រឿងខ្លី ទឹកភ្នែកមួយតំណក់(វគ្គ៣ចប់)

ទឹកភ្នែកមួយតំណក់1២ copy copy

និពន្ធដោយ៖ លាក់ ម៉ាឡែន

បូរ៉ាញញឹម ពួកគេក៏បន្តដំណើរទៅមុខទៀត។ រន្ទះខ្លាំងភ្លៀងក៏ខ្លាំង បូរ៉ាមិនអាចបើកម៉ូតូតស៊ូប្រឆាំងនឹងតំណក់ភ្លៀងបានទៀតទេ មានតែចុះជ្រកនៅផ្ទះអ្នកស្រុកសិនហើយ៖

‑សូមទោស! មានអ្នកណានៅផ្ទះទេ?

‑អ្នកណាហ្នឹង? (ពូសំម្ចាស់ផ្ទះឈួលពិលចេញមក)

‑ជម្រាបសួរលោកពូ ភ្លៀងខ្លាំងពេក ពួកខ្ញុំសុំផ្ទះលោកពូជ្រកផងបានទេ?

‑អើ! មិនអីទេ ក្មួយចូលទៅក្រោមផ្ទះទៅ

‑បាទអរគុណ!

ពូសំនិយាយហើយ គាត់ក៏ឡើងទៅលើផ្ទះវិញ យុវជនស្រដីទៅកាន់យុវតី៖

‑ត្រជាក់ទេ!

‑មិនអីទេ!

‑អង្គុយលើគ្រែទៅ

‑ចាស!

បូរ៉ាដោះមួក ដោះអាវភ្លៀងចេញ រួចក៏សម្លឹងទៅយុវតី ដែលអង្គុយស្ងៀម៖

­‑លោកញញឹមអី?

‑នាងចង់អង្គុយបែបនេះរហូតអ្ហេ?

‑យ៉ាងម៉េច?

‑មើលទៅ នាងនៅជាមួយក្មេង ភ្លេចថាខ្លួនឯងចាស់ហើយ

‑លោកធ្វើអី?

‑នៅឱ្យស្ងៀមទៅ

ហេតុអ្វីក៏ត្រូវស្តាប់តាមបញ្ជាអ្នកកំលោះម្នាក់នេះ? បន្ទាប់ពីយុវជនដោះមួកឱ្យរួចហើយ នាងក៏តបយ៉ាងលឿន៖

‑ខ្ញុំដោះខ្លួនឯងបានហើយ

ពេជ្ររ៉ាដោះអាវភ្លៀងបណ្តើរ សម្លឹងយុវជន ដែលដើរទៅអង្គុយលើគ្រែបណ្តើរ អ្នកកំលោះស្រដី៖

‑នាងរងាទេ?

‑អត់ទេ!

‑បើនាងនៅស្រឡាញ់គេ ហេតុអីមិនលើកលែងទោសឱ្យគេទៅ?

‑លោកចាប់ផ្តើមចេះដឹងរឿងគេ តាំងពីពេលណាមក?

‑សូមទោស! តែខ្ញុំឃើញនាងមិនសប្បាយចិត្ត ធ្វើឯងដូចជារឹងមាំណាស់អ៊ីចឹង ចាំស្អែកនេះ ខ្ញុំទៅប្រាប់គេជំនួសឱ្យ ថានាងនៅស្រឡាញ់គេ ព្រមផ្តល់ឱកាសដល់គេ និងអភ័យទោសដល់គេ

‑អភ័យទោសបាន តែហៅចិត្តស្រឡាញ់មកវិញមិនបានទេ?

‑នាងឈប់ស្រឡាញ់គេហើយអ្ហេ?

‑លោកគួរចំណាយពេលសម្ភាសជាមួយម៉ែឪសិស្សទៅ មិនមែនខ្ញុំទេ

‑នាងមានសង្សារថ្មីហើយនៅ?

‑បើសួរទៀត ខ្ញុំខឹងហើយ

‑បានៗ…..មិនសួរក៏បាន អ្នកគ្រូតូច

‑ស្អីគេ!

‑ឃើញទេ! នាងសើចហើយ អ្នកគ្រូតូចសើចស្រស់យ៉ាងនេះ យកល្អគួរតែសើចឱ្យបានច្រើនរាល់ថ្ងៃណា

‑ឈប់លេងទៅ!

‑អង្គុយស្ងៀមអផ្សុកណាស់ ខ្ញុំបង្រៀនវិធីលួងក្មេងមួយ រៀនទេ?

‑វិធីអី?

‑ក្តាប់ដៃទៅ យកដៃមកផ្ទប់នឹងខ្នងដៃខ្ញុំ លាដៃឡើង ដាក់មេដៃចុះក្រោម ទល់នឹងមេដៃខ្ញុំមក បង្វិល

ចាប់ដៃជាប់។ មាណវីបើកភ្នែកធំៗសម្លឹងយុវជនដែលចាប់ដៃខ្លួន តែបូរ៉ាបែរជាញញឹមយ៉ាងស្រស់ ហើយស្រដីតប៖

‑ដៃអ្នកគ្រូត្រជាក់ម្ល៉េះ?

‑បោកប្រាស់ លែងភ្លាម

‑ទើបដឹងថ្ងៃនេះ ថាអ្នកគ្រូក៏ចាញ់បោកគេដែរ

យុវតីរលាស់ដៃចេញពីអ្នកកំលោះទាំងក្នក់ក្នាញ់៖

‑មេឃរាំងហើយ ពួកយើងល្មមត្រឡប់ទៅវិញហើយ

‑ពិតមែនហើយ

យុវវ័យទាំងពីរក៏លាពូសំ ចេញដំណើរទៅមុខទៀត។ ម្តងនេះ បូរ៉ានាំយុវតីដល់ផ្ទះ ស្រាប់តែប្រទះនឹងសុខុម ដែលអង្គុយជួបជុំនឹងមីងរីយ៉ាងសុភាពរាបសារ៖

‑សង្សារអ្នកគ្រូមកចាំដល់ផ្ទះតែម្តង

‑អរគុណហើយ លោកឆាប់ត្រឡប់ទៅផ្ទះទៅ

­‑ឆាប់ដេញខ្ញុំផងអ្ហេ!

‑មិនដេញទេ តែលោកហត់ណាស់ហើយ

‑សំណាងល្អ សុបិនឃើញខ្ញុំផងណា

ថ្ងៃនេះហត់មែន តែហាក់សប្បាយចិត្តចម្លែក ហើយក៏មិនប្លែកដែរ ដែលសុខុមមកដល់ផ្ទះខ្លួន មីងរីតប៖

‑ពេជ្ររ៉ា! សុខុមមកលេងនឹងឯងកូន ជជែកគ្នាទៅ ម៉ែទៅធ្វើការងារម៉ែសិន

មីងរីមិនបានទៅណាឆ្ងាយទេ គាត់អង្គុយធ្វើការងារកំប៉ិកកំប៉ុករបស់គាត់នៅក្បែរនោះ ហើយក៏លួចដៀងមើលពួកគេទាំងពីរម្តងៗដែរ៖

‑មានការសំខាន់មែនទេ ទើបមករកខ្ញុំដល់ផ្ទះ?

‑អូ! អត់ទេ បងគ្រាន់តែចង់មកលេងអូន និងអ្នកមីងប៉ុណ្ណោះ

‑តែនេះយប់ហើយ មិនគិតត្រឡប់ទៅវិញទេអ្ហេ?

‑បងគិតថា បងទិញម៉ូតូឱ្យអូន ដើម្បីឱ្យអូនមិនពិបាកទៅជិះជាមួយគេទៀត ហើយមើលទៅ ក៏វាមិនសមដែរ

‑សុខុម! បើពេលនេះ យើងនៅដូចពីមុន ខ្ញុំអាចនឹងស្តាប់លោក ហើយក៏អាចទទួលយកសំណើរបស់លោក តែមិនចាំបាច់ទេ ហើយក៏កុំមានក្តីសង្ឃឹម ថាពួកយើងអាចដូចដើមអី ទឹកភ្នែកមួយតំណក់នោះ បានស្រក់ចុះហើយ

‑ពេជ្ររ៉ា!

‑ខ្ញុំមិនខឹងនឹងលោកទេ តែស្នេហាដែលយើងមាន វាបានរលាយអស់ទៅហើយ

‑ទើបតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ ហេតុអីក៏រលាយលឿនយ៉ាងនេះ

‑ខ្ញុំក៏មិនដឹងដែរ តែពេលនេះ ខ្ញុំពិតជាគ្មានអារម្មណ៍មែន

‑​មិនមែនមកពីអូនស្គាល់គេម្នាក់នោះទេអ្ហេ?

‑រឿងនេះ ខ្ញុំក៏មិនដឹងច្បាស់ខ្លួនឯងដែរ តែគ្រាន់តែដឹងថា គេធ្វើឱ្យខ្ញុំញញឹមបានច្រើនជាងមុន ថ្ងៃក្រោយ ខ្ញុំអាចនឹងលួចស្រឡាញ់គេក៏ថាបាន

‑លួចស្រឡាញ់គេ?

‑លោកគិតថា ស្នេហាដែលឈឺចាប់ម្តងហើយ ហ៊ានប្រឡូកម្តងទៀតទេ?ខ្ញុំអាចនឹងលួចស្រឡាញ់គេ លោកគួរតែយល់ពីសម្តីរបស់ខ្ញុំ សូមលោកកុំមានសង្ឃឹមអី លោកមិនស្ថិតនៅក្នុងការពិចារណារបស់ខ្ញុំទៀតទេ លោកត្រឡប់ទៅវិញបានហើយ

ស្នេហាថាដាច់ក៏ដាច់ភឹងអ៊ីចឹងអ្ហេ? មិនមែនទេ! ពេជ្ររ៉ា មិនមែនទើបតែធ្វើការសម្រេចចិត្តនោះទេ គឺតាំងតែពីទឹកភ្នែកនោះស្រក់ម្ល៉េះ ចុះអ្នកកំលោះឯនេះវិញ កំពុងទោម្នេញឬ? តំណក់ទឹកភ្នែកដែលដិតដាមលើសៀវភៅ បានកប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងយុវជនម្នាក់នេះ នាយយល់ហើយ ថានាងយំព្រោះតែគេ នាយយល់ហើយ ថាក្តីស្នេហ៍នាងចំពោះគេមានជម្រៅប៉ុនណា? នាយក៏យល់ដែរថា បេះដូងក្នុងឱរាត្រូវការគេ? គ្មានព្រះចន្ទទេយប់នេះ តែម្នាក់ៗហាក់មិនគេចវេះទាល់តែសោះ នៅតែ     ញញឹមស្រស់ទៅរកហ្វូងផ្កាយដ៏ល្អិតតូច។ ខ្សែចិត្តកំពុងតែត្របាញ់រកគ្នាមែនទេ? ឱ្យតែនឹកឃើញដៃដ៏ស្រឡូននៅក្នុងរង្វង់ដៃគេ មាសមេញញឹមហើយ។

ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស បូរ៉ាបំពេញការងាររួចរាល់ហើយ ហើយក៏ត្រូវឃ្លាតឆ្ងាយចាកចេញទៅកន្លែងការងារដើមខ្លួនវិញ។ បន្ទាប់ពីបំពេញការងារចុងក្រោយ នាយក៏ដើរចេញមើលជុំវិញសាលារៀន ស្រាប់តែបានជួបនឹងសុខុម ដែលឈរញញឹមស្ងួតមើលមក៖

‑សួស្តី!

‑បាទសួស្តី! លោកមករកអ្នកគ្រូពេជ្ររ៉ាមែនទេ?

‑អត់ទេ! ខ្ញុំមករកលោក

‑រកខ្ញុំ!

‑ពួកយើងរកកន្លែងអង្គុយសិនទៅ………….លោកស្រឡាញ់ពេជ្ររ៉ាមែនទេ?

យុវជនសម្លឹងមើលសុខុមមួយសន្ទុះ តែមិនទាន់តបនៅឡើយ សុខុមបន្ត៖

‑តែខ្ញុំមិនជឿថា ពេជ្ររ៉ាស្រឡាញ់លោកទេ

­‑បើខ្ញុំព្យាយាមតែបន្តិចទៀត នាងអាចនឹងស្រឡាញ់ខ្ញុំ

‑បានន័យថាម៉េច?

‑ពួកយើងទាំងពីរខុសគ្នា លោកធ្វើឱ្យនាងយំ តែខ្ញុំធ្វើឱ្យនាងសើច នាងមិនល្ងង់ជ្រើសយកមនុស្សដែលធ្វើឱ្យនាងយំទេ លោកដឹងទេ ថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះ ខ្ញុំបានទទួលស្វាគមន៍ដោយទឹកភ្នែកមួយតំណក់របស់នាង ក្រោយមកខ្ញុំក៏ចាប់ផ្តើមស្គាល់នាង ហើយខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីក៏នាងយំ? មកដល់ពេលនេះ ក៏ខ្ញុំនៅតែមិនជឿ ថានារីម្នាក់នេះ យំព្រោះតែលោកដែរ

‑ហេតុអី?

‑ព្រោះលោកមិនសមឱ្យនាងយំទេ ខ្ញុំមិនដឹងថា រវាងលោកនិងនាង មានរឿងអ្វីកើតឡើងទេ តែលោកសម្រេចចិត្តបោះបង់នាងហើយ លោកគ្មានសិទ្ធិមកឱ្យនាងអភ័យទោសឱ្យទេ ហើយពេលនេះ ទោះបីជានាងទៅស្រឡាញ់នរណាក៏ដោយ ក៏លោកគ្មានសិទ្ធិប្រចណ្ឌនឹងនាងដែរ ស្រីម្នាក់ ដែលប្រឹងប្រែងមកដល់ដំណាក់កាលនេះហើយ លោកស្មានថាងាយមែនទេ នាងស្រឡាញ់ខ្ញុំគឺត្រឹមត្រូវ ព្រោះខ្ញុំក៏ជាមនុស្សប្រុសម្នាក់ ដែលកំពុងតែស្រឡាញ់នាងដែរ គ្រាន់តែខ្ញុំមិនទាន់បានប្រាប់នាងប៉ុណ្ណោះ ល្ងាចនេះ ខ្ញុំត្រូវត្រឡប់ទៅវិញហើយ ខ្ញុំត្រូវទៅលានាង ខ្ញុំទៅសិនហើយ

វាគ្មានជំនឿចិត្តទេ ក្នុងការសារភាពស្នេហ៍ចំពោះស្រីម្នាក់នេះ ប៉ុន្តែក៏មិនអាចលាក់ស្នេហានេះរហូតដែរ។ យុវតីឈរនឹងភ្នាក់ដៃ​ សម្លឹងទៅក្រោម ស្រាប់តែឮសំឡេងលាន់ឡើង៖

‑មិនទៅផ្ទះទេ?

‑គឺលោកទេអ្ហេ! ក្រែងថា ត្រឡប់ទៅវិញហើយអ្ហេ?

‑ទៅមិនលានាងអ៊ីចឹងអ្ហេ ថែរក្សាខ្លួនណា

‑លោកក៏ដូចគ្នា

‑ខ្ញុំសួរនាងរឿងមួយបានទេ?

‑សួរមក!

‑តំណក់ទឹកភ្នែកដែលស្រក់ពីលើនេះ នៅថ្ងៃនោះ គឺព្រោះតែគេមែនទេ?

‑តំណក់ទឹកភ្នែក!

‑នាងប្រហែលជាមិនបានចាប់អារម្មណ៍ ប៉ុន្តែព្រោះតែតំណក់ទឹកភ្នែកនេះហើយ ដែលធ្វើឱ្យខ្ញុំព្យាយាមស្វែងយល់ពីនាងរហូត នៅល្ងាចមុនថ្ងៃដែលយើងជួបគ្នានោះ តើនាងឈរនៅទីនេះយំមែនទេ? នាងនិយាយទៅ ថានាងយំផ្តាច់ស្នេហ៍ ឬក៏នៅតែអាល័យគេ?

យុវជនតម្លើងសំឡេង ហាក់បីដូចជាអន្ទះសាក្នុងការរង់ចាំទទួលចម្លើយពីនាងណាស់។ នាយភ្លេចខ្លួន រហូតចាប់ស្មាទាំងពីររបស់នាងអង្រួនឡើង។ យុវតីឆ្ងល់ចំពោះកាយវិការនេះណាស់ តែនាងចង់បម្រាសចេញពីយុវជន ព្រោះនាងដឹងថា ពេលនេះ ស្មារបស់នាងស្ទើរបាក់ទៅហើយ៖

‑ខ្ញុំឈឺ!

‑សូម………..ទោស!….(បូរ៉ាបន្ធូរដៃចេញពីស្មានាង)

‑លោកកើតអីមែនទេ?

‑ពេជ្ររ៉ា ខ្ញុំត្រូវការចម្លើយពីនាង នាងនៅស្រឡាញ់គេមែនទេ?

‑ចុះវាទាក់ទងស្អីនឹងលោក បើព្រោះតែតំណក់ទឹកភ្នែកនោះ ខ្ញុំសូមទោសផង បានហើយ ខ្ញុំប្រញាប់ទៅផ្ទះ

‑ខ្ញុំស្រឡាញ់នាង!

‑លោកនិយាយអី?

‑ទោះតំណក់ទឹកភ្នែកនោះ នាងបំភ្លេចគេក៏ដោយ នាងនៅមានគេក្នុងបេះដូងក៏ដោយ ក៏ខ្ញុំស្រឡាញ់នាង………បងស្រឡាញ់អូន!

‑លឿនពេកហើយ

‑មិនលឿនទេ មួយខែនេះ អូនអង្គុយពីក្រោយបងរហូត អូនញញឹមរហូត អូនរីករាយរហូត សកម្មភាពរបស់អូនមួយណា ដែលថានៅក្រៅការចងចាំរបស់បងនោះ

‑តែពេលនេះ លោកត្រឡប់ទៅវិញហើយ មិនយូរទេលោកនឹងភ្លេច

‑កន្លែងធ្វើការបងមិនឆ្ងាយពីអូនប៉ុន្មានទេ

‑តែនាងមិនជ្រើសរើសលោកឡើយ

‑លោកសុខុម!

‑អូនមិនដាច់ចិត្តពីបងងាយម្ល៉ឹងទេ មែនទេពេជ្ររ៉ា? ទឹកភ្នែករបស់អូនមួយតំណក់នៅថ្ងៃនោះ មិនមែនព្រោះតែបងទេ បងដឹង គ្មាននរណាម្នាក់ ដែលអាចធ្វើឱ្យអូនយំបានឡើយ ក្រៅពីសិស្សរបស់អូន លោកឈប់យល់ច្រឡំ ថានាងយំព្រោះតែខ្ញុំទៅ

‑តែទឹកភ្នែកនៅថ្ងៃនោះ អ្នកគ្រូមិនមែនយំព្រោះតែខ្ញុំទេ

‑សុខា!……..ពួកលោកឈប់និយាយទៅ ឯងមកធ្វើអីទីនេះ តោះ! ពួកយើងចុះទៅក្រោមទៅ

‑អ្នកគ្រូ ខ្ញុំទើបតែរៀនថ្នាក់ទីប្រាំមួយមែន តែអាយុខ្ញុំច្រើនគួរសម ខ្ញុំអាចយល់ខ្លះពីបញ្ហាជីវិត ពិសេសគឺបញ្ហារបស់អ្នកគ្រូ មនុស្សដែលខ្ញុំគោរពស្រឡាញ់ អ្នកគ្រូប្រាប់គាត់ទៅ ថាអ្នកគ្រូមិនមែនយំព្រោះតែខ្ញុំទេ

‑សុខា! អ្នកគ្រូប្រាប់ថាឱ្យចុះទៅក្រោម រឿងអ្នកគ្រូ អ្នកគ្រូចេះដោះស្រាយហើយ

‑តែបើអ្នកគ្រូមិនប្រាប់គាត់ គាត់នៅតែយល់ច្រឡំ

‑សុខា! បើឯងមិនចុះទៅ អ្នកគ្រូទៅតែម្នាក់ឯងក៏បាន

‑អ្នកគ្រូកំពុងរត់គេចពីការពិត!

‑អូនកុំគេចវេះបានទេ?

បីនាក់ស្តីព្រមគ្នា មាណវីឈរទ្រឹង ងាកសម្លឹងទៅយុវជនទាំងបី ទើបសម្រួលអារម្មណ៍ស្រដីតប៖

‑បាន! សុខា ឯងចុះទៅចាំអ្នកគ្រូមុនទៅ អ្នកគ្រូចេះដោះស្រាយហើយ

‑បាទ!

‑ពីរឆ្នាំហើយ តែចុងក្រោយ ខ្ញុំក៏សម្រេចចិត្តយំ ហេតុអ្វីក៏ខ្ញុំទើបតែយំ លោកដឹងទេ? រយៈពេលពីរឆ្នាំនេះ ខ្ញុំរវល់ណាស់ ខ្ញុំគ្មានពេលគិតពីជីវិតស្នេហារបស់ខ្ញុំទេ តែពេលមួយ ខ្ញុំក៏ស្រាប់តែនឹកឃើញវា នឹកឃើញពេលវេលា ដែលលោកឱ្យខ្ញុំជ្រើសរើសរវាងស្នេហា និងការងាររបស់ខ្ញុំ អារម្មណ៍ពេលនោះ គឺពិបាកខ្លាំងណាស់ ខ្ញុំមិនបានបំភ្លេចលោកទេ តែខ្ញុំគិតថា បើថ្ងៃណាមួយ លោកត្រឡប់មកវិញ ហើយឱ្យសំនួរដដែលនោះ មកខ្ញុំទៀត តើខ្ញុំគិតយ៉ាងណា? ខ្ញុំភ័យ ខ្ញុំខ្លាច ទីបំផុត ទឹកភ្នែកមួយតំណក់នោះ គឺស្រក់ផ្តាច់មនោសញ្ចេតនារបស់ពួកយើងហើយ

‑តែបងមិនឱ្យអូនជ្រើសរើសទៀតទេ ពួកយើងនឹងរស់នៅជាមួយគ្នានៅទីនេះ

­-អរគុណ ដែលធ្លាប់ស្រឡាញ់ខ្ញុំ អរគុណដែលនៅតែស្រឡាញ់ខ្ញុំ សូមទោស ខ្ញុំមិនអាចបកក្រោយទទួលក្តីស្រឡាញ់នោះវិញទេ ព្រោះខ្ញុំចាប់ផ្តើមមានក្តីស្នេហ៍ថ្មីហើយ ពួកយើងជាមិត្តភក្តិបានហើយ

ស្តីហើយ យុវតីដើរចេញត្រុយ។ បូរ៉ាស្រដី៖

‑តើអូនទទួលយកបងទេ?

គ្មានចម្លើយតប! គ្មានការចាកចេញណា ដែលថាមិនអាឡោះអាល័យនោះទេ ប៉ុន្តែ ស្នេហាដែលបរាជ័យម្តងហើយ ប្រាកដជាមានស្លាកស្នាម ហើយវានឹងដិតដាមស្នាមនេះជារៀងរហូត ទោះមានអ្វីមកប៉ះប៉ូវ ក៏នៅតែមិនអាចរលុបបាន ដូចនេះ មានតែរុញច្រានវាទៅឱ្យឆ្ងាយ ជៀសវាងការថ្លោះធ្លោយម្តងហើយម្តងទៀត។

ច្រើនខែកន្លងផុតទៅ ស្រីពៅសន្សំប្រាក់បានទិញម៉ូតូថ្មីហើយ កំពុងតែញញឹម ស្រាប់តែសំឡេង ដែលធ្លាប់លលេងពីមុនបន្លឺឡើង៖

‑ល្ងាចនេះ ហៅបងជប់លៀងទេ?

‑អស់លុយហើយ!

‑ហេតុអីក៏គ្រូបង្រៀនក្រម្ល៉េះហ្ន៎

‑ទើបតែដឹងទេអ្ហេ?

‑ដឹងដែរតើ គ្រូក្រ តែសម្បូរចិត្តណាស់

‑ចិត្តអីក៏សម្បូរម្ល៉េះ?

‑គឺចិត្តមេត្តា ដូចជាគូដណ្តឹងជិតរៀបការរបស់បងហ្នឹងណា

‑តើបងជឿទេ ថាចិត្តមេត្តារបស់អូននឹងបាត់នៅថ្ងៃណាមួយ?

‑មិនជឿទេ! គ្មាននរណាអាចយកចិត្តមេត្តានេះ ពីអូនបានទេ អ្នកគ្រូតូច!

…………………….ចប់……………………

About បេះដូងពិត

បេះដូងពិត

Posted on ខែសីហា 31, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: