រឿងខ្លី កុំបោះបង់ខ្ញុំ

kkkk ចំណងដៃ ២០១៣ និពន្ធដោយ៖ លាក់ ម៉ាឡែន គិតទៅមួយប៉ប្រិចភ្នែកសោះ ពេលវេលាកន្លងហួសទៅប្រាំបួនឆ្នាំទៅហើយ អីយ៉ា! ភ្លេចគិតថាខ្លួនឯង ក៏កាន់តែចាស់ហើយដែរ។ ឆ្នាំពីរពាន់ដប់បីនេះ ខ្ញុំអាយុសាមសិបឆ្នាំហើយ ម៉េចក៏ភ្លេចគិតដល់ស្នេហាអ៊ីចឹង? តើប្រាំបួនឆ្នាំមកនេះ ខ្ញុំបានធ្វើអ្វីខ្លះ? កំពុងតែគិតស្លុងអារម្មណ៍ សំឡេងក្មេងប្រុសដែលខ្ញុំធ្លាប់ឮ ក៏បន្លឺឡើង។ ក្មេងប្រុសនេះ តែងតែរត់មកឱបចង្កេះខ្ញុំជាប់ នៅពេលដែលមកដល់ផ្ទះ។ គេនិយាយ​      បណ្តើរ គ្រវីក្បាលនៅលើស្មាខ្ញុំបណ្តើរ។ ពិតណាស់ អ្នកកំលោះនេះ ស្វាហាប់ម៉ឺងម៉ាត់ ហើយខ្ពស់សង្ហារថែមទៀតផង ពិសេសគឺជាក្មេងដ៏គួរឱ្យស្រឡាញ់បំផុតនៅក្នុងជីវិតខ្ញុំ៖ ‑ថ្ងៃនេះ អ្នកមីងរហ័សចេញម្ល៉េះ? សុំថើបមួយមក! ‑ធ្វើស្អីហ្នឹង! យ៉ាប់មែនឯងនេះ ការពិតគេតែងតែបែបនេះ ខ្ញុំចាប់ដៃគេចេញពីចង្កេះរបស់ខ្ញុំ ហើយងាកខ្លួន  សន្សឹមៗ​ បែរមករកគេ។ ខ្ញុំសម្លឹងមុខគេមួយសន្ទុះ ហើយក៏លើកដៃទៅក្រសោបថ្ពាល់ទាំងពីររបស់គេ៖ ‑សូមសួរលោកឈ្មោះអី? ‑បាទ! ខ្ញុំឈ្មោះ នេត្រា ‑ឆ្នាំនេះ លោកអាយុប៉ុន្មានហើយ? ‑គិតមើលសិន!………….ម្ភៃពីរឆ្នាំហើយ ‑ធំពេញវ័យហើយមែនទេ? ‑នៅទេ! ‑នៅទៀតអ្ហេ? អ៊ីចឹងពេលណាទើបឯងធំ? ‑នៅចំពោះមុខមីង ខ្ញុំមិនធំទេ បើខ្ញុំធំ មីងឈប់មើលថែខ្ញុំហើយ ‑ក្បាលខូចណាស់ឯងនេះ ‑បានហើយៗ! ខ្ញុំឃ្លានហើយ ‑ឃ្លានហើយអ្ហេ! អ៊ីចឹងពួកយើងទៅញ៉ាំបាយទៅ ការពិតខ្ញុំនឹកឃើញហើយ ភ្លេចគិតរកស្នេហាឱ្យខ្លួនឯង ក៏ព្រោះតែរវល់ផ្តល់ក្តីស្រលាញ់ដល់ក្មេងប្រុសនេះទេតើ! គួរឱ្យអស់សំណើចណាស់នេះ។ នៅក្នុងបន្ទប់ជួលមួយដ៏តូចចង្អៀត ខ្ញុំនិងនេត្រាគេងបែរមុខរកគ្នា។ ខ្ញុំសម្លឹងមើលមុខគេ តែខ្ញុំមិនបានស្រដីអ្វីទាំងអស់។ មួយសន្ទុះ គេក៏បន្លឺឡើង៖ ‑មីងគិតអី? ‑មីងគិតថា តើពួកយើង ត្រូវរស់បែបនេះ ដល់ពេលណា? ‑មីងធុញទ្រាន់នឹងជីវិតបែបនេះមែនទេ? ‑ចុះឯង? ‑ខ្ញុំមិនធុញទេ! ដរាបណាមានមីងនៅក្បែរខ្ញុំ ខ្ញុំរស់បែបនេះមួយជីវិត ក៏ខ្ញុំមិនធុញទ្រាន់ដែរ ‑តែមីងមិនចង់ឃើញឯង…. ‑បានហើយ! ខ្ញុំងុយគេងហើយ មីងក៏ឆាប់គេងដែរទៅ នេត្រាបែរខ្នងទៅម្ខាង។ ការពិត ខ្ញុំដឹងថាគេមិនបានគេងលក់ទេ ខ្ញុំក៏បន្លឺឡើង៖ ‑មួយរយៈនេះ ប្រាក់ដែលឯងធ្វើការបានប្រគល់មកឱ្យមីង មីងទុកសន្សំទាំងអស់ មីងគិតថា បើពួកយើងប្រឹងប្រែងបន្តិចទៀត មិនយូរទេ ពួកយើងអាចរកកន្លែងរស់នៅបានសមរម្យជាងនេះ មីងចង់ឃើញក្មេងតូចម្នាក់នេះ រស់នៅបានស្រួលជាងនេះ ‑តែពេលនេះ ខ្ញុំរស់នៅបានស្រួលហើយ ហើយក៏មានក្តីសុខដែរ អាល្អិតនេះ គេប្រាស់ខ្លួនយ៉ាងរហ័ស មកឱបខ្ញុំពីក្រោយជាប់៖ ‑នែ៎! ឯងធ្វើស្អីហ្នឹង? ‑ឱបមីងហ្នឹងណា៎! ‑ឆាប់លែងមីងភ្លាម ‑កាលពីតូច ខ្ញុំក៏គេងឱបមីងដែរ ម៉េចពេលនេះឱបមិនបាន? ‑ឯងធំហើយមិនមែនក្មេងទៀតទេ ‑ធំហើយ តែខ្ញុំក៏នៅតែជាអាល្អិតរបស់មីងដដែល មែនទេ? ខ្ញុំគេងហើយ! ចំមែន! ត្រូវហើយ កាលពីប្រាំបួនឆ្នាំមុន គឺគេឱបខ្ញុំបែបនេះ តែសភាពពេលនោះ ខ្ញុំឃើញគេមិនមានស្នាមញញឹមបែបនេះទេ ពេលនោះ ផ្ទៃមុខគេ ពោរពេញទៅដោយទឹកភ្នែក និងការឈឺចាប់ ព្រោះមនុស្សទាំងអស់ដែលគេស្រឡាញ់ បានស្លាប់អស់ចាកចេញពីគេ ក្នុងថ្ងៃតែមួយ ក្នុងរយៈពេលតែមួយយប់។ រំឭកឡើងវិញ នៅក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ សំឡេងស្រែកហៅលាន់ពេញផ្ទះ អណ្តាតភ្លើងកាចណាស់ ធ្វើឱ្យពួកយើងមិនអាចរត់ចេញបាន។ ខ្ញុំគឺគ្រាន់តែជាអ្នកបម្រើស្រីនៅក្នុងផ្ទះថ្មដ៏ស្តុកស្តម្ភមួយនេះ ខ្ញុំបានឃើញលោកស្រីកំពុងបីកូនតូចរត់ចេញមក គ្រាន់តែឃើញខ្ញុំ គាត់ក៏បន្លឺឡើង៖ ‑មាលា! ទៅជួយនេត្រាផង វានៅក្នុងបន្ទប់ ឱ្យលឿនឡើង ‑តែ….ភ្លើងខ្លាំងណាស់លោកស្រី….. ខ្ញុំចូលទៅមិនរួចទេ….. ‑អ៊ីចឹង!…..ឯងបីកូនស្រីខ្ញុំទៅ………ខ្ញុំឡើងទៅ……… អ្នកស្រីបម្រុងឱ្យអ្នកនាងតូចមកខ្ញុំ តែសំឡេងលោកប្រុសបន្លឺឡើង៖ ‑អូនឆាប់នាំកូនចេញទៅមុនទៅ ចាំបងទៅជួយនេត្រា និងតារា មាលា! នាងចេញទៅជាមួយលោកស្រីទៅ ខ្ញុំបម្រុងរត់ចេញទៅជាមួយលោកស្រី តែអ្វីដែលខ្ញុំឃើញគឺលោកប្រុស ដែលស្ទុះទៅជួយកូនក្នុងទឹកចិត្តជាឪពុក។ បន្ទប់ពីរផ្សេងគ្នា ខ្ញុំឃើញគាត់ងាកទៅងាកមក ពុំដឹងត្រូវជួយកូនណាមួយមុនឡើយ ទើបខ្ញុំបន្លឺឡើងដោយលែងគិតអ្វីទាំងអស់៖ ‑លោកស្រីចេញទៅ…. លោកប្រុសទៅជួយអ្នកប្រុសតារាទៅ ខ្ញុំទៅជួយអ្នកប្រុសនេត្រា…………. ‑អរគុណ! ពួកយើង គឺរត់កាត់ភ្លើងដោយជើងទទេ ខ្ញុំចេះតែស្រែកឡើង ហៅឈ្មោះអ្នកប្រុសនេត្រា។ ខ្ញុំក៏បានឃើញក្មេងតូចនេះ នៅក្នុងបន្ទប់ទឹក៖ ‑ឆាប់ចេញមក ពួកយើងរត់ចេញទៅ ‑ជើងខ្ញុំ!….. ‑មីងអ៊ាវ………. ខ្ញុំអ៊ាវក្មេងប្រុសនេះ រត់ចេញមករហូត តែមកដល់មុខបន្ទប់អ្នកប្រុសតារា ពួកយើងបានឃើញយ៉ាងច្បាស់ គឺលោកប្រុស និងអ្នកប្រុស កំពុងប្រវេប្រវារកផ្លូវចេញពីក្នុងបន្ទប់ នេត្រាស្រែកផង យំផង៖ ‑ប៉ា!…….បង……មីង ជួយប៉ានិងបងផង…….ប៉ា ខ្ញុំមិនដឹងធ្វើម៉េចទេ ខ្ញុំចង់ដាក់អ្នកប្រុស ទៅជួយពួកគាត់ តែសំឡេងលោកប្រុសបន្លឺឡើង៖ ‑មាលា! នាងនាំនេត្រារត់ទៅ……..រត់ទៅ…..កុំបារម្ភពីពួកយើងអី….ពួកយើងអាចចេញរួច ‑ប៉ា………បង………. ‑ឆាប់ចេញទៅមុនទៅ…. ‑កូនអត់ទៅទេ………កូនចាំប៉ា និងបង…..មីងជួយប៉ានិងបង…..ផង….មីង….. ខ្ញុំដឹងថា ក្មេងប្រុសនេះ ឈឺចាប់ណាស់ គេបម្រាសមិនចង់ចាកចេញទៅជាមួយខ្ញុំឡើយ ខ្ញុំចេះតែបន្លឺឡើង៖ ‑ពួកយើងចេញទៅមុន……មីងនឹងមកជួយលោកប្រុស……ពួកគាត់មិនអីទេ…..​ មកដល់ជណ្តើរ អ្វីដែលខ្ញុំបានឃើញ គឺលោកស្រី និងអ្នកនាងតូច ខ្ញុំមិនដឹងថា ពួកគាត់សន្លប់ ឬក៏ស្លាប់ទេ ខ្ញុំបានព្យាយាមមិនឱ្យអ្នកប្រុសនេត្រាឃើញ ក៏ស្ទុះរត់ទៅម្ខាង មកដល់ជិតផ្លូវចេញហើយ ខ្ញុំដើរទៅជល់នឹងស្អីក៏មិនដឹង ធ្វើឱ្យខ្ញុំដួលភីងទៅ។ អ្នកប្រុសនេត្រាខ្ទាតចេញពីខ្ញុំបន្តិច ខ្ញុំឮសំឡេងញ័រៗរបស់គេបន្លឺឡើង៖ ‑មីង!…… ‑កុំខ្លាចអីៗ ទូរលំមកហើយ ខ្ញុំស្ទុះទៅក្រសោបគេ លើកគេឡើង ខ្ញុំបានឮសារ៉ែនឡានទឹក ខ្ញុំបានឮសំឡេងឡានពេទ្យ ខ្ញុំបានឃើញមនុស្សជាច្រើនដែលនៅលើថ្នល់។ ខ្ញុំអ៊ាវអ្នកប្រុស សម្លឹងពីជាន់ទីមួយនៅយ៉ខាងក្រៅ ខ្ញុំស្រែកទាំងដង្ហើមផុតៗ៖ ‑ជួយផង!​…..ពួកខ្ញុំនៅទីនេះ…………ជួយផង ‑មានមនុស្សនៅរស់………….. ពេលដែលបើកភ្នែកឡើង ខ្ញុំដឹងថា ខ្ញុំកំពុងនៅក្នុងមន្ទីពេទ្យ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានធូរស្រាលបន្តិច តែខ្ញុំនៅមិនទាន់ដឹងថា អ្នកប្រុសនេត្រានៅទីណាឡើយ ហើយក្រុមគ្រួសាររបស់អ្នកប្រុសយ៉ាងណានោះ ក៏ខ្ញុំមិនដឹងដែរ។ ប៉ូលីសមួយក្រុមបានមកសួរនាំខ្ញុំហើយ ពួកគាត់ក៏ទៅវិញអស់។ តែមួយសន្ទុះ​ ស្រាប់តែមាន            ប៉ូលីសម្នាក់មកសុំជួបខ្ញុំម្តងទៀត ដែលនាយប៉ូលីសនេះ ខ្ញុំស្គាល់ថា គាត់ជាមិត្តរបស់លោកប្រុស៖ ‑លោកប៉ូលីសមានការអីទៀតអ្ហេ? ‑គ្រួសារលោករ៉ាដេត ប្រហែលជាស្រឡាញ់អ្នកនាងណាស់មែនទេ? ខ្ញុំឆ្ងល់នឹងសំណួរនេះណាស់ លោកប៉ូលីសឃើញអាការខ្ញុំ ហាក់ដូចជាយល់ គាត់ក៏បន្ត៖ ‑អ្នកនាងកុំបារម្ភអី! ខ្ញុំឃើញសកម្មភាព ដែលនាងជួយនេត្រា ខ្ញុំសូមសរសើរទឹកចិត្តនាងណាស់ ខ្ញុំជាមិត្តសម្លាញ់របស់រ៉ាដេត តើអ្នកនាងអាចជួយខ្ញុំរឿងមួយបានទេ? ‑ជួយអ្ហេ? ‑នេះគឺបន្តោងខ្សែក ដែលខ្ញុំឃើញនៅលើខ្លួននេត្រា ខ្ញុំចង់ឱ្យនាងនាំនេត្រានិងខ្សែកនេះ ទៅរស់នៅឱ្យឆ្ងាយពីនេះមួយរយៈ ‑ថាម៉េច! ‑ប៉ូលីសសន្និដ្ឋានថា វាជារឿងឧបទេ្ទវហេតុទូស្សេខ្សែភ្លើង តែខ្ញុំសង្ស័យថាមិនមែន ‑ធ្វើម៉េចខ្ញុំអាចជឿលោកបាន? ‑ខ្ញុំគិតថា ក្នុងបន្តោងខ្សែកនេះ មានលេខសម្ងាត់សោទូដែក រឿងនេះ កើតឡើងក្នុងរង្វង់គ្រួសាររបស់គាត់ បានជាខ្ញុំចង់ឱ្យនាងនាំនេត្រារត់ទៅ ព្រោះខ្ញុំខ្លាចនេត្រាគេចមិនផុតពីគ្រោះថ្នាក់ បន្ទាប់ពីឮសម្តីនាយប៉ូលីសម្នាក់នេះ ខ្ញុំមិនទាន់យល់ព្រមជាមួយគាត់ភ្លាមៗទេ ខ្ញុំដើរបណ្តើរគិតបណ្តើរ ស្រាប់តែបានឮលោកប្រុសដាណាត ដែលជាបងជីដូនមួយរបស់លោកប្រុសរ៉ាដេតជជែកទៅកាន់លោកស្រីរ៉ានីជាភរិយា៖ ‑អូនពិតជាមិនបានរកឃើញអ្វីនៅលើខ្លួននេត្រាពិតមែនអ្ហេ? ‑គ្មានទេ! ក្រែងលោបន្តោងខ្សែកនោះ ធ្លាក់ក្នុងភ្លើងឆេះអស់បាត់ទេដឹង បន្ទាប់ពីបានឮពួកគាត់ជជែកគ្នា ខ្ញុំក៏គិតដល់សម្តីលោកប៉ូលីស។ ពេលនេះ ខ្ញុំលែងគិតច្រើនទៀតហើយ ហើយខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីក៏ខ្ញុំចាំបាច់ត្រូវជួយក្មេងប្រុសនេះដែរ តែអ្វីដែលក្មេងប្រុសនេះបាត់បង់វាឈឺចាប់សមល្មមសម្រាប់គេណាស់ទៅហើយ។ ខ្ញុំដើរចូលទៅក្នុងបន្ទប់ព្យាបាលរបស់គេ ជើងរបស់គេពុំទាន់អាចដើរបានឡើយ តែគ្រាន់តែឃើញខ្ញុំ គេក៏ស្ទុះងើបឡើង៖ ‑មីង! តើប៉ាម៉ាក់បងប្រុសប្អូនស្រីខ្ញុំយ៉ាងម៉េចហើយ? ខ្ញុំដឹងថាគេទទួលមិនបាន តែខ្ញុំត្រូវតែប្រាប់គេ៖ ‑ពួកគាត់ទៅបានសុខហើយ! គេស្រែកយំយ៉ាងខ្លាំង ខ្ញុំស្ទុះទៅឱបគេ ហើយយកដៃអង្អែលក្បាលគេថ្នមៗ។ គេយំរហូតគេងលក់នៅលើស្មាខ្ញុំ។ ខ្ញុំនៅចាំថា ខ្ញុំអ៊ាវគេឡើងឡានក្រុងចាកចេញពីភ្នំពេញមកកាន់ខេត្តសៀមរាបនេះ។ នេត្រាបើកភ្នែកឡើង គេក៏សួរខ្ញុំភ្លាម៖ ‑ទីនេះជាកន្លែងណា? ‑ទីនេះ ជាផ្ទះថ្មីដែលពួកយើងត្រូវរស់នៅ ‑ពួកយើងរស់នៅទីនេះអ្ហេ?….​ចុះលោកអ៊ំដាណាតនោះ? ‑អ្នកប្រុស! ខ្ញុំចង់ឱ្យអ្នកប្រុសនៅទីនេះមួយរយៈរហូតដល់ជាសះស្បើយសិនបានទេ ខ្ញុំនឹងមើលថែអ្នកប្រុសឱ្យបានល្អ កុំសួរថាមូលហេតុអី បានទេ? អ្នកប្រុសត្រូវតែជឿលើខ្ញុំ នេត្រាសម្លឹងមើលមកខ្ញុំមួយសន្ទុះ ទឹកភ្នែកស្រក់ចុះច្រោក មិនដឹងថាគេនឹកឃើញអ្វីទេ ទើបស្រដីទាំងអណ្តកអណ្តឺត៖ ‑ខ្ញុំជឿមីង! អ្ហើយ! ដូចនិយាយអ៊ីចឹង មួយប៉ប្រិចភ្នែក ក្មេងប្រុសនេះ ធំពេញរូបពេញរាងហើយ ហើយគេក៏ចេះគិតច្រើនដែរ។ គេធ្វើការផង រៀនផង ដើម្បីជួយសម្រាលបន្ទុករបស់ខ្ញុំ។ ពិតមែនហើយ! គេធ្វើការនៅក្នុងក្រុមហ៊ុនមួយសមរម្យណាស់ ឯខ្ញុំធ្វើការក្នុងហាងអ៊ុតសក់ ពួកយើងប្រឹងប្រែងជាមួយគ្នា សព្វថ្ងៃនេះ បញ្ហាជីវភាព លែងជួបការលំបាកដូចមុនទៀតហើយ ហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំទើបតែនឹកឃើញ ថាខ្លួនឯងអាយុសាមសិបឆ្នាំហើយ។ រាត្រីនេះ ពួកយើងមិនទាន់បានចូលផ្ទះទេ គឺពួកយើងនៅឆ្លងឆ្នាំសិន។ នេះគឺជាឆ្នាំដំបូង ដែលពួកយើងមានឱកាស និងមានពេលវេលាដើរលេងដូចគេឯងដែរ ខ្ញុំឃើញគេញញឹម ចំណែកខ្ញុំក៏ញញឹម ពួកយើងមិនបាននិយាយអ្វីទេ តែដើរនៅលើដងផ្លូវនៃផ្សាររាត្រីក្បែរដងស្ទឹងរហូត។ មួយសន្ទុះគេក៏បន្លឺឡើង៖ ‑មីង! ‑អ្ហឹះ! ‑មីងហត់ទេ? ‑ដើរហ្នឹងអ្ហេ!……..មិនហត់ទេ ‑មិនមែនទេ! ប្រាំបួនឆ្នាំ ដែលមីងចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ តើមីងហត់ទេ? ខ្ញុំឈរស្ងៀមមិនដើរទៅមុខទៀតទេ ខ្ញុំងាកមកសម្លឹងមុខគេ ដោយញញឹម​បន្តិច រួចតប៖ ‑ហត់ខ្លាំងណាស់ ខ្ញុំស្រដីហើយ ក៏បន្តដំណើរទៅមុខទៀត តែមិនឮសម្រឹបជើងគេដើរពីក្រោយខ្ញុំឡើយ ខ្ញុំងាកក្រោយ ឃើញទឹកមុខគេស្រងូត ក៏ស្ទុះទៅជិតគេ៖ ‑ឯងកើតអីមែនទេ បើមិនស្រួលខ្លួនទេ ពួកយើងឆាប់ទៅផ្ទះទៅ ខ្ញុំចាប់អូសដៃគេឱ្យដើរទៅ តែគេនៅតែឈរធ្មឹងដោយចាប់ដៃខ្ញុំជាប់។ ឃើញគេបែបនេះ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍មិនស្រួល ខ្ញុំយកដៃម្ខាងទៀតស្ទាបថ្ងាសគេ៖ ‑ឯងគ្រុនមែនទេ កុំធ្វើឱ្យមីងភ័យណា ‑មីងស្តាយក្រោយទេ ដែលចិញ្ចឹមខ្ញុំ?​ តើក្មេងប្រុសនេះកើតអីហ្នឹង? ខ្ញុំក៏អូសគេទៅរកកន្លែងអង្គុយ មួយសន្ទុះទើបខ្ញុំស្រដីតប៖ ‑ប្រាំបួនឆ្នាំនេះ មីងហត់ណាស់ក្នុងការចិញ្ចឹមឯង តែមីងមិនដែលទើសទាល់ ហើយក៏គ្មានការធុញទ្រាន់ដែរ មីងមិនដែលស្តាយក្រោយទេ កុំសួរមីងថា ហេតុអីក៏មីង ធ្វើល្អដាក់ឯងបែបនេះ មីងក៏មិនដឹងដែរ ប្រហែលជាអំពើល្អរបស់ប៉ាម៉ាក់ឯង មកលើមីងលើសលុបពេកទេដឹង ឬមួយមកពីក្មេងប្រុសម្នាក់នេះ គួរឱ្យស្រឡាញ់ ទើបមីងចង់មើលថែបែបនេះ?….​ ‑អរគុណមីង! ‑មិនអីទេ!….ការពិតយប់នេះ មីងមានសំណាង ឯងដឹងទេ? ‑សំណាងអ្ហេ? ‑អ៊ឺ! យុវជននេះ គួរតែទៅនាំសង្សារមកដើរលេងឆ្លងឆ្នាំទើបសម តែបែរជាមកនាំមីងដើរលេងទៅវិញ…..មីងមានសំណាងទេ……អ្ហើយ!.. មេឃដូចជាត្រជាក់ហើយ ពួកយើងគួរតែត្រឡប់ទៅផ្ទះវិញ ‑តែខ្ញុំមិនទាន់ចង់ទៅទេ ‑ថាម៉េច! ‑ខ្ញុំចង់សួរមីង ពីការពិតមួយ ‑ការពិត! ‑មីងនាំខ្ញុំរត់មក ព្រោះតែគេចពីលោកអ៊ំមែនទេ? មីងកុំបារម្ភអី ខ្ញុំធំហើយ គឺអាចទទួលនូវការពិតគ្រប់បែបយ៉ាង ‑…ត្រូវហើយ! ប៉ូលីសម្នាក់បានលួចប្រាប់មីងថា គាត់សង្ស័យថាភ្លើងឆេះផ្ទះនោះ មិនមែនជាឧបទ្ទេវហេតុ ហើយជួនពេលនោះ មីងក៏បានឮលោក​​         ដាណាត និងលោកស្រីជជែកគ្នា ពីបន្តោងខ្សែករបស់ឯង ទើបមីងសម្រេចចិត្តនាំឯងរត់មកទីនេះ ‑តើក្នុងបន្តោងខ្សែកនោះមានអីមែនទេ? ‑ប្រហែលជាលេខសម្ងាត់ទូរដែក ‑ចុះពេលនេះ ទូរដែកនោះនៅឯណា? ‑មីងក៏មិនដឹងដែរ………ឯងយល់ហើយមែនទេ?………..ម៉េចក៏លែងនិយាយទៀតហើយ មីងត្រជាក់ណាស់ ពួកយើងឆាប់ត្រឡប់ទៅផ្ទះទៅ ‑មិនទាន់ទៅទេ ពួកយើងត្រូវនៅcountdownសិន តោះ! ‑ឯងធ្វើស្អីហ្នឹង? ‑ក្រែងមីងថាត្រជាក់អ្ហេ ដៃខ្ញុំកក់ក្តៅទេ? ចំមែន! នៅលើដងផ្លូវ ក្មេងប្រុសនេះកាន់ដៃខ្ញុំរហូត ការពិតខ្ញុំក៏គ្មានអ្វីប្លែកដែរ ព្រោះតាំងពីតូចដល់ធំ គេស្និទ្ធស្នាលនឹងខ្ញុំបែបនេះរហូត ពេលខ្លះក៏ខ្ញុំគិតថាមិនសមដែរ តែនៅពេលដែលនឹកដល់ពីអារម្មណ៍ឯការបស់គេ ទើបខ្ញុំក៏លែងប្រកាន់នឹងគេ ខ្ញុំគិតថា គេព្យាយាមសិ្នទ្ធស្នាលនឹងខ្ញុំ ក៏ព្រោះតែគេបានបាត់បង់អារម្មណ៍កក់ក្តៅនៃក្រុមគ្រួសារ។ យប់នេះ ខ្ញុំឃើញគេសប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ ពួកយើងឈរនៅក្រោមពន្លឺកាំជ្រួច នៃទីក្រុងសៀមរាប ដែលពេញប្រៀបទៅដោយភ្លើងពណ៌ចម្រុះ ពិតជាល្អឥតខ្ចោះណាស់ ស្រាប់តែសំឡេងមួយបន្លឺឡើង៖ ‑ការពិតមិនទៅជាមួយពួកយើង ព្រោះតែនាំសង្សារមកមើលកាំជ្រួចសោះ វីវរហើយ! មិត្តភក្តិរបស់គេយល់ច្រឡំហើយ ខ្ញុំបម្រាសដៃចេញពីគេ តែគេមិនព្រលែងសោះ ខ្ញុំក៏បម្រុងឆ្លើយបដិសេធ តែគេក៏បន្លឺកាត់សម្តីខ្ញុំ៖ ‑ឯណាសង្សារឯង? ‑នាងត្រឡប់ទៅផ្ទះមុនហើយ ខ្ញុំឃើញមិត្តរបស់គេឱនទៅជិតគេ ហើយស្រដីតិចៗដាក់ត្រចៀកគេ៖ ‑សង្សារឯង មើលទៅដូចជាអាយុច្រើនជាងឯង ប៉ុន្តែស្អាតសុភាពគួរឱ្យចាប់អារម្មណ៍ណាស់ មិនណែនាំឱ្យយើងស្គាល់ទេ ‑អត់ទេ! យើងទៅមុនហើយ នេត្រាអូសដៃខ្ញុំ ដើរចេញពីមិត្តភក្តិគេ ខ្ញុំក៏សួរទៅកាន់គេថា៖ ‑ម៉េចមិនប្រាប់គេ ថាមីងជាមីងរបស់ឯង ‑ប្រាប់គេក៏គេមិនជឿដែរ ‑តែឱ្យគេយល់ច្រឡំអ៊ីចឹងមិនសមទេ ‑មានអីមិនសម សូម្បីតែគេ ក៏យល់ថាពួកយើងសមគ្នាដែរ ‑អាល្អិតឯងនេះ ‑អូយ! ខ្ញុំខោកក្បាលគេ ហើយក៏ដើរចេញមក។ មកមុខបន្ទប់ ខ្ញុំកំពុងចាក់សោ ស្រាប់តែអ្នកជិតខាងដែលជួលបន្ទប់នៅក្បែរខ្ញុំបន្លឺដោយទឹកមុខស្រស់ថ្លា៖ ‑ពីរនាក់ប្តីប្រពន្ធមកពីឆ្លងឆ្នាំមែនទេ? ខ្ញុំហាក់ដូចជាភាំងរកឆ្លើយតបមិនត្រូវ ក៏សម្លឹងទៅនេត្រា គេបែរជាញញឹមដាក់ខ្ញុំយ៉ាងស្រស់ គេឆ្លើយតបទៅកាន់អ្នកមីងនោះ ហើយក៏អូសដៃខ្ញុំចូលផ្ទះ៖ ‑បាទអ៊ំ! ‑ម៉េចក៏ឯងឆ្លើយអ៊ីចឹងទៀតហើយ? ‑ខ្ញុំប្រាប់មីងហើយតើ មកពីគាត់យល់ថាពួកយើងសមគ្នា ‑និយាយអ៊ីចឹងបានន័យថា អ្នកនៅម្តុំនេះ សុទ្ធតែយល់ថា ពួកយើងជាប្តីប្រពន្ធអ្ហេ? ‑ត្រូវហើយ! ‑តាំងពីពេលណាមក? ‑មិនដឹងដែរ ‑ចុះម៉េចឯងមិនបា្រប់ពួកគាត់ ‑មីងរវល់ សូម្បីតែអ្នកណាគិតអី ក៏មិនដឹងផង ខ្ញុំមានរឿងអីត្រូវចាំបកស្រាយនោះ? ខ្ញុំទៅងូតទឹកសិន ត្រឹមត្រូវណាស់! ខ្ញុំរវល់រហូតដោយមិនបានខ្វាយខ្វល់ថានរណាគិតអ្វីមកលើខ្ញុំបែបណាឡើយ។ ការពិតវាក៏សមនឹងគេគិតដែរ ប៉ុន្តែខ្ញុំនិងនេត្រា អាយុខុសគ្នាដល់ទៅជិតដប់ឆ្នាំ គេមើលមិនដឹងទេអ្ហេ? តែណ្ហើយ! នរណាគិតអីក៏គិតទៅ សំខាន់គឺពួកយើងរស់នៅមានសេចក្តីសុខ ហើយមិនមែនដូចអ្វីដែលគេគិតនោះទេ។ នេះគឺជាយប់ដំបូងនៃឆ្នាំពីរពាន់ដប់បី គឺជាយប់ ដែលខ្ញុំនិងនេត្រាសប្បាយចិត្តបំផុត។ យប់នេះ ខ្ញុំគេងលក់ស្កប់ស្កល់ណាស់ លុះព្រលឹមឡើង ខ្ញុំក៏ទៅធ្វើការដូច​  ធម្មតា នេត្រាក៏ដូចគ្នា។ ថ្ងៃនេះ មានអារម្មណ៍ប្លែកចម្លែកខុសពីធម្មតា អីយ៉ា! ការពិតមានមនុស្សប្រុសសារភាពស្នេហាចំពោះមុខខ្ញុំហើយ យ៉ាងម៉េចហ្នឹង ខ្ញុំមិនបានរំភើបទេ តែខ្ញុំសប្បាយចិត្ត ការពិតខ្ញុំក៏មានអ្នកស្រឡាញ់ដែរ។ គាត់ឈ្មោះវាសនា ធ្វើការនៅក្នុងហាងទូរស័ព្ទ ក្បែរហាងអ៊ុតសក់របស់ខ្ញុំ។ ខ្ញុំបានឮចំណុចល្អជាច្រើនរបស់មនុស្សប្រុសម្នាក់នេះ ពីមនុស្សដែលនៅជុំវិញខ្លួនខ្ញុំ តែខ្ញុំហាក់ដូចជាមិនដឹងឆ្លើយតបគាត់ថាម៉េច ព្រោះខ្ញុំហាក់ដូចជាមិនបានគិតអ្វីឱ្យលើសពីមិត្តភក្តិចំពោះគាត់ផង។ ខ្ញុំគិតថា ខ្ញុំគួរតែបដិសេធគាត់ តែខ្ញុំមិនទាន់បានឆ្លើយផង គាត់ក៏បន្លឺឡើង៖ ‑មាលាគិតសិនទៅ មិនថាចម្លើយយ៉ាងម៉េចទេ ខ្ញុំទទួលយកបាន តែពេលនេះ ខ្ញុំគ្រាន់តែចង់ឱ្យនាង យល់ពីទឹកចិត្តរបស់ខ្ញុំ ស្រដីហើយ គាត់ក៏ដើរចេញពីខ្ញុំទៅ។ តើខ្ញុំគួរតែគិតហើយមែនទេ? ដំណឹងនេះ ខ្ញុំគួរតែទៅគិតជាមួយនេត្រាទើបប្រសើរ។ តើនេត្រានឹងសប្បាយចិត្តទេ នៅពេលដែលគេដឹងថា មីងរបស់គេ ក៏មានបុរសសុំស្រឡាញ់ដែរនោះ? គិតហើយ គួរឱ្យរីករាយណាស់។ មិនទាន់ដល់មុខផ្ទះទេ តែខ្ញុំកំពុងឃើញនេត្រាជជែកជាមួយនឹងមិត្តភក្តិស្រីម្នាក់ ខ្ញុំបម្រុងដើរចូលទៅ តែមើលទៅទឹកមុខរបស់ពួកគេដូចជាមិនស្រួល ក៏ឈរនៅមួយកន្លែងសិន៖ ‑លោកមានមនុស្សស្រីដែលលោកស្រឡាញ់ហើយមែនទេ? តែកន្លងមក ខ្ញុំមិនដែលឃើញលោកស្និទ្ធស្នាលជាមួយអ្នកណាក្រៅពី….. ‑នារី! ខ្ញុំសូមទោសផង ខ្ញុំមិនគួរធ្វើ​ឱ្យនាងយល់ច្រឡំថា ខ្ញុំស្រឡាញ់នាងទេ អ្វីដែលខ្ញុំបានធ្វើកន្លងមក គឺខ្ញុំគ្រាន់តែចាត់ទុកនាងជាមិត្តភក្តិប៉ុណ្ណោះ ‑លោកស្រឡាញ់អ្នកមីងលោកមែនទេ? ថាម៉េចហ្នឹង! ពួកគេជជែកគ្នា ម៉េចក៏មានខ្ញុំពាក់ព័ន្ធទៅជាមួយ? នេត្រាឆ្លើយទៅ ថាមិនមែនព្រោះតែមីងទេ ឆាប់ឆ្លើយទៅ៖ ‑ត្រូវហើយ! ‑ថាម៉េចហ្នឹង!……ក្រែងគាត់ជាមីងលោកអ្ហេ? ‑គាត់មិនមែនជាមីងបង្កើតខ្ញុំទេ ‑តែអាយុគាត់និងលោក… ‑រឿងអាយុមិនសំខាន់ទេ សំខាន់ឱ្យតែខ្ញុំស្រឡាញ់គាត់ទៅបានហើយ ‑លោកឆ្កួតទេ…លោកធ្លាប់និយាយថា គាត់ចិញ្ចឹមបីបាច់លោកតាំងពីតូចមក ម៉េចនឹងអាច… ‑ខ្ញុំក៏ធ្លាប់គិតថា វាមិនអាចដែរ ប៉ុន្តែវាអាចទៅហើយ អាចរហូតដល់ខ្ញុំហ៊ានឆ្លើយប្រាប់នាងថា មួយជីវិតនេះ ខ្ញុំមិនអាចគ្មានគាត់ទេ ‑ចុះអ្នកមីងលោកដឹងទេ? ‑គាត់មិនដឹងទេ ហើយគាត់ក៏ប្រហែលជាគ្មានថ្ងៃដឹងរឿងនេះដែរ ‑តើលោករស់នៅយ៉ាងម៉េច? ‑ឱ្យតែបាននៅក្បែរគាត់ គឺខ្ញុំអស់ចិត្តហើយ ‑ឡប់សតិ យុវតីស្រដីចប់ហើយ ក៏រត់ចេញទៅ។ ចុះខ្ញុំ? មិនពិតទេ អ្វីដែលខ្ញុំបានឮ មិនមែនជាការពិតទេ នេត្រាប្រហែលជាចង់ឱ្យក្មេងស្រីនោះ កុំស្រឡាញ់គេ ទើបគេនិយាយបែបនេះ។ តាំងអារម្មណ៍ឡើង ប្រហែលជាគ្មានរឿងបែបនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំនឹកឃើញកាយវិការរបស់គេកន្លងមក ខ្ញុំមានអារម្មណ៍មិនស្រួលទេ មិនពិតទេ?………សំឡេងទូរស័ព្ទ! អ្នកណាតេមក………គឺគេ៖ ‑អាឡូ! ‑មីងនៅឯណាហ្នឹង? ‑មីងអ្ហេ!……មីង……… ‑មីងកើតអីមែនទេ? ‑អត់ទេ! …..ពេលនេះ តើឯងនៅឯណាដែរ? ‑យប់នេះ ខ្ញុំអត់រៀនទេ ខ្ញុំមកដល់ផ្ទះហើយ ខ្ញុំឃ្លានណាស់ មីងឆាប់ត្រឡប់មក ខ្ញុំចាំមីងញ៉ាំបាយ ម៉េចអ៊ីចឹង? ម៉េចក៏ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងនេះ? ចូលទៅដល់ក្នុងផ្ទះ គ្រាន់តែឮសំឡេងរបស់គេ ខ្ញុំក៏ភ្ញាក់ព្រើត៖ ‑មីងមិនស្រួលខ្លួនមែនទេ? ‑អត់……..អត់អីទេ………. ‑ខ្ញុំដួសបាយរួចហើយ ពួកយើងទៅញ៉ាំទៅ ខ្ញុំញ៉ាំបណ្តើរ លួចសម្លឹងមើលមុខគេបណ្តើរ គេក៏បន្លឺឡើង៖ ‑មុខខ្ញុំមានអីប្លែកមែនទេថ្ងៃនេះ? ‑គ្មានទេ! ញ៉ាំទៅ យប់នេះ ខ្ញុំមិនគេងបែរមុខរកគេទៀតទេ គេបន្លឺឡើង៖ ‑មីងគេងហើយអ្ហេ? មីងមិនស្រួលខ្លួនមែនទេ? នេត្រាស្ទុះមកស្ទាបថ្ងាសខ្ញុំ ខ្ញុំភ្ញាក់ព្រើត ស្ទុះងើបអង្គុយឡើង។ ខ្ញុំដឹងថា គេឆ្ងល់នឹងអាកប្បកិរិយារបស់ខ្ញុំ តែខ្ញុំពិតជារៀបខ្លួនមិនត្រូវសោះ។ មិនអាចទេ មិនអាចឱ្យក្មេងប្រុសនេះ គិតបែបនេះចំពោះខ្ញុំឡើយ ខ្ញុំនិយាយហើយ៖ ‑មីងសម្រេចចិត្តថា រៀបការហើយ! ‑…………..ថាម៉េច!….. ‑……មីងនឹងរៀបការ ‑…………ជាមួយអ្នកណា? ‑……គាត់ធ្វើការនៅហាងទូរស័ព្ទ ក្បែរកន្លែងមីងធ្វើការ ‑មីងប្រាកដហើយអ្ហេ? ‑ប្រាកដហើយ ‑ចុះពេលការហើយ មីងឱ្យខ្ញុំទៅនៅជាមួយមីងទេ? ‑ម៉េចនឹងអាចនោះ ឯងធំហើយ មីងជឿថា ឯងអាចមើលថែខ្លួនឯងបានហើយ តើពិតទេ? ‑តើមីងស្រឡាញ់គេទេ? ‑……..ស្រឡាញ់ ‑បើស្រឡាញ់គឺប្រសើរហើយ…..បានហើយ! ខ្ញុំមើលទៅមីង ដូចជាមិនសូវស្រួលខ្លួនទេ មីងឆាប់គេងទៅ នេត្រាដាក់ខ្ញុំឱ្យគេង គេដណ្តប់ភួយ​ឱ្យខ្ញុំរួច ក៏បើកទ្វារដើរចេញទៅក្រៅ។ នៅក្រោមពន្លឺព្រះចន្ទ ខ្ញុំឃើញទឹកមុខស្រងូតរបស់គេ គេដើរទៅដើរមក មួយជំហានៗ ស្ទើរតែស្រុតផែនដី ក្មេងប្រុសនេះ ដឹងក្តីមែនហើយ ទេវតាអើយ ហេតុអីក៏ឱ្យពួកយើងក្លាយជាបែបនេះ។ ខ្ញុំបិទភ្នែកដេកដណ្តប់ភួយ ខ្ញុំដឹងថាគេកំពុងតែដើរចូលមក ខ្ញុំធ្វើដូចជាគេងលក់ស្កប់ស្កល់ណាស់អ៊ីចឹង ខ្ញុំដឹង ថាគេកំពុងតែសម្លឹងមើលមកខ្ញុំ គេក៏ទាញខ្នើយកើយមកដាក់ជិតខ្ញុំ គេគេងហើយ តែដៃគេ ក្រសោបឱបខ្ញុំជាប់។ ឱ! ព្រះអាទិត្យនៃថ្ងៃថ្មី តើអ្វីដែលខ្ញុំគួរធ្វើដំបូងគេ? ខ្ញុំពុំដែលហត់នឿយដល់ម្ល៉ឹងទេ សំឡេងអ្នកណា៖ ‑នាងគឺ? ‑ជម្រាបសួរមីង ‑ចាស! ការពិត នាងគឺនារី ដែលឈរជជែកជាមួយនេត្រានៅល្ងាចនោះ៖ ‑នាងមានការអីអ្ហេ? ‑ខ្ញុំចង់ជជែកជាមួយមីងបានទេ? ‑បាន! ពួកយើងដើរចេញមកក្រៅ មួយសន្ទុះ នាងក៏ស្រដី៖ ‑មីងបដិសេធស្នេហារបស់នេត្រាមែនទេ? ‑ថាម៉េច! ‑មួយរយៈនេះ ខ្ញុំឃើញនេត្រា ហាក់ដូចជាពិបាកចិត្តណាស់ ខ្ញុំធ្លាប់ថាឱ្យគេ ឡប់សតិ ដែលស្រឡាញ់មីង ប៉ុន្តែក្រោយមក នៅពេលដែលខ្ញុំគិតឡើងវិញ ស្នេហានេះ ជ្រាលជ្រៅពេកហើយ រស់ពិបាកជាងស្លាប់ទៅទៀត ‑ខ្ញុំពិតជាមិនចង់ឱ្យរឿងនេះ កើតឡើងទេ ខ្ញុំក៏ទើបតែដឹង ក្រោយពេលដែលបានឮគេជជែកជាមួយនាងដែរ តែខ្ញុំចាត់ទុកថា ខ្ញុំមិនបានឮអ្វីទាំងអស់ ខ្ញុំបានប្រាប់គេ ថាខ្ញុំនឹងរៀបការ ហើយនឹងចាកចេញពីគេ មិនរស់នៅក្បែរគេទៀតទេ ខ្ញុំដឹងថាគេពិបាកចិត្ត ចំណែកខ្ញុំក៏ពិបាកចិត្តដែរ ដែលឃើញគេបែបនោះ តើឱ្យ ខ្ញុំធ្វើយ៉ាងណា? ខ្ញុំលែងទ្រាំហើយ ខ្ញុំបានយំយ៉ាងខ្លាំង នៅចំពោះមុខក្មេងស្រីម្នាក់ ដែលខ្ញុំមិនដែលធ្លាប់ស្គាល់នាង។ នារីចូលមកឱបខ្ញុំ ទើបស្រដី៖ ‑តើមីងពិតជាមិនបានស្រឡាញ់គេមែនអ្ហេ? ‑……ខ្ញុំក៏មិនដឹងដែរ…….តែរវាងពួកយើង គឺមិនអាចទេ ថ្វីត្បិតតែគេមិនមែនជាក្មួយខ្ញុំ តែខ្ញុំចិញ្ចឹមបីបាច់គេតាំងពីតូច ម៉េចនឹងអាច គេនៅក្មេងណាស់ គេអាចនឹងមិនទាន់យល់ច្បាស់ពីស្នេហា ពីតូចដល់ធំ គេនៅក្បែរខ្ញុំ ដូច្នេះ គេប្រហែលជាមានអារម្មណ៍ថាកក់ក្តៅ មិនចង់ឃ្លាតឆ្ងាយពីខ្ញុំ តើនាងជួយខ្ញុំបានទេ ខ្ញុំចង់​ឱ្យនាងកំដរគេ ខ្ញុំជឿថា មួយរយៈក្រោយ គេនឹងយល់ អ្វីជាស្នេហាពិតប្រាកដនោះ ‑នៅក្នុងចិត្តមីង នេត្រានៅតែជាក្មេងតូច តែការពិតមីងដឹងទេ នេត្រាធំហើយ ធំល្មម ចែកដាច់ស្នេហាប្រុសនិងស្រីបាន​ ខ្ញុំជឿថា គេមិនបានយល់ច្រឡំពីស្នេហានេះទេ មីងគិតសារថ្មីទៅបានទេ? ‑មិនបានទេ! ‑តែពេលនេះ ខ្ញុំឃើញមីងឈឺចាប់មិនចាញ់គេប៉ុន្មានឡើយ គេហៅមីងថាមីង តើវាយ៉ាងម៉េច មីងចិញ្ចឹមគេតាំងពីតូចមក តើវាយ៉ាងម៉េច? បើស្នេហាគិតបែងចែកឋានៈ និងពេលវេលានោះ តើលើលោកនេះ មានស្នេហាទេ? មីងខ្មាសសង្គមអ្ហេ តែនេត្រាមិនខ្មាសទេ គេក្លាហានណាស់ ហ៊ានបើកចំហបេះដូងខ្លួនឯង ទទួលយកស្នេហាខ្លួនឯង ពេញចិត្តស្រឡាញ់មនុស្សស្រីដែលខ្លួនស្រឡាញ់ ដោយមិនខ្លាច មិនខ្វល់ពីការឈឺចាប់ ប៉ុណ្ណឹងហើយ មីងគិតថាមិនសមទៀតអ្ហេ ការពិតមីងទេ ដែលមិនយល់ពីចិត្តខ្លួនឯង មីងគិតថាអាយុរបស់មីងជារនាំង មីងគិតថា សង្គមជារនាំង ទឹកចិត្តស្រឡាញ់មនុស្សម្នាក់ គឺគ្មានរនាំងឡើយ ពិតមែនហើយ! ទឹកចិត្តស្រឡាញ់មនុស្សម្នាក់គឺគ្មានរនាំងឡើយ។ យុវវ័យសម័យនេះ ពួកគេមានគំនិតជឿនលឿនណាស់ ពួកគេក្លាហានណាស់ ពួកគេយល់ច្បាស់ពីតម្រូវការនៃបេះដូងរបស់គេ ចុះចំណែកខ្ញុំ? ប្រាំបួនឆ្នាំមកនេះ ខ្ញុំមិនដែលចំណាយស្នេហារបស់ខ្ញុំទៅលើមនុស្សប្រុសណាម្នាក់ឡើយ ក្រៅតែអំពីនេត្រា ដែលខ្ញុំគិតថា ជាក្មេងកម្សត់នៅក្នុងឆាកជីវិតរបស់ខ្ញុំ។ កំពុងតែស្លុងអារម្មណ៍ តើផ្សែងអ្វី កំពុងតែហុយចេញពីផ្ទះល្វែងដែលខ្ញុំស្នាក់នៅនោះ។ ភ្លើងឆេះផ្ទះ…….នេត្រា តើនេត្រានៅឯណា? ‑ពូមីង! តើមានមនុស្សនៅខាងក្នុងទេ?….មីងមានឃើញ ប្រុសម្នាក់ដែលស្នាក់នៅបន្ទប់ក្បែរនោះ ត្រឡប់មកវិញហើយនៅ ‑ប្តីនាងហ្នឹង……..ដូចជាមិនទាន់ឃើញមកទេ ‑មីងប្រាកដហើយអ្ហេ ‑ប្រាកដហើយ ‑ប្រសើរណាស់……..បន្តោងខ្សែក………… ‑នែ៎! នាងរត់ចូលទៅធ្វើអី…………. ខ្ញុំមិនដឹងទេ ថាហេតុអ្វី ក៏ខ្ញុំសម្រេចចិត្តរត់ចូលទៅក្នុងផ្ទះ ដែលអណ្តាតភ្លើងកំពុងលេបត្របាក់នេះ? បន្តោងខ្សែក………ត្រូវហើយ! គឺខ្ញុំមករកបន្តោងខ្សែក តើវានៅឯណា?………..រកឃើញហើយ…………អាវ……………….! មច្ចុរាជយកជីវិតខ្ញុំហើយតើមែនទេ? មិនមែនទេ! ខ្ញុំនៅរស់….ខ្ញុំនៅចាំថា ទ្វារបន្ទប់កំពុងតែរលំមកលើខ្ញុំ តែខ្ញុំបានឮសំឡេងនេត្រាបន្លឺឡើង…….ត្រូវហើយ! នេត្រានៅឯណា៖ ‑នាងដឹងខ្លួនហើយអ្ហេ? ‑លោកប៉ូលីស! ‑នាងចាំខ្ញុំបានអ្ហេ! ទីបំផុត ខ្ញុំរកនាងឃើញហើយ ‑ឯណានេត្រា ‑គេកំពុងតែរុំរបួស ‑គេមិនអីទេអ្ហេ? ‑មិនធ្ងន់ធ្ងរទេ! ប្រាំបួនឆ្នាំមុន ខ្ញុំបានឃើញនាងអ៊ាវនេត្រា​ចេញពីអណ្តាតភ្លើង​មក តែប្រាំបួនឆ្នាំក្រោយ ខ្ញុំបែរជាឃើញយុវជនម្នាក់ ដែលមិននឹកស្មានថាជានេត្រានោះ អ៊ាវនាងចេញពីអណ្តាតភ្លើងម្តងវិញ ពិតជាអស្ចារ្យពេកហើយ គេមកហើយ មើលទៅគេបារម្ភពីនាងណាស់ ខ្ញុំនឹងមកជួបនាងម្តងទៀត ‑អរគុណលោកពូ ‑មិនអីទេ ពូទៅសិនហើយ ‑បាទ! ជម្រាបលា នេត្រាស្ទុះចូលជិតខ្ញុំ គេយកដៃម្ខាងដែលគ្មានរបួស មកឱបខ្ញុំ ខ្ញុំទាញគេចេញបន្តិច ហើយក៏ហុចបន្តោងខ្សែកទៅគេ។ គេឈោងបន្តោងខ្សែកមកក្តាប់ជាប់ ទឹកមុខមាំ តែពោរពេញទៅដោយតំណក់ទឹកភ្នែក ទើបបន្លឺខ្សាវៗឡើង៖ ‑ព្រោះតែបន្តោងខ្សែកនេះអ្ហេ ទើបធ្វើឱ្យមីង ហ៊ានរត់ចូលភ្នក់ភ្លើង ដោយមិនខ្លាចស្លាប់ ព្រោះតែបន្តោងខ្សែកនេះអ្ហេ ទើបធ្វើឱ្យមីង ហ៊ានបោះបង់ខ្ញុំ ‑នេត្រា! ‑កុំបោះបង់ខ្ញុំតើបានទេ?…….អ្វីគ្រប់យ៉ាង ដែលខ្ញុំត្រូវការ ខ្ញុំបានបាត់បង់អស់ទៅហើយ កុំបោះបង់ខ្ញុំ តើបានទេ កុំទៅចោលខ្ញុំម្នាក់ទៀត តើបានទេ? ពេលនេះ អ្វីដែលខ្ញុំត្រូវការ ហើយត្រូវការខ្លាំងបំផុតនោះ គឺមីង ខ្ញុំមិនត្រូវការបន្តោងខ្សែកនេះទេ! មិនត្រូវការទេ នេត្រាបោះបន្តោងខ្សែកចោលទៅតាមបង្អួច។ ចាប់ពីគេដឹងក្តីមក នេះជាលើកទីមួយហើយ ដែលគេបង្ហាញពីអារម្មណ៍ឈឺចាប់របស់គេនៅចំពោះមុខខ្ញុំ។ សូមទោស! សូមទោស! ខ្ញុំក្រសោបឱបគេ។ ជាការពិតណាស់ ពួកយើងទាំងពីរ មិនអាចខ្វះនរណាម្នាក់ឡើយ ពួកយើងមិនអាចបែកគ្នាទេ៖ ‑កុំយំអី! ‑កុំបោះបង់ខ្ញុំបានទេ? ‑ដរាបណា ឯងនៅត្រូវការមីង មីងមិនបោះបង់ឯងទេ សូមទោស! នៅទីបំផុត ខ្ញុំនៅតែដឹកដៃក្មេងប្រុសនេះដើរលើដងផ្លូវ សម្លឹងមើលទៅកាំជ្រួច ដែលគេបាច់ឡើងក្នុងពិធីលាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ទឹកដីអច្ឆរិយនៃខេត្តសៀមរាប អ្នកបានជ្រាបរឿងខ្ញុំហើយមែនទេ? ថ្វីត្បិតតែខ្ញុំមិនទាន់ឆ្លើយថា ជ្រើសរើសយកស្នេហានេះ ប៉ុន្តែខ្ញុំបានសម្រេចចិត្តរួចហើយ ថាខ្ញុំមិនបោះបង់យុវជនម្នាក់នេះឱ្យនៅឯកា មានន័យថា ដរាបណាគេត្រូវការខ្ញុំ ខ្ញុំនឹងនៅក្បែរគេជារៀងរហូត។ សៀមរាប ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ និពន្ធដោយ៖ លាក់ ម៉ាឡែន

About បេះដូងពិត

បេះដូងពិត

Posted on ខែមករា 6, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. មតិ 2.

  1. ឆាប់ចប់ពេក បើបានវែងជាងនេះប្រាកដជាស្លុងអារម្មណ៍ថែមទៀត ^_^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: