រឿងខ្លី បេះដូងឈឺចាប់(វគ្គ១)

បេះដូងឈឺចាប់វាចាបេះដូងពិត


បេះដូងឈឺចាប់ គឺជាស្នាដៃទីពីររបស់ខ្ញុំ បន្ទាប់ពីរឿងផ្ទៃមេឃស្នេហ៍។ រឿងនេះ នឹងបង្ហាញពីទឹកដៃដ៏ក្មេងខ្ចីរបស់កវីម្នាក់ ដែលកាលនោះ ស្ថិតនៅក្នុងភាពឯកា សូម្បីផ្លូវទៅអនាគតយ៉ាងណា ក៏នេត្រាមួយគូនេះ មើលមិនឃើញទាល់តែសោះ។ ខ្ញុំដឹងថា រឿងនេះនៅខ្វះចន្លោះច្រើនណាស់ តែខ្ញុំចង់រក្សាទឹកដៃនេះទុក ដើម្បីមើលឃើញពីអតីតកាលដ៏ក្មេងវ័យរបស់ខ្លួន។ ស្នាដៃខ្ញុំ បានដាក់ផ្សាយជាច្រើនរឿង នៅលើគេហទំព័រខ្មែរឡូត ហើយខ្ញុំក៏ដឹងដែរថា ប្រិយមិត្តរបស់ខ្ញុំ ប្រាកដជាចង់ស្គាល់ថា ខ្ញុំជានរណា? ការពិត ខ្ញុំជាគ្រូបង្រៀនម្នាក់ ដែលមានការស្រមើស្រមៃធ្វើជាអ្នកនិពន្ធ ខ្ញុំកើតនៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ១៩៨៤ មានបងប្អូនប្រាំពីរនាក់ រស់នៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ខ្ញុំកើតនៅក្នុងគ្រួសារមួយដ៏សមរម្យ ពុំសូវមានជួបការលំបាកក្នុងឆាកជីវិតឡើយ។ ដូចនេះហើយទើបខ្ញុំគិតថា ខ្ញុំពុំសូវមានបទពិសោធន៍ជីវិត តែទោះជាយ៉ាងណា ខ្ញុំជឿថា ប្រលោមលោកស្នេហារបស់ខ្ញុំ នឹងបង្រៀនប្រិយមិត្តរបស់ខ្ញុំ ឲ្យរឹងមាំ ក្លាហាន ហ៊ានកាត់ក្តីចំពោះស្នេហារបស់ខ្លួន ជាពិសេស ពួកគេនឹងអាចយកឈ្នះចិត្តខ្លួនឯង យល់ពីសេចក្តីស្រលាញ់របស់មនុស្សពិតប្រាកដ។
សូមថ្លែងអំណរគុណ ចំពោះប្រិយមិត្តទាំងអស់ និងគេហទំព័រខ្មែរឡូត ដែលគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក ហើយខ្ញុំសង្ឃឹមថា ប្រិយមិត្តនឹងនៅតែបន្តនូវការគាំទ្រនេះជានិរន្តរ៍ទៅមុខ។ ដើម្បីកុំឲ្យអផ្សុក សូមបង្វែរអារម្មណ៍មិត្តអ្នកអាន មកអាននូវស្នាដៃមួយនេះ។
តើអាពាហ៍ពិពាហ៍ ដែលកើតឡើងដោយសេចក្តីស្រលាញ់ និងការសមភ្នែកញាតិ វាខុសគ្នាត្រង់ណា? តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះអាពាហ៍ពិពាហ៍នេះ? តើអ្នកណាជាអ្នកទទួលរងនូវការឈឺចាប់ នៅពេល ដែលអាពាហ៍ពិពាហ៍នេះ ដើរដល់ផ្លូវបំបែក? ចម្លើយនៃទឹកភ្នែក គឺស្ថិតនៅក្នុងរឿង បេះដូងឈឺចាប់។

សៀមរាប ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥

លាក់ ម៉ាឡែន
វគ្គ ១ បេះដូងឈឺចាប់
១. បើចិត្ដមិនស្នេហ៍ ហេតុអ្វីនៅតែបង្ខំរៀបការ នៅទីបញ្ចប់តើដឹងទេថា គឺរូបអ្នកណាជាអ្នកឈឺចាប់។
២. គឺជារូបកូន កាយរស់ចិត្ដសូន្យដែលប្រៀបដូចស្លាប់ ព្រោះស្នាមដំបៅនៃ ការឈឺចាប់ រស់នៅអួរអាប់ មិនយល់ស្នេហ៍។
៣. និសា វិភា គ្រាំគ្រាដួងចិត្ដ ដប់ឆ្នាំជីវិតរឹតតែខ្លោចផ្សា ទុក្ខសោកព្រោះនឹក មាតាបិតា ចាកចោលអង្គា ទាំងនៅក្មេងវ័យ។
៤. វាសនាកំណត់ ធ្លាប់់បែកចាកព្រាត់វិលជួបជាថ្មី រឹតតែខ្លោចផ្សា និសាយល់ន័យ ស្នេហាភក្ដី ឱ្យរូប ប្រុសថ្លៃនិងស្រី ឈឺចាប់។
គន្លងទឹកភ្នែក ដែលហូរច្រោះស្ទើររលុះផែនថ្ពាល់ទាំងគូទោះបីរយៈពេលយូរយ៉ាងណា ក៏គន្លងនៃ ទឹកនេត្រានេះ នៅតែជាស្នាមដាននៃការឈឺចាប់ដដែល។
ទេវតាអាចដឹងពីការឈឺចាប់របស់មនុស្ស ប៉ុន្ដែទេវតាមិនអាចយល់ពីការឈឺចាប់របស់មនុស្ស ឡើយ។ រយៈពេលដប់ប្រាំឆ្នាំហើយ ដែលគ្រួសាររបស់លោក ចិត្ដ វិភូ រស់នៅប្រកបដោយសេចក្ដីសុខ ទាំងស្រពេចស្រពិល តែមកដល់ថ្ងៃនេះ៖
– ម៉ាក់ !…….កុំទៅចោលខ្ញុំនិងប៉ាអី…..!
សំឡេងក្មេងប្រុសម្នាក់បន្លឺឡើង បញ្ចាក់ពីភាពសោកសៅមិនដាច់អាល័យ ពីម្ដាយគួរឱ្យអាសូរ។ ស្ដ្រីជាម្ដាយតបដោយវាចាទន់ភ្លន់ ៖
– កូនប្រុស លែងម៉ាក់ទៅ!
– ហេតុអីម៉ាក់ត្រូវចាកចេញពីខ្ញុំ និងប៉ាបែបនេះ?
– ពេលកូនធំឡើង កូននឹងយល់ ……………….លែងម៉ាក់ទៅ !
– ម៉ាក់………………!
– កូនប្រុស! (សំឡេងបុរសវ័យប្រមាណជា៤៥ឆ្នាំ បន្លឺឡើង)
– ប៉ា! ……ម៉ាក់ចាកចេញពីពួកយើងហើយ
– ជូតទឹកភ្នែកទៅកូន កូនប្រុសមិនត្រូវសម្រក់ទឹកភ្នែកឡើយ។

១០ ឆ្នាំកន្លងផុតទៅ ”
រដូវប្រាំងបានកន្លងហួស ជំនួសដោយវស្សា ភាពឯកាចាក់ទម្លុះឧរាព្រោះ តែការរលឹក។ មើលន៏! យុវតីវ័យប្រមាណជាម្ភៃបីឆ្នាំជោគជាំទៅដោយទឹកនេត្រា នាងអង្គុយសម្លឹងវេហាស៏ដ៏ខ្មៅងងឹតក្បែរផ្ទះកម្សត់របស់ខ្លួន។ យុវតីបិទភ្នែកប្រមូលអារម្មណ៍ វិលទៅរកអតីតកាល ៖
គ្រួសារ គិត និស្ស័យ
-ប៉ា !….. ប៉ាទៅណា?
– ប៉ាទៅហើយ ចាប់ពីថ្ងៃនេះទៅកូនត្រូវថែរក្សាម៉ាក់កូនឱ្យបានល្អណ៎ា
– ខ្ញុំមិនឱ្យប៉ាទៅទេ!
-កូនស្រី!
– នៅសុខៗ ហេតុអីក៏ប៉ាត្រូវទៅចោលពួកខ្ញុំ?
– ពេលកូនធំឡើង កូននឹងយល់
– អត់ទេ!………. កូនមិនឱ្យប៉ាទៅទេ!
– កូនស្រី! ឱ្យប៉ាទៅចុះ (ស្ដ្រីវ័យកណ្ដាលម្នាក់ ដើរចេញពីមាត់ទ្វារចូលមក )
– ម៉ាក់! ម៉ាក់និយាយអី?
– បងទៅចុះ! អូនអាចមើលកូនបាន
– ប៉ា… ប៉ាកុំទៅអី……….. ហ៊ីៗ………………
– កូនស្រី កូនកុំយំ
– ហេតុអីក៏ម៉ាក់ឱ្យប៉ាទៅ?
– ចាំកូនធំបន្ដិចទៀត ម៉ាក់និយាយប្រាប់កូន
៧ ឆ្នាំក្រោយមក
– ម៉ាក់! កូនអាយុម្ភៃឆ្នាំហើយ
– កូននៅតែចង់ដឹង ពីមូលហេតុដែលប៉ាកូនចាកចេញទៅទៀត អ្ហេ?
– កូនមិនយល់ពិតមែន! ម៉ាក់ជាមនុស្សល្អ¬¬¬¬¬y៉ាងនេះ ហេតុអីក៏គាត់ដាច់ចិត្ដទៅមានប្រពន្ធថ្មី?
– ហេតុអីក៏កូនដឹង?
– កូនឃើញគាត់នៅឯផ្សារ…….. កូនពិតជាស្អប់គាត់ណាស់!
-ហេតុអីកូននិយាយបែបនេះ?……… អាពាហ៍ពិពាហ៍រវាងម៉ាក់ និងប៉ារបស់កូន មិនមែនកើតឡើង
ពីការយល់ចិត្ដគ្នានោះទេ តែវាគ្រាន់តែជាការកើតឡើងដោយ ការសមភ្នែកញាតិទាំងសងខាង
ប៉ុននោះ។ ប៉ារបស់កូនមិនដែលស្រលាញ់ម៉ាក់ទេ តែគាត់ក៏ជាបុរសដ៏ល្អ¬¬¬¬¬¬¬¬mñak់ដែរគាត់សុខចិត្ដធេ្វីជាប្ដីល្អ របស់ម៉ាក់អស់រយៈពេលដប់បីឆ្នាំ គឺគ្រប់គ្រាន់ហើយ
– ដូចនេះ ម៉ាក់ក៏ឱ្យគាត់ទៅអ្ហេ?
– ត្រូវហើយ! ម៉ាក់ត្រូវតែគិតពីសេចក្ដីសុខរបស់គាត់ ម៉ាក់មិនចង់ចងគាត់អស់មួយជីវិតនោះទេ!
– ប៉ុន្ដែគាត់ ដាច់ចិត្ដពីខ្ញុំណាស់
– គាត់មិនបានដាច់ចិត្ដពីកូនឯណា! ទោះយ៉ាងណាគាត់នៅតែផ្ញើប្រាក់មកឱ្យកូន ជារៀងរាល់ខែ
– តែកូនមិនចង់បានបែបនេះទេ!
ភ្ញាក់ពីអតីតកាល ផែនថ្ពាល់ក្លាយជាថ្នាលទឹកភ្នែក សម្រែកបន្លឺឡើង ដើម្បីបន្ធូរភាពតប់ប្រមល់ លាយឡំនឹងសំឡេងខ្យល់ ភ្លៀងផ្គរ ក្លាយជាសូរមួយផ្សេងរឹតតែសោកសង្រេងថែមទៀត។ មិនយូរប៉ុន្មាន សម្រែកនេះត្រូវបានបញ្ឈប់ នៅពេលដែលឃើញអ្នកកំលោះពីររូប និងយុវណារីបីរូប ដើរចូលមកដោយស្នាម ញញឹម និងភាពជឿជាក់។ មាណវីស្រដីទៅកាន់មិត្ដភក្ដិទាំងប្រាំ ៖
– ពួកឯងទៅណាកណ្ដាលភ្លៀង?
– ពួកខ្ញុំមករកឯង !
– ចូលផ្ទះទៅ ទទឹកអស់ហើយ
-ថ្ងៃដែលប៉ាឯងចាកចេញពីឯង ថ្ងៃដែលម៉ាក់ឯងលាចាកលោកនេះទៅ គឺជាថ្ងៃ ដែលឯងឈឺចាប់ ក៏ដូចជាថ្ងៃដែលពួកយើងឈឺចាប់ដូចគ្នា
– ពួកយើងចង់មុជទឹកភ្លៀងជាមួយនាង ចង់រួមសុខទុក្ខជាមួយនាង តើបានទេ?
មាណវីសម្លឹងទៅកាន់មិត្ដទាំងប្រាំដោយក្ដីរំភើប៖
– និសា! ពួកខ្ញុំជាបងប្អ្អនរបស់ឯងណ៎ា!
– បងប្អូនល្អ! តើយើងអាចមុជទឹកភ្លៀងជាមួយគ្នាទេ?
– ល្អ !
សំណើចបានលាន់ឡើងព្រមគ្នាក្រោមតំណក់ភ្លៀង សំនៀងសោកសៅ ក៏បាត់អស់ពីក្នុងចិត្ដ។
និសា ” ជាកូនស្រីតែមួយគត់របស់គ្រួសារ គិត និស្ស័យ រីឯ ណារី រីណា សុគន្ធ រួមទាំងយុវជនពីររូបទៀត សង្ខារ ណារ៉ា ជាមិត្ដសម្លាញ់របស់នាង។ តាំងពីឪពុកចាកចេញទៅ រហូត ដល់ម្ដាយធ្លាក់ខ្លួនឈឺត្រូវលាចាកលោកនេះទៅទៀត គឺមានតែពួកគេទាំងប្រាំនាក់នេះហើយ ដែលនិត្យនៅក្បែរនាង ផ្ដល់កម្លាំងចិត្ដឱ្យនាង ផ្ដល់សេចក្ដីស្រលាញ់ឱ្យនាង គ្រប់បែបយ៉ាងនៅក្នុងជីវិតរស់នៅ។ និសា ចាត់ទុកមិត្ដទាំងប្រាំជាសាច់ញាតិតែមួយគត់ ដែលមិនអាចបាត់បង់បាន ហើយក៏មិនធ្លាប់គិតដែលថា នឹងមានថ្ងៃនោះ។
ពេលនេះមេឃស្ងប់ហើយ ពួកគេចូលទៅក្នុងផ្ទះ ផ្លាស់សម្លៀកបំពាក់រៀងៗខ្លួន ហើយមកជួបជុំគ្នា នៅយ៉មុខផ្ទះ។ និសានិយាយទៅកាន់មិត្ដរបស់ខ្លួនដោយរីករាយ ៖
– អរគុណ ពួកឯង!
– អរគុណអី! ក្រែងឯងថា ពួកយើងជាគ្រួសារតែមួយអ្ហ៊ៃ
– អ៊ឺ……ត្រូវហើយ!មហាវិទ្យាល័យពួកឯងមិនរៀនទេ?
– មហាវិទ្យាល័យគេរៀន តែពួកយើងជាអ្នកឈប់
– ពួកយើងចង់មុជទឹកភ្លៀងជាមួយឯងហ្នឹងណ៎ា !
– ការពិតខ្ញុំពិតជាស្ដាយក្រោយណាស់ ដែលមិនបានរៀនបន្ដដូចជាពួកឯង
– មិនទាន់ហួសពេលឯណា (សង្ខារតប)
– ត្រូវហើយ! បើចង់ចូលរៀន ខ្ញុំរត់ការឱ្យ
-ខ្ញុំនិយាយលេងទេ ពេលនេះអ្វីដែលខ្ញុំគិត គឺបំណងប្រាថ្នារបស់ខ្ញុំ បើបំណងរបស់ខ្ញុំសម្រេចហើយ ខ្ញុំនឹងរៀនបន្ដទៀត តើពួកឯងគិតថាល្អទេ?
– ល្អម្យ៉ាងដែរ
– នាងពិតជាចង់បើកហាងសម្អាងការពិតមែនអ្ហេ?
-អ៊ឺ! ខ្ញុំរៀនចេះចប់អស់ហើយ តែលុយដែលខ្ញុំខំសន្សំ ពីការដែលទៅធ្វើជាកូនជាងគេនោះ គឺវាតិចតួចណាស់ មិនអាចបើកហាងបានទេ
– ចុះប៉ាឯងមានផ្ញើលុយមកទេ?
– ផ្ញើ! តែនៅតែមិនគ្រាន់ដដែល
– នាងពិតជាចង់បើកហាងមែនអ្ហេ?
– ប្រាកដហើយ! ខ្ញុំចង់ធ្វើជាមេជាង មិនមែនជាកូនជាងដូចរាល់ថ្ងៃនេះទេ
– ហេតុអីមិនទៅសុំប៉ារបស់ឯង?
– បើគាត់មិនមករកខ្ញុំ ខ្ញុំក៏មិនទៅរកគាត់ដែរ
– ឥឡូវអ៊ីចេះទៅ ពួកយើងចួលហ៊ុនគ្នាទៅ!
– មិនបានទេ !
– យ៉ាងម៉េច?
– ខ្ញុំមិនចង់រំខានការរៀនសូត្ររបស់ពួកឯងទេ
– មានរំខានអី ពួកយើងរៀននៅពេលយប់ទេតើ!
-ទោះជាយ៉ាងណាក៏មិនបានដែរ ពួកឯងតាមជួយខ្ញុំជាច្រើនណាស់មកហើយ។ លើកនេះជា
បំណងប្រាថ្នារបស់ខ្ញុំ ខ្ញុំចង់បង្កើតវាដោយខ្លូនឯង
– ឯងគិតអ៊ីចឹងអ្ហេ?
– អ៊ឺ! បើបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច ពួកឯងត្រូវមកជួយខ្ញុំណ៎ា!
– យល់ព្រម!
– បងប្អូនល្អ!
ដំណោះស្រាយ
ដួងចន្ទពេញវង់មូលក្រឡង់ ប៉ុន្ដែដួងចិត្ដល្អក់កករមិនស្រស់ស្អាតដូចជា ដួងចន្ទឡើយ។
ពន្លឺត្រចះត្រចង់គឺជាឈ្មោះរបស់យុវជនកំលោះម្នាក់ដែលពោរពេញទៅដោយភាពសោកសៅ។ ម្ចាស់ សណ្ឋាគារដ៏សែនធំ តែបែរជាក្រៀមក្រំព្រោះតែអ្វី?
វិភា គឺជាកូនប្រុសតែមួយគត់របស់គ្រួសារ ចិត្ដ វិភូ។ ចាប់តាំងពីម្ដាយចាកចេញទៅ ដំបៅនៅក្នុង ចិត្ដពុំដែលជាសះសើ្បយឡើយ។ យុវជននៅតែគិតមិនយល់ថា អ្វីជាស្នេហាពិតប្រាកដនោះ? ព្រោះតែ ស្នេហាពិតប្រាកដនេះហើយ ទើបធ្វើឱ្យម្ដាយរបស់គេចាកចេញពីគេ និងឪពុករបស់គេបែបនេះ។ ១០ឆ្នាំ ហើយ ដែលស្នាមញញឹមមានតែភាពសោះកក្រោះ ទោះបីឪពុកជួយពន្យល់លួងលោមយ៉ាងណា ក៏នេត្រានៅ តែមើលឃើញការចាកចេញរបស់ម្ដាយដោយគ្មានអាល័យអាលោះសូម្បីតែបន្ដិច។
ហ៊ឺ!………………….ពេលវេលាកន្លងទៅដូចជាលឿនណាស់ លឿនរហូតដល់ចង់បកក្រោយ ក៏បក មិនទាន់។ គេថាមនុស្សបើមិនខុស គឺរកត្រូវមិនឃើញឡើយ ប៉ុន្ដែតើត្រូវរកត្រូវដោយវិធីណា? តើហួស ពេលទេ បើសិនជាចង់ត្រឡប់ក្រោយ?
លោក និស្ស័យ ស្រដីទៅកាន់អ្នកស្រី វាសនា ដែលជាភរិយា ដោយអារម្មណ៍ស្ងៀមស្ងាត់ ៖
– តើអូនស្ដាយក្រោយទេ?
– ហេតុអីក៏បងសួរបែបនេះ? បងស្ដាយក្រោយមែនទេ?
– កាលដែលបងមករស់នៅជាមួយអូន បងមិនស្ដាយក្រោយទេ អ្វីដែលបងស្ដាយ
– គឺកូនមែនទេ?
– ត្រូវហើយ !
-អូនក៏មានអារម្មណ៍ដូចបងដែរ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីលុបលាង កំហុសដែលធ្វើទៅលើ កូននោះ?
– បងចង់ឱ្យកូនមករស់នៅជាមួយយើង បានទេ?
អ្នកស្រី វាសនាសញ្ចឹងមួយសន្ទុះរួចតប ៖
– តើនាងយល់ព្រមទេ?
-បងក៏មិនដឺងដែរ ពេលនេះវានៅផ្ទះមួយតែម្នាក់ឯង បងបារម្ភណាស់
– អូនក៏ចង់នាំ វិភាមកនៅទីនេះដែរ ប៉ុន្ដែអូនមិនចង់ធ្វើបាបចិត្ដបងវិភូទៀតទេ
– តើយើងពិតជាមិនអាចលុបលាងកំហុស ដែលពួកយើងបានសាងពិតមែនអ្ហេ?
-អ៊ីចេះទៅបង! យើងសាកល្បងលមើលទៅ ទោះកូនមិនលើកលែងទោសឱ្យយើង ឱ្យតែធ្វើឱ្យ វាយល់ ពីចិត្ដរបស់យើងខ្លះក៏បាន
– មានតែធ្វើបែបនេះហើយ !
– ណ្ហើយ! គេងទៅ ចាំស្អែកយើងទៅរកកូន
ព្រលឹមស្រាងៗសូរិយាមិនទាំងបានរះស្រួលបួលផង ស្រាប់តែឃើញលោកនិស្ស័យឈរនៅចំពីមុខកូនស្រីដោយស្នាមញញឹម ៖
– កូនស្រី !
-លោក ! (និសាបើកភ្នែកធំៗ)
– កូនសុខសប្បាយទេ?
– លោកអញ្ជើញមកទីនេះធ្វើអី?
– កូនស្រី! កូនពិតជាមិនអាចលើកលែងទោសឱ្យប៉ាមែនអ្ហេ?
និសា សើចហួសចិត្ដ ៖
– លោកគ្មានកំហុសផង ឱ្យខ្ញុំលើកលែងទោសពីស្អី?
– កូនស្រី!
-កុំប៉ះខ្ញុំ! ……បើគ្មានការអីទេ លោកអញ្ជើញទៅវិញទៅ!
– ប៉ាចង់ឱ្យកូនទៅរស់នៅជាមួយប៉ា បានទេ?
– ថាម៉េច?
– កូនជាស្រី រស់នៅម្នាក់ឯងបែបនេះ គួរឱ្យខ្លាចណាស់
-គួរឱ្យខ្លាចអ្ហេ! លោកទើបតែដឹងថា កាលដែលខ្ញុំរស់នៅម្នាក់ឯង វាគួរឱ្យខ្លាចអ្ហេ?…….. ចុះហេតុអី ក៏លោកដាច់ចិត្ដទៅចោលខ្ញុំ និងម្ដាយខ្ញុំ?
លោកនិស្ស័យ ពេលឃើញកូនស្រីនិយាយដោយក្ដីរន្ធត់ សង្វេគស្ទើរប្រេះទ្រូង លោកតបទាំង អារម្មណ*៍ខ្សឹកខ្សួលអួលដើមក ៖
-កូនស្រី! ប៉ាដឹងថាប៉ាខុសដែលចាកចោលកូន ឱ្យតែកូនអាចលើកលែងទោស ឱ្យប៉ា ប៉ានឹងប្រគល់អ្វីៗ គ្រប់យ៉ាងដែលប៉ាមានឱ្យទៅកូន———– កូនទៅរស់នៅជាមួយប៉ាទៅបានទេ?
– ខ្ញុំមិនទៅទេ ! លោកប្រញាប់អញ្ជើញទៅវិញទៅ!
– កូនពិតជាមិនអាចលើកលែងទោសឱ្យប៉ាមែនអ្ហេ?
យុវតីមិនស្រដី តែបែរជាងាកមុខចេញពីឪពុក ស្រាប់តែនឹកឃើញសំដីរបស់ម្ដាយៈ ៉កូនត្រូវតែទុក ឱកាសឱ្យខ្លួនឯង ក៏ដូចជាប៉ារបស់កូន ថ្ងៃណាមួយ គាត់នឹងវិលមករកកូន កូនមិនត្រូវប្រកាន់ខឹងនឹងប៉ា របស់កូនឡើយ ស្ដាប់បានទេ?៉ លោក និស្ស័យ ដើរចេញទាំងអស់សង្ឃឹម ៖
– ឈប់សិន ! …………………ខ្ញុំព្រមទៅរស់នៅជាមួយលោក!
-ថាម៉េច!…….កូន………កូនព្រមទៅជាមួយប៉ាអ្ហេ? (លោកនិស្ស័យរំភើបស្ទើរតែមិនជឿ)
– តែខ្ញុំមានសំណូមពរមួយ
– បានៗ ប៉ុន្មានក៏បានដែរ កូននិយាយមក
– ខ្ញុំចង់បើកហាងសម្អាងការមួយ លោកឱ្យខ្ញុំបានទេ?
– បានកូន !
– ប៉ុន្ដែខ្ញុំអាចទៅរស់នៅជាមួយលោកបានតែក្នុងរយៈពេលបីខែប៉ុននោះ
– បីខែទេអ្ហេ?
– លោកមិនព្រមក៏បាន
– បានៗ
-រយៈពេលបីខែនេះ បើធ្វើឱ្យខ្ញុំយល់ពីមូលហេតុ ដែលលោកចាកចេញពីម្ដាយរបស់ខ្ញុំបាន ខ្ញុំនឹង លើកលែងទោសឱ្យលោក
– ពិតមែនអ្ហេ កូន?
– តែលោកមិនត្រួវឃាត់ឃាំងសេរីភាពរបស់ខ្ញុំឡើយ
– បាន! ប៉ានឹងធ្វើតាមកូនគ្រប់បែបយ៉ាង
– នៅរឿងមួយទៀត!
– រឿងអី?
– បើភរិយារបស់លោកធ្វើអ្វីមិនគប្បីជាមួយខ្ញុំ ខ្ញុំនឹងតបតទៅវិញមិនឱ្យខ្វះចន្លោះឡើយ
– ស្រេចតែកូនចុះ
– ចប់ហើយ! ស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់លោក លោកអញ្ជើញទៅវិញចុះ
– ចាំប៉ាមកយកកូន !
– អ៊ីចឹងក៏បាន
– ប៉ាត្រឡប់ទៅវិញហើយ
– អញ្ជើញ! ……….តែកុំភ្លេចសំណូមពររបស់ខ្ញុំណ៎ា !
– ប៉ាមិនភ្លេចទេ! ប៉ានឹងចាត់ចែងឱ្យកូន
………………..ធម្មជាតិថ្ងៃនេះពិតជាស្រស់ស្អាតណាស់ អ្វីៗថ្ងៃនេះគឺពិតជាស្រស់ស្អាតទាំងអស់ រួមទាំងចិត្ដមនុស្សផងដែរ។ លោកនិស្ស័យ ហឫទ័យពោរពេញទៅដោយភាពរីករាយ វិលត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយទឹកមុខស្រស់ថ្លា លោកវាចាទៅកាន់ភរិយាដោយក្ដីរំភើប ៖
– និសាព្រមមករស់នៅទីនេះហើយ!
– ពិតមែនអ្ហេ? (អ្នកស្រីវាសនា តបវិញដោយក្ដីរំភើបដូចគ្នា)
– ចុះកួនរបស់អូន? វិភូមិនព្រមឱ្យមកទេ មែនទេ?
– គេព្រមមកហើយបង!
– ល្អណាស់ !
– យើងគួរឱ្យពួកគេនៅបន្ទប់ណា?
– បន្ទប់ពីរនៅទល់មុខគ្នានោះ
– ត្រួវហើយ !
– និយាយអ៊ីចេះ ហេតុអីវិភាព្រមមករស់នៅជាមួយយើង?
– រឿងនេះ អូនមិនដឹងដែរ! ចុះកូនរបស់បង?
– បងជាប់ខសន្យាជាមួយវាច្រើនណាស់
-ណ្ហើយ! ទោះយ៉ាងណា ក៏ពួកគេព្រមមករស់នៅជាមួយនឹងយើងដែរ សង្ឃឹមថា យើងនឹងអាច ប៉ះប៉ូវ សងពួកគេបានខ្លះ
– បងពិតជាចង់ឱ្យឆាប់ស្អែកណាស់
– អូនក៏ដូចគ្នា
……………..ហ៊ី …………. យុវកំលោះដកដង្ហើមធំទៀតហើយ កំពុងស្លុងអារម្មណ៍ស្រាប់តែ ៖
– កូនគិតអី?
– ប៉ា ! ……… ហេតុអីឱ្យកូនទៅនៅជាមួយម៉ាក់?
-ឱ្យតែជួបប៉ា កូនមានតែសំនួរ ឥឡូវប៉ាផ្ដល់ចម្លើយហើយតើ!……….ក្រែងកូនចង់យល់ពី ចិត្ដរបស់
ម៉ាក់កូនអ្ហ៊ៃ?
– តែ…………….
-កូនសាកប្រើជីវិតរស់នៅជាមួយនឹងម៉ាក់លមើល ប្រហែលជាកូនអាចយល់ច្បាស់ពីអ្វី ដែលកូន ចង់ដឹងក៏ថាបាន
– តែបើគាត់បានជាទៅហើយ ហេតុអីចាំបកក្រោយមករកកូនទៀត?
– កូនប្រុស ! គ្មានឪពុកម្ដាយណាដាច់ចិត្ដពីកូនខ្លួនឯងនោះទេ កូនចាំសម្ដីប៉ាទេ?
– ប៉ាតែងនិយាយថា ម៉ាក់ជាមនុស្សល្អ
– ត្រូវហើយ ! កូនត្រូវតែព្យាយាមយល់ពីម៉ាក់របស់កូនឱ្យបានច្រើន
– ប៉ុន្ដែបើកូនទៅពិតមែននោះ……………………….
-កុំបារម្ភពីប៉ា! ប៉ាមិនមែនជាមនុស្សចាស់ជរាដើរលែងកើតឯណា ហើយប៉ាក៏មិនឱ្យកូនទៅរហូត ដែរ ប៉ាគ្រាន់តែឱ្យកូនទៅស្វែងរកចម្លើយរបស់កូនប៉ុណ្ណោះ ដើម្បីឱ្យការឈឺចាប់របស់កូនបាន ធូរសើ្បយខ្លះ។ កូនប្រុស! កូនត្រួវតាំងជំហរខ្លួនឯង ឈរមើលពិភពលោកនេះដោយភាពជឿជាក់ មិនត្រូវខ្លាចរអាឡើយ
– ប៉ា!
-ប៉ាកាន់តែចាស់ហើយ ប៉ាចង់ឃើញស្នាមញញឹមរបស់កូនផុសចេញពីដួងចិត្ដពិតប្រាកដ មិនមែនស្នាមញញឹមបង្កប់ដោយទុក្ខវិបត្ដិបែបនេះទេ ចាប់ពីស្អែកទៅ កូននិងប៉ា អាចជួបគ្នាតែនៅសណ្ឋាគារប៉ុណ្ណោះ បានហើយ ! កូនទៅគេងទៅ !
– ……….. រាត្រីសួស្ដីលោកប៉ា !
វគ្គ ២ បងប្រុស !
អ្ហើយ !………….មេឃភ្លឺហើយ ម្នាក់ៗត្រៀមខ្លួនរួចជាស្រេច។ ម្ដាយ ទៅទទួលកូនប្រុស ឪពុកទៅទទួលកួនស្រី។ ថ្ងៃនេះជាថ្ងៃសប្បាយបំផុតសម្រាប់ លោក និស្ស័យ និងអ្នកស្រី វាសនា។
និសាមានវិបត្ដិនៅក្នុងចិត្ដ តែជីវិតសម្បកក្រៅរបស់នាងពោរពេញទៅ ដោយភាពរីករាយ ខុសប្លែកពី វិភា ដែលចេះតែវេទនានៅក្នុងចិត្ដធ្វើឱ្យជីវិតពុំ ដែលស្គាល់ស្នាមញញឹម។
ពេលនេះពួកគេទាំងពីរ ត្រួវឪពុកម្ដាយណែនាំឱ្យស្គាល់គ្នា ៖
– នេះជាកូនប្រុសរបស់អូន !
-ជម្រាបសួរលោកពូ !
– លើកដៃថ្វាយព្រះក្មួយ…………. និសាកូនស្រីបង !
– ជម្រាបសួរអ្នកមីង !
-ជម្រាបសួរ! ………យើងនាំគ្នាអង្គុយសិនទៅ …………………..វិភា! នេះគឺ និសា ចាប់ពីថ្ងៃនេះ ទៅ កូនត្រួវចាត់ទុកនាងដូចជាប្អូនស្រីម្នាក់ផង បានទេ?
– ប្អូនស្រីអ្ហេ ! (វិភាសម្លឹងមុខយុវតី )
– និសាក៏ដូចគ្នា ត្រូវចាត់វិភាឱ្យដូចជាបងប្រុស ស្ដាប់បានទេ?
– បងប្រុសអ្ហេ ! ……………លោកមិនច្រឡំទេអ្ហៃ?
-មិនអីទេ! បន្ដិចទៀត ពួកកូននឹងទម្លាប់ហើយ………ឥឡូវម៉ាក់ និងប៉ានាំកូនទៅមើលបន្ទប់
ទៅដល់មុខបន្ទប់ លោក និស្ស័យ និយាយទៅកាន់កូន ៖
-បន្ទប់ខាងឆ្វេងដៃជារបស់កូន ឯខាងស្ដាំជារបស់ក្មួយ ………..ពួកកូននៅរៀបឥវ៉ាន់សិនចុះ ប៉ាត្រួវទៅមើលភោជនីយដ្ឋានមួយភ្លែត
– ចាស!
– ម៉ាក់ទៅហើយណ៎ាកូន!
– អញ្ជើញ !
– និសា ប៉ាទិញហាងឱ្យកូនរួចហើយ
– អរគុណ !
– នេះទូរស័ព្ទរបស់កូន
– ខ្ញុំមិនបានសុំទេ
– ប៉ាឱ្យទុកប្រើ ព្រោះអីមុខរបររបស់កូនវាត្រូវការ
– អរគុណ !
– តោះម៉ាក់វា !
លោកនិស្ស័យ និងអ្នកស្រីវាសនាចេញផុត វិភាជ្រួញចិញ្ចើម លួចសម្លឹងយុវតីដោយក្ដីងឿងឆ្ងល់ តែនិសាមិនបានរវីរវល់ ក៏ដើរចូលបន្ទប់បាត់ទៅ។
ក្រោយពិធីសម្ពោធត្រូវបានបញ្ចប់ ហាងសម្អាងការថ្មីដែលមានឈ្មោះថា“អង្គរស្រស់ស្អាត” ក៏ចាប់ ផ្ដើមដំណើរការ ដោយមាននិសាជាម្ចាស់ហាង។
នៅក្នុងហាងថ្មី ណារី បន្លឺឡើង ៖
– ឯងគំរាមប៉ាឯងទាល់តែបានហាងពិតមែនហ្ន៎!
– កុំនិយាយអាក្រក់ស្ដាប់ពេក ខ្ញុំមិនបានគំរាមគាត់ទេ គាត់ពេញចិត្ដនឹងឱ្យខ្ញុំទេតើ!
– អ៊ីចឹងចាត់ទុកថាខ្ញុំុនិយាយខុសទៅចុះ នែ៎ ! ហេតុអីក៏ឯងសុខចិត្ដទៅរស់នៅជាមួយគាត់?
– ខ្ញុំចង់ទុកឱកាសឱ្យគាត់
– ចុះម្ដាយចុងរបស់ឯងមិនអីទេ? (សុគន្ធសួរ )
– ខ្ញុំមិនទាន់ដឹងចិត្ដគាត់នៅឡើយទេ
– ចុះបើសិនគាត់មិនល្អចំពោះឯង? (រីណាសួរ )
– នាងត្រូវតែប្រាប់ពួកខ្ញុំ ណ៎ានិសា ! (សង្ខារនិយាយ)
– ត្រូវហើយ !
– ពួកឯងកុំបារម្មណ៍អី ! ខ្ញុំមិនឱ្យគាត់ធ្វើបាបខ្ញុំនោះទេ
– ឮថាម្ដាយចុងនាងមានកូនប្រុសម្នាក់អ្ហ៊ៃ? (ណារ៉ាសួរ)
– អ៊ឺ ! ប៉ាឱ្យខ្ញុំហៅគេថាបងប្រុសទៀតផង
– ថាម៉េច ! ( ពួកគេលាន់មាត់ព្រមគ្នា)
– ចម្លែកអ្ហេ?
– ឯងហៅទេ?
– មិនដឹងទេ !
– យ៉ាងណា យ៉ាងណីកុំតែ……………….
– ឯងគិតដល់ណាហើយ?
– អត់ទេ ! ……..នែ៎ ! គេសង្ហារទេ?
– អត់ទេ !
– អ៊ីយ៉ា !
– ពួកឯងសើចស្អី?
– អត់ទេ បានន័យថាសង្ហារហើយ
– ឆ្កួតទេអ្ហៃ !
– ថ្ងៃណា ឯងណែនាំឱ្យពួកយើងស្គាល់?
– ប្រហែលជាគ្មានថ្ងៃទេ?
និសា និងមិត្ដភក្ដិនិយាយគ្នាលេងដោយអារម្មណ៍ស្រស់ថ្លា តែពួកគេពុំដឹងថា សង្ខារកំពុងតែ តប់ប្រមល់នៅក្នុងចិត្ដនោះទេ។
ថ្ងៃនេះអ្នកស្រីវាសនា ធ្វើម្ហូបរង់ចាំកូនត្រឡប់ពីធ្វើការវិញដោយក្ដីសប្បាយរីករាយ។
និសា ជិះម៉ូតូមកដល់មាត់ទ្វារ វិភា បើកឡានមកដល់ល្មម។ យុវតី បើកទ្វារធំ ដោយពុំចាំបាច់ឱ្យ យុវជនចុះបើក។ មកនៅផ្ទះថ្នីមួយសបា្ដហ៍ទៅហើយ អ្វីដែលយុវតីកត់សម្គាល់ឃើញ គឺភាពសោះកក្រោះ របស់វិភា។ នាងដឹងថា យុវជនទទួលរងការវាយប្រហារដូចរូបនាង តែនាងមិនយល់ថា ហេតុអ្វីក៏យុវជន ម្នាក់នេះធ្វើអាការហាក់ដូចជាទួលពិភពលោកតែម្នាក់ឯងបែបនេះ? ថ្ងៃនេះ នាងបើកទ្វារឱ្យគេ សូម្បីតែ ពាក្យគួរសមមួយម៉ាត់ ក៏គេពុំបាននិយាយមករកនាងដែរ។ គ្រប់ពេលដែលយុវតីជួបមុខយុវជន នាងចេះតែ ចង់ធ្វើឱ្យគេនិយាយ ដើម្បីបំបាត់ទុក្ខពីក្នុងចិត្ដ តែគ្មានឱកាសសោះ។
ផ្លាស់សម្លៀកបំពាក់រួច និសាចុះមកតុបាយ អ្នកស្រី វាសនា ឧទាន ឡើងទៅរកនាង ៖
– និសា ! ឯណាវិភាក្មួយ?
– ប្រហែលនៅក្នុងបន្ទប់ទេដឹង
– ក្មួយទៅហៅបន្ដិចបានទេ?
និសា គិតថាជាឱកាសល្អ ក៏សម្រេចចិត្ដទៅគោះទ្វារហៅវិភាមកញាុំបាយ។ នៅមុខបន្ទប់ យុវតី គោះទ្វារហើយគោះទៀត នៅតែមិនឮសំឡេងតប នាងក៏បន្លឺឡើង ៖
– បងប្រុស ! ញ៉ាំបាយ ……………….. បងប្រុស !
យុវជនភ្ញាក់ព្រើត ខំផ្ទៀងស្ដាប់ម្ដងហើយម្ដងទៀត រហូតដល់ទ្រាំលែងបាន ស្ទុះទៅបើកទ្វារទាំង មុខមាំ ៖
– អ្នកណាជាបងប្រុសរបស់នាង? ផ្ដេសផ្ដាស !
យុវជនដើរចុះមកក្រោម និសារអ៊ូតិចៗទាំងក្នក់ក្នាញ់ ៖
– ស្មានតែគ!
បាយល្ងាចមានរសជាតិឆ្ងាញ់ពិសារ តែសម្រាប់វិភាហាក់ដូចជាលេបដុំគ្រួស។ មាណវីចេះតែមិន ស្កប់ក្នុងចិត្ដ ក៏និយាយស្ទើរតែធ្វើឱ្យយុវជនអួលបាយស្លាប់ ៖
– បើមិនចង់រស់ទេ ស្លាប់ទៅប្រសើរជាង !
លោកនិស្ស័យ និងអ្នកស្រីវាសនាបើកភ្នែកធំៗ ៖
– សា កូននិយាយអី?
-អត់ទេ !
វិភាសម្លឹងនិសាមិនដាក់ភ្នែក តែនាងនៅតែនិយាយបន្ដ ៖
– ខ្ញុំថាឱ្យស្រមោចនេះ មើលទៅវាដូចជាខ្ពើមជីវិតណាស់
– នេះក្នួយចេះមើលអាការស្រមោចដែរអ្ហេ !
– អត់ទេ ! ខ្ញុំចេះតែថាៗទៅ ………………..ខ្ញុំឆ្អែតហើយ ខ្ញុំទៅបន្ទប់ហើយ
រាត្រីនេះថ្វីត្បិតតែគ្មានដួងផ្កាយ ប៉ុន្ដែស្រមោលពន្លឺនៃភាពនឿយណាយរបស់ព្រះចន្ទ ក៏អាច បំភ្លឺផែនដីបានដែរ។ យុវជនកំលោះ សម្លឹងឆ្ពោះទៅកាន់ផែនមេឃហាក់សង្វេគដល់នរណាម្នាក់ ស្រាប់តែ ត្រួវភ្ញាក់ព្រោះសំឡេងមួយបន្លឺឡើង ពីលើផ្ទះតាមបង្អួចមក ៖
– អ្ហេ ! ធ្ងន់ណាស់ទៅអ្ហៃ?
យុវជនសម្លឹងយុវតី មិនស្រដីបម្រុងដើរចេញ ៖
– ខ្ញុំសួរលោកថា លោកទួលពិភពលោកនេះធ្ងន់ណាស់ទៅអ្ហ៊ៃ? ដល់ណាទើប លោកព្រមដាក់ចុះ?
យុវជននៅតែប្រើក្រសែភ្នែកដដែលសម្លឹងទៅរកយុវតីដោយមិនស្រដីតបត យុវតីបន្ដ ៖
– លោកមិនត្រូវមើលខ្ញុំទេ គឺត្រូវមើលខ្លួនឯង …………ដូចសត្វចម្លែកណាស់ !
និយាយចប់ និសាបិទបង្អួចផ្ទះគ្រឹប រីឯយុវជនឈរត្រម៉ង់ត្រមោចម្នាក់ឯងបន្ដទៅទៀត។
សម្ដីគ្រប់ម៉ាត់របស់ស្រីច្រម៉ក់ម្នាក់នេះ ធ្វើឱ្យវិភា សួរខ្លួនឯងថា “ខ្ញុំពិតជាដូចសត្វចម្លែកមែនអ្ហេ?“
១ខែកន្លងផុតទៅ ដំណើរការរកស៊ីរបស់និសា ក៏កាន់តែប្រសើរឡើង។ ប៉ុន្មានថ្ងៃនេះ នាងចូលផ្ទះ ពុំបានទៀងទាត់ដូចធម្មតាទេ ព្រោះត្រូវទៅតែងការឱ្យគេនៅឆ្ងាយបន្ដិច។
ម៉ោងប្រមាណជាប្រាំពីរនិងសាមសិបនាទីយប់ យុវតីមកដល់ផ្ទះ ដាក់ជន្ទល់ម៉ូតូបម្រុងលើកឥវ៉ាន់ ចុះ ស្រាប់តែក្រលេកឃើញវិភាអង្គុយលើអង្រឹង ក្រោមដើមស្វាយដោយអារម្មណ៍ស្ងប់ស្ងៀម។
មាណវីឈរសម្លឹងទៅរកយុវជនប្រកបដោយទឹកមុខស្រងូតស្រងាត់ មួយសន្ទុះក្រោយទើបដើរចូលទៅដោយស្នាមញញឹម ៖
– បងប្រុស !
– នាងទេអ្ហេ ! ឈប់ហៅខ្ញុំថាបងប្រុសទៅ
– បើខ្ញុំមិនហៅលោកថាបងប្រុស លោកក៏មិននិយាយរកខ្ញុំដែរ
– បើដឹងហើយ កុំមករវីរវល់នឹងខ្ញុំ
-នែ៎! ការពិតឈ្មោះរបស់លោកគួរតែជាឈ្មោះរបស់ខ្ញុំ ឯឈ្មោះរបស់ខ្ញុំគួរតែ ជាឈ្មោះរបស់លោក
– នាងនិយាយអី?
-យ៉ាងម៉េចមិនត្រួវទេអ្ហេ? មួយថ្ងៃៗមុខរបស់លោកដូចស៊ីម្ជូរមិនចេះចប់មិនចេះហើយ អេ!យើងប្ដូរឈ្មោះគ្នាទៅ តើបានទេ?
– នាង !
– អើយ !
និសាដកដង្ហើមធំ ហើយដើរទៅអង្គុយលើស្មៅក្បែរអង្រឹង ៖
-អ្នកណាដែលអាចគេចផុតពីទុក្ខនោះ! បើលោកនៅតែធ្វើអាកប្បកិរិយាបែបនេះ លោកគ្មានផ្លូវយល់ពីម្ដាយលោកទេ។ ប្រយ័ត្នកកឈាមស្លាប់មុនពេលយល់ ពីមូលហេតុណ៎ា !
– នាងដឹងថាខ្ញុំគិតអីអ្ហេ?
-ខ្ញុំគិតអី លោកក៏គិតដូចគ្នា ប៉ុន្ដែលោកមើលមកខ្ញុំមើល៎ដូចលោកទេ? លោក ធ្លាប់ឃើញខ្ញុំកើត ទុក្ខដូចជាលោកទេ?
– អត់ទេ!
– ត្រួវហើយ ! ខ្ញុំមិនដែលកើតទុកដូចជាលោកទេ ចុះហេតុអីក៏លោកកើតទុក្ខខ្លាំងម្ល៉េះ?
– នាងមិនយល់ទេ
-បើខ្ញុំមិនយល់គ្មានអ្នកណាយល់ទេ ! ខ្ញុំប្រាប់លោកណ៎ា ទោះយ៉ាងណាលោកមាន សំណាងជាងខ្ញុំ។ លោកដឹងទេ? កាលខ្ញុំអាយុដប់បីឆ្នាំ ប៉ាចាកចេញពីខ្ញុំរហូត ដល់ខ្ញុំអាយុបានម្ភៃឆ្នាំ ម្ដាយខ្ញុំគាត់ធ្លាក់ ខ្លួនឈឺហើយក៏ស្លាប់ចោលខ្ញុំទៀត ទីបំផុត ខ្ញុំត្រូវរស់នៅម្នាក់ឯងដោយលែងបានឃើញស្នាមញញឹម របស់ម៉ាក់ រីឯស្នាមញញឹមរបស់ប៉ាក៏ឃើញទាំងស្រពេចស្រពិល តែចំណែកលោក លោកអាចមើលឃើញមុខប៉ាម៉ាក់របស់លោករាល់ថ្ងៃ តើលោកមិនពេញចិត្ដទេអ្ហ៊ៃ? លោកដឹងទេ ឫកពារលោកបែបនេះ អ្នកណាជាអ្នកឈឺចិត្ដខ្លាំងជាងគេ?
– ប៉ាខ្ញុំ !
– ដឹងដែរអ្ហ៊ៃ ថាជាប៉ារបស់លោក !
– ខ្ញុំគួរតែអរគុណម៉ាក់របស់ខ្ញុំ ដែលបង្រៀនឱ្យខ្ញុំញញឹម បើមិនអ៊ីចឹងដូចលោក យ៉ាប់ធំហើយ
-នាងមើលមកខ្ញុំវាតឹងទ្រូងណាស់ទៅអ្ហេ?
-ប្រហែលហើយ ព្រោះតាំងពីខ្ញុំមកនៅទីនេះ ខ្ញុំឃើញមុខលោកមិនដែលរសាយឡើយ។ គេថាចង្អៀតផ្ទះនៅបាន តែចង្អៀតចិត្ដនៅមិនបានទេ លោកដឹងទេ ថាខ្ញុំ វារអៀសខ្លួន…..*………….អ្ហូយ! ហេវហើយ ឈប់និយាយហើយ ខ្ញុំចូលទៅផ្ទះមុន ហើយ ……… អូ! ត្រូវហើយ!ទោះលោកអង្គុយនៅទីនេះយូរប៉ុណ្ណា ក៏ លោកមិនអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតរបស់ព្រះចន្ទបានដែរ
– ហេតុអី?
– ព្រោះចិត្ដលោកវាងងឹត
និយាយចប់ យុវតីដើរចេញទាំងហេវហត់ តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះ គឺនៅពេល ដែលនាងដើរមកដល់ម៉ូតួ ស្រាប់តែឃើញយុវជនដើរពីក្រោយនាង ៖
– ខ្ញុំជួយលើកឥវ៉ាន់ចូលផ្ទះ
និសាបើកនេត្រាធំៗមិនចង់ឱ្យជឿ ៖
– អរ…គុណ….
ក្រោយពេលឃើញសកម្មភាពកូនទាំងពីរ អ្នកស្រីវាសនាវាចាទៅកាន់ ស្វាមី ៖
– និសាពិតជារឹងមាំណាស់បង
-ការពិតកូនស្រីម្នាក់នេះ សម្បកក្រៅរបស់វាគឺពិតជារឹងមាំមែន តែក្នុងចិត្ដវាគិតអីគ្មាននរណាដឹងឡើយ
– តែទោះជាយ៉ាងណា ក៏នាងនៅតែគ្រាន់ជាងវិភា
– អូនគិតអី?
– អូនសង្ឃឹមថា បើនិសាអាចធ្វើឱ្យវិភាញញឹមដាក់អូនបាន អូនពិតជាសប្បាយចិត្ដ ណាស់
– ណ្ហើយ! កុំគិតច្រើនពេក ……………………………
គេថាថ្មរឹងយ៉ាងណា គង់សឹករិចរិលដោយសារតំណក់ទឹក ចុះទំរាំចិត្ដមនុស្ស? ពេលវេលា*បានព្យាបាលរបួសផ្លូវចិត្ដវិភាបន្ដិចម្ដងៗឱ្យក្រលេកមើលពិភពលោកដ៏ស្រស់ស្អាតនេះសារជាថ្មី។ ពាក្យសំដីរបស់និសាបានចាក់ទម្លុះឱរា កំលោះសង្ហារឱ្យភ្លឺថ្លាជាងមុន។
វិបត្តិបេះដូង
គេថាអាណិតធំជាងស្រលាញ់ តើជាការពិតរឺទេ? ចុះស្នេហាសង្ខារ ចំពោះនិសា កើតឡើងពីការអាណិតមុនរឺស្រលាញ់មុន? ដល់ពេលហើយដែល ស្នេហានេះត្រូវផ្ទុះឡើង។
ណារ៉ាស្រដីទៅកាន់សង្ខារដោយកាយវិការហាក់មិនពេញចិត្ដ ៖
– ឯងនាំខ្ញុំមកបន្ទប់ទឹកធ្វើអី?
– ខ្ញុំមានរឿងចង់ប្រាប់ឯង
– រឿងអីចាំស្អែកមិនបានទេអ្ហេ យើងកំពុងតែរៀនណ៎ា?
– តែទ្រាំលែងបានទៀតហើយ
– រឿងអីឆាប់និយាយមក !
– ខ្ញុំ…………..ខ្ញុំ……………….
– បើមិននិយាយទេ ខ្ញុំទៅរៀនហើយ
– ខ្ញុំស្រលាញ់និសា
– នេះ…..ឯង……… ឯងនិយាយលេង រឺមែន?
– ខ្ញុំមិននិយាយលេងទេ
– ឯងប្រាកដជាស្លាប់មិនខាន …………ក្រែងដើមឡើយ ឯងស្រលាញ់ណារីទេអ្ហ៊ៃ?
– ខ្ញុំមិនដឹងទេ ! ខ្ញុំគ្រាន់តែដឹងថា ពេលនេះខ្ញុំស្រលាញ់និសា
– ឯងឆ្កួតហើយ! ហេតុអីក៏សាវ៉ាយ៉ាងនេះ?
– តើត្រួវធ្វើយ៉ាងម៉េចទៅ?
– មិនអាចប្រាប់រឿងនេះឱ្យពួកនាងដឹងឡើយ ពិសេសគឺ និសា និងណារី
– មិនបានទេ ! បែបនេះខ្ញុំប្រាកដជាស្ទះទ្រូងស្លាប់មិនខាន
– ឯងគិតធ្វើអី? និសាចាត់ទុកពួកយើងដូចជាបងប្អូនបង្កើត មិនអាចឱ្យរឿងនេះ កើតឡើងឡើយ
– ឯងឱ្យខ្ញុំលាក់រហូតអ៊ីចឹងអ្ហ៊ៃ?
– ត្រូវហើយ !
– តែ…..
-បើរឿងនេះបែកការ មិនមែនត្រឹមតែឯងទេជាអ្នកឈឺចាប់ គីពួកយើងទាំងអស់ គ្នា ពិសេសគឺណារី និងនិសា។ តើពួកនាងអាចទ្រាំទ្របានទេ? ឯងមិនខ្លាចពួកនាង គ្រាំឈាមស្លាប់ដោយសារតែឯងម្នាក់ទេអ្ហ៊ៃ! ម្យ៉ាងទៀត ខែនេះជាខែភ្លៀងណ៎ា វាងាយធ្វើឱ្យនិសាមានអារម្មណ៍ឯកា ឯងកុំធ្វើឱ្យស្រមោលអតីតកាលមកលងនាង ឱ្យសោះ ! …………….តើឯងយល់ទេ?
– ខ្ញុំ……..
– ឯងត្រូវគិតឱ្យច្បាស់ណ៎ា …………… តោះ! ចូលរៀនសិនទៅ
ចំណង់របស់មនុស្សគឺមានឥទ្ធិពលខ្លាំងក្លាណាស់។ តើមាននរណាអាច ឃាត់ចំណង់នេះបាន? ពេលនេះអ្នកព្រួយបារម្មណ៍ជាងគេគឺណារ៉ា។ គេពុំដឹងថា តើត្រួវដោះស្រាយយ៉ាងណានោះទេ។ រាល់ថ្ងៃគេបានត្រឹមតែទៅជិតសង្ខារ និយាយលួងលោមប៉ុណោ្ណះ។
ពេលថ្ងៃត្រង់និសាទុកហាងឱ្យណារីមើល ហើយត្រឡប់មកផ្ទះក៏ឃើញ វិភាកំពុងអង្គុយមើលទូរទស្សន៍ៈ
– អេ ! មិនទៅធ្វើការទេអ្ហេ?
– អត់ទេ ! នាងទៅណា?
– ខ្ញុំមកយកអីវ៉ាន់បន្ដិច
– មានអីឱ្យខ្ញុំជួយទេ?
– អត់ទេ ! (និសាញញឹម)
– ញញឹមអី?
-អត់ទេ ! ខ្ញុំឡើងទៅលើហើយ
– អ៊ឺ !
និសាឡើងទៅលើបន្ទប់មួយសន្ទុះក្រោយ ស្រាប់តែលឺសំឡេងរត់ចុះមក វិញ ៖
-ជួយៗ ………ជួយចាប់ ……..
-នាងធ្វើអី?
– ចាប់ វារត់ទៅហើយ
វិភានិយាយយ៉ាងណា មាណវីហាក់ដូចជាមិនលឺ នាងគិតតែពីរត់ដេញ កូនចាបរហូតទៅដល់គុម្ពផ្កា មុខផ្ទះទើបឈប់។ យុវជនហួសចិត្ដសើចអស់ពីពោះ ទើបសួរទៅយុវតីម្ដងទៀតៈ
– នាងដេញស្អី?
ស្នាមញញឹមរបស់យុវជន ធ្វើឱ្យនិសាមានអារម្មណ៍ថា ពិភពលោកនេះ ហាក់មិនត្រូវការទុក្ខកង្វល់ ទៀតឡើយ
-លោកសើចហើយ !
– យ៉ាងម៉េចចម្លែកណាស់ទៅអ្ហេ?
-មិនចម្លែកទេ តែខ្ញុំចង់ឱ្យលោកសើចបែបនេះណាស់ លោកគឺពិតជាដូចមនុស្សម្នាក់ពិតប្រាកដ ហើយ!
-នាងចំអកឱ្យខ្ញុំអ្ហេ? (វិភាបម្រុងយកដៃឈ្លីក្បាលយុវតី តែនាងគេចទាន់ ទាំងពីរ នាក់ប្រដេញគ្នា ចូលទៅក្នុងផ្ទះដោយសំណើចក្អាកក្អាយ)
– ឈប់លេងហើយ !
– ឈប់ក៏បាន
វិភាដើរទៅអង្គុយលើសាឡុង និសាដើរទៅចាក់ទឹកនៅក្បែរ នោះ ៖
– នេះទឹក !
– អរគុណ !
– ខ្ញុំគួរតែអរគុណកូនចាបមួយនោះ បើមិនអ៊ីចឹង លោកប្រហែលជាមិនសើចបែប នេះទេ
– នាងចង់ចាប់វាមកធ្វើអី?
– ខ្ញុំចង់បានវាមកចិញ្ចឹម
– ចិញ្ចឹមធ្វើអី?
– លោកនេះចំជាឆោតមែន មកពីខ្ញុំស្រលាញ់ ទើបចង់ចិញ្ចឹមវា
-តែខ្ញុំយល់ថា បើស្រលាញ់ នាងគួរតែដោះលែងវា មិនត្រូវចាប់វាមកឃុំនោះទេ !
-និយាយដូចលោកក៏ត្រូវដែរ………………អេ! ដល់ម៉ោងហើយតើ……..ឈប់និយាយជាមួយលោកហើយ ខ្ញុំទៅយកអីវ៉ាន់សិន
ថ្លែងពីណារី
– អេ! សង្ខារ ទៅណា? ណារ៉ាមិនមកជាមួយទេអ្ហេ?
– ឯណានិសា?
– និសាមិនទាន់មកទេ មានការអីអ្ហេ?
– គ្មានទេ! បើនិសាមិននៅ ខ្ញុំទៅវិញហើយ
– មានរឿងអីលាក់នឹងខ្ញុំមែនទេ?
– អត់ទេ!
– បើសិនជាឯងមានរឿងអី គួរតែជាខ្ញុំជាអ្នកដឹងមុនគេ តើបានទេ?
-នាងពិតជាចង់ដឹងមែនអ្ហេ?
– អ៊ឺ !
– បើខ្ញុំនិយាយ នាងប្រាកដជាខឹងនឹងខ្ញុំ
– តើមានរឿងអី ហេតុក៏ខ្ញុំត្រូវខឹងនឹងឯង?
– ព្រោះខ្ញុំ …………. ខ្ញុំ ………. ខ្ញុំ …………………. អើយ !
– យ៉ាងម៉េចហើយ ឆាប់និយាយមក !
– ណារី ! ខ្ញុំសូមទោស ……….ការពិតខ្ញុំស្រលាញ់និសា
– អ្ហះ …….. …….. (ណារីស្ទើរតែដួលទាំងជំហរ )
– សូមទោស !
– ឯងមករកនិសា ព្រោះចង់ប្រាប់រឿងនេះដល់នាងអ្ហេ?
– ត្រូវហើយ !
– …………………ចុះឯងមានគិតដល់ខ្ញុំទេ?
– សូមទោស !
– ឯងធ្លាប់ស្រលាញ់ខ្ញុំទេ?
– ខ្ញុំ………… ខ្ញុំពិតជាធ្លាប់ស្រលាញ់នាង
– ចុះហេតុអី ឯងទៅស្រលាញ់និសាទៀត?
– ដំបូងខ្ញុំគ្រាន់តែអាណិតនាងប៉ុណ្ណោះ ខ្ញុំមិនដឹងថា ខ្ញុំស្រលាញ់នាងតាំងពីពេល ណាមកនោះទេ
– ឯងកុំប្រាប់ខ្ញុំថា ការអាណិតក្លាយទៅជាការស្រលាញ់ឱ្យសោះណ៎ា !
– សូមទោស !
– តើពាក្យសូមទោសបានប្រយោជន៍អី? តើវាអាចទាញពេលវេលាឱ្យត្រឡប់ក្រោយ បានដែរទេ?
– សូមទោស !
– បានហើយ ! ឯងត្រឡប់ទៅវិញទៅ
– ណារី !
– ខ្ញុំមិនចង់ឃើញមុខឯងទៀតទេ
– ខ្ញុំពិតជាសូមទោសនាងពិតមែន
– ខ្ញុំថាឱ្យចេញទៅ !
សង្ខារដើរចេញទាំងស្រងូតស្រងាត់។ ណារីអង្គុយច្បោមក្បាលជង្គង់់ ទាំងក្ដុកក្ដួល មួយសន្ទុះក្រោយនិសាក៏មកដល់ ៖
– រី ! ខ្ញុំមកវិញហើយ
ណារីងើយមុខសម្លឹងមើលនិសា។ យុវតីយកដៃប៉ះស្មាណារី ស្រដី ទាំងភិតភ័យ ៖
– មានរឿងអី? ហេតុអីក៏យំ?
– កុំប៉ះខ្ញុំ !
– តើមានរឿងអី?
– ឯងពិតជាគួរឱ្យអាណិតមែន តែចំណែកខ្ញុំ………………….
– ឯងនិយាយអី? ខ្ញុំមិនយល់ទេ
– សង្ខារស្រលាញ់ឯង
– ស្រលាញ់ខ្ញុំ? ម៉េច…………ក៏…….អ៊ីចឹង?
– ព្រោះតែឯងគួរឱ្យអាណិតហ្នឹងណ៎ា !
– មិនពិតទេ ! ឯងយល់ច្រឡំហើយ
– ខ្ញុំមិនច្រឡំទេ ! សង្ខារទើបតែទៅអម្បាញ់មិញនេះឯង…..ហេតុអីគេធ្វើបែបនេះ ចំពោះខ្ញុំ?
– រី ! ទប់អារម្មណ៍សិនទៅបានទេ?
– មិនបានទេ ! ខ្ញុំទប់មិនបានទេ ខ្ញុំមិនបានធ្វើអ្វីខុសទេ គឺព្រោះតែឯង
– រី !
– ដោយសារតែឯង ទើបគេវង្វេងបែបនេះ !
– មិនពិតទេ ! (និសាវាចាទាំងក្ដុកក្ដួល ) រី ! ពួកយើងជាបងប្អូនណ៎ា
– ភ្នំមួយមិនអាចមានខ្លាពីរទេ !
– ឯងនិយាយអី? ពួកយើងមិនអាចបែកគ្នាទេណ៎ា !
– លែងដៃទៅ ! ការពិតអ្នក ដែលគួរឱ្យអាម៉ាស់ជាងគេ គឺខ្ញុំ
– ឯងទៅណា ស្ដាប់ខ្ញុំនិយាយសិន?
– លែងទៅ !
– ខ្ញុំមិនបានស្រលាញ់សង្ខារទេ ! ខ្ញុំអាចបាត់បង់គេ តែខ្ញុំមិនអាចបាត់បង់ឯងទេ ណា ៎រី
– តែខ្ញុំចង់បាត់បង់ពួកឯងទាំងពីរនាក់ បើមិនអ៊ីចឹង ខ្ញុំប្រាកដជាគ្រាំឈាមស្លាប់
– រី ! កុំទៅអី ……..
– ពួកឯងមានរឿងអី? (រីណាមកដល់)
– ណា! ឯងមកហើយអ្ហេ ជួយបិទហាងឱ្យខ្ញុំផង
– តើមានរឿងអី? ឯងគិតទៅណា?
– ខ្ញុំទៅតាមរីសិន
ណារីទៅដល់ផ្ទះទាំងទឹកភ្នែក មួយសន្ទុះក្រោយនិសាក៏ទៅ ដល់ទាំង ទឹកភ្នែកដូចគ្នា ៖
– រី ! បើកទ្វារទៅ ខ្ញុំសូមអង្វរ
-ខ្ញុំមិនចង់ជួបឯងទៀតទេ ត្រឡប់ទៅវិញទៅ! ចាប់ពីថ្ងៃនេះទៅចាត់ទុកថាយើងមិនដែលស្គាល់គ្នាចុះ
– រី !
និសាអង្គុយមុខបន្ទប់ណារី។ ឃើញស្ថានភាពបែបនេះ ម្ដាយណារី ក៏ ដើរចូលមក ៖
– ងើបឡើងក្មួយ !
– អ៊ុំស្រី !
– អ៊ុំមិនដឹងថាពួកក្មួយមានរឿងអីនោះទេ តែយកល្អក្មួយគួរតែត្រឡប់ទៅផ្ទះ សិនទៅ
– តែ ……
-ណារី វាកំពុងតែខឹង ក្មួយនិយាយអីក៏វាស្ដាប់មិនចូលដែរ ចាំស្អែកវាស្ងប់អារម្មណ៍ហីយ ចាំក្មួយមកចុះ…………ជូតទឹកភ្នែកចេញទៅ មេឃជិតភ្លៀងហើយ ប្រញាប់ត្រឡប់ទៅផ្ទះទៅ ក្រែង*ប៉ាក្មួយ*បារម្ភ……… ចាំអ៊ុំជួយនិយាយឱ្យ
– ជម្រាបលាអ៊ុំ
មេឃចាប់ផ្ដើមងងឹត តំណក់ភ្លៀងស្រក់ខ្ពោកៗស្រោចស្រពផែនពសុធា វិភា អង្គុយលើកៅអី ក្រលេកឃើញយុវតីទទឹកជោក ដើរយោលយោគហាក់គ្មាន អារម្មណ៍នៅក្នុងខ្លួន។ នាយបន្លឺឡើង ៖
– កើតអី?
-យុវតីមិនស្ដីតប ដើរថ្នមៗទៅបន្ទប់។ មិនយូរប៉ុន្មាននាងក៏រត់ឡើងទៅជាន់ខាងលើដែលគ្មានដំបូល។ មេឃកំពុងភ្លៀង តើនាងកំពុងធ្វើអ្វី? យុវជនមិនអស់សង្ស័យ ក៏ឡើងទៅតាម។
ស្ទើរតែមិនជឿលើភ្នែកខ្លួនឯង។ តំណក់ទឹកភ្លៀងលាយនឹងសំនៀង សោកសៅ ស្រីពៅស្រែកអស់ទំហឹងនៃកម្លាំងរបស់ខ្លួន រាងកាយប្រៀបដូចជាត្រូវគេអង្រួនឱ្យញ័រទទ្រើត នោះគឺជារូបភាព ដែលពេញប្រៀបទៅដោយសេចក្ដីទុក្ខពិតប្រាកដរបស់យុវតី។ យុវជនជោរជន់ទៅដោយក្ដីពើតផ្សា ឱរាប្រៀបដូច ត្រួវគេវាយប្រហាររាប់ពាន់ដំបង ពេលនេះអ្នកឈឺបេះដូងខ្លាំងណាស់ គឺឈឺ ឈឺ ស្ទើរតែទ្រាំពុំបាន។
យុវជនដើរកាត់ភ្លៀងទៅរកយុវតី ទើបស្រដីសួរ ៖
– មានរឿងអី?
និសាអង្គុយចុះមិនតបស្ដី យុវជននិយាយបន្ដ ៖
– ទៅក្រោមវិញទៅ ទទឹកអស់ហើយ
– ខ្ញុំគ្មានកម្លាំងទេ !
– មិនអីទេ ! បងបីឯងក៏បាន
យុវជនត្រកងបីយុវតីចូលមកក្នុងផ្ទះ។ និសាពុំដឹងថាខ្លួននៅទីណានោះទេ នាងចេះតែទន្ទិញឈ្មោះណារីរហូតសន្លប់បាត់ស្មារតីក្នុងរង្វង់ ដៃវិភា ជួនគ្នា លោកនិស្ស័យ និងភរិយាមកដល់ល្មម ៖
– មានរឿងអី?
– ម៉ាក់ឆាប់ទៅបើកទ្វារឡានទៅ យកនាងទៅមន្ទីរពេទ្យ
– អ៊ើៗ …………
– កូនស្រី !
– បងទៅជាមួយវិភាមុនចុះ ចាំអូនទៅតាមក្រោយ
ឡានលឿនឆ្ពោះតម្រង់ទៅមន្ទីរពេទ្យ។ នៅមុខបន្ទប់សង្គ្រោះបន្ទាន់ ៖
– ក្មួយប្រុស ! តើមានរឿងអីកើតឡើង?
– ខ្ញុំមិនដឹងទេ ! ស្រាប់តែឃើញនាងបែបនេះទៅ
– អូនមកដល់ហើយអ្ហេ !
– និសាយ៉ាងម៉េចហើយបង?
– មិនទាន់ដឹងទេ
– លាកគ្រូពេទ្យចេញមកហើយ
– លោកគ្រូពេទ្យ ! កូនខ្ញុំយ៉ាងម៉េចហើយ?
– នាងដឹងខ្លួនហើយ ! នាងអស់កម្លាំង ហើយទទួលត្រូវទឹកភ្លៀងថែមទៀត ទើប សន្លប់ទៅ
– ពួកខ្ញុំអាចចូលបានទេ?
– បាន ! បើពួកលោកចង់នាំនាងទៅផ្ទះឥឡូវក៏បានដែរ
– បាទ អរគុណ !
លោកនិស្ស័យ និងភរិយា រួមទាំងវិភាសុទ្ធតែព្រួយបារម្ភពីនិសា តែពួកគេមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះនាងឡើយ*
– កូនស្រី ! កួនមិនអីទេអ្ហេ?
– ខ្ញុំចង់ទៅផ្ទះ
– មកមីងគ្រាឯង
– អរគុណ !
វិភាចេះតែលួចសម្លឹងមុខយុវតី ដោយអារម្មណ៍ស្ងប់ស្ងៀម។ មកដល់គេហដ្ឋានវិញម៉ោងដប់យប់ទៅហើយ អ្នកស្រីវាសនានាំនិសាទៅគេង ក្នុងបន្ទប់ ៖
– លេបថ្នាំហើយ ក្មួយគេងទៅ មានរឿងអីចាំស្អែកសឹមនិយាយគ្នា
និសាមិននិយាយ តែក្រសែភ្នែកតាមសម្លឹងអ្នកស្រីវាសនា រហូត។
– មីងចេញទៅហើយណ៎ា ! មានការអីហៅមីងចុះ…….. គេងទៅ
អ្នកស្រីវាសនាចេញមកជួបកូន និងស្វាមីនៅបន្ទប់ទទួលភ្ញៀង
– វិភា ! តើកូនធ្វើអីនិសាមែនទេ?
– អត់ទេ !
– កូនប្រាកដហើយអ្ហេ?
– ម៉ាក់មើលមកខ្ញុំជាមនុស្សបែបណា ! ខ្ញុំទៅដេកហើយ
– ម៉េចក៏អូនសួរកូនអ៊ីចឹង?
– អូនខ្លាច……………
-វិភារៀនបានចេះដឹង គេមិនធ្វើអ្វីផ្ដេសផ្ដាសនោះទេ ប្រហែលជាមានរឿងអ្វីផ្សេងក៏ថាបាន មកទៅគេងសិនទៅចាំស្អែកសឹមនិយាយគ្នា
និសាគេងមិនលក់សោះ នាងមិនអស់ចិត្ដទេ អ្វីៗគ្រប់យ៉ាង ហេតុអ្វី ក៏កើតឡើងចំពោះខ្លួននាង?
មេឃរាំងហើយ ប៉ុន្ដែភាពព្រងើយកន្ដើយរបស់ព្រះចន្ទមិនបានបំភ្លឺផែនដី នេះឱ្យពោរពេញទៅដោយភាព
ស្រស់ស្អាតឡើយ។ និសា អង្គុយហាលសន្សើមម្នាក់ឯង។ នាងរអ៊ូតិចៗ ដោយពុំដឹងថា វិភាឈរនៅក្បែរនាងឡើយ ៖
– ខ្ញុំពិតជាខ្លាចខ្លាំងណាស់ !
– បើខ្លាច ហេតុអីមកអង្គុយម្នាក់ឯង?
– លោក ! …………ខ្ញុំទៅគេងហើយ
– ខ្ញុំអាចធ្វើជាបងប្រុសរបស់នាងបានទេ?
និសាទុចង៉ក់ ងាកមករកយុវជន
– បងអាចជួយរំលែកទុក្ខឯងបាន
យុវតីទៅអង្គុយនៅកន្លែងដើមវិញ ចំណែកឯវិភាក៏ដើរទៅអង្គុយទល់មុខនាង ៖
– មើលទៅព្រះចន្ទនោះមើល៎ ហេតុអីក៏រះតូចម្ល៉េះ?
– ប្រហែលខ្ពើមផែនដីទេដឹង !
– ប្រសប់ឆ្លើយណាស់ន៎ ! ……ប៉ុន្ដែការពិតព្រះចន្ទ គឺកំពុងលេងបិទពួនជាមួយហ្វូងផ្កាយទេតើ
– ហេតុអីក៏លោកដឹង?
– បងចេះតែថាៗទៅ ព្រោះអីពេលនេះវាសនាក៏កំពុងលេងបិទពួនជាមួយមនុស្ស ដូចគ្នា ធ្ងន់ទេ?
– ធ្ងន់អី?
– ក្រែងឯងធ្លាប់សួរបងបែបនេះអ្ហ៊ៃ !
– ចំអកឱ្យខ្ញុំអ្ហេ
– អត់ទេ ! តែបើយើងបើកចិត្ដឱ្យទូលាយ គ្រប់យ៉ាងវានឹងធូរស្រាល
-ពាក្យនេះគួរតែខ្ញុំជាអ្នកនិយាយដាក់លោកក តែបែរជាឱ្យលោកនិយាយដាក់ខ្ញុំ ទៅវិញ…………លោកមើលអី?
– ការពិតសម្បកក្រៅរបស់ឯងរឹងមាំណាស់ តែក្នុងចិត្ដមិនខុសពីបងទេ
– លោកមើលឃើញអស់ហើយអ្ហេ?
– ឈរស្រែកកណ្ដាលភ្លៀងអ៊ីចឹង មិនខ្លាចផ្គរ រន្ទះទេអ្ហៃ?
– មានអីគួរឱ្យខ្លាចបើធ្លាប់ទៅហើយ
-ថ្ងៃក្រោយមិនត្រូវធ្វើអ៊ីចឹងទេ វាខូចសុខភាព បើមានរឿងអីអាចយកមកបញ្ចេញលើខ្លួនបង*បាន
– លោកទ្រាំទ្ររួចដែរអ្ហេ?
– ឯងទ្រាំទ្ររួច បងក៏ទ្រាំទ្ររួចដូចគ្នា
– នៅសុខៗ ហេតុអីក៏ល្អដាក់ខ្ញុំយ៉ាងនេះ?
– មកពីឯងល្អដាក់បងមុនតើ ! ចាប់ពីថ្ងៃនេះទៅ បងគឺជាបងប្រុសរបស់ឯង
– ប្រាកដហើយអ្ហេ?
– យ៉ាងម៉េច រឺឯងមិនត្រូវការបងប្រុសទេ?
– ត្រួវការ ! ទៅរកឯណាបាន នៅសុខៗមានបងប្រុសម្នាក់………
– នៅនិយាយលេងទៀត! (យុវជនយកដៃទៅផ្ទប់ក្បាលយុវតី)
– និយាយអ៊‌ីចេះ អ្នកណាជាអ្នកនាំខ្ញុំចុះពីលើនេះ?
– តើមាននរណាក្រៅពីបង
– លោកអ្ហេ !
– យ៉ាងម៉េច ! ឯងស្មានថាខ្លួនឯងអាចហោះទៅបានអ្ហៃ………………….បងជាអ្នកបីឯងចុះទៅ
– ងាប់ហើយ !
– នែ៎ ! មិនអីទេអ្ហេ? បើមិនស្រួលខ្លួនឆាប់ទៅគេងទៅ
– លោកមិនចង់ដឹងថា ខ្ញុំមានរឿងអីទេអ្ហេ?
– បងគិតថា ឯងមិនចង់និយាយ ទើបមិនសួរ
– ចុះបើខ្ញុំនិយាយ លោកស្ដាប់ទេ?
– ស្ដាប់ ! ប្រាកដជាស្ដាប់
– មិត្ដខ្ញុំ គេខឹងនឹងខ្ញុំហើយ
– ចុះឯងធ្វើអ្វីឱ្យគេខឹង?
– អត់ទេ ! គេខឹងខ្ញុំដោយសារតែមនុស្សម្នាក់ទៀត
– បែបនេះ ឯងគ្នានកំហុសទេ
-ខ្ញុំគ្មានកំហុស តែគេយល់ថាខ្ញុំខុស ហ៊ឺ! ..មិនដឹងដោះស្រាយតាមវិធីណាទេ!
– ចំណងអ្នកណាចង ត្រូវរកអ្នកនោះឱ្យមកស្រាយ
និសាសញ្ចឹងមួយសន្ទុះ ស្ទុះងើបឡើងដោយស្នាមញញឹមទន្ទឹមនឹងវាចា ៖
– ខ្ញុំយល់ហើយ ! ហេតុក៏គិតមិនដល់ចំណុចនេះ អរគុណ !…………. អរគុណលោក !
– អេ ! ទៅហើយអ្ហេ?
– ខ្ញុំទៅគេងហើយ ព្រោះស្អែកនេះ ខ្ញុំត្រូវទៅរកអ្នកចងឱ្យមកស្រាយ អ្ហូ !……
– មានការអីទៀត?
– បើប្ដូរលោកជាបងស្រីខ្ញុំវិញ ខ្ញុំប្រាកដជាឱបលោក រាត្រីសួស្ដី !
វិភាឈរធ្មឹងញញឹមប្រកបដោយមនោសញ្ចេតនា។
បងប្អូន
ព្រឹកឡើង មាណវីតុបតែងខ្លួនរួចហើយ ដើរចុះមកក្រោមទាំងទឹកមុខស្លេកស្លាំង។ អ្នកស្រីវាសនា*ឧទាន ៖
– សា ! ញាុំអីសិនក្នួយ
– ខ្ញុំមិនញាុំទេ
– កូនមិនទាន់ស្រួលខ្លួនផង គិតទៅណាហ្នឹឹង?
– ខ្ញុំទៅហាង
– វិភាធ្វើស្អីក្មួយមែនទេ?
– គាត់មិនបានធ្វើស្អីខ្ញុំទេ ជំងឺផ្លូវចិត្ដខ្ញុំរើតែប៉ុណ្ណោះ ………………. ខ្ញុំទៅហើយ !
– កូនលេបថ្នាំហើយនៅ?
– ខ្ញុំលេបហើយ
– អើយ !
– បងកើតអី?
– ពេលណា ទើបកូនវាឈប់ខឹងនឹងយើង?
– កុំបង្ខំពេក តាមដំណើរទៅ ………………..អេ ! វិភាញាុុំអីសិនកូន
– ខ្ញុំមិនញាុំទេ ! ខ្ញុំទៅធ្វើការហើយ
– អើយ !
– ក្រែងអូនថាកុំបង្ខំអ្ហ៊ៃ !
– ណ្ហើយ ! ពួកគេមិនញាុំក៏ហីចុះ ពួកយើងញាុំទៅ
ថ្លែងពី និសា សង្ខារ ណារ៉ា រីណា សុគន្ធ កំពុងប្រឈមមុខគ្នានៅក្នុង ហាង។ និសានិយាយទៅកាន*់សង្ខារ ក្នុងចិន្ដាពោរពេញទៅដោយកំហឹង ៖
– ឯងនិយាយស្អីខ្លះជាមួយណារី?
– ខ្ញុំនិយាយថា ខ្ញុំស្រលាញ់នាង !
– អ្ហះ !
រីណា និងសុគន្ធលាន់មាត់ព្រមគ្នា។ និសាទះសង្ខារមួយកំផ្លៀង ស្ទើរតែធ្វើឱ្យខ្លួនរលំទាំងជំហរ រីណារត់ទៅទប់យុវតី សុគន្ធនិយាយ ៖
– មានរឿងអី យើងអាចនិយាយគ្នាតាមសម្រួលបានតើ !
– សា ! ឯងទៅអង្គុយសិនទៅ ឯងមិនស្រួលខ្លួនទេណ៎ា
– អត់ទេ ! ខ្ញុំត្រូវនិយាយជាមួយគេឱ្យដឹងរឿង
– ទោះនាងទះខ្ញុំមួយរយកំផ្លៀង ក៏ខ្ញុំនៅតែនិយាយថា ខ្ញុំស្រលាញ់នាងដដែល
– បិទមាត់ទៅ ! តាំងពីដើមមកខ្ញុំមិនដែលស្រលាញ់ឯងឱ្យលើសពីមិត្ដភក្ដិនោះទេ
– ប៉ុន្ដែខ្ញុំ ……….
– សង្ខារ ! (ណារ៉ាឃាត់)
– ព្រោះតែឯង ទើបណារីខឹងនឹងខ្ញុំ
– សា ! យប់មិញនាងនៅហាលភ្លៀងអ្ហេ? (ណារ៉ាសួរ)
និសាមិនតប សុគន្ធនិយាយ ៖
– ហេតុអីក៏រឿងទៅជាបែបនេះ?
– សា ! អង្គុយសិនទៅ
– មិនអង្គុយទេ ! ជីវិតរបស់ខ្ញុំគ្មានសល់អ្វីទេក្រៅពីពួកឯង ប៉ុន្ដែឯងបែរជាបំផ្លាញ វាដោយវិធីនេះ
– និសា ! (សង្ខារឧទាន)
– បើខ្ញុំបាត់បង់ណារីទៅហើយ ខ្ញុំបាត់បង់ឯងម្នាក់ទៀតក៏មិនអីដែរ
– សា !
– ចេញទៅ ! យើងចប់គ្នាត្រឹមនេះចុះ
– និសា
ម្នាក់ៗកំពុងតែតានតឹងក្នុងចិត្ដរៀងៗខ្លួន ស្រាប់តែណារីមកដល់ទាំង ត្រហេបត្រហប ណារី ស្ទុះទៅ ស្ទាបខ្លួននិសាដោយការព្រួយបារម្ភ ៖
– ឯងយ៉ាងម៉េចហើយ?
– រី ! កុំខឹងនឹងខ្ញុំបានទេ?
– ខ្លួនឯងក្ដៅណាស់ ឆាប់ទៅអង្គុយសិនទៅ ………ខ្ញុំទៅចាក់ទឹកឱ្យឯងលេបថ្នាំ
– កុំខឹងនឹងខ្ញុំបានទេ?
– ខុសមកពីខ្ញុំ ការពិតខ្ញុំមិនត្រូវខឹងនឹងឯងទេ សូមទោស !
– មិនអីទេ ! ឱ្យតែឯងមិនខឹងនឹងខ្ញុំទៅបានហើយ
– ត្រូវហើយ ! ឯងបានថ្នាំនេះពីណា?
– បងប្រុសឯងយកមកឱ្យខ្ញុំ
សង្ខារបម្រុងដើរចេញ តែណារី ឃាត់ ៖
-ពួកយើងត្រូវនិយាយគ្នាសិន!………ដប់ពីរឆ្នាំហើយដែលយើងរួមសុខទុក្ខនឹងគ្នា តើពួកយើងសុខចិត្ដបែកគ្នាដោយសារតែបញ្ហានេះអ្ហេ?
សង្ខារមិននិយាយ និសាតប ៖
-ខ្ញុំស្រលាញ់ឯងដូចជាបងប្អូនបង្កើត មិនដែលគិតឱ្យហួសពីនេះទេ។ បើឯងធ្វើ ចិត្ដបាន យើងនៅ តែជាបងប្អូន តែបើធ្វើចិត្ដមិនបានទេ ខ្ញុំក៏មិនត្រូវការឯងធ្វើជាបងប្អូនរបស់ខ្ញុំទៀតដែរ
– សង្ខារ ! គិតមើលឱ្យស្រួលបួលណ៎ា (រីណានិយាយ)
– ឆាប់និយាយទៅ ! (សុគន្ធកេះសង្ខារ)
– សូមទោស ! ខ្ញុំសុខចិត្ដ…….ធ្វើជាបងប្អូនរបស់នាង
ស្នាមញញឹមលាយនឹងតំណក់ទឹកភ្នែកហូរជ្រែកកាត់ផែនថ្ពាល់ បញ្ជាក់ថា ទុក្ខកង្វល់លែងបន្សល់ទុក្ខនៅក្នុងចិត្ដរបស់ពួកគេទៀតហើយ។
ទ្វារបន្ទប់របើកព្រមគ្នា។ វិភានិយាយទៅកាន់និសា ៖
– អរុណសួស្ដី ប្អូនស្រី !
– អរុណសួស្ដី បងប្រុស ! ជួនគ្នាណាស់ន៎
– ជាហើយអ្ហេ?
– ជាហើយ !
– ចេញមុនទៅ
– ចេញមុនខ្ញុំចុះ !
– យ៉ាងម៉េចហ្នឹង?
– ចេញមុនទៅ !
– អ៊ីចឹងបងទៅមុនហើយណ៎ា
– អ៊ឺ ! ……………….
យុវជនដើរដល់មាត់ជណ្ដើរ
– ឈប់សិន !
– អ្ហឹះ ! មានការអី?
– ខ្ញុំជូន! (និសាហុចប្រអប់កាដូតូចល្មម)
– ស្អីគេ? ឯងក្ដៅខ្លួនទេដឹង មកបងជួយស្ទាបថ្ងាសឱ្យ
– បងទេដែលក្ដៅខ្លួននោះ នេះយកទៅ ! (និសាបោះប្រអប់កាដូទៅលើវិភា )
– អរគុណរឿងពីម្សិលមិញ
– នែ៎! ជានាជាមួយសង្សារហើយអ្ហេ?
– ថាម៉េច !
– ប្រហែលជាសប្បាយចិត្ដខ្លាំងណាស់ហើយមើលទៅ កុំភ្លេចណែនាំគេឱ្យបង ស្គាល់ផង
– និយាយស្អីហ្នឹង?
– ធ្វើមុខអ៊ីចឹងគួរឱ្យស្រលាញ់ណាស់
– បង!
-នែ៎! ពួកកូនធ្វើអីហ្នឹង ម្នាក់នៅខាងលើ ម្នាក់នៅខាងក្រោម ម៉េចមិនចុុុុុះមក និយាយគ្នាឱ្យស្រួល? (អ្នកស្រីវាសនានិយាយ)
– គ្មានរឿងអីទេមីង ! (និសាដើរចុះទៅមុន)
– មកនាំគ្នាញាុំអីសិនទៅ វិភា ! កូនឈរខាងលើធ្វើអីទៀត ឆាប់ចុះមក?
– បាទ !

សូមរង់ចាំវគ្គបន្ត

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មេសា 19, 2014, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. មតិ 5.

  1. ជម្រាបសួរអ្នកគ្រូ! ខ្ញុំជាប្រិយមិត្តរបស់អ្នកគ្រូ ខ្ញុំកោតសរសើរស្នាដៃអ្នកគ្រូណាស់ ហើយក៏តាមដានស្នាដៃអ្នកគ្រូមកជាច្រើនរេឿងហើយដែរ។

      • ចា! ដោយក្ដីរីករាយអ្នកគ្រូ។ ខ្ញុំចូលចិត្តអានរេឿងប្រលោមលោក ហើយក៏ចង់សាកសរសេររេឿងដោយខ្លួនឯងឲ្យគេអានដែរ ប៉ុន្ដែពេលគិត មិនដូចពេលធ្វើ។ ពេលមកសរសេរមែនទែន ក៏ច្របូកច្របល់មិនដឹងរេឿងសោះ ខ្លាចអ្នកអានវិលមុខ។ មើលទៅខ្ញុំត្រូវទទួលស្គាល់ហើយថា ខ្ញុំជំនាញអានតែម៉្យាង។ ខ្ញុំនៅចាំបានថា “បេះដូងពិត” ជារេឿងដំបូងរបស់អ្នកគ្រូដែលខ្ញុំអាន ហើយក៏ចាប់ផ្ដើមចង់ស្គាល់ម្ចាស់ស្នាដៃជាអ្នកណា។ និយាយត្រង់ចុះ មុននេះខ្ញុំរាងខកចិត្តតិចតួចដែរ ពេលបើកមកមិនឃើញការឆ្លើយតបចំពោះខ្ញុំការផ្ញើរសារទៅគេ ហើយគ្មានការឆ្លើយតបជាទង្វើមើលងាយ ហើយខ្ញុំនឹងខកចិត្តអស់សង្ឃឹមជាខ្លាំង។ អរគុណអ្នកគ្រូដែលតបមតិរបស់ខ្ញុំ

      • រីករាយដែលបានស្គាល់ព្រះនាងតូច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: