រឿងខ្លីបេះដូងខ្ញុំនៅក្នុងទ្រូងអ្នក(វគ្គ២ចប់)

បេះដូងខ្ញុំក្នុងទ្រូងអ្នក

និពន្ធដោយ៖ លាក់ ម៉ាឡែន

‑សុំសួរមួយណា! កន្លងមកនេះ លោកធ្វើល្អខ្លាំងណាស់ចំពោះខ្ញុំ តើលោកគ្រាន់តែស្រឡាញ់រាប់អានខ្ញុំជាមិត្ត ឬមួយជាស្នេហា?

វីវរហើយ គេសម្លឹងខ្ញុំឥតព្រេច ខ្ញុំពង្រឹងស្មារតីឡើង ហើយនៅតែញញឹមនិយាយបន្តទៀត៖

‑ពួកយើងរៀនចប់ហើយ ហើយក៏ប្រហែលជាគ្មានឱកាសបានជួបគ្នាញឹកញាប់ទៀតដែរ ខ្ញុំគ្រាន់តែចង់ដឹងអារម្មណ៍លោក បើត្រឹមជាមិត្តភក្តិគឺគ្មានបញ្ហាទេ ពួកយើងនៅតែបន្តទៀត

‑ខ្ញុំដូចមិនបានត្រៀមទេនេះ?

‑ឆ្លើយតាមត្រង់ទៅ ខ្ញុំអត់ខឹងទេ

‑ខ្ញុំ………..

‑ចំពោះមនុស្សស្រីគ្រប់រូប លោកសុទ្ធតែធ្វើល្អដាក់បែបហ្នឹងមែនទេ?

‑អត់ទេ!

‑អ៊ីចឹង ធ្វើដាក់ចំពោះតែខ្ញុំទេអ្ហេ?

‑ត្រូវហើយ! ពេលដែលនៅជិតនាង ខ្ញុំសប្បាយចិត្ត គ្រប់ពេលដែលឃើញនាងឈឺ ខ្ញុំបារម្ភ បារម្ភជាងអ្នកណាទាំងអស់

‑ហេតុអី?

‑គឺ……………..ខ្ញុំគិតថា ទោះពួកយើងរៀនចប់ហើយក៏ពិតមែន តែខ្ញុំនឹងរក្សាទំនាក់ទំនងពួកយើង

យ៉ាងម៉េចហ្នឹង? ខ្ញុំគ្រាន់តែចង់បានចម្លើយពីគេប៉ុណ្ណោះ តែគេបែរជាឆ្លើយទៅខាងនេះ ទៅខាងនោះ តាំងពីមេឃមិនទាន់ងងឹត ឥឡូវមេឃងងឹតហើយ ខ្ញុំនៅតែមិនទាន់បានចម្លើយ ក្រែងគេជាមនុស្សមានជំនឿចិត្តណាស់អ្ហេ ម៉េចក៏ពេលនេះ ដូចជាភ័យជាងខ្ញុំទៅទៀត គួរឱ្យចង់សើចដល់ហើយ។ ខ្ញុំសម្លឹងមើលមុខគេ គេឈប់និយាយមួយសន្ទុះ ខ្ញុំក៏ធ្វើមុខមាំតបទៅគេ៖

‑មេឃងងឹតហើយ ខ្ញុំត្រូវត្រឡប់ទៅផ្ទះ ឆាប់ឆ្លើយមក ខ្ញុំមិនចង់ឱ្យខ្លួនឯង និងលោកមានការស្តាយក្រោយទេ……..មិត្តភក្តិ ឬស្នេហា?

‑…………..គឺ………..ស្នេហា!

‑លោកស្រឡាញ់ខ្ញុំ?

‑ត្រូវហើយ!

ស្នាមញញឹមខ្ញុំមានទាំងប៉ុន្មាន គឺខ្ញុំបញ្ចេញអស់ហើយទៅរកគេ តែខ្ញុំឃើញទឹកមុខគេមិនរីករាយប៉ុន្មានទេ គេសួរមកខ្ញុំទាំងរដិបរដុប៖

‑ចុះនាងស្រឡាញ់ខ្ញុំទេ?

‑ខ្ញុំទទួលស្នេហានេះ

‑ពិតមែនអ្ហេ!

‑តែខ្ញុំទុកពេលឱ្យលោកពីរឆ្នាំ ដើម្បីរកលុយដណ្តឹងខ្ញុំរៀបការ

‑ចុះបើហួសពីពីរឆ្នាំ?

‑ពួកយើងនឹងក្លាយជាមិត្តភក្តិធម្មតាវិញ

‑មិនលឿនទេអ្ហេ?

‑មិនលឿនទេ ខ្ញុំអាយុម្ភៃប្រាំមួយហើយ ពីរឆ្នាំទៀតគឺម្ភៃប្រាំបី ចាស់ហើយណា

‑ក៏បាន!

‑អ៊ីចឹង ពួកយើងល្មមទៅវិញហើយ

មិនដឹងថា នរណាសប្បាយចិត្តជាងនរណាទេ តែឱ្យនឹកឃើញកាយវិការរបស់គេ ស្នាមញញឹមរបស់ខ្ញុំតែងតែផុសឡើង។ ព្រលឹមឡើង ខ្ញុំមិនទាំងបានងើបស្រួលបួលផង គេក៏មកដល់ផ្ទះរបស់ខ្ញុំ ក្លាហានម្ល៉េះ៖

‑ជម្រាបសួរអ្នកមីង

‑លើកដៃថ្វាយព្រះក្មួយ

‑ខ្ញុំជាមិត្តអាកែន ខ្ញុំចង់ជួបនាង បានទេអ្នកមីង?

‑មិនអីទេ ក្មួយអង្គុយកៅអីសិនទៅ វានៅលើផ្ទះ ចាំមីងទៅហៅឱ្យ

‑បាទអរគុណអ្នកមីង

ខ្ញុំសួរទៅកាន់គេ ដោយភ្ញាក់ផ្អើល៖

‑ម៉េចក៏មកទាំងព្រលឹមអ៊ីចឹង?

‑នាងនិយាយទៅថា ពាក្យដែលនាងនិយាយទាំងប៉ុន្មានកាលពីល្ងាច ជាការពិតទាំងអស់

‑ត្រូវហើយ!

‑អ៊ីចឹងបានន័យថា ចាប់ពីថ្ងៃនេះទៅ ពួកយើងជាសង្សារមែនទេ?

‑ត្រូវហើយ!

‑កុំនិយាយលេងណា

‑មើលមកខ្ញុំសមនិយាយលេងទេ?

‑អ៊ីចឹងថ្ពក់ដៃទៅ

‑ចាំបាច់ដែរអ្ហេ!

‑ឱ្យលឿនឡើង

‑ក៏បាន!

‑ដាក់មេដៃនាងមក………មិនដែលមើលទូរទស្សន៍ទេ

‑អូ!

‑ចាប់ពីថ្ងៃនេះទៅ ខ្ញុំមានសង្សារហើយ

ស្នេហាគឺបែបហ្នឹងអ្ហេ? ចាប់ពីថ្ងៃនោះមក មិនថាពេលតេមក ឬក៏ជួបគ្នាផ្ទាល់ គាត់ហៅខ្ញុំថា អូនពេញមាត់។ ខ្ញុំអាយុកាន់តែច្រើន ដោយមិនឃើញខ្ញុំហាក់មិនរវីរវល់នឹងការរៀបការ ម៉ាក់ក៏ចាប់ផ្តើមសួរខ្ញុំ។ គាត់មានប្រសាសន៍ថា មានគេចូលសួរ តើខ្ញុំយកទេ ខ្ញុំបានបដិសេធថាមិនទទួល គាត់ក៏សួរទៀត មានមនុស្សដែលខ្លួនស្រឡាញ់ហើយអ្ហេ ខ្ញុំមិនទាន់ប្រាប់គាត់។ តែមិនយូរប៉ុន្មាន ខ្ញុំក៏នាំប៊ុនរ័ត្នមកឱ្យគាត់មើល ខ្ញុំក៏ប្រាប់គាត់តាមត្រង់។ មិនដឹងហេតុអ្វីទេ ខ្ញុំដឹងថា គ្រួសារនិងសាច់ញាតិខ្ញុំមានការស្ទាក់ស្ទើរ គាត់ចេះតែសួរបញ្ជាក់ខ្ញុំម្តងហើយម្តងទៀត៖

‑តើកូនប្រាកដហើយអ្ហេ ដែលរៀបការជាមួយគេ?

‑កូនប្រាកដ តែបើម៉ាក់បដិសេធ កូនក៏មិនប្រឆាំងដែរ អ៊ីចឹង ទើបកូននាំគាត់មកឱ្យម៉ាក់ជួយមើលកូន

‑អ៊ីចឹង ចាំម៉ាក់គិតមើលបន្តទៀត

ខ្ញុំដឹងថា ម៉ាក់ញញើតក្នុងការរើសកូនប្រសារណាស់ ជួនពេលនោះ បងថ្លៃទី១ និងទី២ខ្ញុំក៏គ្មានការងារធ្វើទៀត ដូចនេះ ខ្ញុំក៏មិនចង់បង្ខំគាត់ដែរ ចំណែកខាងបងវិញ គាត់បានប្រាប់ខ្ញុំថា ម៉ែគាត់បានយកថ្ងៃខែទៅមើល គឺមិនត្រូវគ្នាទេ ពួកយើងក៏ណាត់ជួបគ្នានៅក្នុងហាងតូចមួយ៖

‑បងគិតយ៉ាងម៉េច?

ខ្ញុំដឹងថា គាត់គិតមិនចេញទេ តែខ្ញុំក៏មានអារម្មណ៍ខឹងនឹងគាត់ដែរ៖

‑ខ្ញុំធ្លាប់ប្រាប់បងហើយ ថាមិនចាំបាច់យកថ្ងៃខែទៅមើលទេ ឥឡូវលទ្ធផលចេញហើយ ពួកយើងធ្វើតាមថ្ងៃខែទៅ

‑មិនបានទេ! បងក៏មិនដឹងថា ម៉ែយកថ្ងៃខែពួកយើងទៅមើលដែរ

‑តែពេលនេះចប់ហើយ មនុស្សចាស់ បើគាត់ជឿហើយ មិនអាចប្តូរចិត្តគំនិតរបស់គាត់ទេ

‑បងនឹងសាកល្បងនិយាយជាមួយគាត់ម្តងទៀត

‑មើលទៅពួកយើងប្រហែលជាមិនអាចទៅរួចទេ

‑អូននិយាយអី?

‑ពួកយើងសាកល្បងមួយខែទៅ កុំជួប​កុំតេ

‑មិនបានទេ អូនកុំនិយាយលេងណា

‑អូនមិននិយាយលេងទេ ពេលនេះ គ្រួសាររបស់យើងសុទ្ធតែទីទើរ ពួកយើងក៏ទើបតែចាប់ផ្តើម ប្រហែលជាអាចដកថយបាន

‑តែបងមិនអាចដកថយទេ

‑បានហើយ! អូនត្រឡប់ទៅវិញហើយ

‑អត់ទេ! ពួកយើងអត់បែកគ្នាទេ

មិនដឹងហេតុអ្វី ទើបចិត្តខ្ញុំផុយ ហ៊ាននិយាយពាក្យនេះចេញមក ខ្ញុំឃើញគាត់អន្ទះអន្ទែង និងអារម្មណ៍ពុះកញ្រ្ជោលខ្លាំងណាស់ គាត់ដើរតាមខ្ញុំចេញពីក្នុងហាងមក គាត់យកដៃគាត់មកប៉ះដៃខ្ញុំ ដៃដែលត្រជាក់ដូចទឹកកក ធ្វើឱ្យខ្ញុំដឹងយ៉ាងច្បាស់ពីអារម្មណ៍គាត់ ទោះបីខ្ញុំមិនមើលឃើញមុខគាត់ច្បាស់ដោយពន្លឺភ្លើងមិនគ្រប់គ្រាន់ ខ្ញុំគ្រលៀសខ្លួនចេញឆ្ងាយពីគាត់បន្តិច ហើយក៏បើកម៉ូតូចេញទៅ។ ខ្ញុំអត់ដឹងថា គាត់ទៅណាមកណាទេ ប៉ុន្តែពេញមួយយប់ គឺគាត់ផ្ញើសារមកខ្ញុំរហូត។ ខ្ញុំក៏គេងអត់លក់ដែរ ខ្ញុំមើលសារគាត់ តែខ្ញុំអត់តបទេ សូរកាំជ្រួចឆ្លងឆ្នាំថ្មីបាញ់ហើយ តែខ្ញុំមិនបានមើលដូចរាល់ឆ្នាំទេ គឺខ្ញុំងើបមិនរួចឡើយ ខុសកាលពីឆ្នាំមុនៗ គឺខ្ញុំកាន់ទូរស័ព្ទជជែកជាមួយគាត់ នៅក្រោមពន្លឺកាំជ្រួច។ ខ្ញុំក៏មិននឹកស្មានថា ខ្ញុំខូចចិត្តធ្ងន់ធ្ងរដល់ម្ល៉ឹងដែរ មិនថានៅទីណា ពេលដែលខ្ញុំនឹកឃើញ ខ្ញុំដើរចេញពីគាត់ ទឹកភ្នែកខ្ញុំស្រក់ច្រោក ស្រក់មិនឈប់សោះ ពេលដែលខ្ញុំបើកភ្នែកឡើង ជីវិតខ្ញុំហាក់បីដូចជាទទេស្អាត គ្រប់យ៉ាងគឺសូន្យ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏បានជួបគាត់ដោយ ចៃដន្យនៅលើដងផ្លូវ ដែលកំពុងធ្វើចរាចរណ៍ ខ្ញុំសើចដាក់ ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង តែគាត់ទឹកមុខស្មើមករកខ្ញុំ ហើយក៏ហួសទៅ។

ជាងដប់ថ្ងៃហើយ ដែលខ្ញុំមិនឆ្លើយតបសាររបស់គាត់ តែខ្ញុំនៅតែបារម្ភពីគាត់ ចំណែកខ្ញុំខ្លួនឯង បែរជាទ្រាំស្ទើរលែងចង់បាន ហើយបែរជាចង់ជួបគាត់ ពួកយើងណាត់ជួបគ្នានៅកន្លែងចាស់ ខ្ញុំអង្គុយចាំគាត់មួយសន្ទុះទើបគាត់មកដល់ ប៉ុន្មានថ្ងៃសោះ គាត់ប្រែប្រួលខ្លាំងម្ល៉េះ ទឹកមុខខ្មៅប៉ែ គាត់អង្គុយចុះមិនទាន់ស្រួលបួលផង ខ្ញុំក៏បន្លឺឡើង៖

‑បងផឹកស្រាមែនទេ?

‑ត្រូវហើយ!

‑ហេតុអីក៏ផឹក?

‑គិតអីមិនចេញ

‑គិតមិនចេញផឹកស្រាអ៊ីចឹងអ្ហេ

‑ផឹកមិនច្រើនទេ

‑ឈប់ផឹកបានទេ?

‑ល្ងាចនេះណាត់មិត្តភក្តិរួចហើយ

‑សង្សារបែកចិត្ត មិនសូវខូចចិត្តប៉ុន្មានទេ តែសង្សារទៅផឹកស្រា ឈឺចិត្តណាស់ ព្រោះតែអូនអ្ហេ? អ៊ីចឹង ពួកយើងផឹកទាំងអស់គ្នាទៅ

‑មិនបានទេ! បងមិនឱ្យអូនផឹកទេ ពួកយើងកុំបែកគ្នាបានទេ បងអង្វរ!

ការពិតខ្ញុំចិត្តមិនដាច់ពីគាត់ទេ ខ្ញុំក៏មិនចង់ឃើញសភាពគាត់បែបនេះទៅទៀតដែរ អ្វីដែលវាបម្រុងកើត វានឹងកើត ខ្ញុំគួរតែតស៊ូចំពោះស្នេហានេះបន្តិចហើយ៖

‑អ៊ីចេះទៅ ពួកយើងមិនបែកគ្នាទេ

‑ពិតមែនអ្ហេ!

‑ទោះចាស់ទុំមិនអនុញ្ញាតឱ្យពួកយើង តែពួកយើងនៅបែបនេះរហូតទៅចុះ

‑ពិតមែនហើយ ពួកយើងនៅស្រឡាញ់គ្នាបែបនេះរហូត ចុះបើហួសពីរឆ្នាំនោះ?

‑លែងកំណត់ឆ្នាំហើយ អ្នកណាឱ្យអូនចិត្តមិនដាច់ពីបង

‑អរគុណអូន!

‑តែយប់នេះ មិនឱ្យទៅផឹកទេ

‑មិនទៅក៏បាន

ការពិតស្នេហានេះ គឺគ្មានសង្ឃឹមទៅហើយ ហេតុអ្វីក៏ពួកយើងនៅតែបន្ត ហើយបន្តដោយរីករាយទៀត? ពួកយើងមិនបានធ្វើអ្វីខុសទេ គ្រាន់តែស្រឡាញ់គ្នាប៉ុណ្ណោះ ហើយក៏មិនបានធ្វើខុសប្រពៃណីដែរ។ ជាការពិតណាស់ ពេលនៅក្បែរគាត់ ខ្ញុំចង់កាន់ដៃគាត់ដើរ ហើយខ្ញុំក៏ដឹង ថាគាត់ក៏ចង់កាន់ដៃខ្ញុំដែរ តែពួកយើងមិនអាច ស្នាមញញឹមដែលពួកយើងសម្លឹងគ្នា គឺគ្រប់គា្រន់ហើយ មិនថាពេលវេលាអូសបន្លាយដល់ពេលណា ពួកយើងនឹងរក្សាស្នេហាមួយនេះឱ្យដល់ទីបំផុត។

ថ្ងៃដប់បួនកុម្ភៈ ឆ្នាំពីរពាន់ដប់ពីរ ម៉ោងប្រាំពីរយប់ គាត់ទិញតុក្កតាខ្លាឃ្មុំមួយ យកមកឱ្យខ្ញុំ ពួកយើងមិនហ៊ានឱ្យប៉ាម៉ាក់ឃើញទេ គាត់ចាំខ្ញុំនៅមាត់ទ្វាររបង បន្ទាប់ពីទទួល   តុក្កតាពីគាត់ហើយ ខ្ញុំក៏មិនហ៊ានឈរជជែកជាមួយគាត់យូរដែរ ពួកយើងជជែកគ្នាតាមទូរស័ព្ទវិញ។

ទោះបីជាពួកយើងលុបចោលពាក្យសន្យាពីរឆ្នាំរបស់យើងចោល តែខ្ញុំនៅតែនឹកឃើញ និងចាំថា នៅសល់ប្រាំខែទៀត គម្រប់ខួបស្នេហាពីរឆ្នាំរបស់យើងហើយ។ សំឡេងទូរស័ព្ទបន្លឺឡើង ខ្ញុំស្តាប់សំឡេងគាត់ មើលទៅគាត់ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ គាត់ចង់ជួបខ្ញុំ ថាចាំជួបហើយ សឹមនិយាយគ្នា។

ស្នាមញញឹមរបស់គាត់តែងតែស្វាគមន៍មករកខ្ញុំជានិច្ច៖

‑ហេតុអីក៏សប្បាយចិត្តម្ល៉េះ?

‑អង្គុយសិនមក

‑អរគុណ!

‑ម៉ែអនុញ្ញាតឱ្យពួកយើងរៀបការហើយ

‑ថាម៉េច!

‑មិនគួរឱ្យជឿទេមែនទេ?

‑ពួក…យើងពិតជាអាចរៀបការមែនអ្ហេ?

‑ប្រាកដណាស់ អូនជម្រាបប៉ាម៉ាក់អូនទៅ តើឱ្យពួកគាត់ចូលដណ្តឹងនៅពេលណា?

‑ចាំអូនប្រាប់ប៉ាម៉ាក់ តែហេតុអីក៏គាត់ដូរចិត្ត?

‑ប្រហែលជាអាណិតកូនប្រុសគាត់ហើយ

‑សប្បាយចិត្តណាស់ហ្ន៎

‑សប្បាយណាស់ នេះ បើបងអាចឱបអូនបាន បងប្រហែលជាឱបអូនហើយ

‑ផ្តេសផ្តាស!

ខ្ញុំមិននឹកស្មានថា គ្រប់យ៉ាងត្រូវផ្លាស់ប្តូរបែបនេះទេ តែប្រហែលជាមកពី ភាពកតញ្ញូរបស់ពួកយើង។ មួយរយៈនេះ ខ្ញុំដឹងថា ខ្ញុំមិនមែនជាស្រីរឹងមាំទេ ខ្ញុំទន់ជ្រាយព្រោះតែស្នេហា តែការស្រឡាញ់របស់ខ្ញុំ ភាពមហិមាររបស់ខ្ញុំ គឺខ្ញុំនៅតែអាចបញ្ជាខ្លួនឯងបាន ហើយពេលនេះ ខ្ញុំក៏ជិតចូលរោងការហើយដែរ គឺរៀបការជាមួយមនុស្សប្រុស ដែលកញ្ឆក់យកបេះដូងខ្ញុំចេញពីរាងកាយ។

ថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៣ សំឡេងភ្លេងគ្រឹម ខ្ញុំភ្ញាក់ព្រើត អើតទៅលើជញ្ជាំង មានរំលេចអក្សរ ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ។

ពីរថ្ងៃកន្លងទៅ ពិធីត្រូវបានបញ្ចប់ ហត់ខ្លាំងណាស់ អ៊ីចឹងតើ បានជាមួយជីវិតមានតែម្តង។ ចាប់ពីរៀបការហើយ ដើរមួយជំហានក៏ខ្ញុំគិតដែរ គឺគិតថា៖ “ខ្ញុំមានប្តីហើយ ខ្ញុំទទួលបានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ហើយជាពិសេសនោះ មនុស្សដែលខ្ញុំជ្រើសរើសនេះ គឺស្រឡាញ់ខ្ញុំដូចគ្នា”។ មួយខែដំបូង គឺខ្ញុំគេងមិនលក់ទេ មិនដឹងថាហេតុអីដែរ ប្រហែលជា មិនទម្លាប់ ការដែលមានមនុស្សប្រុសនៅក្បែរទេដឹង ខ្ញុំចេះតែបិទភ្នែកទៅ កុំឱ្យប្តីដឹង ថាប្រពន្ធគេងមិនលក់ ប៉ុន្តែកាលដែលគេងមិនលក់នេះ ខ្ញុំបែរជាសប្បាយចិត្តទៅវិញ ព្រោះខ្ញុំបានដឹងពីសកម្មភាពរបស់ប្តីខ្ញុំ ភ្ញាក់ម្តងណា ដែលថាគាត់មិនថើបខ្ញុំនោះ មានយប់មួយនោះគួរឱ្យចង់សើចដែរ ខ្ញុំរងា ខ្ញុំនិយាយទៅកាន់គាត់ ឱ្យដណ្តប់ភួយឱ្យខ្ញុំទាំងមិនបើកភ្នែក តែគាត់យល់ថាខ្ញុំមមើរ ចេះតែស្រវាឱបខ្ញុំយ៉ាងជាប់ ត្រូវនឹងខ្ញុំងុយគេងខ្លាំងផង ក៏តាមដំណើរទៅ។ និយាយទៅ ពួកយើងជួបគ្នាតែពេលយប់ប៉ុណ្ណោះ ព្រឹកឡើង ពួកយើងទៅធ្វើការរៀងខ្លួន ពេលថ្ងៃ ខ្ញុំត្រឡប់មកផ្ទះ តែគាត់ គឺបាយនៅកន្លែងធ្វើការតែម្តង ទាល់តែថ្ងៃសម្រាក ទើបពួកយើងនៅជជែកគ្នាលេងដល់យប់ជ្រៅ ហើយក៏រំឭកអនុស្សាវរីយ៍ទាំងប៉ុន្មានឡើងវិញ៖

‑បងនិយាយទៅ ថាបងស្រឡាញ់អូនតាំងពីពេលណាមក?

‑មិនដឹងទេ តែគ្រប់ពេលដែលឃើញអូន គឺបងសប្បាយចិត្ត

‑បើអូនមិនសួរបង បងមិនប្រាប់អូនទេមែនទេ?

‑មែនហើយ! ម៉េចក៏អូននឹកឃើញសួរបង?

‑មកពីបងធ្វើល្អដាក់អូនពេកហ្នឹង

‑មិនមែនមកពីអូនស្រឡាញ់បងទេអ្ហេ?

‑បងទេ ដែលស្រឡាញ់អូននោះ

‑អូនដឹងទេ បងតែងតែគិតថា ពេលដែលរៀបការហើយ បងនឹងឱបអូនបែបនេះឱ្យជាប់ ឱ្យសមនឹងចិត្តដែលបងស្រឡាញ់

‑តែបើឱបបែបនេះ អូនមើលទៅគេងមិនលក់រាល់យប់ហ្នឹង

‑អ៊ីចឹងអូនឱបបងវិញមក

‑អត់ទេ!

‑គ្រាន់តែឱបក៏មិនចេះដែរ

‑ចាំមើលគ្រូបង្រៀនមើល តើប៉ុន្មានខែទើបអូនចេះ?

‑អូនដឹងទេ បងមានក្តីសុខណាស់ បងតែងតែគិតថា អូនយកបេះដូងបងទៅ ដោយមិនប្រគល់ឱ្យបងវិញ តែពេលនេះ បេះដូងមួយគូនេះ គឺនៅជាមួយគ្នាហើយ បេះដូងបងក្នុងទ្រូងអូន

‑បេះដូងអូនក៏នៅក្នុងទ្រូងបងដែរ

ខ្ញុំមិនមែនយល់សប្តិទេ សូរសំឡេងបេះដូងលោត ដែលខ្ញុំកំពុងឮនេះ គឺជាការពិត មនុស្សពិត បេះដូងពិត ហើយហត្ថាដែលខ្ញុំកំពុងតែកាន់នេះ ក៏ជាការពិត។ មនុស្សពិតនេះ រស់នៅក្នុងការពិតនៃជីវិតរបស់ខ្ញុំហើយ។

…………………………………………………………………………………………………

កំណត់ហេតុ

ក្រោយពេលរៀបការ

ពេលដែលព្រះអាទិត្យរះ បងនិយាយថា៖”បងស្រឡាញ់អូន” ចុះនៅពេលព្រះអាទិត្យសូន្យ បងក៏នៅតែនិយាយថា៖ “បងស្រឡាញ់អូន”។

ខ្ញុំមិននឹកស្មានថា ក្រោយពេលរៀបការ ជីវិតរបស់ខ្ញុំ ប្រែប្រួលយ៉ាងនេះទេ។ មួយ   រយៈនេះ ខ្ញុំមានសុភមង្គលណាស់ លើសពីជីវិតប្រលោមលោក ដែលខ្ញុំធ្លាប់សរសេរទៅ  ទៀត។ ការទទួលបានសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ មើលថែពីមនុស្សម្នាក់ដែលស្រឡាញ់យើងពិតប្រាកដ ធ្វើឱ្យបេះដូង ដែលធ្លាប់មានស្លាកស្នាម គឺរលុបអស់គ្មានសេសសល់។ ខ្ញុំមិនដឹងថា ពេលវេលាទៅមុខទៀត វាយ៉ាងណាទេ តែរយៈពេលកន្លងទៅនេះ ធ្វើឱ្យខ្ញុំប្រាកដខ្លួនឯងថា ការសម្រេចចិត្តរបស់ខ្ញុំ រៀបការជាមួយមនុស្សម្នាក់នេះ គឺមិនខុស ហើយក៏មិនបានក្បត់ខ្លួនឯង ដូចអ្វីដែលខ្ញុំធ្លាប់បានគិត មុនពេលរៀបការដែរ។ ទោះនៅក្នុងចិត្តខ្ញុំ នៅតែគ្មានជំនឿលើសេចក្តីស្នេហាអមតៈ តែសេចក្តីសុខ ដែលកើតមានមួយ រយៈពេលនេះ ធ្វើឱ្យខ្ញុំស្កប់ស្កល់សមល្មមហើយ តែបើថ្ងៃក្រោយ សេចក្តីស្រឡាញ់នេះ នៅថេរដដែល នោះគឺរឹតតែប្រសើរ ខ្ញុំនឹងក្លាយជាមនុស្សស្រីម្នាក់ មានសំណាងបំផុតនៅលើលោកនេះ។ ខ្ញុំស្រឡាញ់ប្តីខ្ញុំ!

សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣

លាក់ ម៉ាឡែន

ចប់ដោយបរិបូណ៌

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រិយមិត្តដែលតាមដានរាល់ស្នាដៃនិពន្ធរបស់ខ្ញុំ។ បន្ទាប់ពីរឿងនេះទៅ ប្រិយមិត្តប្រហែលជារង់ចាំ​យូរហើយ ព្រោះពេលនេះ ខ្ញុំហាក់បីដូចជាបាត់បង់កម្លាំងចិត្ត បាត់បង់អារម្មណ៍ សរសេរមិនចេញសោះ។ ខ្ញុំមិនដឹងថា វាមកពីមូលហេតុអ្វីឱ្យប្រាកដ ដូចនេះ ខ្ញុំមានតែផ្អាកមួយរយៈសិន។ ខ្ញុំមិនដឹងថា ត្រូវប្រមូលកម្លាំងចិត្ត និងអារម្មណ៍របស់ខ្ញុំពីទីណាទេ ហើយក៏មិនដឹងថា តើពេលណា ឬថ្ងៃណា ដែលខ្ញុំ អាចបន្តការសរសេររបស់ខ្ញុំតទៅទៀតដែរ។ ហ៊ឺ!………………

About បេះដូងពិត

បេះដូងពិត

Posted on ខែកញ្ញា 8, 2013, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: