រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៤)

ចាំស្នេហ៍new copyវគ្គ៤              ឈឺចាប់

ម៉ូរ៉ាបើកឡានមកដល់មុខផ្ទះឈប់ង៉ក់ ហើយដើរចេញមកដោយមានកាន់ឯកសារនឹងដៃមកជាមួយ ផង។ នាយបោះឯកសារនោះទៅលើតុ ឱ្យយុវជនមើល ៖

-ឯងមើលទៅ!នាងអាយុប្អូនឯងបួនឆ្នាំ ទើបចូលមកធ្វើការនៅក្រុមហ៊ុនយើងបានបីខែប៉ុណ្ណោះ

-កាន ចន្ទសុម៉ូលីន………….ម៉ូលីន…………មិនមែនម៉ូលីទេ !

-ឯងជឿហើយនៅ?

-បើនាងជាម៉ូលីន ចុះម៉ូលីនៅឯណា?

-ម៉ូលី និង ម៉ូលីន ប្រហែលជាពួកគេទាំងពីរជាបងប្អូនបង្កើតទេដឹង?

សេរីនឹកសារឡើងវិញ នូវសំដី ដែលម៉ូលីនបាននិយាយជាមួយខ្លួន ៖

-ខណៈនេះ ក្នុងឋានៈខ្ញុំជាបងស្រី សូមសួរលោកតាមត្រង់បានទេ?

-បងចង់សួរអីសួរមក !

-លោកស្រលាញ់បងស្រីណាស់អ្ហេ?

-ត្រូវហើយ !

-តែបងស្រី អាយុច្រើនជាងលោកជិតដប់ឆ្នាំណ៎ា

-ខ្ញុំមិនប្រកាន់ទេ ព្រោះខ្ញុំពិតជាស្រលាញ់បង

-ចុះបើបងស្រីមិនស្រលាញ់លោក ហើយចាកចេញពីទីនេះទៅ លោកគិតយ៉ាងម៉េច?

– ខ្ញុំដឹងថាបងក៏ស្រលាញ់ខ្ញុំដែរ ម៉េចនឹងអាចចាកចេញពីខ្ញុំទៅកើត

-បើសិន !

-បងទៅដល់ទីណា ខ្ញុំនឹងទៅតាមបងដល់ទីនោះ

-ចុះបើខ្ញុំប្រាប់ថា ខ្ញុំ…………………

-ហេតុអីថ្ងៃនេះ បងចេះតែនិយាយមិនចេញអ៊‌ីចឹង?

ម៉ូរ៉ាបន្ដ ៖

-ឯងគិតស្អី?

-ឯងនិយាយទៅមើល បើនាងជាម៉ូលីន ចុះម៉ូលីនៅឯណា? គាត់ធ្លាប់ប្រាប់ខ្ញុំថា បើមិនបានជួប គាត់ ក៏ជួបអ្នកតំណាងគាត់ដែរ ហើយអ្នកតំណាងនោះ នឹងនាំខ្ញុំទៅជួបគាត់ តែនេះ ……. អ្នក តំណាងគាត់ បែរជាមិននាំខ្ញុំទៅជួបគាត់ នាងបែរជាកុហកខ្ញុំទៀត តើជាល្ខោនស្អីហ្នឹង?

-សេរី ! ឯងមិនអីទេអ្ហេ?

-ឯងគិតទៅមើល តើម៉ូលីនៅឯណា?

-ទីមួយប្រហែលជានាងមានគ្រួសារហើយ ទើបមិនចង់ឱ្យឯងឈឺចាប់ ទីពីរ…………..

-ទីពីរស្អីគេ ឯងឆាប់និយាយទៅ !

-ទីពីរ………គាត់ប្រហែលជាមិននៅលើលោកនេះទៀតទេ

-មិនពិតទេ ! មិនពិតទេ

សេរីមានស្មារតីខុសពីធម្មតា ដែលម៉ូរ៉ាមិននឹកស្មានដល់ ទុក្ខកង្វល់ដែលនាយបញ្ចេញមក បង្ហាញពី អារម្មណ៍ឈឺចុកពើតផ្សាយ៉ាងពិតប្រាកដ។ យុវជនស្រវាចុតទូរស័ព្ទ រឹតតែញាប់ រឹតតែខុស ម៉ូរ៉ាក៏កញ្ឆក់ ទូរស័ព្ទហើយសួរ ៖

-ខ្ញុំចុតឱ្យ ! ឯងចង់តេទៅនាងអ្ហេ?

-ត្រូវហើយ !

-សាវេ ឈ្មោះនាងយ៉ាងម៉េច?

-សិសតរេ1

ម៉ូលីនកំពុងតែជួយជញ្ជូនអីវ៉ាន់លោកយាយដាក់ក្រោមផ្ទះ ព្រោះអីមេឃកំពុងតែខ្មៅងងឹត រកកល ចង់ភ្លៀង សូរសៀងទូរស័ព្ទក៏បន្លឺឡើង ៖

-អាឡូ !

-ខ្ញុំចង់ជួបបងនៅដងស្ទឹង

-ជួបឥឡូវហ្នឹងអ្ហេ តែមេឃជិតភ្លៀងហើយណ៎ះ

-មិនជួបមិនទៅណា !

-អាឡូ ៗ ………

-អ្នកណាតេមកកូន?

-ម៉ាក់អ្ហាក ខ្ញុំ…………….

-ម៉េចក៏ហាក់ដូចជាភិតភ័យម្ល៉េះកូន?

-គាត់ប្រហែលជាដឹងរឿងហើយម៉ាក់ គាត់ចង់ជួបខ្ញុំនៅដងស្ទឹងឥឡូវនេះ ម៉ាក់ឱ្យខ្ញុំធ្វើយ៉ាងម៉េច?

-កូនតាំងអារម្មណ៍សិនមើល

-ខ្ញុំខ្លាចណាស់ម៉ាក់ !

-មានអីគួរឱ្យខ្លាច ក្រែងកូនក៏ចង់ឱ្យគេដឹងរឿងនេះដែរអ្ហេ?

-ប៉ុន្ដែ ………

-កូនទៅជួបគេមួយភ្លែតទៅ គេប្រហែលជាកំពុងចាំកូន ទៅដោះស្រាយគ្នាឱ្យចប់ ពេលដែលចប់

កូននឹងបានធូរស្បើយ ហើយប្រញាប់ត្រឡប់មកវិញណ៎ះ

-គាត់ប្រាកដជាខឹងនឹងកូនខ្លាំងហើយមើលទៅ

-សូមទោសគេទៅ កូនក៏មិនចង់ដែរមែនទេ? នេះឆ័ត្រ កូនយកទៅ  ប្រញាប់ត្រឡប់មកវិញណ៎ះ

យុវតីហុចទូរស័ព្ទម្ដាយ ហើយក៏ដើរចេញទៅដោយគ្មានជំនឿចិត្ដ។ អ្នកមីង សាវីក៏និយាយទៅ កាន់លោកយាយ ៖

-ខ្ញុំមិនដែលឃើញម៉ូលីនមានអារម្មណ៍ភ័យខ្លាចបែបនេះទេម៉ែ

-វាប្រហែលជាស្រលាញ់អាអ្នកកំលោះនោះទេដឹង

-ហ៊ឺ …….សង្ឃឹមថា សេរីមិនប្រកាន់ខឹងនឹងវាចុះ

ភ្លៀងធ្លាក់ខ្ពោកៗជោកអស់ខ្លួនប្រាណ តែនៅតែមិនទាន់ឃើញស្រមោលកល្យាណនៅឡើយ។ ចិត្ដសោកសៅ និងតក់ក្រហល់ធ្វើឱ្យយុវជនមិនខ្វល់ពីភាពត្រជាក់ឡើយ មួយសន្ទុះក្រោយម្លប់ឆ័ត្រធ្វើឱ្យ យុវជនដឹងថា កនិដ្ឋាកំពុងតែឈរពីក្រោយនាយ។ អ្នកកំលោះបែរឆ្ពោះមករកយុវតី ទាញឆ័ត្រចេញពីដៃ នាងគ្រវាសទៅម្ខាងដោយបន្លឺខ្លាំងទាំងរញ្ជួលចិត្ដ ៖

-ប្រាប់ខ្ញុំមក តើនាងជាអ្នកណាឱ្យប្រាកដ?

-ខ្ញុំ………………ខ្ញុំមិនមែនជា…………

យុវជនពិតជាមិនចង់ឮពាក្យ ដែលខ្លួនមិនចង់ឮឡើយ នាយមិនឱ្យយុវតីនិយាយចេញមក ក៏ ក្រសោបឱបនាងយ៉ាងជាប់ ហើយរអ៊ូតិចៗក្បែរត្រចៀកនាង ធ្វើឱ្យម៉ូលីនខ្សឹកខ្សួលអួលដើមករហូតស្រក់ ទឹកភ្នែកដោយមិនដឹងខ្លួន ៖

-នាងពិតជាបងស្រីខ្ញុំ ម៉ូលីរបស់ខ្ញុំ ជាការពិតណាស់ អារម្មណ៍ដែលខ្ញុំឱបនាងពេលនេះ គឺមិនខុសពី ដប់ប្រាំឆ ្នាំមុនទេ នាងប្រាកដជាម៉ូលីរបស់ខ្ញុំ ម៉ូលីរបស់ខ្ញុំ………

-មិនមែនទេ អ្នកដែលលោកកំពុងឱបនេះ ទាំងសាច់ទាំងឈាម រួមទាំងបេះដូង គឺជារបស់ម៉ូលីន មិនមែនម៉ូលីឡើយ ……….

-មិនពិតទេ !

សេរីរុញម៉ូលីនចេញពីខ្លួន ហើយចេះតែបន្ដកុហកខ្លួនឯង ធ្វើឱ្យម៉ូលីនចេះតែសោកសង្រេងរឹតតែ ខ្លាំងឡើង ៖

-បើនាងមិនមែនម៉ូលី ចុះម៉ូលីរបស់ខ្ញុំនៅឯណា?

-ម៉ូលីគ្មាននៅលើលោកនេះទៀតទេ ! គាត់មិននៅលើលោកនេះទៀតទេ លោកស្ដាប់បានទេ !

-មិនពិតទេ ! មិនពិតទេ

-លោកស្ដាប់ខ្ញុំណ៎ា ម៉ូលីបានស្លាប់កាលពីពីរឆ្នាំមុនទៅហើយ អ្នកដែលនៅចំពោះមុខលោក គឺជា

ប្អូនស្រីរបស់គាត់ អ្នកតំណាងឱ្យគាត់ប៉ុណ្ណោះ

-អ្នកតំណាងអ្ហេ …….មិនពិតទេ ……..ខ្ញុំនឹកឃើញហើយ បងស្រីប្រាប់ខ្ញុំថា បើមិនបានជួបគាត់ អ្នកតំណាងគាត់ នឹងនាំខ្ញុំទៅជួបគាត់ បើនាងជាតំណាងឱ្យគាត់ ហេតុអីមិននាំខ្ញុំទៅជួបគាត់ ហេតុអីក៏នាងបន្លំធ្វើជាគាត់ ហេតុអីមកកុហកខ្ញុំ នាងនិយាយទៅ !

យុវជនចាប់អង្រួនស្មាយុវតីឥតសមចៃដៃឡើយ ៖

-សូមទោស ! ខ្ញុំគ្មានចេតនាកុហកលោកទេ

-នាងសប្បាយណាស់អ្ហេ ដែលខ្ញុំហៅនាងថា បងស្រីនោះ

-លោកលែងខ្ញុំទៅ ខ្ញុំឈឺណ៎ា

-នាងចេះឈឺដែរអ្ហេ តែនាងដឹងទេថា ខ្ញុំឈឺខ្លាំងជាងនាងទៅទៀត បងស្រីក៏គ្មាននៅលើលោកនេះ ហើយមករងភាពអាម៉ាស់ បែរជាហៅក្មេងស្រីម្នាក់ថាបងស្រីទៅវិញ ទេវតាលេងល្បែងស្អីហ្នឹង ភ្លៀងឱ្យខ្លាំងមក យកល្អរន្ទះបាញ់ខ្ញុំឱ្យស្លាប់ទៅ……….ពីរឆ្នាំមុន ក្រែងខ្ញុំមកដល់ទីនេះហើយ តែ ហេតុអីក៏ខ្ញុំមិនបានជួបគាត់  ហេតុអីក៏ទេវតាចិត្ដអាក្រក់ចំពោះខ្ញុំយ៉ាងនេះ?

យុវតីយំសោកឡើងទន់ខ្លួនទៅលើដី ឯសេរីដូចជាមនុស្សឆ្កួតអ៊‌ីចឹង នាយលុតជង្គង់សម្លឹងទៅដើម រំដួលឃើញតែស្រមោលម៉ូលី មាណវីមិនអាចសម្លឹងមើលការឈឺចាប់របស់យុវជនតទៅទៀត ក៏ងើបដើរ ទៅស្រវាឱបនាយយ៉ាងណែន ៖

-មកពីខ្ញុំមិនចង់ឃើញលោកបែបនេះ ទើបខ្ញុំកុហកលោក ខ្ញុំចេះតែគិតថា បើអាចពន្យារការឈឺ ចាប់របស់លោកបាន ខ្ញុំសុខចិត្ដធ្វើជាបងស្រីលោកមួយជីវិត ប៉ុន្ដែការពិតនៅតែជាការពិត ខ្ញុំដឹងថា មិនអាចលាក់បាំងបាន តែខ្ញុំនៅតែព្យាយាម សូមទោស ! សូមទោស គ្រប់យ៉ាងគឺខុសពីខ្ញុំ បើខ្ញុំ បានយល់ពីទឹកចិត្ដអ្នកចាំតែបន្ដិច លទ្ធផលប្រហែលជាមិនសោកសៅបែបនេះទេ សូមទោស សូមទោស………….

ក្រោមដំណក់ភ្លៀង សូរសៀងសោកសៅចាក់ជ្រៅទៅក្នុងបេះដូង ដើមទ្រូងឈឺរូងដូចគេខ្វេះយក ទៅបាត់ ក្រោយពពកខ្មៅរសាត់បាត់អស់ភាពកខ្វក់ តែទឹកដែលសល់ដក់នៅតែល្អក់កករដដែល។ កម្អែល ទុក្ខសង្កត់ធ្ងន់ធ្ងរណាស់ទុក្ខសោកវិបល្លាសប្រាសចាកពីក្នុងចិត្ដ នៅពេលដែលពួកគេទាំងពីរស្ថិតក្នុងឋានចិត្ដ មួយផ្សេង។

ចុះចិន្ដាទៅណា? ម៉ូរ៉ាទៅណា? ម្ដេចក៏មកជួបគ្នានៅមុខមន្ទីរពេទ្យទៀតហើយ? ស្ថិតក្នុងស្ថានភាព តក់ក្រហល់ និងព្រួយបារម្ភ ពួកគេមិនបានសួរនាំគ្នាទេ គឺរត់ទៅរកទិសដៅរៀងខ្លួន តែទៅ ដល់ច្រកទ្វារ គេ ក៏ទង្គិចគ្នាទៀត ៖

-លោកចង់យ៉ាងម៉េចហ្នឹង?

-នាងជាអ្នករត់មកបុកខ្ញុំមុនណ៎ះ

-ខ្ញុំទៅមុន !

ទៅដល់មុខបន្ទប់សង្គ្រោះបន្ទាន់ ពួកគេបន្លឺព្រមគ្នា ៖

-លោកគ្រូពេទ្យ តើមិត្ដខ្ញុំយ៉ាងម៉េចហើយ?

-ពួកលោកត្រូវជាអ្វីនឹងអ្នកជំងឺ?

-ខ្ញុំជាបងប្អូន !

-មនុស្សប្រុសម្នាក់នោះមិនអីទេអ្ហេ?

-មិនអីទេ ! តែមនុស្សស្រី ដែលបញ្ជូនមកជាមួយគ្នានោះ នាងស្លាប់មុនពេលបព្ជាូនមកដល់ទៅ ហើយ

-ថាម៉េច !

-ស្លាប់បាត់អ្ហេ !

-អ្នកទាំងពីរកាត់ចិត្ដទៅ

-ហេតុអីក៏នាងស្លាប់?

-នាងគាំងបេះដូង តែចំណែកឯ………

-លោកគ្រូពេទ្យ មានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ (គ្រូពេទ្យស្រីម្នាក់បន្លឺ)

-ពួកលោកចាំមួយភ្លែតទៅ បន្ដិចទៀត គេនឹងបញ្ជូនអ្នកជំងឺចេញមកហើយ ខ្ញុំទៅសិនហើយ !

-មិនពិតទេ ម៉ូលីនធ្វើម៉េចនឹងអាចគាំងបេះដូងទៅ សុខភាពនាងរឹងមាំណាស់ ខ្ញុំមិនជឿទេ !

-នាងគិតទៅណា?

-ខ្ញុំចង់ចូលទៅ

-គេមិនឱ្យចូលទៅទេ បន្ដិចទៀតគេបញ្ជូនសាកសពមកហើយ

-ម៉ូលីនមិនអាចស្លាប់ទេ ហើយក៏គ្មានសាកសពដែរ

ម៉ូរ៉ាចាប់ចិន្ដាជាប់មិនឱ្យនាងចូលទៅក្នុងបន្ទប់ពេទ្យ តែនាងមានះណាស់ នាងយំផងស្រែកផង មិន ជឿថាម៉ូលីនស្លាប់ទាំងបែបនេះឡើយ។ ពេលនេះនាងទន់ជង្គង់អស់ ងើបក៏មិនរួច នាងចេះតែនិយាយថា ៖

-មិនពិតទេ ប្រហែលជាខ្ញុំយល់សប្ដិហើយ ខ្ញុំទើបតែធ្វើការជាមួយនាងកាលពីល្ងាចម៉េចតើ លោក ឆាប់ក្ដិចខ្ញុំទៅ ខ្ញុំប្រហែលជាយល់សប្ដិមែនទេ?

-វាជាការពិត

-មិនពិតទេ !

-វាជាការពិត !

ការស្លាប់របស់ម៉ូលីនពិតជាធ្វើឱ្យចិន្ដារន្ធត់ពិតមែន ព្រោះតាំងពីតូចមកពួកនាងជាមិត្ដ ដែលស្គាល់ ចិត្ដថ្លើមគ្នា រហូតមកដល់ឥឡូវ ក៏ពួកនាងនៅតែរក្សាមិត្ដភាពនេះ ហើយតាំងពីដើមមក នាងមិនដែលដឹង ថាម៉ូលីនមានជំងឺបេះដូងនោះឡើយ។ ក្ដីរន្ធត់នេះ ធ្វើឱ្យម៉ូរ៉ា ក៏ពិបាកចិត្ដណាស់ដែរ ទើបនាយឱ្យពេទ្យចាក់ ថ្នាំរំងាប់អារម្មណ៍ឱ្យនាង។

ម៉ូរ៉ាកំពុងតែឈរនៅចំកណ្ដាលនៃចន្លោះគ្រែរបស់សេរី និងចិន្ដា ដែលមិនទាន់ដឹងខ្លួននៅឡើយ។ មួយ សន្ទុះក្រោយ សេរីក៏ភ្ញាក់ឡើង ៖

-ខ្ញុំនៅឯណា?

-ឯងដឹងខ្លួនហើយអ្ហេ ! ទីនេះគឺមន្ទីរពេទ្យណ៎ះ

-មន្ទីរពេទ្យ ! …….ហេតុអីក៏ខ្ញុំឈឺក្បាលម្ល៉េះ?

-ប្រហែលមកពីត្រូវភ្លៀងខ្លាំងហើយ

-ត្រូវហើយ ! ចុះឯណាបង……………..ម៉ូលីន?

-នាង………….

-នាងមិនអីទេមែនទេ?

-នាង……………

-នាងគឺ……………បើខ្ញុំចាំមិនខុសទេ នាងធ្វើការជាមួយម៉ូលីនអ្ហេ ចុះហេតុអីក៏……

-នាងឈឺ ………

ចិន្ដាបើកភ្នែកឡើងឃើញសេរីកំពុងតែអង្គុយ ក៏ស្ទុះងើបឡើងដោយរញ្ជួលចិត្ដ ៖

-គឺព្រោះតែលោក មកពីលោក ទើបធ្វើឱ្យម៉ូលីនស្លាប់ ………..ខ្ញុំមិនលើកលែងឱ្យលោកទេ…….

-ចិន្ដាៗៗ ទប់អារម្មណ៍សិនទៅ

-នាងនិយាយស្អី …………អ្នកណាស្លាប់?

-គ្មានទេ ! ចិន្ដា ពួកយើងទៅក្រៅសិនទៅ

-ខ្ញុំមិនទៅទេ ខ្ញុំចង់សម្លាប់គេ បើកុំតែគេណាត់ម៉ូលីនចេញក្រៅ ម៉ូលីនក៏មិនស្លាប់ដែរ ………

-ម៉ូរ៉ា ! ឯងលែងនាងទៅ នាងនិយាយទៅ តើម៉ូលីននៅឯណា?

-ម៉ូលីនស្លាប់ហើយ លោកស្កប់ចិត្ដហើយមែនទេ?

-មិនអាចទេ ! ម៉ូរ៉ា នាងកុហកខ្ញុំមែនទេ?

-ម៉ូលីនស្លាប់ដោយសារគាំងបេះដូង

-មិនពិតទេ ! ទេវតាធ្វើម៉េចនឹងចិត្ដអាក្រក់ដាក់ខ្ញុំយ៉ាងនេះ ខ្ញុំទៅរកនាង

សេរីស្ទុះចេញទៅ ចិន្ដា និងម៉ូរ៉ាក៏ទៅតាមពីក្រោយឆ្ពោះទៅសាលតម្កល់សាកសព តែទៅដល់ក៏

ជួបគ្រូពេទ្យនៅទីនោះ ម៉ូរ៉ាបន្លឺ ៖

-លោកគ្រូពេទ្យ  ពួកខ្ញុំចង់មើលសាកសពស្រីម្នាក់ ដែលបញ្ជូនមកពីដងស្ទឹង នាងស្លាប់ដោយសារ គាំងបេះដូង

-អូ! សាកសពស្រីម្នាក់នោះអ្ហេ គ្រួសារនាងមកយកទៅបាត់ហើយ

-ម៉េចនឹងអាចទៅ !

សេរីសម្រូតខ្លួនផ្អែកខ្នងទៅជញ្ជាំង នាយទន់ជង្គង់អស់ទៅហើយ ម្ដេចឡើយ ក៏ទេវតាដាក់ ទារុណកម្មនាយយ៉ាងនេះ។ អស់ហើយ អស់គ្មានសល់អ្វីឡើយ ក្ដីសង្ឃឹមចុងក្រោយ ក៏គ្មានដែរ អ្វីគ្រប់យ៉ាង គឺបាត់បង់រលីង នាយឈឺចាប់ខ្លាំងណាស់ ឈឺបេះដូងខ្លាំងណាស់ លែងចង់បម្រាសទៀតហើយ បើពេលវេលា អាចថយក្រោយបាន នាយនឹងច្រានទូកបណ្ដោយខ្យល់ នឹងមិនខ្វល់ថា ម៉ូលីនជាអ្នកណា នាយនឹងហៅនាង ថា បងស្រីជារៀងរហូត តែហេតុអ្វី ក៏នាយមិនព្រមកប់អាថ៌កំបាំងនេះ ៖

-ហេតុអ្វីក៏ខ្ញុំមិនព្រមឱ្យនាងកុហក? ម៉ូលីន និងម៉ូលីមានអីខុសគ្នា ហេតុអីក៏ខ្ញុំមិនចាត់ទុកពួក នាងជាមនុស្សតែមួយទៅ ខ្ញុំគ្រាន់តែភ្លេចភ្លាំងមួយភ្លែតប៉ុណ្ណោះ ហេតុអ្វីក៏ទេវតាដាក់ទោសខ្ញុំធ្ងន់ យ៉ាងនេះ? ម៉ូរ៉ា ! ខ្ញុំចង់ដេក ……..បើខ្ញុំមិនដេក ខ្ញុំប្រាកដជាស្លាប់

-ពួកយើងទៅបន្ទប់ទៅ ! ………ចិន្ដា ចាំខ្ញុំទីនេះហើយ

ចិន្ដាអង្គុយច្បោមក្បាលជង្គង់នៅមុខសាលដាក់សាកសព ឯម៉ូរ៉ានាំសេរីមកដល់បន្ទប់។ ក្រោយ ពេទ្យចាក់ថ្នាំហើយ សេរីក៏លង់លក់លែងដឹងឮអ្វីទាំងអស់ បន្ទាប់មកម៉ូរ៉ាក៏ចេញទៅជួបចិន្ដា ៖

-ខ្ញុំជូននាងទៅផ្ទះ !

ចិន្ដាងើបមុខឡើងមើលទៅម៉ូរ៉ា ស្រាប់តែឃើញនរណាមិនដឹងស្ទុះវឹងរត់ចេញទៅ យុវជនក៏ស្ទុះ ចេញក្រៅតាមនាងដែរ។ ម៉ូរ៉ាទាញដៃចិន្ដាហើយសួរ ៖

-នាងគិតទៅណា?

-ខ្ញុំឃើញម៉ាក់ម៉ូលីន គាត់ប្រហែលជាមិនទាន់ទៅណាទេ ម៉ូលីនប្រហែលមិនទាន់ស្លាប់ទេ

-នាងកាត់ចិត្ដទៅ តើបានទេ ទោះយ៉ាងណាក៏ម៉ូលីនស្លាប់បាត់ហើយដែរ

-លែងដៃខ្ញុំ ខ្ញុំទៅរកម៉ាក់នាង………

-ចិន្ដា ! …………..

-អ្នកមីង !

-ម៉េចក្មួយនៅទីនេះ មកមើលម៉ូលីនមែនទេ?

-មីងថាម៉េច មីងថាម៉ូលីនមិនទាន់ស្លាប់មែនទេ?

-ឯងនិយាយស្អី ម៉ូលីនមិនបានកើតអីធ្ងន់ធ្ងរឯណា ចុះហេតុអីក៏មុខមាត់ស្លេកស្លាំង ហើយភ្នែកម៉េច

ក៏ហើមយ៉ាងនេះ?

-គ្មានអីទេមីង ខ្ញុំចង់ជួបម៉ូលីន ពេលនេះម៉ូលីននៅឯណាមីង?

-វានៅក្នុងបន្ទប់ជាមួយលោកយាយឯណោះ ចុះក្មួយខាងនេះ …

-គាត់ជាជំនួយការនៅហាង

-ជម្រាបអ្នកមីង !

-ចាស ………..! តោះ ទៅមើលម៉ូលីនទៅ

គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាម ចិន្ដារត់វឹងទៅសង្គ្រប់ពីលើម៉ូលីនទាំងទឹកភ្នែក ៖

-ខ្ញុំស្មានថាឯងស្លាប់ចោលខ្ញុំហើយ

-ជម្រាបសួរលោកយាយ !

-អាយុវែងចៅ !

-ជម្រាបសួរលោក !

-បាទ !

-ឯងកើតអី ម៉េចក៏យំអ៊‌ីចឹង

-ពួកយើងសុទ្ធតែស្មានថា នាងស្លាប់បាត់ទៅហើយ

-ត្រូវហើយ ! ពេទ្យថាឯងនេះ ស្លាប់ដោយគាំងបេះដូង

-ម៉េចក៏អ៊‌ីចឹង ឯងស្ដាប់ច្រឡំទេដឹង?

-តែពេទ្យថា ស្រីម្នាក់ដែលគេយកមកពីដងស្ទឹងហ្នឹងណ៎ះ បើមិនឯងមាននរណាទៀត

-មីងក៏ឮគេនិយាយដែរ មានស្រីម្នាក់ពិតជាស្លាប់ដោយសារគាំងបេះដូងមែន

-ការពិតពួកចៅច្រឡំខ្លួនឯងតើ

-សំណាងហើយនាងមិនអី នាងដឹងទេ មិត្ដរបស់នាងម្នាក់នេះដូចមនុស្សឆ្កួតអ៊‌ីចឹង

-សូមទោសណ៎ា ដែលធ្វើឱ្យឯងបារម្ភ

-មិនអីទេ ឱ្យតែឯងមិនអី ខ្ញុំសប្បាយចិត្ដហើយ

-យំឡើងហើមភ្នែកអស់រលីង

-ត្រូវហើយ ! ខ្ញុំបន្ទោសលោកប្រធានខ្លាំងណាស់ឯងដឹងទេ

-លោកប្រធានអ្ហេ ! ពេលនេះគាត់នៅឯណា

-គាត់…………..

-គេដឹងថានាងស្លាប់ គេឈឺចាប់ខ្លាំងណាស់ ខ្ញុំឱ្យពេទ្យចាក់ថ្នាំរំងាប់អារម្មណ៍ឱ្យគេ ឥឡូវគេដេក នៅក្នុងបន្ទប់ឯណោះ

-គាត់មិនអីទេ តើមែនទេ?

-ខ្ញុំគិតថា គេភ្ញាក់ឡើង ប្រហែលជាមិនអីទេ

-ប្រសើរណាស់អ៊‌ីចឹង

-បើនាងអស់អីហើយ ខ្ញុំគិតត្រឡប់ទៅវិញហើយ

-ឈប់សិន ! ខ្ញុំសុំរឿងមួយបានទេ?

-មានរឿងអីអ្ហេ?

-កុំប្រាប់គាត់ថា ខ្ញុំនៅរស់អី……..

-ម៉ូលីន !

-ការពិតរឿងគ្រប់យ៉ាងគឺបានបញ្ចប់អស់ហើយ ម្យ៉ាងទៀតគាត់ក៏យល់ថា ខ្ញុំស្លាប់ហើយដែរ ដូច្នេះ លោកមិនចាំបាច់បកស្រាយប្រាប់គាត់ទេ ឱ្យបេះដូងគាត់ទទេស្អាតចុះ ថ្ងៃក្រោយទាំងម៉ូលី និង ម៉ូលីននឹងគ្មាននៅក្នុងបេះដូងគាត់ គាត់នឹងលែងឈឺចាប់តទៅទៀត

-នាងប្រាកដហើយអ្ហេ ថាគេលែងឈឺចាប?់

-ពេលវេលាប្រាកដជាព្យាបាលគាត់

-តែខ្ញុំឃើញគេពិបាកខ្លាំងណាស់នៅពេលដែលបាត់បង់នាង ហើយគេថែមទាំងនិយាយទៀតថា បើពេលវេលាត្រឡប់ក្រោយ គេមិនឱ្យរឿងថ្ងៃនេះកើតឡើងឡើយ គេថែមទាំងយល់ព្រមឱ្យនាង កុហកគេអស់មួយជីវិតថែមទៀត

-តែសម្រាប់ខ្ញុំ បើពេលវេលាថយក្រោយ ខ្ញុំមិនយកស្រមោលបងស្រីមកកុហកគាត់ទេ ខ្ញុំស្មានថា អាចជួយគាត់ តែមិនដូចខ្ញុំគិតឡើយ ខ្ញុំជាអ្នកធ្វើឱ្យគាត់ឈឺចាប់ទៅវិញ បើគាត់នៅតែឃើញខ្ញុំ គាត់នឹងនឹកឃើញបងស្រី ខ្ញុំចង់ឱ្យលោកបញ្ចប់ទុក្ខរបស់គាត់តើបានទេ?

-ខ្ញុំក៏ចង់បញ្ចប់ទុក្ខរបស់គេដែរ ប៉ុន្ដែអាចទៅរួចទេ? នាងស្មានថា អាចគេចគេមួយជីវិតអ៊‌ីចឹងអ្ហេ ខ្ញុំមិនជឿថា ខេត្ដសៀមរាបនេះធំដ៏ម្ល៉ឹងទេ

-ដាស់មនុស្សដេកលក់គឺងាយស្រួលណាស់ តែបើដាស់មនុស្ស ដែលមិនបានដេកលក់ទើបពិបាក

-ចុះបើចៃដន្យថ្ងៃណាមួយគេជួបនាង?

-ចាត់ទុកថា ខ្ញុំនិងគាត់មាននិស្សយ័ទៅចុះ ពេលនោះខ្ញុំជឿថា គាត់នឹងរីករាយ

-ល្អ ! អ៊‌ីចឹងខ្ញុំធ្វើតាមនាងចុះ

-អរគុណ !

បីខែក្រោយមក

ម៉ូលីនបានប្ដូរការងារថ្មីទៅធ្វើការនៅក្រុមហ៊ុនមួយផ្សេងទៀត ចំណែកចិន្ដានៅធ្វើការកន្លែងចាស់ ដដែល។ ថ្ងៃនេះហាក់ដូចជាស្ងាត់អតិថិជនបន្ដិច មានតែម៉ូយចាស់ពីរបីនាក់ប៉ុណ្ណោះ នាងក៏ដើរទៅជជែក លេងជាមួយអតិថិជន ៖

-យ៉ាងម៉េចហើយបង ផលិតផលថ្មីដែលយកទៅពីថ្ងៃមុនប្រើសមទេ?

-សមតើអូន ថ្ងៃនេះបងមកទិញថែមហ្នឹងណ៎ះ ….ចុះអានេះផលិតផលអីហ្នឹងដូចមិនដែលឃើញ?

-អូ ! នេះក្រុមហ៊ុនយើងទើបតែនាំចូលមកទេ ជាឡេលាបការពារកំដៅថ្ងៃ

-បងអាចសាកបានទេ?

-បានតើបង !

-អូនឯងហុចដៃមើល !

ចិន្ដាហុចដៃឱ្យទៅភ្ញៀវសាកផលិតផល តែចាក់ឡេមិនទាន់ទាំងដល់ដៃផង ម៉ូរ៉ាមកពីអង្កាល់ណា មិនដឹង នាយទៅទាញដៃចិន្ដាចេញទាំងក្ដៅក្រហាយ ព្រមទាំងប្រើសំដីធ្ងន់ៗទៅលើភ្ញៀវ ៖

-ធ្វើស្អីហ្នឹង?

-លោកធ្វើស្អី? គាត់ជាម៉ូយរបស់យើងណ៎ា សូមទោសបង

-នាងគ្រាន់តែជាបុគ្គលិកលក់ធម្មតាប៉ុណ្ណោះ មិនមែនជាអ្នកផរៀមៀតិៀនទេ បើលោកចង់សាកឡេ សាកខ្លួនឯងទៅ

-លោក……….

-សូមទោសបង ! លោកកំពុងតែធ្វើស្អី?

-អូនឯងកុំឆ្ងល់ពេក គាត់កំពុងតែប្រច័ណ្ឌនឹងអូនឯងហ្នឹងណ៎ះ

-ប្រច័ណ្ឌអ្ហេ !

-លោកកុំបារម្ភអី ខ្ញុំគ្រាន់តែសុំដៃនាងសាកឡេប៉ុណ្ណោះ ខ្ញុំមិនស្រឡាញ់នាងទេ បើខ្ញុំស្រលាញ់ ប្រហែលជាខ្ញុំស្រលាញ់លោកវិញ

-អ្ហ៊ះ !

-អូនអ្ហាក មកគិតលុយមក បើបងនៅយូរ បងខ្លាចសង្សារអូនឯងសម្លាប់បងណាស់

-ផ្ដេសផ្ដាស !

ចិន្ដាដើរទៅកន្លែងគិតលុយឱ្យភ្ញៀវ ៖

-សូមទោសណ៎ះបង !

-មិនអីទេអូន កុំភ្លេចប្រាប់គាត់ណ៎ា ថាបងមិនស្រលាញ់មនុស្សស្រីទេ ហើយបើអូនបោះបង់គាត់

ថ្ងៃណា កុំភ្លេចតេប្រាប់បងផង បងទៅហើយ

-ចាស អរគុណបង !

ចិន្ដាសម្លឹងទៅយុវជនទាំងក្នក់ក្នាញ់ ទើបដើរទៅជិត ៖

-ថ្ងៃក្រោយប្រុងធ្វើអី មើលអ្នកនៅជុំវិញខ្លួនផង

-អ្នកណាឱ្យនាង …………..

-ជាដៃរបស់ខ្ញុំ ខ្ញុំចង់ឱ្យអ្នកណាសាកក៏បានដែរ ក្រែងលោកក៏ចង់ឱ្យខ្ញុំធ្វើអ៊‌ីចឹងអ្ហេ?

-តែខ្ញុំមិនបានតម្លើងប្រាក់ខែឱ្យនាងទេ

-អ៊‌ីចឹង ខ្ញុំមានតែរកក្រៅខ្លះហើយ !

-នាង !

-ខ្ញុំយ៉ាងម៉េច? ខ្ញុំដឹងថាលោកមិនហ៊ានធ្វើអីខ្ញុំទេ ព្រោះបុគ្គលិកកំពុងមើលមកច្រើនណាស់ អ្ហ៊‌ឺះ !

ត្រូវហើយ ! ខ្ញុំភ្លេចប្រាប់លោក ភ្ញៀវអម្បាញ់មិញ គេចាប់អារម្មណ៍នឹងលោក គេនិយាយថា បើខ្ញុំ បោះបង់លោកពេលណា ឱ្យខ្ញុំតេទៅប្រាប់គេផង បើលោកចាប់អារម្មណ៍ ខ្ញុំតេទៅប្រាប់គេឱ្យ …

-នាង !

ចិន្ដានិយាយចប់ ក៏ដើរសើចត្រឡប់ទៅកន្លែងគិតលុយវិញធ្វើហី យុវជនមិនស្ដី តែហាក់ដូចជាត្រូវ ពីរបីដំបងអ៊‌ីចឹង។

សូមងាកសម្លឹងមកម៉ូលីនវិញ។ ថ្ងៃនេះចេញពីធ្វើការ ក៏បានជួបនឹងណារ៉ាល្មម ៖

-ម៉ូលីន ! ចេញពីធ្វើការហើយអ្ហេ?

-ត្រូវហើយ! លោកទៅណាហ្នឹង?

-ខ្ញុំទើបចេញពីធ្វើការ គិតថាជិះម៉ូតូដើរលេងបន្ដិច ពួកយើងឈប់ម៉ូតូនិយាយគ្នាសិនបានទេ?

-មានការអីអ្ហេ?

-ខ្ញុំចង់និយាយរឿងមួយជាមួយនាង ឬយើងទៅឈប់នៅមាត់ស្ទឹងក៏បាន

-មិនបានទេ !

-យ៉ាងម៉េចហ្នឹង?

-យើងឈប់ត្រង់នេះហើយ លោកចង់និយាយអីនិយាយមក

-ខ្ញុំឮថានាង និងគូដណ្ដឹងដាច់គ្នាហើយតើមែនទេ?

-ត្រូវហើយ !

-ព្រោះតែរឿងនេះអ្ហេ ទើបធ្វើឱ្យនាងលែងទៅលេងដងស្ទឹង

-ត្រូវហើយ !

-នាងខ្លាចជួបគេអ្ហេ?

-ត្រូវហើយ !

-តែខ្ញុំឃើញគេស្ទើររាល់ល្ងាចហាក់ដូចជាកំពុងឈរចាំនាងអ៊‌ីចឹង

-គាត់ទៅទីនោះរាល់ល្ងាចអ្ហេ?

-មិនដឹងដែរ តែឱ្យតែខ្ញុំត្រឡប់ពីធ្វើការម្ដងណា ក៏ខ្ញុំឃើញគេដែរ

-ប្រហែលជាចៃដន្យទេដឹង

-ពួកនាងមានបញ្ហាអីអ្ហេ?

-គ្មានទេ ខ្ញុំទៅមុនហើយ !

-ម៉ូលីន !

……………………………………………………………………………………..

ម៉ូលីននឹកស្មានថាការស្លាប់អាចយករួចខ្លួនបាន នាងមិនដឹងទេថា វេទនាទាំងប៉ុន្មានបានធ្លាក់ទៅលើ សេរី។ ឱ ! បាតដៃទាំងគូម្ដេចឡើយមិនស៊ូ បែរជាប្ដូរបាននូវភាពទទេស្អាតយ៉ាងនេះ?

ម៉ូរ៉ាវាចាទៅរកសេរី ៖

-មកញាុំបាយ !

-អ៊ឺ !……….ឮថាឯងប៉ុន្មានថ្ងៃមុនទៅសម្លុតភ្ញៀវអ្ហេ?

-ជារឿងយល់ច្រឡំប៉ុណ្ណោះ

-បើស្រលាញ់គេហើយ ម៉េចមិនសារភាព ឯងមិនហត់ទេអ្ហេ?

-ពេលខ្លះអារម្មណ៍បែបនេះក៏សប្បាយម្យ៉ាងដែរ ចុះឯងមិនទាន់កាត់ចិត្ដបានទៀតអ្ហេ? ក្រែងបង.. ………..មិនមែនទេ  សង្សារទីប្រាំបីរបស់ឯងមករកឯងអ្ហ៊ៃ?

-នាងមកលេងធម្មតាប៉ុណ្ណោះ

-មិនសាកល្បងរាប់អាននាងជាថ្មីទៅ ក្រែងអាចបំភ្លេចអតីតបានណ៎ះ

-ឯងដឹងទេ ខ្ញុំមានអារម្មណ៍ថា ម៉ូលីនមិនទាន់ស្លាប់ទេ នាងគឺនៅជិតៗខ្ញុំនេះឯង គ្រាន់តែខ្ញុំមិនបាន ជួបនាងប៉ុណ្ណោះ

-ម៉េចនឹងអាចទៅ ! មកពីឯងមិនបានទៅបុណ្យសពនាង ទើបឯងមានអារម្មណ៍បែបនេះ

-តែខ្ញុំហាក់ដូចជាមានជំនឿលើអារម្មណ៍នេះណាស់

-ណ្ហើយ! កុំគិតច្រើនពេក ខ្ញុំថាយកល្អ ឯងគួរតែសាកល្បងដើរលេងជាមួយសង្សារចាស់ខ្លះទៅ ក្រែងបានធូរអារម្មណ៍ខ្លះ

-ខ្ញុំក៏គិតដូចឯងដែរ អានីក៏មានចរឹតល្អដែរ

-បើឯងយល់អ៊‌ីចឹងហើយនៅចាំអីទៀត អាទិត្យនេះចាំខ្ញុំណាត់នាងឱ្យ

-ហេតុអីក៏មានពេលខ្លាំងម្ល៉េះ?

