ល្បែងពាក្យ(វគ្គ២)ត
និពន្ធដោយ៖ កវីដងប៉ាក់កាប្រាក់ អ៊ីវ ហួត
កីឡាទាត់បាល់
១១. កីឡាទាត់បាល់ស្គាល់តែជើងល្អ… កីឡាបើកបរ(ប្រណាំងឡាន)ចេញចរលឿនណាស់ កីឡាគុនខ្មែរ កាន់តែលេចច្បាស់ កីឡាកាស(ចំបាប់សហរដ្ឋតាមទូរទស្សន៍CTN)ប្រកាសឈ្នះ(រៀងៗខ្លួន)រួចប៉ះប្រាណ…
កូនកក្នុងគត៌
១២. កូនកក្នុងគត៌ប្រាំបួនខែដប់ថ្ងៃ កូនខំកែខៃលៃថែពុកម៉ែមិនខាន… កូនល្អកម្រ ពុំខំរកឱ្យមានបាន កូនចិត្តកល្យាណសុខសាន្តម៉ែឪនៅរស់…ឬចែកឋានទៅហើយ!
១៣. កូនង៉ាង៉ែង៉ែបានម៉ែថ្នមបី កូនង៉ាសេដ្ឋីក្មេងស្រីបំពេរ កូនង៉ាអ្នកស្រុក(ភូមិ) គ្មានសំបុកទេ (ចែកគ្នាថែពីដៃមួយទៅដៃមួយ…) កូនង៉ាអ្នកស្រែ អ៊ូមម៉កំដរ… (បើនៅមានគោភ្ជួរ…)
១៤. កូនចិត្តល្អក្រតែរូបក្រៅ កូនល្ងង់ខ្លៅគ្មានផ្លូវដឹងយល់ឆ្ងាយ កូនចេះសន្សំ គឺពុំសូវចង់ចាយ កូនស្ងប់សប្បាយ មិនណាយនឹងរកមកបាន
កូនមាន់ភាន់មេ
១៥. កូនមាន់ភាន់មេតាមគេយំជាប់ កូនមាន់បួនដប់រាប់រកគ្នាវា កូនមាន់តូចៗដូចញាស់តែមួយគ្រា កូនមាន់ទាមទារ ឱ្យមេវាកាយដីមើល…
១៦. កូនមាន់រត់ទាន់មេ កូនមាន់ហ្វូងគេ ដើររេរៀងខ្លួន កូនមាន់ហ្វូងឯង ស្អាតៗគួរស្ងួន កូនមាន់លេងពួន ជួនគេគេចទៅចោល…
១៧. កូនល្អកំដរម៉ែឪ ពេញចិត្ត(ពេលចាស់)កូនពៅនៅជិតច្រើនស្និទ្ធពុកម៉ែ កូនចេះច្រើនត្រិះរិះរើសគូស្នេហ៍ កូនតូចនៅក្បែរ ច្រើនតែប្រើការបាន…
១៨. កូនស្ពានហ៊ានឆ្លងស្ទឹង កូនព្រលឹង(កូនប្តីមុន)ពឹងពាក់បង់បាន កូនឧស្សាហ៍ ខំសិក្សាដល់ធំសុខសាន្ត កូនប៉ុន្មាន ទើបរាប់បានថាមានគ្រាន់បើ?
១៩. កូនស្រីហឫទ័យស្រលាញ់ផ្កា កូនប្រុសម្តងណាថាខ្ជិលរពឹស កូនផ្ទឹមរៀបការអ្នកណាជ្រើសរើស(មេបា?) កូនសម្តីលើសទើសចិត្តគួរគិតណែនាំ!
កើតជាខ្មែរគិត…
២០. កើតជាខ្មែរគិតថួនថែលោកា កើតជាទេវតាប្រាថ្នាឱ្យបានយូរ កើតជាស្រីប្រុសបណ្តុះចិត្តស្និទ្ធគិតគូរ កើតជាវិទូ(អ្នកប្រាជ្ញ) ស៊ូសាបព្រោះសព្វមុខវិជ្ជា…
២១. កើត(កូន)ដប់ ស្ងប់ចិត្តជារលូតមួយ កើតមានឆ្មបជួយ មិនព្រួយមួយជាតិ កើតបានកូនបី(ភ្លោះ) មិនភ័យកើនញាតិ កើតពីត្រីងៀត ឆ្លៀតពងពេលណា?
Posted on ខែធ្នូ 16, 2012, in កវី.អ៊ីវ ហួត and tagged កវី.អ៊ីវ ហួត, ល្បែងពាក្យ(វគ្គ២)ត. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0