ល្បែងពាក្យ(វគ្គ២)
និពន្ធដោយ៖ កវីដងប៉ាក់កាប្រាក់ អ៊ីវ ហួត
ដកស្រង់ចេញពីល្បែងប្រលែងពាក្យ វគ្គ២
អង្គរទ្រលោក
‑ឥណ្ឌាធានាសាងសង់អង្គរ ឱ្យល្អបវរជាងអង្គរវត្ត
ខ្មែរថែស្និទ្ធស្នេហ៍រឹតតែទៀងទាត់ ខ្លាចភ្លាត់ភ្ញៀវ(ទេសចរ)រត់ទៅរកឥណ្ឌា(…អស់!)។
‑មួយពាន់ឆ្នាំហើយជាតិអើយចាំទេ អង្គរឋិតថេររេរកច្រើនគ្រា
បារាំងមកជួយស្ទូចស្ទួយការពារ ផុសផុលសោភាលោកាសរសើរ។
‑ធ្វើដូចម្តេចហ្ន៎អង្គរគង់វង្ស ពុំទ្រុឌសំណង់ព្រោះចង់បង្ហើរ
ភ័ព្វសំណាងខ្មែរដង្ហែរប្រសើរ ដំណាក់ដំណើរសាវតាថ្លៃថ្លា។
‑មួយពាន់ឆ្នាំទៀតប្រាង្គ(អង្គរវត្ត)ឆ្លៀតបានទេ តពីបុព្វេរិះរេរចនា
កូរទឹកអម្រឹតប្រសិទ្ធលោកា រស់រួមសុខាច្រកវាឡថ្នាលសត្វ។
ក្រុងសៀមរាប ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១២
កវី.អ៊ីវ ហួត
ដងប៉ាក់កាប្រាក់
លំនាំដើម
‑បើចាំគ្រូផ្តាំឱ្យចារ…(លោកគ្រូណា? លោកគ្រូជាទូទៅ!)
‑ខ្ញុំខំចារចលនាឃ្លាខ្មែរ ដែលហើរហោះហែល ឆ្វែលជាហូរហែរ តាមកាលៈទេសៈ លើលានទូលាយ និងធំធេងនៃអារម្មណ៍ខ្ញុំ…
កកក៏បាយ
១. ”កកក៏បាយ មេមាយក៏ស្រី” កកទាំងល្អីទុកឆី ពេលហាលហើយ កកក្តាំងរឹង និងខ្លាញ់អាំងឆ្ងាញ់ណាស់វើយ! កកជាចម្លើយ ពេលខ្សត់អត់ខ្សោយបាយក្តៅ…
២. កម្ចីតិចច្រើន កើតកើនជាផ្សែង… កម្ចីពីបែង(bank)រមែងមានប័ណ្ណ កម្ចីជួញដី ជួនលៃត្រូវប៉ាន់ កម្ចីសំខាន់ រឹតគ្រាន់មុខមាត់ជំនួញ…
៣. កម្ចីមួយគ្រា ធានាថាសង(វិញ) កម្ចីច្រើនដង ជួនបង(ឬប្អូន)ធ្វើបាត់ កម្ចីតិចទេរិះរេប្រយ័ត្ន កម្ចីច្រើនក្តាត់ណាត់ជួបពេលក្តី…! នឹងអ្នកណា?
កាន់ជើងធូប
៤. កាន់ជើងធូបចង់ស្រូបក្លិនធម៌ កាន់ដៃបវរ អរស្ទើរវង្វេង…
កាន់កាយឆោមឆាយសប្បាយកញ្ឆេង កាន់ជើងនឹងចេង(បងថ្លៃ)រមែងជួយជោគជ័យ…
៥. ការងារធានាមិនឱ្យអផ្សុក… ការងារច្រើនមុខ ជួនសុខសព្វកាយា ការងារម៉ត់ចត់កំណត់ថវិកា ការងារនឹងជីវ៉ា បានផ្លែផ្កាកូនឈ្លាសវៃ…
៦. ការដ្ឋានតូចៗ រួចប្តូរកន្លែង ការដ្ឋានតែឯង រមែងពុំរំខាន…
ការដ្ឋានវាតថ្នល់(ពង្រីក) យល់ពីរខ្សែ(ធ្វើកន្ទុយជួរឡានទៅមក)
ការដ្ឋានប៉ុន្មានទើបបានគ្រប់តម្រូវការ
…ក្រុងភ្នំពេញ(ឆ្នាំ២០១២ ប្រធានអាស៊ាន!)
៧. ការពិតឋិតលើគ្រប់ភាសា ការពិចារណាគ្រាណាល្អប្រណីត ការរិះរកនាំមក ភោគផលជីវិត ការជិតស្និទ្ធគួរគិត ឱ្យឋិតថេរស្នេហ៍
៨. ការពិតនៅជិតភ្នែកញែកពិនិត្យ ការពិតល្អល្អិតឋិតដិតសៀវភៅ ការពិតស្និទ្ធស្នេហ៍ដុះក្បែរដួងចិត្តពៅ ការពិតរាក់ជ្រៅយូរទៅអណ្តែតតាមអណ្តាត…
៩. ការពិតឋិតជិតចិត្តចង់ជឿជាក់ ការពិតពញ្ញាក់ឱ្យភ្ញាក់ឃើញ(ជាក់)នឹងភ្នែក ការពិតឃើញហើយ នៅឡើយចិត្ត(រារែក)ជជែក ការពិតបំបែកជាផ្នែក(ព័ត៌មាន) រស់រានខ្លួនឯងបាន…
១០. កាលគ្រាក្រក្រី សម្តីសុភាព កាលគ្រានៅទាបរៀបឫករម្យទម កាលគ្រាជួញជ័យ លៃលកមកប្រជុំ កាលគ្រាធំដុំពុំសូវមានពេលដោះដូរ!(មែន!)
(នៅមានត)
Posted on ខែធ្នូ 8, 2012, in កវី.អ៊ីវ ហួត and tagged ល្បែងពាក្យ(វគ្គ២), អ៊ីវ ហួត. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0