហើយ! ទោះយ៉ាងណា ក៏ពួកគាត់សាកសមនឹងគ្នាដែរ ដកថយទៅវិនីតអើយ ដើម្បីចៀសផុតពីការបាត់បង់ពេជ្រមួយគ្រាប់ ខ្ញុំត្រូវតែជួយពួកគាត់ឲ្យត្រូវរ៉ូវគ្នាវិញ”។ វិនីតគិតហើយ ក៏ត្រឡប់មកផ្ទះមុន។ យុវតីមិនបានដឹងថាspeakerបើកឮចេញមកក្រៅឡើយ ដៃម្ខាងកាន់ក្រដាស ដៃម្ខាងចុចព្យាណូ បន្លឺជាសូរលាន់ពេញផ្ទះ។ គ្រាន់តែឮបទចម្រៀងនេះ ពិចិត្រមានអារម្មណ៍មិនស្ងប់ឡើយ នាយស្ទុះចូលទៅរកវិនីត ហើយកញ្ឆក់យកក្រដាសបទភ្លេងពីដៃនាង ដោយបន្លឺខ្លាំងៗ៖
-អ្នកណាឲ្យលេងបទនេះ?
-បងជាអ្នកសរសេរវាអ្ហេ?
-គ្មានទាក់ទងស្អីនឹងឯងទេ ថ្ងៃក្រោយមិនឲ្យលេងវាទៀតទេ
-បទពីរោះយ៉ាងនេះ បងគិតបោះវាចោលអ្ហេ? ការពិត បងក៏ចេះសរសេរបទភ្លេងដែរ តែហេតុអីក៏បងមិនសរសេរ គឺព្រោះតែអ្នកនាងសូរិយាអ្ហេ?
-ឯងដូចជាដឹងរឿងបងច្រើនពេកហើយ
-គឺបទចម្រៀងនេះ វាប្រាប់ខ្ញុំ ប្រាប់ពីទឹកចិត្តអ្នកសរសេរ ដែលរស់នៅក្នុងភាពឈឺចាប់បំផុត ក្រែងបងរង់ចាំគាត់អ្ហេ ចុះហេតុអីគាត់មកហើយ បងបែរជាបដិសេធនឹងគាត់ទៅវិញ?
-ឯងយល់ពីអារម្មណ៍បងណាស់អ្ហេ ចម្រៀងដែលបងសរសេរនេះ គឺជារឿងកាលពីពីរឆ្នាំមុន បងបានបោះវាចោលម្តងរួចទៅហើយ
-តែបន្ទាប់ពីអ្នកនាងសូរិយាមកវិញ បងក៏ទៅរើសយកវាមកវិញ តើមែនទេ?
-បើមែនវាយ៉ាងម៉េច?
-ពួកយើងមកដល់ហើយ!
សម្រែករ៉ាណេបន្លឺឡើង គ្រាន់តែមកដល់ក្នុងផ្ទះ ពួកគេប្រែជាស្ងប់ស្ងៀមមួយរំពេច នៅពេលដែលឮសំឡេងពិចិត្រ៖
-បងប្រាប់ឯងណា កុំឈឺឆ្អាលរឿងរបស់បង
-បាន!
គ្រាន់តែវិនីតបន្លឺឡើង យុវជនទាំងអស់លើកលែងតែវណ្ណា បើកភ្នែកធំៗ ព្រោះវាមិនគួរឲ្យជឿនូវអ្វីដែលពួកគេបានឮនោះ គឺសំឡេងមនុស្សស្រី។ វណ្ណាបម្រុងស្ទុះចូលទៅហាមឃាត់ពួកគេកុំឲ្យបន្តទៀត តែយុវជនទាំងបីចាប់នាយជាប់។ វណ្ណាបាន
ត្រឹមតែនិយាយថា៖”ចប់ហើយ!”។ វិនីតបន្ត៖
-តែបងក៏កុំយកខ្ញុំទៅពាក់ព័ន្ធដែរ ខ្ញុំមិនចង់ក្លាយជាមនុស្សដែលស្រលាញ់ភេទ
ដូចគ្នា ដូចដែលកាសែតនិយាយនោះទេ
-ឯង!
-ខ្ញុំយ៉ាងម៉េច?
-បងមិនចង់និយាយជាមួយឯងទៀតទេ
-ខ្ញុំក៏មិនចង់និយាយជាមួយបងទៀតដែរ
យុវជន និងមាណវីចេញពីបន្ទប់ភ្លេង ក៏ឡើងទៅបន្ទប់រៀងខ្លួន ដោយមិនខ្វល់ពីមិត្តភក្តិដែលកំពុងឈរស្តាប់យ៉ាងត្រៀបត្រា។ សុវណ្ណនិយាយទៅកាន់វណ្ណា៖
-តើរឿងវាយ៉ាងម៉េច?
-ហេតុអីក៏វិនីតមានសំឡេងជាមនុស្សស្រី?
-បងឆាប់និយាយទៅ
-ការពិតនាងជាស្រីទេ!
-ព្រះជាម្ចាស់អើយ! ហេតុអីក៏ឲ្យក្មេងស្រីម្នាក់នេះ កុហកពួកយើងយូរយ៉ាងនេះ
-ពួកឯងទាំងពីរសុទ្ធតែដឹងរឿងអ្ហេ ហេតុអីក៏លាក់ពួកយើង?
-សូមទោស! ការពិតពិចិត្រសម្រេចថា ប្រាប់ពួកបងដែរ តែខ្លាចនៅពេលដែលរឿងបែកការហើយ ពួកយើងនឹងបាត់បង់ក្មេងស្រីម្នាក់នេះ ឲ្យខ្ញុំសូមទោសផង
-ចុះពួកយើងគិតធ្វើយ៉ាងម៉េចចំពោះនាងនោះ? (រ៉ាឌីបន្លឺ)
-មែនធ្វើយ៉ាងម៉េច ពួកយើងធ្វើដូចជាមិនដឹងរឿងទៅ (រ៉ាណេតប)
-ថាម៉េច!
-ពួកយើងស្រលាញ់វាដូចជាបងប្អូនទៅហើយ ហើយបើលោកចាងហ្វាងដឹងពីរឿងនេះ នាងប្រាកដជាពិបាកហើយ
-ពិតមែនហើយ! រង់ចាំ ឲ្យនាងផុតកុងត្រាសិនទៅ (សុវណ្ណតប)
-ពួកបងគិតអ៊ីចឹងអ្ហេ? (វណ្ណាឧទាន)
-ត្រូវហើយ! បើសិនជាឲ្យនាងដឹងខ្លួនថា ពួកយើងដឹងថា នាងជាស្រី វានឹងធ្វើឲ្យនាងមិនស្រួលក្នុងការរស់នៅជាមួយពួកយើងទេ អ្វីៗដូចធម្មតា តើពួកឯងយល់យ៉ាងម៉េច?
-ok! គ្រប់យ៉ាងគឺដូចធម្មតា
យុវជនទាំងអស់ពិតជាមានក្តីស្រលាញ់ចំពោះវិនីតពិតមែន។ យុវតីនៅតែអាចរស់នៅជាមួយក្រុមយុវជនក្នុងនាមជាមនុស្សប្រុស។ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក យុវជនទាំងអស់ពុំសូវប្រឡែងលេងប៉ះពាល់នាងដូចពីមុនឡើយ។
វគ្គ៦ ស្នាមញញឹម
ចាប់តាំងពីមានបញ្ហាជាមួយគ្នាមក វិនីតពុំសូវនិយាយស្តីជាមួយពិចិត្រឡើយ។ នាងដើរចេញពីស្ទូឌីយ៉ូ ក៏ជួបនឹងយុវជនល្មម តែនាងបម្រុងធ្វើហីដូចមិនឃើញ ពិចិត្រក៏បន្លឺឡើង៖
-តើប៉ុន្មានថ្ងៃនេះ ឯងកើតស្អី?
-គ្មានកើតស្អីទេ គ្រាន់តែមិនចង់និយាយជាមួយអ្នកខ្លះ ខ្ញុំទៅហើយ
-ឯងគិតថា ពេលវេលាអាចដូចដើមអ្ហេ?……….បងសារភាព កាលពីពីរឆ្នាំមុន វាដូចជាបទចម្រៀងនោះអ៊ីចឹង ប៉ុន្តែឯងដឹងទេ ពេលវេលាឈឺចាប់នោះ វាបានរសាត់ចេញពីបងហើយ ឬឯងចង់ឲ្យបងវិលទៅរកពេលវេលានោះវិញ?
-ប៉ុន្តែអ្នកនាងសូរិយានៅតែស្រលាញ់បង ហើយពួកបងអាចបើសិន…….
-មិនអាចទេ!
-ហេតុអីក៏មិនអាច?
-ព្រោះបងមានអ្នកដែលបងស្រលាញ់រួចទៅហើយ
សូរិយាស្តាប់ឮពាក្យទាំងអស់ដែលយុវជននិយាយ ទឹកភ្នែកស្រក់ច្រោក នាងក្តុកក្តួលណាស់ ក៏ដើរចេញទៅ។ ចំណែកវណ្ណានៅឈរធ្មឹងបន្តទៀត។ វិនីតស្ងៀមមិនតបឆ្លើយ យុវជនបន្ត៖
-ឯងដឹងពីមូលហេតុហើយ តើឯងចង់ឲ្យបងទទួលនាងទៀតអ្ហេ?
-សូមទោស! ខ្ញុំមិនដឹងថា បងមានមនុស្សដែលខ្លួនស្រលាញ់នោះទេ តើខ្ញុំស្គាល់គាត់ទេ?
-ឯងប្រហែលជាមិនស្គាល់ទេ…….. បានហើយ! ពួកយើងទៅញ៉ាំបាយទៅ
ពិចិត្រដឹកដៃវិនីតចេញទៅ។ ចំណែកវណ្ណាឈរញញឹមតែម្នាក់ឯង។ អ្វីដែលរីករាយ គឺពេលនេះពួកគេជួបជុំគ្នានៅតុអាហារថ្ងៃត្រង់នៅក្នុងហាងមួយ។ ចៃដន្យសូរិយា និងបងប្រុសក៏ទៅស្រស់ស្រូបនៅទីនោះដែរ។ សុវណ្ណបន្លឺ៖
-សួស្តីលោកចាងហ្វាង
-អូ! ពួកឯងក៏ញ៉ាំអាហារនៅទីនេះដែរអ្ហេ ល្អណាស់អ៊ីចឹង ខ្ញុំខានញ៉ាំបាយរួមតុជាមួយពួកឯងយូរហើយ
-អញ្ជើញបង!
វិនីតលួចមើលមុខពិចិត្រ និងសូរិយា។ វណ្ណាបន្លឺ៖
-ញ៉ាំទៅ!
-បាទ!
-ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត(ពិចិត្រឧទាន)
សូរិយាតាមសម្លឹងពិចិត្ររហូត។ មួយសន្ទុះនាងក៏ងើបចេញទៅពីក្រោយយុវជន។ លុះពិចិត្រចេញពីបន្ទប់ទឹកវិញ៖
-នាងមកបន្ទប់ទឹកដែរអ្ហេ?
-ចាស!
-អ៊ីចឹង ខ្ញុំទៅតុមុនហើយ
-ខ្ញុំចង់និយាយជាមួយបងបន្តិចបានទេ?
-មានការអីអ្ហេ?
-សូមទោស! ដែលធ្វើឲ្យបងឈឺចាប់យ៉ាងនេះ តើបងអាចទុកឱកាសឲ្យខ្ញុំផងបានទេ?
-សូរិយា!
-ខ្ញុំដឹង ថាបងមានអ្នកដែលបងស្រលាញ់ហើយ តែខ្ញុំ………….
-នាងមិនខុសទេ! កុំមានអារម្មណ៍បែបនោះអី រឿងកន្លងហួសហើយ បំភ្លេចវាចុះ
-បងគិតថា ខ្ញុំមានអារម្មណ៍ខុស ទើបចង់ឲ្យបងទុកឱកាសឲ្យអ៊ីចឹងអ្ហេ? ការពិតខ្ញុំត្រឡប់មកម្តងនេះ គឺគ្មានបំណងត្រឡប់ទៅវិញទេ ខ្ញុំតែងតែសង្ឃឹមថា បងនៅស្រលាញ់ខ្ញុំ រង់ចាំខ្ញុំ ហើយព្រមទទួលយកខ្ញុំ
-សូមទោស!
-តើអាចប្តូរពាក្យសូមទោសនេះ ទៅជាពេលវេលាកាលពីបួនឆ្នាំមុនបានទេ?
-សូមទោស!
សូរិយារត់ចេញទៅទាំងទឹកភ្នែក។ នាងមិនបានចូលតុអាហារវិញទេ។ លុះមកដល់ផ្ទះ លោកប្រាក់នាគក៏បន្លឺ៖
-ថ្ងៃមិញមានរឿងអី?
-គ្មានទេបង!
-ឯងនិងពិចិត្រយ៉ាងម៉េចហើយ?
-គាត់ឈប់ស្រលាញ់ខ្ញុំហើយ ហើយថែមទាំងមានមនុស្សដែលគាត់ស្រលាញ់ទៀតផង
-អ្នកណាគេ?………..កុំប្រាប់ថា វិនីតណា
-ខ្ញុំក៏មិនដឹងដែរ
-ប្រហែលជាគេនៅខឹងនឹងឯងហើយ ឯងកុំបង្ខំអី
-មិនអីទេបង! ខ្ញុំមិនបោះបង់ចោលងាយៗទេ ត្រូវហើយបង! វីស៊ីឌីបេះដូងពិតរបស់បងហ្នឹង ខ្ញុំបានផ្ញើទៅចិនហើយ
-តើយ៉ាងម៉េចហើយ?
-លោកចាងហ្វាងដូចជាចាប់អារម្មណ៍ណាស់ ពីទឹកដមសំឡេង និងបទភ្លេងដែលពួកគាត់បង្កើតឡើង
-ប្រសើរណាស់! តើពួកយើងមានសង្ឃឹមអាចឈានចូលទីផ្សារបរទេសទេ?
-គឺអាចណាបង ព្រោះលោកចាងហ្វាងកំពុងតែធ្វើដំណើរមកកម្ពុជាហើយ
-អ៊ីចឹងពេលគាត់មកដល់ តើគាត់ស្នាក់នៅឯណា?
-រឿងនេះខ្ញុំមិនដឹងទេ ព្រោះគាត់ទៅណាមកណាគ្មាននរណាដឹងឡើយ
ថ្លែងពីក្រុមយុវជន បន្ទាប់ពីបញ្ចប់បទភ្លេងថ្មី ក៏នាំគ្នាទៅប្រាសខ្លួនដេកលើសាឡុង រ៉ាណេងើបអង្គុយហើយ យកទឹកផឹកបន្តិចក៏បន្លឺទៅរកវិនីត ដែលអង្គុយឈ្ងោកពីមុខកុំព្យូទ័រ៖
-ឯងធ្វើអីហ្នឹង មិនចេះហត់ទេអ្ហេ?
-បងចាំស្តាប់ណា……….ចាងហ្វាងផលិតកម្មមួយនៅចិនបានចាកចេញពីស្រុកមកលេងកម្ពុជាដោយគ្មានអ្នកណាដឹង ថាលោកស្នាក់នៅទីណាឡើយ។ លោក ហ្វុន ចូវលី មិនមែនត្រឹមតែជាផលិតករនោះទេ លោកថែមទាំងមានទេពកោសល្យក្នុងការនិពន្ធបទភ្លេង ដែលចេញពីនោសញ្ចេតនា និងអាម្មណ៍ពិតថែមទៀតផង។ តាមព័ត៌មានខ្សឹបខ្សៀវបានឲ្យដឹងថា លោកអញ្ជើញមកកម្ពុជាមិនមែនត្រឹមតែជាការដើរកម្សាន្តនោះទេ លោកនឹងស្វែងរកបទភ្លេងថ្មី ដែលផុសចេញពីទឹកដីអច្ឆរិយមួយនេះ។………..
-ហេតុអីក៏ឈប់អាន?(រ៉ាណេនិយាយ)
-ចប់ហើយហ្នឹង! …………អ្ហើយ!
-ម៉េចក៏ដកដង្ហើមធំ? (ពិចិត្រសួរ)
-តើអនាគត ខ្ញុំអាចដូចជាគាត់ទេហ្ន៎?
-ឯងពិតជាអាច! (យុវជនទាំងអស់បន្លឺព្រមគ្នា)
-មិនចាំបាច់លើកទឹកចិត្តខ្ញុំទេ ខ្ញុំធ្វើម៉េចនឹងអាចក្លាយជាផលិតករបាន
-បើឯងមិនចង់ផង ធ្វើម៉េចនឹងអាច
-ផលិតករខ្លួនឯង និពន្ធបទភ្លេងខ្លួនឯង គួរឲ្យមានមោទនភាពណាស់ ខ្ញុំទៅគេងហើយ រាត្រីសួស្តីបង!
-សុបិនល្អ!
វិនីតដើរទៅដោយកាន់កុំព្យូទ័រទៅជាមួយផង។ ពាក់កណ្តាលអាធ្រាត្រទៅហើយ ពិចិត្របែរជានឹកឃើញដល់សំដីវិនីត នាយហាក់បីដូចជារសាប់រសល់ ក៏ស្ទុះងើបឡើងដើរចូលទៅបន្ទប់ភ្លេង។ នាយកាន់ក្រដាសបទភ្លេងរបស់ខ្លួន មកអង្គុយនៅពីមុខកុំព្យូទ័រ។ លុះព្រឹកឡើងនាយក៏ហុចក្រដាសបទភ្លេងនោះ ទៅឲ្យវិនីត។ វិនីត
ឈោងយកហើយ ក៏បន្លឺឡើង៖
-ស្រមោលស្នេហ៍អូន! ហេតុអីក៏បងឲ្យវាមកខ្ញុំ?
-ក្រែងឯងថាវាពីរោះអ្ហេ
-តែបងមិនចូលចិត្តឲ្យខ្ញុំលេងវាទេ
-នេះជាបទភ្លេងទីមួយដែលបងសរសេរ នៅមានទីពីរ ទីបីបន្តទៀត បងទៅចាំឯងនៅឡានមុន
វិនីតហាក់សប្បាយចិត្តណាស់ នៅពេលឃើញពិចិត្រព្រមសរសេរបទភ្លេងថ្មី តែនាងមិនដឹងថា មូលហេតុអ្វី ដែលធ្វើឲ្យយុវជនផ្លាស់ប្តូរចិត្តយ៉ាងនេះឡើយ។ មាណវីបន្លឺតិចៗ៖
-តើអ្វីដែលធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តយ៉ាងនេះ?
-គឺខ្លួនឯងហ្នឹងហើយ! (វណ្ណឧទាន)
-ខ្ញុំ!
-វាជាទីមោទនភាពណាស់ ដែលផលិតករខ្លួនឯងអាចនិពន្ធបទភ្លេងខ្លួនឯងបាន ហើយរឹតតែអស្ចារ្យថែមទៀតនោះ អ្នកចម្រៀងដ៏ល្បីមិនត្រឹមតែមានទឹកដមសំឡេងពីរោះ ថែមទាំងអាចសរសេរបទភ្លេងដោយខ្លួនឯងថែមទៀត នេះមិនមែនជារឿងល្អទេអ្ហេ?
-គឺល្អខ្លាំងណាស់
ពិចិត្របានឆ្លងផុតអស់ហើយនូវស្រមោលអតីតកាល។ ទោះបីជាការចងចាំនៅមានតិចតួចក៏ដោយ តែការរស់នៅបច្ចុប្បន្នរបស់យុវជន គឺមានសេចក្តីសុខណាស់។ នេះគឺព្រោះដោយសារក្មេងស្រីម្នាក់ឬ? តើការចងចាំដ៏តិចតួចនោះ ពិតជាគ្មានរូបសូរិយានៅក្នុងចិត្តមែនអ្ហេ? ចុះសូរិយាដែលមានសង្ឃឹមមួយរយភាគរយក្នុងការវិលត្រឡប់មករកយុវជននឹងទៅជាយ៉ាងណា? ទោះបីជាយ៉ាងណា កំហុសស្នេហាមួយនេះ គឺសូរិយាតែងតែដាក់មកលើខ្លួននាង។ នាងក្រៀមក្រំណាស់ ស្ទើរតែគ្មានព្រលឹងនៅក្នុងខ្លួន។ វិនីតដើរចូលក្នុងបន្ទប់ភ្លេង ក៏ភ្ញាក់ព្រើត៖
-គឺអ្នកនាងទេអ្ហេ!…..សូមទោស ខ្ញុំរំខានហើយ
-ឈប់សិន! តើលោកចូលមកមានការអីអ្ហេ?
-ខ្ញុំគិតថា មកសមបទភ្លេងនេះមើល តែមិនអីទេ ចាំលើកក្រោយក៏បាន ខ្ញុំទៅវិញហើយ
-តើបទអីគេ?
-គឺ…………
-ឲ្យមកខ្ញុំសុំមើលបន្តិចមក
វិនីតហុចក្រដាសបទភ្លេងទៅសូរិយា។ សូរិយាហាក់បីដូចជាស្ទាត់ជំនាញខាង
ព្យាណូណាស់។ បទភ្លេងដ៏អន្លង់អន្លោចបានបន្លឺឡើង ធ្វើឲ្យនាងនឹកឃើញថ្ងៃ ដែល
នាងចាកចេញពីពិចិត្រ។ តំណក់ទឹកភ្នែកស្រក់ចុះ វិនីតហាក់យល់ច្បាស់ពីអារម្មណ៍ឈឺចាប់របស់សូរិយា នាងនៅស្ងៀមមិននិយាយស្តី តែបន្ទាប់ពីបទភ្លេងត្រូវបញ្ចប់ សូរិយាក៏បន្លឺឡើង៖
-បទនេះពីរោះណាស់ លោកជាអ្នកធ្វើវាអ្ហេ?
-មិនមែនទេ!
-បើមិនមែនលោក តើនរណាជាអ្នកធ្វើ?
-គឺបងពិចិត្រ!
-គឺគាត់!
សូរិយាយំហ៊ូ គឺយំខ្លាំងណាស់ វិនីតបន្លឺ៖
-សូមទោស! ខ្ញុំមិនគួរឲ្យអ្នកនាងឃើញបទនេះទេ
-មិនអីទេ! ខ្ញុំគួរតែអរគុណលោក បើកាលនោះ ខ្ញុំដឹងថា គាត់ឈឺចាប់យ៉ាងនេះខ្ញុំនឹងមិនចាកចេញពីគាត់ទេ ហេតុអីក៏ខ្ញុំធ្វើអ៊ីចឹង?
-បងពិចិត្រមិនដែលបន្ទោសអ្នកនាងទេ គាត់និយាយថា បើសិនជាគាត់ ក៏គាត់ធ្វើអ៊ីចឹងដែរ
-ប៉ុន្តែគ្រប់យ៉ាងគឺហួសពេលហើយ លោកដឹងទេ គាត់ឈប់ស្រលាញ់ខ្ញុំហើយ គាត់មានមនុស្សដែលគាត់ស្រលាញ់ហើយ តើឲ្យខ្ញុំធ្វើយ៉ាងម៉េច?
-រឿងនេះ……..
-តើលោកស្គាល់មនុស្សស្រីដែលគាត់ស្រលាញ់ទេ តើនាងធ្វើការអី រស់នៅឯណា? តើខ្ញុំស្គាល់នាងទេ?
-ខ្ញុំនិយាយការពិតចុះ ចាប់ពីខ្ញុំរស់នៅជាមួយនឹងគាត់មក ខ្ញុំមិនដែលឃើញគាត់មានទំនាក់ទំនងជាមួយមនុស្សស្រីណាជាពិសេសនោះទេ
-ឬមួយក៏គាត់កុហកខ្ញុំ? គាត់ប្រហែលជានៅខឹងនឹងខ្ញុំមែនហើយ ទើបកុហកខ្ញុំ ខ្ញុំមិនត្រូវអស់សង្ឃឹមងាយៗទេ មែនទេ?
-បាទ! ត្រូវហើយ
-អរគុណលោក! ខ្ញុំទៅវិញហើយ នេះបទភ្លេងរបស់លោក អរគុណ!
សូរិយាហាក់មានសង្ឃឹមឡើងវិញ តែវិនីតកំពុងស្ថិតនៅក្រោមផ្ទៃមេឃដ៏ស្រអាប់ នាងសញ្ជប់សញ្ជឹងតែម្នាក់ឯង។ ពិចិត្របន្លឺ៖
-អង្គុយហាលសន្សើមដល់ណាទៀត?
-គឺបងទេអ្ហេ!
-ពិបាកចិត្តរឿងអី?
-គ្មានទេ! គ្រាន់តែនឹកដល់ម៉ែប៉ុណ្ណោះ
-មិនមែនរឿងចុះកុងត្រាទេអ្ហេ? ឯងគិតយ៉ាងម៉េច?
-ខ្ញុំសម្រេចចិត្តថាប្រាប់គាត់នៅថ្ងៃស្អែកនេះ
-បងទៅជាមួយឯង
-កុំអី…..
-រឿងនេះ បងជាអ្នកបង្កឡើង បងត្រូវតែមានចំណែក
-តែលោកចាងហ្វាងប្រាកដជាខឹងនឹងបង
-ខឹង វាយ៉ាងម៉េច? ឯងខ្លាចបង ត្រូវគេបណ្តេញចេញពីផលិតកម្មអ្ហេ……បើពិតជាត្រូវគេបណ្តេញចេញមែន បងទៅធ្វើជាថៅកែម៉ាស៊ីនស្រូវវិញក៏បាន ពេលនោះ ឯងត្រូវទៅធ្វើជាជំនួយការថៅកែហើយ
-បងនៅនិយាយលេងទៀត
-បានហើយ! ពួកយើងទៅគេងទៅ
ពិចិត្រដឹកដៃវិនីតចូលទៅក្នុងផ្ទះ។
ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីយ៉ាងត្រចះ យុវតីរូតរះមកដល់ក្រុមហ៊ុនមុន។ លោកចាងហ្វាងបន្លឺ៖
-វិនីត! ឯងមកដល់ពីព្រលឹមតែម្តង អង្គុយសិនទៅ……..មួយរយៈពេលនេះ ខ្ញុំពិតជាពេញចិត្តនឹងការងារឯងណាស់ ហ៏នេះកុងត្រា ពិនិត្យមើលទៅ ឯងចង់ចុះប៉ុន្មានឆ្នាំក៏បានដែរ ខ្ញុំឲ្យអាទិភាពទៅឯងហើយ
-លោកចាងហ្វាង!
-យ៉ាងម៉េច?
-ឲ្យខ្ញុំសូមទោស ដែលកុហកលោកចាងហ្វាង
-មានរឿងអី?
-ខ្ញុំ…….ខ្ញុំ………….ខ្ញុំមិនមែនជាមនុស្សប្រុសទេ
-ថាម៉េច!………..ឯកំពុងនិយាយអីហ្នឹង?
-ការពិតខ្ញុំជាមនុស្សស្រីទេ
វិនីតបន្លឺជាសំឡេងមនុស្សស្រីឡើង ទើបនិយាយបន្ត៖
-ខ្ញុំអាចប្រើសំឡេងពីរបាន គឺមនុស្សប្រុសនិងមនុស្សស្រី
-ឯង…..!
-សូមលោកចាងហ្វាងអភ័យទោសឲ្យខ្ញុំផង
-ម៉េចនឹងអាចទៅរួច! …………….ចុះពួកគេទាំងអស់គ្នាដឹងទេ?
-ពួកគាត់មិនដឹងរឿងនេះទេ
-តែខ្ញុំដឹង
-ពិចិត្រ!………..តើពួកឯងកំពុងតែធ្វើអីហ្នឹង ពួកឯងនាំគ្នាកុហកយើងអ្ហេ?
-ឲ្យខ្ញុំសូមទោសបង
-គ្មានទាក់ទងនឹងគាត់ទេ គឺមកពីខ្ញុំទាំងអស់ មកពីខ្ញុំចូលចិត្តតែងខ្លួនជាមនុស្សប្រុស សូមទោស សូមទោស!
-អ៊ីចឹងរឿងដែលចុះកាសែតនោះជារឿងពិតអ្ហេ?
-មិនពិតទេ! ខ្ញុំពិតជាសូមទោសលោកចាងហ្វាងពិតមែន
-ឯងដឹងពីលទ្ធផលដែលឯងកុហកខ្ញុំទេ? ហេតុអីក៏នាងធ្វើអ៊ីចឹង?
-មកពីលោកមិនព្រមទទួលអ្នកនិពន្ធជាមនុស្សស្រីហ្នឹងណា? (រ៉ាណេបន្លឺ និងមិត្តឯទៀតដើរចូលមក)
-កុំប្រាប់ថាពួកឯងសុទ្ធតែដឹងរឿងណា?
-ពួកយើងក៏ទើបតែដឹងដែរ?
-ពួកបងដឹងអ្ហេ!
-អាល្អិតឯងនេះ កុហកពួកយើងមករហូត
-សូមទោស!
-ពួកខ្ញុំមកនេះ គឺសូមឲ្យបង អភ័យទោសដល់នាងផង
-ការពិតវា ក៏មិនចង់ដែរ
-សូមលោកចាងហ្វាងមេត្តាផង
-នេះពួកឯងអង្វរជំនួសនាងផងអ្ហេ តើពួកឯងមានគិតពីអារម្មណ៍យើងទេ ហេតុអីក៏នាំគ្នាមកកុហកយើងយ៉ាងនេះ? ចំណែកនាង តើសប្បាយណាស់ទៅ អ្ហេ ដែលធ្វើខ្លួនប្រុសមិនដូចប្រុស ស្រីមិនដូចស្រី
-លោកចាងហ្វាង!
-បានហើយ! ពួកឯងត្រឡប់ទៅវិញសិនទៅ ចំណែករឿងកុងត្រា ចាំយើងពិចារណាសិន
-លោកចាងហ្វាង!
-ពួកឯងទៅធ្វើការពួកឯងទៅ ពិចិត្រឯងនៅទីនេះសិនហើយ
-ពួកយើងចេញទៅ
-ឯងដឹងរឿងយូរហើយ ហេតុអីក៏មិនប្រាប់បង?
-សូមទោស! ពីដំបូង ខ្ញុំក៏ប្រុងប្រាប់បងដែរ បងនៅចាំថ្ងៃដែលវិនីតមកសុំបើកប្រាក់មុនទេ? ថ្ងៃនោះហើយដែលនាងសុំអង្វរខ្ញុំ ព្រោះតែនាងត្រូវការលុយយកទៅវះកាត់ប្អូន
-អ៊ីចឹងឯងក៏សុខចិត្តកុហកបងបន្តទៀតបែបនេះអ្ហេ?
-បើបងដឹងហើយ តើបងនៅទទួលវិនីតជាអ្នកនិពន្ធទៀតទេ?
-អ្ហើយ! និយាយចុះនិយាយឡើង ពួកឯងនៅតែខ្លាចយើង បដិសេធវិនីត បងសួរឯងតាមត្រង់ តើឯងស្រលាញ់វិនីតមែនទេ…………ចុះសូរិយា?
-ខ្ញុំថា រឿងនេះមិនទាក់ទងនឹងគ្នាទេ បងក៏ដឹង អ្នកនិពន្ធមានសមត្ថភាពយ៉ាងនេះ យើងម៉េចនឹងអាចបាត់បង់នាងបាន
-តែបងធ្លាប់បោះបង់អ្នកនិពន្ធដែលមានសមត្ថភាពអស់ជាច្រើនហើយ ឬមួយឯងគិតថា បងអាចទទួលវិនីត?
-ខ្ញុំមិនដឹងមូលហេតុអ្វី បានជាបងមិនព្រមទទួលអ្នកនិពន្ធស្រីនោះទេ តែម្តងនេះបងមិនអាចបដិសេធនាងបានឡើយ
-ឯងចង់ដឹងមូលហេតុដែលធ្វើឲ្យបងបដិសេធអ្នកនិពន្ធស្រីទាំងអស់នោះទេ គឺព្រោះតែខ្លាចឯងភ្លេចសូរិយា ឯងដឹងទេ?
-បងនិយាយអី!
-សូរិយាមិនដែលបំភ្លេចឯងម្តងណាឡើយ នាងតែងតែបារម្ភពីឯង ភ័យខ្លាចឯងទៅស្រលាញ់ស្រីផ្សេង បំភ្លេចនាងចោល ឯងដឹងទេ?
-បងចង់និយាយថា ព្រោះតែខ្ញុំ ទើបធ្វើឲ្យបងបដិសេធអ្នកនិពន្ធទាំងអស់នោះអ្ហេ? ហេតុអីក៏បងធ្វើអ៊ីចឹង?
-គឺព្រោះតែសូរិយានាងនៅស្រលាញ់ឯង
-តែការធ្វើបែបនេះ បងមិនគិតថា វាអាត្មានិយមពេកទេ? ដើម្បីប្អូនស្រីបង ចុះចំណែកខ្ញុំ បងពេញចិត្តនឹងការរស់នៅរបស់ខ្ញុំកន្លងមកទេ?
-រឿងនេះ!
-ខ្ញុំពិបាកណាស់ទើបឆ្លងផុតដំណាក់កាលឈឺចាប់ទាំងនោះ ឥឡូវ ខ្ញុំអាចរស់នៅបានដោយរីករាយហើយ បើសិនជាបង តើបងត្រឡប់ក្រោយទេ?…. ការរស់នៅដែលគ្មានក្តីសង្ឃឹមសូម្បីតែបន្តិច ស្រាប់តែឥឡូវ នាងក៏ថាត្រឡប់មករកខ្ញុំវិញ តើខ្ញុំគួរធ្វើយ៉ាងម៉េច? ពេលនេះ ខ្ញុំដឹងត្រឹមថា ខ្ញុំមិនដូចដើមទេ ខ្ញុំប្រែប្រួលហើយ ខ្ញុំលែងត្រូវការនាងដូចពីមុនទៀតហើយ តែខ្ញុំក៏មិនបានខឹង ឬស្អប់នាងនោះដែរ គ្រាន់តែឲ្យខ្ញុំទទួលនាងគឺមិនបានទេ ព្រោះខ្ញុំបានស្រលាញ់មនុស្សម្នាក់ផ្សេងរួចទៅហើយ
-មនុស្សម្នាក់នោះគឺវិនីតមែនទេ?
-បាទ!
-ចុះបើបងបដិសេធនាង ឯងគិតធ្វើយ៉ាងម៉េច?
-ខ្ញុំគិតថាបង មិនធ្វើបែបហ្នឹងទេ ព្រោះវិនីតគ្មានកំហុស បើចង់បន្ទោស គឺ
បន្ទោសខ្ញុំ ដែលធ្វើឲ្យនាងបាត់បង់ការងារយ៉ាងនេះ ខ្ញុំទៅវិញហើយ។
សូរិយាស្ទុះងាកទៅម្ខាងកុំឲ្យយុវជនឃើញ នាងខ្សឹកខ្សួលយ៉ាងខ្លាំង ស្ទើរតែ
ងើបដើរមិនរួច តែក៏ខំតាំងស្មារតីឡើងដើរចូលទៅជួបបងប្រុស។ ចំណែកវិនីត នាងមិនហ៊ានសម្លឹងមើលទៅក្រុមយុវជន ដែលកំពុងឈរនៅជុំវិញនាងឡើយ។ រ៉ាណេ
បន្លឺឡើង៖
-ឯងគ្មានពាក្យនិយាយជាមួយពួកយើងទេអ្ហេ?
-សូមទោស!
-ឯងនិយាយសូមទោស ជិតមួយលានដងហើយណា
-សូមទោស!
-បានហើយ! បងថាឯងហត់ហើយ ចូលទៅក្នុងបន្ទប់សម្រាកមួយភ្លែតសិនទៅ
វណ្ណានិយាយហើយ ក៏ដឹកដៃនាងចូលទៅក្នុបន្ទប់។ សុវណ្ណឧទាន៖
-ពួកយើងទៅក្រុមហ៊ុនវិញទៅ ពិចិត្រប្រហែលជារកពួកយើងហើយ
-អ៊ីចឹងក៏បាន
-ចុះបងវណ្ណា?
-ឲ្យគេទៅតាមក្រោយទៅ
វណ្ណានាំវិនីតទៅដល់ក្នុងបន្ទប់ហើយ ក៏ចេញទៅក្រុមហ៊ុនតាមក្រោយ។ ចំណែកវិនីតនាងគិតច្រើនណាស់ នាងគិតថា លោកចាងហ្វាងនឹងមិនទទួលនាងឡើយ។ គិតហើយគិតទៀត មធ្យោបាយមានតែមួយសម្រាប់ក្មេងស្រីម្នាក់នេះ គឺការចាកចេញ។ ពេលនេះ នាងកំពុងអង្គុយនៅក្នុងសួនច្បារក្បែរអីវ៉ាន់របស់ខ្លួន។ យុវតីដ៏តូចល្អិត នាងគិតថាការសម្រេចចិត្តរបស់នាងគឺត្រឹមត្រូវហើយ នាងសម្លឹងមើលមេឃ ហើយដកដង្ហើមធំ ទើបបន្លឺឡើង៖”មានរឿងអីដែលឯងត្រូវពិបាកចិត្ត ក្រែងឯងបានត្រៀមខ្លួនរួចហើយអ្ហេ? ពេលនេះ ឯងមិនមែនជាអ្នកនិពន្ធទៀតទេ! លាហើយ រាជធានីភ្នំពេញ!”។
វិនីតបានបន្លឺសំឡេងខ្លាំងៗ តែក៏ស្រាប់តែស្ងៀមមួយរំពេច៖
-ស្នាមញញឹម
យុវតីងាករកប្រភពសំឡេង នាងបានឃើញយ៉ាងច្បាស់នូវមនុស្សប្រុសវ័យកណ្តាលម្នាក់ ភិនភាគហាក់មិនមែនជាជនជាតិខ្មែរ ប៉ុន្តែហេតុអ្វីក៏ស្តាប់បទខ្មែរ ហើយជាបទ ដែលនាងនិពន្ធថែមទៀត។ នាងបានឃើញស្នាមញញឹមយ៉ាងច្បាស់របស់មនុស្សប្រុសនោះ តែចំណែកនាង បែរជារឹតតែក្រៀមក្រំ ព្រោះគិតថា ចាប់ពីថ្ងៃនេះទៅ បទចម្រៀងរបស់នាង នឹងគ្មានឱកាសចេញផ្សាយទៀតឡើយ។ វិនីតដកដង្ហើមធំទៀតហើយ ស្រាប់តែនាងភ្ញាក់ព្រើត នៅពេលបុរសកូនកាត់ម្នាក់នោះ ហុចកាសត្រចៀកមកឲ្យខ្លួន ដោយនិយាយភាសាខ្មែរទាំងរដិបរដុប៖”ស្តាប់ចម្រៀងនេះទៅ”។ វិនីតឈោងយកកាសត្រចៀកមកស្តាប់ នាងញញឹម លាយនឹងដំណក់ទឹកភ្នែក ដែលស្រក់ចុះ មិនអាចឃាត់បាន។ បុរសវ័យកណ្តាលក៏ទៅអង្គុយក្បែរនាង ហើយនៅតែនិយាយទាំងរដិបរដុបថា៖
-ស្តាប់បទនេះហើយនាងគួរតែញញឹម ហេតុអីក៏យំ?
និពន្ធដោយ៖ លាក់ ម៉ាឡែន
សូមរង់ចាំវគ្គ៣ (ចប់)
Posted on ខែកញ្ញា 8, 2012, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged បេះដូងកវី(ភាគទី២). Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0