រឿងខ្លី ទឹកភ្នែកមួយតំណក់(វគ្គ២)

ទឹកភ្នែកមួយតំណក់ copy

និពន្ធដោយ៖ លាក់ ម៉ាឡែន

‑តែពេលនេះ

‑មិនអីទេ ជិះជាមួយខ្ញុំមក

‑មិនសមទេ

‑សមឬមិនសមអី ពួកយើងទៅធ្វើការងារណា ឬនាងលែងចង់ធ្វើការងារនេះហើយ?

‑អត់ទេ!

‑អ៊ីចឹង ចាំអីទៀត ឆាប់ឡើងមក

‑ចាស!

‑ទប់ឱ្យជាប់ណា

ហេតុអ្វីក៏បូរ៉ាមិនសួរពេជ្ររ៉ាមួយម៉ាត់ នៅពេលដែលឃើញនាងដើរបែបនេះហើយ? ទៅដល់ផ្ទះស្លឹកដ៏ទ្រុឌទ្រោម យុវតីដើរចូលដោយរាក់ទាក់៖

‑ជម្រាបសួរអ្នកមីង!

‑អូ! ជម្រាបសួរអ្នកគ្រូ!

‑ខ្ញុំនាំអ្នកតំណាងអង្គការ ដែលជួយផ្គត់ផ្គង់តារា មកជួបអ្នកមីង

‑ជម្រាបសួរអ្នកមីង

‑ចាស! អញ្ជើញអង្គុយសិនមក………ចាំខ្ញុំទៅយកទឹកមកជូន…………អ្នកគ្រូអើយ តារាសព្វថ្ងៃវារឹងក្បាលណាស់ បង្ខំវាយ៉ាងណា ក៏វាមិនចង់ទៅរៀនដែរ ឱ្យតែភ្លេចខ្លួន គឺគ្រូប្រចាំថ្នាក់វាទាក់ទងមកហើយ

‑ចុះពេលនេះ គេនៅឯណាមីង? (យុវតីសួរ)

‑វានៅក្រោយផ្ទះឯណោះ

‑អ៊ីចឹងខ្ញុំទៅជួបគេ លោកជជែកជាមួយគាត់ចុះ

ពេជ្ររ៉ាទៅក្រោយផ្ទះ ក៏ឃើញតារាកំពុងលេងកាណូត៖

‑សួស្តីតារា!

‑ជម្រាបសួរអ្នកគ្រូ ខ្ញុំឈប់រៀនហើយ អ្នកគ្រូមិនបាច់មកតាមខ្ញុំទេ

‑បានតើ! តែអ្នកគ្រូសុំនិយាយជាមួយបន្តិចបានទេ

‑អ្នកគ្រូមានការអីមានប្រសាសន៍មក

‑អ្នកគ្រូបានទៅជួបគ្រូឯង ទើបបានដឹងថា បំណងប្រាថ្នាឯង ចង់ធ្វើជាគ្រូបង្រៀនមែនទេ?

‑បាទ!

‑តែពេលនេះ ឯងរៀនថ្នាក់ទីប៉ុន្មានហើយ?

‑ខ្ញុំរៀនថ្នាក់ទីបីហើយ

‑អ៊ីចឹងឯងធ្វើម៉េចក្លាយជាគ្រូបង្រៀន?

‑ពេលធំឡើងខ្ញុំទៅប្រឡងទៅបានហើយ

‑គ្មាននរណាគេឱ្យឯងប្រឡងទេ បើឯងរៀនមិនចប់ថ្នាក់ទីដប់ពីរនោះ

‑តែពូសឿតនៅជិតផ្ទះខ្ញុំគាត់ថា មិនចាំបាច់រៀនអីទេ ធំឡើងចង់ទៅប្រឡងក៏បានដែរ

‑មិនបានទេ! ពូសឿតនិយាយមិនត្រូវទេ

‑អ្នកណាថា ម៉ែថា ឱ្យស្តាប់សំដីមនុស្សចាស់ ដូចនេះពូសឿតជាមនុស្សចាស់ គាត់ប្រាកដជានិយាយត្រូវ ខ្ញុំត្រូវតែជឿគាត់អ៊ីចឹងហើយ

‑អ៊ីចឹង! យើងទៅជួបពូសឿតទាំងអស់គ្នាទៅ បើពូសឿតពិតជានិយាយដូចដែលឯងថាមែន អ្នកគ្រូលែងមកទីនេះបបួលឯងទៅរៀនទៀតហើយ

‑ពិតមែនអ្ហេ!

‑តែបើពូសឿត និយាយខុសនោះ ឯងត្រូវទៅរៀនវិញ

‑អ៊ីចឹងក៏បាន

យុវតីនិងតារានាំគ្នាមកជួបពូសឿតមែន។ ពូសឿតញញឹមស្ញេញស្ញាញ ទើបស្រដីឡើង៖

‑តារាអើយតារា! ថ្ងៃនោះពូនិយាយលេងតើ ចង់ធ្វើគ្រូ មិនមែនអត់រៀនដូចឯងសព្វថ្ងៃនេះទេ ទាល់តែគេរៀនចប់ទីដប់ពីរឯណោះ ទើបគេមានសញ្ញាបត្រទៅដាក់ពាក្យប្រឡងបាន

‑អ៊ីចឹងពូកុហកខ្ញុំ

‑ពូសូមទោសណា

ពេជ្ររ៉ាញញឹម ហើយក៏លាពូសឿតត្រឡប់មកផ្ទះតារាវិញ។ យុវវ័យទាំងពីរក៏លាម្ចាស់ផ្ទះដ៏ទ្រុឌទ្រោមត្រឡប់វិញ។ គ្រាន់តែដើរមកដល់ម៉ូតូ ពោះរបស់យុវតីក៏ចាប់ផ្តើមថ្ងូរឡើង៖

‑យ៉ាងម៉េចហើយ?

‑ចាសមិនអីទេ ពួកយើងទៅៗ

មកតាមផ្លូវមានភោជនីយដ្ឋានមួយ យុវជនក៏ឈប់នៅទីនោះ៖

‑ពួកយើងចូលធ្វើអី?

‑ខ្ញុំឃ្លានហើយ ថ្ងៃមិញបន្ទាន់ពេក មិនបានញ៉ាំអាហារថ្ងៃត្រង់ទេ ខ្ញុំដឹង នាងក៏ប្រហែលជាអត់ដែរ ញ៉ាំសិនទៅ ចាំទៅធ្វើការបន្ត

បន្ទាប់ពីអាហារពេញតុហើយ ទាំងពីរនាក់ក៏ស្រស់ស្រូបយ៉ាងរីករាយ។ ឥឡូវយុវជនឈប់ហើយ តែយុវតីនៅតែបន្ត ទំហឹងឃ្លានដូចជាមិនទាន់បាត់នៅឡើយ។ ហាក់បីដូចជាដឹងថា អ្នកកំលោះកំពុងសម្លឹងមើលខ្លួន ពេជ្ររ៉ាក៏វាចាឡើង៖

‑លោកឆ្អែតហើយអ្ហេ?

‑ឆ្អែតហើយ នាងតាមសម្រួលទៅ

‑អ៊ីចឹងខ្ញុំមិនទើសទាល់ទេ

គ្រប់កាយវិការស្រីម្នាក់នេះ គឺមិនទើសទាល់ មិនភ័យខ្លាច ស្មោះត្រង់ ត្រឹមត្រូវ ធ្វើអ្វីមានគោលដៅច្បាស់លាស់ ពិសេសស្ទើរតែស្រស់បស់គ្រប់ពេលវេលា តែឱ្យតែនឹកនានៅថ្ងៃនោះ ហេតុអ្វីក៏ទឹកភ្នែកមួយតំណក់នោះ ស្រក់ចេញពីភ្នែករបស់នាង?៖

‑លោកគិតអីអ្ហេ?

‑អត់ទេ! ត្រូវហើយ សុខាទៅរៀនហើយមែនទេ

‑ចាសទៅហើយ

‑មើលទៅនាងយកចិត្តទុកដាក់ជាមួយគេណាស់

‑មិនណាស់ណាទេ គ្រាន់តែនៅក្នុងថ្នាក់ គេជាសិស្សដែលឆ្លាត ប្រឹងប្រែង និងលំបាកជាងគេ ពិសេសខ្ញុំដឹងថា គេចូលចិត្តការរៀនសូត្រ ទើបមិនចង់ឱ្យគេបាត់បង់ឱកាស

‑តើមានគ្រូប៉ុន្មាននាក់ ដែលដូចជានាង?

‑កុំនិយាយអ៊ីចឹងអី ធ្វើជាគ្រូសុទ្ធតែមានចិត្តមេត្តា ទាស់ថាមានតិចឬច្រើនប៉ុណ្ណោះ

‑តែនាងមានច្រើនណាស់

‑អរគុណហើយ ខ្ញុំក៏សង្ឃឹមថាបែបនេះជារៀងរហូតដែរ

‑មានន័យថាម៉េច?

‑គ្មានអីទេ! គ្រាន់តែគ្រប់យ៉ាងនៅលើលោកនេះ សុទ្ធតែប្រែប្រួល ដូចនេះ ខ្ញុំក៏ភ័យខ្លាចថា ថ្ងៃណាមួយ ខ្ញុំអាចនឹងប្រែប្រួលដែរ

‑មិនសូវយល់ទេ

‑លោកមកធ្វើជាគ្រូដូចជាខ្ញុំទៅ លោកនឹងយល់ហើយ

យុវវ័យទាំងពីរសើចឃឹកព្រមគ្នា បន្ទាប់មកអ្នកកំលោះបន្ត៖

‑ចុះម៉ូតូនាង?

‑ខ្ញុំឱ្យបងស្រីខ្ញុំយកទៅលក់ហើយ

‑នាងបានអីជិះទៅបង្រៀន?

‑មិនអីទេ ខ្ញុំជិះកង់សិន ចាំរកលុយបានចាំទិញទៀតទៅ………

យុវជនឃើញច្បាស់ណាស់ នៅពេលនាងដើរចេញពីម៉ូតូមក គឺទឹកមុខក្រៀមក្រំ និងសោកសៅ តែពេលនេះស្រីពៅ ស្រដីទៅរកឆោមឆ្លៅហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង។ អ្នកកំលោះមិនអស់ចិត្ត គិតមិនលេចចេះតែសម្លឹងមុខយុវតី៖

‑មុខខ្ញុំប្រឡាក់អីអ្ហេ?

‑……….អូ…….គ្មានទេ!

‑ពួកយើងល្មមទៅវិញហើយនៅ

‑ត្រូវហើយ!

‑មួយពេលនេះ លោកចេញសិនទៅ ពេលនេះ ខ្ញុំគ្មានលុយទេ ចាំបើកប្រាក់ខែខ្ញុំសងលោកវិញ

‑មិនអីទេ

បម្រុងស្ទុះដើរចេញមក ស្រាប់តែវ៉ាក់អឺនឹងបុរសម្នាក់។ យុវតីស្រឡាំងកាំង តែយុវជនម្នាក់នោះ បែរជាដើរចូលមក៖

‑សួស្តីពេជ្ររ៉ា! បែកគ្នាយូរហើយ នាងសុខសប្បាយទេ?

‑ចាស…………..សុខសប្បាយ!

‑គេគឺជាសង្សារ ឬស្វាមីនាង?

បូរ៉ាងាកមកសម្លឹងយុវតី ដែលហាក់ស្រដីតបមិនចេញ ហើយជម្នះតបទាំង      រអាក់រអួល៖

‑មិនមែនទេ! គាត់ជាមិត្តរួមការងាររបស់ខ្ញុំ ពួកខ្ញុំទៅវិញហើយ តោះពួកយើង

យុវតីដើរចេញពីយុវជនម្នាក់នោះ តែទឹកមុខមិនស្រស់បស់ដូចមុនឡើយ បូរ៉ាស្រដីដោយងឿងឆ្ងល់៖

‑មិនអីទេអ្ហេ?

‑ពួកយើងឆាប់ចេញទៅ

……………………………………………………………………………………

ពីរមួយថ្ងៃទៅមួយថ្ងៃ ការងារប្រុសស្រីមួយគូនេះកាន់តែរលូន ហើយចុះសម្រុងនឹងគ្នាថែមទៀតផង។ តែឱ្យតែនឹកឃើញភាពមួរហ្មងរបស់យុវតីនៅថ្ងៃនោះ អ្នកកំលោះក៏ចេះតែមានសំនួរឡើង៖ “តើអ្វីជាដើមហេតុនៃទឹកភ្នែកមួយតំណក់នោះ? ស្នេហា ឬមួយក៏ការងារ? ត្រូវយំនាងយំ ត្រូវសើចនាងសើច តែថ្ងៃនោះ ហេតុអ្វីក៏នាងយំក្នុងបរិយាសកាសបែបនោះទៅវិញ? មិនសមនឹងចរិតរបស់នាងទេ! ពេជ្ររ៉ា តើក្នុងចិន្តារបស់នាង មានរឿងអ្វីខ្លះ? ខ្ញុំចង់ដឹងពីដើមហេតុនៃទឹកភ្នែកមួយតំណក់នោះ”។

ខែនេះបង្រៀនល្ងាច ដល់ម៉ោងចេញហើយ តែជាធម្មតា អ្នកគ្រូម្នាក់នេះ តែងតែយឺតយ៉ាវក្នុងការចេញពីថ្នាក់រៀន។ បន្ទាប់ពីរៀបចំទុកដាក់របស់របរបង្រៀនរួចរាល់ និមលដើរចេញមកបម្រុងបិទទ្វារ ក៏ប្រទះនឹងយុវជនពីថ្ងៃមុន៖

‑លោកសុខុម!

‑ពួកយើងនិយាយគ្នាបន្តិចបានទេ?

‑លោកមានការអី? ចុះទៅចាំខ្ញុំខាងក្រោមសិនទៅ

យុវជនសុខុម ឈរចាំរហូតយុវតីចុះមកជួបខ្លួន។ អ្នកទាំងពីរអង្គុយនៅលើកៅអីបង់ម្ខាងម្នាក់។ យុវតីស្រដី៖

‑លោកមានការអីមែនទេ?

‑ខ្ញុំមកពីអូស្រ្តាលីលើកនេះ មិនត្រឡប់ទៅវិញទេ តើមនុស្សប្រុសម្នាក់ នៅថ្ងៃនោះ ជានរណា?

‑ខ្ញុំប្រាប់លោកហើយ គាត់ជាមិត្តរួមការងារជាមួយខ្ញុំ

‑ប៉ុន្តែពីមុន បើត្រឹមតែជាមិត្ត នាងមិនដើរជាមួយស្និទ្ធស្នាលយ៉ាងនេះទេ

‑គ្រប់យ៉ាងតែងតែប្រែប្រួល ល្ងាចណាស់ហើយ ខ្ញុំត្រូវទៅធ្វើការទៀត ខ្ញុំទៅមុនហើយ

‑ពេជ្ររ៉ា!………..ការពិត ខ្ញុំមិនបានរៀបការទេ ខ្ញុំនៅតែស្រឡាញ់នាង

ប្រយោគនេះ ធ្វើឱ្យយុវតីទុចង៉ក់ បេះដូងចាប់ផ្តើមដង្ហក់ញាប់ជាងមុន តែមិនទាន់បានតបផង អ្នកកំលោះក៏បន្ត៖

‑ពួកយើងចាប់ផ្តើមសារថ្មីទៅបានទេ?

នៅតែមិនមានសំឡេងតប តែទ្រូងចប់ប្រប់ខ្លាំងណាស់៖

‑បងដឹង! ពេលនោះ បងឆេវឆាវ ធ្វើឱ្យអូនពិបាកចិត្ត តែពេលបងទៅដល់ទីនោះ ទើបបងដឹងថា បងមិនអាចរស់ដោយគ្មានអូនបានទេ បងដឹងថាអូននៅខឹង ដូច្នេះហើយ ទើបពីរឆ្នាំមកនេះ បងមិនហ៊ានទាក់ទងមកអូន ឱ្យបងសូមទោស!  ពួកយើង………

‑បានហើយ! ពួកយើងមិនអាចដូចដើមទេ

ពេជ្ររ៉ាម៉ឺងម៉ាត់និយាយបែរខ្នង តែទឹកមុខនាង បូរ៉ាជាអ្នកមើលឃើញ យុវជនដឹងថា ស្រស់ស្រីជីវា មិនអាចទ្រាំស្តាប់តទៅបានទេ ទើបមាសមេដើរចូលមកធ្វើហាក់ដូចជាមិនដឹងរឿង៖

‑នាងនៅទីនេះទេអ្ហេ ខ្ញុំខំតែដើររក លោកគឺ!

‑ពួកយើងទៅ

ពេជ្ររ៉ាចាប់ដៃស្តាំបូរ៉ាជាប់ នាងសម្លឹងមុខយុវជន បំណងឱ្យអ្នកកំលោះនាំនាងចេញពីទីនោះ បូរ៉ាលើកដៃឆ្វេងផ្ទប់ពីលើដៃនាង បន្លឺទៅកាន់សុខុម ទើបដើរចេញទៅ៖

‑ខ្ញុំទៅសិនហើយលោក

មកដល់មាត់ផ្លូវ យុវតីព្រលែងដៃពីយុវជន ហើយស្រដីទាំងរអាក់រអួល៖

‑សូម…ទោស!

‑មិនអីទេ!……សង្សារនាងមែនទេ?

‑សង្សារចាស់ តែឥឡូវមិនមែនទេ

‑គេមករកនាងធ្វើអី?

មិនឆ្លើយ តែមាណវីសម្លឹងមាណពយើងមិនដាក់ភ្នែក។ អ្នកកំលោះយកដៃអេះក្បាល ទើបស្រដីតប៖

‑មិនគួរសួរទេ…………ពួកយើងល្មមទៅហើយ………..តោះ! ឆាប់ឡើងម៉ូតូមក

យុវវ័យទាំងពីរបំពេញការងាររបស់ខ្លួនដូចធម្មតា តែថ្ងៃនេះ ស្រស់ស្រីជីវា ហាក់គ្មានកម្លាំង និងភាពស្រស់ស្រាយទាល់តែសោះ។ យុវជនលើកដៃទៅចាប់ស្មាទាំងគូរបស់នាង ហើយរុញទៅអង្គុយលើគ្រែអ្នកស្រុកដែលពួកគេចុះទៅ៖

‑លោកធ្វើអី?

‑ថ្ងៃនេះ នាងគ្រាន់តែអង្គុយបានហើយ ទុកឱ្យខ្ញុំជាអ្នកធ្វើ

‑មិនអីទេ

‑អង្គុយទៅ

ពេជ្ររ៉ាអង្គុយសម្លឹងមើលទៅយុវជនរហូត។ បន្ទាប់ពីជជែកជាមួយអាណាព្យាបាល បូរ៉ាក៏ទៅជជែកជាមួយក្មេងៗប្រាំទៅប្រាំមួយនាក់ ដែលមានផ្ទះនៅក្បែរនោះ។ ស្នាមញញឹមនិងកាយវិការដ៏រស់រវើក ហាក់កម្រើកដល់បេះដូងយុវតីឱ្យប្រមូលស្មារតី​មកយកចិត្តទុកដាក់សម្លឹងមើលទៅតែយុវជន ហើយក៏ញញឹមឡើង។ គ្រាន់តែអើតឃើញ មាណវីញញឹម បូរ៉ាក៏ប្រាប់ឱ្យក្មេងៗទាំងនោះទៅអូសនាងមក។ មួយរយៈនេះ ធ្វើការរហូត ដល់ពេលដែលត្រូវបង្កើតភាពរីករាយខ្លះហើយ យុវវ័យទាំងពីរនេះ ទុកការងារមួយដុបសិនហើយ គេនាំគ្នាលេងបីដកមួយជាមួយក្មេងៗយ៉ាងសប្បាយរីករាយ។

ល្ងាចណាស់ហើយ ពួកគេក៏លាអ្នកស្រុក និងក្មេងៗត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវ មេឃក៏ចាប់ផ្តើមខ្មៅងងឹត អ្នកកំលោះឈប់ម៉ូតូ៖

‑ពួកយើងពាក់អាវភ្លៀងសិនទៅ

បន្ទាប់ពីពាក់ខ្លួនឯងរួចហើយ ក៏ក្រលេកមកយុវតី ដែលរៀបបម្រុងនឹងពាក់មួកសុវត្ថិភាពហើយនោះ៖

‑ឈប់សិន!………….មិនទាន់ចងខ្សែផងហ្នឹង

‑មិនចាំបាច់ទេ

‑មិនអីទេ! នៅឱ្យស្ងៀមទៅ

អ្នកកំលោះចងខ្សែអាវភ្លៀងឱ្យយុវតីរួច ក៏លើកមួកមកពាក់ឱ្យនាង។ កែវភ្នែកដ៏មុតស្រួច មិនបានលាក់លួចក្នុងការសម្លឹងនោះទេ តែប្រុសមាសមេពិតជាសម្លឹងនាងដោយឥតញញើតដល់ម្ចាស់នេត្រា តើដួងចិន្តាវង្វេងទៅណាហើយ? ត្រាណត្រើយមិនទាន់បានងាកចេញផង ស្រាប់តែភ្លៀងធ្លាក់ឈូ៖

‑ពួកយើងឆាប់ទៅ (មាណវីស្រដី)

សូមរង់ចាំវគ្គ៣

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 24, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: