រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ២)

ចាំស្នេហ៍new copyវគ្គ២              ស្នាមញញឹម

ក្ដីស្រមៃមកជាយូរ បានប្ដូរនូវស្នាមញញឹម

ភាពប៉ប្រឹមនៃផែនដីមានតម្លៃខ្លាំងណាស់សម្រាប់ បេះដូងមនុស្ស។ អ្នកកំលោះទាំងពីរម្នាម្នីចេញទៅធ្វើការ

ស្រាប់តែភ័ក្ដ្រាញញឹមរបស់យុវតីស្រីជំទង់ម្នាក់ មកបង្អាក់ដំណើរពួកគេទាំងពីរ។ ម៉ូរ៉ាឧទាន ៖

-អ្នកណាកំពុងឈរញញឹមមករកឯងនោះ? កុំប្រាប់ថា ជាសង្សារទីដប់មួយណ៎ះ

-កុំនិយាយផ្ដេសផ្ដាស ! នាងប្អូនជីដូនមួយខ្ញុំទេ

-ខ្ញុំទៅចាំឯងនៅឡានមុន

-អូនមករកបងមានការអីអ្ហេ?

-ម៉ាក់ថា បាត់បងយូរ ហេតុក៏មិនឃើញទៅលេងអ៊‌ីចឹង

-ប៉ុន្មានថ្ងៃនេះ បងរវល់ខ្លាំងពេក សូមទោសណ៎ះ ចាំអាទិត្យក្រោយ បងទៅលេងពួកគាត់

-មិនអីទេ ! នេះម៉ាក់ផ្ញើផ្លែឈើមកជូនបង

-ផ្លែឈើអ្នកមីងដាំមែនទេ?

-ចាស !

-ផ្ដាំអរគុណអ្នកមីងផងណ៎ះ

-ចាស ! ខ្ញុំត្រឡប់ទៅវិញហើយបង

-អ៊ឺ ! អរគុណណ៎ះ

យុវជនទាំងពីរបើកឡានចេញទៅ។ នៅតាមដងផ្លូវ ម៉ូរ៉ាឧទាន ៖

-យើងគិតទៅមើលហាងណាមុន?

-ទៅសាខាទីមួយមុនទៅ !

-ឮថាតម្លៃទំនិញ ដែលទើបដឹកមកនោះ កំពុងធ្លាក់ថ្លៃខ្លាំងណាស់

-ធ្លាក់ក៏ធ្លាក់ទៅ យើងដំណើរការលក់ធម្មតា

-ត្រូវហើយ ! ល្ងាចនេះចេញពីធ្វើការ ទៅញាុំបាយហាងទេ?

-ឯងទៅម្នាក់ឯងចុះ ខ្ញុំមានណាត់

-ណាត់ជាមួយបងស្រីទៀតហើយអ្ហេ? ខ្ញុំដូចជាច្រណែននឹងបងស្រីម្នាក់នោះដល់ហើយ ព្រោះគ្រាន់ តែឯងជួបគាត់់ភ្លាម ឯងក៏ភ្លេចខ្ញុំទៅហើយ

-ឯងនិយាយស្អី?

-ខ្ញុំនិយាយលេងទេ ! កន្លែងនេះអ្ហេ ដែលឯងតែងតែមកជួបគាត់

-ត្រូវហើយ!

-ថ្ងៃណាមានឱកាស គួរតែណែនាំគាត់ឱ្យខ្ញុំស្គាល់ផង តើគាត់អស្ចារ្យយ៉ាងណាដែរ ទើបធ្វើឱ្យឯង រស់នៅមានន័យយ៉ាងនេះ?

-ខ្ញុំក្រែងតែឯងឃើញគាត់ហើយ ទប់ចិត្ដមិនបាន លង់ស្នេហ៍នឹងគាត់ទៅ ខ្ញុំមិនវីវរទៅហើយទេអ្ហេ

-អាចង្រៃយក អ៊‌ីចឹងតើ បានជាមិនដែលឱ្យខ្ញុំទៅជាមួយ ឯងកុំបារម្ភអី ទោះយ៉ាងណា ខ្ញុំមិន យកស្រី អាយុបងខ្ញុំធ្វើជាប្រពន្ធទេ

-រឿងនេះថាមិនត្រូវដែរ

…………………………………………………………………………………………..

ដំណក់ភ្លៀងទើបតែដាច់គ្រាប់ បេះដូងចាប់ជាប់នូវភាពត្រជាក់ ម្នាក់ៗមានភ័ក្ដ្រាស្រស់ញញឹម ឯ ធម្មជាតិក៏ស្រស់ប៉ប្រឹម សម្លឹងមើលហើយពេញដោយមនោសញ្ចេតនា។ ឥឡូវបាទាកំពុងតែនាំអត្មា ឆ្លង កាត់ដែនពសុធានាដងស្ទឹងសៀមរាប។ ពេញប្រៀបដោយស្នាមញញឹម នោះគឺភាពស្រស់ប៉ប្រឹមរបស់ យុវជនសេរីទៅរកយុវតី ដែលកំពុងដើរចូលមក។

-ហេតុអីក៏បងយូរយ៉ាងនេះ?

-ខ្ញុំធ្វើការស៊ីឈ្នួលគេ ធ្វើម៉េចនឹងមានពេលគ្រប់គ្រាន់ដូចជាលោក

-ត្រូវថែមម៉ោងទៀត មែនទេ?

-ត្រូវហើយ !

-មើលទៅបងតប់ប្រមល់ណាស់ ពួកយើងទៅដើរលេងទៅអ្ហ៊ៃ?

-ល្ងាចណាស់ហើយ ខ្ញុំត្រូវប្រញាប់ទៅផ្ទះ

-ទៅញ៉ាំអីជិតនេះសិនទៅអ្ហេ ណ៎ា……..ណា

-…………… ទៅក៏បាន

យុវកំលោះ និងមាណវីបណ្ដើរគ្នាមករោងអាហារមួយ ដែលលក់នៅតាមដងផ្លូវ តែមិនទាន់ទាំង បានចូលអង្គុយស្រួលបួលផង ស្រាប់តែមានយុវតីម្នាក់អាយុប្រហាក់ប្រហែលនឹងនាងដែរ ដើរចូលមក ដោយសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង រួចបន្លឺ ៖

-សួស្ដីបង!

-អានី !

-បងដូចជាភ្ញាក់ផ្អើលដល់ហើយ មិនណែនាំនាងឱ្យខ្ញុំស្គាល់ទេអ្ហេ?

-នាងគឺ ……..

-ឈប់សិន ! ទោះបងមិនណែនាំ ក៏ខ្ញុំស្គាល់ដែរ នាងប្រហែលជាបងស្រីបងហើយមើលទៅ

-ហេតុអីក៏នាងដឹងថា ខ្ញុំជាបងស្រីរបស់គេ

-រឿងអី ដែលថាខ្ញុំមិនដឹងនោះ ខ្ញុំជាបងស្រីទីដប់របស់គាត់ បើតាមខ្ញុំស្មានមិនខុសទេ នាង ប្រហែលជាបងស្រីទីដប់មួយហើយមើលទៅ

-បានន័យថាម៉េចហ្នឹង? (ម៉ូលីនមើលទៅសេរី)

-បងកុំយល់ផ្ដេសផ្ដាសណ៎ា !

-ខ្ញុំេមើលទៅនាងនៅក្មេងដែរ យកល្អកុំនាំអាប់ឈ្មោះដោយសារតែគាត់នោះ

-ខ្ញុំមិនយល់ពីនាងនិយាយទេ ខ្ញុំទៅមុនហើយ

-បងស្រី ! នាង……..

-លោកចេះតែហៅគេថា បងស្រី លោកមិនធុញខ្លះទេអ្ហេ?

-ខ្ញុំមិននិយាយជាមួយនាងទេ …………………………បងស្ដាប់ខ្ញុំនិយាយសិន !

សេរីរត់តាមម៉ូលីនរហូតទៅដល់ក្រោមដើមរំដួល ៖

-បងស្ដាប់ខ្ញុំនិយាយសិន តើបានទេ

-ខ្ញុំមិនដឹងថាលោកចាត់ទុកខ្ញុំ ថាជាបងស្រី ឬមួយក៏ជាស្រីរបស់លោកនោះទេ តែខ្ញុំប្រាប់លោកឱ្យ ដឹងណ៎ា កាលដែលខ្ញុំឱ្យលោកហៅខ្ញុំថាបងស្រី ព្រោះតែខ្ញុំយល់ដល់លោក តែបើលោកមានគំនិត អាក្រក់បែបនោះ កុំមកហៅខ្ញុំថាបងស្រីទៀត ឈប់មករកខ្ញុំទៅ ហើយកុំភ្លេចទៅប្រាប់បង ស្រីទីដប់ ឬក៏ទីប្រាំបី ប្រាំបួនរបស់លោកផង ខ្ញុំមិនមែនជាបងស្រី ឬក៏ស្រីទីដប់មួយរបស់លោកទេ

-ខ្ញុំមើលទៅបង ពិតជាខឹងមែនហើយ…………តើបងដឹងទេ ហេតុអីក៏ខ្ញុំចេះតែហៅស្រីៗ ទាំងនោះ ថាជាបងស្រី សូម្បីតែខ្ញុំដឹងហើយថា ពួកនាងមានអាយុប្អូនខ្ញុំនោះ? បងដឹងទេ? ដប់ប្រាំឆ្មាំមកនេះ ខ្ញុំនឹកដល់បងរហូត នឹកក្រោមដើមរំដួលនេះ នឹកភាពកក់ក្ដៅ ដែលបងផ្ដល់ឱ្យខ្ញុំ នឹកគ្រប់វិនាទី ទាំងអស់គ្មានចន្លោះពេលឡើយ តែខ្ញុំក៏ចង់ធ្វើឱ្យជីវិតខ្ញុំបានធូរស្បើយដែរ ខ្ញុំទាក់ទងស្រីៗទាំងនោះ តែវានៅតែឥតប្រយោជន៍ ព្រោះតែពាក្យបងស្រីនេះហើយ ទើបធ្វើឱ្យពួកគេម្នាក់ៗដើរចេញពី ជីវិតរបស់ខ្ញុំ ខ្ញុំបណ្ដើរពួកគេដើរលេងហ៊ឺហារ តែខ្ញុំនៅតែនឹកនា ពាក្យថាបងស្រីនេះ ធ្វើឱ្យពួកនាង អាម៉ាស់មុខដោយសារតែខ្ញុំ គឺដោយសារនរណា គឺដោយសារតែខ្ញុំមិនអាចបំភ្លេចបងបាន បង យល់ទេ?…………

ទិដ្ឋភាពឈឺចាប់របស់យុវជន ធ្វើឱ្យតូចតន់រឹតតែទុក្ខធ្ងន់ ព្រោះនឹកទៅដល់បងស្រី ហើយរឹតតែមាន អារម្មណ៍ថា មិនគប្បីនឹងយុវជន  នាងជោរជន់ទៅដោយទឹកភ្នែកស្រដីទាំង ខ្សឹកខ្សួល ៖

-សូមទោស ! ………ខ្ញុំមិននឹកស្មានថាលោកអាចនៅចងចាំរឿងកាលពីដប់ប្រាំមុននោះទេ

-បងយំអ្ហេ ! (សេរីយកដៃទៅផ្ដិតទឹកភ្នែកនៅលើថ្ពាល់ម៉ូលីន)

-ខ្ញុំមិនដែលយល់ពីអារម្មណ៍អ្នកទន្ទឹងរង់ចាំទេ សូមទោស……….

យុវជនទាញស្មាយុវតីមកដាក់លើដើមទ្រូង ៖

-ខ្ញុំមិនដែលខឹងនឹងបងទេ គឺខ្ញុំពេញចិត្ដដោយខ្លួនឯង ខ្ញុំពេញចិត្ដនឹងការទន្ទឹងរង់ចាំបង សូមទោស! ខ្ញុំមិនគួរធ្វើឱ្យបងស្រក់ទឹកភ្នែកដោយសារខ្ញុំទេ សូមទោស ………….

……………………………………

ឆាកជីវិតគឺវាបែបនេះឯង មានសោកសង្រេង មានរីករាយ  ឥឡូវផ្លូវ គឺរឹតតែឆ្ងាយទៅហើយ ប្រហែលជាគ្មានពេលបកស្រាយទេ ព្រោះមិនចង់ឱ្យការឈឺចាប់ ក្រឡាប់ចាក់វិលមកវិញម្ដងទៀត ដែលធ្វើ ឱ្យផ្ទួនលើផ្ទួន ម្ល៉ោះហើយទុកវាជាការសម្ងាត់សិនចុះ។

មេឃកំពុងតែរះថ្ងៃ ហឫទ័យកំពុងតែបើកចំហអំណរនឹងសេចក្ដីសុខថ្មី ក្នុងបេះដូងចាស់ តែប្រែជា ប្ដូរផ្លាស់មួយរំពេច នៅពេលរំលេចចេញរូបមនុស្សប្រុសម្នាក់នេះឡើងវិញ នោះគឺណារ៉ា ដែលជាអតីត ស្នេហាចាស់របស់យុវតី ៖

-កូនមកវិញហើយអ្ហេ មានមនុស្សមករកកូន

-អ្នកណាគេម៉ាក់?

-ណារ៉ា !……..

– អ្ហ៊ះ !

-ចូលទៅ គេកំពុងអង្គុយចាំជាមួយលោកយាយ រឿងដែលកូនមានគូដណ្ដឹងនោះ ម៉ាក់មិនបានតប ឆ្លើយជាមួយគេទេ

-គេយករឿងនោះមកនិយាយជាមួយម៉ាក់អ្ហេ?

-យ៉ាងម៉េច ឬកូនចង់លាក់នឹងម៉ាក់?

-អត់ទេ ! កូនគិតថាវាគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ ដឹងអីគេនៅមិនអស់ចិត្ដទៀត

-ម៉ាក់ថាកូនគួរតែដោះស្រាយតាមសម្រួលទៅ

-ការពិតម៉ាក់មិនគួរឱ្យគេចូលផ្ទះទេ

-ម៉ាក់ធ្វើអ៊‌ីចឹងម៉េចនឹងកើត ទោះយ៉ាងណាក៏គេធ្លាប់ឡើងចុះទីនេះដែរ ឆាប់ចូលទៅ

-ម៉ូលីនមកហើីយអ្ហេចៅ ណារ៉ាមកលេងនឹងចៅនេះ  ពួកចៅនិយាយគ្នាចុះ យាយទៅក្រៅ មួយ ភ្លែត……………. សម្រួលអារម្មណ៍ណ៎ាចៅ

-លោកមានការអីអ្ហេ ទើបមកដល់ទីនេះ?

-ខ្ញុំមកលេងនឹងនាង ហើយចង់សួរសុខទុក្ខលោកយាយ និងអ្នកមីងផង      ព្រោះខានមកលេងពួក

គាត់យូរហើយ នាងកុំយល់ច្រឡំអីណ៎ា ខ្ញុំគិតរួចហើយ ទោះយើងមិនអាចដូចដើម តែយើងអាចជា

មិត្ដនឹងគ្នាដូចធម្មតា តើបានទេ?

-បើលោកគិតយល់ហើយប្រសើរណាស់ ខ្ញុំក៏អស់បារម្ភដែរ រឿងកន្លងហួស ចាត់ទុកថា គ្មានរឿងអ្វី កើតឡើងចុះ

-អ៊‌ីចឹងថ្ងៃក្រោយ តើខ្ញុំអាចមកលេងទីនេះទៀតបានទេ?

-បើលោកយល់ថា នៅផ្ទះអផ្សុក អាចមកលេងនឹងលោកយាយក៏បាន តែកុំមកញឹកពេក

-នាងនៅតែបារម្ភច្រើនដដែល

-ខ្ញុំនៅតែជាខ្ញុំហ្នឹងឯង បើមិនគិតឱ្យច្រើនខ្លាចវាពិបាកទៅថ្ងៃក្រោយទៀត

-ឱ្យខ្ញុំសូមទោស

-ខ្ញុំប្រាប់ហើយថា កុំរំឭករឿងចាស់ទៀត ពេលនេះខ្ញុំមានអារម្មណ៍ល្អណាស់ តើល្ងាចនេះ លោកនៅ ញាុំបាយជាពួកយើងទេ?

-អរគុណ តែល្ងាចនេះ ខ្ញុំជាប់ណាត់  ខ្ញុំគិតត្រឡប់ទៅវិញហើយ

-អរគុណ ដែលមកលេង

-មិនអីទេ ……………លោកយាយ អ្នកមីង ខ្ញុំជម្រាបលាទៅវិញហើយ

-អ៊ើ………..

ណារ៉ាបើកឡានចេញទៅ ម៉ូលីនក៏ដើរទៅរកលោកយាយ ដែលកំពុងជ្រោយដីផ្កានៅក្បែរផ្ទះ។ នាងនិយាយបណ្ដើរជួយលើកនេះ លើកនោះបណ្ដើរ ៖

-ល្ងាចហើយ លោកយាយមិនសម្រាកដៃទៀតអ្ហេ?

-យាយបង្ហើយបន្ដិចសិន! ត្រូវហើយ ចុះណារ៉ា គេមកធ្វើស្អីទៀតចៅ

-ប្រហែលគេមកលេងនឹងលោកយាយទេដឹង

-មកលេងនឹងយាយ ឬក៏មករកចៅ

-គេ និងចៅ គឺចប់ហើយ បើគេមក គឺមានតែមកលេង នឹងលោកយាយប៉ុណ្ណោះ

-ត្រូវហើយ! យាយឮថាចៅឯងដូចជាមានគូដណ្ដឹងហើយអ្ហ៊ៃ? ម៉េចក៏យាយមិនដឹង?

-កុំប្រាប់ថាឯងទៅលួចភ្ជាប់ពាក្យមិនឱ្យម៉ាក់ និងយាយដឹងសោះណ៎ះ

-ម៉ាក់និយាយស្អីហ្នឹង ខ្ញុំឯណាទៅថ្លើមធំយ៉ាងនេះ

-បើមិនថ្លើមធំ ធ្វើម៉េចនឹងណារ៉ានិយាយថា ឯងមានគូដណ្ដឹង

-គឺមកពីគេហ្នឹងណ៎ះ ប៉ុន្មានថ្ងៃមុននេះ គេទៅរកខ្ញុំនៅដងស្ទឹង ហើិយប្រាប់ថា ចង់ចាប់ផ្ដើមសារថ្មី

ឱ្យខ្ញុំលើកលែងទោសឱ្យគេ ទោះខ្ញុំប្រាប់គេថា វាបានបញ្ចប់អស់ទៅហើយក៏ដោយ ក៏គេនៅតែតាម

ខ្ញុំចៃដន្យអី ក្មេងប្រុសកាលដប់ប្រាំឆ្នាំមុននោះ ក៏ទៅដល់ល្មម ខ្ញុំក៏ប្រាប់ថា គេនោះជាគូដណ្ដឹងខ្ញុំទៅ

-ចុះថ្ងៃនេះគេមកធ្វើអី?

-គេថាគេគិតយល់ហើយ ចង់រាប់អានកូនជាមិត្ដធម្មតា

-ចុះកូនកាត់ចិត្ដបានមែនអ្ហេ?

-ត្រូវហើយ ! ព្រោះអី កាលដែលថ្ងៃឯងផ្ដាច់ពាក្យនោះ យាយឃើញឯងកើតទុក្ខខ្លាំងណាស់

-ឬកូនពិតជាមិនចង់ចាប់ផ្ដើមជាថ្មីពិតមែន?

-ម៉ាក់អ្ហាក ! កូនអស់អារម្មណ៍ហើយហ្នឹង កូនលែងមានគេនៅក្នុងចិត្ដកូនទៀតហើយ

-កូនមិនមែនស្រលាញ់ក្មេងប្រុសកាលពីដប់ប្រាំឆ្នាំមុនទេអ្ហេ?

-ម្នាក់ហ្នឹងអ្ហេ មិនអាចទេ ខ្ញុំគ្រាន់តែជាស្រមោលបងស្រីប៉ុណ្ណោះ ហើយរាល់ពេល ដែលជួបគេ ខ្ញុំពិបាកណាស់ មិនដឹងត្រូវហៅគេយ៉ាងម៉េចទេ តែគេបែរជាហៅខ្ញុំថា បងស្រីពេញមាត់តែម្ដង បើ មិនវេទនាទេ ក៏ចុះនរកដែរ

-បើចៅដឹងហើយ ម៉េចមិនឆាប់ប្រាប់គេទៅ

-ខ្ញុំក៏ចង់ប្រាប់គាត់ដែរ តែរាល់ពេល ដែលខ្ញុំជួបគាត់ ខ្ញុំឃើញស្នាមញញឹមរបស់គាត់ ខ្ញុំពិតជាមិន ដាច់ចិត្ដប្រាប់ភាពក្រៀមក្រំទាំងនោះដល់គាត់សោះ

-ចុះគេមិនឆ្ងល់ទេអី ថាកូននេះមិនសមជាមនុស្សស្រីវ័យកណ្ដាលនោះ

-គេចេះតែនិយាយថា ខ្ញុំនៅក្មេង មកពីសាច់នៅចាំ

-ហ៊ឺ!…..យាយថា អ្នកកំលោះម្នាក់នេះ ពិតជានឹកបងស្រីឯងមែនហើយ

-តែម៉ាក់ថា បើឯងចេះតែលាក់អ៊‌ីចឹង មិនមែនជាការល្អទេ

-អ៊‌ីចឹងស្អែកនេះ កូននឹងប្រាប់គេតាមត្រង់

…………………………………………………………………………………..

ថ្ងៃនេះម៉ូលីនធ្វើការហាក់ពុំមានអារម្មណ៍ក្នុងខ្លួនសោះ នាងមានអារម្មណ៍មិនអស់ មិនហើយ តើមានអ្វី ដែលអាចធ្វើឱ្យនាងក្លាហាននិយាយការពិតទេ? ធ្វើការបណ្ដើរគិតបណ្ដើរ ធ្វើឱ្យ ចិន្ដា ជាមិត្ដរួម ការងារមានការងឿងឆ្ងល់ ក៏បន្លឺឡើង ៖

-ថ្ងៃនេះមិនស្រួលខ្លួនអ្ហេ?

-អត់ទេ !

-បើអត់ទេ ម៉េចក៏ភ្លឹកៗអ៊‌ីចឹង? មានរឿងអី អាចនិយាយប្រាប់ខ្ញុំបានទេ?

-ឯងចង់ស្ដាប់ពិតមែនអ្ហេ?

-យ៉ាងម៉េច ទោះយ៉ាងណា ខ្ញុំក៏ជាមិត្ដនឹងឯងតាំងពីនៅរៀនដែរ លុះត្រាតែឯងមិនទុកចិត្ដខ្ញុំ ទើប

មិនហ៊ាននិយាយមែនទេ?

-អត់ទេ !

ម៉ូលីននិយាយរឿងរបស់ខ្លួន នឹងសេរីឱ្យចិន្ដាស្ដាប់តាំងពីដើមរហូតដល់ចប់ ៖

-បើនិយាយអ៊‌ីចឹង តាំងពីដើមដល់ចប់ ឯងគឺគ្រាន់តែជាស្រមោលបងម៉ូលីប៉ុណ្ណោះ

-ត្រូវហើយ ! តែខ្ញុំមិនចង់កុហកគេតទៅទៀតទេ

-បើមិនចង់ទេ ប្រាប់គេតាមត្រង់ទៅ

-ត្រូវតែប្រាប់អ្ហេ?

-ត្រូវហើយ ! ឯងត្រូវតែប្រាប់ការពិតដល់គេ បើឯងរឹតតែលាក់គេ គេនឹងរឹតតែឈឺចាប់ លុះត្រាតែ ឯងចង់ធ្វើជាបងម៉ូលី មានន័យថា ឯងស្រលាញ់គេ

-អត់ទេ! ខ្ញុំមិនចង់ធ្វើជាស្រមោលបងស្រីទេ តែឯងដឹងទេ គាត់ស្រលាញ់បងស្រីខ្លាំងណាស់ រាល់ពេល ដែលខ្ញុំឃើញគាត់ ខ្ញុំមិនដាច់ចិត្ដទាល់តែសោះ

-បើឯងមិនដាច់ចិត្ដ អ៊‌ីចឹងមានតែតាមដំណើរចុះ មានភ្ញៀវចូលហើយ…

-ស្វាគមន៍លោក !

-អ្នកនាងអាចរកផលិតផលនេះឱ្យខ្ញុំបានទេ?

-ចាសបាន លោកអញ្ជើញមកតាមខ្ញុំមក…………………នេះហើយផលិតផល ដែលលោកចង់បាន

-តើធានាគុណភាពទេ?

-ក្រុមហ៊ុនយើង គឺធានាគុណភាពគ្រប់ផលិតផលទាំងអស់ បើក្លែងក្លាយ ធានាដូរសងលោកវិញ

-តើខ្ញុំអាចបើកគម្របបានទេ

-ចាំយកអាបើកស្រេចឱ្យលោកសាក……………នេះ ! លោកសាកមើលទៅ

-ខ្ញុំទិញឱ្យប្អូនស្រីទេ សុំដៃអ្នកនាងសាក បន្ដិចបានទេ?

-សូមទោសលោក ! មិនបានទេ

-គ្រាន់តែសុំដៃសាកតើ

-បើលោកចង់បានដៃ នេះដៃ (ចិន្ដាយកដៃម៉ារកាំងហុចទៅ)

-នាងធ្វើស្អីហ្នឹង?

-ក្រែងលោកចង់សាក សាកលើដៃនេះក៏មិនអីដែរ ……..ឯងទៅកន្លែងលក់ទៅ…….. ខ្ញុំធានាថា ផលិតផលនៅហាងខ្ញុំនេះ គឺពិតជាសុទ្ធមួយរយភាគរយ

-មិនបាច់សាកក៏បានដែរ ខ្ញុំយកមួយនេះចុះ

-អ៊‌ីចឹងសូមអញ្ជើញទៅកន្លែងគិតលុយ

-ចំជាស៊យមែន

-មនុស្សប្រុសចង្រៃ ចង់តែកេងចំណេញពីមនុស្សស្រី

កំពុងតែរអ៊ូតិចៗម្នាក់ឯង ម៉ូរ៉ា ដែលឈរមើលសកម្មភាពចិន្ដាតាំងពីដំបូង ក៏បន្លឺឡើង ធ្វើឱ្យនាង ភ្ញាក់ស្ទើរលោះព្រលឹង ៖

-អ្នកណាបង្រៀននាង ឱ្យជេរអតិថិជន?

-លោកជំនួយការ !

-យ៉ាងម៉េចហ្នឹង ឃើញខ្ញុំភ្ញាក់ដល់ម្ល៉ឹងអ្ហេ? នេះអ្ហេ របៀបទទួលភ្ញៀវរបស់នាង

-មកពីគេ…

-គ្រាន់តែគេសុំដៃសាកផលិតផលតើ មិនចាំបាច់ធ្វើឱ្យគេអាម៉ាស់មុខដល់ម្ល៉ឹងទេ ថ្ងៃក្រោយធ្វើម៉េច នឹងគេហ៊ានចូលមកទិញទៀត

-និយាយអ៊‌ីចឹងមានន័យថា បើគេសុំដៃសាកផលិតផល ត្រូវតែឱ្យគេអ៊‌ីចឹងអ្ហេ?

-ត្រូវហើយ វាមិនធ្ងន់ធ្ងរឯណា កុំធ្វើអ៊‌ីចឹងដាក់ភ្ញៀវទៀតណ៎ា

ម៉ូរ៉ាេដើរចេញពីហាងត្រឡប់ទៅវិញ តែចិន្ដាខឹងណាស់នឹងពាក្យ ដែលនាយនិយាយចេញមក នាង ស្ទុះរត់ទៅបើកទ្វារចេញទៅតាមយុវជន ហើយនិយាយពាក្យគំរោះគំរើយគួរឱ្យស្រគាលត្រចៀក ៖

-ឈប់សិន ! ខ្ញុំមានតួនាទី ត្រឹមតែជាអ្នកលក់ប៉ុណ្ណោះ បើលោកចង់ឱ្យភ្ញៀវសាកផលិតផល ទៅរក អ្នកផរៀមៀតិៀនមក បើមិនដូច្នោះ លោកត្រូវថែមប្រាក់ខែឱ្យខ្ញុំ

និយាយចប់ចិន្ដាស្ទុះរត់ចូលហាងវិញ អ្នកកំលោះនិយាយអ្វីមិនចេញទាល់តែសោះ ព្រោះមិននឹក ស្មានថា នាងតូចម្នាក់នេះកា្លហានហ៊ានតមាត់ចំពោះនាយបែបនេះ នាយឈរងក់ក្បាលតិចៗតែម្នាក់ឯង ហើយស្រដីតិចៗៈ

-គ្រាន់បើ! ……..

ម៉ូលីននិយាយទៅកាន់ចិន្ដា ៖

-ឯងរត់ទៅថាស្អីឱ្យលោកជំនួយការហ្នឹង?

-គេស្ដីឱ្យខ្ញុំពីរឿងភ្ញៀវអម្បាញ់មិញនេះ ខ្ញុំរត់ទៅថាឱ្យគេវិញ

-ថាម៉េចហ្នឹង ! ឯងហ៊ានស្ដីឱ្យគាត់អ្ហេ?

-មានស្អីគួរឱ្យខ្លាច

-ឮថាគេ ជាមិត្ដជិតស្និទ្ធរបស់អ្នកគ្រប់គ្រងផងណ៎ះ

-មិត្ដជិតស្និទ្ធ វាយ៉ាងម៉េច អ្នកណាឱ្យគេនិយាយបំពានលើខ្ញុំមុន អស់ច្រើនលាឈប់ប៉ុណ្ណឹង

-មើលទៅឯងខឹងមែនហើយ

-បើខ្ញុំមិនខឹង ខ្ញុំក៏មិនក្លាហានរត់ទៅស្ដីឱ្យគេដែរ

-ការពិតរឿងនោះមកពីខ្ញុំទេ បើឯងមានរឿងអី ចាំខ្ញុំជួយដោះស្រាយឱ្យ

-ឯងកុំបារម្ភពេក វាមិនធ្ងន់ធ្ងរទេ នែ៎ ! ល្ងាចនេះ ឯងណាត់ប្អូនប្រុសអ្ហ៊ៃ?

-ត្រូវហើយ !

-ត្រៀមអារម្មណ៍ហើយអ្ហេ? ជូនពរឯងឱ្យក្លាហាន

សូមរង់ចាំវគ្គបន្ត

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មីនា 6, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: