រឿងខ្លី ឆាកល្ខោនជីវិត(វគ្គ១)

ឆាកល្ខោន copyនិពន្ធដោយ៖ អ្នកនាង លាភ ចំរើន

ឆាកជីវិតពិត នាំឱ្យកើតចិត្ត លើកប៊ិចសរសេរឡើង!

ខ្ញុំមិនបានដឹងថាតើទំហំនៃក្តីឈឺចាប់ ដែលខ្ញុំមានច្រើនប៉ុណ្ណាទេដែលធ្វើឲ្យខ្ញុំអាច សរសេរចេញនូវកំហុសរបស់អ្នកមានគុណអនេករបស់ខ្ញុំ។

បន្ទាប់ពីមរណៈភាពរបស់អ្នកម្តាយមក ខ្ញុំបានស្គាល់យ៉ាងច្បាស់នូវពាក្យថាកូនកំព្រាម្តាយ។ ពិតណាស់បើទោះជាខ្ញុំមានអាយុជិត៣០ឆ្នាំហើយក៏ដោយក៏កិច្ចការជាច្រើនក្នុង និងក្រៅ ផ្ទះ ខ្ញុំពុំធ្លាប់បាន ធើ្វច្រើន នោះទេ។ បុណ្យគម្រប់ខួបអ្នកម្តាយ១០០ថ្ងៃមិនទាំងបានប្រព្រឹត្តទៅស្រួលបួលផង លោកឪពុកស្រវឹង​ខួបរបស់យើងធ្លាក់ខ្លួនឈឺជាប់នឹងកន្ទេល ការចំណាយដ៏ធំមួយសប្តាហ៍៥០០ដុល្លាសហរដ្ឋអាមេរិច(សម្រាប់ថ្នាំចាក់សន្លាក់) ដែលមិនធ្លាប់មានចាប់ផ្តើមសារជាថ្មីទៅលើជម្ងឺលោកឪពុក។ អស្ចារ្យណាស់ខ្ញុំម៉េចនឹងអាចទប់ទល់នឹងចំណាយយ៉ាងច្រើនបែបនេះទៅ? មិនបានមួយខែស្រួលបួលផងលុយពីរពាន់ដុល្លាបានបាត់ពីក្នុងទូទៅ។ មិនថ្វីទេព្រោះអ្នកម្តាយក៏បានបន្សល់ទុកមួយចំនួន ដែលអាចធ្វើឲ្យយើងរក្សាជម្ងឺឪពុកបាន មើលចុះរូបរាងរបស់ខ្ញុំមិនទាំងបានរឹងប៉ឹងនៅឡើយបន្ទាប់ពីថែជម្ងឺអ្នកម្តាយជាងកន្លះឆ្នាំ បានលះបង់ម្តងទៀតទៅលើជម្ងឺរបស់លោកឪពុក…ពេលថ្ងៃដាក់វេនគ្នាដើម្បីមើលថែទាំជម្ងឺរបស់គាត់ ហើយទៅធ្វើការឲ្យគេ ចំណែកឯពេលយប់ដេកប្រុងត្រចៀកស្តាប់ និង ពិនិត្យមើលដង្ហើមរបស់គាត់។ ពេលនោះខ្ញុំភិតភ័យខ្លាំងណាស់ ខ្លាចការបាត់បង់អ្នកមានគុណម្នាក់ទៀត នោះជីវិតរបស់​ពួកយើងពិតជាតែលតោលមិនខាន។ ខ្ញុំរត់រកគ្រូពេទ្យហើយនិងសាកសួរមនុស្សគ្រប់គ្នាដែលខ្ញុំបានជួបប្រយោជន៍ដើម្បីបានដឹងពីស្ថានភាពដែលប្រហាក់ប្រហែលទៅនឹងជម្ងឺលោកឪពុក។ ពិតមែនដោយការប្រឹងប្រែងថែទាំ និងចំណាយធនធានដ៏ក្រាស់ក្រែលដែលជាកេររបស់អ្នកម្តាយមុនពេល ដែលគាត់ចែកឋាន។ ក៏អាចនិយាយបានថាជម្ងឺលោកឪពុកបានធូរស្បើយអាចមកពីគាត់មិនទាន់អស់បុណ្យ។

ដូចបានរស់ម្តងទៀតយើងនាំគ្នាក្រាបក្បាលដល់បាទាលោកឪពុកហើយសុំឲ្យលោកលះ បង់ចោលនូវបារី​ និងស្រាហើយកាន់យក​នូវ​ ព្រះធម៌ដើម្បីជាស្ពានសម្រាប់លោក ទៅពេល​ខាង​​មុខ។ ជាមួយនិងសំណើដែលមិនអាចទទួលយកបាននេះឪពុកប្រមឹករបស់យើង មិន និយាយអ្វី​ទាំងអស់…មិនធ្វើតែម្តងទេជារឿយៗយើងតែងតែលន់តួសុំឲ្យលោកបញ្ឈប់ តែ លទ្ធផលបើមិនឮសំឡេងអសុរសចេញមកទេយើងបានត្រឹមតែស្តាប់មិនឮអ្វីទាំងអស់។ នេះគឺជាគុណវិបត្តិ​ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ចាប់ផ្តើមប្រព្រឹត្តលើសដើម ឃើញបែបនេះ ខ្ញុំ បានប្រាប់គាត់ថាៈ​” ពុកឈប់ធ្វើការទៅព្រោះការងាររបស់ពុកបានត្រឹមតែធ្វើឲ្យពុកស្រវឹងខួបប៉ុណ្ណោះ”។ មែនហើយមិនយូរប៉ុន្មានពុកក៏ឈប់ហើយនៅផ្ទះ។

ស្រាថ្លៃមនុស្សថោក

xចែវគល់​តោម៉ូវ​ត្រូវធ្លាក់ភ្នែក                                                        កែវមួយឃើញបែកជាបួនប្រាំ

ជល់កែវ​ចែវគល់ជាប្រចាំ                                                              រាប់ខួបរាប់ឆ្នាំ​ ដេតែម៉ក។

xដកមេរាល់ថ្ងៃក្លាយដេម៉ុះ                                                            លែងដឹងត្រូវខុសល្អ​​​​​​​​​​​​​ អាក្រក់​

ធ្វើខ្លួ​នឱ្យថោកជាងលាមក                                                            សាហាវគំរក់សែនឬស្យា។

xច្រអូសមិនចង់រកស៊ីអ្វី                                                                 មួយថ្ងៃៗសេពសុរា

ស្រវឹងចេញឫកដូចយក្សា                                                 ស្រែកជេរឡូឡាផ្អើលគេឯង។

xមានស៊ីអត់ស៊ីមិនដែលខ្វល់                                                         មិនដែលរវល់ផ្ទះសម្បែង

ស្រាចូលដល់ពោះខ្លាំងក្រៃលែង                                                    គិតថាខ្លួនឯងមានអំណាច។

xដើរមិនត្រង់ផ្លូវតែ ចាំងខ្លិត                                                          ឃើញដាវកាំបិតក៏មិនខ្លាច

ចិតធំជាងប៉ែតកុំកម្លាច                                                     ឫកពារកោងកាចព្រោះដល់ដូស។

xកុំមកណែនាំទោះស្រាលធ្ងន់​                                                       កុំមករិះគន់ថាត្រូវខុស

បើឱ្យទាស់ចិត្ត​ទាញចន្លុះ                                                  ដុតចោលទាំងអស់ទាំងទ្រនំ។

xបែបនេះគេហៅថាទុរយស                                                          ជាអ្នកនាំគ្រោះដល់សង្គម

ញាតិមិត្ត​ភូមិផងមិននិយម                                                            ព្រោះប្រមាត់ធំខុសតម្រា។

xបើផឹកគ្រាន់តែមួយបាយឆ្ងាញ់                                                     កុំធ្វើសម្លាញ់និងសុរា

បំផ្លាញវេលានិងគ្រួសារ                                                                គឺ ថ្លៃតែស្រាតែមនុស្ស​ថោក។

តែងដោយបងស្រី​ ព្រុំគឹមជឿន

ចាប់តាំងពីអ្នកម្តាយចែកឋានទៅបន្ទុកទាំងឡាយបានធ្លាក់ទៅលើកូនស្រីច្បងដែលជាខ្ញុំនេះ​ឯង…ពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែខ្ញុំគ្មានសល់អ្វីសោះ…?ប្រៀបបាន​ដូចខ្ញុំជាគ្រឿងយន្ត ដែលធ្វើការហើយសល់តែខ្លួនឯង(សំបក)សម្រាប់ធ្វើនៅថ្ងៃបន្តទៀត។ តូចចិត្តណាស់ខ្ញុំធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍សៀមមួយនៅក្នុងខេត្ត បើទោះជា​ប្រាក់​ខែមិនជាច្រើនណាស់ណាតែក៏អាចធ្វើឲ្យខ្ញុំផ្គត់ផ្គត់សមាជិក៥នាក់ដោយមិនចាំបាច់ខ្ចី​បំណុលគេដែរ ​​បើកុំតែបន្ទុកដ៏មហិមារនេះខ្ញុំអាចធ្វើដំណើរកម្សាន្តបាន កន្លះពិភពលោក​ជា​មួយ​​នឹងជើងហោះហើររបស់ក្រុមហ៊ុន។

ខ្ញុំបានប្តូរទម្លាប់ពីការចូលបណ្ណាគារ​ ហើយនិងទីកន្លែងកម្សាន្តក្នុងទីរួមខេត្តទៅជា ការនៅ​ក្បែរ ចេតិយបោសសម្អាតក្នុងថ្ងៃសម្រាក។ មើលចុះមានអ្នកសើច អ្នកពេបជ្រាយ ហើយក៏​មានអ្នកសរសើរដែរ…អ្នកសើចដោយឆ្ងល់ថាហេតុអ្វីស្រី្តវ័យមិនដល់សាមសិប ឆ្នាំ រូបនេះ​ចូលចិត្តលាក់ខ្លួនក្បែរកន្លែងកប់សពបែបនេះ វិកលចរិកទេដឹង…?អ្នកពេបជ្រាយថាក្មេងស្រីនេះចូលចិត្តមកវត្តព្រោះស្និទ្ធស្នាលជាមួយលោក (ព្រះសង្ឃ) ? ចំណែកអ្នកសរសើរព្រោះឃើញទីធ្លាព្រះចេតិយ ស្អាត គ្មានសំរាមហើយថាកម្រ ឃើញមាន អ្នកណាគេធ្វើណាស់ជាពិសេសក្មេងស្រីសម័យនេះ។ ខ្ញុំមិនដែលឈឺក្បាលវិលមុខព្រោះតែពាក្យបង្អាប់រិះគន់ រឺសរសើរនោះទេ អ្វីដែល​ខ្ញុំធ្វើព្រោះ​ខ្ញុំ​ទំនេរពីការងារ ខ្ញុំចង់សម្អាតនៅកន្លែងនោះព្រោះបុព្វបុរសខ្ញុំនៅទីនោះ ដែលពិសេស​នោះ​ខ្ញុំមិនអាចនៅផ្ទះស្តាប់សំឡេងគ្រោតគ្រាតរបស់ឪពុកខ្ញុំបានទេ។​ និយាយទៅហាក់ដូចជាដាក់សម្ពាធដ៏ធ្ងន់ធ្ងរទៅលើអ្នកមានគុណ តែបើមួយសប្តាសគាត់ប្រើពេលទុរន់ទុរាអស់បួន ប្រាំថ្ងៃទៅហើយ ​តើពីរបីថ្ងៃទៀតគាត់ធ្វើអ្វី? បើមិនសម្រាន្ត​ឈឺនៅ​កន្ទេលឲ្យយើងកោសជប់ឲ្យទេ ប្រាកដជាទេសនាគ្រែ៣ រឺគ្រែ៥​(និយាយដដែលៗ​នូវរឿង​ដែល​បានកើតឡើង)។

ក្នុងចន្លោះពេលនោះ ពួកយើងនាំគ្នាធ្វើបុណ្យដាក់បាត្រ ឬរៀបចំចង្ហាន់យកទៅ ប្រគេន​ព្រះ​សង្ឃឯវត្តនៅថ្ងៃសម្រាកពីការងារ។ នេះមិនមែនមានន័យថាយើងមិនបានគិតលោកឪពុកទេ គ្រប់ពេលយើងតែងតែទុក ចំណែកល្អ ពិសេសឲ្យគាត់។

ពេលមួយ លោកឪពុកចេញពីកន្លែងជប់លៀងមួយ​ ម៉ូតូបានជ្រុលទៅបុកក្មេងប្រុស អាយុប្រមាណ១០ឆ្នាំដោយសារវារត់ឆ្លងទឹកថ្លុកក្បែរមាត់ថ្នល់។ ជាមួយនឹងរបួស ដ៏ធ្ងន់ ពុក យើង​​វង្វេងវង្វាន់យ៉ាងខ្លាំងបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ខ្ញុំនិយាយមិនចេញទេ បានត្រឹមតែសម្លឹងអ្នកមានគុណដោយក្តីអណោចអធម។ សុំច្បាប់​ហើយចែកវេនគ្នាម្តងទៀត មើលថែ លើកនេះប្រាក់មួយចំនួនធំទៀត ត្រូវបាន រំលែក​ដើម្បី​ជម្ងឺ ហើយនិងបង់ថ្លៃ ជម្ងឺចិត្តកុមារនោះ។ ពេលនោះខ្ញុំនិយាយ មិនចេញ ទេ បានត្រឹម​តែថែគាត់លួងគាត់ដើម្បីឲ្យគាត់បានប្រឹងប្រែងរស់តទៅទៀតក៏ព្រោះតែពួកយើងត្រូវការ​ម្លប់ តែម្លប់នេះមិនកក់ក្តៅសោះហើយលុយមួយចំនួនធំក៏បានរំលែកទៅលើជម្ងឺគាត់ទៀត។ នេះជាលើកទីពីរជាមួយនឹងបទពិសោធន៍ដ៏ឈឺចាប់ដែលខ្ញុំខ្លួនឯងបានជំនះអស់ពីកម្លាំងកាយ ចិត្តដើម្បីទប់ទល់។ មែនវាមិនមែនជារឿងដែលចម្លែក ​ហើយមិនដែលជួបប្រទះក្នុងជីវិតរបស់ខ្ញុំនោះទេ ប៉ុន្តែរាល់ពេលដែលមានហេតុការណ៍អាក្រក់រឺមិនប្រក្រតីណាមួយកើតឡើង សុទ្ធតែម៉ែជាអ្នករ៉ាប់រង។ នេះបើកុំតែម៉ែ ចាកចេញ ខ្ញុំគ្មានឪកាសនឹងបានប្រឡូកកិច្ចការអស់ទាំងនេះដោយផ្ទាល់នោះទេ។

ពេលនេះ ខ្ញុំនឹកម៉ែ!!!

សូមរង់ចាំវគ្គ២

About បេះដូងពិត

បេះដូងពិត

Posted on ខែ​ឧសភា 25, 2013, in រឿងខ្លី and tagged , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: