រឿងចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(វគ្គ៧ចប់)
និពន្ធដោយ៖ លាក់ ម៉ាឡែន
ព្រោះតែស្នេហ៍
សំលេងស្រួយស្រេះកំពុងបន្លឺឡើងចេញពីក្នុងវិទ្យុ ក្រោមកម្មវិធី ចំណងស្នេហ៍ ៖ ស្នេហាត្រូវតែកើត ឡើងដោយការយល់ព្រមទាំងសងខាង បើវាកើតឡើងតែម្ខាង ឯម្ខាងទៀតដោយការបង្ខំនោះ នៅទីបញ្ចប់ ស្នេហានេះនឹងប្រៀបដូចជាទូកក្រដាស ដែលអណ្ដែតនៅលើផ្ទៃទឹក បេះដូងអ្នកនឹងឈឺស្ពឹក រកអ្វីមកប្រៀបផ្ទឹមពុំបាន ដូច្នេះសូមអ្នករុញច្រានស្នេហានេះចោលទៅ កុំឱ្យវាកប់ជ្រៅនៅក្នុងបេះដូងអ្នក ធ្វើឱ្យអ្នកជំពាក់ជំពិន តទៅទៀត ជីវិតបែបនេះ វាគ្មានន័យឡើយសម្រាប់អ្នក។ ដើម្បីឱ្យអ្នកធូរស្រាល ក្នុងអារម្មណ៍ នាងខ្ញុំសូមចាក់ ជូននូវចំរៀងមួយបទក្រោមចំណងជើងថា ស្នេហាទូកក្រដាស ។
នៅក្រោមចំរៀងដ៏អណ្ដែតអណ្ដូង កំលោះជ្រោងទាំងពីរ ម្នាក់គេង ម្នាក់ផ្អែកនៅលើសាឡុង ក្នុង អារម្មណ៍គិតមិនយល់ ។ ម៉ូរ៉ាបន្លឺឡើង ៖
-រ៉ាណាមានអីមិនល្អទៅ បានជាឯងមិនចង់រៀបការជាមួយនាង ?
-ចុះឯងមិនឭនាងនិយាយអម្បាញ់មិញទេអ្ហេ ? ខ្ញុំមិនបានស្រលាញ់នាងផង ឱ្យខ្ញុំទៅរស់នៅជាមួយ នាងយ៉ាងម៉េច ?
-តែចាស់ៗថា…………..
-បើអ៊ីចឹង ឯងបោះបង់ចិន្ដាទៅយកអ្នកផ្សេងទៅ
-ម៉េចនឹងអាច ! តែបើឯងមិនរៀបការជាមួួយរ៉ាណា មិនប្រាកដថាម៉ូលីន …….
-កុំយកម៉ូលីនមកពាក់ព័ន្ធ អ្វីដែលសំខាន់ គឺខ្ញុំមិនបានស្រលាញ់រ៉ាណានោះទេ
-តែនៅតែដប់ថ្ងៃទេណ៎ះ ឯងត្រូវចូលរោងហើយ ឬមួយឯងចង់រត់ ……….
-ខ្ញុំទៅងូតទឹកហើយ !
-………………….មាត់ថាមិនចង់រៀបការទេ តែជិតដល់ថ្ងៃហើយ មិនព្រួយមិនបារម្ភអីសោះ តើ ឯងគិតធ្វើស្អី ឬមួយគេចង់រត់មែន…………………..នែ៎ ! សេរី ឯងឆាប់ចេញមកនិយាយជាមួយខ្ញុំ សិន
-ឯងឡប់ទេអ្ហេ ខ្ញុំកំពុងងូតទឹកណ៎ា
-ឯងឆាប់ចេញមក !
ម៉ូរ៉ាឈរហៅសេរីពីក្រៅបន្ទប់ទាល់តែសេរីងូតទឹករួច ។ ថ្លែងពីរ៉ាណា នាងកំពុងដើរចេញពីបន្ទប់ ផ្សាយសំលេងក្នុងស្ថានីយ៍វិទ្យុ ក៏ជួបនឹង ករុណា ជាមិត្ដរួមការងារ និងតាមស្រលាញ់នាងយូរមកហើយ តាំងពីនៅរៀនវិទ្យាល័យម្ល៉េះ ។
ករុណាបន្លឺ ៖
-ឈប់សិនរ៉ាណា !
-ករុណាទេអ្ហេ ! មានការអី ?
-នាងពិតជាសំរេចចិត្ដរៀបការមែនអ្ហេ ?
-ត្រូវហើយ !
-ចុះខ្ញុំនោះ ?
-លោកយ៉ាងម៉េច តើមានទាក់ទងស្អីនឹងខ្ញុំ ?
-ម៉េចក៏នាងនិយាយអ៊ីចឹង ក្រែងពួកយើងធ្លាប់………..
-រឿងអតីតកាលលោកឈប់រំលឹកទៅ កាលនោះមកពីខ្ញុំនៅក្មេងពេក ពុំទាន់ចេះគិតវែងឆ្ងាយ ទើបមិនដឹងថា ស្នេហាយ៉ាងម៉េច ការពិតខ្ញុំមិនដែលស្រលាញ់លោកទេ សូមទោសណ៎ា !
-ម៉េចក៏នាងនិយាយបែបនេះទៅកើត ?
-ខ្ញុំបាននិយាយហើយ ស្នេហាទាល់តែកើតឡើងពីការព្រមព្រៀងទាំងសងខាង តែពួកយើង មិនអាចទេ លោកគួរតែកាត់ចិត្ដទៅ
-នាងបាននិយាយ ហើយក៏បានយល់ច្បាស់ណាស់ ចុះហេតុអ្វី ក៏នាងទៅរៀបការ ជាមួយមនុស្ស ដែលគេមិនចង់រៀបការជាមួយនាងនោះ
-លោកនិយាយថា នរណាមិនចង់រៀបការជាមួយខ្ញុំនោះ ?
-នាងដឹងច្បាស់ណាស់តើមែនទេ បើខ្ញុំជាមនុស្សប្រុសម្នាក់នោះវិញ រោងការនោះនឹងគ្មាន កូនកំលោះ
-លោកនិយាយស្អី !
-ខ្ញុំសង្ឃឹមថានាង មិនដូចជាទូកក្រដាសនោះទេ ជូនពរនាង តែសូមនាងចាំថា ទោះនាងឈឺចាប់ ដល់កម្រិតណា ខ្ញុំនៅតែនៅក្បែរនាងជានិច្ច លាហើយ !
រ៉ាណាក្នក់ក្នាញ់នឹងសំដីករុណាយ៉ាងខ្លាំង នាងត្រឡប់មកផ្ទះវិញទាំងមួម៉ៅ ។ ម្ដាយនាងបន្លឺ ៖
-នរណាធ្វើឱ្យកូនខឹងទៀតហើយ ?
-ម៉ាក់អ្ហ៎ា ! តើបងសេរីព្រមរៀបការជាមួយខ្ញុំទេ ?
-ម៉េចកូននិយាយអ៊ីចឹង ?
-កូនខ្លាចគាត់មិនរៀបការជាមួួយកូនហ្នឹងណ៎ះ ម៉ាក់ត្រូវតែជួយកូនណ៎ា
-កូនកុំបារម្ភ ម៉ាក់ដឹងច្បាស់ណាស់ថា សេរីគេចមិនផុតពីមង្គលការនេះទេ
-ហេតុអីម៉ាក់មានជំនឿចិត្ដយ៉ាងនេះ កូនដឹងថាគាត់មិនបានស្រលាញ់កូនទេ បើសិនជាថ្ងៃ មង្គលការ នោះគាត់ស្រាប់តែបាត់ខ្លួនទៅ ឱ្យកូនគិតយ៉ាងម៉េច ?
-បើសេរីបាត់ខ្លួននៅថ្ងៃការ គេនឹងបាត់បង់អ្វីៗទាំងអស់
-បាត់បង់ !
-លោកអ៊ំកូននិយាយរួចហើយ បើសេរីមិនព្រមចូលរោងការ គាត់នឹងកាត់កាល់គេចោល សូម្បីតែ ការងារសព្វថ្ងៃ ក៏គេគ្មានសល់ដែរ ដូច្នេះគេធ្វើម៉េចនឹងអាច……..
-លោកអ៊ំធ្វើដល់ថ្នាក់ហ្នឹងអ្ហេម៉ាក់ ?
-ត្រូវហើយ ! ដូច្នេះកូនឈប់បារម្ភទៅ
-ចុះបើសិនគាត់នៅតែទៅតាមស្រីនោះនោះ
-មនុស្សប្រុសណាកូន គេមិនចាក់អង្ករយកអង្កាមនោះទេ ដូចជាប៉ាកូនអ៊ីចឹង នៅទីបំផុតគាត់នៅតែ សំរេចចិត្ដរៀបការជាមួយម៉ាក់
-អ៊ីចឹង ការពិតប៉ានិងម៉ាក់មិនបានស្រលាញ់គ្នាមុនទេអ្ហេ ?
-ប៉ា និងម៉ាក់មិនដែលស្គាល់គ្នាទេ គឺចាស់ៗណែនាំប៉ុណ្ណោះ តែនៅទីបំផុតប៉ា និងម៉ាក់នៅតែអាច រស់នៅជាមួយគ្នាយ៉ាងសុខសប្បាយ កូនទុកចិត្ដចុះ សេរីក៏ដូចជាប៉ាឯងដែរ ក្រោយពេលរៀបការ យូរទៅប្រាកដជាស្រលាញ់កូនមិនខាន ។
និយាយដល់ចំនុចនេះ លោក វី រ៉ា ជាស្វាមីអ្នកស្រី សារី ដែលឈរនៅខាងក្រៅអស់មួយសន្ទុះ ក៏ដើរចូលទៅ ៖
-អូននិយាយអ៊ីចឹង បានន័យថា សេរីមិនបានស្រលាញ់កូនស្រីយើងទេអ្ហេ ?
-លោកប៉ា !
-រឿងស្រលាញ់ ឬមិនស្រលាញ់ វាគ្មានបញ្ហាអ្វីនោះទេបង
-អូនស្មានថា ក្មេងសម័យនេះ ដូចជាបងអ៊ីចឹងអ្ហេ ? អូនកំពុងតែនាំកូនឆ្កួតហើយ
-ម៉េចក៏បងនិយាយជាមួយអូនអ៊ីចឹង ?
-បងមិនចង់និយាយជាមួយអូនទេ តែបើមង្គលការនេះបញ្ឈប់បាន គួរតែបញ្ឈប់ទៅ
-លោកប៉ា ! ប៉ាមិនអាចធ្វើអ៊ីចឹងទេ …………
-បងចង់បញ្ឈប់ៗទៅ តែអូនមិនបញ្ឈប់ទេ កូនកុំយំ ម៉ាក់នឹងជួយកូន ពួកយើងចូលទៅក្នុង បន្ទប់ទៅ………………………..។
អ្នកស្រីសារីបណ្ដើរកូនស្រីចូលទៅក្នុងបន្ទប់ ចំណែកលោករ៉ាហាក់ដូចជាវិលចិន្ដាអស់ហើយ លោកមិនទាន់ស្បើយពីស្លាកស្នាមចាស់ផង ចុះហេតុអីក៏ភាពមួហ្មងនេះលេចឡើងសារជាថ្មី ហើយប៉ះចំលើ
កូនស្រីរបស់ខ្លួនទៀត ។
នេះហើយគឺជាវាលវដ្ដសង្សារ ឥលូវរ៉ាណាកំពុងអង្គុយចាំបុរសសង្ហារសេរីដោយស្មារតីស្រស់ថ្លា នៅតែស៊ូញញឹម និងវាចាដោយទន់ភ្លន់ ៖
-បងត្រូវការញាុំអី ?
-បងមិនញាុំទេ !
-ហេតុអីក៏ចេះតែធ្វើមុខសោះកក្រោះបែបនេះនៅចំពោះមុខខ្ញុំ ? បើនៅចំពោះមុខស្រីម្នាក់នោះ មិនដែលឃើញបងអ៊ីចឹងទេ
-អូនយល់ច្បាស់ពីបងហើយតើ ……បងមិនដែលដឹងថាអូនមានះយ៉ាងនេះទេ តែបើអូនព្រមទទួល យកមនុស្សដែលមានត្រឹមតែសំបកហើយ អូនត្រូវតែទ្រាំ
-មនុស្សមានត្រឹមតែសំបកអ្ហេ បងនិយាយបានល្អណាស់ តែមិនអីទេ ទោះជាយ៉ាងណាក៏អូននៅតែ ចង់រៀបការជាមួយមនុស្សនេះដែរ ចាំជួបគ្នានៅថ្ងៃការតែម្ដងចុះ ហ៊ីស !
យុវជនអង្គុយស្ងៀមនៅតុអាហារមួយសន្ទុះ ទើបដើរចេញទៅ ។ នាយដើរមួយៗ ឈ្ងោករាប់ ដំណើររបស់ខ្លួនដូចជាគ្មានកំលាំងកំហែងទាល់តែសោះ មួយសន្ទុះក៏ឈប់ទ្រឹងសំលឹងទៅត្រើយម្ខាងនៃស្ទឹង ទើបបន្លឺសំលេងខ្សាវៗតែម្នាក់ឯង ៖ “ទីនេះគួរតែមានឈ្មោះថា ទីចាំស្នេហ៍” គ្រាន់តែនិយាយឃ្លានេះចប់ ភ្លាមហាក់ដូចជាបានឮសំលេង ដែលលាន់ឮព្រមគ្នាដែរ ។ ក្រសែភ្នែកងាករកម្ចាស់សំលេង ក្រោមអាប់ផ្សែង នៃថ្ងៃអស្ដង្គត យើងសន្មតថា នោះហើយគឺម៉ូលីន និងសេរី ៖
-គឺលោកអ្ហេ !
-គឺនាងអ្ហេ !
-ហេតុអីក៏លោកមកទីនេះ ?
-ចុះនាង ?
-ខ្ញុំនឹកដល់បងស្រី ទើបឆៀងចូលមកលេង …………ក្រែងលោកជិត…….
-ឈប់និយាយទៅ !
-លោកមានបញ្ហាអីអ្ហេ ?
-បើខ្ញុំព្រមលះបង់អ្វីគ្រប់យ៉ាង ដោយនៅសល់តែសំបកខ្លួន តើនាងព្រមទទួលខ្ញុំទេ ?
-ខ្ញុំស្ដាប់មិនយល់ទេ ខ្ញុំទៅវិញហើយ !
-ខ្ញុំនិយាយមែនណ៎ះ បើខ្ញុំរត់ចោលរោងការ ប៉ាខ្ញុំនឹងកាត់កាល់ខ្ញុំចោល ការងារខ្ញុំក៏ត្រូវគាត់បញ្ឈប់ ដែរ នាងព្រមទទួលខ្ញុំទេ ?
-លោកមិនអាចធ្វើអ៊ីចឹងទេ
-ហេតុអីក៏ខ្ញុំមិនអាច ? អ្នកគ្រប់គ្នាសុទ្ធតែថាខ្ញុំមិនអាច នាងក៏អ៊ីចឹង តើមានគិតពីអារម្មណ៍ខ្ញុំទេ ? ខ្ញុំមិនមែនជាជំនួញជួញដូរទេ តើនាងដឹងទេ ? ………ហេតុអីក៏នាងមិននិយាយ នាងឆ្លើយតបនឹង ខ្ញុំមក តើខ្ញុំគួរធ្វើយ៉ាងណា ?…………….កាលដើមឡើយ ខ្ញុំគិតថា ខ្ញុំមិនចង់រៀបការ ព្រោះខ្ញុំមិន បានស្រលាញ់រ៉ាណា ហើយក៏មិនអាចយកនាងមកពាក់ព័ន្ធដែរ ប៉ុន្ដែការពិតគឺមកពីខ្ញុំបានស្រលាញ់ នាងរួចទៅហើយ បើឱ្យខ្ញុំបង្ខំចិត្ដទៅរៀបការជាមួយរ៉ាណានោះ វារឹតតែមិនអាច
-បានហើយ ! លោកស្រលាញ់នរណាខ្ញុំមិនដឹងទេ តែកុំយកខ្ញុំមកពាក់ព័ន្ធ ពួកយើងបាននិយាយគ្នា រួចហើយតើមែនទេ លោកមិនត្រូវអត្មានិយមទេ ខ្ញុំទៅវិញហើយ !
-ម៉ូលីន ! (សេរីចាប់ដៃយុវតីជាប់)
-លោក !
-ស្ដាប់ខ្ញុំសិន តើបានទេ ?……………
-លោកកុំស្មុគស្មាញពេក បើលោកគិតស្មុគស្មាញ វារឹតតែលំបាក
-តែខ្ញុំស្មុគស្មាញព្រោះតែនាងណ៎ះ
-ពួកយើងមិនដែលចាប់ផ្ដើម ហើយក៏មិនបានបញ្ចប់ដែរ វាគ្មានអ្វីមករឹតរួតនោះទេ លោកឈប់ គិតផ្ដេសផ្ដាសទៅ
-តែខ្ញុំស្រលាញ់នាង !
-ស្រលាញ់ ! ………………..លោកនិយាយទៅមើល ហេតុអីក៏លោកដឹងថា ខ្លួនលោកស្រលាញ់ខ្ញុំ
……………………….លោកឆ្លើយមិនចេញទេ មែនទេ ? លែងដៃខ្ញុំទៅ !
សេរីបន្ធូរដៃ យុវតីដើរចេញទាំងក្រៀមក្រំ តែសំលេងរណ្ដំរបស់យុវជន ធ្វើឱ្យនាងឈប់ង៉ក់ ៖
-នាងធ្វើឱ្យខ្ញុំយំ ហើយក៏ធ្វើឱ្យខ្ញុំសើច គ្រប់ពេលដែលខ្ញុំជួបនាង បេះដូងខ្ញុំត្រជាក់ដូចជាទឹកអម្រឹត ខ្ញុំហាក់ដូចជាស្ថិតនៅភពមួយផ្សេងពីអ្នកដទៃ ពិសេសនៅពេលដែលខ្ញុំកាន់ដៃនាង ខ្ញុំមិនដែលមាន អារម្មណ៍ឯកាទេ
-ឈប់និយាយទៅ !
ម៉ូលីនមិនងាកក្រោយដើរចេញទាំងទឹកភ្នែកស្រក់ ដំណក់ភ្លៀងធ្លាក់ខ្ពក ក្លាយជាសំណោកចំរៀង ដ៏សោកសៅ តែកប់ជ្រៅនៅក្នុងបេះដូងដ៏ក្ដៅគគុករបស់រ៉ាណា ដែលឈរសំលឹងមើលមកយុវជន ។
ចំរៀង ភ្លៀងធ្លាក់
១.ភ្លៀងធ្លាក់ហើយ……….នៅឡើយនឹកស្រណោះ ភ្លៀងលាងចិត្ដប្រុស លាងបេះដូងស្មោះ ហួសអស់និស្ស័យ ទឹកភ្លៀងសូរសៀងសែនពីរោះ តែចិត្ដប្រុសឆេះខ្លោចដិតដាមស្នាមជាំខ្មៅ ស្រីឥតមេត្ដាស្នេហាពៅ ឈានជើងចាកចេញទៅទាំងគ្រាំគ្រា
២.ភ្លៀងៗៗៗធ្លាក់មក ឆក់យកបេះដូង និងទុក្ខស្នេហ៍សែនវេទនា បើដាច់ចិត្ដ ជីវិតអស់ហើយវេលា ទោះត្រឹមនឹកនា វេលាឥតមេត្ដា
៣.ភ្លៀងៗៗៗធ្លាក់មក ខាបយកទុក្ខសោក លាងជម្រះទឹកនេត្រា ស្រវាំងចិត្ដ ក៏ត្រូវ អាណិតរោងការ លាហើយជីវ៉ា រៀបការចុះណាថ្លៃ ………………ស្រីជូនពរបង ។
………………………………………………………………………………………………………
ចំណងកាន់តែតឹង លំនឹងកាន់តែយោគ តែនៅតែហ៊ានប្រឈម ។ នេះគឺជាស្មារតីរបស់មនុស្សប្រុស នោះគឺសេរី កំពុងអង្គុយលើកៅអីចាំឪពុករ៉ាណា ៖
-ជំរាបសួរលោកពូ !
-លើកដៃថ្វាយព្រះ ! មានការអីទើបណាត់ពូមកទីនេះ ?
-សូមទោសលោកពូ ខ្ញុំពិតជាអស់ផ្លូវជ្រើសរើសមែន ការពិតខ្ញុំមិនបានស្រលាញ់រ៉ាណាទេ ហើយក៏ មិនចង់រៀបការដែរ ប៉ុន្ដែ………….
-ប៉ុន្ដែមកពីប៉ាឯងបង្ខំអ្ហេ ! អ៊ីចឹងឯងមកប្រាប់ខ្ញុំនេះ ឯងមិនខ្លាចខ្ញុំខឹងនឹងឯងទេអ្ហេ
-សូមទោសលោកពូ ! តែបើខ្ញុំបង្ខំចិត្ដរៀបការនោះ មិនមែនតែខ្ញុំទេ សូម្បីរ៉ាណាក៏ឈឺចាប់ដែរ
-រួមទាំងស្រីដែលឯងស្រលាញ់ម្នាក់ទៀត តើមែនទេ ?
-បាទ !
-ចុះឯងមិនស្ដាយអ្វីៗដែលឯងត្រូវបាត់បង់ទេអ្ហេ សូម្បីតែប៉ារបស់ឯង ?
-ខ្ញុំជឿថា គាត់នឹងយល់នៅថ្ងៃណាមួយ ទោះជាគាត់កាត់កាល់ខ្ញុំ ក៏ខ្ញុំមិនបោះបង់ពួកគាត់ដែរ តែពេលនេះ ខ្ញុំមិនអាចធ្វើតាមពួកគាត់ទេ ព្រោះនេះជាសុភមង្គលតែមួយគត់របស់ខ្ញុំ
-កាលនៅក្មេង បើខ្ញុំក្លាហានដូចជាឯងអ៊ីចឹង ប្រហែលមិនរស់នៅស្ដាយក្រោយបែបនេះទេ ………. ឯងចាកចេញមួយរយៈចុះ
-លោកពូ !
-ខ្ញុំធ្វើនេះមិនមែនដើម្បីឯងទេ តែដើម្បីកូនស្រីខ្ញុំ ឯងទៅចុះ រឿងទាំងអស់ ទុកឱ្យខ្ញុំដោះស្រាយ
-អរ…….គុណលោកពូ
ពិធីជប់លៀង
ការចាកចេញរបស់សេរីគ្មាននរណាដឹងឡើយ សូម្បីតែម៉ូរ៉ា ។ ឥលូវពួកគេម្នាក់ៗកំពុងតែជ្រួល ច្របល់នៅក្នុងពិធី ចំណែកម៉ូរ៉ាក្លាយទៅជាចុងចោទសម្រាប់អ្នកគ្រប់គ្នា ។ លោកសារ៉ាវាចាទាំងក្រេវក្រោធ ៖
-ក្រែងពួកឯងមកជាមួយគ្នាអ្ហេ ហើយហេតុអីក៏បាត់សេរី ?
-សូមទោសលោកប្រធាន សេរីឱ្យខ្ញុំមកមុន គេថាទៅយករបស់នៅផ្ទះមួយភ្លែត តែក៏បាត់ឈឹងទៅ
-តើវាទៅណាវា ឆាប់ទាក់ទងទៅវាទៅ
-សេរីបិទទូរស័ព្ទហើយបង
-អ្នកម៉ាក់ ! តើឱ្យកូនធ្វើយ៉ាងម៉េច ?
-ខ្ញុំមិនដឹងទេ ពួកបងត្រូវតែរកកូនកំលោះឱ្យឃើញ
-មិនបាច់រកទេ !
-បងនិយាយអី ?
-លោកប៉ា !
-សេរីទៅបាត់ហើយ ! ថ្ងៃនេះគ្មានពិធីមង្គលការអ្វីទាំងអស់
-លោកប៉ាកំពុងនិយាយស្អីហ្នឹង ?
-ត្រូវហើយ តើបងកំពុងតែធ្វើស្អី ? ថ្ងៃនេះជាថ្ងៃមង្គលកូនស្រីយើងណ៎ះ
-ថ្ងៃមង្គលស្អីទៀត បើគ្មានកូនកំលោះទៅហើយនោះ
-ម៉ាក់អ្ហា! ក្រែងម៉ាក់និយាយថា ទោះយ៉ាងណា ក៏បងសេរីត្រូវតែរៀបការជាមួយកូននោះ ចុះពេលនេះហេតុអី………
-បានហើយ ! កូនឈប់មានះទៀតទៅ អូនគួរតែនាំកូនទៅបន្ទប់ទៅ ទុកឱ្យបងជាអ្នកទទួលខុស ត្រូវនៅទីនេះ
-ចុះកម្មវិធីនៅស្អែកនោះ ?
-បងនឹងប្រកាសប្រាប់គេ ថាជាពិធីជប់លៀងទៅចុះ
-មិនបានទេលោកប៉ា!
-ឬមួយកូនចង់ទៅទទួលភ្ញៀងដោយគ្មានកូនកំលោះ ឆាប់ទៅបន្ទប់ទៅ
អ្នកស្រីសារីនាំកូនចូលក្នុងបន្ទប់ លោកសារ៉ានិយាយទាំងរអៀសចិត្ដ ៖
-សូមទោស !
-លោកមិនចាំបាច់និយាយអ្វីទាំងអស់ បើកុំតែលោកក៏គ្មានរឿងបែបនេះដែរ តែសំណាងហើយ ដែលសេរីទៅរកខ្ញុំ លោកមានកូនក្លាហាន និងពូកែយ៉ាងនេះ ហេតុអីក៏ដាច់ចិត្ដយកសុភមង្គល គេមកដូរនឹងមុខជំនួញលោកទៅកើត ……………..ម៉ូរ៉ា !
-បាទលោក !
-បើមិនរវល់ទេ សូមជួយចាត់ចែងកម្មវិធីផង
-បាទមិនអីទេលោក !
ម៉ូរ៉ារវល់ដកខ្លួនមិនរួច រហូតដល់ពិធីស៊ីលាង ក៏ឈរដកដង្ហើមធំមួយសន្ទុះ ៖
-អាចង្រៃនេះ ធ្វើអីមិនប្រាប់យើងសោះ តើឯងនៅឯណា ហើយកំពុងធ្វើអី ឯងមិនដឹងទេ ថាយើង នេះហត់ស្ទើរដាច់ខ្យល់ទៅហើយ ត្រូវហើយ ! តើម៉ូលីនដឹងពីរឿងនេះទេ តេទៅនាងសិន
-ម៉ូរ៉ា !
-បាទលោកប្រធាន !
-ឯងជួយទទួលភ្ញៀវផង ហើយមើលការខុសត្រូវផង
-បាទ !
ម៉ូរ៉ាដាក់ទូរស័ព្ទចុះ ក៏ទៅធ្វើការងាររបស់ខ្លួនទៀត ។
ស្ដែងពីចិន្ដាតុបតែងកាយាយ៉ាងស្រស់ស្អាត មកយកម៉ូលីនទៅជាមួយ ៖
-នែ៎ ! ឯងប្រាកដហើយអ្ហេ ដែលសំរេចចិត្ដទៅញាុំការនោះ ?
-ឯងខ្លាចខ្ញុំទ្រាំមិនបានអ្ហេ ?
-យ៉ាងម៉េច ! ដល់ពេលនោះ ខ្ញុំមិនដឹងជួយឯងយ៉ាងម៉េចទេណ៎ា
-កុំបារម្ភអី ខ្ញុំមិនឱ្យឯងលំបាកទេ ……ឆាប់ទៅ !
ម៉ូលីន និងចិន្ដាកំពុងធ្វើដំណើរមកតាមផ្លូវ តែមួយសន្ទុះ ចិន្ដាបន្លឺឡើងទាំងភ្ញាក់ផ្អើល ៖
-លោកសេរី !
-ឯណា ?
-ខ្ញុំឃើញនរណាគេដើរកាត់អម្បាញ់មិញ ស្រដៀងនឹងលោកសេរីណាស់
-ម៉េចនឹងអាចទៅ ឯងមើលច្រឡំហើយ ឆាប់ទៅៗ
-ប្រហែលច្រឡំមែនហើយ
ការពិតចិន្ដាមិនបានមើលច្រឡំនោះទេ សេរីកំពុងតែដើរនៅលើវិថីដោយស្មារតីស្ងប់ស្ងាត់ តែក៏ ប្រទះភ្នែកនឹងគ្រោះថ្នាក់ចរាចរណ៍មួយ ។ ស្ដ្រីវ័យកណ្ដាលម្នាក់កំពុងតែយំឱបកូន ហើយដង្ហោយឱ្យគេជួយ គួរឱ្យអាសូរ ។ ដោយឃើញសម្រែកថ្ងួចថ្ងូរ និងភាពឈឺចាប់ យុវជនលើកទូរស័ព្ទតេប្រញាប់ទៅ ឡានពេទ្យ ។
ចំណែកយុវតីក៏មកដល់កន្លែងពិធីដោយសុវត្ថិភាព តែដើរចេញពីកន្លែងដាក់ម៉ូតូមិនបានប៉ុន្មានផង ក៏លេចមុខរ៉ាណា ដែលពេញដោយកំហឹងគួរឱ្យខ្លាច នាងហក់ទៅទះកំផ្លៀងយុវតី ដែលមិនបានដឹងអ្វី ទាំងអស់ ហើយប្រុងស្ទុះទៅទៀត តែចិន្ដារត់មកញំងទាន់ ៖
-បើនាងហានចូលមកទៀត យើងទះនាងវិញ ឯងយ៉ាងម៉េចហើយ
-មិនអីទេ !
មនុស្សផ្អើលឆរមកមើល ម៉ូរ៉ាឃើញថា មានរឿងកើតឡើង ក៏ព្យាយាមតេទៅយុវជន ហើយ រត់ទៅប្រាប់លោករ៉ា។ ចំណែកអ្នកស្រីសារី និងកូនស្រីព្រមទាំងអង្គរក្សប្រុសពីរនាក់ ដែលក្រៀកចិន្ដាជាប់ កំពុងតែប្រមាថតិះដៀល យ៉ាងធ្ងន់ទៅលើម៉ូលីន ៖
-ស្រីអត់កេរខ្មាសដូចជានាង ខ្វះប្រុសណាស់ទៅអ្ហេ ?
-នាងឆាប់និយាយទៅ ថានាងយកសេរីទៅលាក់ឯណា ?
-ខ្ញុំមិនដឹងទេ បើគាត់ទៅរកខ្ញុំមែន ហេតុអីខ្ញុំត្រូវមកទីនេះទៀត ?
-គឺមកបញ្ឈឺយើងហ្នឹងណ៎ា!
-បើនាងមិនព្រមនិយាយ យើងនឹងទះមាត់នាង ឱ្យទាល់តែនិយាយចេញមក
-ឈប់ភ្លាម !
សំលេងពីរលាន់ឮឡើង នោះគឺសំលេងលោករ៉ា និងសេរី ដែលហឫទ័យមិនខុសពីពួកគេប៉ុន្មានទេ ។ សេរីដើរចូលទៅទាញដៃម៉ូលីនចេញពីហ្វូងមនុស្សទាំងនោះ ដោយមិនស្ដីមួយម៉ាត់ ហើយសូម្បីតែមុខរ៉ាណា ក៏នាយមិនខ្ចីមើលដែរ រ៉ាណាខឹងណាស់ ក៏គំហោកខ្លាំងៗ ៖
-ឈប់សិន ! ខ្ញុំមិនឱ្យបងទៅណាទេ…….នេះព្រោះតែនាងអ្ហេ ទើបបងមកទីនេះ ខ្ញុំនឹងសំលាប់នាង
យុវជនរុញម៉ូលីនចូលឡាន ហើយងាកទៅតបនឹងរ៉ាណា ៖
-ត្រូវហើយ ! បើកុំតែខ្ញុំឮថាម៉ូលីនមកទីនេះ ខ្ញុំក៏មកជាន់ទីនេះដែរ
-បង !
-នាងល្មមភ្ញាក់ខ្លួនហើយ !
-ខ្ញុំមិនឱ្យបងទៅណាទេ ?
-ឈប់ភ្លាម !
-……………..ប៉ា ! នេះ……..ប៉ាវ៉ៃខ្ញុំអ្ហេ
-ប៉ាវ៉ៃឱ្យឯងភ្ញាក់ខ្លួនឡើង …….. អូនឆាប់នាំរ៉ាណា ទៅផ្ទះទៅ
សេរីឡើងឡានបើកចេញមក ។ ឡានឈប់ង៉ក់ក្បែរដើមរំដួល យុវតីបំរុងបើកទ្វារឡានចេញ តែយុវជនចាប់ដៃជាប់ ។ ពួកគេស្ងប់ស្ងាត់មួយសន្ទុះធំ ទើបសេរីយកដៃទៅប៉ះថ្ពាល់ម៉ូលីន ៖
-ឈឺទេ ?
-លោកមានឃើញស្រីម្នាក់ឈឺចាប់យ៉ាងណាទេនៅចំពោះមុខលោក ? លោកស្រាយបញ្ហាដោយ វិធីនេះអ្ហេ ?……លោកដឹងទេថា ធ្វើបែបនេះ វាមិនសាហាវពេកទេអ្ហេ ? បើព្រោះដោយសារតែខ្ញុំ ទើបធ្វើឱ្យលោកធ្វើបែបនេះ ខ្ញុំមិនសមរស់នៅលើលោកនេះទេ…
-ម៉ូលីន !
-ខ្ញុំសាហាវពេកហើយ ……..អ្នកនាងរ៉ាណាមិនគួរទះខ្ញុំតិចយ៉ាងនេះទេ
-នាងមិនខុសទេ រឿងទាំងអស់ខុសមកពីខ្ញុំ នាងដឹងទេ បើខ្ញុំមិនជ្រើសរើសយកវិធីនេះ ពួកយើង សុទ្ធតែត្រូវឈឺចាប់ទាំងអស់គ្នា ……..ត្រូវហើយ ! ពេលនេះរ៉ាណាឈឺចាប់ខ្លាំងណាស់ តែពេល ក្រោយនាងនឹងបានសុខ ហើយនឹងរស់នៅដោយភាពរីករាយ ផ្ទុយទៅវិញបើខ្ញុំសម្រេចចិត្ដរៀបការ ជាមួយនាង ការឈឺចាប់នេះនឹងគ្មានថ្ងៃបញ្ចប់ឡើយ តើនាងយល់ទេ ? ខ្ញុំពិតជាស្រលាញ់នាង ខ្ញុំមិនចង់ឱ្យនាងឈឺចាប់តទៅទៀតទេ
យុវជនយកនាសាផ្ដិតលើថ្ងាសយុវតី ឯដៃទាំងគូស្រវាឱបនាងជាប់នឹងដើមទ្រូង បញ្ជាក់ពីសេចក្ដី ស្រលាញ់អស់ពីបេះដូង ៖
-លែងទៅ !
ម៉ូលីនទះសេរីមួយកំផ្លៀងយ៉ាងដំណំ ៖
-លោកល្មមភ្ញាក់ខ្លួនហើយ លោកស្មានថា ជីវិតពិតដូចជាប្រលោមលោកអ៊ីចឹងអ្ហេ ហ៊ីស……….
ម៉ូលីនរត់ចេញបាត់ ទុកឱ្យសួតថ្លើមប្រម៉ាត់ ដែលស្ទើរតែដាច់បាត់ចេញពីទ្រូងយុវជន ជោរជន់ទៅ ដោយភាពខ្លោចផ្សា ។
………………………………………………………………………………………………………
ថ្វីត្បិតតែពាក្យស្រលាញ់ពោលចេញពីមាត់ តែស្រមោលដែលធ្លាប់មានស្រាប់ វាហាក់ដូចជាតាម ជាប់នឹងខ្លួនមិនព្រមរសាត់ឆ្ងាយទាល់តែសោះ ។ ឱ ! ស្រីស្រស់ឆ្មើងឆ្មៃ ទឹកចិត្ដភក្ដីដែលមានចំពោះគេ ប្រែជាឥតន័យយ៉ាងដូច្នេះអ្ហេ? តែមើលទៅនាងដូចជាមិនអស់សង្ឃឹមសោះ នាងនៅតែស្រស់បស់ទៅធ្វើការ ដូចធម្មតា ។ ករុណាបន្លឺ ៖
-នាងមិនអីទេអ្ហេ ?
-លោកមើលមកខ្ញុំដូចជាមនុស្សអស់សង្ឃឹមទេ ?
-មិនដូចទេ !
-ត្រូវហើយ ! ខ្ញុំធ្វើម៉េចនឹងអាចជាអ្នកចាញ់ទៅ ខ្ញុំមិនចុះចាញ់ដោយងាយៗទេ
រ៉ាណានិយាយហើយដើរចេញយ៉ាងឆ្មេឹងឆ្មៃ ចំណែកករុណា ដែលធ្លាប់ថាមិនអស់អាល័យ ពេលនេះ ដូចជាគ្មានក្ដីស្រមៃ និងជំនឿចិត្ដតស៊ូតទៅទៀតឡើយ ។
ចាប់ពីថ្ងៃមានបញ្ហាមក សេរីបាត់ដំណឹងឈឹង មិនព្រមទាក់ទងមកនរណាម្នាក់សោះសូម្បីតែម៉ូរ៉ា។ ម៉ូរ៉ាបម្រុងដើរចូលធនាគារ ស្រាប់តែឃើញលោកសារ៉ាដើរចូលទៅ ទើបទុចង៉ក់នៅខាងក្រៅ ។ ម៉ូលីនរៀប បម្រុងចេញទៅផ្ទះល្មម លុះងាកដើរចេញមកក៏ប្រទះប៉ះនឹងលោកសារ៉ា ៖
-សូមទោសលោកអ៊ំ !
-នាងគឺម៉ូលីនមែនទេ ?
-ចាស !
-ខ្ញុំគឺជាប៉ារបស់សេរី ! …………ខ្ញុំសូមជួបនាងបន្ដិចបានទេ ?
-លោកអ៊ំមានការអីអ្ហេ ?
-ពួកយើងទៅភោជនីយដ្ឋានខាងមុខនេះទៅ ស្រួលនិយាយគ្នា
-ចាស !
ម៉ូរ៉ាឆ្ងល់ណាស់ថា ហេតុអ្វីក៏លោកសារ៉ាមករកម៉ូលីនដល់កន្លែងធ្វើការ តែទូរស័ព្ទក៏បន្លឺឡើង ។ គ្រាន់តែឃើញលេខទូរស័ព្ទភ្លាម នាយអរភើត ៖
-អាឡូ ! តើឯងកំពុងនៅឯណា ?
-ខ្ញុំនៅក្រោមដើមរំដួល
-ឆាប់មកភោជនីយដ្ឋានទន្លេសាបមក ប៉ាឯងកំពុងនៅជាមួយម៉ូលីន
-ថាម៉េច !
ចូលដល់ក្នុងភោជនីយដ្ឋាន ម៉ូលីននិយាយដោយសុភាពរាបសារទៅកាន់លោកសារ៉ា ៖
-លោកអ៊ំមានការអ្វីចង់និយាយជាមួយខ្ញុំអ្ហេ ?
-មិនដឹងថានាងដឹង ឬធ្វើមិនដឹងនោះទេ មកដល់ពេលនេះ សេរីគឺបាត់ដំណឹងឈឹង ខ្ញុំមិនដឹងទៅរក វានៅឯណាទេ ទើបដាច់ចិត្ដមករកនាង តើនាងដឹងថាគេនៅកន្លែងណាទេ ?
-សូមទោសលោកអ៊ំ ការពិតខ្ញុំក៏មិនដឹងថាគាត់នៅឯណាដែរ
-នាងកុំកុហកខ្ញុំបានទេ ! ……………សូមទោសខ្ញុំច្រឡោតពេកហើយ កូនប្រុសខ្ញុំតាំងពីតូចដល់ធំ មិនដែលស្គាល់អ្វីហៅថាវេទនាទេ តែពេលនេះគេចាកចោលផ្ទះដោយខ្លួនទទេ គឺដោយសារតែនាង
-លោកអ៊ំ !
សេរីបម្រុងស្ទុះចូលទៅ ៖
-ឯងគិតធ្វើអី ?
-ខ្ញុំទៅនាំម៉ូលីនចេញមក
-ឯងស្ងប់អារម្មណ៍សិនទៅ ម៉ូលីនជាមនុស្សឆ្លាត ខ្ញុំជឿថានាងអាចទប់ទល់នឹងប៉ាឯងបាន ពួកយើងនៅចាំមើលទីនេះសិនហើយ
-នាងស្ដាប់ខ្ញុំនិយាយសិន ! ខ្ញុំដឹងថានាងក៏ជាមនុស្សល្អដែរ បើមិនអ៊ីចឹងកូនប្រុសខ្ញុំក៏មិនសុខចិត្ដ លះបង់ខ្លួនឯងដើម្បីនាងដែរ ប៉ុន្ដែបើនាងពិតជាស្រលាញ់សេរីមែន នាងគួរតែដើរចេញពីជីវិតគេ ទៅ ខ្ញុំជឿថា នាងក៏មិនចង់ឃើញគេរងទុក្ខដែរតើមែនទេ ?
-សូមទោសលោកអ៊ំ ! ចាប់ពីថ្ងៃនោះមក ខ្ញុំក៏មិនដឹងថាលោកសេរីទៅណាដែរ តែលោកសេរីរង ទុក្ខ ឬមិនរងទុក្ខនោះ វាមិនស្ថិតនៅលើខ្ញុំនោះទេ គឺស្ថិតនៅលើលោកអ៊ំផ្ទាល់ លោកអ៊ំប្រហែលជា យល់ច្រឡំថា លោកសេរីរត់ចោលរោងការ ព្រោះដើម្បីខ្ញុំអ្ហេ ?
-ប៉ុន្ដែនៅថ្ងៃនោះ ……
-បើនៅថ្ងៃនោះគាត់ទៅរកខ្ញុំ ខ្ញុំក៏មិនទៅ ឱ្យអ្នកនាងរ៉ាណាទះកំផ្លៀងដែរ ការពិតខ្ញុំស្ដាយក្រោយ ណាស់ បើមុននោះខ្ញុំឆ្លើយថាព្រមទទួលគាត់ ម្ល៉េះពេលនេះគាត់ប្រហែលជាទៅរកខ្ញុំ មិនបាត់ ដំណឹងសូន្យឈឹងយ៉ាងនេះទេ
-និយាយអ៊ីចឹង បានន័យថា នាងក៏ស្រលាញ់គេដែរអ្ហេ ?
-ត្រូវហើយ !ខ្ញុំស្រលាញ់គាត់ តែខ្ញុំបែរជាបដិសេធគាត់ សង្ឃឹមថាគាត់មិនជ្រើសយកវិធីនេះ តែទី បំផុត គាត់នៅតែជ្រើសយកវិធីនេះដដែល លោកអ៊ំគួរតែគិតដល់ចិត្ដកូនហើយ
-នាង !
-ខ្ញុំជាចំណែកតូចមួយនៅក្នុងជីវិតគាត់ប៉ុណ្ណោះ លោកអ៊ំមិនគួរយកសុភមង្គលកូនទៅជួញដូរ ធ្វើ ជាមុខជំនួញនោះទេ
-នាងហាននិយាយបែបនេះចំពោះខ្ញុំអ្ហេ !
-លោកអ៊ំខាតហើយ ព្រោះពេលនេះ លោកអ៊ំកំពុងតែបាត់បង់កូនប្រុសជាទីស្រលាញ់របស់ ខ្លួនហើយ សូមទោសខ្ញុំត្រឡប់ទៅវិញហើយ !
ម៉ូលីនដើរចេញមក ដោយទុកឱ្យលោកសារ៉ានៅតែម្នាក់ឯងប្រកបដោយទឹកមុខស្ងប់ស្ងៀម តែនាង មិនបានឃើញសេរី និងម៉ូរ៉ាឡើយ ។
ថ្ងៃនេះមិនដឹងជាថ្ងៃអ្វី បានជាយុវតីជួបសាច់ញាតិរបស់យុវជន ។ គ្រាន់តែទៅដល់ផ្ទះភ្លាម ៖
-កូនមកដល់ហើយអ្ហេ ! នៅជជែកលេងជាមួយអ្នកស្រីចុះ ម៉ាក់ចេញទៅក្រៅមួយភ្លែត
-នាងគឺម៉ូលីនមែនទេ ?
-ចាស ! លោកស្រី……
-ខ្ញុំជាម៉ាក់របស់សេរី !
-ជំរាបសួរ !
-នាងប្រហែលជាឆ្ងល់ហើយ ដែលខ្ញុំមកដល់ទីនេះ ពួកយើងអង្គុយសិនទៅ
-ចាស !
-នាងស្អាតបាតណាស់តើ អ៊ីចឹងតើបានជាសេរីស្រលាញ់នាង
-អ៊ំស្រីអញ្ជើញមករកខ្ញុំ ប្រហែលជាចង់ដឹងថា លោកសេរីនៅឯណាអ្ហេ ?
-ថាអ៊ីចឹងក៏បាន ការពិតទៅខ្ញុំយល់ចិត្ដកូនប្រុសម្នាក់នេះច្បាស់ណាស់ គេប្រហែលមិនមករកនាង ទេតើមែនទេ ?
-បើអ៊ំស្រីដឹងហើយ ហេតុអីក៏អញ្ជើញមកទីនេះ ?
-ខ្ញុំចង់មកមើលនាង ហើយចង់ផ្ដាំផ្ញើនាង បើសេរីពិតជាទាក់ទងមកនាងមែន សូមនាងជួយមើល ថែគេផង ហើយបើប៉ារបស់គេនៅតែរឹងរូសនោះ មិនចាំបាច់ឱ្យគេត្រឡប់ទៅវិញទេ ឱ្យគេស្វែងរក សុភមង្គលខ្លួនឯងចុះ មិនចាំបាច់បារម្ភពីខ្ញុំទេ តើនាងអាចជួយខ្ញុំបានទេ ?
-ខ្ញុំធ្វើម៉េចនឹងអាច…..
-អ៊ំដឹងថា សេរីពិតជាស្រលាញ់ក្មួយ បើមិនអ៊ីចឹង គេមិនក្លាហានចំពោះប៉ាគេយ៉ាងនេះទេ នេះជា លើកទីមួយហើយ ដែលគេប្រឆាំងនឹងប៉ាគេ អ៊ំផ្ញើកូនផង តើបានទេ ?
-បើគាត់ទាក់ទងមកខ្ញុំមែន ខ្ញុំនឹងប្រាប់អ៊ំស្រី អ៊ំស្រីកុំបារម្ភអី
-អរគុណក្មួយហើយ ! ល្ងាចណាស់ហើយ អ៊ំលាត្រឡប់ទៅវិញហើយ
-ចាស !
អ្នកស្រីសាវីចេញផុត ម៉ូលីនដកដង្ហើមធំ ៖
-អ្ហើយ ! តើលោកទៅណា ?
មិនចង់ថយក្រោយ
ធម្មជាតិស្ងប់ស្ងាត់ណាស់ តែបេះដូងនៅតែបំរាស់ទាមទារចង់បានស្នេហាដែលគេមិនត្រូវការ ។ ឱ ! រ៉ាណាដ៏ឆ្មើងឆ្មៃ ហេតុអ្វីនៅតែតស៊ូប្ដូរយកបេះដូងតែម្ខាងបែបនេះ ។ ម៉ូលីនបើកភ្នែកធំៗនៅពេលឃើញ រ៉ាណានៅចំពោះមុខខ្លួន ៖
-នាងដូចជាសុខសប្បាយ ខ្លាំងណាស់ហ្ន៎ !
-អ្នកនាងមានការអីអ្ហេ ?
-ខ្ញុំចង់និយាយជាមួយនាង
-សូមទោស ខ្ញុំរវល់ធ្វើការ មិនអាច…….
-មិនអីទេ ល្ងាចនេះខ្ញុំចាំនាងនៅដងស្ទឹង
-ប៉ុន្ដែខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយអ្នកនាងនោះទេ
-តែខ្ញុំមាន បើនាងមិនចង់ឱ្យរំខានដល់ការងារនាងទេ នាងគួរតែទៅជួបខ្ញុំ ខ្ញុំមិនធ្វើបាបនាងទេ បើ សិនខ្ញុំចង់ធ្វើបាបនាង ក៏មិនណាត់នាងទៅកន្លែងមនុស្សច្រើនបែបនោះដែរ លាហើយ ! ល្ងាចនេះ ជួបគ្នា
ម៉ូលីនមិនដឹងថា រ៉ាណាកំពុងតែគិតអ្វីមកលើនាងទេ តែនាងមានបំណងមិនទៅជួបរ៉ាណានោះ ឡើយ តែទើបតែដើរចេញពីកន្លែងធ្វើការ ស្រាប់តែមានមនុស្សប្រុសពីរនាក់ដើរមកក្បែរនាង ៖
-ឆាប់ទៅដងស្ទឹងទៅ !
-ពួកលោកជានរណា ?
-អ្នកនាងរ៉ាណាកំពុងចាំនាង
ម៉ូលីនក៏ដើរមកដល់ដងស្ទឹឹង រ៉ាណាបន្លឺ ៖
-នាងមកហើយអ្ហេ ! កុំតែខ្ញុំឱ្យគេទៅទទួលនាង នាងប្រហែលជាមិនមកទេ តើមែនទេ ?
-នាងមានការអីចង់និយាយនិយាយមក
-បងសេរីនៅឯណា ?
-សូមទោស ខ្ញុំមិនដឹងទេ !
-នាងពិតជាមិនដឹងមែនអ្ហេ ? ចុះនៅថ្ងៃ ដែលគាត់នាំនាងចេញពីខ្ញុំនោះ ?
-គាត់យកខ្ញុំទៅដាក់ផ្ទះ គាត់ក៏ត្រឡប់ទៅវិញទៅ
-នាងនិយាយកុហក !
-មនុស្សដូចខ្ញុំមិនខ្លាចការពិតទេ មានរឿងអីដែលខ្ញុំនិយាយកុហកនោះ បើអ្នកនាងគ្មានការអីទៀត ទេ ខ្ញុំត្រឡប់ទៅវិញហើយ
-បាន ! ខ្ញុំជឿនាង ប៉ុន្ដែខ្ញុំសុំនាងរឿងមួយតើបានទេ ? ………….ដើរចេញពីបងសេរីទៅ នាងចង់ បានអ្វី នាងប្រាប់មក ខ្ញុំធ្វើតាមនាងទាំងអស់ …………..ខ្ញុំដឹងថាខ្ញុំមិនល្អដូចជានាង តែខ្ញុំពិតជា ស្រលាញ់គាត់ណាស់ ខ្ញុំសូមអង្វរនាងតើបានទេ !
-អ្នកនាងរ៉ាណា !
-នាងចង់ឱ្យខ្ញុំលុតជង្គង់ក៏បាន ឬនាងចង់ទះខ្ញុំសងសឹកក៏បាន នាងទះមក !
-ខ្ញុំគ្មានសិទ្ធិធ្វើបែបនេះចំពោះអ្នកនាងទេ…………………តែបើលោកសេរីពិតជាជ្រើសយកនាងមែន ខ្ញុំរីករាយនឹងដើរចេញ
-តែខ្ញុំចង់ឱ្យនាងដើរចេញពីគាត់ បើសិនជាគាត់នៅឆ្ងាយពីនាង នោះខ្ញុំអាចនឹងមានសង្ឃឹម ខ្ញុំសូម អង្វរនាង តើបានទេ ? នេះជាលើកទីមួយហើយ ដែលខ្ញុំព្រមចុះចាញ់គេ …ខ្ញុំអង្វរនាង …….
ម៉ូលីនទឹកមុខស្ងប់ស្ងៀម តែកាយវិការរ៉ាណា បានគំរាមនាងរួចទៅហើយ ។ មនុស្សឆ្មើងឆ្មៃម្នាក់ ព្រោះតែជំពាក់ធ្លាក់ក្នុងជ្រោះស្នេហ៍ដ៏ជ្រៅ លែងខ្លាចរណ្ដៅទុក្ខ សុខចិត្ដធ្វើគ្រប់យ៉ាងឱ្យតែបានរបស់ជាទី ស្រលាញ់ ។ នេះឬសំណាញ់ជីវិត ? ងងឹតដល់ហើយ ។ ម៉ូលីនចាកចេញពីរ៉ាណាដោយបានសន្យាថា នឹងមិន ជួបសេរីក្នុងករណីណាក៏ដោយ តែមិនមែនមានន័យថា នាងបោះបង់ទឹកចិត្ដស្រលាញ់របស់នាងចំពោះយុវជន ឡើយ អ្វីដែលនាងធ្វើ នាងគ្រាន់តែចង់ស្រោចស្រង់ទឹកចិត្ដមនុស្សស្រីម្នាក់ប៉ុណ្ណោះ ។ ទោះនាងដឹងថា នេះ មិនមែនជាវិធីដ៏ល្អ ក៏ត្រូវតែសំរេចផ្លូវនេះដែរ ។
ប៉ុន្មានថ្ងៃមកនេះ ម៉ូលីនមានអារម្មណ៍ស្ងប់ស្ងៀម មិនសូវនិយាយស្ដីជាមួយមិត្ដរួមការងារទេ ។ ដោយឃើញបែបនេះ ចិន្ដាក៏មកបបួលនាងទៅញាុំអីនៅអង្គរ ដោយមានទាំងម៉ូរ៉ាទៅជាមួយផង ។
-ពួកឯងរីកចំរើនណាស់ហ្ន៎
-ត្រូវហើយ ចុះនាងនិងសេរីនោះ ?
-ឯងមានដែលជួបគាត់ទេ ?
-អត់ទេ !
-ចុះនាងចង់ជួបគេទេ ?
-អត់ទេ !
-ហេតុអី ?
-គ្មានមូលហេតុទេ តែបើមិនជួបក៏ប្រសើរដែរ
-នាងមិនបារម្ភពីគេខ្លះទេអ្ហេ ? ពេលនេះ គេនៅឯណាក៏មិនដឹង សុខទុក្ខយ៉ាងណាក៏មិនដឹង
-គាត់ក្លាយជាមនុស្សគ្មានទីពឹងហើយណ៎ា ឯងដឹងទេ ?
-ក្រែងឯងនាំខ្ញុំមកដើរលេងអ្ហេ ម៉េចក៏នាំគ្នាមកសួរខ្ញុំពីរឿងនេះទៅវិញ ?
-សូមទោស ! ………
-ពួកយើងហៅអីមកញាុំទៅអ្ហៃ ?
-ឯងអង្គុយចាំត្រង់នេះសិនហើយ ពួកខ្ញុំទៅទិញមាន់អាំងមួយភ្លែត
-កុំទៅយូរពេក ស្ដាប់បានទេ ?
-អ៊ើ ………….តោះបង !
ម៉ូលីនសញ្ជឹងទៅកសិណអង្គរ បេះដូងនាងហាក់ដូចជាថ្ងួចថ្ងូរ សួររកយុវជន ៖
-តើលោករត់ទៅដល់ទីណា ? ហេតុអីក៏បាត់ដំណឹងសូន្យឈឹង ? ខ្ញុំគ្មានសិទ្ធិបារម្ភពីលោក តែខ្ញុំ គ្រាន់តែចង់ឱ្យលោកបានសេចក្ដីសុខទៅបានហើយ
-កំពុងគិតអី ?
ម៉ូលីនងាកក្រោយ ឃើញច្បាស់ថាពិតជារូបយុវជនយ៉ាងប្រាកដ នាងត្រេកអរ និងរំភើបខ្លាំងណាស់ ស្ទើរតែស្ទុះមកក្រសោបឱប ឱ្យសមចិត្ដតែម្ដង ប៉ុន្ដែទឹកមុខប្ដូរជាមួហ្មងមួយរំពេច នៅពេលរំលេចសំដី ដែល ខ្លួនបានសន្យាជាមួយរ៉ាណារួចហើយ ។ នាងធ្វើដូចជាធម្មតា យុវជនវាចា ៖
-នាងសុខសប្បាយទេ ?
-លោកទើបមកពីណា ? លោកដឹងថា គេគ្រប់គ្នាបារម្ភពីលោកទេ ?
-រួមទាំងនាងដែរអ្ហេ ?
-មិនមែនខ្ញុំទេ តែគឺប៉ាម៉ាក់របស់លោក រួមទាំងអ្នកនាងរ៉ាណា
-ខ្ញុំគ្រាន់តែទៅសំរាកកាយមួយរយៈប៉ុណ្ណោះ នាងនិយាយទៅ ថានាងបារម្ភពីខ្ញុំ
-គ្មានទេ !
-សំដីដែលនាងនិយាយជាមួយប៉ាខ្ញុំ ខ្ញុំឮអស់ហើយ នាងនៅបដិសេធខ្ញុំទៀតអ្ហេ
-អ៊ីចឹងបានន័យថា …………
-ខ្ញុំដឹងថានាងស្រលាញ់ខ្ញុំ ទើបខ្ញុំស្ងប់អារម្មណ៍ ហើយចាកចេញមួយរយៈ នាងចាំខ្ញុំសិន តើបានទេ ខ្ញុំនឹងរកការងារធ្វើ ពេលខ្ញុំសន្សំប្រាក់បានហើយ ពួកយើងរៀបការទៅបានទេ ?
-មិនបានទេ ! លោកកុំគិតពីរឿងនោះអី ខ្ញុំមិនរៀបការជាមួយលោកទេ ខ្ញុំត្រឡប់ទៅផ្ទះហើយ
-តើនាងកើតអីហ្នឹង …….. ឈប់សិន ! នាងត្រូវនិយាយជាមួយខ្ញុំសិន
-ខ្ញុំគ្មានអ្វីត្រូវនិយាយទេ និយាយរួម ខ្ញុំមិនរៀបការជាមួយលោកទេ
-រ៉ាណានិយាយស្អីខ្លះជាមួយនាង ?
-គ្មានទេ ! លែងដៃខ្ញុំទៅ
-ខ្ញុំមិនលែងទេ បើនាងគ្មានមូលហេតុឱ្យខ្ញុំនោះ
-លោកចង់ដឹងមូលហេតុអ្ហេ ? ………..លោកគិតថា ខ្ញុំសុខចិត្ដរស់នៅជាមួយមនុស្ស ដែលទើប ចាប់ផ្ដើមជីវិតអ៊ីចឹងអ្ហេ លោកធ្លាប់រស់នៅជាចៅហា្វយនាយ ហើយធ្លាក់ខ្លួនបែបនេះ ខ្ញុំមិនជឿថា លោកអាចតស៊ូបាននោះទេ ខ្ញុំមិនចង់លំបាកជាមួយលោកឡើយ លោកស្ដាប់បានហើយនៅ យក ល្អ លោកគួរតែវិលទៅរកទ្រនំវិញទៅ កុំទ្រាំវេទនាដោយសារតែខ្ញុំទៀត ខ្ញុំមិនល្អដូចដែលលោក គិតនោះទេ
ម៉ូលីនបេះដៃសេរីចេញ ហើយដើរចេញទៅឥតងាកក្រោយ ចំណែកឯយុវជនស្រងាកចិត្ដ រកគិត និយាយមិនរួច បេះដូងដូចជាត្រូវរាប់ពាន់ព្រនុង ដើមទ្រូងហាក់កំពុងត្រូវគេខ្វេះហែក ចង់ស្រែក ស្រែកមិន ឮ តែចិន្ដា និងម៉ូរ៉ាបានឮច្បាស់ណាស់អ្វីដែលពួកគេទាំងពីរជជែកគ្នា ចិន្ដាស្ទុះរត់ចូលទៅ ៖
-លោកឆាប់ទៅតាមនាងទៅ ! …………..ហេតុអីក៏លោកនៅស្ងៀម ? ………. លោកដឹងចរឹត ម៉ូលីនច្បាស់ណាស់ ឬមួយគ្រាន់តែសំដីពីរបីម៉ាត់របស់នាង លោកក៏ជឿនាងហើយ ?
-តែនាងនិយាយត្រូវ !
-តែម៉ូលីនមិនមែនជាមនុស្សបែបនោះទេ …………. ត្រូវហើយ ! អ្នកនាងរ៉ាណាធ្លាប់ទៅរកម៉ូលីន តើនាងបាននិយាយអ្វីខ្លះ ទើបធ្វើឱ្យម៉ូលីនក្លាយជាបែបនេះ ?
-កុំថាខ្ញុំនិយាយច្រើន បើឯងមិនតស៊ូទេ ឯងនឹងបាត់បង់នាង
សំដីរបស់ម៉ូរ៉ា ធ្វើឱ្យសេរីនឹកដល់សំដីលោកយាយនៅភ្នំសន្ទុក ទើបបន្លឺឡើង ៖
-ត្រូវហើយ ! ខ្ញុំមិនអាចបាត់បង់នាងទេ
សេរីរត់ទៅរកម៉ូលីន តែនាងបានចាកចេញពីទីនោះបាត់ទៅហើយ ។ គ្រាន់តែទៅដល់ផ្ទះភ្លាម សំលេងទូរស័ព្ទបន្លឺឡើង ៖
-ជំរាបសួរ !
-ខ្ញុំគឺរ៉ាណាណ៎ះ !
-អ្នកនាងរ៉ាណា !
-សូមទោសណ៎ះ ថ្វីត្បិតតែនាងបានសន្យាជាមួយខ្ញុំថាមិនជួបបងសេរី តែពេលនេះម៉ាក់គាត់ចូល មន្ទីរពេទ្យហើយ បើនាងអាចទាក់ទងគាត់បាន សូមនាងជួយផ្ដល់ដំណឹងដល់គាត់ផង តើបានទេ ? ណ្ហើយ ! ពេលនេះខ្ញុំរវល់ណាស់ ប៉ុណ្ណឹងបានហើយ
-ហេតុអីមិនតេមកមុននេះបន្ដិច
សំលេងទូរស័ព្ទបន្លឺជាថ្មី ៖
-អាឡូ !
-ខ្ញុំចាំនាងនៅដងស្ទឹង
និយាយចប់សេរីបិទទូរស័ព្ទភ្លាម ចំណែកម៉ូលីនក៏មិនបានគិតយូរដែរ នាងក៏ស្ទុះរត់ចេញប្រុយ ៖
-ម៉ាក់អ្ហ៎ា ខ្ញុំទៅដងស្ទឹងមួយភ្លែត
-ប្រញាប់មកវិញណ៎ះ
-ចាស !
ម៉ូលីនរត់ទៅដល់ដងស្ទឹងទាំងហត់គឃូស ៖
-ខ្ញុំមិនដូរគំនិតទេ ខ្ញុំចង់ប្រាប់លោកថា ពេលនេះម៉ាក់លោកឈឺធ្ងន់កំពុងសំរាកនៅមន្ទីរពេទ្យ
-ម៉ាក់ !
-លោកនៅចាំអីទៀត ម៉េចមិនប្រញាប់ទៅៗ
-ពួកយើងទៅជាមួយគ្នាទៅ
-កុំអី ! ខ្ញុំទៅវិញហើយ
ម៉ូលីនចេញផុត សេរីក៏មិនបង្អង់ដែរ នាយស្ទុះទៅរកម្ដាយ ដែលកំពុងសំរាកនៅមន្ទីរពេទ្យ តែទៅ ដល់មុខមន្ទីរពេទ្យ ក៏ជួបនឹងរ៉ាណា ៖
-បងសេរី ! បងមកវិញហើយអ្ហេ ?……… ប្រហែលម៉ូលីនប្រាប់បងហើយមើលទៅ
-ឯណាម៉ាក់បង ?
-គាត់សំរាន្ដនៅក្នុងបន្ទប់ឯណោះ ខ្ញុំគិតថាទៅរកទិញអីទុកជូនគាត់ពីសារ
-អរគុណហើយ
-មិនអីទេ !
យុវជនចូលដល់ក្នុងបន្ទប់ឃើញម្ដាយខ្លួនដេកយ៉ាងស្ដូកស្ដឹង នាយហាក់ខឹងនឹងខ្លួនឯងណាស់ ទើប ដើរលបៗទៅក្បែរគ្រែគាត់ ៖
-សូមទោសម៉ាក់ ……………………
-កូនប្រុស !
-ម៉ាក់ភ្ញាក់ហើយអ្ហេ !
-កូនមកវិញហើយអ្ហេ
-សូមទោស ដែលធ្វើឱ្យម៉ាក់បារម្ភ
-មិនអីទេ តើកូនសុខសប្បាយទេ ?
-កូនមិនអីទេ
-ហេតុក៏កូនដឹងថា ម៉ាក់ចូលមន្ទីរពេទ្យ ?
-ម៉ូលីនជាអ្នកប្រាប់កូន
-ហេតុអីក៏នាងដឹង ?
-ត្រូវហើយ ! ………..ឬរ៉ាណាជាអ្នកប្រាប់
-ណ្ហើយ ឱ្យតែកូនត្រឡប់មកវិញទៅបានហើយ
-លោកប៉ាសុខសប្បាយទេម៉ាក់ ?
-ប៉ាឯងមិនអីទេ ! កូនមិនត្រឡប់មកផ្ទះវិញទេអ្ហេ ? ប៉ាឯងឈប់ខឹងហើយ
-ឯងព្រមត្រឡប់មកវិញហើយ ?
-លោកប៉ា !
-យ៉ាងម៉េច ប៉ុន្មានថ្ងៃនេះសុខសប្បាយទេ ?
-បាទ !
-ដល់ណាឯងត្រឡប់មកធ្វើការវិញ ?
-បើលោកប៉ាមិនផ្លាស់ប្ដូរគំនិត ខ្ញុំក៏ដូចគ្នា
-ឯងនៅតែក្បាលរឹងដដែល
-បង !
-ខ្ញុំត្រឡប់ទៅវិញហើយ
-ឈប់សិន ! ពីរអាទិត្យទៀត ប៉ា និងម៉ាក់ រួមទាំងប្អូនប្រុសឯងត្រឡប់ទៅភ្នំពេញវិញហើយ បើ ឯងមិនមកវិញ តើនរណាមើលការខុសត្រូវហាង ?
-ប៉ុន្ដែ …
-ប៉ាមិនរវីរវល់រឿងរបស់ឯងទៀតទេ ឯងមកធ្វើការវិញចុះ
-លោកប៉ា !
-នរណាឱ្យឯងជាកូនរបស់ប៉ា
យុវជនត្រេកអរណាស់ ប៉ុន្ដែរ៉ាណាឮច្បាស់ ធ្វើឱ្យនាងខឹងណាស់ តែខំអត់ធ្មត់ដូចជាគ្មានរឿងអ្វីកើត ឡើង ។ នាងដើរចូលទៅដោយស្នាមញញឹម ៖
-តើមានរឿងអីសប្បាយចិត្ដអ្ហេលោកពូ អ្នកមីង ?
-អូ ! សេរីព្រមត្រឡប់មកធ្វើការវិញហើយ ទើបមីងសប្បាយចិត្ដយ៉ាងនេះហ្នឹងណ៎ា
-អ៊ីចឹងទេអ្ហេ !
ចាប់ពីថ្ងៃនោះមក រ៉ាណាមិនសប្បាយចិត្ដឡើយ នាងបានជួលមនុស្សប្រុសពីរនាក់ ឱ្យតាមដានគ្រប់ សកម្មភាពម៉ូលីន រហូតថ្ងៃនេះ នាងបានទៅដល់ផ្ទះម៉ូលីនតែម្ដង ៖
-អ្នកនាងរ៉ាណា !
-នាងកុំភ្ញាក់ផ្អើលអី ចុះលោកយាយ និងម៉ាក់នាងមិននៅទេ
-គាត់ចេញទៅក្រៅបាត់ហើយ
-នាងមិនអញ្ជើញខ្ញុំអង្គុយលេងសិនទេអ្ហេ ?
-ចាសអញ្ជើញចូល !
រ៉ាណាអង្គុយនៅលើសាឡុង ហើយក្រលេកមើលគ្រប់យ៉ាងនៅជុំវិញខ្លួន ៖
-ផ្ទះនាងមិនជាធំឯណា
-មិនធំទេ វាសមល្មមនឹងពួកយើងបីនាក់អាចរស់នៅបាន
-មើលទៅគ្រួសារនាងដូចជាមានក្ដីសុខណាស់ហ្ន៎
-អញ្ជើញញាុំទឹក
-អរគុណ !……ការពិតខ្ញុំមកថ្ងៃនេះ គឺចង់សួរនាង តើនាងដឹងទេ ថាបងសេរីទៅធ្វើការវិញហើយ?
-ចាស ដឹង
-ក្រែងនាងបានសន្យានឹងខ្ញុំហើយអ្ហេ ហេតុអីនាងនៅជួបគាត់ទៀត ?
-ខ្ញុំព្យាយាមហើយ ពេលខ្លះខ្ញុំជួបគាត់មែន តែខ្ញុំមិនបាននិយាយអ្វីជាមួយគាត់ទេ
-នាងប្រហែលជាធ្វើជាគួរឱ្យអាណិតហើយ តើមែនទេ ? នាងដឹងទេ តើហេតុអ្វីបាន ជាបងសេរីព្រម ទៅធ្វើការវិញ ?
-ខ្ញុំក៏មិនដឹងដែរ !
-គឺដោយសារលោកពូ យល់ព្រមឱ្យគាត់មិនរៀបការជាមួយខ្ញុំហ្នឹងណ៎ា
-តែរឿងនេះមិនទាក់ទងនឹងខ្ញុំទេ
-នាងចង់យករួចខ្លួនអ៊ីចឹងអ្ហេ ក្រែងនាងបានសន្យានឹងខ្ញុំហើយអ្ហេ
-តែអ្នកនាងក៏យល់ច្បាស់ហើយដែរ ថារឿងបែបនេះយើងមិនអាចបង្ខំបាននោះទេ
-អ៊ីចឹងនាងបន្ទោសខ្ញុំអ្ហេ ?
-ខ្ញុំមិនបន្ទោសអ្នកណាទាំងអស់ ខ្ញុំព្យាយាមគេចពីគាត់ តែគាត់ព្យាយាមមកជិតខ្ញុំ តើឱ្យខ្ញុំធ្វើ យ៉ាងម៉េច ?
-នាងមិនបដិសេធគាត់ទៅ តែនាងមិនបានធ្វើបែបនោះទេ តើមែនទេ ?
-ខ្ញុំមិនត្រឹមតែបដិសេធគាត់ទេ គឺប្រមាថគាត់គ្រប់បែបយ៉ាង ឥលូវវាសមល្មមហើយ អ្នកនាងរក មធ្យោបាយខ្លួនឯងចុះ
-នេះនាង !
-អ្វីដែលខ្ញុំសន្យាជាមួយអ្ន្នកនាង គឺខ្ញុំនឹងព្យាយាមមិនជួបគាត់
-បាន ! តែនាងចាំណ៎ះ ខ្ញុំមិនព្រលែងបងសេរីទៅនាងងាយៗទេ ហ៊ីស !
និយាយចប់ រ៉ាណាដើរចេញត្រុយ ម្ដាយ និងលោកយាយក៏មកដល់ល្មម ៖
-អ្នកណាគេហ្នឹងកូន ?
-អូ ! អ្នកធ្វើការជាមួយហ្នឹងណ៎ះម៉ាក់
-ចុះនាងមកមានការអី ?
-នាងមកយកឯកសារ……………លោកយាយបានអីយួរហ្នឹង ?
-ផ្លែឈើ អ៊ំឯងផ្ញើមកហ្នឹងណ៎ា………….ហ៏ ! ជួយយកទុកទៅ
-ចាស
ចាប់ពីថ្ងៃនោះមក ម៉ូលីនពិតជាបានព្យាយាមមិនជួបសេរីមែន សូម្បីតែដងស្ទឹង ក៏នាងមិនជិះកាត់ ដែរ នាងសុខចិត្ដជិះផ្លូវវាង ។ សេរីមិនចង់ទៅរំខាននាងដល់ផ្ទះនោះទេ តែនាយឆ្ងល់ណាស់ ហេតុអ្វីប៉ុន្មាន ថ្ងៃនេះ មិនឃើញម៉ូលីនទាល់តែសោះ។ នាយឈរក្បែរដងស្ទឹងសំលឹងមកដងផ្លូវ ផ្សារភ្នែកអស់ទៅហើយ ឱ ! ទូរស័ព្ទអើយ រោទិហើយគ្មានអ្នកលើក តើម្ចាស់ឯង ទៅណាបាត់ហើយ ។
ម៉ូលីនបានត្រឹមតែសំលឹងទូរស័ព្ទ ដែលរោទិឥតឈប់ រួចហើយក៏ដាក់ទៅក្នុងកាបូបវិញដើរចេញមក ស្រាប់តែយុវជនទៅអូសទាញដៃនាងរហូតមកដល់មាត់ស្ទឹង ៖
-លោកធ្វើស្អី ?
-ពួកយើងទៅដើរលេងទៅ
-លោកឈប់ព្យាយាមទៅតើបានទេ !
-ខ្ញុំឱ្យនាងមើលរបស់មួយ
យុវជនយករូបមួយផ្ទាំងយ៉ាងធំ ដែលបញ្ឈរទុកជាស្រេចនៅក្បែរនោះ ឱ្យយុវតីមើល ៖
-អ្នកគ្រូបូផា លួចថតរូបនេះ ពេលដែលពួកយើង ត្រូវក្មេងៗនោះធ្វើបាប នាងមើលទៅមើល តើស្អាតទេ ?
ម៉ូលីនហាក់ដូចជាលេចចេញនូវស្នាមញញឹម តែក៏និយាយធ្វើដូចជាមិនចាប់អារម្មណ៍ ៖
-ខ្ញុំទៅវិញហើយ !
-នាងមិនចាប់អារម្មណ៍រូបនេះទេអ្ហេ ? ពួកយើងបានសាងអនុស្សាវរីយ៍ច្រើនណាស់ នាងមិនចងចាំ ទេអ្ហេ ? ប៉ាខ្ញុំបានយល់ព្រមហើយ តើមានមូលហេតុអ្វីទៀត ដែលនាងត្រូវធ្វើបែបនេះចំពោះ ខ្ញុំនោះ ? ឬមួយនាងសង្ស័យខ្ញុំ នៅពាក់ព័ន្ធជាមួយរ៉ាណា រាល់ថ្ងៃនេះ ខ្ញុំមិនដែលបានជួបនាងឡើយ នាងកុំកាត់ទោសខ្ញុំ ដោយគ្មានមូលហេតុតើបានទេ ?
ម៉ូលីនហាក់ដូចជាញាប់ញ័រអស់ស្មារតី មិនព្រមស្ដីតប បានត្រឹមតែឈរបែរខ្នង រឿងរ៉ាវទាំងពួង ដែលកន្លងហួស និងបានសាងជាមួយយុវជន ពិតជាធ្វើឱ្យនាងជោរជន់ដោយស្នាមញញឹមពិតមែន តែពេល នេះ នាងបែរជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។
យុវជនដើរទៅជិត ហើយស្រវាឱបនាងថ្នមៗ ចំណែកម៉ូលីនហាក់ដូចជាទន់ចិត្ដ តែពេលដែលគិត ដល់រ៉ាណាភ្លាម ស្រាប់តែបំរាស់ចេញពីយុវជនភ្លាម ៖
-ខ្ញុំត្រឡប់ទៅវិញហើយ !
កាយវិការទាំងប៉ុន្មាន បានដិតជាប់នៅក្នុងរូបថត ដែលរ៉ាណាកំពុងតែមើល ដោយអារម្មណ៍ពុះ កញ្ជ្រោលយ៉ាងខ្លាំង ។
វាស្ទើរតែបាត់អស់ស្នេហ៍ តែវាប្រែជាការសងសឹកដើម្បីបំបាត់ការឈឹចាប់ និង ដើម្បីក្លាយជាអ្នក ឈ្នះ ។ ពេលនេះរ៉ាណាមកដល់កន្លែងធ្វើការ តែអារម្មណ៍មិននៅនឹងខ្លួនឡើយ ករុណាបន្លឺ ៖
-នាងមិនស្រួលខ្លួនអ្ហេ ?
-អត់អីទេ !
-បើមិនស្រួលខ្លួនទេ នាងសំរាកសិនចុះ ចាំខ្ញុំជំនួស
-អរគុណហើយ ! អ៊ីចឹងខ្ញុំចេញទៅក្រៅមួយភ្លែត
រ៉ាណាបើកឡានមកឈប់ក្បែរដើមរំដួល សំលឹងមើលទៅកន្លែងម៉ូលីនធ្វើការ ទើបលើក ទូរស័ព្ទឡើង ៖
-ខ្ញុំប្រាប់នាង បើនាងមិនចេញឱ្យឆ្ងាយពីជីវិតបងសេរីទេ កុំថាឡើយខ្លួននាង សូម្បីតែលោកយាយ និងម៉ាក់របស់នាង ក៏រស់នៅមិនបានសុខដែរ
-នាងចង់ធ្វើអី ?
-នាងសាកមើលទៅ តើនាងចង់ឱបប្រុសម្នាក់ ឬក៏ចង់ឱបសាកសពមនុស្សស្រីពីរនាក់
-អាឡូ ! …………..
រ៉ាណាដាក់ទូរស័ព្ទ ម៉ូលីនដូចជាភ័យណាស់ នាងតេទៅផ្ទះ តែគ្មានអ្នកលើកទាល់តែសោះ ។ កាយវិការរបស់នាងធ្វើឱ្យមិត្ដរួមការងារបន្លឺឡើង ៖
-ឯងកើតអីម៉ូលីន ?
-អ្នកផ្ទះខ្ញុំមានរឿងហើយ
-ឯងកុំភ័យពេក ………….ឥលូវនៅសល់តែដប់នាទីទេ ដល់ម៉ោងសំរាកហើយ ឯងចេញទៅមុនចុះ ខ្ញុំជួយមើលឱ្យ
ម៉ូលីនមិនបង្អង់យូរ ស្ទុះចេញមក ទៅដល់ផ្ទះមួយរំពេច ។ នាងត្រហេបត្រហបស្រែកហៅម្ដាយ និងលោកយាយ តែបែរជាឃើញពួកគាត់ទាំងពីរអង្គុយមើលទូរទស្សន៍ធ្វើហីទៅវិញ ៖
-ម៉ាក់ ! លោកយាយ អ្នកទាំងពីរមិនអីទេអ្ហេ ?
-ចុះកូនមានរឿងអី ម៉េចក៏ស្លន់ស្លោយ៉ាងនេះ ?
-ត្រូវហើយ ! យាយ និងម៉ាក់ឯងមានកើតអីឯណា
-គ្មានកើតអីល្អហើយ
-អ្នកណាប្រាប់ឯងថា ម៉ាក់កើតអីអ្ហេ ?
-អត់ទេ ………………ខ្ញុំទទួលសិនម៉ាក់ ……………អាឡូ !
-នេះគ្រាន់តែជាការគំរាមដល់នាងប៉ុណ្ណោះ …….យ៉ាងម៉េច ! ល្អលេងទេ
-នាង !
-យើងប្រាប់នាងណ៎ះ គ្រប់ជំហានរបស់នាង គឺយើងដឹងទាំងអស់ យកល្អកុំឱ្យយើងថតរូបនាង ជាមួយបងសេរីបានទៀតឱ្យសោះ លើកក្រោយ យើងនឹងលេងមែនទែន
ម៉ូលីនដាក់គូទអង្គុយលើជណ្ដើរ ដាស់តឿនខ្លួនឯង ៖ ”តាំងអារម្មណ៍ឡើង មិនត្រូវទន់ជ្រាយទេ គ្រប់យ៉ាងត្រូវតែមានមធ្យោយបាយដោះស្រាយ យើងមិនឱ្យឯងមកប៉ះពាល់គ្រួសារយើងទេ ហើយក៏មិនឱ្យឯងមកគំរាមយើងដែរ ”
ម៉ូលីនមិនមែនជាស្រីម្នាក់ទន់ខ្សោយទេ ហើយក៏មិនមែនជាមនុស្ស ដែលត្រូវរងនូវការគំរាមដែរ ។
………………………………………………………………………………………………………..
ស្វែងរកគូថ្មី
១.ខ្យល់បក់ទឹកហូរ គង្គាហូរហួស ហូរនាំស្នាមរបួស របួសស្នេហា ហោះហើរហួសទៅ ស្វែងរកគូថ្មីក្នុងជីវិត លាភាពងងឹត ធ្លាប់ងុលងប់ក្នុងជ្រោះជ្រៅ លាស្រីល្ងង់ខ្លៅធ្លាប់ស្មោះស្នេហ៍ ។
២.ត្រូវតែស៊ូញញឹម សង្ឃឹមជាថ្មី ត្រូវតែតាំងស្មារតី ដើម្បីដើរចេញពីរូបគេ ក្លាហានចិត្ដអើយ កុំលង់នឹងស្នេហ៍ មិនដើម្បីគេ ប៉ុន្ដែដើម្បីខ្លួនឯង ។
នេះគឺចំរៀងសម្រាប់កែប្រែជីវិតរបស់អ្នក ប្រិយមិត្ដជាទីស្នេហា លោកានេះពិតជាធំធេងណាស់ តើអ្នកខ្លាចអ្វីក្នុងការប្ដូរផ្លាស់ជីវិតរបស់អ្នកនោះ បើអ្នកពិតជាស្រលាញ់គេមែន អ្នកត្រូវគិតថា តើអ្ន្នកបាន ឱ្យស្នេហាទៅគេហើយឬនៅ ស្នេហាដែលអ្នកត្រូវឱ្យទៅគេ គឺការលះបង់គ្រប់បែបយ៉ាង តែអ្នកត្រូវចាំថា ស្នេហាដែលអ្នកផ្ដល់ឱ្យគេ មិនមែនជាស្នេហ៍ហឺត ហើយក៏មិនមែនជាស្នេហ៍ហៃនោះដែរ ព្រោះស្នេហ៍ ទាំងពីរនេះសុទ្ធតែចង្រៃដូចគ្នា ផ្ទុយទៅវិញ ស្នេហាគឺត្រូវការឱ្យមនុស្សដែលខ្លួនស្រលាញ់ពោរពេញ ដោយសុភមង្គល តើសុភមង្គលយ៉ាងណា ឬត្រូវការឱ្យខ្លួនឯងឈឺចាប់មួយជីវិតអ្ហេ ? អ្នកសួរ ខ្លួនឯងទៅមើល តើអ្នកចង់ឃើញទុក្ខសោក ឬមួយក៏ស្នាមញញឹមរបស់គេ ? បើអ្នក ព្រមទទួលទុក្ខសោករបស់គេ ឱ្យតែខ្លួនឯងញញឹម បានន័យថា មួយជីវិតនេះ អ្នកមិនអាចទទួលស្នេហាពិតនោះឡើយ តែបើអ្នកសុខចិត្ដផ្ដល់ស្នាមញញឹមដល់គេ អ្នកនឹងទទួលបាន ស្នេហ៍មួយដ៏ពិតប្រាកដ អ្នកអាចញញឹមបានពេញមួយជីវិតរបស់អ្នក ហើយស្នាមញញឹមនេះ មិនសាបរលត់ទៅណាឡើយ តស៊ូឡើងដើម្បីខ្លួនឯង ?
កម្មវិធីចំណងស្នេហ៍ សន្យាជួបប្រិយមិត្ដទាំងអស់ជាថ្មីម្ដងទៀតនៅថ្ងៃស្អែកវេលាម៉ោងដដែល ពេលនេះ ខ្ញុំបាទករុណា សូមជំរាបលា ។
រ៉ាណាបិទវិទ្យុហើយ អង្គុយញញឹមស្ងួតតែម្នាក់ឯង មួយសន្ទុះក្រោយនាងក៏ស្ទុះវឹងចេញពីបន្ទប់ ៖
-រ៉ាណា កូនគិតទៅណា ?
-ខ្ញុំទៅក្រៅមួយភ្លែតម៉ាក់ បន្ដិចទៀត ខ្ញុំត្រឡប់មកវិញហើយ
-ឆាប់ត្រឡប់មកវិញណ៎ះ !
-ចាស !
សេរីត្រឡប់មកពីធ្វើការវិញ ក៏ឃើញរ៉ាណាឈរចាំជាស្រេចនៅមាត់ទ្វាររបងផ្ទះ នាយបើកទ្វារ ឡានដើរចេញមក ៖
-នាងមានការអី ?
-ខ្ញុំចង់និយាយជាមួយបងបន្ដិចបានទេ
-ចូលក្នុងសិនទៅ ! ……………………….
-ពួកឯងនិយាយគ្នាចុះ ខ្ញុំចូលទៅក្នុងមុនហើយ (ម៉ូរ៉ានិយាយ)
-មានការអីនិយាយមក !
-បងស្រលាញ់ម៉ូលីនខ្លាំងណាស់មែនទេ ?
-ត្រូវហើយ !
-ចុះបើបងបាត់បង់នាង ?
-បងប្រហែលជាត្រូវរស់នៅឯកោរហូតដល់ថ្ងៃស្លាប់
-ចុះបើអូនប្រាប់ថា អារម្មណ៍បែបនេះ ក៏កើតឡើងចំពោះអូនដែរនោះ គឺព្រោះតែអូនបាត់បង់បង
-រ៉ាណា !
-បងសុខចិត្ដឱ្យខ្ញុំឯការហូតដល់ថ្ងៃស្លាប់តើមែនទេ ?
-សូមទោស ! ពួកយើងមិនដែលបានចាប់ផ្ដើមទេ
-ត្រូវហើយ ! រឿងទាំងអស់ គឺអូនជាអ្នកចាប់ផ្ដើមតែម្នាក់ឯង តែអូនពិតជាមិនអាចបាត់បង់បង ទេ អូននៅតែជឿថា បើគ្មានម៉ូលីន ពួកយើងពិតជាអាច
-រ៉ាណា ! អូនល្មមភ្ញាក់ខ្លួនហើយ
-អូនមិនចង់ភ្ញាក់ទេ ព្រោះបើអូនភ្ញាក់ អូននឹងបាត់បង់អ្វីៗទាំងអស់
-តែយើងមិនអាចទេ
-តែម៉ូលីន នាងមិនទទួលបងទេ
-បើអ៊ីចឹង អូន និងបងមានអ្វីខុសគ្នា តែបងនៅមានសង្ឃឹម ព្រោះម៉ូលីន នាងក៏ស្រលាញ់បងដែរ
-នាងមិនបានស្រលាញ់បងទេ សូម្បីតែមុខបង ក៏នាងមិនចង់ជួបផង រឿងអីដែលថានាងស្រលាញ់ បងនោះ អ្នកដែលស្រលាញ់បងគឺមានតែខ្ញុំប៉ុណ្ណោះ
-បងមិនដឹងថាឯង បានធ្វើអ្វីខ្លះចំពោះនាងនោះទេ តែបងនឹងព្យាយាម ឱ្យនាងព្រមទទួលបង
-បើអ៊ីចឹងខ្ញុំប្រាប់បង បើបងពិតជាស្រលាញ់នាង បងគួរតែនៅឱ្យឆ្ងាយពីនាងទៅ
-ឯងចង់ធ្វើស្ដី ?
-ខ្ញុំមិនបានគំរាមបងទេ តែខ្ញុំនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបង
-រ៉ាណា !
រ៉ាណាដើរចេញពីយុវជន កាយវិការមិនទន់ភ្លន់ តែដូចជាកាចសាហាវគួរឱ្យខ្លាច ។ យុវជនដើរមួយ ៗចូលទៅក្នុងផ្ទះ ៖
-រ៉ាណាមករកឯងមានការអី ?
-នាងគំរាមខ្ញុំថា គួរតែនៅឱ្យឆ្ងាយពីម៉ូលីន………មិនបានទេ !
-ឯងគិិតទៅណា ?
-ខ្ញុំទៅរកម៉ូលីន
-ឯងឆ្គួតទេអ្ហេ រ៉ាណាទើបតែគំរាមឯងហើយណ៎ា
-អ៊ីចឹងគិតធ្វើយ៉ាងម៉េច ?
-ស្ងប់អារម្មណ៍សិនទៅ រ៉ាណាប្រហែលជាទៅគំរាមម៉ូលីនរួចហើយ ទើបម៉ូលីនមិនព្រមជួបឯង វិធី តែមួយ គឺត្រូវតាមជួយនាងដោយស្ងាត់ៗ
-ត្រូវហើយ ! ខ្ញុំមិនឱ្យម៉ូលីនមានគ្រោះថ្នាក់ទេ
-តើឯងគួរយករឿងនេះ ទៅជំរាបលោកវីរ៉ាដែរទេ ?
-បើខ្ញុំទៅជរាបលោកអ៊ំ គាត់ប្រហែលជាគិតថា ខ្ញុំព្រួយបារម្ភពេកហើយ ហើយគាត់ក៏មិនជឿថា កូនគាត់អាចធ្វើរឿងបែបនោះដែរ សូម្បីតែខ្ញុំ ក៏មិនជឿថានាងនឹងធ្វើអ្វីខុសឆ្គងដែរ
-អ៊ីចឹងហេតុអ្វីក៏ឯងនៅតែការពារម៉ូលីនទៀត ?
-ការពារប្រសើរជាងព្យាបាល !
…………………………………………………………………………………………………………
ម៉ូលីនរសាប់រសល់ខ្វល់ក្នុងចិត្ដ គិតរហូតសុបិនអាក្រក់ ភ្ញាក់ទាំងកណ្ដាលរាត្រី ។ យុវតីចេញពីបន្ទប់ មករកទឹកផឹក ភ្ញាក់នឹងសត្វឆ្មារភ្លាក់កែវពីដៃ លោកយាយ និងម្ដាយនាងស្ទុះចេញពីបន្ទប់ ៖
-មានរឿងអីហ្នឹងកូន ?
-អត់អីទេម៉ាក់ ខ្ញុំធ្វើឱ្យធ្លាក់កែវ
-ម៉េចក៏បែកញើញពេញខ្លួនអ៊ីចឹងចៅ ?
-កូនគ្រុនទេដឹង !
-ខ្ញុំអត់អីទេ
-ឆាប់ចូលទៅក្នុងបន្ទប់វិញទៅ ទុកទីនេះឱ្យម៉ាក់ហើយ
-សូមទោសម៉ាក់ !
-ឆាប់ទៅគេងទៅ ស្អែកត្រូវងើបពីព្រលឹមទៅធ្វើការផង
-ចាស !
-មើលទៅវាដូចមិនស្រួលសោះម៉ាក់
-ប្រហែលជាការងារវាស្មុគស្មាញពេកទេដឹង ………ម៉ាក់ទៅដេកមុនហើយ
-ចាស !
………………………………………………………………………………………………………
ស្អែកឡើងម៉ូលីនទៅធ្វើការដូចធម្មតា តែអារម្មណ៍ហាក់ពុំនឹងនរសោះ ឱ្យតែឮសំលេងទូរស័ព្ទរោទិ ម្ដងៗ នាងភ័យលោះព្រលឹង ។ ដល់ម៉ោងចេញហើយ នាងរវាសរវៃចេញពីកន្លែងធ្វើការតម្រង់ ទៅម៉ូតូរបស់ខ្លួន តែខ្លួនប្រាណហាក់ដូចជាត្រូវគេអង្រួនមួយរំពេចនៅពេលរំលេចរូបយុវជន ។ សេរីទៅចាប់ ដឹកដៃនាងចូលទៅក្នុងឡានរបស់ខ្លួន ៖
-លោក !
-អង្គុយឱ្យស្ងៀមសិនទៅ មានគេតាមដានយើង
សេរីបើកឡាននាំម៉ូលីន មកដល់មាត់ស្ទឹង ៖
-បើមានគេតាមដានយើង ហេតុអ្វីក៏ឈប់ទីនេះ ?
-ចេញមក កុំមើលក្រោយ
សេរីដឹកដៃម៉ូលីនទៅឈរក្បែរដងស្ទឹង ហើយមិនឱ្យម៉ូលីនងាកសំលឹងមើលក្រោយឡើយ ៖
-យប់មិញគេងមិនឆ្អែតទេ មែនទេ ? ហេតុអ្វីមិនយករឿង ដែលរ៉ាណាគំរាមនាងទៅប្រាប់ខ្ញុំ ? នាងដឹងថា នាងប្រថុយនឹងគ្រោះថ្នាក់ទេ ?
-បើលោកដឹងហើយ លោកមកជួបខ្ញុំធ្វើអី ?
-បើនាងនិយាយអ៊ីចឹង នាងសុខចិត្ដមិនជួបខ្ញុំមួយជីវិតអ្ហេ ?
-ជីវិតខ្ញុំមិនសំខាន់ទេ តែខ្ញុំមិនអាចបាត់បង់អ្នកនៅជុំវិញខ្លួនខ្ញុំទៀតឡើយ ខ្ញុំទៅវិញហើយ
-នាងចង់ទៅណា ?
-បើរ៉ាណាឃើញខ្ញុំនៅជាមួយលោក នាងប្រាកដជា……….
-រ៉ាណាដឹងថា យើងនៅជាមួយគ្នា តាំងពីខ្ញុំដឹកដៃនាងឡើងឡានមកម្ល៉េះ ហើយពេលនេះ នាង ក៏ប្រហែលជានៅពីក្រោយយើងដែរ
និយាយមិនទាន់ចប់ផង សំលេងទូរស័ព្ទបន្លឺឡើង ៖
-រ៉ាណា ! …………អាឡូ
-នាងចង់លេងជាមួយយើងអ្ហេ យើងរាប់ដល់បី បើឯងមិនឆាប់ដើរចេញពីបងសេរីទេ យើងនឹង បញ្ជាឱ្យគេ ធ្វើបាបម្ដាយ និងយាយនាង
-កុំណ៎ា !
-មួយ…………………………ពីរ……………….
សេរីស្ទុះទៅចាប់ដៃម៉ូលីនជាប់ ៖
-នាងចង់ទៅណា ?
-បើខ្ញុំមិនឆាប់ចេញពីលោកទេ ម៉ាក់ និងលោកយាយខ្ញុំនឹងមានគ្រោះថ្នាក់ ……..ខ្ញុំសូមអង្វរលោក
សេរីកញ្ឆក់ម៉ូលីនមកឱបជាប់ ៖
-លោកធ្វើស្អី ?
-តាំងស្មារតីឡើង ខ្ញុំបានឱ្យគេការពារម៉ាក់ និងលោកយាយនាងរួចហើយ
-ពិតមែនអ្ហេ ?
-នាងត្រូវតែជឿខ្ញុំ ពេលនេះ នាងត្រូវនៅទីនេះជាមួយខ្ញុំ ខ្ញុំចង់ឱ្យរ៉ាណាដឹងថា នាងមិនអាចបំបែក ពួកយើងបានទេ …………ឈប់ភ័យទៅបានទេ !
-ខ្ញុំខ្លាច !
-ត្រូវតែជឿបង !
ម៉ូលីនឱបយុវជនយ៉ាងណែនជាប់ ប៉ុន្ដែបេះដូងរ៉ាណាលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅ នាងដើរ ចូលទៅជិតពួកគេ ទឹកភ្នែកស្ទើរតែក្លាយទៅជាទន្លេជន់លិចកណ្ដាលទីក្រុង តើនាងបំរុងធ្វើអ្វី ?
-រ៉ាណា !
យុវតីបន្ធូរដៃចេញពីយុវជន តែសេរីចាប់ដៃនាងជាប់ ៖
-ពួកឯងពិតជាស្រលាញ់គ្នាណាស់អ្ហេ
-លើកលែងឱ្យបងទៅរ៉ាណា !
-ខ្ញុំមិនឱ្យនាងទៅបងទេ !
រន្ទះឆ្វាច ផ្គរលាន់សន្ធឹក សេរីក្រសោបម៉ូលីនជាប់ រ៉ាណាដូចត្រូវគេកាប់ចំកណ្ដាលបេះដូង ៖
-ការពិតបងមិនសុខចិត្ដរស់នៅឯកោទេ បងសុខចិត្ដការពារនាង ……..ខ្ញុំចាញ់ហើយ….ទេ ! ខ្ញុំមិន ចាញ់ទេ ……….ខ្ញុំ មិនចាញ់ទេ
រ៉ាណារត់ចេញទាំងឈឺចាប់ តែយុវជននៅតែឱបជាប់មិនព្រមព្រលែងនាងទាល់តែសោះ ។ ម៉ូលីន មិនដឹងថា មានរឿងអ្វីកើតឡើងឡើយ តែនាងចង់បំរាស់ចេញពីយុវជន ៖
-កុំព្រលែងបងឱ្យសោះណ៎ះ !
-លោកកើតអី មិនស្រួលខ្លួនមែនទេ ?
-គ្រាបងទៅឡានទៅ
ម៉ូលីនលើកដៃសេរីដាក់លើស្មារបស់ខ្លួន ឯដៃនាងម្ខាងទៀតចាប់ចង្កេះយុវជន តែអ្វីដែលនាងប៉ះ ត្រូវ នោះគឺដងកាំបិត ដែលដោតជាប់នឹងខ្នងរបស់នាយ នាងលើកដៃខ្លួនមើល គឺស្រឡាក់សុទ្ធតែឈាម ទើបនឹកឃើញទង្វើ ដែលសេរីស្ទុះទៅក្រសោបនាង នៅពេលមានរន្ទះនោះ ការពិត សេរីគឺរងកាំបិតជំនួស នាង ។ ទឹកភ្នែកស្រក់ច្រោក តែយុវជនបែរជាញញឹម ៖
-មិនឱ្យយំទេ ពួកយើងឆាប់ទៅមន្ទីរពេទ្យទៅ
កំលាំងស្នេហ៍ពិតជាខ្លាំងណាស់ នៅទីបំផុតសេរីអាចបើកឡានទៅដល់មន្ទីរពេទ្យដោយខ្លួនឯង តែ នាយបានសន្លប់បាត់ទៅហើយ ចំណែកម៉ូលីនអង្គុយយ៉ាងស្ងៀមស្ងាត់នៅមុខបន្ទប់សង្គ្រោះបន្ទាន់តែម្នាក់ ឯង ។ មួយសន្ទុះទើបលោកសារ៉ា និងអ្នកស្រីសាវីទៅដល់ ។ អ្នកទាំងពីរឈរសំលឹងទៅម៉ូលីន ដែលអង្គុយ ច្បោមក្បាលជង្គង់ ប្រឡាក់សុទ្ធតែឈាម និងដិតដាមដោយតំណក់ទឹកភ្នែក ដែលស្រក់ហូរឥតឈប់ តែបែរ ជាទឹកមុខស្ងប់មិនដូចជាមនុស្សយំឡើយ ។ អ្នកស្រីសាវីស្ទុះទៅលើកនាងឡើង ហើយជូតដំណក់ទឹកភ្នែកឱ្យ នាង ៖
-កុំយំអី សេរីពិតជាមិនធ្ងន់ធ្ងរទេ
-ខ្ញុំមិនបានយំទេ ព្រោះគាត់មិនឱ្យខ្ញុំយំ
-លោកគ្រូពេទ្យ កូនខ្ញុំយ៉ាងម៉េចហើយ ?
-សំណាងហើយ ដែលកាំបិតមិនចំកន្លែងសំខាន់ ពួកលោកអាចចូលទៅបាន
-អរគុណលោកគ្រូពេទ្យ !
-មីងនាំឯងទៅផ្លាស់សំលៀកបំពាក់សិនតើបានទេ ?
-ចាស !
-បើអ៊ីចឹង បងចូលទៅមើលកូនមុនណ៎ះ
-ចាស !……..តោះ………………………………
-កូនមិនអីទេអ្ហេ !
-អស់អីហើយលោកប៉ា
-មើលទៅឯងដូចមិនសមត្រូវមួយកាំបិតសោះ
-ប៉ានិយាយអីហ្នឹង ចុះឯណា……..
-ម៉ាក់ឯងនាំនាងទៅផ្លាស់សំលៀកបំពាក់បាត់ហើយ
-នាងមិនអីទេអ្ហេលោកប៉ា ?
-មិនអីទេ តែគួរឱ្យអាណិតណាស់ នាងមិនយំទេ តែទឹកភ្នែកនាងស្រក់មិនឈប់សោះ អ៊ីចឹងហើយ ទើបប៉ាថា ឯងមិនសមនឹងត្រូវមួយកាំបិតសោះ
-មកពីនាងឃើញខ្ញុំសន្លប់បាត់ស្មារតីហើយ ទើបបារម្ភយ៉ាងនេះ
-តែប៉ាកោតឯងហើយ ចេះបើកឡានមកដល់មន្ទីរពេទ្យកើតដែរ
-ប្រហែលមកពីខ្ញុំឃើញនាងយំ
-នែ៎ ! នាងមកហើយ ឯងដេកសិនទៅ
-ប៉ាចង់ឱ្យខ្ញុំកុហកនាងអ្ហេ
-ប៉ានិយាយរួចហើយ ថាឯងមិនសមនឹងត្រូវមួយកាំបិតទេ ………..ពួកអូនមកហើយអ្ហេ ចូលមក
-កូនយ៉ាងម៉េចហើយបង
-វាថាអស់កំលាំងពេកទើបដេកលក់ទៅ ……ក្មួយអង្គុយចុះមក អ៊ំទៅក្រៅមួយភ្លែត តោះអូន
៣ខែក្រោយមក
ប្រិយមិត្ដជាទីស្នេហា លោកានេះពិតជាធំធេងណាស់ តើយើងខ្លាចអ្វីនឹងប្ដូរផ្លាស់ជីវិតរបស់យើង នោះ ? យើងមិនត្រូវរស់នៅក្នុងស្រមោលអតីត ដែលនាំឱ្យយើងឈឺចាប់នោះទេ ក្លាហានឡើង តំកើងចិត្ដ ឱ្យរឹងមាំ ស៊ូទ្រាំយកឈ្នះភាពសាមាន្យ តើអ្នកបានផ្ដល់កំលាំងចិត្ដដល់ខ្លួនឯងហើយឬនៅ ? បើនៅទេ កម្មវិធីចំណងស្នេហ៍ សូមបង្វែរអារម្មណ៍ប្រិយមិត្ដ ឱ្យដិតដាមនឹងចំរៀងមួយបទ ក្រោមចំណងជើងថា ៖
លើកទឹកចិត្ដខ្លួនឯង
១.អស់សង្ឃឹមត្រូវញញឹមជួយស្មារតី ដើម្បីអ្វី គឺដើម្បីដួងចៃខ្លួនឯង ក្លាហានណ៎ា កុំសោកាវិលវល់ សោកសង្រេង ត្រូវតែប្រឹងប្រែងចេញពីភាពវង្វេងក្នុងជីវិត ។
២.ផ្លូវវែងឆ្ងាយទោះត្រូវនឿយណាយយ៉ាងណា តាំងចិន្ដា ប្រាប់ខ្លួនថា ស្នេហាជានិច្ច កុំស្អប់ខ្ពើម ខ្លួនឯងណា បេះដូងកុំអាណិត ទទួលការពិត ដែលជីវិតយើងអាចចាប់យកបាន ។
បន្ទរ ញញឹមឡើង តំកើងចិត្ដឱ្យរឹងមាំ ស៊ូទ្រាំយកឈ្នះភាពសាមាន្យ ជំហរបេះដូង ត្រូវតែបញ្ជា ឱ្យបាន ឈ្នះភាពសាមាន្យ ទើបបានជ័យ ។
ទោះបីឈ្នះសត្រូវរាប់ពាន់នាក់ ក៏មិនស្មើនឹងឈ្នះខ្លួនឯងម្នាក់ឡើយ ។ រ៉ាណាចាញ់ហើយ តែពេល នេះ នាងនៅតែជាអ្នកឈ្នះ ព្រោះនាងអាចជំនះខ្លួនឯងបាន ។
មនុស្សម្នាក់ៗ សុទ្ធតែបានឆ្លងកាត់ដំណាក់កាលស្នេហារវាងមនុស្សប្រុសនិងស្រី តែអ្វី ដែលគួរឱ្យ គិត តើអ្នកទាំងអស់នោះ បានឆ្លងកាត់ដោយស្រួល ឬលំបាក ? ចម្លើយមានតែមួយគត់ គឺថា បើឆ្លងកាត់ ដំណាក់កាលនេះហើយ គ្មាននរណាស្រួលឡើយ សុទ្ធតែស្គាល់ការឈឺចាប់ទាំងអស់ គ្រាន់តែខុសត្រង់ថា តើ ការឈឹចាប់នោះ តិចឬច្រើនប៉ុណ្ណោះ ។
រ៉ាណាបានក្លាយជាស្រីល្ងង់ខ្លៅមួយរំពេចព្រោះតែស្នេហា តែមានតែអ្នក ដែលប្រឡូកក្នុង ឆាកល្ខោនស្នេហាជាមួយនាងទេ ដែលយល់ពីជំរៅចិត្ដរបស់នាង ។ នាងបានគំរាមម៉ូលីនគ្រប់បែបយ៉ាង ប៉ុន្ដែ នាងពុំមែនកាចសាហាវគ្មានមេត្ដានោះឡើយ ការពិតនាងមិនបានធ្វើអ្វីឡើយ ចំពោះគ្រួសារម៉ូលីន តែក្រោយពេល ដែលអស់សង្ឃឹមនឹងទទួលបានស្នេហា ដែលខ្លួនត្រូវការហើយ ទើបនាងលែងត្រូវការអ្វី ទាំងអស់ ។ មួយកាំបិត ដែលនាងចាក់ទៅរកម៉ូលីន តែបែរជាសេរីជាអ្នកទទួល នាងខ្សឹកខ្សួលខ្លាំងណាស់ នាងយល់ច្បាស់ពីស្នេហា យល់ពីការបរាជ័យចំពោះស្នេហា ដឹងថាខ្លួនឯងពិតជាធ្វើខុស ប៉ុន្ដែកំហុសរបស់នាង បែរជាត្រូវសេរី និងម៉ូលីនរុញច្រានចោល ហើយព្រមលើកលែងទោសឱ្យនាងគ្រប់បែបយ៉ាង ។ ដំណក់ទឹក ភ្នែករបស់រ៉ាណា មិនមែនជាការឈឺចាប់ទៀតឡើយ នាងដឹងខ្លួនហើយ ហើយស្ដាយក្រោយខ្លាំងណាស់ ហើយនាងក៏មិនចង់ឱ្យព្រឹត្ដិការណ៍នេះ កើតឡើងចំពោះនារីទូទៅ ដែលលង់ជ្រៅនឹងស្នេហានោះដែរ នាង ត្អូញត្អែរនៅក្នុងបន្ទប់ផ្សាយសំលេងតែម្នាក់ឯង ប៉ុន្ដែសំលេងនេះវាពីរោះណាស់ នៅពេលដែលទស្សនិកជន
បានស្ដាប់វា ។
កម្មវិធីចំណងស្នេហ៍ តែងតែត្អូញត្អែរនូវទុក្ខវិបត្ដិស្នេហា តើមនុស្សនៅលើលោកានេះ បានដឹងខ្លួន ហើយឬនៅថា ខ្លួនចង់បានអ្វី ? ចំណីមួយ ដែលពួកគេត្រូវការបំផុតនោះ គឺស្នេហានេះហើយ ។ តើអ្នកហ៊ាន បដិសេធទេ ថាអ្នកមិនត្រូវការ ? សូម្បីតែខ្ញុំ ក៏ខ្ញុំត្រូវការវាដែរ ហើយស្នេហ៍នេះ វាធ្វើឱ្យខ្ញុំស្ទើរតែធ្លាក់ រណ្ដៅងើបលែងរួច ។ ប្រិយមិត្ដជាទីស្រលាញ់ តើអ្នកមានបានត្រៀមចិត្ដចាញ់ចំពោះស្នេហាដែរឬទេ ? បើ នៅទេ អ្នកគួរតែត្រៀមឱ្យហើយ ដើម្បីក្លាយជាអ្នកឈ្នះ នៅពេលអ្នកបរាជ័យ ។
…………………………………………………………………………………………………….
អវសាន្ដ
រំដួលស្នេហ៍ក្បែរស្ទឹងសៀមរាប ក្រអូបជ្រួតជ្រាបដល់ក្រអៅបេះដូង ។ គូស្នេហ៍ថ្មីថ្មោងមួយគូ កំពុងឈរសំលឹងទៅដងស្ទឹង បន្ទាប់មកងាកសំលឹងទៅដើមផ្ការំដួលទាំងអស់នោះ ៖
-ពួកយើងគួរតែដាក់ឈ្មោះទីនេះថា ជាទីចាំស្នេហ៍ តើត្រូវទេ ?
-ហេតុអី ?
-បងស្រី លោកវ៉េត បង រួមទាំងអូនសុទ្ធតែមកចាំស្នេហ៍នៅទីនេះ តើពិតទេ ?
-ពិតមែនហើយ ប៉ុន្ដែស្ដាប់ទៅ វាធ្វើឱ្យទីនេះហាក់ដូចជាសោកសៅណាស់
-ត្រូវហើយ ព្រោះនៅទីនេះ ដិតដាមទៅដោយដំណក់ទឹកភ្នែកអ្នកដែលរង់ចាំ តែទីនេះមិនមែនជា ទីបរាជ័យស្នេហាឡើយ …………..អូនកុំមើលមុខបង ….. ថ្វីត្បិតតែបងស្រី រង់ចាំនៅទីនេះ រហូតដល់ថ្ងៃស្លាប់ តែគាត់មិនមែនជាមនុស្សបរាជ័យទេ នៅទីបំផុត មនុស្សដែលគាត់ស្រលាញ់ នៅតែមករកគាត់ ………..
-តែទីនេះមានស្លាកស្នាមច្រើនពេកហើយ
-ស្លាកស្នាមទាំងអស់នេះហើយ នឹងធ្វើឱ្យទីនេះក្លាយជាទីសាកសិទ្ធិនៃស្នេហា ទៅថ្ងៃមុខ បើគូ សង្សារណាបាន់ដមកដល់ទីនេះ ពួកគេនឹងក្លាយជាគូស្នេហ៍ពិតអស់មួយជីវិត ដូចជាពួកយើងអ៊ីចឹង ។
-ដងស្ទឹងសៀមរាប អ្នកមិនមែនជាទីចាំស្នេហ៍ទៀតឡើយ តទៅអ្នកនឹងក្លាយជាទីរក្សាស្នេហ៍ សម្រាប់គូស្នេហ៍គ្រប់រូប ដែលបានមកដល់ទីនេះ ។
ពួកយើងស្រលាញ់អ្នកណាស់ !
ចប់ដោយបរិបូណ៌
Posted on ខែមេសា 11, 2014, in ប្រលោមលោក, លាក់ ម៉ាឡែន and tagged ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប, លាក់ ម៉ាឡែន, leak malen. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0