រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៥)

ចាំស្នេហ៍new copy

និពន្ធដោយ៖ លាក់ ម៉ាឡែន

វគ្គ៥ បន្ទាប់ពីមួយឆ្នាំកន្លងផុតទៅ
ទោះពេលវេលាដើរលឿនយ៉ាងណា ក្លិនផ្ការំដួលនៅដដែល ត្រីនៅតែហែលក្នុងទឹក បេះដូងរលឹក នៅតែនឹកឃើញទីនេះ។ ទីនេះហើយ ដែលអាចធ្វើឱ្យនាសា ដឹងថាមានរសនៅក្នុងជីវិត ទីនេះហើយ ដែល អាចមើលឃើញការពិត ដែលធ្វើឱ្យជីវិតមានភាពរីករាយ។
សេរីកំពុងបណ្ដើរយុវតីម្នាក់ ត្រូវជាប្អូនជីដូនមួយ ហើយដែលត្រូវឪពុកម្ដាយបម្រុងផ្គូផ្គងឱ្យធ្វើជា គូអនាគត នៅលើដងស្ទឹងដោយស្នាមញញឹម។ យុវតី ដែលត្រូវជាប្អូនជីដូនមួយឈ្មោះ រ៉ាណា បន្លឺ ៖
-នេះជាលើកទីមួយហើយ ដែលបងដើរលេងជាមួយខ្ញុំ ហើយសប្បាយចិត្ដយ៉ាងនេះ បងមិនធុញ នឹងខ្ញុំទេ មែនទេ?
-អ្នកណាថាបងធុញនឹងឯង គ្រាន់តែពីលើកមុនបងស្មុគស្មាញនឹងការងារពេកទើបមិនសប្បាយចិត្ដ
-អ៊‌ីចឹងថ្ងៃនេះ បងធូរស្បើយពីការងារហើយ តើមែនទេ?
-ត្រូវហើយ ! បើមិនអ៊‌ីចឹង បងក៏មិនបានមកដើរលេងជាមួយឯង សប្បាយចិត្ដយ៉ាងនេះដែរ
-និយាយអ៊‌ីចឹង បងគិតថាការងារសំខាន់ណាស់មែនទេ?
-ត្រូវហើយ ! ឬអូនមិនគិតអ៊‌ីចឹងទេ?
-អូនក៏គិតអ៊‌ីចឹងដែរ ប៉ុន្ដែ ពេលខ្លះ មនុស្សយើងក៏គួរតែគិតពីមនោសញ្ចេតនាផ្ទាល់ខ្លួនដែរ
-មើលទៅឯងដូចជាចេះដឹងដល់ហើយ
-បងស្មានថា ខ្ញុំក្មេងអ្ហេ
-ត្រូវហើយ !
-ខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ មិនក្មេងដូចជាបងគិតនោះទេ
-យ៉ាងម៉េចខឹងហើយអ្ហេ? បងនិយាយលេងតើ
-អ៊‌ីចឹងពួកយើងទៅៗ
-ទៅណា?
-ទៅដើរលេងផ្សារទំនើប
និយាយហើយរ៉ាណា អូសដៃសេរីចេញទៅ។ គ្រាន់តែទៅដល់មាត់ទ្វារ ឡាក់គីម៉លភ្លាម ម៉ូលីន ស្ទុះគេចទៅម្ខាងទ្វារយ៉ាងរហ័ស ចិន្ដាបន្លឺ ៖
-ឯងកើតអី?
-ខ្ញុំឃើញគាត់
-ឯណា?
ចិន្ដាងាកទៅតាមដៃយុវតីឃើញច្បាស់ថា សេរីកំពុងបណ្ដើរមនុស្សស្រីក្មេងខ្ចីម្នាក់ទើបលាន់មាត់ៈ
-តើមនុស្សស្រីម្នាក់នោះ ត្រូវជាស្អីនឹងគាត់ហ្ន៎?
-កុំខ្វល់អី យើងទៅវិញទៅ
-តែមិនទាន់បានចូលលេងផងហ្នឹង
-ឯងចង់ឱ្យខ្ញុំជួបគាត់អ្ហេ?
-ណ្ហើយ ! ទៅក៏ទៅ
មកដល់ផ្ទះលោកយាយក៏បន្លឺឡើង ៖
-អ្ហាក ! ក្រែងទើបតែទៅទេអ្ហេ?
-លោកយាយអ្ហា មកពីចៅលោកយាយហ្នឹងណ៎ះ គ្រាន់តែឃើញលោកសេរីបណ្ដើរស្រីភ្លាមក៏អស់ អារម្មណ៍ បបួលខ្ញុំត្រឡប់មកវិញភ្លាម
-កុំនិយាយហួសហេតុពេក…………..ញាុំទឹកទៅ !
-នៅមិនហួសហេតុទៀត ត្រូវបានញាុំភីហ្សា តែបែរជាញាុំទឹកទៅវិញ លោកយាយជួយគិតទៅ មើល ខ្ញុំថានាងប្រច័ណ្ឌហើយ
-ឯងកុំនិយាយផ្ដេសផ្ដាសបានទេ
-យាយមិនចង់ដឹងរឿងពួកឯងទេ យាយទៅធ្វើការរបស់យាយហើយ
-អញ្ជើញលោកយាយ
-ត្រូវហើយ ! នៅញាុំបាយទីនេះហើយចិន្ដា
-ចាសលោកយាយ ………………និយាយតាមត្រង់ទៅ ថាឯងប្រច័ណ្ឌ
-មិនប្រច័ណ្ឌទេ ថែមទាំងសប្បាយចិត្ដទៀតផង គាត់បំភ្លេចបានហើយ
-ចុះឯង?
-ខ្ញុំយ៉ាងម៉េច !
-គ្រាន់តែឃើញគេភ្លាម រត់ឡើងបះជើង
-កុំនិយាយអាក្រក់ពេក ……….ត្រូវហើយ! សែ¬្អកនេះខ្ញុំត្រូវទៅភ្នំពេញ ឯងជូនខ្ញុំទៅដាក់ឡាន តើបានទេ?
-ទៅធ្វើអី?
-ទៅរៀនមើលលុយហ្នឹងណ៎ា
-ក្រែងរៀនរួចម្ដងហើយតើ
-តែធនាគារឱ្យទៅម្ដងទៀត រៀនពីរបៀបថ្មី
-ទៅប៉ុន្មានថ្ងៃ?
-៣ថ្ងៃ ….ឯងកុំភ្លេចមកលេងម៉ាក់ និងលោកយាយខ្ញុំផង កុំឱ្យពួកគាត់អផ្សុក
-កុំបារម្ភអី និយាយអ៊‌ីចេះ ដូចមិនឃើញអ្នកមីង?
-គាត់យកចេកទៅជូនអ្នកមីងជិតនេះ
………………………………………………………………………………………
បន្ទាប់ពីសេរីេទៅភ្នំពេញ ដើម្បីពិនិត្យផលិតផលមកថ្មី ម៉ូរ៉ាធ្វើការតែម្នាក់ឯង ហើយពេលមកដល់ ផ្ទះ ហាក់ដូចជាកណ្ដោចកណ្ដែងខ្លាំងណាស់ គិតរហ័សដើម្បីបម្រាសពីការអផ្សុក នាយក៏ទៅដល់ផ្ទះចិន្ដា។ ចិន្ដារត់ទៅជិតយុវជនបន្លឺឡើងទាំងភ្ញាក់ផ្អើល ៖
-លោក……….. ! លោកមកធ្វើស្អីទីនេះ?
-មកលេងមិនបានទេអ្ហេ !
-អ្នកណាមករកអីកូន? (ម៉ាក់ចិន្ដាបន្លឺឡើងពីក្នុងផ្ទះ)
ម៉ូរ៉ាដើរចូលទៅរកអ្នកមីង ចាន់ និងលោកពូ តារា ទើបបន្លឺឡើង ៖
-ជម្រាបសួរលោកពូ អ្នកមីង !
-លើកដៃថ្វាយព្រះក្មូយ
-នេះក្មួយប្រុសដែលទៅមើលមីងនៅមន្ទីរពេទ្យ កាលពីថ្ងៃមុនមែនទេ?
-បាទ ! ខ្ញុំហ្នឹងហើយអ្នកមីង ចុះលោកពូកំពុងធ្វើអីហ្នឹង?
-អូ ! ពូកំពុងវេញអង្រឹងហ្នឹងណ៎ាក្មួយ ទំនេរដៃក៏ធ្វើៗទៅ ក្មួយអង្គុលេងសិនទៅ …..ចុះកូនដា កូនឯងឈរធ្វើអី ឆាប់ទៅយកទឹកជូនក្មួយមក
-ចាស !
ម៉ូរ៉ាអង្គុយជជែកលេងជាមួយលោកពូអ្នកមីងយ៉ាងសប្បាយ ដោយមិនរវីរវល់នឹងចិន្ដា ដែល សម្លឹងមករកខ្លួន ដោយកាយវិការមិនពេញចិត្ដ។ លុះមេឃចាប់ផ្ដើមងងឹត ទើបនាយត្រឡប់ទៅផ្ទះវិញ លោកពូតារា ក៏បន្លឺទៅកាន់កូនស្រី ៖
-គេស្រលាញ់កូនឯងអ្ហេ?
-អត់ទេពុក !
-ម៉េចបងឯងសួរកូនអ៊‌ីចឹង?
-មនុស្សប្រុស និងស្រី គឺចៀសមិនផុតពីរឿងហ្នឹង បើមិនអ៊‌ីចឹង អ្នកកំលោះអម្បាញ់មិញ វាក៏មិន មកដល់ផ្ទះយើងដែរ តែគួរឱ្យសរសើរម្យ៉ាងដែរ ដែលវាហ៊ានមកដល់ផ្ទះយើង បានន័យថា វាស្រលាញ់កូនយើងពិត ហើយគោរពយើងជាចាស់ទុំផងដែរ
-ពុកនិយាយដល់ណាហើយ ខ្ញុំនិងគាត់គ្មានស្អីទេ គ្រាន់តែធ្វើការជាមួយគ្នាតើ
-បើគ្មានអី វាល្អហើយ តែឯងជាស្រី ប្រយ័ត្នប្រយែងខ្លួនផង កុំឱ្យមនុស្សប្រុសវាមើលងាយយើង ឱ្យសោះណ៎ា
-ចាស កូនដឹងហើយ
-ណ្ហើយ ! យើងនាំគ្នាញាុំបាយទៅ
ការពិតដូចជាលោកពូតារានិយាយអ៊‌ីចឹង ម៉ូរ៉ាចាត់ទុកថាជាមនុស្សគ្រាន់បើម្នាក់ដែរ តែគេប្រហែល ជាសម្រេចចិត្ដគិតប៉ងលើរូបចិន្ដាមែនហើយមើលទៅ។ ដោយរវល់តែជជែកសប្បាយរីករាយ ធ្វើឱ្យម៉ូរ៉ាមិន បានរំឮកប្រាប់ចិន្ដាពីរឿងដែលសេរីទៅភ្នំពេញឡើយ។
និយាយពីម៉ូលីន បន្ទាប់ពីបំពេញកិច្ចការចប់សព្វគ្រប់ហើយ ក៏បបួលមិត្ដម្នាក់ដែលមកជាមួយគ្នា ទៅលេងផ្សារទំនើបសូរិយា។ រវល់តែសប្បាយ នាងដើរភ្លេចមើលក្រោយ ក៏ហួសទៅមុនមិត្ដរបស់នាង ចូល ដល់ក្នុងជណ្ដើរយន្ដ ទើបឮសំឡេងបន្លឺឡើង ៖
-ម៉ូលីនចាំគ្នាផង !
សំឡេងនេះធ្វើឱ្យយុវជនម្នាក់ ដែលនៅក្បែរនោះភ្ញាក់ព្រើត ក៏បន្លឺឡើង ៖
-ម៉ូលីន ! ………….ប្រហែលជាម៉ូលីន……….
យុវជនរត់ទៅតាមសំឡេងមនុស្សស្រី ដែលខ្លួនបានស្ដាប់ឮ។ ទ្វារជណ្ដើរយន្ដ ដែលបិទសន្សឹមៗ ជាមួយនឹងក្រសែភ្នែកដ៏មុតស្រួច លួចដាស់អារម្មណ៍យុវជន ដឹងយ៉ាងប្រាកដថា នេះជាការពិតដែលម៉ូលីន នៅរស់ នាយស្រែកបន្លឺឡើងទាំងក្ដុកក្ដួល ទាំងទ្វារជណ្ដើរយន្ដបានបិទទៅហើយ ៖
-ម៉ូលីន !
ម៉ូលីនស្ទើរលោះព្រលឹង សេរីស្ទុះវឹងរត់តាមកាំជណ្ដើរ។ គ្រាន់តែទ្វារជណ្ដើរយន្ដបើកភ្លាម ម៉ូលីន ទាញដៃ សារ៉ាចេញទៅ ៖
-ឱ្យលឿនឡើង !
-មានការអី? ខ្ញុំដូចជាឮនរណាហៅឯង
-គ្មានទេ ! ពួកយើងឆាប់ទៅ
ម៉ូលីនចេញផុត សេរីក៏ចុះមកដល់ល្មម។ សេរីគិតថាខ្លួនមិនបានស្រវាំងភ្នែកនោះទេ តែទោះជា យ៉ាងណា នាយនៅតែមិនបានជួបម៉ូលីនដដែល។
ថ្លែងពីម៉ូរ៉ាកំពុងវាចាល្អូកល្អឺនជាមួយសង្សារចាស់ ចិន្ដាឃើញច្បាស់ចេះតែខំមើលហើយមើលទៀត មិនអស់ចិត្ដ នាងក៏ឈប់ម៉ូតូ ហើយឈរសម្លឹងយ៉ាងយូរ ទើបដឹងថា ពិតជាម៉ូរ៉ាមែន នាងរអ៊ូតិចៗ ទាំងមិន សូវសប្បាយចិត្ដ ៖
-ព្រាននារី ! ហ៊ឹស..
បម្រុងដើរចេញ ម៉ូរ៉ាក៏ងាកឃើញល្មម នាយស្ទុះរត់ចេញមក ៖
-សូមទោស ! ខ្ញុំទៅមុនហើយ ……………..ចិន្ដា !
-លោកមកតាមខ្ញុំធ្វើអី?ម្ដ៉េចមិននៅ……..
-នាងប្រច័ណ្ឌអ្ហេ !
-អ្នកណាថា ខ្ញុំយល់ថា លោកជាព្រាននារីច្រើនជាង
-នាងយល់ច្រឡំហើយ
-លោកធ្វើអី?
ម៉ូរ៉ាចាប់ដៃចិន្ដាជាប់ តែទូរស័ព្ទក៏បន្លឺឡើង ៖
-នាងយល់ច្រឡំហើយ
-លែងដៃខ្ញុំ លោកទទួលទូរស័ព្ទទៅ
-តែនាងត្រូវស្ដាប់ខ្ញុំសិន
-គ្មានរឿងអី ដែលខ្ញុំត្រូវស្ដាប់លោកនោះទេ ឆាប់លែងភ្លាម !
-ខ្ញុំមិនឱ្យនាងទៅណាទេ ចាំខ្ញុំនិយាយទូរស័ព្ទចប់សិន…………..អាឡូ !
-ឯងកើតស្អី ម៉េចក៏គំហោកដាក់ខ្ញុំយ៉ាងនេះ?
-គឺឯងទេអ្ហេ មានការអីមែនទេ?
-ខ្ញុំចង់ប្រាប់ឯងថា ខ្ញុំបានជួបម៉ូលីន
-អ្ហ៊ះ !
-មានការអី? (ចិន្ដាសួរ)
-សេរីនិយាយថា គេបានជួបម៉ូលីន
-ម៉េចនឹងអាច បើម៉ូលីនទៅភ្នំពេញហើយហ្នឹង
-នាងថាម៉េច !
-ឯងកំពុងនិយាយជាមួយនរណាមែនទេ?
-គ្មានទេ ! ខ្ញុំថាឯងស្រវាំងភ្នែកទេដឹង
-ខ្ញុំមិនស្រវាំងទេ ខ្ញុំជឿលើភ្នែករបស់ខ្ញុំ តើឯងមានរឿងអីលាក់នឹងខ្ញុំមែនទេ?
-គ្មានទេ ! ឯងកុំនិយាយផ្ដេសផ្ដាស
-បើគ្មានល្អហើយ តែខ្ញុំចង់នៅទីនេះមួយថ្ងៃទៀត
-តែការងារទីនេះ កំពុងតែរង់ចាំឯងណ៎ះ ឯងត្រូវតែចេញមកស្អែកនេះ
-ប៉ុន្ដែ
-គ្មានប៉ុន្ដែទេ បើម៉ូលីនពិតជានៅរស់ នាងក៏មិនអាចទៅរស់នៅភ្នំពេញដែរ ព្រោះម៉ាក់នាងនៅ ទីនេះ ឯងឆាប់ត្រឡប់មកវិញមក កុំឱ្យប៉ះពាល់ដល់ការងារឱ្យសោះ
-តែខ្ញុំចង់តាមរកនាង
-ឯងទៅរកនាងនៅឯណា បើមិនឃើញឯងចង់នៅទីនោះរហូតអ្ហេ ឆាប់ត្រឡប់មក ស្អែកខ្ញុំទៅ ទទួលឯងនៅចំណតឡាន ប៉ុណ្ណឹងបានហើយ
-យ៉ាងម៉េចហើយ?
-ហេតុអីក៏នាងមិនប្រាប់ខ្ញុំ ថាម៉ូលីនទៅភ្នំពេញ?
-លោកកុំបន្ទោសខ្ញុំ លោកទេដែលត្រូវប្រាប់ខ្ញុំថា លោកសេរីទៅភ្នំពេញនោះ
-ឥឡូវវីវរហើយ គិតយ៉ាងម៉េច?
-មិនដឹងទេ តាមវាសនាទៅ
-ម៉ូលីនត្រឡប់មកវិញថ្ងៃណា?
-ស្អែកនេះ
-ស្អែក ! អ៊‌ីចឹងហេតុអីនាងមិនប្រាប់ខ្ញុំ
-ខ្ញុំស៊ីញ៉ូប្រាប់លោកហើយ តែលោកមិនស្ដាប់ខ្ញុំតើ
-ឥឡូវគិតយ៉ាងម៉េច បើពួកគេជួបគ្នា មិនវីវរទៅហើយទេ
-ជួបក៏ជួបទៅ ហេតុអីក៏លោកត្រូវភ័យយ៉ាងនេះ?
-នាងដឹងទេ ខ្ញុំរួមគំនិតជាមួយពួកនាង កុហកមិត្ដសម្លាញ់របស់ខ្ញុំណ៎ះ បើគេដឹងរឿងនេះ នាងគិត ថា តើខ្ញុំទៅជាយ៉ាងណា?
-និយាយចុះនិយាយឡើង លោកបារម្ភពីខ្លួនឯងសោះ
-អ៊‌ីចឹង នាងមិនបារម្ភសោះអ្ហេ
-បើពួកគេជួបគ្នា នោះគឺជានិស្ស័យ
-តែខ្ញុំថា ទោះពួកគេជួបគ្នា ក៏ពួកគេគ្មាននិស្ស័យដែរ ព្រោះសេរីត្រៀមចិត្ដចូលរោងការរួចទៅ ហើយ នាងគិតមើលទៅ បើគេបានជួបម៉ូលីន គេនឹងមានអារម្មណ៍បែបណា?
-អស់ផ្លូវដើរហើយ គ្រប់យ៉ាងតាមព្រហ្មលិខិតចុះ
-មិនបានទេ ! ឆាប់តេទៅប្រាប់ម៉ូលីនទៅ ចាំខានស្អែកចាំមក
-មិនប្រាប់ទេ បើពិភពលោកចង្អៀតមែន ឱ្យពួកគេជួបគ្នាទៅចុះ ខ្ញុំមិនចង់បន្ដល្ខោននេះទៀតទេ
-វាជិតចប់ហើយ ទើបនាងនិយាយថា មិនចង់បន្ដអ្ហេ
-មកពីជិតហ្នឹងឯង ទើបខ្ញុំឆាប់បញ្ឈប់វា លោកគិតទៅមើល ជួបគ្នាមុនការ និងជួបគ្នាក្រោយពេល ការ មួយណាល្អជាង?
-តែអ្នកឈឺចាប់ ……
-គឺពួកគេទាំងបីនាក់ដដែល
-អ្ហើយ !
-ពួកយើងកុំគិតច្រើនពេក ពួកគេអាចមិនជួបគ្នា ក៏ថាបាន
-ពិតមែនហើយ ហេតុអីក៏គិតស្មុគស្មាញយ៉ាងនេះ
-ចាប់ពីថ្ងៃនេះទៅ យើងនឹងឈប់រវីរវល់ពីរឿងនេះទៀត ហើយលោកក៏មិនចាំបាច់មកជួបខ្ញុំទៀត ដែរ
-ហេតុអី?
-ភាគច្រើនដែលពួកយើងជួបគ្នា គឺមិនចង់ឱ្យរឿងម៉ូលីនបែកការ តែបើពួកយើងព្រមបញ្ចប់វា ហើយ គឺគ្មានអ្វីត្រូវនិយាយគ្នាទៀតទេ
-តែខ្ញុំមាន
-ខ្ញុំគ្មានទេ ខ្ញុំទៅវិញហើយ
-ខ្ញុំនឹងតាមស្រលាញ់នាងឱ្យបាន !
-មិនចេះខ្មាសមាត់ !
-នាងចាំមើលទៅ
-បើលោកចង់ស្រលាញ់ខ្ញុំ យកល្អលាងភាពព្រាននារី ដែលមាននៅក្នុងខ្លួនលោកឱ្យអស់សិនទៅ
និយាយហើយ ចិន្ដាដើរចេញទៅ។
………………………………………………………………………………………………….
ចាប់ពីបានជួបសេរីមក ម៉ូលីនមិនសប្បាយនៅក្នុងចិត្ដឡើយ ឥឡូវនាងមកដល់ចំណតឡានហើយ ចំណែកសារ៉ាមិនបានទៅវិញជាមួយទេ នាងចាំទៅវិញស្អែកជាមួយប្អូនស្រីនាង ហើយម្យ៉ាងទៀត ស្អែកនេះ ជាថ្ងៃអាទិត្យផង។ ម៉ូលីនឡើងទៅអង្គុយក្នុងឡានជាស្រេច ម៉ោងប្រាំបីកន្លះ ឡានចាប់ផ្ដើមចេញដំណើរ។
មកដល់ភោជនីយដ្ឋាន សំបូរព្រៃគុហ៍ ឡានឈប់ឱ្យភ្ញៀវសម្រាក និងស្រស់ស្រូបអាហារ។ ម៉ូលីន ចុះពីលើឡាន តែនាងពុំបានឃើញយុវជន ដែលអង្គុយកៅអីមុខក្នុងឡានជាមួយនាងនោះទេ ទាល់តែនាង ចុះដល់ដី ទើបឮសំឡេងបន្លឺឡើង ៖
-ឈប់សិន ម៉ូលីន !
ម៉ូលីនដឹងច្បាស់ថាជាសេរី នាងរត់វឹងចេញទៅ ចំណែកយុវជនយកសាកាដូស្ទុះដេញតាម។
ទៅដល់ក្រោយភោជនីយដ្ឋាន សេរីដឹងច្បាស់ថា ម៉ូលីនប្រាកដជានៅក្នុងគុម្ពោតព្រៃក្បែរនោះ ទើបបន្លឺ ៖
-ខ្ញុំដឹងថានាង នៅក្បែរនេះ នាងឆាប់ចេញមក ! …………………ល្អ……ខ្ញុំមិនជឿថា ថ្ងៃនេះខ្ញុំមិន បានជួបនាងនោះទេ
សេរីទៅចាំនៅឡានមុន ទោះភ្ញៀវឡើងពេញឡានអស់ហើយក៏ដោយ ម៉ូលីននៅតែមិនព្រមចេញ មក តាកុងឡានបន្លឺឡើង ៖
-ចុះបាត់ពីរនាក់ទៅណា? …………….នែ៎ ! លោក លោកមិនឡើងឡានទេអ្ហេ
-លោកទៅមុនចុះ
-ចុះលោកមិនទៅអ្ហេ? តែទោះជាយ៉ាងណា ក៏ត្រូវនៅចាំម្នាក់ទៀតដែរ
-មិនចាំទេ នាងប្រហែលជាមិនមកទេ
-ហេតុអីក៏លោកដឹង?
-នាងជាប្អូនស្រីខ្ញុំ នាងប្រហែលជានៅផ្ទះលោកយាយមិនចង់ទៅវិញហើយ លោកទៅមុនចុះ
-លោកនិយាយមែនអ្ហេ?
-ខ្ញុំទៅហើយ លោកទៅមុនចុះ មិនបាច់ចាំទេ
និយាយបណ្ដើរយុវជន ដើរថយចេញទៅបណ្ដើរ ឡានក៏បើកចេញទៅ។ សេរីនៅតែទៅស្រែកហៅ ម៉ូលីនដដែល ៖
-នាងមិនទាន់ស្លាប់ទេ ហេតុអីក៏នាងមិនចង់ជួបខ្ញុំ?…..នាងដឹងទេ ខ្ញុំឱ្យឡានចេញចោលនាងហើយ
-ថាម៉េច ! មិនអាចទេ
យុវតីស្ទុះចេញមក តែធ្វើហាក់ដូចជាពុំឃើញយុវជនៈ
-មិនបាច់ទៅតាមទេ ឡានចេញឆ្ងាយទៅហើយ
-ម៉េចក៏លោកធ្វើអ៊‌ីចឹង?
-ខ្ញុំទេដែលត្រូវសួរនាង ហេតុអីក៏កុហកខ្ញុំ?
-ខ្ញុំមិនបានកុហកលោកទេ ម៉ូលីនស្លាប់បាត់ហើយ ខ្ញុំមិនមែនម៉ូលីនទេ !
-នាងដឹងខ្លួនថា កំពុងនិយាយអីទេ?
-ខ្ញុំមិនមែនម៉ូលីនទេ ខ្ញុំគឺខ្ញុំ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំធ្លាប់បានជួបលោកម្ដងកាលពីជាងដប់ឆ្នាំមុន
-តើនាងកំពុងលេងល្ខោនអីទៀតហើយ? ក្នុងជីវិតនាងនេះ តើនាងសប្បាយចិត្ដនឹងកុហកគេ ណាស់ទៅអ្ហេ? ម្ដងជាម៉ូលីន ម្ដងជាម៉ូលី ម្ដងទៀតមិនមែនជាម៉ូលីន នាងជាខ្មោចមែនទេ?
-ត្រូវហើយ ! ខ្ញុំក្លាយជាខ្មោច តាំងពីថ្ងៃ ដែលគេប្រាប់ថា ខ្ញុំស្លាប់បាត់ម្ល៉េះ
-និយាយអ៊‌ីចឹង អ្នកគ្រប់គ្នាសុទ្ធតែដឹង ថានាងនៅរស់ មានតែខ្ញុំទេ ដែលត្រូវគេកុហក សូម្បីតែ
មិត្ដល្អរបស់ខ្ញុំ ក៏ស្ដាប់នាង ក្បត់នឹងខ្ញុំដែរអ្ហេ?
-លោកម៉ូរ៉ាមិនបានក្បត់លោកទេ ខ្ញុំគ្រាន់តែសុំគាត់មិនឱ្យនិយាយការពិតប៉ុណ្ណោះ ពួកយើងសុទ្ធតែ ចង់ឱ្យលោករីករាយ
-រីករាយអ្ហេ ! រីករាយដោយការកុហកខ្ញុំម្ដងជាពីរដងអ៊‌ីចឹងអ្ហេ? តើនាងមានគិតដល់ខ្ញុំទេ គិតពី ពីភាពទុក្ខសោករបស់ខ្ញុំទេ?
-តាំងពីខ្ញុំបានជួបលោក ខ្ញុំគ្រាន់តែរស់នៅក្នុងស្រមោលបងស្រីប៉ុណ្ណោះ បើម៉ូលី និងម៉ូលីនសុទ្ធតែ ស្លាប់ រឿងរបស់យើងក៏គ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតដែរ
-គ្មានពាក់ព័ន្ធអ្ហេ ! នាងបានដើរចូលយ៉ាងជ្រៅក្នុងជីវិតខ្ញុំ នាងដឹងទេ នាងយល់ទេ យល់ទេ?
-តែអ្វីគ្រប់យ៉ាងនឹងចប់ ពេលដែលលោករៀបការហើយ
-នេះនាងក៏ដឹងថា ខ្ញុំជិតរៀបការដែរ មែនទេ? ការពិតគ្រប់យ៉ាងដែលនាងធ្វើ ពិតជាចង់ឱ្យខ្ញុំ បំភ្លេចនាងមែន តែនាងច្រឡំធំហើយ នាងដឹងទេ ផ្ទុយទៅវិញ លទ្ធផលចុងក្រោយវាថែមអ្នកឈឺ ចាប់ម្នាក់ទៀត នាងយល់ទេ?
-ម៉េចនឹងអាចទៅ !
-នាងមិនយល់ពីអារម្មណ៍អ្នកដែលរង់ចាំទេ តើមែនទេ? នាងដឹងថា វាគួរឱ្យភ័យខ្លាចយ៉ាងណាទេ នាងដឹងទេថា វាពិបាកទ្រាំយ៉ាងណា? ខ្ញុំនឹងឱ្យនាងដឹងពីអារម្មណ៍បែបនោះ
-លោកធ្វើស្អី?
សេរីទាញដៃម៉ូលីនចូលក្នុងព្រៃយ៉ាងជ្រៅ ហើយគ្រវែងនាងទៅលើដី ៖
-លោកចង់ធ្វើអី?
-ខ្ញុំចង់ឱ្យនាងដឹងពីអារម្មណ៍ភ័យខ្លាចរបស់អ្នកចាំ
-តែទីនេះក្នុងព្រៃណ៎ា
-បើនាងគិតថា នាងស្លាប់បានស្រួលហើយ នាងកុំទៅណា តើនាងអាចទ្រាំនៅទីនេះបានមួយយប់ ទេ? បើសូម្បីតែនាងមិនទ្រាំបានផង តើអារម្មណ៍ខ្ញុំទ្រាំបានទេ តើបងស្រីនាងត្រូវស្លាប់ទេ?
និយាយដល់ចំណុចនេះ ម៉ូលីនស្រក់ទឹកភ្នែកច្រោក លែងនិយាយស្ដីអ្វីទាំងអស់ សំឡេងទូរស័ព្ទបន្លឺ ឡើង យុវជនស្រដីៈ
-លើកទូរស័ព្ទទៅ ហើយប្រាប់ម៉ាក់នាងកុំឱ្យបារម្ភពីនាង ……………………ឆាប់លើកទៅ ជូតទឹក ភ្នែកចេញផង ខ្ញុំមិនចង់ឃើញទឹកភ្នែកនាងទេ ហើយកុំសង្ឃឹម ថានាងអាចចេញពីទីនេះបាននោះ
និយាយទូរស័ព្ទចប់ សេរីកញ្ឆក់ទូរស័ព្ទពីដៃម៉ូលីន ៖
-លោកចង់ធ្វើស្អី?
-គ្មាននរណាអាចជួយនាងបាននោះទេ នាងនៅទីនេះម្នាក់ឯងគិតពីលទ្ធផល ដែលនាងកុហកខ្ញុំទៅ ហើយកុំដើរទៅណាទៀតណ៎ះ រឹតតែដើរ នាងនឹងរឹតតែវង្វេង
សេរីដើរចេញពីព្រៃដោយទុកឱ្យយុវតីនៅតែម្នាក់ឯង។ ម៉ូលីនអង្គុយច្បោមក្បាលជង្គង់នៅលើដី។
រាត្រីចូលមកដល់ នាងហាក់មិនបានខ្វល់ពីអ្វីគ្រប់យ៉ាង ដែលនៅជុំវិញខ្លួនឡើយ លុះងើបក្បាល ឡើង ទើបដឹងថាមេឃងងឹត នាងមានអារម្មណ៍ភ័យខ្លាច និងព្រឺព្រួចជាខ្លាំង នៅពេលឮសំឡេងឆ្កែលូ។ អាកាសធាតុក៏ត្រជាក់ នាងចេះតែភ្ញាក់ៗនឹងអ្វីគ្រប់យ៉ាង ដែលនៅជុំវិញខ្លូននាង។ យុុវតីយកដៃអង្អែលដៃ របស់ខ្លួន ទើបបន្លឺឡើង ៖
-មាននរណានៅក្បែរនេះទេ? ត្រជាក់ណាស់…………បងស្រី ! បងមកជួយខ្ញុំផងបានទេ ………… ខ្ញុំខ្លាចខ្លាំងណាស់……………….
ដោយក្ដីភ័យខ្លាច និងអាកាសធាតុកាន់តែត្រជាក់ ម៉ូលីនក៏ទៅអង្គុយច្បោមក្បាលជង្គង់ ហើយបិទ ភ្នែកនៅក្រោមដើមឈើមួយ មួយសន្ទុះក៏លង់លក់ទៅ។ នៅក្នុងសុបិន នាងហាក់បានឮសំឡេងបងស្រីនាង ដាសនាងឱ្យភាក់ឡើង តែនាងហាក់មិនចង់ភ្ញាក់ទាល់តែសោះ សំឡេងនៅតែបន្លឺឡើង ៖
-ម៉ូលីនភ្ញាក់ឡើងអូន ភ្ញាក់ឡើង….ភ្ញាក់ឡើង……
ម៉ូលីនភ្ញាក់ឡើង ឃើញឆ្កែចចកមួយក្បាលកំពុងឈរសម្លឹងមើលមកនាងដោយភាពកាចសាហាវ នាងស្រដីទាំងភ័យខ្លាច ៖
-ឯងកុំធ្វើអីយើងណ៎ះ ខ្ញុំមិនមែនមនុស្សអាក្រក់ទេ
ឆ្កែចចកកាន់តែចូលជិតនាង ដោយភ័យពេក នាងក៏គ្រវែងកាបូបអីវ៉ាន់របស់នាងទៅលើវា។ សេរី គឺឈរនៅគុម្ពោតព្រៃក្បែរនោះ ទូរស័ព្ទម៉ូលីនបន្លឺឡើង នាយចុតទទួល តែមិនបាននិយាយអ្វីទាំងអស់ សំឡេងមនុស្សប្រុសពីក្នុងទូរស័ព្ទ គឺណ៉ារ៉ាបន្លឺឡើង ៖
-សួស្ដីម៉ូលីន! សុខសប្បាយទេ? ខ្ញុំឮថា នាងត្រឡប់មកវិញស្អែកនេះ ………ហេតុអីនាងមិន និយាយអ៊‌ីចឹង?
សេរីចុតបិទទូរស័ព្ទ ស្រាប់តែទូរស័ព្ទបន្លឺឡើងជាលើកទីពីរ តែម្ដងនេះមិនមែនណារ៉ាឡើយ តែនៅ តែជាមនុស្សប្រុសដដែល ដែលមនុស្សប្រុសម្នាក់នេះ ធ្វើឱ្យយុវជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ៖
-អាឡូ ! ម៉ូលី
-ម៉ូលី … !
-បងគឺវេតណ៎ា ….អូននៅឯណា បងដឹងថា អូនខឹងនឹងបង តែបងពិតជាចង់ជួបអូន ……… ទោះ អូនមិននិយាយជាមួយបង ក៏មិនអីដែរ តែស្អែកនេះ បងនៅចាំអូនក្បែរដងស្ទឹងសៀមរាប
សេរីបិទទូរស័ព្ទ ស្រាប់តែឮសំឡេងម៉ូលីនស្រែក នាយស្ទុះរត់ចូលទៅឃើញឆ្កែចចកកំពុងតែសង្គ្រប់
លើនាងគួរឱ្យរន្ធត់ យុវជនស្ទុះទៅចាប់ឆ្កែចចកចេញឥតញញើតដៃ ហើយទាញដំបងដេញវ៉ៃរហូតវារត់ចូល ព្រៃបាត់ ទើបរត់មករកយុវតី ដែលភិតភ័យញ័រខ្លួនទទ្រើតគួរឱ្យអាសូរ នាយស្ទុះទៅចាប់ដៃទាំងសងខាង របស់នាង ហើយប៉ះថ្ពាល់របស់នាង ៖
-ថ្ពាល់នាងត្រជាក់ណាស់ ……….នាងយ៉ាងម៉េចហើយ?
-បងស្រី ! បងស្រី….ខ្ញុំរងា……….បងស្រី……..
-ម៉ូលីន !
យុវជនស្រវាឱបយុវតីមកលើដើមទ្រូងរបស់ខ្លួនអង្រួននាងតិចៗខ្លោចចិត្ដស្ទើរប្រេះឱរា នាយវាចា ទាំងឈឺផ្សាបេះដូង ៖
-សូមទោស ! ហេតុអីក៏ខ្ញុំដាច់ចិត្ដធ្វើបាបនាងយ៉ាងនេះ?
-បងស្រី ! ខ្ញុំរងា…………..
-ខ្ញុំឱបនាង បន្ដិចទៀតនាងនឹងបាត់រងា………..នាងមិនអីទេ
-បងស្រី ! ខ្ញុំឈឺ…………
-ឈឺអ្ហេ !………..ឈឺត្រង់ណា?
យុវជនចាប់ដៃម្ខាងម៉ូលីនលើកឡើង ទើបដឹងថា ដៃម្ខាងរបស់ម៉ូលីនត្រូវឆ្កែចចកខាំ នាយត្រកង បីយុវតីហើយដើរចេញពីព្រៃនោះមក។
ឥឡូវពួកគេកំពុងស្ថិតនៅក្នុងគ្លីនិកមួយនៃខេត្ដកំពង់ធំ។ ម៉ូលីនភ្ញាក់ដឹងខ្លូនឡើង នៅមានស្មារតី មិននឹងនរនៅឡើយ តែនៅពេលឃើញសេរីនៅជិតនោះ ទើបស្ទុះងើបឡើង ៖
-នាងងើបធ្វើអី? ឆាប់គេងទៅវិញទៅ
-ខ្ញុំ….ខ្ញុំចង់ទៅផ្ទះ
-ចាំស្អែកទៅ
-សូមទោស !
-ខ្ញុំមិនចង់ឮពាក្យនេះទេ ឆាប់គេងទៅ
-អរគុណ ដែលលោកជួយខ្ញុំ
-ឆាប់គេងទៅ !
យុវតីលង់លក់យ៉ាងស្រួល តែយុវជនមិនបានលង់លក់ឡើយ នាយអង្គុយនៅក្បែរគ្រែពេញមួយ យប់។ លុះព្រឹកឡើង ម៉ូរ៉ាស្រាប់តែទៅដល់ផ្ទះចិន្ដា ៖
-លោកមកធ្វើអីផ្ទះខ្ញុំទាំងព្រលឹមហ្នឹង
-នាងដឹងទេ សេរីមិនព្រមទទួលទូរស័ព្ទខ្ញុំឡើយ
-មានទាក់ទងស្អីនឹងខ្ញុំ?
-រឿងអីដែលមិនទាក់ទង ពួកគេទាំងពីរប្រហែលជាបានជួបគ្នាហើយ
-ម៉េចនឹងអាច បើម៉ូលីនតេមក ថាចេញមកថ្ងៃនេះ
-នាងល្ងង់ណាស់ នាងគិតមើលទៅ បើសេរីជួបម៉ូលីន នឹងមានរឿងអ្វីកើតឡើង?
-ប្រហែលជាគ្មានរឿងអ្វីទេ
-នាងល្ងង់ណាស់ បើស្រលាញ់ប្រែជាគំនុំទៅ ម៉ូលីនមិនវីវរទៅហើយទេ
-ថាម៉េច !
-លើកនេះ ខ្ញុំបារម្ភពីម៉ូលីន មិនមែនសេរីទេ តើនាងធ្វើជាមិត្ដភក្ដិយ៉ាងម៉េចហ្នឹង?
-ប្រហែលមិនអីទេ ………ខ្ញុំតេទៅម៉ូលីនសិន
ទូរស័ព្ទចូលហើយ តែគ្មានអ្នកលើកទាល់តែសោះ ម្ដងនេះ ចិន្ដាពិតជាភ័យមែន ៖
-ឬមួយម៉ូលីនកំពុងតែនៅជាមួយលោកសេរីពិតមែន …….ធ្វើយ៉ាងម៉េច លោកឆាប់គិតទៅ
-មិនដឹងទេ នាងតេម្ដងទៀតទៅ ខ្ញុំតេទៅសេរី
ទូរស័ព្ទបន្លឺព្រមគ្នា តែម៉ូលីនបានត្រឹមតែសម្លឹងប៉ុណ្ណោះ នាងមិនអាចលើកបានឡើយ ព្រោះសេរី កំពុងតែសម្លឹងមកនាង។ ទូរស័ព្ទចេះតែរោទិ យុវជនយកទូរស័ព្ទម៉ូលីនមកមើល និយាយទាំងញញឹមស្ងួត ៖
-ចិន្ដាមិត្ដរបស់នាង! ពួកគេទាំងពីរប្រហែលជានៅជាមួយគ្នាហើយ ហើយក៏ប្រហែលជាកំពុង បារម្ភពីនាងដែរហើយមើលទៅ ទើបតេមិនដាច់យ៉ាងនេះ
-លោកឱ្យទូរស័ព្ទមកខ្ញុំមក
-ចាំខ្ញុំលើកជំនួសនាង ! …………..អាឡូ !
-លោកសេរីមែនទេ? លោកនៅជាមួយម៉ូលីនអ្ហេ?
-ត្រូវហើយ ! ពេលនេះមិត្ដរបស់នាងកំពុងនៅក្នុងមន្ទីរពេទ្យ
-លោកកុំធ្វើបាបនាងណ៎ះ
-ឱ្យខ្ញុំនិយាយវិញ………..សេរីអ្ហា តើឯងនៅឯណាហ្នឹង? ឯងកុំធ្វើបាបនាងណ៎ះ
-គ្មាននរណាយល់ចិត្ដខ្ញុំជាងឯងទេ បើឯងយល់ពីខ្ញុំហើយ ហេតុអីក៏សមគំនិតគ្នាមកកុហកខ្ញុំ
-សម្លាញ់អ្ហាក សូមទោស ពួកយើងធ្វើបែបនេះ ក៏ព្រោះតែចង់បញ្ចប់ទុក្ខរបស់ឯងប៉ុណ្ណោះ
-តែឯងយល់ខុសហើយ ឯងស្មានតែខ្ញុំព្រមរៀបការជាមួយប្អូនជីដូនមួយខ្ញុំអ៊‌ីចឹងអ្ហេ
-ក្រែងឯងប្រាប់ខ្ញុំ……………………….អាឡូ ! អាឡូ………….ម៉េចក៏មិនឮអ៊‌ីចឹង?
-អស់លុយទេដឹង
-ខ្ញុំកោតនាងហើយ
-កុំនិយាយច្រើនពេក ឆាប់យកទូរស័ព្ទលោកមក
-អាឡូ ! សេរី ពេលនេះឯងនៅឯណា? ឱ្យតែឯងនាំម៉ូលីនមកវិញ ឯងចង់ធ្វើស្អីខ្ញុំក៏បាន
-តើខ្ញុំអាចធ្វើអីឯង?
-អ៊‌ីចឹងឯងចង់យ៉ាងម៉េច?
-ខ្ញុំនឹងនៅជាមួយនាង នៅទីនេះដោយមិនឱ្យនរណាដឹង
-លោកនិយាយអីហ្នឹង?
-ឯងកុំនិយាយលេងណ៎ា ឯងមិនអាណិតលោកយាយ និងអ្នកម៉ាក់នាងទេអ្ហេ?អាឡូ……………
-ឱ្យទូរស័ព្ទមកខ្ញុំ !
-នាងចង់ធ្វើស្អី?
ម៉ូលីននិង សេរីប្រទាញប្រទង់គ្នាដណ្ដើមទូរស័ព្ទរហូតធ្លាក់ទៅលើដី យុវតីរើសទូរស័ព្ទមកនិយាយ ៖
-អាឡូ ! ……………អាឡូ……………..
-វាខូចហើយ នាងមិនចាំបាច់និយាយទេ
-លោកចង់ធ្វើអី?
-មើលទៅនាងហាក់ដូចជាខ្លាចរស់នៅជាមួយខ្ញុំណាស់ មែនទេ? ខ្ញុំពិតជាគួរឱ្យខ្លាចដល់ម្លឹងអ្ហេ?
សូមរង់ចាំវគ្គបន្ត

 

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មីនា 30, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: