រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៣)

ចាំស្នេហ៍new copyវគ្គ៣                 នៅតែជាអាថ៌កំបាំង

គ្រាន់តែព្រះអាទិត្យលិចបាត់ភ្លាម គេឃើញស្រីនួននាងឈរកៀនស្ទឹងទន្ទឹងចាំយុវជនជាស្រេច តែ មិនបានសម្រេចដូចដែលការគ្រោងទុកនោះទេ ព្រោះតែយុវជនសេរី មិនបានជួបស្រីតាមការណាត់។ ដោយ ការប្រជុំពិភាក្សាលើផលិតផលថ្មីមិនទាន់បានសម្រេច ទើបធ្វើឱ្យយុវជនខកណាត់ដ៏ពិសេសនេះ។ នៅទីបំផុត យុវតីត្រឡប់វៃទៅផ្ទះវិញដោយញំនាំនូវអាថ៌កំបាំងមកជាមួយដដែល។

ចំណែកឯមាណវីចិន្ដាចេញពីកន្លែងធ្វើការ ទិញអាហារយួរពេញដៃហើយ ក៏ចូលទៅក្នុងមន្ទីរពេទ្យ ចៃដន្យប្រទាក់ភ្នែក នឹកចម្លែកក្នុងចិត្ដ ម៉ូរ៉ាក៏ទៅតាមពីក្រោយ។ ផ្ញើម៉ូតូហើយ ចិន្ដាដើរចូលទៅ តែដើរដល់ ពាក់កណ្ដាលផ្លូវ ក៏ជួបនូវក្រុមទំនើងមួយក្រុម។ ក្មេងទំនើងទាំងនេះផ្ដោះផ្ដងសួរនាំយុវតី តែមាណវីស្រីតប ស្ដីទៅតាមដំណើរ ៖

-ចែៗ ចូលទៅមើលអ្នកណាគេ?

-ទៅមើលម៉ែ !

-ម៉ែចែឯងឈឺអី?

-គាត់លើសឈាម ខ្ញុំប្រញាប់ទៅហើយ !

-ឈប់សិនមើលចែ ! (ពួកគេនាំគ្នាមកញំងមុខយុវតី )

-ខ្ញុំពិតជាបន្ទាន់មែនណ៎ា ព្រោះថ្មើរនេះម៉ែខ្ញុំប្រហែលជាឃ្លានហើយ

-មកខ្ញុំជួយកាន់ !

ក្មេងកំលោះម្នាក់ស្ទុះទៅយករបស់ពីដៃយុវតី ធ្វើឱ្យនាងភ័យរបូតធ្លាក់របស់របរពីដៃអស់ នាងក៏ ស្ទុះទៅរើស តែម្នាក់ទៀតក៏ស្ទុះទៅចាប់ដៃនាង ៖

-ដៃចែទន់ដល់ហើយ

-ពួកឯងធ្វើស្អី?

-ពួកខ្ញុំគ្រាន់តែចង់ជួយចែតើ

-កុំចូលមកណ៎ះ !

-នែ៎ ! ពួកឯងគិតធ្វើស្អី?

-មានមនុស្សមកហើយវ៉ើយ

គ្រាន់តែឮសំឡេងមនុស្សភ្លាមក្មេងទំនើងទាំងនោះក៏នាំគ្នារត់អស់ ម៉ូរ៉ាក៏ស្ទុះចូលទៅលើកចិន្ដាឱ្យ ងើបឡើង ៖

-នាងមិនអីទេអ្ហេ?

-លោកជំនួយការ?

-យ៉ាងម៉េចហ្នឹង រាល់ពេលឃើញខ្ញុំ ហេតុអីក៏នាងចេះតែភ្ញាក់អ៊‌ីចឹង?

-អត់ទេ ! អរគុណ ដែលលោកបានជួយខ្ញុំ

-ចៃដន្យទេ របស់របរទាំងនេះប្រឡាក់អស់ហើយ ទៅទិញថ្មីទៅ នៅខាងមុខនេះមានលក់តើ ខ្ញុំជូន នាងទៅ

-ចាសមិនអីទេ ចាំខ្ញុំទៅដោយខ្លួនឯងក៏បាន

-នាងមិនខ្លាចក្រុមក្មេងស្ទាវអម្បាញ់មិញទេអ្ហេ? ដើរទៅខ្ញុំជូនទៅ ………ថ្ងៃក្រោយ បើមកយប់ អ៊‌ីចឹងមិនគួរមកម្នាក់់ឯងទេ

-តែប៉ុន្មានថ្ងៃមុន គ្មានពួកក្មេងស្ទាវទាំងនេះទេ

-មិនមែនចេះតែសំណាងល្អឯណា ………នាងយ៉ាងម៉េចហ្នឹង?

-លោកមិនខឹងនឹងខ្ញុំ រឿងកាលពីថ្ងៃម៉េចទេអ្ហេ?

-អ្នកណាដែលថាមិនខឹងនោះ បុគ្គលិកខ្លួនឯងមកស្ដីឱ្យយ៉ាងនេះទៅហើយនោះ

-សូមទោស!

-អ្ហ៊‌ឹះ ! នាងគិតថានាងខុសអ្ហេ ដែលមកសូមទោសខ្ញុំ

-អត់ទេ !

-អ៊‌ីចឹងហេតុមកសូមទោសខ្ញុំ

-មកពីខ្ញុំធ្លាប់លួចគិតថា លោកជាមនុស្សអាក្រក់

-ខ្ញុំអាក្រក់ដល់ម្ល៉ឹងអ្ហេក្នុងក្រសែភ្នែកនាង?

-អាក្រក់លើអាក្រក់ទៅទៀត

-មានផ្លូវកែទេ?

-មាន !

-ការពិត ខ្ញុំចុះទៅហាងញឹកញាប់ណាស់ តែខ្ញុំហាក់មិនបានចាប់អារម្មណ៍ពីបុគ្គលិកលក់ទាល់ តែសោះ

-ត្រង់នេះហើយ ដែលខ្ញុំគិតថាលោកអាក្រក់នោះ ខ្ញុំយល់ថាលោកជាមនុស្សវ៉ៃឫកណាស់ នរណាក៏ មិនស្មើដែរ គិតតែពីខ្លួនឯង ជាក់ស្ដែងរឿងកាលពីថ្ងៃម៉េចនេះ …..សូមទោស ដែលខ្ញុំនិយាយត្រង់

-មិនអីទេ ខ្ញុំចូលចិត្ដមនុស្សនិយាយត្រង់អ៊‌ីចឹងហើយ កាលពីថ្ងៃមិញ ខ្ញុំខុសពិតមែន សូមទោសណ៎ះ

-មិនអីទេ !

-តែថ្ងៃមិញ ខ្ញុំឃើញភ្ញៀវនោះមិនបានសុំដៃនាងឯណា?

-តែគេជាមិត្ដល្អរបស់ខ្ញុំ គេស្លូតណាស់

-មិនកាចដូចនាងទេ មែនទេ?

-ប្រហែលហើយ តែយ៉ាងណា រឿងអម្បាញ់មិញនេះ ខ្ញុំពិតជាអរគុណលោកពិតមែន ចុះលោក អញ្ជើញមកសួរសុខទុក្ខអ្នកណាដែរ?

-គ្មានទេ !

-ចាស !

-ខ្ញុំចង់និយាយថា ខ្ញុំមកសួរសុខទុក្ខមិត្ដភក្ដិ ……….ដល់ហើយ នាងទិញអីទិញទៅ ខ្ញុំចាំនៅទីនេះ

…………………………………………………………………………………………………….

ថ្លែងពីម៉ូលីនត្រឡប់មកផ្ទះវិញដោយក្ដីនឿយហត់ ៖

-យ៉ាងម៉េចហ្នឹងកូន ការងារមមាញឹកខ្លាំងអ្ហេ?

-អត់ទេម៉ាក់ តែដូចជាអស់កម្លាំងយ៉ាងម៉េចមិនដឹងទេ  ខ្ញុំទៅងូតទឹកសិនហើយ

-អ៊ើ !

ម៉ូលីនងូតទឹកស្អាតបាត ក៏ប្រាសខ្លួនដេកទៅលើពូក សម្លឹងទៅរូបថតបងស្រីរបស់នាង ៖

-បងស្រីអើយបងស្រី បងដឹងទេ ក្មេងប្រុស ដែលបងឱ្យខ្ញុំចាំគេជំនួសនោះ ឥឡូវគេមកហើយ ពេលនេះគេយល់ថាខ្ញុំ គឺជាបង តែខ្ញុំមិនចង់ជាប់ចំណងនេះសោះ ខ្ញុំចង់ប្រាប់ការពិតដល់គេ តែ បែរជា គ្មានឱកាសទៅវិញ ការពិតខុសពីខ្ញុំ បើខ្ញុំស្ដាប់សំដីបង កាលពីឆ្នាំមុន ខ្ញុំប្រហែលជាបានជួប គេ ហើយពេលនោះ គេប្រហែលជាមកទាន់ដង្ហើមបង ហេតុអីកាលនោះ ខ្ញុំមិនយល់ពីទឹកចិត្ដនៃ ការទន្ទឹងរង់ចាំអ៊‌ីចឹង ឥឡូវជ្រុលកុហកគេទៅហើយ …………ហេតុអីក៏ពេលគិតដល់គេ ខ្ញុំចេះតែ បុកពោះអ៊‌ីចឹង ……..អីយ៉ាស់ ! អូយ ខំតែភ័យ អ្នកណាទូរស័ព្ទមកអ៊‌ីចេះ ……..គឺគេ…….. អាឡូ !

-សួស្ដីបងស្រី !

-មានការអីអ្ហេ?

-សូមទោស ដែលខ្ញុំមិនបានទៅជួបបងតាមការណាត់

-មិនអីទេ ធ្វើម៉េចបើរវល់ទៅហើយ ចេញពីប្រជុំហើយអ្ហេ?

-ចេញហើយ ទើបតែមកដល់ផ្ទះអម្បាញ់មិញនេះឯង ស្អែកនេះ បងទំនេរទេ?

-ស្អែកអ្ហេ………….អត់ទេ …………..មិនទំនេរទេ

-ស្អែកថ្ងៃអាទិត្យតើ បងមិនបានសម្រាកទេអ្ហេ

-ខ្ញុំត្រូវធ្វើការថែមម៉ោង

-អ៊‌ីចឹង ចាំថ្ងៃក្រោយ ខ្ញុំនាំបងដើរលេង

វាយោបក់ស្រសៀកៗ ក្រោមចម្រៀកនៃពន្លឺថ្ងៃ យុវតីមិនធុញទ្រាន់នឹងកាំរស្មី ដើរនៅលើវីថីនៃ ដងស្ទឹង នេត្រាសម្លឹងទៅផែនគង្គា ដោយមិនបាននឹកនាសម្លឹងទៅរកផ្លូវឡើយ តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើល នោះ នៅពេលដែលឃើញយុវកំលោះកំពុងនៅចំពោះមុខខ្លួន។ នាងចង់គេចពីនាយ តែយុវជនស្ទុះរត់ចូល ទៅរកនាងដោយស្នាមញញឹម ៖

-បងស្រី !

-ហេតុអីក៏លោកនៅទីនេះ?

-ក្រែងបងថា ត្រូវធ្វើការថែមម៉ោងអ្ហេ ហេតុអីក៏នៅទីនេះអ៊‌ីចឹង?

-ខ្ញុំ………

-បងកើតអី?

-អត់ទេ ! ខ្ញុំមិនស្រួលខ្លួនទេ ខ្ញុំគិតត្រឡប់ទៅវិញហើយ

-ខ្ញុំមានអារម្មណ៍ថា បងចង់គេចពីខ្ញុំ?

-អត់ទេ ! តែ……………..

-តែយ៉ាងម៉េច បើអត់ទេ ពួកយើងទៅដើរលេងទៅ

-ខ្ញុំមានរឿងចង់ប្រាប់លោក

-មានរឿងអី និយាយមក ខ្ញុំចាំស្ដាប់

-ការពិតខ្ញុំមិនមែនជា…………

-សួស្ដីម៉ូលីន !

-ណារ៉ា !

-ជួនគ្នាមែន ! សួស្ដីលោក

-បាទ !

-ថ្ងៃនេះថ្ងៃអាទិត្យ លោកនាំនាងដើរលេងអ្ហេ?

-ត្រូវហើយ !

-អ៊‌ីចឹងខ្ញុំមិនរំខានទេ តោះ ! ពួកយើង

-បងកើតអីហ្នឹង មកខ្ញុំនាំបងដើរលេង

សេរី ទាញដៃម៉ូលីនឱ្យចូលឡាន រួចក៏បើកចេញទៅ។ ពួកគេចូលទៅផ្សារទំនើប រួចទៅភូមិ វប្បធម៌ដើរមើលសព្វទីកន្លែងព្រមទាំងល្អាងខ្មោចផងដែរ។ មន្ដស្នេហ៍នៃដំណើរកម្សាន្ដបានធ្វើឱ្យយុវតី ហឫទ័យជ្រះថ្លា ភ័ក្ដ្រាពេញដោយស្នាមញញឹម ភ្លេចអស់នូវភាពអស់សង្ឃឹម ដែលរំពឹងថានឹងកើតឡើង ក្រោយពេល ដែលនិយាយការពិត។ ពេលនេះក្នុងចិត្ដនាងបានធូរស្បើយខ្លាំងណាស់ នាងចេះតែលួចមើល ស្នាមញញឹមរបស់យុវជន ហើយចេះតែមានអារម្មណ៍ថា មិនចង់ឱ្យវេលានេះកន្លងហួសទាល់តែសោះ។ ភាព ស្រស់បស់ ក៏ប្ដូរមកជាស្រពោនមួយរំពេច ៖

-ហេតុអីក៏បងមុខស្រពោនទៀតហើយ?

យុវតីសម្លឹងមុខយុវជន ហើយគិតតែម្នាក់ឯងៈ“ការពិត តើមកពីខ្ញុំខ្លាចលោកឈឺចាប់ ឬមកពីខ្ញុំ ខ្លាចខ្លួនឯងឈឺចាប់? “

-បងស្រីអ្ហាក ! បងឈឺទេដឹង (សេរីយកដៃទាំងពីរទៅប៉ះមុខម៉ូលីន)

ម៉ូលីនយកហត្ថទៅក្រសោបដៃរបស់យុវជន ទើបនិយាយ ៖

-ខណៈនេះ ក្នុងឋានៈខ្ញុំជាបងស្រី សូមសួរលោកតាមត្រង់បានទេ?

-បងចង់សួរអីសួរមក !

-លោកស្រលាញ់បងស្រីណាស់អ្ហេ?

-ត្រូវហើយ !

-តែបងស្រី អាយុច្រើនជាងលោកជិតដប់ឆ្នាំណ៎ា

-ខ្ញុំមិនប្រកាន់ទេ ព្រោះខ្ញុំពិតជាស្រលាញ់បង

-ចុះបើបងស្រីមិនស្រលាញ់លោក ហើយចាកចេញពីទីនេះទៅ លោកគិតយ៉ាងម៉េច?

– ខ្ញុំដឹងថាបងក៏ស្រលាញ់ខ្ញុំដែរ ម៉េចនឹងអាចចាកចេញពីខ្ញុំទៅកើត

-បើសិន !

-បងទៅដល់ទីណា ខ្ញុំនឹងទៅតាមបងដល់ទីនោះ

-ចុះបើខ្ញុំប្រាប់ថា ខ្ញុំ…………………

-ហេតុអីថ្ងៃនេះ បងចេះតែនិយាយមិនចេញអ៊‌ីចឹង?

-បានហើយ ! ខ្ញុំចង់ទៅផ្ទះ ……

សេរីជូនម៉ូលីនទៅដល់ផ្ទះ ហើយក៏ចូលទៅជម្រាបសួរលោកយាយ និងអ្នកមីង ៖

-ជម្រាបសួរលោកយាយ អ្នកមីង !

-ចាសៗ លើកដៃថ្វាយព្រះ

-គេគឺសេរីណ៎ាម៉ាក់

-ពួកចៅនាំគ្នាចូលក្នុងមក

-អរគុណលោកយាយ ! ចូលដល់ក្នុងផ្ទះត្រជាក់ស្រួលដល់ហើយលោកយាយ

-ញាុំទឹក !

-អរគុណបង !

-នៅញាុំបាយសិនអ្ហេក្មួយ?

-បាទមិនអីទេអ្នកមីង មេឃល្ងាចណាស់ទៅហើយ ខ្ញុំគិតលាអ្នកមីង និងលោកយាយទៅវិញហើយ តែថ្ងៃក្រោយ ខ្ញុំអាចមកលេងទីនេះជាមួយលោកយាយ និងអ្នកមីងបានទេ?

-បានតើចៅ ចៅទំនេរពេលណាមកចុះ

-អ៊‌ីចឹងអរគុណខ្លាំងណាស់លោកយាយ ខ្ញុំជម្រាបលាលោកយាយ និងអ្នកមីងហើយ

-សុខសប្បាយណ៎ាចៅ

-ខ្ញុំមិនបានជូនដំណើរទេណ៎ះ

-មិនអីទេបង

-អ្ហើយ…………..

-យ៉ាងម៉េចក៏កូនដកដង្ហើមធំអ៊‌ីចឹង?

-អ្នកកំលោះម្នាក់នេះរូបរាងមាំទាំ សង្ហារណាស់តើចៅ

-ម៉ាក់អ្ហាក ! ខ្ញុំមិនបានប្រាប់ការពិតដល់គេ ខ្ញុំធ្វើយ៉ាងម៉េចទៅ?

-ម៉ាក់មើលទៅឯង ដូចជាតប់ប្រមល់ដល់ហើយ ណ្ហើយ ! បើមិនទាន់ប្រាប់ទេ ក៏ហីទៅ ទុកឱ្យវា ទៅតាមដំណើរចុះ គេថា គេនឹងមកលេងទីនេះ ចាំឱ្យលោកយាយឯងប្រាប់ជំនួសទៅ

-អញមិនដឹងទេវ៉ើយ រឿងក្មេងៗឯងទេ បើពិបាកនិយាយណាស់ មានតែពឹងលើអារម្មណ៍ទៅ

-ពឹងលើអារម្មណ៍យ៉ាងម៉េចលោកយាយ?

-ចាំថ្ងៃណាចៅមានអារម្មណ៍ ចាំនិយាយទៅ

-អ៊‌ីចឹងក៏អ៊‌ីចឹងចុះ ខ្ញុំទៅមុជទឹកហើយ

ក្រោមពន្លឺខែដ៏ត្រចង់ត្រចះ យុវជនល្អល្អះទាំងពីរអង្គ ផ្ចិតផ្ចង់សម្លឹងដោយយកចិត្ដទុកដាក់ ក្នុងចិត្ដ ត្រជាក់ដូចជាទឹកអម្រឹត មើលន៏ ! ពិតជាស្រទន់ពេញដោយមនោសញ្ចេតនាណាស់ ម៉ូរ៉ាវាចាច្បាស់ៗទៅ កាន់សេរី ៖

-ថ្ងៃនេះព្រះចន្ទពេញវង់ល្អណាស់ ឯងគិតដូចខ្ញុំទេ?

-ទោះជាចិត្ដឯងពេញវង់ តែព្រះចន្ទនៅតែព្រះចន្ទ

-មានន័យថាម៉េច?

-មើលឱ្យច្បាស់មើល ព្រះចន្ទពេញវង់ ឬក៏មិនពេញ?

-មែនវ៉ី ព្រះចន្ទរះតែមួយចំហៀងតើ ថ្ងៃនេះប៉ុន្មានកើតហើយ?

-ប្រាំមួយកើតហើយ

-តែខ្ញុំនៅតែមានអារម្មណ៍ថា ព្រះចន្ទនៅតែស្អាតប្លែក

-មានរឿងអីសប្បាយចិត្ដអ្ហេ?

-គ្មានទេ ! ចុះរឿងឯង និង ស្រីវ័យកណ្ដាលម្នាក់នោះយ៉ាងម៉េចហើយ?

-គ្មានបញ្ហាទេ តែខ្ញុំមានអារម្មណ៍ថា គាត់មានរឿងមួយ ដែលលាក់នឹងខ្ញុំ

-ម៉េចមិនសួរគាត់

-មើលទៅគាត់ដូចនិយាយមិនចេញយ៉ាងម៉េចមិនដឹងទេ

-ដល់ណា ឯងណែនាំគាត់ឱ្យខ្ញុំស្គាល់?

-អាទិត្យក្រោយពួកយើងទំនេរ ចាំខ្ញុំនាំឯងទៅលេងផ្ទះគាត់

-នេះដល់ថ្នាក់ស្គាល់ផ្ទះផងអ្ហេ

-មានអីគួរឱ្យប្លែក

-បងស្រីឯងធ្វើការអីដែរ?

-ត្រូវហើយ ! ខ្ញុំមិនដែលដឹងថាគាត់ធ្វើការអីផង

-ឯងយ៉ាងម៉េចហ្នឹង រាប់អានគ្នាយូរហើយ មិនដឹងថាគាត់ធ្វើការអីទៀតអ្ហេ?

-គាត់មិនដែលសួរខ្ញុំ ខ្ញុំក៏មិននឹកឃើញដែរ តែបើនិយាយទៅ ពួកយើងជួបគ្នាម្ដងៗ ពេលវេលាដូច ជាខ្លីណាស់ ទើបមិននឹកឃើញទាល់តែសោះ

-កម្មធំហើយឯងនេះ ឆាប់ទៅដេកទៅ ថ្ងៃស្អែកត្រូវបញ្ចេញទំនិញលក់បញ្ចុះតម្លៃផង

……………………………………………………………………………………………..

ថ្ងៃនេះក្នុងហាងមនុស្សច្រើនប្លែកចម្លែកខុសពីធម្មតា ព្រោះតែម្នាក់ៗត្រូវការទិញទំនិញ ដែលមាន ការបញ្ចុះតម្លៃដើម្បីឱ្យឆាប់អស់ពីស្ដុក កុំឱ្យហួសដឺឡេទាន់។ ម៉ោងប្រមាណជាដប់មួយទើបស្ងាត់ អតិថិជន បន្ដិច ស្រាប់តែរំលេចយុវជនទាំងពីរនៅក្នុងហាង។ បុគ្គលិកក្នុងហាងទាំងអស់ រួមទាំងយុវតីម៉ូលីន ស្រឡាំងកាំងនៅពេល ដែលឮសំឡេងយុវជនបន្លឺឡើង ៖

-បងស្រី !

សេរីដើរទៅរកម៉ូលីន ចំណែកម៉ូរ៉ាបើកនេត្រាធំៗ ចិន្ដាសម្លឹងឆ្ពោះទៅរកយុវជន។ ម៉ូលីនតប តិចៗៈ

-លោកមកធ្វើអីទីនេះ?

-ម៉ូលីនអ្ហាក ! គាត់ហ្នឹងហើយជាអ្នកគ្រប់គ្រងក្នុងហាងយើងណ៎ះ (ចិន្ដាខ្សឹបតិចៗ)

-អ្ហ៊ះ !

-ការពិតបងធ្វើការនៅទីនេះទេអ្ហេ ពិតជាចៃដន្យមែន

-ឯងកុំប្រាប់ថា នាងគឺជាបងស្រីឯងណ៎ះ

-ត្រូវហើយ ! ក្រែងឯងចង់ស្គាល់គាត់អ្ហេ បងស្រីអា្ហក នេះជាមិត្ដរបស់ខ្ញុំ

-ខ្ញុំស្គាល់គាត់ហើយ សួស្ដីលោកជំនួយការ

-បាទ ! ពួកយើងដល់ម៉ោងត្រឡប់ទៅវិញហើយ

-ឯងប្រញាប់អ្ហេ?

-ពួកយើងមានណាត់ណ៎ះ ………ពួកខ្ញុំទៅសិនហើយ !

-ចាស !

-ខ្ញុំទៅសិនហើយបងស្រី !

-ម៉េចក៏ឯងប្រញាប់ចេញមកយ៉ាងនេះ?

-ឯងកុំលេងសើចណ៎ះ ក្មេងស្រីអម្បាញ់មិញអ្ហេ ជាបងស្រីវ័យកណ្ដាលរបស់ឯងនោះ?

-ត្រូវហើយ !

-ឯងមិនឈឺទេ មែនទេ?

-ខ្ញុំមិនឈឺទេ !

-អ៊‌ីចឹងតើភ្នែកឯងមានបញ្ហាមែនទេ? បើភ្នែកឯងមានបញ្ហា ខ្ញុំនាំឯងទៅពេទ្យ

-ភ្នែកខ្ញុំភ្លឺល្អណាស់ ម៉េចក៏ឯងនិយាយអ៊‌ីចឹង

-អ៊‌ីចឹងម៉េចក៏ឯងមើលឃើញក្មេងស្រីម្នាក់ ថាជាមនុស្សស្រីវ័យកណ្ដាលទៅកើត

-ខ្ញុំប្រាប់ហើយតើ ថាសាច់គាត់នៅចាំ ដូចជាក្មេងអ៊‌ីចឹង

-តែស្រីអម្បាញ់ម៉េចនេះ យ៉ាងច្រើនម្ភៃពីរឆ្នាំប៉ុណ្ណោះ ខ្ញុំថាឯងត្រូវគេបោកហើយ

-ឯងនិយាយស្អី?

-ទោះខ្ញុំនិយាយយ៉ាងណា ក៏ឯងមិនជឿដែរ ចាំទៅរកភស្ដុតាងមកឱ្យឯង

-ឯងទៅរកភស្ដុតាងពីណា?

-ឯងទៅផ្ទះមុនទៅ !

ថ្លែងពីយុវតី ហឫទ័យមិននឹងនរ នាងចេះតែសួរសំនួរដដែលៗទៅកាន់ចិន្ដា ៖

-ឱ្យខ្ញុំធ្វើយ៉ាងម៉េច? គេប្រាកដជាដឹងការពិត

-ក្រែងឯងចង់ឱ្យគាត់ដឹងអ្ហេ ឥឡូវប្រសើរហើយ គាត់នឹងដឹងដោយខ្លួនឯង ឯងមិនចាំបាច់ទៅប្រាប់ គាត់ដោយអារម្មណ៍ភ័យផង អរផងនោះទេ

-ពិតមែនហើយ! ក្រែងខ្ញុំក៏ចង់ឱ្យគាត់ដឹងដែរអ្ហេ តែហេតុអីក៏ខ្ញុំមានអារម្មណ៍ភ័យយ៉ាងនេះ? តែ ឯងនិយាយទៅមើល បើសិនគាត់ដឹងហើយ តើគាត់ខឹងនឹងខ្ញុំទេ? គាត់ប្រហែលជាស្អប់ខ្ញុំមែនទេ? ហើយប្រហែលជាលែងហៅខ្ញុំថា បងស្រីទៀតហើយ?

-ហេតុអីក៏អាចបារម្ភច្រើនយ៉ាងនេះ? ការពិត គាត់មិនត្រូវខឹងនឹងឯងទេ ឯងធ្វើនេះ ក៏ព្រោះតែ ចង់បំពេញសេចក្ដីសុខដល់គាត់ប៉ុណ្ណោះ

-ប៉ុន្ដែខ្ញុំកុហកគាត់

-ម៉ូលីនអ្ហាក! ចាប់ពីខ្ញុំស្គាល់ឯងមក នេះជាលើកទីមួយហើយដែលខ្ញុំឃើញឯងបារម្ភខ្លាំងយ៉ាងនេះ

-ពិតមែនអ្ហេ?

-ឯងស្រលាញ់គាត់ទេដឹង?

-មិនអាចទេ !

-បើអ៊‌ីចឹងឈប់បារម្ភទៅ រឿងបម្រុងកើត ឱ្យវាកើតចុះ ឆាប់ញាុំបាយទៅ បន្ដិចទៀតភ្ញៀវចូលមក ទៀតហើយ …………….ញ៉ាំទៅ !

សូមរង់ចាំវគ្គបន្ត

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មីនា 13, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: