រឿងខ្លី បេះដូងឈឺចាប់(វគ្គ២ចប់)

បេះដូងឈឺចាប់វគ្គ ៣ កំណើតស្នេហ៍
-ទឹកធ្លាក់ពីភ្នំ គឺពិតជាពុំ- អាចត្រឡប់បាន
រឿងកន្លងហួស រស់នៅស្នាមដាន ស្នាមទាំងប៉ុន្មាន
បានដក់ក្នុងចិត្ដ។


-ទុក្ខរឺសប្បាយ រស់នៅជិតកាយ ក្លាយជាជិតស្និទ
មនោសញ្ចេតនា ចាប់ផ្ដើមជាប់ស្អិត ធ្វើឱ្យដួងចិត្ដ
គិតមិនដឹងខ្លួន។
– តូចចាប់ផ្ដើមធំ អារម្មណ៍មាសមុំ សម្ងំលាក់ពួន
រីឯយុវជន ចិត្ដលែងមាំមួន បើបាត់មាសស្ងួន
ខ្លួនមិនស្រួលសោះ។
ក្រោមសូរសែងនៃកំដៅព្រះអាទិត្យ ស្ថិតនៅមុខគេហដ្ឋានលោកគិត និស្ស័យគេឃើញយុវជនម្នាក់រូបរាងស្រស់សង្ហារកំពុងលើកហត្ថាបាំងថ្ងៃឈររេរា នៅមុខទ្វារ ហាក់សម្លឹងរកនរណាម្នាក់ ៖
– លោកអញ្ជើញរកអ្នកណា? (និសាបន្លឺឡើង)
– សូមទោស ! ខ្ញុំជាមិត្ដរបស់វិភា តើវិភានៅទេ?
– នៅ ! អញ្ចើញចូលសិនមក
– បាទអរគុណ !
បន្ទប់ទទួលភ្ញៀវ
– លោកអញ្ជើញអង្គុយសិនទៅ ចាំខ្ញុំទៅប្រាប់គាត់ជូន
– បាទអរគុណ !
នៅមុខបន្ទប់យុវជន
– មានភ្ញៀវមករក!
– បងចុះទៅឥឡូវហើយ
និសាដើរចុះមក វិភាចុះមកតាមក្រោយ ៖
– អ្ហេ ! គឺឯងទេអ្ហ៊ៃ
– ភ្ញាក់ផ្អើលណាស់ទៅអ្ហេ សុខសប្បាយទេ?
– សុខ ! ចុះឯង?
– គ្មានបញ្ហាទេ !
– មកដល់ពីអង្កាល់?
-ម្សិលមិញ! ខ្ញុំទៅរកឯងនៅផ្ទះ តែលោកពូប្រាប់ថាឯងមកនៅទីនេះ ខ្ញុំមើល ទៅឯងដូចប្លែកច្រើនណាស់ណ៎ា
– ប្លែកត្រង់ណា?
– វិភាពីមុនមិនរីករាយអ៊ីចឹងទេ
– គ្មានទេ !
– អញ្ជើញពិសារទឹក
– អរគុណ !
លើកទឹកជូនភ្ញៀវហើយ និសាដើរចូលទៅក្នុងផ្ទះវិញ រីឯយុវជនមូលី ចេះតែតាមសម្លឹងនាងឥតដាក់ភ្នែកៈ
– នាងគឺ ..
– ប្អូនស្រី !
– អ្ហះ ! ឯងមានប្អូនស្រីពីអង្កាល់?
– នាងជាកូនរបស់ពូនិស្ស័យ
– អ៊ីចឹងទេអ្ហេ នែ៎ ! ណែនាំឱ្យគ្នាស្គាល់ផង តើបានទេ?
– ឯងចង់ស្គាល់នាងអ្ហេ
– ត្រូវហើយ ! មិនបានអ្ហេ?
– បានតើ ! …………តើពេលណាឯងត្រឡប់ទៅភ្នំពេញវិញ?
– មិនដឹងដែរ ! ជួយធ្វើការប៉ាម៉ាក់នៅទីនេះសិន …..នែ៎ ! នាងចុះមកហើយ
– និសា !
– ចាស!
– នេះមូលីមិត្ដរបស់បង
– សួស្ដី !
– បាទ ! សួស្ដី ………………..អ្នកនាងអញ្ជើញទៅណាហ្នឹង?
– ទៅហាង ! ខ្ញុំទៅសិនហើយ
– បាទ !
– នាងទៅហើយ នៅមើលស្អីទៀត?
– នាងធ្វើការអីវ៉ី?
– បើកហាងសម្អាងការ
– ចំប៉ាច់វ៉ី ! ខ្ញុំចង់ទាក់ទងនាង បានទេ?
– អ្ហះ !
– ម៉េចក៏ភ្ញាក់ផ្អើលយ៉ាងនេះ រឺមួយក៏ ………..
– គ្មានអីទេ ! តែបើចង់ទាក់ទងនាង គឺត្រូវទៅរកនាងខ្លួនឯង មិនមែនខ្ញុំទេណ៎ា
– ឯងកុំភ័យ ខ្ញុំមិនឱ្យឯងពិបាកទេ តែឯងប្រាកដហើយអ្ហេ ដែលឯងមិនបាន….
– នាងជាប្អូនស្រីខ្ញុំ
– ល្អ ! ឥឡូវរឿងនេះទុកមួយឡែកចុះ យប់នេះទៅជប់លៀងជាមួយខ្ញុំទេ?
– អត់ទេ ! ជាប់ណាត់ជាមួយម៉ាក់ហើយ
– អ៊ីចឹងស្អែកខ្ញុំមកទទួលឯងណ៎ា
– ក៏បាន !
ពន្លឺភ្លើងភ្លឺចិញ្ចាចបាចសាចពេញក្នុងទីរួមខេត្ដ គន់ហើយមិនឆ្អន់ឆ្អែត បើរឹតតែគន់គឺរឺតតែពេញចិត្ដ។ សម្រស់ភ្លើងពណ៌លម្អរជាមួយភក្ដ្រាយុវតី រឹតតែ គួរឱ្យបេតីថែមទៀត ។
ឡានបើកសន្សឹមៗ យូៗគេឃើញយុវតីលួចញញឹមម្ដង ព្រោះតែភាពបំព្រងនៃទេសភាពពេលយប់។ ឡានឈប់ង៉ក់ ទាំងបួននាក់ចេញពីឡាន ដើរចូល ទៅក្នុងភោជនីយដ្ឋានមួយ ៖
– ពួកកូនញាុំអី ហៅមកចុះ
– និសា ! នេះហើយជាភោជនីយដ្ឋានរបស់ប៉ាឯង
– វិភាញាុំអីហៅមកក្មួយ
– បាទ !
ម្ហូបត្រូវបានលើកដាក់ពេញតុ ជួនគ្នាមូលី មកដល់ល្មម ៖
– ជម្រាបសួរ អ្នកមីង លោកពូ
– លើកដៃថ្វាយព្រះ !
– មូលីទេអ្ហ៊ៃ ! មីងមើលសឹងមិនស្គាល់
– អ្នកមីង និងលោកពូសុខសប្បាយទេ?
– សុខសប្បាយទាំងអស់គ្នាហ្នឹង ចុះគ្រួសារក្មួយ?
– បាទ សុខធម្មតាទេអ្នកមីង ………………………សួស្ដីនិសា !
– សួស្ដី
– ក្មួយស្គាល់និសាដែរអ្ហេ?
– បាទ ! ជួបនាងនៅផ្ទះ កាលខ្ញុំទៅរកវិភា
– នែ៎ ! ចង់រួមតុជាមួយពួកយើងទេ?
– អត់ទេ ! មិត្ដភក្ដិកំពុងរង់ចាំ ………….ខ្ញុំជម្រាបលាលោកពូ អ្នកមីងសិនហើយ
– អ៊ើ ! ទៅចុះក្មួយ
– វិភា និសា ខ្ញុំទៅហើយ
– ចាស
និសាមិនដឹងថាអាកប្បកិរិយាដែលមូលីសម្លឹងនាងមានន័យយ៉ាងណា នោះទេ ប៉ុន្ដែចិន្ដារបស់វិភាពិតជាក្រហល់ក្រហាយខ្លាំងណាស់។ ស្រស់ស្រូបរួចហើយ ពួកគេក៏ត្រឡប់មកគេហដ្ឋានវិញ។ និសាឡើង ដល់កាំជណ្ដើរ សំឡេង ទូរស័ព្ទបន្លឺឡើង ៖
– ជម្រាបសួរ !
– ជម្រាបសួរ
– ខ្ញុំគឺមូលី
– មូលី
– អ្នកនាងចាំខ្ញុំបានទេ?
– ចាំបាន លោកមានការអី ចាំមួយភ្លែតណ៎ា
និសារត់វឹងយកទូរស័ព្ទទៅឱ្យវិភា
– មានការអី? ទូរស័ព្ទ …………………
– ទទួលទៅ ! ……មូលី ………
– អាឡូ !
– អ្នកណាគេហ្នឹង?
– ឯងចាំសំឡេងខ្ញុំមិនបានទេអ្ហ៊ៃ
– ម៉េចក៏ជាឯងទៅវិញ ឯណានិសា?
– និសាអ្ហេ ………..អ្ហូ ! នាងឈឺពោះ ចូលបន្ទប់ទឹកបាត់ហើយ
– អ៊ីចឹងទេអ្ហ៊ៃ ! អ៊ីចឹងប៉ុណ្ណឹងបានហើយ សួរសុខទុក្ខនាងឱ្យខ្ញុំផងណ៎ា
– អ៊ើ !
វិភាបិទទូរស័ព្ទ ហើយងាកទៅរកនិសាកំពុងឈរសម្លឹងមើលមក ដែលតាមការពិតនាងមិនបានទៅ ណាសោះ*
– ហេតុអីយកទូរស័ព្ទមកឱ្យបង?
– គេជាមិត្ដបង បងនិយាយជាមួយទៅ
– ធ្វើបែបនេះវាខ្វះសុជីវធម៌
– អ្នកណាឱ្យយកលេខទូរស័ព្ទខ្ញុំទៅឱ្យគេ
– គេគ្រាន់តែចង់រាប់អានទេតើ !
– មានរឿងអីកូន? (អ្នកស្រីវាសនាដើរចូលមក )
– គ្មានទេ ! ខ្ញុំទៅគេងហើយ (និសា និងវិភាឆ្លើយព្រមគ្នា រួចក៏បណ្ដើរគ្នាទៅបន្ទប់ រៀងៗខ្លួន)
– ខឹងនឹងបងអ្ហេ?
– គ្មានទេ
– ហេតុអីមុខក្រញូវ?
– គ្មានកម្លាំងឯណាសើចដាក់រាល់ថ្ងៃនោះទេ
– អេ ! មិនយកទូរស័ព្ទទេអ្ហ៊ៃ?
– ឱ្យមក
និសាហុចដៃទារយកទូរស័ព្ទ តែវិភាបែរជាមិនព្រមឱ្យ*
– នែ៎ ! ធ្វើស្អីហ្នឹង? ឆាប់ឱ្យទូរស័ព្ទមកខ្ញុំ
-ខឹងនឹងបង រឺអត់?
និសាអង្គុយចុះ អោនក្បាលផ្ទប់នឹងក្បាលជង្គង់ ហើយយំយ៉ាងលឺៗ*
-នែ៎! ឯងយំមែនអ្ហេ? បងធ្វើលេងតើ!………..នេះយកទូរស័ព្ទទៅវិញទៅ ឈប់យំទៅ ប្រយ័ត្នម៉ាក់លឺណ៎ា!
និសាកញ្ឆក់ទូរស័ព្ទពីដៃវិភា ស្ទុះងើបឡើងដាល់វិភាមួយដៃ កណ្ដាលពោះ ៖
– ឈឺទេ? ខ្ញុំឯណាទៅយំងាយៗនោះ
– ហេតុអីក៏ឯងល្បិចច្រើនយ៉ាងនេះ !
– បងទើបតែដឹងអ្ហេ ! រាត្រីសួស្ដី សុបិនល្អណ៎ា
– ឯងប្រាកដជាសុបិនអាក្រក់ !
បងប្អូន?
ពីមួយថ្ងៃទៅមួយថ្ងៃ អ្វីៗចាប់ផ្ដើមប្រែប្រួល។ មូលីក្លាយជាមិត្ដថ្មី របស់និសា។ នៅប្រហែលមួយសបា្ដហ៍ទៀត អាពាហ៍ពិពាហ៍បងប្រុសមូលីនឹង ចាប់ផ្ដើមឡើង។ អ្នកស្រីវាសនា ក៏ឡើងទៅគោះទ្វារបន្ទប់និសាៈ
– មីងមានការអី?
– មីងចង់នាំក្មួយទៅកាត់សម្លៀកបំពាក់ ដើម្បីចូលរួមពិធីការបងប្រុសមូលី
– អរគុណ ! តែខ្ញុំមានហើយ …………………………. មីងមិនចាំបាច់ធ្វើល្អនឹងខ្ញុំទេ
-និសា! ទោះមីងចង់ធ្វើអ្វី ក៏មិនអាចលុបលាងនូវកំហុសរបស់មីងបានដែរ តែមីង គ្រាន់តែចង់ផ្ដល់ឱ្យក្មួយនូវអ្វីដែលមីងអាចផ្ដល់បានប៉ុណ្ណោះ
– តែខ្ញុំមិនចង់ឱ្យមីងផ្ដល់អ្វីឱ្យខ្ញុំនោះទេ
– និសា !
– មីងចេញទៅវិញទៅ
អ្នកស្រីវាសនាដើរចេញទាំងទឹកមុខក្រៀមក្រំ។ ទោះនិសាសំដែងនូវ ការមិនពេញចិត្ដចំពោះអ្នកស្រីក៏ដោយ ក៏អ្នកស្រីព្យាយាមធ្វើល្អគ្រប់បែបយ៉ាង ចំពោះនាង។
ត្រឡប់ពីធ្វើការវិញ និសាឃើញគ្រឿងអលង្ការមួយកំផ្លេនៅលើគ្រែ របស់នាង។ យុវតីកាន់ប្រអប់ គ្រឿងអលង្ការនោះមករកអ្នកស្រីវាសនា ដែលកំពុងរៀបចំអាហារនៅតុបាយ ឯលោកនិស្ស័យក៏អង្គុយ ក្បែរនោះដែរ។ យុវតីដាក់ប្រអប់លើតុ ៖
– យករបស់មីងទៅវិញទៅ !
– មានរឿងអី? (លោកនិស្ស័យបន្លឺឡើង)
– គ្មានរឿងអីទេបង !
– ចុះប្រអប់ស្អីនៅលើតុ?
– ជាគ្រឿងអលង្ការរបស់អូន អូនចង់ឱ្យនិសាពាក់ទៅចូលរួមពិធីមង្គលការបងប្រុសមូលី តែបើ នាងមិនចង់ពាក់ក៏មិនអីដែរ ទុកត្រង់នេះសិនចុះ
– និសា ! ហេតុអីមិនទទួល?
– គ្មានមូលហេតុទេ ! ខ្ញុំទៅបន្ទប់ហើយ
– ឈប់សិន ! មីងឯងខំយកទៅដាក់ដល់បន្ទប់ហើយ ម៉េចក៏ឯងធ្វើអ៊ីចឹង?
-ខ្ញុំត្រូវតែធ្វើអ៊ីចឹង ព្រោះខ្ញុំប្រាប់គាត់ហើយតើ ថាមិនបាច់ធ្វើល្អចំពោះខ្ញុំទេ ទោះ យ៉ាងណាក៏គាត់លុបលាងបាបមិនអស់ដែរ
– បិទមាត់ភ្លាម !
– បង បានហើយ
– ឆាប់សូមទោសមីងឯងភ្លាម
– លោកឱ្យខ្ញុំសូមទោសគាត់អ្ហេ !…ការពិតគាត់ទេដែលត្រូវសូមទោសខ្ញុំ
– ឯង !
លោកនិស្ស័យស្ទើរតែយារដៃវាយកូនស្រីទៅហើយតែអ្នកស្រីវាសនា ចាប់ដៃទាន់ ៖
– បងប្រុងធ្វើអី? មានរឿងអីអាចនិយាយគ្នាតាមសម្រួលបានតើ
– លោកចង់វ៉ៃ វ៉ៃមក ! វ៉ៃឱ្យស្កប់ចិត្ដលោកទៅ ព្រោះពីដើមមកលោកមិនដែលវ៉ៃ ខ្ញុំទេ
– ឯង………ឯង………
– លោកប្រហែលជាស្ដាយក្រោយហើយ ដែលនាំខ្ញុំមកនៅទីនេះនោះ
– ហេតុអីក៏ឯង មានះយ៉ាងនេះ !
– បង បងបន្ធូរអារម្មណ៍សិនទៅ ……… បានហើយនិសា មីងអង្វរ
– ម្ដាយរបស់ឯងស្លូតបូត ទន់ភ្លន់ តែចំណែកឯង………
-ខ្ញុំយ៉ាងម៉េច? ម្ដាយខ្ញុំស្លូតបូតហើយទន់ភ្លន់ តែលោកនៅតែចាកចេញពីគាត់ បាន………. លោកគ្មានសិទ្ធិថាឱ្យខ្ញុំទេ
– បានហើយនិសា ! (វិភាបន្លឺឡើង)
– បើប៉ាដឹងថាឯងមានះយ៉ាងនេះ…………..
– បង ឈប់ទៅ ! វិភានាំនិសាទៅបន្ទប់ទៅ
– លោកឆាប់និយាយឱ្យអស់ទៅ
– និសា ! (វិភាឃាត់)
– លែងខ្ញុំ ! បងចង់នាំខ្ញុំទៅណា?
– ទៅបន្ទប់ !
– មិនទៅទេ
– បងថាឱ្យទៅ
– លោកធ្វើអី? លែងខ្ញុំ ដាក់ខ្ញុំចុះទៅ
វិភាបីនិសារហូតទៅដល់មុខបន្ទប់ ទើបដាក់ចុះ ៖
– តើឯងកំពុងធ្វើអី?
– ខ្ញុំទេ ដែលត្រូវសួរលោក លោកគ្មានសិទ្ធិធ្វើបែបនេះចំពោះខ្ញុំទេណ៎ា !
-បើបងមិនធ្វើអ៊ីចឹង ស្មានតែឯងព្រមឈប់អ្ហេ? ឯងដឹងខ្លួនថាឯងកំពុងឈ្លោះជា មួយនរណាទេ គាត់ជាប៉ាឯង ឯងមិនខ្លាចចុះនរកទេអ្ហ៊ៃ? ម្យ៉ាងទៀតឯងធ្វើបែបនេះជំងឺគាត់នឹងរើឡើងណ៎ា !
– នេះគឺព្រោះតែម៉ាក់របស់លោក ! បើកុំតែ…………………
– កុំរាលដាលដល់ម៉ាក់របស់បងណ៎ា !
-បើរាលដាលវាយ៉ាងម៉េច? បើកុំតែគាត់ ប៉ាខ្ញុំក៏មិនចាកចោលផ្ទះសំបែងដែរ គាត់ជាស្រី តែមិន
គោរពប្រពៃណីជាស្រី ផិតប្ដីចោលកូនរត់តាមប្រុស ………
– ឈប់ភ្លាម ! បើមិនឈប់បងនឹងវ៉ៃឯង
– លោកគ្មានសិទ្ធិវ៉ៃខ្ញុំទេ ក្រែងលោកធ្លាប់ស្អប់ម៉ាក់លោកដែរអ្ហេ
– ឯង……..ហេតុអីក៏ឯងមានះយ៉ាងនេះ ចរឹតល្អរបស់ឯងទៅណាអស់ហើយ?
-ខ្ញុំគ្មានចរឹតល្អទេ កាលដែលខ្ញុំធ្វើល្អដាក់លោក ខ្ញុំគ្រាន់តែសង្វេគលោកប៉ុណ្ណោះ ខ្ញុំស្អប់ម្ដាយលោកយ៉ាងនេះ លោកស្មានថាខ្ញុំចាត់ទុកលោកដូចជាបងប្រុសអ្ហេ ពីរោះណាស់អ្ហេ ដែលខ្ញុំហៅលោកថា បងនោះ?
-ឯងកំពុងនិយាយអី?ឯងដឹងថាឯងកំពុងនិយាយអីទេ?
-ខ្ញុំដឹងច្បាស់ណាស់ ខ្ញុំមិនបានវង្វេងដូចលោកទេ
– បានន័យថា ឯងបោកប្រាស់មនោសញ្ចេតនារបស់បងអ៊ីចឹងអ្ហេ?
– ត្រូវហើយ ! ម្ដាយលោកអាក្រក់យ៉ាងនេះ លោកក៏ប្រហែលជាមិនល្អដែរ
– ……….ល្អ ! ឆ្លើយបានល្អណាស់
– លោកគិតធ្វើអី? លែងដៃ
– ចូលទៅ !
វិភាទាញនិសាទៅក្នុងបន្ទប់ខ្លួន។ យុវតីស្ទុះរត់ចេញ តែត្រូវយុវជន ចាប់ដៃជាប់ ៖
– កុំធ្វើផ្ដេសផ្ដាសណ៎ា !
– បើខ្ញុំផ្ដេសផ្ដាស វាយ៉ាងម៉េច ក្រែងនាងយល់ថាខ្ញុំអ៊ីចឹងអ្ហេ
– លោកឆ្កួតហើយ !
និសាខាំដៃយុវជន ហើយស្ទុះរត់ចេញ តែនៅតែត្រូវយុវជនចាប់ទាញមកវិញដដែល។ ទាំងពី* នាក់ចេះតែដំឡើងសសៃក និងប្រទាញប្រទង់គ្នាដោយកំហឹង*
– ខ្ញុំមិនឆ្កួតទេ ! បើឆ្កួតគឺដោយសារតែនាង
– លែង ! លែងទៅ លែង…………..
ច្រមុះផ្ដិតលើផែនថ្ពាល់ សំណល់នៃទឹកភ្នែកស្រក់ចុះ អ្នកកំលោះហាក់មិនដឹងសោះថាខ្លួនកំពុងធ្វើអ្វី? ពេលនេះក្នុងរង្វង់ដៃ គឺរាងកាយយុវតីដែលភ័យញ័រទទ្រើតគ្មានកម្លាំងនឹងរើបម្រាស។ ភាពជោរជន់នៃទឹកភ្នែកដាស់ចិត្ដវង្វេងរបស់យុវជនឱ្យភ្ញាក់ស្មារតីឡើងវិញ។ នាយបន្ធូរដៃ ស្រដីទាំងរអាក់រអួល ៖
– សូម…….ទោស !
និសាមិនស្រដី យុវតីរត់ចេញទាំងទឹកភ្នែក។ យុវជនឈរទ្រឹង ហាក់ខឹង នឹងទង្វើខ្លួនឯង ហេតុអីក៏ត្រូវវង្វេងស្មារតីបែបនេះ?
មួយរាត្រីកាលកន្លងផុតទៅ យុវជនឈរនៅមាត់ជណ្ដើរ មួយសន្ទុះទើបយុវតីដើរចេញពីបន្ទប់មកៈ
– សា ! សូមទោស
និសាមិននិយាយអ្វីទាំងអស់ នាងបម្រុងចុះជណ្ដើរ
– សា !
– កុំចេះតែមកប៉ះខ្ញុំ ! ពេលនេះខ្ញុំស្អប់លោកជាងម៉ាក់លោកទៅទៀត
– សា ! បងគ្មានចេតនាទេ
– តើពួកកូនធ្វើស្អីហ្នឹង? ឆាប់ចុះមកញ៉ាំបបរមក ! (អ្នកស្រីវាសនាបន្លឺឡើង)
និសានិងវិភាចុះមកអង្គុយនៅតុបាយ។ យុវតីស្រដី ៖
-ប៉ាខ្ញុំយ៉ាងម៉េចហើយមីង?
-អ្ហូ ! គាត់មិនអីទេ ពេលនេះសំរាន្ដនៅក្នុងបន្ទប់ឯណោះ រឿងពីយប់មិញ ឯងកុំទុកក្នុងចិត្ដអី ពេលខឹងគាត់និយាយតែអ៊ីចឹង ការពិតក្នុងចិត្ដគាត់ស្រលាញ់ឯងណាស់ នែ៎! ហេតុអីក៏មុខពួកកូនស្លេកស្លាំងម្ល៉េះ?
– អត់អីទេ ! គ្រាន់តែមិនបានគេងប៉ុណ្ណោះ (និសា និងវិភាឆ្លើយព្រមគ្នា)
– ម៉េចអ៊ីចឹង?
– ខ្ញុំទៅធ្វើការហើយ !
– ត្រូវហើយ ! ល្ងាចនេះពួកកូនត្រូវទៅញាុំការអ្ហ៊ៃ?
– បាទ !
– អ៊ីចឹងកូនត្រូវឆាប់មកណ៎ា កុំឱ្យនិសាចាំយូរ
-មិនអីទេ ខ្ញុំទៅខ្លួនឯងបាន
និសាចេញមកក្រៅ វិភាចេញមកតាម
– ល្ងាចនេះ បងចាំឯង
វិភានិយាយហើយដើរចូលឡានបើកចេញទៅបាត់។ ចំណែកឯយុវតី ទៅធ្វើការដូចធម្មតា។
ដោយអត់ងងុយពីយប់ និសាអង្គុយយោលយោគនៅលើកៅអី។ ណារីសួរទាំងងឿងឆ្ងល់ ៖
– ឯងកើតអីហ្នឹង ពីយប់មិនបានគេងទេអ្ហ៊ៃ ?
– តូវហើយ !
– ចុះរវល់ធ្វើអី ហេតុអីមិនគេង?
– អត់ …….ទេ ! មិនបានធ្វើអីទេ គ្រាន់តែគេងមិនលក់ប៉ុណ្ណោះ
– អ៊ីចឹងទៅផ្ទះគេងសិនទៅ
– អត់ទេ មិនទៅទេ ! មិនចង់………………
– មិនចង់អី? អ្នកណាធ្វើស្អីឯង?
– អត់ទេ !……….. ខ្ញុំអស់កម្លាំងណាស់ គេងហើយ
– ឯងគិតគេងលើតុបែបនេះអ្ហ៊ៃ?
– អ៊ឺ !
– អ្ហេ ! គេយ៉ាងម៉េចហើយ? (ណារ៉ាសួរ )
– គេងងុយ ឱ្យគេគេងទៅ
– អ្ហេ ! គ្នាទិញម្ជូរមកហើយ (សុគន្ធ និងរីណាទើបមកដល់)
-គេកើតអី?
– គ្មានកើតអីទេ ! គេងតើ
– អ៊ីចឹងពួកយើងនាំគ្នាញ៉ាំទៅ !
ម៉ោងប្រហែលជាបួន និសាប្រញាប់ប្រញាល់បិទហាងត្រឡប់មកផ្ទះ។ នាងរៀបចំខ្លួនរួចជាស្រេច ហើយតម្រ់ងទៅបន្ទប់លោកនិស្ស័យ។ អ្នកស្រី វាសនាបន្លឺឡើង ៖
– អ្ហេ និសា ! តែងខ្លួនរួចហើយអ្ហេ វិភាបន្ដិចទៀតទើបមកដល់
– ខ្ញុំចង់ចូលទៅមើលគាត់
– អ៊ីចឹងក្មួយចូលទៅ មីងចេញទៅហើយ
និសានិយាយទៅកាន់ឪពុក ៖
– លោកមិនអីទេអ្ហេ?
– គឺកូនទេអ្ហេ អង្គុយសិនមក
– សូមទោស !
-មិនអីទេ ! ខុសមកពីប៉ាដែរ ចាត់ទុកថាគ្មានរឿងអីកើតឡើងចុះ……………. ក្រែងកូនត្រូវទៅញ៉ាំការអ្ហ៊ៃ ឆាប់ចុះទៅ ក្រែងវិភាចាំ
– ខ្ញុំមិនចង់ទៅជាមួយគាត់ទេ
– ម៉េចកូននិយាយអ៊ីចឹង ! កូនជាស្រី យ៉ាងណាក៏មានសុវត្ថិភាពជាងទៅម្នាក់ឯង ដែរ
– តែ………
– ណ្ហើយ ! ឆាប់ចុះទៅ កុុំឱ្យវិភាចាំយូរ
និសាដើរមកឃើញវិភាឈរចាំជាស្រេច
– ឡើងឡានទៅ !
– ខ្ញុំមិនទៅជាមួយលោកទេ
– ឯងចង់យ៉ាងម៉េច?
– ជិះម៉ូតូទៅ
– បងមិនឱ្យឯងជិះម៉ូតូទៅទេ បើមិនចង់ឱ្យបងប៉ះពាល់ឯង ឆាប់ឡើងឡានទៅ សម្លក់អីទៀត !
– អ្ហ៊‌ឹះ !
ទៅដល់កន្លែងប្រារឰពិធី មូលីឈរចាំជាស្រេច។ យុវជនលួចសម្លឹង មាណវីបង្កប់ដោយស្មាមញញឹម។ ចូលដល់ក្នុង មូលីបន្លឺឡើង ៖
– ពួកឯងអង្គុយរួមគ្នាអ្ហេ?
– បែកគ្នា ! (យុវតីឆ្លើយ)
– រួចហើយទៅចាំបងនៅឡានណ៎ា !
– ដឹងហើយ !
ពេលវេលាកន្លងទៅប្រហែលជាមួយម៉ោងកន្លះ កម្មវិធីចាប់ផ្ដើមចប់ជាបណ្ដើរៗ។ និសាដើរចេញមករង់ចាំ វិភានៅឡានមុន ស្រាប់តែលឺសំឡេងច្របូកច្របល់លាន់ឡើងពីមាត់ផ្លូវ ៖
– ឈប់ ! ប្រាប់ថាឱ្យឈប់
យុវជនមិនស្គាល់ឈ្មោះម្នាក់រត់គេចពីការដេញចាប់របស់ប៉ូលីសតម្រង់មកផ្លូវ ដែលយុវតីកំពុង ឈរ។ មាណវីបានយកជើងទៅខ្ទាស់ជើងយុវជនមិនស្គាល់ឈ្មោះនោះ ធ្វើឱ្យនាយដួលទាំងជំហ*
– ស្រីចង្រៃ !
វិភាឃើញច្បាស់ថាកាំបិត កំពុងតែហោះសំដៅទៅរកនិសា*
– សា ! ប្រយ័ត្ន
ប៉ូលីលមកដល់ល្មម ចាប់ជនម្នាក់នោះទៅប៉ុសិ៍ភ្លាម ចំណែកនិសា ស្មារតីភិតភ័យឥតឧបមា ពេលដែលឃើញកាំបិតចាក់ជាប់នឹងស្មាយុវជន ៖
– បងយ៉ាងម៉េចហើយ……..?
– មិនអីទេ !
ប៉ូលីសម្នាក់និយាយ ៖
– ខ្ញុំជូនលោកទៅមន្ទីរពេទ្យ ! …….អ្ហះ ! គឺលោកទេអ្ហេ …….ជួនគ្នាណាស់ ឆាប់ឡើងឡានទៅ
មកដល់មន្ទីរពេទ្យ ក្រោយពេលរុំរបួសរួចរាល់ហើយ ពួកគេទាំងបីនាក់ក៏បណ្ដើរគ្នាចេញមក មូលី មកដល់ល្មម ៖
– វិភា ! យ៉ាងម៉េចហើយហ្នឹង?
– មិនអីទេ ! របួសបន្ដិចបន្ដួចប៉ុណ្ណោះ
– តើមានរឿងអីកើតឡើង?
– ពួកខ្ញុំដេញចាប់ក្មេងស្ទាវញៀនថ្នាំ អ្នកនាងនិសាធ្វើឱ្យវាដួល វាខឹងក៏យកកាំ បិតគប់មករកនាង
តែសំណាងហើយបានលោកវិភារត់ទៅរងទាន់
– អ្ហូ ! អ៊ីចឹងទេអ្ហេ (មូលីសម្លឹងទៅវិភា)
– ត្រូវហើយ ! អ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាដែរ?
មូលីសម្លឹង និសា វិភាតប ៖
– នាងជាប្អូនខ្ញុំ
– អ៊ីចឹងនាងសំណាងហើយ ដែលមានបងប្រុសស្រលាញ់យ៉ាងនេះ
និសា ញញឹមស្ងួត វិភា និង មូលីមានទឹកមុខធម្មតា លោកប៉ូលីស វាចាត ៖
– ខ្ញុំជូនលោកទៅផ្ទះបានទេ?
– អ្ហូ ! មិនអីទេ លោកអញ្ចើញទៅមុនចុះ ខ្ញុំទៅជាមួយមិត្ដរបស់ខ្ញុំ
– អ៊ីចឹងខ្ញុំទៅមុនហើយ អរគុណលោក និងអ្នកនាងនិសាខ្លាំងណាស់
-បាទមិនអីទេ !
– សង្ឃឹមថាថ្ងៃក្រោយអាចជួបពួកលោក និងអ្នកនាងម្ដងទៀត
– សំណាងល្អណ៎ា !
– ចាស!
– លោកក៏ដូចគ្នា
លោកប៉ូលីសចេញផុត វិភានិយាយទៅកាន់មូលីៈ
– នាំខ្ញុំទៅយកឡានទៅ !
– ឯងបើកឡានកើតដែរអ្ហេ?
– មិនអីទេ ! របួសមិនឈឺផងហ្នឹង
– អ៊ីចឹងក៏បាន !
វិភាបើកឡានត្រឡប់មកផ្ទះវិញ។ តាមផ្លូវយុវតីមិននិយាយអ្វីទាំងអស់។ យូរៗយុវជនលួចសម្លឹងនាងម្ដង។ មកដល់មុខផ្ទះ ៖
– ចង់និយាយអី និយាយមក !
– មិនចាំបាច់ធ្វើអ៊ីចឹងទេ !
– បងការពារឯងក្នុងឋានៈជាបងប្រុសប៉ុណ្ណោះ
– មិនមែន…………………………..
– បងគ្មានបំណងឱ្យឯងលើកទោសឱ្យបងនោះទេ បងធ្វើបែបនេះ ព្រោះបារម្ភ ពីឯងតែប៉ុណ្ណោះ
– លោក និងខ្ញុំ គ្មានអីទាក់ទងនឹងគ្នាផង មិនបាច់បារម្ភទេ !
– ឯងជាប្អូនស្រីបង !
– លោកសម្អាងអី ដែលមកធ្វើជាបងប្រុសរបស់ខ្ញុំនោះ រឺមួយ…………….
– សា ………….. រឿងយប់នោះ បងពិតជាសូមទោសឯងមែន
-កុំថាឡើយលោករងកាំបិតជួសខ្ញុំ ទោះលោករងគ្រាំកាំភ្លើង ក៏ខ្ញុំមិនលើកលែងទោសឱ្យលោកដែរ
– សា !
និសាចុះពីឡានពោរពេញដោយកំហឹង វិភាតាមពីក្រោយ ៖
– និសា តើធ្វើយ៉ាងណាទើបឯងលើកលែងទោសឱ្យបង
– នេះ យកថ្នាំលោកទៅ !
យុវតីគប់ថ្នាំទៅលើដី ហើយដើរឡើងទៅលើបន្ទប់ ស្រាប់តែ ៖
– និសា !
– មីងទេអ្ហេ?
– មីងចង់និយាយជាមួយក្មួយបន្ដិចបានទេ?
– និិយាយមកខ្ញុំចាំស្ដាប់
– ក្មួយ និងវិភាមានរឿងអីមែនទេ?
– គ្មានទេ ! តែ … បើមីងមករកខ្ញុំព្រោះតែរឿងហ្នឹង ខ្ញុំទៅគេងហើយ
– ឈប់សិន ! មិនថាពួកក្មួយមានរឿងអីទេ ក្មួយត្រូវនិយាយគ្នាតាមសម្រួលណ៎ា
– មីងគួរតែទៅប្រាប់កូនមីងទៅ ខ្ញុំចូលបន្ទប់ហើយ
និសាបោះថ្នាំចោលទៅលើដី ព្រោះតែក្ដីមានះ យុវជនចង់ឈ្នះមិនខ្ចី រើសថ្នាំមកលេប។
អ្នកស្រីវាសនាបន្លឺឡើងតាមទូរស័ព្ទ ៖
– បងវិភួអ្ហេ?
– ត្រូវហើយ !
– អូនតេប្រាប់បងថា វិភាមិនបានទៅធ្វើការទេ វាគ្រុនហើយ
– គ្រុនហើយអ្ហេ ! ធ្ងន់ធ្ងរទេ?
– មិនជាធ្ងន់ធ្ងរទេ លេបថ្នាំបន្ដិចទៅប្រហែលជាមិនអីទេ
– អូនមើលវាផងណ៎ា បើមិនស្រួលទេយកវាទៅពេទ្យទៅ ប្រហែលជាដរបួស ហើយ
– ហេតុអីបងដឹង ថាកូនភាមានរបួស?
-បងទើបតែជួបប៉ូលីសសមអម្បាញ់មិញនេះឯង គេនិយាយប្រាប់បង.. ប៉ុណ្ណឹងបានហើយ ត្រូវ ហើយ! អូនប្រាប់វាផង មិនបាច់បង្ខំឆាប់មកធ្វើការពេកទេ
– ចាស !
និសាស្ដាប់លឺអ្នកស្រីវាសនានិយាយទូរស័ព្ទហើយ ក៏ដើរចេញទៅមុខផ្ទះរើសថង់ថ្នាំ រួចឡើងទៅបន្ទប់វិភា ៖
– ហេតុអីមិនលេបថ្នាំ?
– គឺឯងទេអ្ហេ ! ចូលមកធ្វើអី? មេឃភ្លឺហើយនៅ?
យុវជននិយាយទាំងអាការៈមិនស្រួលក្នុងខ្លួន និងឈឺមុខរបួស យុវតីបន្ដ
– ហេតុអីមិនលេបថ្នាំ?
– លេបមិនលេបទាក់ទងស្អីនឹងឯង?
– តែបង………លោកឈឺហើយណ៎ា
– ឈឺរឺមិនឈឺក៏មិនទាក់ទងស្អីនឹងឯងដែរ …ចេញទៅ ! បងចង់ដេក
– ចង់ដេកត្រូវលេបថ្នាំសិន
– មិនលេបទេ
– ត្រូវតែលេប ! ហ៏ ថ្នាំ
– ឯងសម្អាងអីដែលបញ្ជាឱ្យបងលេបថ្នាំ?
និសាបន្ធូរអារម្មណ៍ នឹកដល់សម្ដីអ្នកស្រីវាសនា ទើបឆ្លើយ ៖
– ខ្ញុំមានសិទ្ធិ …….ព្រោះ…….ខ្ញុំជាប្អូនស្រីរបស់បង
– ឯងថាម៉េច?
– បើជាបងប្រុសខ្ញុំ ត្រូវតែលេបថ្នាំ
– ឈប់ខឹងនឹងបងហើយអ្ហេ? (យុវជនស្ទុះងើបអង្គុយ)
– រឿងយប់នោះ ចាត់ទុកថាយើងខុសស្មើគ្នាចុះ…….លេបថ្នាំទៅ
– បាន ! (វិភាញញឹម)
– បងប្រុសត្រូវតែបំពេញតួនាទីជាបងប្រុស លោកស្ដាប់បានទេ?
– ចាប់ពីថ្ងៃនេះទៅ បងនឹងធ្វើជាបងប្រុសដ៏ល្អរបស់ឯង
– ខ្ញុំទៅធ្វើការហើយ !
– សា ! រឿងដែលឯងនិយាយពីយប់នោះ ជាការពិត រឺមិនមែន?
– យប់នោះ គឺមកពីបងធ្វើឱ្យខ្ញុំខឹងប៉ុណ្ណោះ
– បើអ៊ីចឹងមិនមែនជាការពិតទេ
– ខ្ញុំមិនមែនជាមនុស្សអាក្រក់ដល់ថ្នាក់នោះទេ ….គេងទៅ ខ្ញុំទៅហើយ !
– អេ ! និសាមិនទាន់ទៅហាងទេអ្ហេ? (អ្នកស្រីវាសនាឧទាន)
– ខ្ញុំចូលមកមើលគាត់មួយភ្លែត មីងចូលចុះ ខ្ញុំទៅវិញហើយ !
បេះដូងឈឺចាប់
– បេះដូងស្នេហា តែសារភាពថា ត្រឹមជាបងប្អូន
គេងយប់ស្រមៃ រីងរៃព្រោះស្ងួន យកពាក្យបងប្អូន
បំបាំងស្នេហា ។
– មិនហ៊ាននិយាយ ចំហហឬទ័យ ខ្លាចគេមុសា
មានតែលាក់ចិត្ដ បាំងបិទស្នេហា ទើបរស់ថ្លៃថ្លា
ផុតការតិះទៀន។

វគ្គ ៤ កេរ្ដិ៍ឈ្មោះ និងស្នេហា
ចាប់ពីថ្ងៃដែលវិភារងកាំបិតជួសនិសារួចមក មូលីចាប់ផ្ដើមចាប់អារម្មណ៍លើអាកប្បកិរិយារបស់វិភា។ គ្រប់ម៉ាត់គ្រប់ពាក្យគឺ តាំងខ្លួនជាបងប្រុស និងប្អូនស្រី ចុះហេតុអ្វីនៅពេលនិយាយពាក្យនេះ ជីវិតហាក់ដូចជាសោះ កក្រោះម្ល៉េះ?
ថ្ងៃនេះមូលីតែងខ្លួនយ៉ាងស្រស់សង្ហារ មកបបួលវិភា និងនិសាទៅញ៉ាំអាហារនៅខ្ចូសទន្លេ។ ទាំងបីនាក*់សុទ្ធតែដឹងច្បាស់ថាខ្លួនកំពុងគិតអ្វីតែបែរជាមិនយល់ថាខ្លួនកំពុងធ្វើអ្វីទៅវិញ។ មកដល់គេហដ្ឋាន ចុះពីលើឡានស្ទើរតែមិនទាន់យុវជនបន្លឺឡើង ៖
– ឈប់សិននិសា
– មានការអីអ្ហេ?
យុវជនលូកហោប៉ៅយកប្រអប់តូចមួយហុចទៅកាន់យុវតីដោយស្នាមញញឹម ៖
– ស្អីគេ? (និសាសួរដោយអារម្មណ៍ស្ងាត់ស្ងៀម)
– មូលីជូនឯង ! ប្រហែលជាខ្សែកទេដឹង
– មិនយកទេ
– ហេតុអី?
– ខ្ញុំមិនបានស្រលាញ់មូលីទេ បើបងមិនចង់ឱ្យខ្ញុំស្អប់បង កុំធ្វើបែបនេះចំពោះ ខ្ញុំ
និសានិយាយដោយសម្ដីទន់ភ្លន់ វិភាតបវិញដោយស្នាមញញឹម ៖
-បើឯងមិនពេញចិត្ដ បងក៏មិនអាចបង្ខំឯងបានដែរ ស្អែកនេះ បងនឹងយករបស់ នេះទៅឱ្យមូលីវិញ
វិភា និងនិសាបញ្ចេញស្នាមញញឹមរកគ្នាដោយភាពសោះកក្រោះ អារម្មណ៍ហាក់បីដូចជាសោកសង្រេងវង្វេងវិលវល់ច្របូកច្របល់ក្នុងចិត្ដ ជីវិតស្ដាយស្រណោះ ព្រោះតែភាពមិនអស់អាល័យ។ យុវជនស្រដី ៖
– ប៉ុន្មានថ្ងៃទៀតអូនចាកចេញពីទីនេះ?
– ពីរថ្ងៃទៀត
– អូនពិតជាសម្រេចចិត្ដចាកចេញមែនអ្ហេ?
– តើមានរឿងអីដែលត្រូវអាលោះអាល័យនោះ ខ្ញុំត្រូវតែទៅរស់នៅផ្ទះរបស់ខ្ញុំ វិញ ផ្ទះដែលខ្ញុំ និងម៉ាក់ខ្ញុំធ្លាប់រួមសុខទុក្ខនឹងគ្នាកន្លងមក
– អូនប្រាកដហើយអ្ហេ ដែលមិនអាលោះអាល័យទីនេះ?
– តើអាលោះអាល័យបានប្រយោជន៍អី?
-តែបងពិតជាអាល័យទីនេះខ្លាំងណាស់ ទីនេះហើយដែលធ្វើឱ្យបងមានជីវិតថ្មី ទីនេះហើយដែលធ្វើឱ្យបងជួបស្រីម្នាក់គួរឱ្យស្រលាញ់ រហូតមិនចង់ឱ្យនាងចាកចេញទៅ ..
– ខ្ញុំ………..ខ្ញុំទៅគេងហើយ
-សា ! តើយើងពិតជាបានត្រឹមតែបងប្អូនមែនអ្ហេ?
– ពិតមែនហើយ ! និស្ស័យរបស់យើង មិនអាចឱ្យលើសពីនេះបានទេ
– បើយើងពិតជាបងប្អូន បងសុំចាប់ដៃឯងជាគ្រាចុងក្រោយ តើបានទេ?
និសាសញ្ចឹងមួយសន្ទុះ។ យុវជនយកដៃទាំងពីររបស់ខ្លួនទៅចាប់ដៃយុវតីយ៉ាងណែនតឹង ទើបដាក់ជញ្ចៀនពេជ្រមួយវង់ទៅក្នុងដៃនាង ៖
– បងជូនអូន !
– ខ្ញុំ…….ខ្ញុំមិនអាចទទួលបានទេ !
– ថ្ងៃមុនឯងជូនកាដូបងក្នុងឋានៈជាបងប្រុស ថ្ងៃនេះបងជូនកាដូឯងក្នុងឋានៈជា ប្អូនស្រីដូចគ្នា
– តែរបស់នេះមានតំលៃណាស់ មិនដូចទឹកអប់ដែលខ្ញុំជូនបងនោះទេ
– នៅក្នុងចិត្ដបងទឹកអប់នោះមានតំលៃណាស់ ឯងដឹងទេ? ..លមើលមើល៎ល្មមទេ
– តែ …..
– រឺមួយចង់ឱ្យបងពាក់ឱ្យ?
– មិនបាច់ទេ !
រាត្រីកាលកន្លងផុតទាំងស្រមុតចិត្ដ ជីវិតពេលថ្ងៃនៃរស្មីសុរិយាក៏ចូលមកដល់។ វិភាយករបស់មកជូនមូលីវិញ ៖
– សូមទោស ! ខ្ញុំជួយឯងមិនបានទេ
– មិនអីទេ ! ការពិតខ្ញុំដឹងមុនថានិសាមិនទទួលទៅហើយ
– អ៊ីចឹងម៉េចឯង ………..
– ខ្ញុំចង់លេងជាមួយពួកឯងតើ និសាស្រលាញ់ឯង មានរឿងអីមកទទួលកាដូខ្ញុំ
– ឯងនិយាយអី?
– ឯងស្រលាញ់និសា រឺអត់?
– គ្មានទេ !
– គ្មានទេរបស់ឯង បានន័យថាម៉េច?
– គ្មានគឺគ្មានហើយ ឯងលេបថ្នាំខុសអ្ហេ?
-ឯងទេដែលលេបថ្នាំខុស! ក្នុងចិត្ដឯងគិតអី ស្មានថាខ្ញុំមិនដឹងអ្ហេ តាំងពីថ្ងៃ ដែលឯងរងកាំបិតជួសនាង ខ្ញុំដឹងថាឯងស្រលាញ់នាងបាត់ទៅហើយ ហើយខ្ញុំដឹងទៀតថា ព្រោះតែនិសាទើបធ្វើឱ្យឯងក្លាយជាមនុស្សថ្មីដែលមានក្ដីសង្ឃឹម និងភាពជឿជាក់ មិនមែនដូចវិភាពីមុន ដែលប្រៀបដូចជាគល់ឈើនោះទេ
– បើឯងដឹងច្រើនយ៉ាងនេះ ខ្ញុំទៅវិញហើយ
– នែ៎ ! ឯងគិតទៅណា?
– ទៅដេកផ្ទះ !
– នែ៎ ! សុភមង្គលស្ថិតនៅក្នុងចិត្ដរបស់ឯង មិនមែននៅលើភ្នែកអ្នកដទៃនោះទេ
វិភាដើរចេញធ្វើហាក់ដូចជាមិនលឺ មូលីស្រែកពីក្រោយទាំងក្នក់ក្នាញ់*
-ឯងទ្រាំទៅប្រយ័ត្នគ្រាំឈាមស្លាប់ដោយមិនដឹងខ្លួន
សោកសៅ
ថ្ងៃស្អែក ជាថ្ងៃដែលនិសាត្រូវចាកចេញពីវីឡាទៅរស់នៅផ្ទះកម្សត់របស់ខ្លួនវិញ ចុះហេតុអ្វីវិភាមិនត្រឡប់ទៅផ្ទះ បែរជាមកអង្គុយដកដង្ហើមធំលើមាត់បង្អួចបង្ហើរអារម្មណ៍យ៉ាងស្រួល?
លោកវិភូនិយាយទៅកាន់កូន ៖
– ប្រាប់ម៉ាក់ហើយនៅ ថាកូននៅទីនេះ?
– កូនតេប្រាប់គាត់ហើយ
– រឿងកាលពីដប់ឆ្នាំមុនឱ្យវាហួសទៅចុះ អ្វីដែលកូនត្រូវគិត គឺបច្ចុប្បន្ន
– បច្ចុប្បន្ន និងអតីតកាល វាខុសគ្នាត្រង់ណាទៅប៉ា?
– កូនខ្លាច រឺមួយនិសាខ្លាច?
– ពួកកូនសុទ្ធតែខ្លាចដូចគ្នា !
-ខ្លាចរហូតបដិសេធស្នេហាខ្លួនឯងបែបនេះអ្ហេ? ម៉ាក់កូនចាកចេញពីកូនរួចទៅហើយ កូនចង់ឱ្យនិសាចាកចេញពីកូនទៀតអ្ហេ? ប៉ាមិនចង់ឃើញកូនវិលទៅរកសភាពដើមវិញទេ
– ប៉ា !
-ប៉ាដឹង ថាកូនគិតដល់កិត្ដិយសគ្រួសារ តែប៉ាប្រាប់កូនណ៎ា កិត្ដិយស កេរ្ដិ៍ឈ្មោះ របស់ប៉ា វាបាន*បាត់បង់តាំងពីថ្ងៃដែលម៉ាក់កូនចាកចេញពីប៉ាម្ល៉េះ
– ប៉ា !
-វាគ្មានអ្វីដែលយើងត្រូវស្ដាយស្រណោះទៀតទេ បើយើងស្វែងរកសុភមង្គលឃើញហើយ មិន ត្រូវធ្វើឱ្យបាត់បង់ឱកាសឡើយ កូន និងនិសាចេះគិតពិចារណា ប៉ាសប្បាយចិត្ដណាស់ ប៉ុនែ្ដប៉ា
មិនចង់ឃើញពួកកូនឈឺចាប់ដូចជាប៉ាទេ
– ហេតុអីប៉ានិយាយអ៊ីចឹង?
-កូនឃើញហើយលទ្ធផលរវាងប៉ា និងម៉ាក់កូន ចិត្ដដែលមិនធ្លាប់ស្រលាញ់ នៅទីបំផុត គឺទទួលមិន បានទេមានតែជ្រើសរើសផ្លូវមួយតែប៉ុណ្ណោះ
– គឺបែកគ្នាអ្ហេ?
– កូនយល់ហើយអ្ហេ?
– ប៉ុន្ដែ ……….
-បើកូនចង់ចាកចេញពីនិសា លុះណាតែកូនអាចរកនារីម្នាក់អាចជំនួសនាងបាន តែមិនមែនដោយការបង្ខំចិត្ដដើម្បីបំភ្លេចនាងនោះទេ បើមិនអ៊ីចឹងលទ្ធផលចុងក្រោយ កូននឹងដូចជាប៉ា ត្រូវតែប្រឈមមុខនឹងការពិត ទើបជីវិតអាចជួបសុភមង្គលមួយពិតប្រាកដ កូនត្រូវតែធ្វើឱ្យបានណ៎ា !
– កូន !
-សាកល្បងទៅ! កូនត្រូវប្រឈមមុខ ហើយក៏ត្រូវធ្វើឱ្យនិសាហ៊ានប្រឈមមុខដូចគ្នា ប៉ាទៅគេងហើយ !
– រាត្រីសួស្ដីលោកប៉ា !
ទោះព្រះចន្ទមិនវិភា តែវិភាត្រូវតែលែងងងឹត បញ្ហាដួងចិត្ដត្រូវតែ ដោះស្រាយ។
ពេលវេលាកន្លងហួស តែបែរជាបន្ថែមស្នាមរបួសនៃការឈឺចាប់ឱ្យរឹតតែ ខ្លាំងឡើងៗ តើជីវិតមានខ្លឹមសារអ្វីទៅ? ទទួលក៏ឈឺចាប់ មិនទទួលក៏ឈឺចាប់ តើមាននរណាអាចប្រាប់ចម្លើយបានទេ ថាត្រូវធ្វើយ៉ាងណា? និសាវង្វេងហើយ នាងចិត្ដមិនដាច់ឡើយពីវីភា ហេតុអ្វីក៏ទុក្ខវេទនា ធ្លាក់មកលើខ្លួននាង?
អតីតកាលក្លាយជាថ្នាលនៃសមុទ្រទុក្ខ សេចក្ដីសុខនៅពេលបច្ចុប្បន្ន គឺត្រូវតែលះបង់។ ចាប់ពីស្អែកទៅ វីភា នឹងគ្មានឋានៈអ្វីទាំងអស់នៅក្នុង បេះដូងនាង សូម្បីតែជាបងប្រុស។
ព្រះចន្ទកប់បាត់ក្នុងពពកទាំងឈឺចិត្ដ ឯព្រះអាទិត្យលេចឡើងបញ្ចេញ រស្មីយ៉ាងសប្បាយរីករាយ។ លោកនិស្ស័យ និងអ្នកស្រីវាសនាឈរចាំនិសា នឹងជណ្ដើរផ្ទះ។ យុវតីស្រដីដោយទឹកមុខស្ងប់ស្ងៀម ៖
– ប៉ា !
លោកនិស្ស័យតបដោយក្ដីរំភើប និងអារម្មណ៍ក្ដុកក្ដួល ៖
– កូន ! ……..កូនព្រមហៅប៉ា ថាប៉ាហើយអ្ហេ
-កូនយល់ហើយថាអ្វីជាសេចក្ដីស្រលាញ់ តែកូននៅតែមិនយល់ពីចិត្ដរបស់ប៉ា ហេតុអីក៏*ប៉ាទៅរៀបការជាមួយម៉ាក់?
– កូនស្រី !
– ប៉ាថែរក្សាខ្លួនផង !
– ប៉ាជូនកូនទៅ
– ខ្ញុំចង់ទៅដោយខ្លួនឯង………….ប៉ាកុំបារម្ភអី
– ក្មួយមិនចាំវិភាមកទេអ្ហេ?
– មិនចាំទេ ! ខ្ញុំលាសិនហើយ
និសាដើរដល់មាត់ទ្វារ វិភាបើកឡានមកដល់ល្មម។ យុវជនចេញពីឡាន ស្ទុះទៅយកវ៉ាលីពីដៃយុវតីទៅដាក់ក្នុងគូទឡាន ៖
– បងជូនទៅ !
– មិនបាច់ទេ ! ឱ្យវ៉ាលីមកខ្ញុំវិញ
-រឹងរូសទៀតហើយអ្ហេ …………..ឡើងឡានទៅ !
– ………ឡើងក៏ឡើង !

វគ្គ ៥ បំភ្លេចមិនបាន
– និសាវិលវល់វង្វេងចិត្ដ រូបនាងគេងគិតភ្លេចមិនបាន
ឃើញតែស្រមោលអតីតដាន ញាំញីចិត្ដប្រាណពុំបានសុខ។
– នាងខំធ្វើការទាំងយប់ថ្ងៃ ព្រោះចង់បំភ្លៃកាឡៃទុក្ខ
ឱ្យវិនាសសូន្យប្ដូរជាសុខ ប៉ុន្ដែឈឺចុករឹតតែខ្លាំង។
– គំនុំគ្រួសារប្រហារស្នេហ៍ ចិត្ដនាងត្រូវតែតបប្រឆាំង
ទោះស្លាប់ត្រូវតែតស៊ូច្បាំង ត្រូវតែប្រឆាំងចិត្ដខ្លួនឯង។
– ប៉ុន្ដែអាសូររូបនាងណាស់ មិនអាចប្ដូរផ្លាស់ទុក្ខចំបែង
ជីវិតសោកាឥតថ្លាថ្លែង គឺទុក្ខចំបែងព្រោះស្នេហា។
នៅក្នុងហាងសម្អាងការ ណារ៉ានិយាយទៅកាន់ ណារី ៖
– ហេតុអីនិសាទៅជាបែបនេះ?
– មិនដឹងទេ !
– បើនាងស្ងប់ស្ងៀមយ៉ាងនេះរហូតទៅ តើគិតយ៉ាងម៉េច?
– ឯងសួរខ្ញុំ ឱ្យខ្ញុំទៅសួរអ្នកណា?
– កុំមើលមកខ្ញុំ ខ្ញុំមិនដឹងទេ សួរសង្ខារទៅ ! (រីណានិយាយ)
– ខ្ញុំក៏មិនដឹងដែរ សួរសុគន្ធទៅ
– ពួកឯងនេះ គ្មានដឹងអីទេ
– អ៊ីចឹងឯងនិយាយទៅ
– ក៏បាន ! តែហាមនិយាយកាត់ ពេលដែលខ្ញុំនិយាយ
– ដឹងហើយ
សុគន្ធ និយាយទៅកាន់ និសា ដែលកំពុងឈរបោសផ្កាដោយអារម្មណ៍ ស្ងប់ស្ងៀម ៖
– ស្រលាញ់គេទៅហើយ ហេតុអីមិនប្រឈមមុខ?
– និយាយអី?
– ម៉ាក់របស់គាត់ធ្វើខុស តែនោះគឺជារឿងកាលពី១០ឆ្នាំមុន គាត់គ្មានកំហុសឡើយ
– គេគ្មានកំហុស តែខ្ញុំមិនចង់ឱ្យមានកំហុសទេ !
– ឯងមិនចង់ឱ្យមានកំហុស គឺព្រោះតែឯងខ្លាចសង្គម ខ្លាចសង្គមមើលងាយឯង តើពិតទេ?
– ខ្ញុំមិនខ្លាចសង្គមមើលងាយខ្ញុំទេ តែខ្ញុំខ្លាចខ្លួនឯង មើលងាយខ្លួនឯង !
-អ៊ីចឹងឯងក៏សុខចិត្ដធ្វើជាមនុស្សផ្សេងទៀតអ្ហេ? តើស្រួលក្នុងខ្លួនទេ? ឯងរស់នៅស្រួលទេ? វាជា អតីតកាលទៅហើយ ហេតុអីមិនព្រមបំភ្លេចវាឱ្យអស់?
– បំភ្លេចមិនអស់ទេ ព្រោះវាឈឺចាប់ !
– តែវិភាស្រលាញ់ឯងខ្លាំងណាស់ណ៎ា ឯងគួរតែ……………
– គាត់ក៏គិតដូចខ្ញុំដែរ ឯងឈប់គិតទៅ ពួកយើងគ្មាននិស្ស័យទេ
– បើគ្មាននិស្ស័យ ទេវតាមិនឱ្យពួកឯងជួបគ្នាទេ
– គ្រាន់តែជាការលេងសើចរបស់ទេវតាប៉ុណ្ណោះ
– និសា ! ឯងកុំចេះតែគិតបែបនេះបានទេ
-ឯងដឹងទេ ខ្ញុំតែងតែដាស់តឿនខ្លួនឯងថា ខ្ញុំនឹងមិនត្រូវការគេ ពីព្រោះទីមួយ ខ្ញុំមិនចង់ឱ្យមាន រឿងអាស្រូវក្នុងគ្រួសារជាលើកទីពីរ ទីពីរ ខ្ញុំមិនអាចទទួល យកម្ដាយចុងរបស់ខ្ញុំ ធ្វើជាម្ដាយក្មេកឡើយ
– និសា !
– ខ្ញុំរាប់អានគេជាបងប្អូនគឺវាខុសទៅហើយ
-បើឯងសម្រេចអ៊ីចឹង ខ្ញុំគ្មានពាក្យអ្វីគួរនិយាយទៀតទេ ប៉ុន្ដែតើឯងអាចបំភ្លេច គេបានទេ? ស្រលាញ់មនុស្សម្នាក់មិនមែនជាការងាយស្រួលឡើយ ស្អប់មនុស្សម្នាក់ក៏មិនមែនជាការងាយស្រួលដែរ ហើយបើចង់បំភ្លេចមនុស្សដែលខ្លួនស្រលាញ់ វាមិនរឹតតែធ្ងន់ធ្ងរទៅទៀតទេអ្ហ៊ៃ! បើឯងស្ថិតក្នុងសភាពយ៉ាងនេះ មិនយូរទេ ឯងនឹងដួលទាំងជំហរ ហើយឯងប្រាកដជាស្ដាយក្រោយ
– ខ្ញុំមិនស្ដាយក្រោយទេ !
-ពេលនេះមិនស្ដាយ ព្រោះតែមិនទាន់បាត់បង់…………បានហើយ! ពួកខ្ញុំត្រូវត្រឡប់ទៅវិញហើយ ឯងត្រូវគិតឱ្យច្បាស់ទៅ
-ទោះយ៉ាងណា ពួកខ្ញុំនៅតែគាំទ្រនាង តែនាងត្រូវតែគិតឱ្យច្បាស់ នេះគឺជាសុភមង្គលរបស់នាងហើយ (សង្ខារបន្លឺ)
– ពួកយើងទៅសិនហើយ
– អ៊ឺ !
យុវជន យុវតីចេញផុតមិនយូរប៉ុន្មាន មូលីក៏មកដល់ ៖
– សួស្ដី !
– គឹលោកទេអ្ហេ មានការបានជាមកដល់ទីនេះ?
– គ្មានការមកមិនបានទេអ្ហេ
– បានតើ ! ……អញ្ជើញអង្គុយសិនទៅ
– អរគុណ ! ហាងអ្នកនាងរៀបចំបានស្អាតណាស់ន៎
– អរគុណ ! អញ្ចើញពិសាទឹក
– តើរឿងរបស់អ្នកនាងយ៉ាងម៉េចហើយ?
– រឿងអី?
– វិភាមករកនាងទេ?
– គ្មានទេ !
– ម៉េចអ៊ីចឹង?
– គ្មានអីចម្លែកផង
– អ្នកនាងប្រាកដហើយថាគ្មានអីចម្លែក
– លោកគិតដល់ណាហើយ?
– អត់ទេ ! ត្រូវហើយ ហេតុអីអ្នកនាងមិនព្រមទទួលយកខ្សែករបស់ខ្ញុំ?
– សូមទោស ! ខ្ញុំមិនហ៊ានទទួលទេ
– មិនហ៊ាន រឺមិនចង់?
– ខ្ញុំ ..
– ខ្ញុំនិយាយលេងទេ ! ធ្វើម៉េចបើខ្ញុំជួបនាងក្រោយវិភាទៅហើយ
– លោកនិយាយអី?
– អ្នកទាំងពីរសុទ្ធតែស្រលាញ់គ្នា ហេតុអីមិនព្រមទទួលយកការពិត?
– លោកឈប់និយាយទៅ !
-និសា! ខ្ញុំចង់ឱ្យនាងគិតឡើងវិញណ៎ា ១០ឆ្នាំហើយដែលវិភារស់ក្នុងភាពឈឺចាប់ ខ្ញុំមិនចង់ឱ្យព្រោះតែនាងគេវិលទៅរកសភាពនោះវិញទេ ការពិតខ្ញុំមកថ្ងៃនេះ គឺគ្រាន់តែចង់ឱ្យនាងហ៊ានប្រឈមនឹងការពិតតែប៉ុណ្ណោះ លាហើយ !
”និសាឈរទ្រឹងសញ្ចឹងតែម្នាក់ឯង។ ចំណែកឯមូលីចាកចេញពីយុវតី ក៏ទៅជួបវិភានៅសណ្ឋាគារ ៖
– កំពុងគិតអី?
– ឯងទេអ្ហេ
– ហេតុអីមិនទៅរកនិសា?
– កើតរោគស្អីទៀតហើយ?
– យ៉ាងម៉េច
– មករកខ្ញុំមានការអីអ្ហេ?
-មកដាស់តឿនឯង បើឯងបោះបង់ចោលនិសាខ្ញុំនឹងទៅតាមទាក់ទងនាងសារជាថ្មី ធ្វើយ៉ាងណា ឱ្យនាងទន់ចិត្ដព្រមទទួលខ្ញុំឱ្យទាល់តែបាន
– ថាម៉េច!
– ស្ដាប់មិនច្បាស់ទៀត រឺយ៉ាងម៉េច?
– ឯងកុំសង្ឃឹម យើងមិនឱ្យនាងទៅឯងទេ
– នែ៎ ! ឯងគិតទៅណា?
– ទៅរកនាង !
– ភ្លេចទូរស័ព្ទហើយ
វិភាប្រញាប់ចេញទៅទាំងភ្លេចទូរស័ព្ទនៅលើតុ។
យុវតីមកដល់ផ្ទះចុះពីលើម៉ូតូសឹងមិនទាន់ យុវជនក៏មកដល់ល្មម។ យុវកំលោះវាចាដោយស្នាមញញឹមៈ
– សួស្ដី !
– ម៉េច………….
– យ៉ាងម៉េចភ្លេចបងហើយអ្ហេ?
– មានការអី?
– មានការទើបមក ! មិនអញ្ចើញបងឡើងលើផ្ទះទេអ្ហេ?
– យប់ហើយមិនសមទេ បើគ្មានការអីទេ ត្រឡប់ទៅវិញទៅ
– ឱ្យទៅវិញយ៉ាងម៉េច បើតាំងចិត្ដរួចហើយថាមកគេងនៅទីនេះ
– ឆ្កួតទេអ្ហេ !
– ថាឱ្យបងអ៊ីចឹង ប្រយ័ត្នបាបណ៎ា
– ឆាប់ទៅវិញទៅ
និសាបម្រុងដើរឡើងទៅលើផ្ទះ តែវិភាស្ទុះទៅចាប់ដៃនាងជាប់ ៖
– បងធ្វើស្អីហ្នឹង?
– សូមទោសៗ បងគ្មានចេតនាទេ តែស្ដាប់បងសិនបានទេ?
– មានរឿងអី ឆាប់និយាយមក
– បងស្រលាញ់អូន ! បងមិនអាចបំភ្លេចអូនបានទេ អូនស្ដាប់បានទេ?
– និយាយចប់ហើយទៅវិញទៅ
– ហេតុក៏អូនប៉ិនទ្រាំយ៉ាងនេះ?
– អ្មកណាថាខ្ញុំទ្រាំ?
– និសា !
– បងចង់ធ្វើស្អី? ទៅវិញទៅខ្ញុំគ្មានពេលនិយាយជាមួយបងទេ
– អូនពិតជាមិនអាចបំភ្លេចអតីតកាលបានមែនអ្ហេ?
– ត្រូវហើយ !
– អ៊ីចឹងអូនធ្លាប់ស្រលាញ់បងទេ? ធ្លាប់ទេ?
– បើធ្លាប់ វាយ៉ាងម៉េច?
– ចុះពេលនេះ?
– គ្មានប្រែប្រួលទេ !
– ចុះហេតុអី …………………
– យើងគ្មាននិស្ស័យទេ ឆាប់ទៅវិញទៅ
– បងមិនជឿថាយើងគ្មាននិស្ស័យនោះទេ
– បងគិតធ្វើអី?
វិភាយកម្រាមដៃខ្លួនទៅស៊កនឹងម្រាមដៃនិសាយ៉ាងណែនតឹង ហើយសម្លឹងទៅលើមេឃ ទើបបន្ដ ៖
– អូនសួរទៅមេឃទៅ សួរចន្ទ សួរផ្កាយទៅ ថានរណាឱ្យពួកយើងជួបគ្នា?
– គឺផលកម្ម !
– មិនមែនទេគឺ និស្ស័យ ! បើគ្មាននិស្ស័យយើងមិនអាចជួបគ្នាបានទេ
-បានហើយ ! បងឈប់និយាយទៅ….. ខ្ញុំទទួលមិនបានទេ ទទួលមិនបានទេ ស្ដាប់បានទេ? កុំបង់ពេលវេលាជាមួយនឹងខ្ញុំអី បងទៅវិញទៅ !
– មិនទៅទេ ! បងនៅទីនេះរហូតអូនព្រមរៀបការនឹងបង
– ហាស់ៗ ពិតជាស្មោះស្ម័គ្រណាស់ន៎ !
សំណើចបានលាន់ឡើងពីមាត់ផ្លូវ។ អ្នកកាន់កាំភ្លើងឆ្ពោះទៅរកនិសា និងវិភា នោះគឺជាឪពុកកូនពីរនាក់ ដែលរត់គេចខ្លួនពីការដេញចាប់របស់ប៉ូលីស។
លោក ឆៃ និងកូនប្រុសឈ្មោះ ឆៅ ជាឈ្មួញជួញដូរគ្រឿងញៀន ដោយយកឈ្មោះជាថៅកែផ្ទះសំណាកមកបំបាំងមុខ។

វគ្គ ៦ ទីបញ្ចប់នៃស្នេហ៍
ជីវិតផុយស្រួយដូចជានំក្រៀបអ៊ីចឹង ដូចនេះត្រូវតែសញ្ចឹងសម្លឹងគិតឱ្យ វែងឆ្ងាយមុននឹងធ្វើអ្វីមួយ ដើម្បីចៀសឱ្យផុតពីការស្ដាយក្រោយ។
កម្មអ្នកណាសាង អ្នកនោះជាអ្នកទទួល។
លោក វិភូ ក្នុងចិត្ដអន្ទះសា មិនយល់ថាហេតុអ្វី វិភាមិនលើក ទូរស័ព្ទ ទើបសម្រេចតេទៅអ្នកស្រី វាសនា ៖
– អាឡូ !
– បងមានការអីអ្ហេ?
– វិភានៅផ្ទះទេ?
– វាមិនទាន់មកទេ !
– វាដឹងហើយនៅ ថាលោកឆៃរត់រួចពីប៉ូលីស?
– ថាម៉េច ! វាប្រហែលជាមិនដឹងទេបង
– ខ្ញុំតេទៅវា វាមិនទទួលសោះ ខ្ញុំខ្លាចតែ…….
– អញ្ចេះទៅ ចាំខ្ញុំតេទៅសួរមូលីសិន
– មានដំណឹងអី ចាំតេមកខ្ញុំផងណ៎ា
– ចាស !
អ្នកស្រី វាសនាបិទទូរស័ព្ទ លោក និស្ស័យសួរ ៖
– មានរឿងអីអូន?
– លោកឆៃរត់រួចហើយ ខ្លាចវិភាមានរឿង អូនតេទៅសួរមូលីសិន …………
មូលីមែនទេក្នួយ?
– បាទ ! ជម្រាបសួរអ្នកមីង អ្នកមីងមានការអីអ្ហេ?
– មីងចង់សួរក្មួយថា ថ្ងៃនេះក្ម្មួយបានជួបវិភាទេ
– ខ្ញុំជួបវាកាលពីថ្ងៃម៉េច ត្រូវហើយ ! វិភាភ្លេចទូរស័ព្ទនៅកន្លែងធ្វើការឯណោះ វាប្រាប់ខ្ញុំថា វាទៅរកនិសា
– ថាម៉េច !
– អ្នកមីងមានរឿងអីអ្ហេ?
– អត់ទេ ! អរគុណក្មួយហើយ ប៉ុណ្ណឹងចុះ
– បាទ ! ជម្រាបលា
– បង ! ពួកយើងទៅផ្ទះនិសាទៅ
– វិភានៅផ្ទះនិសាអ្ហេ?
-ត្រូវហើយ !
ថ្លែងពី វិភា និង និសាដែលស្ថិតនៅក្រោមការភ្ជង់របស់លោកឆៃ និងកូនប្រុស។ លោកឆៃនិយាយទៅកាន់នាយឆៅដោយសំដីចំអកឡកឡឺយ៖
– កូនប្រុស ! តើប៉ាគួរបាញ់វាប៉ុន្មានគ្រាប់ឱ្យងាប់?
-បើតាមកូនគិត បាញ់មួយគ្រាប់ដូចជាឆាប់ងាប់ពេក បាញ់ពីរគ្រាប់ដូចជាមិនសូវវេទនា យកល្អបាញ់បីគ្រាប់ទៅប៉ា !
– ឯងគិតអ៊ីចឹងអ្ហេ?
– បាទប៉ា !
លោកឆៃលើកកាំភ្លើងតម្រង់ទៅ វិភាដែលឈរជិតគ្នានឹង និសា។ យុវជនវាចាដោយម៉ឺងម៉ាត់ ៖
– ខ្ញុំមានទំនាស់ជាមួយពួកលោក បើចង់សងសឹក គឺសងសឹកមកលើខ្ញុំ នាងមិនដឹងអីទេ ឱ្យនាង ចេញទៅ
– បងនិយាយអី? (និសាងាកទៅរកវិភា)
– ឯងចង់ឱ្យយើងដោះលែងនាងអ្ហេ?
– ត្រូវហើយ ! អ្នកណាធ្វើ អ្នកនោះទទួល
– បើដោះលែងនាង យើងដូចជាភ្លើពេកហើយ មិនអ៊ីចឹងអ្ហេ កូនប្រុស?
– ពិតមែនហើយប៉ា ! ប៉ា មើលទៅវាដូចជាស្រលាញ់ស្រីម្នាក់នេះណាស់ បើតាមកូនគិត គួរតែសម្លាប*់នាងមុន ចាំសម្លាប់វាតាមក្រោយ
– ឯងកុំនិយាយផ្ដាស ! យើងទើបតែស្គាល់នាងប៉ុណ្ណោះ
– ឈប់និយាយទៅ ចង់សម្លាប់ សម្លាប់មក
– អូននិយាយអី
– ក្លាហានណាស់តើ ! យើងសម្លាប់នាងមុនទៅអ៊ីចឹង
– ឈប់សិន !……..ត្រូវហើយ…… ហេតុក៏ឯងរត់រួចពីប៉ូលីស?
– សួរបានល្អ ! យើងប្រាប់ឯងចុះ មកពីយើងខ្លាំងទើបរត់រួច ហើយប៉ូលីសប្រហែល ជាមិនដឹងទេថា យើងមករកឯងសងសឹក ពលរដ្ឋល្អដូចជាឯង មិនសមរស់នៅ លើលោកនេះយូរពេកទេ
– ហេតុក៏ឯងដឹង?
-តើមាននរណាក្រៅពីឯងទៀត កាលនោះ បើកុំតែអាកូនចង្រៃរបស់យើងនេះ ធ្វើឱ្យធ្លាក់កញ្ចប
ថ្នាំនៅចំពោះមុខឯង រឿងក៏វាមិនដល់ថ្នាក់នេះដែរ
– ឯងឆ្លាតណាស់ !
-ឯងក៏ដូចគ្នា មិនត្រឹមតែឆ្លាតទេ ថែមទាំងក្លាហានហ៊ានទៅផ្ដល់ដំណឹងឱ្យប៉ូលីសថែមទៀត មិនតែប៉ុណ្ណោះនៅឈរញញឹមដាក់យើងបានទៀត ពិតជាអស្ចារ្យណាស់
– ចុះពួកឯងសង្ឃឹមថារត់រួចទេ?
-យើង និងប៉ាដឹងច្បាស់ថាមិនអាចរត់រួច តែមុននឹងយើងចូលគុក គឺត្រូវសម្លាប់ឯងសិនទើបស្ងប់ចិត្ដ
– បើអ៊ីចឹងឯងបាញ់មក
យុវតីងាកទៅរកវិភាទាំងស្មារតីមិននឹងនរ យុវជនតប ៖
– នៅឱ្យស្ងៀម ! នេះជារឿងរបស់បង
– កុំ ! …………
និសារត់ទៅចាប់ដៃលោក”ឆៃ គ្រាប់កាំភ្លើងត្រូវបាញ់ឡើងទៅលើ ៖
– និសា !
– បើឯងហ៊ានដើរចូលមួយជំហានទៀត យើងនឹងបាញ់នាង
– ឯងចង់យ៉ាងម៉េច?
– ដើរថយក្រោយទៅ
– កុំអី !
និសាញាប់ញ័រស្ទើរសន្លប់ស្មារតី តែមិនមែនភ័យខ្លាចគ្រាប់កាំភ្លើងរត់ មករកនាងនោះទេ។ យុវតីខំបម្រាសចេញពីដៃ កូនលោកឆៃក៏ដើម្បីរងគ្រាប់ជំនួស វីភា ប៉ុន្ដែនាងនៅតែជាអ្នកគេចផុតដដែល ព្រោះនៅពេលដែលនាងរត់ទៅឈរពីមុខកាំភ្លើងនោះ យុវជនស្រវាឱបនាងយ៉ាងជាប់ត្រឡប់ខ្នងរុញនាងដួលទៅម្ខាង។ ស្នាមកាំបិតមិនទាន់ជាស្រួលបួលផង ទុក្ខសៅហ្មងនៃគ្រាប់កាំភ្លើង ក៏មកបន្ថែម ទៀត។
យុវតីស្រឡាំងកាំង ភាំងស្ទើតែភ្លេចដកដង្ហើម ទឹកភ្នែកចាប់ផ្ដើមហូរសស្រាក់ខ្សឹកខ្សួលអួលអាក់ ស្ទើរតែស្ទះទ្រូង នាងស្ទុះទៅត្រកងវិភា ឈាមហៀរ ប្រឡាក់ស្រោចខ្លួន ៖
– កុំកើតអីឱ្យសោះណ៎ា !
– បងមិនអីទេ !
– ឯងនៅមានកម្លាំងនិយាយទៀតន៎ ! ប៉ា បាញ់វាពីរគ្រាប់ទៀតឱ្យងាប់តែម្ដងទៅ
– ឆាប់ចេញពីបងទៅ
– បំណុលមានម្ចាស់ យកល្អនាងគួរតែចេញឱ្យឆ្ងាយពីវាទៅ
– ត្រូវហើយ ! ពួកយើងមិនសម្លាប់នាងទេ
– យកល្អឯងគួរតែសម្លាប់ខ្ញុំមុនទៅ
– អូននិយាយអី !
– ខ្ញុំជឿ ថាយើងមាននិស្ស័យ
– ប៉ា ! បាញ់វាឱ្យងាប់ទាំងពីរតែម្ដងទៅ
– ល្អ ! បើពួកវាមិនចង់រស់ហើយ បំពេញបំណងឱ្យវាចុះ
– កុំ……………..
– ម៉ាក់ !
អ្នកស្រីវាសនាដួលទាំងជំហរចំពោះមុខកូន។ លោកឆៃបន្លឺ ៖
– វីវរហើយ ! ឆាប់រត់ទៅ ប៉ូលីសមកដល់ឥឡូវហើយ
លោកឆៃ និងកូនប្រុសរត់ចុះមកក្រោម តែត្រូវប៉ូលីសចាប់ជាប់។ លោកវិភូ និងលោកនិស្ស័យរត់ឡើងទៅលើផ្ទះ៖
– អ៊ុំ ! ឆាប់ហៅឡានពេទ្យមក
– បានៗ
វិភាសន្លប់បាត់ស្មារតីក្នុងរង្វ្វង់ដៃនិសា អ្នកស្រីវាសនាវាចាទាំងការ ឈឺចាប់ ៖
– មិនទាន់ទេ ! លើក……អូនទៅ…….ជិតកូន ….
– បានៗ…..
– មិនបានទេ ! និស្ស័យ លោកឆាប់លើកនាងមក ខ្ញុំទៅយកឡាន
– កុំអី ! ..ខ្ញុំ….ទ្រាំមិនដល់ទេ ………..សា ! មីង …..សូមទោស
– មីងកុំនិយាយអី !
-តាំងពីដើមមក មីងយល់ថាមីងគប្បីនឹងខ្លួនឯងណាស់……… តែនៅពេលដែល លឺឯងនិយាយជាមួយវិភានៅយប់នោះ ទើបមីងភ្ញាក់ខ្លួនថា មីងខុសធ្ងន់ ខុសរហូត មិនអាចលើកលែងបាន
– បានហើយ ………..
-មីងមិនត្រឹមតែក្បត់ប្រពៃណី ថែមទាំងធ្វើឱ្យស្ដ្រីខ្មែរគ្រប់រូបអាម៉ាស់មុខដោយសារតែមីង……..មីងទទួលកម្មនេះហើយ ទេវតាមិនត្រឹមតែដាក់ទោសមីង សូម្បី តែពាក្យលើកលែងទោសមួយម៉ាត*់របស់កូនប្រុស ក៏មីងមិនបានស្ដាប់ដែរ
– វិភាមិនដែលខឹងនឹងមីងទេ មីងឈប់និយាយទៅ
– លើកលែងទោសឱ្យវិភាផង ……..
ធម្មជាតិស្ងប់ស្ងៀម តែគំរាមដល់ដួងចិត្ដមនុស្ស មួយសន្ទុះធំហើយដែល និសាអង្គុយយំនៅមុខ
បន្ទប់សង្គ្រោះបន្ទាន់ ឯលោកវិភូ លោកនិស្ស័យ និងមិត្ដភក្ដិរបស់និសា ឈរដោយអារម្មណ៍ស្ងប់ស្ងៀម។
ណារីបន្លឺឡើង ៖
– ឈប់យំទៅ ! ពួកគាត់ប្រហែលជាមិនអីទេ
– លោកគ្រូពេទ្យ ! ប្រពន្ធ និងកូនខ្ញុំយ៉ាងម៉េចហើយ?
– កូនប្រុសលោកផុតគ្រោះថ្នាក់ហើយ តែសោកស្ដាយប្រពន្ធរបស់លោកផុត ដង្ហើមហើយ
– គាត់ស្លាប់ហើយ? ………..
– សា ! ទប់អារម្មណ៍ណ៎ា ……ទៅអង្គុយសិនទៅ ………….
– ខុសមកពីខ្ញុំមែនទេ? ខ្ញុំជាអ្នកធ្វើឱ្យគាត់ស្លាប់ មែនទេ?
– អត់ទេ ! ឯងមិនខុសទេ គ្មាននរណាធ្វើឱ្យគាត់ស្លាប់ទេ
– បើកុំតែគាត់លីពាក្យខ្ញុំនិយាយពីយប់មុន ម្ល៉េះសមជាខ្ញុំទេជាអ្នកស្លាប់ ……….
– ឯងមិនខុសទេ ! ទោះយ៉ាងណា ក៏គាត់ត្រូវតែធ្វើអ៊ីចឹង
– ព្រោះតែខ្ញុំ …………..
និសាយំរហូតសន្លប់បាត់ស្មារតី។
យុវតីដេកលើគ្រែ ព្យួរសេរ៉ូមនៅមន្ទីរពេទ្យក្នុងបន្ទប់ជាប់គ្នានឹងបន្ទប់វីភា។ ចំណែកអ្នករាល់គ្នាទៅចូលរួមពិធីបុណ្យសព លើកលែងតែណារី ដែលនៅ ថែរក្សា និសា។
ណារីអង្គុយក្បែរគ្រែយុវតី មួយសន្ទុះក្រោយក៏ដើរចេញទៅបន្ទប់ទឹក។
និសាដឹងខ្លួនឡើង ទាញសេរ៉ូមចេញពីដៃ ចុះពីលើគ្រែ ហើយដើរតម្រង់ទៅបន្ទប់វិភា។ ទឹកភ្នែកហៀរស្រោចស្រពផែនថ្ពាល់ និមលសម្លឹងទៅយុវជន ដែលដេកសន្លប់ស្ដូកស្ដឹងនៅលើគ្រែ។
យុវតីលូកដៃ ទៅក្ដោបដៃយុវជនយ៉ាងណែន បេះដូងសែនឈឺផ្សាវាចា ទាំងសោកសង្រេង ៖
– នៅទីបញ្ចប់ ពួកយើងជាអ្នកឈឺចាប់ដដែល !

ចប់

 

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មេសា 27, 2014, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. មតិ​មួយ​.

  1. ហេតុអីចុងបញ្ចប់នៃរេឿងនេះសោកសៅយ៉ាងនេះ? ខ្ញុំចង់ឲ្យរេឿងនេះចប់ដោយរីករាយ។
    តែយ៉ាងណាអរគុណអ្នកគ្រូ ដែលទាញខ្ញុំចេញពីភាពអផ្សុក បានមួយរយះ។ ខ្ញុំនឹងរង់ចាំអានស្នាដៃក្រោយៗរបស់អ្នកគ្រូទៀត តែសង្ឃឹមថាចុងបញ្ចប់រេឿងមិនធ្វើឲ្យខ្ញុំស្រងេះស្រងោយតាមតួអង្គទៀតទេ ។ ចុងក្រោយខ្ញុំសូមជូនពរអ្នកគ្រូ និងក្រុមគ្រួសារជួបតែសំណាងល្អ។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: