កម្រងកំណាព្យ”អូនចង់ញ៉ាំអី”

កវីដងប៉ាក់កាប្រាក់៖ អ៊ីវ ហួត

កវីដងប៉ាក់កាប្រាក់៖ អ៊ីវ ហួត

និពន្ធដោយ៖ កវីដងប៉ាក់កាប្រាក់ អ៊ីវ ហួត

អូនចង់ញ៉ាំអី?(ច្រៀងលំនាំផ្កាចន្ធូ)

‑ស្រីស្រស់ឆោមឆាយសប្បាយញ៉ាំអី          ក្រូចខ្វិចម្កាក់ខ្ចីមង្ឃុតគូលែន

ស្រីស្រស់ឆោមឆាយសប្បាយញ៉ាំអី          ញ៉ាំស្វាយល្មុតខ្ចីក្រពីងរាជណែន

ឬអូនចង់ម្នាស់ខ្នុរធូរេន                          កន្ទួតចាន់ប៉ែនឬក្រៀលមាសមុំ​

ឬស្វាយពំសែនប្រាប់មកមាសមុំ។

‑ផ្លែឈើស្រុកខ្មែរមាសស្នេហ៍ឆ្ងាញ់ម្យ៉ាង     ម៉ាក់ប្រេងម៉ាក់ប្រាងស្រម៉គុយទុំ

ទឹកដោះសេដាចេកល្វាឆ្ងាញ់ម្យ៉ាង            ញ៉ាំអំពៅសាងសេមាន់ភ្ញៀវជុំ

ឬអូនចង់ទឹកដូងទឹកឃ្មុំ                           ទ្រលាប់ណែនក្បំក្រឡាញ់ណាពៅ

ត្នោតទុំធ្វើនំឆ្ងុយឆ្ងាញ់ណាស់ពៅ។

‑មាសមុំភុំផានចង់បានផ្លែអី                      កាត់ភ្នំតាមព្រៃកាត់វាលតាមផ្លូវ

មាសមុំភុំផានចង់បានផ្លែអី                      ស្វាយក្បាលដំរីឬត្រសក់ស្រូវ ឬដូងខ្ទិះអំពិលតាមផ្លូវ​                            ជម្ពូព្រីងព្នៅឬពុទ្រាម្តង                                               ផ្លែឈូកទឹកជ្រៅឬពោតស្ងោរម្តង។

‑ផ្លែឈើស្រុកខ្មែរមាសស្នេហ៍ចូលចិត្ត         ល្មុតល្ហុងស្ពឺខ្វិតឬស្វាយអុតរង

ឪឡឹកឱបជុំមាសមុំចូលចិត្ត                    ត្របែកទាបស្វិតពង្រមៀនក្រង

ឬអូនចង់ចេកជិតរបង                            កុំព្រួយនួនល្អងបងបេះបញ្ចុក                   បងសុំនួនល្អងចងស្ពានមេត្រី៕

                                                                        ច.២៩/១២/៩៣

ខ្ញុំពេញក្រមុំ

‑តាំងតែពីខ្ញុំធំពេញក្រមុំ                          ចិត្តមិនទាន់ទុំលើស្នេហ៍ណាមួយ

ជួនចិត្តច្របល់កង្វល់ប្រាណព្រួយ​            យប់មួយរញ្ជួយយល់សប្តិចម្លែក។

‑ឃើញប្រុសពេញចិត្តចរិតដ៏ល្អ                 អង្វរកខ្ញុំ ខ្ញុំអរអនេក

ស្ទើរចែកបេះដូងឱ្យមួយចំណែក              យើងឡើងរាំរែករាំវង់ខេមរា។

‑ពេលរាំបទស្លូ(slow)​ទាំងគូដៃឱប              ចិត្តបងក្រសោបឱបសួរចិន្តា

ចិត្តអូនអរព្រួច ព្រមចងវាសនា                 អូនអរអស្ចារ្យអរទាស់តែភ្ញាក់។

‑ភ្ញាក់ហើយបងអើយអូនសែនអាល័យ        ស្រមៃឃើញថ្ងៃជួបប្រុសវលក្ខណ៍

ឃើញយប់នួនល្អងនិងបងរួមរ័ក្ស​              យើងរាំចង្វាក់ព្រះថោងនាងនាគ។

                                                                        ច.២៥/៦/៩២

ពណ៌ជាតិប្រចាំថ្ងៃ

‑បងរំភើបណាស់មើលមុំមាសស្នេហ៍          តែងខ្លួនជាខ្មែរស្រើបស្រស់សមសួន​

ប្រាប់បងបានទេ!ព្រលឹងមាសស្ងួន           អូនតែងតាមក្បួន​ក្បួនខ្មែរអង្គរ។

‑អាទិត្យក្រហមចន្ទលឿងឆើតឆាយ អង្គារពណ៌ស្វាយពុធស៊ីលៀបល្អ

ព្រហស្បតិ៍បៃតង ​សុក្រខៀវបន្ត​               ព្រីងទុំបវរសៅរ៍សុខសិរី។

‑បងសុំមាសមុំ​កន្សែងភ្នំស្រុក                   សារុងសូត្រទុកតំណាងមេត្រី

បងសុំជូនវិញ​រើសចុះចរណៃ                   រើសតាមចិត្តស្រីបងជូនដោយស្មោះ។

‑ផាមួងជរជើង​ទឹកមាសទឹកប្រាក់               ចរល្បាប់ចម្លាក់​អន្លូញឆ្នូតរស់

ហូលព្រែកចង្ក្រាន​គោមស្រកាពស់           បន្ទាយស្រីស្រស់អូនស្លៀកពេលបុណ្យ៕

ច.១៦/១/៩៤

ខ្លុយចេតនា

‑ឮខ្លុយគ្រលួចចិត្តគួចអណ្តែតអណ្តូង

​​ តាមខ្លុយឃ្លីងឃ្លោងសូរសៀងជាភ្លេងបំពេររាត្រី

ជួនវែងអន្លាយត្រួសត្រាយដំអូញមេត្រី

ជួនញ័រភិតភ័យសុំចិត្តប្រណីដាក់ទានស្នេហា។

‑វាយោរល្វើយៗឆ្លងឆ្លើយបន្ទរខ្លុយស្នេហ៍

នៅក្រោមដួងខែពេញវង់ដង្ហែរតារាភ្លឺថ្លា

បបោសអង្អែលស្លឹកឈើធាងដូងធាងស្លា យោលជាចលនារបាំរាំរែកសន្លឹកព្រឹក្សព្រៃ។

‑ចិត្តអូនក្រមុំទឹមនឹងចិត្តបងប៉ងស្នេហ៍

ក្នុងវង់ដួងខែឪម៉ែប្រស់ព្រុំប្រសិទ្ធពរជ័យ

តន្ត្រីសួគ៌ារងំជុំខ្លុយរាត្រី

ភរិយាស្វាមីបេតីរាំរែកឱបអែបឳរ៉ា។

‑សុំខ្លុយចេតនាសាសងបំពេរកុំឈប់

បានពេញមួយយប់សប្បាយគម្រប់ពិធីបុណ្យការ

ទ្រូងអូនយល់សប្តិចំប្រប់តាមខ្លុយស្នេហា ណ៎ាខ្លុយវាសនាចេតនាសុភមង្គលយើងអើយ។

ច.៣/៦/៩២

ក្រមុំចូលម្លប់

‑ក្រមុំចូលម្លប់​បងឈប់មើលផ្ទះ                          ព្រលឹមថ្ងៃរះត្រចះរស្មី

អូនបន្ទុំចិត្តពិនិត្យសព្វក្តី                                   សព្វវគ្គច្បាប់ស្រី​សំភីជីវា។

‑ក្រមុំចូលម្លប់​បងទប់ចិត្តចង់                              ឃើញស្រីថ្ងៃត្រង់ចងចាំសន្យា

អូនបន្ទំលក្ខណ៍បំពាក់ចរិយា                             រចនាស្ថាបនាព្រហ្មចារិយចិត្ត។

‑រសៀលជ្រៀលជ្រេរទេរអស្តង្គត                        ចិត្តអើយរន្ធត់ចង់រត់តាមចិត្ត

ក្រសោបថ្នាក់ថ្នមបីបមស្នេហ៍ស្និទ្ធ                      តែចិត្តអាណិតសុខចិត្តមើលផ្ទះ។

‑ចន្ទរះពេញវង់​ចិត្តចង់សច្ចា                               ភក្តីស្នេហាសន្យានឹងព្រះ

ពេលពៅចេញម្លប់គោរពសំពះ                           ចាស់ទុំពេញផ្ទះសំពះសុំស្រី៕

ច.២៤/៤/៩២

ស្វែងរកអូន

ប្រ.     បងហោះជ្រែកមេឃ​បងមុជជ្រែកដី            រកសព្វពេញផ្ទៃនៃទ្វីបទាំងប្រាំ

រកសព្វសមុទ្រសាគរហើយផ្តាំ                  ជួយចិត្តបងចំាស្នេហ៍តែជីវ៉ា។

ស្រ.    អូននៅឯនេះ​បេះផ្កាក្នុងសួន                     ចន្ធូ​ចេកនួន​យីស៊ុន​មន្ថា

សាវយុត​.​ម្លិះ.​ល្ពៅ.​ត្រយ៉ង.​បូង៉ា.                សូភី.​ចំប៉ា.​កូឡាប.ណាថ្លៃ។

ស្រ+ប្រ.យើងរាំ ​រាំវង់មុខប្រាង្គសីលា          ​​          អង្គរខេមរាលោកាមេត្រី

សុំសន្តិភាពសាមគ្គីសេរី                           រីកពេញបុរីនិងផែនដីផង។

ប្រ.     បងស្បថមុខព្រះ​សំពះមុខព្រហ្ម                ស្នេហ៍តែមាសមុំជាគូសង្សារ

ស្រ.    បើពាក្យបងពិត​ចិត្តអូនស្នេហា              កើតជាតិណាៗជួបតែប្រុសស្នេហ៍។

២១/១០/៩៤

មាត់ស្រះផ្កាឈូក

‑ថ្ងៃត្រង់ត្រចះ​ពពកម្តងៗ                         សត្វយំឆ្លើយឆ្លងមើលថ្ងៃអមខែ

ថ្ងៃបណ្តើរកូន​កណ្តាលវាលស្រែ               ដើមត្នោតយួរផ្លែបក់ផ្លិតច្រើនត្រួត

‑ឯនាយភូមិករណ៍ជុំព្រះវិហារ                   ក្មេងវត្តច្រើនគ្នា​ប្រជែងប្រកួត

ស្រែកច្រៀងកំណាព្យ​ស្រែកអស់ពីសួត     ល្វើយៗលឺស្មូតជាប់ជួនរដឹក។

‑មាត់ស្រះផ្កាឈូក​ដើមពោធិ៍ដុះអម            កែវកណ្ឌៀតក្អមដើរចុះដងទឹក

ដងទឹកស្រង់ព្រះ ​បងស្រេកបងនឹក           ចិត្តចង់សុំទឹកអូនផឹកមួយឆ្អែត។

‑ផ្កាអើយក្រពុំបងសុំពាល់ផង                   និងបេះដូងបងដើរឆ្លងច្រើនខេត្ត

ទើបពើបប្រទះកណ្តាលខែចែត្រ               ចិត្តបងអណ្តែតតាមកែវភ្នែកស្រី៕

២៦/៣/៩២

លាពៅទៅបួស

‑ជិតមាត់អណ្ដូង​ទងផ្កាព្រលិត                  បងដើរឈរជិត​វមិត្រពិសី

សក់វែងអន្លាយ​ស្រអែមប្រិមប្រិយ             ញាប់ញ័រហរទ័យស្តីរកធីតា។

‑សុំពៅនៅចាំ​ពៅអនុគ្រោះ                       បងលាទៅបួស​សងគុណមាតា

សិក្សាធម៌ព្រះបានបីវស្សា                       សឹកភ្លាមកាលណាការនឹងនួនល្អង។

‑មុខមុំញញឹមសង្ឃឹមឆ្លងចិត្ត                     តម្កល់ជីវិត​សន្យាស្នេហ៍ស្នង

ពេលបងបួសនាគ​នាងដង្ហែរផង               ដើរក្រោយសេះបងហោះហើរវេហាស៍។

‑បងសែនត្រេកអរញាប់ញ័រក្នុងចិត្ត             ចិត្តអូនអាណិតចិត្តបងប្រាថ្នា

ចិត្តអូនបិរសុទ្ធ​ផុតត្រួយស្នេហា                ប្តូរផ្តាច់រចនា​មគ្គផលជីវិត៕

១៩/៣/៩៣

ជួយដកសំណាបអូន

‑មេឃភ្លៀងរលឹម​គ្រឹមៗម្តងៗ                   ពពកទាំងកង​រមៀលពីភ្នំ

ប្រែប្រួលរូបភាពផាត់ទាបមកជុំ                ប្រស់ព្រំភូមិមុំ​ទ្រនំស្នេហា។

‑បងនឹកអូនពេក​ត្រេចត្រង់ភូមិស្រី              លេចវាលចូលព្រៃ​ដល់ភូមិអ្នកតា

បន់ស្រន់ក្នុងចិត្តសុំកុំជួបខ្លា                     សុំជួបជីវាជួយដកសំណាប។

‑មាន់រងាវម្ដង​បងឃើញនួនល្អង                រៀបបាយចំាបងផ្ចិតផ្ចង់ទុកស្រាប់

ឃ្លានហើយសែនឆ្ងាញ់ៗគ្រឿងចម្អាប       បងពមបាយសាប​ផ្អែមពេញដួងចិត្ត។

‑ក្នុងស្រែយើងដក​សំណាបទឹមគ្នា              រួសរាន់ម្នីម្នាការងារប្រណិត

ផ្ដោះផ្ដងសំដីមេត្រីជិតស្និទ្ធ                      ផ្សងផ្សំជីវិតខែច្រូតកាត់ហើយ៕

១៩/៣/៩២

លាពៅទៅជួញ

‑ចន្ទរះពេញវង់         ចិត្តចង់ជួបស្រី          នៅក្រោមដើមជ្រៃ     មេត្រីផ្ដោះផ្ដង។

‑សុំកែវសន្យា           រក្សាស្នេហ៍ស្នង        ក្នុងចិត្តនួនល្អង        ពេលបងចេញទៅ។

‑បងចេញទៅជួញ​     ជំនួញច្រើនផ្លូវ          ចំាណ៎ាៗពាលពៅ     ចាំផ្លូវប្រុសបង។

‑ពេលបងវិលវិញ      បងទិញមាសពេជ្រកែវកង    បំពាក់នួនល្អង​ កម្រងស្នេហា។

                                                          ២៣/៣/៩២

កត្តិកត្រជាក់

‑កត្តិកត្រជាក់​ខ្យល់ធ្លាក់ពីជើង                   ចិត្តអូនអាំងភ្លើង​សង្ឃឹមវាសនា

បងទៅស្រុកក្រៅ​បន្តសិក្សា                    នាំនូវវិជ្ជាស្ថាបនាជីវិត។

‑កត្តិកមួយឆ្លង​កន្លងផុតទៅ                      កត្តិកពីរនៅ​ចាំផ្លូវសន្យា

ពេលបងវិលវិញ​អាពាហ៍ពិពាហ៍              ផ្ទឹមដួងចិន្ដា​រចនាជីវិត។

‑ចិត្តអូនក្រពុំ​ក្រមុំចំាបង                          ចាំរីកបំព្រង​ថ្ងៃលើកខាន់ស្លា

យប់ផ្សំដំណេក​​ផ្ដេកផ្ដិតវាសនា                ឆ្លាក់ចិត្តស្នេហា​ចារមួយជីវិត។

‑រដូវរំហើយ​មកដល់ទៀតហើយ                ព្រលឹងបងអើយវិលមកថ្ងៃណា

ព្រលឹងបងអើយ​ទ្រូងអូនខ្លោចផ្សារ           ចិត្តអូនសន្យា​ស្នេហ៍តែបងមួយ៕

                                                          ៣/១២/៩១

បងជួយអូសអួនអូន

‑បងជួយអូសអួន​មាសស្ងួនស្រើបស្រស់     ចិត្តបងកំលោះ​ប៉ងស្មោះនឹងស្រី

បើអូនពេញចិត្ត​កុំអាលស្រដី                   សុំតែប្រិមប្រិយញញឹមបានហើយ។

‑បងបានវោហារ​កម្លាចិត្តអូន                     ចាប់បានបីប្លូន​មិនសូន្យសោះឡើយ

បើរវាស់ដៃ​ដូចសំដីឆ្លើយ                     ច្បាស់ណាស់លោកអើយចាប់ត្រីបានច្រើន។

‑បើអូនញញឹម​បងញាប់ដៃភ្លាម                 មិនស្ទក់ទីងទាម​​ព្យាយាមបង្កើន

ទំហំសង្ឃឹម​ទឹមនឹងចម្រើន                       កម្លាំងចិត្តកើន​ចម្រើនកិច្ចការ។

‑អូនអាចញញឹម​បំពេញចិត្តបង                 ក្នុងចិត្តអូនផ្សង​សុំឱ្យមាតា

បិតាអូនព្រម​បងជាសង្សារ                      ដល់ថ្ងៃយើងការ​ដូចបំណងយើង៕

                                                                   ២៨/១២/៩៣

ជីវិតប្រែប្រួល

‑ជីវិតអួរអាប់​ស្មុគ្រស្មាញម្ដងៗ                  យើងខំរាល់ដង​ឆ្លងដល់ត្រើយសុខ

ព្រលឹងបងអើយ​កុំអុកមមុក                     សុខអ្វីជាងសុខ ​សុខក្នុងគ្រួសារ។

‑បងចង់មានឆាប់​ធូរធារធនធាន                រកស៊ីមានបានថ្កើងថ្កានគ្រួសារ

អូនសែនត្រេកអរ​ អរក្នុងចិន្ដា                  សរសើរវាសនា​អូនបានជួបបង។

‑ធ្វើម្ដេចជំនួញ​ជួញមិនទាន់ចិត្ត                 អូនសែនអាណិត​ចិត្តបងហ៊ានល្បង

ពិបាកម្ដេចម្ដា​ប្កេជ្ញាប៉ុនប៉ង                      ជួញជ័យគ្រប់ដងប្រឡងវាសនា។

‑អូនសែនសរសើរ​ចិត្តបងខំប្រឹង                គិតគូរពង្រឹង​សេដ្ឋកិច្ចគ្រួសារ

គ្រប់ពេលមាសស្នេហ៍ថែចិត្តរៀមរ៉ា            រៀមរ៉ាស្នេហា​អូនស្មើដួងចិត្ត៕

                                                                   ២៩/៤/៩២

វត្តនៅភ្នំពេញ

‑អូនអើយពេលបុណ្យ​ចូលឆ្នាំសប្បាយ       បងនាំឆោមឆាយទៅលេងវត្តភ្នំ

វត្តសំពៅមាស​ស្រះចកបុទម                   វត្តថ្វាយបង្គំ​វត្តមហាមន្ត្រី។

‑វត្តសារាវ៉ាន់​ រួចវត្តទឹកល្អក់                      វត្តកោះរួចហក់​ វត្តស្ទឹងមានជ័យ

លង្កាព្រះពុទ្ធ​មានបុណ្យបារមី                  ធ្វើបុណ្យឆ្នាំថ្មី​ជាមួយជាតិខ្មែរ។

‑ទៅវត្តវិហារ​ព្រះកែវណាឆោម                  ថាន់ឧណ្ណាលោម​វត្តស្វាយពពែ

វត្តទួលទំពូង​ចិនដំដែកក្បែរ                     គីឡូហូរហែរ​លេខប្រាំតទៅ។

‑យើងទៅគ្រប់វត្ត​ថ្វាយបង្គំព្រះ                  សំពះតេជៈតំរង់តំរូវ

សាមគ្គីសាមគ្គា​គ្រប់ផ្នែកគ្រប់ផ្លូវ               ពីនេះតទៅខ្មែរស្រលាញ់ខ្មែរ៕

                                                                   ១៦/១/៩៤

វត្តដងស្ទឹងសង្កែ

‑អូនអើយពេលបុណ្យ​ចូលឆ្នាំជាតិខ្មែរ​(បង…​)បងនាំមាសស្នេហ៍​ទៅលេងវត្តគរ​

(អូននាំប្រុស…)​

ទៅវត្តសង្កែ​វត្តដំរីស                              បាណន់ប្រាង្គ​ថ្ម​​ឯកភ្នំក្ដាំងងារ។

‑ទៅវត្តកណ្ដឹង​កណ្ដាលកំផែង                  ឈើទាលក្តុលខ្វែង​លៀបភ្នៅនរា

ព្រែកក្រូចនរិន្ទ​ទ្រព្យហ្លួងសោភា               បោះបេងបាក់ព្រា​ឈើខ្មៅសួស្តី។

‑យើងពូនភ្នំខ្សាច់​ពោធិ៍វាលពោធិ៍ក្នុង          បាត់ដំបងក្រុង​រំដួលសូភី

សំពៅស្វាយកែវ​ចែងឯករង្សី                   សម្ដេចភក្ដី​ព្រះពុទ្ធសាសនា។

‑យើងទៅស្រង់ព្រះ​នៅវត្តបួនមុខ              សន្តិវ័នសុខ​សោមនស្សបញ្ញា

ទល់បាយដំរាំ​តាមិមប៉ាឆា                       កំពង់សីមាស្វាយជ្រំជុំចិត្ត។

‑យើងពូនភ្នំខ្សាច់​នៅវត្តខ្សាច់ពោយ           ពិភិទ្ធសុំឱ្យ​ជោត្តិកជោគជ័យ

ស្លក្រាមទាញព្រ័ត្រ​ស្លាកែតបេតី               បងនិងពិសី​ភក្តីស្នេហា។

‑យើងទៅស្រង់ព្រះ​នៅកំពង់ពិល              រាជដួងកែវវិល​កំណប់វាសនា

សំរោងបាឡាត់បាក់អង្រែកស្តារ               ព្រែកស្នោប្រាថ្នា​សុំសុខសិរី៕

                                                                   ១៣/៤/៩៤

កញ្ចក់ចិត្តអូន

‑កញ្ចក់ចិត្តល្អ​អង្វរករចិត្ត                         ឱ្យឆ្លុះហើយសិត​សក់វែងអន្លាយ

ពិនិត្យជិតភ្នែក​រូបឆោមឆើតឆាយ             អារម្មណ៍រីករាយសប្បាយក្នុងចិត្ត។

‑កញ្ចក់ឆ្លុះចិត្ត​ឃើញរឹតតែល្អ                    ដូចទេពអប្សរ​អង្គរនិមិត្ត

ឆ្លុះទឹកស្រះស្រង់​ថ្លាឆ្វង់ប៉ងស្និទ្ធ               ស្នេហ៍មួយជីវិត​ដួងចិត្តរៀមរ៉ា។

‑អូនប៉ងល្អឆើត​លើសស្រីទាំងផង             សម្រាប់តែបងមួយ​ក្នុងលោកា

រៀមជាក្សត្រា​កំពូលចិន្ដា                        ធីតាប្រាថ្នា​ផ្សំផ្គុំជីវិត។

‑កញ្ចក់លួងចិត្តឱ្យអូនអំណត់                   ថ្ងៃមួយប្រាកដ​ជាប្រុសវរមិត្រ

វិលមករកអូនរួមរ័ក្សស្នេហ៍ស្និទ្ធ                កសាងជីវិត​សុខដុមរមនា៕

                                                                   ១៧/៥/៩៣

ព្រំទិព្វ…

‑យប់មួយបងគេង​លើគ្រែម្នាក់ឯង             យល់សប្តិប្រឡែង​នឹងនួនលេងពួន

ជួនជាទាក់ជើងរលើងផ្ទួនៗ                     រមៀលជិតខ្លួន​នួននាងប្រិមប្រិយ។

‑បងសែនសប្បាយ​រីករាយពន់ពេក            រួមផ្សំដំណេក​ជាមួយពិសី

រួចជិះព្រំទិព្វ​ហោះជុំផែនដី                      យើងភ្លក់ចំណីច្រើនក្នុងលោកា។

‑ភ្នំពេញបាងកក​សិង្ហបុរី                           រួចញ៉ូវដែលី ​កែរ៉ូ ​រ៉ូមា

ប៉ារីស​ឡុនដុន​ញ៉ូវយ៉ក​អូស្រ្តាលីយ៉ា          តូក្យូឆៃណា​គួរចង់ទស្សនា។

‑ហុងកុង​តៃវ៉ាន់​សៀងហៃ​ព្រៃនគរ             រួចយើងវិលមក៍​រក៍កម្ពុជា

ទៅលេងអង្គរ​ពាក់ព័ន្ធចិត្តគ្នា                   ភ្ញាក់ពីនិន្រ្ទា​ចិន្ដានឹកអូន៕

                                                                   ច.២០/១/៩៤

ត្រើយស្នេហ៍

‑មហាសាគរ​អាត្លង់ទិចអើយ                     កុំធ្វើព្រងើយ​សុំឆ្លើយប្រាប់ខ្ញុំ

ថ្ងៃណាអ្នកលែង​រេរាំងជាភ្នំ                      ឱ្យខ្ញុំជួបជុំ​នឹងអាមេរិច។

‑ខ្ញុំនៅត្រើយអាយ​ឆ្ងាយអើយសែនឆ្ងាយ     បើទៅចោលម្ដាយ​ទឹកភ្នែកពព្រិច

ចោលប៉ាមិនស្រួល​ឈឺមួយរំពេច             ខ្ញុំគិតមិនលេច​វិលវល់ក្នុងចិត្ត។

‑បើបងស្រលាញ់​សុំបងមេត្តា                   ចិត្តម៉ាក់និងប៉ា​សុំកូននៅជិត

ថ្ងៃក្រោយសឹមយើង​ប្តូរទីជីវិត                   ដូចយើងគ្រោងគិត​សងគុណគាត់ហើយ។

‑អូនសួរប៉ុណ្ណឹង​ចង់ដឹងចិត្តបង                  ស្នេហ៍ស្មោះនួនល្អង​ជាគូរត្រាណត្រើយ

មហាសាគរ​អាត្លង់ទិចអើយ                     ទ្រូងខ្ញុំឥតស្បើយ​ចាំចម្លើយស្នេហ៍៕

                                                                   ១៤/៦/៩៤

យប់១៤កក្កដានៅប៉ារីស

‑យើងដើរៗលេង​តាមទន្លេសែន​(Seine)      ស្រីប្រុសកកណែន​១៤កក្កដា

មុខតួអេហ្វហ្វែល(Tour Effel)កាំជ្រួចបែកផ្កា ភ្លឺដូចសូរិយា​ត្រូកាដេរ៉ូ(Trocadéro)។

‑យប់ភ្លឺចិញ្ចាចគ្រប់ប្រាង្គតូចធំ                  គ្រប់មុំរាំជុំ ភ្លេងលេងបន្ទរ

សប្បាយមួយយប់ គ្រប់ចង្វាក់ស្គរ            ផ្ទុះផាវអ៊ូអរ រាំគ្មានទំនេរ។

‑ម៉ងម៉ាត កុងគ័ត សាំស៊ែរម៉ាំង (Montmartre, Concorde, Saint Germain)

កាត្យេឡាតាំង សង់សេលីសេ (Quartier Latin, Champs Elysées)

បាស្ទីយ៍ សាំងមីស្ហែល ស្ហាតឺឡេ (Bastille, Saint-Michel, Chatelet)

ពីកាល បំពេរ អេត័លដឺគ្ហូល (Pigalle………….Etoile de Gaulle)

‑ទាំងគូ ទាំងគូ ពេលស្លូ (Slow)បន្លឺ            ភ្លើងភ្លឺដើមឈើ អារម្មណ៍ប្រមូល

រំភើបតាមភ្លេង បញ្ចេញបញ្ចូល                បេះដូងយើងយោល បុណ្យសេរីភាព។

ក្រុងកំពង់ចាម

‑ឱ! កំពង់ចាម ភ្នំស្រីភ្នំប្រុស                     មានវត្តដីដុះ បឹងកក ជ្រោយថ្ម

បឹងស្នាយ និងវត្ត ក្នុងក្រៅអង្គរ                បងនាំកេស្សរ ដើរលេងសប្បាយ។

‑ដើរមើលសួនច្បារ ផ្កាមាត់ទន្លេ                ដើមដូងទោរេ ព្រែកដើមចន្ទអាយ

នាងហ៊ីង ទួលស្បូវ ទូលថ្មផ្កាចាយ           ទាំងភូមិមេម៉ាយ ទន្លេអុំផង។

‑អូនចាំបានទេ មាសមេចរណៃ                 យើងមាននិស្ស័យជួបគ្នេស្នេហ៍ស្នង

ជួបនៅវាលវង់ ទឹកលិចម្តងៗ                  ដើរលេងត្រសង ព្រៃកុងត្រឈៃ។

‑សាលាតូចធំ ប្រជុំវិជ្ជា                            អាគាររដ្ឋការ ផ្ទះផ្សារសង់ថ្មី

បងចងវាសនា ចារចិត្តភក្តី                      ជាមួយចរណៃ ឆ្នៃជីវិតស្នេហ៍។

១៥/០៨/១៩៩៤

ទុំទ្រនំទាវ

‑បងអើយៗបងទុំបណ្តូលចិត្ត                   ទាវអូនអាណិតចិត្តបងភក្តី

ប្តូរស្លាប់ប្តូររស់ ស្មោះនឹងមេត្រី                 ផ្ទឹមនឹងករណិយទេព្យកោសល្យបង។

‑បងជាអ្នកប្រាជ្ញ កាព្យឃ្លោងពិស្តារ           ដោះស្រាយប្រស្នា សាសនាឆ្លើយឆ្លង

ពេលបួសទេសនា ពីរោះកន្លង                 ស្រោបចិត្តនួនល្អង បន្ទុំចេតនា។

(R)ពេលលោកអរជូន ខេត្តខ័ណ្ឌត្បូងឃ្មុំ     ម៉ែស៊ុំគ្រលុំ ឃុំអូនរៀបការ

ម៉េចមិនបង្ហាញ ត្រាសារចេស្តា                បែរជាវោហារលេបខាយកវី។

‑នេះគឺវាសនាចារពីព្រេងមក                    ជីវិតយំសោកជាលើកទីបី

ពេលបួស ពេលសឹក គាល់ស្តេចផែនដី     និងពេលថ្មីៗប្រល័យជីព្វបង។

‑នេះគឺវាសនាចារពីព្រេងនាយ                  ទុក្ខសោកសម្ទាយ លាយនឹងមេត្រី

ជប់ជីវិតស្នេហ៍ ទុំទាវភក្តី                        មេត្រីភក្តី ទាំងគូ ស៊ូស្លាប់។

២០/០៦/១៩៩២

ចិត្តជាជ័យប្រាជ្ញ

‑ធ្មេញជ័យ ជ័យប្រាជ្ញ ប្រាជ្ញត្រង់ដោះសារ   គ្រោះធំប៉ុណ្ណា ក្លៀវក្លាដោះបាន

ឈ្នះដោយប្រាជ្ញា រចនាគិតធ្យាន             ដោយចិត្តក្លាហាន ហ៊ានរកហេតុផល។

‑ជាប់កុនមួយគ្រា ពុះពាររកទៀត              រកល្បិចរកស្នៀត ដោះស្រាយចម្ងល់

ថាត្រូវតែមាន​ច្រកចេញទៅដល់               ផ្លូវថ្នល់ស្ពានផល កុសលអន្លាយ។

‑កម្លាំងកាយចិត្ត ថ្ពិចត្រែសប្រាជ្ញា              ជ្រើសរើសផ្លូវណា យាត្រាទៅឆ្ងាយ

រើសពេល រើសពលយល់ការដោះស្រាយ  សុខចិត្តសុខកាយ ស្រាយថ្នាំងបំណង។

‑ជ័យប្រាជ្ញបង្ហាញផ្លូវដល់ចិត្តខ្មែរ               កំរោលកុំក្បែរ ត្រូវតែសារសង

ប្រើពាក្យលម្អិត គិតគូរចម្លង                    ស្រុកនិងខ្លួនផង ចងជាកេរ្តិ៍ជាតិ។

១៤/១២/១៩៩២

ទំនួញផ្កាស្រពោន

‑បងអើយកុំខឹង នឹងមាតាអូន                    ម៉ែគាត់ពរកូន ក្នុងគត៌ច្រើនខែ

ប្តូរស្លាប់ប្តូររស់ ព្រោះចិត្តជាម៉ែ                 ថែកូនមាសស្នេហ៍ ឱបជាប់ហឫទ័យ។

‑ម៉ែចង់ការកូន នឹងកូនអ្នកមាន                 ព្រោះឃើញធនធានជាស្ពានប្រពៃ

ឆ្លងស្ទឹងជីវិត ពិតជាជោគជ័យ                 មិនឃើញភក្តី កូននិងសង្សារ។

‑បងអើយស្នេហ៍យើង ជាភ្លើងសង្ខារ បំភ្លឺចិន្តា អូនទ្រាំវេទនា

ម៉ែអើយចង់រៀប អាពាហ៍ពិពាហ៍              កូនស្តាប់បញ្ជាមិនហ៊ានតោះតើយ។

‑បើរោងការប្រែ ជារោងបុណ្យខ្មោច           ម៉ែកុំអាណោចអាធម្ម សោះឡើយ

បងអើយបើស្នេហ៍មិនឃើញកោះត្រើយ     ចិត្តអូនលង់ហើយ ក្នុងស្ទឹងជីវិត។

១៦/០៦/១៩៩២

ក្បាលមានលទ្ធភាព

‑ក្បាលមានលទ្ធភាព បែងភាគបែងភ័ព្វ      បើចេះប្រើជាប់ ជាទ័ព្វប៉ិនថ្នឹក

មានឫទ្ធិជ្រែកមេឃ ជ្រែកដីជ្រែកទឹក         ក្បាលគិតសន្ធឹក ព្រឹកល្ងាចគ្មានរា។

‑បើមិនចេះប្រើ ឲ្យដេកដុះស្នឹម                  ពេលគិតមិនត្រឹម មិនត្រង់ការងារ

ដូចអូសឫស្សី ច្រាសចុងវេទនា                ទោះមានវិជ្ជា​ក៏ប្រើមិនបាន។

‑ចេះពីសាលាអាចារ្យបាធ្យាយ                  ដែលលោកពង្រាយ ចំណេះចំណាន

គួរចេះយកមកពន្លកគ្រប់បា្រណ              ខិតខំក្លាហាន បណ្តុះបណ្តាល។

‑ឲ្យបែកមែកធាង ចេញជាផ្លែផ្កា                គំនិតរចនា ជីវិតត្រកាល

គ្រួសារតូចធំ ជៀវជុំក្រសាល                  ឬទ្ធីខួរក្បាល ចែងពេជ្រពណ្ណរាយ។

២៨/១២/១៩៩២

ម្តាយចាប់កំណើត

‑កូនបែកអ្នកម្តាយ យូរថ្ងៃខែឆ្នាំ                 ទុក្ខសោកប្រចាំ កូននឹកមាតា

ព្រលឹងអ្នកម្តាយ ចាំក្រុងរក្សា                  លុះត្រាថ្ងៃការ ផ្តើមជីវិតថ្មី។

‑ម៉ែពន្យល់សប្តិ សុំចាប់កំណើត                ទុំគត៌ឆោមឆើត កូនប្រសារស្រី

យប់ផ្សំដំណេក ខែប្រស់រស្មី                    រំភើបហឫទ័យកូនស្រីម៉ែណាស់។

‑កូនអរសែនអរ រំភើបពេកក្រៃ                  ម៉ែមកចងដៃដួងកែវជីវា

កូនស្រីរូបម្តាយ ក្នុងផ្ទៃភរិយា                  ជុំជាតិជួបគ្នា សប្បាយម្ល៉េះទេ។

‑វាលវដ្តសង្សារ វិលវល់ស្លាប់កើត              វាសនាកូនឆើត សាងពីបុព្វេ

ជួបអ្នកម្តាយវិញ បីបមបំពេរ                    ជាមួយមាសស្នេហ៍ ឱបអែបឱរា។

២១/០៤/១៩៩២

បំពេរកូន

‑កូនអើយគេងទៅណ៎ាកូនណា៎                 គេងឲ្យលក់ណា៎ៗកូនសម្លាញ់

ម៉ែទុកនំនែក គេងទៅកុំក្នាញ់                  គេងឆ្អែតញ៉ាំឆ្ងាញ់ សុខភាពកូនល្អ។

‑គេងឲ្យឆាប់ធំ ណា៎កូនណា                     ដើរទៅសាលាខំរៀនអក្សរ

រៀនលេខបូកសង ចែកគុណបន្ត              ជាវិស្វករឬសាស្រ្តាចារ្យ។

‑កូនរៀនឲ្យចេះ ចំណេះខ្ពង់ខ្ពស់               គ្រាន់ម្តាយពិគ្រោះ ស្គាល់ច្បាស់សាវតា

ជាតិសង់អង្គរ ល្អក្នុងលោកា                    ហេតុផលយ៉ាងណា ឲ្យម៉ែដឹងផង។

‑កូនអើយគេងទៅ ណា៎កូនណា៎                គេងឆ្អែតប្រាជ្ញា ភ្លឺថ្លាកន្លង

គេងឆ្អែតសឹមរត់ លេងនឹងបងៗ               កូនអើយម៉ែផ្សង ប៉ងឲ្យកូនឆើត។

ឃ្លាខ្មែរ

‑ឃ្លាខ្មែរឃ្លីងឃ្លោង ដូចដំណើរទូក            យោលតាមប្រយោគ បូកគុណអត្ថន័យ

លឿនដូចព្រួញទិព្វ ឬខ្សឹបហឫទ័យ          គយគន់ផ្កាភ្ញី ល្បើកក្បាច់អង្គរ។

‑រៀបពាក្យណែងណង ន័យនិងខ្លឹមសារ     ជាភួងបុប្ផា ចម្រុះពណ៌ល្អ

អត្ថន័យពាក់ព័​ន្ធ ឆ្លងឆ្លើយបន្ទរ                ណែងណងបញ្ឈរ គំនូរគំនិត។

‑ឃ្លាខ្មែរដង្ហែរ ដង្ហើមវប្បធម៌                     ក្បួនអាចារ្យធម៌ គម្ពីជីវិត

ព្រលឹងជាតិខ្មែរ ជ្រោមជ្រែងថ្លែងឫទ្ធិ          ទោះនៅឆ្ងាយជិត រួមឫទ្ធិជិតគ្នា។

‑ពាក្យពេជ្រពីរោះ ន័យនិងខ្លឹមសារ            ឆ្លាក់ចិត្តខេមរា សាមគ្គីសាមគ្គា

ជាតិខ្មែរជួបជុំ ផ្តុំកម្ពុជា                           ដួងកាយខេមរា អមតៈរៀងអើយ។

២១/០១/១៩៩២

សន្តិភាពអើយ!

‑ស្រុកខ្មែរជាស្រុក កបកសិកម្ម                 ដាំដុះដំណាំ ចម្ការវាលស្រែ

ត្រូវការថែទាំ ច្រើនថ្ងៃច្រើនខែ                 ច្រើនឆ្នាំបានផ្លែ បើសិនគ្មានសិក។

‑សម័យអង្គរជាតិប្រឹងរួសរាន់                   រចនាសម្ព័ន្ធទឹកច្រើនរដឹក

ប្រវាស់ទឹកភ្លៀង វស្សាប្រាំងផឹក               ផ្តល់ផលសន្ធឹក សាងប្រាង្គសិលា។

‑សព្វថ្ងៃហេតុតែ អសន្តិសុខ                     ចំណីចំណុកសព្វមុខប្រើការ

ទិញពីយួន សៀម ជាមាសដុល្លារ             ដីស្រែចម្ការ លក់ដូរដោះបាយ។

‑ច្បាំងយូរបាត់ដី ព្រៃភ្នំតូចធំ                     ជាតិមុខតែយំ ក្រំចិត្តសោកស្តាយ

សន្តិភាពអើយ ឆាប់វិលមកអាយ!             រាស្រ្តបានសប្បាយ ភ្ជួររាស់ដោះមីន។

២៥/០៥/១៩៩៤

ឃើញផ្លូវសង្ឃឹម

‑សុបិនយប់ជ្រៅ ឃើញផ្លូវសង្ឃឹម              ចិត្តខ្ញុំញញឹមអបអរសាទរ

លោកដឹកដៃជាតិ ដើរទៅអង្គរ                 ជាតិសាងនគរ និងសន្តិសុខ។

‑មានអាងទំនប់ គ្រប់ព្រែកគ្រប់ស្ទឹង           មានថ្នល់សន្ធឹង កាត់ភូមិកាត់ស្រុក

រាងជាសំណាញ់ ពីងពាងសំបុក               សេដ្ឋកិច្ចកើនស្តុក ផ្នែកកសិកម្ម។

‑កូនឆ្លៀតខំរៀន សន្សំប្រាជ្ញា                    រៀនច្រើនភាសាពុះពារក្លាហាន

រៀនផងរកផង ឥតខ្លាចនឿយប្រាណ        ចេះថ្លឹងប្រមាណ បានផលហូរហែរ។

‑ម៉ែសុំបន់ស្រន់ គុណពិស្ណុកា                    ដែលធ្លាប់ស្ថាបនា ប្រាង្គប្រាសាទខ្មែរ

ចូលមកសណ្ឋិតក្នុងចិត្តកូនម៉ែ                 តទៅស្គាល់តែ សិរីសួស្តី។

១៦/០១/១៩៩៤

ប៉ាចាប់កំណើត

‑ប៉ាស្នេហ៍ថែកូន ពីប៉ិចកំណើត                 ទាល់តែកូនកើត ឆើតទាំងឥរិយា

មុននឹងស្លាប់ទៅ ប៉ាផ្តាំមាតា                    រកកូនប្រសារ ថែកូនដូចឪ។

‑យប់ផ្សំដំណេក ចម្លែកអស្ចារ្យ                 រូបប៉ាចរចាសុំកូនស្នាក់នៅ

នៅជាមួយកូន ពីនេះតទៅ                      កូនអរពេកកូវ តម្រូវចិត្តប៉ា។

‑ម៉ាក់ឆ្ងល់ឃើញកូន ឆាប់មានផ្ទៃពោះ        លបសួរពិគ្រោះ ឲ្យដឹងហេតុការណ៍

ប្តីអូនអបអរ គ្រប់គ្រងស្នេហា                  ដូចប៉ាវាចា ថាកូនឆ្អឹងមាស។

‑កូនប្រុសកើតមក មានស្នាកស្នាមប៉ា         ថ្នមចិត្តមាតា បិតារវាស

ផ្សែផ្សំរក្សា មិនឲ្យនិរាស                        កូនមានឆ្អឹងមាស ដូចប៉ាថាមែន។

១៩/០៦/១៩៩២

គុណបិតា

‑សូមគុណបិតា រចនាផ្លូវចិត្ត                     ទាំងផ្លូវគំនិត គិតគូរកើតការ

ចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ                       ចិញ្ចឹមរដ្ឋា សិរីសួស្តី។

‑សូមឪបណ្តុះ ចិត្តកូនឲ្យចេះ                    សន្សំតម្រិះ ជាប្រក្រតី

សន្សំធនធាន ឈ្មួញជួញជោគជ័យ          សន្សំមេត្រី ញាតិមិត្តជិតឆ្ងាយ។

‑ដើម្បីវិចិត្រ ជីវិតគ្រួសារ                          ជីវិតរដ្ឋា សុចសាន្តសប្បាយ

លែងបែកសំបុក បាត់បង់នាយអាយ         ស្របពុទ្ធទំនាយ សប្បាយអង្គរ។

‑ដើម្បីពួតដៃ រួមច្នៃលោកា                       ជាពិស្ណុកា គ្រោងការនគរ

សតវត្សម្ភៃមួយ ចូកជួយបន្ត                    សាងសង់អង្គរ មេត្រីសកល។

ច.២៦/០៤/១៩៩៦

ប៉ៃលិន ភេលេង

‑ប៉ៃលិនភេលេង ប្រឡែងទាំងគូ                ព្រានព្រៃយឹតធ្នូ ប្រុងប្រៀបរៀបបាញ់

អាក់មួយនាទី មើលភេស្រលាញ់              ភេភ័យត្របាញ់ ផុតពីធ្នូព្រាន។

‑ព្រានបាញ់ខុសភេ បែរជាមានភ័ព្វ            រើសត្បូងទាំងគ្រាប់ ឡើងជាអ្នកមាន

ទទឹមកណ្តៀង កប់គ្រប់ជំហ៊ាន                ជាកេរ្តិ៍ធនធាន អាចមានទាំងស្រុក។

‑អំណឹះតទៅ អារ័ក្សអ្នកតា                       ចាំថែរក្សា ភ្នំយ៉ាតឲ្យសុខ

មើលរបាំក្ងោក មកទាំងសំបុក                 ចូលរាំនាំសុខ មុខព្រះវិហារ។

‑អញ្ជើញចិត្តរាំ រាំរបាំក្ងោក                       ឈប់យំឈប់សោក ក្រោកមកគ្រប់គ្នា

ក្រោកទាំងនគរ រាំក្បាច់សាមគ្គា               មុខប្រាង្គសិលា អង្គរវត្តអើយ។

២៤/០២/១៩៩១

ប្រាសាទកេរ្តិ៍ខ្មែរ(១)

‑មើលន៏! មាសស្នេហ៍ កេរ្តិ៍ខ្មែរដំណ            ព្រះខណ្ឌអង្គរ និងកំពង់ធំ

អង្គរវត្តល្អ អង្គរធំសម                            បាយន្តណា៎មុំ មុខព្រហ្មប្រិមប្រិយ។

‑ប្រាសាទព្រៃថ្នាល មើលប្រាសាទខ្នា         ប្រាសាទអ្នកតា ក្រវាន់អមព្រៃ

ប្រាសាទនាងខ្មៅ អណ្តែតលលៃ              ត្រពាំងខ្យងជ័យ អូប៉ោងសេកតា។

‑ចិត្តយើងរំភើប ឃើញព្រះវិហារ                ឃើញបឹងមាលា បារាយណ៍ទឹកថ្លា

មេបុណ្យប្រែរូប ចៅសាយទេវតា              មើលបន្ទាយឆ្មារ ឃើញបន្ទាយស្រី។

‑មើលក្រោលរមាស ឃើញដំរីក្រាប           ព្រះគោថ្មដាប មើលបន្ទាយជ័យ

បក្សីចាំក្រុង បាកុងភ្នំដី                           អង្គរបុរី នឹកវត្តអង្គរ។

១៤/១២/១៩៩២

ប្រាសាទកេរ្តិ៍ខ្មែរ(២)

‑មើលន៏! ប្រុសបងកម្រងកេរ្តិ៍ខ្មែរ               បន្ទាយសម្រែ កោះកេរ្តិ៍ហាន់ជ័យ

បាត្រជុំអាស្រម មហាឫស្សី                      មើលបន្ទាយព្រៃ នគរវិចិត្រ។

‑មើលរូបអារក្ស រោងចិនរលៃ                    វត្តភូ ភីម័យ ជីសូ បាសិត

ពិមានណាកាស បាពួនប្រណីត               រុំលោក រុំចិត្ត ព្រះពិស្ណុកា។

‑ចិត្តយើងរំភើប ឃើញភ្នំបាយង់                សំពៅស្រះស្រង់ សម្បូរចេនឡា

គូលែនបាខែង ភ្នំក្រោមភ្នំដា                    អុកអែវរដ្ឋា ក្រុងភ្នំភក់ធំ។

‑តាកែវតាព្រហ្ម នាគព័ន្ធស្រះភ្លេង             ខ្ទីងស្លាប់ព្រៃក្មេង រលួសឃ្លាំងក្រុម

បាសាក់ មេគង្គ ទន្លេសាបផ្តុំ                    ភ្នំពេញឧដុង្គ លង្វែកអង្គរ។

១៤/១២/១៩៩២

អង្គរអើយ…

‑ក្រុងភ្នំចេនឡា និងអង្គរអើយ                  អ្នករស់នៅឡើយ ក្នុងចិត្តខេមរា

ជាថ្នាលអ្នកប្រាជ្ញ ថ្នាលពិស្ណុកា                ស្ថាបនាអស្ចារ្យ ប្រាង្គថ្មនៅរស់។

‑សុរិយាវរ្ម័ន និងជ័យវរ្ម័ន                          ចំណេះចំណាន ទេព្យកោសល្យខ្ពស់

តំណាងជាតិខ្មែរ កសាងកិត្តិយស            ឈ្មោះខ្មែរពីរោះមកទាល់សព្វថ្ងៃ។

‑សម័យអង្គរតូចធំឧត្តម                           វប្បធម៌មកកំ ជុំផ្នែកអាស៊ី

ជិតចិន ឥណ្ឌា ខេមរាសោភី                    កម្លាំងសាមគ្គី ឫទ្ធីថ្លៃថ្លា។

‑វគ្គប៉ាស៊ីហ្វិក វគ្គសាវតាថ្មី                       សម្តេចធិបតី វិលចូលសីមា

ជាមួយគ្រួជាតិ គ្រប់និន្នាការ                    រៀបចំផែនការ អង្គរផុសវិញ។

១៨/០១/១៩៩៤

ខេត្តខណ្ឌខ្មែរ

‑ឱ!កំពង់ចាម ព្រៃវែង ស្វាយរៀងដួងចិត្ត     អ្នកជាលោហិតប្រឌិតខេមរៈជីវី

កំពត តាកែវ កណ្តាល មណ្ឌលគីរី            រតនៈគីរី យាមល្បាតដែនដីរាល់ថ្ងៃ។

‑ក្រចេះ ស្ទឹងត្រែង ឧត្តមានជ័យកៀកគ្នា   ពោធិសាត់ ព្រះវិហារ និងបាត់ដំបងជាប់ថៃ

បន្ទាយមានជ័យ សីហនុក្រុងជលស័យ     កោះកុងចាប់ដៃ កំពង់ស្ពឺ កំពង់ឆ្នាំង។

‑ឱ! កំពង់ធំភ្នំមាស អង្គរសៀមរាប             ត្រីទន្លេសាបចិញ្ចឹមជាតិខ្មែរឲ្យខ្លាំង

ពេលទឹកហក់វិញ មេគង្គពុះពោរពៀបច្រាំងទូកង ប្រណាំងមុខទន្លេចតុមុខ។

‑ភ្នំដែក ភ្នំប្រាក់ ភ្នំមាសប្រេងកាតត្បូងថ្ម     បូករួមអង្គរ និងស្រូវនៅក្នុងជង្រុក

សមុទ្រព្រៃឈើ ចម្ការច្បារសព្វបែបមុខ     ដូនតាយើងទុកឲ្យយើងថែកុំឲ្យបាត់។

២៣/១០/១៩៩២

លោកអើយជួយថែ

‑លោកអើយជួយថែសម្បត្តិខេមរា             ព្រៃឈើកុំឆ្ការនឹងម៉ាស៊ីនដែក

ជាតិខ្មែរជួយថែឲ្យជុំគ្រប់ផ្នែក                  ទុនច្រើនអនេកចែកដល់រាស្រ្តខ្មែរ។

‑សុំថែព្រៃឈើ ភ្នំត្បូងឆ្អិនឆ្អៅ                    កុំឲ្យដំបៅដីខ្មែរព្រោះតែ

ភ្លៀងអស់ដីច្រោះ ខ្សោះទឹកក្នុងស្រែ         អាកាសប្រួលប្រែ ព្រោះតែលោះព្រៃ។

‑ឱ! សុវណ្ណភូមិ ទ្រនំជាតិខ្មែរ                    សុំញាតិជួយថែ ឲ្យស្រស់ប្រិមប្រិយ

សាងកម្ពុជា សាវតាវគ្គថ្មី                        រួមខ្មែរបុរី និងទិសនាៗ។

‑សម្បត្តិធម្មជាតិ ប្រាសាទសីលា               ជីវិតខេមរាជាទុនគ្រប់គ្រា

គួរខ្មែរសាមគ្គីគ្រប់ទីស្ថាបនា                   ជាពិស្ណុកាតពង្សអង្គរ។

០១/១០/១៩៩២

កំពង់គល់ក្បាលស្ទឹងសង្កែ

‑ឱ! កំពង់គល់ក្បាលស្ទឹងសង្កែ                  ទឹកធ្លាក់ហូរហែរដល់ទន្លេសាប

នៅពេលជំនន់ ទឹកលិចវាលរាប               ភ្នំក្រោមទេរទាបទឹកចាល់វិលវល់។

‑ទឹកហូរពីលើ ពុះពោរភ្លៀងខ្លាំង                បាក់ដីបាក់ច្រាំង បែកពពុះស្គុល

ដើមឈើតូចធំ រលំទាល់គល់                  វិលវល់ច្របល់ រញ្ជួយស្ពានដែក។

‑ឱ! ស្ទឹងសង្កែ អ្នកពុះកញ្រ្ជោល                ឱរាខ្ញុំរោល ស្ទើរនឹងប្រេះបែក

តោឈរមុខស្ពាន សូមអ្នកជួយស្រែក        ជួយចែករំលែក អម្រែកទុក្ខខ្ញុំ។

‑រដូវខែប្រាំង អ្នកស្ងួតបាតច្រាំង                ខ្សាច់សក្រាលអាំង សម្បកលៀសគ្រំ

រុក្ខជាតិក្រៀមស្ងួត ចម្ការតូចធំ                 ចិត្តអូនក្រៀមក្រំចាំបងវិលវិញ។

០៥/០៨/១៩៩១

រចនាជីវិត

‑បងមានគ្រោងការរចនាជីវិត                   ជាមួយវរមិត្រគិតគូរវាសនា

ទឹមចិត្តគំនិតប្រឌិតស្នេហា                      កសាងគ្រួសារ សុខដុមរមនា។

‑គ្រោងការអីបង សារសងប្រាប់មក           ឲ្យពៅពន្លករីករាយមួយគ្រា

បងខំសិក្សាសន្សំវិជ្ជា                                       ជួញជ័យការងារ ពុះពាររាល់ថ្ងៃ។

‑អុំទូកស្រុះដៃ និស្ស័យស្រុះចិត្ត                អូនរួមប្រឌិត ពេលមានតម្លៃ

ហើរតែស្លាបមួយ ប្រាណព្រួយពេកក្រៃ     សុំកែវចរណៃ ជួយចែវផងណា៎!។

‑សន្សំសំចៃ រាល់ថ្ងៃចម្រើន                      ចំណូលចូលច្រើន ចម្រើនគ្រួសារ

អប់រំប្រពៃ បុត្រីបុត្រា                             រចនារដ្ឋាខេមរារុងរឿង។

១៩/០៨/១៩៩២

វាសនាអង្គរ

‑មុខព្រហ្មញញឹមនឹកដល់អង្គរ                  ពេលខ្មែរបញ្ឈរក្នុងដួងចិន្តា

មុខព្រហ្មស្រពោន ក្រៀមក្រំខ្លោចផ្សា        កាលឃើញខេមរាបាក់បែកសាមគ្គា។

‑នាំឲ្យអង្គរបាត់បង់រស្មី                            មារជ្រែកក្រញ៉ី ដែនកម្ពុជា

ផ្ទាំងថ្មអង្គរជួនប្រេះបែកគ្នា                     ឫសជ្រៃចាក់វារពាក់ព័ន្ធចងឆ្កាង។

‑មុខព្រហ្មប្រឹងរើងើបលើថ្មប្រេះ                 ជួនផុងរបេះ ជ្រុះផ្ទាំងមុខម្ខាង

បើកភ្នែករកមើល ខ្មែរជប់សំណាង           ផ្គុំថ្មកសាង សាមគ្គាបុរី។

‑ថ្ងៃស្អែកមុខព្រហ្ម រីកមើលទិសបួន           មើលថ្មរើខ្លួន រួចពីឫសជ្រៃ

ឃើញខ្មែរសាមគ្គីទាំងទិសប្រាំបី               កសាងមេត្រីអង្គរសកល។

០១/០១/១៩៩៣

ផែនដីរួញតូច

‑ផែនដីរួញតូចមើលឃើញស្តាប់ឮ             ប្រាជ្ញារន្ទឺពន្លឺគំនិត

ទូរទស្សន៍ទូរស័ព្ទ ស្តាប់ឃើញដូចជិត        រឿងពិតដែលឋិត នៅជើងមេឃម្ខាង។

‑វិទ្យាសាស្រ្តលឿន លឿនល្បឿនយន្តហោះ ប្រែប្រួលទាំងអស់ វិថីកសាង

សង្គមសេដ្ឋកិច្ចសម្អិតសម្អាង                  រួមក្បួនច្រើនយ៉ាង សាងចក្រវាឡា។

‑អង្គរអណ្តែតជាសម្បត្តិលោក                  គោកធ្លកជាស្នូក ជម្រកខេមរា

តម្កល់តម្កើងវប្បធម៌លោកា                     រួមឫទ្ធិរចនាវាសនាលោកថ្មី។

‑អាស្រ័យសន្ធិសញ្ញាប៉ារីស                      រស់មានរិទ្ធីសព្វផ្ទៃបុរី

ជាតិខ្មែរនិងលោក សាងសង់មេត្រី           ជាត្រីវិស័យអង្គរផុសឡើង។

០២/០៦/១៩៩២

ស្ទឹងព្រែកទន្លេ

‑ឱ! ស្ទឹងសរសៃទឹកដីជាតិខ្មែរ                   មានស្ទឹងសង្កែ សៀមរាប ស្ទឹងសែន

ជីនិត ជីក្រែង ស្ទោង មោងបត់បែន          តាកែវទល់ដែន មង្គលបុរី។

‑ទាំងស្ទឹងពោធិសាត់ ដូនទ្រី ស្ទឹងជ្រ័យ       តាតៃបរិបូណ៌ កំពតស្រមៃ

ឫស្សីជ្រុម ស៊ីសុផុនជិតថៃ                      ស្ទឹងត្រែងអាល័យ ជីអារែងផង។

‑ព្រែកកំពង់សោម ចង្កោមចិត្តស្នេហ៍ ព្រែកត្នោត ព្រែកតែ ព្រែកឆ្លូងរួចឆ្លង

ព្រែកក្រៀង ផ្អៀងព្រែក គុម្ពីទាំងសង        ចំចិត្តបងផ្សង ជាគូមាសមុំ។

‑ជិតខោន មើលស្ទឹងណា៎កែវកល្យាណ      សេកុង សេសាន ស្រែពកចូលផ្តុំ

ទន្លេតូចច្រូច ក្នុងទន្លេធំ                          យើងដើរព័ទ្ធជុំទន្លេសាបស្នេហ៍។

០២/០៩/១៩៩២

ភ្នំស្រីភ្នំប្រុស កំពង់ចាម

‑ផ្កាយរះលើមេឃ បងក្រលេកមើល           ស្រមៃស្រមើលឃើញតែចន្ទមួយ

បងឃើញតែអូនជាកំពូលត្រួយ                ចិត្តជុំរញ្ជួយ រំជើបចេតនា។

‑ភ្នំស្រីភ្នំប្រុស ដុះដល់ផ្កាយព្រឹក                ក្រុមអូនសន្ធឹក ព្យាយាមស្ថាបនា

ពូនឲ្យបានខ្ពស់ ដូចចិត្តប្រាថ្នា                 អូនមានប្រាជ្ញា អុជគោមក្លែងក្លាយ។

‑ធ្វើឲ្យក្រុមបង ឈប់ពូនភ្នំប្រុស                កុំឲ្យខកខុស ពាក្យពីចម្ងាយ

ឃើញផ្កាយព្រឹករះត្រូវឈប់នឿយណាយ  ឈប់កាប់គាស់កាយកើបដីពូនភ្នំ។

‑អាស្រ័យហេតុនេះ បានជាភ្នំស្រី              រាងស្រស់ប្រិមប្រិយពូនខ្ពស់ក្រពុំ

ត្រូវចេះពិនិត្យមើលឲ្យគ្រប់មុំ                   ពាក្យអូនសមរម្យបងចាំក្នុងចិត្ត។

២០/០៨/១៩៩២

កូនស្រីមាសម្តាយ

‑ឱ! កូនក្រមុំបណ្តូលចិត្តម្តាយ                   ទៅណាបាត់ឆ្ងាយអធ្រាត្រយប់ជ្រៅ

ឲ្យម្តាយទុក្ខសោក ព្រួយចាំមើលផ្លូវ          កូនស្រីពាលពៅកូននៅឯណា?។

‑យប់កាន់តែជ្រៅម៉ែកាន់តែភ័យ                ភ័យខ្លាចកូនស្រីថ្លោះធ្លោយកាយា

ភ័យជាប់ក្នុងចិត្តគិតច្រើនប្រការ               ភ័យដល់សង្ខារកូនស្រីពុំងា។

‑កូនអើយអើយកូនព្រលឹងមាសម្តាយ         ឆាប់វិលមកអាយជួបមុខមាតា

ម៉ែថែកូនស្រីតាំងពីកូនង៉ា                       មិនដែលពេលណាព្រួយដូចពេលហ្នឹង។

‑ម៉ែព្រួយ ព្រួយខ្លាំងស្ទើរដាច់ប្រម៉ាត់ កូនទៅណាបាត់ បាត់ដំណឹងឈឹង

ហេតុការណ៍យ៉ាងណាឲ្យម៉ែឆាប់ដឹង         កុំឲ្យទន្ទឹងទឹកភ្នែករហាម។

០៧/០៧/១៩៩២

ភ្នំនិងវាលស្រុកខ្មែរ

‑ឱ! ភ្នំកង្រី កំពត គូលែនចិត្តខ្ញុំ                  ភ្នំក្រោម កន្ទុំ ក្រវ៉ាញ ក្រាំងល្វា កំរែង

កោះកុង ភ្នំកុង ភ្នំក្រោល ភ្នំខ្នោចសង្វែង    ភ្នំខ្ចោលប្រឡែង និងខ្នងត្រពាំងព្រឹក្សព្រៃ

‑ភ្នំគីរីរម្យ ភ្នំក្រាន ចុងកាល ចម្ការលើ         ជំរាយ អើពើ ជុប វាលជំនាប ដំរី

ភ្នំដិន ដងរែក រកដូណៅ ដុនតាប៉ៃ            ភ្នំត្បែង សួស្តីតាដេត តាព្រហ្មរីករាយ។

‑មើលភ្នំទំព័រ បូកែវ បូគោ បាទី                  បន្ទាយសោភីបាភ្នំ ភ្នំប៉ានពងពាយ

ពិចនិល ពិស ព្រាស ព្រះបាទព្រះវិហារចាយ

មាក់ហើងហៅអាយម៉ាកាល ម៉ាឡៃឈើពេញ។

‑យូលាជ ភ្នំរោង ភ្នំរាំង រទេះរយំ                រាជាកុង ជុំ ភ្នំវែង វាលវែង វាលរិញ

សរពុក សំកុសសន្ទុកសំពៅវិលវិញ       ស្វាយចេកទន្ទេញស្រែអំបិលអណ្តូងស្វាយ។

(អូម្លូបំពេញអូជ្រៅ អូរ៉ាល់ណាពៅ (ណាបង))

                                                ០៥/០៩/១៩៩២

ព្រលឹងជាតិ

‑ព្រលឹងជាតិខ្មែរជាប់នឹងភាសា                 ជាប់នឹងអក្ខរាតួវែងតួខ្លី

ជាប់នឹងពាក្យពេចន៍ រំលេចដោយន័យ      ជាប់នឹងសេចក្តី ណែងណងខ្លឹមសារ។

‑ជំនាន់អង្គរ កវីធ្លាក់ថ្នឹក                           សិលាចារិក ចារពង្សសាវតា

ក្រោយមកស្លឹករឹត ផ្តិតសព្វសត្រា            បរលោក លោកា ប្រវត្តិចាស់ថ្មី។

‑ស្រុកធំបោះពុម្ព សៀវភៅគរភ្នំ                 យើងបែកទ្រនំ បាត់ក្បួនសាមគ្គី

ស្ទើរបាត់ព្រលឹង ទាំងសាមសិបបី            បាត់ទាំងគម្ពី តាំងពីលង្វែក។

‑តែព្រលឹងជាតិ ដិតជាប់ក្នុងចិត្ត                ជាប់ក្នុងគំនិត ប្រឌិតហើយច្នៃ

គួរយើងរួមគ្នា ចងក្រងសារថ្មី                  ចងក្រងគម្ពី អង្គរផុសវិញ។

១៥/០១/១៩៩២

ជីវិតទុគ៌ត

‑ទ្រូងព្រួយព្រោះគ្មាន អង្ករច្រកឆ្នាំង           ខ្សត់បាយស្គមស្គាំង ស្វិតទាំងក្រពះ

យកដីធ្វើគ្រែ យកមេឃធ្វើផ្ទះ                  ភ្លៀងខ្យល់ចាក់ជះ ចំប្រប់រងា។

‑គ្មានដីធ្វើស្រែ គ្មានទុនជួញដូរ                 នៅតែដង្ហូរ ធូរចិត្តមួយគ្រា

បានព្រឹកខ្វះល្ងាច ទោះខំពុះពារ               គ្មានទាំងភរិយា បំពេរមេត្រី។

‑ទ្រូងអើយទ្រូងខ្ញុំ ពុំដែលសប្បាយ            គ្មានលុយស៊ីចាយ ទិញខោអាវថ្មី

ក្រខ្សត់អត់ឃ្លាន បៀមក្នុងហឫទ័យ          សង្ឃឹមជាថ្មី ពេលអ៊ុនតាក់មក។

‑សង្ឃឹមឃើញស្រុក រៀបចំត្រឹមត្រូវ           តទៅមានផ្លូវ មិនសូវទុក្ខសោក

មានការងារធ្វើ មានផ្ទះពួនជ្រក                មានពេទ្យជួយយក ព្យាបាលពេលឈឺ។

២៤/១០/១៩៩១

ជួសជុលអង្គរ

‑យើងកើតជាខ្មែរ យើងស្រលាញ់ខ្មែរ         ជាតិយើងៗថែ ឲ្យសុខសប្បាយ

មានបានគ្រប់គ្នា​ ទឹកមុខរីករាយ               សប្បាយចាយវាយ ចិញ្ចឹមគ្រួសារ។

‑យើងបើកទ្វារចិត្ត ទទួលវប្បធម៌               ចំណានបវរ ល្អក្នុងលោកា

នៃទ្វីបទាំងប្រាំ ចងចាំរចនា                     ចែកចេះគ្រប់គ្នា បំផុសអង្គរ។

‑យើងបណ្តាក់ខ្យង ក្មេងចាស់ប្រុសស្រី      ប្រឌិតហើយច្នៃ បង្កើតបង្ក

សម្បត្តិសម្បូរ សប្បាយនគរ                    ជួសជុលអង្គរ ជាមួយលោកា។

‑យើងចងគម្ពី សាមគ្គីសេដ្ឋកិច្ច                 ក្បួនសង្គមកិច្ច សិរីថ្លៃថ្លា

បណ្តុះអ្នកប្រាជ្ញ គ្រប់ផ្នែកវិជ្ជា                  ស្ទួយកម្ពុជា គ្រាប៉ាស៊ីហ្វិក។

សួនសត្វ

‑ដើរមើលសួនសត្វ សម្បត្តិនគរ                ក្មេងចាស់សាទរ ទាំងប្រុសទាំងស្រី

ថាចេះរៀបចំ សក្តិសមសេរី                    សត្វស្រុកសត្វព្រៃ គង្គាវេហាស៍។

‑មាន់ទាក្ងានក្ងោក ជ្រូកក្តាន់ស្នែងខ្ចី           សេះលាដំរី ពពែឆ្កែឆ្មា

ទន្សាយទន្សោង កញ្រ្ជោងខ្ទីងស្វា            សិង្ហ តោ ខ្លា ស្ការ ពស់ ភេ ជ្រូកព្រៃ។

‑រមាសរមាំង ស្ទាំងដំរីទឹក                        ចាបព្រាបប្រវឹក កុកស័ព្ទចាប់ត្រី

ខ្លាំងហាយសណ្តាយ កែសក្អែកក្អាត់ក្អី      ក្រពើក្របី ប្រើស​ព្រាមព្រួលប្រា។

‑ពស់ត្បាល់ពស់ថ្លាន់ នាគពស់ទឹកដី ស្ទួយខ្ចាដំរី ក្អែបកាំប្រមា

ពស់ស្រកាចាស់ ម្រោមព្រះសង្អារ            ទីទុយក្រសារ ទទាខ្លាត្រី។

‑ពស់វែកស្រង៉ែ តុកកែខ្សែគោ                  ព្រលិតទឹកហូរ ពស់វែកក្របី

ពស់ហនុមាន សង្សឿរពស់ព្រៃ                ពស់កាច់មាសថ្មី ពស់ខៀវចេកច្បារ។

‑ខ្លាធំឃ្លាំឈ្លូស ខ្លែងជ្រែកអាកាស            ចាបចៀបកប្បាស គ្រុឌហង្សសារិកា

អូដត្រចៀកកាំ សំពោធឆ្លេឆ្លា                  ស្វាឆ្លៀតស្នេហា ពង្រូលរួញភ័យ។

‑គ្រលីងគ្រលោង រំពេសេកសោម              ពពេចចៀបចោម ទុងជ្រឹងទុំជ្រៃ

ប្រឡាំងកាសមើល មាន់ទឹកមាន់ព្រៃ         ត្មាតស្មោញរំពៃ ចៀមមៀមស្វាព្រាម។

‑សប្បាយខ្លាំងណាស់ ឃើញច្បាស់នឹងភ្នែក សួនចែកច្រើនផ្នែកស្កាត់មើលឃើញភ្លាម

មកមើលម្តេចអស់ បើដើរទីងទាម            ណ្ហើយចុះយើងត្រៀមវិលមកមើលទៀត។

ត្រីស្រុកខ្មែរ

‑សូរិយាៗល្ងាចថ្ងៃ               ទន្សោងៗគោព្រៃ                រកស៊ីជើងភ្នំ

ស៊ីតូចដោយតូច                ស៊ីធំដោយធំ                      រកស៊ីជើងភ្នំ

ផឹកទឹកដងអូ។

‑ចាំណា៎ៗនាងណ៎ា             ត្រីព្រួលកុំចោលស្រកា        ត្រីប្រាកុំចោលស្រកី

អាម៉ុក ត្រីរ៉ស់ព្រលឹង          ត្រីខ្ជឹងស្ងោរនឹងត្រួយខ្ញី        អណ្តែងអាំងសាប់ស្វាយខ្ចី

ដំរីបំពងនឹងខ្ញាញ់។

‑ចង់ឆ្ងាញ់ឲ្យរកអន្លក់           រកឆ្លូញអណ្តែងត្បុលភក់      រកផ្ទក់ជ្រក់ស្ងោរត្រីក្រាញ់

រកផ្អកព្រួលពោពីសា                   ត្រីប្រាអង្គរស្រលាញ់           ម្ជូរម្នាស់ស្ររ៉ស់រសឆ្ងាញ់

ឆ្កោកក្នាញ់សណ្តាយសប្បាយ។

‑ក្រពាត់ឆ្ពិនក្រោសឆ្លេឆ្លា      កន្រ្តងកន្រ្តប់ខ្លាខ្យា             កំភ្លៀវកំភ្លៀញខ្លាំងហាយ

កញ្រ្ជូកក្រម៉ម កញ្រ្ជៀច      ផ្ទោងរាជរៀលលិញខ្ទីសអាយ កញ្ចុះកញ្ជនក្រឹមក្រាយ

សប្បាយជួបជុំគ្រួសារ។

‑បានឆ្ងាញ់នឹកនាគ្នាផង       ក្តាមប្រៃឬខបង្កង                ញាំខ្យងឬ អន្ទង់ឆា

ងៀតរ៉ស់ឆ្តោកែសឆ្អើរទុក    ប្រហុកក្អិតក្អុកច្រវា             ប្រហិតត្រីស្លាតបេកា

ប្រម៉ាចំហុយឆ្ងាញ់គ្រាន់។

‑ត្រីក្អែក ក្រហែដងខ្ទែង        ព្រលូងព្រាមត្បកច្រកែង      ខ្មាន់ស្វែងតាអោនឆ្វៀតគន់

ទឹកនំបញ្ចុកត្រីរៀល           រនាលរនេលជ្រលួញមាន់     ភ្លាគ្រំប្រហើររួសរាន់

អាំងទាន់កកូរឆ្លាំងឆ្ងាញ់។

ច្រៀងលំនាំបទ សុរិយាល្ងាចថ្ងៃ

J.២៤/១១/១៩៩៤

យើងដាំដើមឈើ

‑យើងដាំដើមឈើ គ្រប់ព្រៃសារថ្មី              ទ្រនំសត្វព្រៃ ទប់ដីព្រៃភ្នំ

ស្តារទន្លេសាប ដាំឈើព័ន្ធជុំ                    ទ្រនំត្រីកំ កុះករព្រួលប្រា។

‑ជីកព្រែកជីកស្រះ បារាយណ៍អាងទឹក       ឲ្យច្រើនសន្ធឹក មានទឹកប្រើការ

យើងសង់ទំនប់ គ្រប់ស្ទឹងរដ្ឋា                  ស្រោចស្រែចម្ការ មានភ្លើងប្រើប្រាស់។

‑យើងរួមដោះមីន កប់គ្រប់ទិសទី              សុវណ្ណភូមី ដីជីល្អណាស់

ដាំដុះអ្នកប្រាជ្ញ គ្រប់វិទ្យាសាស្រ្ត              អនាគតច្បាស់ ជាថ្កើងសារថ្មី។

‑ភ្នំមាសក៏ទុំ ជួបផលជលសារ                  សង្គមខេមរា ស្គាល់សិទ្ធិសេរី

ជួញដូរមានបាន គ្រប់ខ្មែរប្រុសស្រី           មេត្រីទឹកដី អង្គរផុសវិញ។

២៥/១២/១៩៩១

About បេះដូងពិត

បេះដូងពិត

Posted on ខែ​កុម្ភៈ 3, 2013, in កវី.អ៊ីវ ហួត, កំណាព្យ and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: