រឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៦)

ចាំស្នេហ៍new copy ៣ថ្ងៃ


បន្ទាប់ពីតឹងសរសៃករៀងខ្លួន នឹមនួន និងយុវជន អង្គុយងាកងើយដាក់គ្នានៅក្នុងបន្ទប់មន្ទីរពេទ្យ នៅឡើយ ។ មួយសន្ទុះក្រោយ ទើបយុវជនបន្លឺ ៖
-ស្អែកពួកយើងទៅដើរលេងទៅ !
-……………..ខ្ញុំចង់ទៅផ្ទះ !
-នាងផ្ដល់ពេលវេលាឱ្យខ្ញុំបីថ្ងៃ តើបានទេ ?
-មិនបានទេ ! លោកមិនអាចធ្វើអ៊‌ីចឹង ហើយខ្ញុំក៏មិនអាចធ្វើអ៊‌ីចឹងដែរ ម្យ៉ាងទៀតពួកយើងក៏មិន ត្រូវជាអ្វីនឹងគ្នាដែរ នាំតែគេយល់ច្រឡំ វានឹងរឹតតែធ្វើឱ្យស្មុគស្មាញថែមទៀត
-នាងកុំគិតច្រើនពេក តើបានទេ ! ខ្ញុំគ្រាន់តែចង់ប្រើជីវិតនៅក្បែរនាងឱ្យពិតប្រាកដ ព្រោះជាងដប់ ឆ្នាំមកនេះ ខ្ញុំរស់នៅក្នុងស្រមោលបងស្រីនាង អ្វីៗគ្រប់យ៉ាង គឺសុទ្ធតែជាសុបិនរបស់ខ្ញុំ រហូតមកជួបនាង វានៅតែជាសុបិន តែម្ដងនេះ ខ្ញុំចង់ឱ្យនាង ផ្ដល់ការពិតឱ្យខ្ញុំមួយ តើបានទេ ?
-តែលោកជិតរៀបការហើយ ម៉េចនឹងអាច…………
-នាងថាម៉េច ?
-លោកជិតរៀបការហើយ ធ្វើបែបនេះ វាមិនខុសអី ពីក្បត់ចិត្ដគេនោះទេ
-ហេតុអីក៏នាងដឹងថា ខ្ញុំជិតរៀបការ ?
-យកល្អ ពួកយើងគួរតែប្រញ៉ាប់ត្រឡប់ទៅផ្ទះទៅ
-បើនាងចិត្ដដាច់យ៉ាងនេះហើយ ខ្ញុំគ្មានពាក្យអ្វីនិយាយទេ តែខ្ញុំនឹងនៅទីនេះជាមួយនាង ដោយទុក ឱ្យរោងការនោះគ្មានកូនកំលោះទៅចុះ
-លោក !
-នាងសំរេចចិត្ដទៅ ឬក៏នាងចង់រស់នៅទីនេះជាមួយខ្ញុំដែរ ?……….ខ្ញុំទៅក្រៅមួយភ្លែត !
-…………….ឈប់សិន ! ………….ចុះក្រោយពេលបីថ្ងៃនោះ ?
-ខ្ញុំនឹងនាំនាងទៅសៀមរាបវិញ ចាត់ទុកថាពួកយើងគ្មានរឿងអ្វីកើតឡើង ហើយគ្មានរណា ជំពាក់នរណាទៀតទេ
-លោកជាអ្នកនិយាយទេណ៎ះ !
-ត្រូវហើយ ! ប៉ុន្ដែក្នុងរយៈពេលបីថ្ងៃនេះ នាងត្រូវធ្វើជាមិត្ដស្រីរបស់ខ្ញុំដោយមិនគិតពីអ្វីទាំងអស់ ហាមមុខក្រញូវ ហាមធុញទ្រាន់ និយាយរួម ត្រូវតែសប្បាយចិត្ដ
-តែមិនត្រូវធ្វើអ្វី ដែលហួសហេតុពេកទេ
-តើអ្វី ដែលនាងគិតថាហួសហេតុនោះ ?
-មិនត្រូវកេងចំណេញលើខ្ញុំទេ យ៉ាងហោចណាស់ត្រូវនៅឱ្យឆ្ងាយពីខ្ញុំមួយម៉ែត មិនឱ្យប៉ះសាច់ខ្ញុំទេ
-អ្ហ៊‌ឺះ !
-លោកសើចអី ?
-មិនដែលមានគូសង្សារឯណា ដើរលេងជាមួយគ្នា មិនកៀកកិតគ្នាសោះនោះទេ
-បើ………
-បាន ! ខ្ញុំយល់ព្រមធ្វើតាមនាង
……………………………………………………………………………………………….
កិច្ចសន្យាសង្សារបីថ្ងៃបានកើតឡើង ។ ឥលូវពួកគេទាំងពីរកំពុងឈរនៅមុខភ្នំសន្ទុក ថ្វីត្បិតពុំសូវ មានមនុស្សអ៊ូអរ តែក៏មិនស្ងាត់ជ្រងំដែរ ។ យុវតីបន្លឺ ៖
-នេះអ្ហេ ភ្នំសន្ទុក !
-យ៉ាងម៉េច នាងមិនធ្លាប់មកទេអ្ហេ ?
-មិនធ្លាប់ទេ !
-តើនាងដឹងទេ ភ្នំនេះមានជណ្ដើរប៉ុន្មានកាំ ?
-បើខ្ញុំចាំមិនខុសទេ គឺ ៨០៩កាំ ត្រូវទេ ?
-ត្រឹមត្រូវ ! ពួកយើងនាំគ្នាឡើងទៅ
យុវជន និងយុវតីបណ្ដើរគ្នាឡើងទៅ តែយូរៗទៅ សេរីកាន់តែដើរដាច់ឆ្ងាយពីម៉ូលីន ។ នាយក្រឡេកមើលមក ព្រមជាមួយវាចា ៖
-នាងយ៉ាងម៉េចហើយ ? ទើបតែបានពីររយកាំប៉ុណ្ណោះណ៎ា
-ខ្ញុំមិនអីទេ លោកទៅមុនទៅ
-មើលទៅនាងដូចជាហត់ណាស់ សំរាកបន្ដិចសិនក៏បាន
ម៉ូលីនអង្គុយសំរាកបានមួយសន្ទុះ ស្រាប់តែសេរីមកចាប់ដៃនាងជាប់ ៖
-នែ៎ ! លោកធ្វើអី ?
-ពួកយើងឆាប់ឡើងទៅ
ទេសភាពព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ផ្ដុំនូវភាពស្រស់ស្រាយ មិនតែប៉ុណ្ណោះវាធ្វើឱ្យគូស្នេហ៍ក្លែងក្លាយ ហាក់ក្លាយជាគូស្នេហ៍ពិត ។ ក្នុងចិត្ដមិនបានគិតអ្វីឡើយ តែនាងបានភ្លេចទៅហើយ ថាខ្លួនជានរណា ហត្ថា មួយគូ ដែលក្ដាប់យ៉ាងណែនជាប់ វាបានភ្ជាប់និស្ស័យរួចទៅហើយ ។ ស្នាមញញឹមកណ្ដាលព្រៃព្រឺក្សា មាន តែរុក្ខទេវតាទេ ដែលយល់ចិត្ដ នេះគឺជាការពិត ដែលយុវជនចង់បាន ។
កំពុងតែឈរសំលឹង ទៅកាន់រូបសំណាកនាងរំសាយសក់ ស្រាប់តែឮសំលេងល្វើយៗពីក្រោយខ្នង ៖
-បងសេរី !
សេរី និងម៉ូលីនងាកមករកម្ចាស់សំលេងព្រមគ្នា ។ យុវតីលាដៃចេញពីយុវជន តែសេរីមិនព្រមលែងដៃនាងទាល់តែសោះ ។ ចំណែក រ៉ាណា (ជាប្អូនជីដូនមួយរបស់សេរី )នាងមានកាយ វិការមិនពេញចិត្ដចំពោះភាពស្និទ្ធស្នាល ដែលយុវជនធ្វើទៅលើម៉ូលីនឡើយ ។ នាងនិយាយ ទាំងទឹកមុខស្ងួតៈ
-នាងគឺ !
-ហេតុអីក៏អូនមកដល់ទីនេះ ?
-ខ្ញុំមកដើរលេងជាមួយមិត្ដភក្ដិ
-អូ ! …………..នាងជាមិត្ដស្រីបង !
-សួស្ដី ! ខ្ញុំជាប្អូនជីដូនមួយរបស់គាត់
-ចាសសួស្ដី ! ………….ឆាប់លែងភ្លាម (ម៉ូលីនគ្រវាសដៃចេញពីដៃយុវជន) នាងកុំយល់ច្រឡំណ៎ះ ខ្ញុំនិងគាត់គ្មានអ្វីនឹងគ្នាទេ
-អ៊‌ីចឹងអ្ហេ !
-ពួកអូននិយាយគ្នាសិនចុះ បងទៅទទួលទូរស័ព្ទមួយភ្លែត
-ខ្ញុំជឿថានាង ពិតជាស្គាល់ថាខ្ញុំជានរណា ទោះជានាងស្និទ្ធស្នាលជាមួយបងសេរីក៏ដោយ តែខ្ញុំគិត ថា នោះគ្រាន់តែជាការសប្បាយរបស់មនុស្សប្រុសប៉ុណ្ណោះ ត្រូវហើយ ! ពួកខ្ញុំជិតរៀបការហើយ សង្ឃឹមថា ក្រោយពួកខ្ញុំរៀបការហើយ នាងនឹងឈប់មករវីរវល់នឹងគាត់ទៀត ខ្ញុំទៅមុនហើយ !
-ចាស !
-អេ ! ……………ឯណារ៉ាណា ?
-នាងទៅមុនហើយ !
-ពួកនាងនិយាយស្អីខ្លះ ?
-គ្មានទេ ! ពួកយើងត្រឡប់ទៅវិញទៅ
-យ៉ាងម៉េចហ្នឹង ?
-គ្មានទេ ! មេឃជិតងងឹតហើយ ពួកយើងឆាប់ត្រឡប់ទៅវិញទៅ
ម៉ូលីននិយាយចប់ក៏ដើរចុះមក មកដល់កន្លែងអុជធូបមួយ នាងក៏អង្គុយចុះ លោកយាយដែលស្នាក់ ចាំទីនោះក៏បន្លឺឡើង ៖
-ត្រឡប់ទៅវិញហើយអ្ហេ ចៅប្រុស ចៅស្រី ?
-ចាសលោកយាយ
-បាទលោកយាយ !
-ចៅទាំងពីរមកជិតយាយបន្ដិចមក
-មានការអីអ្ហេលោកយាយ ?
-ចៅទាំងពីរ គឺជាគូពីអតីតជាតិ ប៉ុន្ដែពួកចៅមានឧបសគ្គច្រើនណាស់ ត្រូវតែតស៊ូបន្ដិចណ៎ា
-តស៊ូអ្ហេ !
-ត្រូវហើយ ! ពិសេសគឺចៅប្រុស បើចៅមិនស៊ូទេ ចៅមិនបានចៅស្រីនេះទេ ជាតិនេះក៏មិនបាន ជាតិក្រោយក៏មិនបានដែរ
-ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងអ្ហេលោកយាយ !
-ខ្ញុំលាលោកយាយសិនហើយ !
-នែ៎ !
-ឈប់សិនចៅប្រុស !………………ចៅត្រូវតែស៊ូណ៎ះ បើមិនអ៊‌ីចឹង មិនត្រឹមតែចៅទេ ដែលរងទុក្ខ អ្នកដែលវេទនាខ្លាំងបំផុត គឺចៅស្រីនោះឯង
-អរគុណលោកយាយ ខ្ញុំលាសិនហើយ
សេរី និងម៉ូលីនចុះមកដល់ដី តែឡានមិនទាន់ឃើញមកដល់នៅឡើយ ។ នាយក៏ដើរទៅរកទិញទឹក តែមួយសន្ទុះទៅហើយ ម៉ូលីនមិនឃើញសេរីមកវិញសោះ ខ្យល់បក់វូ មេឃក៏បង្អុរភ្លៀង នាងក៏ស្ទុះរត់ទៅ ជ្រកនៅតូបក្បែរនោះ ។ ផ្លែកបន្ទោរ ភ្លឺឆ្វាច នាងក្រឡេកឃើញក្មេងប្រុសម្នាក់កំពុងស្រែកយំយ៉ាងខ្លាំងនៅ ក្រោមដើមឈើមួយ ។ ម៉ូលីនស្ទុះរត់ទៅលើកក្មេងនោះមកជ្រកជាមួយនាង នាងឱបក្មេងនោះយ៉ាងជាប់ និយាយលួងលោមមិនឱ្យក្មេងនោះភ័យ តែអ្វីដែលគួរឱ្យរន្ធត់នោះ នៅពេលទិដ្ឋភាពនេះ បានលេចឡើងជាថ្មី នៅចំពោះមុខយុវជន ។ នាយលាន់មាត់ឡើង ៖
-បងស្រី !
សេរីរត់ចូលទៅ នាយទាញម៉ូលីនចេញ ដោយឱបក្មេងនោះជំនួស ។ យុវតីមិនយល់ពីអ្វី ដែលសេរី បានធ្វើនោះទេ តែនាងបែរជាទៅអង្គុយលើគ្រែតែម្នាក់ឯង ។ មេឃរាំងហើយ យុវជនឱ្យក្មេងប្រុសឱបក ខ្លួន ពួកគេទាំងពីរបាននាំក្មេងនោះមកដល់ផ្ទះ ដែលនៅមិនឆ្ងាយពីជើងភ្នំប៉ុន្មានឡើយ ។ លុះត្រឡប់មកតាមផ្លូវ ៖
-ត្រជាក់ទេ ?
-មិនអីទេ !
-បើហួសពីបីថ្ងៃនេះទៅ តើពួកយើងអាចនៅជាមិត្ដនឹងគ្នាទេ ? ឬនាងគិតថា ពួកយើងពិតជាមិន អាចទាក់ទងគ្នា សូម្បីតែជាមិត្ដភក្ដិ ?
-បើលោកយល់ថា ខ្ញុំជាមិត្ដ គឺប្រសើរណាស់ ប៉ុន្ដែពេលខ្លះ អ្វីៗវាមិនដំណើរការល្អដូចដែលយើង គិតនោះទេ
-ហេតុអីក៏នាងនិយាយអ៊‌ីចឹង ?
-បើកុំតែបងស្រី ពួកយើងក៏មិនស្គាល់គ្នាដែរ
-ត្រូវហើយ ! ខ្ញុំជឿលើនិស្ស័យ បើពួកយើងគ្មាននិស្ស័យទេ ម្ល៉េះយើងមិនបានជួបគ្នាទេ
-ខ្ញុំមិនគិតដូចលោកទេ ! មាននិស្ស័យ ឬគ្មាន គឺអាស្រ័យលើមនុស្សជាអ្នកផ្សារភ្ជាប់
-អ៊‌ីចឹងនាងសុខចិត្ដភ្ជាប់និស្ស័យជាមួយខ្ញុំទេ ?…………………..នាងមិនឆ្លើយក៏បាន …………. ពេលដែលនាងឱបក្មេងប្រុសនោះ ធ្វើឱ្យខ្ញុំនឹកដល់បងស្រីនាងណាស់ នាងដឹងទេ ហេតុអីក៏ខ្ញុំទាញ នាងចេញពីក្មេងនោះ………….ខ្ញុំខ្លាចក្មេងប្រុសនោះដូចជាខ្ញុំអ៊‌ីចឹង
-លោកគិតច្រើនពេកហើយ ……………………..ឡានមកដល់ហើយ
ឡានចាកឆ្ងាយពីភ្នំសន្ទុក មកដល់ផ្ទះសំណាក់ ។ ដើរមិនទាន់ដល់បន្ទប់ផង ម៉ូលីនដួលព្រូសទៅលើ ដី ។ បុគ្គលិកផ្ទះសំណាក់ បានជួយទាក់ទងពេទ្យតាមការស្នើសុំរបស់យុវជន ឱ្យមកព្យាបាលដល់កន្លែង ៖
-អ្នកគ្រូពេទ្យ នាងយ៉ាងម៉េចហើយ ?
-នាងផ្ដាសាយធំហើយ លោកទុកថ្នាំឱ្យនាងលេបតាមម៉ោងកំណត់នេះចុះ ស្អែកខ្ញុំមកពិនិត្យ ម្ដងទៀត
-បាទ អរគុណ !
កុំថាឡើយមួយនាទី សូម្បីតែមួយវិនាទី ក៏យុវជនមិនចេញឆ្ងាយពីនាងឡើយ ។ មាណវីលេបថ្នាំ ហើយក៏លង់លក់ទៅទៀត មិនរវីរវល់ពីអ្វីនៅជុំវិញខ្លួនឡើយ ។ អ្នកកំលោះយកដៃបបោសនាសាយុវតី ដោយស្នាមញញឹម មួយសន្ទុះក្រោយ នាយក៏ផ្ដេកខ្លួន ហើយក៏លង់លក់ក្បែរនាងទៅ ។
មាន់រងាវហើយ នៅក្នុងភួយមួយពីរនាក់ ម៉ូលីនភ្ញាក់ឡើង ឃើញសេរីកំពុងគេងនៅពីមុខនាង នាងស្រដីទាំងហត់ហេវ ៖
-ភ្ញាក់ឡើង ! ………………….ភ្ញាក់ឡើង !
-ភ្ញាក់ហើយអ្ហេ !
សេរីភ្ញាក់ឡើង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង នាយទៅថើបថ្ងាសយុវតី ទើបស្រដី ៖
-ឈប់ក្ដៅហើយ នាងគ្មានកំលាំងទេ តើមែនទេ ?
-លោកបំពានលើខ្ញុំហើយណ៎ះ ហើយហេតុអីក៏លោកគេងនៅទីនេះ ?
-មើលនាងហ្នឹងណ៎ា យប់ម៉េចនាងមិនបានញាុំអីទេ បន្ដិចទៀតគេលើកបបរមកហើយ ខ្ញុំទៅជ្រលក់ ក្រណាត់ជូតមុខឱ្យនាង ………………….
-កុំអី ! ខ្ញុំជូតខ្លួនឯងវិញ
-សូម្បីតែកំលាំងអង្គុយ នាងងើបមិនរួចផង នៅឱ្យស្ងៀមទៅ ។
……………………………………………………………………………………………………
ម៉ូលីនគិតថា និស្ស័យគឺមនុស្សទេជាអ្នកចងភ្ជាប់ តែនាងមិនដឹងថា អ្វីដែលយុវជនធ្វើគឺជាការចង ភ្ជាប់និស្ស័យនោះទេ ។ បីថ្ងៃបានកន្លងផុតទៅ ឥលូវពួកគេមកដល់ចំណតឡានសៀមរាបទៅហើយ ៖
-នាងជាហើយអ្ហេ ?
-ចាស !
-អរគុណសម្រាប់ពេលបីថ្ងៃនេះ ………………ពួកយើងអាចនៅជាមិត្ដនឹងគ្នាទេ ?
-ម៉ូលីន !
-សេរី !
ចិន្ដា និងម៉ូរ៉ា បន្លឺព្រមគ្នាពីម្ខាងផ្លូវ ។ ម៉៉ូលីនប្រុងដើរចេញ តែសេរីចាប់ដៃជាប់ ៖
-នាងមិនទាន់ឆ្លើយនឹងខ្ញុំទេ !
-លោកនិយាយរួចហើយ ពួកយើងគ្មានរណាជំពាក់នរណាទៀតទេ ………….លាហើយ !
ម៉ូលីនដើរចេញពីសេរីដោយស្នាមញញឹម ហើយហាក់ដូចជាមិនអាលោះអាល័យទាល់តែសោះ តែ យុវជនទឹកមុខសោះកក្រោះនៅស្ដាយស្រណោះនៅឡើយ ។ ម៉ូរ៉ាបន្លឺ ៖
-ពួកយើងឆាប់ទៅ !
នឹករឿងឡើងវិញ
សំលេងទូរស័ព្ទបន្លឺឡើង ។ ម៉ូលីនស្ដាប់ដោយពុំមានការតបឆ្លើយ តែទឹកភ្នែកត្រាណត្រើយស្រក់ ហូរតក់ៗ ៖
-បងដឹងថាអូនខឹងនឹងបង តែអូនគួរតែឆ្លើយនឹងបងមួយម៉ាត់ បងមកដល់សៀមរាបប្រាំថ្ងៃហើយ ពេលនេះបងពិតជាចង់ជួបអូនមែន បងចង់សូមទោសអូនគ្រប់យ៉ាង…….បងចាំអូននៅដងស្ទឹង ល្ងាចនេះ បើអូនមិនមកជួបបងទៀត បងនឹងទៅរកអូនដល់ផ្ទះ បងចាំអូន !
ទូរស័ព្ទត្រូវកាត់ផ្ដាច់ ម៉ូលីនដាក់ទូរស័ព្ទចុះ យករូបថតម៉ូលីមកនិយាយជាមួយ ៖
-ទីបំផុតមនុស្សដែលបងចាំ ត្រឡប់..មក….វិញហើយ………….បងស្រី !
ម៉ូលីនមិនដឹងថាគួរទៅឬ មិនគួរទៅនោះទេ តែពេលនេះ សូមបង្វែរមករកគ្រួសារយុវជន ដែលនាំ គ្នាមកលេងកូន ព្រោះចង់ឱ្យសេរីភ្ជាប់និស្ស័យជាមួយប្អូនជីដូនមួយ ។ ឥលូវនេះ ទាំងគ្រួសាររ៉ាណា និងគ្រួសារសេរី គឺកំពុងនៅជុំគ្នា តែយុវជនទើបតែមកដល់ប៉ុណ្ណោះ ។
-ជំរាបសួរលោកប៉ាអ្នកម៉ាក់ លោកពូអ្នកមីង ហេតុអីក៏នៅជុំគ្នាយ៉ាងនេះ ? រ៉ាណាក៏នៅទីនេះដែរ អ្ហេ ?
-ចុះបងមើលមិនឃើញខ្ញុំទេអ្ហេ ! (សារ៉ាប្អូនប្រុសសេរីបន្លឺ)
-ថីមិនឃើញ
-ចូលមកអង្គុយសិនមកកូន
-ចុះឯណាម៉ូរ៉ា ?
-ម៉ូរ៉ាយប់បន្ដិចទើបមកដល់
-ប៉ាម៉ាក់មកនេះ គឺចង់គិតគូពីរឿងកូនជាមួយរ៉ាណាណ៎ះ
-គិតគូ ! …………តែកូនធ្លាប់ប្រាប់លោកប៉ាអ្នកម៉ាក់ហើយតើ
-កូននេះ តើកូនចង់នៅម្នាក់ឯងដល់ណាទៀត
-តែរ៉ាណា នាងជាប¬¬្អូនស្រីខ្ញុំណ៎ះ
-គេមិនមែនជាប្អូនស្រីបង្កើតឯងឯណា
-តែខ្ញុំស្រលាញ់នាងដូចជាប្អូនស្រី មិនមែន
-បានហើយ ! បងប្រុសបងស្រី ខ្ញុំថាយកល្អ កុំបង្ខំកូនអី ទុកឱ្យពួកគេត្រូវរូវគ្នាសិនទៅ សឹមយើង គិតគូ
-រ៉ាណាក៏គិតដូចខ្ញុំដែរ ពួកយើងមិនបានស្រលាញ់គ្នាទេ មែនទេរ៉ាណា ?

ស្ដែងពីម៉ូលីន នាងបានឃើញយ៉ាងច្បាស់នូវមនុស្ស ដែលបានធ្វើឱ្យបងនាងស្លាប់ ទោះពេលនេះ នាងមានអារម្មណ៍ក្ដុកក្ដួល ក៏នាងមិនឱ្យអារម្មណ៍នេះឆាបឆួលដល់ស្មារតីនាងដែរ ។ នាយវ៉េតបែរមករក នាង ដែលឈរយ៉ាងមុតមាំ ហើយក៏ស្ទុះចូលទៅក្រសោបដៃទាំងពីររបស់នាង ៖
-ទីបំផុតអូនព្រមមកជួបបងហើយអ្ហេ !
-លោកសំលឹងខ្ញុំឱ្យច្បាស់ ហើយសូមគិតម្ដងទៀត ថាខ្ញុំជានរណា ?
-……………………….នាងមិន …មែន…ម៉ូលីទេ…………………
-ត្រូវហើយ ! លោកបាត់យូរយ៉ាងនេះ លោកគិតថា ម៉ូលីព្រមមកជួបលោក ព្រមលើកលែងឱ្យ លោកងាយយ៉ាងនេះអ្ហេ ?
-ឯងគឺម៉ូលីនមែនទេ ?
-អរគុណដែលលោកនៅចាំខ្ញុំ
-ឯណាបងស្រីឯង ?
-គាត់ស្លាប់ហើយ !
-……………..មិនអាច………..ទេ…………..
-ព្រោះតែមនុស្សប្រុសចង្រៃម្នាក់ គាត់សុខចិត្ដស្លាប់ចោលប្អូន និងម្ដាយ
-ឯងកុហកបង…………………ម៉ូលីម៉េចនឹងអាចស្លាប់បាន
-លោកគិតទៅមើល តើលោកទៅចោលគាត់ប៉ុន្មានឆ្នាំហើយ …………១៥ឆ្នាំហើយលោកដឹងទេ ? តើលោកទៅធ្វើស្អីខ្លះ ? ទោះលោកមិនត្រូវការគាត់ ក៏គួរតែផ្ដល់ដំណឹងមកដែរ តែអត់សោះ គាត់ក្រៀមក្រោះរហូតដល់ស្លាប់លោកដឹងទេ លោកធ្វើឱ្យម្ដាយខ្ញុំបាត់បង់កូនជាទីស្រលាញ់ ធ្វើឱ្យលោកយាយខ្ញុំបាត់បង់ចៅជាទីស្រលាញ់ និងធ្វើឱ្យខ្ញុំបាត់បង់បងជាទីស្រលាញ់ដូចគ្នា ……
-លោកប៉ា !
សំលេងក្មេងប្រុសអាយុប្រមាណជា៣ឆ្នាំបន្លឺឡើង ។ ម៉ូលីនបែរទៅរកសំលេង ហើយងាកទៅរក នាយវ៉េត ទឹកភ្នែកស្រក់ច្រោក តែនាងបែរជាសើចយ៉ាងខ្លាំង ៖
-…………នេះឬលទ្ធផល ដែលបងស្រីខ្ញុំទន្ទឹងរង់ចាំ ?………………….
-ម៉ូលីន ស្ដាប់បងនិយាយសិន !
-លោកមិនចាំបាច់បកស្រាយទេ ព្រោះអ្នកដែលចាំលោកមិនមែនជាខ្ញុំ ហើយខ្ញុំក៏មិនបន្ទោសលោក ដែរ បើចង់បន្ទោស គឺបន្ទោសខ្ញុំ ដែលមានបងស្រីល្ងង់យ៉ាងនេះ
-ម៉ូលីន !
-លោកគួរតែនៅឱ្យសុខជាមួយគ្រួសារលោកចុះ អតីតកាលមិនបាច់ទំលុះទំលាយវាទេ បងស្រី ក៏ប្រហែលជាអហោសិកម្មឱ្យលោកដែរ ខ្ញុំទៅវិញហើយ
-ម៉ូលីន ! បងដឹងថាបងជាអ្នកខុស ប៉ុន្ដែប៉ុន្មានឆ្នាំមកនេះ បងក៏រស់នៅមិនស្រួលដែរ ……………
ម៉ូលីន ដើរចេញដោយមិនស្ដាប់ហេតុផលរបស់លោកវ៉េតឡើយ ។ ពេលនេះនាងកំពុងនៅលើផ្លូ ឆ្ពោះទៅភ្នំក្រោម ។
ទឹកមុខដ៏ស្ងួតច្រឹស និងស្ងប់ស្ងៀម បានស្ថិតក្រោមក្រសែភ្នែកម៉ូរ៉ា និងចិន្ដា ដែលកំពុងនៅក្នុងឡាន ជាមួយគ្នាៈ
-នែ៎ ! នោះដូចជាម៉ូលីន
-ម៉ូលីនតើ ! ហេតុអីក៏នាងដើរនៅទីនេះ …………ខ្ញុំទៅរកនាងសិន !
-ឈប់សិន !
-លោកយ៉ាងម៉េចហ្នឹង ?
-មើលទៅនាងដូចមិនស្រួលចិត្ដទេ ពួកយើងចាំមើលនាងសិនទៅ
-………….ឬមួយនាងទៅផ្នូរបងម៉ូលី …………ប្រហែលនាងមិនស្រួលចិត្ដទៀតហើយ
ចិន្ដា និងម៉ូរ៉ា តាមម៉ូលីនរហូតទៅដល់ផ្នូរ ។
និយាយពីសេរីកំពុងស្រដីលេងជាមួយប្អូនប្រុសយ៉ាងសប្បាយ ៖
-ឯងទៅរៀនសប្បាយទេ ?
-មិនសូវសប្បាយទេបង !
-អ៊‌ីចឹងមកពីឯងរៀនមិនចេះ ទើបមិនសប្បាយ
-មិនមែនទេ បងដឹងទេ នៅក្នុងថ្នាក់ គឺខ្ញុំរៀនពូកែជាងគេណ៎ះ
-ពិតមែនអ្ហេ ?
-បាទ ! តែទាស់ត្រង់ថា ជំនាញដែលខ្ញុំយកនោះ វាពុំសូវមានស្រីស្អាតរៀនជាមួយ
-អ៊‌ីចឹងឯងមិនដូរជំនាញទៅរកស្រីស្អាតទៅ
-មិនបានទេបង ! ថ្វីត្បិតតែខ្ញុំងប់នឹងស្រីស្អាត តែខ្ញុំមិនឱ្យស្រីស្អាតទាំងនោះ មកធ្វើឱ្យខូចអនាគត ខ្ញុំឡើយ
-ពូកែណាស់ឯងនេះ
-ចុះបងវិញ ? ហេតុអីក៏បងបដិសេធបងរ៉ាណា ?
-ពួកបងនាំគ្នានិយាយពីស្អីហ្នឹង ?
-គាត់មកហើយ ! ពួកបងជជែកគ្នាចុះ ខ្ញុំទៅរកញ៉ាំអីមួយភ្លែត
-បងមិនចូលក្នុងញ៉ាំអីខ្លះទេ ?
-បងមិនទាន់ឃ្លានទេ !
-ថ្ងៃនេះមករំខានបងហើយ
-មិនអីទេ បងខានអ៊ូអរបែបនេះយូរហើយ
-បងអ្ហ៎ា !………..
-មានការអីនិយាយមក
-បងមិនព្រមរៀបការជាមួយខ្ញុំ ព្រោះតែនារីដែលខ្ញុំជួបនៅភ្នំសន្ទុកនោះអ្ហេ ?
-រ៉ាណាអ្ហា ! យើងទាំងពីរដូចជាបងប្អូនអ៊‌ីចឹង បងមិនដែលគិតអ្វីចំពោះឯងឱ្យលើសពីនេះទេ
-ខ្ញុំចង់ឱ្យបងទុកឱកាសឱ្យខ្ញុំ ខ្ញុំថាជួនកាល មកពីយើងនៅជិតគ្នាពេក ទើបបងមានអារម្មណ៍បែប នោះ ឬមួយក៏បងពិតជាស្រលាញ់នារីម្នាក់នោះមែន តែខ្ញុំមើលទៅនាងមិនបានស្រលាញ់បងទេ ព្រោះនាងប្រាប់ថា មិនត្រូវជាអ្វីនឹងបងឯណា
-រ៉ាណា ! ទោះបីជាគ្មាននាង ក៏យើងទាំងពីរទៅមិនរួចដែរ
-ពេលនេះចាត់ទុក្ខថាខ្ញុំ ស្ដាប់មិនឮបងនិយាយទៅចុះ ខ្ញុំនឹងធ្វើឱ្យបងព្រមទទួលខ្ញុំ………..
-បងស្ដាប់ទូរស័ព្ទសិន !……………………….អាឡូ
-សេរីអ្ហ៎ា ឯងមកភ្នំក្រោមមក ខ្ញុំឃើញម៉ូលីន នៅមុខផ្នូរបងម៉ូលី នាងហាក់ដូចជាមានអារម្មណ៍ មិនស្រួលទេ
-ខ្ញុំទៅ !
-បងមានការអីអ្ហេ ?
-សូមទោសបងមានការរវល់បន្ដិច
-បងមិនទាន់ញ៉ាំអីទេណ៎ះ
-មិនចាំបាច់ទុកឱ្យបងទេ
សេរីរត់ចេញទៅបាត់ទាំងប្រញាប់ប្រញាល់ ។ រ៉ាណាដើរចូលក្នុងទាំងស្រងូតស្រងាត់ ៖
-រ៉ាណា ចុះឯណាសេរីក្នួយ ?
-គាត់ថាមានការរវល់បន្ដិច
-ចំមែនកូននេះ !
……………………………………………………………………………………………….
ម៉ូលីនកំពុងអង្គុយផ្អែកនឹងផ្នូរម៉ូលី នាងសើចផង យំផងដូចមនុស្សឆ្គួតអ៊‌ីចឹង ៖
-……………..បងអត្មានិយមណាស់ ព្រោះតែប្រុសម្នាក់ដែលមិនគិតពីបង បងយកជីវិតខ្លួនឯងមក ដូរ បងមិនស្រលាញ់ខ្ញុំក៏ហីចុះ តែបងដាច់ចិត្ដធ្វើបាបម៉ាក់ហើយនិងលោកយាយ ដែលខំស្រលាញ់ បង…………..ឥលូវសមមុខបងហើយ លទ្ធផលចុងក្រោយ គឺគេមានប្រពន្ធមានកូនចោលបង……. ខ្ញុំស្អប់បង !………………..បងគិតគេគ្រប់ជំហាន ខ្លាចគេឈឺចាប់ ខ្លាចគេមិនឃើញបង បងមិនឱ្យ ខ្ញុំទិញលេខថ្មីមកប្រើ ខ្ញុំស្មានថា បងចង់ឱ្យខ្ញុំនឹកនាបង តែការពិត បងខ្លាចគេមករកបងមិនឃើញ តាំងពីដើមមកបងគ្រាន់តែយកខ្ញុំធ្វើជាឈ្នាន់ប៉ុណ្ណោះ …………….ហេតុអីក៏ខ្ញុំមានបងស្រីដែលងប់ នឹងស្នេហាយ៉ាងនេះ ……….បងបានសុខហើយតើមែនទេ ?…………បងយកទូរស័ព្ទបងទៅវិញទៅ
ម៉ូលីនគប់ទូរស័ព្ទ ទៅលើផ្នូរម៉ូលី សេរីក៏ដើរចូលមក ៖
-ទោះនាងខឹងយ៉ាងណា ក៏មិនត្រូវធ្វើបែបនេះចំពោះគាត់ដែរ ?
-ខ្ញុំមានសិទ្ធិធ្វើបែបនេះចំពោះគាត់ ព្រោះគាត់កុហកខ្ញុំជិតម្ភៃឆ្នាំហើយ …………គាត់មិនដែល ស្រលាញ់គ្រួសារទេ នៅក្នុងចិត្ដគាត់មានតែមនុស្សប្រុសម្នាក់នោះប៉ុណ្ណោះ ….. ខ្ញុំស្អប់បង.. ……
ម៉ូលីនស្រវ៉ា សំរាមដែលនៅជិតនាងគប់ទៅលើផ្នូរម៉ូលី ។ សេរីស្ទុះទៅចាប់ដៃទាំងពីររបស់នាង ហើយឱបនាងជាប់ ៖
-បើបងស្រីឃើញសភាពនាងយ៉ាងនេះ គាត់ប្រាកដជាពិបាកចិត្ដ ហើយយំដូចជានាងអ៊‌ីចឹង
-គាត់មិនដែលបារម្ភពីខ្ញុំទេ…………
-យំទៅ ក្រោយពេលដែលយំហើយ នាងនឹងបានធូរ………………..!
ម៉ូលីនយំអស់ពីទំហឹងបេះដូង នៅលើដើមទ្រូងយុវជន ។ មួយសន្ទុះក្រោយទើបគេឃើញអ្នកទាំង ពីរអង្គុយយ៉ាងស្ងៀមស្ងាត់រៀងខ្លួន ។ ម៉ូលីនអង្គុយនៅក្រោមដើមពោធិ ឯសេរីអង្គុយនៅពីមុខផ្នូរម៉ូលី ។ យុវជនឧទាន ៖
-មនុស្សម្នាក់នោះឈ្មោះវ៉េតមែនទេ !
-ហេតុអីក៏លោកស្គាល់ ?
-កាលនៅកំពង់ធំ គេធ្លាប់តេមកនាងម្ដង តែខ្ញុំមិនដឹងថានរណាក៏បិទចោលទៅ ………..នាងបាន ជួបគេហើយអ្ហេ ?
-ជួបហើយ !
-តើគេបាននិយាយអ្វីខ្លះ ?
-ខ្ញុំមិនចង់ស្ដាប់គេដោះសារទេ ហើយវាក៏មិនមែនជារឿងរបស់ខ្ញុំដែរ ………ពីថ្ងៃនេះទៅ ខ្ញុំលែង ឈឺចាប់ ហើយក៏លែងស្ដាយស្រណោះទៀតដែរ
-នាងគួរតែនៅស្ដាប់មូលហេតុរបស់គាត់ ជួនកាលគាត់ក៏មានផលវិបាកដែរ
-មានតែមនុស្សប្រុសដូចជាពួកលោកទេ ដែលយល់ចិត្ដគ្នាមើលទៅ តើគេមានផលវិបាកអ្វីទៅ បើកូនប្រុសគេនៅចំពោះមុខខ្ញុំហើយនោះ …………បើលោកពិតជានៅអាល័យបងស្រីរបស់លោក លោកទៅស្រាវជ្រាវ រកហេតុផលទៅ ………….ខ្ញុំទៅផ្ទះហើយ !
-នាងមានះពេកហើយ
-ត្រូវហើយ ខ្ញុំមានះ តែខ្ញុំធ្វើបែបនេះ មិនមែនអស់សង្ឃឹមនឹងមនុស្សប្រុសដូចជាពួកលោកទេ តែខ្ញុំអស់សង្ឃឹមចំពោះបងស្រីខ្ញុំ
-ម៉ូលីន !
ម៉ូលីនដើរនៅលើដងផ្លូវ សេរីបើកឡានចេញមកតាមពីក្រោយនាង នាយចុះពីលើឡើង ៖
-ឡើងឡានទៅ ខ្ញុំជូនទៅផ្ទះ
-ខ្ញុំអាចដើរមកបាន ខ្ញុំអាចទៅវិញបាន
-អ្នកនាងអ្ហ៎ា មេឃជិតងងឹតហើយណ៎ា នាងមិនខ្លាចក្មេងយូគងនៅតាមផ្លូវទេអ្ហេ ? មក ! ខ្ញុំជូន ទៅផ្ទះ………………ចូលទៅ !
សេរីទាញម៉ូលីនចូលឡាន ក៏បើកចេញទៅ ។ ទៅដល់ភោជនីយដ្ឋានមួយ ឡានឈប់ង៉ក់ ៖
-ហេតុអីក៏ឈប់ទីនេះ ?
-កន្លះថ្ងៃហើយ ខ្ញុំមិនទាន់បានញ៉ាំអីទេ ខ្ញុំឃ្លានហើយ ចុះមក !
-ក្រែងថាមេឃជិតងងឹតហើយអ្ហេ
-មេឃជិតងងឹតហើយ តែខ្ញុំឃ្លាន……………..ឆាប់ចុះមក !
សេរីបែរជាស្រស់ស្រូបអាហារពេលល្ងាចយ៉ាងរីករាយជាមួយម៉ូលីន ដោយមិនខ្វល់ពីអ្នកផ្ទះ ។ ម៉ោងប្រមាណជាប្រាំបី ទើបនាយមកដល់គេហដ្ឋានវិញ ។ ម៉ូរ៉ាបន្លឺ ៖
-មកដល់ហើយអ្ហេ !
-ឯណាប៉ាម៉ាក់ខ្ញុំ ?
-ពួកគាត់ត្រឡប់ទៅវិញអស់ហើយ ខ្ញុំមើលទៅពួកគាត់ដូចជាមិនសប្បាសចិត្ដប៉ុន្មានទេ ខ្ញុំមិនគួរ តេហៅឯងសោះ
-តែខ្ញុំថា ឯងធ្វើបានល្អណាស់
-ម៉ូលីនកើតអីអ្ហេ ?
-នាងមានបញ្ហាបន្ដិចបន្ដួច ខ្ញុំទៅងូតទឹកសិន
-នែ៎ ! យ៉ាងម៉េចហើយរឿងប្អូនជីដូនមួយឯងនោះ ?
-គ្មានស្អីទេ ខ្ញុំបានប្រាប់នាងច្បាស់លាស់ហើយ
-តែខ្ញុំឃើញពួកគាត់គិតធ្វើមែនទែនណ៎ា
-មែនទែនអ្ហេ !
-គាត់ឱ្យខ្ញុំប្រាប់ឯងថា ស្អែកនេះពួកគាត់ទៅរើសពេលាហើយ ឯងទៅជួបពួកគាត់នៅឯផ្ទះទៅ
-ស្អីគេ !
-ខ្ញុំថាឯងគួរតែត្រៀមវិធីដោះស្រាយឱ្យហើយទៅ ចំណែករ៉ាណា មើលទៅនាងក៏ស្រលាញ់ឯង ខ្លាំងណាស់ដែរ ……………ដោះស្រាយយ៉ាងណា កុំឱ្យខ្លួនមួយជិះទូកពីរណាសំលាញ់ ………. រាត្រីសួស្ដី !

គួរធ្វើយ៉ាងណា ?
សេរីទៅដល់ផ្ទះលោក ចិត្ដ សារ៉ា និង អ្នកស្រី សាវី ទាំងព្រលឹម ។ លោកសារ៉ាបន្លឺ ៖
-កូនមកហើយអ្ហេ ! ពួកយើងនាំគ្នាទៅ
-ប៉ាគិតទៅណា ?
-ទៅមើលពេលាកូន និងរ៉ាណាហ្នឹងណ៎ះ
-ប៉ាអ្ហ៎ា កូនបានប្រាប់ប៉ាហើយថា កូនមិនបានស្រលាញ់នាងទេ
-ពេលនេះមិនស្រលាញ់ ពេលក្រោយកូននឹងស្រលាញ់
-តែកូនមានអ្នកស្រលាញ់ហើយ
-ថាម៉េច ! ឯងចង់និយាយថា ឯងមានសង្សារអ្ហេ ?
-បាទ !
-នេះ……………..ក្រែងប៉ាប្រាប់កូនរួចហើយតើ ថាកូនត្រូវតែរៀបការជាមួយរ៉ាណា……….តែមិន អីទេ ទៅប្រាប់នាងទៅថាកូនមានគូដណ្ដឹងហើយ
-ខ្ញុំមិនរៀបការទេ
-រ៉ាណាមានស្អីដែលមិនសាកសមនឹងឯងនោះ នាងក្មេង ស្អាត ថែមទាំងឆ្លាតគួរឱ្យស្រលាញ់ទៀត ហេតុអីក៏ឯងមិនយកភ្នែកមើល ទៅមើលស្រីពាសវាលពាសកាលអ៊‌ីចឹង
-នាងមិនមែនជាស្រីពាសវាលពាសកាលដូចដែលលោកប៉ានិយាយនោះទេ នាងមានគ្រួសារ និងជីវភាពរស់នៅរបស់នាង
-បានហើយ ! ប៉ាមិនប្រកែកជាមួយឯងទេ យើងនាំគ្នាទៅមើលពេលាទៅ
-ប៉ាចង់ទៅ ទៅជាមួយម៉ាក់ចុះ ខ្ញុំមិនទៅទេ
សេរីនិយាយចប់ ក៏ត្រឡប់ទៅវិញ ។ អ្នកស្រីសាវីនិយាយទៅកាន់ស្វាមី ៖
-បង ! យើងមិនគួរបង្ខំចិត្ដកូននោះទេ
-អូនកុំចេះ យ៉ាងណា វាត្រូវតែរៀបការជាមួយរ៉ាណា បងមិនជឿថា វាហ៊ានចោលបងរើសយក អ្នកដទៃនោះទេ
-ប៉ុន្ដែ…………
-អូនឈប់និយាយទៅ
………………………………………………………………………………………………..
ម៉ោងបាយថ្ងៃត្រង់ រ៉ាណាទៅរកសេរីដល់កន្លែងធ្វើការ ។ លេខាបន្លឺ ៖
-លោកប្រធានមានស្រីម្នាក់ឈ្មោះរ៉ាណាមករកលោក
-រ៉ាណា !
-លោកឱ្យនាងចូលជួបទេ ?
-ឱ្យនាងចូលមក !
-សួស្ដីបង !
-ឯងមានការអីអ្ហេ ?
-ខ្ញុំមកបបួលបងទៅញាុំបាយថ្ងៃត្រង់ ទៅជាមួយខ្ញុំទៅណាបងណា
-បាន បងទៅជាមួយឯង
ចូលទៅដល់ភោជនីយដ្ឋានទន្លេសាប ក៏ប្រទះនឹងម៉ូលីន កំពុងអង្គុយជាមួយណារ៉ា ។ រ៉ាណាបន្លឺ ៖
-បង ! នោះគឺអ្នកនាងម៉ូលីនមែនទេ តើប្រុសម្នាក់នោះជានរណាទៅហ្ន៎…………អេ បងគិតទៅណា ?
-សួស្ដីម៉ូលីន !
-គឺលោកទេអ្ហេ ?
-សួស្ដី ! (ណារ៉ាបន្លឺ )
-តើខ្ញុំអាចរួមតុផងបានទេ ?
-មិនអីទេ មែនទេម៉ូលីន
-អញ្ជើញ !
-អរគុណ ! ……..ហេតុអីក៏លោក និងនាងមកញាុំបាយនៅទីនេះ ?
-អូ ! ខ្ញុំជាអ្នកបបួលនាងមកទេ ការពិតនាងមិនចង់មកទេ តែខ្ញុំសូមអង្វរនាង លោកមិនដឹងទេអ្ហេ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងណ៎ះ
-ខួបកំណើតអ្ហេ !
-គ្មានអីទេ !
-លោកមិនទាន់បានណែនាំអ្នកនាងខាងនេះឱ្យពួកខ្ញុំស្គាល់ទេណ៎ះ
-អូ នាងគឺ………….
-ខ្ញុំជាគូដណ្ដឹងគាត់ ពួកខ្ញុំជិតរៀបការហើយ
-ថាម៉េច !
-នាងនិយាយលេងទេ នាងជាប្អូនស្រីខ្ញុំឈ្មោះរ៉ាណា
-អូ អ៊‌ីចឹង ………………ម៉ូលីន ហេតុអីក៏នាងមិននិយាយសោះអ៊‌ីចឹង ?
-គ្មានពាក្យអីត្រូវនិយាយផង
-មើលទៅអ្នកនាងម៉ូលីនដូចជាមិនស្រួលខ្លួនទេដឹង
-ខ្ញុំមិនអីទេ ! ………………..
-ម្ហូបមកហើយ ពួកយើងនាំគ្នាញាុំទៅ
…………………………………………………………………………………………………….
ក្រោយអាហារថ្ងៃត្រង់ហើយ ម្នាក់ៗដូចជាមិនសូវស្រួលទាល់តែសោះ ។ នៅតាមផ្លូវ ណារ៉ា និយាយទៅកាន់ម៉ូលីន ៖
-ពួកនាងមានរឿងអី ?
-គ្មានទេ !
-តែមើលទៅនាងដូចជាមិនសប្បាយចិត្ដសោះ
-ប៉ុន្មានថ្ងៃនេះ មកពីការងារច្រើនពេក
-ថ្វីត្បិតតែពួកយើងមិនអាចដូចដើម តែខ្ញុំរីករាយណាស់ ដែលនាងនៅរាប់អានខ្ញុំជាមិត្ដ ខ្ញុំដឹងថា លោកសេរីមិនត្រូវជាអ្វីនឹងនាងទេ នាងធ្វើនេះគ្រាន់តែចង់ឱ្យខ្ញុំដាច់ចិត្ដពីនាងប៉ុណ្ណោះ នាងកុំ សង្ស័យទឹកចិត្ដខ្ញុំចំពោះនាង តើបានទេ ?
-អរគុណដែលលោកបារម្ភពីខ្ញុំ តែខ្ញុំមិនអីទេ
-ខ្ញុំជូននាងត្រឡប់ទៅវិញ
-កុំអី ខ្ញុំចង់ដើរលេងមួយសន្ទុះសិន លោកទៅមុនចុះ
-ប៉ុន្ដែ !
-ខ្ញុំមិនអីទេ ខ្ញុំខានទៅដងស្ទឹងយូរហើយ ខ្ញុំចង់ទៅទីនោះមួយសន្ទុះសិន
-បើអ៊‌ីចឹង ខ្ញុំទៅមុនហើយ …………..តាមផ្លូវប្រយ័ត្នផងណ៎ា
-ចាស !
ម៉ូលីនដើរមួយៗតាមដងវិថី ។ ថ្លែងពីសេរី និងរ៉ាណា ៖
-បងមិនអីទេអ្ហេ ?
-មិនអីទេ !
-ខ្ញុំគិតថា អ្នកនាងម៉ូលីន និងលោកណារ៉ាសមគ្នាណាស់ បងគិតដូចខ្ញុំទេ ?
-មិនសមទេ ! ………..បងទៅមុនហើយ
-បងគិតទៅណា ?
-សូមទោស បងមានការរវល់
-តែបង គិតទុកខ្ញុំចោលអ៊‌ីចឹងអ្ហេ ?
-ចាំបងឱ្យម៉ូរ៉ាមកយកអូន
សេរីស្ដីហើយ រត់ឡើងឡានយ៉ាងលឿន ។ មកដល់ពាក់កណ្ដាលផ្លូវ ពិតជាបានជួបម៉ូលីនមែន នាយចុះទៅទាញដៃនាងវឹងចូលក្នុងឡានបើកចេញទៅ ៖
-លោកគិតថាខ្ញុំជាតុក្កតាអ្ហេ
-សូមទោស ! បើខ្ញុំមិនធ្វើអ៊‌ីចឹង នាងក៏មិនព្រមមកជាមួយខ្ញុំដែរ
-ឈប់ឡានទៅ
-ខ្ញុំចង់នាំនាងទៅកន្លែងមួយ
-លោកទៅម្នាក់ឯងទៅ !
-ទៅម្នាក់ឯងមិនសប្បាយទេ ខ្ញុំដឹងថានាងចូលចិត្ដទីនោះ
ទៅដល់មជ្ឈមណ្ឌលក្ដីសង្ឃឹមកុមារ គ្រាន់តែចុះពីលើឡានភ្លាម ក្មេងៗជាច្រើនបានរត់មកទទួល យុវជន និងយុវតី ។ ក្មេងប្រុស ស្រីគួរឱ្យស្រលាញ់បន្លឺឡើង ៖
-សួស្ដីបងស្រីម៉ូលីនដ៏ស្រស់ស្អាត !
ក្មេងប្រុសស្រីទាំងនោះសុទ្ធតែគួរឱ្យស្រលាញ់ ម៉ូលីនញញឹមយ៉ាងស្រស់អស់ពីដួងចិត្ដទៅរកពួកគេ ៖
-ហេតុអីក៏ពួកឯងស្គាល់ឈ្មោះបង ?
-គឺអ្នកគ្រូប្រាប់
-តើគ្រូឯងឈ្មោះអី ?
-គាត់ឈ្មោះបូផា ជាប្រធានសមាគមនេះ
អ្នកគ្រូបូផា ដើរចេញមកដោយស្នាមញញឹម ៖
-សួស្ដីប្អូនទាំងពីរ !
-ចាសជំរាបសួរ !
-ជំរាបសួរ
-ពួកយើងចូលទៅក្នុងជជែកគ្នាបន្ដិចទៅ
-បាទ !
-ពួកឯងនៅចាំបងត្រង់នេះហើយណ៎ា បន្ដិចទៀតបងមកលេងជាមួយពួកឯង
-បាទ ចាស !
-ហេតុអីក៏អ្នកគ្រូបូផាស្គាល់ខ្ញុំ ?
-បន្ដិចទៀតនាងដឹងហើយ !
-អញ្ជើញអង្គុយ !
-អរគុណ !
-ខ្ញុំតំណាងឱ្យសមាគមនេះ សូមអរគុណដល់អ្នកនាង និងលោកជាខ្លាំង ដែលបរិចាគសំលៀកបំពាក់ និងប្រដាប់ប្រដាសិក្សាដល់ក្មេងៗទាំងអស់នៅក្នុងសមាគមនេះ
-បាទ មិនអីទេ !
-បើមានឱកាសពួកលោកអាចមកលេងជាមួយក្មេងៗទាំងនេះបាន
-ក្មេងៗទាំងនោះសុទ្ធតែគ្មានឪពុកម្ដាយអ្ហេអ្នកគ្រូ ?
-ត្រូវហើយ ! ខ្លះជាក្មេងអនាថា និងខ្លះទៀតជាក្មេងកំព្រាដោយឪពុកម្ដាយស្លាប់ដោយសារ ជំងឺអេសដ៍ នាងមើលចុះពួកគេម្នាក់ៗសប្បាយចិត្ដ ដែលទទួលបានខោអាវថ្មីពីនាង យប់មិញនេះ ពួកគេគេងមិនលក់ទេ ព្រោះចង់ឃើញម្ចាស់អំណោយនេះ
-អង្គការនេះបើកយូរហើយនៅអ្នកគ្រូ
-ទើបតែបានជិតមួយឆ្នាំប៉ុណ្ណោះ ហើយនេះជាលើកទីមួយហើយ ដែលអង្គការបានទទួលអំណោយ ពីសប្បុរសជនដូចជាអ្នកទាំងពីរ
-ខ្ញុំអាចទៅលេងជាមួយពួកគេបានទេ ?
-បាន ! អ្នកនាងអញ្ជើញចុះ
ម៉ូលីនរត់លេងជាមួយក្មេងៗយ៉ាងសប្បាយរីករាយ ។ ដប់ប្រាំឆ្នាំហើយ ដែលនាងខានសប្បាយបែប នេះ មើលចុះនាងមិនគិតពីអ្វីទាំងអស់ សំណើចដែលអស់ពីពោះ វាបានព្រោះចេញអស់នូវជាតិពុល នេះហើយគឺជាកាដូ ដែលយុវជនមានបំណងផ្ដល់ឱ្យទៅយុវតី ។
ក្មេងៗទាំងនេះបានរុំភ្នែកឱ្យនាង ហើយដឹកដៃនាងចូលទៅក្នុងសួនច្បារ បន្ទាប់មកក្មេងប្រុសៗ នាំគ្នាដើរចេញ មករកយុវជន ដែលអង្គុយនឹងកាំជណ្ដើរ ៖
-ពួកឯងនាំបងស្រីទៅណាហ្នឹង ហើយឯណាស្រីៗទៅណាអស់ហើយ ?
-ពួកគាត់នៅខាងក្នុង បងលេងជាមួយពួកខ្ញុំទៅ
-បងមិនចេះលេងទេ
-មានអីពិបាក បងបិទភ្នែកទៅ !
-………………..បិទក៏បិទ !
ក្មេងប្រុសម្នាក់យកកន្សែងមករុំភ្នែកឱ្យយុវជន ៖
-ហេតុអីពួកឯងយកកន្សែងមករុំភ្នែកបងអ៊‌ីចឹង ?
-បងនៅឱ្យស្ងៀមទៅ
-ហាមនិយាយ
-បើបងនិយាយបងចាញ់ពួកខ្ញុំហើយ
-បាន មិននិយាយក៏បាន !
-បងដើរតាមខ្ញុំមក
-ខ្ញុំទៅនោះមួយភ្លែត
ក្មេងប្រុសម្នាក់រត់ចូលទៅបន្ទប់អ្នកគ្រូបូផា ៖
-អ្នកគ្រូ អ្នកគ្រូ !
-ហើយមានការអី ម៉េចមិនទៅលេងជាមួយបងប្រុសបងស្រីទៅ
-ខ្ញុំពឹងអ្នកគ្រូរឿងមួយបានទេ ?
-និយាយមក !
-ខ្ញុំចង់ឱ្យអ្នកគ្រូថតរូបបងប្រុសបងស្រីបិទនៅទីនេះ
-បាន ! ……….ចុះឯណាពួកគាត់ ?
-អ្នកគ្រូអញ្ជើញមកតាមខ្ញុំមក
ទៅដល់ក្នុងសួន អ្នកគ្រូឃើញយុវជន និងយុវតីសុទ្ធតែត្រូវក្មេងទាំងនោះរុំភ្នែកជាប់ ហើយគេងនៅ លើសួនក្បែរគ្នា គាត់នឹកអស់សំណើចណាស់ តែខំធ្វើដូចជាធម្មតា ក៏ចុចកាំមេរ៉ាក្រឹប ទើបបន្លឺ ៖
-តើពួកលោកធ្វើស្អីហ្នឹង ?
-អ្នកគ្រូ !
-ម៉េចក៏លោកនៅទីនេះដែរ ?
-ពួកនាងចាញ់បោកក្មេងៗទាំងនេះហើយ ………….ក្មេងៗ ចូលទៅថតរូបជិតបងៗទៅ
-បាទ ចាស !
ក្រោយថតរូបហើយ ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ ៖
-អរគុណហើយសម្រាប់ថ្ងៃនេះ តែខ្ញុំគ្មានសមត្ថភាពឯណាផ្ដល់អំណោយឱ្យក្មេងៗទាំងនោះទេ
-ចាត់ទុកថាជាកាដូថ្ងៃកំណើតចុះ
-កាដូនេះធំពេកហើយ តែទោះជាយ៉ាងណា ខ្ញុំសប្បាយចិត្ដណាស់
-មើលទៅនាងចូលចិត្ដក្មេងៗទាំងនោះណាស់
-ខ្ញុំសរសើរពួកគេណាស់ ពួកគេគ្មានឪពុកម្ដាយតាមថែរក្សា តែគេរស់នៅដោយក្លាហាន និងរីករាយ មិនដូច………….. !
-នាងនៅខឹងនឹងបងនាងទៀតអ្ហេ ?
-គ្មានទេ ! អរគុណហើយដែលជូនខ្ញុំមកផ្ទះ
……………………………………………………………………………………………
ពពកសល្អល្អះខ្លាំងណាស់ ប៉ុន្ដែវាបានត្រឹមតែស្រឡះ ឥលូវនេះស្អុះស្អាប់ណាស់ស្ទើរតែទ្រាំមិនបាន។ លោកសារ៉ាវាចាទៅកាន់កូនប្រុស ៖
-ប៉ារើសបានថ្ងៃល្អហើយ គឺនៅខែក្រោយនេះ
-ខ្ញុំប្រាប់លោកប៉ាហើយ ថាខ្ញុំមិនការទេ
-ឯងចង់ទៅណា ?
-ខ្ញុំទៅធ្វើការហើយ !
-ឈប់សិន ! បើរ៉ាណា នាងមិនចង់ការជាមួយឯង ប៉ានឹងយល់ស្របតាមគំនិតឯង
-ប៉ាជាអ្នកនិយាយទេណា
សេរីចេញទៅធ្វើការបាត់ អ្នកស្រីរ៉ាណាបន្លឺឡើង ៖
-អូនមិនយល់ថា ហេតុអីក៏បងចង់ឱ្យកូនរៀបការជាមួយរ៉ាណាយ៉ាងនេះ ?
-អូនមិនយល់ ឬក៏ធ្វើមិនយល់ ? ប៉ារ៉ាណា ជាមន្ដ្រីរាជការ មានស័ក្ដិមានឋានៈ បើបានគេធ្វើជាខ្នង បង្អែក នោះមុខជំនួញយើង នឹងរឹតតែប្រសើរឡើង អូនដឹងទេ ?
-តែក៏មិនត្រូវយកសេចក្ដីសុខកូនមកដូរដែរ
-អូនចេះដឹងស្អី រ៉ាណាមានអ្វីមិនល្អ !
-បងថាអូននិយាយច្រើនក៏បាន តែមុខរបរយើងគឺរីកដុះដាលហើយ ហើយយើងក៏មានកូនដែល មានសមត្ថភាពម្នាក់ទៀតដែរ
-តែយើងពុំទាន់មានឥទ្ធិពលទេ បងចង់ឱ្យយើងក្លាយទៅជាក្រុមហ៊ុន នាំចូលគ្រឿងសំអាង ផ្ដាច់មុខធំជាងនៅក្នុងប្រទេសនេះ ប៉ារ៉ាណាធ្វើការនៅក្រសួងពន្ធដារ គេនឹងជួយយើងបានច្រើន
-អូនពិតជាមិនយល់ពីបងទេ !
…………………………………………………………………………………………………..
ល្ងាចនេះយុវជនណាត់រ៉ាណាទៅស្រស់ស្រូបអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយ ៖
-សូមទោស ដែលឱ្យបងចាំយូរ !
-មិនអីទេ បងទើបតែមកដល់ដែរតើ
-អ្នកទាំងពីរត្រូវការអ្វីខ្លះ ?
-អូនកុម្ម៉ង់ទៅ !
-អ៊‌ីចឹង ខ្ញុំយកឆាខ្យងអំពិលទុំ ឆ្ងោរជ្រក់បង្កង និងឆាឡុកឡាក់មួយមក
-បាទ ! សូមចាំមួយភ្លែត
-មើលទៅបងដូចជាមានពាក្យអ្វីចង់និយាយជាមួយខ្ញុំអ្ហេ ? ត្រូវហើយ ! លោកប៉ា អ្នកម៉ាក់ ព្រម ទាំងលោកពូអ្នកមីងបានទៅរកពេលាឱ្យពួកយើងហើយ ឮថានៅខែក្រោយនេះ
-រ៉ាណា ! កុំរៀបការជាមួយបងអីតើបានទេ ?………………បង……………
-បងកុំបារម្ភអី ឱ្យតែខ្ញុំស្រលាញ់បងទៅបានហើយ
-ម៉េចក៏អូននិយាយអ៊‌ីចឹង ! ស្នេហាត្រូវតែកើតឡើងទាំងសងខាង
-តែបងមិនបានស្អប់ខ្ញុំឯណាមែនទេ ? ឱ្យតែបងព្រមទុកឱកាសដល់ខ្ញុំ ខ្ញុំនឹងធ្វើឱ្យបងព្រមទទួល យកខ្ញុំ
-តែបងគ្មានឱកាសទៀតទេ បើអូនបដិសេធបង នោះលោកប៉ាបងនឹងយល់ព្រម
-អូ ! ការពិតបងណាត់ខ្ញុំមកនេះ ក៏ព្រោះតែចង់ឱ្យខ្ញុំបដិសេធបងអ៊‌ីចឹងអ្ហេ ? ខ្ញុំធ្វើម៉េចនឹងអាច បដិសេធបងទៅ បើខ្ញុំ……………….
-រ៉ាណា ! បងមិនបានស្រលាញ់ឯងបែបនោះទេ
-បានហើយ ! បើបងមិនចង់ការជាមួយខ្ញុំទេ បងទៅសុំប៉ាបងខ្លួនឯងទៅ តែខ្ញុំស្រលាញ់បង បើឱ្យ ខ្ញុំបដិសេធបងនោះ ខ្ញុំធ្វើទៅមិនរួចទេ ខ្ញុំត្រឡប់ទៅវិញហើយ !
-រ៉ាណា !
-លោក ម្ហូបមកដល់ហើយ
-អរគុណ !
យុវជនទទួលទានអាហារតែម្នាក់ឯងយ៉ាងសោះកក្រោះ ។ ចៃដន្យអ្វីក៏ប្រទះនឹងគ្រួសារលោកវ៉េត នៅទីនោះដែរ អ្នកស្រី សុខា ជាអនិកជនរស់នៅប្រទេសកាណាដាជិតដប់ប្រាំឆ្នាំហើយនោះ ហើយក៏ត្រូវជា ភរិយារបស់លោកវ៉េតផងដែរ បន្លឺឡើង ៖
-សូមទោស ! លោកឈ្មោះសេរីមែនទេ ?
-បាទ ត្រូវហើយ ! ហេតុអីក៏អ្នកស្រីស្គាល់ខ្ញុំ
-ឯងមិនចាំបងទេអ្ហេ បងជាមិត្ដភក្ដិម៉ាក់ឯង ដប់ប្រាំឆ្នាំមុន បងធ្លាប់ទៅលេងផ្ទះឯងនោះ
-គឺបងសុខាមែនទេ !………………….ជំរាបសួរបង …………បងអញ្ជើញអង្គុយមក គ្រួសារបងអ្ហេ
-ត្រូវហើយ គាត់ឈ្មោះវ៉េត !
-វ៉េត……………សួស្ដីលោក !
-បាទ សួស្ដី ! កូនប្រុស កូនជំរាបសួរលោកពូទៅ
-ជំរាបសួរលោកពូ
-បាទ ជំរាបសួរ
-តើម៉ាក់ឯងសុខសប្បាយទេ ?
-គាត់សុខសប្បាយទេ តែគាត់ចាស់ច្រើនណាស់
-បងចង់ទៅសួរសុខទុក្ខគាត់ម្ដងតើបានទេ ?
-បានបង ! បើអ្នកម៉ាក់ឃើញបង គាត់មិនដឹងជាសប្បាយយ៉ាងណាទេ ?
-លោកត្រូវការអ្វីបន្ថែមទៀតទេ ?
-បងកុម្ម៉ង់ទៅ ខ្ញុំទៅបន្ទប់ទឹកបន្ដិច សេរីកុំទាន់ទៅណាណ៎ះ
-បាទបង !
-យកឆាឆ្អឹងជំនីរជ្រូក និងតុងយាុំមាន់មក
-បាទលោក !
-សូមទោស……………………….
-លោកមានអីចង់និយាយនិយាយមក កុំទើសទាល់អី
-ខ្ញុំសូមសួរលោកបន្ដិចតើបានទេ ?
-មានការអី លោកនិយាយមក
-តើលោកធ្លាប់ឮឈ្មោះម៉ូលីទេ ?
-ម៉ូលី ! ………………..
-បើលោកមិនស្គាល់ ក៏មិនអីដែរ
-ខ្ញុំធ្លាប់មានសង្សារឈ្មោះម៉ូលីដែរ តែមិនដឹងថាជាម៉ូលីដែលលោកនិយាយ ឬយ៉ាងណា នោះទេ
-ម៉ូលីបងស្រីម៉ូលីន ដែលចូលចិត្ដទៅលេងនៅតាមដងស្ទឹង
-លោកស្គាល់ពួកនាងអ្ហេ ?
-ត្រូវហើយ !
-ពួកបងនាំគ្នានិយាយពីអីហ្នឹង ?
-អូគ្មានអីទេបង ខ្ញុំចេះតែនាំបងប្រុសនិយាយទៅ
…………………………………………………………………………………………………..
សេរីត្រឡប់មកដល់ផ្ទះទាំងហេវហត់ ក៏ប្រាសខ្លួនលើសាឡុង ៖
-អើយ !
-យ៉ាងម៉េចក៏ដកដង្ហើមធំទៀតហើយ ?
-ស្មុគស្មាញណាស់ !
-រ៉ាណាមិនបដិសេធឯងទេមែនទេ ?
-នាងទទួលដោយញញឹមទៀតផង
-ឯងពិតជាមានមន្ដស្នេហ៍មែន បដិសេធនឹងគេហើយ គេនៅតែក្លាហានឈ្មុលមករកទៀត
-មិនដឹងជាហេតុអ្វីបានជាលោកប៉ាខ្ញុំគិតបែបនេះ ?
-បើគ្មានវិធីដោះស្រាយ ត្រៀមខ្លួនចូលរោងការទៅ
-សូម្បីតែឯងក៏ចង់ឱ្យខ្ញុំការដែរអ្ហេ ?
-ឯងចង់នៅដល់ណាទៀត ?
-ចុះឯងនោះ ?
-កុំខ្វល់ពីខ្ញុំ ខ្ញុំថ្ងៃណាគឺថ្ងៃនោះហើយ
-ប្រយ័ត្នគេបេះបាត់ណ៎ា
-ម៉េចនឹងអាចនោះ
…………………………………………………………………………………………..
ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកៀកដល់ថ្ងៃចូលរោង តែសេរីធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ។ ចំណែកឯអ្នកកំលោះ ខ្ពស់សង្ហារម៉ូរ៉ាឯនេះវិញនៅតែពោរពេញដោយមន្ដស្នេហ៍ តែមានអារម្មណ៍តប់ប្រមល់ មួយរំពេចនៅពេលរំលេចចេញមនុស្សប្រុសម្នាក់ផ្សេងកំពុងបណ្ដើរចិន្ដា នៅក្បែរកសិណអង្គរ ។ នាយស្ទុះចូលទៅ ៖
-ចិន្ដា !
-គឺលោកទេអ្ហេ !
-នាងមកលេងទីនេះដែរអ្ហេ ?
-ចាស !
-ចុះលោកខាងនេះ ?
-គាត់ជាបងប្រុសខ្ញុំ
-សួស្ដីលោក !
-បាទសួស្ដី ! លោកពិតជាបងប្រុសនាងមែន តែ ……….
-ខ្ញុំជាបងជីដូនមួយនាងទេ
-ជីដូនមួយ !
-ម៉េចក៏លោកភ្ញាក់ផ្អើលយ៉ាងនេះ ?
-គ្មានអីទេ !
-លោកមកជាមួយអ្នកណា ?
-សេរីនៅខាងនោះ ! នៅតែពីរអាទិត្យទៀត គេចូលរោងការហើយ
-ថាម៉េច ! ចុះ……..
-កុំសួរខ្ញុំ !
-មនុស្សប្រុសដូចជាពួកលោកដូចគ្នាតែទាំងអស់ហ្នឹង ខ្ញុំទៅមុនហើយ តោះបង !
-ខ្ញុំលាទៅមុនហើយ
-ពួកអូនមានរឿងអីអ្ហេ ?
-គ្មានទេ !
-មនុស្សប្រុសអម្បាញ់មិញជាសង្សារឯងអ្ហេ ?
-មិនមែនទេ !
-តែបងឃើញគេដូចជាប្រច័ណ្ឌនឹងឯង
-ម៉េចនឹងអាច ! បងអ្ហ៎ា ខ្ញុំទៅមុនហើយណ៎ា
-មានការអីអ្ហេ ?
-ខ្ញុំទើបតែនឹកឃើញ ខ្ញុំមានការងារមួយមិនទាន់ធ្វើ
-អ៊‌ីចឹងតាមសម្រួលចុះ
ការពិតចិន្ដាជួប វិចិត្រ ដែលជាបងជីដូនមួយដោយចៃដន្យតែប៉ុណ្ណោះ ។ ឥលូវនាងកំពុងតែបើក ម៉ូតូតម្រង់មកផ្ទះម៉ូលីន ៖
-ជំរាបសួរលោកយាយ ! ម៉ូលីននៅឯណាលោកយាយ ?
-ប្រហែលជានៅក្នុងបន្ទប់ហើយ ព្រោះទើបមកដល់អម្បាញ់មិញ
-……………………..ម៉ូលីន ! នៅក្នុងបន្ទប់ទេ ?
-ចូលមក ! ………….មានការអី ម៉េចដូចជាប្រញាប់ម្ល៉េះ ?
-លោកសេរីជិតការហើយ ឯងដឹងទេ ?
-……………..ហើយយ៉ាងម៉េច ?
-ចុះឯងនោះ គេយកទៅទុកនៅឯណា ?
-ខ្ញុំមានពាក់ព័ន្ធអីនឹងគាត់ ?
-ឯងកុំធ្វើដូចជាគ្មានរឿងអ្វីកើតឡើងមើល៎ ! ពួកឯងនៅកំពង់ធំជាមួយគ្នារហូតដល់ទៅបីថ្ងៃ តើពិតជាគ្មានរឿងអ្វីកើតឡើងមែនអ្ហេ ?
-ឯងគិតទៅមើល៎……………..បើមានរឿងអ្វីកើតឡើង ឯងស្មានថាខ្ញុំ សុខចិត្ដនៅស្រួលអ៊‌ីចឹងអ្ហេ?
-ប្រាកដហើយអ្ហេ ?
-យ៉ាងម៉េច !
-ឯងមិនអើពើ ឬមួយក៏ឯងខំទ្រាំទេ ?
-ខ្ញុំមិនទ្រាំទេ តែខ្ញុំទទួលយកការពិត ឯងឈប់បារម្ភទៅ រឿងរបស់ពួកយើង គឺចប់ហើយ ……. នេះឯងមករកខ្ញុំដោយសារតែរឿងនេះអ្ហេ ?
-ត្រូវហើយ !
-ខ្ញុំសំណាងហើយ ដែលមានមិត្ដល្អដូចជាឯង ………………..ខ្ញុំលើកទូរស័ព្ទសិន …………អាឡូ !
-បងគឺវ៉េតណ៎ា បងចង់ជួបឯងតើបានទេ ?
-សូមទោស ខ្ញុំគ្មានពេលទេ ប៉ុននឹងបានហើយ
-លោកសេរីអ្ហេ ?
-មិនមែនទេ !
-អ្នកណា ?
-លោកវ៉េត
-វ៉េត !……………..វ៉េត ……ដែលបងស្រីចាំអ្ហេ ?
-អ៊ឺ !
-គាត់មកពីអង្កាល់ ? ហើយគាត់ដឹងហើយនៅថាបងស្រីស្លាប់ ?
-មកពីរអាទិត្យហើយ ខ្ញុំក៏ប្រាប់គាត់រួចហើយដែរ
-ចុះគាត់យ៉ាងម៉េចដែរ ?
-គាត់បានត្រឹមតែយំប៉ុណ្ណោះ មិនតែប៉ុណ្ណោះថែមទាំងមានប្រពន្ធមានកូនថែមទៀត
-ថាម៉េច ! ……………..ហើយហេតុអីក៏គាត់តេមករកឯង ?
-ប្រហែលជាចង់ឱ្យខ្ញុំអហោសិកម្មឱ្យទេដឹង ? ខ្ញុំមិនចង់ជួបមុខគាត់ទៀតទេ
-អ៊‌ីចឹងតើបានជាថ្ងៃនោះឯងទៅផ្នូរបងស្រី
-ឯងឃើញខ្ញុំអ្ហេ ?
-ត្រូវហើយ ! ខ្ញុំប្រុងរត់ទៅរកឯងដែរ តែលោកម៉ូរ៉ាឃាត់ គាត់ក៏តេទៅប្រាប់លោកសេរីទៅ …….
ឯងមិនលើកលែងទោសឱ្យគាត់ទេអ្ហេ ?
-ខ្ញុំគ្រាន់តែមិនចង់ជួបគាត់ប៉ុណ្ណោះ
-ជួនកាលគាត់អាចមានមូលហេតុចង់ប្រាប់ឯងក៏បាន
-ឯងក៏គិតអ៊‌ីចឹងដែរអ្ហេ ?
-ឬលោកសេរីធ្លាប់ប្រាប់ឯង ? បងស្រីទៅបាត់ទៅហើយ គាត់មិនបានដឹងមូលហេតុដែលបងវ៉េត បាត់ខ្លួននោះទេ ឬមួយក៏ឯងមិនចង់ដឹងអាថ៌កំបាំងនេះ
-………………..ខ្ញុំគួរតែដឹងអ្ហេ ?
-ឥលូវបងវ៉េតនៅមាត់ស្ទឹងមែនទេ ?
-អ៊ឺ !
-ពួកយើងទៅទៅ ……………………មក ! ឯងនៅគិតដល់ណាទៀត
លោកវ៉េតកំពុងឈរនៅមាត់ស្ទឹង កំពុងសញ្ជឹងតែម្នាក់ឯង ស្រាប់តែសំលេងមួយបន្លឺឡើង ៖
-ខ្ញុំដឹងថាលោកពិតជាមកទីនេះ !
-ហេតុអីក៏លោកដឹង ?
-ព្រោះលោកចង់ឱ្យម៉ូលីនលើកលែងទោសឱ្យលោក
-ត្រូវហើយ ! ប៉ុន្ដែនាងមិនមកទេ ……………លោកមករកខ្ញុំអ្ហេ ?
-ខ្ញុំចង់ដឹងពីមូលហេតុដែលលោកបាត់ខ្លួន
-ហេតុអីក៏លោកចង់ដឹងពីរឿងនេះ ?
-ដប់ប្រាំឆ្នាំមុន ខ្ញុំបានជួបបងម៉ូលីនៅទីនេះចាំលោក គាត់ស្អាត តែគាត់មិនស្រស់ សម្រស់របស់ គាត់គឺពោរពេញទៅដោយទុកសោក តែទោះជាយ៉ាងណាគាត់នៅតែមានអារម្មណ៍កក់ក្ដៅនៅជាប់ នឹងខ្លួន យល់ពីអារម្មណ៍ឈឺចាប់របស់អ្នកដទៃ ………..ថ្វីត្បិតតែខ្ញុំស្គាល់គាត់ត្រឹមតែមួយថ្ងៃ តែគាត់កប់ជ្រៅនៅក្នុងបេះដូងខ្ញុំ ខ្ញុំស្គាល់ម៉ូលីនក៏ដោយសារគាត់ដែរ តែម៉ូលីនរឹងមាំជាងគាត់ ម៉ូលីនមិនស្ដាប់លោកបកស្រាយ ព្រោះនាងយល់ថា បងស្រីនាងមិនស្រលាញ់នាង លោកហើយនិង បងស្រីសុទ្ធតែត្រូវបាននាងស្អប់ទាំងអស់ ដូច្នេះនាងមិនចាំបាច់រវីរវល់នោះទេ ។ លោកពេលនេះគឺ ដូចជាបងស្រីពេលមុនអ៊‌ីចឹង គ្មានអ្នកយល់ពីអារម្មណ៍នោះទេ
-….ខ្ញុំដឹង…….ថា……..ខ្ញុំបាន…….សាងកំហុស……….មួយយ៉ាងធ្ងនធ្ងរ…..តែខ្ញុំពិតជាមិនចង់នោះ ទេ ខ្ញុំគិតថាពេលខ្ញុំទៅដល់កាណាដា ខ្ញុំអាចសាងអនាគត ហើយត្រឡប់មកជួបម៉ូលីវិញ តែទៅដល់ ភ្លាម ខ្ញុំត្រូវចោរឆក់កាបូបយកទៅបាត់ សូម្បីតែលេខទូរស័ព្ទម៉ូលីក៏បាត់ដែរ តែខ្ញុំមិនអាចត្រឡប់ មកវិញដោយដៃទទេនោះទេ ខ្ញុំដើរធ្វើការគ្រប់ទីកន្លែង ហើយត្រូវរត់គេចពីប៉ូលីសទៀត ប្រជាជន ខ្មែរនៅទីនោះគាត់ក៏ជួយខ្ញុំណាស់ដែរ តែថ្ងៃមួយ ខ្ញុំក៏បានជួបនឹងសុខា នាងបានជួយខ្ញុំគ្រប់បែប យ៉ាង ក្រោយមកនាងបានប្រាប់ខ្ញុំថា នាងស្រលាញ់ខ្ញុំ តែខ្ញុំបានបដិសេធចំពោះនាងថា ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយ តែពេល ដែលនាងដឹងហើយ នាងបែរជានិយាយថា បើចង់ត្រឡប់ទៅស្រុកឱ្យបានឆាប់ លុះត្រាតែរៀបការ ជាមួយនាង នាងនឹងធ្វើឱ្យខ្ញុំ ឆាប់បានចូលជាសញ្ជាតិកាណាដា ពេលនោះយើងនឹងអាចមកលេងស្រុកបាន………… គិតហើយ ខ្ញុំក៏សំរេចចិត្ដរៀបការជាមួយនាង ពេលដែលបានរួមរស់ជាមួយនាង ទើបខ្ញុំដឹងថា នាងគឺជាមនុស្សល្អ ទោះខ្ញុំចង់សងគុណនាងក៏មិនអស់ដែរ តែនាងនៅតែយល់ពីអារម្មណ៍ខ្ញុំ ក្រោយពេលដែលខ្ញុំបានចូលសញ្ជាតិហើយ នាងក៏អនុញ្ញាតិឱ្យខ្ញុំមកស្រុក មករកម៉ូលីវិញ តែធ្វើ ម៉េចនឹងអាចចោលពួកនាងទៅ ខ្ញុំក៏សម្រេចនាំនាងមកជាមួយ គោលបំណងធំបំផុត គឺមកសូមទោសម៉ូលី សូមទោសអ្វីៗ គ្រប់យ៉ាងដែលខ្ញុំធ្វើចំពោះនាង……. ….តែ……..តែ……. ..វាហួសពេលទៅហើយ…………ខ្ញុំមិននឹកស្មានថា ខ្លួនឯងជាឃាតករសម្លាប់មនុស្ស ដែលខ្លួន ស្រឡាញ់បែបនេះសោះ ……… កម្មពៀរ……. កម្មពៀរ………………….
-វាមិនមែនជាកម្មពៀរនោះទេ !
-ម៉ូលីន !
ម៉ូលីនស្ទុះចេញមកទាំងក្រេវក្រោធ ៖
-រឿងទាំងអស់ គឺកើតឡើងពីការធ្វេសប្រហែសរបស់លោក
-ម៉ូលីន !
-ឯងទប់អារម្មណ៍ណ៎ា !
-លោកធ្វើដូចជាស្រលាញ់បងស្រីខ្ញុំណាស់ ស្នេហាស្មោះស្ម័គ្រអ្ហ៎ា ! សូម្បីតែលេខទូរស័ព្ទមនុស្ស ដែលខ្លួនស្រលាញ់ក៏មិនចាំក្នុងខួរក្បាលផង តើលោកមានសិទ្ធិអី ដែលឱ្យបងស្រីខ្ញុំលើកលែងទោស ឱ្យលោកនោះ
-បង…………..
-លោកនិយាយមិនចេញទេអ្ហេ ?
-ម៉ូលីន !
-លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត សូម្បីតែលេខផ្ទះរបស់លោក តើមានលេខមួយខ្ទង់ណា ដែល បងស្រីមិនចាំនោះ មួយជីវិតគាត់ស្គាល់តែពាក្យចាំក្នុងខួរក្បាល ចុះលោក កុំថាឡើយចង់ឱ្យ បងស្រីអភ័យទោសឱ្យ សូម្បីតែសំពះផ្នូរគាត់ ក៏លោកគ្មានសិទ្ធិដែរ
-សូមទោស !
-ម៉ូលីន !
-នាងនៅទីនេះហើយ ទុកឱ្យខ្ញុំទៅតាមនាង
ម៉ូលីនរត់ចេញទៅ ទៅដល់ក្រោមដើមឈើធំមួយ នាងក៏អង្គុយនៅទីនោះ ទំងន់ទុក្ខដែលខំទប់ក៏ ធ្លាយចេញមក ។ នាងស្រែកយំយ៉ាងខ្លាំង ព្រោះតែនៅមានភាពសោកស្ដាយចំពោះបងស្រីរបស់ខ្លួន ចំណែក ឯយុវជនឈរនៅចំហៀងខ្លួននាង សំលឹងមើលនាងដោយស្ងៀមស្ងាត់ ៖
-នាងធ្វើបែបនេះ មានតែធ្វើឱ្យខ្លួនឯងឈឺចាប់ប៉ុណ្ណោះ បើលើកលែងបាន នាងគួរតែអភ័យទោស ឱ្យគាត់ តើមាននរណាដែលថាមិនខុសនោះ បងស្រីនាងរស់នៅរងទុក្ខ តែខ្ញុំជឿថា លោកវ៉េត ក៏មិន ខុសអ្វីពីបងស្រីនាងដែរ បើបងស្រីឃើញនាងបែបនេះ តើគាត់ស្ងប់ចិត្ដទេ ? នាងមិនយល់ពីចិត្ដ មនុស្សប្រុសទេ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ សុខចិត្ដទៅរៀបការជាមួយមនុស្សស្រីម្នាក់ទៀត ការឈឺចាប់នេះ វាធ្ងន់ធ្ងរណាស់ទៅហើយសម្រាប់រូបគាត់ បើបងម៉ូលីដឹងរឿងនេះ ខ្ញុំជឿថាគាត់អស់ ចិត្ដហើយ ព្រោះមនុស្សដែលគាត់ចាំ មិនបានកុហកគាត់ឡើយ …………អហោសិកម្មទៅ !
យុវជនចាប់ស្មាម៉ូលីនឱ្យងើបឡើងដោយស្នាមញញឹម ហើយឱបនាងនឹងដើមទ្រូង ព្រមទាំងលើក ហត្ថគោះក្បាលនាងតិចៗ ៖
-កុំបន្ដការឈឺចាប់នេះទៀតអី !
ម៉ូលីនស្រែកយំអស់ពីទំហឹងចិត្ដ គ្រប់យ៉ាងនឹងលែងផ្ដេកផ្ដិត លែងដិតដាមតទៅទៀត នាងក៏ មិនចង់ឱ្យទុក្ខវេទនានេះនៅបន្ដជារៀងរហូតនោះដែរ មានតែធ្វើតាមសំដីរបស់អ្នកកំលោះហើយ ។
អ្ហ៊‌ឺ !….ព្រះអាទិត្យរះទៀតហើយ តែថ្ងៃនេះ ជាថ្ងៃសំរាកពីការងារ ម៉ូលីនមិនបានទៅធ្វើការដូច សព្វមួយដងនោះទេ ។ កំពុងតែជួយស្រោចទឹកឱ្យផ្កាលោកយាយ អ្នកស្រីសុខាក៏ទៅដល់ ៖
-ជំរាបសួរលោកយាយ ! សួស្ដីអ្នកនាងម៉ូលីន
-អ្នកនាងមករកអ្នកណា ?
-ខ្ញុំមករកនាង ?
-តែខ្ញុំមិនស្គាល់អ្នកនាងទេ !
-ខ្ញុំឈ្មោះសុខា !
-សុខា !
-តើអ្នកនាងអាចនិយាយជាមួយខ្ញុំបន្ដិចតើបានទេ ?
-អ៊‌ីចឹងអ្នកនាងអព្ជើាញចូលក្នុងសិនទៅ …………………..អញ្ជើញអង្គុយសិនទៅ ខ្ញុំទៅយកទឹក មកជូន
-ចាសអរគុណ !
-………..អញ្ជើញពីសា……
-អរគុណ ! ………..ខ្ញុំសូមទោសចំពោះរឿងគ្រប់យ៉ាង
-អ្នកស្រីមិនខុសទេ រឿងទាំងអស់វាគ្មានអ្នកខុសឡើយ វាជាព្រហ្មលិខិត
-ចុះអ្នកនាងមិន…………
-បើកុំតែអ្នកនាង លោកវ៉េតក៏គ្មានឱកាសត្រឡប់មកវិញដែរ ហើយខ្ញុំក៏គ្មានឱកាសយល់ពីហេតុ ផលទាំងអស់នោះដែរ អរគុណអ្នកនាងហើយ ……..ខ្ញុំព្រមលើកលែងទោសឱ្យគាត់ ….. ខ្ញុំសង្ឃឹម ថា គ្រួសារអ្នកស្រីនឹងមានសុភមង្គល
-អរគុណអ្នកនាង !……..ពួកយើងជិតត្រឡប់ទៅវិញហើយ តើនៅថ្ងៃស្អែកនេះ ពួកយើងអាចមក ទីនេះម្ដងទៀតតើបានទេ ? បងវ៉េតពិតជាចង់មកទីនេះខ្លាំងណាស់
-អ្នកនាងល្អពេកហើយ …………….អញ្ជើញមកចុះ
-អរគុណ

សូមរង់ចាំវគ្គបន្ត

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មេសា 7, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: