រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៣)
គ្រាន់តែព្រះអាទិត្យលិចបាត់ភ្លាម គេឃើញស្រីនួននាងឈរកៀនស្ទឹងទន្ទឹងចាំយុវជនជាស្រេច តែ មិនបានសម្រេចដូចដែលការគ្រោងទុកនោះទេ ព្រោះតែយុវជនសេរី មិនបានជួបស្រីតាមការណាត់។ ដោយ ការប្រជុំពិភាក្សាលើផលិតផលថ្មីមិនទាន់បានសម្រេច ទើបធ្វើឱ្យយុវជនខកណាត់ដ៏ពិសេសនេះ។ នៅទីបំផុត យុវតីត្រឡប់វៃទៅផ្ទះវិញដោយញំនាំនូវអាថ៌កំបាំងមកជាមួយដដែល។
ចំណែកឯមាណវីចិន្ដាចេញពីកន្លែងធ្វើការ ទិញអាហារយួរពេញដៃហើយ ក៏ចូលទៅក្នុងមន្ទីរពេទ្យ ចៃដន្យប្រទាក់ភ្នែក នឹកចម្លែកក្នុងចិត្ដ ម៉ូរ៉ាក៏ទៅតាមពីក្រោយ។ ផ្ញើម៉ូតូហើយ ចិន្ដាដើរចូលទៅ តែដើរដល់ ពាក់កណ្ដាលផ្លូវ ក៏ជួបនូវក្រុមទំនើងមួយក្រុម។ ក្មេងទំនើងទាំងនេះផ្ដោះផ្ដងសួរនាំយុវតី តែមាណវីស្រីតប ស្ដីទៅតាមដំណើរ ៖
-ចែៗ ចូលទៅមើលអ្នកណាគេ?
-ទៅមើលម៉ែ !
-ម៉ែចែឯងឈឺអី?
-គាត់លើសឈាម ខ្ញុំប្រញាប់ទៅហើយ !
-ឈប់សិនមើលចែ ! (ពួកគេនាំគ្នាមកញំងមុខយុវតី )
-ខ្ញុំពិតជាបន្ទាន់មែនណ៎ា ព្រោះថ្មើរនេះម៉ែខ្ញុំប្រហែលជាឃ្លានហើយ
-មកខ្ញុំជួយកាន់ !
ក្មេងកំលោះម្នាក់ស្ទុះទៅយករបស់ពីដៃយុវតី ធ្វើឱ្យនាងភ័យរបូតធ្លាក់របស់របរពីដៃអស់ នាងក៏ ស្ទុះទៅរើស តែម្នាក់ទៀតក៏ស្ទុះទៅចាប់ដៃនាង ៖
-ដៃចែទន់ដល់ហើយ
-ពួកឯងធ្វើស្អី?
-ពួកខ្ញុំគ្រាន់តែចង់ជួយចែតើ
-កុំចូលមកណ៎ះ !
-នែ៎ ! ពួកឯងគិតធ្វើស្អី?
-មានមនុស្សមកហើយវ៉ើយ
គ្រាន់តែឮសំឡេងមនុស្សភ្លាមក្មេងទំនើងទាំងនោះក៏នាំគ្នារត់អស់ ម៉ូរ៉ាក៏ស្ទុះចូលទៅលើកចិន្ដាឱ្យ ងើបឡើង ៖
-នាងមិនអីទេអ្ហេ?
-លោកជំនួយការ?
-យ៉ាងម៉េចហ្នឹង រាល់ពេលឃើញខ្ញុំ ហេតុអីក៏នាងចេះតែភ្ញាក់អ៊ីចឹង?
-អត់ទេ ! អរគុណ ដែលលោកបានជួយខ្ញុំ
-ចៃដន្យទេ របស់របរទាំងនេះប្រឡាក់អស់ហើយ ទៅទិញថ្មីទៅ នៅខាងមុខនេះមានលក់តើ ខ្ញុំជូន នាងទៅ
-ចាសមិនអីទេ ចាំខ្ញុំទៅដោយខ្លួនឯងក៏បាន
-នាងមិនខ្លាចក្រុមក្មេងស្ទាវអម្បាញ់មិញទេអ្ហេ? ដើរទៅខ្ញុំជូនទៅ ………ថ្ងៃក្រោយ បើមកយប់ អ៊ីចឹងមិនគួរមកម្នាក់់ឯងទេ
-តែប៉ុន្មានថ្ងៃមុន គ្មានពួកក្មេងស្ទាវទាំងនេះទេ
-មិនមែនចេះតែសំណាងល្អឯណា ………នាងយ៉ាងម៉េចហ្នឹង?
-លោកមិនខឹងនឹងខ្ញុំ រឿងកាលពីថ្ងៃម៉េចទេអ្ហេ?
-អ្នកណាដែលថាមិនខឹងនោះ បុគ្គលិកខ្លួនឯងមកស្ដីឱ្យយ៉ាងនេះទៅហើយនោះ
-សូមទោស!
-អ្ហ៊ឹះ ! នាងគិតថានាងខុសអ្ហេ ដែលមកសូមទោសខ្ញុំ
-អត់ទេ !
-អ៊ីចឹងហេតុមកសូមទោសខ្ញុំ
-មកពីខ្ញុំធ្លាប់លួចគិតថា លោកជាមនុស្សអាក្រក់
-ខ្ញុំអាក្រក់ដល់ម្ល៉ឹងអ្ហេក្នុងក្រសែភ្នែកនាង?
-អាក្រក់លើអាក្រក់ទៅទៀត
-មានផ្លូវកែទេ?
-មាន !
-ការពិត ខ្ញុំចុះទៅហាងញឹកញាប់ណាស់ តែខ្ញុំហាក់មិនបានចាប់អារម្មណ៍ពីបុគ្គលិកលក់ទាល់ តែសោះ
-ត្រង់នេះហើយ ដែលខ្ញុំគិតថាលោកអាក្រក់នោះ ខ្ញុំយល់ថាលោកជាមនុស្សវ៉ៃឫកណាស់ នរណាក៏ មិនស្មើដែរ គិតតែពីខ្លួនឯង ជាក់ស្ដែងរឿងកាលពីថ្ងៃម៉េចនេះ …..សូមទោស ដែលខ្ញុំនិយាយត្រង់
-មិនអីទេ ខ្ញុំចូលចិត្ដមនុស្សនិយាយត្រង់អ៊ីចឹងហើយ កាលពីថ្ងៃមិញ ខ្ញុំខុសពិតមែន សូមទោសណ៎ះ
-មិនអីទេ !
-តែថ្ងៃមិញ ខ្ញុំឃើញភ្ញៀវនោះមិនបានសុំដៃនាងឯណា?
-តែគេជាមិត្ដល្អរបស់ខ្ញុំ គេស្លូតណាស់
-មិនកាចដូចនាងទេ មែនទេ?
-ប្រហែលហើយ តែយ៉ាងណា រឿងអម្បាញ់មិញនេះ ខ្ញុំពិតជាអរគុណលោកពិតមែន ចុះលោក អញ្ជើញមកសួរសុខទុក្ខអ្នកណាដែរ?
-គ្មានទេ !
-ចាស !
-ខ្ញុំចង់និយាយថា ខ្ញុំមកសួរសុខទុក្ខមិត្ដភក្ដិ ……….ដល់ហើយ នាងទិញអីទិញទៅ ខ្ញុំចាំនៅទីនេះ
…………………………………………………………………………………………………….
ថ្លែងពីម៉ូលីនត្រឡប់មកផ្ទះវិញដោយក្ដីនឿយហត់ ៖
-យ៉ាងម៉េចហ្នឹងកូន ការងារមមាញឹកខ្លាំងអ្ហេ?
-អត់ទេម៉ាក់ តែដូចជាអស់កម្លាំងយ៉ាងម៉េចមិនដឹងទេ ខ្ញុំទៅងូតទឹកសិនហើយ
-អ៊ើ !
ម៉ូលីនងូតទឹកស្អាតបាត ក៏ប្រាសខ្លួនដេកទៅលើពូក សម្លឹងទៅរូបថតបងស្រីរបស់នាង ៖
-បងស្រីអើយបងស្រី បងដឹងទេ ក្មេងប្រុស ដែលបងឱ្យខ្ញុំចាំគេជំនួសនោះ ឥឡូវគេមកហើយ ពេលនេះគេយល់ថាខ្ញុំ គឺជាបង តែខ្ញុំមិនចង់ជាប់ចំណងនេះសោះ ខ្ញុំចង់ប្រាប់ការពិតដល់គេ តែ បែរជា គ្មានឱកាសទៅវិញ ការពិតខុសពីខ្ញុំ បើខ្ញុំស្ដាប់សំដីបង កាលពីឆ្នាំមុន ខ្ញុំប្រហែលជាបានជួប គេ ហើយពេលនោះ គេប្រហែលជាមកទាន់ដង្ហើមបង ហេតុអីកាលនោះ ខ្ញុំមិនយល់ពីទឹកចិត្ដនៃ ការទន្ទឹងរង់ចាំអ៊ីចឹង ឥឡូវជ្រុលកុហកគេទៅហើយ …………ហេតុអីក៏ពេលគិតដល់គេ ខ្ញុំចេះតែ បុកពោះអ៊ីចឹង ……..អីយ៉ាស់ ! អូយ ខំតែភ័យ អ្នកណាទូរស័ព្ទមកអ៊ីចេះ ……..គឺគេ…….. អាឡូ !
-សួស្ដីបងស្រី !
-មានការអីអ្ហេ?
-សូមទោស ដែលខ្ញុំមិនបានទៅជួបបងតាមការណាត់
-មិនអីទេ ធ្វើម៉េចបើរវល់ទៅហើយ ចេញពីប្រជុំហើយអ្ហេ?
-ចេញហើយ ទើបតែមកដល់ផ្ទះអម្បាញ់មិញនេះឯង ស្អែកនេះ បងទំនេរទេ?
-ស្អែកអ្ហេ………….អត់ទេ …………..មិនទំនេរទេ
-ស្អែកថ្ងៃអាទិត្យតើ បងមិនបានសម្រាកទេអ្ហេ
-ខ្ញុំត្រូវធ្វើការថែមម៉ោង
-អ៊ីចឹង ចាំថ្ងៃក្រោយ ខ្ញុំនាំបងដើរលេង
វាយោបក់ស្រសៀកៗ ក្រោមចម្រៀកនៃពន្លឺថ្ងៃ យុវតីមិនធុញទ្រាន់នឹងកាំរស្មី ដើរនៅលើវីថីនៃ ដងស្ទឹង នេត្រាសម្លឹងទៅផែនគង្គា ដោយមិនបាននឹកនាសម្លឹងទៅរកផ្លូវឡើយ តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើល នោះ នៅពេលដែលឃើញយុវកំលោះកំពុងនៅចំពោះមុខខ្លួន។ នាងចង់គេចពីនាយ តែយុវជនស្ទុះរត់ចូល ទៅរកនាងដោយស្នាមញញឹម ៖
-បងស្រី !
-ហេតុអីក៏លោកនៅទីនេះ?
-ក្រែងបងថា ត្រូវធ្វើការថែមម៉ោងអ្ហេ ហេតុអីក៏នៅទីនេះអ៊ីចឹង?
-ខ្ញុំ………
-បងកើតអី?
-អត់ទេ ! ខ្ញុំមិនស្រួលខ្លួនទេ ខ្ញុំគិតត្រឡប់ទៅវិញហើយ
-ខ្ញុំមានអារម្មណ៍ថា បងចង់គេចពីខ្ញុំ?
-អត់ទេ ! តែ……………..
-តែយ៉ាងម៉េច បើអត់ទេ ពួកយើងទៅដើរលេងទៅ
-ខ្ញុំមានរឿងចង់ប្រាប់លោក
-មានរឿងអី និយាយមក ខ្ញុំចាំស្ដាប់
-ការពិតខ្ញុំមិនមែនជា…………
-សួស្ដីម៉ូលីន !
-ណារ៉ា !
-ជួនគ្នាមែន ! សួស្ដីលោក
-បាទ !
-ថ្ងៃនេះថ្ងៃអាទិត្យ លោកនាំនាងដើរលេងអ្ហេ?
-ត្រូវហើយ !
-អ៊ីចឹងខ្ញុំមិនរំខានទេ តោះ ! ពួកយើង
-បងកើតអីហ្នឹង មកខ្ញុំនាំបងដើរលេង
សេរី ទាញដៃម៉ូលីនឱ្យចូលឡាន រួចក៏បើកចេញទៅ។ ពួកគេចូលទៅផ្សារទំនើប រួចទៅភូមិ វប្បធម៌ដើរមើលសព្វទីកន្លែងព្រមទាំងល្អាងខ្មោចផងដែរ។ មន្ដស្នេហ៍នៃដំណើរកម្សាន្ដបានធ្វើឱ្យយុវតី ហឫទ័យជ្រះថ្លា ភ័ក្ដ្រាពេញដោយស្នាមញញឹម ភ្លេចអស់នូវភាពអស់សង្ឃឹម ដែលរំពឹងថានឹងកើតឡើង ក្រោយពេល ដែលនិយាយការពិត។ ពេលនេះក្នុងចិត្ដនាងបានធូរស្បើយខ្លាំងណាស់ នាងចេះតែលួចមើល ស្នាមញញឹមរបស់យុវជន ហើយចេះតែមានអារម្មណ៍ថា មិនចង់ឱ្យវេលានេះកន្លងហួសទាល់តែសោះ។ ភាព ស្រស់បស់ ក៏ប្ដូរមកជាស្រពោនមួយរំពេច ៖
-ហេតុអីក៏បងមុខស្រពោនទៀតហើយ?
យុវតីសម្លឹងមុខយុវជន ហើយគិតតែម្នាក់ឯងៈ“ការពិត តើមកពីខ្ញុំខ្លាចលោកឈឺចាប់ ឬមកពីខ្ញុំ ខ្លាចខ្លួនឯងឈឺចាប់? “
-បងស្រីអ្ហាក ! បងឈឺទេដឹង (សេរីយកដៃទាំងពីរទៅប៉ះមុខម៉ូលីន)
ម៉ូលីនយកហត្ថទៅក្រសោបដៃរបស់យុវជន ទើបនិយាយ ៖
-ខណៈនេះ ក្នុងឋានៈខ្ញុំជាបងស្រី សូមសួរលោកតាមត្រង់បានទេ?
-បងចង់សួរអីសួរមក !
-លោកស្រលាញ់បងស្រីណាស់អ្ហេ?
-ត្រូវហើយ !
-តែបងស្រី អាយុច្រើនជាងលោកជិតដប់ឆ្នាំណ៎ា
-ខ្ញុំមិនប្រកាន់ទេ ព្រោះខ្ញុំពិតជាស្រលាញ់បង
-ចុះបើបងស្រីមិនស្រលាញ់លោក ហើយចាកចេញពីទីនេះទៅ លោកគិតយ៉ាងម៉េច?
– ខ្ញុំដឹងថាបងក៏ស្រលាញ់ខ្ញុំដែរ ម៉េចនឹងអាចចាកចេញពីខ្ញុំទៅកើត
-បើសិន !
-បងទៅដល់ទីណា ខ្ញុំនឹងទៅតាមបងដល់ទីនោះ
-ចុះបើខ្ញុំប្រាប់ថា ខ្ញុំ…………………
-ហេតុអីថ្ងៃនេះ បងចេះតែនិយាយមិនចេញអ៊ីចឹង?
-បានហើយ ! ខ្ញុំចង់ទៅផ្ទះ ……
សេរីជូនម៉ូលីនទៅដល់ផ្ទះ ហើយក៏ចូលទៅជម្រាបសួរលោកយាយ និងអ្នកមីង ៖
-ជម្រាបសួរលោកយាយ អ្នកមីង !
-ចាសៗ លើកដៃថ្វាយព្រះ
-គេគឺសេរីណ៎ាម៉ាក់
-ពួកចៅនាំគ្នាចូលក្នុងមក
-អរគុណលោកយាយ ! ចូលដល់ក្នុងផ្ទះត្រជាក់ស្រួលដល់ហើយលោកយាយ
-ញាុំទឹក !
-អរគុណបង !
-នៅញាុំបាយសិនអ្ហេក្មួយ?
-បាទមិនអីទេអ្នកមីង មេឃល្ងាចណាស់ទៅហើយ ខ្ញុំគិតលាអ្នកមីង និងលោកយាយទៅវិញហើយ តែថ្ងៃក្រោយ ខ្ញុំអាចមកលេងទីនេះជាមួយលោកយាយ និងអ្នកមីងបានទេ?
-បានតើចៅ ចៅទំនេរពេលណាមកចុះ
-អ៊ីចឹងអរគុណខ្លាំងណាស់លោកយាយ ខ្ញុំជម្រាបលាលោកយាយ និងអ្នកមីងហើយ
-សុខសប្បាយណ៎ាចៅ
-ខ្ញុំមិនបានជូនដំណើរទេណ៎ះ
-មិនអីទេបង
-អ្ហើយ…………..
-យ៉ាងម៉េចក៏កូនដកដង្ហើមធំអ៊ីចឹង?
-អ្នកកំលោះម្នាក់នេះរូបរាងមាំទាំ សង្ហារណាស់តើចៅ
-ម៉ាក់អ្ហាក ! ខ្ញុំមិនបានប្រាប់ការពិតដល់គេ ខ្ញុំធ្វើយ៉ាងម៉េចទៅ?
-ម៉ាក់មើលទៅឯង ដូចជាតប់ប្រមល់ដល់ហើយ ណ្ហើយ ! បើមិនទាន់ប្រាប់ទេ ក៏ហីទៅ ទុកឱ្យវា ទៅតាមដំណើរចុះ គេថា គេនឹងមកលេងទីនេះ ចាំឱ្យលោកយាយឯងប្រាប់ជំនួសទៅ
-អញមិនដឹងទេវ៉ើយ រឿងក្មេងៗឯងទេ បើពិបាកនិយាយណាស់ មានតែពឹងលើអារម្មណ៍ទៅ
-ពឹងលើអារម្មណ៍យ៉ាងម៉េចលោកយាយ?
-ចាំថ្ងៃណាចៅមានអារម្មណ៍ ចាំនិយាយទៅ
-អ៊ីចឹងក៏អ៊ីចឹងចុះ ខ្ញុំទៅមុជទឹកហើយ
ក្រោមពន្លឺខែដ៏ត្រចង់ត្រចះ យុវជនល្អល្អះទាំងពីរអង្គ ផ្ចិតផ្ចង់សម្លឹងដោយយកចិត្ដទុកដាក់ ក្នុងចិត្ដ ត្រជាក់ដូចជាទឹកអម្រឹត មើលន៏ ! ពិតជាស្រទន់ពេញដោយមនោសញ្ចេតនាណាស់ ម៉ូរ៉ាវាចាច្បាស់ៗទៅ កាន់សេរី ៖
-ថ្ងៃនេះព្រះចន្ទពេញវង់ល្អណាស់ ឯងគិតដូចខ្ញុំទេ?
-ទោះជាចិត្ដឯងពេញវង់ តែព្រះចន្ទនៅតែព្រះចន្ទ
-មានន័យថាម៉េច?
-មើលឱ្យច្បាស់មើល ព្រះចន្ទពេញវង់ ឬក៏មិនពេញ?
-មែនវ៉ី ព្រះចន្ទរះតែមួយចំហៀងតើ ថ្ងៃនេះប៉ុន្មានកើតហើយ?
-ប្រាំមួយកើតហើយ
-តែខ្ញុំនៅតែមានអារម្មណ៍ថា ព្រះចន្ទនៅតែស្អាតប្លែក
-មានរឿងអីសប្បាយចិត្ដអ្ហេ?
-គ្មានទេ ! ចុះរឿងឯង និង ស្រីវ័យកណ្ដាលម្នាក់នោះយ៉ាងម៉េចហើយ?
-គ្មានបញ្ហាទេ តែខ្ញុំមានអារម្មណ៍ថា គាត់មានរឿងមួយ ដែលលាក់នឹងខ្ញុំ
-ម៉េចមិនសួរគាត់
-មើលទៅគាត់ដូចនិយាយមិនចេញយ៉ាងម៉េចមិនដឹងទេ
-ដល់ណា ឯងណែនាំគាត់ឱ្យខ្ញុំស្គាល់?
-អាទិត្យក្រោយពួកយើងទំនេរ ចាំខ្ញុំនាំឯងទៅលេងផ្ទះគាត់
-នេះដល់ថ្នាក់ស្គាល់ផ្ទះផងអ្ហេ
-មានអីគួរឱ្យប្លែក
-បងស្រីឯងធ្វើការអីដែរ?
-ត្រូវហើយ ! ខ្ញុំមិនដែលដឹងថាគាត់ធ្វើការអីផង
-ឯងយ៉ាងម៉េចហ្នឹង រាប់អានគ្នាយូរហើយ មិនដឹងថាគាត់ធ្វើការអីទៀតអ្ហេ?
-គាត់មិនដែលសួរខ្ញុំ ខ្ញុំក៏មិននឹកឃើញដែរ តែបើនិយាយទៅ ពួកយើងជួបគ្នាម្ដងៗ ពេលវេលាដូច ជាខ្លីណាស់ ទើបមិននឹកឃើញទាល់តែសោះ
-កម្មធំហើយឯងនេះ ឆាប់ទៅដេកទៅ ថ្ងៃស្អែកត្រូវបញ្ចេញទំនិញលក់បញ្ចុះតម្លៃផង
……………………………………………………………………………………………..
ថ្ងៃនេះក្នុងហាងមនុស្សច្រើនប្លែកចម្លែកខុសពីធម្មតា ព្រោះតែម្នាក់ៗត្រូវការទិញទំនិញ ដែលមាន ការបញ្ចុះតម្លៃដើម្បីឱ្យឆាប់អស់ពីស្ដុក កុំឱ្យហួសដឺឡេទាន់។ ម៉ោងប្រមាណជាដប់មួយទើបស្ងាត់ អតិថិជន បន្ដិច ស្រាប់តែរំលេចយុវជនទាំងពីរនៅក្នុងហាង។ បុគ្គលិកក្នុងហាងទាំងអស់ រួមទាំងយុវតីម៉ូលីន ស្រឡាំងកាំងនៅពេល ដែលឮសំឡេងយុវជនបន្លឺឡើង ៖
-បងស្រី !
សេរីដើរទៅរកម៉ូលីន ចំណែកម៉ូរ៉ាបើកនេត្រាធំៗ ចិន្ដាសម្លឹងឆ្ពោះទៅរកយុវជន។ ម៉ូលីនតប តិចៗៈ
-លោកមកធ្វើអីទីនេះ?
-ម៉ូលីនអ្ហាក ! គាត់ហ្នឹងហើយជាអ្នកគ្រប់គ្រងក្នុងហាងយើងណ៎ះ (ចិន្ដាខ្សឹបតិចៗ)
-អ្ហ៊ះ !
-ការពិតបងធ្វើការនៅទីនេះទេអ្ហេ ពិតជាចៃដន្យមែន
-ឯងកុំប្រាប់ថា នាងគឺជាបងស្រីឯងណ៎ះ
-ត្រូវហើយ ! ក្រែងឯងចង់ស្គាល់គាត់អ្ហេ បងស្រីអា្ហក នេះជាមិត្ដរបស់ខ្ញុំ
-ខ្ញុំស្គាល់គាត់ហើយ សួស្ដីលោកជំនួយការ
-បាទ ! ពួកយើងដល់ម៉ោងត្រឡប់ទៅវិញហើយ
-ឯងប្រញាប់អ្ហេ?
-ពួកយើងមានណាត់ណ៎ះ ………ពួកខ្ញុំទៅសិនហើយ !
-ចាស !
-ខ្ញុំទៅសិនហើយបងស្រី !
-ម៉េចក៏ឯងប្រញាប់ចេញមកយ៉ាងនេះ?
-ឯងកុំលេងសើចណ៎ះ ក្មេងស្រីអម្បាញ់មិញអ្ហេ ជាបងស្រីវ័យកណ្ដាលរបស់ឯងនោះ?
-ត្រូវហើយ !
-ឯងមិនឈឺទេ មែនទេ?
-ខ្ញុំមិនឈឺទេ !
-អ៊ីចឹងតើភ្នែកឯងមានបញ្ហាមែនទេ? បើភ្នែកឯងមានបញ្ហា ខ្ញុំនាំឯងទៅពេទ្យ
-ភ្នែកខ្ញុំភ្លឺល្អណាស់ ម៉េចក៏ឯងនិយាយអ៊ីចឹង
-អ៊ីចឹងម៉េចក៏ឯងមើលឃើញក្មេងស្រីម្នាក់ ថាជាមនុស្សស្រីវ័យកណ្ដាលទៅកើត
-ខ្ញុំប្រាប់ហើយតើ ថាសាច់គាត់នៅចាំ ដូចជាក្មេងអ៊ីចឹង
-តែស្រីអម្បាញ់ម៉េចនេះ យ៉ាងច្រើនម្ភៃពីរឆ្នាំប៉ុណ្ណោះ ខ្ញុំថាឯងត្រូវគេបោកហើយ
-ឯងនិយាយស្អី?
-ទោះខ្ញុំនិយាយយ៉ាងណា ក៏ឯងមិនជឿដែរ ចាំទៅរកភស្ដុតាងមកឱ្យឯង
-ឯងទៅរកភស្ដុតាងពីណា?
-ឯងទៅផ្ទះមុនទៅ !
ថ្លែងពីយុវតី ហឫទ័យមិននឹងនរ នាងចេះតែសួរសំនួរដដែលៗទៅកាន់ចិន្ដា ៖
-ឱ្យខ្ញុំធ្វើយ៉ាងម៉េច? គេប្រាកដជាដឹងការពិត
-ក្រែងឯងចង់ឱ្យគាត់ដឹងអ្ហេ ឥឡូវប្រសើរហើយ គាត់នឹងដឹងដោយខ្លួនឯង ឯងមិនចាំបាច់ទៅប្រាប់ គាត់ដោយអារម្មណ៍ភ័យផង អរផងនោះទេ
-ពិតមែនហើយ! ក្រែងខ្ញុំក៏ចង់ឱ្យគាត់ដឹងដែរអ្ហេ តែហេតុអីក៏ខ្ញុំមានអារម្មណ៍ភ័យយ៉ាងនេះ? តែ ឯងនិយាយទៅមើល បើសិនគាត់ដឹងហើយ តើគាត់ខឹងនឹងខ្ញុំទេ? គាត់ប្រហែលជាស្អប់ខ្ញុំមែនទេ? ហើយប្រហែលជាលែងហៅខ្ញុំថា បងស្រីទៀតហើយ?
-ហេតុអីក៏អាចបារម្ភច្រើនយ៉ាងនេះ? ការពិត គាត់មិនត្រូវខឹងនឹងឯងទេ ឯងធ្វើនេះ ក៏ព្រោះតែ ចង់បំពេញសេចក្ដីសុខដល់គាត់ប៉ុណ្ណោះ
-ប៉ុន្ដែខ្ញុំកុហកគាត់
-ម៉ូលីនអ្ហាក! ចាប់ពីខ្ញុំស្គាល់ឯងមក នេះជាលើកទីមួយហើយដែលខ្ញុំឃើញឯងបារម្ភខ្លាំងយ៉ាងនេះ
-ពិតមែនអ្ហេ?
-ឯងស្រលាញ់គាត់ទេដឹង?
-មិនអាចទេ !
-បើអ៊ីចឹងឈប់បារម្ភទៅ រឿងបម្រុងកើត ឱ្យវាកើតចុះ ឆាប់ញាុំបាយទៅ បន្ដិចទៀតភ្ញៀវចូលមក ទៀតហើយ …………….ញ៉ាំទៅ !
សូមរង់ចាំវគ្គបន្ត
Posted on ខែមីនា 13, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប, លាក់ ម៉ាឡែន. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0