រឿងខ្លី ស្នូរកាំភ្លើងបីគ្រាប់នៅវិទ្យាល័យកូប(វគ្គ១)
ព្រឹកព្រលឹម មេឃចាប់ផ្ដើម ភ្លឺស្រលះ សមនឹងអាកាសធាតុត្រជាក់ស្រឹបបធ្វើ ឲ្យរងា ដល់ឆ្អឹងខ្នង សូមក្រលេកមើលនៅខេត្តបន្ទាយមានជ័យ ខណៈនេះសិស្សានុសិស្ស នៃវិទ្យាល័យកូបបានធ្វើដំណើរចូលមកកាន់
សាលាទាំងបន្ដកន្ទុយគ្នាយ៉ាងរដឹក មានសិស្សខ្លះដើរថ្មើរជើង
ខ្លះជិះកង់ឬ ម៉ូតូ រួចនិយាយសាសងគ្នាយ៉ាងកងរំពងពេញវិថីសាលា។
ក្នុងនោះយើងឃើញយុវតីមួយរូប ស្ថិតក្នុងវ័យ១៦ឆ្នាំ សម្រស់ល្អឆ្នើម
ផ្ដាច់គេក្នុងវិទ្យាល័យនេះ។ លីយ៉ា គឺ ជាឈ្មោះរបស់នាង ។ នាង
ដើរដំណើរញាប់ស្មេរសំដៅមករកមិត្តនារីម្នាក់ទៀតដែលអង្គុយចាំ
លើបង់រួចជាស្រេច៖
– អេ! រីណា ឯងមកអង្គុយចាំខ្ញុំយូហើយមែនទេ?
ម៉ារីណា នារីរូបស្រស់ដែលមាន វ័យប្រហាក់ប្រហែលនឹងស្រស់ស្រីយើងដែរ
វាចាតប៖
– អត់ទេ! ខ្ញុំទើបមកដល់មុននេះបន្ដិចទេ! អ៊ឺ….និយាយអ៊ីចឹងដូចជាមិន
ឃើញសារ៉ា?
– ពិតមែនហើយ(លីយ៉ាងក់ក្បាល) រាល់ថ្ងៃសារ៉ាតែងតែមកមុនពួកយើងជា
និច្ច ប្លែងតែថ្ងៃនេះ ដូចជាមិនឃើញនាងទាល់តែសោះ!
លីយ៉ាបញ្ចប់សម្ដីសឹងតែមិនទាន់ចប់ផង ស្រាប់តែឃើញសិស្សជាច្រើន
ស្រែកផ្អើលឆោឡោរត់បន្ដគ្នាទៅខាងក្រោយសាលា ក្នុងនោះក៏ឃើញ
មានប៉ូលីសពីរនាក់រត់ទៅផងដែរ។ លីយ៉ា ចាប់ផ្ដើមចងចិញ្ចើមដោយក្ដីឆ្ងល់
រួចសួរទៅរីណាភ្លាម:
– រីណា!នៅខាងក្រោយសាលាមានរឿងអ្វីកើតឡើង?បានជាគេផ្អើលឆោ
ឆោឡោ?
-ខ្ញុំក៏មិនដឹងដែរ! តោះពួកយើងទៅមើលបន្ដិចមើល!
ថាចប់ កញ្ញាទាំងពីរបានរត់ទៅខាងក្រោយសាលាយ៉ាងប្រញាប់ប្រញាល់។
លីយ៉ានឹងរីណាបានសុំផ្លូវគេចូលទៅព្រោះទីនេះមានសិស្សចោមរោម
យ៉ាងច្រើនកកកុញ ហើយខ្សឹបខ្សៀវគ្នាពេញនោះ។ ទាំងពីរនាក់ គ្រាន់តែចូល
ឃើញហេតុការណ៍ភ្លាម ក៏ស្រែកយ៉ាងភ្លាត់សំឡេងគឺអ្វីដែលមិនគួរនឹង
ឃើញពេលនេះបានបង្ហាញច្បាស់ គឺសាកសព សារ៉ាដែលដេកស្លាប់នៅក្បែរ
អាងទឹកនៅបង្គន់ក្រោយសាលា។ សាកសពនាងមើលទៅគួរឲ្យរអើមខ្លាំង
ណាស់ អាវពណ៍ស ប្រឡាក់សុទ្ធតែឈាម នៅលើខ្លួនទំនងជាត្រូវគេបាញ់
ព្រោះមានស្នាមរបួសធំៗ ជាច្រើនកន្លែង។ លីយ៉ាបម្រុងនឹងស្ទុះចូលតែត្រូវគេ
ហាមមិនឲ្យចូលឡើយព្រោះប៉ូលីសកំពុងធ្វើកោសលវិច្ឆ័យ។ លីយ៉ានឹងរីណា
បានត្រឹមតែយំខ្សឹកខ្សួលប៉ុណ្ណោះ។ស្របពេលនោះលោកគ្រូម្នាក់ដែលរស់
នៅក្បែនោះបាន និយាយពីការស្លាប់របស់សារ៉ា ថា៖
“ឲ្យតែល្ងាចម៉ោងជិត៦ ក្រោយពីរៀនគួបន្ថែមរួច សារ៉ាតែងតែធ្វើដំណើរ
ទៅផ្ទះជានិច្ច ផ្ទះនាងនៅដល់ភូមិសំរោង។ ប្លែកតែថ្ងៃម្សិលមិញស្រាប់
បាត់មិនឃើញនាងតែម្ដង ឯកង់ដែលដាក់ផ្ងើ ក៏មិនឃើញមកយកដែរ ។ដំបូង
ខ្ញុំឆ្ងល់ដែរ តែបន្ទាប់មកខ្ញុំក៏គិតថានាងប្រាកដជាមានការអីសំខាន់ហើយជិះ
ម៉ូតូទៅជាមួយមិត្តភក្ដិហើយ។ រហូតដល់ម៉ោងជិត៧ យប់ស្រាប់តែលាន់ឮ
ស្នូរផ្ទុះដល់បីដង ដោយខ្ញុំស្មានថាមានក្មេងៗដុតផាវ លេងទើបខ្ញុំមិនបាន
ចាប់អារម្មណ៍។ដល់ព្រឹកឡើងទើបឃើញសាកសពនាងនៅជិតអាងទឹកធ្វើឲ្យ
ផ្អើលពេញសាលាបែបនេះ។
-ចុះរាល់ ដង សាលានេះដែលធ្លាប់មានឃាតកម្មបែបនេះទេ?ហើយជនរងគ្រោះ
ដែលមានវិបត្តិចង់សម្លាប់ខ្លួនឬមានទំនាស់ជាមួយអ្នកណាពីមុនមកដែរឬទេ? (ប៉ូលីសសួទៅកាន់លោកគ្រូ)!
– អត់ទេ! រាល់ដង សាលាយើងមិនធ្លាប់មានរឿងឃាតកម្មបែបនេះទេហើយ សារ៉ា
នាងក៏មិនធ្លាប់វិបត្ដិចង់សម្លាប់ខ្លួនឬមានទំនាស់ជាមួយអ្នកណាមកពីមុនដែរ ព្រោះខ្ញុំស្គាល់នាងច្បាស់គឺនាងជាក្មេងចរិតល្អ ខ្ញុំគិតថាឃាតករប្រហែលជាស្អប់គុំគួននឹងនាងខ្លាំងណាស់ហើយ បានជាហ៊ានយកកាំភ្លើងមកបាញ់នាងបែបនេះ។
ស្ដាប់សម្ដីលោកនាយករួច លោកប៉ូលីសកត់រៀបចំឯកសារ ដើម្បីតាមដានរឿង
នេះ និងបន្ដវែកមុខឃាតករឲ្យទាល់តែបានព្រោះសារ៉ា មិនត្រូវស្លាប់ដោយ
អយុត្ដិធម៌បែបនេះឡើយ។
ក្រោយពីប៉ូលីសធ្វើកុសលវិច្ឆ័យរួច សាកសពសារ៉ាត្រូវបញ្ចូនទៅធ្វើបុណ្យ
ភ្លាមៗក្រោមការរងទុក្ខសោកនៃក្រុមគ្រួសារ និងមិត្តសម្លាញ់របស់នាង។
បុណ្យសពសារ៉ាបានធ្វើឡើងនៅឯភូមិសំរោង។យាយរបស់នាង យំសឹងក្លាយជា
មនុស្សវិកលចរិតទៅហើយ ព្រោះគាត់មានចៅតែម្នាក់គត់គឺសារ៉ានេះឯង ឯកូនចៅ
របស់គាត់ជាច្រើន នាក់ទៀតបានស្លាប់អស់ទៅហើយ។ឥឡូវសារ៉ាស្លាប់ម្នាក់
ទៀត ធ្វើឲ្យគាត់សឹងវង្វេងស្មារតី។ លីយ៉ា នឹង រីណាក៏បានចូលរួមនឹងជួយរំលែកទុក្ខ
នឹងជួយលួងលោមលោកយាយផងដែរ គឺពេលនេះគាត់កំពុងមានទុក្ខ។
មួយស្របក់ក្រោយពីសូត្រមន្ដរួច ក៏ឃើញមិត្តរួមថ្នាក់របស់សារ៉ា នឹងលោកគ្រូ អ្នកគ្រូមកចូលរួមជាច្រើននាក់ ក្នុងនោះលោកគ្រូដេវិតដែលជាគ្រូបន្ទុកថ្នាក់បាន
ចូលរួមផងដែរ ។មកដល់ភ្លាមគាត់ដើរសំដៅមករកលីយ៉ា ដែលកំពុងសម្អាតតុទទួល
ភ្ញៀវ៖
– លីយ៉ា!
លីយ៉ាងើបមុខសម្លឹងទៅលោកគ្រូទាំងញញឹមខ្សោះបន្ដិច ទើបបន្លឺ៖
– អូ! លោកគ្រូទេ អ្ហេ? លោកគ្រូមកចូលរួមដែលមែនទេ?
– ពិតមែនហើយ! លោកគ្រូដឹងដំណឹងភា្លមក៏មកភ្លាម!ស្ដាយណាស់ដែលព្រឹកមិញ
ដោយសារតែលោកគ្រូរវល់ទើបលោកគ្រូមិនបានទៅមើលហេតុការណ៍ផ្ទាល់
ឥឡូវលោកគ្រូសូមរំលែកទុក្ខប្អូនខ្លះព្រោះដឹងថាប្អូន និងសារ៉ា ស្រលាញ់
រាប់អាន គ្នាណាស់ ដល់ពេលសារ៉ាស្លាប់ទៅឆាប់បែបនេះ គ្រូជឿថាប្អូនធ្វើ
ចិត្តមិនទាន់បានឡើយ!
– ចាស! ខ្ញុំអរគុណចំពោះលោកគ្រូណាស់!
តបទៅលោកគ្រូ លីយ៉ាគ្រាន់តែញញឹមស្ងួតលែងស្ដីតទៀត ព្រោះតែសម្ដី
លោកគ្រូ និយាយត្រូវ នាងហាក់ធ្វើចិត្តមិនបានឡើយ ពេលដែលសារ៉ា
ស្លាប់ទៅស្រស់ៗបែបនេះ ជាពិសេស អនុស្សាវរីយ៍ល្អៗរវាងសារ៉ា នឹងនាង ពិសេសមុខសារ៉ាពេលដេកស្លាប់បានផុសក្នុងចិត្តនាងធ្វើឲ្យយុវតីនឹក
ស្រមៃមិនបាត់សោះ។
ក្រោយពីលោកគ្រូដេវីតនិយាយជាមួយសារ៉ាបានពីរ បី ម៉ាត់ ក៏លាចេញទៅ។
…………………………………………………………………..
ស្អែកឡើងសព របស់សារ៉ាត្រូវបានបូជា។ មុនពេលដង្ហែរសព លីយ៉ានិងរីណានៅចំអះសពជាមួយយាយរបស់សារ៉ា។ខណះនោះលីយ៉ា
បានចាប់ភ្លឹកនឹងដៃសពសារ៉ាដែលហាក់ដូចជាក្ដោបរបស់អ្វីមួយជាប់នឹងដៃ
យ៉ាងណែន។លីយ៉ា ឆ្ងល់ណាស់នាងលាដៃ សពក៏ឃើញបន្ដោងខ្សែកមួយ
ដែលសារ៉ាក្ដោបមិនរបេះសោះ។លីយ៉ាបានលួចបន្ដោងខ្សែកនោះទុក ឯអ្នកដទៃទៀតមិនបានចាប់អារម្មណ៍ឡើយ។
ក្រោយមកសពសារ៉ាបានបូជាដោយយាយរបស់សារ៉ា និងបណ្ដាញាតិសុទ្ទតែស្រក់
ទឹកភ្នែកអាណិតមនុស្សល្អដូចជាសារ៉ាគ្រប់គ្នាៗ។ ឈានដល់ពេលថ្ងៃត្រង់ពិធីបូជាបានបញ្ចប់ដែរ លីយ៉ា បានបបួលរីណា
មកលាយាយរបស់សារ៉ា ដើម្បីត្រលប់មកផ្ទះវិញ។គ្រាន់តែមកដល់ផ្ទះភ្លាម លីយ៉ា
បានយកបន្ដោងខ្សែនោះមកមើលសារជាថ្មី។ពេលនេះ ស្រស់ស្រីភ្ញាក់
ផ្អើលជាខ្លាំងព្រោះតែបន្តោងខ្សែនោះជារបស់មានតម្លៃបំផុត ព្រមទាំងមាន
ឆ្លាក់អក្សរថា David ដោយមានពេជ្រព័ទ្ធជុំវិញ ៨ គ្រាប់។ លីយ៉ាក្ដោបបន្ដោង
នោះក្នុងដៃទាំងឆ្ងល់ ហេតុអ្វីបានជាបន្ដោងខ្សែកមួយនេះមកនៅក្នងដៃសារ៉ា? នាងជឿថាម្ចាស់បន្ដោងខ្សែកនេះប្រាកដជាឃាតកដែលសម្លាប់សារ៉ា?
ប៉ុន្ដែនៅក្នុងវិទ្យាល័យ មានតែលោកគ្រូដេវីតម្នាក់ប៉ុណ្ណោះដែល
មានបន្ដោងខ្សែកបែបនេះ?តែប្រសិនចោទគ្រូដេវីតក៏ដូចមិនត្រូវព្រោះក្នុង
ថ្ងៃកើតហេតុការណ៍គាត់មិនបាននៅសាលាទេ ហើយពេលនាងជួបគាត់នៅរោង
បុណ្យសពសារ៉ា យុវតីក៏បានឃើញខ្សែកនេះនៅជាប់នឹងករបស់គាត់ដែរ។
គិតឡើង គិតចុះ លីយ៉ាហាក់ជាស្មុគស្មាញក្នុងចិត្តណាស់ នាងបានមកផ្ទះរីណា ហើយក៏បានយករឿងនេះមកពិភាក្សាជាមួយរីណាវិញម្ដង។ពេលដែលលីយ៉ានិយាយរឿងបន្ដោងខ្សែកនឹងសេចក្ដីសង្ស័យចំពោះលោកគ្រូដេវិតប្រាប់ដល់រីណា
រីណាក៏ប្រកែកភ្លាម៖
– មិនអាចនោះទេយ៉ាងណាក៏មិនមែនជាលោកគ្រូដេវីតដែរ!គាត់សុភាពរម្យទម
ណាស់ មិនអាចទៅអាចធ្វើអំពើចារកម្មថោកទាបបែបនេះទេ ម្យ៉ាងនៅ
សាលារបស់យើងក៏មិនដឹងថាសិស្សមានបន្តោងខ្សែកនេះប៉ុន្មានដែរ?
សម្ដីរីណាហាក់សមហេតុសមផល ធ្វើឲ្យលីយ៉ាងក់ក្បាលដូចយល់តាមសម្ដី
មិត្ត៖
– ពិតមែនហើយសម្ដីឯងក៏ដូចជាត្រឹមត្រូវដែរ តែខ្ញុំនៅនឹកឆ្ងល់នឹងបន្ដោង
ខ្សែកក្នុងដៃសារ៉ានេះណាស់ ថាម្ចាស់វា ជាអ្នកណា?អ្នកណាជាអ្នកសម្លាប់
សារ៉ា?
-ហ៊ឺ!……(រីណាបន្ធូរដង្ហើមធំ) ឯងកុំនឹកឆ្ងល់ខ្វល់ច្រើនអី ពេលនេះប៉ូលីសកំពុងតែបន្ដតាមដានរឿងនេះហើយ!កាលណាប្រទេសនៅមាន
ច្បាប់! ឃាតករច្បាស់ជាត្រូវរកឃើញមិនខានឡើយ!
លីយ៉ា បានត្រឹមតែងក់ក្បាលតាមសម្ដីរីណាម្ដងទៀតប៉ុណ្ណោះ។រីណា
និយាយមិនខុសទេ រឿងនេះជារឿងដែលសមត្ថកិច្ចទេត្រូវព្រួយ
តាមរកឃាតករ តែលីយ៉ាខ្វល់ចំពោះរឿងឃាតកម្មនេះយ៉ាងចម្លែកទៅវិញ។
មកដល់ពេលយប់បន្ដិចលីយ៉ា និងរីណាត្រលប់មកផ្ទះវិញ ព្រោះផ្ទះអ្នកទាំងពីរ
នៅជាប់គ្នាស្រាប់ហើយនៅជិតសាលាទៀតផង។
ចូលដល់ក្នុង ផ្ទះលីយ៉ាសំដៅទៅបន្ទប់សម្រាកភ្លាម តែពេល នាងបិទភ្នែក
រកដេក គឺដេកមិនលក់សោះព្រោះមួយរយៈក្រោយនេះនាងគិតច្រើនណាស់ ណាជា
រឿងដ៏គួសង្សយ័នៃការស្លាប់ ណាជារឿងបន្ដោងខ្សែកនេះទៀត
រឿងរ៉ាវតាមអន្ទោលក្នុងប្រាណនាងគ្រប់ពេលវេលាទាំងអស់។ លីយ៉ាតាំងចិត្តដេក
ទម្រាំបានរហូតដល់ពាក់កណ្ដាលអាធ្រាត្រលង់និន្រ្ទាទៅ។
………………………………………………………
ព្រឹកនេះ លីយ៉ាភ្ងាក់ទៅសាលារាងយូជាងថ្ងៃធម្មតាដោយសារតែយប់មិញនាង
ដេកពុំសូវលក់។ សំណាងល្អ ដែលនាងទៅសាលាបានទាន់ពេលព្រោះផ្ទះនាង
នៅក្បែរសាលាស្រាប់។
លីយ៉ាចូលដល់ក្នុងថ្នាក់គឺប៉ះចំម៉ោងខ្មែរដែលបង្រៀនដោយលោកគ្រូ
ដេវីតនេះឯង។លោកគ្រូដើរចូលថ្នាក់ទាំងញញឹមយ៉ាងស្រស់ដាក់កូនសិស្ស
រាល់គ្នាផង។សិស្សក្នុងថ្នាក់ទី ១១ ទាំង អស់សុទ្ធតែគោរពស្រលាញ់លោក
គ្រូគ្រប់គ្នាព្រោះលោកគ្រូមិនត្រឹមតែបង្រៀនល្អនោះឡើយគាត់ថែមទាំង
មានចរិត ល្អថែមទៀត។
ឆ្លៀតពេលដែលគាត់កំពុងបង្រៀនមេរៀន លីយ៉ាស្រីចេះតែលួចមើលទៅ
បន្ដោងខ្សែរកក្នុងលើខ្លួនលោកគ្រូដេវីតជានិច្ច ព្រោះបន្ដោងខ្សែក
ដែលនៅលើខ្លួនលោកគ្រូដេវីតនិងបន្ដោងខ្សែកដែលនៅក្នុងដៃសារ៉ា
ក្រោយពេលស្លាប់គឺដូចគ្នាបេះបិទធ្វើឲ្យលីយ៉ាកើតក្ដីសង្ស័យមិនបាត់
សោះ។ខណៈពេល ដែលលីយ៉ាចេះតែសម្លឹងទៅលោកគ្រូជាញឹកញាប់ លោក
គ្រូបានដឹងខ្លួន រួចងាកមកជិតស្រស់ស្រីភ្លាម៖
– លីយ៉ា! លោកគ្រូមានអ្វីប្លែកមែនទេបានជាប្អូនសម្លឹងមកលោកគ្រូមិន
ដាក់ភ្នែកបែបនេះ?
លីយ៉ាតបទាំងមុខញឹមៗ៖
– អត់អីទេ!លោកគ្រូ ខ្ញុំសម្លឹងលោកគ្រូព្រោះតែខ្ញុំចាប់អារម្មណ៍នឹង
បន្ដោងខ្សែកបស់លោកគ្រូប៉ុណ្ណោះ មើលទៅស្អាតដល់ហើយ!
ឮបែបនេះលោកគ្រូសើចញឹមៗរួចយកដៃប៉ះខ្សែកថ្នមៗ៖
– ខ្សែកនេះ លោកគ្រូពាក់ជាយូមកហើយប្អូនចាប់អារម្មណ៍នឹងវាឬ?
– ពិតមែនហើយ !
– ខ្សែកនេះលោកគ្រូពាក់ជាប់ខ្លួនរហូត!លោកគ្រូស្រលាញ់វាណាស់!
លោកគ្រូវាចារួចក៏ញញឹមដាក់លីយ៉ាម្ដងទៀត រួចបន្តសកម្មភាពបង្រៀនតទៅ
ទៀត ឯលីយ៉ា ហាក់ដូចជាឆ្ងល់ក្នុងចិត្តទ្វេឡើង ពេលដែលគិតដល់បន្ដោងខ្សែកនេះ។
ក្រោយពីម៉ោងលោកគ្រូពីរម៉ោងរួច លីយ៉ានិង រីណានៅរង់ចាំរៀនដល់
ល្ងាចម៉ោងប្រាំទើបបានសម្រាក។ ជាទម្លាប់ឲ្យតែពេលទៅផ្ទះលីយ៉ា
តែងតែទៅជាមួយរីណាជានិច្ច ស្រាប់តែពេលជាមួយគ្នានោះ វីរៈដែលរៀនថ្នាក់
ជាមួយលីយ៉ាបានដើរសំដៅមករកនាង:
– លីយ៉ា! នាងមានភ្លេចទូរស័ព្ទដែរទេ?ខ្ញុំដូចជាឃើញនៅក្នុងថ្នាក់?
ឮសម្ដីវីរៈ លីយ៉ាយកដៃស្ទាបកាបូបក៏ឃើញថា ភ្លេចទូរស័ព្ទមែន យុវតីបន្លឺទៅ
វីរៈវិញ៖
សូមរង់ចាំវគ្គ២
Posted on ខែសីហា 2, 2013, in ឈាវ សំណាង, រឿងខ្លី and tagged ឈាវ សំណាង, ស្នូរកាំភ្លើងបីគ្រាប់នៅវិទ្យាល័យកូប(វគ្គ១). Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0