ល្បែងពាក្យ(វគ្គ២)ត
និពន្ធដោយ៖ កវីដងប៉ាក់កាប្រាក់ អ៊ីវ ហួត
កែជាប់ រាប់ថា…
២២. កែជាប់រាប់ថា ចេះចារ កែច្រើនសារ គ្រាណាថាសព្វ កែគំនូរផ្ទឹមផ្គូ គំរូកំណប់ កែប្រសប់ដល់ចប់ អប់ផលប្រសើរ…
២៣. កែណាស់នៅខ្វះត្រង់ណា កែម្តេចម្តាពុះពារឱ្យចប់ម្តង កែគ្រប់ទិស ជ្រើសរើសត្រង់ទំនង កែស្នេហ៍ស្នង អូនបងចងចិត្តស្និទ្ធ…
កុំកាប់មែក
២៤. កុំកាប់មែកចែកផ្លែគ្នា(ឆី)… កុំទាន់ធូរធារមុនគ្រាមានធន កុំមាត់(និយាយ)នឹងមិត្តចិត្តឥតធ្ងន់ កុំពឹងពាក់ព័ន្ធមុនគយគន់បានគ្រប់
២៥. កុំចេះពាល់រួចរាល់រកបំពាន កុំចេះអៀន…លើលានផ្សំដំណេក កុំចេះទុកចោល ឱ្យចោរលួចរួចសង្វេគ កុំចេះពន់រែកធំចម្លែកផ្នែកសំរាម!
២៦. កុំដេកចាំស្លាប់ យ៉ាប់ឯវាសនា កុំហ៊ានវាចា មុនគ្រាគិតហើយ កុំដើរជិតឆ្ងាយ មិនត្រាយមើលត្រើយ កុំចាំ…ចម្លើយតែពីអតីតកាល…(ព្រេងវាសនា)
២៧. កុំដេកសម្ងំ ចាំសំណាង កុំដើរត្រដាង អាងធ្វើត្រូវម្តង កុំចង់ជាប់ណាស់ ច្បាស់ខាងចម្លង កុំចោលបំណង ចងក្រងវិជ្ជា…គ្រប់គ្រា!
កុំទុំមុន
២៨. កុំទុំមុនស្រគាល កុំននៀលមុនដេកដួល កុំឆ្លើយបាទមុនគេបបួល កុំទទួលមុនគេមកទាក់ទង
២៩. កុំធ្វើកណ្តុរដើរចូលមាត់ខ្លា កុំកាន់កិច្ចការមិនពិចារណាសិន កុំធ្វើឮច្បាស់ រួចខ្វះការប៉ិន(ប្រសប់)កុំដើរបង្ហិន សុខភាពដោយមិនតមបៀរ(ស្រាបៀរ)
កុំបីងាប់ស្តូក
៣០. កុំបីងាប់ស្តូកដូចឃ្លោកទុំ កុំគិតហើយពុំ ប្រព្រឹត្តផ្តិតផល កុំបានតែស្តាប់ តែយ៉ាប់យោបល់ កុំពុំចេះឆ្ងល់ ដេញយល់ផលឆ្ងាយ
៣១. កុំយកកំហឹងប្តឹងនឹងកំហល់ កុំយកកិច្ចកលមកជល់គ្រាការ កុំយកអ្នកប្រាជ្ញ មកបាចត្រីប្រា កុំប្រើប្រាជ្ញាឱ្យដើរញុះញង់…
៣២. កុំសទ្ធាឱ្យហួសធន កុំរួសរាន់ឱ្យហួស…រឿង កុំចែវគាស់ ឱ្យហួស(វា)គ្រឿង កុំផ្សំគ្រឿងឱ្យហួស…ពីគ្រប់
៣៣. កុំហូបតាមឃ្លាន កុំញៀនតាមញ៉ាម កុំកេះតាមកាម(កាមរោគ) កុំហាមតាមហិង្សា
៣៤. កុំអាងព្រះប្រោសអត់សោះគិតប្រឹង កុំអាងដំណឹងពុំថ្លឹងដំណើរ កុំអាងដឹងខ្លះ ប្រើប្រាស់ពាក្យក្លើ កុំអាជណ្តើរ ហក់ដើរឱ្យឆាប់ដល់…ពុំប្រយ័ត្ន!
៣៥. កុំអាងស្បង់ព្រះ ពុំស្វះចេះធម៌ កុំអាងដុកទ័រ(DOCTOR) ពុំជឿសុខភាព(ឬថែ) កុំអាងថ្នាំងថ្នាក់(ពេក)រាក់ទាក់តូចទាប! កុំអាងខាងកៀប(កូនជាង) គួររៀបឱ្យកើតកើនកិច្ចការ…
កំហុសបណ្តុះ
៣៦. កំហុសបណ្តុះចិត្តសង្ស័យ កំហុសរាល់ថ្ងៃលៃលកឱ្យគ្មាន កំហុសតិចតួចលួចលាក់ទិតៀន កំហុសអ្នកមានឈានដើរគេមើល…
ក្តៅស៊ីរាក់ ត្រជាក់…
៣៧. ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ ក្តៅតាមផ្លូវត្រូវរកឆត្រមកបាំង ក្តៅអ៊ុនល្មមព្រមងូតទឹកញឹកខែប្រាំង ក្តៅទឹកខ្លាំងត្រីឆ្លាំងក៏ភ័យខ្លាចហែលត្រាំ
ក្របីតាឃួន
៣៨. ក្របីតាឃួនដងខ្លួនមាំខ្លាំង ក្របីតាប្រាំងប្រណាំងមិនអន់ទេ ក្របីតាអូនស្រឡូនគ្រាន់បើដែរ ក្របីតាថេ ទុកប្រើតែ(ជិះ)ចម្លងភក់…ឬ?
ក្បាលរវើក
៣៩. ក្បាលរវើកច្រើនលើកវាស់វែង ក្បាលប្រជែងមិនក្រែងគន់គិតជាប់ ក្បាលធ្វើការ ប្រាថ្នារចនាភ័ព្វ ក្បាលស្វែងទ្រព្យរាប់រើសយុទ្ធសាស្រ្តជំនួញ
ក្បួនពួនក្នុងក្បាច់
៤០. ក្បួនពួនក្នុងក្បាច់ ក្បួនស្រួលស្រេច ចាំបាច់សម្រួច ក្បួនផ្តុំកម្លាំង ទាំងបង្រួមមកតូច(តិច) ក្បួនដូចស្មៅកួច រួចចង់ដំរីធំជាប់…
ក្មេងនិងចាស់ខ្វះ…
៤១. ក្មេងនិងចាស់ខ្វះធ្មេញដូចគ្នា…ក្មេងវាទារពុះពាររកឱ្យ(វា)ទៅ ក្មេងណាឆ្លាត សង្វាតបង្ហាត់ត្រង់ត្រូវ… ក្មេងកើតមកពៅ(កូនពៅ) កុំសូវថ្នាក់ថ្នមហួសហេតុ (ហេតុអី?)
៤២. ក្មេងយំចង់សុំចំណី… ក្មេងលេងដីដល់ថ្ងៃដុះដាល ក្មេងចេះគិត សាងរិទ្ធត្រកាល ក្មេងចិត្តស្រាល កុំអាលកំហែងស្រែក…
៤៣. ក្មេងរមែងឈ្នះចាស់(យូរទៅ) ក្មេងខំណាស់ប្រវាស់ប្រជែង ក្មេងចិត្តប្រាជ្ញ អង់អាចបំបែង ក្មេងខែងរែង មិនក្រែងខិតខំរៀន
៤៤. ក្មេងរត់រកក្មេងជារឿងធម្មតា ក្មេង(រត់)រកអាចារ្យគ្រាណាជាប់ជួន ក្មេងចាស់ឆ្លាស់ចិត្ត ស្នេហ៍ស្និទ្ធស្អិតស្ងួន ក្មេងចាស់លេងពួន(ពេល)អង្រួនអង្រឹងដាច់…!
៤៥. ក្មេងវង្វេងជាងចាស់(គ្រាណា?) ក្មេងចេះច្បាស់ មិនខ្វះការងារ ក្មេងខែងរែង ស្វះស្វែងបែងវិជ្ជា ក្មេងចេះជុំគ្នា ធានាអនាគតជាតិ…
Posted on ខែធ្នូ 29, 2012, in កវី.អ៊ីវ ហួត and tagged ល្បែងពាក្យ(វគ្គ២)ត, អ៊ីវ ហួត. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0