រឿងខ្លី ទឹកភ្នែកមួយតំណក់(វគ្គ១)

ទឹកភ្នែកមួយតំណក់៣ copy

និពន្ធដោយ៖ លាក់ ម៉ាឡែន

នៅលើអាគារពីរជាន់ ហាក់បីដូចជាស្ងាត់ជ្រងំ មិនមានសំឡេងយំ តើទឹកអ្វី ដែលស្រក់នៅលើសៀវភៅរបស់យុវជន ដែលកំពុងដើរយឺតៗឈ្ងោកអានយ៉ាងយកចិត្តទុកដាក់នោះ?

បូរ៉ាគឺជាឈ្មោះអ្នកកំលោះ ដែលមានទឹកមុខស្រស់បស់ កាយវិការរហ័សរហួន ដងខ្លួនមាំមួន សមសួនជាអ្នករៀនសួត្របានចេះដឹងខ្ពង់ខ្ពស់។ យុវជនធ្វើការនៅអង្គការមួយជួយសង្គ្រោះកុមារក្រីក្រ។ មុនចុះមកបំពេញភារកិច្ច ថ្ងៃនេះអ្នកកំលោះចុះមកដើរលេងនៅក្នុងសាលាដើម្បីស្វែងយល់ពីទិដ្ឋភាព និងបរិយាកាសខ្លះនៅក្នុងសាលានេះ។ តែអ្វីដែលនាយប្រទះឃើញ គឺតំណក់ទឹកដែលស្រក់នៅលើសៀវភៅខ្លួន ហើយបន្ទាប់ពីងើយសម្លឹងទៅលើឃើញច្បាស់ជាយុវតីមួយរូប ដែលមានឯកសណ្ឋានជាគ្រូបង្រៀនរបស់សាលានេះ កំពុងតែឈរកាន់ភ្នាក់ដៃហាក់ស្រមៃទៅកាន់ទីណា យ៉ាងឯកា។ តើមានរឿងអ្វីកើតឡើង? អ្នកកំលោះបិទសៀវភៅ ក៏ស្ទុះវឹងឡើងទៅជាន់ទីមួយខាងលើ តែមិនបានឃើញអ្វីទាំងអស់ យុវជនបម្រុងដើរចុះត្រឡប់វិញ តែស្រាប់តែឃើញផ្លាកឈ្មោះមួយ ដែលធ្លាក់នៅទីនោះ។ នាយឱនរើស ហើយអាន​ តិចៗ ក៏ដាក់ក្នុងហោប៉ៅរបស់ខ្លួន ទើបចាកចេញពីទីនោះ។

ស្អែកឡើង បូរ៉ាបានជួបជជែកជាមួយលោកនាយកសាលាផ្ទាល់។ បន្ទាប់ពីជជែកហើយ លោកនាយកបានឱ្យបុគ្គលិកទៅអញ្ជើញអ្នកគ្រូម្នាក់ដែលយុវជនត្រូវធ្វើការជាមួយ។ លោកនាយកបន្លឺ៖

‑បន្តិចទៀតអ្នកគ្រូ ចាន់ ពេជ្ររ៉ានឹងមកជួបលោក

‑ចាន់ ពេជ្ររ៉ា!

‑យ៉ាងម៉េច លោកស្គាល់គាត់មែនទេ?

‑អូ! បាទអត់ទេ គ្រាន់តែឈ្មោះគាត់ប្រហាក់ប្រហែលនឹងមិត្តភក្តិខ្ញុំម្នាក់

‑ពេជ្ររ៉ា ជាគ្រូដែលមានអាយុក្មេងជាងគេនៅក្នុងសាលានេះ តែក្មេងស្រីនេះ ប្រឹងប្រែងធ្វើការ និងស្រឡាញ់អាជីពរបស់ខ្លួនណាស់ ហើយការងារ ដែលនាងព្រមធ្វើជួយលោកនេះ គឺនាងស្ម័គ្រចិត្តដោយខ្លួនឯងទេ

‑ចុះវាមិនប៉ះពាល់ដល់ការបង្រៀនក្រៅម៉ោងរបស់គាត់ទេអ្ហេ?

‑ប៉ះពាល់ អ៊ីចឹងហើយ ទើបខ្ញុំប្រាប់លោកថា នាងអាចធ្វើបានត្រឹមម៉ោងដប់មួយ ដល់ម៉ោងមួយ និងចាប់ពីម៉ោងប្រាំល្ងាចឡើងទៅ

‑មិនអីទេ! មានគាត់ជួយប្រសើរជាងគ្មាន

‑អូ! នាងអញ្ជើញមកដល់ហើយ……..ពេជ្ររ៉ា នេះលោកបូរ៉ា ធ្វើការនៅអង្គការកុមារជាទីសង្ឃឹម

‑ជម្រាបសួរលោក

‑បាទ! ជម្រាបសួរ

យុវជនលួចសម្លឹងផ្លាកឈ្មោះដែលយុវតីពាក់ ច្បាស់ណាស់ អ្នកគ្រូម្នាក់នេះ ពិតជាអ្នកគ្រូម្នាក់ដែលឈរយំនៅថ្ងៃនោះ។ តើថ្ងៃនោះមានរឿងអ្វីកើតឡើង? បូរ៉ាមានភារកិច្ចចុះតាមផ្ទះកុមារគោលដៅ ដែលមានជីវភាពក្រលំបាក តែដោយសារយុវជន ពុំសូវស្គាល់ទីតាំងភូមិសាស្រ្ត ទើបត្រូវការជំនួយពីសាលារៀន។

ពេជ្ររ៉ា មិនក្មេងប៉ុន្មានទេ នាងធ្វើគ្រូរយៈពេលប្រាំឆ្នាំហើយ។ ការងារជាគ្រូបង្រៀនធ្វើអ្វីខ្លះអ្នកដឹងទេ? យើងដឹងហើយ ថាប្រាក់ខែនៅពុំទាន់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពទេ តែយុវតីក៏មិនបានបន្ទោសនរណាដែរ ព្រោះមុនពេលនាងប្រឡងចូលធ្វើជាគ្រូ គឺនាងបានដឹងច្បាស់ពីស្ថានភាពនេះ។ បន្ទាប់ពីបង្រៀនក្នុងសាលា នាងត្រូវបង្រៀនគួរក្រៅម៉ោងទៀត ពេលនេះ នាងក៏ឆ្លៀតធ្វើការស្ម័គ្រចិត្តជួយដល់អង្គការ ក៏ដូចជាកូនខ្មែរ។ នេះជាមនសិការរបស់នាង ដែលធ្វើអ្វីដែលនាងអាចធ្វើ​   បាន។ បន្ទាប់ពីចេញពីបង្រៀនហើយ នាងក៏ចាប់ផ្តើមការងាររបស់ខ្លួននៅថ្ងៃដំបូង។

ទៅដល់ផ្ទះស្បូវដ៏តោកយ៉ាក ហើយកំពុងតែឮសំឡេងប្រតូងប្រតាំងគ្នាផងនោះ គ្រាន់តែចុះពីលើម៉ូតូមិនទាន់ មាណវីស្ទុះវឹងចូលទៅក្នុងដោយមិនមានខ្លាចញញើត៖

‑ឈប់សិនពូ!

ពេជ្ររ៉ាស្ទុះទៅកញ្ឆក់ក្មេងប្រុសជំទង់អាយុប្រមាណជាដប់បួនឆ្នាំចេញពីអង្រែ​ដែលបុរសវ័យកណ្តាលលើកឡើងប្រុងសំពងកូនខ្លួនឯង។ បូរ៉ាមិនទាន់បាននិយាយអ្វីទាំងអស់ តែនាយសម្លឹងសឹងចង់ធ្លុះទម្លុះទៅកាន់កាយវិការយុវតី ដែលលើកដៃបបោសសព្វកាយលើក្មេងប្រុស ដែលទឹកចិត្តនោះ ហាក់កម្របានជួបប្រទះខ្លាំងណាស់៖

‑មានត្រូវត្រង់ណាទេ? មិនអីទេមែនទេ?

‑អ្នកគ្រូមកធ្វើអីទៀតហើយ?

‑លោកពូ ហេតុអីក៏វ៉ៃសុខាទៀតហើយ?

‑ខ្ញុំប្រាប់ឱ្យវាទៅបេះត្រកួន តែវាមិនព្រមទៅហ្នឹងណា ចេះចង់ទៅតែរៀន ក្នុងផ្ទះរកអីស៊ីមិនបាន តើរៀនបានអីស៊ី?

មីងសុខ ជាប្រពន្ធពូឃា ដែលបីកូនទើបសម្រាលនៅក្បែរនោះ ស្រដីតបទាំងទឹកភ្នែករហាម៖

‑ខ្ញុំហាមគាត់ហើយអ្នកគ្រូ តែគាត់មិនស្តាប់ទេ​ តែអាខាវាក៏រឹងទៀត ខ្ញុំឱ្យវារត់ វាមិនរត់ទេ

‑ជម្រាបសួរ បងប្រុសបងស្រី

‑លោកគឺ!

‑ខ្ញុំមកពីអង្គការកុមារជាទីសង្ឃឹម តើខ្ញុំអាចជជែកជាមួយបងប្រុសបងស្រីបានទេ?

មីងសុខ និងពូខា មើលមុខគ្នាមួយសន្ទុះ។ យុវជនសម្លឹងយុវតី បំណងឱ្យនាងនាំសុខាចេញក្រៅសិន។ មួយសន្ទុះធំ មិនដឹងថា យុវជនម្នាក់នេះនិយាយអ្វីខ្លះទេ តែចំណែកយុវតីចេះតែស្រដីជាមួយសុខា ដែលពុំមានការឆ្លើយតប៖

‑ឯងប្រាប់អ្នកគ្រូមក ការពិតឯងនិយាថាឈប់រៀន គឺព្រោះតែបញ្ហានេះអ្ហេ? តែមិនអីទេ តែអ្នកគ្រូធ្លាប់ប្រាប់ឯងហើយ ពេលដែលពុកវ៉ៃគឺត្រូវតែរត់សិន មិនអាចឱ្យគាត់វ៉ៃបែបនេះទេ…….ក្រែងឯងចង់ជួយគ្រួសារ បើពុកឯងវ៉ៃស្លាប់ តើនរណានៅជួយម៉ែពុកឯងទៀត ហេតុអីក៏មិនស្តាប់ការទូន្មានអ្នកគ្រូអ៊ីចឹង?

‑……….សូមទោសអ្នកគ្រូ!

ពេជ្ររ៉ា ក្រសោបក្បាលសុខា ដែលយំអណ្តកអណ្តឺតមកឱប ទើបស្រដីត​បទាំងអួលដើមក៖

‑បានហើយៗ! លោកពូអម្បាញ់មិញ គាត់ទៅនិយាយជាមួយពុកម៉ែឯងហើយ ស្អែកនេះ ឯងអាចទៅរៀនបាន ថ្ងៃក្រោយមានរឿងអី ឯងត្រូវនិយាយប្រាប់អ្នកគ្រូ បើកុំតែអ្នកគ្រូមកដល់ទីនេះ ឯងដឹងទេថា អ្នកគ្រូគិតអ្វីខ្លះចំពោះឯង? សូមទោស! ដែលអ្នកគ្រូគិតថា ឯងជាក្មេងមិនល្អ ប្រដៅមិនស្តាប់ សូមទោស!

‑… ខ្ញុំមិនដែលខឹងអ្នកគ្រូទេ អ្នកគ្រូចិត្តល្អ…..អ្នកគ្រូចង់ឱ្យខ្ញុំល្អ

‑បានហើយ! គ្មានរឿងអីទៀតទេ……ឈប់យំទៅ

‑អ្នកគ្រូក៏ឈប់យំដែរ

‑អស់អីហើយ!

នេះឬ ជាទឹកចិត្តគ្រូចំពោះសិស្ស? អ្នកកំលោះ ដែលឈរសម្លឹងឆ្ពោះមិនដាក់ភ្នែកពីមាត់ទ្វារមក ទើបតែដឹងថា ការពិតទឹកចិត្តមេត្តានៅលើលោកនេះ ពិតជា​        មហិមាណាស់។ យុវតីយកដៃជូនទឹកភ្នែកសុខា ហើយក៏ជូតទឹកភ្នែកខ្លួនឯងដែរ។ យុវជនដើរសន្សឹមៗចូលទៅ៖

‑ជម្រាបសួរពូទៅ

‑ជម្រាបសួរពូ

‑បាទ!

‑តើគាត់យល់ព្រមឱ្យសុខាទៅរៀនទេលោក?

‑គាត់យល់ព្រមហើយ

‑លោកពូម្នាក់នេះជានរណាអ្នកគ្រូ?

‑គាត់ធ្វើការនៅអង្គការ គាត់មកជួយឯងហើយ ថ្ងៃក្រោយមានរឿងអី​ ឯងមកប្រាប់អ្នកគ្រូក៏បាន ទៅប្រាប់គាត់ក៏បាន ឃើញទេ អ្នកគ្រូប្រាប់ឯងហើយ ឱ្យតែឯងប្រឹងប្រែង គ្មានអ្នកណាបោះបង់ឯងចោលទេ

‑ពូ! ខ្ញុំអរគុណ

‑មិនអីទេ! តែថ្ងៃក្រោយមានរឿងអី ឯងប្រាប់អ្នកគ្រូទៅបានហើយ ឱ្យតែឯងចង់រៀន ពូប្រាកដជាជួយឯង

‑បាទពូ

‑បានហើយ! អ្នកគ្រូទៅវិញហើយណា កុំភ្លេចធ្វើលំហាត់សាលាផង

‑បាទ! ជម្រាបលាពូ ជម្រាបលាអ្នកគ្រូ

មកដល់ជិតរបងសាលា យុវជនបន្ថយល្បឿនម៉ូតូ៖

‑អ្នកគ្រូ ខ្ញុំមានការចង់និយាយ ចូលក្នុងសាលាមួយភ្លែតទៅ

‑ចាស!

បន្ទាប់ពីដាក់ម៉ូតូស្រួលបួលហើយ យុវតីស្រដី៖

‑លោកមានការអីមែនទេ?

‑អង្គុយសិនទៅ………ខ្ញុំចង់ឱ្យអ្នកគ្រូសរសេរពីជីវិតសុខា

‑សរសេរពីជីវិតសុខា?

‑បាទ! តាមអាយុសុខាគួរតែរៀនថ្នាក់ទីប្រាំបីហើយ

‑ពិតមែនហើយ តែលោកបានឃើញហើយ ថាស្ថានភាពគ្រួសារគេយ៉ាងម៉េច

‑អ៊ីចឹងហើយ ទើបខ្ញុំចង់ឱ្យអ្នកគ្រូសរសេរពីជីវិតតស៊ូរបស់គេ តែបើអ្នកគ្រូមិនមានពេល ក៏មិនអីដែរ

‑មិនអីទេ ខ្ញុំអាចសរសេរបាន

‑អ្នកគ្រូ…!

‑លោកមានការអីទៀត មែនទេ?

‑អូគ្មានទេ!

‑អ៊ីចឹងខ្ញុំលាលោកទៅផ្ទះហើយ

‑បាទអញ្ជើញ ថ្ងៃស្អែកជួបគ្នា

‑ស្អែកជួបគ្នា

ថ្ងៃទីមួយបានកន្លងទៅ ប្រុសពៅនៅដក់ជ្រៅនូវរឿងរ៉ាវ ដែលកើតឡើងកាលពីល្ងាចនៅឡើយ។ យុវជនដើរចេញពីមុខកុំព្យូទ័រ ដើរមកឈរនៅមាត់បង្អួចសម្លឹងមើលព្រះចន្ទពេញបូរមី ហេតុអ្វីក៏ស្រមៃឃើញតែទិដ្ឋភាព ដែលស្រស់ស្រីគ្មានការភិតភ័យ​ក្នុងការចូលទៅឃាត់ឪពុកក្មេងដែលកាន់អង្រែនោះ។ យុវជនរអ៊ូតិចតែម្នាក់ឯង៖ “ល្ងាចមិញ នាងយំព្រោះតែសិស្ស ចុះទឹកភ្នែកមួយតំណក់នៅថ្ងៃនោះ នាងយំព្រោះអ្នកណា?…..បូរ៉ាៗៗ….ម៉េចក៏មកឈឺក្បាលរឿងហ្នឹងទៅវិញ គួរតែគិតដោះស្រាយរឿងបញ្ហាក្មេងៗ ផ្តេសផ្តាសមែន”។ អ្នកកំលោះយកដៃឈ្លីក្បាល ក៏ដើរទៅអង្គុយពីមុខកុំព្យូទ័ររបស់ខ្លួនវិញ។

ពេជ្ររ៉ាមកដល់ផ្ទះយប់ទៀតហើយ តែអ្វីដែលនាងឮហើយ ហាក់ដូចជាស៊ាំនោះ គឺសំឡេងរបស់ម៉ែនាង។ មើលចុះ គ្រាន់តែដាក់ជន្ទល់ម៉ូតូមិនទាន់ស្រួលបួលផង មីងរីក៏បន្លឺឡើង៖

‑ម៉េចក៏យប់ម្ល៉េះ? សង្ស័យធ្វើការអាស្ម័គ្រចិត្តនោះឯង ខ្លួនឯងជួយមិនទាន់រួចផង នៅទៅជួយគេទៀត

‑គ្រាន់តែជួយសង្គមខ្លះតើម៉ែ

‑អើជួយទៅ! ខ្លួនស្រីផង ចូលផ្ទះយប់ព្រលប់ អ្នកជិតខាងមើលមកមិនល្អប៉ុន្មានទេ អាយុប៉ុននេះហើយ ប្រយ័ត្នអត់ប្តីទៅ

‑បើអត់ប្តី នៅជាមួយម៉ែទៅមិនល្អទេអ្ហេ?

‑មើលវានិយាយ

‑ឆាប់ទៅផ្លាស់ខោអាវទៅ នឹងមកញ៉ាំបាយ

‑ចាស!……………..

បន្ទាប់ពីផ្លាស់សម្លៀកបំពាក់ហើយ យុវតីក៏ចេញមកបរិភោគបាយជាមួយ    ម្តាយមេម៉ាយរបស់ខ្លួន។ មីងរីបន្លឺ៖

‑ថ្ងៃមិញនេះ បងឯងគេមកលេង

‑តើគាត់សុខសប្បាយទេម៉ែ?

‑មិនជាសុខ ឮថាអាកូនបងវានោះ ទៅវ៉ៃគេបែកមុខបែកមាត់ ទើបគេមកដើម្បីខ្ចីលុយឯងទៅសងជងម្ងឺចិត្តឱ្យគេ

‑ខ្ចីលុយអ្ហេ?

‑ឯងមាន ឱ្យគេខ្លះទៅ

‑តែមួយខែមុន គាត់ទើបតែខ្ចីតើ

‑មិនដឹងធ្វើម៉េចទេ

‑ប៉ុន្មានម៉ែ?

‑បីលានរៀល

‑បីលានអ្ហេ! តែពេលនេះ សូម្បីតែមួយម៉ឺន ក៏ខ្ញុំគ្មានដែរ

‑ម៉ែក៏ស្មានដឹងដែរ តែម៉ែបានប្រាប់វាហើយ ថា​ឯងទើបតែទិញម៉ូតូ ប្រហែលជាគ្មានសល់លុយទេ តែវាប្រាប់ថា ឱ្យប្រាប់ៗឯងទៅ

‑ម៉ែប្រាប់ទៅ ថាពេលនេះ ខ្ញុំជួយគាត់មិនបានទេ

‑អើ! ចាំម៉ែប្រាប់ឱ្យ

បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចហើយ ត្រាណត្រើយពេជ្ររ៉ាមិនទាន់ចូលនិទ្រានៅឡើយទេ នាងឆ្លៀតពេលសរសេរពីជីវិតសុខា និងធ្វើការងារសាលាខ្លះទៀត ពិសេសគឺត្រៀមកិច្ចការត្រូវបង្រៀននៅថ្ងៃស្អែក។

ថ្ងៃនេះ បន្ទាប់ពីចេញពីបង្រៀនពេលថ្ងៃត្រង់ហើយ យុវតីត្រូវទៅបន្តការងារស្ម័គ្រចិត្តរបស់ខ្លួនទៀត តែមុនទៅនាងត្រូវត្រឡប់មកផ្ទះសិនដើម្បីញ៉ាំអាហារថ្ងៃត្រង់ គ្រាន់តែចុះពីលើម៉ូតូភ្លាម សំឡេងបងស្រីនាងក៏បន្លឺឡើង៖

‑យ៉ាងម៉េចគ្រាន់តែបងសុំខ្ចីលុយប៉ុណ្ណឹងមិនបានទេអ្ហេ?

‑បងរ៉ាន់!

‑បងទាល់ ទើបបងមករកឯង

‑តែពេលនេះ ខ្ញុំគ្មានលុយទេ

‑លក់ម៉ូតូសិនទៅ

‑មិនបានទេ!

‑តែដារ៉ូជាក្មួយបង្កើតឯងណា ឯងដាច់ចិត្តឃើញវាចូលគុកអ្ហេ?

‑មិនដាច់ចិត្តក៏ត្រូវតែដាច់ចិត្តដែរ នេះមិនមែនជាលើកទីមួយទេ វាអាយុជិតម្ភៃឆ្នាំហើយ វាអាចគិតខ្លួនឯងបានហើយ បើវាធ្វើខុស ឱ្យវាដេកគុកទៅ

‑ម៉េចក៏ឯងពោលពាក្យនេះ ម៉ែ! មើលកូនស្រីម៉ែឯងទៅ

‑បានហើយ! បើពេជ្ររ៉ាថាវាមិនមាន ឯងទៅរកខ្ចីគេផ្សេងទៅ

‑តែខ្ញុំទៅអស់ហើយ ពេជ្ររី ចិន្តា សុទ្ធតែមិនព្រមជួយខ្ញុំ ពេជ្ររ៉ាបងសូមអង្វរឯង ឯងជួយបងទៅ

‑ខ្ញុំសូមអង្វរបងដូចគ្នា ម៉ូតូនេះ ជាទ្រព្យចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំប្រើវាជាមធ្យោបាយទៅមក បើខ្ញុំលក់ ខ្ញុំបានអីជិះទៅធ្វើការ ទៅបង្រៀនគួរយកលុយនោះ បានហើយ ខ្ញុំឈប់និយាយជាមួយបងហើយ ខ្ញុំទៅធ្វើការវិញ

ពេជ្ររ៉ាឡើងម៉ូតូបម្រុងជិះ តែវីរ៉ាន់បែរជារត់ទៅឈរពីមុខម៉ូតូ ព្រមទាំងលើកដៃសំពះឡើង៖

‑ពេជ្ររ៉ា បងសុំឱ្យឯងជួយតែម្តងទៀតទេ បងសុំអង្វរ បងលុតជង្គង់អង្វរឯងក៏បាន ឱ្យតែឯងជួយបងម្តងនេះ​ ថ្ងៃក្រោយមានរឿងអ្វី ក៏បងមិនបង្កការលំបាកដល់ឯងទៀតដែរ បងសុំអង្វរ

នៅទីបំផុតមនោសញ្ចេតនាបងប្អូននៅតែមិនអាចកាត់ផ្តាច់ យុវតីសម្រេចដើរចេញពីម៉ូតូ ក្នុងក្រសែភ្នែកមិនដាច់អាល័យ។ ស្រស់ស្រីសូម្បីតែអាហារថ្ងៃត្រង់ក៏ពុំទាន់បានទទួលទានដែរ នាងដកដង្ហើមធំនៅលើដងផ្លូវ ស្រាប់តែសម្លឹងទៅ ឃើញយុវជនបូរ៉ាកំពុងតែញញឹមស្រស់មករកខ្លួន។ យុវជនឈប់ម៉ូតូង៉ក់ ទើបបន្លឺ៖

‑យ៉ាងម៉េចហើយ មិនទៅជាមួយខ្ញុំទេអ្ហេ?

សូមរង់ចាំវគ្គ២

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 17, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: