រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ១)

ចាំស្នេហ៍new copyនិពន្ធដោយ៖ លាក់ ម៉ាឡែន

អារម្ភកថា

ជីវិតមនុស្សនៅក្នុងលោកនេះ តើមានប៉ុន្មានអ្នក ដែលមិនយល់ពីការរង់ចាំ? តើបេះដូងនៃការ រង់ចាំ ជីវិតក្នុងការរង់ចាំទទួលការឈឺចាប់ប៉ុណ្ណា? គ្មាននរណាអាចឆ្លើយបាន ក្រៅអំពីអ្នកដែលកំពុង ទន្ទឹងរង់ចាំនោះទេ។

នេះគឺជារឿងមនោសញ្ចេតនាស្នេហាស៊ីជម្រៅមួយ ដែលរលួយទុំជ្រុះពីជីវិតខ្ញុំ ហើយវាក៏បាន ប្រមូលផ្ដុំលាត​សន្ធឹងយ៉ាងធំធេងនៅលើផ្ទៃក្រដាសដ៏សស្អាត ដើម្បីឱ្យបានជ្រាបទៅដល់អ្នកអាន ហើយយក ជាស្ពាន​សម្រាប់ចម្លងជីវិតចេញពីភាពងងឹតនៃការទន្ទឹងរង់ចាំមនុស្សម្នាក់ដោយការឈឺចាប់ជាទីបំផុត។

ខ្ញុំសង្ឃឹមថា សាច់រឿងនេះ នឹងមិនបានសម្លុតធ្វីឱ្យអ្នកអានរន្ធត់ភ័យខ្លាចនឹងការរង់ចាំ នោះឡើយ ផ្ទុយទៅវិញ សូមអ្នកយកវាធ្វើជាបទពិសោធន៍បញ្ឆោតចិត្ដខ្លួនឯងកុំឱ្យវក់វង្វេងនឹងភាពឈឺចាប់ ដែល សម្លាប់សូម្បីតែបេះដូងខ្លួនឯង ហើយធ្វើខ្លួនឱ្យដាច់សង្វែងពីពិភពលោក រហូតទុក្ខសោកសង្កត់រំលត់ខ្លូនឯង ទាល់តែលាចាកពីពិភពលោកនេះនោះទេ។

ពិភពលោកនេះស្រស់ស្អាតណាស់ អ្នកត្រូវបម្រាសចេញពីការឈឺចាប់ឱ្យបាន  ដើរឈានទៅមុខ ដោយក្លាហានយកបទពិសោធន៍ជាស្ពានដើម្បីរស់នៅឱ្យរុងរឿង។

សៀមរាប ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០០៨

លាក់ ម៉ាឡែន
ផ្ដើមរឿង

ក្លិនក្រអូបនៃផ្ការំដួល ប្រមូលផ្ដុំនៅចំបេះដូងនៃខេត្ដសៀមរាប គឺដុះតម្រៀបអមត្រៀបនៅតាម មាត់ស្ទឹង អ្នកណាដែលថាមិនសម្លឹង អ្នកណា ដែលថាមិនប្រឹងគយគន់នោះ? មានតែអ្នក ដែលមានបេះដូង ល្អឥតខ្ចោះទេ ដែលមើលឃើញមន្ដស្នេហ៍នៅទីនេះ។ ឱ ! ដែនដីដ៏ស្រស់បំព្រង ម្ដេចស្រាប់តែប្រែទៅជា ស្រមោលខ្មៅ ដៅជាប់ក្នុងចិត្ដនៅក្នុងជីវិតមនុស្សស្រីម្នាក់នេះទៅវិញ?

ទោះរំដួលផ្កាខិតខំសាយភាយក្លិនក្រអូបរបស់ខ្លួនយ៉ាងណា ក៏បុប្ផាសៀមរាបមួយទងនេះហាក់មិន អើពើអ្វីទាំងអស់ នាងបែរខ្នងឈរញញឹមខ្សោះទៅរកមាត់ស្ទឹង សញ្ជឹងដោយក្រសែភ្នែកល្អក់កករ លន់តួ អង្វរដល់ផែនដី ឱ្យប្រណីដល់ជីវិតនាង។

ជារៀងរាល់ចុងខែ គេតែងតែឃើញនារីម្នាក់នេះ ឈរនៅលើដងស្ទឹងសញ្ជឹងតែម្នាក់ឯង ទោះពេល ខ្លះ មានរន្ទះ ភ្លៀងផ្គរ ខ្លាំងយ៉ាងណា បើមិនដល់វេលា ដែលនាងត្រូវចាកចេញ គឺនាងនៅតែឈរធ្មឹងសម្លឹង នៅទីនោះ។ នេះមិនមែនជាលើកទីមួយទេ ដែលនាងត្រូវទទួលគ្រាប់ភ្លៀងដ៏សែនធ្ងន់បែបនេះ តែពេលនេះ នាងហាក់បីដូចជាមានអារម្មណ៍ដឹងថាត្រជាក់ រងា នាពេលដែលខ្សែនេត្រាឃើញកុមារាម្នាក់កំពុងអង្គុយ ញ័រញាក់នៅក្រោមដើមរំដួល។ យុវតីបោះជើងថ្នមៗទៅជិតកុមារា ដែលមានអាយុប្រមាណជាដប់ឆ្នាំ។ ទោះភ្លៀងនៅតែធ្លាក់គគ្រាំ ទោះបេះដូងមានភាពខ្ទេចខ្ទាំយ៉ាងណាក៏ដោយ នាងនៅតែមានចិត្ដសន្ដោស ផ្ដល់ទៅឱ្យក្មេងប្រុសម្នាក់នោះ។ នាងយកហត្ថាស្រវាឱបកុមារាមកផ្អឹបជាប់នឹងដើមទ្រូង រន្ទះបាញ់ផូង ក្មេងនោះយំផង ភ័យផង ក៏នាងនៅតែត្រកងឱបវាយ៉ាងណែនជាប់ដោយក្ដីមេត្ដា។ ភាពហិង្សានៃគ្រាប់ភ្លៀង ស្រាប់តែត្រូវស្ងប់ស្ងៀមមួយរំពេច សំឡេងដ៏ទន់ស្រួយក៏បន្លឺឡើងៈ“បងស្រី“។ នេះជាសំឡេងក្មេងស្រីម្នាក់ អាយុ ប្រមាណជាប្រាំពីរឆ្នាំ  យុវតីបន្ធូរដៃចេញពីក្មេងប្រុស ទើបបន្លឺ ៖

-ឯងមកជាមួយអ្នកណា?

-ម៉ាក់នៅចាំបងឯម៉ូតូឯណោះ

-ឯងមកជិតបងសិនមក …………ប្អូនប្រុស ! តើឯងមកជាមួយអ្នកណា?

-ខ្ញុំវង្វេងផ្លូវ

-វង្វេងផ្លូវ ! ឯងមិនមែនអ្នកស្រុកនេះទេអ្ហេ?

-ខ្ញុំមកពីភ្នំពេញ

-ឯងមានចាំលេខទូរស័ព្ទម៉ាក់ប៉ាទេ

-ខ្ញុំចាំលេខទូរស័ព្ទម៉ាក់

យុវតីយកទូរស័ព្ទពីក្នុងកាបូប ចុចតាមលេខ ដែលក្មេងប្រុសហៅឱ្យ។ មួយសន្ទុះក្រោយមក គ្រួសារ

ក្មេងនោះក៏មកដល់ ពួកគាត់ត្រេកអរណាស់ ដែលឃើញកូនប្រុសរបស់ខ្លួនប្រកបដោយសុវត្ថិភាព ហើយបានថ្លែង

អំណរគុណចំពោះយុវតីយ៉ាងខ្លាំងដែលផ្ដល់ដំណឹងឱ្យពួកគាត់ តែរៀបនឹងចាកចេញពីទីនោះ ក្មេងប្រុសបន្លឺឡើងៈ

-បងស្រី ! ថ្ងៃស្អែកនេះ ខ្ញុំត្រឡប់ទៅភ្នំពេញវិញហើយ តើថ្ងៃក្រោយ ខ្ញុំមានឱកាសជួបបងទៀតទេ? តើខ្ញុំអាចទៅជួបបងនៅឯណា?

យុវតីសញ្ជឹងមួយសន្ទុះ ទើបតប ៖

-បើឯងមានឱកាសមកទីនេះទៀត ឯងមករកបងនៅទីនេះចុះ ជារៀងរាល់ចុងខែ បងតែងតែមកលេង នៅទីនេះ

-ចុះបើខ្ញុំមកមិនជួបបងនោះ?

-ឱ្យតែឯងមក ទោះបីមិនជួបបង ឯងប្រាកដជាជួបអ្នកតំណាងឱ្យបង ពេលនោះ គេនឹងនាំឯងទៅ ជួប បងជាមិនខាន

-ពិតមែនអ្ហេ?

-បងនិយាយការពិត មិនកុហកទេ

-បានហើយ ! ឆាប់លាបងស្រីទៅកូន

-បងស្រី ! បងស្រីស្អាតណាស់ បងដូចទេពធីតាអ៊‌ីចឹង ខ្ញុំចង់ប៉ះមុខបង តើបានទេ?

-កូនប្រុស ! កូនធ្វើស្អីហ្នឹង?

-មិនអីទេ ! ឯងប៉ះមុខបងមកចុះ

ក្មេងតូចយកហត្ថទាំងសងខាង ទៅប៉ះថ្ពាល់ទាំងគូរបស់យុវតី ទើបស្រដីទាំងក្រៀមក្រំ ៖

-បងដូចជាទេពអប្សរអ៊‌ីចឹង តែទេពអប្សរនេះ ហាក់ដូចជាក្រៀមក្រំ ហើយសោកសៅណាស់ ខ្ញុំលាបង ហើយ

-សុខសប្បាយណ៎ា ! ………..ប្អូនស្រី ពួកយើងទៅផ្ទះ

វគ្គ១                                      ១៥ឆ្នាំក្រោយមក

-ឯងដឹងទេ ចាប់តាំងពីថ្ងៃនោះមកខ្ញុំបានផ្ដិតរូបគាត់ជាប់នៅក្នុងក្រអៅបេះដូងខ្ញុំ ហើយមិនដែល ភ្លេចឡើយពីភាពកក់ក្ដៅនៅពេលនោះ

-ពេលដែលគាត់ឱបឯងនៅក្រោមដើមរំដួលកណ្ដាលភ្លៀងធ្លាក់អ៊‌ីចឹងអ្ហេ ឯងកុំប្រាប់ថា ឯងបាន លង់ស្នេហ៍គាត់តាំងពីពេលនោះមកណ៎ា

-ប្រហែលហើយ !

-ឯងនិយាយលេងទេអ្ហេ ! កាលនោះ ឯងទើបតែអាយុដប់មួយឆ្នាំប៉ុណ្ណោះណ៎ះ

-អាយុដប់មួយឆ្នាំ វាយ៉ាងម៉េច?

-ចុះបើឯងស្រលាញ់បងស្រីម្នាក់នោះ ហេតុអីក៏ឯងមានសង្សារច្រើនយ៉ាងនេះ

-មានវាយ៉ាងម៉េច ឥឡូវរកតែមួយក៏គ្មានផង

-សមមុខហើយ! ឯងគិតទៅមើល តើមាននរណាគេទ្រាំនឹងឯងបាន បណ្ដើរគេចូលហាង តែទៅ ហៅគេថា បងស្រី ឯងគិតថា ស្រីៗ គេចង់ធ្វើជាបងស្រីឯងអ្ហេ?

-គ្រាន់តែជាពាក្យហៅតើ បើពួកនាងស្រលាញ់ខ្ញុំមែន ពួកនាងក៏មិនរត់ចោលខ្ញុំដែរ

-តែពួកនាងៗទាំងនោះ គេចង់ធ្វើជាសង្សារឯង មិនមែនជាបងស្រីឯងទេ ឥឡូវស្រីដប់នាក់បានរត់ ចោលឯងហើយ ឯងចង់រកថ្មីទៀតទេ?

-អត់ទេ ! ទោះយ៉ាងណា ក៏ខ្ញុំមិនអាចបំភ្លេចបងស្រីទេពអប្សរនោះដែរ

-ចុះឯងមានទៅរកគាត់ទេ?

-ពួកយើងមកនៅសៀមរាបនេះពីរឆ្នាំហើយ កុំថាឡើយដើមខែ ឬក៏ចុងខែ ខ្ញុំតែងតែទៅចាំគាត់ នៅក្បែរស្ទឹង បើមិនជួបគាត់ក៏ហីចុះ តែសូម្បីតែអ្នកតំណាងគាត់ ក៏ខ្ញុំមិនដែលឃើញស្រមោលដែរ តើខ្ញុំគួរទៅរកគាត់នៅឯណា?

-ឯងកុំថាខ្ញុំនិយាយច្រើនណ៎ា បើឯងជួបគាត់ ឯងគិតធ្វើយ៉ាងម៉េច ខ្ញុំថា ទោះយ៉ាងណា ក៏ពួកឯង ទៅមិនរួចដែរ បើខ្ញុំស្មានមិនខុសទេ គាត់អាយុបងឯងយ៉ាងហោចណាស់ ក៏ជាងដប់ឆ្នាំដែរ តើមែន ទេ?

-គ្រាន់តែអាយុបងប៉ុណ្ណោះ សម័យនេះហើយ គ្មាននរណាប្រកាន់ទៀតទេ

-ការពិតពិសស្នេហ៍ជ្រាបសព្វខ្លួនឯងទៅហើយ តែខ្ញុំចង់ឱ្យឯងត្រៀមចិត្ដណ៎ះ ខ្ញុំក្រែងតែបងស្រី ទេពអប្សរឯងម្នាក់នោះ មានគ្រួសារហើយមិនដឹង

-កុំបន្លាចខ្ញុំ បានទេ?

-ខ្ញុំគ្រាន់តែជួយរំឭកឯងប៉ុណ្ណោះ

ពេលខ្លះជីវិតដូចជាការយល់សប្ដិអ៊‌ីចឹង ឥឡូវហ្នឹង ក្មេងប្រុុសកាលពីដប់ប្រាំមុន ក៏មិនមែនជាក្មេង ប្រុសទៀតដែរ។ យុវជនឈ្មោះ ចិត្ដ សេរី នាយធំពេញរូបពេញរាង ជាមនុស្សពេញវ័យគ្រប់លក្ខណៈ មិន តែប៉ុណ្ណោះរូបសម្បត្ដិដ៏ល្អឥតខ្ចោះ និងមានឈ្មោះជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ លើផលិតផលគ្រឿងក្រអូប ទៀតនោះ រឹតតែឱ្យអំណាចនៃមន្ដស្នេហ៍ កាន់តែមានឥទ្ធិពលថែមទៀត តែទោះជាយ៉ាងណាក៏ដោយ យុវជននេះនៅតែឆ្លៀតជារៀងរាល់ ចុងខែ ចំណាយពេលឈរក្បែរដើមរំដួល នាដងស្ទឹងសៀមរាប។

ឱ ! សៀមរាបដ៏ផូរផង់ មនុស្សច្រើនរហង់ចង់នៅក្បែរអ្នក តែអ្នកហាក់បីដូចជាមិនយល់ពីមនុស្ស ទាំងអស់នោះសោះ ឃើញទេ! ហេតុអ្វីក៏ភាពក្រៀមក្រោះនោះ ចេះតែកើតមានមិនឈប់់ឈរទាល់តែ សោះ? មើលន៏! សម្រស់ដ៏ល្អឯក តែចម្លែកពេញដោយសេចក្ដីទុក្ខ ជាមនុស្សបាត់សុខកាលពីដប់ប្រាំឆ្នាំមុន វាបាន បញ្ចេញឱ្យឃើញនៅលើរូបស្រីម្នាក់ផ្សេងទៀតហើយ។ តើនាងជាអ្នកណា?

នេត្រាមុតស្រួច ចាក់ដោតទម្លុះ ចាំងឆ្លុះនឹងផែនគង្គា ចង់ប្រាប់ថារងា ឯកា និងខ្លោចផ្សាខ្លាំងណាស់ តែប្ដូរផ្លាស់អាកប្បកិរិយាមួយរំពេច នៅពេលរំលេចចេញមនុស្សប្រុសម្នាក់ ស្ទុះឱបជំពាក់យ៉ាងតឹងណែន ពេញទំហឹង ទោះបីខំប្រឹងរើបម្រាស ក៏ប្រាស់ចេញពីហត្ថទាំងគូនោះពុំបាន។ ឱ ! ប្រាណដ៏ល្វតល្វន់ ប្រាណដ៏ ទន់ស្រឡូន ស្ទើរតែសូន្យព្រោះតែទំហឹងនៃការឱប សំឡេងថ្នមៗ ក៏បន្លឺឡើងក្បែរត្រចៀក ៖

-បងស្រី ! ទីបំផុតខ្ញុំបានជួបបងហើយ ………ខ្ញុំពិតជានឹកបងណាស់…….

សំឡេងអួលដើមករបស់យុវជននេះ ហាក់បីដូចជាចាក់ស្រេះដល់បេះដូងយុវតី ដែលដំបូងហ្ញទ័យ ខឹងសម្បាយ៉ាងខ្លាំង ប្រែជាភាំងស្រឡាំងកាំងនៅស្ងៀមមួយសន្ទុះឱ្យប្រុសក្រសោបឱបតាមចិត្ដ។ មួយ ស្របក់ក្រោយមក យុវតីយកដៃរុញយុវជនចេញពីខ្លួន ហើយសម្រួលឥរិយាបថនិយាយដោយ អាកប្បកិយា រាបទាបមិនប្រកាន់ខឹងទាល់តែសោះ ៖

-លោកច្រឡំមនុស្សហើយ ថ្ងៃក្រោយមុននឹងឱបគេ ត្រូវមើលឱ្យច្បាស់សិន …..ចាត់ទុកថា ខ្ញុំស៊យទៅចុះ

-បងស្រី ! បងមិនចាំខ្ញុំទេអ្ហេ?

-សូមទោស ! មិនដែលស្គាល់លោកទេ ខ្ញុំទៅហើយ

-បងស្រី ! ……..ហេតុអីក៏បងភ្លេចខ្ញុំ?

យុវតីដើរចេញទៅទាំងប្រញ៉ាប់ប្រញាល់ ឯយុវជនកំលោះ ក្រៀមក្រោះ និងអស់សង្ឃឹមខ្លាំងណាស់ នាយមកដល់ផ្ទះទាំងហេវហត់អស់កម្លាំង ក៏ផ្ដួលខ្លួនគ្រាំងទៅលើគ្រែ។ ម៉ូរ៉ា ជាមិត្ដភ្ងា រស់នៅជិតគ្នាជាយូរ មកហើយ មិនព្រងើយកន្ដើយឡើយ ក៏ឆ្លងឆ្លើយនឹងអាកប្បកិរិយារបស់មិត្ដ ៖

-កើតស្អី?

-ខ្ញុំបានជួបគាត់ហើយ !

-ជួបហើយអ្ហេ ! គាត់ស្គាល់ឯងទេ?

-អត់ទេ ! គាត់មិនចាំខ្ញុំទេ

-អ៊‌ីចឹងតើ បានជាអស់សង្ឃឹមយ៉ាងនេះ ឯងប្រាកដហើយថាជាគាត់

-ខ្លួនរបស់គាត់ នៅតែមានភាពកក់ក្ដៅ ដូចកាលពីដប់ប្រាំឆ្នាំមុនអ៊‌ីចឹង

-បានន័យថា ឯងបានឱបគាត់អ្ហេ?

-អ៊ឺ ! តែគាត់បែរជានិយាយថា មិនដែលស្គាល់ខ្ញុំទៅវិញ

– ចុះបើគាត់មិនស្គាល់ឯង កាលដែលឯងឱបគាត់ តើគាត់មានប្រតិកម្មអ្វីទេ?

-ខ្ញុំមិនដឹងដែរ ព្រោះពេលនោះ ខ្ញុំរំភើបខ្លាំងណាស់ ខ្ញុំឱបគាត់ខ្លាំងទៀតផង ខ្ញុំចេះតែហៅគាត់ថា បងស្រី

-ខ្ញុំថា ឯងច្រឡំមនុស្សហើយ

-មិនអាចទេ !

-មិនអាចយ៉ាងម៉េច? កុំតែបានពាក្យ បងស្រី នេះទេ ម្ល៉េះសមគេទះឯងស្លាប់ហើយ ស្រីម្នាក់ ដែល ឯងឱបនោះ ប្រហែលជាស្រណោះឯងហើយមើលទៅ ទើបសុខចិត្ដនៅស្ងៀម

-ឯងកុំនិយាយផ្ដាសបានទេ ខ្ញុំធ្វើម៉េចនឹងអាចច្រឡំបាន បើខ្ញុំទន្ទឹងចាំគាត់រាល់តែថ្ងៃនោះ

-មកពីទន្ទឹងរាល់ថ្ងៃហ្នឹងឯង ទើបស្រវាំងភ្នែក

-ខ្ញុំមិនស្រវាំងទេ ខែក្រោយ ខ្ញុំនឹងទៅម្ដងទៀត

-ស្រេចតែចិត្ដ …………ត្រូវហើយ ! ស្អែកផលិតផលថ្មី ដឹកមកហើយ ឆាប់ដេកទៅ នឹងបានងើប ទៅពីព្រលឹម កុំគិតច្រើនពេក

ជួបហើយ

     សៀមរាបដីថ្លៃ ពិភពនៃក្ដីស្រមៃ គឺខ្លាំងក្លាណាស់ តែបំណះ ដែលគ្រាន់តែប៉ូវប៉ះ វាមិនអាចធ្វើឱ្យ របស់ចាស់ ក្លាយជាថ្មីបានឡើយ ឯចម្លើយនៃការរង់ចាំ គឺការឈឺចាប់។

នេះឬពិភពនៃការរង់ចាំ? ម៉ូលីន មិនចង់ចងចាំរឿងអតីតនោះទេ ប៉ុន្ដែក្ដីស្នេហ៍ដ៏ធំធេង តើនាង អាចកាត់ផ្ដាច់ភាពសោកសង្រេងនេះបានទេ? តើនាងកំពុងតែគិតអ្វី?

បង្វិលទៅក្មេងស្រី កាលពីដប់ប្រាំឆ្មាំមុន ៖

-ម៉ូលីនអ្ហាក ! ឯងស្រលាញ់បងទេ?

-បងជាបងស្រីដ៏ល្អ ខ្ញុំស្រលាញ់បង

-ចុះបើថ្ងៃណាមួយ បងមិននៅលើលោកនេះ?

-បង..មិនអាច……….ទៅណាចោលខ្ញុំទេ?………បន្ដិចទៀត បងប្រាកដជា ជាសះស្បើយ

-បងខ្លាចតែបងមិនជាហ្នឹងណ៎ះ

-បងត្រូវតែជា

-កុំយំអី ! ដើម្បីឯង បងប្រាកដជាឆាប់ជា …….តែបើសិន ថ្ងៃណាមួយ បងពិតជាមិនបាននៅលើ លោកនេះ តើឯងអាចធ្វើការងារមួយឱ្យបងបានទេ?

-បងឱ្យខ្ញុំធ្វើអី ខ្ញុំធ្វើនោះ

-អូននៅចាំក្មេងប្រុសនៅថ្ងៃនោះទេ?

-ក្មេងប្រុស ដែលវង្វេងផ្លូវនោះអ្ហេ?

-ត្រូវហើយ !

-ហេតុអ្វីក៏នៅនឹកគេអ៊‌ីចឹង?

-បងនឹកគេ ព្រោះគេមើលទៅឆ្លាតណាស់ ដូចជាឯងអ៊‌ីចឹង ពេលឯងធំឡើង បងចង់ឱ្យឯងទៅលេង ទីនោះ ជារៀងរាល់ចុងខែជំនួសបង តើបានទេ?

-ចុះបងទៅណា? ហេតុអីក៏ចាំបាច់ឱ្យខ្ញុំទៅ?

-សន្យានឹងបងបានទេ? ………..បងខ្លាចថ្ងៃណាមួយ គេទៅរកបង ហើយបើមិនឃើញបងនោះ គេប្រាកដជាខូចចិត្ដ

-ចុះបើគេមិនបានមករកបងនោះ?

-បើគេមិនមក គឺប្រសើរណាស់

-សន្យានឹងបងណ៎ះ ចាត់ទុកថាឯងទៅដើរលេងចុះ ក្រែងឯងចូលចិត្ដផ្ការំដួលអ្ហេ ទីនោះក្រអូបខ្លាំង

ណាស់ ឯងដឹងទេ? អ្ហ៊‌ឹះ !

-ដើម្បីបង ខ្ញុំនឹងទៅ

ភ្ញាក់ពីអតីតកាល យុវតីភ្ញាក់ព្រើត លាន់មាត់ឡើងតែម្នាក់ឯង ៖

-ឬមួយជាគេទេដឹង?

-កូនស្រី ! កូនធ្វើអីក្នុងបន្ទប់ហ្នឹង?

-ខ្ញុំចេញទៅហើយម៉ាក់

-ទៅញាុំបាយទៅ !

……………………………………………………………

     ម៉ូលីន ជាកូនស្រីពៅនៅក្នុងគ្រួសារ ដែលមានតែម្ដាយ និងជីដូនចាស់ម្នាក់ប៉ុណ្ណោះ។ ពីរខែមក នេះ នាងទើបបានទទួលការងារថ្មី ជាបុគ្គលិកលក់គ្រឿងសម្អាងនៅក្រុមហ៊ុនមួយក្នុងខេត្ដសៀមរាប។ ម្ដាយ នាងធ្វើការជាមន្ដ្រីរាជការនៅសាលាស្រុកសៀមរាប ចំណែកជីដូនចាស់ មើលការខុសត្រូវនៅក្នុងផ្ទះ នៅ ពេលដែលកូន និងចៅចេញទៅធ្វើការអស់។ ដូច្នេះ ជីវភាពគ្រួសាររបស់នាង មិនជាធូរធារ តែក៏មិនខ្វះ ខាតដែរ គឺសមល្មម ដែលអាចឱ្យពួកគេរស់បានសមរម្យ។

បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចហើយ ម៉ូលីន ក៏តំណាលរឿងដែលកើតឡើងកាលពីល្ងាច ប្រាប់ម្ដាយ និងជីដូនស្ដាប់ ៖

-ម៉ាក់អ្ហាក ! កាលពីល្ងាច ខ្ញុំទៅលេងលើដងស្ទឹង

-ទៅទៀតហើយអ្ហេ ហើយវាយ៉ាងម៉េច

-ក្លិនផ្កាក្រអូបទេចៅ?

-ក្រអូបណាស់យាយ ជ្រៀបដល់បេះដូងតែម្ដង

-កូនស្រីឯងនេះ សំដីផ្អែមណាស់

-តែខ្ញុំជួបហេតុការណ៍មួយណ៎ាម៉ាក់

-មានរឿងអី?

-នៅពេលដែលខ្ញុំកំពុងតែឈរ ស្រាប់តែមានប្រុសម្នាក់ ស្ទុះមកឱបខ្ញុំ

-ថាម៉េច ! …………កូនយ៉ាងម៉េចហើយ……តើគេធ្វើស្អីកូនខ្លះ

-យាយថាហើយថា  កុំទៅលេងញឹកពេក តើចៅចាំមុខវាទេ?

-ម៉ាក់ និងយាយ កុំបារម្ភអី គេមិនបានធ្វើស្អីកូនឯណា

-គេមកឱបហើយ ថាមិនបានធ្វើស្អីទៀតអ្ហេ នេះឯងមិនរើ មិនខឹងទេអ្ហេ?

-ដំបូងខ្ញុំខឹងណាស់ម៉ាក់ តែគេចេះតែហៅខ្ញុំថា បងស្រីៗ មិនដាច់ពីមាត់ ទើបខ្ញុំនៅស្ងៀម

-នេះកូន បណ្ដោយឱ្យគេឱបអ៊‌ីចឹងអ្ហេ

-កូនស្រីឯងនេះ យ៉ាប់ធំហើយ

-ចុះក្រោយមក?

-ខ្ញុំប្រាប់គេថា គេច្រឡំមនុស្សហើយ តែគេនៅតែហៅខ្ញុំថា បងស្រី ហើយថាខ្ញុំមិនចាំគេទៀត ពេលនោះខ្ញុំមានអារម្មណ៍ខ្លាចដែរ ខ្ញុំក៏ប្រញាប់ត្រឡប់មកវិញមក

-ថ្ងៃក្រោយ កូនឈប់ទៅលេងទីនោះទៀត ស្ដាប់បានទេ?

-ត្រូវហើយ ប្រយ័ត្នជួបវាម្ដងទៀត យាយថា ឯងប្រាកដជាវីវរធំហើយ

-មិនធ្ងន់ធ្ងរដល់ថ្នាក់នោះទេដឹងលោកយាយ

-ដឹងអីថា ហេងស៊យ អាអ្នកកំលោះម្នាក់នោះ វាឃើញឯងស្អាត ក៏ធ្វើជាវង្វេងបងស្រីក៏មិនដឹង នៅមិននៅឱ្យគេឱបលេង

-គេមិនបានឱបលេងទេ គេឱបមែនទែនណ៎ះយាយ

-មើលវា

-ឯងនៅនិយាយលេងទៀត

-ថ្ងៃស្អែកនេះ ទំនិញដឹងមកពីព្រឹកផង ខ្ញុំទៅគេងហើយ ព្រោះត្រូវទៅធ្វើការពីព្រលឹមបន្ដិច រាត្រី សួស្ដីលោកយាយ អ្នកម៉ាក់

-ថ្ងៃក្រោយប្រយ័ត្នប្រយែងខ្លួនផង

-កូនដឹងហើយ

-ហ៊ី………បើសិនម៉ូលីនៅ គ្រួសារយើងមិនដឹងជារីករាយយ៉ាងណាទេ

-ម៉ាក់កុំគិតច្រើនពេក ម៉ូលីទៅបានសុខហើយ

-ម៉ាក់ក៏យល់ថាអ៊‌ីចឹងដែរ តែចេះតែនឹកដល់វា

-ម៉ាក់ឆាប់ចូលសំរាន្ដទៅ

-ឆាប់ដេកក៏ល្អដែរ
…………………………………………

ព្រះអាទិត្យរះហើយ ម៉ូលីនស្រស់ស្រាយទៅដល់កន្លែងធ្វើការពីព្រលឹម។ នាងចុះពីម៉ូតូដើរចូល ទៅក្នុងហាង អ្នកកំលោះពិនិត្យគ្រឿងសម្អាងហើយក៏ដើរចេញមក តែពួកគេទាំងពីរមិនបានឃើញគ្នានោះ ទេ។ យុវតីទៅដល់កន្លែងលក់ ក៏ឮមិត្ដរួមការងារកំពុងជក់មាត់ជជែកគ្នា ៖

-នៅក្មេងរូបសង្ហារ ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ មិនតែប៉ុណ្ណោះថែមទាំងនៅកំលោះទៀត

-អើយ  ! អ្នកណាដែលថាមិនលង់ស្នេហ៍នោះ

-ពួកឯងជជែកពីអ្នកណាហ្នឹង? ឮថាក្មេង សង្ហារ ថែមទាំងនៅកំលោះ

-ឯងមិនឃើញប្រុសម្នាក់ដើរចេញទៅអម្បាញ់មិញទេអ្ហេ?

-មិនបានមើលផង

-ភ្នែកស៊យណាស់ឯងនេះ

-គេសង្ហារណាស់ទៅអ្ហេ ខ្ញុំមើលទៅពួកឯង ដូចជាលង់នឹងពួកតារាអ៊‌ីចឹង

-មិនមែនលង់ទេ តែមានមោទនភាពជំនួសគេហ្នឹងណ៎ា

-ហេតុអីក៏ពេលគេចូលមក គេមិនមើលពួកយើងសោះអ៊‌ីចឹងហ្ន៎?

-ពួកយើងគ្រាន់តែអ្នកលក់កំប៉ិកកំប៉ុក គេមិនមើលឱ្យខាតពេលគេទេ ឈប់និយាយទៅ ធ្វើការទៅ

-អាលីន ក្នុងចំណោមអ្នកធ្វើការក្នុងហាងនេះ មានតែឯងទេ ដែលស្អាតដាច់គេ ថ្ងៃក្រោយបើប្រុស សង្ហារគួរជាទីមោទនភាពនេះអញ្ជើញមកទៀត ពួកយើងនឹងធ្វើឱ្យគាត់មើលឯងសាកមើល ចាំមើលតើគាត់ មានអារម្មណ៍ទេ?

-ឯងកុំនិយាយលេងសើចណ៎ា ធ្វើការទៅ !

……………………………………………………………………………………………….

ដើមខែ ចុងខែ ពេលវេលាហាក់ដូចជាលឿនខ្លាំងណាស់។ ទោះបីមមាញឹកនឹងការងារយ៉ាងណា កំលោះសង្ហារនៅតែប្រវេប្រវា ជ្រៀតយកចន្លោះពេលវេលាមួយ ដើម្បីទៅជួបរំដួលនាដងស្ទឹងសៀមរាប។

ថ្ងៃនេះហាក់ដូចជាជ្រុលម៉ោងបន្ដិច ត្បិតអីការងារចុងខែត្រូវធ្វើការបូកសរុប។ គ្រាន់តែចប់ ការងារភ្លាម យុវតីឥតទ្រឹងស្ងៀមដើរចេញក្រៅហាងស្រង់តាមក្លិននៃផ្ការំដួល កំសួលនៃក្លិន បាននាំឆ្អៅឆ្អិន មកឈប់នៅលើផ្លូវនាដឹងស្ទឹង។ ពេលនេះមិនដូចថ្ងៃមុននោះទេ នាងងាករេមើលជុំវិញខ្លួន រួចទើបបែរខ្នង ទៅដងផ្លូវ កែវភ្នែកសម្លឹងទៅទឹកស្ទឹងដ៏សែនថ្លា។ នេត្រាទាំងគូនៅតែមានភាពសោកសៅ បេះដូងនៅតែ មានស្រមោលជាច្រើន ដែលធ្វើឱ្យនាងបង្កើននូវទឹកចិត្ដដ៏ស្ងប់ស្ងាត់ តែទឹកចិត្ដនេះ ស្រាប់តែត្រូវបាត់មួយ រំពេច នៅពេលដែលរំលេចនូវសំឡេងយុវជនម្នាក់ ដែលកំពុងឈរពីក្រោយនាង ៖

-នាងនៅតែមកលេងទីនេះដដែល

-ណារ៉ាទេអ្ហេ ជួនគ្នាណាស់

-សុខសប្បាយទេ?

-សុខណាស់ ចុះលោកវិញ?

-ខ្ញុំប្រហែលជាមិនសុខដូចជានាងទេ

-មានបញ្ហាអីអ្ហេ? ខ្ញុំឮថា លោកជិតរៀបការហើយតើ

-ពួកយើងបែកគ្នាហើយ

-ហេតុអី?

-នៅមិនត្រូវគ្នា មានតែបែកគ្នាទៅ។ម៉ូលីនអ្ហា! ថ្ងៃនេះមិនមែនជាការចៃដន្យទេ ការពិត ខ្ញុំ​មាន​បំណងមករកនាង រឿងពីលើកមុន ការពិតខុសមកពីខ្ញុំ

-រឿងកន្លងហួសហើយ កុំរំ*កអី ខ្ញុំក៏បានបំភ្លេចវាហើយដែរ

-តើនាងទុកឱកាសឱ្យខ្ញុំទេ បើសិនពួកយើង……

-មិនអាចទេ រឿងរបស់ពួកយើង គឺចប់ហើយ ពេលនេះចិត្ដខ្ញុំភ្លឺស្វាងណាស់ ខ្ញុំមិនចង់ឈឺចាប់ទៀត ទេ………….ល្ងាចហើយ ខ្ញុំត្រឡប់ទៅវិញហើយ

-ម៉ូលីន ! (យុវជនស្ទុះទៅចាប់ម៉ូលីន)

-លោកធ្វើស្អី ទីនេះជាទីសាធារណៈណ៎ា

-នាងស្ដាប់ខ្ញុំសិនតើបានទេ?

-ពួកយើងគ្មានពាក្យអ្វី ត្រូវនិយាយគ្នាទៀតទេ

-បងស្រី !

សំឡេងនេះបន្លឺឡើងទៀតហើយ យុវតី និងអ្នកកំលោះ គឺសុទ្ធតែសម្លឹងឆ្ពោះទៅរកម្ចាស់សំឡេង។ ណារ៉ាបន្លឺឡើង ៖

-នាងស្គាល់គេអ្ហេ?

ម៉ូលីនសម្លឹងមើលយុវជន ចំណែកយុវជនញញឹមស្រស់ទៅរកនាង នាងក៏ងក់ក្បាលបញ្ជាក់ថា នាង ពិតជាស្គាល់គេ ណារ៉ាបន្ដ ៖

-លោកជាសង្សារនាងមែនទេ?

-ត្រូវហើយ ! គាត់ជាគូដណ្ដឹងខ្ញុំ នេះហើយជាដើមហេតុ ដែលខ្ញុំនិងលោកមិនអាចដូចដើមបានទេ

-អ៊‌ីចឹងទេអ្ហេ ! ជួយអបអរលោក ជូនពរនាង ខ្ញុំត្រឡប់ទៅវិញហើយ

គ្រាន់តែណារ៉ាចេញផុតភ្លាម យុវជនឥតស្ងៀម ឥតលាក់លៀមអាកប្បកិរិយា នាយវាចាទាំងក្ដី សោមនស្សរីករាយ ៖

-បងស្រី ! នេះបងស្រីចាំខ្ញុំបានហើយអ្ហេ

-ពួកយើងទៅអង្គុយខាងនោះសិនទៅ

-បាទ ! ………………

-បើខ្ញុំចាំមិនខុសទេ លោកជាក្មេងប្រុសកាលពីដប់ប្រាំឆ្មាំមុន តើមែនទេ?

-ត្រូវហើយ ! កាលនោះបងឱបខ្ញុំនៅក្រោមដើមរំដួលនោះ

-លោកមកទីនេះជារៀងរាល់ថ្ងៃមែនទេ?

-បងហៅឈ្មោះខ្ញុំទៅ ខ្ញុំឈ្មោះសេរី

-សេរីអ្ហេ ! មិនសមទេដឹង

-ខ្ញុំហៅបង ថាបង រឿងអីដែលថាមិនសមនោះ

-លោកមើលមកខ្ញុំ តើចាស់ទេ?

-បងដូចពីមុនអ៊‌ីចឹង មិនចាស់ទាល់តែសោះ មើលទៅដូចជាក្មេងជាងខ្ញុំទៅទៀត

-ខ្ញុំអាយុប្អូនលោក ត្រូវតែក្មេងជាងលោកអ៊‌ីចឹងហើយ (ម៉ូលីនគិតក្នុងចិត្ដ)

-បងគិតអីហ្នឹង?

-អត់ទេ ! សេរីមិនទាន់ឆ្លើយសំនួរខ្ញុំទេណ៎ះ?

-ខ្ញុំមកធ្វើការនៅសៀមរាបនេះពីរឆ្នាំហើយ ហើយរយៈពេលពីឆ្នាំនេះ ខ្ញុំមកចាំបងរហូត ឃើញទេ ទេវតាមិនអាក្រក់ចំពោះខ្ញុំទេ ទីបំផុតខ្ញុំជួបបងទាល់តែបាន

-ខ្ញុំស្មានតែលោកភ្លេចរឿងថ្ងៃនោះទៅហើយ

-ខ្ញុំនិយាយហើយថា ថ្ងៃណាមួយខ្ញុំនឹងមករកបង

-ចុះបើរកខ្ញុំមិនឃើញ?

-ខ្ញុំនឹងចាំបងនៅទីនេះរហូត ខ្ញុំមិនជឿថាសៀមរាបធំដល់ម្ល៉ឹងនោះទេ

-ចាំរហូតអ្ហេ …………(បងស្រី! បងពិតជាយល់ពីការទន្ទឹងរង់ចាំណាស់ សំណាងហើយ ដែលខ្ញុំ មកទីនេះ មិនអ៊‌ីចឹងមនុស្សម្នាក់នេះប្រាកដជាដូចបង ឥឡូវគេច្រឡំខ្ញុំថាជាបងហើយ ហើយ ពេលនេះ គេហាក់ដូចជាមានសេចក្ដីសុខណាស់ ខ្ញុំត្រូវប្រាប់គេទេ ថាខ្ញុំមិនមែនជាបង តើខ្ញុំអាច បំផ្លាញភាពរីករាយរបស់គេទេ?)

-បងគិតអីហ្នឹង?

-លោកពិតជានឹកបងស្រីមែនអ្ហេ?

-ខ្ញុំពិតជានឹកបងមែន បើមិនអ៊‌ីចឹង នៅថ្ងៃនោះ ខ្ញុំក៏មិនរត់មកឱបបងដែរ

-លែងដៃខ្ញុំសិនទៅ

-បាទ !

-បើលោកស៊ាំនឹងពាក្យបងស្រីទៅហើយ អ៊‌ីចឹងខ្ញុំហៅលោកថាប្អូនប្រុសបានទេ?

-មិនបានទេ ! បងត្រូវហៅឈ្មោះខ្ញុំ ព្រោះរូបបងនៅក្មេងជាងខ្ញុំ បើមិនអ៊‌ីចឹងនៅចំពោះមុខគេ ខ្ញុំប្រាកដជាខ្មាសគេស្លាប់ហើយ

-អ៊‌ីចឹង ខ្ញុំប្រើពាក្យក្នុងឋានៈជាបងស្រីហើយណ៎ា (សូមខមាទោសទេវតាអើយ ពេលនេះចាត់ ទុកថាខ្ញុំជាបងស្រីខ្ញុំទៅចុះ) ទោះឯងហៅខ្ញុំថាជាបងស្រី តែទោះជាយ៉ាងណា ក៏ពួកយើងនៅតែជា មនុស្សប្រុស ហើយនិងមនុស្សស្រី ថ្ងៃក្រោយបើពួកយើងបានជួបគ្នា ឯងកុំស្និទ្ធស្នាលនឹងខ្ញុំពេក តើ បានទេ?

-បងថាយ៉ាងម៉េច……………….តែមិនអីទេ………………………… ទោះយ៉ាងណា ថ្ងៃនេះខ្ញុំសប្បាយចិត្ដណាស់……………….ខ្ញុំស្រលាញ់ដងស្ទឹងសៀមរាបនេះ ណាស់

-នែ៎ ! ឯងស្រែកអីហ្នឹង មិនខ្មាសគេទេអ្ហេ?

-ត្រូវហើយ! មនុស្សប្រុសអម្បាញ់មិញជានរណា? ជាសង្សារបងអ្ហេ?

-គាត់គ្រាន់ជាមិត្ដចាស់ប៉ុណ្ណោះ

-ប្រហែលជាមិនធម្មតាហើយ ទើបបងយកខ្ញុំជាគូដណ្ដឹងយ៉ាងនេះ

-សូមទោសណ៎ា !

-មិនអីទេ ខ្ញុំមិនខឹងនឹងបងទេ តែខ្ញុំក៏ចង់ឱ្យពាក្យនេះក្លាយជាការពិតដែរ

-ខ្ញុំជាបងស្រីណ៎ា

-ខ្ញុំនិយាយលេងទេ

-ខ្ញុំត្រឡប់ទៅវិញហើយ

-ខ្ញុំជូនបងទៅ

-បើជូនខ្ញុំទៅ ចុះម៉ូតូខ្ញុំទុកឯណា? មិនអីទេ ! បើមានឱកាស ថ្ងៃក្រោយជួបគ្នា

-បងឱ្យលេខទូរស័ព្ទខ្ញុំមក

-ចាំបាច់ដែរអ្ហេ?

-ខ្ញុំរកបងយ៉ាប់ខ្លាំងណាស់ណ៎ះ ចាត់ទុកថា ខ្ញុំជាប្អូនប្រុស តើបានទេ?

-បាន ! ………….ហាមស៊ីញ៉ូលេងណ៎ះ

-មិនស៊ីញ៉ូទេ បើខ្ញុំនឹក ខ្ញុំនឹងតេហៅបងដើរលេង

-គ្មានពេលទេណ៎ះ ប្រាប់ឱ្យហើយ ខ្ញុំទៅមុនហើយ !

-បាទ !

រំដួលសៀមរាបពិតជាជ្រាបដល់ក្រអៅបេះដូងមែន នេះមិនមែនជាឆាកល្ខោនលេងសើចឡើយ តែវាជាចម្លើយនៃការរង់ចាំ។ យុវជនកំលោះនាមឈ្មោះសេរី ហឫទ័យហាក់បីដូចជារួចចេញពីគុកច្រវ៉ាក់ បេះដូងឥតមានស្ទើរស្ទាក់ដើរញាក់តាមចង្វាក់ភ្លេង បព្ចោញនូវសំឡេងដ៏ក្រអួនក្រអៅកប់ជ្រៅនូវ មនោ-​សញ្ចេតនា ធ្វើឱ្យម៉ូរ៉ាវាចាទាំងងឿងឆ្ងល់ ៖

-ហេតុអីក៏សប្បាយចិត្ដយ៉ាងនេះ?

-ខ្ញុំជួបទេពអប្សរហើយ ! ខ្ញុំជួបហើយ…………….

-ទេពអប្សរម្នាក់នោះ ពិតជាធ្វើឱ្យឯងសប្បាយចិត្ដដល់ម្ល៉ឹងអ្ហេ?

-ឯងដឹងទេ នាងនៅតែក្មេង មិនចាស់ទាល់តែសោះ

-ខ្ញុំពិតជាចង់ស្គាល់បងស្រីឯងណាស់ ជាស្រីតែម្នាក់កាលពីថ្ងៃមុនមែនទេ

-ត្រូវហើយ! ខ្ញុំប្រាប់ហើយថា ខ្ញុំមិនច្រឡំមនុស្សទេ

-សប្បាយចិត្ដទៅអ៊‌ីចឹង ខ្ញុំទៅញាុំបាយហើយ

-នែ៎ ! ឯងមិនចង់ស្ដាប់រឿងខ្ញុំទេ?

-រំងាប់អារម្មណ៍សិនទៅ ចាំនិយាយឱ្យខ្ញុំស្ដាប់

………………………………………………………………………………..

កំពុងតែបរិភោគអាហារពេលល្ងាច សំឡេងទូរស័ព្ទបន្លឺឡើង ៖

-អាឡូ !

-បងស្រី! គឺខ្ញុំណ៎ា

-ខ្ញុំណា?

-សេរី ! បងញាុំបាយហើយនៅ?

-កំពុងញាុំ ! យ៉ាងម៉េចមានការអីអ្ហេ?

-អត់ទេ ! ខ្ញុំនឹកបងតើ

-ប៉ុណ្ណឹងបានហើយអ៊‌ីចឹង ថ្ងៃក្រោយបើគ្មានការអីទេ កុំតេមក បានហើយ !

-អ្នកណាគេកូន?

-ក្មេងប្រុសកាលពីដប់ប្រាំឆ្នាំមុន ដែលខ្ញុំទើបនិយាយឱ្យម៉ាក់ស្ដាប់អម្បាញ់មិញហ្នឹងណ៎ះ

-នេះចៅចង់កុហកគេអ៊‌ីចឹង ឬយ៉ាងម៉េច?

-ខ្ញុំក៏មិនចង់ដែរយាយ តែនៅពេលនោះ ខ្ញុំមិនចង់ធ្វើឱ្យគេខកចិត្ដតែប៉ុណ្ណោះ

-បើមានឱកាសល្អ កូនគួរតែប្រាប់គេតាមត្រង់ទៅ

-ម៉ាក់កុំបារម្ភអី ខ្ញុំក៏មិនចង់ឱ្យគេមកជំពាក់ជំពិននឹងខ្ញុំដែរ

សូមរង់ចាំវគ្គ២សប្តាហ៍ក្រោយ

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មីនា 1, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: