រឿងខ្លី ស្នូរកាំភ្លើងបីគ្រាប់នៅវិទ្យាល័យកូប(វគ្គ២ចប់)

ស្នូរកាំភ្លើង២ copy

និពន្ធដោយ៖ ឈាវ សំណាង

– អូ! ខ្ញុំដូចជាភ្លេចយកទូរស័ព្ទមកមែន! អរគុណវីរៈហើយដែលជួយប្រាប់ ខ្ញុំ(តបនឹងវីរៈ រួចនាងបែរមករករីណាវិញម្ដង)អឺ….រីណា ឯងនៅចាំខ្ញុំត្រង់នេះសិនចុះ ខ្ញុំឡើងទៅយកទូរស័ព្ទមួយភ្លាម។

ថាចប់ លីយ៉ាក៏ឡើងទៅយកទូរស័ព្ទ ពេលនាងដើរចូលអគារសាលាគឺស្ងាត់ជ្រងំ

ព្រោះថ្មើរនេះពុំមានសិស្សនៅទេ ហើយមេឃបានចាប់ផ្ដើមងងឹតជាងថ្ងៃ

ធម្មតាដែរ។លីយ៉ាចូលបន្ទប់រៀនថ្នាក់ទី ១១ ស្រាប់តែខ្យល់បក់មកត្រសៀកៗ

ធ្វើឲ្យទា្វរបន្ទប់បិទក្រឹប យុវតីភ្ញាក់ព្រើតនាងស្ទុះយកទូរស័ព្ទរួច

ទាញទ្វារចេញយ៉ាងលឿន មកដល់ខាងក្រៅភ្លាម ស្រាប់តែមាន

ឆ្មាខ្មៅមួយ មកពីណាក៏មិនដឹង រត់កាត់នាងធ្វើឲ្យនាងភ័យ

ស្ទើរលោះព្រលឹង។ឆ្មាសម្បុរខ្មៅនោះសម្លក់មុខមាណវីរួចស្រែកយំ ម៉េវៗ គួរឲ្យខ្លាច។ លីយ៉ាស្ទុះរត់គេចយ៉ាងរហ័សព្រោះ នាងមានអារម្មណ៍ភ័យ ហាក់ដូចជាប្រផ្នូលមិនល្អឡើយ។

ចុះមកដល់ក្រោមលីយ៉ាធូរចិត្ត ពេលដែលគេចពីឆ្មាចម្លែកនោះបាន

ពីមុនមកនាងមិនធ្លាប់ឃើញឆ្មាក្នុងសាលាបែបនេះឡើយ។ ខណៈ ស្រស់ស្រីបម្រុងដើរទៅរករីណា ដែលនៅចាំមុខសាលា រំពេចនោះនាងដាក់ភ្នែកទៅ ក៏ឃើញលោកគ្រូដេវីតដើរកាន់ប្រអប់ធំសំដៅទៅក្រោយសាលាយ៉ាងលឿន។ដំបូងលីយ៉ាហាក់មិនចាប់ភ្លឹកគឺ

យល់ថាលោកគ្រូប្រហែលជាងូតទឹកនៅស្រះ ខាងក្រោយសាលាហើយ ស្រាប់តែហាក់

ដូចជាមានព្រលឹងនរណាម្នាក់មកសណ្ដំចិត្តលីយ៉ាឲ្យដើរតាមក្រោយលោកគ្រូ

ភ្លាម។លីយ៉ាតាមដានលោកគ្រូដោយគាត់មិនដឹងខ្លួននោះទេ។មកដល់ដីស្រែស្ងាត់

ផុតស្រះទឹក លោកគ្រូដេវីត មើលឆ្វេង មើលស្ដាំធ្វើក្រឡឺមបន្ដិចរួចយកប្រអប់

អាថ៌កំបាំងនោះកប់យ៉ាងជ្រៅក្នុងដីភ្លាម។

ក្រោយពីកាយដីកប់បិទយ៉ាងស្អាតរួចលោកគ្រូរត់យ៉ាងរហ័សដោយមើលទៅដូច ជាខ្លាចអ្នកដទៃចាប់បានអ៊ីចឹង។ឯ លីយ៉ាដែលកំពុងលួចមើលក្បែរនោះ  នាងមានចម្ងល់ក្នុងចិត្តណាស់ដោយឆ្ងល់ថាក្នុងប្រអប់នោះមានអ្វី

បានជាលោកគ្រូលាក់បាំងមកកប់យ៉ាងឆ្ងាយបែបនេះ? ដោយភាពចង់ដឹង លីយ៉ាបានលួចគាស់កកាយ នឹងដៃយកមកទាល់តែបាន នាងយកដៃជូនញើសបន្ដិចរួច

ឱបប្រអប់នោះរត់គេចភ្លាមព្រោះមេឃកាន់តែងងឹតមែនហើយ។

ពេលមកដល់មុខសាលា លីយ៉ាឃើញរីណាមុខក្រញូវភ្លាម:

–          លីយ៉ា! ឯងទៅយកទូរស័ព្ទអីក៏យូម្លេះ? ហើយនេះឯង កាន់ប្រអប់អី?

ដោយឃើញរីណាចង់ដឹងយ៉ាងនេះ លីយ៉ា រកលេសប្រកែក:

-គ្មានអីទេ ! ខ្ញុំគ្រាន់តែរើសបានហើយ ឃើញប្រអប់នេះស្អាតខ្ញុំចេះតែយក

ទុកទៅ។​អូ !អ៊ីចឹងតោះ ពួកយើងល្មមនឹងទៅផ្ទះហើយ​កុំឲ្យម៉ាក់ប៉ាទន្ទឹង

ចាំផ្លួវយូរ…..។

ពោលរួច លីយ៉ាចាប់ដៃរីណាមកកាន់ រួចដើរចេញពីសាលា ត្រឡប់មកផ្ទះរៀងៗ

ខ្លួន។

រាត្រីកាល បន្ទាប់ពីអ្នកផ្ទះចូលសម្រាកអស់ លីយ៉ាបានបើកប្រអប់នោះមើលដោយ

ភាពចង់ដឹងជាខ្លាំង។អ្វីដែលបង្ហាញគឺជាខោអាវមួយកំប្លេរដែលប្រឡាក់

ដានឈាម កំទេចខ្សែក នឹងគ្រាប់កាំភ្លើងជាច្រើនទៀត។ឃើញរបស់

ទាំងនេះហើយលីយ៉ាឧទានទាំងភ្លេចខ្លួន:

“តិចលោ លោកគ្រូដេវីត ជាឃាតករមែនដឹង?”

ចម្លើយបានប្រាកដក្នុងចិត្ដលីយ៉ា ប៉ុន្ដែការសន្និដ្ឋានរបស់នាងជាបញ្ហាស្មុគ

ស្មាញដែលជំពាក់ជំពិន។ លីយ៉ាមិនដឹងគិតយ៉ាងណាទេ នាងជឿបន្ដិ ច អត់បន្ដិច តែ

នាងឃើញច្បាស់ណាស់ថា ប្រអប់ពិតជាលោកគ្រូដេវីតយកទៅកប់មែន ហើយរបស់

ក្នុងហ្នឹងទៀតសោតក៏ទាក់ទងឃាតកម្មលើសារ៉ាទៀតផង……។
គិតឡើងចុះ លីយ៉ាមិនដឹងថាធ្វើយ៉ាងណាទេ ប៉ុន្ដែនាងសម្រេចយករឿងនេះទៅ

ពិភាក្សាជាមួយប៉ូលីសនៅព្រឹកស្អែក។

ម៉ោងជិត ៧ យប់លីយ៉ាបានតម្រេតខ្លួនលក់បានរលីវៗ ស្រាប់តែលាន់ឮសំឡេងនរណាមិនដឹង ស្រែក

បង្អូសវែងៗ ថ្ងួរយ៉ាងគ្រលួច:

–          លីយ៉ា !ជួយរីណា ផង ……លីយ៉ា!ជួយរីណា ផង………….!

សំឡេងនេះនៅតែលាន់ឮដដែលៗ លីយ៉ាមិនត្រឹមតែឮសំឡេងនោះប៉ុណ្ណោះ

ទេ ក្នុងនោះនាងហាក់ ស្រមៃឃើញរីណា កំពុងត្រូវ លោកគ្រូដេវីត ទាញកាំភ្លើងមកបាញ់រាងកាយទៀតផង ……

ខណៈនោះ នាងស្ទុះភ្ងាក់ទាំងកន្រ្ទាក់ តាមពិតនាងយល់សុបិនអាក្រក់សោះ

ប៉ុន្ដែសុបិននោះគឺដូចព្រលឹងសារ៉ាមកប្រាប់ឲ្យនាងដឹងជាមុនអ៊ីចឹង៖”….តិចលោរីណា

មានរឿងមិនល្អដូចដែលសុបិនអម្បាញ់មិញនេះទេដឹង?”

គិតរួចលីយ៉ាក៏សំដៅទៅផ្ទះរីណាទាំងយប់ភ្លាម។ មកដល់ លីយ៉ាឃើញម្ដាយ

រីណាកំពុងអង្គុយលើគ្រែមុខផ្ទះ នាងដើរចូលមកជិតគាត់រួចសួរភ្លាម:

–          មីង! រីណានៅផ្ទះដែរទេ?

ម្ដាយរីណាមើលមុខស្រីបន្ដិចទើបតប:

–          អូ! ក្មួយយ៉ា ទេឬ? មីងស្មានតែនរណាគេ? អឺ …….រីណា មិញនេះវាសុំមីងទៅ

សាលាមួយភ្លែត ។ចុះក្មួយមករកវាមានការអីដែរ?

–          គ្មានអីទេមីង ខ្ញុំគ្រាន់តែ ចង់ជួបរីណាបន្ដិចប៉ុណ្ណោះតែបើសិនរីណាមិននៅ

ខ្ញុំលាមីងទៅសិនហើយ។

មាត់លីយ៉ានិយាយជាមួយម្ដាយរីណាដូចធម្មតាតែក្នុងចិត្តនាងកញ្ជ្រោលភ័យ

ណាស់ នាងខ្លាចតែរឿងដែលសារ៉ាមកពន្យល់សប្ដិ ក្លាយជាការពិត  ខ្លាចរឿងអាក្រក់ទាំងនោះមានទៅលើរីណាមែន ដោយចង់

ដឹងថាពិតឬមិនពិតនាងសុខចិត្តមកសាលាទាំងយប់។ ដើរចូលក្នុងសាលា លីយ៉ា

ព្រឺសម្បុរខ្ញាក នឹងសំឡេងឆ្កែលូ ព្រមទាំងខ្យល់បក់ឮសម្រឹបស្លឹកឈើគួរខ្លាច

ស្រស់ស្រីប្រឹងជំនះដើររហូតដល់ក្រោយសាលា​ ហើយក៏ឃើញអ្វីដែលព្រលឹងសារ៉ា

មកប្រាប់គ្មានខុសឡើយ គឺឃើញលោកគ្រូដេវីត កំពុងប្រតាយប្រតប់ជាមួយរីណា

ដោយរីណាកំពុងរត់គេចពីកណ្តាប់ដៃលោកគ្រូកំណាច។ ពេលនេះ ទោះបីជាមេឃ

ងងឹតមើលពុំសូវច្បាស់ តែសំឡេងលោកគ្រូដេវីតដែលស្រែកគំរាមរីណាធ្វើឲ្យ

លីណាដឹងច្បាស់ថាជាម្ចាស់ស្នូរកាំភ្លើងពីរគ្រាប់ ដែលបាញ់សម្លាប់សារ៉ាកាល

ពីប៉ុន្មានថ្ងៃមុន ! សំឡេងនេះមើលទៅសាហាវជាងពេលណាទាំងអស់។

តើវិញ្ញាណនរណាមួយមកសណ្ដំឲ្យលីយ៉ា ក្លាហានដើរទៅរកលោកគ្រូមិនញញីតឡើយ:

–          ឈប់ សិន!……..

សម្ដីលីយ៉ាធ្វើឲ្យលោកគ្រូបង្អាក់សកម្មភាពភ្លាម គេបំបែរចង្កៀង

អំពូល ក្បែរនោះមករកលីយ៉ា រួចញញឹមយ៉ាងគំណួច:

–          លីយ៉ា! ទេឬ? នាងមកអ៊ីចឹងស្រួលណាស់ មិនចាំបាច់ទៅចាប់!

ឮលោកគ្រូនិយាយ រីណាបើកភ្នែកធំៗ នាងស្រែកមកកាន់មិត្ត:

–          លីយ៉ា! ឯងជួយខ្ញុំផង ……..

–          រីណាឯងកុំបារម្ភខ្ញុំមកជួយឯងហើយ……..

មិនដឹងថាមានកម្លាំងពីណាឡើយ លីយ៉ាស្ទុះច្រានគ្រូដេវីត ចេញពីរីណា ធ្វើឲ្យ

លោកគ្រូបាត់ជំហរដួលទៅលើដីភ្លាមដោយមិននឹកស្មានថាដៃលីយ៉ា ធ្ងន់យ៉ាងនេះ។ នាងតូចសំដៅមកមិត្តវាចាទាំងបារម្ភ:

–          រីណា ! ឯងយ៉ាងម៉េចហើយ…..

–          ខ្ញុំមិនអីទេ ប៉ុន្ដែ….

រីណានិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមួយគ្រាប់ ចំស្មាជាស្រេច ។លោកគ្រូ

ដេវីតទម្លាក់កាំភ្លើងចុះបម្រុងរត់គេចស្របពេលនោះប៉ូលីសមួយក្រុម មិនដឹងចេញពីប្រភពណាក៏បានមកដល់ភ្លាម ៗ។

លោកគ្រូដេវីតដែលបម្រុងរត់គេចក៏ត្រូវ បញ្ឈរភ្នែក ព្រោះត្រូវប៉ូលីស

ស្ទាក់ចាប់ដាក់ខ្នោះបញ្ចូនទៅប៉ុស្ដិ៍ទាំងយប់។ឯ រីណាពេលនេះបានដួលសន្លប់

ទាំងឈាមជោកអាវ លីយ៉ាស្រែកយំអង្រួនកាយមិត្ត:

–          រីណា! ឯងកុំកើតអីឲ្យសោះ ណា…..

ទឹកភ្នែកលីយ៉ាហូរស្រក់ចុះ ភ្លាម នាងខ្លាចតែមានរឿងមិនល្អកើតចំពោះរីណា

ទេ។ ពេលនោះអ្នកជិតខាងដែលផ្អើលឆោឡោចោមមើលក្បែរនោះ

ក៏បានតេហៅឡានពេទ្យបញ្ចូនរីណាទៅកាន់មន្ទីពេទ្យភ្លាមៗ។

រីណាត្រូវក្រុមគ្រូពេទ្យជំនាញៗជួយសង្រ្គោះ ឥឡូវរីណាឆ្លងផុតពីគ្រោះថ្នាក់

ហើយ ធ្វើឲ្យលីយ៉ា នឹងក្រុមគ្រួសាររីណាទាំងអស់សប្បាយចិត្តខ្លាំងណាស់។

ពេញមួយយប់ លីយ៉ាមិនបានគេងអីបន្ដិចទេ នាងនៅកំដររីណារហូត។

ព្រឹកនេះរីណាដឹងខ្លួនដូចធម្មតាវិញហើយ ប៉ុន្ដែនាងនៅតែឈឺមុខរបួសនៅ

ឡើយ។ម្ដាយរីណាជូតមុខឲ្យកូនបណ្ដើរពោលម្នាក់ឯងបណ្ដើរ:

–          ម៉ាក់! ស្ដាយណាស់កាលនោះបើម៉ាក់មិនឲ្យកូនទៅម្នាក់ឯង! កូន

ក៏មិនមានគ្រោះថ្នាក់បែបនេះដែរ។ម៉ាក់ឆ្ងល់ណាស់ ហេតុអ្វីយប់នោះកូនហ៊ាន

ទៅជួបលោកគ្រូ នោះ?

រីណាទ្រឹងគិតបន្ដិចទើបតប:

–          តាមពិតយប់នោះខ្ញុំមិន បានដឹងពីល្បិចខ្មៅកខ្វក់របស់ លោកគ្រូដេវីត

គាត់បានបញ្ឆោតឲ្យខ្ញុំយកថ្នាំទៅឲ្យគាត់ …ប៉ុន្ដែសំណាង

ល្អដែលបានលីយ៉ាទៅជួយខ្ញុំទាន់ កុំអីខ្ញុំត្រូវមានវាសនាដូចសារ៉ាហើយ….ចុះ

ហេតុអ្វីយប់មិញ ឯង ដឹងថាខ្ញុំមានគ្រោះថ្នាក់

លីយ៉ាដែលកំពុងអង្គុយចិតក្រូចក្បែរនោះ ក៏តប មកវិញ៖

–          ពេលនោះកុំតែបានសារ៉ាមកពន្យល់សប្ដិប្រាប់ខ្ញុំ ខ្ញុំក៏មិនដឹងដែរ ។សារ៉ាទោះបី

ជានាងស្លាប់ហើយក្ដីក៏នាងនៅជួយថែរក្សាពួកយើងដែរ! ម្យ៉ាងឃាតកររកមិនទាន់

ឃើញ ព្រលឹងនាងនៅវិលវល់មិនទៅណា! ប៉ុន្ដែពេលនេះឃាតករវែកមុខឃើញហើយ

ខ្ញុំជឿថា សារ៉ាប្រាកដជាបានសុខ!

ថារួចលីយ៉ាបានហុចក្រួចមួយក្លែបទៅឲ្យរីណា នាងទទួលយកទាំងមុខរីករាយ ពេល

មិត្តស្រស់ស្រាយ លីយ៉ាក៏មានអារម្មណ៍តាមដែរ។

កន្លងផុតបាន ២ ថ្ងៃលោកគ្រូ ដេវីតត្រូវគេកាត់ទោសឲ្យជាប់ពន្ធាគាហើយ។

តាមពិតដេវីត មិនមែនជាគ្រូឡើយ គេបន្លំខ្លួនមកដើម្បីមកចាប់សិស្សស្រីៗ

ទៅលក់នៅប្រទេសថៃ ចំណែកឯឃាតកម្មសម្លាប់សារ៉ា និងយាយីលើជីវិត

រីណាក៏ជាស្នាដៃលោកគ្រូ កំណាចនេះដែរ ដោយគ្រូៗដទៃទៀតក្នុងសាលាមិន

ស្មានមិនដល់ឡើយ។លីយ៉ាវិញបានយកភស្ដុតាងដែលនាងរកបានកាលពីថ្ងៃមុនមក

ប្រគល់ជូនប៉ូលីសផងដែរ ដើម្បីបន្ថែមថា លោកគ្រូដេវីតជាឃាតករមែន។

ក្រោយពីឃាតករឈាមត្រជាក់ដូចជាលោកគ្រូដេវីត ចេញទៅ ភាពស្ងប់សុខ

នៃវិទ្យាល័យ កូប បានត្រឡប់មកជាថ្មីដោយលែងមានឃាតកម្ម ឬ ស្នូរកាំ

ភ្លើង លាន់ឮទៀតហើយ។

លីយ៉ានិងរីណាបានត្រឡប់មករៀនជាថ្មីដោយ ភាពសុខសប្បាយ ខណៈពេល

ទំនេរពីសិក្សា លីយ៉ាបានឆ្លៀតទៅមើលកន្លែងដែលសារ៉ាស្លាប់ ។

នាងគិតថា កាលនោះ បើកុំបានព្រលឹងសារ៉ាមកប្រាប់ កុំអីរីណា កើតរឿងធំមិនខាន

ពេលនេះនាងយល់ថាសារ៉ា ទៅកាន់សុគតិភព មែនហើយ ពេលដែលឃាតករ

ត្រូរកឃើញ។

ខ្យល់បក់មក វូៗ ខ្លាំងណាស់ លីយ៉ា បំបែរខ្លួនបម្រុងទៅថ្នាក់តែជួបវីរៈដែលកំពុង

ឈរញញឹមមកកាន់នាង។ ភ្លេចឲ្យឈឹង កាលយប់នោះ លីយ៉ាទើបតែដឹងថា អ្នកដែលហៅប៉ូលីសមក គឺវីរៈនេះឯង។ នាងក្រមុំសំដៅរកនាយរួចវាចា:

–          វីរៈ ! ខ្ញុំអរគុណនាយច្រើនដែលជួយទៅហៅប៉ូលីសមក កុំអីឃាតករ

ក៏ចាប់មិនបានដែរ។

–          មិនអីទេ ! វាគ្រាន់តែការជួយអាសាមិត្តភក្ដិប៉ុណ្ណោះ។ យប់នោះកុំអីក៏ខ្ញុំ

មិនដឹងដែរតែ ខ្ញុំឃើញលីយ៉ាឯង ដើរទៅសាលាស្ងាត់ៗតែឯងខ្ញុំសង្ស័យ

ភ្លាម ពេលទៅតាមក៏ឃើញរឿងមិនស្រួល ខ្ញុំក៏ទៅប្តឹងប៉ូលីសតែម្ដងទៅ។

ឥឡូវអ្នកទាំងគ្នា មិនកើតអីខ្ញុំសប្បាយចិត្តណាស់។

បន្លឺរួច វីរៈទាញដៃលីយ៉ា មកកាន់រួចដើរពីទីនោះទាំងរីករាយក្នុងចិត្តជាមួយផង។

ចប់ដោយបរិបូណ៌

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 10, 2013, in ឈាវ សំណាង, រឿងខ្លី and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: