ស្នេហ៍មួយសប្តាហ៍(បទពាក្យ៧)
ថ្ងៃចន្ទបានជួបស្រស់ពាលពៅ ថ្ងៃចន្ទបាននៅក្បែរជីវា
ថ្ងៃចន្ទបានពោលពាក្យស្នេហា ថ្ងៃចន្ទអូនថាស្នេហាបង។
អង្គារអង្គកាយរសាយទុក្ខ អង្គារមានមុខមាសស្នេហ៍ស្នង
អង្គារយើងសន្ទនាសាសង អង្គារអូនបងផ្សងសច្ចា។
ថ្ងៃពុធពាលពៅនៅនែបនិត្យ ថ្ងៃពុធវរមិត្រកៀកជិតស្មា
ថ្ងៃពុធគយគន់ដួងតារា ថ្ងៃពុធចិន្តាមហាសុខ។
ព្រហស្បតិ៍ខ្ទាស់ពាក្យស្តីមិនសម ព្រហស្បតិ៍អារម្មណ៍លែងស្រណុក
ព្រហស្បតិ៍ទាស់ទែងរែងចាប់ចុក ព្រហស្បតិ៍អស់សុខមុខក្រំក្រៀម។
ថ្ងៃសុក្របងសួរគួរអូនឆ្លើយ ថ្ងៃសុក្រត្រាណត្រើយម្ដេចឡើយស្ងៀម
ថ្ងៃសុក្របងសុំកុំនៅបៀម ថ្ងៃសុក្រគ្រាំឈាមត្រៀមចិត្តឈឺ។
ថ្ងៃសៅរ៍ក្តៅចិត្តត្បិតសម្ដី ថ្ងៃសៅរ៍ពិសីស្ដីឲ្យឮ
ថ្ងៃសៅរ៍មួហ្មងមានជម្ងឺ ថ្ងៃសៅរ៍ពន្លឺលែងមានសល់។
អាទិត្យគិតសព្វគ្រប់ប្រការ អាទិត្យប្ដេជ្ញាថាឈប់ខ្វល់
អាទិត្យប្រាប់ម៉ុមកុំកង្វល់ អាទិត្យកម្មផលយើងចប់ហើយ៕
និពន្ធដោយ តិក លីហ៊ាន
Posted on ខែតុលា 11, 2012, in កំណាព្យ, តិក លីហ៊ាន and tagged ស្នេហ៍មួយសប្តាហ៍(បទពាក្យ៧). Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0