-ដើម្បីមិត្ដភក្ដិណ៎ា

-ត្រូវហើយ ! ស្អែកនេះ ខ្ញុំគិតទៅលេងលោកយាយ និងម៉ាក់ម៉ូលីនម្ដង

-អ្ហ៊ះ !

-ឯងយ៉ាងម៉េចហើយ?

-មិនអីទេ គ្រាន់តែឈ្លក់ទឹកតើ

-ធំប៉ុណ្ណឹងហើយ នៅមិនចេះប្រយ័ត្នទៀត

-ឯងនិយាយអីអម្បាញ់មិញ?

-ខ្ញុំថាស្អែកនេះចេញពីធ្វើការ ខ្ញុំឆៀងចូលទៅលេងផ្ទះម៉ូលីន

-ចាំបាច់ដែរអ្ហេ?

-ត្រូវហើយ ! ទោះយ៉ាងណា ក៏ខ្ញុំធ្លាប់មានមនោសញ្ចេតនាជ្រាលជ្រៅ លើកូនគាត់ទាំងពីរដែរ

-តែស្អែកនេះត្រូវប្រជុំណ៎ា អាចដល់យប់ក៏ថាបាន

-មិនអីទេ អស់ច្រើនត្រឹមម៉ោងប្រាំពីរប៉ុណ្ណោះ

-វីវរហើយ …………

-ឯងរអ៊ូអី?

-អត់ទេ ! ខ្ញុំគិតថា គួរទៅជាមួយឯងឬក៏អត់?

-មិនចាំបាច់ទេ ឯងទៅណាក៏ទៅទៅ

បាយរួចកាលណា ម៉ូរ៉ាអន្ទះសាផ្ញើសារផង ទូរស័ព្ទផងទៅចិន្ដា តែទាក់ទងមិនបានទាល់តែសោះ។ នាយចេញចូលៗពីបង្គន់ ធ្វើឱ្យសេរីឆ្ងល់លាន់មាត់ឡើង ៖

-ឯងមិនស្រួលពោះអ្ហេ ទើបចូលតែបង្គន់អ៊‌ីចឹង?

-មិនត្រឹមតែរាកទេ គឺមួលថែមទៀត

-ទៅពេទ្យទេ ខ្ញុំជូនទៅ?

-ខ្ញុំលេបរួចហើយ បន្ដិចទៀតប្រហែលជាបាត់ហើយ …………ខ្ញុំចូលម្ដងទៀតសិន………………… ហេតុអីក៏តេមិនចូល? មិនដឹងជាប្រើទូរស័ព្ទខ្មោចយកអីទេ ……….

-នែ៎ ! ឯងយ៉ាងម៉េចហើយហ្នឹង?

-មិនអីទេ !

មួយយប់ទាល់ភ្លឺ ម៉ូរ៉ាដេកមិនស្រួលទាល់តែសោះ លុះដល់ព្រឹកក៏នៅតែរសាប់រសល់ខ្វាយខ្វល់ក្នុង ចិត្ដ មិនអស់ចិត្ដសេរីឡើងបន្លឺឡើង ៖

-មិនទាន់ឈប់រាកទេអ្ហេ?

-….ត្រូវហើយ ……នៅឈឺពោះនៅឡើយ

-អ៊‌ីចឹងទៅ ព្រឹកនេះមិនបាច់ទៅទេ នៅផ្ទះសម្រាកចុះ ចាំថ្ងៃខ្ញុំមកយកឯង

-ល្អណាស់អ៊‌ីចឹង !

-ខ្ញុំទៅហើយ មានការតេទៅខ្ញុំណ៎ះ

-កុំបារម្ភអី !

គ្រាន់តែសេរីបើកឡានចេញទៅភ្លាម ម៉ូរ៉ាក៏ទាញឡានបើកចេញទៅដែរ។ ទៅដល់មុខហាងភ្លាម នាយស្ទុះទៅទាញដៃចិន្ដាចេញមក ហើយរុញចូលទៅក្នុងឡានបើកចេញទៅ។ មកដល់សួនច្បារបឹងគីឡូ ចិន្ដាបើកទ្វារឡានចេញមកទាំងម៉ួម៉ៅ ៖

-លោកកំពុងធ្វើអីហ្នឹង?

-មានទូរស័ព្ទម៉េចមិនប្រើ?

-ប្រើមិនប្រើរឿងរបស់ខ្ញុំ ខ្ញុំជាបុគ្គលិករបស់លោក មិនមែនជាស្រីរបស់លោកទេ

-ខ្ញុំកោតនាងហើយ …….ឥឡូវមានរឿងធំហើយ នាងដឹងទេ?

-រឿងអី?

-ល្ងាចនេះ សេរីនឹងទៅផ្ទះម៉ូលីនណ៎ះ

-អ្ហ៊ះ !

-អ្ហ៊ះស្អី ខ្ញុំតេរកនាងមួយយប់ស្ទើរបែកមេដៃហើយ នាងដឹងទេ?

-គិតយ៉ាងម៉េចទៅ?

-នាងសួរខ្ញុំ ឱ្យខ្ញុំសួរអ្នកណា?

-ឱ្យទូរស័ព្ទមក ខ្ញុំតេទៅម៉ូលីន ……………..អាឡូ ម៉ូលីន!

-សូមទោស ម៉ូលីនវាភ្លេចទូរស័ព្ទនៅផ្ទះមិនបានយកទៅតាមខ្លួនទេ

-អ្នកមីង ខ្ញុំចិន្ដាណ៎ះ

-ចិន្ដាទេអ្ហេ ! ក្មួយមានការអីមែនទេ?

-អ្នកមីងអ្ហាក ខ្ញុំចង់ប្រាប់អ្នកមីងថា ល្ងាចនេះ លោកសេរីនឹងទៅលេងផ្ទះអ្នកមីងហើយ

-អ្ហ៊ះ ! អ៊‌ីចឹងធ្វើម៉េចទាក់ទងម៉ូលីនបាន?

-អ៊‌ីចេះទៅ អ្នកមីងទទួលគាត់ឱ្យល្អចុះ ចាំខ្ញុំទៅស្កាត់ជួបម៉ូលីន

-សម្រេចអ៊‌ីចឹងចុះ !

-ខ្ញុំជម្រាបលាអ្នកមីងហើយ

-អ៊ើ !

-មានរឿងអីអ្ហេកូន?

-ល្ងាចនេះសេរីគេមកលេងផ្ទះយើងណ៎ាម៉ាក់

-គ្រាន់បើអាអ្នកកំលោះម្នាក់នេះ វាចេះនឹកឃើញយើង ប្រាប់ម៉ូលីនឱ្យត្រៀមខ្លួនទៅ

-ម៉ាក់អ្ហាក សម្រាប់សេរី ម៉ូលីនគឺបានស្លាប់ទៅហើយ

-ត្រូវហើយ ! អ៊‌ីចឹងមិនវីវរទេអ្ហេ?

-ប្រហែលមិនអីទេ ព្រោះចិន្ដាទៅស្កាត់ជួបហើយ

-មិនដឹងថាពួកវា គិតលេងបិទពួនដល់ណាទេ

-មិនដឹងធ្វើម៉េចទេ បើវាសម្រេចយកផ្លូវនេះទៅហើយ មានតែរត់គេចអ៊‌ីចឹងហើយ ចាំដល់ហត់ ត្រឹមណា ចាំឈប់ត្រឹមនោះចុះ

-អញដូចមិនសូវយល់ផ្នត់គំនិតពួកវាសោះវ៉ី ………..អើយ……..

ម៉ោងប្រមាណជាប្រាំពីរ ការប្រជុំបានបញ្ចប់ជាស្ថាពរ ម៉ូរ៉ាមិនចាំយូរ ក៏បើកឡានចេញទៅមុនសេរី ពេលនេះ ពួកគេទាំងបីកំពុងអង្គុយជជែកគ្នានៅក្រោមដើមរំដួល ៖

-ខ្ញុំថាពួកយើងដូចជាចោរ ដែលកំពុងរត់គេចប៉ូលីសអ៊‌ីចឹង

-លោកនិយាយស្អី !

-សូមទោស ដែលធ្វើឱ្យទាំងអស់គ្នាពិបាកដោយសារតែខ្ញុំ

-ខ្ញុំនិយាយលេងទេ ការពិតទាំងខ្ញុំ ទាំងនាងគឺសុទ្ធតែស្រលាញ់សេរី ប៉ុន្ដែហេតុអ្វី ក៏ពួកយើងជ្រើស រើសយកវិធីនេះហ្ន៎

-មកពីគ្មានវិធីជ្រើសរើស

-តើប៉ុន្មានខែមកនេះ គាត់សុខសប្បាយទេ?

-ប្រហែលជាមួយអាទិត្យនេះទេ ខ្ញុំឃើញគេហាក់ដូចជាបានធូរស្បើយច្រើន ហើយដូចជាកាត់ចិត្ដ បានទៀតផង

-ពិតមែនអ្ហេ?

-គេប្រឈមនឹងការពិតហើយ បើមិនអ៊‌ីចឹង គេក៏មិនទៅផ្ទះនាងដែរ ប៉ុន្ដែថ្ងៃក្រោយនាងគិតយ៉ាង ម៉េច បើថ្ងៃណាមួយគេទៅលេងផ្ទះនាងដោយខ្ញុំមិនបានដឹងនោះ?

-ក្រែងលោកនិយាយថា គាត់កាត់ចិត្ដបានហើយអ្ហេ ថ្ងៃក្រោយទោះខ្ញុំជួបគាត់ក៏គ្មានបញ្ហាអ្វីដែរ

-ម៉េចនាងនិយាយអ៊‌ីចឹង?

-មនុស្សយើងបើឈឺចាប់ឆ្អែតហើយ វាដូចជាញាុំអាហារហល់អ៊‌ីចឹង បង្ខំយ៉ាងណាក៏លេបមិនចូល ដែរ

-នាងចង់និយាយថា ទោះគេជួបនាង ក៏គេអស់អារម្មណ៍ដែរមែនទេ?

-ត្រូវហើយ! ជួនកាលគេអាចធ្វើមិនស្គាល់ខ្ញុំក៏ថាបាន

-ម៉ូលីនអ្ហាក ចុះឯងមិនឈឺចាប់ទេអ្ហេ?

-ឯងនិយាយអី ខ្ញុំ និងគាត់មិនទាន់បានចាប់ផ្ដើមទេណ៎ះ ខ្ញុំគ្រាន់តែជាស្រមោលបងស្រីប៉ុណ្ណោះ អើយ………..ឃើញដើមរំដួលនេះ នឹកដល់កាលពីដប់ប្រាំឆ្នាំមុន មួយប៉ប្រិចភ្នែកសោះ ខ្ញុំបែរជានៅ ទីនេះ រត់គេចពីក្មេងប្រុសនោះទៅវិញ

-សេរីតេមកហើយ !

ម៉ូរ៉ាទទួលទូរស័ព្ទសេរី បន្ទាប់មកក៏វាចាស្ដ្ដីទៅកាន់យុវតី ៖

-នាងអាចត្រឡប់ទៅផ្ទះបានហើយ ពេលនេះសេរីទៅដល់ផ្ទះហើយ

-ខ្ញុំជូនឯងទៅ !

-មិនបាច់ទេ បើឯងជូនខ្ញុំទៅ អ្នកណាជូនឯងមកវិញ ឯងទៅមុនទៅ ខ្ញុំឱ្យគាត់ជូនទៅ

-ប្រាកដហើយអ្ហេ !

-កុំបារម្ភអី

-ខ្ញុំជាអ្នកទៅយកមិត្ដនាងមក ចាំខ្ញុំជូននាងទៅ មិនអីទេ

-អ៊‌ីចឹងខ្ញុំទៅមុនហើយ

-បើកម៉ូតូតាមសម្រួលណ៎ា

-ដឹងហើយ ! …………………លាហើយ

-បយេ bye…………..

-ខ្ញុំជូននាងទៅ

-ខ្ញុំចង់ឱ្យលោកធ្វើរឿងមួយបានទេ?

-រឿងអី?

-ធ្វើឱ្យលោកសេរី និងម៉ូលីនជួបគ្នា

-នាងនិយាយអី?

-ខ្ញុំចង់ឱ្យសេរី និងម៉ូលីនជួបគ្នា

-នែ៎ ! នាងកុំផ្ដេសផ្ដាសណ៎ា ពេលនេះសេរីកាត់ចិត្ដបានហើយ

-កាត់ចិត្ដបានងាយយ៉ាងហ្នឹងអ្ហេ ចុះម៉ូលីនគិតយ៉ាងម៉េច?

-តែនាងជាអ្នកជ្រើសរើសផ្លូវនេះដោយខ្លួនឯង

-បើនាងមិនជ្រើសរើសផ្លូវនេះ តើលោកឱ្យនាងដើរផ្លូវមួយណា បើមិត្ដរបស់លោកចេះតែយល់ថា នាងជាបងម៉ូលីនោះ នាងធ្វើបែបនេះ ក៏ព្រោះតែមិនចង់ធ្វើជាស្រមោលបងស្រីនាងដែរ

-តែរឿងវាចប់ហើយ

-មិនទាន់ចប់ទេ ដរាបណាម៉ូលីននៅលើលោកនេះ រឿងនៅតែបន្ដ

-តែខ្ញុំមិនឱ្យនាងបន្ដវានោះទេ នាងដឹងហើយថាសេរីឈឺចាប់យ៉ាងណា ពេលនេះគេរីករាយហើយ តែនៅមិនទាន់ឆ្លងកាត់ដំណាក់កាលចុងក្រោយនៅឡើយ ដូច្នេះខ្ញុំមិនឱ្យនាងទៅបំផ្លាញទឹកចិត្ដគេ ទៀតទេ

-តើលោកជាមិត្ដស្អីហ្នឹង លោកស្មានថា លោកសេរីរីករាយពិតប្រាកដអ្ហេ នោះគ្រាន់តែជាសម្បក ក្រៅរបស់គាត់ប៉ុណ្ណោះ លោកក៏ធ្លាប់និយាយប្រាប់ខ្ញុំដែរ ថាគាត់មានអារម្មណ៍ថាម៉ូលីននៅក្បែរ គាត់នៅឡើយ នេះហើយគឺនិស្ស័យណ៎ះ

-នាងចេះនិយាយថានិស្ស័យដែរអ្ហេ បើពួកគេពិតជាមាននិស្ស័យ អ៊‌ីចឹងទុកឱ្យទេវតាសម្រេចវាសនា របស់ពួកគេទៅ នាងមិនចាំបាច់លូកដៃទេមែនទេ?

-……….ម្យ៉ាងដែរ !

-នាងគិតមើលឱ្យច្បាស់ណ៎ា …………ឬក៏នាងចង់តាំងខ្លួនធ្វើជាទេវតា?

-អ្នកណាថា?

-បើអ៊‌ីចឹងរឿងពួកគេ ទុកឱ្យទៅតាមដំណើរចុះ មក ខ្ញុំជូននាងទៅផ្ទះ

-អ្នកណាថាខ្ញុំទៅជាមួយលោក ផ្ទះរបស់ខ្ញុំដើរតែដប់នាទីដល់ហើយ មិនចាំបាច់លោកជូនទៅ ឱ្យញាតិនិយាយដើមនោះទេ

-ក្រែងនាងនិយាយថា ឱ្យខ្ញុំជូននាងទៅអ្ហេ?

-ខ្ញុំចេះតែនិយាយៗទៅ កុំឱ្យម៉ូលីនបារម្ភប៉ុណ្ណោះ លាហើយ !

ចិន្ដាដើរចេញ ម៉ូរ៉ាក៏បើកឡានហួសទៅ។  យុវតីដើរបណ្ដើរ ងើយរាប់ផ្កាយបណ្ដើរ ហាក់មិនអើពើ នឹងអ្នកណាទាល់តែសោះ តែមួយសន្ទុះ អ្នកកំលោះក៏មកទាញដៃរុញចូលទៅក្នុងឡាន ៖

-ចូលទៅ !

-លោកធ្វើស្អីហ្នឹង ក្រែងលោកទៅបាត់ហើយតើ

-ខ្ញុំក្រែងនាងមានរឿងអីទៅ ម៉ូលីនមិនលើកលែងទោសឱ្យខ្ញុំទេ

-អូ……..ខ្ញុំយល់ហើយ !

-យល់អី?

-លោកហាមខ្ញុំ មិនឱ្យខ្ញុំធ្វើឱ្យពួកគេជួបគ្នា មិនមែនមកពីលោកចង់ឆ្លៀតឱកាសទេអ្ហេ?

-នាងនិយាយអី? (ម៉ូរ៉ាជាន់ហ្វ្រាងឡានឈប់ង៉ក់ )

នាងចង់ថាខ្ញុំ ស្រលាញ់ម៉ូលីនអ្ហេ?

-ដឹងខ្លួនអ៊‌ីចឹងប្រសើរហើយ……………អត្មានិយម

-ខ្ញុំមិនអាក្រក់ដល់ថ្នាក់នោះទេ (ម៉ូរ៉ាឱនក្បាលទៅកាន់តែជិតចិន្ដា)

-លោកចង់ធ្វើអី?

-នាងគិតទៅមើល បើសិនជាខ្ញុំមានគំនិតអាក្រក់ដល់ថ្នាក់ហ្នឹង តើពេលនេះខ្ញុំអាចឆ្លៀតឱកាសធ្វើ អាក្រក់ទៅលើនាងទេ?

-លោកពិតជាមិនអាចទេ ព្រោះបើម៉ូលីនដឹងរឿងនេះ លោកនឹងគ្មានឱកាស………លែងទៅ !

-នាងចង់ទៅណា? ខ្ញុំមិនឱ្យនាងរួចពីដៃខ្ញុំទេ

-បើលោកហ៊ានប៉ះពាល់ខ្ញុំ ខ្ញុំនឹងស្រែក

-ស្រែកទៅ បើនាងអាចស្រែកឮទៅដល់ក្រៅ ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ

ចិន្ដាឃើញថា ច្រមុះម៉ូរ៉ាកាន់តែខិតចូលទៅជិតនាង នាងក៏បិទភ្នែកហើយស្រែកឡើងយ៉ាងខ្លាំង ស្ទើរតែធ្វើឱ្យបែកកណ្ដាស់ត្រចៀក។ យុវជននិយាយ ដោយដៃទាំងពីរខ្ទប់ត្រចៀកនៅឡើយ ៖

-ខ្ញុំសូមចាញ់នាងហើយ …………ឈប់ស្រែកទៅ !

-មនុស្សអាក្រក់……………..

-នែ៎ ! នាងយំអ្ហេ?

-ឆាប់បើកទ្វារឡានទៅ

-មិនបានទេ ខ្ញុំជូននាងទៅផ្ទះ

ម៉ូរ៉ាបើកឡានបណ្ដើរគិតបណ្ដើរ ៖

-ខ្ញុំលោនាងជ្រុលពេកទេដឹងអ្ហេ ……….មើលទៅនាងដូចជាភ័យពិតមែនតើ …….វីវរហើយ បើនាងខឹងនឹងខ្ញុំ ថ្ងៃក្រោយនាងមិននិយាយជាមួយខ្ញុំគិតយ៉ាងម៉េច?

-ឈប់ត្រង់នេះហើយ ដល់ផ្ទះខ្ញុំហើយ

-ដល់ហើយអ្ហេ !

-លោកឆាប់បើកសោភ្លាមទៅ

-នាងខឹងនឹងខ្ញុំអ្ហេ? …………..សូមទោស ខ្ញុំគ្រាន់តែលេងជាមួយនាងតើ

-លោកប្រហែលធ្លាប់លេងជាមួយស្រីគ្រប់គ្នាហើយមើលទៅ ហ៊ីស !

-នែ៎ ! ខ្ញុំពិតជាសូមទោសនាងមែនណ៎ះ

-មនុស្សអាក្រក់ !

ចិន្ដាថាហើយក៏ស្ទុះរត់ចេញទៅ តែកាបូបនាងភ្លេចនៅក្នុងឡាននៅឡើយ ធ្វើឱ្យយុវជនញញឹម ព្រមទាំងគ្រវីក្បាលហួសចិត្ដ ៖

-នាង និងខ្ញុំនៅមាននិស្ស័យនឹងគ្នានៅឡើយទេ

យុវជនចាំនៅក្នុងឡានមួយសន្ទុះ ក្រែងលោចិន្ដាចេញមកយកកាបូបនាងវិញ តែមិនឃើញនាងមក ទាល់តែសោះ អ្នកកំលោះក៏បើកឡានត្រឡប់មកផ្ទះ។ នាយដើរបណ្ដើរញញឹមបណ្ដើរ ដោយមិនបានចាប់ អារម្មណ៍មើលសេរីដែលកំពុងតែសម្លឹងមើលខ្លួនឡើយ ៖

-មនុស្សស្រីម្នាក់ណា ដែលអាចធ្វើឱ្យឯងដើរញញឹមម្នាក់ឯងយ៉ាងនេះ?

-ៀនលយ one!

-ចេញភាសាអង់គ្លេសមកទៀត

-នែ៎ ! ល្ងាចម៉េចនេះ យ៉ាងម៉េចដែរ?

-ឯងគិតថាខ្ញុំ មានអារម្មណ៍យ៉ាងម៉េច?

-មិនដឹងទេ !

-តើអាចទៅរួចទេ បើម៉ូលីនកុហកខ្ញុំថានាងស្លាប់?

-នេះ…..នេះ….. ហេតុអីក៏ឯងគិតបែបនេះ?

-យ៉ាងម៉េច មិនអាចទៅរួចអ្ហេ? ឬមួយក៏ឯង ដឹងថាម៉ូលីននៅឯណា?

-ឯងកុំនិយាយលេងណ៎ះ បើខ្ញុំដឹងថានាងនៅឯណា ខ្ញុំនឹងទៅនាំនាងមកឱ្យឯង ព្រោះខ្ញុំក៏មិនចង់ ឃើញឯងពិបាកចិត្ដដែរ ……….

-ឯងក្ដៅស្អុះអ្ហេ?

-គ្មានទេ …………តែឯងកុំគិតបែបនេះទៀត ខ្ញុំមានអារម្មណ៍មិនសូវល្អទេ

-ខ្ញុំមើលទៅឯង ហាក់ដូចជាមានរឿងអីលាក់នឹងខ្ញុំ

-គ្មានទេ ! ……….

-ខ្ញុំបានឃើញរូបនាង និងបងស្រី  ការពិត នាងគឺដូចបងស្រីខ្លាំងណាស់ ស្ដាយណាស់ ដែលខ្ញុំមិន បានប៉ះថ្ពាល់នាង បើសិនជាខ្ញុំបានប៉ះថ្ពាល់ ប្រហែលជាខ្ញុំមិនច្រឡំទេ បន្ទប់នាងរៀបចំបានស្អាត ណាស់

-នេះឯងចូលដល់បន្ទប់នាងអ្ហេ?

-លោកយាយអនុឭាាតឱ្យខ្ញុំចូល ………..

ស្ដែងពីម៉ូលីនមកដល់ផ្ទះ នាងកំពុងអង្គុយបត់សម្លៀកបំពាក់នៅក្នុងបន្ទប់ ម៉ាក់នាងក៏ដើរចូលទៅៈ

-អ្នកម៉ាក់ទេអ្ហេ !

-ហេតុអីក៏កូនមិនសួរម៉ាក់ពីសេរី?

-គាត់ប្រហែលជាអស់ចិត្ដហើយ មែនទេម៉ាក់?

-ម៉ាក់មើលទៅគេមិនអស់ចិត្ដទេ គេនៅមានអារម្មណ៍ថា កូននៅរស់

-ថាម៉េច !

-គេថែមទាំងសុំម៉ាក់ចូលក្នុងបន្ទប់កូនទៀតផង ……………………..កូនស្រីអ្ហ៎ា ! ម៉ាក់ថាល្ខោននេះ មិនល្អលេងទេណ៎ះ

-កូនក៏គិតអ៊‌ីចឹងដែរ

-អ៊‌ីចឹងកូនបញ្ឈប់ទៅ

-ជ្រុលហើយម៉ាក់ ទុកឱ្យវាតាមដំណើរទៅចុះ  ខ្ញុំនឹងព្យាយាមពន្យារពេលមិនឱ្យជួបគាត់

-កម្មពៀរមែន !

សូមរង់ចាំវគ្គបន្

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មីនា 23, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: