រឿងខ្លី បេះដូងខ្ញុំក្នុងទ្រូងអ្នក(វគ្គ១)

បេះដូងខ្ញុំក្នុងទ្រូងអ្នក

និពន្ធដោយ៖ លាក់ ម៉ាឡែន

ស្នេហាប្រៀបដូចជាភួយ ដែលគេយកមកដណ្តប់ពីលើរាងកាយនៅពេលត្រជាក់អ៊ីចឹង កក់ក្តៅណាស់ ហើយមិនចង់បម្រាសចេញទាល់តែសោះ។ ខ្ញុំកំពុងតែគេងកើយទ្រូងមនុស្សម្នាក់មែនទេ ប្រាកដណាស់ សូរឌុកឌាក់នៃចង្វាក់បេះដូង ហាក់សន្តោងដួងវិញាណខ្ញុំ មិនចង់ឱ្យបើកភ្នែកទេ ខ្ញុំនៅតែក្រសោបឱបមនុស្សម្នាក់នោះ មនុស្សប្រុសដែលខ្ញុំគិតថា បានស្រវាយកបេះដូងរបស់ខ្ញុំចេញពីរាងកាយបាត់ទៅហើយ៖

‑អាកែន!………..កែន……….ភ្ញាក់ឡើងកូន

សំឡេងអ្នកម៉ាក់ដាស់ខ្ញុំអ្ហេ!……..ទេវតាអើយ ខ្ញុំយល់សប្តិទៀតហើយ មេឃភ្លឺហើយមែនទេ? វីវរហើយ ខ្ញុំត្រូវទៅធ្វើការផង៖

‑អរគុណម៉ាក់! ខ្ញុំភ្ញាក់ហើយ

ខ្ញុំឈ្មោះ កែនពិរុណ មិត្តភក្តិ និងក្រុមគ្រួសារខ្ញុំតែងតែហៅខ្ញុំថា អាកែន ព្រោះស្តាប់ទៅខ្លី ហើយពីរោះម្យ៉ាងដែរ ខ្ញុំចូលចិត្ត។ ខ្ញុំជាបុគ្គលិកនៅធនាគារមួយនៅក្នុងខេត្ត     សៀមរាប។ រាល់ថ្ងៃនេះ ខ្ញុំធ្វើការផងនិងរៀនផង ហើយអ្វីដែលចេះតែធ្វើឱ្យបេះដូងខ្ញុំរវើរវាយ និងយល់សប្តិមិនឈប់នោះ គឺខ្ញុំបានស្គាល់បុរសម្នាក់ ដែលកំពុងរៀននៅថ្នាក់ជាមួយគ្នា។ និយាយឱ្យអស់ចុះ គឺខ្ញុំលួចស្រឡាញ់គេហើយ ឱ្យតែជួបគេម្តងៗ បេះដូងខ្ញុំគឺបាត់បង់ ខ្ញុំមិនដឹងថាវារត់ទៅណាទេ វាមិនដែលស្តាប់បញ្ជារបស់ខ្ញុំឡើយ។ ដឹងហើយ ថាខ្លួនឯងជាស្រី ត្រូវតែប្រពៃគិត ស្រឡាញ់ តើវាយ៉ាងម៉េច ខ្ញុំមិនក្លាហានដល់ថ្នាក់ទៅសារភាពប្រាប់គេទេ តែគេពិតជាគួរឱ្យស្រឡាញ់មែន មើលចុះដូចជាពេលនេះអ៊ីចឹង៖

‑ហ៏!

‑ស្អីគេ?

‑ថ្នាំផ្តាសាយ លេបទៅឆាប់ជាសះស្បើយ

‑មិនលេបទេ លេបទៅងុយគេងណាស់

‑កុំរឹងរូសពេក

កែវភ្នែកដ៏មុតស្រួច ក្របួចសម្លក់មករកខ្ញុំទៀតហើយ បេះដូងអើយនៅឱ្យស្ងៀម៖

‑លេបក៏លេប

ខ្ញុំតែងតែយល់ថា គេគឺអ៊ីចឹង គឺយកចិត្តទុកដាក់ចំពោះមិត្តភក្តិ ពិសេសគឺមិត្តរួមក្រុមរបស់គេ ដូចជាខ្ញុំអ៊ីចឹង។ ដល់ម៉ោងចេញហើយ អីយ៉ាស់! មេឃភ្លៀងទៀតហើយ អ្ហើយ!…. សិស្សជាច្រើនកំពុងឈររេរ៉នៅមាត់ជណ្តើររង់ចាំភ្លៀងបង្អន់បន្តិច នឹងបន្តដំណើរដូចជាខ្ញុំដែរ ស្រាប់តែអ្វីមកប៉ះដៃខ្ញុំ៖

‑ហ៏នេះ អាវភ្លៀង ពាក់ទៅ

‑ចុះលោក!

‑នៅម៉ូតូមានអាវភ្លៀងទេ?

‑មាន!

‑អ៊ីចឹងពាក់ទៅយកម៉ូតូមក ខ្ញុំចាំនៅទីនេះ

‑អរគុណ!

គេញញឹមទៀតហើយ!………….មកដល់ផ្ទះហើយ ភ្លេចគិតថា ខ្លួនឯង ពាក់ស្នាម   ញញឹមនៅលើផ្ទៃមុខរហូត៖

‑ថ្ងៃនេះសប្បាយចិត្តម្ល៉េះកូន មកហាលភ្លៀងហើយ នៅញញឹមជាប់ទៀត?

‑អូ! …….ឱ្យតែនឹកឃើញរឿងលោកគ្រូ ចេះតែចង់សើចហ្នឹងណាម៉ាក់

‑អ៊ីចឹងទេ! ឆាប់ទៅផ្លាស់ខោអាវទៅ ញ៉ាំបាយញ៉ាំទឹក

‑ចាស!

កុហកម៉ាក់ទៀតហើយខ្ញុំនេះ សូមទោសអ្នកម៉ាក់! បើកូនប្រាប់ម៉ាក់ថា កូនញញឹមព្រោះតែមនុស្សប្រុស ដែលកូនលួចស្រឡាញ់ម្នាក់នោះ ម៉ាក់ប្រាកដជាភ័យព្រួយ និងបារម្ភពីកូនស្រីម្នាក់នេះ មានតែមធ្យោបាយនេះទេ ទើបធ្វើឱ្យម៉ាក់មានក្តីសុខ តែម៉ាក់កុំព្រួយ កូនស្រីម្នាក់នេះ មិនធ្វើឱ្យប៉ាម៉ាក់អាប់ឱនកិត្តិយសឡើយ។

ប្រាំថ្ងៃហើយ នៅតែមិនទាន់បាត់ក្អកទៀត ថ្ងៃនេះ ការងារក៏ស្មុគស្មាញ យប់ឡើងត្រូវប្រឡងទៀត អ្ហូយ! តឹងដល់ហើយ អីយ៉ាស់! ម្ចាស់បេះដូងខ្ញុំ ហេតុអីក៏គេនៅក្នុងបន្ទប់តែពីរនាក់ ជាមួយនិស្សិតស្រីម្នាក់នោះអ៊ីចឹង។ ខ្ញុំដឹងថា ខ្ញុំសើចស្វាទៅរកគេហើយ ចំណែកគេវិញ ក៏សើចមករកខ្ញុំ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ពេលដែលខ្ញុំចូលទៅរកកន្លែងអង្គុយរបស់ខ្ញុំ និស្សិតស្រីនោះ ក៏ត្រឡប់ទៅវិញ តែដើរទៅដល់មាត់ទ្វារ នាងក៏ងាកមកវិញ៖

‑ប៊ុនរ័ត្ន! កុំភ្លេចណា ស្អែកនេះ

‑ដឹងហើយ!

ទាំងពីរនាក់សើចស្រស់ណាស់ហ្ន៎ អូយ! ក្អកទៀតហើយ ម្តងនេះ សង្ស័យតែក្អកចេញឈាមទេ៖

‑យ៉ាងម៉េចហើយហ្នឹង!…………ញ៉ាំទឹកៗ

‑មិនញ៉ាំទេ……….ខ្ញុំទៅបន្ទប់ទឹកសិន

ចង្រៃយក! ការងារស្មុគស្មាញហើយ ថាមកសាលាពីល្ងាចបន្តិចគ្រាន់អង្គុយបន្ធូរអារម្មណ៍ ជួនពេលមកឃើញរឿងមិនគួរឃើញទៀត ប្រចណ្ឌគេដល់ថ្នាក់ មានអារម្មណ៍យ៉ាប់យឺនយ៉ាងនេះអ្ហេ! ដកដង្ហើមមួយៗ មួយៗ…….អាក្អកនេះ ក៏មិនបាត់ទៀត។ នៅក្នុងបន្ទប់ទឹកមួយសន្ទុះ គិតថាធូរគ្រាន់បើហើយ បើកទ្វារចេញខ្វាក ស្ទើរលោះព្រលឹង៖

‑យ៉ាងម៉េចហើយ!

‑ម៉េចក៏លោកនៅនៅទីនេះ?

‑ឃើញនាងមិនស្រួលហ្នឹងណា

តើគេបារម្ភពីខ្ញុំមែន ឬយ៉ាងម៉េចហ្នឹង? តែទឹកមុខគេ គឺដូចជាបារម្ភពីខ្ញុំខ្លាំងណាស់ ឃើញសភាពគេបែបនេះ ខ្ញុំក៏ញញឹមទាំងហួសចិត្ត លាយនឹងសំឡេងក្អកមិនដាច់៖

‑ខ្ញុំ…មិនអីទេ

‑នៅថាមិនអីទៀត តោះ!

‑ទៅណា?

គេចាប់កាន់ដៃខ្ញុំមែនទេ? តើគេកំពុងតែដឹកដៃខ្ញុំទៅណា? ខ្ញុំដើរទៅតាមគេ គឺដោយសារកម្លាំងគេអូសទៅ តែកែវភ្នែករបស់ខ្ញុំ មិនបានមើលផ្លូវឡើយ គឺមើលដៃរបស់គេ ដែលមិនខ្លាចញញើតដល់ម្ចាស់ដៃដែលគេកំពុងកាន់សូម្បីតែបន្តិច។ តើមនុស្សប្រុសគ្រប់គ្នា សុទ្ធតែបារម្ភពីមិត្តភក្តិស្រីបែបនេះមែនទេ? ដៃខ្ញុំមិនដែលឱ្យនរណាកាន់ទេ ក្រៅពីប៉ាម៉ាក់របស់ខ្ញុំ ម៉េចក៏ខ្ញុំនៅស្ងៀម ហើយចេះតែដើរទៅតាមកម្លាំងអូសទាញរបស់គេ តើគេដឹងទេ ថាក្នុងទ្រូងគេ កំពុងតែលើសបេះដូងមួយ ដែលជារបស់ខ្ញុំនោះ៖

‑សួស្តី!

‑អូ! ប៊ុនរ័ត្នទេអ្ហេ

ទីនេះជាគ្លីនិក ដែលនៅជិតសាលាតើ។ គេព្រលែងដៃខ្ញុំ ហើយនិយាយរាក់ទាក់ទៅកាន់បុគ្គលិកពេទ្យ៖

‑តើលោកគ្រូពេទ្យនៅទេ?

‑គាត់នៅខាងក្នុង ឈឺអីអ្ហេ!

‑ខ្ញុំនាំប្អូនស្រីមកពិនិត្យបំពង់ក

‑អ៊ីចឹងអង្គុយចាំបន្តិចទៅ…..

ខ្ញុំក្លាយជាប្អូនស្រីគេពីអង្កាល់? អស់អារម្មណ៍រលីង៖

‑មានក្តៅខ្លួនទេ

‑គ្មានទេ!

បន្ទាប់ពីពិនិត្យហើយ ពួកយើងក៏ដើរត្រឡប់មកសាលាវិញ៖

‑ចូលញ៉ាំអីសិនទៅ

‑អត់ទេ!

‑ចូលសិនទៅ ញ៉ាំហើយលេបថ្នាំ

គេចាប់ដៃខ្ញុំទៀតហើយ៖

‑អង្គុយទៅ!………បង យកបបរពីរចានមក

‑បាទ!

‑បើការងារស្មុគស្មាញពេក គួរតែឈប់ដើរលេងខ្លះទៅ

‑ម៉េចក៏ដឹង?

‑មើលតែមុខដឹងហើយ

‑ដឹងគ្រប់រឿងណាស់ហ្ន៎

‑ម្នាក់ស្រី ដែលនៅក្នុងបន្ទប់ជាមួយខ្ញុំនោះ ជាមិត្តភក្តិខ្ញុំកាលនៅរៀនវិទ្យាល័យ នាងមកសុំខ្ចីសៀវភៅគណនេយ្យពីខ្ញុំ យកទៅរៀនធ្វើលំហាត់ ព្រោះនាងខានមករៀនបីបួនថ្ងៃហើយ

‑ម៉េចក៏……..

‑កុំឱ្យនាងគិតអាក្រក់មកលើខ្ញុំ

‑ម៉េចនាងមិនខ្ចីមិត្តរួមថ្នាក់របស់នាងទៅ

‑នាងមករៀនពុំជាប់ ទើបមិនហ៊ានខ្ចីពួកគេ…….បានហើយ! ឆាប់ញ៉ាំបបរទៅ

ប៊ុនរ័ត្ន! តើលោកជាទេវបុត្រមែនទេ លោកតែងតែដឹងថា ខួរក្បាលរបស់ខ្ញុំកំពុងគិតអី អ៊ីចឹងតើលោកដឹងទេ ថាខ្ញុំ…………. តើគេដឹងថា ខ្ញុំស្រឡាញ់គេទេ? មិនអាចទេ បើគេដឹង គេក៏ប្រហែលជាមិនមកធ្វើល្អចំពោះខ្ញុំដល់ថ្នាក់ហ្នឹងដែរ គេប្រហែលជាគិតថា ខ្ញុំជាមិត្តល្អរបស់គេ អើ្ហយ! កែនពិរុណអើយ ហេតុអីក៏ចូលចិត្តរវើរវាយគិតច្រើនបែបនេះ?

ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំដឹង ឱ្យតែរាល់ថ្ងៃសម្រាក ប៊ុនរ័ត្ន មនុស្សប្រុសម្នាក់នេះ តែងតែតេមកជជែកលេងនឹងខ្ញុំ តែខ្ញុំក៏មិនខ្វល់ ថាគេគិតអ្វីដែរ ការដែលសំខាន់ នៅពេលដែលឃើញMissed call របស់គេ គឺខ្ញុំសប្បាយចិត្ត យ៉ាងហោចណាស់ ខ្ញុំដឹងថា គេនឹករលឹកដល់ខ្ញុំ ប៉ុន្តែថ្ងៃនេះ មេឃភ្លៀងមិនព្រមរាំងសោះ គេប្រហែលជាមិនហ៊ានតេទេ តែខ្ញុំចូលចិត្តលេងផ្ញើសារ ផ្ញើសារទៅលេងសិន៖

‑មេឃកំពុងតែភ្លៀងខ្លាំងណាស់ តើអ្នករកខ្ញុំឃើញទេ ថាពេលនេះ ខ្ញុំកំពុងនៅទីណា?…………..

‑អ្នកនៅក្នុងបេះដូងខ្ញុំ!

ចម្លើយយ៉ាងខ្លី តែធ្វើឱ្យហឫទ័យរំភើបខ្លាំងណាស់……….ខ្ញុំអានហើយ ក្តោបទូរស័ព្ទជាប់នឹងដៃ យប់នេះ ប្រហែលជាយល់សប្តិស្រមៃផ្តេសផ្តាសទៀតហើយ……….ទូរស័ព្ទរោទិហើយ! មេឃរាំងពីពេលណា ម៉េចខ្ញុំមិនដឹង៖

‑សួស្តី!

‑សួស្តី! កំពុងធ្វើអី កុំប្រាប់ថា កំពុងអង្គុយស្រមើស្រមៃណា

‑ម៉េចក៏ដឹង…….កុំ……ចេះតែថា…..

‑ប្រហែលត្រូវហើយមែនទេ

ហេតុអីក៏គេដឹងទៀតហើយ? អ៊ីចឹងគេដឹងទេ ថាខ្ញុំកំពុងគិតដល់គេ?

‑កំពុងគិតដល់ខ្ញុំមែនទេ?

‑………..អ្នកណាគិតដល់លោក?

‑និយាយលេងតើ

‑មានការអីមែនទេ?

‑គ្មានទេ គ្រាន់តែនឹក ទើបតេទៅ

‑នឹកអ្ហេ! និយាយមើលតែសង្សារ

‑អ្នកណាថា ក្រៅពីសង្សារនឹកមិនបាន

‑វីវរហើយខ្ញុំ បើសង្សារគេឃើញ មិនណាណីទៅហើយទេ

‑ចៃដន្យអី ខ្ញុំមិនទាន់មានសង្សារទេ កុំបារម្ភពេក

‑លោកមិនគិតថា លោកតេមកខ្ញុំញឹកញាប់ពេកទេអ្ហេ?

‑ញឹកញាប់វាយ៉ាងម៉េច ខ្ញុំប្រាប់ហើយតើ ថាខ្ញុំនឹកទើបតេទៅ

‑កុំប្រាប់ថា ស្រឡាញ់ខ្ញុំណា

‑ប្រហែលស្រឡាញ់នាងមែនហើយ………….សើចអី!

‑គ្រាន់តែចង់សើច

‑មានអីគួរឱ្យចង់សើច គ្រាន់តែខ្ញុំស្រឡាញ់នាងនោះ

‑ដូចជាមិនសមហ្នឹងណា

‑មិនសមក៏ហីទៅអ៊ីចឹង

‑ត្រូវហើយ! លោកប្រសប់ឆ្លើយតបសាររបស់ខ្ញុំណាស់

‑ត្រូវទេ!

‑មិនត្រឹមតែត្រូវទេ គឺពេញចិត្តណាស់ ហើយមានអារម្មណ៍កក់ក្តៅទៀតផង

‑នេះមកពីអ្នកឆ្លើយ ឆ្លើយចេញពីចិត្តស្មោះ ទើបកម្តៅនោះ វាហោះទៅតាមដែរ

‑អូយផ្អែមដល់ហើយ ម៉េចក៏ពូកែនិយាយយ៉ាងនេះ ពេលដែលជួបមុខផ្ទាល់ មិនដែលនឹងងាយនិយាយផង

‑មកពីគ្មានពេលតើ

­‑បានហើយ! អស់លុយច្រើនហើយ

‑អ៊ីចឹងប៉ុណ្ណឹងសិនចុះ អេ!……..

‑មានការអីទៀត

‑ល្ងាចនេះ ទៅញ៉ាំអីទេ?

‑ទៅណា ប៉ុន្មាននាក់?

‑នាងហើយនិងខ្ញុំ

‑ពីរនាក់ហ្នឹង?

‑ត្រូវហើយ!………ការពិត ថ្ងៃនេះ ជាថ្ងៃកំណើតខ្ញុំ ទើបចង់រកមិត្តភក្តិញ៉ាំអីហ្នឹងណា

‑ចុះចិន្តា តារានោះ?

‑តេទៅពួកគេហើយ ពួកគេរវល់ធ្វើការ ទើបសម្រេចចិត្តមកបបួលនាងហ្នឹងណា

‑ការពិតខ្ញុំជាជម្រើសចុងក្រោយទេអ្ហេ?

‑ទៅៗណា

‑ក៏បាន! ម៉ោងប្រាំជួបគ្នានៅវីតឃីងហៅ

‑អរគុណ!

នេះក៏ជាលើកទីមួយដែរ ដែលខ្ញុំក្លាហាន ហ៊ានទទួលសំណើ ដើរលេងតែពីរនាក់មនុស្សប្រុស។ ខ្ញុំក៏គិតច្រើនដែរ ថាវាមិនសាកសម តែសម័យនេះទៅហើយ ខ្ញុំក៏ធំពេញវ័យហើយដែរ រឿងដែលសំខាន់ គឺភាពស្មោះនឹងខ្លួនឯង និងការប្រុងប្រយ័ត្ន។ ថ្វីត្បិតតែខ្ញុំ លួចស្រឡាញ់គេដោយមិនអាចប្រកែកបាន ក៏ខ្ញុំមិនឱ្យទុក្ខស្នេហ៍រុញច្រានខ្ញុំឱ្យផុងក្នុងជីវិតបាត់បង់ស្មារតីឡើយ គេគិតខ្ញុំជាមិត្តភក្តិ ហើយខ្ញុំក៏គិតថា កម្រនឹងមានមិត្តភក្តិបែបនេះណាស់ ខ្ញុំទៅ។ នៅក្នុងហាងនេះ មិនមែនជាកន្លែងបិទបាំងស្ងាត់ជ្រងំឯណា តែខ្ញុំក៏ដឹងថា នេត្រាខ្លះលួចសម្លឹងមកពួកខ្ញុំ ខ្ញុំដឹងពីអារម្មណ៍ និងការគិតពួកគេ៖

‑លោកដឹងទេ ថាគេនឹងគិតយ៉ាងម៉េចចំពោះយើង?

‑ពួកគេគិតថា ពួកយើងអាចជាសង្សារ ឬក៏ជាប្តីប្រពន្ធហ្នឹងណា

ដឹងគ្រប់ដប់តែម្តងហើយ តាប៉ិនេះ អ៊ីចឹងហើយ នៅហៅខ្ញុំមកទៀត តែឃើញគេ សប្បាយចិត្តអ៊ីចឹង ក៏មានអារម្មណ៍ស្រស់ថ្លាដែរ ខ្ញុំហុចកាដូទៅគេ៖

‑រីករាយថ្ងៃកំណើត!

‑មានកាដូជូនខ្ញុំអ្ហេ!

‑ឆាប់យកទៅ

‑អរគុណ!

‑មីបន្ទះដែកបង!

‑ដាក់ត្រង់នេះមក………អរគុណ!……..នាងញ៉ាំទៅ……..តើខ្ញុំអាចហែកកាដូមើលបានទេ?

‑ចាំដល់ផ្ទះទៅ

‑ក៏បាន!……….ញ៉ាំទៅ

មិនដឹងហេតុអីទេ ខ្ញុំយល់ថា អាហារទាំងអស់នៅលើតុ សាបគ្មានរសជាតិសោះ ខ្ញុំញ៉ាំមិនឆ្ងាញ់ទេ តែចេះតែញ៉ាំៗទៅ៖

‑ឆ្ងាញ់ទេ!
‑មិនឆ្ងាញ់ទេ

‑តើនាងរំភើប ឬមួយក៏ខ្ញុំរភើបហ្នឹង?

‑មានន័យថាម៉េច?

‑គ្មានន័យអីទេ

ការពិតគេក៏មិនគ្រាន់បើជាងខ្ញុំដែរ មិនសូវឃើញញ៉ាំអីដូចតែគ្នា ទីបំផុត អាហារនៅពេញតុ គេប្រហែលជាឃើញខ្ញុំ ចេះតែលួចសម្លឹងខាងនេះបន្តិចខាងនោះបន្តិចហើយ ទើបបន្លឺឡើង៖

‑នាងមិនដែលមកហាងនេះទេ មែនទេ?

‑ត្រូវហើយ! លើកទីមួយហើយ ហើយជាមួយមនុស្សប្រុសទៀត

គេសើចឃឹក រួចហើយតបមកខ្ញុំដោយស្នាមញញឹម៖

‑អ៊ីចឹង ខ្ញុំជាមនុស្សប្រុសទីមួយ ដែលបានរួមតុអាហារជាមួយនាងហើយ

‑ត្រូវហើយ! បើកុំតែគិតថា ជាមិត្តភក្តិ កុំអីក៏មិនមកដែរ

‑ខ្ញុំជាមនុស្សពិសេសហើយ

‑ពិសេសខ្មោចយកអី…………ឈប់សើចទៅ………រួចហើយពួកយើងឆាប់ទៅវិញ

ម៉ោងប្រាំពីរ ពួកយើងក៏ត្រឡប់មកផ្ទះវិញ គេជិះម៉ូតូបណ្តើរខ្ញុំ រហូតមកដល់ផ្ទះ ទើបគេបកត្រឡប់ទៅវិញ។ ឱ្យតែនឹកឃើញសំណើចរបស់គេ ខ្ញុំសប្បាយចិត្តណាស់ ថ្ងៃនេះ ធ្វើឱ្យខ្ញុំរឹតតែមើលឃើញថា មនុស្សម្នាក់នេះ គ្មានពិសពុលទេ គេនៅតែជាមនុស្សទីមួយ ដែលខ្ញុំជ្រើសរើស ខ្ញុំមិនដឹងថា ខ្ញុំត្រូវលាក់អារម្មណ៍របស់ខ្ញុំដល់ពេលណានោះទេ ឱ្យតែបាននៅក្បែរគេ គឺខ្ញុំរីករាយណាស់ទៅហើយ។

ថ្ងៃប្រឡងបញ្ចប់ឆមាសទីមួយ ឆ្នាំទីបួនក៏មកដល់ បេះដូងខ្ញុំកង្វល់ពេញទីហើយ មិនដឹងហេតុអ្វីទេ មានអារម្មណ៍ថាឯកា ហើយរឹតតែមិនត្រូវការជួបមុខគេ ខ្ញុំធ្លាប់តែទៅមុនម៉ោង ហើយអង្គុយយ៉ាងស្រួលដើម្បីត្រៀមប្រឡង តែម្តងនេះ ជិតដល់ម៉ោងប្រឡងហើយ ខ្ញុំបែរជាអង្គុយនៅហាងអាហារឡាក់គីញ៉ាំភ្លៅមាន់ធ្វើមិនដឹងទៅវិញ។ ដំណាក់កាលចុងក្រោយតើមែនទេ? ខ្ញុំអត់ចង់ឃើញគេ ព្រោះបន្ទាប់ពីឃើញគេ ខ្ញុំពិបាកចិត្តក្នុងការលាក់ការពិតតទៅទៀត។ លើកនេះ សូម្បីតែទូរស័ព្ទគេ ក៏ខ្ញុំមិនលើកដែរ ខ្ញុំទៅដល់មុខបន្ទប់ប្រឡងហើយ ទូរស័ព្ទនៅតែរោទិ ទាល់តែគេក្រលេកឃើញខ្ញុំ ទើបគេបិទទូរស័ព្ទ គេស្ទុះមករកខ្ញុំយ៉ាងលឿន៖

‑ម៉េចក៏យឺតម្ល៉េះ?

‑ខ្ជិល

‑ម៉េចមិនទទួលទូរស័ព្ទខ្ញុំ?

‑ខ្ជិល

‑កើតអី?

‑គ្មានកើតអីទេ​ ខ្ញុំទៅក្នុងហើយ

ខ្ញុំសម្លុតឱ្យគេ ម៉េចក៏ចេះតែបារម្ភពីខ្ញុំ? ខ្លួនឯងមិនបានគិតអី តើមានមនុស្សស្រីឯណាដែលមិនបានគិតនោះ មនុស្សប្រុសដែលធ្វើល្អចំពោះខ្លួនបែបនេះ? ខ្ញុំអង្គុយនៅនឹងកៅអីត្រៀមប្រឡងដោយមិននិយាយស្តី ដៃម្ខាងច្រត់ចង្កា ហត្ថារបស់គេ ស្រាប់តែមកចាប់ដៃរបស់ខ្ញុំចេញ៖

‑អង្គុយឱ្យស្រួលទៅ គេមិនឱ្យអង្គុយដាក់ដៃអ៊ីចឹងទេ

លោកអើយ! តើគេតាមមើលខ្ញុំរហូតមែនទេ? គេសួរទៀតហើយ៖

‑អត់ស្រួលខ្លួនអ្ហេ?

‑គ្មានអីទេ គ្រាន់តែអារម្មណ៍មិនល្អ

‑អារម្មណ៍មិនល្អ ល្អដាក់អារម្មណ៍វិញទៅ នឹងបានធូរស្រាលហើយ

គេនិយាយហើយ ញញឹមយ៉ាងស្រស់ទៀត ខ្ញុំក៏ទប់មិនជាប់ដែរ ក៏សើចដាក់គេវិញ៖

‑ឈប់លេងទៅ

‑សើចហើយ ឈប់លេងហើយ ខ្ញុំទៅតុខ្ញុំវិញហើយ

‑ចំមែន!

ពីមុនខ្ញុំគិតថា មានតែខ្ញុំទេ ដែលចង់បានស្នាមញញឹមគេ តែពេលនេះ ខ្ញុំដឹងថា គេក៏ចង់បានស្នាមញញឹមរបស់ខ្ញុំដែរ តិចលោគេស្រឡាញ់ខ្ញុំដែរទេដឹង? ផ្តេសផ្តាស! នាងកែនអើយ! ម៉ោងប្រឡងហើយ នៅរវើរវាយទៀត យ៉ាប់ហ្មង!…………ហ៊ឺ……..ធ្វើលំហាត់គណនេយ្យមិនចេញទេ នៅមួយលំហាត់ទៀត ខ្ញុំអង្គុយកៀនជញ្ជាំងក្បែរបង្អួច ប៊ុនរ័ត្នកំពុងសម្លឹងមកខ្ញុំ ខ្ញុំដឹងថា គេចង់សួរ ថាខ្ញុំធ្វើរួចហើយនៅ? ខ្ញុំលើកដៃប្រាំ​ ចង់ប្រាប់ថា នៅសល់លំហាត់ទីប្រាំ ដែលធ្វើមិនទាន់រួច និយាយឱ្យចំគឺគិតមិនចេញតែម្តង ប្រហែលខ្ញុំធ្វើមុខជូរពេកដាក់គេហើយ ទើបគេយកដៃទាញមាត់គេឱ្យញញឹមករកខ្ញុំ។ អង្គុយគិត នឹកថានឹងយកទៅដាក់ហើយ ស្រាប់តែសំឡេងគោះបង្អួចតិចៗនៅក្បែរត្រចៀកខ្ញុំ ងាកទៅ គឺគេកំពុងសើចយ៉ាងស្រស់ ហើយលើកដៃចង្អុលទៅទូរស័ព្ទដៃរបស់ខ្ញុំ មួយសន្ទុះវាក៏រោទិឡើង។ ខ្ញុំលើកទូរស័ព្ទស្តាប់គេពន្យល់ និងកត់រូបមន្ត ដែលគេប្រាប់ ការពិតគឺស្រួលសោះ។ ប្រហែលជាដប់នាទី ខ្ញុំធ្វើរួច ហើយយកទៅដាក់ ទើបដើរចេញមក៖

‑យ៉ាងម៉េចហើយ!

‑អរគុណ!

‑ឆ្លាតណាស់តើ

‑ទើបតែដឹងអ្ហេ!

‑គួរឱ្យស្រឡាញ់ណាស់

ស្អីគេ! យកដៃឈ្លីក្បាលខ្ញុំហើយ និយាយពាក្យគួរឱ្យព្រឺទៀត។

ពីមួយថ្ងៃទៅមួយថ្ងៃ ការពិតខ្ញុំអត់បានភ្លេចខ្លួនទេ ខ្ញុំដឹងត្រឹមថា ពេលដែលខ្ញុំនៅក្បែរគេ គឺខ្ញុំមិនខ្លាចអ្វីទាំងអស់ ពេលខ្លះមិត្តភក្តិសួរ ថាជាសង្សារ ជួនឆ្លើយ ជួនមិនឆ្លើយ វាលែងសំខាន់ហើយ សង្សារឬមិនសង្សារនោះ។ ថ្ងៃការពារសារណាបញ្ចប់ថ្នាក់ក៏មកដល់ ពួកយើងមិនបាននៅក្រុមជាមួយគ្នាទេ តែនៅថ្ងៃការពារនោះ ខ្ញុំមិនឱ្យគេទៅមើលខ្ញុំឡើយ៖

‑ខ្ញុំទៅមើលនាងបានទេ?

‑មិនបានទេ ហាមទៅដាច់ខាត

‑ហេតុអី?

‑គ្មានមូលហេតុទេ តែមិនឱ្យទៅមើល

‑ខ្ញុំទៅ!

‑បើទៅ ខ្ញុំខឹង

‑មិនទៅក៏បាន…..តែនាងទៅមើលខ្ញុំណា!

‑ឱ្យខ្ញុំទៅអ្ហេ!

‑ខ្ញុំចង់ឱ្យនាងទៅផ្តល់កម្លាំងចិត្តឱ្យខ្ញុំ

‑ក៏បាន!

ដល់វេណរបស់គេ ខ្ញុំបានអង្គុយចាំជាស្រេច ខ្ញុំដឹងថា គេក៏ភ័យដែរ ប៉ុន្តែគេសង្ហារណាស់ ការពារក៏បានល្អ ឆ្លើយសំណួរក៏បានល្អ ពេលដែលគេក្រលេកមកឃើញខ្ញុំ គេញញឹម ខ្ញុំក៏លើកមេដៃឱ្យគេ។ ចំណែកខ្ញុំវិញ គឺបានជោគជ័យល្អណាស់ តែពេលដែលការពាររួច អ្វីដែលខ្ញុំសោកស្តាយ គឺខ្ញុំមិនបានអនុញ្ញាតិឱ្យគេទៅមើលខ្ញុំ និយាយឱ្យត្រង់ ខ្ញុំខ្លាចនៅលើវេទិការ ពេលដែលក្រលេកមកឃើញគេ ខ្ញុំនិយាយមិនចេញ ពេលនោះគឺវីវរហើយ!

នៅទីបំផុត ខ្ញុំក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១០ គឺជាថ្ងៃកំណើតគម្រប់អាយុ២៦ឆ្នាំរបស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំក៏អាយុសមល្មមហើយដែរ ខ្ញុំមិនអាចបណ្តោយឱ្យស្នេហា និងការគិតរបស់ខ្ញុំរំលងទៅដោយឥតប្រយោជន៍នោះទេ គេក៏ដឹងដែរ ថាថ្ងៃនេះ ជាថ្ងៃកំណើតខ្ញុំ គេបានផ្ញើសារមក តែខ្ញុំក៏តេទៅគេវិញ៖

‑រីករាយថ្ងៃកំណើត

‑រង់ចាំឱ្យខ្ញុំតេទៅ មិនព្រមតេមកទេ

‑ផ្ញើសារហើយតើ

‑តែខ្ញុំចង់ជួប ទំនេរទេ?

‑ប្រាកដហើយ!

‑ទៅចាំខ្ញុំនៅឡាក់គីទៅ

‑អូខេ!

ខ្ញុំបានត្រៀមខ្លួនហើយមែនទេ? ប្រាកដហើយ! ពួកយើងរៀនចប់ហើយ ថ្ងៃក្រោយ ក៏ប្រហែលជាគ្មានឱកាសជួបគ្នា ជជែកគ្នាដូចមុនដែរ ខ្ញុំត្រូវតែជម្រះមន្ទិលរបស់ខ្ញុំ យំឬសើច គឺនៅថ្ងៃនេះហើយ។ ខ្ញុំអង្គុយបែរខ្នងទៅផ្លូវ មួយសន្ទុះធំ ទើបគេមកដល់៖

‑សូមទោស! ឱ្យចាំយូរហើយ

­‑មនុស្សស្អី ឱ្យមនុស្សស្រីចាំ

‑សូមទោស!………នេះកាដូ រីករាយថ្ងៃកំណើត………..ខ្ញុំទៅកុម្ម៉ង់អីញ៉ាំសិន

‑ខ្ញុំកុម្ម៉ង់រួចហើយ

ខ្ញុំមិនបង្អង់យូរទេ បន្ទាប់ពីញ៉ាំរួច ខ្ញុំក៏បន្លឺឡើង៖

សូមរង់ចាំវគ្គ២

ប្រវត្តិរឿង៖ https://leakmalen.wordpress.com/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%BF%E1%9E%84/

About បេះដូងពិត

បេះដូងពិត

Posted on ខែកញ្ញា 7, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. 1 មតិ.

  1. i think the conversation is too dry and the actress seem abit nasty but I like her characteristic.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: