ត្រីស្រុកខ្មែរ
និពន្ធដោយ៖ កវី.អ៊ីវ ហួត (ដងប៉ាក់កាប្រាក់)
‑សូរិយាៗល្ងាចថ្ងៃ ទន្សោងៗគោព្រៃ រកស៊ីជើងភ្នំ
ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ
ផឹកទឹកដងអូ។
‑ចាំណា៎ៗនាងណ៎ា ត្រីព្រួលកុំចោលស្រកា ត្រីប្រាកុំចោលស្រកី
អាម៉ុក ត្រីរ៉ស់ព្រលឹង ត្រីខ្ជឹងស្ងោរនឹងត្រួយខ្ញី អណ្តែងអាំងសាប់ស្វាយខ្ចី
ដំរីបំពងនឹងខ្ញាញ់។
‑ចង់ឆ្ងាញ់ឲ្យរកអន្លក់ រកឆ្លូញអណ្តែងត្បុលភក់ រកផ្ទក់ជ្រក់ស្ងោរត្រីក្រាញ់
រកផ្អកព្រួលពោពីសា ត្រីប្រាអង្គរស្រលាញ់ ម្ជូរម្នាស់ស្ររ៉ស់រសឆ្ងាញ់
ឆ្កោកក្នាញ់សណ្តាយសប្បាយ។
‑ក្រពាត់ឆ្ពិនក្រោសឆ្លេឆ្លា កន្រ្តងកន្រ្តប់ខ្លាខ្យា កំភ្លៀវកំភ្លៀញខ្លាំងហាយ
កញ្រ្ជូកក្រម៉ម កញ្រ្ជៀច ផ្ទោងរាជរៀលលិញខ្ទីសអាយ កញ្ចុះកញ្ជនក្រឹមក្រាយ
សប្បាយជួបជុំគ្រួសារ។
‑បានឆ្ងាញ់នឹកនាគ្នាផង ក្តាមប្រៃឬខបង្កង ញាំខ្យងឬ អន្ទង់ឆា
ងៀតរ៉ស់ឆ្តោកែសឆ្អើរទុក ប្រហុកក្អិតក្អុកច្រវា ប្រហិតត្រីស្លាតបេកា
ប្រម៉ាចំហុយឆ្ងាញ់គ្រាន់។
‑ត្រីក្អែក ក្រហែដងខ្ទែង ព្រលូងព្រាមត្បកច្រកែង ខ្មាន់ស្វែងតាអោនឆ្វៀតគន់
ទឹកនំបញ្ចុកត្រីរៀល រនាលរនេលជ្រលួញមាន់ ភ្លាគ្រំប្រហើររួសរាន់
អាំងទាន់កកូរឆ្លាំងឆ្ងាន់។
ច្រៀងលំនាំបទ សុរិយាល្ងាចថ្ងៃ
J.២៤/១១/១៩៩៤
Posted on ខែតុលា 28, 2012, in កវី.អ៊ីវ ហួត, កំណាព្យ and tagged ត្រីស្រុកខ្មែរ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0